Friday, July 26, 2024

ចំណីខួរក្បាល

តស៊ូ! កាលពីពីរបីឆ្នាំមុន ខ្ញុំបានប្រាប់មិត្តក្នុងហ្វេសប៊ុកម្នាក់ ឲ្យឈប់ ឬផ្អាកការតស៊ូរបស់គាត់ ។ ពួកយើងជាមនុស្សចម្លែកមិនដែលស្គាល់គ្នាទេពីមុនមក ។ គាត់ផ្ញើសារមកជជែកលេងនិងប្តូរយោបល់គ្នាជាមួយនឹងខ្ញុំ ដោយយល់ថាខ្ញុំជាមនុស្សមានទិដ្ឋិនិងទស្សនវិស័យគួរឲ្យរាប់អានម្នាក់ ។ ឯខ្ញុំក៏យល់ឃើញដូចគ្នា ។ ពេលឭខ្ញុំប្រាប់គាត់ឲ្យឈប់ ឬផ្អាកធ្វើអ្វីដែលគាត់កំពុងធ្វើ គាត់ហាក់ដូចជាស្រងាកចិត្ត ។ មួយរយៈក្រោយមក គាត់ផ្ញើសារមកប្រាប់ខ្ញុំវិញថា អ្វីដែលខ្ញុំប្រាប់គាត់ គឺជាពាក្យបរិសុទ្ធចេញពីក្រអៅបេះដូង ។ ខ្ញុំមិនចាំពិស្តារអំពីយោបល់របស់ខ្ញុំនាគ្រានោះទេ ។ ប៉ុន្តែនៅចាំថា ខ្ញុំប្រាប់គាត់ឲ្យរក្សាសុវត្ថិភាពជីវិតនិងសុខភាពជាចម្បង ហើយលះបង់សកម្មភាពជួយអ្នកដទៃនិងជួយជាតិចោលឲ្យអស់ ។ ពាក្យមួយឃ្លាដែលខ្ញុំសង្កត់ធ្ងន់គឺថា៖ រក្សាព្រៃឲ្យនៅគង់វង្ស មិនព្រួយរឿងខ្វះឧសដុតទេ ។ ត្រូវរង់ចាំឱកាសនឹងតស៊ូឡើងវិញ ។ បើឱកាសមិនទាន់ហុចឲ្យទេ ទោះរង់ចាំរហូតដល់ស្លាប់ ក៏មិនថ្វីដែរ ។ គឺពាក្យមួយឃ្លាចុងក្រោយនេះហើយ ដែលធ្វើឲ្យគាត់ស្រងាកចិត្តនឹងយោបល់ខ្ញុំ ។ សម្រាប់មនុស្ស ដែលពោរពេញទៅដោយឆន្ទៈស្វែងរកសេរីភាពនិងយុត្តិធម៌ជូនសង្គមជាតិ នៅពេលឮនរណាម្នាក់ប្រាប់ឲ្យរង់ចាំឱកាសរហូតដល់ថ្ងៃស្លាប់ក៏មិនថ្វី វាគឺជាពាក្យសម្តីដែលពិបាកលេបជាទីបំផុត ។ ជិវិតគឺជាការតស៊ូ ទោះនៅក្នុងកាលៈទេសណាក៏ដោយ ។ នៅពេលយើងប្រាប់នរណាម្នាក់ឲ្យលះបង់ការតស៊ូ វាគឺជាដំណើរបញ្ច្រាសទិសមួយ ។ បន្ទាប់ពីបានជជែកជាមួយនឹងមិត្តក្នុងហ្វេសប៊ុកនោះមួយរយៈ ខ្ញុំអាចសន្ឋិដ្ឋានបានថា គាត់គឺជាសមាជិកបក្សប្រឆាំង ឬសកម្មជនសង្គមដែលត្រូវបានអាជ្ញាធរខ្មែរតាមធ្វើទុក្ខបុកម្នេញ ។ គាត់កំពុងលាក់ខ្លួនពួនអាត្មានៅស្រុក ថៃ ក្រោមការគាំពាររបស់អង្គការសហប្រជាជាតិ ប៉ុន្តែមិនទាន់ទទួលបានសិទ្ធិជាជនភៀសខ្លួននៅឡើយទេ ។ ក្នុងនាមជាអតីតមនុស្សរត់ចោលស្រុកម្នាក់ ដែលធ្លាប់ទៅជ្រកពួននៅក្នុងស្រុកថៃ ត្រូវអាជ្ញាធរតាមប្រមាញ់ជាប្រចាំ ធ្លាប់រង់ចាំការទទួលស្គាល់ជាជនភៀសខ្លួនពីសំណាក់អង្គការសហប្រជាជាតិ និង ធ្លាប់ជាប់គុកនៅស្រុកថៃ ខ្ញុំយល់ច្បាស់ដូចពន្លឺថ្ងៃអំពីអ្វីដែលមិត្តម្នាក់នោះប្រឈម ។ ការនឹករលឹកញាតិសន្តាននៅឯស្រុកកំណើត និង ដេកសម្រក់ទឹកភ្នែកជូតនឹងដៃអាវដោយស្ងៀមស្ងាត់តែម្នាក់ឯងនាពេលរាត្រី គឺជាអ្វីដែលខ្ញុំនឹកឃើញមុនគេ ។ ដូច្នេះ ការផ្តល់យោបល់ឲ្យគាត់ផ្អាកការតស៊ូ គឺជាប្រតិកម្មចេញពីក្នុងពោះ រួមផ្សំជាមួយនឹងដំណើររឿង សុីសុីហ្វុស (Sisyphus) ដែលជាតួអង្គមួយនៅក្នុងទេវកថាអក្សរសិល្បក្រិច ។ សុីសុីហ្វុស ត្រូវបានព្រះអាទិទេពដាក់ទណ្ឌកម្មឲ្យលីថ្មឡើងភ្នំ ។ នៅពេលគាត់លីដុំថ្មទៅដាក់នៅលើកំពូលភ្នំ ថ្មនោះវារមៀលធ្លាក់មកវិញជាប្រចាំ ដែលជាហេតុនាំឲ្យការតស៊ូលីដុំថ្មរបស់សុីសុីហ្វុស ជាទង្វើគ្មានប្រយោជន៍ ។ ចំណែកយើង ដែលគ្រាន់តែរងកម្មដោយសារការរុកកួនរបស់អាជ្ញាធរអន្យតិរ្ថិយ យើងមានជម្រើសនៅក្នុងការតស៊ូរបស់យើង ។ ការតស៊ូមានពីរប្រភេទគឺ ការតស៊ូដើម្បីរក្សាជីវិត និង ការតស៊ូដើម្បីរក្សាប្រទេសជាតិ ។ ការតស៊ូទាំងពីរនេះមានន័យដូចគ្នា ប៉ុន្តែមានសារសំខាន់មិនដូចគ្នាទេ ។ ដូច្នេះ យើងត្រូវចែកវាឲ្យដាច់ពីគ្នា ។ ជីវិតយើងត្រូវការវត្ថុបីយ៉ាងជាចាំបាច់ដើម្បីរស់គឺ៖ ចំណី ជម្រក និង កំណាត់ដណ្តប់ខ្លួន ។ នៅពេលយើងខ្វះខាតអ្វីមួយនៅក្នុងចំណោមរបស់ទាំងបីនេះ យើងដាច់ខាតត្រូវតែតស៊ូរកវាយកមកគាំពារជីវិត ។ ចំណែកឯការតស៊ូប្រភេទទីពីរគឺជាការតស៊ូស្វែករករបស់មកលម្អជីវិត ចាប់ពីរបស់តូចតាចមាន នាឡិការដៃ ម៉ូតូ ឡាន វីឡា រហូតដល់សេរីភាពនិងការពារប្រទេសជាតិ ។ ការតស៊ូប្រភេទទីពីរនេះ គឺជាការតស៊ូដែលយើងត្រូវជ្រើសរើសពេលវេលា កាលៈទេស និងជាពិសេស ឱកាស ។ គោលការណ៍តែមួយគត់ដែលយើងត្រូវចងចាំនៅក្នុងការតស៊ូប្រភេទទីពីរនេះគឺថា ពេលណាជីវិតស្ថិតនៅក្នុងស្ថានភាព សុីសុីហ្វុស មិនត្រូវចំណាយឋាមពលតស៊ូស្វែងរកជោគជ័យឡើយ ។ យូរនិងឆាប់ យើងគង់តែនឹងធ្លាក់ចូលក្នុងគ្រោះមហន្តរាយ ឬបរាជ័យដូច សុីសុីហ្វុស ដែរ ។ នៅក្នុងភាសាអង់គ្លេសគេនិយាយថា៖ Damn if you do; damn if you don't (តស៊ូក៏ងាប់ ។ មិនតស៊ូក៏ងាប់) ។ នៅក្នុងស្ថានភាពនេះ មនុស្សភាគច្រើនជ្រើសរើសការតស៊ូ ដ្បិតយ៉ាងហោចណាស់ក៏យើងបានបង្ហាញវីរភាពរបស់យើងទុកឲ្យខ្មោចមើលដែរ ។ សំណួរមួយដែលយើងត្រូវពិចារណាគឺថា នៅក្នុងដំណើរឆ្ពោះទៅកាន់ភាពរលត់រលាយ តស៊ូនៅក្នុងស្ថានភាពបរាជ័យ និង រង់ចាំឱកាសតស៊ូដើម្បីជោគជ័យ តើគួរជ្រើសរើសយកមួយណា ។ មិនខុសអ្វីអំពី សុីសុីហ្វុស លីដុំថ្មទៅដាក់លើកំពូលភ្នំ ។ រាល់ពេលដែលដុំថ្មរមៀលចុះមកវិញ គឺវាស្មើនឹងពលីកម្មនៃការតស៊ូមួយ ។ ទង់ជ្វាលានៃពលីកម្មនេះ នឹងបន្តដោតម្តងមួយៗរហូតដល់ថ្ងៃ សុីសុីហ្វុស អស់ជីវិត ។ សម្រាប់អ្នកដែលមិនចាប់អារម្មណ៍ថាខ្ញុំប្រើអត្ថប្បដិរូប សុីសុីហ្វុស នៅទីនេះគឺសំដៅលើប្រទេសជាតិ ។ តើមានកត្តាអ្វីសម្រាប់សម្គាល់ថាយើងស្ថិតនៅក្នុងស្ថានភាព សុីសុីហ្វុស ។ កត្តាដែលងាយសម្គាល់ជាងគេបំផុតគឺនៅពេលណាដែលអជ្ញាធរ ប្រើមធ្យោបាយងើបមួយវាយមួយ ងើបពីរវាយពីរ ឬក៏ គ្រាន់តែនិយាយក៏មិនបាន ។ គឺនៅក្នុងស្ថានភាពនេះហើយដែលយើងត្រូវផ្អាក ឬលះបង់ការតស៊ូ ។ ត្រង់ចំណុចនេះ យើងអាចពិចារណាថា បើយើងមិនតស៊ូអ្វីៗនឹងរឹតតែអាក្រក់ឡើងៗ ។ នៅទីបំផុត ជាតិយើងនឹងស្លាប់ ។ នៅពេលដែលជាតិស្លាប់ គឺស្មើនឹងយើងស្លាប់ ។ តើយើងរក្សាជីវិតរង់ចាំឱកាសបានប្រយោជន៍អ្វី ។ សព្វថ្ងៃ ខ្ញុំជឿថាមានពលរដ្ឋខ្មែរជាច្រើនដែលកំពុងអង្គុយខាំមាត់សង្កត់ចិត្តមិនធ្វើអ្វីឡើយ ពាក់ព័ន្ធនឹងបញ្ហាសង្គមជាតិ ។ សូម្បីតែនិយាយក៏មិននិយាយដែរ ។ មិនមែនអ្នកទាំងនោះមើលមិនយល់អំពីហានិភ័យនានាពាក់ព័ន្ធនឹងសុខុមាលភាពប្រទេសជាតិឡើយ ។ ក៏ប៉ុន្តែ មនុស្សមួយចំនួនស៊ូស្លាប់ដោយមិនបានធ្វើអ្វីមួយដើម្បីទ្រទ្រង់ជាតិ ជាជាងយកជីវិតទៅបង់ម្សៀតជាមួយនឹងកិច្ចការដែលបរាជ័យ ៕

Friday, July 19, 2024

ចំណីខួរក្បាល

ពាក្យពិត ខ្ញុំជាមនុស្សនិយមនិយាយពាក្យពិត ជាពិសេសជាមួយនឹងមនុស្សជិតស្និទ្ធនឹងគ្នា ។ អ្វីដែលជាការកត់សម្គាល់របស់ខ្ញុំគឺថា ពាក្យពិតរមែងនាំទុក្ខដល់ជីវិតខ្ញុំឥតល្ហែរឡើយ ។ មកដល់តំណាក់កាលនេះនៃជីវិតខ្ញុំ ខ្ញុំនៅមិនទាន់រកឃើញគន្លឹះសម្រាប់និយាយពាក្យពិត ប្រកបដោយសុវត្ថិភាពនៅឡើយទេ ។ ចាប់តាំងពីរឿងនយោបាយរហូតដល់រឿងក្នុងចង្ក្រានបាយ ពាក្យពិតកម្រនឹងនាំសុខផ្លូវចិត្តដល់ខ្ញុំណាស់ ។ មិនតែប៉ុណ្ណោះ សម្រាប់ខ្ញុំ ពាក្យពិតគឺជាកត្តាគំរាមកំហែងមួយ ប្រៀបដូចជាស្រមោលអន្ទោលតាមប្រាណ ។ ទោះជាយ៉ាងណាក៏ដោយ ផ្អែកលើបទពិសោធន៍របស់ខ្ញុំក្នុងជីវិតនេះ ពាក្យពិតមានឱជារសជាងពាក្យមិនពិត ។ នៅលើលោកនេះ ប្រហែលជាមិនមែនមានតែខ្ញុំទេដែលរងកម្មជាមួយនឹងពាក្យពិត ។ តើមានប្តីប្រពន្ធប៉ុន្មាននាក់ដែលធ្លាប់ទាស់គ្នាដោយសារតែពាក្យពិតជាមួយនឹងម្ហូបអាហារ ។ "សម្លហ្នឹងសុីកើតទេឯង?" ។ "សុីមិនកើតទេ!" ។ រឿងរ៉ាវបន្តមកទៀតយើងមិនចាំបាច់និយាយឡើយ ។ ភ្នំភ្លើងដែលស្ងប់រាប់រយឆ្នាំក៏ស្រាប់តែផ្ទុះចេញមក ។ សមុទ្រដែលអត់មានរលកសោះក៏ស្រាប់តែមាន ស៊ូណាមី ។ រឿងមួយដែលជាទ្វេគ្រោះ (Dilemma) សម្រាប់ខ្ញុំនៅក្នុងករណីនេះគឺថា តើត្រូវជ្រើសរើសផ្លូវមួយណា៖ និយាយពាក្យពិត ឬ ក៏និយាយកុហក ។ បើនិយាយពាក្យពិត នឹងត្រូវប្រពន្ធខ្ញាល់ ។ បើនិយាយកុហក គាត់រីករាយ ។ ប៉ុន្តែ បើទៅថ្ងៃមុខគាត់ដឹងថាយើងនិយាយកុហក គាត់អាចនឹងខ្ញាល់ទ្វេដង ។ ប្រការមួយទៀតគឺថា នៅពេលយើងកុហកប្រពន្ធ យើងនឹងរស់នៅជាមួយនឹងវិបដិសារី នឹងត្រូវសតិសម្បជញ្ញជេរស្តីគ្មានថ្ងៃល្ហែរ ។ ព្រះពុទ្ធទ្រង់មានពុទ្ធិដីការថា៖ ពាក្យកុហកមិនអាចបាំងបិទជិតជារៀងរហូតទេ ។ ដូច្នេះ និយាយពាក្យមិនពិត ជាទង្វើបរាជ័យតាំងតែពីដើមទី ។ អូនបងៗ ភ្លេចខ្លួនរបូតពាក្យពិតចេញមកប្រុយ ។ ម៉្យាងទៀត នៅពេលយើងកុហកប្រពន្ធអំពីសម្លសុីមិនកើតថា ឆ្ងាញ់ណាស់ យើងត្រូវតែទទួលទានសម្លប្រភេទនោះឲ្យអស់ជាប្រចាំ ព្រោះមិនអាចទុកតម្រុយឲ្យគាត់ដឹងថាយើងកុហកបោកប្រាស់គាត់ឡើយ ។ អ្នកផ្ទះខ្ញុំគាត់ឧស្សាហ៍ព្រមានខ្ញុំអំពីពាក្យពិតនៅក្នុងករណីខាងលើនេះណាស់ ។ គាត់ថា បានតែអត់អីលិឍទេ ទើបសមមុខ ។ មកដល់ពេលនេះ គាត់មិនដែលអនុវត្តិការព្រមានរបស់គាត់មកលើខ្ញុំនៅឡើយទេ ។ ពេលខ្លះគាត់ថា ចាំមើលពេលខ្ញុំចាស់ពពីមពើមធ្វើអីលែងកើត ដឹងគ្នាហើយ ។ សព្វថ្ងៃនេះ ខ្ញុំធ្វើបុណ្យសម្លមួយវែកសណ្តែកមួយចង្កោម សូមឲ្យទេវតាលោកជួយលៃយ៉ាងណាកុំឲ្យខ្ញុំចាស់ពពីមពពើម ។ វិបត្តិពាក្យពិតនៅក្នុងគ្រួសារ ជាពិសេសជាមួយនឹងប្តីប្រពន្ធ ជាហានិភ័យគួរឲ្យខ្លាច ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏វាមិនសូវនាំគ្រោះធ្ងន់ធ្ងរដល់ខ្លួនឯង អ្នកដទៃ និងសង្គមជាតិ ដូចវិបត្តិពាក្យពិតនៅក្នុងវិស័យនយោបាយដែរ ។ នៅក្នុងប្រទេសដែលប្រកាន់យករបបផ្តាច់ការ និងពោរពេញទៅដោយអំពើពុករលួយ ដូចជាប្រទេសកម្ពុជាជាដើម ការនិយាយពាក្យពិតគឺជាវិបត្តិស្លាប់រស់ ។ មន្ត្រីរាជការ ឬក៏សកម្មជនសង្គមដែលហ៊ាននិយាយពាក្យពិត បើមិនបាត់ខ្លួនក៏បាត់តួនាទីដែរ ។ ជាមួយនឹងការបាត់បង់តួនាទី ឱកាសក្នុងការប្រកបរបររកសុីក៏រួមតូចទៅៗជាលំដាប់ ។ ដូច្នេះហើយ យើងកម្រឃើញមនុស្សនិយាយពាក្យពិតនៅក្នុងប្រព័ន្ធដឹកនាំរដ្ឋរបស់កម្ពុជាណាស់ ។ អ្វីៗគឺសុទ្ធតែល្អទាំងអស់ ។ នៅក្នុងសង្គមខ្មែរដែលមានប្រព័ន្ធដឹកនាំរបៀបអាមីអាថោងនិយម (Patronage system) រាប់រយឆ្នាំកន្លងមកហើយនោះ យើងរងកម្មជាមួយការភ័យខ្លាចនិយាយពាក្យពិតរាប់សិបជំនាន់ ។ ការពោលពាក្យមិនពិតដោយសារការភ័យខ្លាចពាក្យពិតនាំទុក្ខដល់ខ្លួននិងក្រុមគ្រួសារ គឺជាកត្តាតែមួយគត់ដែលបង្កគ្រោះមហន្តរាយដល់សង្គមខ្មែរ តាំងតែពីពេលខ្ញុំដឹងក្តីមករហូតដល់ថ្ងៃនេះ ។ ហើយក៏ប្រហែលជានឹងត្រូវបន្តទៅមុខទៀត ជាច្រើនជំនាន់ផងដែរ ។ ឧទាហរណ៍មួយដែលខ្ញុំនៅចាំច្បាស់ជាងគេគឺរបាយការណ៍មិនពិតរបស់កម្មាភិបាលខ្មែរក្រហម ។ ពលរដ្ឋធ្វើការលើសកម្លាំង អត់បាយក្រហាយទឹក ស្លាប់ពេញប្រទេស ។ ប៉ុន្តែ គ្មាននរណាប្រាប់ប្រមុខរដ្ឋអំពីភាពធ្ងន់ធ្ងរនៃវិបត្តិនោះទេ ។ ជាលទ្ធផល មនុស្សស្លាប់រាប់សែន ឬ រាប់លាននាក់ ។ រឿងមួយទៀតគឺនៅអំឡុងពេលសង្គ្រាម ជាមួយនឹងពួកយួនយៀកកុងនិងខ្មែរក្រហម ។ មេបញ្ជាការខ្លះបំប៉ោងតួលេខកូនទាហានដើម្បីកិបកេងប្រាក់បៀរវត្សទាហានខ្មោច (Ghost soldiers) ។ ជាលទ្ធផល សមរភូមិនិងជីវិតទាហានជាច្រើន ត្រូវបានសត្រូវយកឈ្នះ និងបំផ្លាញចោល ។ សរុបសេចក្តីមក ពាក្យពិតនាំទុក្ខនិងអាចនាំគ្រោះមហន្តរាយដល់ខ្លួន ។ ប៉ុន្តែ យើងមិនត្រូវខ្លាចវាពេកទេ ។ បើមិនហ៊ាននិយាយពាក្យពិតជាមួយនឹងអ្នកដទៃ ជាពិសេសមេដឹកនាំប្រទេសជាតិ យ៉ាងហោចណាស់ ក៏យើងគួរតែមានសេចក្តីក្លាហានគ្រប់គ្រាន់ ក្នុងការនិយាយពាក្យពិតជាមួយនឹងប្រពន្ធកូនដែរ ៕

Friday, May 17, 2024

ចំណីខួរក្បាល

វិបាកព្រែកជីក ហ្វូណន (២) កាលពីពេលថ្មីៗនេះ ខ្ញុំបានសរសេរវិចារណកថាអំពីវិបាកព្រែកជីក ហ្វូណន ដោយមិននិយាយអំពីរឿងនយោបាយរវាងប្រទេសកម្ពុជានិងវៀតណាម ដែលជាប្រទេសពាក់ព័ន្ធ ឬរងផលប៉ះពាល់ដោយសារការជីកព្រែកជីកនេះទេ ។ ដោយហេតុតែមានមិត្តអ្នកអានខ្លះលើកយកប្រការនេះមកនិយាយ និងមើលឃើញដំណើរដើមទងមួយចំនួន ដែលអាចផ្ទុយអំពីការមើលយល់របស់មនុស្សដទៃ ខ្ញុំសូមលើកយកទំនាក់ទំនង ឬទំនាស់នយោបាយរវាងរដ្ឋាភិបាលខ្មែរនិងវៀតណាម ពាក់ព័ន្ធនឹងការជីកព្រែកជីក ហ្វូណន មកវែកញែកចែកជាធម្មទានម្តងទៀត ។ គួរកត់សម្គាល់ថា ខ្ញុំជាមនុស្សរត់ចោលស្រុក និងបានសម្រេចចិត្តមិនត្រឡប់ទៅរស់នៅក្នុងស្រុកខ្មែរទៀតទេ ។ អ្វីៗដែលកើតឡើងនៅក្នុងស្រុកខ្មែរ ក្នុងវិស័យសេដ្ឋកិច្ចក្តី នយោបាយក្តី មិនមែនជាអ្វីដែលខ្ញុំត្រូវឈឺក្បាលវិលមុខឡើយ ។ ក៏ប៉ុន្តែ ក្នុងនាមជាមនុស្សម្នាក់ដែលបានចាប់កំណើតនៅក្នុងស្រុកខ្មែរ ខ្ញុំនៅសល់សតិសម្បជញ្ញ និងបសាទចិត្តខ្លះៗជំពាក់នៅទីនោះ ជាពិសេសជាមួយនឹងពលរដ្ឋខ្មែរ ដែលមានអម្បូរទៀងត្រង់នឹងពូជពង្ស រាប់បញ្ចូលទាំងជាតិសាសន៍ដទៃដែលរស់នៅក្បែរខាងគ្នាផងដែរ ។ មុននឹងខ្ញុំអភិប្រាយវិចារណកថានេះ ខ្ញុំសូមបញ្ជាក់យ៉ាងច្បាស់ជាទីបំផុតថា អត្ថបទនេះគ្មានគោលដៅបម្រើផលប្រយោជន៍នយោបាយឲ្យប្រទេស កម្ពុជា ឬ វៀតណាម ឡើយ ។ វាជាធម្មទានទិដ្ឋិ សរសេរផ្អែកលើគោលគំនិតរបស់ទស្សនវិទូជនជាតិអង់គ្លេសឈ្មោះ ចនស្ទូអាត មៀល ដែលពោលថា៖ ក្នុងចំណោមមនុស្ស ១០០នាក់ បើមានមនុស្សម្នាក់មានទិដ្ឋិផ្ទុយអំពីអ្វីដែលមនុស្ស ៩៩នាក់យល់ថាត្រឹមត្រូវ យើងមិនត្រូវចាត់ទុកទិដ្ឋិដែលផ្ទុយនោះ ថាមិនបានការឡើយ ។ មូលហេតុគឺវាអាចមានសច្ចភាពប៉ុនចុងក្រចក (a grain of truth) នៅក្នុងទិដ្ឋិផ្ទុយនោះដែលយើងគិតមិនដល់ ។ ទោះបីជាទិដ្ឋិផ្ទុយនោះ គ្មានសច្ចភាពប៉ុនចុងក្រចកក៏ដោយ ក៏វាអាចជាហ្វ្រាំងជួយទប់កុំឲ្យអ្វីដែលលោក មៀល ហៅថា Majority tyranny (សភាវផ្តាច់ការនៅក្នុងផ្នត់គំនិត) ដឹកនាំយើងឲ្យរមៀលធ្លាក់ជ្រោះទាំងអស់គ្នាលឿនពេកដែរ ។ ពាក់ព័ន្ធនឹងព្រែកជីក ហ្វូណន គ្មាននរណារីករាយត្រេកត្រអាលក្នុងចិត្ត នឹងឃើញព្រែកជីកនេះកសាងបានសម្រេច ជាងរដ្ឋាភិបាលវៀតណាមទេ ។ ខ្ញុំនិយាយម្តងទៀត (Repeat:) គ្មាននរណារីករាយនឹងឃើញព្រែកជីក ហ្វូណន កសាងបានសម្រេចជាងប្រទេសវៀតណាមឡើយ (Nobody is more happy than Vietnam) ។ បើរីករាយនឹងឃើញព្រែកជីកនេះកសាងឡើង ហេតុអ្វីក៏ប្រទេសវៀតណាមជំទាស់និងបង្កឧបស័គ្គដល់កម្ពុជា?? វាគឺជាយុទ្ធសាស្ត្រមួយដែលភាសាអង់គ្លេសហៅថា៖ Reverse Psychology (ចិត្តសាស្ត្របញ្ច្រាសជើង) ។ ឆ្លៀតឱកាសនេះ ខ្ញុំសូមរំលឹកគុណអ្នកគ្រូ វ៉ា័រ (Ms. Ware) ដែលបានបង្រៀនខ្ញុំអំពីគោលការណ៍ ឬ កលល្បិច "ចិត្តសាស្ត្របញ្ច្រាសជើង" នេះ នៅក្នុងការសិក្សាអក្សរសិល្បអង់គ្លេសនាដើមឆ្នាំ ១៩៨៩ ខណៈខ្ញុំទើបនឹងមកដល់សហរដ្ឋអាមេរិកបានបីអាទិត្យ ។ អ្នកគ្រូបានចែកឋានទៅហើយ ។ ឯគោលការណ៍អក្សរសិល្បដែលគាត់បានបង្រៀនខ្ញុំ ក៏ខ្ញុំភ្លេចស្ទើរតែអស់ហើយដែរ ។ នៅសល់តែគោលការណ៍ "ចិត្តសាស្ត្របញ្ច្រាសជើង" នេះប៉ុណ្ណោះដែលខ្ញុំនៅចងចាំ ។ Reverse Psychology ឬ ចិត្តសាស្ត្របញ្ច្រាសជើង គឺជាល្បិចម៉ែឪបោកប្រាស់កូនក្មេងឲ្យធ្វើអ្វីមួយ ដែលត្រូវជាមួយនឹងគោលបំណងរបស់ពួកគាត់ ដោយធ្វើពុតជាជំទាស់នឹងបំណងរបស់វា ដើម្បីឲ្យវាខឹងនិងជម្នះធ្វើកិច្ចការនោះ ប្រកបដោយឆន្ទៈមោះមុតជាទីបំផុត ។ គ្មានអ្វីដុតឆន្ទៈពលរដ្ឋខ្មែរ ឲ្យគាំទ្រការជីកព្រែក ហ្វូណន ស្មើនឹងការបង្កឧបស័គ្គចេញពីសំណាក់វៀតណាម ដែលជាមិត្តម៉ឺនឆ្នាំផង និងជាសត្រូវសួពូជផងនោះទេ ។ ទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជានិងវៀតណាមសព្វថ្ងៃ គឺប្រៀបបាននឹងដៃឆ្វេងហើយនិងដៃស្តាំ ។ អ្វីដែលដៃឆ្វេងធ្វើ ដៃស្តាំដឹងឮមុននរណាៗទាំងអស់ ។ ពេលខ្លះដៃឆ្វេងនិងដៃស្តាំសហការគ្នាដើម្បីធ្វើកិច្ចការអ្វីមួយផងដែរ ។ អត្ថប្បដិរូបរវាងដៃឆ្វេងនិងដៃស្តាំនេះ ហាក់ដូចជាមិនពិបាកយល់ទេ ។ មិនចាំបាច់ខ្ញុំបកស្រាយពិស្តារឡើយ ។ មុនពេលទ្រង់ចូលទីវង្គត ស្តេច សីហនុ បានបន្សល់នូវពាក្យមួយឃ្លា ពាក់ព័ន្ធនឹងទំនាក់ទំនងរបស់ទ្រង់ជាមួយនឹងរដ្ឋាភិបាលវៀតណាម៖ "យួនគឺជាសត្វក្រពើ" ។ ថ្វីដ្បិតតែវាជាពាក្យក្រោធគ្រាត វាបានបង្ហាញនូវភាវខកចិត្តដ៏ឈឺចាប់របស់ប្រមុខរដ្ឋមួយរូប ដែលត្រូវបានសម្ព័ន្ធមិត្តដើរខ្សែលើ ឬ បោកប្រាស់ ។ បើគេអាចបោកប្រាស់ស្តេចខ្មែរបាន រឿងអីដែលគេមិនអាចបោកប្រាស់ពលរដ្ឋខ្មែរបាននោះ ។ សំណួរតែមួយគត់ដែលពលរដ្ឋខ្មែរគ្រប់រូប គួរលើកយកមកសួរខ្លួនឯង ពាក់ព័ន្ធនឹងប្រការខាងលើនេះគឺ៖ "តើដល់ថ្ងៃណា ទើបយើងភ្ញាក់ខ្លួន???" តើរដ្ឋាភិបាលវៀតណាមទទួលបានសារប្រយោជន៍អ្វីខ្លះ បន្ទាប់ពីធ្វើបាវខ្សាច់ឲ្យពលរដ្ឋខ្មែរដាល់រំសាយកំហឹង ? ធំធេងណាស់! (Huge!) ។ ទីមួយ បើព្រែកជីក ហ្វូណន អាចកសាងបានជោគជ័យ វៀតណាមចងកម្ពុជាឲ្យក្លាយទៅគូប្រជែងដឹកទំនិញតាមផ្លូវទឹកមួយ ដែលស្ថិតនៅក្នុងស្ថានភាពចាញ់ប្រៀបខ្លួនអង្វែងសែងជាតិ ។ នៅក្នុងករណីដៃឆ្វេងនិងដៃស្តាំ វៀតណាមនឹងទទួលបានអ្នកដឹកនាំនៅស្រុកខ្មែរ ដែលនឹងបន្តដឹងគុណខ្លួនជាច្រើនឆ្នាំទៅមុខទៀត ។ វាជាយុទ្ធសាស្ត្រព្រួញមួយបាញ់បានចាបពីរដោយមិនបាច់ប្រឹង ។ នៅក្នុងវិស័យគមនាគមន៍ដឹងជញ្ជូន ចាប់ពីការផ្ញើស្រោមសំបុត្រមួយ រហូតដល់ការផ្ញើទំនិញមួយកុងតឹណឺ តម្លៃរបស់វាគឺពាក់ព័ន្ធនឹងកត្តាបី៖ ទម្ងន់ ចម្ងាយ និងថេរវេលាដែលទំនិញទៅដល់គោលដៅ (Weight, Distance, and Time of delivery) ។ ទម្ងន់ ចម្ងាយ និង តម្លៃស្មើគ្នា អ្នកណាបញ្ជូនទំនិញបានឆាប់ជាង នឹងទទួលបានសេវាច្រើនជាង (Preferences) ។ ដឹកជញ្ជូនទំនិញតាមផ្លូវទឹកក៏ដូចគ្នា ។ ផ្លូវណាដែលមានចម្ងាយជិតជាង (ផ្លូវកាត់) អ្នកដឹងជញ្ជូននិងអតិថិជននឹងប្រើផ្លូវនោះ ដ្បិតវាជួយកាត់បន្ថយការចំណាយលើឋាមពល ក៏ដូចជាពេលវេលា ព្រមទាំងតម្លៃដឹកជញ្ជូនផងដែរ ។ ឧបមាថា ព្រែកជីក ហ្វូណន ត្រូវបានកសាងនិងនិងប្រើប្រាស់ ចម្ងាយពីកំពង់ផែ ភ្នំពេញ ទៅកំពង់ផែ ព្រៃនគរ ឬសៃហ្គន និង ពីភ្នំពេញទៅកំពង់ផែ កំពង់សោម តាមរយៈព្រែកជីក ហ្វូណន គឺខុសគ្នាប្រហែលជាមួយភាគបី (ពីភ្នំពេញទៅកំពង់ផែព្រៃនគរ មានចម្ងាយឆ្ងាយជាងពីភ្នំពេញទៅកំពង់ផែកំពង់សោមបន្តិច) ។ ចម្ងាយពីកំពង់ផែព្រៃនគរតាមផ្លូវសមុទ្រវាងក្បាលជ្រោយទឹកខ្មៅ (Ca Mau) ទៅកំពង់ផែកំពង់សោម មានប្រវែងប្រហែលជាបីដងនៃចម្ងាយពីភ្នំពេញទៅព្រៃនគរ ។ បើយើងគូសបន្ទាត់ផ្លូវទឹកតភ្ជាប់ចំណុចកំពង់ផែទាំងបី យើងនឹងបានចម្ងាយផ្លូវទឹកមួយដែលមានទម្រង់ជា ការ៉េ ។ កំពង់ផែព្រៃនគរនៅខាងកើតឈៀងខាងជើង ។ ជ្រោយទឹកខ្មៅនៅខាងត្បូង ។ និងកំពង់ផែកំពង់សោមនៅខាងត្បូងឈៀងខាងលិចភ្នំពេញ ។ ដូច្នេះ ទំនិញដែលត្រូវដឹកចេញពីភ្នំពេញទៅកាន់ទ្វីបអឺរ៉ុប ចុះតាមព្រែកជីហ្វូណនឆ្ពោះទៅកាន់កំពង់ផែកំពង់សោម ជិតជាង ។ ទំនិញដែលត្រូវដឹកចេញពីភ្នំពេញទៅកាន់ប្រទេសចិន កោះតៃវ៉ាន់ កូរ៉េ ជប៉ុន និង សហរដ្ឋអាមេរិក ចុះតាមដងទន្លេមេគង្គឆ្ពោះទៅកាន់កំពង់ផែព្រៃនគរ ជិតជាង ។ នេះគឺជាសំណួរស្លាប់រស់មួយ៖ តើទីផ្សារដឹកជញ្ជូនដ៏ធំបំផុតរបស់កម្ពុជា ស្ថិតនៅទិសខាងជើង ឬខាងត្បូង??? គឺនៅទិសខាងជើងដែលមានប្រទេស ចិន កោះតៃវ៉ាន់ កូរ៉េ ជប៉ុន និង សហរដ្ឋអាមេរិក ស្ថិតនៅក្នុងទិសដៅនោះ ។ និយាយឲ្យចំទៅ វិនិយោគិនអន្តរជាតិភាគច្រើនដែលចូលមកធ្វើពាណិជ្ជកម្មនៅក្នុងស្រុកខ្មែរ គឺមកពីប្រទេស ចិន កោះតៃវ៉ាន់ កូរ៉េ និង ជប៉ុន ។ ទីផ្សារសម្រាប់ផលិតផលដែលពួកគេផលិតនៅស្រុកខ្មែរ ភាគច្រើនគឺដឹកយកទៅលក់នៅស្រុកអាមេរិក ។ យើងមានទំនាក់ទំនងដឹកជញ្ជូនទំនិញទៅកាន់ទ្វីបអឺរ៉ុប មជ្ឈឹមបូព៌ា ឬក៏ឧបទ្វីបឥណ្ឌាតិចតួចទេ ។ ប្រសិនបើទៅថ្ងៃអនាគត ប្រទេសខ្មែរក្លាយទៅជាកូនខ្លាអាសុីផ្នែកខាងនាំភោគផលកសិកម្ម ជាពិសេសស្រូវអង្ករទៅលក់នៅក្រៅប្រទេស ទីផ្សារដ៏ធំជាងគេគឺនៅប្រទេស ចិន កោះតៃវ៉ាន់ កូរ៉េ ជប៉ុន និង តំបន់ឆ្នេរខាងលិចនៃសហរដ្ឋអាមេរិកឯនោះ មិនមែននៅអឺរ៉ុបទេ ។ ឯការដឹកជញ្ជូនទំនិញពីកំពង់ផែភ្នំពេញ គឺជៀសប្រើប្រាស់ដងផ្លូវទឹកទន្លេមេគង្គទៅកាន់កំពង់ផែព្រៃនគរមិនរួចទេ ។ គ្មានពាណិជ្ជករណា ឡប់សតិដឹកអីវ៉ាន់ទាំងទៅទាំងមក វាងមួយចំហៀងមេឃពីចំណុចកំពង់ផែព្រៃនគរ ទៅដល់កំពង់ផែកំពង់សោម ហើយវិលត្រឡប់តាមព្រែកជីក ហ្វូណន មកកាន់កំពង់ផែក្រុងភ្នំពេញវិញឡើយ ។ នៅក្នុងភាសាអង់គ្លេសគេហៅថា Untendable (ធ្វើទៅមិនរួច) ។ ប្រការមួយទៀតដែលត្រូវលើកយកមកគិតគឺ វៀតណាមប្រើផ្លូវទឹកធម្មជាតិ ។ ឯខ្មែរចំណាយថវិកាជិតពីរកោដលានដុល្លារ ដើម្បីបង្កើតផ្លូវទឹកដឹកទំនិញដែលមានតម្រូវការតិចតួច ហើយស្ថិតនៅក្នុងស្ថានភាពចាញ់ប្រៀបគេថែមទៀត ។ ខ្ញុំសូមបញ្ចប់បទបង្ហាញ ត្រឹមនេះចុះ ។ តែមុននឹងបញ្ចប់ សូមលើកយកដំបូន្មានមួយដែលខ្ញុំធ្លាប់ឮចេញពីមាត់របស់គ្រូបង្រៀនម្នាក់៖ នៅក្នុងទំនាក់ទំនងពាណិជ្ជកម្ម ក៏ដូចជានយោបាយអន្តរជាតិដែរ យើងអាចមានមិត្តតែមួយប្រភេទគត់ គឺមិត្តដែលស្វែករកតែផលប្រយោជន៍រៀងៗខ្លួន ៕

