Monday, January 22, 2024
ចំណីខួរក្បាល
ទិដ្ឋិអន្ទង់អាំង (Crooked Reasoning)
នយោបាយគឺជារឿងងាយរៀនងាយយល់ ។ ប៉ុន្តែ ពេលយើងព្យាយាមស្វែងយល់អំពីចរិតអ្នកធ្វើនយោបាយ វាពិបាកជាងស្វែងយល់អំពីចិត្តមនុស្សស្រីហៅមិនឮ ។ ថ្មីៗនេះ ខ្ញុំបានអង្គុយមើលការពិភាក្សាគ្នាមួយទល់នឹងមួយ រវាងអ្នកសម្របសម្រួលកម្មវិធី (Host) របស់ទូរទស្សអាមេរិកាំងមួយឈ្មោះ Firing Line ជាមួយនឹងលោក គ្រីស សូនូនូ ដែលជាអភិបាលរដ្ឋ នូហាមស៊ៀ ។ លោក សូនូនូ គឺជាសមាជិកនៃគណបក្សសាធារណរដ្ឋ ដែលមានលោកអតីតប្រធានាធិបតី ដូណាល់ ត្រាំ ជាបុគ្គលដ៏មានឥទ្ធិពលជាងគេបំផុតនៅក្នុងជួរបក្ស ។ អ្វីដែលធ្វើឲ្យលោក សូនូនូ លេចធ្លោនៅក្នុងជួរបក្សស្ទើរតែដូចលោក ត្រាំ ដែរ គឺក្នុងនាមជាអភិបាលរដ្ឋរបស់គណបក្សសាធារណរដ្ឋមួយរូប លោក សូនូនូ បានប្រកាសជាសធារណៈ មិនគាំទ្រលោក ដូណាល់ ត្រាំ ជាបេក្ខជនប្រធានាធិបតីនៅក្នុងការបោះឆ្នោតនាអាណតិនេះទេ ។ លោក សូនូនូ គាំទ្របេក្ខភាពរបស់អ្នកស្រី នីគី ហេឡី ។ ខាងក្រោមនេះគឺជាសម្រង់ពីបីឃ្លាដែលខ្ញុំស្រង់ចេញពីការពិភាក្សារវាងអ្នកសម្រួលកម្មវិធីទូរទស្សន៍ (TV Host) និងលោក សូនូនូ (Sununu)៖
TV Host: What do you think about Trump as a candidate?
(តើលោកវាយតម្លៃបេក្ខភាពលោក ត្រាំ ដូចម្តេចដែរ) ។
Sununu: He is unelectable.
(គាត់ជាមនុស្សមិនគួរឲ្យគាំទ្រទេ ។) កំណត់ស្មេរ៖ ពាក្យនេះ បើនិយាយឲ្យត្រង់ភ្លឹងតែម្តងគឺលោក ត្រាំ ជាមនុស្សអសមត្ថភាព ។ ប៉ុន្តែ នៅក្នុងភាសានយោបាយ គេមិននិយាយចំៗទេ ។
TV Host: If, at the end, he becomes the nominee of the Republican Party in the Presidential contest, would you vote for him or not?
(ប្រសិនបើនៅទីបំផុត លោក ត្រាំ ទទួលបានការគាំទ្រពីបក្សសាធារណរដ្ឋឲ្យឈរឈ្មោះជាបេក្ខជនប្រធានាធិបតី តើលោកបោះឆ្នោតឲ្យគាត់ទេ) ។
Sununu: I would definitely vote for him.
(ខ្ញុំប្រាកដជាបោះឆ្នោតគាំទ្រគាត់) ។
នៅក្នុងអក្សរសិល្ប៍ យើងមានសិល្ប៍វិធីមួយដែលហៅថា៖ បដិវាទកម្ម ឬ ទំនាស់ ។ កាលណាមានបដិវាទកម្ម ឬ ទំនាស់ វាតែងតែនាំទៅកាន់ សោកនាដកម្ម ។ នយោបាយនិងអក្សសិល្ប៍ គឺដូចគ្នា ។ វាជាសិល្បៈ ។ ក៏ប៉ុន្តែ ទម្រង់នៃសិល្បៈទាំងពីរ ផ្តល់ផលពីរផ្ទុយគ្នា ។ មួយនាំមនុស្សឲ្យរំភើបញាប់ញ័រក្នុងចិត្ត ប៉ុន្តែមិនបង្កឲ្យមានគ្រោះមហន្តរាយទេ ។ មួយទៀតនាំមនុស្សឲ្យធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយតែម្តង ។
ខ្ញុំសូមលើកយកបដិវាទកម្មនៅក្នុងគំនិតលោក សូនូនូ មកបង្ហាញនៅទីនេះ ។ He is unelectable Versus I would definitely vote for him. (គាត់ជាមនុស្សមិនគួរឲ្យគាំទ្រទេ ។ ខ្ញុំប្រាកដជាបោះឆ្នោតគាំទ្រគាត់) ។ បើយើងយកពាក្យពីរឃ្លានេះ មកត្រួតពិនិត្យឲ្យសុីជម្រៅបន្តិច វាហាក់ដូចជាខួរក្បាលរបស់លោក សូនូនូ មិនស្ថិតនៅក្នុងលលាដ៍ជាមួយគ្នាទេ ។
បដិវាទកម្ម ឬ ទិដ្ឋិអន្ទង់អាំង គឺជាកត្តាដ៏ធំបំផុតដែលធ្វើឲ្យមនុស្សឆ្លាតវាងវៃ ក្លាយទៅជាទាសកររបស់មនុស្សអសមត្ថភាព ឬក៏ជនផ្តាច់ការ ។ នៅក្នុងវិស័យនយោបាយ គ្មាននរណានាំគ្រោះមកឲ្យយើងក្រៅអំពីគំនិតបដិវាទកម្មរបស់យើងទេ ។
ខ្ញុំសូមអនុញ្ញាតយកទិដ្ឋិនយោបាយផ្ទាល់ខ្លួនមកលាតត្រដាងនៅទីនេះបន្តិចដែរចុះ ។ ខ្ញុំមិនមែនជាសមាជិកគណបក្សសាធារណរដ្ឋ ហើយក៏មិនមែនជាសមាជិករបស់គណបក្សប្រជាធិបតេយ្យដែរ ។ ថាខ្ញុំជាបុគ្គលឯករាជ្យ ក៏មិនត្រឹមត្រូវដែរ ។ នៅក្នុងការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ខ្ញុំប្រកាន់យកគោលការណ៍មួយគឺ បំបែកអំណាចប្រមូលផ្តុំ ។ នៅក្នុងរបៀបគ្រប់គ្រងនិងដឹកនាំប្រទេសរបស់សហរដ្ឋអាមេរិក មានស្ថាប័នបីជាអ្នកចាត់ចែងគឺ ប្រធានាធិបតី រដ្ឋសភា និង ព្រឹទ្ធសភា ។ ស្ថាប័នទាំងបីនេះ កើតចេញអំពីការបោះឆ្នោត ។ ដូច្នេះ នៅក្នុងការបោះឆ្នោតរៀងរាល់អាណត្តិ ខ្ញុំតែងតែបែងចែងការគាំទ្ររបស់ខ្ញុំទៅឲ្យតំណាងបក្សនីមួយៗ ដើម្បីរក្សាតុល្យភាព ។ បើស្ថាប័នទាំងបីត្រូវបានគណបក្សមួយគ្រប់គ្រងទាំងស្រុងនៅក្នុងអាណត្តិណាមួយ ខ្ញុំនឹងព្យាយាមបំបែកអំណាចឯកបក្សនោះនាគ្រាបោះឆ្នោតពាក់កណ្តាលអាណត្តិ (២ឆ្នាំក្រោយមក) ។ សម្រាប់ខ្ញុំ គណបក្សឬមនោគមវិជ្ជា មិនសំខាន់ទេ ។ អ្វីដែលសំខាន់បំផុត គឺការពារកុំឲ្យអំណាចប្រមូលផ្តុំវាកកើតឡើងបាន ៕
