Thursday, August 21, 2025
ចំណីខួរក្បាល
ទុកចិត្ត (Trust)
"កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ ។ កុំទុកចិត្តប្រពន្ធ ថាអត់សាហាយ ។ កុំទុកចិត្តម្តាយ ថាអត់បំណុល" ។
ចម្រើនវ័យនៅក្នុងសង្គមខ្មែរ ខ្ញុំឧស្សហ៍ឮគេនិយាយ ពាក្យខាងលើនេះ ជារឿយៗ ។ ប៉ុន្តែ ខ្ញុំមិនដឹងថា វាមានន័យដូចម្តេច ឲ្យប្រាកដឡើយ ។ សូម្បីតែអ្នកណា ជាអ្នកនិយាយពាក្យនេះ នៅក្នុងសម័យកាលណា ក៏ខ្ញុំមិនដឹងដែរ ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំជឿជាក់ថា បុព្វបុរសខ្មែរ កត់ត្រា ឬក៏ និទានពាក្យនេះតៗគ្នា រហូតដល់សព្វថ្ងៃ គឺប្រាកដជាកើតចេញ អំពីបទពិសោធជីវិត នៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រខ្មែរ ដែលកើតមានច្រំដែលៗ (Repeat itself) អស់ថេរវេលា ជាយូរលង់ណាស់មកហើយ ។
បើយើងសង្កេតមើល កន្សោមពាក្យប៉ុន្មានម៉ាត់ខាងលើនេះ ពាក្យមួយដែលលេចធ្លោជាងគេគឺ "កុំទុកចិត្ត" ។ "ប្រពន្ធ" និង "ម្តាយ" គឺជាបុគ្គលដែលមនុស្សក្នុងលោក ទុកចិត្តជាទីបំផុត ។ បើបុព្វបុរសខ្មែរ ទូន្មានយើង មិនឲ្យទុកចិត្តនិមិត្តរូប នៃទំនុកចិត្តដូច្នេះ វាប្រាកដណាស់ថា គាត់ចង់ដាស់តឿនយើង ឲ្យរៀន ឬចេះពិចារណា ជាមួយនឹងការ "ទុកចិត្ត" ។
នៅពេលឃើញពលរដ្ឋខ្មែរ ជាពិសេសមេដឹកនាំប្រទេសកម្ពុជា សម្តែងសេចក្តីសោមនស្ស ឬ សម្តែងការទុកចិត្ត ទៅលើការជួយជ្រោមជ្រែង របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងការដោះស្រាយជម្លោះ ឬ សង្គ្រាម រវាងប្រទេសកម្ពុជានិងថៃ ប្រតិកម្មដំបូងបំផុតរបស់ខ្ញុំ (My guts reaction) គឺនឹកទៅដល់ពាក្យខាងលើ ដែលខ្ញុំសរសេរ ជាកិច្ចចាប់ផ្តើមនៃអត្ថបទនេះ ។ ពាក្យណែងណងកម្រងកែវ ដ៏គួរឲ្យចាប់អារម្មណ៍នេះ វាគឺជាការអះអាងមួយ ដែលភាសាអង់គ្លេសហៅថា៖ Timeless (មិនសាបសច្ចភាព) ។
ស្លាកស្នាមដំបៅទំនុកចិត្ត នៅក្នុងប្រវត្តិសាស្ត្រខ្មែរ មានច្រើនរាប់មិនអស់ឡើយ ។ ទុកចិត្តកូនប្រសា ឲ្យរក្សាទឹកដីនៅខាងជើងភ្នំដងរែក វាបង្កើតនគរថ្មីយកទៅគ្រប់គ្រង ។ ទុកចិត្តយួន ឲ្យខ្ចីដីដើម្បីបង្កើតជំរំហ្វឹកទ័ព និងធ្វើជំនួញនៅចុងខាងកើតរាជបុរី វាយកដីម្តុំនោះបាត់ ។ ទុកចិត្តបារាំងឲ្យរក្សាកូសាំងសុីន ឬតំបន់កម្ពុជាផ្នែកខាងក្រោម វាដាក់ទឹកដីនោះលើជើងពាន ហុចឲ្យទៅយួនធ្វើព្រងើយ ។ល។ ដំបៅទំនុកចិត្ត ចុងក្រោយបំផុត គឺចំណាប់ខ្មាំងខ្មែរ២០នាក់ (Hostages) ដែលទាហានសៀមចាប់យកទៅ ។ នៅសល់ ១៨នាក់ មិនទាន់ត្រូវបានដោះលែងនៅឡើយទេ ។
តើខ្មែរគួរទុកចិត្តលោក ដូណាល់ ត្រាំ នៅក្នុងការដោះស្រាយជម្លោះ រវាងសៀមនិងខ្មែរដែរឬទេ??? នេះគឺជាសំណួរតែមួយគត់ ដែលខ្ញុំចង់ឲ្យមិត្តអ្នកអានឆ្លើយ ។ មិនចាំបាច់ឆ្លើយប្រាប់ខ្ញុំ ដោយផ្ទាល់ទេ ។ គឺឆ្លើយទុកនៅក្នុងចិត្ត ។ រីឯចម្លើយរបស់ខ្ញុំគឺ មិនគួរទុកចិត្តលោក ដូណាល់ ត្រាំ នៅក្នុងការដោះស្រាយជម្លោះ សៀមនិងខ្មែរ ឡើយ ។ បើមិនគួរទុកចិត្តលោក ត្រាំ តើគួរទុកចិត្តអ្នកណា? សំណួរនេះ គ្មាននរណាអាចរកចម្លើយឃើញទេ ។ ក៏ប៉ុន្តែ ព្រះពុទ្ធទ្រង់បានផ្តែផ្តាំថា៖ បុគ្គលគ្រប់ៗរូប មានខ្លួនឯងជាទីពំនាក់ ។
ខ្ញុំមិនមែនជាអ្នកវិភាគនយោបាយទេ ។ ហើយក៏មិនមែនជាអ្នកគាំទ្រ បក្សនយោបាយ ឬក៏ អ្នកនយោបាយណាមួយដែរ ។ ខ្ញុំជាមនុស្ស ដែលប្រកាន់គោលការណ៍៖ "ភ្នែកត្រង់" "មាត់ត្រង់" "ចិត្តត្រង់" ។
ក្នុងនាមជាអតីតនិស្សិត ដែលបានសិក្សាអំពីអភិបាលកិច្ច នៃរដ្ឋាភិបាលអាមេរិកាំង និង ជាអ្នកធ្លាប់ចេញចូលធ្វើការងារ ឲ្យមន្ទីរក្រសួងនានា នៅក្នុងរដ្ឋធានី វ៉ាសុីនតោន អស់រយៈកាលជិត ៣០ឆ្នាំ ខ្ញុំមានបទពិសោធច្រើនល្មម នឹងអាចលាតត្រដាងបានខ្លះៗ នូវទ្រង់ទ្រាយ ឬ ចរិតនយោបាយ របស់សហរដ្ឋអាមេរិក ក៏ដូចជា របស់ប្រធានាធិបតីអាមេរិកាំងដែរ ។
ជាទូទៅ យើងអាចចាត់ទុកប្រធានាធិបតីអាមេរិកាំង ជាពីរប្រភេទគឺ៖ ប្រភេទ ស្ទាំង និង ប្រភេទ ឥន្ទ្រី (Hawk and Eagle) ។ ប្រភេទ ស្ទាំង គឺក្រអឺតក្រទម ។ ប្រភេទ ឥន្ទ្រី គឺស្ងប់ស្ងៀម ។ លោក ត្រាំ គឺជាប្រធានាធិបតីប្រភេទ ស្ទាំង ។ ចំណុចរួមមួយនៃចរិតនយោបាយ របស់ប្រធានាធិបតីអាមេរិកាំង ទាំងពីរប្រភេទគឺ ពួកគេមិនងាយនឹងលូកដៃ ទៅជួយដោះស្រាយ ជម្លោះនៅក្នុងប្រទេសដទៃ ដែលមិនប៉ះពាល់ ឬ ពាក់ព័ន្ធដល់សន្តិសុខជាតិ អាមេរិកាំងឡើយ ។ យើងអាចសង្កេតប្រការនេះ ចាប់តាំងពីសង្គ្រាមលោកលើកទី ១ មក ។ បើនិយាយអំពីកត្តាមនុស្សធម៌វិញ ទាល់តែមានមនុស្សស្លូតត្រង់ ស្លាប់រាប់សែននាក់ ក្រោមកណ្តាប់ដៃជនអន្យតិរិ្ថយ ទើបអាចធ្វើឲ្យចិត្តប្រធានាធិបតី អាមេរិកាំង កម្រើក ។ ឆ្អឹងមនុស្ស ដែលស្លាប់ជាមួយនឹងក្តីរំពឹង ថាអាមេរិកាំង នឹងចូលមកជួយសង្គ្រោះ បើរើសយកមកគរជាភ្នំ ប្រហែលជាអាចបង្កើតបានកូនភ្នំមួយ ។ ប្រការនេះ យើងមិនអាចបន្ទោស សហរដ្ឋអាមេរិក ទេ ។ វាកើតចេញអំពីការបរាជ័យ នៃប្រទេសនីមួយៗ ដែលមិនបានយកចិត្តទុកដាក់ អប់រំបង្រៀនប្រៀនប្រដៅ ពលរដ្ឋរបស់ខ្លួន អំពីសារសំខាន់នៃគុណធម៌ (Virtue) ឲ្យបានខ្ជាប់ខ្ជួន ។
សហរដ្ឋអាមេរិក ជាប្រទេស ឯកោនិយម (Isolationism) ។ ប្រធានាធិបតីអាមេរិកាំង រមែងដើរតាមគោលការណ៍ ឯកោនិយម នេះ ជានិច្ចជាកាល ។ នៅពេលប្រធានាធិបតីណាម្នាក់ ដើរចេញពីគោលការណ៍ ឯកោនិយម មកធ្វើអន្តរាគមនៅក្នុងប្រទេស ឬ ជម្លោះនៅក្នុងប្រទេសដទៃ ប្រទេសដែលពាក់ព័ន្ធ គប្បីគិតពិចារណា នៅក្នុងទម្រង់សំណួរ ជាជាងគិតនៅក្នុងទម្រង់ចម្លើយ ដើម្បីតម្រូវតាម សេចក្តីរំពឹងរបស់ខ្លួន ។ ពាក់ព័ន្ធនឹងជម្លោះ ឬ សង្គ្រាម រវាងសៀមនិងខ្មែរ សំណួរមួយដែលពលរដ្ឋខ្មែរ ជាពិសេសមេដឹកនាំវ័យក្មេងរបស់ខ្មែរ ត្រូវលើកយកមកពិចារណា រហូតទាល់តែជ្រុះសក់អស់ពីក្បាលគឺ៖ ហេតុអ្វីបានជាលោក ដូណាល់ ត្រាំ ឈឺឆ្អាលជាមួយនឹងបញ្ហានេះ??? ខ្ញុំមិនផ្តល់ចម្លើយឲ្យទេ ។ តែខ្ញុំសូមបោះ ព្រុយយ៉ុង ឲ្យមួយ ។ លោក ដូណាល់ ត្រាំ ជាម្តាយដែលមានបំណុល ។ បំណុលដ៏ធំបំផុតរបស់គាត់ គឺសង្គ្រាមរវាង រ៉ុស៊្សី និង អ៊ុយក្រេន ។ ការធ្វើអន្តរាគមនៅ អ៊ីស្រាអែល និង ប៉ាលេស្ទីន ក្តី នៅ អាមេនី និង អាហ៊្សឺបៃហ៊្សង់ ក្តី នៅ ឥណ្ឌា និង ប៉ាគីស្ថាន ក្តី នៅ ថៃ និង កម្ពុជា ក្តី វាគឺជាដំណើរដោះបំណុលរបស់គាត់ ។