Friday, May 10, 2024

ចំណីខួរក្បាល

វិបាកព្រែកជីក ហ្វូណន ទស្សនវិទូជនជាតិអង់គ្លេស ចនស្ទូអាត មៀល (John Stuart Mill) ពោលថា "មនុស្សម្នាក់ដែលមានជំនឿ មានសារសំខាន់ស្មើនឹងមនុស្ស ៩៩នាក់ ដែលមានត្រឹមតែចំណង់ ឬ ចំណាប់អារម្មណ៍" (One person with a belief is a SOCIAL POWER equal to ninety-nine who have only interests) ។ ការជីកព្រែក ហ្វូណន តភ្ជាប់ផ្លូវទឹកពីទន្លេមេគង្គទៅកាន់សមុទ្រនៅក្នុងប្រទេសកម្ពុជា គឺជាកិច្ចការមួយដែលពលរដ្ឋខ្មែរគ្រប់ៗរូបគួរលើកយកមកត្រិះរិះពិចារណា ។ ប្រទេសកម្ពុជាមិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់បុគ្គលិករដ្ឋាភិបាលទេ ។ ការត្រិះរិះពិចារណាក៏មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់រដ្ឋាភិបាលដែរ ។ វាជាបុព្វសិទ្ធិ (Privilege) របស់ពលរដ្ឋគ្រប់ៗរូប ។ ទោះបីការគិតពិចារណានោះ មិនអាចផ្លាស់ប្តូរប្រការណាមួយនៅក្នុងគោលដៅជីកព្រែក ហ្វូណន ក្តី វាក៏ជាកំណត់ត្រាសម្រាប់មនុស្សនានាទុកធ្វើជាការកត់សម្គាល់នៅថ្ងៃអនាគតដែរ ។ មុននឹងខ្ញុំអភិប្រាយសំណេរនេះ ខ្ញុំសូមបញ្ជាក់យ៉ាងច្បាស់ដូចពន្លឺថ្ងៃថា អត្ថបទនេះមិនពាក់ព័ន្ធនឹងរឿងនយោបាយ ជាមួយនឹងបរទេសក្តី ជាមួយនឹងខ្មែរគ្នាឯងក្តី ។ ហើយក៏មិនមានន័យទិតៀនដែរ ។ វាគ្រាន់តែជាការគិតពិចារណារបស់មនុស្សម្នាក់ប៉ុណ្ណោះ ។ គោលដៅចម្បងរបស់ស្មេរគឺ ចែករំលែកការគិតពិចារណា ដើម្បីពង្រីកវិសាលភាពនៃការយល់ដឹង ។ ជាបឋម ព្រែកជីកខ្នាតកូនយក្សដូចជាព្រែកជីក ហ្វូណន គឺជាការវិនិយោគសេដ្ឋកិច្ចរយៈពេលវែង (Long-term Strategic Investment) ។ ដូច្នេះ ទិដ្ឋិនៅក្នុងសំណេរនេះគឺផ្តោតលើវិបាក ដែលនឹងកើតចេញនៅថេរវេលាចាប់ពី៣០ឆ្នាំ ឬកន្លះសតវត្ស (៥០ឆ្នាំ) ឡើងទៅ បន្ទាប់ពីព្រែកជីកនេះកសាងរួចរាល់ ។ ១) គមនាគមន៍៖ គោលដៅចម្បងនៃការវិនិយោគលើព្រែកជីក ហ្វូណន គឺគមនាគមន៍ ។ គមនាគមន៍មានបីប្រភេទគឺ ផ្លូវទឹក ផ្លូវគោក និង ផ្លូវអាកាស ។ បច្ចុប្បន្ន មនុស្សក្នុងពិភពលោករាប់បញ្ចូលទាំងពលរដ្ឋខ្មែរផងដែរ មិននិយមធ្វើដំណើរតាមផ្លូវទឹកទៀតទេ ។ យើងមានកាណូតល្បឿនលឿនដែលបម្រើសេវាដឹកមនុស្សពី ភ្នំពេញ ទៅ សៀមរាប និង ភ្នំពេញ ទៅ ក្រចេះ ជាតឹកតាង ។ មូលហេតុតែមួយគត់ដែលធ្វើឲ្យគមនាគមន៍ដឹកមនុស្សតាមផ្លូវទឹក ដួលដោយមិនបាច់ច្រាន គឺពេលវេលានៃការធ្វើដំណើរ ។ គ្មាននរណាចង់ចំណាយពេលពេញមួយថ្ងៃ ធ្វើដំណើរតាមផ្លូវទឹកពីចំណុច ក ទៅចំណុច ខ នៅពេលដែលគេអាចចំណាយពេលត្រឹមតែ កន្លះថ្ងៃ ឬ កន្លះម៉ោង ធ្វើដំណើរតាមផ្លូវគោក ឬផ្លូវអាកាសនោះទេ ។ ដូច្នេះ សារប្រយោជន៍របស់ព្រែកជីក ហ្វូណន គឺសម្រាប់គមនាគមន៍ដឹកទំនិញតែមួយមុខគត់ ។ ការដឹកទំនិញនេះទៀតសោតក៏មិនប្រាកដថា ឈ្មួញនាវាដែលបម្រើសេវាដឹកទំនិញឆ្លងសមុទ្រពីប្រទេសមួយទៅប្រទេសមួយ ចូលតាមព្រែកជីកហ្វូណនយកអីវ៉ាន់មកទម្លាក់នៅភ្នំពេញ និងដឹកទំនិញពីភ្នំពេញចេញទៅក្រៅវិញដែរ ។ មូលហេតុគឺការលំបាកនិងហានិភ័យ ក្នុងការបើកបរនាវាធំៗនៅក្នុងព្រែកជីក ។ កាលពីក្មេង ខ្ញុំធ្លាប់ចែវទូកក្នុងដងអូរនិងដងព្រែក ។ វាលំបាកវេទនាជាងចែវទូកក្នុងបឹង ឬក្នុងដងទន្លេឆ្ងាយណាស់ ។ ប្រការមួយទៀតគឺទំហំសេដ្ឋកិច្ចរបស់ខ្មែរ ។ តើវាមានទំហំសមល្មមនឹងនាវាធំៗដឹកទំនិញពីក្រៅប្រទេសមកកាន់ក្រុងភ្នំពេញ និងពីក្រុងភ្នំពេញចេញទៅក្រៅប្រទេសដែរទេ ។ ជាទូទៅ នាវាដឹកទំនិញតាមសមុទ្រ មិនចូលទៅក្នុងដៃសមុទ្រ ឬព្រែកជីករាប់រយគីឡូម៉ែត្រទេ ។ គេទម្លាក់ទំនិញតែនៅតាមកំពង់ផែក្នុងឈូងសមុទ្រតែប៉ុណ្ណោះ ។ មានដៃសមុទ្រតែមួយគត់នៅក្នុងពិភពលោក ដែលនាវាដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រប្រើ គឺឈូងសមុទ្រ ឆេសាភីក (Chesapeake Bay) ដែលមានកំពង់ផែ បាល់ទីម័រ (Baltimore Port, U.S.A.) ស្ថិតនៅចុងដៃសមុទ្រនោះ ។ នាវាខូចម៉ាសុីនបុកស្ពានមួយបាក់ខ្ជេចកាលពីពេលថ្មីៗនេះ គឺចេញមកពីកំពង់ផែនោះ ។ សារសំខាន់តែមួយគត់ដែលញ៉ាំងឲ្យនាវាដឹកជញ្ជូន ធ្វើដំណើររាប់រយគីឡូម៉ែត្រចូលមកក្នុងដៃសមុទ្រយ៉ាងឆ្ងាយនេះ គឺវាបម្រើតម្រូវការសេដ្ឋកិច្ចរបស់រដ្ឋចំនួនប្រាំគឺ ម៉ារីឡេន វឺជីញៀ ភេនសុីលវ៉េនញៀ ដែលឡាវ៉័រ និង ញូជឺហ៊្សី (Maryland, Virginia, Pennsylvania, Delaware, New Jersey, U.S.A.) ។ ប្រការមួយទៀតដែលអាចជាផលវិបាកសម្រាប់ព្រែកជីកហ្វូណន គឺសង្វាក់ផលិតកម្មនិងសេវាកម្ម ដែលភាសាអង់គ្លេសហៅថា (Just in Time) ។ វាជាកត្តា "ពេលវេលា" ។ អ្វីៗ រាប់បញ្ចូលទាំងការដឹកជញ្ជូនផងដែរ គឺតភ្ជាប់គ្នាជាប្រព័ន្ធ ។ ដូចដែលយើងបានលើកហេតុផលខាងលើរួចហើយ គ្មាននរណាចំណាយពេលពេញមួយថ្ងៃធ្វើដំណើរពីចំណុច ក ទៅ ខ នៅពេលដែលគេអាចធ្វើដំណើរតាមវិធីផ្សេង ដោយប្រើពេលត្រឹមកន្លះថ្ងៃនោះទេ ។ ការដឹកជញ្ជូនក៏ដូចគ្នា ។ គួរកត់សម្គាល់ថា សេវាកម្មដឹកជញ្ជូននិងគមនាគមន៍នៅក្នុងទីផ្សារសេរី យើងមិនអាចបង្ខំ ឬក៏តម្រូវឲ្យនរណាម្នាក់ប្រើព្រែកជីកយើងបានទេ ។ បើវាមិនរហ័សទាន់ចិត្ត ឬក៏បំពេញតម្រូវការរបស់អ្នកប្រើប្រាស់បានគាប់ប្រសើរ គ្មាននរណាប្រើប្រាស់វាឡើយ ។ នៅក្នុងជីវិតពិត វាខុសអំពីរឿងកុន Field of Dream (តារាងនៃក្តីសង្ឃឹម) ។ If you build it, they will come (ប្រសិនបើយើងកសាងវា ពួកគេនឹងមក) ។ នៅក្នុងវិស័យសេដ្ឋកិច្ច គ្មានរឿងរវើរវាយដូច្នេះឡើយ ។ គេមិនអាចជ្រៀកក្បាលមនុស្សតម្រូវមួកទេ ។ គឺចាំបាច់ត្រូវដេរមួយតម្រូវក្បាលមនុស្ស ។ ២) ថែរក្សា៖ ព្រែកជីកនិងប្រឡាយ ត្រូវការការថែទាំ (Mentainance) ជាប្រចាំ ។ ប្រការនេះ យើងអាចទៅសួរអ្នកស្រែថាតើហេតុអ្វីបានជាគាត់ យកចបទៅកាយដីបាតប្រឡាយបង្ហូរទឹកចូលស្រែជារឿយៗ ។ គាត់នឹងឆ្លើយថា ពីព្រោះកំទេចដីហូរពីទីខ្ពស់មក ធ្វើឲ្យប្រឡាយគាត់រាក់ដែលជាហេតុនាំឲ្យស្ទះលំហូរទឹក ។ នៅក្នុងភាសាអង់គ្លេសគេហៅប្រការនេះថា Silting (កំណរ ឬកករកំទេចដី) ។ ដីសណ្តទន្លេមេគង្គ និង ដីសណ្តនៅតាមបាងទន្លេនានានៅជុំវិញពិភពលោក គឺកើតចេញអំពីអព្ភូតហេតុនេះ ។ ព្រែកជីកក៏ដូចគ្នាដែរ ។ ក៏ប៉ុន្តែ កំណរកំទេចដីនៅបាតព្រែកជីកគមនាគមន៍ ខុសអំពីកំណរកំទេចដីនៅបាតប្រឡាយបង្ហូរទឹកចូលស្រែ ។ គេមិនអាចយកចបទៅកាយកំណរដីនៅបាតព្រែកជីកបានឡើយ ។ ថ្វីត្បិតតែយើងអាចធ្វើទ្វារទឹកទប់ស្កាត់កំណរដីតាមរយៈលំហូរទឹកទន្លេបាន តែយើងមិនអាចធ្វើទ្វារទឹកទប់ស្កាត់ទឹកភ្លៀងដែលធ្លាក់ពីលើមេឃមកបានទេ ។ កំណរដីភាគច្រើនបំផុត គឺកើតចេញពីលំហូរទឹកភ្លៀងនេះឯង ។ ការថែរក្សាព្រែកជីក បើយើងទុករហូតដល់កំណរដីកើនច្រើន គឺមិនខុសអំពីជីព្រែកសាជាថ្មីឡើងវិញឡើយ ។ ៣) ដង្ហើមទឹក៖ ខុសអំពីព្រែកជីក ស៊ុយអេ និង ព្រែកជី ប៉ាណាម៉ា (Suez and Panama Canals) ដែលប្រើទឹកសមុទ្រជាមធ្យោបាយគមនាគមន៍នៅក្នុងព្រែក ព្រែកជីក ហ្វូណន ប្រើទឹកទន្លេមេគង្គ ។ ទន្លេមេគង្គមានទំនប់ទប់ស្កាត់ ទាំងនៅក្នុងគម្រោង ទាំងធ្វើរួចរាល់ មិនតិចជាង ១០ ទេ ។ ទំនប់ផ្នែកខាងក្រោមបំផុតគឺស្ថិតនៅក្នុងប្រទេស លាវ ខាងលើព្រំដែនខ្មែរបន្តិច ។ មាត់ច្រកទទួលទឹករបស់ព្រែកជីក ហ្វូណន គឺស្ថិតនៅក្នុងតំបន់ដីសណ្តទន្លេមេគង្គ ។ សំណួរមួយដែលយើងត្រូវផ្គុំក្បាលគ្នាពិចារណាគឺថា តើទន្លេមេគង្គដែលមានទំនប់បួនដប់ទប់ស្កាត់ អាចមានទឹកគ្រប់គ្រាន់ហូរចាក់មកសមុទ្រទេ ។ សំណួរមួយទៀតដែលយើងត្រូវសួរផងដែរគឺថា នៅក្នុងករណីរាំងស្ងួត (Drought) តើម្ចាស់ទំនប់គេមានចិត្តសម្បុរសគ្រប់គ្រាន់នឹងចែករំលែកទឹក មកបំពេញសេចក្តីត្រូវការរបស់យើងទេ ។ ទឹក សម្រាប់ជីវិតមនុស្ស គឺមានសារសំខាន់ស្មើនឹងខ្យល់អុកសុីហ៊្សេន ។ វាជាបញ្ហាស្លាប់រស់ ។ នៅពេលមនុស្សប្រឈមនឹងបញ្ហានេះ កុំថាឡើយមិត្តដែកថែប ឬមិត្តមុឺនឆ្នាំ សូម្បីតែម៉ែឪ ឬក៏បងប្អូនបង្កើត ក៏ត្រូវតែដណ្តើមគ្នារស់មួយគ្រាសិនដែរ ។ បើមិនជឿខ្ញុំអំពីប្រការនេះទេ សូមទៅសួរមនុស្សដែលធ្លាប់រស់នៅក្នុងជំនាន់ ប៉ុល ពត ។ ពួកគាត់មិនទាន់ស្លាប់អស់នៅឡើយទេ ។ ប្រការមួយទៀតដែលយើងត្រូវលើកយកមកពិចារណា គឺការប្រែប្រួលសីតុណ្ហភាពលើភពផែនដី ។ វាជាកត្តាចក្រវាឡ៍ពាក់ព័ន្ធនឹងប្រព័ន្ធព្រះអាទិត្យ (Solar System) ដែលគ្មានអាទិទេពណាទប់ស្កាត់បានឡើយ ។ កំណើនត្រឹមតែ ២ ឬ ៣ ដឺក្រេ នៅលើភពផែនដី វានឹងបង្កឲ្យមានគ្រោះធម្មជាតិរាប់មិនអស់ឡើយ ។ ចំណុចចុងក្រោយ ដែលយើងគួរលើកយកមកពិចារណាឲ្យបានល្អិតម៉ត់ដូចអាចម៍ទីទុយ គឺ "ទន្លេគ្មានទឹក" ។ ទន្លេ ដែលត្រូវបានគេទប់ គឺមិនសូវមានទឹកហូរនៅក្នុងតំបន់ដីសណ្តទេ ។ ទន្លេ កូឡូរ៉ាដូ ដែលអាមេរិកទប់យកទឹកប្រើប្រាស់សម្រាប់រដ្ឋដែលសម្បូរវាលរហោស្ថាននោះ ស្ទើរតែក្លាយទៅជាអូរទៅហើយ ។ ទឹកដែលហូរធ្លាក់ទៅដល់សមុទ្រ គឹមានបរិមាណតិចតួចស្តួចស្តើងបំផុត ។ ឯទន្លេ លឿង នៃប្រទេសចិនក៏ត្រូវបានគេទប់យកទឹកប្រើប្រាស់ស្រដៀងគ្នាដែរ ។ នៅបាងទន្លេលឿងក្បែរមាត់សមុទ្រគឺរីងស្ងួតតែម្តង ។ នៅទីបំផុត ចិនក៏សម្រេចបំផ្លាញទំនប់នោះចោល ដើម្បីឲ្យទឹកហូរជាប្រក្រតីឡើងវិញ ។ ករណីទន្លេមេគង្គ យើងគ្មានផ្លូវនឹងបញ្ចុះបញ្ចូលឲ្យម្ចាស់ទំនប់បំផ្លាញវាចោល ឬក៏បើកទឹកផ្តល់ឲ្យយើងប្រើប្រាស់ទៅតាមតម្រូវការទេ ដរាបណាគេត្រូវការវាដែរ ។ ទំនប់អស់ទាំងនោះ គេចំណាយប្រាក់វិនិយោគដូចជាព្រែកជីក ហ្វូណន ដែរ ។ គ្មានពេលដែលគេត្រូវលះបង់ផលប្រយោជន៍របស់គេ ដើម្បីផលប្រយោជន៍របស់យើងឡើយ ។ ដូច្នេះ វិបាកធំៗរបស់ព្រែកជីក ហ្វូណន មានពីរ ។ ទីមួយ ខ្សត់អតិថិជន ។ ទីពីរ ខ្សត់ទឹក ។ អរគុណ ដែលចំណាយពេលអានអត្ថបទវិចារណកថានេះ ៕

Friday, April 19, 2024

ចំណីខួរក្បាល

នរកប្រាំបួនជាន់ ថ្មីៗនេះ ខ្ញុំបានមើលភាពយន្តឯកសារស្តីអំពីកវីដ៏ល្បីល្បាញមួយរូបរបស់ប្រទេសអ៊ីតាលី គឺលោក ដានតេ អាលីហ្គៀរី (Dante Aligieri) ។ ខ្សែភាពយន្តឯកសារនោះ បានធ្វើឲ្យខ្ញុំរលឹកទៅដល់អនុស្សាវរីយ៍សិក្សានៅមហាវិទ្យាល័យ ដ្បិតខ្ញុំធ្លាប់បានសិក្សាកំណាព្យរបស់គាត់គឺរឿង ចំអកព្រហ្មលិខិត (Divine Comedy) ។ នៅពេលគេនិយាយអំពីជីវិតលោក ដានតេ គេតែងតែភ្ជាប់វាជាមួយនឹងរឿង ចំអកព្រហ្មលិខិត (ឬ នរកប្រាំបួនជាន់) ដ្បិតជីវិតគាត់និងរឿងនិទាននេះ ហាក់ដូចជាបានវេញចូលគ្នាជាធ្លុងមួយ ។ លោក ដានតេ សរសេររឿង ចំអកព្រហ្មលិខិត ដោយផ្អែកលើការភ្លឹករបស់គាត់ ។ ព្រលឹងរបស់គាត់បានចាកចេញអំពីរូបទៅធ្វើទស្សនកិច្ចនៅឋាននរក រួចហើយវិលឆ្លងកាត់ឋានកណ្តាលទៅកាន់ឋានសួត៌ ។ ដោយហេតុតែរឿងនេះផ្តោតការពណ៌នាពិស្តារនៅក្នុងឋាននរក យើងមិននិយាយអំពីឋានកណ្តាលនិងឋានសួគ៌ទេ ។ តែសូមជម្រាបថា បើយើងគិតជាឋានានុក្រម ឋាននរកមាន ៩ជាន់ ឬ ៩ស្រទាប់ ។ ឋានកណ្តាលមាន ៧ជាន់ ។ ឯឋានសួគ៌ក៏មាន ៩ជាន់ដែរ ។ ជាទ្រង់ទ្រាយវប្បធម៌ ការពណ៌នាអំពីនរកទាំង៩ជាន់របស់លោក ដានតេ គឺមានលក្ខណៈស្រដៀងគ្នាទៅនឹងការពណ៌នាអំពីឋាននរកនៅក្នុងវប្បធម៌ខ្មែរ ។ សូម្បីតែដំណើរភ្លឹក ក៏យើងធ្លាប់ឮជាហូរហែនៅក្នុងដំណើរជីវិតពលរដ្ឋខ្មែរដែរ ។ នៅលើជញ្ជាំងថែវផ្នែកខាងត្បូងនៃប្រាសាទអង្គរវត្ត យើងមានចម្លាក់ដ៏ពិស្តារមួយស្តីអំពីអ្នកទោសនៅក្នុងឋាននរក ។ តាមពិត លោក ដានតេ សរសេរពណ៌នាអំពីនរក ៩ជាន់នោះគឺនៅឆ្នាំ ១៣០៨ ដែលមានរយៈពេលប្រមាណជា ២០០ឆ្នាំ ក្រោយពេលដែលខ្មែរឆ្លាក់ទិដ្ឋភាពស្ថាននរកនៅលើជញ្ជាំងប្រាសាទអង្គរវត្ត ។ មុនពេលលោក ដានតេ ភ្លឹកនិងមានឱកាសបានទៅធ្វើទស្សនកិច្ចនៅឋាននរក គាត់បានលួចស្រឡាញ់នារីម្នាក់ឈ្មោះ ប៊ៀតទ្រីស (Beatrice) ។ ជាអកុសល នាងប៊ៀទ្រីស បានស្លាប់នៅអាយុ ២៥ឆ្នាំ ដែលជាហេតុនាំឲ្យលោក ដានតេ ស្រងេះស្រងោចខ្លោចចិត្តជាខ្លាំង ។ គឺនៅក្នុងភាពត្រម៉ង់ត្រម៉ោចនោះហើយ ដែលព្រលឹងគាត់បានចាកចេញអំពីរូបទៅស្វែងរកកញ្ញា ប៊ៀទ្រីស ។ មុននឹងបានទៅជួប ប៊ៀទ្រីស ដែលស្ថិតនៅឯឋានសួគ៌ ព្រលឹងរបស់លោក ដានតេ ត្រូវធ្វើដំណើរឆ្លងកាត់ឋាននរកនិងឋានកណ្តាលជាមុនសិន ។ ដូចជាការធ្វើដំណើរឯទៀតដែរ ដំណាក់កាលទីមួយនៃដំណើរទៅកាន់ឋាននរក គឺចេញអំពីស្ថានីយ៍គមនាគមន៍ឬទីក្រុង ដែលមានឈ្មោះថា DIS (ឌីស) ។ គួរកត់សម្គាល់ថា ទីក្រុង ឌីស គឺស្ថិតនៅទីស្ថានដែលមនុស្សរស់នៅដែរ ។ ដូច្នេះ អ្វីដែលយើងហៅថា "ឋានកណ្តាល" វាក៏ជាផ្នែកមួយនៃឋាននរក ។ សូមមើលរូបភាពទីមួយដែលខ្ញុំដាក់ភ្ជាប់នឹងអត្ថបទនេះ ។ ស្រទាប់ខាងលើបំផុត ដែលមានសណ្ឋានដូចចំណតយន្តហោះនោះ វាជាស្ថានីយ៍ចេញដំណើរដែលមានឈ្មោះថា ឌីស ។ ព្រលឹងរបស់មនុស្ស និង សត្វ ព្រមទាំងខ្មោច គឺស្ថិតនៅទីនេះ ។ បន្ទាប់ពីព្រលឹងលាចាករូបនិងទទួលបានការអនុញាតឲ្យធ្វើដំណើរ យើងនឹងចាប់ផ្តើមធ្វើដំណើរទៅកាន់ជាន់ទីមួយនៃឋាននរក ដោយចុះតាមជណ្តើរដូចនៅក្នុងរូបភាព ។ មុនពេលចេញដំណើរ យមរាជ នឹងផ្តល់ទិដ្ឋាការឲ្យយើងថាតើត្រូវទៅស្នាក់នៅ ឬទទួលទោសនៅជាន់ទីប៉ុន្មាន ដោយផ្អែកលើកុសលកម្មនិងអកុសលកម្ម ដែលយើងបានប្រព្រឹក្តិកាលមានជីវិតនៅលើលោក ។ យើងអាចវិនិច្ឆ័យថា នរកជាន់ទីមួយគឺនៅក្នុងផ្នូរដែលជាតំបន់ស្ថិតនៅក្រោមឫសស្មៅបន្តិច ។ មនុស្សដែលមានគុណសម្បត្តិល្បីៗជាច្រើនដូចជា សូក្រាត អូមែរ ផ្លាតុង ពេលស្លាប់ទៅគឺត្រូវធ្លាក់នរកត្រឹមកម្រិតទីមួយនេះ ។ និយាយរួម នរកជាន់ទីមួយនេះគឺសម្រាប់ដាក់មនុស្សដែលមិនដែលស្គាល់ ឬមិនទទួលស្គាល់អត្ថិភាពអាទិទេព ។ គេហៅនរកជាន់ទីមួយនេះថា លីមបូ (Limbo) ឬទីស្ថានជនវង្វេង ។ គួរកត់សម្គាល់ដែរថា នៅលើខ្លោងទ្វារចុះមកកាន់ឋាននរក គេសរសេរពាក្យបដិសណ្ឋារកិច្ចមួយឃ្លាថា៖ "Abandon all hope, ye who enter here" (អ្នកដែលចូលមកដល់ទីនេះ លះបង់ក្តីសង្ឃឹមចោលឲ្យអស់) ។ ពាក្យនេះ មានន័យយ៉ាងសាមញ្ញថា៖ ព្រលឹងដែលធ្លាក់មកដល់ឋាននរក គ្មានផ្លូវនឹងវិលទៅកាន់ភពកំណើតវិញទេ ។ ស្រទាប់ទី២នៃឋាននរកគឺជាកន្លែងផ្តន្ទាទោសមនុស្សដែលលុះនឹងកាមរាគៈ ។ ជាន់ទីពីរនេះមានឈ្មោះថា ឡាស្ថ (Lust) សម្រាប់ដាក់មនុស្សដែលត្រេកត្រអាលនឹងកាមគុណ ។ យើងទាំងអស់គ្នា លើកលែងតែអ្នកដែលមិនដែលស្គាល់រសជាតិស្នេហ៍ ស្លាប់ទៅគឺប្រាកដណាស់នឹងធ្លាក់ចុះនរកជាន់ទីពីរនេះ ។ ស្រទាប់ទី៣នៃឋាននរកគឺសម្រាប់ផ្តន្ទាមនុស្សដែលលុះនឹងផឹកសុី ។ គេហៅជាន់ទី៣នេះថា គ្លូតតុននី (Gluttony) ។ អ្នកដែលសុីតាមឃ្លាន មិនប្រមាណដល់គ្នីគ្នា គឺត្រូវមកជាប់ទោសនៅទីនេះ ។ ឯជាន់ទី ៤ គេហៅថា ហ្គ្រីដ៍ (Greed) សម្រាប់ផ្តន្ទាទោសមនុស្សលោភលន់ផងទាំងពួង រាប់បញ្ចូលទាំងអ្នកហួងហែងឥតក្រែងរអែងចិត្តអ្នកដទៃ ។ នៅជាន់ទី ៥ គឺសម្រាប់ផ្តន្ទាទោសមនុស្សដែលពូកែខឹង ឬ អេងហ្គឺ (Anger) ។ មនុស្សប្រចណ្ឌប្រពន្ធឬប្តីទាំងអម្បាលម៉ាន ស្លាប់ទៅនឹងមកនៅរងទុក្ខក្នុងជាន់ទី ៥នេះ ។ ឯជាន់ទី ៦ យើងមិនបាច់ព្រួយទេ គេឲ្យឈ្មោះថា ហ៊ាសេ (Heresy) គឺសម្រាប់ផ្តន្ទាទោសអ្នកនិយាយដើមគេ ។ តើនរណាមួយដែលមិនធ្លាប់និយាយដើមគេនោះ! នរកជាន់ទី៧ ទី៨ និង ទី៩ គឺសម្រាប់ផ្តន្ទាទោសមនុស្សដែលទុយ៌សហួសនិស្ស័យ ។ ជាន់ទី ៧ គេឲ្យឈ្មោះថា វ៉ាយអូលេន្ស (Violence) សម្រាប់ផ្តន្ទាមនុស្សដែលលុះនឹងអំពើហឹង្សា ។ ជនផ្តាច់ការដែលសង្ហារខាងផ្តាច់ផ្តិលជីវិតអ្នកនយោបាយផងគ្នា រាប់បញ្ចូលទាំងស្រីស្នេហ៍លួចលាក់ផងដែរនោះ នឹងត្រូវធ្លាក់នរកមកដល់ជាន់ទី៧នេះ ។ ឯជាន់ទី ៨ គឺសម្រាប់ផ្តន្ទាទោសជនអន្យតិរ្ថិយទាំងឡាយណាដែលរកសុីគៃបន្លំ ឬនិយមបោកប្រាស់គេដោយប្រើពាក្យជោគជ័យ ឬយកបារមីមកធ្វើជាឡប់ឡែ ។ ជាន់ទី ៨នេះមានឈ្មោះថា ហ្វ្រោដ (Fraud) ។ នៅជាន់ទី ៩ ដែលស្ថិតនៅគៀកនឹងស្នូលផែនដី មានឈ្មោះថា ទ្រីឈឺរី (Treachery) គឺសម្រាប់ផ្តន្ទាទោសជនក្បត់ជាតិ ឬក្បត់ទំនុកចិត្តអ្នកដទៃ ។ ប្តីផិតប្រពន្ធ ឬប្រពន្ធផិតប្តី លោកសង្ឃតាំងខ្លួជាទេវតាដើរលើដី អ្នកនយោបាយបម្រើផលប្រយោជន៍ឲ្យប្រទេសដទៃ ។ល។ និង ។ល។ ស្លាប់ទៅគឺត្រូវមករងទុក្ខនៅក្នុងនរកជាន់ទី ៩នេះ ។ ខ្មែរហៅទីនេះថា ឋានបាតាល ។ ទីនេះ បើក្តៅគឺក្តៅលើសភ្លើង ។ បើត្រជាក់គឺត្រជាក់ជាងទឹកកក ។ អ្នកទោសដ៏ល្បីល្បាញបំផុតនៅទីនេះគឺ សាតាំង (Satan) ។ គាត់ជាអតីតទេវតាដែលមនុស្សនិងអាទិទេពផងទាំងពួង បរាមុខ ។ គួរកត់សម្គាល់ថា មនុស្សឬទេវតា ដែលជាទីសក្ការរឹតតែខ្ពស់ បើប្រព្រឹត្តិទោសកំហុស នឹងធ្លាក់នរករឹតតែជ្រៅ ។ ឋាននរកជាទីកន្លែងផ្តន្ទាទោស ។ ទីនេះមិនសុីសំណូកសំណែនដូចឋានសួគ៌ទេ ។ សុីតែរបស់ដែលគេក្រវាត់ចោល ។ ការផ្តន្ទាទោសគឺស្អាតស្អំ ឥតលម្អៀង និង យុត្តិធម៌ជាទីបំផុត ។ មនុស្សនិងទេវតា រាប់បញ្ចូលទាំងសមាជិកបក្សទេវតាដែលមានអកុសលកម្ម គឺត្រូវធ្លាក់នរកដូចគ្នា ។ យោងតាមរបាយការណ៍របស់លោក ដានតេ នេះ យើងមើលឃើញថា វាពាក់ព័ន្ធនឹងកម្មផលដូចរបកគំឃើញរបស់ព្រះពុទ្ធដែរ ។ ចំណុចរួមគឺការឈឺចាប់ (Suffering) ដែលកើតចេញអំពីកម្ម ។ ព្រលឹងទាំងអស់គឺត្រូវរងកម្មទៅតាមស្ថានទម្ងន់ទោស នៃកម្មរបស់ខ្លួន ។ មុននឹងបញ្ចប់អត្ថបទនេះ ខ្ញុំសូមលើកយកសំណួរមួយមកពិចារណា ថាតើឋានរកមានអត្ថិភាពដែរទេ ។ ផ្អែកលើហេតុផលមួយចំនួន ខ្ញុំទទួលស្គាល់អត្ថិភាពនៃឋាននរក ។ ការទទួលស្គាល់នេះ គឺផ្អែកលើកត្តា កម្មផល និង ភាវឈឺចាប់ ដែលព្រលឹងឬវិញ្ញាណរងទុក្ខ ។ វិញ្ញាណគឺជាឋាមពលដែលមានទំហំតូចល្អិតមិនខុសអំពីអាតូមឡើយ ។ វាអាចស្ថិតនៅក្នុងចក្រវាឡ៍ លើភព ឬនៅក្នុងភពតែម្តង ។ ដូច្នេះ ប្រការដែលព្រលឹង ឬវិញ្ញាណក្ខ័ន្ធមនុស្សធ្លាក់នរកទៅដល់ស្នូលផែនដី ដូចជាគ្មានអ្វីពិបាកយល់ ឬពិបាកស្រមើស្រមៃទេ ។ ឯកម្មក៏ជាឋាមពលដែលមានប្រភពចេញអំពីស្នូល (Core) ដ៏តូចល្អិតដូចអាតូមដែរ ។ កម្មមានបីផ្នែកគឺ មនោកម្មំ វាចាកម្មំ និង កាយកម្មំ ។ មនោកម្មំ គឺជាឋាមពលឬក៏ជាឫសគល់របស់ វាចាកម្មំ និង កាយកម្មំ ។ បើកម្មជាឋាមពល ផលរបស់វាក៏អាចមានទម្រង់ជាឋាមពលដែរ ។ ដូច្នេះ ផ្អែកលើកត្តាកម្មផល ព្រលឹង (Human souls) ដែលរងទុក្ខទោសនៅក្នុងឋាននរក គឺស្ថិតនៅក្នុងទម្រង់ឋាមពលនេះឯង ៕ Photos courtesy of: Lyusya Durasova et al. and Wikipedia