Friday, January 19, 2024
ចំណីខួរក្បាល
សុបិនអាមេរិកាំង (American Dream)
ក្នុងមួយជីវិតមនុស្សដែលរស់នៅក្នុងស្រុកអាមេរិក មិនថាជាអ្នកមានកំណើតកើតជានៅទីនោះ ឬក៏អ្នកចំណូលថ្មីឡើយ គេមានពាក្យមួយឃ្លាសម្រាប់ធ្វើជាគោលដៅជីវិតគឺ American Dream (សុបិនអាមេរិកាំង) ។ ពាក្យនេះមានន័យយ៉ាងខ្លីថា៖ រស់តាមចំណង់របស់ខ្លួន ។ ចំណង់មនុស្សមានគ្រប់រសជាតិ ។ ខ្លះចង់រស់របៀបអភិជន តួកុន នាយទុន អ្នកជួយទុគ៌តជន ឬក៏ជាសាមញ្ញជន ជាដើម ។ល។ និយាយរួមចំណង់មនុស្សមានរាប់រយលាន ។ ដើម្បីបំពេញចំណង់ចំណូលចិត្តមនុស្សរាប់មិនអស់នេះ សហរដ្ឋអាមេរិកប្រកាន់យកគោលនយោបាយគ្រឹះមួយគឺ ឱកាសស្មើភាព (Equal Opportunity) ។ មិនថាកូនគេ ឬក៏កូនខ្ញុំឡើយ ។ បើវាចង់ធ្វើជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក វាអាចប្រឹងប្រែងទៅតាមចំណូលចិត្ត ។ ជោគជ័យឬបរាជ័យ ជារឿងមួយផ្សេងទៀត ។
ពលរដ្ឋខ្មែរដែលធ្វើអន្តោប្រវេសមករស់នៅក្នុងស្រុងអាមេរិកដំបូងៗ ទាំងគេទាំងខ្ញុំ មិនសូវជ្រួតជ្រាបអំពីទិដ្ឋិសុបិនអាមេរិកាំងទេ ។ យើងត្រេកត្រអាលតែជាមួយនឹងឱកាសរៀនសូត្រនិងរកប្រាក់កាក់ដ៏ទូលំទូលាយ មិនធ្លាប់ជួបប្រទះសោះឡើយនៅក្នុងជីវិត ។ សម្រាប់ពួកយើង ថ្វីដ្បិតតែជួបនូវឧបស័គ្គខ្លះៗជាមួយនឹងភាសានិងវប្បធម៌រស់នៅ អ្វីៗគឺងាយស្រួលនៅក្នុងការរស់នៅស្ទើរតែរកពាក្យមកថ្លែងមិនបាន ។ យើងមានត្រឹមតែកម្លាំងបាយធ្វើការងារដូចសត្វពាហនៈ ក៏អាចមានលទ្ធភាពរស់នៅស្មើមុខស្មើមាត់នឹងមនុស្សដទៃទៀតដែរ ។ នេះគឺជាកត្តាមួយដែល សុបិនអាមេរិកាំង ភាគច្រើនក្លាយមកជាការពិត ទោះបីមានអ្វីធ្វើឲ្យយើងភ្ញាក់ពីដំណេកកណ្តាលទីក៏ដោយ ។
បច្ចុប្បន្ន ជនជាតិខ្មែរដែលធ្វើអន្តោប្រវេសមករស់នៅសហរដ្ឋអាមេរិក មានកំណើនប្រហែលជាជិតមួយលាននាក់ហើយ ។ ភាគច្រើន ពួកយើងរស់នៅក្នុងរដ្ឋ កាលីហ្វ័នីញ៉ា និង ម៉ាសាឈូសិត នាទីក្រុង ឡុងប៊ិច និង ឡូវែល ។ ឯរដ្ឋដទៃផ្សេងទៀតក៏មានខ្មែរយើងរស់នៅដែរ គ្រាន់តែមិនច្រើនដូចរដ្ឋទាំងពីរ ។ បើគិតចាប់ពីទសវត្សឆ្នាំ ១៩៨០មក ជនអន្តោប្រវេសខ្មែរចំនួនច្រើនលើសលប់ ដែលចូលមករស់នៅក្នុងស្រុកអាមេរិក គឺមានរយៈពេលជាង ៤០ឆ្នាំហើយ ។ មនុស្សជំនាន់ទីមួយដែលចូលមកកវែកកឆ្នាំនាគ្រានោះ ឥឡូវនេះក៏ដល់ពេលចូលនិវត្តន៍ហើយដែរ ។ ពួកគេក៏យល់ដឹងច្រើនគួរសម អំពីសុបិនអាមេរិកាំង ។ ដោយហេតុតែមនុស្សជំនាន់ទីមួយនោះ ជាក្រុមកវែកកឆ្នាំង ពួកគេត្រូវចំណាយពេលជាច្រើនឆ្នាំនៅក្នុងដំណើរជីវិត ដើម្បីស្វែងរកលំនឹងរស់នៅ ។ ទម្រាំដល់តែពេលមានឱកាសរស់នៅក្នុងសុបិនអាមេរិកាំង អ្នកខ្លះក៏បានចែកឋានទៅហើយ ។ ខ្លះក៏នៅសល់ពេលត្រឹមបួបដប់ឆ្នាំ ។
ជនជាតិខ្មែរជាអម្បូរប្រកបរបរកសិកម្មនៅក្នុងដំណើរជីវិត ។ ដូច្នេះ វាស្ទើរតែមិនពិបាកសន្និដ្ឋានទេថា សុបិនអាមេរិកាំង របស់ជនជាតិខ្មែរគឺទៅរស់នៅក្នុងទីណាដែលអាចដាំដុះដំណាំបន្លែបង្កាដើម្បីលម្ហែអារម្មណ៍កំដរជីវិតចុងក្រោយ ។ នេះគឺជាជម្រើសរបស់បងជីទួតមួយខ្ញុំពីរនាក់ ជាមួយនឹងជនជាតិខ្មែរមួយចំនួនទៀត ។ ផ្ទះចម្ការរបស់បងជីទួតមួយខ្ញុំស្ថិតនៅតំបន់ចុងកាត់មាត់ញកនៃរដ្ឋ ផ្លរីដា ភាគខាងត្បូង ។ គ្មានប៉ុស្តិទូរទស្សន៍ផ្សាយទៅដល់ទេ ។ ហើយក៏គ្មានប្រព័ន្ធទឹកភ្លើងដែរ ។ គាត់ជីកអណ្តូងនិងដាក់ពាងត្រងទឹកភ្លៀង ដើម្បីយកទឹកមកប្រើប្រាស់និងស្រោចដំណាំ ។ ដើម្បីមានឋាមពលអគ្គិសនីសាកថ្មទូរសព្ទក៏ដូចជាបំភ្លឺផ្ទះនិងទ្រទ្រង់ទូរទឹកកករក្សាចំណីអាហារ គាត់ដាក់ផ្ទាំងសូឡាមួយចំនួនសម្រាប់តម្រូវការទាំងនោះ ។ និយាយរួម ផ្ទះរបស់គាត់គឺមិនខុសអំពីផ្ទះខ្មែរនៅទីជនបទប៉ុន្មានឡើយ ។ ពេលខ្ញុំទៅលេងផ្ទះគាត់ម្តងៗ គាត់គ្មានម្ហូបអាហារអ្វីធំដុំទទួលពួកយើងទេ គឺមានតែផ្អកជូរដែលគាត់យកត្រីសាលម៉ុនមកច្នៃធ្វើ ផ្ទាប់ជាមួយនិងប្រពាយឬត្រសក់ដែលដាំនៅក្បែរផ្ទះ ស្ទៃជ្រក់ និងសម្លម្ជូរគ្រឿងឆ្អឹងជំនីជ្រូកឬសាច់គោដែលគាត់ទិញយកមកបង្កកទុកក្នុងទូរទឹកកក ជាមួយនឹងល្ហុងឬត្រកួន ។ វាជារឿងមួយមិនគួរឲ្យជឿ ដែលជនជាតិខ្មែរនៅស្រុកខ្មែរភាគច្រើននាំគ្នាលក់ស្រែចម្ការមកទិញផ្ទះបុរីរស់នៅក្នុងទីក្រុង ។ ឯខ្មែររស់នៅក្នុងសហរដ្ឋអាមេរិក នាំគ្នាលក់ផ្ទះនៅទីក្រុង ទៅរស់នៅក្នុងទីជនបទដាច់ស្រយាល ។