ពាក់ព័ន្ធនឹងជម្លោះរវាងខ្មែរនិងថៃ យើងក៏គួរតែគិតផងដែរ អំពីកត្តាសម្ព័ន្ធភាព ឬ កូនជឹង ។ ខ្ញុំសូមនិយាយឲ្យត្រង់ដូចបន្ទាត់ទៅចុះ (Let me be blunt) ។ ថៃគឺជាកូនជឹងរបស់អាមេរិក ។ ខ្មែរជាកូនជឹងរបស់ចិន ។ អស់រយៈកាល ជិតមួយសតវត្សកន្លងមកហើយ ថៃតែងតែទុកអាមេរិក ជាមិត្តដែកថែប ។ ឯខ្មែរតែងតែទុកចិន ជាមិត្តដែកថែប ។ ចិននិងអាមេរិក មើលមុខគ្នាមិនចំទេ ។ ដូច្នេះ នៅពេលដែលលោក ដូណាល់ ត្រាំ ចូលមកធ្វើអន្តរាគម នៅក្នុងជម្លោះខ្មែរថៃ តើគាត់នឹងលម្អៀងទៅខាងណា?? ជាថ្មីម្តងទៀត ខ្ញុំមិនផ្តល់ចម្លើយឲ្យទេ ។ ហើយក៏មិនបោះ ព្រុយយ៉ុង ឲ្យដែរ ។ ដ្បិតសំណួរនេះ វាភ្ជាប់មកជាមួយនឹងចម្លើយ ដោយស្វ័យប្រវត្តិ ។
ថ្មីៗនេះ ខ្ញុំឃើញមានយុទ្ធនាការ ចេញពីប្រទេសខ្មែរ ស្នើដាក់បេក្ខភាពលោក ដូណាល់ ត្រាំ ឲ្យទទួលរង្វាន់ ណូបែលសន្តិភាព ។ មិនតែប៉ុណ្ណោះ យើងចង់ដាក់ឈ្មោះផ្លូវជាតិលេខ ៤ ជាផ្លូវ ដូណាល់ ត្រាំ ទៀតផង ដើម្បីជាកិច្ចដឹងគុណដល់គាត់ ។ ដូណាល់ ត្រាំ ជាកូនសិស្សដែលមិនទាន់ធ្វើលំហាត់រួចរាល់ ហើយមិនដឹងថាលំហាត់នោះ ខុសឬត្រូវផង យើងឲ្យពិន្ទុគាត់មុនទៅហើយ ។ នៅក្នុងភាសាអង់គ្លេស គេហៅថា៖ Desperate (អន្ទះសាជ្រួលច្របល់) ។ ប្រការដែលធ្វើឲ្យ សកម្មភាពការទូតរបស់យើង រឹតតែយ៉ាប់ ជាមួយនឹងសហរដ្ឋអាមេរិកថែមទៀតនោះ គឺអាមេរិកបានជួយសាងសង់ផ្លូវជាតិលេខ ៤ តាំងតែពីទសវត្សឆ្នាំ ១៩៥០ ម្លេះ ។ ហេតុអ្វីក៏យើង ទើបនឹងនឹកឃើញគុណស្រ័យរបស់គេ នៅគ្រានេះ ។ យើងមានផ្លូវ រ៉ុស៊្សី ផ្លូវ ម៉ៅ សេទុង ផ្លូវ ហាណូយ ។ ប៉ុន្តែ មិនដែលមានផ្លូវ វ៉ាសុីនតោន ឬ ផ្លូវ អ៊ុយអេស ឬ អាមេរិកាំងឡើយ ។ ក្រៅពីនេះ យើងបានឈូសកម្ទេចអាគារ ដែលសាងសង់ដោយជំនួយអាមេរិកាំង នៅកំពង់ផែររាមចោល ហើយគៀបសង្កត់ប៉ុស្តិ៍វិទ្យុ វីអូអេ និង អាសុីសេរី ដែលជាក្បាលម៉ាសុីន ផ្សព្វផ្សាយវប្បធម៌អាមេរិកាំង ទៅកាន់ពិភពលោក ឲ្យវិនាសអន្តរាយ ។ តើយើងអាងអីនឹងរំពឹងថា ដូណាល់ ត្រាំ នឹងជួយរកយុត្តិធម៌ឲ្យខ្មែរ ពាក់ព័ន្ធនឹងជម្លោះជាមួយនឹងសៀមនោះ ។ ខ្មែរយើងមានពាក្យមួយឃ្លាដែលពោលថា៖ "សម្តីសជាតិ មាយាទសពូជ" ។ ទុករឿងគំនិតមារយាទនេះដោយឡែក កត្តាស្មុគស្មាញបំផុត ដែលត្រូវលើកយកមកគិតគូរជាបន្ទាន់នោះ គឺថា តើយើងត្រូវដើរលើខ្សែរពួរការទូតនេះ (Tight rope walking) ដោយរបៀបណា ដើម្បីកុំឲ្យធ្លាក់បាក់កងាប់ ។
ក្នុងនាមជាពលរដ្ឋអាមេរិកាំងម្នាក់ ខ្ញុំហ៊ានអះអាងថា សហរដ្ឋអាមេរិក មិនជាអាក្រក់ណាស់ណាទេ ។ បើយើងយល់អំពីចរិតនយោបាយទូទៅ របស់ប្រធានាធិបតីអាមេរិកាំងនីមួយៗ យើងអាចទាញយកសារប្រយោជន៍ ឬក៏ គេចវេះពីហានិភ័យនយោបាយបានច្រើន ។ ចំណុចមួយ ដែលខ្ញុំសូមលើកយកមកលាតត្រដាង ឲ្យបានឃើញច្បាស់ដូចពន្លឺថ្ងៃ គឺថា លោក ដូណាល់ ត្រាំ មិនមែនជាអ្នកនយោបាយ ប្រកបដោយបទពិសោធ ជ្រៅជ្រះទេ ។ ឯកត្តា គុណធម៌ សច្ចធម៌ និង យុត្តិធម៌ ក៏មិនមែនជាចំណុចខ្លាំងរបស់គាត់ដែរ ។ គាត់ធ្វើអ្វីៗ តាមតែទំនើងចិត្ត ។ ដូច្នេះ នៅក្នុងកិច្ចអន្តរាគមរបស់គាត់ ដើម្បីជួយដោះស្រាយជម្លោះរបស់ខ្មែរនិងសៀមនោះ យើងមិនត្រូវរំពឹងខ្ពស់ពេកឡើយ (Hope for the best, prepare for the worst) ។ អនុញាតឲ្យខ្ញុំនិយាយ ពាក្យក្នុងចិត្តមួយឃ្លា៖ "បើលោក ដូណាល់ ត្រាំ មានឆន្ទៈនឹងដោះស្រាយជម្លោះរវាង សៀម និង ខ្មែរ គាត់អាចធ្វើកិច្ចការនេះរួចរាល់ត្រឹមតែ ២៤ម៉ោង ប៉ុណ្ណោះ ។ មិនមែនអូសក្រឡា រហូតមកដល់ថ្ងៃនេះទេ" ។ ចំណុចសំខាន់ដែលត្រូវយល់ គឺថា របៀបវារៈ ឬ ការចង់បាន របស់ ដូណាល់ ត្រាំ អាចនឹងមិនសុីសង្វាក់ ជាមួយនឹងរបៀបវារៈរបស់ ខ្មែរ ឬ សៀម ឡើយ ។ ខ្ញុំនឹងមិនភ្ញាក់ផ្អើលទេ ប្រសិនបើលោក ត្រាំ អនុញាតិឲ្យសៀមរក្សាទុក របងលួសបន្លា ដែលពួកគេយកមកពង្រាយ នៅតាមបណ្តោយព្រំដែនខ្មែរថៃ ឲ្យនៅនឹងកន្លែង ដើម្បីរក្សាគម្លាត ភាគីទាំងសងខា ក៏ដូចជាជៀសវាង ការប៉ះទង្គិចគ្នាទៅថ្ងៃមុខ ។
ក្នុងដំណើរដោះស្រាយជម្លោះ ឬក៏ ទំនាស់ នៅក្នុងភាសាអង់គ្លេស គេមានពាក្យទូន្មានមួយឃ្លា ដែលពោលថា៖ If you are not at the table, you will be in the menu or on the table (ប្រសិនបើអ្នកមិនត្រូវបានគេអញ្ជើញ ឲ្យចូលរួមសុីបាយជាមួយនឹងគេទេ អ្នកគឺជា មើនុយ ឬក៏ ជាម្ហូបនៅលើតុ) ។ ឧទាហរណ៍ដ៏ច្បាស់លាស់ជាទីបំផុត នៃដំបូន្មាននេះ គឺលោក ហ៊្សេឡិនស្គី និង ប្រទេស អ៊ុយក្រេន ។ នៅក្នុងជំនួបរបស់លោក វ៉្លាឌីមៀ ពូទីន និង លោក ដូណាល់ ត្រាំ នៅ អាឡាស់ស្កា កន្លងទៅថ្មីៗនេះ លោក ហ៊្សេឡិនស្គី គឺជា មើនុយ ។ ឯប្រទេស អ៊ុយក្រេន គឺជាម្ហូបដែលនៅលើតុ ។ ភ្ជាប់ប្រការនេះ ទៅនឹងដំណើរស្វែងរកដំណោះស្រាយ ជម្លោះរវាង សៀមនិងខ្មែរ ខ្ញុំសូមផ្តល់នូវទស្សនផ្ទាល់ខ្លួនមួយ គឺថា៖ មិនត្រូវយកកត្តា យុត្តិធម៌ សច្ចធម៌ និង គុណធម៌ មកដាក់នៅក្នុងសមីការ ដើម្បីគណនាឡើយ ។ លោក ត្រាំ គាត់ប្រើពាក្យ Deal ជាជាង Agreement ។ ត្រូវស្វែងយល់អំពីអត្ថន័យ នៃពាក្យទាំងពីរនេះ ឲ្យបានច្បាស់លាស់ ជាទីបំផុត ។ នៅក្នុងដំណើររកដំណោះស្រាយជម្លោះ ជាលក្ខណៈអន្តរជាតិ គ្មានកត្តា យុត្តិធម៌ សច្ចធម៌ និង គុណធម៌ នៅក្នុងនោះទេ ។ មានតែកត្តា ខាត និង ចំណេញ មួយមុខគត់ ។
ជាកិច្ចបញ្ចប់អត្ថបទនេះ ខ្ញុំសូមភ្ជាប់ជាមួយនូវលិខិតរបស់ទ្រង់ សុីសុវត្ថិ សិរិមតៈ ដែលសរសេរផ្ញើជូន លោកអគ្គរដ្ឋទូតនៃសហរដ្ឋអាមេរិក ហ្គាន់ស៊ឺ ឌីន (Gunther Dean) នៅក្នុងខែ មេសា ឆ្នាំ ១៩៧៥ ។ អត្ថន័យជាភាសាខ្មែរ ខ្ញុំបកប្រែត្រួសៗ នៅផ្នែកខាងក្រោម ។
"I thank you very sincerely for your letter and for your offer to transport me towards freedom. I
cannot, alas, leave in such a cowardly fashion. As for you and in particular for your great
country, I never believed for a moment that you would have this sentiment of abandoning a
people which has chosen liberty. You have refused us your protection and we can do nothing
about it. You leave us and it is my wish that you and your country will find happiness under the
sky. But mark it well that, if I shall die here on the spot and in my country that I love, it is too
bad because we are all born and must die one day. I have only committed the mistake of