Saturday, April 6, 2024

ចំណីខួរក្បាល

ចម្រៀងចំអេះចំអាសដែលគ្មាននរណាស្អប់ កាលពីសប្តាហ៍មុន ខណៈកំពុងច្រៀងការ៉ាអូឃេ កូនស្រីខ្ញុំរត់ត្រហេបត្រហបទៅប្រាប់ថាមានគេមកគោះទ្វារ ។ ខ្ញុំរត់មកបើកទ្វារក្រែងក្រុមហ៊ុនដឹកជញ្ជូនយកអីវ៉ាន់មកឲ្យ ក៏ជួបវ៉ាក់នឹងយុវជនដែលរស់នៅផ្ទះជាប់ខ្ញុំ ។ ខ្ញុំធ្លាក់ថ្លើមក្តុក ដ្បិតផ្ទះយើងមានជញ្ជាំងជាប់គ្នា ។ យុវជននេះប្រាកដជាមកស្តីឲ្យខ្ញុំ អំពីការច្រៀងអាឡេអាឡូនាំឲ្យរំខានដល់គាត់ហើយ ។ ខ្ញុំមិនទាន់ហើបមាត់ផង យុវជននោះក៏លំឱនកាយគោរពសុំទោសខ្ញុំ អំពីប្រការដែលគាត់មករំខានខ្ញុំ ។ គាត់មកនេះគឺមកសុំកត់យកចំណងជើងចម្រៀង ដែលខ្ញុំទើបនឹងច្រៀងប៉ុន្មាននាទីមុននេះ ដ្បិតអីវាពីរោះជក់ចិត្តដិតអាម្មណ៍ខ្លាំងណាស់ ។ ឮពាក្យនេះ ខ្ញុំភ្ញាក់ដូចគេជះទឹកដាក់កណ្តាលមុខ ពីព្រោះយុវជននេះមានអាយុប្រមាណជា ២០ឆ្នាំផ្លាយ ហើយជាក្មេងដែលកើតនៅស្រុកអាមេរិក និងមានឪពុកម្តាយជាជនជាតិកូរ៉េ ។ កុំថាឡើយដល់ទៅចេះស្តាប់ភាសាខ្មែរ សូម្បីតែប្រទេសខ្មែរស្ថិតនៅទីណាក៏នាយមិនស្គាល់ផង ។ អ្វីដែលធ្វើឲ្យយុវជនអ្នកជិតខាងខ្ញុំទាក់ចិត្តដិតអារម្មណ៍ គឺសម្លេងតន្ត្រីដែលប្រគុំដោយសិល្បករខ្មែរនៅក្នុងទសវត្សឆ្នាំ ១៩៧០ ។ ខ្ញុំនាំនាយទៅកាន់ស្ទូឌីយោការ៉ាអូឃេរបស់ខ្ញុំ ហើយឲ្យគាត់ធ្វើសម្លេងត្រាប់តាមបទភ្លេង ដើម្បីស្វែងរកចំណងជើងបទចម្រៀងដែលគាត់ចង់បាន ។ វាគឺជាបទ ចិត្តបងរំពឹង នៅក្នុងវេបសាយការ៉ាអូឃេអ័រកាដង់ របស់លោក គីម ដារ៉ែម ។ លោក គីម ដារ៉ែម គាត់តម្លើងសម្លេងឧបករណ៍តន្ត្រី ជាពិសេសសម្លេងស្គរដែក ឲ្យឮមុត (Sharp) ជាងសម្លេងអូរីជីណាល់ ។ គឺសម្លេងស្គរនោះហើយ ដែលពុះទម្លុះជញ្ជាំងថ្មបង្កឲ្យមានភាពរំភើបញាប់ញ័រ នៅក្នុងសោតារម្មណ៍យុវជនអ្នកជិតខាងខ្ញុំ ។ ជាអ្នកស្តាប់ចម្រៀងសម័យខ្មែរមួយរូប ខ្ញុំកត់សម្គាល់កត្តា "ឥតខ្ចោះ" មួយ (Refined) ដែលធ្វើឲ្យសម្លេងតន្ត្រីសម័យខ្មែរមានភាពទាក់ទាញ ។ កត្តានោះគឺ តុងសម្លេងឧបករណ៍ភ្លេង (Tune) ។ តន្ត្រីករខ្មែរហាក់ដូចជារឹតសម្លេងឧបករណ៍ភ្លេង ជាពិសេស ហ្គីតានិងស្គរ ឲ្យមានសំនៀងខ្ពស់ជាងគេបន្តិច (High Pitch) ។ ខ្ញុំមិនចេះលេងភ្លេងទេ ។ ប៉ុន្តែ ខ្ញុំអាចស្តាប់សម្លេងឧបករណ៍ភ្លេងយកទៅផ្ទៀងផ្ទាត់គ្នា ។ បទចម្រៀងខ្មែរជាច្រើន មានបងប្អូនភ្លោះរបស់វាជាភាសាអង់គ្លេស ឬភាសាដទៃទៀត ។ ឧទាហរណ៍ បទ ស្រឡាញ់ស្រីតូច និងបទ Black Magic Woman ។ បទចម្រៀងទាំងពីរនេះ មានទម្រង់បទភ្លេងតែមួយ ។ ប៉ុន្តែ បើយើងស្តាប់ដោយផ្ទៀងផ្ទាល់ យើងអាចនឹងកត់សម្គាល់ចំណុចខ្ពស់ (High Pitch) នៅក្នុងការប្រគុំឧបករណ៍ភ្លេងជាភាសាខ្មែរ ។ ការវាយតម្លៃរបស់ខ្ញុំអាចលម្អៀងដោយសារខ្ញុំជាជនជាតិខ្មែរ ។ ក៏បុន្តែ យុវជនកូរ៉េអាមេរិកាំងដែលនៅផ្ទះជាប់ខ្ញុំនោះ មិនអាចលម្អៀងឡើយ (Unbiased) ។ គាត់មិនចេះភាសាខ្មែរទេ ។ ដូច្នេះ អ្វីដែលទាក់ចិត្តគាត់ឲ្យរំភើបញាប់ញ័រជាមួយនឹងតូរ្យ តន្ត្រីខ្មែរ គឺមានតែសម្លេងឧបករណ៍ភ្លេងតែមួយមុខគត់ ។ ឯសម្លេងឧបករណ៍ភ្លេងនេះទៀតសោត គាត់ប្រហែលជាធ្លាប់ស្តាប់ជាភាសាអង់គ្លេសរាប់សិបដងផងក៏មិនដឹង ។ សម្រាប់ខ្ញុំ ពេលស្តាប់សម្លេងហ្គីតាដែលតន្ត្រីករខ្មែរប្រគុំជាចង្វាក់ ឆា ឆា ឆា រ៉ុក ឬ ហ៊្សាក ម្តងៗ (Cha cha cha, Rock, Jerk) គឺប្រៀបបាននឹងស្តាប់សម្លេងហ្គីតារបស់លោក ជីមី ហេនរីក ជឺរី ហ្គាស៊ា និង កាឡូស សាន់តាណា ប្រគុំរួមគ្នានៅលើឆាកតែមួយ ។ តាមពិត គឺលោក កាឡូស សាន់តាណា (Carlos Santana) នេះហើយ ដែលជះឥទ្ធិពលខ្លាំងមកលើតន្ត្រីករខ្មែរ (Inspiration) ។ លោក សាន់តាណា ជាតន្ត្រីករមួយរូបដែលភាសាអង់គ្លេសហៅថា Prodigy (អ្នកមានទេពកោសល្យពីកំណើត) ។ គាត់ដើរប្រគុំតន្ត្រីជាមួយនឹងឪពុកគាត់តាំងពីអាយុ ៦ឆ្នាំម្លេះ ។ និយាយអំពីទេពកោសល្យ សូមវិលទៅនិយាយអំពីប្រធានបទចំអេះចំអាសវិញម្តង ។ ក្រៅអំពីប្រគុំតន្ត្រីសម័យបានល្អឥតខ្ចោះ សិល្បករខ្មែរក៏ពូកែសរសរបទចម្រៀងចំអេះចំអាសដែរ ។ ពូកែនៅទីនេះគឺមានន័យថា អ្នកនិពន្ធចេះប្រើសិល្បវិធី មិនងាយនឹងនរណាមើលដើមដានដឹងឡើយ ។ គាត់លាក់ភាវចំអេះចំអាសនៅក្នុង "អត្ថប្បដិរូប" ឬ មេតាហ្វ័រ (Metaphor) ។ អ្នកស្តាប់ដែលមិនទាន់មានបទពិសោធជ្រៅជ្រះ (Minor) យល់នៅក្នុងន័យអត្ថានុរូប ។ អ្នកស្តាប់ដែលមានបទពិសោធជ្រៅជ្រះ (Adult) ទើបអាចយល់អំពីភាវចំអេះចំអាសនៅក្នុងន័យអត្ថប្បដិរូប ។ ខ្ញុំនឹងលើកយកចម្រៀងពីរបទមកធ្វើបទបង្ហាញនៅទីនេះ ។ ប្រណាំងទូក ង បៈ បងទៅកាប់ចេក រែកមកបន្ទុំ ដើម្បីវេចនំទៅភ្ជុំនឹងគេ (ស្ទួន) នំចេកនំគមរៀបរយហូរហែរ ស្កាត់ជួបស្រីស្នេហ៍នៅឯវត្តថ្មី វត្តថ្មីៗ ។ សៈ អូនដើរកាត់ស្លឹក ទទឹកខ្លួនជោគ ទូលស្លឹកយកមកខ្ចប់ម្ហូបចំណី (ស្ទួន) យកទៅលេងភ្ជំប្រាថ្នាជួបថ្លៃ រសៀលម៉ោងបី ប្រណាំងទូកបង ប្រណាំងទូកបង ។ បៈ ទូកបងទូកវែង កន្សែងចងក្បាល ឈរចំកណ្តាលស្រែកច្រៀងផ្តោះផ្តង (ស្ទួន) ប្រណាំងទូកអូន យកឲ្យឈ្នះម្តង ចែវផងអុំផង ខ្លាចចាញ់ទូកស្រី ខ្លាចចាញ់ទូកស្រី ។ សៈ ទូកអូនទូកខ្លី កន្សៃចងផ្កា ប្រណាំងកាលណាតែងបានជោគជ័យ (ស្ទួន) បើបងប្រណាំង ហ៊ានភ្នាល់ដាក់អ្វី បើចាញ់ទូកស្រីធ្វើប្តីអូនទៅ ធ្វើប្តីអូនទៅ ។ នៅក្នុងន័យអត្ថានុរូបនៃបទចម្រៀងនេះ គឺត្រង់ភ្លឹងគ្មានអ្វីជាអាថ៌កំបាំងឡើយ ។ អ្នកស្តាប់មើលឃើញរូបទូកប្រណាំង ដែលមានកន្សែងចងនៅផ្នែកខាងក្បាល និងកម្រងផ្កាចងនៅផ្នែកខាងកន្សៃ ។ ប៉ុន្តែ បើយើងមើលតាមន័យអត្ថប្បដិរូបវិញ យើងនឹងមើលឃើញរូបភាពមួយបន្ថែមទៀត ។ ជាបឋម យើងត្រូវកត់សម្គាល់ពាក្យគន្លឹះចំនួនបី៖ ១) ស្កាត់ជួបស្រីស្នេហ៍ ២) ប្រាថ្នាជួបថ្លៃ ៣) ធ្វើប្តីអូនទៅ ។ ឯពាក្យចំអេះចំអាសដែលអ្នកនិពន្ធបង្កប់នៅក្នុងចម្រៀងគឺចាប់ពីវគ្គទីបីចុះមកក្រោម ។ "ទូកបងទូកវែងកន្សែងចងក្បាល" និង "ទូកអូនទូកខ្លីកន្សៃចងផ្កា" ក្បាលនិងកន្សៃទូកនៅទីនេះ គឺសំដៅទៅលើទម្រង់អង្គជាតិ របស់មនុស្សប្រុសនិងរបស់មនុស្សស្រី ។ ក្បាលទូកមានទង្រង់ស្តួចវែង ។ ឯកន្សៃទូកមានទម្រង់កន្ធែកខ្លី ។ អ្នកដែលមិនសូវស្គាល់ទ្រង់ទ្រាយទូកច្បាស់លាស់ អាចចូលទៅមើលក្បាលនិងកន្សៃទូក ង ដែលគេដាក់នៅក្នុងវត្ត ។ បើទូកនោះគេផ្កាប់ វានឹងបង្ហាញទម្រងរឹតតែច្បាស់ ។ ចំណុចមួយទៀតគឺ "ចែវទូក" ។ ពាក្យនេះ ខ្មែរយើងប្រើក្នុងន័យអត្ថប្បដិរូប សំដៅទៅលើចលនាសេពសន្ធវៈ ។ ក្តាមស្រង៉ែ បៈ រន្ទះបាញ់ខ្លាំងបាញ់ផ្ទប់ លាន់សូរទាំងយប់ បាញ់ផ្ទប់ភ្លឺស្រែ ក្តាមគ្រោងនិងក្តាមស្រង៉ែ (ស្ទួន) ទម្លុះភ្លឺស្រែបញ្ចូលទឹកថ្មី ។ សៈ ស្រែខ្ញុំភ្លឺធំគ្រាក់ៗ ដាំទាំងរពាក់ បន្លាពេញដី ហ៊ានកាយត្រូវតែហ៊ានក្ស័យ (ស្ទូន) តិចថារូបស្រីមិនបានប្រាប់បង ។ បៈ រន្ធសត្វកង្កែបទេម៉ុម បងសូមសំងំផងណានួនល្អង ថ្ងៃរះចាំរូបបងឆ្លង (ស្ទួន) កុំអីស្រីបងមេត្តាបងទៅ ។ ជាថ្មីម្តងទៀត បទចម្រៀងទីពីរនេះ បើមើលតាមន័យអត្ថានុរូប គឺគ្មានអ្វីគួរឲ្យចាប់ទោសអូសដំណើរឡើយ ។ រន្ទះភ្លៀងផ្គរនិងក្តាមកង្កែបកាយរន្ធពូនដីនៅតាមភ្លឺស្រែ គឺជាអព្ភូតហេតុធម្មជាតិ ។ ជនជាតិខ្មែរយល់ដឹងអំពីប្រការនេះស្ទើរតែគ្រប់ៗគ្នា ។ ឯដើមរពាក់ដែលភាគច្រើនដុះនៅតាមកែងភ្លឺស្រែនោះ ក៏ជារឿងធម្មតាដែរ ។ ប៉ុន្តែ បើយើងមើលអត្ថន័យនៃបទចម្រៀងនេះតាមរយៈអត្ថប្បដិរូប វាបង្ហាញន័យចំអេះចំអាសច្បាស់ដូចពន្លឺថ្ងៃ ។ នៅក្នុងដំណើរសេពកាមជាសាកល គេចាប់ផ្តើមដោយទង្វើមួយដែលភាសាអង់គ្លេសហៅថា Foreplay (បបោសអង្អែល) ។ នៅក្នុងនិមិត្តរូបនៃភាសាខ្មែរ យើងយកចលនាក្តាមកាយរន្ធ ជាតំណាងឲ្យការបបោសអង្អែល ។ អ្នកខ្លះប្រហែលជាឆ្ងល់ថា ក្តាមមានជើងស្រួចៗគួរឲ្យខ្លាច យកមកធ្វើជាតំណាងឲ្យការបបោសអង្អែល ដូចជាមិនសមទេ ។ តាមពិតចលនាក្តាមកាយរន្ធ មិនច្រងាប់ច្រងិលដូចសត្វពង្រូលកាយរន្ធឡើយ ។ កាលដើរឃ្វាលក្របីនៅជំនាន់ខ្មែរក្រហមត្រួតស្រុកខ្មែរ ខ្ញុំធ្លាប់អង្គុយមើលក្តាមកាយរន្ធ ។ វាមានភាពទន់ភ្លន់មិនចាញ់គូស្នេហ៍បបោសអង្អែលគ្នាទេ ។ កែងភ្លឺស្រែជាទូទៅមានទម្រង់ជាមុំទំហំ ៩០ដឺក្រេ ។ កន្លែងខ្លះ កសិករពង្រីកវាឲ្យលើសពី៩០ដឺក្រេ ដើម្បីងាយស្រួលដល់ការអូសនង្គ័លភ្ជួររាស់ ។ ដីនៅត្រង់ចំណុចកែងភ្លឺស្រែ ច្រើនមានសណ្ឋានខ្ពស់ជាងគេបន្តិច ។ ឯដើមរពាក់ ក៏ច្រើដុះនៅត្រង់ចំណុចនេះដែរ ។ បើនិយាយអំពីអត្ថប្បដិរូបវិញ ទម្រង់អវយវៈមនុស្សស្រីនៅក្នុងកិច្ចពីធីរួមភេទ គឺដូចគ្នានឹងកែងភ្លឺស្រែបេះបិទតែម្តង ។ សូមអធ្យាស្រ័យពីសំណាក់មិត្តអ្នអានផងចុះ ដែលខ្ញុំយករូបភាពមកពណ៌នាស្តែងៗ ។ ខ្ញុំគ្រាន់តែចង់បង្ហាញអំពីទេពកោសល្យរបស់កវីនិពន្ធខ្មែរ ដែលអាចបង្កប់អត្ថន័យមិនគួរគប្បី (Offensive languages) នៅក្នុងបទចម្រៀងប្រកបដោយភាពរមទមមិនគួរឲ្យជឿ ។ ចំណុចចុងក្រោយនៅក្នុងបទចម្រៀងនេះគឺ សត្វកង្កែប ។ "រន្ធសត្វកង្កែបទេម៉ុម បងសូមសំងំផងណានួនល្អង" ។ ក្នុងន័យអត្ថប្បដិរូប សត្វកង្កែបនៅក្នុងបទចម្រៀងខ្មែរ គឺយើងសំដៅដល់អង្គជាតិរបស់មនុស្សស្រី Texture (សាច់និងស្បែក) ។ ជាទម្រង់សិល្បៈចម្រៀង ជនជាតិខ្មែរយកសត្វកង្កែបមកលែបខាយ ប្រហែលជាតាំងតែពីសម័យអង្គរមកម្លេះ ។ មូលហេតុដែលខ្ញុំសន្និដ្ឋានដូច្នេះ ពីព្រោះជនជាតិខ្មែរនៅផ្នែកខាងជើងភ្នំដងរែកដែលយើងហៅរួមថា ខ្មែរសុរិន នោះ គឺនៅប្រើសត្វកង្កែបក្នុងចម្រៀងប្រជាប្រិយរហូតដល់សព្វថ្ងៃ ។ "រូបបងអាក្រក់ អូនអើយសក់បងក្រញ៉ាញ់ ស្រីៗចោមស្រឡាញ់ ព្រោះអីបងបាញ់កង្កែបត្រង់" ៕ រីករាយជាមួយនឹងទិវា បុណ្យចូលឆ្នាំខ្មែរ!!!

Wednesday, March 27, 2024

ចំណីខួរក្បាល

ខ្មោច ខ្ញុំចង់សរសេរអំពី ខ្មោច យូរហើយ តែវាជាប្រធានបទដែលខ្ញុំខ្លាចខ្លាំង ។ ដែលខ្លាចនោះមិនមែនខ្ញុំខ្លាចខ្មោចទេ គឺខ្ញុំខ្លាចបង្កឲ្យមានការថ្នាំងថ្នាក់ចិត្តជាមួយសាច់ញាតិខ្មោច ។ សាច់ញាតិខ្មោចនេះទៀតសោតក៏មិនមែននរណាក្រៅអំពីសាច់ញាតិខ្ញុំដែរ ។ វាគ្មានអ្វីលំបាកជាងសរសេរអត្ថបទ ពន្យល់ណែនាំអំពីសុជីវធម៌នៃការគោរពខ្មោច ដែលធ្វើឲ្យញាតិសន្តាននិងមិត្តភក្តិ អាក់អន់ស្រពន់ចិត្តនោះទេ ។ តែបើយើងមិននិយាយ វិចារណញ្ញាណវាចេះតែរុកគួនសតិសម្បជ្ជញ្ញឥតឈប់ឈរ ។ ខ្មោចនៅទីនេះ គឺខ្ញុំសំដៅដល់សាកសពមនុស្សដែលបានចែកឋានទៅ ។ បច្ចុប្បន្ន វាស្ទើរតែមិនចាំបាច់នរណានិយាយទេ ។ ឲ្យតែមានញាតិសន្តានចែកឋាន ភាគច្រើនគឺយើងបង្ហោះរូបភាព ឬក៏រូបថតរបស់បុគ្គលដែលបានចែកឋានទៅនៅក្នុងបណ្តាញសង្គម ដើម្បីឲ្យសាធារណជនដឹងឮនិងចូលរួមមរណទុក្ខ ។ ប្រការនេះហាក់ដូចជាបានក្លាយទៅជារឿងធម្មតា ។ គ្មាននរណាគិតថាមានភាពឆ្គាំឆ្គងអ្វីឡើយ ។ សម្រាប់ខ្ញុំ ខ្ញុំមើលឃើញភាពឆ្គាំឆ្គង ។ ក៏ប៉ុន្តែសូមទុកសិទ្ធិឲ្យបុគ្គលនីមួយៗ វាយតម្លៃភាវខុសនិងត្រូវដោយខ្លួនឯង ។ ខ្ញុំគ្រាន់តែសុំអនុញាត លើកយកក្រមសីលធម៌មួយ នៃការផ្សាយដំណឹងមនុស្សស្លាប់ជាសាធារណៈ មកធ្វើជាការពិចារណាខាងក្រោមនេះ ។ នៅក្នុងសុភាវធម៌ផ្សព្វផ្សាយដំណឹង គេមានក្រមសីលធម៌ដាច់ខាតមួយ (Absolute Rule) គឺមិនបង្ហាញមុខសាកសពទេ ទោះបីសាកសពនោះជាមនុស្សអាក្រក់ជួរជាតិ ឬក៏ជាទីគោរពសក្ការដូចទេវតាក៏ដោយ ។ ទង្វើនេះគឺស្រដៀងគ្នាទៅនឹងក្រមសីលធម៌របស់គ្រូពេទ្យដែរ ដែលត្រូវតែព្យាបាលមនុស្សរងគ្រោះនៅនឹងមុខ មិនថាមនុស្សនោះជាមិត្ត ឬជាសត្រូវឡើយ ។ យើងមិនដឹងថា គេគោរពគោលការណ៍មិនបង្ហាញមុខសាកសពនេះ ចាប់ពីពេលណាមកទេ ។ ប៉ុន្តែ បើយើងសង្កេតមើលគោលការណ៍សុជីវធម៌នៅក្នុងសង្គមមនុស្ស ប្រការនេះប្រហែលជាកើតមានមុនពេលមនុស្សចេះផ្សាយពត៌មាន ។ ហេតុផលនៃការមិនបង្ហាញមុខសព ឬមនុស្សដែលបានចែកឋានទៅហើយជាសាធារណៈ ប្រហែលជាមានច្រើន ។ ក៏ប៉ុន្តែ ប្រការតែមួយគត់ដែលធំធេងជាងអ្វីៗទាំងអស់គឺ៖ សេចក្តីគោរព (Respect) ។ "គោរពវិញ្ញាណក្ខន្ធ" ជាពាក្យដែលខ្មែរយើងប្រើ ពាក់ព័ន្ធនឹងមនុស្សចែកឋាន ។ វប្បធម៌ដទៃក៏មានពាក្យគារវកិច្ចស្រដៀងគ្នានេះដែរ ។ ការគោរពនេះទៀតសោត មិនថាបុគ្គលដែលចែកឋាននោះ ជាមិត្ត ឬជាសត្រូវឡើយ គឺធ្វើទៅនៅក្នុងទម្រង់ "អហោសិកម្ម" ។ អហោសិកម្មនៅទីនេះ គឺសំដៅដល់ការកាត់ផ្តាច់ទំនាក់ទំនងគ្នា រវាងមនុស្សដែលបានរលត់ជីវិត (ចែកឋាន) និងមនុស្សដែលនៅមានជីវិត ។ នៅពេលមនុស្សចែកឋាន អត្តសញ្ញាណគ្មានតទៅទៀតទេ ។ មុខតំណាងឲ្យអត្តសញ្ញាណ ហើយក៏ជាតំណាងឲ្យជីវិតនិងវិញ្ញាណក្ខន្ធដែរ ។ ដូច្នេះ ដើម្បីជាកិច្ចគោរពដល់វិញ្ញាណក្ខន្ធរបស់បុគ្គលដែលចែកឋាន គេមិនបង្ហាញមុខបុគ្គលនោះជាសាធារណៈឡើយ ។ គួរកត់សម្គាល់ថា ការគោរពនៅក្នុងទម្រង់អហោសិកម្មនេះ គឺគោរពជីវិតឬដួងព្រលឹងដែលផុតរលត់ ។ មិនមែនគោរពកេរ្តិ៍ឈ្មោះ ឬទង្វើនានារបស់បុគ្គលដែលចែកឋានទេ ។ កាលឪពុកខ្ញុំចែកឋាននៅជំនាន់ ប៉ុល ពត ខ្ញុំបានឃើញទង្វើពីរយ៉ាងដែលម្តាយខ្ញុំធ្វើ ។ កំឡុងពេលឪពុកខ្ញុំដកចង្កាមាន់ត្រដរខ្យល់ ម្តាយខ្ញុំឱនទៅក្បែរត្រចៀកឪពុកខ្ញុំហើយបន្លឺពាក្យមួយម៉ាត់ថា៖ ពុទ្ធោ! មួយសន្ទុះក្រោយមកឪពុកខ្ញុំក៏ផុតដង្ហើមទៅ ។ ម្តាយខ្ញុំក៏ងើបទៅស្រាយបង្វេចខោអាវ រាវរកបានកូនកន្សែងដៃពណ៌សតូចមួយ យកមកគ្របលើផ្ទៃមុខរបស់ឪពុកខ្ញុំ ។ យើងមិនមានលទ្ធភាពនឹងទៅរកកំណាត់សឯណា យកមកបិទបាំងសាកសពឪពុកខ្ញុំបានទេនាសម័យនោះ ។ គឺមានតែកូនកន្សែងប្រវែងជាងមួយចំអាមបួនជ្រុងនោះ ដែលជួយបិទបាំងអត្តសញ្ញាណឲ្យសាកសពឪពុកខ្ញុំ ។ ទង្វើរបស់ម្តាយខ្ញុំនៅក្នុងព្រឹត្តិការណ៍នោះ ហាក់ដូចជាសាមញ្ញពេកណាស់ ។ គ្មាននរណាម្នាក់នៅក្នុងចំណោមពួកយើងដែលជាកូនៗ ចាប់អារម្មណ៍នឹងសួរម្តាយខ្ញុំអំពីអត្ថន័យរបស់វាឡើយ ។ ដប់ប្រាំឆ្នាំក្រោយមក គឺនៅឆ្នាំ ១៩៩២ ខ្ញុំបានជួបនឹងប្រធានបទបិទបាំងមុខសាកសពម្តងទៀត ខណៈដែលខ្ញុំសិក្សាវិជ្ជាជីវសារពត៌មាននៅសហរដ្ឋអាមេរិក ។ គ្រូបង្រៀនបានប្រាប់ពួកយើងមួយម៉ាត់យ៉ាងខ្លីថា៖ មិនត្រូវបង្ហាញមុខសាកសពនៅក្នុងការផ្សព្វផ្សាយឡើយ ។ និស្សិតជាច្រើនបានលើកយកសំណួរមកសួរដុកដាន់រកហេតុផល ។ ចម្លើយរបស់គាត់ក៏មានតែមួយម៉ាត់យ៉ាងខ្លីដែរគឺ៖ Respect for human soul (គោរពវិញ្ញាណក្ខន្ធមនុស្សដែលបានចែកឋានទៅ) ។ ពេលនោះ ខ្ញុំនឹកទៅដល់ទង្វើរបស់ម្តាយខ្ញុំកាលពី ១៥ឆ្នាំកន្លងទៅ ។ ម្តាយខ្ញុំមិនបានរៀនសូត្រជ្រៅជ្រះទេ ។ ដូច្នេះ ទង្វើរបស់គាត់ប្រាកដជាចេញអំពីទំនៀមទម្លាប់ខ្មែរ ដែលមនុស្សអនុវត្តិតៗគ្នាជារៀងរាបមក ។ ចំណែកឯហេតុផលដែលសាស្ត្រាចារ្យសារពត៌មាន លើកយកមកហាមប្រាមមិនឲ្យបង្ហាញមុខសាកសពជាសាធារណនោះ បើនឹងថាដកស្រង់ចេញអំពីទំនៀមទម្លាប់ខ្មែរ ក៏មិនត្រឹមត្រូវដែរ ដ្បិតសាស្ត្រាចារ្យនោះ មិនទាំងស្គាល់ប្រទេសខ្មែរបែរមុខទៅទិសខាងណាផង កុំថាឡើយដល់ទៅស្គាល់ទំនៀមទម្លាប់និងវប្បធម៌ខ្មែរ ។ បើយើងផ្គុំកត្តាទាំងពីរនេះ យើងអាចសន្និដ្ឋានបានថា ការអនុវត្តិកិច្ចគោរពមុខសាកសព គឺអាចមានលក្ខណៈជាសាកល ។ ចំអកព្រហ្មលិខិតមួយដែលខ្ញុំគួរលើកយកមកបរិយាយនៅទីនេះ គឺដំណើរចែកឋានរបស់ម្តាយខ្ញុំ ។ ម្តាយខ្ញុំបានចែកឋានទៅជិត ២០ឆ្នាំហើយ ។ គ្រានោះ គាត់រស់នៅស្រុកខ្មែរ ។ ឯកូនៗទាំងអស់របស់គាត់រស់នៅឯសហរដ្ឋអាមេរិក ។ នៅក្នុងទំនៀមទម្លាប់ខ្មែរ នៅពេលអ្នកមានគុណហៀបនឹងចែកឋាន យើងរមែងរួតរះធ្វើដំណើរទៅជួបគាត់ដើម្បីឲ្យទាន់ដង្ហើមចុងក្រោយ ។ ករណីរបស់ពួកយើង យើងគ្មានលទ្ធភាព ឬមធ្យោបាយនឹងធ្វើដូច្នោះកើតឡើយ ។ ដូច្នេះ សាច់ញាតិដែលនៅជិតគាត់ សម្រេចចិត្តជួលជាងថតវីឌីអូដំណាក់កាលចុងក្រោយនៃជីវិតនោះ ដើម្បីទុកជានិមិត្តរូបឲ្យយើងបានឃើញ ។ ជាងថតរូប គាត់មិនយល់អំពីកិច្ចគោរពមុខមនុស្សចែកឋានទេ ។ គាត់ថតពង្រីកមុខម្តាយខ្ញុំប្រៀបដូចជាតួឯកកុន ។ ពេលខ្ញុំឃើញទិដ្ឋភាពនោះ ខ្ញុំតក់ស្លុតសង្វេគចិត្តឥតឧបមា ។ ប៉ុន្តែ អ្វីៗវាបានកន្លងផុតហួសអស់ទៅហើយ (The damage has already been done) ។ ក្រៅអំពីឲ្យប្អូនខ្ញុំបំផ្លាញ ឬក៏កាត់រូបភាពមិនគួរគប្បីនៅក្នុងខ្សែវីឌីអូចោល យើងមិនអាចធ្វើអ្វីដើម្បីលុបលាងទោសកំហុសបានឡើយ ។ ខ្ញុំជឿថា ប្រសិនបើម្តាយខ្ញុំអាចនិយាយបាន គាត់ប្រាកដជាមិនអនុញ្ញាតិឲ្យនរណាម្នាក់ថតរូបគាត់នៅក្នុងកាលទេសៈនោះទេ ។ គឺចំណុចចុងក្រោយនេះហើយដែលយើងត្រូវពិចារណាឲ្យបានល្អិតល្អន់ មុននឹងបង្ហោះ ឬបង្ហាញរូបភាពមនុស្សជាទីស្រឡាញ់របស់យើង ដែលបានចែកឋានទៅ ជាសាធារណៈ ។ បុគ្គលដែលបានចែកឋានទៅ គ្មានលទ្ធភាពប្រាប់យើងអំពីបំណងប្រាថ្នារបស់ខ្លួនទេ ។ ឯយើងដែលនៅរស់ (Survivors) ក៏មិនអាចស្វែងយល់អំពីបំណងប្រាថ្នារបស់គាត់ដែរ ។ ហេតុផលនេះ គឺជាអ្វីដែលយើងគួរយល់ដឹង មុននឹងសម្រេចចិត្តផ្សាយរូបមនុស្សចែកឋានជាទីស្រឡាញ់ ឬជាទីរាប់អានរបស់ពួកយើងជាសាធារណ ៕