ការជ្រើសរើសរស់នៅក្នុងសុបិនអាមេរិកាំង តាមទំនៀមទម្លាប់ដូនតាខ្លួន ប្រហែលជាមិនមែនមានតែជនជាតិខ្មែរទេ ។ ក្រៅអំពីបងជីទួតមួយខ្ញុំ ជនជាតិ យួន លាវ ថៃ ហ្វីលីពីន និងសាសន៍អាស៊ីដទៃទៀតក៏នាំគ្នាទៅតាំងទីលំនៅនៅទីនោះច្រើនដែរ ។ ពួកគេភាគច្រើនរស់នៅជាលក្ខណៈភូមិកតូចៗលើដីទំហំប្រហែលកន្លះហិចតាទៅពីរហិចតា ដែលមានដំណាំហូបផ្លែមកពីតំបន់ត្រូពិកនៅជុំវិញផ្ទះ ។ ផលដំណាំជុំវិញផ្ទះទាំងនោះ ត្រូវបានប្រមូលទិញជាលក្ខណៈបណ្តាញ (Network) ពីសំណាក់ក្រុមហ៊ុនចែកចាយដែលបង្កើតឡើងដោយជាតិសាសន៍នីមួយៗ ។ បើតាមពត៌មានដែលខ្ញុំដឹងល្ហៀងៗ ក្រុមគ្រួសារលោក អុិត ប្រាង ដែលទៅធ្វើចម្ការជាលក្ខណៈឧស្សាហកម្មនៅទីនោះ ក៏ជាអ្នកប្រមូលទិញភោគផលចម្ការតាមផ្ទះមួយដែរ ។ បងជីទួតមួយខ្ញុំទាំងពីរនាក់និងកូនចៅរបស់ពួកគាត់ដែលនាំគ្នាទៅរស់នៅទីនោះ មានចម្ការប្រចាំគ្រួសារតូចៗចំនួន ៨ ។ ពួកគេអាចប្រមូលផលដំណាំលក់ឲ្យក្រុមហ៊ុនចែកចាយជាប្រចាំ ទោះបីចម្ការមួយប្រមូលផលបានត្រឹមមួយកេះ ឬមួយជាលក្តី ដ្បិតយើងប្រមូលចូលគ្នាទៅក៏បានជិត ១០កេះដែរ ។ ប្រាក់ចំណូលតិចតួចនេះ គឺគ្រប់គ្រាន់សម្រាប់ទិញសម្ភារៈធ្វើចម្ការក៏ដូចជាថែទាំដំណាំ ដោយមិនចាំបាច់ប្រើថវិការបស់និវត្តជនឡើយ ។ នេះគឺជាជម្រើសរស់នៅក្នុងសុបិនអាមេរិកាំងដ៏សាមញ្ញមួយ ដែលពលរដ្ឋខ្មែរមួយចំនួននៅក្នុងស្រុកអាមេរិក កំពុងអនុវត្តិ ៕
Saturday, January 6, 2024
ចំណីខួរក្បាល
ចិត្តរាយមាយ
កាលពីក្មេង ខ្ញុំធ្លាប់ឮពត៌មាននិយាយអំពីស្តេចឬមន្ត្រីខ្មែរ ធ្វើដំណើរលំហែឬទៅពិនិត្យសុខភាពនៅបស្ចឹមប្រទេស ក៏តែងតែកោតសសើរភ័ព្វវាសនាមនុស្សទាំងនោះ ។ ជាមួយនឹងការកោតសសើរ ខ្ញុំក៏មានកូនចិត្តប្រាថ្នាចង់មានវាសនាដូចអ្នកទាំងនោះដែរ ។ តាមពិតទៅ ជីវិតមនុស្សមិនខុសគ្នាទេ ។ ឯភ័ព្វវាសនា ក៏មិនអាស្រ័យលើភាវជាស្តេច មន្ត្រី ឬក៏រាស្ត្រក្រីក្រដែរ ។ អ្វីៗគឺអាស្រ័យនៅលើទេសកាលនិងការសម្រេចចិត្តសាងកម្មរបស់មនុស្សម្នាក់ៗ ។ ជួលកាល ជីវិតដែលហាក់ដូចជាធ្លាក់ទៅដល់ផ្លូវទាល់ តែបែរជាមានអ្វីមួយមកជម្រុញស្ថានភាពទាល់ច្រកនោះ ឲ្យក្លាយទៅជាភ័ព្វសំណាងទៅវិញ ។
និយាយតាមត្រង់ ខ្ញុំមិនដែលដេកយល់សប្តិថាអាចមានលទ្ធភាពធ្វើតម្រាប់តាមពួកអភិជនខ្មែរ ដែលខ្ញុំធ្លាប់ឃើញតាមទំព័រសារពត៌មានកាលពីក្មេងនោះទេ ។ ក៏ប៉ុន្តែ កាលទេសៈនិងកម្មផលបានរុញច្រានជីវិតខ្ញុំឲ្យធ្លាក់ចូលទៅក្នុងគន្លងមួយ ដែលធ្វើឲ្យការយល់សប្តិអាចក្លាយមកជាការពិត ។ ដំណើរដើមទងកើតចេញអំពីគ្រោះកាចមួយដែលមានឈ្មោះថា ក៥ ឬកំណែនកាប់ព្រៃឈើធ្វើរបងការពារប្រទេសកម្ពុជា ។ ខ្ញុំសម្រេចចិត្តមិនចូលរួមនៅក្នុងកំណែននោះទេ ។ ក៏ប៉ុន្តែ វាជាកំណែនដែលមិនអាចប្រកែកបាន ។ ដូច្នេះ មធ្យោបាយតែមួយគត់សម្រាប់ខ្ញុំគឺ រត់ចោលស្រុក ។ ខ្ញុំបានក្លាយជាមនុស្សរត់ចោលស្រុកចាប់តាំងពីពេលនោះមក ។ សម្រាប់ខ្ញុំ ខ្ញុំមិនប្រាកដក្នុងចិត្តថា តើខ្ញុំជាមនុស្សរត់ចោលស្រុក ឬក៏ស្រុករត់ចោលខ្ញុំឡើយ ដ្បិតអីនាសម័យកាលនោះ ស្រុករបស់ខ្ញុំហាក់ដូចជាលះបង់ខ្ញុំមុនខ្ញុំលះបង់ស្រុក ។
ទុករឿងរត់ចោលស្រុកមួយអន្លើ ។ និយាយអំពីចិត្តរាយមាយវិញម្តង ។ កាលខ្ញុំចែចូវអ្នកផ្ទះខ្ញុំ យើងបានសន្យានឹងគ្នាថាយើងនឹងប្រឹងប្រែងស្វែងរកទ្រព្យធន ដើម្បីកសាងលំនៅដ្ឋាននៅស្រុកខ្មែរមួយ និងនៅស្រុកអាមេរិកមួយ ។ វាជាអ្វីដែលពួកយើងចាត់ទុកក្នុងចិត្តថា សុបិនកម្ពុជា (Cambodian dream) ។ កិច្ចសន្យានោះ មិនមានចារជាលាយល័ខអក្សរដូចសន្ធិសញ្ញាទេ ។ វាជាចំណុចរួមមួយដែលជម្រុញឲ្យយើងយកគ្នាជាប្តីប្រពន្ធ ។ ហើយក៏ជាគោលដៅអនាគតសម្រាប់ជីវិតយើងដែរ ។ ប៉ុន្តែ មកដល់ថ្ងៃនេះ សុបិនកម្ពុជា របស់ពួកយើងបានក្លាយទៅជាសុបិនរបស់មនុស្សដែលភ្ញាក់ពីដំណេក ។