believing in you, the Americans. Please accept, Excellency, my dear friend, my faithful and
friendly sentiments. Prince Sirik Matak”
"ខ្ញុំសូមថ្លែងអំណរគុណលោក ដោយសុទ្ធចិត្ត ចំពោះការផ្តល់លទ្ធភាព ឲ្យខ្ញុំអាចគេចចេញអំពីគ្រោះភ័យ ។ គួរឲ្យស្តាយណាស់ ខ្ញុំមិនអាចរត់គេច ក្នុងស្ថានភាពកំសាកបែបនេះទេ ។ ចំពោះរូបលោក ជាពិសេសមហាប្រទេស ដ៏មានអំណាចរបស់លោក ខ្ញុំមិនដែលសូម្បីតែគិតទេថា លោកលះបង់ចោលមិត្តភក្តិ ដែលខិតខំតស៊ូក្នុងបុព្វហេតុសេរីភាព ។ លោកបានបដិសេធ មិនការពារពួកយើងតទៅទៀតទេ ។ ហើយយើងក៏គ្មានអ្វី នឹងនិយាយដែរ ។ លោកបានបោះបង់ពួកយើងចោល ។ ខ្ញុំរំពឹងថា លោកនិងមហាប្រទេសរបស់លោក នឹងរកឃើញសុភមង្គល នៅក្រោមផ្ទៃមេឃ ដ៏ធំល្វឹងល្វើយនេះ ។ សូមអនុញាតិឲ្យខ្ញុំ និយាយពាក្យក្នុងចិត្តផងថា ប្រសិនបើខ្ញុំត្រូវស្លាប់នៅទីនេះ ក្នុងវេលានេះ នៅក្នុងប្រទេសដែលខ្ញុំស្រឡាញ់ស្មើជីវិត វាគឺជារឿងអកុសល ដ្បិតមនុស្សគ្រប់ៗរូប ដែលកើតមក ត្រូវតែស្លាប់ទៅវិញ នៅថ្ងៃណាមួយ ។ កំហុស ដ៏គួរឲ្យសោកស្តាយជាទីបំផុតរបស់ខ្ញុំ គឺខ្ញុំជឿទុកចិត្ត លើភាពស្មោះស របស់រដ្ឋាភិបាល និងពលរដ្ឋអាមេរិកាំង ។ សូមឯកឧត្តម ទទួលយកនូវគារវភក្តី ដ៏ជ្រាលជ្រៅអំពីខ្ញុំ ។ ទ្រង់ សិរិ មតៈ ។"
Tuesday, April 1, 2025
ចំណីខួរក្បាល
ដូណាល់ ត្រាំ និង ស្ថានភាពនយោបាយអាមេរិក
ចាប់តាំងពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីនៃសហរដ្ឋអាមេរិកមក ភាពច្របូកច្របល់មិនត្រឹមតែកើតមាននៅក្នុងសហរដ្ឋអាមរិកទេ ពិភពលោកស្ទើរតែទាំងមូលក៏រងឥទ្ធិពលនៃការកកូរកកាយរបស់គាត់ដែរ ។ អ្នកតាមដានពត៌មាននយោបាយជាច្រើន បានបញ្ចេញទិដ្ឋិតែរៀងខ្លួនពាក់ព័ន្ធនឹងទង្វើរបស់លោក ដូណាល់ ត្រាំ ។ តែបើយើងប្រៀបធៀបការដឹកនាំរដ្ឋាភិបាលនៃសហរដ្ឋអាមេរិកនៅគ្រានេះ ទៅនឹងការដឹកនាំរបស់កាត់នៅគ្រាទីមួយនាឆ្នាំ ២០១៦ វិញនោះ វាមិនមានអ្វីខុសគ្នាឡើយ គ្រាន់តែនៅវេលានេះ គាត់ប្រើវិធីកាយកប់ត្រឡប់ជាន់សាហាវជាងមុន (More ruthless) ។
ជាគោលការណ៍ច្បាប់នៅក្នុងរដ្ឋធម្មនុញ្ញ ប្រធានាធិបតីនៃសហរដ្ឋអាមេរិកត្រូវដឹកនាំរដ្ឋាភិបាលតាមបែបបទក្រុមប្រឹក្សានិយម ។ និយាយឲ្យងាយយល់ ប្រធានាធិបតីត្រូវស្នើច្បាប់ទៅរដ្ឋសភាសុំសេចក្តីអនុមត្តិជាមុនសិន មុននឹងសម្រេចបង្កើត ឬ រំលាយស្ថាប័នណាមួយរបស់រដ្ឋ ។ មូលហេតុដែលត្រូវធ្វើដូច្នេះ ពីព្រោះរដ្ឋសភាជាស្ថាប័នគ្រប់គ្រងនិងចាត់ចែងថវិការជាតិរៀងរាល់ឆ្នាំ ។ វាជាប្រព័ន្ធតុល្យភាពដែលអ្នកតាក់តែងរដ្ឋធម្មនុញ្ញបានចារទុកជាច្រើនរយឆ្នាំមកហើយ ។ ក៏ប៉ុន្តែ លោក ដូណាល់ ត្រាំ អត់អនុវត្តិច្បាប់ទម្លាប់ទាំងនេះទេ គឺគាត់ជ្រើសយកបុរេឯកសិទ្ធិមួយ (Prerogative) ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញជាទម្រង់ក្រឹត្យ ឬហៅជាភាសាអង់គ្លេសថា៖ Executive Orders ។ គួរកត់សម្គាល់ថា ក្រឹត្យ (Rule by decree) គឺជានិតិវិធីច្បាប់របស់ជនផ្តាច់ការ (Tyrant) ។ ចុះហេតុអ្វីក៏វាមកនៅក្នុងរដ្ឋធម្មនុញ្ញប្រជាធិបតេយ្យនៃសហរដ្ឋអាមេរិកទៅវិញ ។ តាមពិត រដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកអនុញ្ញាតិឲ្យប្រធានាធិបតីប្រើក្រឹត្យ នៅក្នុងករណីមានអាសន្ន ឬក៏ ចាំបាច់ណាមួយតែប៉ុណ្ណោះ ។ មិនមែនឲ្យប្រធានាធិបតីយកវាមកប្រើប៉ាតណាប៉ាតណីអនាធិបតេយ្យនោះទេ ។ ក្រឹត្យនេះទៀតសោត គឺត្រូវអនុលោមតាមច្បាប់បញ្ញតិនានាដែលមាននៅក្នុងរដ្ឋធម្មនុញ្ញ ។ បើវាបំពាន ឬក៏ផ្ទុយអំពីអ្វីដែលមានសរសេរនៅក្នុងរដ្ឋធម្មនុញ្ញ វានឹងក្លាយទៅជាច្បាប់ព្រៃ ។ គួរកត់សម្គាល់ថា ស្ថាប័ននីតិប្រតិបត្តិ គឺជាអ្នកអនុវត្តិច្បាប់ គ្មានសិទ្ធិបង្កើតច្បាប់ទេ ។ ដូច្នេះ ច្បាប់ដែលកើតចេញអំពីក្រឹត្យ វាគឺជាច្បាប់ឥតខាន់ស្លា (Illegitimate) ។ ក៏ប៉ុន្តែ ដោយហេតុតែភាវស្របច្បាប់ និង មិនស្របច្បាប់នៃក្រឹត្យផងទាំងពួក តម្រូវឲ្យស្ថាប័នតុលាការត្រួតពិនិត្យធម្មនុញ្ញភាពរបស់វា មនុស្សឬក៏ស្ថាប័នទាំងឡាយណាដែលរងផលប៉ះពាល់ ចាំបាច់ត្រូវដាក់ពាក្យប្តឹងទៅតុលាការដើម្បីលុបក្រឹត្យនោះចោលវិញ ។ ដើម្បីធ្វើមោឃភាពទៅលើក្រឹត្យណាមួយ ក្រឹត្យនានាត្រូវឆ្លងកាត់ការជំនំជម្រះក្នុងប្រព័ន្ធតុលាការចំនួនបីស្រទាប់គឺ សាលាដំបូង សាលាឧទ្ធរណ៍ និង តុលាការកំពូល (District Court, Circuit Court, Supreme Court) ។ ប្រការនេះគឺត្រូវការពេលវេលា ។ ហើយតុលាការទាំងបីស្រទាប់នេះ ត្រូវសម្រេចចិត្តជាឯកច្ឆ័ន្ទ ។ បើមានស្រទាប់ណាមួយមានមតិផ្ទុយ ក្រឹត្យនោះនឹងក្លាយទៅជាច្បាប់អនុវត្តិ ។
បច្ចុប្បន្នលោក ដូណាល់ ត្រាំ បានចេញក្រឹត្យជាង ១០០ហើយ ។ គាត់អាចនឹងចេញក្រឹត្យរាប់រយថែមទៀតដើម្បីរុញប្រព័ន្ធតុលាការឲ្យលិចលង់ (Flood the court system or Judiciary Branch) ។ យើងអាចព្យាករណ៍ជាមុនថា ក្រឹត្យ របស់ដូណាល់ ត្រាំ នឹងនៅក្នុងប្រព័ន្ធតុលាការអាមេរិករហូតដល់ថ្ងៃគាត់ស្លាប់ ក៏ដោះស្រាយមិនទាន់អស់ែដរ ។
មុននឹងបរិយាយអំពីហានិភ័យនៃយុទ្ធសាស្ត្រប្រើក្រឹត្យរបស់លោក ដូណាល់ ត្រាំ ខ្ញុំសូមណែនាំមិត្តអ្នកអានឲ្យមើលលទ្ធផលនិងតឹតតាង ដែលបានបន្សល់ទុកកាលគាត់ដឹងនាំប្រទេសអាមេរិកពីឆ្នាំ ២០១៦ ដល់ ២០២០ ជាមុនសិន ។ ផ្អែកលើអ្វីដែលជាសមិទ្ធិផលនៃការដឹកនាំប្រទេសរបស់គាត់នាគ្រានោះ យើងអាចសន្និដ្ឋានបានថា នៅក្នុងអាណតិនេះគាត់នឹងប្រើយុទ្ធសាស្ត្រក្រឹត្យរហូតទាល់តែរយះមេឃរហែកផែនដី ។ រដ្ឋធម្មនុញ្ញអាមេរិកាំងស៊ូបានឬមិនបាន គឺអាស្រ័យលើកត្តាតែមួយគត់៖ ប្រព័ន្ធតុលាការ (Judiciary Branch) ។ គួរកត់សម្គាល់ថា រដ្ឋធម្មនុញ្ញ និង ប្រព័ន្ធតុលាការអាមេរិកាំង អាចតស៊ូទប់ទល់នឹងការជាន់ឈ្លីបំផ្លិចបំផ្លាញរបស់ ដូណាល់ ត្រាំ បានឬមិនបានគឺអាស្រ័យលើភាពក្លាហានរបស់មនុស្សដែលមានតួនាទីអនុវត្តិច្បាប់ទម្លាប់ទាំងអស់នោះ ។ ក្រដាសនិងពាក្យពេចន៍ដែលចារនៅក្នុងរដ្ឋធម្មនុញ្ញដោយឯកឯង គ្មានអំណាចអ្វីឡើយ (Words in the constitution, by themselves, have no teeth or bearing upon a tyrant who is hellbent on destroying it) ។