Sunday, March 10, 2024

ចំណីខួរក្បាល

ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោប្រវេសជម្រុះចោលអ្វីៗសព្វបែបយ៉ាង លើកលែងតែតុងសំនៀង (An immingrant left behind everything except for his/her accent) ។ ការជម្រុះចោលនេះ មិនត្រឹមតែមិត្តភក្តិញាតិសន្តានដែលរស់នៅឯប្រទេសកំណើតនោះទេ សូម្បីតែអាជីពការងារក៏ត្រូវបានលះបង់ចោលដែរ ។ ជារឿយៗ ខ្ញុំបានជួបនឹងជនជាតិខ្មែរដែលមានអាជីពជា គ្រូពេទ្យ សាស្ត្រាចារ្យ ឬក៏មុខងារដទៃទៀតជាច្រើនធ្វើអន្តោប្រវេសមករស់នៅក្នុងសហរដ្ឋអាមេរិក ។ ឧបស័គ្គមួយដែលអន្តោប្រវេសជនទាំងនោះប្រឈម គឺមិនអាច ឬមិនមានឱកាសប្រកបការងារនៅក្នុងអាជីព ទៅតាមចំណេះជំនាញរបស់ខ្លួន ។ ដើម្បីទ្រទ្រង់ការរស់នៅនៅក្នុងប្រទេសថ្មី ពួកគេធ្វើការងារក្រៅជំនាញរបស់ខ្លួន ។ ចំណេះជំនាញផងទាំងពួងដែលពួកគេចំណាយប្រាក់និងពេលវេលាសិក្សាស្ទើរតែកន្លះជីវិត បានក្លាយទៅជារបស់អត់ប្រយោជន៍ ។ ប្រការមួយដែលជាឧបស័គ្គធំជាងគេ គឺយើងត្រូវទៅរៀនសាឡើងវិញ ដ្បិតនិយាម ឬក៏ស្តង់ដារវិជ្ជាជីវរបស់សហរដ្ឋអាមេរិក វាមិនច្រឡំនឹងគេទេ ។ និយាយឲ្យងាយយល់ អាមេរិកមិនផ្តល់តម្លៃដល់ចំណេះជំនាញដែលមិនបានឆ្លងកាត់ការហ្វឹកហាត់នៅក្នុងប្រទេសនេះ ឬក៏ចេញពីស្ថាប័ននៅក្រៅប្រទេសដែលប្រទេសនេះទទួលស្គាល់ឡើយ (Accreditation) ។ អន្តោប្រវេសជនមួយចំនួន ដែលមកពីប្រទេសនិយាយភាសាអង់គ្លេសដូចជា កាណាដា អូស្ត្រាលី និង អង់គ្លេស អាចមានវាសនាគ្រាប់បើជាងគេបន្តិច ជាមួយនឹងការរកការងារអាជីពនៅស្រុកអាមេរិក ។ កត្តាមួយដែលធ្វើឲ្យខ្ញុំមិនអស់ចិត្តជាមួយនឹងការមិនផ្តល់តម្លៃ ឬរើសអើងអាជីពរបស់មនុស្សដែលហ្វឹកហ្វឺននៅក្រៅស្រុកអាមេរិក គឺអាជីពខ្លះមានការហ្វឹកហ្វឺនជាលក្ខណៈសាកល (Universal knowledge) ។ ឧទាហរណ៍ គណិតវិជ្ជា និង គណនេយ្យ ជាដើម ។ អាជីពទាំងពីរមានរូបមន្តជាលក្ខណៈសាកល ។ ក៏ប៉ុន្តែរបៀបរកដំណោះស្រាយរបស់វា មានទម្រង់ខុសគ្នាខ្លះៗរវាងសហរដ្ឋអាមេរិកនិងប្រទេសដទៃ ។ ឧទាហរណ៍ X - 1 = 2 ។ សមីការនេះ បើយើងដោះស្រាយតាមរបៀបខ្មែរ គឺយើងរុញលេខ (-1) ឆ្លងទៅផ្នែកម្ខាងទៀតនៃសញ្ញា (=) ដោយប្តូររូបភាពរបស់វាពី (-1) ឲ្យទៅជា (+1) វិញ ។ យើងបាន X = 2 + 1 ។ បន្ទាប់មក X = 3 ។ ប៉ុន្តែ អាមេរិកាំងគេមិនធ្វើដូច្នេះទេ ។ គេធ្វើរបៀប Process of Elimination ។ X + 1 - 1 = 2 + 1 => X + 1 - 1 = 3 => X = 3 ។ លទ្ធផលដូចគ្នា ។ តែបើយើងមើលជាជំហាន គឺដោះស្រាយរបៀបខ្មែរមានពីរជំហាន ។ របៀបអាមេរិកាំងមានបីជំហាន ។ ទង្រង់ខុសគ្នាមួយទៀតដែលខ្ញុំកត់សម្គាល់គឺរបៀបចែកលេខ ។ ខ្មែរយើងគូសបន្ទាត់បញ្ឈរមួយ និងគូសបន្ទាត់ផ្តេកមួយចេញពីពាក់កណ្តាលបន្ទាត់បញ្ឈរមកខាងស្តាំ ។ យើងដាក់លេខតួចែកនៅខាងលើបន្ទាត់ផ្តេក និងលេខតំណាងចែកនៅខាងឆ្វេងបន្ទាត់បញ្ឈរ ។ ឯផលចែកយើងដាក់នៅផ្នែកខាងក្រោមបន្ទាត់ផ្តេក ។ ចំណែករបៀបចែកលេខរបស់អាមេរិកាំង គេគូសសញ្ញា រ៉ាឌីកាល់ ហើយដាក់លេកតួចែកនៅខាងមុខសញ្ញារ៉ាឌីកាល់ តំណាងចែកនៅខាងក្នុងសញ្ញារ៉ាឌីកាល់ និង ផលចែកនៅផ្នែកខាងលើសញ្ញារ៉ាឌីកាល់ ។ ខ្ញុំវង្វេងច្រើនដងហើយពេលរៀនចែកលេខរបៀបអាមេរិកាំងនេះ ។ គឺភាពខុសគ្នាទាំងនេះហើយដែលយើងត្រូវទៅរៀន ឬក៏ហ្វឹងហ្វឺនផ្នែក ប៉េដាហ្គូហ្សី សាឡើងវិញប្រសិនបើយើងជាអតីតគ្រូបង្រៀនហើយចង់ចាប់យកអាជីពនេះជាថ្មី ។ កាលរៀននៅថ្នាក់ទីបញ្ចប់នៅវិទ្យាល័យមួយក្នុងស្រុកអាមេរិក ខ្ញុំធ្លាប់ចងមិត្តនឹងគ្រូគណិតវិទ្យាវ័យក្មេងមួយរូប ហើយបង្ហាញគាត់អំពីវិធីដោះស្រាយចំណោទគណិតសាស្ត្រតាមរបៀបខ្មែរ ដែលហាក់ដូចជាស្រណុកចងចាំជាង ។ គាត់យកវិធីនោះទៅបង្រៀនកូនសិស្សគាត់ ។ ពួកគេវិលក្បុងឡប់អាចម៍ខ្សៀ ។ គាត់មកប្រាប់ខ្ញុំវិញថា វិធីសាស្ត្រដោះស្រាយគណិតសាស្ត្រតាមរបៀបអ្នកពន្យល់នោះ អនុវត្តិទៅមិនរួចទេ ។ និយាយរួម កូនសិស្សអាមេរិកាំងចាប់ពីកម្រិតបឋមសិក្សាឡើងទៅ ដោះស្រាយចំណោទគណិតសាស្ត្រតាមរបៀបមួយដែលគេហៅថា PEMDAS (Parentheses, Exponent, Multiplication, Division, Addition, and Substraction) ។ វាជាលំដាប់លំដោយដោះស្រាយលំហាត់គណិតសាស្ត្រជាជំហានៗ ទោះបីលំហាត់ងាយស្រួលយ៉ាងណាក៏គេមិនផ្គុំជំហានរបស់វាដែរ ។ សូមនិយាយអំពីឱកាសនៅក្នុងឧបស័គ្គវិញម្តង ។ ឱកាសនៅទីនេះ គឺខ្ញុំចង់និយាយអំពីអាជីពជាគណនេយ្យករ ។ អ្នកដែលមានអាជីពជាគណនេយ្យករ មិនចាំបាច់ទៅរៀនសាឡើងវិញទេ ប្រសិនបើយើងដឹងអំពីទីផ្សារការងារមួយដែលមនុស្សភាគច្រើនមើលរំលង ។ សំបុកការងារនោះគឺនៅក្នុងស្ថាប័ន មូលនិធិ (Foundations) ។ នៅស្រុកអាមេរិកមានមូលនិធិតូចធំរាប់ពាន់ ឬរាប់មិនអស់ ។ គេហៅស្ថាប័នទាំងនេះថា អង្គការមិនរកកម្រៃ (Non-Profit Organizations) ដែលមានមុខងារស្រដៀងគ្នានឹងអង្គការ NGO នៅស្រុកខ្មែរដែរ ។ មូលនិធិមានបីប្រភេទគឺ Foundation, Charitable Trust, and Endowment ។ ចំណុចរួមរបស់មូលនិធិទាំងបីនេះគឺបរិច្ចាគប្រាក់កាក់ធ្វើការងារមនុស្សធម៌ ។ មូលនិធិទាំងបីប្រភេទនេះប្រៀបដូចជាឃ្លាំងប្រាក់ដែលមិនចេះរីងស្ងួត ទោះបីសេដ្ឋកិច្ចពិភពលោកជួបនឹងវិបត្តិយ៉ាងណាក៏ដោយ ។ ដោយហេតុតែគោលដៅចម្បងរបស់មូលនិធិគឺធ្វើកិច្ចការមនុស្សធម៌ ដូច្នេះការជ្រើសរើសបុគ្គលិកគឺមិនសូវមានការរើសអើងរឿងសញ្ញាប័ត្រទេ ។ បើយើងមានសមត្ថភាពធ្វើកិច្ចការបានសមរម្យល្មម គឺគេទទួលយកយើងឲ្យធ្វើការងារនៅក្នុងស្ថាប័នគេហើយ ពីព្រោះជួយមនុស្សដែលជួបឧបស័គ្គនៅក្នុងដំណើរជីវិត ក៏ជាកិច្ចការមនុស្សធម៌ដែរ ។ តាមពិតទង្វើមនុស្សធម៌នេះគឺទទួលបានផលទ្វេគុណ ។ ទីមួយ ជួយមនុស្សដែលជួបឧបស័គ្គទទួលបានការងារស្របតាមអាជីពរបស់ខ្លួន ។ ទីពីរ បុគ្គលិកដែលគេសង្គ្រោះចេញពីឧបស័គ្គបាត់បង់អាជីពនេះ នឹងធ្វើការងារក្នុងបេសសកកម្មជួយមនុស្សដែលជួបឧបស័គ្គមួយជាន់ទៀត ។ មូលនិធិដែលពិភពលោកស្គាល់ច្រើនជាងគេគឺ World Wildlife Fund and Gate Foundation ។ តើមូលនិធិទាំងនេះបានប្រាក់មកពីណា ។ និយាយឲ្យងាយយល់គឺបានមកអំពីប្រាក់ចំណេញរបស់ពាណិជ្ជករនិងមហាសេដ្ឋី ដែលមិនចង់បង់ពន្ធលើប្រាក់ចំណូលរបស់ខ្លួន ទៅឲ្យរតនាគារជាតិ ។ អាមេរិកមានច្បាប់មួយដែលគេហៅថា 501C(3) ។ មូលនិធិទាំងអស់គឺចុះបញ្ជីក្រោមច្បាប់នេះឯង ។ អ្នកដែលជាប់ពន្ធប្រាក់ចំណូលប្រចាំឆ្នាំ អាចបង្វិលប្រាក់បង់ពន្ធនោះ ទៅបរិច្ចាគឲ្យមូលនិធិ ។ រដ្ឋតម្រូវឲ្យមូលនិធិចំណាយថវិការបស់ខ្លួនពី ៣ ទៅ ៥ ភាគរយរៀងរាល់ឆ្នាំ ។ គួរកត់សម្គាល់ថា ថវិការបស់មូលនិធិជាទូទៅស្ថិតនៅក្នុងធនាគារឯកជនដែលយកថវិការទាំងនោះទៅប្រើជាប្រាក់កម្ចី ។ ការប្រាក់មួយផ្នែកដែលបានមកអំពីប្រាក់កម្ចីទាំងនោះ ត្រូវបានគេបង្វិលចូលទៅក្នុងថវិការបស់មូលនិធិជាប្រចាំ ។ បើយើងបូកបញ្ចូលការប្រាក់ជាមួយនឹងប្រាក់ដែលទទួលបានពីការបរិច្ចាគ វាមិនតិចជាង ៣ ទៅ ៥ ភាគរយទេ ។ គឺចំណុចនេះហើយ ដែលថវិការបស់មូលនិធិភាគច្រើន មិនចេះរីងស្ងួតនោះ ។ បើនិយាយអំពីសុវត្ថិភាពការងារវិញ គ្មានទីណាមានសុវត្ថិភាពជាងនៅក្នុងមូលនិធិទេ ។ ស្ថាប័នដទៃអាចដាច់ប្រាក់ខែ ។ ប៉ុន្តែ បុគ្គលិកធ្វើការនៅក្នុងមូលនិធិមិនងាយដាច់ប្រាក់ខែឡើយ ។ បើនិយាយអំពីបន្ទាត់បៀវត្សរ៍វិញ វាក៏មានភាពទូលំទូលាយ (Generous) ជាងគេដែរ ៕

Monday, March 4, 2024

ចំណីខួរក្បាល

គ្រាប់ស្រូវ និង អង្ករ ថ្ងៃមុន ខ្ញុំអានអត្ថបទបកប្រែរបស់អ្នកគ្រូ ប៉ែន សេដ្ឋារិន ស្តីអំពីគោលគំនិតនៅក្នុងព្រះពុទ្ធសាសនាមហាយាន និយាយអំពីសារប្រយោជន៍និងភាពខុសគ្នារវាង គ្រាប់ស្រូវមួយគ្រាប់និងអង្កររាប់ម៉ឺនការុង ។ វាជាការប្រៀបធៀបក្នុងន័យ មេតាហ្វ័រ (Metaphor) ពាក់ព័ន្ធនឹងសភាវទ្រទ្រង់ជីវិត ថាតើរវាងគ្រាប់ស្រូវមួយគ្រាប់និងអង្កររាប់ម៉ឺនការុង មួយណាមានសក្តានុពល ឬសារប្រយោជន៍ជាង ។ ការប្រៀបធៀបនោះគឺសំដៅដល់សារសំខាន់នៃដំណើរបានដល់ បរិនិព្វាន នៃបុគ្គលត្រាសដឹង និង ការលះបង់បរិនិព្វាន ដើម្បីបន្តស្ថិតនៅជាមួយនឹងសត្វលោករបស់បុគ្គលដែលអាចត្រាសដឹង ។ ដំណើរលះបង់បរិនិព្វាន គឺប្រៀបបាននឹងគ្រាប់ស្រូវមួយគ្រាប់ ដែលជួយផ្តល់លទ្ធភាពឲ្យមនុស្សយកទៅដាំដុះពង្រីកផលទ្រទ្រង់ជីវិត ។ បរិនិព្វានគឺប្រៀបបានទៅនឹងអង្កររាប់ម៉ឺនការុងនៅក្នុងឃ្លាំងសម្រាប់ទ្រទ្រង់ជីវិតមនុស្ស ។ វាជាសភាវទ្រទ្រង់ដូចគ្នា គ្រាន់តែមួយស្ថិតនៅជាមួយនឹងជីវិតមនុស្សជានិរន្ត និង មួយទៀតនឹងផុតរលត់អស់រលីងទៅនៅថ្ងៃមួយ ។ នៅពេលយើងនិយាយអំពីព្រះពុទ្ធសាសនាមហាយាន គឺយើងនិយាយអំពីព្រះពោធិសត្វ ដែលមានលទ្ធភាពឆ្លងទៅកាន់បរិនិព្វាន ប៉ុន្តែមិនធ្វើដំណើរទៅកាន់បរិនិព្វានទេ ។ គោលបំណងរបស់ព្រះពោធិសត្វគឺបន្តជីវិតកើតរលត់ៗជាមួយនឹងសត្វលោកជានិរន្ត ដើម្បីធ្វើជាប្រទីបបំភ្លឺផ្លូវដំណើរសត្វលោកទៅរកសេចក្តីសុខ ។ ឯព្រះពុទ្ធដែលជាបរមគ្រូរបស់សាសនិកព្រះពុទ្ធសាសនា ហីនយាន ក៏ដូចជាមហាយានដែរនោះ ព្រះអង្គបានសម្រេចផ្តាច់ជីវិតចេញអំពីសត្វលោកដោយបន្សល់ទុកនូវព្រះគម្គីរ ឬពុទ្ធោវាទនានាសម្រាប់ធ្វើជាប្រទីបបំភ្លឺផ្លូវដំណើរសត្វលោកទៅរកសេចក្តីសុខដែរ ។ ព្រះពុទ្ធទ្រង់មានពុទ្ធដីការថា គម្ពីរឬពុទ្ធោវាទរបស់ទ្រង់នឹងរលាយសូន្យសុងទៅនៅរយៈពេល ៥០០០ឆ្នាំ ។ នេះហើយគឺជាភាពខុសគ្នារវាងគ្រាប់ស្រូវមួយគ្រាប់នៅក្នុងទិដ្ឋិនៃព្រះពុទ្ធសាសនាមហាយាននិយម និង អង្កររាប់ម៉ឺនការុងនៅក្នុងទិដ្ឋិនៃព្រះពុទ្ធសាសនាហីនយាននិយម ។ ទស្សនព្រះពុទ្ធសាសនាកើតចេញអំពីការត្រាសដឹងរបស់បុគ្គលមួយរូប គឺសមណ សិទ្ធត្ថ គោតម ឬព្រះពុទ្ធ ។ បន្ទាប់ពីព្រះអង្គចូលបរិនិព្វានទៅ សាវ័ករបស់ទ្រង់បានធ្វើ មុខបាឋសង្គាយនាភ្លាមៗ ដើម្បីកត់ចំណាំនិងថែរក្សាពុទ្ធវចនឲ្យនៅដូចដើម ។ និយាយឲ្យចំគឺ ដើម្បីរក្សាទិដ្ឋិរបស់ព្រះអង្គកុំឲ្យវៀចវេរអត្ថន័យ ។ កាលនោះ មិនទាន់មានមធ្យោបាយកត់ត្រាជាលាយលក្ខអក្សរទេ ។ ដូច្នេះ អ្វីៗគឺអាស្រ័យដោយការចងចាំរបស់មនុស្ស ។ ដំណើរបែបបទតាំងសីល សមាធី និងភាវនាតាមមាគ៌ាទៅដល់នាទីជា ព្រះអរហន្ត និង ព្រះពោធិសត្វ គឺមាននៅក្នុងការចងចាំសាវ័កទាំងនោះ ។ ក៏ប៉ុន្តែ ប្រការដែលថាបុគ្គលដែលអាចទៅដល់និព្វាន តែសម្រេចចិត្តរស់នៅក្នុងភាវកើតរលត់ៗបន្តទៅទៀត គឺជាប្រការមួយដែលស្ថិតនៅក្នុងភាពចម្រូងចម្រាស ។ ដោយហេតុតែព្រះពោធិសត្វជាបុគ្គល ដែលមានការយល់ដឹងខ្ពស់ជាងគេបំផុតនៅក្នុងឋានានុក្រមព្រះពុទ្ធសាសនា ដូច្នេះគ្មាននរណាអាចវាស់កម្រិត ឬមើលយល់ថាបុគ្គលនោះអាចឈោងទៅដល់បរិនិព្វានឡើយ ។ ជាលទ្ធផល បុគ្គលដែលតាំងខ្លួនជាព្រះពោធិសត្វនឹងអាចកើតមានពាសវាលពាសកាល ។ ទុករឿងចម្រូងចម្រាសនេះមួយកណ្តុប ។ និយាយអំពីព្រះពុទ្ធសាសនាមហាយាននិងហេតុផលនៃការបង្កើតទិដ្ឋិ គ្រាប់ស្រូវនិងអង្ករវិញម្តង ។ ព្រះពុទ្ធសាសនាមហាយានកើតចេញអំពីការយល់ឃើញរបស់បុគ្គលពីររូបគឺ នាគជន (Nagarjuna) និង សន្តិទេវ (Shantideva) ។ ពួកគាត់មានជីវិតរស់នៅក្នុងសតវត្សទី ២ និង ទី ៧ នៃគ្រីស្តសករាជ ។ បើតាមការសង្កេតអំពីទិដ្ឋិរបស់បុគ្គលទាំងពីររូបនេះ យើងអាចសន្និដ្ឋានបានថា ពួកគេគឺជាកូនសិស្សឬសាវ័កដែលមិនសូវបានបទរបស់ព្រះពុទ្ធ (Non-conformist students) ។ ឯប្រការដែលពួកគេបង្កើតគំនិតព្រះពោធិសត្វមិនលុះនៅក្នុងការត្រាច់ចរទៅកាន់បរិនិព្វាននោះ ក៏ប្រហែលជាស្ថិតនៅក្នុងការមិនទទួលស្គាល់ថា ព្រះពុទ្ធសាសនានឹងរលាយរលត់ផុតអសង្ខេយ្យ នៅនាទីចុងក្រោយនៃថ្ងៃគម្រប់ ៥០០០ឆ្នាំ ។ តើទស្សន ឬ ទិដ្ឋិ ឬក៏របកគំហើញមួយដែលមានសច្ចភាពជាស្នូល អាចរលត់រលាយទៅវិញបានដែរទេ ? ដាច់ខាតគឺមិនអាចឡើយ ។ សច្ចៈ មិនអាចរលុបរលាយទៅវិញទេ ។ វាអាចរលាយទៅបាន តែនៅក្នុងករណីមួយគត់ ។ គឺភពផែនដីនេះរលាយបាត់រូបរាងទៅវិញដោយប្រការណាមួយ ។ ឯរឿងគ្រាប់ស្រូវនិងអង្ករ មេតាហ្វ័រ ក៏ប្រហែលជាផ្អែកលើមូលដ្ឋាននៃភាវអមតនៃសច្ចភាពនេះដែរ ។ ប្រការនេះ យើងត្រូវរង់ចាំរហូតដល់ព្រះពុទ្ធសាសនាមានអាយុគ្រប់ ៥០០០ឆ្នាំទើបអាចរកខុសត្រូវឃើញ ។ ទំរាំតែដល់ថ្ងៃនោះ ស្មេរខ្ញុំមិនដឹងជាក្លាយទៅជាអ្វីទេ ។ ក៏ប៉ុន្តែ ខ្ញុំជឿជាក់ថា ព្រះពុទ្ធសាសនាមិនរលាយរលត់ត្រឹមរយៈពេល ៥០០០ឆ្នាំទេ ដរាបណាភពផែនដីនេះមិនរលាយទៅវិញ ។ គ្រាប់ស្រូវនៅក្នុងទិដ្ឋិព្រះពុទ្ធសាសនាមហាយាន នឹងនៅតែបន្តអត្ថិភាពដុះលូតលាស់របស់ខ្លួនរៀងរហូតទៅមុខទៀត ៕

Friday, February 23, 2024

ចំណីខួរក្បាល

អត្ថន័យជីវិត ជីវិតគ្មានន័យអ្វីទេ ។ មានតែពាក្យសម្តីប៉ុណ្ណោះ ដែលមានន័យ ។ "Life doesn't have any meaning; only word has meaning." ពាក្យពីរឃ្លានេះ អាចចាត់ទុកថាជាកម្មសិទ្ធិបញ្ញារបស់ខ្ញុំ ដ្បិតវាមានលក្ខណៈរឡិករឡក់ (Silly) គ្រប់គ្រាន់សម្រាប់ពិចារណារកហេតុផល ។ អត្ថិភាពជីវិត បើគិតឲ្យវែងឆ្ងាយគឺគ្មានន័យអ្វីទាំងអស់ ។ ហេតុអ្វីបានជាយើងអះអាងដូច្នេះ ។ ពីព្រោះអត្ថិភាពនៃជីវិត គឺគ្មានអ្វីក្រៅតែអំពីភាវ កើតរលត់ៗ នៅក្នុងដំណើរធម្មជាតិនោះទេ ។ ទាំងសត្វតិរច្ឆាន ទាំងមនុស្ស មិនថាជាស្តេច មន្ត្រី សេដ្ឋី ឬក៏រាស្ត្រក្រីក្រតោកយ៉ាកឡើយ សុទ្ធតែស្ថិតនៅក្នុងភាវ កើតរលត់ៗដូចគ្នា ។ បើគិតឲ្យល្អិតទៅ អត្ថិភាពនៃជីវិតដែលអាចមានថេរវេលាពី ១ថ្ងៃ ទៅ ១០០ឆ្នាំ (លើសខ្វះតិចតួច) គឺគ្មានអ្វីវិសេសវិសាលដែលអាចចាត់ទុកថា មានន័យឡើយ ។ កត្តាតែមួយគត់ដែលជាមែកធាងនៃអត្ថិភាពជីវិត គឺការបន្តពូជ ឬការបន្តភាវកើតរលត់ៗ ។ ការបន្តពូជ ឬភាវកើតរលត់ៗនេះទៀតសោត ក៏មិនមែនជាស្នាដៃ ឬក៏តាក់តែងចេញអំពីជីវិតដែរ ។ វាគ្រាន់តែជាសភាវគតិដែលធម្មជាតិតាក់តែងឡើង ដើម្បីដាក់ទណ្ឌកម្មលើជីវិតមនុស្សនិងសត្វជានិរន្ត (Perpetually) ឲ្យបន្តអត្ថិភាពរបស់ខ្លួនកំដរភពផែនដីកុំឲ្យស្ងាត់តែប៉ុណ្ណោះ ។ មនុស្សជាច្រើនយល់ច្រឡំថា ជីវិតមានន័យ ដ្បិតខ្លួនរកបានសុភមង្គល និងបានចែករំលែកសុភមង្គលទៅដល់អ្នកដទៃ ។ តាមពិត រកបានសុភមង្គលនិងចែករំលែកសុភមង្គល គឺអាស្រ័យដោយកម្ម ឬទង្វើ ដែលជាកត្តាមួយដាច់ដោយឡែកអំពីជីវិត ។ ថ្វីដ្បិតតែជីវិត និងកម្មហាក់ដូចជាមានរូបតែមួយក្តី ប៉ុន្តែអត្ថិភាពរបស់វាគឺមានលក្ខណៈជាភាវទ្រទ្រង់គ្នាទៅវិញទៅមក (Symbiotic Existence) ។ ជីវិតបង្កើតកម្ម ។ កម្មផ្តល់លទ្ធភាពឲ្យជីវិតមានអត្ថិភាព (Life creates action; action gives existence to life) ។ គួរកត់សម្គាល់ថា កម្មផ្តល់ត្រឹមតែលទ្ធភាពឲ្យជីវិតមានអត្ថិភាពប៉ុណ្ណោះ ។ អត្ថន័យផងទាំងពួងគឺស្ថិតនៅជាមួយនឹងកម្មទាំងអស់ ។ គួរកត់សម្គាល់ថែមទៀតថា កម្មប្រព្រឹត្តិទៅបានដោយមានភ្នាក់ងារបីជាជំនួយគឺ៖ កាយ វាចា និង ចិត្ត ។ គួរកត់សម្គាល់ដែរថា វាចា ឬពាក្យសម្តី ដែលខ្ញុំពណ៌នានៅចំណុចចាប់ផ្តើមនៃអត្ថបទនេះ គឺជាផ្នែកមួយនៃកម្ម ។ ទាំងមនុស្ស ទាំងសត្វ ពេលយើងកើតចេញពីផ្ទៃម្តាយ ឬចាប់កំណើតភ្លាមគឺយើងកម្រើងដៃជើងនិងស្រែកយំ ។ នេះគឺជាភស្តុតាងនៃកម្មកាយនិងវាចា ។ កម្មកាយនិងវាចានេះគឺត្រូវបានបញ្ជាឬដឹកនាំដោយចិត្ត ។ ដូច្នេះ កាយកម្មំ និង វាចាកម្មំ កើតចេញអំពី មនោកម្មំ ។ ដើម្បីងាយស្រួលនៅក្នុងការស្វែងយល់ នៅពេលយើងនិយាយអំពី កម្ម ឬ ទង្វើ ដែលជាភ្នាក់ងារ ឬក៏ដៃគូនៃជីវិត យើងគួរកត់សម្គាល់ថា រាល់ទង្វើនានាមានប្រភពចេញមកពីក្នុងចិត្ត ឬមនោ ។ ជីវិតជាជម្រករបស់ចិត្ត ឬមនោ ។ ចិត្តកម្ម ឬ មនោកម្មំ ជាជម្រកឬជាឫសគល់របស់ វាចាកម្មំ និង កាយកម្មំ ។ នៅវគ្គខាងលើ ខ្ញុំអះអាងថា ជីវិត និង ទង្វើ ឬកម្ម ជាសភាវពីរដាច់ដោយឡែកពីគ្នា ។ វាមានទំនាក់ទំនងនឹងគ្នាជាលក្ខណៈ "ទ្រទ្រង់ ឬពឹងទៅពឹងមក" (Symbiosis) ។ តើយើងញែកភាវពីរដែលមានទំនាក់ទំនងនឹងគ្នា (Interdependent) ដោយរបៀណា ? ប្រការនេះ ប្រហែលជាត្រូវពឹងលើកម្មហើយ ។ នៅក្នុងកម្មមានភាវពីរដែលភាសាអង់គ្លេសហៅថា Dichotomy (អង្គភាពភ្លោះ) ។ ថ្វីដ្បិតតែពាក្យ Symbiosis and Dichotomy មិនមានអត្ថន័យដូចគ្នាបេះបិទក៏ដោយ ក៏ប៉ុន្តែវាមានទម្រង់ជាគូនិងមានមុខងារស្រដៀងគ្នា ។ យើងអាចហៅអង្គភាពភ្លោះនេះថា Good and Evil (កុសលកម្ម និង អកុសលកម្ម) ។ និយាយឲ្យងាយយល់មែនទែនគឺ ទង្វើគុណធម៌ និង ទង្វើអគុណធម៌ ។ មកដល់ចំណុចនេះ យើងប្រហែលជាមិនចាំបាច់វែកញែកវែងឆ្ងាយតទៅទៀតទេ ។ កុសលកម្ម និង អកុសលកម្ម ប្រៀបបានទៅនឹង ទឹក ហើយនិង ប្រេង ។ វាជាវត្ថុរាវដូចគ្នា ។ អាចមានអត្ថិភាពនៅជាមួយគ្នាបាន ។ ក៏ប៉ុន្តែ សារធាតុរបស់វា មិនអាចជ្រាបចូលគ្នាបានឡើយ ។ យ៉ាងណាមិញ ជីវិត និង កម្ម ក៏មិនអាចច្របូកចូលគ្នាបានដែរ ។ ជីវិត មានកម្មជាដៃគូ ។ កម្ម មានកុសលនិងអកុសលជាកូន ។ ជីវិតនិងកម្មជ្រកនៅក្នុងរូប ។ កុសលនិងអកុសលជ្រកនៅក្នុងកម្ម ។ ភាវទាំងអស់នេះ ប្រៀបបាននឹងសមាជិកគ្រួសារនៅក្នុងផ្ទះតែមួយ ប៉ុន្តែមានអត្តសញ្ញាណនិងអាកប្បកិរិយា (Characters) ដាច់ដោយឡែកអំពីគ្នា ។ ដូច្នេះ នៅពេលដែលយើងពិនិត្យពិចារណាឲ្យបានល្អិតល្អន់ យើងនឹងមើលឃើញថា ភាវរបស់ជីវិតគឺ កើតរលត់ៗ ។ នោចន្លោះពេលកើតរលត់នេះ ជីវិតបង្កើតជីវិតថ្មីដើម្បីបន្តអត្ថិភាពនៃភាវកើតរលត់ៗនៅលើភពផែនដីតរៀងទៅ ។ នៅចំពោះមុខភាវកើតរលត់ៗនេះ យើងអាចសួរខ្លួនឯងថា តើជីវិតមានន័យនៅត្រង់ណា ។ បើយើងរកអត្ថន័យមិនឃើញទេ នោះជីវិតពិតជាគ្មានន័យអ្វីឡើយ ៕

