(បទ កាកគតិ)
ភ្លៀងធ្លាក់ចុងឆ្នាំ ផ្គរគ្រហឹមផ្តាំ ថាជិតផុតហើយ
រដូវវស្សា ខ្យល់បក់រំភើយ នៅឯនាយត្រើយ
សត្វច្រៀងសប្បាយ ។
កង្កែបអរណាស់ ក្រោមមេឃស្រឡះ វាសើចក្អាកក្អាយ
ដើររកគូរាំ តែសត្វទាំងឡាយ មានគូគ្រប់កាយ
វាខកចិន្តា ។
ពេលនោះឃើញក្តាម មួយឈរនៅស្ងៀម វាបបួលថា
រាំជាមួយខ្ញុំ សប្បាយអស្ចារ្យ កុំអាលទៅណា
រាំលេងនឹងគេ ។
ក្តាមឮហើយឆ្លើយ បងកង្កែបអើយ ! ឮផ្គរលាន់ទេ ?
មកជួយកាយរន្ធ ទាន់យើងទំនេរ មុនពេលថ្ងៃជ្រេ
មានជម្រកថ្មី ។
កង្កែបឆ្ងល់ណាស់ សួរក្តាមឲ្យច្បាស់ តើប្អូនខ្លាចអ្វី ?
ឬខ្លាចផ្គរលាន់ ទើបខំឃ្មាតខ្មី កាយរន្ធក្នុងដី
លាក់ពួនអាត្មា ។
ក្តាមក៏ឆ្លើយប្រាប់ កង្កែបបងស្តាប់ ផ្គរលាន់នេះណា
ប្រាប់ឲ្យយើងដឹង ទុកជាសញ្ញា ថាខែវស្សា
ជិតផុតទៅហើយ ។
ច្នេះបងជួយខ្ញុំ យើងតោងខិតខំ កុំនៅកន្តើយ
ទាន់ដីនៅទន់ កាយរន្ធឲ្យហើយ យើងនឹងបានស្បើយ
នៅរដូវក្តៅ ។
កង្កែបឆ្លើយថា រដូវវស្សា មិនទាន់ផុតនៅ --
ឡើយទេណាប្អូន ក្នុងគ្រាឥឡូវ រាំលេងសិនទៅ
ជាមួយគេឯង ។
កន្លងច្រើនថ្ងៃ មេឃរាំងបើកថ្ងៃ ដីស្ងួតហួតហែង
ត្រពាំងបឹងបួ រីងបែកក្រហែង កង្កែបស្វះស្វែង
រកកន្លែងជ្រក ។
វាឃើញរន្ធមួយ តែចិត្តគិតព្រួយ ខ្លាចប៉ះជម្រក
កន្លែងពស់នៅ ដើរទៅដើរមក មិនហ៊ានចូលជ្រក
ក្រែងក្ស័យសង្ខារ ។
ក្តាមឃើញដូច្នោះ មានចិត្តសន្តោស ក៏ស្រែកសួរថា
បងរកទីជ្រក ឬមួយយ៉ាងណា ? ចូលមកនេះរ៉ា
ជ្រកជាមួយខ្ញុំ ។
កង្កែបត្រេកអរ វាថ្លែងអំណរ គុណដ៏ឧត្តម
ប្រាប់ទៅក្តាមថា ឆ្នាំក្រោយនឹងខំ ស្វែងរកទ្រនំ
លែងប្រហែសហើយ ៕
មិត្តល្អ គឺមិត្តដែលចេះជួយគ្នាក្នុងគ្រាក្រ

No comments:
Post a Comment