ដើម្បីសម្រួលដល់ការស្វែងយល់អំពីប្រព័ន្ធតុលាការរបស់អាមេរិកាំង ខ្ញុំសូមលើកយកលក្ខណៈសាមញ្ញមួយចំនួនមកបង្ហាញជាមុន ។ នៅក្នុងសាខាទាំងបីនៃរដ្ឋាភិបាលអាមេរិកាំង ស្ថាប័ននីតិប្រតិបត្តិជាអ្នកអនុវត្តិច្បាប់ និងគ្មានសិទ្ធិបង្កើតច្បាប់ទេ ។ មានតែស្ថាប័នរដ្ឋសភា និង តុលាការតែប៉ុណ្ណោះដែលមានសិទ្ធិបង្កើតច្បាប់ ។ ច្បាប់ដែលចេញពីរដ្ឋសភាគេហៅថា៖ ច្បាប់បញ្ញតិ (Statutory law) ។ ច្បាប់ដែលកើតចេញពីប្រព័ន្ធតុលាការគេហៅថា៖ ច្បាប់អនុមត្តិ (Judiciary law, or case law) ។ Case law (a.k.a. common law) កើតចេញអំពីលទ្ធផលនៃការប្តឹងប្តល់ណាមួយ ។ ច្បាប់ដែលកើតចេញអំពីក្រឹត្យ យើងអាចហៅវាថា៖ ច្បាប់អនុវត្តិ ឬ ច្បាប់ចេញពីមាត់ (Executive orders) ។ ច្បាប់នេះ ថ្វីដ្បិតតែវាអាចធ្វើឲ្យមនុស្សនិងប្រទេសជាច្រើនរងកម្ម ឬរងទុក្ខវេទនា វាមិនមានអាយុយឺនយូរទេ លើកលែងតែលោក ដូណាល់ ត្រាំ អាចធ្វើឲ្យសហរដ្ឋអាមេរិកក្លាយទៅជាប្រទេសស្ថិតនៅក្រោមរបបផ្តាច់ការ ។ ប្រធានាធិបតីថ្មីអាចចេញក្រឹត្យលុប ច្បាប់អនុវត្តិរបស់លោក ដូណាល់ ត្រាំ ដោយគ្រាន់តែចុះហត្ថលេខា ឬសុីញ៉េ តែមួយខ្វោកប៉ុណ្ណោះ ។ ក៏ប៉ុន្តែ អំឡុងពេល ដូណាល់ ត្រាំ កាន់អំណាចរយៈពេល ៤ឆ្នាំ ខាងមុខនេះ ក្រឹត្យរបស់គាត់នឹងបង្កព្យុះភ្លៀងគ្មានថ្ងៃលស់ឡើយ ។
ដូចប្រទេសនានាដែរ ប្រព័ន្ធតុលការអាមេរិកាំងមានបីស្រទាប់គឺ សាលាដំបូង (District Court) សាលាឧទ្ធរណ៍ (Circuit Or Superior Court) និង តុលាការកំពូល (Supreme Court) ។ សាលាដំបូងមានចំនួន ៩៤ ។ សាលាឧទ្ធរណ៍មានចំនួន ១៣ ។ និងតុលាការកំពូល ១ ដែលមានទីតាំងនៅក្នុងរដ្ឋធានី វ៉ាសុីនតោន ។ សាលាដំបូងនិងសាលាឧទ្ធរណ៍ មានទីតាំងស្ថិតនៅរាយប៉ាយទូទាំអសហរដ្ឋអាមេរិក ។ ដើម្បីប្តឹងជំទាស់នឹងក្រឹត្យរបស់ ដូណាល់ ត្រាំ បុគ្គលឬស្ថាប័នដែលរងផលប៉ះពាល់ អាចដាក់ពាក្យប្តឹងនៅសាលាដំបូង ដែលស្ថិតនៅក្នុងតំបន់ខ្លួនរស់នៅ មិនចាំបាច់ធ្វើដំណើរមកកាន់ទីក្រុងវ៉ាសុីនតោនទេ ។ បន្ទាប់ពីចៅក្រមសាលាដំបូងសម្រេចថា ក្រឹត្យណាមួយរបស់ដូណាល់ ត្រាំ មិនស្របច្បាប់ គាត់នឹងបញ្ជូនអាមុីអាថោងដែលភាគច្រើនជាបុគ្គលិករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឲ្យយកករណីនេះប្តឹងទៅសាលាឧទ្ធរណ៍ រួចហើយបន្តទៅតុលាការកំពូល ។ ទម្រាំតែក្រឹត្យមួយត្រូវបានទាត់ចោលជាមោឃៈ ដូណាល់ ត្រាំ មានពេលយ៉ាងហោចណាស់ក៏ពីរបីខែដែរដើម្បីអនុវត្តិក្រឹត្យនោះ ។ យើងអាចស្រមៃមើលថា ក្រឹត្យចំនួន ៥០០ ត្រូវការពេលប៉ុន្មានឆ្នាំដើម្បីឲ្យពលរដ្ឋ ឬក៏ស្ថាប័នដែលរងផលប៉ះពាល់តតាំងលុបក្រឹត្យនោះចោលវិញ ។ ហើយគេត្រូវចំណាយប្រាក់និងពេលវេលាអស់ប៉ុន្មាន ។
ចៅក្រមដែលកាន់កិច្ចការនៅក្នុងប្រព័ន្ធតុលាការទាំងបីស្រទាប់នៅសហរដ្ឋអាមេរិក គឺតែងតាំងដោយប្រធានាធិបតី និង ទទួលបានការផ្តល់ទំនុកចិត្តដោយព្រឹទ្ធសភា ហើយមានអភ័យឯកសិទ្ធិ (Immunity) ស្មើនឹងប្រធានាធិបតី ។ អ្វីដែលចៅក្រមទាំងនេះមានលើសពីប្រធានាធិបតីគឺ ពួកគាត់អាចកាន់តំណែងអស់មួយជីវិត ដរាបណាពួកគាត់មិនមានប្រព្រឹត្តិបទឧក្រិត្យធ្ងន់ធ្ងរណាមួយ ។ គ្មាននរណាមានសិទ្ធិដកដំណែងចៅក្រមទាំងនេះទេ ។ នីតិវិធីដកដំណែងចៅក្រមដែលបានប្រព្រឹត្តិបទល្មើស គឺត្រូវឆ្លងកាត់ការកាត់ក្តីនៅក្នុងព្រឹទ្ធសភាដែលភាសាអង់គ្លេសហៅថា៖ Impeachment (អុីមភីចមិន) ដូចគ្នាទៅនឹងការកាត់ក្តីប្រធានាធិបតីដែលប្រព្រឹត្តិបទល្មើសដែរ ។ គឺអភ័យឯកសិទ្ធិនិងភាពឯករាជ្យរបស់ចៅក្រមនេះហើយ ដែលជាក្តីសង្ឃឹម ឬរនាំងផ្លូវ (Guard Rail) ទប់ស្កាត់កុំឲ្យរថយន្តលោក ដូណាល់ ត្រាំ បរខុសផ្លូវ ។ ទោះជាយ៉ាងណាក៏ដោយ រនាំងផ្លូវនេះមិនអាចស៊ូទ្រាំជាមួយនឹងការប៉ះទង្គិចដោយឥតស្រាកស្រាន្តឡើយ ។ ចំណុចខ្លះអាចនឹងបាក់ ។ គួរកត់សម្គាល់ផងដែរថា កាលពីខែ មិថុនា ឆ្នាំ ២០២៤ កន្លងទៅនេះ តុលាការកំពូលបានអនុមត្តិករណីមួយដែលថា អ្វីដែលលោក ដូណាល់ ត្រាំ ប្រព្រឹត្តិ ខុសច្បាប់ក្តី ត្រូវច្បាប់ក្តី នៅក្នុងរយៈកាលដែលគាត់កាន់កិច្ចការជាប្រធានាធិបតី មិនអាចយកមកធ្វើជាសំណុំរឿងដើម្បីដាក់ទោសទណ្ឌគាត់ នៅពេលដែលគាត់ឈប់កាន់ដំណែងទេ ។ មានតែព្រឹទ្ធសភាតែប៉ុណ្ណោះ ដែលមានតួនាទីដាក់ទោសទណ្ឌគាត់ ហើយត្រូវធ្វើនៅអំឡុងពេលដែលគាត់កំពុងកាន់អំណាច ។ ប្រការនេះគឺស្មើនឹងផ្តល់អាវក្រោះដ៏ក្រាស់មួយដល់ ដូណាល់ ត្រាំ ដ្បិតគ្មានថ្ងៃដែលព្រឹទ្ធសភាអាចដាក់ទោសទណ្ឌគាត់កើតទេ ដ្បិតគេត្រូវការសម្លេង ២ភាគ៣ នៃសមាជិកព្រឹទ្ធសភាទាំងអស់ដើម្បីកាត់ទោសគាត់ ។ ភាគច្រើននៃសមាជិកព្រឹទ្ធសាភា មកពីគណបក្សដែលគាំទ្រត្រាំ ។
មុននឹងបញ្ចប់អត្ថបទនេះ ខ្ញុំសូមនិយាយអំពីយុទ្ធសាស្ត្រជនផ្តាច់ការដែលលោក ដូណាល់ ត្រាំ កំពុងអនុវត្តិបន្តិច ។ ខ្ញុំធ្លាប់បានបកស្រាយច្រើនដងមកហើយថា យុទ្ធសាស្ត្របង្កើតរបបផ្តាច់ការគឺគេប្រើវិធីបោចរោមមាន់ទាំងរស់ ។ សម្រាប់អ្នកដែលមិនយល់អត្ថប្បដិរូបនៃពាក្យ បោចរោមមាន់ ខ្ញុំសូមបញ្ជាក់ថា មាន់ តំណាងឲ្យពលរដ្ឋនៅក្នុងប្រទេសមួយ ។ រោមមាន់តំណាងឲ្យសុខុមាលភាពសង្គម ។ លោកដូណាល់ ត្រាំ តែម្នាក់ឯងគ្មានចំណេះជំនាញអ្វីនឹងរៀបចំកិច្ចវិធីបោចរោមមាន់ទាំងរស់នេះទេ ។ គឺមានមនុស្សមួយក្រុមដែលផ្គុំក្បាលគ្នារៀបចំយុទ្ធវិធីនេះ ។ ដូណាល់ ត្រាំ ជាតួឯកនិងជាអ្នកអនុវត្តិរាល់កិច្ចការផងទាំងពួង ។ ជំហានដំបូងៗដែលគេត្រូវធ្វើគឺបង្កើតឲ្យមានមនុស្សមួយក្រុម ដែលភាសាអង់គ្លេសហៅថា៖ Attack dogs and guard dogs (ឆ្កែប្រហារ និង ឆ្កែការពារ) ។ មនុស្សមួយក្រុមនេះមានជាអាទ៍៖ អនុប្រធានាធិបតី រដ្ឋមន្ត្រីក្រសួងការបរទេស ក្រសួងការពារជាតិ ក្រសួងសន្តិសុខជាតិ ក្រសួងយុត្តិធម៌ និង បុគ្គលពីររូបទៀតដែលមានតួនាទីជាទីប្រឹក្សាសន្តិសុខជាតិ និងទីប្រឹក្សាសេដ្ឋកិច្ចជាតិ (លោក អេឡុន ម៉ាស ជាមនុស្សចុងក្រោយនេះ) ។ គួរកត់សម្គាល់ថា ក្រសួងយុត្តិធម៌ធ្វើការងារក្រោយឆាក មិនសូវចេញមុខជាសាធារណៈទេ ។ ឯលោក អេឡុន ម៉ាស ដើរតួនាទីជាអ្នកចាត់ចែងធនធានមនុស្សស្រដៀងគ្នានឹងសហគ្រាសធំៗ ដែលជួលមនុស្សពីក្រៅមកដើម្បីកំចាត់បុគ្គលិកចោល ។ តួនាទីរបស់អនុប្រធានាធិបតីនិងរដ្ឋមន្ត្រីការបរទេស គឺវាយប្រហារទប់ទល់ជាមួយគូបដិបក្សលើឆាកអន្តរជាតិ ។ មនុស្សក្រៅពីនោះ គឺត្រូវតតាំងនិងវាយប្រហារបុគ្គលឬស្ថាប័នទាំងឡាយណា ដែលបង្កឧបស័គ្គនៅក្នុងប្រទេស ។ រដ្ឋមន្ត្រីក្រសួងការបរទេស អនុប្រធានាធិបតី និង ទីប្រឹក្សាសន្តិសុខជាតិ ក៏មានតួនាទីជាអ្នកការពារប្រធានាធិបតីផងដែរ ។ ពាក្យការពារមួយឃ្លាដែលគេតែងលើកយកមកនិយាយគឺ៖ The buck stops here! (ខ្ញុំតែម្នាក់ឯងគត់ គឺជាអ្នកទទួលខុសត្រូវ!) ។