Monday, February 5, 2024

ចំណីខួរក្បាល

ខូចភ្នែក និង ភ្នែកខូច បច្ចុប្បន្ន យើងយល់ដឹងស្ទើរតែគ្រប់ៗគ្នាថា ឲ្យកូនក្មេងមើលអាយផេត ឬក៏អាយហ្វូនច្រើនពេក មិនល្អទេ ។ ប៉ុន្តែ មិនល្អត្រង់ណា គ្មាននរណាដឹងឲ្យប្រាកដឡើយ ។ យើងគ្រាន់តែដឹងថា វាបង្កឲ្យឆាប់ខូចភ្នែក ។ ចុះមនុស្សពេញវ័យសព្វថ្ងៃ ដែលមើលកញ្ជក់ទូរសព្ទឬក៏កំព្យូទ័រស្ទើរតែរាល់ថ្ងៃ ម្តេចក៏មិននិយាយអំពីរឿងខូចភ្នែកផង ។ ភ្នែកចាស់ភ្នែកក្មេង មានអ្វីខុសគ្នាទៅ ។ តែខូចហើយ គឺវេទនាដូចតែគ្នាហ្នឹង ។ សូមកុំភ្លេចថា ពន្លឺភ្នែកនិងរូបរបស់យើង គឺស្ថិតនៅក្នុងដំណើរ កើត ចាស់ ឈឺ ស្លាប់ ដូចគ្នា ។ ពេលយើងចាស់ជរាដល់ដំណាក់កាលចុងក្រោយនៃជីវិត ភ្នែកយើងក៏ងងឹតមើលអ្វីលែងឃើញដែរ ។ ដើម្បីថែរក្សារូបឲ្យរឹងមាំបានយូរ យើងហាត់ប្រាណ ។ ដូចគ្នាដែរ ភ្នែកដែលស៊ាំជាមួយនឹងពន្លឺអេក្រង់ឧបករណ៍នានា អាចនឹងធន់ប្រើការបានយូរជាងភ្នែកដែលមិនស៊ាំផងក៏មិនដឹង ។ សព្វថ្ងៃ សម្ភារៈប្រើប្រាស់និងសម្រាប់ប្រកបការងារជាច្រើន សុទ្ធតែប្រើអេក្រង់សម្រាប់មើល ។ អ៊ីចឹងទេ ចង់គេចទៅរស់នៅក្នុងរន្ធក្តាម ក៏គេចអំពីពន្លឺចេញពីក្នុងកញ្ចក់អេក្រង់ឧបករណ៍មិនរួចដែរ ។ កូនខ្ញុំទាំងពីរនាក់ ត្រូវបានអនុញាតិឲ្យប្រើអាយផេត ឬថេបឡិត តាំងតែពីពួកគេមានអាយុពីរឆ្នាំម្លេះ ។ មូលហេតុដែលយើងសម្រេចចិត្តធ្វើដូច្នេះ មិនមែនដោយសារតែយើងសម្បូរប្រាក់ទិញសម្ភារឲ្យកូនប្រើទេ ។ គឺដោយសារតែអព្ភូតហេតុមួយដែលភាសាអង់គ្លេសហៅថា Imprinting (យកតម្រាប់តាម ឬរៀនធ្វើតាម) ។ នៅក្នុងដំណើរធម្មជាតិនៃជីវិតមនុស្សនិងសត្វ យើងរៀនរស់នៅដោយយកតម្រាប់តាម ឬធ្វើតាមឪពុកម្តាយនិងមនុស្សនៅជុំវិញខ្លួន ។ ក្មេងដែលមានឪពុកម្តាយធ្វើស្រែចម្ការ ពួកគេនឹងរៀនភ្ជួររាស់ដាំដុះដកស្ទូង នៅពេលដែលពួកគេចម្រើនវ័យធំល្មមនឹងធ្វើកិច្ចការទាំងនោះកើត ។ ដូចគ្នាដែរ ក្មេងដែលមានឪពុកម្តាយប្រកបការងារ ឬលេងហ្វេសប៊ុក ជាមួយនឹងអាយហ្វូន ឬអាយផេតជាប្រចាំ ពួកគេប្រាកដជាធ្វើតាមយើងជៀសមិនរួចឡើយ ។ នេះគឺជាកត្តាមួយដែលយើងសម្រេចឲ្យកូនប្រើអាយផេត ។ កត្តាមួយទៀតគឺ អាយផេតវាមានទំហំធំជាងអាយហ្វូន ៦ដង ។ ដូច្នេះ ទំហំរូបនិងអក្សរនៅក្នុងអាយផេតក៏វាធំៗជាងនៅក្នុងអាយហ្វូន ៦ដងដែរ ។ ទំហំខុសគ្នានេះ អាចជួយកាត់បន្ថយល្បឿននៃការខូចភ្នែក ។ ម៉ែឪ ដែលមិនអាចទប់ស្កាត់ ឬក៏កាត់បន្ថយមិនឲ្យកុមារប្រើអាយហ្វូន ឬអាយផេត ប្រហែលជាមានច្រើន ។ រឿងក្តៅក្រហាយជាមួយនឹងក្មេងជក់មើលអាយហ្វូន ឬអាយផេត ភ្លេចការរៀនសូត្រក៏ប្រហែលជាមានច្រើនដែរ ។ អត្ថបទនេះ គ្រាន់ជាបទពិសោធមួយចេញអំពីគ្រួសារខ្ញុំតែប៉ុណ្ណោះ ។ មធ្យោបាយគ្រប់គ្រងក្មេង និងជម្រុញឲ្យក្មេងទាញយកសារប្រយោជន៍អំពីការមើលថេបឡិត ប្រហែលជាមានច្រើនសណ្ឋាន ។ សម្រាប់កូនខ្ញុំដែលប្រើភាសាអង់គ្លេសជាយាន យើងព្យាយាមលើកទឹកចិត្តពួកគេឲ្យមើលកម្មវិធីពាក់ព័ន្ធនឹងការអប់រំច្រើន ដោយផ្អែកលើការអភិវឌ្ឃរបស់កុមារ (Child developmental progress) ។ ពេលពួកគេមិនទាន់ចាប់ផ្តើមការសិក្សាជាផ្លូវការនៅក្នុងសាលា យើងដោនឡូតកម្មវិធីកុនតុក្កតារបស់ទូរទស្សន៍សាធារណឲ្យពួកគេមើល ។ បន្ទាប់មកគឺកម្មវិធីនានាដែលពាក់ព័ន្ធនឹងការសិក្សាចាប់ពីថ្នាក់មតេយ្យឡើងទៅ ។ ចំណុចដ៏សាមញ្ញមួយដែលអ្នកប្រើ អាយហ្វូន ឬឧបករណ៍វៃឆ្លាតសម័យនេះគួរដឹងគឺ ទំនាក់ទំនងប្រធានបទ (Related contents) ។ នៅពេលដែលយើងស្រាវជ្រាវរាវរក ឬក៏ដោនឡូតប្រធានបទឬមុខវិជ្ជាអ្វីមួយនៅក្នុងយូធ្យូប មកដាក់ក្នុងឧបករណ៍របស់យើង មុខវិជ្ជាស្រដៀងគ្នានោះជាច្រើនទៀតនឹងលោតមកតម្រៀបជួរគ្នាឲ្យយើងមើលជាបន្តបន្ទាប់ ។ ដូច្នេះ បញ្ហាដែលក្មេងចូលទៅមើលកម្មវិធីដែលយើងមិនចង់ឲ្យពួកគេមើលអាចកាត់បន្ថយបានច្រើន ។ ចំណុចសំខាន់មួយទៀត គឺទង្វើរបស់ឪពុកម្តាយ ។ បើយើងមិនចង់ឲ្យក្មេងលេងហ្គេម យើងមិនត្រូវលេងហ្គេមទេ ។ ការគ្រប់គ្រងកម្មវិធីដែលក្មេងមើលក៏ដូចគ្នាដែរ ។ មិនត្រូវតាមជិះជាន់សង្កត់សង្កិនបិទសិទ្ធិពួកគេដោយចំហទេ ។ នៅក្នុងកម្មវិធីប្រើប្រាស់ឧបករណ៍វៃឆ្លាត (Smart devices) មានសំណល់ដានរបស់វាដែលភាសាអង់គ្លេសហៅថា Threads or Cookies ។ ពេលកុមារទៅរៀនបាត់ ឬក៏ស្ងាត់កំបាំងអំពីពួកគេ យើងអាចចូលមើលនៅក្នុងសំណល់ដានទាំងនោះ ហើយលុបចោល ឬដកចេញកម្មវិធីណាដែលយើងមិនចង់ឲ្យក្មេងមើលជាប្រចាំ ។ វាមិនអាចលុបបំបាត់ចោលបានទាំងស្រុងទេ តែអាចកាត់បន្ថយបានច្រើន ។ ការអនុវត្តិនេះ គឺត្រូវធ្វើតាំងតែពីកុមារនៅតូចក្រូចឆ្មាររហូតដល់ពេញវ័យ ។ ពេលពួកគេអាយុ ១៥ ឬ ១៦ឆ្នាំ អ្វីៗលែងសំខាន់ហើយ ដ្បិតបើចង់ត្រួតត្រាពួកគេអំពីការប្រើប្រាស់ឧបករណ៍ឆ្លាតវៃ ក៏ទៅលែងរួចដែរ ។ និយាយអំពីសារប្រយោជន៍ ដែលក្មេងទទួលបានអំពីការប្រើឧបករណ៍ឆ្លាតវៃវិញម្តង ។ កូនរបស់ខ្ញុំយល់ដឹងអំពីការប្រើប្រាស់ឧបករណ៍ឆ្លាតវៃ ច្បាស់លាស់ជាងខ្ញុំ ។ បើនិយាយអំពីវាយអង្គុលីលេខវិញ វាអាចវាយបានលឿនជាងខ្ញុំទ្វេដង ។ ខ្ញុំមិនចាំបាច់ចំណាយប្រាក់ឲ្យពួកគេរៀនវាយអង្គុលីលេខទេ ។ ពួកគេដឹងអំពីរបៀបវាយអង្គុលីលេខច្បាស់លាស់ជាងខ្ញុំទៅទៀត ។ តាមពិត ចំណេះជំនាញជាច្រើន ពួកគេរៀនដោយខ្លួនឯងតាមរយៈអ៊ីនថឺណិត ដោយមិនចាំបាច់មានគ្រូបង្វឹកឡើយ ។ កត្តាមួយដែលយើងអាចទាញយកសារប្រយោជន៍អំពីការប្រើឧបករណ៍ឆ្លាតវៃបានច្រើនដោយមិនបាច់ប្រឹង គឺលើកទឹកចិត្ត ឬជម្រុញក្មេងឲ្យប្រើឧបករណ៍ដែលវាមាននៅក្នុងដៃ ជាជាងចំណាយពេលទេសនាបង្រៀន ឬក៏ប្រដែប្រដៅវាដោយខ្លួនឯង ។ យើងដឹងហើយថា ចំណេះដឹងរបស់យើងមិនសុក្រឹតទេ ។ ដូច្នេះ ពេលមានទំនាស់ទស្សនៈនឹងកូនក្មេងដោយប្រការណាក៏ដោយ ជម្រុញពួកគេឲ្យចូលទៅស្រាវជ្រាវស្វែងយល់ថាតើនរណាខុសនរណាត្រូវនៅក្នុងប្រព័ន្ធ Google ។ នៅក្នុងប្រព័ន្ធ Google ក៏ដូចជា Youtube ដែរ ពេលយើងស្វែងរកប្រធានបទអ្វីមួយ អត្ថបទពាក់ព័ន្ធនឹងប្រធានបទនោះនឹងលោតចេញមកបន្តកន្ទុយគ្នា ។ សារធាតុរបស់ក្មេង វាតែងតែចង់ឈ្នះមនុស្សចាស់ ។ អ៊ីចឹងទេ វានឹងព្យាយាមស្រាវជ្រាវរាវរកអានទស្សននានា ដែលអាចយកមកតតាំងនឹងយើងវិញបាន ។ ជាលទ្ធផល ចំណេះដឹងជាច្រើននឹងជ្រួតជ្រាបដល់ក្មេងដោយស្វ័យប្រវត្តិ ។ បើពួកគេរកបានចំណុច ឬទស្សនណាមួយគាប់ប្រសើរជាងអ្វីដែលយើងប្រាប់វា យើងគ្រាន់តែនិយាយថា៖ OK, you win! (ឯងឈ្នះហើយ!) វានឹងរីកមុខប៉ុនគ្រាប់ជីរ ហើយរីកថ្លើមប៉ុនមេដៃ ។ ថ្ងៃក្រោយ មិនចាំបាច់ជម្រុញពួកគេទេ ។ ឲ្យតែមានការខ្វែងគំនិតគ្នា កុមារនឹងស្រាវជ្រាវស្វែងយល់ដោយខ្លួនឯងជាប្រចាំ ។ ការសិក្សារៀនសូត្រនៅក្នុងសម័យទំនើបនេះ ខុសគ្នាអំពីសម័យមុនឆ្ងាយណាស់ ។ នៅសហរដ្ឋអាមេរិកដែលជាប្រទេសឈានមុខគេផ្នែកបច្ចេកវិជ្ជា កូនសិស្សចាប់ពីថ្នាក់ទី ៣ ឡើងទៅ គេឲ្យប្រើអាយផេត ឬថេបឡិត សម្រាប់ធ្វើកិច្ចការសាលាបណ្តើរៗហើយ ។ ទៅដល់អនុវិទ្យាល័យនិងវិទ្យាល័យ ចាប់ពីថ្នាក់ទី ៦ ដល់ថ្នាក់ទី ១២ កិច្ចការសាលាស្ទើរតែទាំងអស់ ទាំងលំហាត់ក្នុងថ្នាក់ និងក្រៅថ្នាក់ (Homeworks) គឺប្រព្រឹត្តិទៅតាមរយៈថេបឡិត ។ ដូច្នេះ ការយល់ដឹងអំពីរបៀបប្រើប្រាស់ថេបឡិតច្បាស់លាស់ វានឹងជួយសម្រួលដល់ការរៀនសូត្ររបស់ក្មេងច្រើនណាស់ ។ ឯការឃាឃាំងមិនឲ្យក្មេងប្រើថេបឡិត ដើម្បីការពារកុំឲ្យខូចភ្នែកនោះ វាប្រហែលជាមិនចាំបាច់ទេ ។ កម្មវិធីនិងការប្រើឧបករណ៍ដើម្បីសិក្សានាសម័យទំនើបនេះ វានឹងបញ្ជាក់ (Determine) អំពីផលវិបាកពន្លឺភ្នែក មិនយូរមិនឆាប់ឡើយ ។ មុននឹងបញ្ចប់អត្ថបទនេះ ខ្ញុំសូមលើកយកបទពិសោធផ្ទាល់ខ្លួនមួយមកឡកឡាយឲ្យសប្បាយដួងចៃទាំងអស់គ្នា ។ កាលខ្ញុំរៀនវាយអង្គុលីលេខនិងប្រើកំព្យូទ័រនាគ្រាដំបូងនៅឆ្នាំ ១៩៩០ ខ្ញុំឡេឡឺដូចត្រីជាប់ក្នុងលប ។ អត់ដឹងថាអ្វីជាអ្វីឡើយ ។ បើកុំតែបានក្មេងស្រីវៃឆ្លាតម្នាក់ជួយបង្ហាត់បង្ហាញខ្ញុំ ខ្ញុំមិនដឹងជាទៅភ្លឺឯណាទេ ។ បទពិសោធនោះ វាតាមលងខ្ញុំរហូតដល់សព្វថ្ងៃ ៕

Monday, January 22, 2024

ចំណីខួរក្បាល

ទិដ្ឋិអន្ទង់អាំង (Crooked Reasoning) នយោបាយគឺជារឿងងាយរៀនងាយយល់ ។ ប៉ុន្តែ ពេលយើងព្យាយាមស្វែងយល់អំពីចរិតអ្នកធ្វើនយោបាយ វាពិបាកជាងស្វែងយល់អំពីចិត្តមនុស្សស្រីហៅមិនឮ ។ ថ្មីៗនេះ ខ្ញុំបានអង្គុយមើលការពិភាក្សាគ្នាមួយទល់នឹងមួយ រវាងអ្នកសម្របសម្រួលកម្មវិធី (Host) របស់ទូរទស្សអាមេរិកាំងមួយឈ្មោះ Firing Line ជាមួយនឹងលោក គ្រីស សូនូនូ ដែលជាអភិបាលរដ្ឋ នូហាមស៊ៀ ។ លោក សូនូនូ គឺជាសមាជិកនៃគណបក្សសាធារណរដ្ឋ ដែលមានលោកអតីតប្រធានាធិបតី ដូណាល់ ត្រាំ ជាបុគ្គលដ៏មានឥទ្ធិពលជាងគេបំផុតនៅក្នុងជួរបក្ស ។ អ្វីដែលធ្វើឲ្យលោក សូនូនូ លេចធ្លោនៅក្នុងជួរបក្សស្ទើរតែដូចលោក ត្រាំ ដែរ គឺក្នុងនាមជាអភិបាលរដ្ឋរបស់គណបក្សសាធារណរដ្ឋមួយរូប លោក សូនូនូ បានប្រកាសជាសធារណៈ មិនគាំទ្រលោក ដូណាល់ ត្រាំ ជាបេក្ខជនប្រធានាធិបតីនៅក្នុងការបោះឆ្នោតនាអាណតិនេះទេ ។ លោក សូនូនូ គាំទ្របេក្ខភាពរបស់អ្នកស្រី នីគី ហេឡី ។ ខាងក្រោមនេះគឺជាសម្រង់ពីបីឃ្លាដែលខ្ញុំស្រង់ចេញពីការពិភាក្សារវាងអ្នកសម្រួលកម្មវិធីទូរទស្សន៍ (TV Host) និងលោក សូនូនូ (Sununu)៖ TV Host: What do you think about Trump as a candidate? (តើលោកវាយតម្លៃបេក្ខភាពលោក ត្រាំ ដូចម្តេចដែរ) ។ Sununu: He is unelectable. (គាត់ជាមនុស្សមិនគួរឲ្យគាំទ្រទេ ។) កំណត់ស្មេរ៖ ពាក្យនេះ បើនិយាយឲ្យត្រង់ភ្លឹងតែម្តងគឺលោក ត្រាំ ជាមនុស្សអសមត្ថភាព ។ ប៉ុន្តែ នៅក្នុងភាសានយោបាយ គេមិននិយាយចំៗទេ ។ TV Host: If, at the end, he becomes the nominee of the Republican Party in the Presidential contest, would you vote for him or not? (ប្រសិនបើនៅទីបំផុត លោក ត្រាំ ទទួលបានការគាំទ្រពីបក្សសាធារណរដ្ឋឲ្យឈរឈ្មោះជាបេក្ខជនប្រធានាធិបតី តើលោកបោះឆ្នោតឲ្យគាត់ទេ) ។ Sununu: I would definitely vote for him. (ខ្ញុំប្រាកដជាបោះឆ្នោតគាំទ្រគាត់) ។ នៅក្នុងអក្សរសិល្ប៍ យើងមានសិល្ប៍វិធីមួយដែលហៅថា៖ បដិវាទកម្ម ឬ ទំនាស់ ។ កាលណាមានបដិវាទកម្ម ឬ ទំនាស់ វាតែងតែនាំទៅកាន់ សោកនាដកម្ម ។ នយោបាយនិងអក្សសិល្ប៍ គឺដូចគ្នា ។ វាជាសិល្បៈ ។ ក៏ប៉ុន្តែ ទម្រង់នៃសិល្បៈទាំងពីរ ផ្តល់ផលពីរផ្ទុយគ្នា ។ មួយនាំមនុស្សឲ្យរំភើបញាប់ញ័រក្នុងចិត្ត ប៉ុន្តែមិនបង្កឲ្យមានគ្រោះមហន្តរាយទេ ។ មួយទៀតនាំមនុស្សឲ្យធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយតែម្តង ។ ខ្ញុំសូមលើកយកបដិវាទកម្មនៅក្នុងគំនិតលោក សូនូនូ មកបង្ហាញនៅទីនេះ ។ He is unelectable Versus I would definitely vote for him. (គាត់ជាមនុស្សមិនគួរឲ្យគាំទ្រទេ ។ ខ្ញុំប្រាកដជាបោះឆ្នោតគាំទ្រគាត់) ។ បើយើងយកពាក្យពីរឃ្លានេះ មកត្រួតពិនិត្យឲ្យសុីជម្រៅបន្តិច វាហាក់ដូចជាខួរក្បាលរបស់លោក សូនូនូ មិនស្ថិតនៅក្នុងលលាដ៍ជាមួយគ្នាទេ ។ បដិវាទកម្ម ឬ ទិដ្ឋិអន្ទង់អាំង គឺជាកត្តាដ៏ធំបំផុតដែលធ្វើឲ្យមនុស្សឆ្លាតវាងវៃ ក្លាយទៅជាទាសកររបស់មនុស្សអសមត្ថភាព ឬក៏ជនផ្តាច់ការ ។ នៅក្នុងវិស័យនយោបាយ គ្មាននរណានាំគ្រោះមកឲ្យយើងក្រៅអំពីគំនិតបដិវាទកម្មរបស់យើងទេ ។ ខ្ញុំសូមអនុញ្ញាតយកទិដ្ឋិនយោបាយផ្ទាល់ខ្លួនមកលាតត្រដាងនៅទីនេះបន្តិចដែរចុះ ។ ខ្ញុំមិនមែនជាសមាជិកគណបក្សសាធារណរដ្ឋ ហើយក៏មិនមែនជាសមាជិករបស់គណបក្សប្រជាធិបតេយ្យដែរ ។ ថាខ្ញុំជាបុគ្គលឯករាជ្យ ក៏មិនត្រឹមត្រូវដែរ ។ នៅក្នុងការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ខ្ញុំប្រកាន់យកគោលការណ៍មួយគឺ បំបែកអំណាចប្រមូលផ្តុំ ។ នៅក្នុងរបៀបគ្រប់គ្រងនិងដឹកនាំប្រទេសរបស់សហរដ្ឋអាមេរិក មានស្ថាប័នបីជាអ្នកចាត់ចែងគឺ ប្រធានាធិបតី រដ្ឋសភា និង ព្រឹទ្ធសភា ។ ស្ថាប័នទាំងបីនេះ កើតចេញអំពីការបោះឆ្នោត ។ ដូច្នេះ នៅក្នុងការបោះឆ្នោតរៀងរាល់អាណត្តិ ខ្ញុំតែងតែបែងចែងការគាំទ្ររបស់ខ្ញុំទៅឲ្យតំណាងបក្សនីមួយៗ ដើម្បីរក្សាតុល្យភាព ។ បើស្ថាប័នទាំងបីត្រូវបានគណបក្សមួយគ្រប់គ្រងទាំងស្រុងនៅក្នុងអាណត្តិណាមួយ ខ្ញុំនឹងព្យាយាមបំបែកអំណាចឯកបក្សនោះនាគ្រាបោះឆ្នោតពាក់កណ្តាលអាណត្តិ (២ឆ្នាំក្រោយមក) ។ សម្រាប់ខ្ញុំ គណបក្សឬមនោគមវិជ្ជា មិនសំខាន់ទេ ។ អ្វីដែលសំខាន់បំផុត គឺការពារកុំឲ្យអំណាចប្រមូលផ្តុំវាកកើតឡើងបាន ៕

Friday, January 19, 2024

ចំណីខួរក្បាល

សុបិនអាមេរិកាំង (American Dream) ក្នុងមួយជីវិតមនុស្សដែលរស់នៅក្នុងស្រុកអាមេរិក មិនថាជាអ្នកមានកំណើតកើតជានៅទីនោះ ឬក៏អ្នកចំណូលថ្មីឡើយ គេមានពាក្យមួយឃ្លាសម្រាប់ធ្វើជាគោលដៅជីវិតគឺ American Dream (សុបិនអាមេរិកាំង) ។ ពាក្យនេះមានន័យយ៉ាងខ្លីថា៖ រស់តាមចំណង់របស់ខ្លួន ។ ចំណង់មនុស្សមានគ្រប់រសជាតិ ។ ខ្លះចង់រស់របៀបអភិជន តួកុន នាយទុន អ្នកជួយទុគ៌តជន ឬក៏ជាសាមញ្ញជន ជាដើម ។ល។ និយាយរួមចំណង់មនុស្សមានរាប់រយលាន ។ ដើម្បីបំពេញចំណង់ចំណូលចិត្តមនុស្សរាប់មិនអស់នេះ សហរដ្ឋអាមេរិកប្រកាន់យកគោលនយោបាយគ្រឹះមួយគឺ ឱកាសស្មើភាព (Equal Opportunity) ។ មិនថាកូនគេ ឬក៏កូនខ្ញុំឡើយ ។ បើវាចង់ធ្វើជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក វាអាចប្រឹងប្រែងទៅតាមចំណូលចិត្ត ។ ជោគជ័យឬបរាជ័យ ជារឿងមួយផ្សេងទៀត ។ ពលរដ្ឋខ្មែរដែលធ្វើអន្តោប្រវេសមករស់នៅក្នុងស្រុងអាមេរិកដំបូងៗ ទាំងគេទាំងខ្ញុំ មិនសូវជ្រួតជ្រាបអំពីទិដ្ឋិសុបិនអាមេរិកាំងទេ ។ យើងត្រេកត្រអាលតែជាមួយនឹងឱកាសរៀនសូត្រនិងរកប្រាក់កាក់ដ៏ទូលំទូលាយ មិនធ្លាប់ជួបប្រទះសោះឡើយនៅក្នុងជីវិត ។ សម្រាប់ពួកយើង ថ្វីដ្បិតតែជួបនូវឧបស័គ្គខ្លះៗជាមួយនឹងភាសានិងវប្បធម៌រស់នៅ អ្វីៗគឺងាយស្រួលនៅក្នុងការរស់នៅស្ទើរតែរកពាក្យមកថ្លែងមិនបាន ។ យើងមានត្រឹមតែកម្លាំងបាយធ្វើការងារដូចសត្វពាហនៈ ក៏អាចមានលទ្ធភាពរស់នៅស្មើមុខស្មើមាត់នឹងមនុស្សដទៃទៀតដែរ ។ នេះគឺជាកត្តាមួយដែល សុបិនអាមេរិកាំង ភាគច្រើនក្លាយមកជាការពិត ទោះបីមានអ្វីធ្វើឲ្យយើងភ្ញាក់ពីដំណេកកណ្តាលទីក៏ដោយ ។ បច្ចុប្បន្ន ជនជាតិខ្មែរដែលធ្វើអន្តោប្រវេសមករស់នៅសហរដ្ឋអាមេរិក មានកំណើនប្រហែលជាជិតមួយលាននាក់ហើយ ។ ភាគច្រើន ពួកយើងរស់នៅក្នុងរដ្ឋ កាលីហ្វ័នីញ៉ា និង ម៉ាសាឈូសិត នាទីក្រុង ឡុងប៊ិច និង ឡូវែល ។ ឯរដ្ឋដទៃផ្សេងទៀតក៏មានខ្មែរយើងរស់នៅដែរ គ្រាន់តែមិនច្រើនដូចរដ្ឋទាំងពីរ ។ បើគិតចាប់ពីទសវត្សឆ្នាំ ១៩៨០មក ជនអន្តោប្រវេសខ្មែរចំនួនច្រើនលើសលប់ ដែលចូលមករស់នៅក្នុងស្រុកអាមេរិក គឺមានរយៈពេលជាង ៤០ឆ្នាំហើយ ។ មនុស្សជំនាន់ទីមួយដែលចូលមកកវែកកឆ្នាំនាគ្រានោះ ឥឡូវនេះក៏ដល់ពេលចូលនិវត្តន៍ហើយដែរ ។ ពួកគេក៏យល់ដឹងច្រើនគួរសម អំពីសុបិនអាមេរិកាំង ។ ដោយហេតុតែមនុស្សជំនាន់ទីមួយនោះ ជាក្រុមកវែកកឆ្នាំង ពួកគេត្រូវចំណាយពេលជាច្រើនឆ្នាំនៅក្នុងដំណើរជីវិត ដើម្បីស្វែងរកលំនឹងរស់នៅ ។ ទម្រាំដល់តែពេលមានឱកាសរស់នៅក្នុងសុបិនអាមេរិកាំង អ្នកខ្លះក៏បានចែកឋានទៅហើយ ។ ខ្លះក៏នៅសល់ពេលត្រឹមបួបដប់ឆ្នាំ ។ ជនជាតិខ្មែរជាអម្បូរប្រកបរបរកសិកម្មនៅក្នុងដំណើរជីវិត ។ ដូច្នេះ វាស្ទើរតែមិនពិបាកសន្និដ្ឋានទេថា សុបិនអាមេរិកាំង របស់ជនជាតិខ្មែរគឺទៅរស់នៅក្នុងទីណាដែលអាចដាំដុះដំណាំបន្លែបង្កាដើម្បីលម្ហែអារម្មណ៍កំដរជីវិតចុងក្រោយ ។ នេះគឺជាជម្រើសរបស់បងជីទួតមួយខ្ញុំពីរនាក់ ជាមួយនឹងជនជាតិខ្មែរមួយចំនួនទៀត ។ ផ្ទះចម្ការរបស់បងជីទួតមួយខ្ញុំស្ថិតនៅតំបន់ចុងកាត់មាត់ញកនៃរដ្ឋ ផ្លរីដា ភាគខាងត្បូង ។ គ្មានប៉ុស្តិទូរទស្សន៍ផ្សាយទៅដល់ទេ ។ ហើយក៏គ្មានប្រព័ន្ធទឹកភ្លើងដែរ ។ គាត់ជីកអណ្តូងនិងដាក់ពាងត្រងទឹកភ្លៀង ដើម្បីយកទឹកមកប្រើប្រាស់និងស្រោចដំណាំ ។ ដើម្បីមានឋាមពលអគ្គិសនីសាកថ្មទូរសព្ទក៏ដូចជាបំភ្លឺផ្ទះនិងទ្រទ្រង់ទូរទឹកកករក្សាចំណីអាហារ គាត់ដាក់ផ្ទាំងសូឡាមួយចំនួនសម្រាប់តម្រូវការទាំងនោះ ។ និយាយរួម ផ្ទះរបស់គាត់គឺមិនខុសអំពីផ្ទះខ្មែរនៅទីជនបទប៉ុន្មានឡើយ ។ ពេលខ្ញុំទៅលេងផ្ទះគាត់ម្តងៗ គាត់គ្មានម្ហូបអាហារអ្វីធំដុំទទួលពួកយើងទេ គឺមានតែផ្អកជូរដែលគាត់យកត្រីសាលម៉ុនមកច្នៃធ្វើ ផ្ទាប់ជាមួយនិងប្រពាយឬត្រសក់ដែលដាំនៅក្បែរផ្ទះ ស្ទៃជ្រក់ និងសម្លម្ជូរគ្រឿងឆ្អឹងជំនីជ្រូកឬសាច់គោដែលគាត់ទិញយកមកបង្កកទុកក្នុងទូរទឹកកក ជាមួយនឹងល្ហុងឬត្រកួន ។ វាជារឿងមួយមិនគួរឲ្យជឿ ដែលជនជាតិខ្មែរនៅស្រុកខ្មែរភាគច្រើននាំគ្នាលក់ស្រែចម្ការមកទិញផ្ទះបុរីរស់នៅក្នុងទីក្រុង ។ ឯខ្មែររស់នៅក្នុងសហរដ្ឋអាមេរិក នាំគ្នាលក់ផ្ទះនៅទីក្រុង ទៅរស់នៅក្នុងទីជនបទដាច់ស្រយាល ។ ការជ្រើសរើសរស់នៅក្នុងសុបិនអាមេរិកាំង តាមទំនៀមទម្លាប់ដូនតាខ្លួន ប្រហែលជាមិនមែនមានតែជនជាតិខ្មែរទេ ។ ក្រៅអំពីបងជីទួតមួយខ្ញុំ ជនជាតិ យួន លាវ ថៃ ហ្វីលីពីន និងសាសន៍អាស៊ីដទៃទៀតក៏នាំគ្នាទៅតាំងទីលំនៅនៅទីនោះច្រើនដែរ ។ ពួកគេភាគច្រើនរស់នៅជាលក្ខណៈភូមិកតូចៗលើដីទំហំប្រហែលកន្លះហិចតាទៅពីរហិចតា ដែលមានដំណាំហូបផ្លែមកពីតំបន់ត្រូពិកនៅជុំវិញផ្ទះ ។ ផលដំណាំជុំវិញផ្ទះទាំងនោះ ត្រូវបានប្រមូលទិញជាលក្ខណៈបណ្តាញ (Network) ពីសំណាក់ក្រុមហ៊ុនចែកចាយដែលបង្កើតឡើងដោយជាតិសាសន៍នីមួយៗ ។ បើតាមពត៌មានដែលខ្ញុំដឹងល្ហៀងៗ ក្រុមគ្រួសារលោក អុិត ប្រាង ដែលទៅធ្វើចម្ការជាលក្ខណៈឧស្សាហកម្មនៅទីនោះ ក៏ជាអ្នកប្រមូលទិញភោគផលចម្ការតាមផ្ទះមួយដែរ ។ បងជីទួតមួយខ្ញុំទាំងពីរនាក់និងកូនចៅរបស់ពួកគាត់ដែលនាំគ្នាទៅរស់នៅទីនោះ មានចម្ការប្រចាំគ្រួសារតូចៗចំនួន ៨ ។ ពួកគេអាចប្រមូលផលដំណាំលក់ឲ្យក្រុមហ៊ុនចែកចាយជាប្រចាំ ទោះបីចម្ការមួយប្រមូលផលបានត្រឹមមួយកេះ ឬមួយជាលក្តី ដ្បិតយើងប្រមូលចូលគ្នាទៅក៏បានជិត ១០កេះដែរ ។ ប្រាក់ចំណូលតិចតួចនេះ គឺគ្រប់គ្រាន់សម្រាប់ទិញសម្ភារៈធ្វើចម្ការក៏ដូចជាថែទាំដំណាំ ដោយមិនចាំបាច់ប្រើថវិការបស់និវត្តជនឡើយ ។ នេះគឺជាជម្រើសរស់នៅក្នុងសុបិនអាមេរិកាំងដ៏សាមញ្ញមួយ ដែលពលរដ្ឋខ្មែរមួយចំនួននៅក្នុងស្រុកអាមេរិក កំពុងអនុវត្តិ ៕