កត្តាធំបំផុតដែលធ្វើឲ្យពួកយើងលះបង់សុបិនកម្ពុជាគឺដំណើរ កើត ចាស់ ឈឺ ស្លាប់ ។ ទម្រាំតែយើងរកប្រាក់កាក់បានគ្រប់គ្រាន់ដើម្បីកសាងលំនៅដ្ឋាននៅក្នុងប្រទេសទាំងពីរ អាយុយើងឈានទៅដល់ ៥០ ឬ ៦០ ឆ្នាំហើយ ។ ទុពលភាពក៏ចូលមកដល់ដែរ ។ ចម្ងាយពីលំនៅដ្ឋានរបស់ពួកយើងនៅស្រុកអាមេរិកទៅដល់ទីក្រុងភ្នំពេញ គឺមានប្រវែងមួយចំហៀងផែនដី ដែលត្រូវចំណាយពេលធ្វើដំណើរតាមយន្តហោះមិនតិចជាង ២០ម៉ោងឡើយ ។ សម្រាប់មនុស្សដែលមានអាយុលើស ៦០ឆ្នាំ ការធ្វើដំណើរប្រចាំឆ្នាំប្រភេទនេះ វាមិនមែនជារឿងគួរឲ្យត្រេកត្រអាលទេ ។ ខ្ញុំធ្លាប់ធ្វើដំណើរចុះឡើងប្រភេទនេះ ប្រមាណជាដប់ដងហើយនៅក្នុងជីវិតនេះ ។ បទពិសោធពេញខ្លួនហើយក៏លែងសូវត្រេកត្រអាលជាមួយនឹងការជិះយន្តហោះធ្វើដំណើរឆ្លងទ្វីបទៀតដែរ ។ កត្តាមួយទៀតដែលធ្វើឲ្យចិត្តខ្ញុំនឿយណាយអំពីសុបិនកម្ពុជាគឺ សតិសម្បជញ្ញៈ ។ សំបុត្រយន្តហោះសម្រាប់ធ្វើដំណើរទៅស្រុកខ្មែរម្តង ត្រូវចំណាយប្រមាណជា ១៥០០ដុល្លារ ។ បើខ្ញុំបង្វិលប្រាក់នេះទៅធ្វើជាអាហារូបករណ៍ សម្រាប់និស្សិតក្រីក្ររៀនវិជ្ជាជីវៈនៅក្នុងស្រុកខ្មែររយៈពេលបួនឆ្នាំ អាចនឹងជួយកែប្រែអនាគតរបស់មនុស្សម្នាក់បាន ។ ឧបមាថា ខ្ញុំមានលទ្ធភាពធ្វើដំណើរចុះឡើងពីស្រុកអាមេរិកទៅស្រុកខ្មែរបានចំនួន ១០ដង ទម្រាំដល់ពេលខ្ញុំស្លាប់ ។ ដូច្នេះ ប្រាក់សម្រាប់ទិញសំបុត្រយន្តហោះទាំងដប់ដងនេះ អាចយកទៅកែប្រែអនាគតនិស្សិតក្រីក្របាន ១០នាក់ តើខ្ញុំគួរជ្រើសរើសមួយណា៖ ជីវិតអត្តទត្ថបុគ្គលនិយមរបស់ខ្ញុំ ឬក៏សាងកុសលកម្ម? ចម្លើយរបស់ខ្ញុំប្រហែលជាមិនពិបាកទាយទេ ។ ក្រៅអំពីកត្តាពីរនេះ នៅមានកត្តាមនោសច្ចេតនារវាងកូនចៅថែមទៀត ។ តើកូននិងចៅរបស់ពួកយើងមានអារម្មណ៍យ៉ាងណា នៅពេលដែលយើងទៅរស់នៅឆ្ងាយអំពីពួកគេ ។ ទោះបីយើងមានលទ្ធភាពរស់នៅឯករាជ្យពីគ្នា ដោយមិនចាំបាច់ពឹងពាក់គ្នាទៅវិញទៅមកក៏ដោយ ក៏ចំណងមនោសច្ចេតនានៅតែតាមរុកគួនសតិអារម្មណ៍យើងមិនឈប់ឈរដែរ ។ ក្រៅអំពីនេះ យើងត្រូវការមនុស្សថែទាំផ្ទះយើង កំឡុងពេលដែលយើងទៅស្នាក់នៅឯជើងមេឃម្ខាងទៀតផង ។
សរុបសេចក្តីមក ការរៀបចំគម្រោងអនាគតជីវិត ហាក់ដូចជាមិនចាំបាច់ទេ ។ ជីវិតមនុស្សនិងសត្វ មានធម្មជាតិជាអ្នកតាក់តែង ។ នៅក្នុងដំណើរជីវិត អ្វីៗមិនទៀតទាត់ឡើយ ។ ដូច្នេះ នៅពេលដែលយើងយកអ្វីដែលទៀតទាត់ (គម្រោងអនាគតជីវិត) មកផ្គុំជាមួយនឹងភាវមិនទៀងទាត់ នៅទីបំផុតភាវមិនទៀងទាត់ប្រាកដជាសម្រេចកិច្ចការជំនួសយើង ។ ចិត្តរាយមាយរបស់ខ្ញុំ សន្មត់ថាចប់ត្រឹមនេះ ។ ប៉ុន្តែ គម្រោងអនាគតរបស់យើងនៅមិនទាន់បិទទំព័រនៅឡើយទេ ។ ពេលខ្ញុំយកភាវមិនទៀងទាត់មកប្រើការបាន ខ្ញុំនឹងយកចិត្តរាយមាយរបស់ខ្ញុំមកបរិយាយបន្តទៅទៀត ៕
Thursday, January 4, 2024
ចំណីខួរក្បាល
អំណាចអង្គការ (The Power of an Organization)
សម្រាប់អ្នកដែលមិនធ្លាប់រស់នៅក្រោមការគ្រប់គ្រងរបស់ពួកកុម្មុយនីស្តខ្មែរក្រហម ពាក្យអំណាចអង្គការប្រហែលជាគ្មានអ្វីគួរឲ្យចាប់អារម្មណ៍ ឬក៏បារម្ភភ័យខ្លាចឡើយ ។ ប៉ុន្តែ អ្នកដែលធ្លាប់ឆ្លងកាត់របបនោះ ពាក្យនេះប្រាកដជារម្លេចចេញមកនូវទិដ្ឋភាពមួយពាក់ព័ន្ធនឹងការភ័យព្រួយឥតល្ហែ ។ អង្គការ ឬ Organization (ជាភាសាអង់គ្លេស) គឺជាការរៀបចំប្រព័ន្ធទំនាក់ទំនងរវាងស្ថាប័ន ឬក៏មនុស្សដើម្បីបំពេញកិច្ចការងារ ចាប់ពីការប្រវាស់ដៃគ្នាធ្វើស្រែចម្ការរហូតដល់ការទាក់ទងគ្នាជាលក្ខណៈអន្តរជាតិ ។ ក៏ប៉ុន្តែ នៅក្នុងលទ្ធិកុម្មុយនីស្ត ឬរបបផ្តាច់ការ គេយកពាក្យអង្គការមកប្រើនៅក្នុងន័យមួយផ្សេងទៀត គឺការគំរាមកំហែងអាយុជីវិតដើម្បីបណ្តុះភាវភ័យខ្លាចនៅក្នុងចិត្តមនុស្ស ។
អង្គការមានពីរប្រភេទគឺ អង្គការសម្ងាត់ និង អង្គការសាធារណៈ ។ អង្គការសាធារណគ្មានអ្វីគួរឲ្យខ្លាចទេ ដ្បិតពត៌មាននានាពាក់ព័ន្ធនឹងអង្គការ យើងអាចដឹងឮគ្រប់ៗគ្នា ។ ឯអង្គការសម្ងាត់គឺជាបិសាចដែលឥតស្គាល់ម្ចាស់ (Frankenstein) ។ វាប្រល័យមិនរើសមុខ ។ សូម្បីតែអ្នកបង្កើតវា ក៏ត្រូវខ្លាចវាដែរ ។
នៅក្នុងប្រវត្តិសាស្ត្រទំនើបនេះ មេដឹកនាំប្រទេសកម្ពុជានិងសង្គមខ្មែរ បានប្រឡែងលេងជាមួយនឹងអង្គការសម្ងាត់ប្រមាណជាជិតមួយសតវត្សកន្លងមកហើយ ។ លទ្ធផលគឺយើងបានក្លាយទៅជាមនុស្សបាក់បបខ្លបខ្លាចស្ទើរតែគ្រប់ៗគ្នា ។ តើនរណាមួយដែលអាចធ្វើឲ្យខ្មែរពូជអ្នកចម្បាំងធ្លាក់ខ្លួនដល់កម្រិតនេះ ? ចម្លើយប្រហែលជាមានច្រើន ។ ក៏ប៉ុន្តែ បើយើងបើកទំព័រប្រវត្តិសាស្ត្រមើលត្រឡប់ក្រោយប្រហែលជា ៩០ឆ្នាំ យើងនឹងមើលឃើញមនុស្សម្នាក់ដែលមានស្នាដៃលេចធ្លោជាងគេ ។ ម្នាក់នោះគឺ ហូ ជីមីញ ។
