(បទពាក្យ ៧)
មានអណ្តើកមួយរស់ក្នុងបឹង មួយតូចច្រឡឹងក្បែរជើងភ្នំ
ក្នុងព្រៃស្មសានស្ងាត់ជ្រងំ ជាទីមនោរម្យនៃសត្វព្រៃ ។
ជួនជាគ្រាមួយធាតុអាកាស បានប្រែក្រឡាស់ខុសប្រក្រតី
ទឹកភ្លៀងឈប់ធ្លាក់អស់ច្រើនថ្ងៃ ធ្វើឲ្យប្រថពីស្ងួតហួតហែង ។
មិនយូរប៉ុន្មានក៏ផ្ទៃបឹង រីងស្ងួតហួតរឹងបែកក្រហែង
អណ្តើកកើតទុក្ខព្រួយក្រៃលែង ព្រោះបាត់កន្លែងធ្លាប់រស់នៅ ។
ក្សិណនោះមានទាព្រៃមួយគូ ដែលទើបនឹងប្តូរទីលំនៅ
ហើរមកឃើញបឹងក៏ចុះទៅ ស្វែងរកកួរស្រូវស្រងែឆី ។
អណ្តើកឃើញទាចុះមកដល់ សែនតប់ប្រមល់ចិត្តពេកក្រៃ
ថាបងទាអើយមករកអ្វី ទីនេះគ្មានចំណីឆីឡើយ ។
ដ្បិតអីទឹកបឹងរីងខះអស់ គ្មានអ្វីអាចរស់នៅបានឡើយ
សូមរកទីផ្សេងទៅបងអើយ កុំឡើយរង់ចាំស្លាប់ដូចខ្ញុំ ។
លុះឮអណ្តើកពោលរ៉ាយរ៉ាប់ ប្រាប់ពីទុរភិក្សគ្រោះថ្នាក់ធំ
ទាក៏ចាកចេញទាំងបង្ខំ ស្វែងរកជំរំទ្រនំថ្មី ។
មិនយូរប៉ុន្មានបានឃើញស្ទឹង មួយធំល្វើយល្វឹងក្បែរមាត់ព្រៃ
មានទឹកល្ហល្ហាចបរិបូរក្រៃ ជាជម្រកត្រីនិងសត្វផង ។
ពេលឃើញស្ទឹងភ្លាមទានឹកដល់ ក្តីទុក្ខកង្វល់អណ្តើកម្តង
រស់ក្នុងបឹងតូចទឹករីងផង ពិតស្លាប់តៃហោងមិនលែងឡើយ ។
គិតដល់ត្រង់នេះទាទាំងពីរ មានចិត្តមូលមីមិនកន្តើយ
ទៅប្រាប់អណ្តើកកុំឲ្យធ្លោយ ឆាប់រូតរះវ៉ឺយមករកស្ទឹង ។
បន្ទាប់ពីបានឮទាប្រាប់ អណ្តើកក៏ឆាប់សួរវិញវឹង
ថាស្ទឹងនៅឆ្ងាយពេកទេដឹង បើពិតអញ្ចឹងមិនអាចដើរ ។
ទាថាស្ទឹងនោះនៅឆ្ងាយដែរ បើនឹងរិះរេធ្វើដំណើរ
លុះត្រាតែឯងមានស្លាបហើរ ទើបធ្វើដំណើរទៅដល់បាន ។
អណ្តើកថាខ្ញុំមានគំនិត ប្រសិនបើមិត្តទាំងពីរប្រាណ
ស្ម័គ្រចិត្តជួយខ្ញុំខាងតែបាន ខ្ញុំអាចទៅបានដូចបំណង ។
ខ្ញុំនឹងកាច់មែកឈើតូចមួយ ឲ្យមិត្តជួយពាំចុងទាំងសង--
ខាងហើយខ្ញុំពាំកណ្តាលបង រួចយើងហោះឆ្លងកាត់វេហាស៍ ។
លុះរៀបរួចហើយសត្វទាំងបី នាំគ្នាឃ្មាតខ្មីចរយាត្រា
ហោះហើរឆ្លងកាត់លើវេហាស៍ ផ្អើលអស់មនុស្សម្នាមើលអឺងកង ។
មនុស្សខ្លះស្រែកថាមើលនុ៎ះហ្ន៎ ! ទាព្រៃចិត្តល្អឆ្លាតកន្លង
ចេះរកឃើញល្បិចជួយចម្លង នាំអណ្តើកឆ្លងកាត់វេហាស៍ ។
អណ្តើកឮមនុស្សពោលដូច្នោះ ក្នុងចិត្តឆួលពុះក្នាញ់អស្ចារ្យ
ព្រោះខ្លួនជាអ្នកចាត់ចែងការ ម្តេចមនុស្សលេលាគិតមិនដល់ ។
ហេតុតែចង់ប្រាប់ពីការពិត ឲ្យមនុស្សល្ងង់ល្ងិតបានច្បាស់យល់
អណ្តើកក៏ប្រឹងស្រែកពន្យល់ ថា៖ “ខ្ញុំអ្នកផ្តល់គំនិតឲ្យ…” ។
គ្រាន់តែហាមាត់ស្រែកថា៖ “ខ្ញុំ” អណ្តើកច្រឡំមាត់ថ្លោះធ្លោយ
របូតមាត់ធ្លាក់មកលឿនស្លុយ បោកប្រាណនឹងដីក្ស័យសង្ខារ ៕
"យើងមិនត្រូវមានចិត្តចង្អៀត ចំពោះការផ្តល់កិត្តិយសដល់សហ
ការីយើងទេ ព្រោះអ្នកគិតនិងអ្នគូរ មានគុណសម្បត្តិដូចគ្នា"

No comments:
Post a Comment