Saturday, January 6, 2024

ចំណីខួរក្បាល

ចិត្តរាយមាយ កាលពីក្មេង ខ្ញុំធ្លាប់ឮពត៌មាននិយាយអំពីស្តេចឬមន្ត្រីខ្មែរ ធ្វើដំណើរលំហែឬទៅពិនិត្យសុខភាពនៅបស្ចឹមប្រទេស ក៏តែងតែកោតសសើរភ័ព្វវាសនាមនុស្សទាំងនោះ ។ ជាមួយនឹងការកោតសសើរ ខ្ញុំក៏មានកូនចិត្តប្រាថ្នាចង់មានវាសនាដូចអ្នកទាំងនោះដែរ ។ តាមពិតទៅ ជីវិតមនុស្សមិនខុសគ្នាទេ ។ ឯភ័ព្វវាសនា ក៏មិនអាស្រ័យលើភាវជាស្តេច មន្ត្រី ឬក៏រាស្ត្រក្រីក្រដែរ ។ អ្វីៗគឺអាស្រ័យនៅលើទេសកាលនិងការសម្រេចចិត្តសាងកម្មរបស់មនុស្សម្នាក់ៗ ។ ជួលកាល ជីវិតដែលហាក់ដូចជាធ្លាក់ទៅដល់ផ្លូវទាល់ តែបែរជាមានអ្វីមួយមកជម្រុញស្ថានភាពទាល់ច្រកនោះ ឲ្យក្លាយទៅជាភ័ព្វសំណាងទៅវិញ ។ និយាយតាមត្រង់ ខ្ញុំមិនដែលដេកយល់សប្តិថាអាចមានលទ្ធភាពធ្វើតម្រាប់តាមពួកអភិជនខ្មែរ ដែលខ្ញុំធ្លាប់ឃើញតាមទំព័រសារពត៌មានកាលពីក្មេងនោះទេ ។ ក៏ប៉ុន្តែ កាលទេសៈនិងកម្មផលបានរុញច្រានជីវិតខ្ញុំឲ្យធ្លាក់ចូលទៅក្នុងគន្លងមួយ ដែលធ្វើឲ្យការយល់សប្តិអាចក្លាយមកជាការពិត ។ ដំណើរដើមទងកើតចេញអំពីគ្រោះកាចមួយដែលមានឈ្មោះថា ក៥ ឬកំណែនកាប់ព្រៃឈើធ្វើរបងការពារប្រទេសកម្ពុជា ។ ខ្ញុំសម្រេចចិត្តមិនចូលរួមនៅក្នុងកំណែននោះទេ ។ ក៏ប៉ុន្តែ វាជាកំណែនដែលមិនអាចប្រកែកបាន ។ ដូច្នេះ មធ្យោបាយតែមួយគត់សម្រាប់ខ្ញុំគឺ រត់ចោលស្រុក ។ ខ្ញុំបានក្លាយជាមនុស្សរត់ចោលស្រុកចាប់តាំងពីពេលនោះមក ។ សម្រាប់ខ្ញុំ ខ្ញុំមិនប្រាកដក្នុងចិត្តថា តើខ្ញុំជាមនុស្សរត់ចោលស្រុក ឬក៏ស្រុករត់ចោលខ្ញុំឡើយ ដ្បិតអីនាសម័យកាលនោះ ស្រុករបស់ខ្ញុំហាក់ដូចជាលះបង់ខ្ញុំមុនខ្ញុំលះបង់ស្រុក ។ ទុករឿងរត់ចោលស្រុកមួយអន្លើ ។ និយាយអំពីចិត្តរាយមាយវិញម្តង ។ កាលខ្ញុំចែចូវអ្នកផ្ទះខ្ញុំ យើងបានសន្យានឹងគ្នាថាយើងនឹងប្រឹងប្រែងស្វែងរកទ្រព្យធន ដើម្បីកសាងលំនៅដ្ឋាននៅស្រុកខ្មែរមួយ និងនៅស្រុកអាមេរិកមួយ ។ វាជាអ្វីដែលពួកយើងចាត់ទុកក្នុងចិត្តថា សុបិនកម្ពុជា (Cambodian dream) ។ កិច្ចសន្យានោះ មិនមានចារជាលាយល័ខអក្សរដូចសន្ធិសញ្ញាទេ ។ វាជាចំណុចរួមមួយដែលជម្រុញឲ្យយើងយកគ្នាជាប្តីប្រពន្ធ ។ ហើយក៏ជាគោលដៅអនាគតសម្រាប់ជីវិតយើងដែរ ។ ប៉ុន្តែ មកដល់ថ្ងៃនេះ សុបិនកម្ពុជា របស់ពួកយើងបានក្លាយទៅជាសុបិនរបស់មនុស្សដែលភ្ញាក់ពីដំណេក ។ កត្តាធំបំផុតដែលធ្វើឲ្យពួកយើងលះបង់សុបិនកម្ពុជាគឺដំណើរ កើត ចាស់ ឈឺ ស្លាប់ ។ ទម្រាំតែយើងរកប្រាក់កាក់បានគ្រប់គ្រាន់ដើម្បីកសាងលំនៅដ្ឋាននៅក្នុងប្រទេសទាំងពីរ អាយុយើងឈានទៅដល់ ៥០ ឬ ៦០ ឆ្នាំហើយ ។ ទុពលភាពក៏ចូលមកដល់ដែរ ។ ចម្ងាយពីលំនៅដ្ឋានរបស់ពួកយើងនៅស្រុកអាមេរិកទៅដល់ទីក្រុងភ្នំពេញ គឺមានប្រវែងមួយចំហៀងផែនដី ដែលត្រូវចំណាយពេលធ្វើដំណើរតាមយន្តហោះមិនតិចជាង ២០ម៉ោងឡើយ ។ សម្រាប់មនុស្សដែលមានអាយុលើស ៦០ឆ្នាំ ការធ្វើដំណើរប្រចាំឆ្នាំប្រភេទនេះ វាមិនមែនជារឿងគួរឲ្យត្រេកត្រអាលទេ ។ ខ្ញុំធ្លាប់ធ្វើដំណើរចុះឡើងប្រភេទនេះ ប្រមាណជាដប់ដងហើយនៅក្នុងជីវិតនេះ ។ បទពិសោធពេញខ្លួនហើយក៏លែងសូវត្រេកត្រអាលជាមួយនឹងការជិះយន្តហោះធ្វើដំណើរឆ្លងទ្វីបទៀតដែរ ។ កត្តាមួយទៀតដែលធ្វើឲ្យចិត្តខ្ញុំនឿយណាយអំពីសុបិនកម្ពុជាគឺ សតិសម្បជញ្ញៈ ។ សំបុត្រយន្តហោះសម្រាប់ធ្វើដំណើរទៅស្រុកខ្មែរម្តង ត្រូវចំណាយប្រមាណជា ១៥០០ដុល្លារ ។ បើខ្ញុំបង្វិលប្រាក់នេះទៅធ្វើជាអាហារូបករណ៍ សម្រាប់និស្សិតក្រីក្ររៀនវិជ្ជាជីវៈនៅក្នុងស្រុកខ្មែររយៈពេលបួនឆ្នាំ អាចនឹងជួយកែប្រែអនាគតរបស់មនុស្សម្នាក់បាន ។ ឧបមាថា ខ្ញុំមានលទ្ធភាពធ្វើដំណើរចុះឡើងពីស្រុកអាមេរិកទៅស្រុកខ្មែរបានចំនួន ១០ដង ទម្រាំដល់ពេលខ្ញុំស្លាប់ ។ ដូច្នេះ ប្រាក់សម្រាប់ទិញសំបុត្រយន្តហោះទាំងដប់ដងនេះ អាចយកទៅកែប្រែអនាគតនិស្សិតក្រីក្របាន ១០នាក់ តើខ្ញុំគួរជ្រើសរើសមួយណា៖ ជីវិតអត្តទត្ថបុគ្គលនិយមរបស់ខ្ញុំ ឬក៏សាងកុសលកម្ម? ចម្លើយរបស់ខ្ញុំប្រហែលជាមិនពិបាកទាយទេ ។ ក្រៅអំពីកត្តាពីរនេះ នៅមានកត្តាមនោសច្ចេតនារវាងកូនចៅថែមទៀត ។ តើកូននិងចៅរបស់ពួកយើងមានអារម្មណ៍យ៉ាងណា នៅពេលដែលយើងទៅរស់នៅឆ្ងាយអំពីពួកគេ ។ ទោះបីយើងមានលទ្ធភាពរស់នៅឯករាជ្យពីគ្នា ដោយមិនចាំបាច់ពឹងពាក់គ្នាទៅវិញទៅមកក៏ដោយ ក៏ចំណងមនោសច្ចេតនានៅតែតាមរុកគួនសតិអារម្មណ៍យើងមិនឈប់ឈរដែរ ។ ក្រៅអំពីនេះ យើងត្រូវការមនុស្សថែទាំផ្ទះយើង កំឡុងពេលដែលយើងទៅស្នាក់នៅឯជើងមេឃម្ខាងទៀតផង ។ សរុបសេចក្តីមក ការរៀបចំគម្រោងអនាគតជីវិត ហាក់ដូចជាមិនចាំបាច់ទេ ។ ជីវិតមនុស្សនិងសត្វ មានធម្មជាតិជាអ្នកតាក់តែង ។ នៅក្នុងដំណើរជីវិត អ្វីៗមិនទៀតទាត់ឡើយ ។ ដូច្នេះ នៅពេលដែលយើងយកអ្វីដែលទៀតទាត់ (គម្រោងអនាគតជីវិត) មកផ្គុំជាមួយនឹងភាវមិនទៀងទាត់ នៅទីបំផុតភាវមិនទៀងទាត់ប្រាកដជាសម្រេចកិច្ចការជំនួសយើង ។ ចិត្តរាយមាយរបស់ខ្ញុំ សន្មត់ថាចប់ត្រឹមនេះ ។ ប៉ុន្តែ គម្រោងអនាគតរបស់យើងនៅមិនទាន់បិទទំព័រនៅឡើយទេ ។ ពេលខ្ញុំយកភាវមិនទៀងទាត់មកប្រើការបាន ខ្ញុំនឹងយកចិត្តរាយមាយរបស់ខ្ញុំមកបរិយាយបន្តទៅទៀត ៕

Thursday, January 4, 2024

ចំណីខួរក្បាល

អំណាចអង្គការ (The Power of an Organization) សម្រាប់អ្នកដែលមិនធ្លាប់រស់នៅក្រោមការគ្រប់គ្រងរបស់ពួកកុម្មុយនីស្តខ្មែរក្រហម ពាក្យអំណាចអង្គការប្រហែលជាគ្មានអ្វីគួរឲ្យចាប់អារម្មណ៍ ឬក៏បារម្ភភ័យខ្លាចឡើយ ។ ប៉ុន្តែ អ្នកដែលធ្លាប់ឆ្លងកាត់របបនោះ ពាក្យនេះប្រាកដជារម្លេចចេញមកនូវទិដ្ឋភាពមួយពាក់ព័ន្ធនឹងការភ័យព្រួយឥតល្ហែ ។ អង្គការ ឬ Organization (ជាភាសាអង់គ្លេស) គឺជាការរៀបចំប្រព័ន្ធទំនាក់ទំនងរវាងស្ថាប័ន ឬក៏មនុស្សដើម្បីបំពេញកិច្ចការងារ ចាប់ពីការប្រវាស់ដៃគ្នាធ្វើស្រែចម្ការរហូតដល់ការទាក់ទងគ្នាជាលក្ខណៈអន្តរជាតិ ។ ក៏ប៉ុន្តែ នៅក្នុងលទ្ធិកុម្មុយនីស្ត ឬរបបផ្តាច់ការ គេយកពាក្យអង្គការមកប្រើនៅក្នុងន័យមួយផ្សេងទៀត គឺការគំរាមកំហែងអាយុជីវិតដើម្បីបណ្តុះភាវភ័យខ្លាចនៅក្នុងចិត្តមនុស្ស ។ អង្គការមានពីរប្រភេទគឺ អង្គការសម្ងាត់ និង អង្គការសាធារណៈ ។ អង្គការសាធារណគ្មានអ្វីគួរឲ្យខ្លាចទេ ដ្បិតពត៌មាននានាពាក់ព័ន្ធនឹងអង្គការ យើងអាចដឹងឮគ្រប់ៗគ្នា ។ ឯអង្គការសម្ងាត់គឺជាបិសាចដែលឥតស្គាល់ម្ចាស់ (Frankenstein) ។ វាប្រល័យមិនរើសមុខ ។ សូម្បីតែអ្នកបង្កើតវា ក៏ត្រូវខ្លាចវាដែរ ។ នៅក្នុងប្រវត្តិសាស្ត្រទំនើបនេះ មេដឹកនាំប្រទេសកម្ពុជានិងសង្គមខ្មែរ បានប្រឡែងលេងជាមួយនឹងអង្គការសម្ងាត់ប្រមាណជាជិតមួយសតវត្សកន្លងមកហើយ ។ លទ្ធផលគឺយើងបានក្លាយទៅជាមនុស្សបាក់បបខ្លបខ្លាចស្ទើរតែគ្រប់ៗគ្នា ។ តើនរណាមួយដែលអាចធ្វើឲ្យខ្មែរពូជអ្នកចម្បាំងធ្លាក់ខ្លួនដល់កម្រិតនេះ ? ចម្លើយប្រហែលជាមានច្រើន ។ ក៏ប៉ុន្តែ បើយើងបើកទំព័រប្រវត្តិសាស្ត្រមើលត្រឡប់ក្រោយប្រហែលជា ៩០ឆ្នាំ យើងនឹងមើលឃើញមនុស្សម្នាក់ដែលមានស្នាដៃលេចធ្លោជាងគេ ។ ម្នាក់នោះគឺ ហូ ជីមីញ ។ ដើម្បីរំដោះឧបទ្វីប ឥណ្ឌូចិន ដែលមានប្រទេស យួន លាវ និង ខ្មែរ ចេញអំពីកណ្តាប់ដៃអាណានិគមបារាំង ហូ ជីមីញ បានកៀរគរលាវនិងខ្មែរបង្កើតអង្គការសម្ងាត់មួយដោយដាក់ឈ្មោះថា បក្សកុម្មុយនីស្តឥណ្ឌូចិន ។ នៅក្នុងអង្គការសម្ងាត់នេះ យួនជាអ្នកហ្វឹកហ្វឺននិងបង្ហាត់បង្ហាញអំពីរបៀបប្រត្តិបត្តិយុទ្ធសាស្ត្រនានាដល់សហការីរបស់ខ្លួន គឺលាវនិងខ្មែរ ។ មកដល់បច្ចុប្បន្ននេះ ថ្វីដ្បិតតែអ្វីៗបានផ្លាស់ប្តូរជាច្រើនអន្លើ រាប់បញ្ចូលទាំងទម្រង់នៃរដ្ឋាភិបាលនៃប្រទេសទាំងបីផង អង្គការសម្ងាត់ដែលគេបានបង្កើតឡើងជិតមួយសតវត្សកន្លងមកនោះ ហាក់ដូចជាមិនបាត់បង់ទៅណាឡើយ ។ ដោយហេតុតែវាជាអង្គការសម្ងាត់ យើងមិនអាចមើលឃើញទ្រង់ទ្រាយរបស់វាទេ ។ ហើយក៏មិនដឹងថាវត្តមានរបស់វានៅទីណាដែរ ។ ពលរដ្ឋខ្មែរជាទូទៅគ្រាន់តែមានអារម្មណ៍ថា វានៅក្បែរៗខ្លួន ។ បើគិតចាប់តាំងពីថ្ងៃបង្កើត រណសិរ្ស ២ធ្នូ ឆ្នាំ ១៩៧៨ មក ទំនាក់ទំនងអង្គការសម្ងាត់រវាងមេដឹកនាំខ្មែរនិងយួនបច្ចុប្បន្ន ដែលជាមែកធាង ឬក៏ពន្លកថ្មីនៃបក្សកុម្មុយនីស្តឥណ្ឌូចិន មានរយៈពេលជិតកន្លះសតវត្សហើយ ។ ស្ថាបនិកបឋមនិងអ្នកបន្តវេននៃអង្គការសម្ងាត់នេះ ក៏បានស្លាប់អស់ជាច្រើនជំនាន់ហើយដែរ ។ ក៏ប៉ុន្តែ អង្គការនេះអត់ស្លាប់ទេ ។ វានៅតែបន្តរស់រាប់សិបឆ្នាំទៅមុខទៀត ដរាបណាគ្មានព្រឹត្តិកាណ៍អ្វីមួយមកបំផ្លាញវា ។ អ្វីដែលជាភាពអមត (Resilience) របស់វាគឺ អាថ៌កំបាំង ។ គឺភាពអាថ៌កំបាំងនេះហើយដែលការពារអំណាចនិងជីវិត នៃអង្គការសម្ងាត់នេះមិនឲ្យសាបសូន្យ ។ ផ្អែកលើអ្វីដែលយើងអាចមើលឃើញនិងលើកយកមកត្រិះរិះពិចារណា ដើម្បីធ្វើការសន្និដ្ឋានអំពីទំនាង់ទំនងរវាងរដ្ឋាភិបាលខ្មែរនិងវៀតណាម ប្រទេសទាំងពីរមានទំនាក់ទំនងពីរស្រទាប់ ។ ស្រទាប់ទីមួយគឺរដ្ឋាភិបាលនិងរដ្ឋាភិបាល (អង្គការសាធារណៈ) ។ ស្រទាប់ទីពីរគឺ បក្សនិងបក្ស (អង្គការសម្ងាត់) ។ ទំនាក់ទំនងបក្សនិងបក្ស គឺមានទម្រង់ជា នីរសារ ។ អ្នកដែលមានតួនាទីទទួលនិងនាំសារទៅវិញទៅមក មិនមានតួនាទីអ្វីជាដុំកំភួននៅក្នុងជួររដ្ឋាភិបាលទេ ។ ក៏ប៉ុន្តែ សារឬសំណូមពរដែលបញ្ជូនដោយភ្នាក់ងារអង្កាច់អង្កោចនេះ មានឥទ្ធិពលខ្ពស់នៅក្នុងការតម្រង់ទិសដៅគោលនយោបាយនានា ពាក់ព័ន្ធនឹងកិច្ចការងារនៃរដ្ឋាភិបាលប្រទេសទាំងពីរ ។ វាក៏ជាអំណាចអរូបមួយ ដែលសូម្បីតែនាយករដ្ឋមន្ត្រី ឬស្តេចផែនដី ក៏ត្រូវគោរពវាដែរ ។ ការរស់នៅក្នុងសង្គមមួយ ដែលស្ថិតនៅក្រោមឥទ្ធិពលនៃអង្គការសម្ងាត់ ជីវិតគឺពោរពេញទៅដោយស្វ័យគ្រប់គ្រង (Self-censored) ។ ពលរដ្ឋខ្មែរជាទូទៅ ចាប់ពីអ្នកបោសសំរាមសម្អាតផ្លូវសាធារណរហូតដល់នាយករដ្ឋមន្ត្រី មិនសូវហ៊ានសួរនាំអំពីអ្វីដែលពាក់ព័ន្ធកិច្ចការរបស់អង្គការសម្ងាត់ទេ ។ ឧទាហរណ៍មួយនៃអំណាចអរូបនិងភាវអាថ៌កំបាំងរបស់អង្គការចាត់តាំងនេះ គឺស្តូបមិត្តភាពកម្ពុជាវៀតណាម ។ ស្តូបនេះ យើងអាចមើលបាន តែមិនអាចសួរនាំអំពីមូលហេតុនៃការសាងសង់វានៅទូទាំងប្រទេសខ្មែរឡើយ ។ សូម្បីតែអ្នកណាជាអ្នកអនុម័តិឲ្យសាងសង់ ក៏ស្ថិតនៅក្នុងភាពអាថ៌កំបាំងដែរ ។ ផ្អែកលើពត៌មានប៉ុន្មានទសវត្សកន្លងទៅនេះ ពលរដ្ឋខ្មែរមួយចំនួនដែលសួរនាំអំពីវត្តមាននៃស្តូបមិត្តភាពកម្ពុជាវៀតណាមនៅក្នុងទឹកដីកម្ពុជា រមែងត្រូវបានតុលាការធ្វើទុក្ខបុកម្នេញ ។ វាគឺជារឿងមួយមិនគួរឲ្យជឿទាល់តែសោះ ដែលស្តូបឬវិមានអនុស្សាវរីយ៍តំណាងឲ្យមិត្តភាពនៃប្រជាជាតិពីរ ត្រូវបានក្លាយទៅជានិមិត្តរូបនៃការកៀបសង្កត់ជីវិតមនុស្សទៅវិញ ។ អំណាចនៃអង្គការពិតជាមិនធម្មតាមែន! វាអាចប្រែក្លាយអ្វីដែលជាតំណាងមិត្តភាពនិងភាតរភាពរបស់មនុស្សជាតិ ឲ្យទៅជាបិសាចមួយគួរឲ្យស្អប់ខ្ពើម ៕

Thursday, November 23, 2023

ចំណីខួរក្បាល

ដាក់ទានគ្មានគោលដៅ (Random Act of Kindness) កាលរៀននៅមហាវិទ្យាល័យ ខ្ញុំធ្លាប់ជួបពាក្យអង់គ្លេសមួយឃ្លាដែលពោលថា៖ Random act of kindness ។ ពាក្យនេះគឺសំដៅដល់ការបរិច្ចាគដាក់ទានដល់នរណាម្នាក់ដោយគ្មានប្រាថ្នាអ្វីឡើយ ។ ពេលយកគោលគំនិតនេះមកពិចារណា ខ្ញុំហាក់ដូចជាមិនយល់ទាល់តែសោះ ដ្បិតតាំងតែពីតូចក្រូចឆ្មារមក ខ្ញុំតែងតែប្រាថ្នាអ្វីមួយនៅពេលបរិច្ចាគទ្រព្យដាក់ទានធ្វើបុណ្យ ។ បើមិនប្រាថ្នាដើម្បីខ្លួនឯង ក៏ប្រាថ្នាឲ្យអ្នកដែលទទួលបានទានខ្ញុំនោះ បានភពប្រសព្វនឹងជោគវាសនាល្អដែរ ។ នេះគឺជាផ្នត់គំនិតដែលខ្ញុំមានតាំងតែពីដើមរៀងមក ។ បើនិយាយអំពីស្ថានភាពជីវិតវិញ ខ្ញុំជាមនុស្សចូលចិត្តរស់មួយគែៗដូចសត្វចាប ។ ដូច្នេះហើយ មិនសូវសេសសល់ប្រាក់កាក់សម្រាប់ដាក់ទានទេ ។ ទោះជាយ៉ាងណាក៏ដោយ ដំណើរជីវិតមនុស្សខុសអំពីដំណើរជីវិតចាប ។ ជួនកាលបរិបូណ៌ ជួនកាលខ្វះខាត ។ ម្តងនោះ ខ្ញុំមានឱកាសរកប្រាក់បានលើសអំពីសេចក្តីត្រូវការប្រចាំថ្ងៃ ហើយក៏សម្រេចធ្វើបទពិសោធដាក់ទានគ្មានគោលដៅ សាកល្បងមើល ថាតើវាមានឥទ្ធិពលដូចម្តេចមកលើផ្នត់គំនិតរបស់ខ្ញុំ ។ បទពីសោធន៍នេះ ខ្ញុំធ្វើតាំងតែពីចុងទសវត្សឆ្នាំ ១៩៩០ ម្លេះ ។ ខ្ញុំមិនចាំកាលបរិច្ឆេទទេ ប៉ុន្តែនៅចងចាំកាលៈទេស ។ លើកទីមួយគឺពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឡោមព័ទ្ធបាញ់ប្រហារមនុស្សនៅទីក្រុង សារីយេវោ នៅក្នុងប្រទេស បុស្សនីហឺសុីហ្គោវីន សព្វថ្ងៃនេះ ។ កាលនោះខ្ញុំអានពត៌មានតាមប្រព័ន្ធអ៊ីនថឺណិត ឃើញអង្គការ ឃ័រ (Care) ប្រកាសរកជំនួយថវិកាដើម្បីផ្គត់ផ្គង់ចំណីអាហារដល់ពលរដ្ឋដែលស្ថិតនៅក្នុងការឡោមព័ទ្ធវាយប្រហារនោះ ។ មនុស្សនៅទីក្រុងនោះ គ្មានពាក់ព័ន្ធនឹងខ្ញុំឡើយ ។ ប៉ុន្តែ ដោយហេតុតែចង់ធ្វើបទពិសោធទានគ្មានគោលដៅ ខ្ញុំក៏ចុចតំណភ្ជាប់ផ្ទេរប្រាក់ ១០០ដុល្លារទៅឲ្យអង្គការឃ័រ ។ ដើម្បីបញ្ជាក់ថា ប្រាក់ដែលខ្ញុំវេរទៅនោះ បានទៅដល់គោលដៅ ខ្ញុំក៏បានវាយទូរស័ព្ទទៅជួបតំណាងអង្គការ ។ អ្នកទទួលទូរសព្ទប្រាប់ខ្ញុំថា បានឃើញលេខក្រេឌីតកាតរបស់ខ្ញុំ ដែលបញ្ជាក់អំពីការបរិច្ចាគថវិកាហើយ ។ លុះខ្ញុំទទួលលិខិតបញ្ជាក់តាមប្រៃសនីណ៍ប្រហែលមួយអាទិត្យក្រោយមក ខ្ញុំឃើញសេចក្តីបញ្ជាក់លើការបរិច្ជាគនោះ មានចំនួនពីរដងគឺស្មើនឹង ២០០ដុល្លារ ។ ដោយហេតុតែវាជាការបរិច្ចាគ ខ្ញុំសម្រេចចិត្តមិនសុំឲ្យគេបង្វិលប្រាក់ ១០០ដុល្លារមកវិញទេ ។ អស់ ២០០ដុល្លារទទេទៅ ។ ករណីទីពីរនៃការដាក់ទានគ្មានគោលដៅរបស់ខ្ញុំ គឺពាក់ព័ន្ធនឹងក្មេងស្រីខ្មែរម្នាក់រស់នៅស្រុកសន្ទុក ខេត្តកំពង់ធំ ។ នាងពិការជើងដោយសាររលាកភ្លើងកាលពីនៅជាទារក ។ ពេលអង្គការមនុស្សធម៌មួយជួបនាង នាងមានអាយុ១៤ឆ្នាំហើយ ។ ដោយហេតុតែជើងរបស់នាងអាចវះកាត់ដោយពេទ្យជំនាញនៅសហរដ្ឋអាមេរិក ដើម្បីជួយឲ្យនាងដើរបាន គេក៏សម្រេចយកនាងមកព្យាបាលនៅស្រុកអាមេរិក ដោយស្វែងរកថវិការសម្រាប់ដំណើរព្យាបាលនោះតាមរយៈការរៃអង្គាសថវិកាពីសប្បុរសជន ។ ខ្ញុំសម្រេចចិត្តបរិច្ចាគ ១០០ដុល្លារជាថ្មីម្តងទៀត តែម្តងនេះខ្ញុំសរសេរសែក មិនប្រើក្រេដីតកាតទៀតទេ ។ ករណីទីបីនៃការដាក់ទានគ្មានគោលដៅរបស់ខ្ញុំ គឺជាមួយនឹងស្ត្រីលក់ដូងខ្ចីម្នាក់នៅផ្សារ ឌុយមិច ។ ខ្ញុំបានទៅស្នាក់នៅជាមួយនឹងញាតិសន្តាននៅទីនោះប្រមាណជាមួយខែ ។ នៅក្បែរជណ្តើរចុះឡើងផ្ទះនោះ មានស្ត្រីមេម៉ាយកូនមួយម្នាក់ឈរលក់ដូងខ្ចី ។ គាត់ដាក់កូនតុមួយនិងកៅអីជ័រពីរនិងផ្លែដូងពីរបីលើតុជាសញ្ញាថា គាត់លក់ដូងខ្ចី ។ ឯដូងមួយចំនួនទៀត គាត់ដាក់នៅក្រោមជណ្តើរ ។ ដោយហេតុតែខ្ញុំញ៉ាំតែទឹកដូចខ្ចី អត់ញ៉ាំទឹកដប ខ្ញុំតែងតែចុះទៅទិញដូងគាត់រៀងរាល់ថ្ងៃ ។ អ្នករស់នៅទីនោះប្រាប់ខ្ញុំថា ប្តីរបស់គាត់ចុះចោលគាត់យូរយារណាស់មកហើយ ។ គាត់រស់នៅជាមួយនឹងកូនស្រីដោយលំបាកវេទនា ។ កន្លងប្រហែលជាមួយឆ្នាំក្រោយមក ខ្ញុំឮថាស្ត្រីលក់ដូងខ្ចីនោះត្រូវការវះកាត់ដើម្បីព្យាបាលបញ្ហាបេះដូង ។ គាត់ខំលក់ដូងសន្សំប្រាក់បានជិតគ្រប់តម្លៃវះកាត់ហើយ នៅខ្វះប្រហែលជា ១០០ដុល្លារទៀត ។ វាជាឱកាសមួយទៀតសម្រាប់ការពិសោធន៍ដាក់ទានគ្មានគោលដៅរបស់ខ្ញុំ ។ ខ្ញុំផ្ញើប្រាក់ជាលក្ខណៈអាណាមិកទៅជូនគាត់ចំនួន ១០០ដុល្លារតាមរយៈញាតិមិត្ត ។ បន្ទាប់ពីធ្វើទានគ្មានគោលដៅទាំងបីលើករួច ខ្ញុំអង្គុយពិចារណារថាតើកុសលផលបុណ្យ ជាមួយនឹងទានគ្មានគោលដៅទាំងនោះ បានស្តែងចេញជាអ្វីឲ្យខ្ញុំឃើញទេ ។ និយាយតាមត្រង់ គឺសូន្យឈឹងដូចអំបិលត្រូវទឹក ។ អ្វីដែលខ្ញុំទទួលបានគឺ ភាវៈ ទទេស្អាត ។ ចិត្តខ្ញុំអត់មានជាប់ជំពាក់នឹងភាពរំភើបញាប់ញ័រ ឬក៏សោកស្តាយអ្វីឡើយ ។ តាមពិត ខ្ញុំកម្រនឹងនឹកនាទៅដល់ទង្វើបរិច្ចាគទានគ្មានគោលដៅទាំងនោះណាស់ ។ ជីវិតមនុស្សដែលទទួលផលនៃទានគ្មានគោលដៅទាំងនោះ ក៏មិនដឹងជាយ៉ាងណាដែរ ។ វាប្រៀបដូចជាយកអំបិលមួយក្តាប់ ទៅគ្រវែងចោលក្នុងទឹកទន្លេ ។ អំឡុងពេលជាមួយគ្នានោះ ខ្ញុំក៏បានពាក់ព័ន្ធនឹងការធ្វើទានមានគោលដៅខ្លះៗដែរ ។ ម្តាយខ្ញុំគឺជាអ្នកនាំអាទិ៍ធ្វើទង្វើនេះ ។ ម្តាយខ្ញុំជាក្មេងចម្រើនវ័យនៅសម័យខ្មែរឥស្សរៈ ។ គាត់មិនបានរៀនចេះដឹងអ្វីជាដុំកំភួនទេ ដ្បិតជីដូនខ្ញុំមិនឲ្យគាត់ទៅរៀនដោយខ្លាចពួកខ្មែរឥស្សរៈចាប់ពង្រត់ ។ ប៉ុន្តែ ម្តាយខ្ញុំមានជំនឿមុតមាំណាស់ថា មានតែការរៀនសូត្រទេទើបជួយឲ្យមនុស្ស រកមធ្យោបាយរស់បានសុខស្រួល ។ ជាមួយនឹងជំនឿនេះ គាត់ព្យាយាមសន្សំប្រាក់យកទៅជួយឧបត្ថម្ភការរៀនសូត្រ របស់បងប្អូនកូនក្មួយគាត់នៅឯស្រុកខ្មែរ ។ អ្វីដែលជាបញ្ហាគឺគាត់គ្មានប្រាក់ចំណូលទេ ។ ប៉ុន្តែ ម្តាយខ្ញុំមានលទ្ធភាពសន្សំប្រាក់ដែលរដ្ឋផ្តល់ឲ្យគាត់បានខ្លះៗ ដោយហេតុតែគាត់រស់នៅជាមួយនឹងកូនៗ ។ ផ្គួបផ្សំជាមួយនឹងប្រាក់ដែលកូនចៅជូនគាត់ម្តងម្កាលនៅរដូវបុណ្យទាន និងការមើលថែកូនក្មេងឲ្យញាតិមិត្តជិតខាង ម្តាយខ្ញុំសន្សំប្រាក់បានមួយចំនួនសម្រាប់បង់ថ្លៃសាលាឲ្យកូនក្មួយ ដែលរៀននៅស្រុកខ្មែរបានពីរបីនាក់ដែរ ។ ម្តាយខ្ញុំយកប្រាក់ទាំងនោះមកផ្ទុកផ្តាក់នឹងខ្ញុំ ដើម្បីរៀបចំចាត់ចែងជំនួសគាត់ ដោយប្រាប់ថាយកលុយនេះទៅឲ្យកូនអ្នកនេះឬកូនអ្នកនោះ សម្រាប់រៀននៅសាកលវិទ្យាល័យ ។ អ្វីដែលជារឿងលំបាកសម្រាប់ខ្ញុំគឺ គេត្រូវការថវិកាបម្រុងរយៈពេលយ៉ាងហោចណាស់ក៏ ៤ឆ្នាំដែរដើម្បីបញ្ចប់ដំណើរសិក្សានៅសាកលវិទ្យាល័យ ។ ដូច្នេះ កង្វះខាតនានាត្រូវធ្លាក់មកលើខ្ញុំជាអ្នករ៉ាប់រង ។ សម័យនោះជាសម័យសរសេរសំបុត្រនៅលើក្រដាសផ្ញើតាមអ្នកដំណើរ ឬប្រៃសនីយ៍ ។ ម្តាយខ្ញុំបានយកសំបុត្រមួយចំនួនមកបង្ហាញខ្ញុំអំពីតម្រូវការនានារបស់ញាតិសន្តានគាត់ ។ ក្រៅអំពីរឿងកូនក្មួយរៀនសូត្រ នៅមានទំនាស់ក្នុងគ្រួសារជាច្រើនទៀតដែលខ្ញុំត្រូវជួយដោះស្រាយ ។ ម្តាយខ្ញុំដាក់រហ័សនាមឲ្យខ្ញុំថា លោកគ្រូធំ ។ កិត្តិយសនេះគឺពិតជាហំហានណាស់ ។ ប៉ុន្តែ អ្វីដែលជាធាតុពិតនៅពីក្រោយការលើកតម្កើងនេះ គឺដើម្បីងាយស្រួលក្នុងការប្រើខ្ញុំឲ្យធ្វើការងារជូនគាត់ ។ បន្ទាប់ពីទទួលបានការបង្គាប់បញ្ជាឲ្យធ្វើកិច្ចការនានាជំនួសមុខឲ្យម្តាយខ្ញុំ ខ្ញុំទទួលថវិកាអំពីគាត់ហើយធ្វើដំណើរទៅស្រុកខ្មែរនៅចុងឆ្នាំ ១៩៩៩ ។ ឱកាសនោះ ខ្ញុំបានជួបនឹងប្អូនជីដូនមួយពីរបីនាក់ (ក្មួយម្តាយខ្ញុំដែលទទួលបានប្រាក់ឧបត្ថម្ភសម្រាប់សិក្សានៅសាកលវិទ្យាល័យ) ។ នៅក្នុងកិច្ចពិភាក្សារបស់ពួកយើង ខ្ញុំបានដាក់ចេញនូវគោលការណ៍ចំនួនពីរ ។ ទីមួយគឺ មិនចាំបាច់ផ្ញើពិន្ទុ ឬរបាយការណ៍ចេញពីសាលាឲ្យខ្ញុំមើលទេ ។ វាយតម្លៃការសិក្សាដោយខ្លួនឯង ។ បើរៀនទៅមុខមិនរួច កុំបន្តរៀនបំផ្លាញលុយ ។ ទីពីរគឺ បន្ទាប់ពីរៀនបានជោគជ័យហើយ ត្រូវរកការងារធ្វើហើយជួយយិតយោងបងប្អូនរៀងៗខ្លួន ។ នៅក្នុងបេសកកម្មដាក់ទានមានគោលដៅ ដែលជាសហប្រតិបត្តិការណ៍រវាងខ្ញុំនិងម្តាយខ្ញុំនោះ ខ្ញុំបានធ្វើដំណើរទៅស្រុកខ្មែរជាច្រើនដងដើម្បីវាយតម្លៃការវិវត្តិនៃការសិក្សារបស់ប្អូនៗ ។ អ្វីដែលខ្ញុំទទួលបាននៅក្នុងបទពិសោធនោះ គឺចិត្តខ្ញុំហាក់ដូចជាជាប់ជំពាក់ជាមួយនឹងដំណើរជីវិតរបស់ប្អូនៗទាំងនោះ ។ ពេលឃើញនរណាម្នាក់បានទទួលជោគជ័យខ្ពង់ខ្ពស់ ខ្ញុំរំភើបត្រេកអរ ។ ពេលឃើញនរណាមួយ មិនទទួលបានជោគជ័យសមប្រកបទៅនឹងការប្រឹងប្រែង ចិត្តខ្ញុំក៏អាក់អន់ស្រពន់តាមនោះដែរ ។ វាជារឿងមួយដែលពិបាកនឹងពណ៌នា ថាតើការដាក់ទានគ្មានគោលដៅ និងមានគោលដៅ មួយណាល្អប្រសើរជាង ។ បើពិចារណាត្រឹមតែកម្រិតមនោ វាពិតណាស់ថាទានមានគោលដៅ ផ្តល់ឲ្យយើងនូវមោទនភាព ។ ឯទានគ្មានគោលដៅ គ្មានបានការអ្វីឡើយ ។ ក៏ប៉ុន្តែ ខ្ញុំមិនទាន់ជឿថា ទានគ្មានគោលដៅ គ្មានបានការនៅឡើយទេ ។ នៅក្នុងដំណើរទស្សនកិច្ចមួយទៅកាន់ភ្នំ ឧត្តុង្គ ខ្ញុំបានចូលញ៉ាំបាយថ្ងៃត្រង់នៅក្នុងផ្សារក្បែរនោះ ។ មានក្មេងប្រុសក្រីក្របីនាក់កាន់ផ្លឹតមកអង្គុយបក់ឲ្យយើង ខណៈពួកយើងកំពុងទទួលទានអាហារ ។ គ្មាននរណាម្នាក់ហៅពួកគេឲ្យមកអង្គុយបក់កំដពួកយើងទេ ។ ទង្វើរបស់ក្មេងទាំងនោះ ហាក់ដូចជាទានគ្មានគោលដៅអ្វីឡើយ ។ បន្ទាប់ពីទទួលទានអាហាររួច យើងប្តូរតួនាទីឲ្យក្មេងៗទាំងនោះអង្គុយញ៉ាំអាហារវិញម្តង ដោយហៅបន្ថែមនូវមុខម្ហូបមួយចំនួនទៀត ដើម្បីឲ្យពួកគេញ៉ាំឲ្យបានឆ្អែតស្កប់ស្កល់ ។ នៅក្នុងកញ្ច្រែងភេសជ្ជៈ មានទឹកក្រូចនិងទឹកផ្លែឈើ ៦កំប៉ុង ដែលខ្ញុំប្រាប់ពួកគេឲ្យទទួលទានទាំងអស់ទៅ ។ ក្នុងចំណោមក្មេងទាំងបីនាក់ មានក្មេងម្នាក់អត់ទទួលទានទឹកក្រូចពីរកំប៉ុងដែលជាចំណែករបស់គាត់ទេ ។ បន្ទាប់ពីពួកគេទទួលទានរួចរាល់ ខ្ញុំសួរក្មេងនោះថាហេតុអ្វីក៏ក្មួយមិនញ៉ាំទឹកក្រូចនេះ ដ្បិតខ្ញុំបានបង់ប្រាក់ឲ្យអ្នកលក់រួចហើយ ។ ក្មេងនោះប្រាប់ខ្ញុំថា គាត់ទុកទឹកក្រូចពីរកំប៉ុងនោះ យកទៅផ្ញើជីដូននៅឯផ្ទះ ។ ឮសម្តីនោះ ខ្ញុំរំភើបញាប់ញ័រក្នុងចិត្តយ៉ាងខ្លាំង ។ គឺទឹកចិត្តក្មេងក្រីក្រតោកយ៉ាកម្នាក់នោះហើយ ដែលធ្វើឲ្យខ្ញុំពិចារណាឡើងវិញអំពីការដាក់ទានគ្មានគោលដៅ និង មានគោលដៅ ។ ព្រឹត្តិការណ៍រវាងក្មេងតោកយ៉ាកនិងខ្ញុំនាថ្ងៃនោះគឺជា Random act of kindness in its purest form (ករណីទានគ្មានគោលដៅដ៏បរិសុទ្ធជាទីបំផុត) ។ កម្មនិងប្រត្តិកម្មរវាងពួកយើងនាថ្ងៃនោះ គឺជាដំណើរធម្មជាតិ (Spontaneity) ។ គ្មានគម្រោង គ្មានគោលការណ៍ គ្មានទិដ្ឋិ និងគ្មានទស្សនណាមួយពាក់ព័ន្ធឡើយ ។ កាលរៀនទស្សនវិជ្ជានៅមហាវិទ្យាល័យ យើងបានលើកយកសំណួរមួយមកពិចារណា ថាតើដើមឈើដែលរលំនៅក្នុងព្រៃស្ងាត់តែឯកឯង បង្កឲ្យមានស្នូរសម្លេងដែរទេ ។ សិស្សខ្លះថាមាន ។ សិស្សខ្លះថាគ្មានទេដ្បិតមិនមានសាក្សីបានឮ ។ ទានគ្មានគោលដៅគឺប្រៀបបាននឹងដើមឈើរលំដែលគ្មានសាក្សីដឹងឮ ។ ក្រៅអំពីអ្នកបរិច្ចាគ គឺគ្មាននរណាម្នាក់ដឹងឮឡើយ ។ ក៏ប៉ុន្តែ អំណាចនៃទាននោះ គឺនៅតែជាទានដូចគ្នា ។ ទឹកក្រូចពីរកំប៉ុង ដែលក្មេងតោកយ៉ាងយកទៅផ្ញើជីដូននាថ្ងៃនោះ គឺប្រៀបបាននឹងស្នូរដើមឈើរលំនៅនឹងមុខយើង ។ ប្រសិនបើខ្ញុំមិនសួរនាំ ខ្ញុំប្រាកដជាមិនដឹងថាទឹកក្រូចពីរកំប៉ុងនោះ ជាផលនៃទានគ្មានគោលដៅឡើយ ។ អ្វីៗនឹងស្ថិតនៅក្នុងសភាវទទេស្អាត (Emptiness) ឬនិយាយមួយបែបទៀត ជាសភាវបរិសុទ្ធនៅក្នុងចក្រវាឡ៍ ។ គឺភាពបរិសុទ្ធអត់មានអ្វីជាប់ជំពាក់នេះហើយដែលជាភាវៈខុសគ្នារវាងទានគ្មានគោលដៅ និងទានមានគោលដៅ ៕

