រឿង ព្រះពាយនិងព្រះអាទិត្យ
(បទពាក្យ ៧)
ព្រះពាយអួតខ្លួនពូកែខ្លាំង ចង់ប្រជែងច្បាំងព្រះអាទិត្យ
យកជ័យជម្នះសម្តែងឫទ្ធិ អ្នកណាខ្លាំងពិតលើលោកា ។
ស្រុះស្រួលយល់ស្របគូភាគី ខ្នះខ្នែងម្នាម្នីរកប្រស្នា
ដោះដូរឲ្យដឹងនូវហេតុការណ៍ ថាតើនរណាឫទ្ធិចម្បង ។
ខណៈនោះមានអ្នកដំណើរ ម្នាក់កំពុងដើរក្បែររបង
ស្លៀកពាក់សង្ហាល្អហ្មត់ហ្មង ខ្យល់ចង់សាកល្បងឫទ្ធិថ្កើងថ្កាន ។
ខ្យល់ដាក់លក្ខខណ្ឌប្រាប់ទៅថ្ងៃ បើនរណាវៃអាចដោះបាន
ខោអាវបុរសចេញពីប្រាណ នុះទើបដឹងបានឫទ្ធិក្រៃលែង ។
ព្រះអាទិត្យយល់ពិតឥតរុញរា ទុកវេលាឲ្យខ្យល់សម្តែង
បញ្ចេញឫទ្ធីបក់ឥតក្រែង ដោះឲ្យរលីងអាវបុរស ។
ពេលខ្យល់បក់ខ្លាំងគេក្រសោប ទាញខោអាវអោបជាប់ទាំងអស់
មិនឲ្យរបូតពីខ្លួនសោះ ខ្យល់ប្រឹងលុះអស់កម្លាំងកាយ ។
ឃើញថាមិនអាចយកឈ្នះបាន ក៏បង្អង់ប្រាណឈប់កែខៃ
ទុកតួនាទីឲ្យទៅ ថ្ងៃ បញ្ចេញបារមីរបស់ខ្លួន ។
ព្រះអាទិត្យផ្លែងឫទ្ធិចាំងរស្មី ចុះកំដៅថ្ងៃក្តៅផ្ទួនៗ
ធ្វើឲ្យអ្នកដើរស្អុះពេញខ្លួន ដោះខោអាវខ្លួនអស់ពីប្រាណ ។
រួចចុះមុជទឹកស្ទឹងនៅក្បែរ រីករាយរហែក្នុងសន្តាន
ត្រជាក់កាយាសែនសុខសាន្ត ថ្ងៃជ្រេទាបបានដើរទៅទៀត ៕
"ការបញ្ចុះបញ្ចូល ជាមធ្យោបាយល្អប្រសើរជាងការបង្ខិតបង្ខំ"
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
ដូណាល់ ត្រាំ និង ស្ថានភាពនយោបាយអាមេរិក ចាប់តាំងពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីនៃសហរដ្ឋអាមេរិកមក ភាពច្របូកច្របល់មិនត្រឹមតែកើត...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
CLV (Clever Long-term Vision) "អូនឯងគួរតែទៅមើលតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ និង វៀតណាម ថាតើវាបានសម្រួលដល់ការរស់នៅរបស់ពលរដ្ឋនៅក្នុ...
No comments:
Post a Comment