ដើម្បីរំដោះឧបទ្វីប ឥណ្ឌូចិន ដែលមានប្រទេស យួន លាវ និង ខ្មែរ ចេញអំពីកណ្តាប់ដៃអាណានិគមបារាំង ហូ ជីមីញ បានកៀរគរលាវនិងខ្មែរបង្កើតអង្គការសម្ងាត់មួយដោយដាក់ឈ្មោះថា បក្សកុម្មុយនីស្តឥណ្ឌូចិន ។ នៅក្នុងអង្គការសម្ងាត់នេះ យួនជាអ្នកហ្វឹកហ្វឺននិងបង្ហាត់បង្ហាញអំពីរបៀបប្រត្តិបត្តិយុទ្ធសាស្ត្រនានាដល់សហការីរបស់ខ្លួន គឺលាវនិងខ្មែរ ។ មកដល់បច្ចុប្បន្ននេះ ថ្វីដ្បិតតែអ្វីៗបានផ្លាស់ប្តូរជាច្រើនអន្លើ រាប់បញ្ចូលទាំងទម្រង់នៃរដ្ឋាភិបាលនៃប្រទេសទាំងបីផង អង្គការសម្ងាត់ដែលគេបានបង្កើតឡើងជិតមួយសតវត្សកន្លងមកនោះ ហាក់ដូចជាមិនបាត់បង់ទៅណាឡើយ ។ ដោយហេតុតែវាជាអង្គការសម្ងាត់ យើងមិនអាចមើលឃើញទ្រង់ទ្រាយរបស់វាទេ ។ ហើយក៏មិនដឹងថាវត្តមានរបស់វានៅទីណាដែរ ។ ពលរដ្ឋខ្មែរជាទូទៅគ្រាន់តែមានអារម្មណ៍ថា វានៅក្បែរៗខ្លួន ។
បើគិតចាប់តាំងពីថ្ងៃបង្កើត រណសិរ្ស ២ធ្នូ ឆ្នាំ ១៩៧៨ មក ទំនាក់ទំនងអង្គការសម្ងាត់រវាងមេដឹកនាំខ្មែរនិងយួនបច្ចុប្បន្ន ដែលជាមែកធាង ឬក៏ពន្លកថ្មីនៃបក្សកុម្មុយនីស្តឥណ្ឌូចិន មានរយៈពេលជិតកន្លះសតវត្សហើយ ។ ស្ថាបនិកបឋមនិងអ្នកបន្តវេននៃអង្គការសម្ងាត់នេះ ក៏បានស្លាប់អស់ជាច្រើនជំនាន់ហើយដែរ ។ ក៏ប៉ុន្តែ អង្គការនេះអត់ស្លាប់ទេ ។ វានៅតែបន្តរស់រាប់សិបឆ្នាំទៅមុខទៀត ដរាបណាគ្មានព្រឹត្តិកាណ៍អ្វីមួយមកបំផ្លាញវា ។ អ្វីដែលជាភាពអមត (Resilience) របស់វាគឺ អាថ៌កំបាំង ។ គឺភាពអាថ៌កំបាំងនេះហើយដែលការពារអំណាចនិងជីវិត នៃអង្គការសម្ងាត់នេះមិនឲ្យសាបសូន្យ ។
ផ្អែកលើអ្វីដែលយើងអាចមើលឃើញនិងលើកយកមកត្រិះរិះពិចារណា ដើម្បីធ្វើការសន្និដ្ឋានអំពីទំនាង់ទំនងរវាងរដ្ឋាភិបាលខ្មែរនិងវៀតណាម ប្រទេសទាំងពីរមានទំនាក់ទំនងពីរស្រទាប់ ។ ស្រទាប់ទីមួយគឺរដ្ឋាភិបាលនិងរដ្ឋាភិបាល (អង្គការសាធារណៈ) ។ ស្រទាប់ទីពីរគឺ បក្សនិងបក្ស (អង្គការសម្ងាត់) ។ ទំនាក់ទំនងបក្សនិងបក្ស គឺមានទម្រង់ជា នីរសារ ។ អ្នកដែលមានតួនាទីទទួលនិងនាំសារទៅវិញទៅមក មិនមានតួនាទីអ្វីជាដុំកំភួននៅក្នុងជួររដ្ឋាភិបាលទេ ។ ក៏ប៉ុន្តែ សារឬសំណូមពរដែលបញ្ជូនដោយភ្នាក់ងារអង្កាច់អង្កោចនេះ មានឥទ្ធិពលខ្ពស់នៅក្នុងការតម្រង់ទិសដៅគោលនយោបាយនានា ពាក់ព័ន្ធនឹងកិច្ចការងារនៃរដ្ឋាភិបាលប្រទេសទាំងពីរ ។ វាក៏ជាអំណាចអរូបមួយ ដែលសូម្បីតែនាយករដ្ឋមន្ត្រី ឬស្តេចផែនដី ក៏ត្រូវគោរពវាដែរ ។
ការរស់នៅក្នុងសង្គមមួយ ដែលស្ថិតនៅក្រោមឥទ្ធិពលនៃអង្គការសម្ងាត់ ជីវិតគឺពោរពេញទៅដោយស្វ័យគ្រប់គ្រង (Self-censored) ។ ពលរដ្ឋខ្មែរជាទូទៅ ចាប់ពីអ្នកបោសសំរាមសម្អាតផ្លូវសាធារណរហូតដល់នាយករដ្ឋមន្ត្រី មិនសូវហ៊ានសួរនាំអំពីអ្វីដែលពាក់ព័ន្ធកិច្ចការរបស់អង្គការសម្ងាត់ទេ ។ ឧទាហរណ៍មួយនៃអំណាចអរូបនិងភាវអាថ៌កំបាំងរបស់អង្គការចាត់តាំងនេះ គឺស្តូបមិត្តភាពកម្ពុជាវៀតណាម ។ ស្តូបនេះ យើងអាចមើលបាន តែមិនអាចសួរនាំអំពីមូលហេតុនៃការសាងសង់វានៅទូទាំងប្រទេសខ្មែរឡើយ ។ សូម្បីតែអ្នកណាជាអ្នកអនុម័តិឲ្យសាងសង់ ក៏ស្ថិតនៅក្នុងភាពអាថ៌កំបាំងដែរ ។ ផ្អែកលើពត៌មានប៉ុន្មានទសវត្សកន្លងទៅនេះ ពលរដ្ឋខ្មែរមួយចំនួនដែលសួរនាំអំពីវត្តមាននៃស្តូបមិត្តភាពកម្ពុជាវៀតណាមនៅក្នុងទឹកដីកម្ពុជា រមែងត្រូវបានតុលាការធ្វើទុក្ខបុកម្នេញ ។ វាគឺជារឿងមួយមិនគួរឲ្យជឿទាល់តែសោះ ដែលស្តូបឬវិមានអនុស្សាវរីយ៍តំណាងឲ្យមិត្តភាពនៃប្រជាជាតិពីរ ត្រូវបានក្លាយទៅជានិមិត្តរូបនៃការកៀបសង្កត់ជីវិតមនុស្សទៅវិញ ។ អំណាចនៃអង្គការពិតជាមិនធម្មតាមែន! វាអាចប្រែក្លាយអ្វីដែលជាតំណាងមិត្តភាពនិងភាតរភាពរបស់មនុស្សជាតិ ឲ្យទៅជាបិសាចមួយគួរឲ្យស្អប់ខ្ពើម ៕
Thursday, November 23, 2023
ចំណីខួរក្បាល
ដាក់ទានគ្មានគោលដៅ (Random Act of Kindness)
កាលរៀននៅមហាវិទ្យាល័យ ខ្ញុំធ្លាប់ជួបពាក្យអង់គ្លេសមួយឃ្លាដែលពោលថា៖ Random act of kindness ។ ពាក្យនេះគឺសំដៅដល់ការបរិច្ចាគដាក់ទានដល់នរណាម្នាក់ដោយគ្មានប្រាថ្នាអ្វីឡើយ ។ ពេលយកគោលគំនិតនេះមកពិចារណា ខ្ញុំហាក់ដូចជាមិនយល់ទាល់តែសោះ ដ្បិតតាំងតែពីតូចក្រូចឆ្មារមក ខ្ញុំតែងតែប្រាថ្នាអ្វីមួយនៅពេលបរិច្ចាគទ្រព្យដាក់ទានធ្វើបុណ្យ ។ បើមិនប្រាថ្នាដើម្បីខ្លួនឯង ក៏ប្រាថ្នាឲ្យអ្នកដែលទទួលបានទានខ្ញុំនោះ បានភពប្រសព្វនឹងជោគវាសនាល្អដែរ ។ នេះគឺជាផ្នត់គំនិតដែលខ្ញុំមានតាំងតែពីដើមរៀងមក ។