Monday, November 13, 2023

ចំណីខួរក្បាល

ទំនាស់អ៊ីស្រាអែលនិងប៉ាឡេស្ទីន ដំណើរទំនាក់ទំនងរបស់មនុស្សជាតិ បើគិតក្រៅរង្វង់ពង្សញាតិ គឺមានភាពស្មុគស្មាញជាងទំនាក់ទំនងសត្តនិករដទៃ ។ មូលហេតុមួយដែលធ្វើឲ្យមនុស្សទាស់គ្នាមិនឈប់ឈរ គឺការធ្វើនយោបាយ ។ បើមនុស្សមិនលុះនឹងនយោបាយពេកទេ ពិភពលោកនេះប្រហែលជាមានភាតរភាពនិងសន្តិភាពស្ងប់ស្ងាត់ច្រើន ។ ទំនាស់រវាងជនជាតិអ៊ីស្រាអែលនិងជនជាតិប៉ាឡេស្ទីន គឺជាទំនាស់ដ៏វែងអន្លាយមួយនៅក្នុងដំណើរជីវិតមនុស្សជាតិ ។ តាំងតែពីខ្ញុំធំដឹងក្តីរហូតដល់ថ្ងៃនេះ ខ្ញុំបានដឹងបានឮអំពីចម្បាំងរវាងជនជាតិទាំងពីរជារឿយៗ ។ ចម្បាំងនេះប្រហែលជាមិនចប់ត្រឹមថ្ងៃខ្ញុំស្លាប់ទេ ។ វាអាចបន្តទៅមុខជាច្រើនជំនាន់ទៀត ។ យោងតាមឯកសារប្រវត្តិសាស្ត្រមួយចំនួន ជនជាតិអ៊ីស្រាអែលនិងប៉ាឡេស្ទីន មានទំនាក់ទំនងនឹងគ្នាជាលក្ខណៈញាតិការ ដែលមានបុរសម្នាក់ឈ្មោះ អាប្រាហាំ ឬ អាហ្វ្រាម ជាបុព្វការីជន ។ អាប្រាហាំរស់នៅក្នុងតំបន់មួយឈ្មោះ ម៉េសូប៉ូតេមៀ ដែលស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់សព្វថ្ងៃ ។ ប្រមាណជា ២០០០ឆ្នាំមុនគ្រីស្តសករាជ អាប្រាហាំបានទទួលឱវាទពីព្រះអាទិទេព (យល់សប្តិ?) ប្រាប់ឲ្យគាត់ធ្វើដំណើរទៅកាន់ទឹកដីមួយកន្លែង ដើម្បីបង្កើតអាណាចក្រមួយឡើង ។ អាប្រាហាំមិនដឹងថាទឹកដីនោះនៅទីណាទេ ប៉ុន្តែគាត់បានធ្វើដំណើរទៅតាមអ្វីដែលព្រះអាទិទេពគូសបង្ហាញគាត់ ។ នៅទីបំផុត អាប្រាហាំបានមកដល់តំបន់មួយនៅម្តុំទឹកដីរបស់ជនជាតិ អ៊ីស្រាអែលនិងប៉ាឡេស្ទីនសព្វថ្ងៃនេះ ។ សង្ខេបប្រវត្តិសាស្ត្របុរាណនេះឲ្យខ្លីងាយយល់ នៅក្នុងដំណើរមកកាន់ទឹកដីពិសិដ្ឋរបស់អាប្រហាំ មានភរិយាគាត់ឈ្មោះ សារ៉ា (Sarah) និងស្រីបម្រើម្នាក់ឈ្មោះ ហាហ្គា (Hagar) មកជាមួយដែរ ។ សារ៉ាជាស្ត្រីអារមិនមានកូនទេ ។ ដូច្នេះ អាប្រាហាំក៏សម្រេចចិត្តរួមរក្ខជាមួយនឹងហាហ្គា ដើម្បីមានបុត្របន្តពូជពង្សវង្សត្រកូល ។ ហាហ្គាបង្កើតបានកូនប្រុសមួយមានឈ្មោះថា អ៊ីស្មាអែល (Ismael) ។ បន្ទាប់មក ព្រះអាទិទេពក៏ប្រទានឲ្យសារ៉ាមានកូនប្រុសម្នាក់ដែរមានឈ្មោះថា អ៊ីសាក់ (Isaac) ។ សង្ខេបរឿងនិទាននេះឲ្យរឹតតែខ្លីថែមទៀត អ៊ីស្មាអែល បានក្លាយទៅជាអច្ឆារិយបុព្វការីជនរបស់ជនជាតិ ប៉ាឡេស្ទីន ។ ឯ អ៊ីសាក់ ជាអច្ឆារិយបុព្វការីជនរបស់ជនជាតិ អ៊ីស្រាអែល ។ គួរកត់សម្គាល់ថា ប្រវត្តិសាស្ត្រដែលផ្អែកលើរឿងនិទាននេះ កើតមានប្រមាណជា ៤០០០ឆ្នាំកន្លងមកហើយ ។ ប៉ុន្តែ វានៅតែមានឥទ្ធិពលខ្លាំងមកលើផ្នត់គំនិតនៃជនជាតិទាំងពីរនេះ ។ ការសម្របសម្រួលគ្នានានាមិនអាចមើលរំលងប្រវត្តិសាស្ត្របុរាណនេះឡើយ ។ បើយើងយកត្រឹមយុគនៃប្រវត្តិសាស្ត្រទំនើបមកនិយាយវិញ ជនជាតិអ៊ីស្រាអែលនិងប៉ាឡេស្ទីន រងគ្រោះញឹកញាប់ជាងគេនៅលើលោកនេះ ។ ដោយហេតុតែទឹកដីដែលពួកគេរស់នៅជាចំណុចឆ្លងកាត់ ឬផ្លូវគមនាគមន៍តភ្ជាប់ទ្វីប អាហ្វ្រីក អឺរ៉ុប និង អាសុី តំបន់េនះត្រូវបានឈ្លានពានកាន់កាប់ដោយជនជាតិដទៃជាច្រើនលើកច្រើនគ្រា រហូតដល់ជនជាតិអ៊ីស្រាអែលត្រូវបានខ្ចាត់ព្រាត់ពីតំបន់នេះអស់ជាច្រើនសតវត្សរ៍ ។ ចក្រភពចុងក្រោយដែលត្រួតត្រាតំបន់នេះមានឈ្មោះថា អូតាម៉ង់ (Ottaman Empire) ។ បន្ទាប់ពីសង្គ្រាមលោកលើកទីមួយនាឆ្នាំ ១៩១៩ ចក្រភពអង់គ្លេសជាអ្នកត្រួតត្រាតំបន់នេះ ហើយក៏មានការពិភាក្សាគ្នាដើម្បីបង្កើតឲ្យមានរដ្ឋ ឬ ប្រទេសអ៊ីស្រាអែលនិងប៉ាឡេស្ទីន ។ ក៏ប៉ុន្តែ ការពិភាក្សាដើម្បីបង្កើតរដ្ឋឲ្យជនជាតិទាំងពីរនេះ មិនទទួលបានផ្លែផ្កាទេ ដោយហេតុតែមានប្រទេសជាច្រើននៅក្នុងតំបន់ជ្រៀតជ្រែក ។ បន្ទាប់ពីសង្គ្រាមលោកលើកទីពីរនាឆ្នាំ ១៩៤៥ ជនជាតិអ៊ីស្រាអែលមួយចំនួន ដែលសេសសល់អំពីអំពើមនុស្សឃាតដ៏ធំមួយនៅទ្វីបអឺរ៉ុប បានធ្វើដំណើរត្រឡប់មករស់នៅក្នុងតំបន់ប្រទាញប្រទង់នេះវិញ ហើយក៏បានប្រកាសបង្កើតប្រទេសអ៊ីស្រាអែលឡើង ។ ប្រទេសជាច្រើននៅក្នុងតំបន់មិនទទួលស្គាល់ប្រទេសអ៊ីស្រាអែលទេ ។ សង្គ្រាមរវាងប្រទេសទាំងនោះនិងអ៊ីស្រាអែលក៏បានផ្ទុះឡើងជាច្រើនលើកច្រើនគ្រាដែរ ។ សង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធ ហាម៉ាស នាពេលបច្ចុប្បន្ននេះ គឺជាការវិវត្តិនៃទំនាស់ដែលកើតមានតាំងតែពីក្រោយសង្គ្រាមលោកលើកទីពីរនោះមកម្លេះ ។ បើគិតចាប់ពីឆ្នាំ ១៩១៩ មកដល់គ្រានេះ មានការព្យាយាមបង្កើតរដ្ឋ ឬប្រទេសអ៊ីស្រាអែលនិងប៉ាឡេស្ទីនចំនួន ៥ដងហើយ ។ កិច្ចព្រមព្រៀងចុងក្រោយបានធ្វើឡើងនៅ Camp David សហរដ្ឋអាមេរិក ក្រោមអធិបតីភាពប្រធានាធិបតី Bill Clinton ។ បើយើងដកនយោបាយនិងការជ្រៀតជ្រែកពីសំណាក់ប្រទេសដទៃចេញ ជនជាតិអ៊ីស្រាអែលនិងប៉ាឡេស្ទីន ប្រហែលជាអាចរស់នៅជិតគ្នានិងមិនស្អប់ខ្ពើមគ្នាទេ ។ កត្តាធំបំផុតដែលធ្វើឲ្យជនជាតិទាំងពីរមើលមុខគ្នាមិនចំនិងបង្កជាទំនាស់ឥតឈប់ឈរ គឺការគាំទ្ររបស់ប្រទេសដទៃក្នុងនាមជួយគាំពារពួកគេ ។ វាជាទង្វើជ្រៀតជ្រែកមួយដែលភាសាអង់គ្លេសហៅថា Oxymoron ។ នៅពីក្រោយអ៊ីស្រាអែលមាន សហរដ្ឋអាមេរិក ។ នៅពីក្រោយ ប៉ាឡេស្ទីន មានអ៊ីរ៉ង់និងប្រទេសអារ៉ាប់មួយចំនួនទៀត ។ បើគ្មានអ្នកគាំពារទាំងអស់នេះនៅពីក្រោយ ដែលនាំឲ្យអ្នកដឹកនាំនៃជនជាតិអ៊ីស្រាអែលនិងប៉ាឡេស្ទីនវង្វេងធាតុ ជនជាតិទាំងពីរប្រហែលជាអាចរស់នៅជិត ឬក៏ជាមួយគ្នាដោយគ្មានផលរមាស់អ្វីឡើយ ៕

Thursday, November 2, 2023

ចំណីខួរក្បាល

បំផ្លាញខ្លួនឯង (Self-Destruction) កត្តាដ៏ធំបំផុត ដែលអាចឲ្យប្រជាជាតិ ឬប្រទេសមួយរឹងមាំនិងរស់រានមានជីវិតនៅបានគឺ សាមគ្គីភាព ។ នៅក្នុងទីបច្ឆារប្រវត្តិសាស្ត្រ ចំណារពណ៌នានៅលើផ្នូរខ្មោចប្រទេសជាច្រើនមានសេចក្តីយ៉ាងខ្លីថា៖ បែកបាក់សាមគ្គី ។ ប្រជាជាតិមួយដែលបែកបាក់សាមគ្គី មិនត្រឹមតែមិនរឹងមាំទេ គឺកំពុងតែធ្វើដំណើរឆ្ពោះទៅកាន់ក្តីវិនាសអន្តរាយជានិរន្តរ៍តែម្តង ។ ក្នុងនាមជាអ្នកសិក្សា និង សង្កេតព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនិងនយោបាយរបស់ប្រទេសកម្ពុជាមួយរូប ខ្ញុំសង្កេតឃើញមានការផ្លាស់ប្តូរជាច្រើននៅក្នុង "ទង្វើ" ឬយុទ្ធសាស្ត្រដឹកនាំប្រទេសរបស់អ្នកកាន់អំណាចនៅកម្ពុជា ។ យុទ្ធសាស្ត្រមួយដែលខ្ញុំសង្កេតឃើញកើតមានប្រមាណជិតបីទសវត្សកន្លងមកហើយគឺ "បំបាត់ ឬបំផ្លាញទំនុកចិត្ត" ។ បំផ្លាញទំនុកចិត្តគឺជាដំណើរឆ្ពោះទៅកាន់ការបាត់បង់សាមគ្គីភាព ។ គួរកត់សម្គាល់ថា អ្នកកាន់អំណាចនៅស្រុកខ្មែរក៏ដូចជាអ្នកកាន់អំណាចនៅប្រទេសដទៃដែរ គ្មាននរណាម្នាក់ចង់ឲ្យពលរដ្ឋដែលខ្លួនគ្រប់គ្រងបែកបាក់សាមគ្គីគ្នាទេ ។ ក៏ប៉ុន្តែ នៅក្នុងវិស័យនយោបាយ ការបែកបាក់សាមគ្គីគ្នាគឺជាកត្តាងាយកើតមានជាទីបំផុត ។ មូលហេតុតែមួយគត់ដែលធ្វើឲ្យមនុស្សក្នុងសង្គមបែកបាក់សាមគ្គីគ្នាគឺ បក្សពួកនិយម ។ នៅក្នុងវិស័យនយោបាយ គេតែងបង្កើតបក្សដើម្បីកៀរគរអ្នកគាំទ្រ ។ ដូច្នេះ កត្តាបក្សពួកនិយម គឺជាអព្ភូតហេតុមួយជៀសមិនរួចឡើយ នៅក្នុងសង្គមមនុស្សជាតិ ។ មធ្យោបាយធ្វើឲ្យមនុស្សនៅក្នុងសង្គមមួយបាត់បង់ទំនុកចិត្តនិងបែកបាក់សាមគ្គីគ្នា មានច្រើនយ៉ាង ។ ក៏ប៉ុន្តែ មធ្យោបាយដែលមានពិសពុលនិងមានប្រសិទ្ធភាពជាងគេ គឺការបំភាន់បោកប្រាស់ប្រភេទភ្នាក់ងារសម្ងាត់ ឬ ច្រែះសុីដែក និង លេងល្ខោនបំភាន់ភ្នែក ។ ការធ្វើដូច្នេះ បើកើតមានរវាងក្រុមបក្សមួយទៅលើក្រុមបក្សមួយទៀត វាមិនបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរប៉ុន្មានទេ ។ ប៉ុន្តែ នៅពេលករណីនេះត្រូវបានរៀបចំជាប្រព័ន្ធ ចេញអំពីក្បាលម៉ាសុីនដឹកនាំប្រទេសដើម្បីគ្រប់គ្រងពលរដ្ឋ វាគឺជារឿងដ៏គ្រោះថ្នាក់មួយដែលសូម្បីតែអ្នកប្រព្រឹត្តិ ក៏គួរតែព្រួយដែរ ។ មុននឹងយើងលើកយកបញ្ហាបំផ្លាញខ្លួនឯងមកពិចារណា ខ្ញុំសូមលើកឡើងនូវសំណួរមួយ ថាតើខ្មែរយើងសព្វថ្ងៃ មានទំនុកចិត្តជាមួយនឹងអ្នកភូមិផងរបងជាមួយ កម្រិតណា ។ សូមរក្សាទុកចម្លើយនៅក្នុងចិត្តយើងគ្រប់ៗគ្នា ហើយធ្វើការពិចារណាបន្តទៀត ។ ខ្ញុំបានសង្កេតកត្តាមិនទុកចិត្តគ្នានៅក្នុងសង្គមខ្មែរ ជាពិសេសទង្វើបោកប្រាស់របស់មេដឹកនាំមកលើពលរដ្ឋខ្មែរ ប្រមាណជា២៥ឆ្នាំកន្លងមកហើយ ។ កត្តាមួយដែលខ្ញុំយកមកធ្វើជាមូលដ្ឋានត្រិះរិះពិចារណា ល្បិចបោកប្រាស់របស់អ្នកកាន់អំណាចខ្មែរ គឺអភ័យឯកសិទ្ធិ ។ មនុស្សដែលជាភ្នាក់ងារបោកប្រាស់របស់រដ្ឋាភិបាល ទោះបីជេរត្មះតិះដៀលរិះគន់បុគ្គលដឹកនាំប្រទេសជាតិរហូតដល់រយះមាត់ ក៏គ្មានទោសពៃរ៍អ្វីឡើយ ។ មនុស្សដទៃទៀត កុំថាឡើយដល់ទិតៀនរដ្ឋាភិបាល សូម្បីលើកបដាឈរស្ងៀមម្នាក់ឯងក៏អាជ្ញាធរសំពងឬចាប់ដាក់គុកដែរ ។ ក៏ប៉ុន្តែ អ្វីដែលជារឿងលំបាកស្វែងយល់បំផុតនោះ គឺមនុស្សខ្លះគេរៀបចំឲ្យរងទុក្ខទោសដូចមែនទែន ។ នៅមានករណីជាច្រើនផ្សេងទៀត ដែលអ្នកសង្កេតត្រូវការពិចារណាហេតុផលដ៏យូរអង្វែង ដើម្បីស្វែងរកតម្រុយ ។ អ្នករៀបចំល្បិចបោកប្រាស់នៅស្រុកខ្មែរមិនសូវជាចំណាប់លាក់ដានប៉ុន្មានទេ ។ អ្នកដែលធ្លាប់សិក្សាអំពីល្បិចកលសង្គ្រាម ៣៦ របស់ចិន និង យុទ្ធសាស្ត្រ ឬល្បិចគ្រប់គ្រងមនុស្សរបស់លោក នីកូឡូ ម៉ាក់គៀវែលី (Nicolo Machiavelli: The Prince) អាចមើលយល់អំពីល្បិចកលបោកបញ្ឆោតផងទាំងពួង ។ អ្វីដែលជារឿងសង្វេគនោះ គឺគេយកល្បិចកលទាំងពីរនេះមកប្រើលើមនុស្សដែលមានពូជពង្សវង្សត្រកូលជាមួយគ្នា ។ គួរកត់សម្គាល់ថា កលល្បិចទាំងពីរខាងលើនេះ គេមិនប្រើលើគ្នាឯងទេ ដ្បិតវានាំគ្រោះច្រើនជាងលាភ ។ សព្វថ្ងៃ ពលរដ្ឋខ្មែរមើលយល់ទង្វើបំភិតបំភ័យបំភ្លៃបោកប្រាស់របស់អាជ្ញាធរមកលើខ្លួន កាន់តែច្រើនឡើងៗហើយ ។ នៅពេលអត្រានេះកើនខ្ពស់ហួស៥០% ទំនុកចិត្តនិងជំនឿលើទង្វើនានារបស់អាជ្ញាធរនឹងសាបរលាបដូចអំបិលត្រូវទឹក ។ ការបាត់បង់ទំនុកចិត្តលើអាជ្ញាធរ នឹងរីករាលដាលមកលើមនុស្សភូមិផងរបងជាមួយ រហូតដល់សាច់សាលោហិតរបស់ខ្លួន ប្រៀបបាននឹងជំងឺមហារីក ។ ជាមួយនឹងការបាត់បង់ទំនុកចិត្តគ្នា សាមគ្គីភាពសង្គមក៏វារលំរលាយទៅដែរ ។ ប្រជាជាតិមួយមិនអាចរលំរលាយដោយសារការបែកបាក់សាមគ្គីតែមួយមុខទេ ។ អ្វីដែលជាកត្តាធ្វើឲ្យប្រជាជាតិមួយរលាយ គឺការឆ្លៀតទាញយកសារប្រយោជន៍ និងជ្រៀតជ្រែកពីសំណាក់មនុស្សជាតិដទៃ ។ នៅក្នុងករណីប្រទេសនិងពលរដ្ឋខ្មែរ យួននិងសៀមគឺជាប្រជាជាតិពីរដែលកំពុងតែប្រើវិធីស្រូបទាញ (Absorption) មកលើទឹកដីនិងពលរដ្ឋខ្មែរ ។ ខ្ញុំសូមនិយាយឲ្យត្រង់ភ្លឹងទៅចុះ ។ យួនប្រើវិធីបញ្ជ្រាបទឹក ។ ឯសៀមប្រើវិធី រំហួតទឹក ។ មួយស្រូបចូល មួយទាញចេញ ។ វាប្រៀបបាននឹងកំដៅព្រះអាទិត្យនិងទឹកភ្លៀង ។ និយាយឲ្យច្បាស់ដូចពន្លឺថ្ងៃ៖ យួនប្រើវិធីលំហូរចូលនៃពលរដ្ឋមកក្នុងដីខ្មែរ ។ សៀមប្រើវិធីទាញយកអ្នកប្រាជ្ញឬសកម្មជនខ្មែរ(ពលករខ្មែរ)ទៅប្រើប្រាស់ ដ្បិតអី គ្មានអ្វីប្រសើរជាងធនធានមនុស្ស ដែលលុះនឹងការប្រឹងប្រែងតស៊ូឈ្មុសឈ្មុល នៅក្នុងដំណើរជីវិតឡើយ ។ ឯកត្តាចម្បងដែលជម្រុញឲ្យខ្មែររលាយ គឺការធ្វើទុក្ខបុកម្នេញនិងប្រើកលល្បិចបំបាត់ទំនុងចិត្តគ្នា រវាងខ្មែរនិងខ្មែរ ដែលអ្នកដឹកនាំប្រទេសខ្មែររៀបចំដើម្បីគ្រប់គ្រងពលរដ្ឋ ក៏ដូចជារក្សាអំណាច ។ នេះហើយជាចំណុចគ្រោះមហន្តរាយ ។ សូមកុំបន្ទោសយួននិងសៀម ។ ពួកគេគ្រាន់តែឆ្លៀតឱកាសទាញយកសារប្រយោជន៍អំពីភាពខ្ជីខ្ជារបស់យើងតែប៉ុណ្ណោះ ។ ប្រវត្តិសាស្ត្រខ្មែរ ជាប្រវត្តិសាស្ត្រច្រំដែល ។ ដូច្នេះ អ្វីដែលខ្ញុំពណ៌នាខាងលើនេះ ប្រហែលជាមិនពិបាកយល់ទេ ដ្បិតវាមានទម្រង់ (Pattern) ទុកឲ្យយើងមើលរាប់រយឆ្នាំមកហើយ ។ តើខ្មែរយើងនឹងវិនាសអន្តរាយដោយរបៀបណា? ក្រៅអំពីកត្តា "ពាក្យច្រើនភូតច្រើចាញ់អាត្មា ឬ ចំណេះជិះកឯង" ជនជាតិខ្មែរអាចនឹងបាត់បង់អត្តសញ្ញាណ ស្រដៀងគ្នានឹងជនជាតិអាមេរិកាំងដែរ ។ ជនជាតិអាមេរិកាំងនៅទីនេះ គឺសំដៅដល់ជនជាតិអាមេរិកាំង ដែលរស់នៅក្នុងទី្វបអាមេរិកទាំងមូលរាប់ពាន់ឆ្នាំមកហើយ ។ មិនមែនសំដៅលើជនជាតិអាមេរិកាំង ដែលទើបនឹងមកតាំងទីលំនៅក្នុងទ្វីបអាមេរិក នារយៈពេលជាង ៥០០ឆ្នាំកន្លងទៅនេះទេ ។ ជនជាតិអាមេរិកាំងកាលពីបុរាណកាលមានចំនួនប្រហែលរាប់សិបលាននាក់ដែរ មុនពេលការចូលមកដល់មួយសំពៅម្តងៗ នៃមនុស្សអម្បូរដទៃ ។ បើនិយាយអំពីវប្បធម៌ ជនជាតិអាមេរិកាំងដែលជាម្ចាស់ស្រុកទាំងនោះ មានអត្តចរិតដូចជនជាតិខ្មែរស្ទើរតែបេះបិទ ។ ចំណុចរួមដ៏ពិសិដ្ឋមួយគឺយើងមិនហួងហែងធនធានធម្មជាតិទេ ។ យើងចែកគ្នារស់ដោយមិនរើសអើងជាតិសាសន៍ ។ នៅទីបំផុតចរិតមនុស្សធម៌នេះ បានក្លាយទៅជាទាសករនៃអំពើអមនុស្សធម៌ ។ បន្តិចម្តងៗ ចលនាស្រូបទាញនៃមនុស្សអម្បូរដទៃ បានធ្វើឲ្យជនជាតិអាមេរិកាំងម្ចាស់ស្រុកបាត់បង់ទាំងជីវិត វប្បធម៌ និង អត្តសញ្ញាណ ស្ទើរតែផុតពូជអស់ទៅហើយ ។ សព្វថ្ងៃ ពួកគេដែលសេសសល់រស់នៅតែក្នុងតំបន់ចុងកាត់មាត់ញក ប្រៀបដូចជាជនជាតិកួយ ចារាយ និង ព្នង នៅស្រុកខ្មែរដែរ ។ ដំណើរដែលធ្វើឲ្យជនជាតិម្ចាស់ស្រុកអាមេរិកាំងរលំរលាយ កើតចេញអំពីអព្ភូតហេតុមួយដែលភាសាអង់គ្លេសហៅថា៖ Manifest Destiny (វាសនាចារពីនាយ) ។ ពាក្យនេះបើនិយាយឲ្យងាយយល់ វាគឺជាស្មារតី (Spirit) នៃមនុស្សដទៃដែលមកវាតទីលើទឹកដីរបស់គេ ថាជាព្រេងវាសនា ឬសិទ្ធិរបស់ខ្លួនក្នុងការចូលមកជ្រកពួននៅលើទឹកដីថ្មីនេះ ។ អព្ភូតហេតុនេះមិនមែនទើបតែកើតមាននៅទ្វីបអាមេរិកប៉ុន្មានសតវត្សកន្លងទៅនេះទេ ។ វាបានកើតមាននៅអាសុីអគ្នេយ៍ប្រមាណជាង ១០០០ឆ្នាំកន្លងមកហើយ ។ ដំណើរវាសនាចារពីនាយមួយនៅអាសុីអគ្នេយ៍ មានប្រភពចេញពីតំបន់ភាគខាងត្បូងនៃខេត្ត យូណាន ប្រទេសចិន ។ មនុស្សពីរក្រុមដែលហៅខ្លួនឯងថាជាជនជាតិ ដាយ និង តៃ (Dai and Tai) បានធ្វើដំណើរចុះតាមដងទន្លេក្រហមនិងទន្លេមេគង្គ ដែលហូរឆ្ពោះទៅកាន់សមុទ្រចិនភាគខាងត្បូង ។ ជនជាតិដាយធ្វើដំណើរតាមដងទន្លេក្រហមទៅដល់ឈូងសមុទ្រ តុងកឹង ហើយក៏ប្តូរឈ្មោះហៅខ្លួនឯងថា ដាយវៀត ។ បន្តមកទៀតក៏ប្តូរទៅជា វៀតណាម ។ ការផ្លាស់ប្តូរឈ្មោះនេះ គឺដើម្បីឆ្លើយតបទៅនឹងការស្រូបទាញជនជាតិដទៃដែលចូលមកក្នុងអម្បូររបស់ខ្លួន ឬក៏សម្របខ្លួនចូលទៅក្នុងវប្បធម៌ជាតិសាសន៍ដទៃដើម្បីពង្រីកឥទ្ធិពល ។ សព្វថ្ងៃនេះ ដំណើររបស់ជនជាតិដាយបានមកដល់ឈូងសមុទ្រថៃភាគខាងកើតហើយ ហើយក៏បានស្រូបទាញយកទឹកដីនិងជនជាតិធំៗពីរផ្សេងទៀតចូលក្នុងក្រុមគេដែរ គឺជនជាតិចាមនិងជនជាតិខ្មែរក្រោម ។ ឯដំណើររបស់ជនជាតិតៃតាមដងទន្លេមេគង្គក៏មានសណ្ឋានដូចគ្នាដែរ ។ សព្វថ្ងៃ ពួកគេបានមកដល់ជ្រោយម៉ាឡេភាគខាងជើង ដែលស្ថិតនៅខាងលិចឈូងសមុទ្រថៃ ។ នៅក្នុងដំណើរចុះមកត្បូងនេះដែរ ពួកគេបានស្រូបទាញបញ្ចូលនូវជនជាតិ មន សៀម លាវ ខ្មែរលើ និង ម៉ាឡេ បង្កើតបានជាប្រទេស ថៃឡង់ដ៍ នាពេលបច្ចប្បន្ន ។ និយាយរួម ជនជាតិដាយនិងតៃ បានមកភពប្រសព្វគ្នានៅក្នុងឈូងសមុទ្រថៃ ។ ប្រទេសខ្មែរបច្ចុប្បន្ន គឺជាសំណល់ដ៏តូចមួយប្រៀបបាននឹងនំអាកោត្នោត ដែលនៅក្នុងកន្ទោងស្លឹកចេក ។ មនុស្សពីរនាក់ដែលកំពុងតែស្រេកឃ្លាន តើអាចអង្គុយមើលនំអាកោត្នោត ដែលកំពុងតែធ្វើដំណើរទៅរកភាពផ្អូម ដោយមិនអើពើដែរទេ ។ ពួកគេប្រាកដជាមិនទុកឲ្យវាផ្អូមចោលអសារឥតការឡើយ ។ មុននឹងបញ្ចប់អត្ថបទនេះ សូមនិយាយអំពីសេណារីយោនៃអនាគតកាលរបស់ខ្មែរបន្តិច ។ ឈ្មោះកម្ពុជា ដូចអាមេរិកាំងដែរ គឺមិនបាត់បង់ទៅណាទេ ។ ស្ថាននាមនានាដូចជាអង្គរវត្ត ភ្នំដងរែក ភ្នំពេញ ក៏មិនបាត់បង់ដែរ ។ អ្វីដែលបាត់បង់គឺ វប្បធម៌ និង អត្តសញ្ញាណជាតិសាសន៍ ។ ទៅមុនគេគឺភាសាដែលនឹងក្លាយទៅជាទម្រង់ Creoles (ភាសាដែលយកពាក្យក្នុងភាសាដទៃមកប្រើជំនួសពាក្យរបស់ខ្លួន) ។ បន្ទាប់មកគឺទំនៀមទម្លាប់និងក្បួនច្បាប់នានា ដែលបាត់បង់រចនាបថ (Diluted Tradition) ។ ផ្គួបផ្សំកត្តាទាំងអស់នេះ ជាមួយនឹងចលនាស្រូបទាញដែលរៀបរាប់ខាងលើ វានឹងធ្វើឲ្យអត្តសញ្ញាណខ្មែររលុបរលាយបន្តិចម្តងៗ ។ ដំណើរនៃការរលុបរលាយសន្សឹមៗនេះ ត្រូវការពេលវេលាយ៉ាងហោចណាស់ក៏ ១០០ ឬ ២០០ឆ្នាំទៅមុខទៀតដែរ ។ អ្នកប្រព្រឹត្តិនិងនាំអាទិ៍ឲ្យខ្មែររលាយអត្តសញ្ញាណ នឹងស្លាប់បាត់អស់មិនអាចមើលឃើញផលនៃកម្មរបស់ខ្លួនឡើយ ។ គឺអ្នកជំនាន់ក្រោយ ដែលកើតមកត្រូវរងកម្មរស់នៅក្រោមឥទ្ធិពលរបស់ជនជាតិដទៃ ។ នៅលើលោកនេះ ប្រហែលជាគ្មានអ្វីចង្រៃជាងសាងកម្មទុកឲ្យអ្នកដទៃរងគ្រោះឡើយ ។ សូមឲ្យការវិភាគវែកញែកនៅក្នុងសំណេរនេះ ខុសទាំងស្រុងផងចុះ ។ វាជាក្តីប្រាថ្នាតែមួយគត់របស់ខ្ញុំ ។ ជាលើកទីមួយហើយដែលខ្ញុំសរសេរអត្ថបទដាក់ឲ្យគេអាន ហើយប្រាថ្នាចង់បានពិន្ទុ សូន្យ ៕