បន្ទាប់មកគឺបង្កើតឲ្យមានបាតដៃទីបី (Fear factor) ។ ឧក្រិតជនវាយប្រហារមន្ទីររដ្ឋសភាដែលលោក ដូណាល់ ត្រាំ លើកលែងទោសដោយមិនរើសមុខនោះគឺជាបាតដៃទីបី សម្រាប់បំភ័យដល់ចៅក្រមនិងសកម្មជនទាំងឡាយណា ដែលមិនយល់ស្របជាមួយនឹងក្រឹត្យរបស់គាត់ ។ ការលើកលែងទោសឧក្រិតជនដោយមិនរើសមុខនេះ វាជាសារដ៏សំខាន់មួយទៅកាន់ចៅក្រម ក៏ដូចជាជនដៃដល់នានា ។ ឧក្រិតជនដែលបម្រើផលប្រយោជន៍ដូណាល់ ត្រាំ អាចរួចផុតទោសងាយដូចបកចេក ទោះពួកគេសម្លាប់នរណាក៏ដោយ ។ ជារួម ដូណាល់ ត្រាំ យកបុរេឯកសិទ្ធិ (Prerogative) នៃការប្រើក្រឹត្យមកផ្គុំជាមួយនឹងការលើកលែងទោសឧក្រិតជន (Pardon) ហើយភ្ជាប់វាជាមួយនឹងនិទណ្ឌភាពរបស់គាត់ក្នុងនាមជាប្រធានាធិបតី (Presidential immunity) ដើម្បីប្រែក្លាយខ្លួនឲ្យទៅជាស្តេចផែនដីមានអំណាចម្នាក់ ។ នៅក្នុងរយៈពេលបួនឆ្នាំខាងមុខនេះ ពិភពលោក ជាពិសេសសហរដ្ឋអាមេរិកវឹកវរដូចម្តេច យើងនឹងបានយល់គ្រប់ៗគ្នានាពេលដ៏ខ្លី ។
យុទ្ធសាស្ត្របោចរោមមាន់ទាំងរស់ គឺគេបោចរោមណាដែលមិនសូវឈឺជាមុន ។ ជាកិច្ចចាប់ផ្តើម ដូណាល់ ត្រាំ លើកទឹកចិត្ត ឬបង្ខំឲ្យបុគ្គលិករដ្ឋាភិបាលចូលនិវត្តិន៍ ។ បន្ទាប់មកបញ្ឈប់តួនាទីបុគ្គលិកថ្នាក់ទាបឬមិនសូវសំខាន់ ដោយសម្អាងហេតុផលកាត់បន្ថយការចំណាយថវិកាជាតិ ។ បន្ទាប់មកទៀតគឺរំលាយស្ថាប័ន ។ USAID និងវិទ្យុ VOA និង RFA គឺជាស្ថាប័នបម្រើផលប្រយោជន៍អន្តរជាតិច្រើនជាងអាមេរិក ។ ក្រសួងអប់រំជាតិក៏ជាស្ថាប័នមិនសូវសំខាន់ដែរ ដ្បិតប្រព័ន្ធអប់រំអាមេរិកាំងគ្រប់គ្រងដោយរដ្ឋនីមួយៗ ។ គួរកត់សម្គាល់ថា ក្រសួងអប់រំអាមេរិកាំងមិនពាក់ព័ន្ធនឹងកម្មវិធីសិក្សាក៏ដូចជាការចេញសញ្ញាប័នសញ្ញាឃើញ ដូចប្រទេសដទៃទេ ។ ពាក់ព័ន្ធនឹងសិទ្ធិសេរីភាព ដូណាល់ ត្រាំ ជ្រើសយកការបញ្ជូនជនអន្តោប្រវេសខុសច្បាប់ដែលជាទណ្ឌិត ទៅដាក់ក្នុងពន្ធនាគារនៅប្រទេសទីបីដោយមិនចាំបាច់កាត់ទោសឡើយ ។ កត្តាដែលរៀបរាប់ខាងលើនេះ គឺជារោមមាន់ដែលបោចចេញទៅមិនសូវឈឺ ដ្បិតពលរដ្ឋអាមេរិកាំងដែលរងផលប៉ះពាល់មិនជាច្រើណាស់ណាទេ ។ បើនិយាយអំពីជនរងគ្រោះវិញ បុគ្គលិកដែលបម្រើការនៅ USAID, VOA, and RFA ភាគច្រើនគឺជាជនជាតិអាមេរិកាំងដែលមានដើមកំណើតនៅប្រទេសដទៃ ។ ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ការបោចរោមមាន់នេះវានឹងបន្តរំកិលបន្តិចម្តងៗ រហូតទាល់តែដល់ក្រុមមនុស្សដែលគាំទ្រនិងជួយជ្រោមជ្រែងលោក ដូណាល់ ត្រាំ តែម្តង ។ ទម្រាំតែមាន់មានអារម្មណ៍ថារងារ វាដល់ពេលដែលគេយកវាទៅស្ងោរជ្រក់ហើយ ។
រឿងមួយដែលជាចំអកព្រហ្មលិខិតនៃយុទ្ធនាការបោចរោមមាន់នេះគឺថា ពលរដ្ឋទូទៅគិតថាក្រុមមនុស្សដែលព្យាយាមបង្កើតរបបផ្តាច់ការនេះ គ្មានសមត្ថភាពនិងលទ្ធភាពរកជោគជ័យឃើញឡើយ ។ វាជាសេចក្តីប្រមាទមួយដែលជនផ្តាច់ការចង់បានជាទីបំផុត ។ ពលរដ្ឋប្រមាទពួកគេរឹតតែខ្លាំង ពួកគេរឹតតែត្រេកអរ ។ សូម្បីតែខ្ញុំដែលជាស្មេរ ក៏ស្ថិតនៅក្នុងជ្រោះនៃសេចក្តីប្រមាទនេះដែរ ។ ខ្ញុំនៅមានជំនឿលើរដ្ឋធម្មនុញ្ញ និងភាពក្លាហានរបស់អ្នកអនុវត្តិច្បាប់មុតមាំណាស់ ។ ដូណាល់ ត្រាំ និងស្ម័គ្របក្សពួក មិនអាចធ្វើឲ្យសហរដ្ឋអាមេរិកក្លាយទៅជាប្រទេសផ្តាច់ការបានឡើយ ។ វាជាជំនឿដែលពោរពេញទៅដោយហានិភ័យនិងអ្វីដែលភាសាអង់គ្លេសហៅថា៖ Vulnerability ។ ខាងក្រោមនេះគឺជាសម្រង់សម្តីរបស់មនុស្សម្នាក់ដែលដើរចូលអន្ទាក់នៃរបបផ្តាច់ការ ដោយមិនដឹងខ្លួន៖
First they came for the socialists, and I did not speak out—because I was not a socialist.
Then they came for the trade unionists, and I did not speak out—because I was not a trade unionist.
Then they came for the Jews, and I did not speak out—because I was not a Jew.
Then they came for me—and there was no one left to speak for me.
—Martin Niemöller
ដើមឡើយ ពួកគេកំចាត់ក្រុមសង្គមនិយម ហើយខ្ញុំមិននិយាយប្រឆាំងតវានឹងពួកគេទេ ពីព្រោះខ្ញុំមិនស្ថិតនៅក្នុងក្រុមសង្គមនិយម ។
បន្ទាប់មក ពួកគេកំចាត់ក្រុមសហជីព ហើយខ្ញុំក៏មិននិយាយអ្វីប្រឆាំងនឹងពួកគេដែរ ពីព្រោះខ្ញុំមិនមែនជាសមាជិកសហជីព ។
បន្ទាប់មកទៀត ពួកគេកំចាត់ជនជាតិជីហ្វ ហើយខ្ញុំក៏នៅតែមិននិយាយស្តីអ្វីតតាំងប្រឆាំងនឹងពួកគេទៀត ដ្បិតខ្ញុំមិនមែនជាជនជាតិជីហ្វ ។
នៅទីបំផុត ពួកគេចូលមកកំចាត់ខ្ញុំ ។ គ្មានមនុស្សណាម្នាក់សេសសល់នឹងជួយយកអាសាខ្ញុំឡើយ ៕
Friday, March 7, 2025
ចំណីខួរក្បាល
ដូណាល់ ត្រាំ វិលវិញ (Donald Trump, Revisit)
កាលលោក ដូណាល់ ត្រាំ ឡើងកាន់កិច្ចការជាប្រធានាធិបតីនៃសហរដ្ឋអាមេរិកលើកទី ១ ខ្ញុំបានសរសេរអត្ថបទរិះគន់មួយចំនួនពាក់ព័ន្ធនឹងគោលនយោបាយ និង សកម្មភាពរបស់គាត់ ជាពិសេសគឺសង្គ្រាមពាណិជ្ជកម្ម (សូមមើលអត្ថបទនៅក្នុងរូបភាពខាងក្រោម) ។ នៅក្នុងសង្គ្រាមពាណិជ្ជកម្មនៅគ្រាទី ១ សេដ្ឋវិទូអាមេរិកាំងបានវាយតម្លៃផលប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋអាមេរិកាំងទូទៅ គឺត្រូវចំណាយថវិកាប្រមាណជា ៨០០ដុល្លារ បន្ថែមលើការចំណាយប្រចាំឆ្នាំរបស់ខ្លួន ។ ឯសង្គ្រាមពាណិជ្ជកម្មលើកទី ២នេះ ពលរដ្ឋអាមេរិកាំងត្រូវចំណាយប្រមាណជា ២០០០ដុល្លារ បន្ថែមលើការចំណាយប្រចាំឆ្នាំរបស់ខ្លួន ដោយហេតុតែនៅពេលដែលយើងច្របាច់កគេ គេក៏ច្របាច់កយើងវិញដែរ ។ នៅក្នុងសង្គ្រាមពាណិជ្ជកម្ម គ្មានទេភាគីចាញ់ ឬឈ្នះ ។ គឺមានតែជនរងគ្រោះ ។ អ្នកដែលទទួលផលអំពីសង្គ្រាមនេះ គឺភាគីដែលមិនពាក់ព័ន្ធនៅក្នុងជម្លោះ ។ វាមិនខុសអំពីសត្វភេពីរក្បាលចែកត្រីគ្នាសុីមិនដាច់ស្រេច យកទំនាស់ទៅពឹងខ្លាត្រីឲ្យជួយដោះស្រាយឡើយ ។