បើនិយាយអំពីស្ថានភាពជីវិតវិញ ខ្ញុំជាមនុស្សចូលចិត្តរស់មួយគែៗដូចសត្វចាប ។ ដូច្នេះហើយ មិនសូវសេសសល់ប្រាក់កាក់សម្រាប់ដាក់ទានទេ ។ ទោះជាយ៉ាងណាក៏ដោយ ដំណើរជីវិតមនុស្សខុសអំពីដំណើរជីវិតចាប ។ ជួនកាលបរិបូណ៌ ជួនកាលខ្វះខាត ។ ម្តងនោះ ខ្ញុំមានឱកាសរកប្រាក់បានលើសអំពីសេចក្តីត្រូវការប្រចាំថ្ងៃ ហើយក៏សម្រេចធ្វើបទពិសោធដាក់ទានគ្មានគោលដៅ សាកល្បងមើល ថាតើវាមានឥទ្ធិពលដូចម្តេចមកលើផ្នត់គំនិតរបស់ខ្ញុំ ។ បទពីសោធន៍នេះ ខ្ញុំធ្វើតាំងតែពីចុងទសវត្សឆ្នាំ ១៩៩០ ម្លេះ ។ ខ្ញុំមិនចាំកាលបរិច្ឆេទទេ ប៉ុន្តែនៅចងចាំកាលៈទេស ។ លើកទីមួយគឺពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឡោមព័ទ្ធបាញ់ប្រហារមនុស្សនៅទីក្រុង សារីយេវោ នៅក្នុងប្រទេស បុស្សនីហឺសុីហ្គោវីន សព្វថ្ងៃនេះ ។ កាលនោះខ្ញុំអានពត៌មានតាមប្រព័ន្ធអ៊ីនថឺណិត ឃើញអង្គការ ឃ័រ (Care) ប្រកាសរកជំនួយថវិកាដើម្បីផ្គត់ផ្គង់ចំណីអាហារដល់ពលរដ្ឋដែលស្ថិតនៅក្នុងការឡោមព័ទ្ធវាយប្រហារនោះ ។ មនុស្សនៅទីក្រុងនោះ គ្មានពាក់ព័ន្ធនឹងខ្ញុំឡើយ ។ ប៉ុន្តែ ដោយហេតុតែចង់ធ្វើបទពិសោធទានគ្មានគោលដៅ ខ្ញុំក៏ចុចតំណភ្ជាប់ផ្ទេរប្រាក់ ១០០ដុល្លារទៅឲ្យអង្គការឃ័រ ។ ដើម្បីបញ្ជាក់ថា ប្រាក់ដែលខ្ញុំវេរទៅនោះ បានទៅដល់គោលដៅ ខ្ញុំក៏បានវាយទូរស័ព្ទទៅជួបតំណាងអង្គការ ។ អ្នកទទួលទូរសព្ទប្រាប់ខ្ញុំថា បានឃើញលេខក្រេឌីតកាតរបស់ខ្ញុំ ដែលបញ្ជាក់អំពីការបរិច្ចាគថវិកាហើយ ។ លុះខ្ញុំទទួលលិខិតបញ្ជាក់តាមប្រៃសនីណ៍ប្រហែលមួយអាទិត្យក្រោយមក ខ្ញុំឃើញសេចក្តីបញ្ជាក់លើការបរិច្ជាគនោះ មានចំនួនពីរដងគឺស្មើនឹង ២០០ដុល្លារ ។ ដោយហេតុតែវាជាការបរិច្ចាគ ខ្ញុំសម្រេចចិត្តមិនសុំឲ្យគេបង្វិលប្រាក់ ១០០ដុល្លារមកវិញទេ ។ អស់ ២០០ដុល្លារទទេទៅ ។
ករណីទីពីរនៃការដាក់ទានគ្មានគោលដៅរបស់ខ្ញុំ គឺពាក់ព័ន្ធនឹងក្មេងស្រីខ្មែរម្នាក់រស់នៅស្រុកសន្ទុក ខេត្តកំពង់ធំ ។ នាងពិការជើងដោយសាររលាកភ្លើងកាលពីនៅជាទារក ។ ពេលអង្គការមនុស្សធម៌មួយជួបនាង នាងមានអាយុ១៤ឆ្នាំហើយ ។ ដោយហេតុតែជើងរបស់នាងអាចវះកាត់ដោយពេទ្យជំនាញនៅសហរដ្ឋអាមេរិក ដើម្បីជួយឲ្យនាងដើរបាន គេក៏សម្រេចយកនាងមកព្យាបាលនៅស្រុកអាមេរិក ដោយស្វែងរកថវិការសម្រាប់ដំណើរព្យាបាលនោះតាមរយៈការរៃអង្គាសថវិកាពីសប្បុរសជន ។ ខ្ញុំសម្រេចចិត្តបរិច្ចាគ ១០០ដុល្លារជាថ្មីម្តងទៀត តែម្តងនេះខ្ញុំសរសេរសែក មិនប្រើក្រេដីតកាតទៀតទេ ។
ករណីទីបីនៃការដាក់ទានគ្មានគោលដៅរបស់ខ្ញុំ គឺជាមួយនឹងស្ត្រីលក់ដូងខ្ចីម្នាក់នៅផ្សារ ឌុយមិច ។ ខ្ញុំបានទៅស្នាក់នៅជាមួយនឹងញាតិសន្តាននៅទីនោះប្រមាណជាមួយខែ ។ នៅក្បែរជណ្តើរចុះឡើងផ្ទះនោះ មានស្ត្រីមេម៉ាយកូនមួយម្នាក់ឈរលក់ដូងខ្ចី ។ គាត់ដាក់កូនតុមួយនិងកៅអីជ័រពីរនិងផ្លែដូងពីរបីលើតុជាសញ្ញាថា គាត់លក់ដូងខ្ចី ។ ឯដូងមួយចំនួនទៀត គាត់ដាក់នៅក្រោមជណ្តើរ ។ ដោយហេតុតែខ្ញុំញ៉ាំតែទឹកដូចខ្ចី អត់ញ៉ាំទឹកដប ខ្ញុំតែងតែចុះទៅទិញដូងគាត់រៀងរាល់ថ្ងៃ ។ អ្នករស់នៅទីនោះប្រាប់ខ្ញុំថា ប្តីរបស់គាត់ចុះចោលគាត់យូរយារណាស់មកហើយ ។ គាត់រស់នៅជាមួយនឹងកូនស្រីដោយលំបាកវេទនា ។ កន្លងប្រហែលជាមួយឆ្នាំក្រោយមក ខ្ញុំឮថាស្ត្រីលក់ដូងខ្ចីនោះត្រូវការវះកាត់ដើម្បីព្យាបាលបញ្ហាបេះដូង ។ គាត់ខំលក់ដូងសន្សំប្រាក់បានជិតគ្រប់តម្លៃវះកាត់ហើយ នៅខ្វះប្រហែលជា ១០០ដុល្លារទៀត ។ វាជាឱកាសមួយទៀតសម្រាប់ការពិសោធន៍ដាក់ទានគ្មានគោលដៅរបស់ខ្ញុំ ។ ខ្ញុំផ្ញើប្រាក់ជាលក្ខណៈអាណាមិកទៅជូនគាត់ចំនួន ១០០ដុល្លារតាមរយៈញាតិមិត្ត ។
បន្ទាប់ពីធ្វើទានគ្មានគោលដៅទាំងបីលើករួច ខ្ញុំអង្គុយពិចារណារថាតើកុសលផលបុណ្យ ជាមួយនឹងទានគ្មានគោលដៅទាំងនោះ បានស្តែងចេញជាអ្វីឲ្យខ្ញុំឃើញទេ ។ និយាយតាមត្រង់ គឺសូន្យឈឹងដូចអំបិលត្រូវទឹក ។ អ្វីដែលខ្ញុំទទួលបានគឺ ភាវៈ ទទេស្អាត ។ ចិត្តខ្ញុំអត់មានជាប់ជំពាក់នឹងភាពរំភើបញាប់ញ័រ ឬក៏សោកស្តាយអ្វីឡើយ ។ តាមពិត ខ្ញុំកម្រនឹងនឹកនាទៅដល់ទង្វើបរិច្ចាគទានគ្មានគោលដៅទាំងនោះណាស់ ។ ជីវិតមនុស្សដែលទទួលផលនៃទានគ្មានគោលដៅទាំងនោះ ក៏មិនដឹងជាយ៉ាងណាដែរ ។ វាប្រៀបដូចជាយកអំបិលមួយក្តាប់ ទៅគ្រវែងចោលក្នុងទឹកទន្លេ ។