Wednesday, October 18, 2023

ចំណីខួរក្បាល

បដិការកម្ម កាលពីខែមុន ខ្ញុំរពឹសដៃទៅកេះក្រម៉នៅក្រោមបាសាំងលុបមុខរបស់ខ្ញុំ ក៏រងគ្រោះមហន្តរាយចំណាយប្រាក់អស់ ២២០០០ដុល្លារ ។ ការចំណាយនេះបើគិតជាសម្ភារអស់ប្រហែលជា ៥០០០ដុល្លារទេ ។ អ្វីដែលធ្ងន់ធ្ងរគឺឈ្នួលជាងដែលត្រូវចំណាយ ៣ភាគ៤ នៃចំណាយសរុប ។ ត្រង់ចំណុចនេះ ខ្ញុំសូមលើកយកប្រការមួយដែលអ្នករស់នៅស្រុកខ្មែរតែងតែលើកយកមកនិយាយលេងសើចគឺ "ស្អែកទៅធ្វើការងារសំណង់ធម្មតា" ក្នុងន័យបន្តុះបង្អាប់របររកសុីជាជាងសំណង់ ។ ជាងសំណង់នៅស្រុកអាមេរិក មិនជាអាប់អោនណាស់ណាទេ ថ្វីដ្បិតតែពួកគេស្លៀកពាក់កន្ត្រេកកន្ត្រាក ។ ពួកគេអាចរកចំណូលបានយ៉ាងច្រើន ប្រសិនបើធ្វើការងារឲ្យអតិថិជនបានល្អ ។ ដើមចមនៃការជួសជុលអំពល់ទុក្ខដោយសារតែរបស់ប្រើប្រាស់ក្នុងផ្ទះខូចនេះ គឺកើតចេញអំពីជញ្ជាំងពុកនៅជុំវិញទុយយោទឹកខាងក្រោមបាសាំងលុបមុខ ។ ខ្ញុំសង្កេតឃើញវាហាក់ដូចជាមានសំណើម ក៏យកម្រាមដៃទៅខ្វេះឆ្កឹះយកកំទេចកំទីចេញដើម្បីពិនិត្យមើល ។ បន្ទាប់ពីឆ្កឹះជញ្ជាំងដែលពុកចេញអស់ ខ្ញុំយកដៃទៅស្ទាបទុយយោទឹកតូចដែលមានស្នឹម ហើយមានអារម្មណ៍ថាវាមានសំណើមតិចៗ ។ ដោយហេតុតែខ្ញុំគ្មានលទ្ធភាពនឹងជួសជុលទុយយោទឹកនោះ ខ្ញុំក៏សម្រេចហៅជាងសំណង់មកជួសជុល ។ ជាងសំណង់ដែលខ្ញុំហៅមកជួសជុលផ្ទះខ្ញុំនេះ គឺជាជាងអង្កាច់អង្កោចដែលខ្ញុំធ្លាប់ឃើញមកសម្អាតនិងលាងជញ្ចាំងផ្ទះអ្នកជិតខាងខ្ញុំ ។ គាត់គ្មានក្រុមហ៊ុនអ្វីធំដុំទេ ។ ខ្ញុំសួរគាត់ថា ចេះធ្វើអ្វីខ្លះទាក់ទងនឹងផ្ទះសម្បែង ។ គាត់ឆ្លើយថា ចេះធ្វើសព្វបែបយ៉ាង ។ ដោយឃើញគាត់មានឫកពារាក់ទាក់ ខ្ញុំក៏សុំលេខទូរសព្ទគាត់មកទុកក្រែងថ្ងៃណាមួយត្រូវការពឹងពាក់គាត់ ។ អ្នករស់នៅស្រុកអាមេរិក ជាទូទៅរមែងតែងឃើញឡាន Van ពណ៌សដែលមានជណ្តើរច្រងេងច្រងាងចងនៅលើដំបូល ។ ក្រុមជាងជួសជុលផ្ទះដែលប្រើឡានពណ៌សហ្នឹង ភាគច្រើនគឺជាជនអន្តោប្រវេស ស្របច្បាប់ក្តី មិនស្របច្បាប់ក្តី ភៀសខ្លួនមកពីទ្វីបអាមេរិកភាគកណ្តាល និងភាគខាងត្បួង ។ ពួកគេមានចំណុចរួមមួយ គឺប្រើកម្លាំពលកម្មដើម្បីទ្រទ្រង់ជីវិតក៏ដូចជា ដើម្បីជួយដល់សមាជិកគ្រួសារដែលកំពុងរស់នៅឯស្រុកកំណើត ។ ស្ថានភាពរបស់ពួកគេ គឺមិនខុសអំពីពលរដ្ឋខ្មែរដែលធ្វើចំណាកស្រុកទៅធ្វើការងារនៅក្នុងប្រទេស ថៃ កូរ៉េខាងត្បួង ឬជប៉ុនឡើយ ។ ទុករឿងអន្តោប្រវេសន៍និងពលករចំណាកស្រុកមួយកណ្តុប ។ អ្វីដែលខ្ញុំចង់លើកយកមកនិយាយនៅក្នុងអត្ថបទនេះគឺ ទំនាក់ទំនងរវាងមនុស្សជាតិដែលមានពូជអម្បូរនិងវប្បធម៌ទីទៃពីគ្នា ។ កាលរៀននៅមធ្យមសិក្សា ខ្ញុំធ្លាប់អានកំណត់ត្រាជីវិត (Diary) របស់យុវតី អាន ហ្វ្រេង ដែលសរសេរថា៖ មនុស្សទាំងអស់ កើតមកមិនអាក្រក់ជួជាតិទេ ។ គឺបរិយាការសង្គម (Social environment) ដែលធ្វើឲ្យពួកគេក្លាយទៅជាមនុស្សអាក្រក់ឃោរឃៅ ។ ខ្ញុំក៏មានគំនិតដូចជានាង អាន ហ្វ្រេង ដែរ ។ ប៉ុន្តែ ខ្ញុំមានទស្សនមួយបន្ថែមទៀត គឺថាមនុស្សទាំងអស់មាននិន្នាការ បដិការកម្ម ។ ពាក្យនេះមានន័យថា ទង្វើដែលយើងប្រព្រឹត្តិទៅលើអ្នកដទៃ ដោយកាយក្តី វាចាក្តី ចិត្តក្តី រមែងទទួលផលទៅតាមសទ្ធារបស់យើង ។ មិនដឹងជាទស្សននេះកើតមានក្នុងគំនិតខ្ញុំពីពេលណាមកទេ ។ វាប្រហែលជាកកើតតាំងតែពីដើមទសវត្សឆ្នាំ ១៩៧០ម្លេះ អំឡុងពេលក្រុមគ្រួសាររបស់ខ្ញុំភៀសសឹកមករស់នៅក្នុងផ្ទះជួលមួយនៅភូមិ ទួលស្បូវ នាទីក្រុង កំពង់ចាម ។ ម្ចាស់ផ្ទះបានធ្វើជញ្ជាំងខ័ណ្ឌផ្ទះកន្តាំងបីខ្នងដ៏ធំនោះជាបីល្វែង ហើយជួលឲ្យមនុស្សរស់នៅចំនួនបីគ្រួសារ ។ ក្រៅអំពីគ្រួសារយើង មានគ្រួសារពីរទៀតដែលភៀសខ្លួនមកពីខេត្ត កំពត មួយគ្រួសារ និងគ្រួសារមួយទៀតខ្ញុំអត់ចាំស្រុកកំនើតទេ ។ អ្វីដែលជាការកត់សម្គាល់របស់ខ្ញុំគឺ នៅគ្រាមួយនោះគ្រួសារយើងធ្វើនំចំណី ហើយក៏យកនំខ្លះទៅជូនគ្រួសារទាំងពីរដែលរស់នៅក្បែរយើងនោះ ។ លទ្ធផលបន្តបន្ទាប់គឺគ្រួសារទាំងពីរនោះ តែងតែយកនំចំណី ឬម្ហូបអាហារមកឲ្យពួកយើងទៅវិញទៅមកជារឿយៗ រហូតដល់ថ្ងៃខ្មែរក្រហមវាយលុកចូលទីក្រុងកំពង់ចាមនៅឆ្នាំ ១៩៧៣ ដែលជាហេតុនាំឲ្យពួកយើងបែកខ្ញែកគ្នាអស់ទៅ ។ ទំនាក់ទំនងរវាងខ្ញុំនិងជាងសំណង់ គឺចាប់ផ្តើមអំពីទស្សនថា មនុស្សគ្រប់រូបសុទ្ធតែមានកិត្តិយសនិងភាវស្មោះសនៅក្នុងខ្លួន (Dignity and Honesty) ។ ថ្វីដ្បិតតែខ្ញុំយកលុយទៅជួលពួកគេឲ្យធ្វើការងារឲ្យខ្ញុំ ខ្ញុំមិនបានចាត់ទុកខ្លួនឯងថាជាចៅហ្វាយនាយ និងជាងសំណង់ជាទាសករឡើយ (Master and slave relationship) ។ ខ្ញុំចាត់ទុកពួកគេថាជាមិត្តភក្តិមកជួយធ្វើការងារឲ្យខ្ញុំ ។ ដើមឡើយ គម្រោងរបស់យើងគឺជួសជុលតែទុយយោទឹកនៅក្រោមបាសាំងលុបមុខទេ ។ ដោយហេតុតែជញ្ជាំងនៅពីក្រោយបាសាំងនោះវាពុកបាក់ដែរ យើងក៏សម្រេចជៀរជញ្ជាំងមួយផ្ទាំងចេញហើយសាងសង់វាឡើងវិញ ។ តម្លៃសរុបនៃការជួសជុលបាសាំងលុបមុខនោះគឺអស់ ១៦០០ដុល្លារ ។ ប៉ុន្តែ បន្ទាប់ពីយើងគាស់បាសាំងនិងកាត់ជញ្ជាំងចេញ ជាងយកពិលបញ្ចាំងមើលតាមបណ្តោយជញ្ជាំង ដែលស្ថិតនៅទន្ទឹមនឹងកន្លែងងូតទឹក (Bathtub) ក៏ឃើញមានការបាក់បែកច្រើន ។ ឯស្នោការពារធាតុអាកាសនៅចន្លោះជញ្ជាំងនោះ ក៏វាពុកផុយរលេះរលួយអស់ដែរ ។ ជាងជួសជុលឲ្យយោបល់ថា គួរតែគាស់បំបែករុះរើបន្ទប់ទឹកនោះដើម្បីរៀបចំដាក់ជញ្ជាំងថ្មី និងត្រួតពិនិត្យមើលទុយយោទឹកនៅក្នុងជញ្ជាំងនោះផង ។ ដោយហេតុតែផ្ទះខ្ញុំមានអាយុជាង ៥០ឆ្នាំហើយ ហើយបន្ទប់ទឹកមួយទៀតដែលស្ថិតនៅទល់ខ្នងគ្នាជាមួយនឹងបន្ទប់ទឹកដែលយើងគ្រោងរុះរើនោះ វាចាស់ដុះស្នឹមហើយដែរ យើងក៏សម្រេចចិត្តជួសជុលសាងសង់បន្ទប់ទឹកទាំងពីរសាជាថ្មីតែម្តងទៅ ។ ការវាយតម្លៃជួសជុលផ្ទះ ឬសម្ភារប្រើប្រាស់នៅក្នុងផ្ទះ (Estimate) មិនមែនជារឿងងាយស្រួលទេ ។ ខ្ញុំរៀនអំពីប្រការនេះ បន្ទាប់ពីចូលរួមពាក់ព័ន្ធនឹងការជួសជុលដោយផ្ទាល់ ។ ប្រការឈឺក្បាលខ្លាំងជាងគេគឺតម្លៃសម្ភារៈ ដែលអាចខុសគ្នាពី ៥ ទៅ ១០ ដង ។ ឧទាហរណ៍ បាសាំងងូតទឹកមួយអាចមានតម្លៃចាប់ពី ២០០ដុល្លារ ទៅ ២០០០ដុល្លារ អាស្រ័យលើគុណភាពនិងក្បូរក្បាច់រចនារបស់វា ។ ដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ និងដើម្បីសម្រួលដល់កិច្ចការផងទាំងពួង ខ្ញុំសម្រេចទទួលរ៉ាប់រងលើតម្លៃសម្ភារទាំងអស់ចាប់តាំងពីថង់ដាក់សំរាមនិងម៉ាស់ការពារផ្លូវដង្ហើមឡើងទៅ ។ ជាងទទួលខុសត្រូវតែលើការរុះរើនិងសាងសង់ឡើងវិញ ។ តម្លៃឈ្នួលនៃការងារនោះគឺ ១៦០០០ដុល្លារ ។ ជាងចុះឲ្យខ្ញុំ ១០០០ដុល្លារ នៅសល់ត្រឹម ១៥០០០ដុល្លារ ។ ជាងជួសជុលផ្ទះខ្ញុំមានដើមកំណើតមកពីប្រទេស ហុងឌូរាក់ (Honduras) ។ គាត់មានប្រពន្ធនិងកូនបីនាក់ក្នុងបន្ទុក ។ កូចតូចជាងគេមានអាយុ ៤ឆ្នាំ ។ ភរិយាគាត់មានរបរជាអ្នកបោសសម្អាតផ្ទះសម្បែង ។ គាត់ចាប់ផ្តើមប្រកបការងារនៅសហរដ្ឋអាមេរិក ក្នុងនាមជាអ្នកលាងចាននៅក្នុងភោជនីយដ្ឋានចិន ។ បន្ទាប់មក គាត់ទៅធ្វើជាកម្មករសំណង់រយៈពេល ១០ឆ្នាំ ។ បន្ទាប់ពីមានបទពិសោធការងារសមល្មម គាត់ងាកមកធ្វើការងារជួសជុលផ្ទះជាលក្ខណៈឯករាជ្យ (Independence contrator) ពីរនាក់ប្អូនប្រុសរបស់គាត់ ។ ដើម្បីប្រកបរបរជួសជុលផ្ទះ រដ្ឋតម្រូវឲ្យគាត់ទិញធានារ៉ាប់រង ។ ការងារមួយចំនួនដូចជាតសំយ៉ាបផ្ទះ ឬសង់ការ៉ាសដាក់ឡាននៅតាមផ្ទះ គាត់មិនអាចធ្វើទេដ្បិតរដ្ឋតម្រូវឲ្យមានអាជ្ញាប័ណ (License or Certificate) ។ ដើម្បីទទួលបានអាជ្ញាប័ណ គាត់ត្រូវទៅហ្វឹកហ្វឺនជំនាញជាងនៅសាលាជាមុនសិន ។ បើនិយាយអំពីដំណើរជិវិតជាងជួសជុលផ្ទះនិងខ្ញុំក្នុងនាមជាជនអន្តោប្រវេស យើងមានដំណើរដើមទងប្រហាក់ប្រហែលគ្នា ។ ខ្ញុំចាប់ផ្តើមអាជីពជាអ្នកលាងចានឆ្នាំងនៅក្នុងមជ្ឈមណ្ឌលថែទាំមនុស្សចាស់ ។ បន្ទាប់មកជាអ្នកចៀនដំឡូងនិងសាច់មាន់នៅក្នុងហាងលក់អីវ៉ាន់ចាប់ហួយ ។ ក្រោយមកទៀត ទៅធ្វើជាអ្នកលក់ខោអាវទ្រនាប់មនុស្សប្រុសស្រីនៅហាងលក់សម្លៀកបំពាក់ ។ អ្វីដែលជាភាពខុសគ្នារវាងជាងនិងខ្ញុំគឺ កាលនោះខ្ញុំនៅលីវហើយមានលទ្ធភាពទៅរៀននៅសាលា ។ ឯគាត់មានគ្រួសារនៅក្នុងបន្ទុកដែលតម្រូវឲ្យគាត់ធ្វើការងារពេញម៉ោងរៀងរហូតមក ។ ទោះជាយ៉ាងណាក៏ដោយ គាត់ចំណាយពេល ១០ឆ្នាំ មុននឹងអាចងាកមកប្រកបការងារជាលក្ខណៈឯករាជ្យ ។ ឯខ្ញុំចំណាយពេល ៧ឆ្នាំទម្រាំរកការងារបានធ្វើនៅក្នុងការិយាល័យ ។ កុងត្រាជួសជុលផ្ទះរបស់ខ្ញុំ មិនមានអ្វីសាំញ៉ាំទេ ។ ជាងជួសជុលចេះភាសាអង់គ្លេសល្មមតែនិយាយស្តាប់គ្នាបាន ។ គាត់សរសេររៀបរាប់ដ៏សាមញ្ញបំផុត អំពីតម្លៃនិងអ្វីដែលត្រូវធ្វើនៅលើក្រដាសមួយសន្លឹក ។ យើងអត់ចុះហត្ថលេខាលើក្រដាសនោះទេ ។ ខ្ញុំគ្រាន់តែយកអាយហ្វូនមកថតក្រដាស់នោះទុកឲ្យអ្នកផ្ទះខ្ញុំមើលតែប៉ុណ្ណោះ ។ វាជាកាយវិការបញ្ជាក់ថា ខ្ញុំទុកចិត្តជាងទាំងស្រុង ។ មុនចាប់ផ្តើមធ្វើការងារ ជាងបានសុំអធ្យាស្រ័យអំពីខ្ញុំពីរចំណុច ។ ទីមួយគឺប្អូនគាត់មានចរិតមិនទៀតទាត់ ។ ពេលខ្លះវាមកធ្វើការ ។ ពេលខ្លះវាអត់មកជួយធ្វើកិច្ចការងារទេ ។ ទោះជាយ៉ាងណាក៏ដោយ គាត់នឹងព្យាយាមជួសជុលផ្ទះខ្ញុំឲ្យហើយនៅក្នុងរយៈពេលមួយខែ ។ ទីពីរគឺគាត់សុំឲ្យខ្ញុំបង់ប្រាក់ឲ្យគាត់ជាលុយសុទ្ធចំនួន ៣៥០០ដុល្លារ ហើយប្រាប់ប្អូនគាត់ថាតម្លៃនៃការជួសជុលផ្ទះខ្ញុំគឺមានចំនួន ១១៥០០ដុល្លារ ប្រសិនបើប្អូនគាត់សួរនាំ ។ ចំណេរក្រោយមកទើបគាត់បង្ហើបប្រាប់ខ្ញុំថា ប្រាក់សុទ្ធដែលគាត់លាក់មិនឲ្យប្អូនគាត់ដឹងនោះគឺសម្រាប់បង់សេវាធានារ៉ាប់រង ។ ប្អូនគាត់មិនខ្វល់អំពីធានារ៉ាប់រងឬមិនរ៉ាប់រងទេ ។ វាដឹងតែទារកម្រៃអំពីគាត់ពាក់កណ្តាលម្នាក់ ទោះបីជាវាមិនមកធ្វើការងារទៀតទាត់ក៏ដោយ ។ ប្អូនគាត់អត់ចេះភាសាអង់គ្លេសទេ ។ ការងារផងទាំងពួងគឺគាត់ជាអ្នកស្វែងរក ។ ប្អូនគាត់នោះ បើធ្វើការងារឲ្យអ្នកដទៃ ប្រហែលឈរជើងមិនបានមួយខែទេ ។ អំឡុងពេលជួសជុលផ្ទះខ្ញុំ ប្អូនគាត់មិនមកធ្វើការពីរឬបីដង ហើយដើរចេញពីការងារពីរដង ។ មិនត្រឹមតែដើរចេញទេ វាបើកទាំងឡានដែលមានផ្ទុកសម្ភារសម្រាប់ធ្វើការងារទៅជាមួយដែរ ។ ប៉ុន្តែ ជាងជួសជុលគាត់មានឡានតូចមួយដែលមានសម្ភារស្រាលៗសម្រាប់ធ្វើការងារតូចៗ ។ តាមការសង្កេតរបស់ខ្ញុំ ប្អូនរបស់គាត់អាចមានអាការ អូទីហ្សឹម កម្រិតស្រាលទើបបានជាមានអាកប្បកិរិយាមិនប្រក្រតីដូច្នោះ ។ អ្វីដែលជារឿងគួរឲ្យសសើរនោះ គឺការស៊ូទ្រាំរវាងបងនិងប្អូនដើម្បីជួយសង្គ្រោះគ្នា ។ ក្រៅអំពីប្រការទាំងពីរខាងលើ ជាងជួសជុលផ្ទះក៏បានសុំការយោគយល់អំពីខ្ញុំនូវប្រការមួយទៀតដែរ ។ ពេលខ្លះគាត់ត្រូវទទួលជួសជុលផ្ទះឲ្យអ្នកដទៃរយៈពេលកន្លះថ្ងៃ ឬមួយថ្ងៃ អំឡុងពេលធ្វើការងារជួសជុលផ្ទះខ្ញុំនោះ ហើយសុំយកថ្ងៃចុងសប្តាហ៍មកធ្វើការងារនៅផ្ទះខ្ញុំជំនួសវិញ (Flexibility) ។ ខ្ញុំក៏យល់ព្រមនឹងគាត់ដែរ ។ តាមពិត គាត់មិនចាំបាច់ប្រាប់ខ្ញុំត្រង់ពេកទេ ។ គ្រាន់តែប្រាប់ខ្ញុំថា មិនអាចមកធ្វើការឲ្យខ្ញុំបាននៅថ្ងៃណាមួយ គឺវាចប់រឿងហើយ ។ និយាយអំពីភាពត្រឹមត្រង់នេះ ខ្ញុំធ្លាប់ត្រូវបានចៅហ្វាយនាយស្តីឲ្យយ៉ាងចាស់ដៃម្តងដែរ បន្ទាប់ពីខ្ញុំប្រាប់អតិថិជនត្រង់ពេក នៅពេលដែលយើងធ្វើការងារឲ្យគេមិនទាន់ពេលវេលា ។ គាត់ថា គួររកលេស (កុហក) និយាយប្រាប់គេឲ្យសមរម្យបន្តិចទៅបានហើយ ។ គេហៅយុទ្ធសាស្ត្របិទបាំងតូចតាចនេះជាភាសាអង់គ្លេសថា៖ white lies ។ ពេលខ្លះជាងជួសជុលផ្ទះយកកូនស្រីអាយុ៤ឆ្នាំរបស់គាត់មកជាមួយ ហើយសុំទោសខ្ញុំអំពីប្រការនោះ ។ ខ្ញុំប្រាប់គាត់ជាភាសាអេស្ប៉ាញ៉ុលមួយម៉ាត់យ៉ាងខ្លីថា៖ Mi casa, su casa! (ផ្ទះខ្ញុំ ក៏ដូចជាផ្ទះអ្នកដែរ) ។ គាត់ញញឹមដោយអំណរ ។ អំឡុងពេលជួសជុលផ្ទះនោះ ខ្ញុំតែងតែយកទឹកសុទ្ធ ៥ ទៅ ១០ដប ទៅដាក់ក្បែរកន្លែងធ្វើការសម្រាប់ពួកគេទទួលទានជារឿយៗ ហើយប្រាប់ជាងទាំងនោះថា ពេលអស់ទឹកញ៉ាំចុះទៅយកនៅក្បែរផ្ទះបាយដែលជាកន្លែងស្តុកទឹកទាំងនោះ ។ ប៉ុន្តែ ពួកគេមិនដែលចុះទៅយកទឹកមកញ៉ាំដោយខ្លួនឯងទេ ។ ពេលខ្លះ ខ្ញុំភ្លេចមិនបានដាក់ដបទឹកនៅកន្លែងធ្វើការងារ ពួកគេសុខចិត្តទ្រាំរហូតដល់ជួបខ្ញុំទើបប្រាប់អំពីតម្រូវការរបស់ពួកគេ ។ តើយើងទទួលបានអ្វីត្រឡប់មកវិញ នៅពេលដែលយើងយកគោលការណ៍ បដិការកម្ម មកអនុវត្តិ ? នៅក្នុងករណីរបស់ខ្ញុំនេះ គឺបានទទួលលទ្ធផលដូចតទៅ៖ ជាងជួសជុលផ្ទះខ្ញុំចាត់ទុកការជួសជុលនោះ ប្រៀបដូចជាការជួសជុលផ្ទះរបស់គាត់ (Personalized the project) ។ គាត់ចាត់ទុកខ្ញុំជាមិត្តភក្តិច្រើនជាងចៅហ្វាយនាយ ។ គំនិតណាដែលមិនសមទំនង គាត់នឹងជំទាស់ហើយព្យាយាមពន្យល់ខ្ញុំ អំពីសោភ័ណ្ឌនានាពាក់ព័ន្ធនឹងការសាងសង់ ។ នៅពេលទៅទិញឥដ្ឋការ៉ូយកមកក្រាលក្នុងបន្ទប់ទឹក ខ្ញុំសម្រេចជ្រើសរើសការ៉ូម៉្យាងដែលអាចប្រើលើជញ្ជាំងផង និងកម្រាលផង ។ ជាងគាត់ជំទាស់នឹងជម្រើសខ្ញុំ ដោយប្រាប់ថាជញ្ជាំងនឹងកម្រាល មិនអាចដាក់ឥដ្ឋពណ៌ដូចគ្នាឡើយ ។ ខ្ញុំប្រាប់គាត់ថាមិនចង់សាំញ៉ាំនាំឈឺក្បាលទេ ។ គាត់ឲ្យខ្ញុំជ្រើសរើសពណ៌ឥដ្ឋសម្រាប់ក្រាលនៅលើជញ្ជាំង ហើយគាត់នឹងយកឥដ្ឋសម្រាប់ក្រាលជាកម្រាលមកផ្គូគ្នា ដើម្បីបង្ហាញឲ្យឃើញថាតើវាមានសោភ័ណ្ឌខុសគ្នាដូចម្តេច ។ បន្ទាប់ពីខ្ញុំយកឥដ្ឋការ៉ូមួយដែលអ្នកផ្ទះខ្ញុំស្រឡាញ់មកឲ្យគាត់ គាត់យកឥដ្ឋនោះទៅដាក់ផ្អែកជញ្ជាំង រួចយកឥដ្ឋការ៉ូមួយទៀតដែលមានពណ៌ស្រគាំជាងបន្តិចមកដាក់ផ្ទាល់ដី ហើយយកអាយហ្វូនមកថតដើម្បីពង្រីកមើលរូបភាព ។ វាពិតជាមានសោភ័ណ្ឌខុសគ្នាមែន ។ ឥដ្ឋកម្រាលបន្ទប់ទឹកខ្ញុំ គឺជាងជាអ្នកសម្រេចជ្រើសរើស ។ ក្រៅអំពីឥដ្ឋការ៉ូ ឈើចម្រឹងជញ្ជាំនានាក៏គាត់ពិនិត្យពិច័យហ្មត់ចត់ដែរ មិនឲ្យមានវៀចឬបោបន្តិចបន្តួចឡើយ ។ និយាយអំពីឈើ ក្តារប្លង់សេសម្រាប់ទ្រកម្រាលឥដ្ឋនៅក្នុងបន្ទប់ទឹកទាំងពីរបានពុកដោយអន្លើដែលត្រូវកាត់តដាក់ក្តារថ្មី ។ ការងារនោះ អត់នៅក្នុងគម្រោងកុងត្រាទេ ។ ប៉ុន្តែ ដោយហេតុជាងអាចធ្វើកិច្ចការនោះកើត គាត់ក៏សម្រេចធ្វើកិច្ចការនោះបន្ថែមដោយអត់កែប្រែកុងត្រាឡើយ ។ គាត់ឲ្យខ្ញុំបង់ប្រាក់ឲ្យគាត់សម្រាប់កិច្ចការជាងឈើនោះ តាមសទ្ធា ។ ពេលធ្វើការងាររួចរាល់ចប់ទាំងស្រុង ខ្ញុំបាន់ផ្តល់ប្រាក់ ១០០០ដុល្លារ ដែលគាត់ចុះឲ្យខ្ញុំនៅក្នុងតម្លៃកុងត្រា ជូនទៅគាត់វិញ ។ និយាយអំពីធ្វើការប្រិតព្រៀងបន្តិច ។ ការរៀបឥដ្ឋការ៉ូនៅលើជញ្ជាំងនិងកម្រាល ជាងអត់រៀបដោយខ្លួនគាត់ទេ ថ្វីដ្បិតតែគាត់ចេះធ្វើកិច្ចការនោះដែរ ។ គាត់យកប្រាក់ឈ្នួលដែលខ្ញុំបង់ឲ្យគាត់ ទៅជួលអ្នកឯកទេសខាងរៀបឥដ្ឋការ៉ូមកធ្វើកិច្ចការនោះ ។ ពួកគេស្គាល់គ្នានិងប្រហែលជាធ្លាប់សហការគ្នាធ្វើការងារផងដែរ ។ ជាងរៀបឥដ្ឋការ៉ូមានគ្នាពីរនាក់ជាប្តីប្រពន្ធ ។ ជួនជាថ្ងៃមួយយើងធ្វើគុយទាវញ៉ាំ យើងក៏ហៅពួកគេទាំងបួននាក់ឲ្យញ៉ាំគុយទាវមួយពេល ។ ពួកគេស្គាល់គុយទាវតាមរយៈពាក្យវៀតណាមថា ហ្វឺ ។ អំឡុងពេលញ៉ាំអាហារជុំគ្នានោះ ពួកយើងបានណែនាំប្រាប់គ្នាអំពីចំណីអាហារប្រចាំត្រកូលរៀងខ្លួន ។ នៅថ្ងៃបញ្ចប់នៃការជួសជុល ជាងបានហៅភរិយាគាត់ដែលមានជំនាញខាងបោសសម្អាតផ្ទះ ឲ្យមកជូតសម្អាតផ្ទះយើង ឲ្យបានស្អាតបាតផងដែរ ។ ជាអកុសល ពេលភរិយាគាត់ដាក់កៅអីដើម្បីឈរទើតជូតកង្ហារនៅជាប់ពិដាន គាត់បានទាក់ដៃធ្វើឲ្យស្លាបកង្ហារមួយបាក់ ។ ជាងគ្រោងទិញកង្ហារថ្មីដាក់ឲ្យខ្ញុំវិញ តែខ្ញុំមិនឲ្យគាត់ចំណាយប្រាក់លើកង្ហារថ្មីនោះទេ ។ ខ្ញុំជាអ្នកចំណាយប្រាក់លើកង្ហារថ្មី ដ្បិតអីកង្ហារចាស់ដែលបាក់នោះ ក៏ជិតដល់ថ្ងៃដែលត្រូវផ្លាស់ប្តូរដែរ ។ ជាងចំណាយត្រឹមតែពលកម្មដាក់កង្ហារថ្មីនោះឡើងវិញ ។ សម្រាប់អ្នកដែលនៅស្រពិចស្រពិលអំពីគោលការណ៍ ឈ្នះ-ឈ្នះ ទង្វើនេះគឺជាទាហរណ៍ឈ្នះ-ឈ្នះ មួយ ។ ភាគីពាក់ព័ន្ធទទួលបានសារប្រយោជន៍និងមិនខាតបង់អ្វីធំដុំទេ ។ ការជួសជុលបន្ទប់ទឹកក្នុងផ្ទះទ្រង់ទ្រាយធំដូចជាអ្វីដែលខ្ញុំបានធ្វើនេះ ក្នុងមួយជីវិតប្រហែលជាមានតែម្តងទេ ។ អ្វីដែលជារឿងរីករាយសម្រាប់ខ្ញុំ គឺខ្ញុំអាចឆ្លៀតឱកាសនេះ យកមេរៀនដែលធ្លាប់បានរៀននៅឯសាលា មកធ្វើបទពិសោធដើម្បីស្វែងយល់ឲ្យបានជាក់លាក់ ថាតើការយល់ឃើញរបស់ខ្ញុំ អាចអនុវត្តិជាមួយនឹងមនុស្សជាក់ស្តែងបានដល់កម្រិតណា ៕

ចំណីខួរក្បាល

កិច្ចព្រមព្រៀង កិច្ចព្រមព្រៀង គឺជាពាក្យមួយ ដែលមានអត្ថន័យ ទូលំទូលាយ ។ ហើយវាក៏ជាពាក្យមួយ ដែលបង្កឲ្យមានគ្រោះមហន្តារាយ មកលើមនុស្សជាតិ ជាច្រើនដ...