អត្ថបទនេះ ខ្ញុំសូមមិនផ្តោតលើសង្គ្រាមពាណិជ្ជកម្ម និងផលកម្មដែលពលរដ្ឋអាមេរិកាំង និងពលរដ្ឋដទៃនៅក្នុងពិភពលោក កំពុងប្រឈមទេ ។ ខ្ញុំសូមលើកយកបញ្ហាខ្លះៗ ពាក់ព័ន្ធនឹងគោលនយោបាយរបស់ ដូណាល់ ត្រាំ មកវែកញែកចែកជាធម្មទានដល់មិត្តអ្នកអាន ។ តែមុននឹងវែកញែករឿងនយោបាយ ខ្ញុំសូមជម្រាបថា ពាក្យ Tariff គឺមានន័យថាពន្ធ (Tax) ដែលពលរដ្ឋទូទៅត្រូវបង់ មិនមែនសហគ្រាស ឬក៏ប្រទេសដែលលោក ដូណាល់ ត្រាំ កៀបសង្កត់ឲ្យបង់ Tariff នាំចេញទិញចូលនោះទេ ។ វាជាយុទ្ធសាស្ត្របោកប្រាស់ ប្រជាភិថុតិ ឬក៏ល្បែងលេងប៉ាហ៊ី ដែលអ្នកនយោបាយរមែងប្រព្រឹត្តិ ។
មុននឹងខ្ញុំនិយាយរឿងនយោបាយ ខ្ញុំសូមអធ្យាស្រ័យណែនាំខ្លួននិងអត្តចរិតនយោបាយរបស់ខ្ញុំ ឲ្យមិត្តអ្នកអានបានស្គាល់ជាមុន ជៀសវាងការភាន់ច្រឡំនានា (Misunderstanding) ។ ក្នុងនាមជាពលរដ្ឋអាមេរិកាំងមួយរូប ខ្ញុំមិនមែនជាអ្នកគាំទ្រគណបក្សសាធារណរដ្ឋ ហើយក៏មិនមែនជាអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ ដែរ ។ ខ្ញុំគោរពមតិភាគច្រើន និង គាំពារមតិភាគតិច ។ ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតតាមបែបបទប្រជាធិតេយ្យ ខ្ញុំតែងតែព្យាយាមបោះឆ្នោតបំបែកអំណាចប្រមូលផ្តុំ ដោយមិនប្រកាន់បក្សពួកឡើយ ។ នៅក្នុងរដ្ឋាភិបាលប្រជាធិតេយ្យ យើងមាននីតិប្រតិបត្តិ នីតិបញ្ញតិ និង ប្រព័ន្ធតុលាការ (Executive, Legislative, and Judiciary) ។ ស្ថាប័ននីតិប្រតិបត្តិ និង នីតិបញ្ញតិ កើតឡើងដោយការបោះឆ្នោត ។ ពេលខ្លះ ស្ថាប័នទាំងពីរធ្លាក់ក្រោមការត្រួតត្រារបស់គណបក្សតែមួយ ។ គឺស្ថានភាពនេះហើយដែលតម្រូវឲ្យខ្ញុំទៅបោះឆ្នោតពាក់កណ្តាលអាណតិ ដើម្បីបង្កើតឲ្យមានតុល្យភាពក្នុងការដឹកនាំប្រទេសជាតិ ក៏ដូចជាដឹកនាំរូបខ្ញុំដែលជាពលរដ្ឋម្នាក់ដែរ ។ ឯរឿងគោរពបូជា ខ្ញុំអត់គោរពបូជាអាទិទេព ឬក៏ បុគ្គលមនុស្សណាមួយឡើយ ។ ខ្ញុំគោរពបូជាគុណធម៌ ។ តើយើងយកអ្វីមកសម្គាល់គុណធម៌ ។ ប្រការនេះមិនពិបាកយល់ទេ ។ ទង្វើ ឬ ជំនឿ ណាដែលមិនបង្កទុក្ខវេទនាដល់ខ្លួនឯង និង អ្នកដទៃ គឺជាគុណធម៌ ។ អាទិទេពក្តី មនុស្សក្តី ដែលប្រកបទៅដោយគុណធម៌ គឺជាវត្ថុសក្ការៈរបស់ខ្ញុំ ។
ខ្ញុំចាប់ផ្តើមសិក្សាអំពីប្រវត្តិសាស្ត្រអាមេរិកាំង តាំងតែពីមិនទាន់ឈានជើងជាន់ទឹកដីនៃសហរដ្ឋអាមេរិកម្លេះ ។ ពេលមកដល់សហរដ្ឋអាមេរិកនៅដើមឆ្នាំ ១៩៨៩ ខ្ញុំមានឱកាសបានចូលទៅសិក្សានៅក្នុងប្រព័ន្ធអប់រំអាមេរិកាំង ហើយក៏បានបន្តសិក្សាចាប់ពីពេលនោះរហូតមកដល់ថ្ងៃនេះ ។ នៅសាកលវិទ្យាល័យ ជំនាញសិក្សារបស់ខ្ញុំគឺ សារពត៌មាន និង វិទ្យាសាស្ត្រនយោបាយ ដោយផ្តោតទៅលើអភិបាលកិច្ចសាធារណរបស់រដ្ឋាភិបាលអាមេរិកាំង ។ ខ្ញុំចាប់ផ្តើមសង្តេតអំពីដំណើរបត់បែននៃអភិបាលកិច្ចរបស់សហរដ្ឋអាមេរិក តាំងតែពីអាណតិទីមួយរបស់លោកប្រធានាធិបតី ប៊ីល គ្លីនតុន រៀងរហូតមកដល់គ្រានេះ ។ ទន្ទឹមនឹងនេះដែរ ខ្ញុំក៏ជាអ្នកធ្វើការងារឲ្យស្ថាប័នមួយចំនួន ដែលពាក់ព័ន្ធនឹងការធ្វើគោលនរយោបាយរបស់សហរដ្ឋអាមេរិក ។ បើគិតជាថេរវេលា វាមានរយៈពេលប្រមាណជា ៣០ឆ្នាំហើយ ។ សួរថា តើខ្ញូំយល់ដឹងអ្វីៗសព្វជ្រុងជ្រោយទេ ? ចម្លើយគឺ អត់ទេ ។ តែខ្ញុំនឹងព្យាយាមបកស្រាយបំភ្លឺទៅតាមសមត្ថភាពដែលខ្ញុំមាន ។
ដំណើរដឹកនាំប្រទេសអាមេរិកាំងនាគ្រានេះ គឺមានហានិភ័យខ្ពស់ មិនមែនសម្រាប់តែជនជាតិអាមេរិកាំងទេ គឺពិភពលោកទាំងមូល ។ អ្វីដែលខ្ញុំព្រួយបារម្ភជាងគេគឺប្រការដែលអាចមានការព្យាយាមរបស់ ដូណាល់ ត្រាំ ដើម្បីក្រាញអំណាច (The possibility of trying to make the U.S.A. a dictatorship) ។ នៅក្នុងជម្រៅចិត្តរបស់ខ្ញុំ ខ្ញុំជឿជាក់ថាគាត់មិនអាចធ្វើទៅរួចទេ ។ ក៏ប៉ុន្តែ ទោះបីជាលទ្ធភាពរបស់គាត់អាចមានត្រឹមតែ ០.០០១ ភាគរយក៏ដោយ ក៏ខ្ញុំនៅតែព្រួយបារម្ភដែរ ។ ជាមួយនរណាខ្ញុំមិនអាចសន្និដ្ឋានទេ ។ តែជាមួយ ដូណាល់ ត្រាំ អ្វីដែលយើងគិតថាមិនអាចទៅរួច គឺអាច ។ គាត់គឺជាមនុស្សក្រអើតក្រទមតាំងតែពីដើមរៀងមក ។ និយាយអំពីភាពក្រអើតក្រទម សូមបង្ហាញអំពីប្រការមួយ (Fact) ស្តីអំពីជោគជ័យនៅក្នុងដំណើរជីវិតពាណិជ្ជកររបស់គាត់បន្តិចផងចុះ ។ ផ្ទុយអំពីរូបភាពជោគជ័យដែលប្រព័ន្ធផ្សព្វផ្សាយអនាធិបតេយ្យ (Fake or Manipulated news) លើកតម្កើង លោក ដូណាល់ ត្រាំ បរាជ័យនៅក្នុងមុខជំនួញរបស់គាត់ច្រើនលើកច្រើនគ្រាមកហើយ ។ វាគ្មានអ្វីភ្ញាក់ផ្អើលទេ ប្រសិនបើសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដាំក្បាលចុះនៅក្នុងអាណតិរបស់គាត់ ។
វិលទៅនិយាយអំពីប្រការដែលខ្ញុំព្រួយបារម្ភវិញម្តង ។ ផ្អែកលើទង្វើរបស់ ដូណាល់ ត្រាំ រយៈពេលជិតពីរខែកន្លងទៅនេះ អ្វីៗគឺស្រដៀងគ្នាទៅនឹងទង្វើរបស់ អាដុល ហុីត្លែរ នៅប្រទេសអាល្លឺម៉ងកាលពីឆ្នាំ ១៩៣៩ ពន់ពេកណាស់ ។ គួរកត់សម្គាល់ថា ប្រទេសអាល្លឺម៉ង់នាគ្រានោះ ក៏ជាប្រទេសប្រជាធិបតេយ្យដ៏រឹងមាំមួយដែរ ។ នៅសតវត្សទី ១៩ ជប៉ុនបានបញ្ជូននិស្សិតទៅរៀនអំពីបែបផែនដឹកនាំប្រទេសពីអាល្លឺម៉ង់ ហើយនៅប្រើទម្រង់នោះរហូតដល់សព្វថ្ងៃ ។ បើហុីត្លែរអាចបំផ្លាញរចនាសម្ព័ន្ធប្រជាធិបតេយ្យនៅអាល្លឺម៉ង់បាន រឿងអីដែលយើងហ៊ានទុកចិត្តថា ដូណាល់ ត្រាំ មិនអាចធ្វើបាននៅសហរដ្ឋអាមេរិក ។ ហុីត្លែរ ប្រើពេលមិនដល់មួយឆ្នាំទេ នៅក្នុងការកាច់បំបាក់ស្ថាប័នរដ្ឋនានាឲ្យជ្រកនៅក្រោមឥទ្ធិពលរបស់គាត់ ។ ដូណាល់ ត្រាំ ទម្រាំដល់ពេលបោះឆ្នោតពាក់កណ្តាលអាណតិ មានពេលរហូតដល់ទៅពីរឆ្នាំ ដើម្បីរុះរើស្ថាប័នជាតិនៃសហរដ្ឋអាមេរិក ឲ្យសមប្រកបទៅនឹងតម្រូវការរបស់គាត់ ។ ដូច្នេះ គាត់មានពេលគ្រប់គ្រាន់នៅក្នុងការផ្សងព្រេងរបស់គាត់ ។
អ្វីដែលជាភាពខុសគ្នារវាងអាល្លឺម៉ង់និងសហរដ្ឋអាមេរិក គឺស្ថិតត្រង់ថាពលរដ្ឋអាមេរិកាំងមានសិទ្ធិកាន់កាំភ្លើងគ្រប់ៗគ្នា ជាមួយនឹងពាក្យស្លោកមួយឃ្លាដែលមានន័យថា៖ កុំជាន់ឈ្លីខ្ញុំ (Don't Tread on Me!) ។ វាអាចនឹងល្មេញល្មើបន្តិច សម្រាប់ប្រធានាធិបតី ឬក៏អ្នកនយោបាយណាម្នាក់ ដែលព្យាយាមក្លាយខ្លួនជាជនផ្តាច់ការ ហើយជាន់ឈ្លីសិទ្ធិសេរីភាពរបស់ពលរដ្ឋអាមេរិកាំង ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សល្មេញល្មើអត់ប្រើហេតុផលដូចមនុស្សជាឡើយ (It would be foolish for any president or politician to try to become a tyrant and take away Freedom from the American people. However, a foolish person does not have the same rational thinking like a sane one) ។