អំឡុងពេលជាមួយគ្នានោះ ខ្ញុំក៏បានពាក់ព័ន្ធនឹងការធ្វើទានមានគោលដៅខ្លះៗដែរ ។ ម្តាយខ្ញុំគឺជាអ្នកនាំអាទិ៍ធ្វើទង្វើនេះ ។ ម្តាយខ្ញុំជាក្មេងចម្រើនវ័យនៅសម័យខ្មែរឥស្សរៈ ។ គាត់មិនបានរៀនចេះដឹងអ្វីជាដុំកំភួនទេ ដ្បិតជីដូនខ្ញុំមិនឲ្យគាត់ទៅរៀនដោយខ្លាចពួកខ្មែរឥស្សរៈចាប់ពង្រត់ ។ ប៉ុន្តែ ម្តាយខ្ញុំមានជំនឿមុតមាំណាស់ថា មានតែការរៀនសូត្រទេទើបជួយឲ្យមនុស្ស រកមធ្យោបាយរស់បានសុខស្រួល ។ ជាមួយនឹងជំនឿនេះ គាត់ព្យាយាមសន្សំប្រាក់យកទៅជួយឧបត្ថម្ភការរៀនសូត្រ របស់បងប្អូនកូនក្មួយគាត់នៅឯស្រុកខ្មែរ ។ អ្វីដែលជាបញ្ហាគឺគាត់គ្មានប្រាក់ចំណូលទេ ។ ប៉ុន្តែ ម្តាយខ្ញុំមានលទ្ធភាពសន្សំប្រាក់ដែលរដ្ឋផ្តល់ឲ្យគាត់បានខ្លះៗ ដោយហេតុតែគាត់រស់នៅជាមួយនឹងកូនៗ ។ ផ្គួបផ្សំជាមួយនឹងប្រាក់ដែលកូនចៅជូនគាត់ម្តងម្កាលនៅរដូវបុណ្យទាន និងការមើលថែកូនក្មេងឲ្យញាតិមិត្តជិតខាង ម្តាយខ្ញុំសន្សំប្រាក់បានមួយចំនួនសម្រាប់បង់ថ្លៃសាលាឲ្យកូនក្មួយ ដែលរៀននៅស្រុកខ្មែរបានពីរបីនាក់ដែរ ។ ម្តាយខ្ញុំយកប្រាក់ទាំងនោះមកផ្ទុកផ្តាក់នឹងខ្ញុំ ដើម្បីរៀបចំចាត់ចែងជំនួសគាត់ ដោយប្រាប់ថាយកលុយនេះទៅឲ្យកូនអ្នកនេះឬកូនអ្នកនោះ សម្រាប់រៀននៅសាកលវិទ្យាល័យ ។ អ្វីដែលជារឿងលំបាកសម្រាប់ខ្ញុំគឺ គេត្រូវការថវិកាបម្រុងរយៈពេលយ៉ាងហោចណាស់ក៏ ៤ឆ្នាំដែរដើម្បីបញ្ចប់ដំណើរសិក្សានៅសាកលវិទ្យាល័យ ។ ដូច្នេះ កង្វះខាតនានាត្រូវធ្លាក់មកលើខ្ញុំជាអ្នករ៉ាប់រង ។ សម័យនោះជាសម័យសរសេរសំបុត្រនៅលើក្រដាសផ្ញើតាមអ្នកដំណើរ ឬប្រៃសនីយ៍ ។ ម្តាយខ្ញុំបានយកសំបុត្រមួយចំនួនមកបង្ហាញខ្ញុំអំពីតម្រូវការនានារបស់ញាតិសន្តានគាត់ ។ ក្រៅអំពីរឿងកូនក្មួយរៀនសូត្រ នៅមានទំនាស់ក្នុងគ្រួសារជាច្រើនទៀតដែលខ្ញុំត្រូវជួយដោះស្រាយ ។ ម្តាយខ្ញុំដាក់រហ័សនាមឲ្យខ្ញុំថា លោកគ្រូធំ ។ កិត្តិយសនេះគឺពិតជាហំហានណាស់ ។ ប៉ុន្តែ អ្វីដែលជាធាតុពិតនៅពីក្រោយការលើកតម្កើងនេះ គឺដើម្បីងាយស្រួលក្នុងការប្រើខ្ញុំឲ្យធ្វើការងារជូនគាត់ ។
បន្ទាប់ពីទទួលបានការបង្គាប់បញ្ជាឲ្យធ្វើកិច្ចការនានាជំនួសមុខឲ្យម្តាយខ្ញុំ ខ្ញុំទទួលថវិកាអំពីគាត់ហើយធ្វើដំណើរទៅស្រុកខ្មែរនៅចុងឆ្នាំ ១៩៩៩ ។ ឱកាសនោះ ខ្ញុំបានជួបនឹងប្អូនជីដូនមួយពីរបីនាក់ (ក្មួយម្តាយខ្ញុំដែលទទួលបានប្រាក់ឧបត្ថម្ភសម្រាប់សិក្សានៅសាកលវិទ្យាល័យ) ។ នៅក្នុងកិច្ចពិភាក្សារបស់ពួកយើង ខ្ញុំបានដាក់ចេញនូវគោលការណ៍ចំនួនពីរ ។ ទីមួយគឺ មិនចាំបាច់ផ្ញើពិន្ទុ ឬរបាយការណ៍ចេញពីសាលាឲ្យខ្ញុំមើលទេ ។ វាយតម្លៃការសិក្សាដោយខ្លួនឯង ។ បើរៀនទៅមុខមិនរួច កុំបន្តរៀនបំផ្លាញលុយ ។ ទីពីរគឺ បន្ទាប់ពីរៀនបានជោគជ័យហើយ ត្រូវរកការងារធ្វើហើយជួយយិតយោងបងប្អូនរៀងៗខ្លួន ។
នៅក្នុងបេសកកម្មដាក់ទានមានគោលដៅ ដែលជាសហប្រតិបត្តិការណ៍រវាងខ្ញុំនិងម្តាយខ្ញុំនោះ ខ្ញុំបានធ្វើដំណើរទៅស្រុកខ្មែរជាច្រើនដងដើម្បីវាយតម្លៃការវិវត្តិនៃការសិក្សារបស់ប្អូនៗ ។ អ្វីដែលខ្ញុំទទួលបាននៅក្នុងបទពិសោធនោះ គឺចិត្តខ្ញុំហាក់ដូចជាជាប់ជំពាក់ជាមួយនឹងដំណើរជីវិតរបស់ប្អូនៗទាំងនោះ ។ ពេលឃើញនរណាម្នាក់បានទទួលជោគជ័យខ្ពង់ខ្ពស់ ខ្ញុំរំភើបត្រេកអរ ។ ពេលឃើញនរណាមួយ មិនទទួលបានជោគជ័យសមប្រកបទៅនឹងការប្រឹងប្រែង ចិត្តខ្ញុំក៏អាក់អន់ស្រពន់តាមនោះដែរ ។ វាជារឿងមួយដែលពិបាកនឹងពណ៌នា ថាតើការដាក់ទានគ្មានគោលដៅ និងមានគោលដៅ មួយណាល្អប្រសើរជាង ។ បើពិចារណាត្រឹមតែកម្រិតមនោ វាពិតណាស់ថាទានមានគោលដៅ ផ្តល់ឲ្យយើងនូវមោទនភាព ។ ឯទានគ្មានគោលដៅ គ្មានបានការអ្វីឡើយ ។ ក៏ប៉ុន្តែ ខ្ញុំមិនទាន់ជឿថា ទានគ្មានគោលដៅ គ្មានបានការនៅឡើយទេ ។
នៅក្នុងដំណើរទស្សនកិច្ចមួយទៅកាន់ភ្នំ ឧត្តុង្គ ខ្ញុំបានចូលញ៉ាំបាយថ្ងៃត្រង់នៅក្នុងផ្សារក្បែរនោះ ។ មានក្មេងប្រុសក្រីក្របីនាក់កាន់ផ្លឹតមកអង្គុយបក់ឲ្យយើង ខណៈពួកយើងកំពុងទទួលទានអាហារ ។ គ្មាននរណាម្នាក់ហៅពួកគេឲ្យមកអង្គុយបក់កំដពួកយើងទេ ។ ទង្វើរបស់ក្មេងទាំងនោះ ហាក់ដូចជាទានគ្មានគោលដៅអ្វីឡើយ ។ បន្ទាប់ពីទទួលទានអាហាររួច យើងប្តូរតួនាទីឲ្យក្មេងៗទាំងនោះអង្គុយញ៉ាំអាហារវិញម្តង ដោយហៅបន្ថែមនូវមុខម្ហូបមួយចំនួនទៀត ដើម្បីឲ្យពួកគេញ៉ាំឲ្យបានឆ្អែតស្កប់ស្កល់ ។ នៅក្នុងកញ្ច្រែងភេសជ្ជៈ មានទឹកក្រូចនិងទឹកផ្លែឈើ ៦កំប៉ុង ដែលខ្ញុំប្រាប់ពួកគេឲ្យទទួលទានទាំងអស់ទៅ ។ ក្នុងចំណោមក្មេងទាំងបីនាក់ មានក្មេងម្នាក់អត់ទទួលទានទឹកក្រូចពីរកំប៉ុងដែលជាចំណែករបស់គាត់ទេ ។ បន្ទាប់ពីពួកគេទទួលទានរួចរាល់ ខ្ញុំសួរក្មេងនោះថាហេតុអ្វីក៏ក្មួយមិនញ៉ាំទឹកក្រូចនេះ ដ្បិតខ្ញុំបានបង់ប្រាក់ឲ្យអ្នកលក់រួចហើយ ។ ក្មេងនោះប្រាប់ខ្ញុំថា គាត់ទុកទឹកក្រូចពីរកំប៉ុងនោះ យកទៅផ្ញើជីដូននៅឯផ្ទះ ។ ឮសម្តីនោះ ខ្ញុំរំភើបញាប់ញ័រក្នុងចិត្តយ៉ាងខ្លាំង ។ គឺទឹកចិត្តក្មេងក្រីក្រតោកយ៉ាកម្នាក់នោះហើយ ដែលធ្វើឲ្យខ្ញុំពិចារណាឡើងវិញអំពីការដាក់ទានគ្មានគោលដៅ និង មានគោលដៅ ។ ព្រឹត្តិការណ៍រវាងក្មេងតោកយ៉ាកនិងខ្ញុំនាថ្ងៃនោះគឺជា Random act of kindness in its purest form (ករណីទានគ្មានគោលដៅដ៏បរិសុទ្ធជាទីបំផុត) ។ កម្មនិងប្រត្តិកម្មរវាងពួកយើងនាថ្ងៃនោះ គឺជាដំណើរធម្មជាតិ (Spontaneity) ។ គ្មានគម្រោង គ្មានគោលការណ៍ គ្មានទិដ្ឋិ និងគ្មានទស្សនណាមួយពាក់ព័ន្ធឡើយ ។