ជនផ្តាច់ការ ឬ ដំណើរឆ្ពោះទៅកាន់របបផ្តាច់ការ គេប្រើយុទ្ធសាស្ត្រតែមួយទេគឺ បោចរោមមាន់ម្តងមួយៗ ឬស្ងោរកង្កែបទាំងរស់ដោយដុតភ្លើងថែមអុសម្តងមួយ ។ ខ្ញុំធ្លាប់សរសេរបកស្រាយរឿងនេះរួចម្តងហើយ ។ ដូច្នេះ ជាកិច្ចសង្ខេប ខ្ញុំសូមលើកយកតែកត្តាមួយចំនួនមកបង្ហាញនៅទីនេះ ។ កត្តាបឋមគឺបង្កភាពច្របូកច្របល់និងព្រួយបារម្ភ ។ បន្ទាប់មក គេចាប់ផ្តើមប្រឡេះចំណុចណាដែលមិនសូវរសើប ឬ ឈឺ ។ ល្បឿននៃការប្រឡេះនេះគឺអាស្រ័យលើប្រត្តិកម្មរបស់មហាជន (Reaction of victims) ។ នៅតាមផ្លូវប្រតិបត្តិការណ៍ (Along the way) គេដើរតួជាជនរងគ្រោះ ហើយប្រើប្រព័ន្ធតុលាការកម្ចាត់ជនណាដែលបង្កឧបស័គ្គ ឬនៅទើសផ្លូវគេដើរ ។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចាប់ផ្តើមដំណើររបស់គាត់ហើយ ។ អ្នកដែលមើលយល់ គួរតែប្រុងប្រៀបរៀបជើងព្រួល ។ អ្នកដែលមើលមិនទាន់យល់ សូមមេត្តាមើលនិងត្រិះរិះពិចារណាតាមការគួរ ។ លទ្ធភាពរបស់ខ្ញុំ គឺបានត្រឹមតែបង្ហាញទិដ្ឋភាពនិងហានិភ័យ ។ ឯដំណោះស្រាយយ៉ាងណាៗ គឺអាស្រ័យលើឆន្ទៈនិងភាពឆ្លាតវាងវៃរបស់យើងម្នាក់ៗ ។ សូមបញ្ជាក់ថា សហរដ្ឋអាមេរិក ប្រៀបបាននឹងភ្នំភ្លើងដ៏ធំមួយ ។ នៅពេលវាផ្ទុះ វានឹងប៉ះពាល់ (Affect) ដល់មនុស្សជាច្រើននៅជុំវិញពិភពលោក ។
មុននឹងបញ្ចប់អត្ថបទនេះ ខ្ញុំសូមនិយាយអំពីទំនាក់ទំនងនយោបាយបរទេសរបស់សហរដ្ឋអាមេរិកជាមួយនឹងប្រទេស អ៊ុយក្រេន និង ប្រទេសដទៃនៅក្នុងពិភពលោកបន្តិចផងចុះ ។ ប្រហែលជាមិនមានតែខ្ញុំម្នាក់ទេ ដែលឈឺចាប់ក្នុងចិត្តនៅពេលដែលឃើញលោក ហ៊្សេឡិនស្គី ត្រូវបានប្រធានាធិបតីនៃសហរដ្ឋអាមេរិកនិងសហការី បង្ខំឲ្យចុះហត្ថលេខាដោះដូរធនធានរ៉ែជាមួយនឹងជំនួយយុទ្ធោបករណ៍ ដើម្បីយកទៅតតាំងជាមួយនឹងសត្រូវដែលកំពុងតែព្យាយាមលេបត្របាក់ប្រទេសរបស់ខ្លួន ។ ទង្វើនេះ គេមិនហៅថាជំនួយទេ ។ វាគឺជាការលក់សព្វាវុធ ។ ក្នុងនាមជាមនុស្សគោរពបូជាគុណធម៌មួយរូប គ្មានអ្វីឈឺចាប់ជាងឃើញប្រមុខដឹកនាំរដ្ឋរបស់ខ្លួន ទៅជាន់កដកស្លាបជនរងគ្រោះដែលកំពុងតែត្រដរខ្យល់ ដើម្បីទាញយកផលប្រយោជន៍ឡើយ ។ ក្រៅអំពីពាក្យខ្ពើម (Despicable) ខ្ញុំហាក់ដូចជាមិនអាចរកពាក្យអ្វី មកបរិយាយឲ្យសក្តិសមនឹងទង្វើនេះទេ ។
ក្រៅអំពីការជាន់កដកស្លាប អ៊ុយក្រេន នៅមានរឿងបោះឆ្នោតប្រឆាំងនឹងការថ្កោលទោសប្រទេស រុស៊្សី ពីបទឈ្លានពាន អ៊ុយក្រេន នៅឯអង្គការសហប្រជាជាតិមួយទៀត ។ វាគ្មានអ្វីថោកទាបជាងឃើញប្រទេសដែលជាបិតា ឬជានិមិត្តរូបនៃការតស៊ូដើម្បីសេរីភាព និង អធិបតេយ្យភាព យកស្មារតីនៃបុព្វបុរសរបស់ខ្លួន ដែលបានតស៊ូបូជាជីវិតអល់កាលរាប់រយឆ្នាំកន្លងមកហើយ ក្នុងបុព្វហេតុ សិទ្ធិ សេរីភាព និង អធិបតេយ្យភាព មកជាន់ឈ្លីឲ្យរលាយហិនហោចនៅចំពោះមុខពិភពលោក តែក្នុងរយៈពេលប៉ុន្មានថ្ងៃ ។
នៅក្នុងបទភ្លេងជាតិនៃសហរដ្ឋអាមេរិក មានពាក្យមួយឃ្លាដែលពោលថា៖ ទឹកដីរបស់ជនដែលមានសេរី ភូមិឋានរបស់អ្នកក្លាហាន (Land of the free; home of the brave) ។ ថ្វីដ្បិតតែទង្វើរបស់អ្នកដឹកនាំបច្ចុប្បន្ន ហាក់ដូចជាបានកែប្រែប្រទេសដ៏ពិសិដ្ឋមួយនេះឲ្យក្លាយទៅជា៖ ទឹកដីរបស់ជនពាល ភូមិឋានរបស់ជនកំសាក ក៏ពិតមែន តែទង្វើទាំងនេះមិនឆ្លុះបញ្ចាំងអំពីទឹកចិត្ត និង អត្តចរិតប្រកបដោយគុណធម៌របស់ជនជាតិអាមេរិកាំងឡើយ មិនថាអ្នកនោះជាអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ គណបក្សសាធារណរដ្ឋ ឬក៏ជាជនជាតិដើម ។ ទង្វើអគុណធម៌ និង ផ្ទុួយអំពីស្មារតីនៃបុព្វបុរសយើង គឺគ្រាន់តែជាភាពឆ្កួតលលារបស់បុគ្គលមួយចំនួន និងការវង្វេងវង្វាន់របស់ពួកយើងក្នុងការជ្រើសរើសអ្នកដឹងនាំប្រទេសតែប៉ុណ្ណោះ ។ ប្រសិនបើសហរដ្ឋអាមេរិកមិនបាក់បែកក្រោមស្នាដៃរបស់ ដូណាល់ ត្រាំ ទេ ពួកយើងប្រាកដជាស្តារកិតិ្តយសនិងកេរ្តិ៍ឈ្មោះរបស់សហរដ្ឋអាមេរិកឡើងវិញ ។ We will rebuild our dignity and integrity, once this storm of stupidity moves over!
កំណត់៖ ដើម្បីកុំឲ្យអត្ថបទនេះវែងពេក ខ្ញុំសម្រេចមិនសរសេរអំពីហានិភ័យនៃសង្គ្រាមលោកលើកទី ៣ និង បច្ចេកទេស ឬតិចនិចនានាដែលលោក ដូណាល់ ត្រាំ ប្រើដើម្បីរុះរើ ឬ បំផ្លាញរចនាសម្ព័ន្ធរដ្ឋាភិបាលនៃសហរដ្ឋមេរិកទេ ។ ប្រធានបទទាំងនេះ យើងអាចលើកយកមកជជែកវែកញែកដើម្បីសិក្សានិងប្តូរទស្សនគ្នានៅលើទំព័របញ្ចេញមតិ ឬ ខំមិន ។
Thursday, January 9, 2025
ចំណីខួរក្បាល
ប្តូរតួនាទី (Role Reversal)
សព្វថ្ងៃ ខ្ញុំរស់ពឹងលើកម្លាំងញើសរបស់ភរិយាស្ទើរតែទាំងស្រុង ។ ក្រៅតែអំពីមនុស្សជិតដិតពីរបីនាក់ គ្មាននរណាដឹងថាខ្ញុំសុំលុយប្រពន្ធចាយជាប្រចាំទេ ។ សន្តានញាតិនិងមិត្តភក្តិទូទៅ តែងតែគិតថា ខ្ញុំគឺជាអ្នករ៉ាប់រងបន្ទុកគ្រួសារ (Breadwinner) ។ ធាតុពិត សំបកប៉ោតសម្បើមតែសំបកក្រៅប៉ុណ្ណោះ ។ ឯផ្នែកខាងក្នុង គឺទទេស្អាតដូចហោប៉ៅអត់លុយដូច្នោះដែរ ។
នៅពេលប្តីប្រពន្ធចាប់ផ្តើមមានបុត្រធីតា ដើម្បីបង្កើតពូជពង្សវង្សត្រកូលមួយឡើង បញ្ហាប្រឈមមួយដែលយើងលើកយកមកគិតមុខគេបំផុតគឺថា តើយើងថែទាំគាំពារបុត្រធីតា ដោយរបៀបណា ។ ខ្ញុំជឿថាមនុស្សគ្រប់គ្នា ឆ្លងកាត់ថេរវេលានេះមិនដូចគ្នាឡើយ ។ វាអាស្រ័យទៅលើស្ថានភាពគ្រួសារនីមួយៗ ។ មុនពេលបុត្រទីមួយរបស់ពួកយើងកើតមក យើងបានលើកយកកត្តានានាមកពិភាក្សា ហើយសម្រេចចិត្តថា នឹងមើលថែទាំគាំពារកូនដោយខ្លួនឯង ។ យើងពឹងពាក់អ្នកដទៃតែនៅក្នុងករណីចាំបាច់ខ្លាំងតែប៉ុណ្ណោះ ។
សម្រាប់មនុស្សទូទៅដែលមិនមែនជាសេដ្ឋី ការថែទាំគាំពារកូនដោយឯកឯង គឺជារឿងស្មុគស្មាញជាងត្បាញសំពត់ហូល ។ បញ្ហាចម្បងគឺថវិកាសម្រាប់ទ្រទ្រង់ការរស់នៅប្រចាំថ្ងៃ ។ ចំណុចមួយដែលយើងយកមកធ្វើជាគោលការណ៍អនុវត្តិគឺ អ្នកណាមានប្រាក់ចំណូលទាប ត្រូវនៅផ្ទះថែរក្សាកូន ។
កូនប្រុសច្បងរបស់ពួកយើងចាប់កំណើតនៅស្រុកខ្មែរ ហើយមកប្រសូត្រនៅស្រុកអាមេរិក ។ ពេលភរិយាខ្ញុំពរពោះនាយ គាត់មិនមានការងារធ្វើទេ ។ ដូច្នេះ បន្ទាប់ពីកូនប្រសូត្រមក ភរិយាខ្ញុំនៅផ្ទះបំបៅថែកូនអស់រយៈកាលមួយឆ្នាំគត់ ទម្រាំតែគាត់មានឱកាសបានចេញទៅប្រកបការងារ ។ គ្រានោះ ការងាររបស់ខ្ញុំត្រូវបានកាត់បន្ថយមកនៅប្រហែលជា ៣ភាគ៤ នៃថេរវេលាប្រចាំឆ្នាំ ។ ដូច្នេះ ខ្ញុំអាចដកឃ្លាមកមើលថែកូនដោយខ្លួនឯងខ្លះ និងផ្ញើកូនជាមួយនឹងអ្នកជិតខាងម្នាក់ដែលមានកូនតូចដែរ ឲ្យជួយមើលថែនាយពេលខ្ញុំរវល់ ។ យើងធ្វើដូច្នេះបានប្រហែល ៥ខែ អ្នកផ្ទះខ្ញុំក៏ពរពោះកូនមួយទៀត ចំពេលដែលកន្លែងធ្វើការរបស់គាត់ផ្អាកការងារគាត់មួយរយៈ ដោយហេតុតែមិនសូវមានតម្រូវការបុគ្គលិកច្រើន ។ អំឡុងពេលពរពោះកូនទីពីរ អ្នកផ្ទះខ្ញុំបានដាក់ពាក្យរកការងារធ្វើនៅស្ថាប័ននានា ។ មុនពេលកូនទីពីរប្រសូត្រប្រហែលមួយអាទិត្យ មានស្ថាប័នមួយហៅអ្នកផ្ទះខ្ញុំឲ្យចូលទៅសម្ភាសទទួលការងារ ។ មុនថ្ងៃណាត់ទៅសម្ភាសមួយថ្ងៃ កូនទីពីររបស់ពួកយើងក៏ប្រសូត្រមុនថ្ងៃកំណត់ ដែលបង្កឲ្យមានភាពរអាក់រអួលជាមួយកិច្ចសម្ភាសការងារនោះ ។ សំណាងដែរ ស្ថាប័ននោះបានពន្យាពេលសម្ភាសការងារឲ្យអ្នកផ្ទះខ្ញុំចំនួនមួយអាទិត្យ ។ ក្នុងចំណោមបេក្ខជនចំនួនបីនាក់ អ្នកផ្ទះខ្ញុំត្រូវបានគេជ្រើសរើសឲ្យទទួលបានការងារ ។ អ្វីដែលជារឿងរីករាយបំផុតសម្រាប់ពួកយើង ជាពិសេសរូបខ្ញុំ គឺភរិយាខ្ញុំទទួលបានប្រាក់បៀវត្សរ៍ប្រមាណជាពីរដងនៃប្រាក់បៀវត្សត៍របស់ខ្ញុំ ។ ខ្ញុំលួចញញឹមក្នុងចិត្ត ហើយដាក់ឈ្មោះឲ្យកូនស្រីដែលទើបនឹងកើតថា លក្ស្មីកិន្នរី ដ្បិតអីនាងកើតមកនាំយកសំណាងដ៏ធំមួយមកឲ្យឪពុកនាង ។
សំណាង ឬ សំណោក អាស្រ័យលើការវិនិច្ឆ័យរបស់មនុស្សម្នាក់ៗ ។ បន្ទាប់ពីភរិយាអាចរកប្រាក់ចំណូលលើសខ្ញុំទ្វេដង ខ្ញុំចំណាយពេលនៅផ្ទះមើលថែទាំកូនច្រើនជាងចេញទៅប្រកបការងារ ។ រៀងរាល់អាទិត្យ យើងនៅផ្ញើកូនជាមួយនឹងអ្នកដទៃពីរឬបីថ្ងៃដែរ អាស្រ័យលើតម្រូវការនៃការងាររបស់ខ្ញុំ ។ លុះដល់អាសន្នរោគ កូវីដ១៩ រាតត្បាត ខ្ញុំចាប់ផ្តើមធ្វើការងារពីផ្ទះទៅតាមរយៈកម្មវិធី ហ៊្សូម (Zoom) ។ នៅទីបំផុត ខ្ញុំក៏សម្រេចចិត្តជូនដំណឹងទៅស្ថាប័នការងាររបស់ខ្ញុំ សុំសម្រាកអំពីការងារដោយទទួលយកត្រឹមតែការងារណា ដែលខ្ញុំអាចធ្វើតាមរយៈកម្មវិធី ហ៊្សូម នៅក្នុងផ្ទះរបស់ខ្ញុំតែប៉ុណ្ណោះ ។ ធ្វើដូច្នេះ ខ្ញុំអាចនៅមើលថែទាំកូនរបស់ខ្ញុំជាប្រចាំ ដោយមិនចាំបាច់ពឹងពាក់អ្នកដទៃឡើយ ។
ការងារមេផ្ទះ ថាស្រួល ក៏ដូចជាមិនស្រួលណាស់ណាទេ ។ បើនឹងថាលំបាក ក៏ដូចជាមិនលំបាកណាស់ណាដែរ ។ ពេលខ្លះ យើងប្រឈមនឹងសភាព "វិលក្បុង" ម្តងម្កាល ។ កាលវិភាគរបស់ខ្ញុំគឺម៉ោង ៦និង១៥នាទីព្រឹក ដាស់កូនទីមួយឲ្យងើបពីគេង ដុសធ្មេញលាងមុខញ៉ាំអាហារពេលព្រឹកហើយ ជូនវាទៅរៀននៅម៉ោង ៧កន្លះ ។ ដល់ម៉ោង ៨ ចាប់ផ្តើមរៀបចំខ្លួនឲ្យកូនទីពីរទៅរៀន ។ ម៉ោង ៩ ដឹកកូនទីពីរទៅដាក់នៅសាលា ហើយក៏បន្តដឹកភរិយាទៅកាន់ការិយាល័យធ្វើការរបស់គាត់នៅក្នុងក្រុងតែម្តង ។ ខ្ញុំចំណាយពេលប្រហែលមួយម៉ោងនៅក្នុងបេសកកម្មចុងក្រោយនាពេលព្រឹកនេះ ។ នៅម៉ោង ២និង១៥នាទីរសៀល ខ្ញុំទៅយកកូនទីមួយចេញពីសាលាមកផ្ទះវិញ ។ ម៉ោង ៤ល្ងាច ទៅយកកូនទីពីរចេញពីសាលា ។ ម៉ោង ៤កន្លះ ចាប់ផ្តើមភ្ងូតទឹកឲ្យពួកគេ ។ ម៉ោង ៥ល្ងាច ទៅទទួលភរិយាពីចំណតរថយន្តក្រុង ឬ ចំណតរទេះភ្លើងមកផ្ទះវិញ ។ បេសកកម្មចុងក្រោយនេះក៏ត្រូវចំណាយពេលបរឡានមួយម៉ោងដែរ ។ ខាងលើនេះគឺជាការងារចម្បងរបស់បុរសមេផ្ទះនៅក្នុងរយៈពេល ១២ម៉ោង ។ ពេលវេលាដែលនៅសេលសល់ចន្លោះម៉ោង ខ្ញុំដេកអេះពោះ ឬក៏ អេះអីផ្សេង ។ បើកូនមានលំហាត់នៅផ្ទះ (Homeworks) ជួយពន្យល់ពួកគេឲ្យធ្វើកិច្ចការសាលាព្រមទាំងដាំបាយល្ងាយទុកឲ្យភរិយា ។ ពេលខ្លះក៏ភ្លេចដាំបាយដែរ ។ ត្រូវមាត់តែញយ ។
ក្រៅអំពីសភាព "វិលក្បុង" ក៏មានករណី "រត់ខ្វែងដៃខ្វែងជើង" ម្តងម្កាលដែរ ។ នៅថ្ងៃដែលខ្ញុំត្រូវធ្វើការងារតាមរយៈ ហ៊្សូម កាលវិភាគប្រចាំថ្ងៃរបស់ខ្ញុំគឺថា រត់ខ្វែងដៃខ្វែងជើងមិនចាញ់អ្នកលក់គុយទាវនៅផ្សារ ឌុយមុិច ឡើយ ។ ឧទាហរណ៍ បើខ្ញុំត្រូវធ្វើការចាប់ពីម៉ោង ១១ព្រឹក ដល់ម៉ោង ៥ល្ងាច ខ្ញុំត្រូវធ្វើការងារពេលព្រឹកដូលកាលវិភាគខាងលើ ។ ឯពេលរសៀល ខ្ញុំត្រូវពឹង អាយហ្វូន ឲ្យវាថតរូបនិងសម្លេងចេញអំពីអេក្រង់កំព្យូទ័រទុកឲ្យខ្ញុំ នៅពេលដែលខ្ញុំត្រូវចេញទៅយកកូនពីសាលារៀននៅចន្លោះម៉ោង ២ និង ម៉ោង ៤ ។ បន្ទាប់ពីបញ្ចប់កិច្ចការនៅម៉ោង ៥ ខ្ញុំចេញទៅទទួលភរិយាពីចំណតរថភ្លើង ។ មកដល់ផ្ទះនៅម៉ោងប្រហែលជា ៦ប្លាយ អ្នកផ្ទះខ្ញុំភ្ងូតទឹកឲ្យកូននិងរៀបចំឲ្យពួកគេទទួលទានអាហារពេលល្ងាច ។ ឯខ្ញុំត្រូវបើកមើលសកម្មភាពការងារដែលខ្ញុំថតនៅក្នុង អាយហ្វូន ដើម្បីបំពេញចំណុចចន្លោះដែលខ្ញុំទៅយកកូនពីសាលានោះ ឲ្យបានពេញលេញ ។ ទម្រាំតែធ្វើកិច្ចការផងទាំងពួងចប់ គឺម៉ោងប្រហែល ៨ល្ងាច ។ នេះហើយគឺជាជីវិតការងាររបស់ "បុរស" ឬ "ស្ត្រី" មេផ្ទះ ។ គួរកត់សម្គាល់ថា ការងារ "រត់ខ្វែងដៃខ្វែងជើង" នេះ ក្នុងមួយខែ ខ្ញុំពើបប្រទះតែពីរ ឬ បីដងអីទេ ។ បើធ្វើរាល់ថ្ងៃ ខ្ញុំប្រហែលជាដួលដូចគោដឹកសៀងយូរហើយ ។
ដំណើរជីវិតមនុស្សគ្រប់ៗរូបរមែងបត់បែនតាមកាលៈទេស ។ ក្រៅអំពីភាវ យប់ និង ថ្ងៃ គ្មានអ្វីប្រាកដប្រជា ឬក៏ទៀតទាត់ឡើយ ។ បច្ចុប្បន្ន ការប្រកាន់តួនាទីរបស់ប្តីប្រពន្ធនៅក្នុងរង្វង់គ្រួសារ មិនថាជាជនជាតិខ្មែរ ឬក៏ជនជាតិណាទេ នៅរឹងត្អឹងច្រើន ។ នៅពេលបុរសណាម្នាក់និយាយថា ខ្ញុំនៅផ្ទះមើលថែកូន ហើយឲ្យប្រពន្ធទៅប្រកបការងារចិញ្ចឹមគ្រួសារ មនុស្សភាគច្រើននឹងវាយតម្លៃថា បុរសនោះជាសត្វ ប្លាំងកាស (Horseshoe Crab) ។ តាមពិតជីវិតជាមេផ្ទះ មិនជាស្រណុកសុខស្រួលប៉ុន្មានទេ ។ អ្វីដែលជាសារប្រយោជន៍សម្រាប់ខ្ញុំ នៅក្នុងការប្តូរតួនាទីគ្នានេះ គឺខ្ញុំមានលទ្ធភាពអាចស្វែងយល់ដឹងបានច្រើន អំពីទុក្ខលំបាករបស់បដិភាគីនៃខ្ញុំ ។ ចេញអំពីបទពិសោធនេះ យើងអាចរៀបចំតាក់តែងដំណើរជិវិតនៃគ្រួសារ ប្រកបដោយការយល់ដឹងច្បាស់លាស់ មានតុល្យភាព និង មិនមាននរណាម្នាក់រងបន្ទុកធ្ងន់ធ្ងរពេកឡើយ (We are able to find a fair and proper balance for the life of husband and wife) ៕
Subscribe to:
Posts (Atom)
ចំណីខួរក្បាល
ទុកចិត្ត (Trust) "កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ ។ កុំទុកចិត្តប្រពន្ធ ថាអត់សាហាយ ។ កុំទុកចិត្តម្តាយ ថាអត់បំណុល" ។ ចម្រើនវ័យនៅ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
ស្មន់ (Inbreeding) នៅពេលមនុស្សព្យាយាមសង្គ្រោះសត្វព្រៃដែលមានហានិភ័យដាច់ពូជ មនុស្សរមែងស្វែងរកសត្វដែលមានអម្បូរដូចគ្នានោះ យកមកអំពីទីឆ្ងាយដាច់អ...