កាលរៀនទស្សនវិជ្ជានៅមហាវិទ្យាល័យ យើងបានលើកយកសំណួរមួយមកពិចារណា ថាតើដើមឈើដែលរលំនៅក្នុងព្រៃស្ងាត់តែឯកឯង បង្កឲ្យមានស្នូរសម្លេងដែរទេ ។ សិស្សខ្លះថាមាន ។ សិស្សខ្លះថាគ្មានទេដ្បិតមិនមានសាក្សីបានឮ ។ ទានគ្មានគោលដៅគឺប្រៀបបាននឹងដើមឈើរលំដែលគ្មានសាក្សីដឹងឮ ។ ក្រៅអំពីអ្នកបរិច្ចាគ គឺគ្មាននរណាម្នាក់ដឹងឮឡើយ ។ ក៏ប៉ុន្តែ អំណាចនៃទាននោះ គឺនៅតែជាទានដូចគ្នា ។ ទឹកក្រូចពីរកំប៉ុង ដែលក្មេងតោកយ៉ាងយកទៅផ្ញើជីដូននាថ្ងៃនោះ គឺប្រៀបបាននឹងស្នូរដើមឈើរលំនៅនឹងមុខយើង ។ ប្រសិនបើខ្ញុំមិនសួរនាំ ខ្ញុំប្រាកដជាមិនដឹងថាទឹកក្រូចពីរកំប៉ុងនោះ ជាផលនៃទានគ្មានគោលដៅឡើយ ។ អ្វីៗនឹងស្ថិតនៅក្នុងសភាវទទេស្អាត (Emptiness) ឬនិយាយមួយបែបទៀត ជាសភាវបរិសុទ្ធនៅក្នុងចក្រវាឡ៍ ។ គឺភាពបរិសុទ្ធអត់មានអ្វីជាប់ជំពាក់នេះហើយដែលជាភាវៈខុសគ្នារវាងទានគ្មានគោលដៅ និងទានមានគោលដៅ ៕
Monday, November 13, 2023
ចំណីខួរក្បាល
ទំនាស់អ៊ីស្រាអែលនិងប៉ាឡេស្ទីន
ដំណើរទំនាក់ទំនងរបស់មនុស្សជាតិ បើគិតក្រៅរង្វង់ពង្សញាតិ គឺមានភាពស្មុគស្មាញជាងទំនាក់ទំនងសត្តនិករដទៃ ។ មូលហេតុមួយដែលធ្វើឲ្យមនុស្សទាស់គ្នាមិនឈប់ឈរ គឺការធ្វើនយោបាយ ។ បើមនុស្សមិនលុះនឹងនយោបាយពេកទេ ពិភពលោកនេះប្រហែលជាមានភាតរភាពនិងសន្តិភាពស្ងប់ស្ងាត់ច្រើន ។
ទំនាស់រវាងជនជាតិអ៊ីស្រាអែលនិងជនជាតិប៉ាឡេស្ទីន គឺជាទំនាស់ដ៏វែងអន្លាយមួយនៅក្នុងដំណើរជីវិតមនុស្សជាតិ ។ តាំងតែពីខ្ញុំធំដឹងក្តីរហូតដល់ថ្ងៃនេះ ខ្ញុំបានដឹងបានឮអំពីចម្បាំងរវាងជនជាតិទាំងពីរជារឿយៗ ។ ចម្បាំងនេះប្រហែលជាមិនចប់ត្រឹមថ្ងៃខ្ញុំស្លាប់ទេ ។ វាអាចបន្តទៅមុខជាច្រើនជំនាន់ទៀត ។
យោងតាមឯកសារប្រវត្តិសាស្ត្រមួយចំនួន ជនជាតិអ៊ីស្រាអែលនិងប៉ាឡេស្ទីន មានទំនាក់ទំនងនឹងគ្នាជាលក្ខណៈញាតិការ ដែលមានបុរសម្នាក់ឈ្មោះ អាប្រាហាំ ឬ អាហ្វ្រាម ជាបុព្វការីជន ។ អាប្រាហាំរស់នៅក្នុងតំបន់មួយឈ្មោះ ម៉េសូប៉ូតេមៀ ដែលស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់សព្វថ្ងៃ ។ ប្រមាណជា ២០០០ឆ្នាំមុនគ្រីស្តសករាជ អាប្រាហាំបានទទួលឱវាទពីព្រះអាទិទេព (យល់សប្តិ?) ប្រាប់ឲ្យគាត់ធ្វើដំណើរទៅកាន់ទឹកដីមួយកន្លែង ដើម្បីបង្កើតអាណាចក្រមួយឡើង ។ អាប្រាហាំមិនដឹងថាទឹកដីនោះនៅទីណាទេ ប៉ុន្តែគាត់បានធ្វើដំណើរទៅតាមអ្វីដែលព្រះអាទិទេពគូសបង្ហាញគាត់ ។ នៅទីបំផុត អាប្រាហាំបានមកដល់តំបន់មួយនៅម្តុំទឹកដីរបស់ជនជាតិ អ៊ីស្រាអែលនិងប៉ាឡេស្ទីនសព្វថ្ងៃនេះ ។ សង្ខេបប្រវត្តិសាស្ត្របុរាណនេះឲ្យខ្លីងាយយល់ នៅក្នុងដំណើរមកកាន់ទឹកដីពិសិដ្ឋរបស់អាប្រហាំ មានភរិយាគាត់ឈ្មោះ សារ៉ា (Sarah) និងស្រីបម្រើម្នាក់ឈ្មោះ ហាហ្គា (Hagar) មកជាមួយដែរ ។ សារ៉ាជាស្ត្រីអារមិនមានកូនទេ ។ ដូច្នេះ អាប្រាហាំក៏សម្រេចចិត្តរួមរក្ខជាមួយនឹងហាហ្គា ដើម្បីមានបុត្របន្តពូជពង្សវង្សត្រកូល ។ ហាហ្គាបង្កើតបានកូនប្រុសមួយមានឈ្មោះថា អ៊ីស្មាអែល (Ismael) ។ បន្ទាប់មក ព្រះអាទិទេពក៏ប្រទានឲ្យសារ៉ាមានកូនប្រុសម្នាក់ដែរមានឈ្មោះថា អ៊ីសាក់ (Isaac) ។ សង្ខេបរឿងនិទាននេះឲ្យរឹតតែខ្លីថែមទៀត អ៊ីស្មាអែល បានក្លាយទៅជាអច្ឆារិយបុព្វការីជនរបស់ជនជាតិ ប៉ាឡេស្ទីន ។ ឯ អ៊ីសាក់ ជាអច្ឆារិយបុព្វការីជនរបស់ជនជាតិ អ៊ីស្រាអែល ។ គួរកត់សម្គាល់ថា ប្រវត្តិសាស្ត្រដែលផ្អែកលើរឿងនិទាននេះ កើតមានប្រមាណជា ៤០០០ឆ្នាំកន្លងមកហើយ ។ ប៉ុន្តែ វានៅតែមានឥទ្ធិពលខ្លាំងមកលើផ្នត់គំនិតនៃជនជាតិទាំងពីរនេះ ។ ការសម្របសម្រួលគ្នានានាមិនអាចមើលរំលងប្រវត្តិសាស្ត្របុរាណនេះឡើយ ។
បើយើងយកត្រឹមយុគនៃប្រវត្តិសាស្ត្រទំនើបមកនិយាយវិញ ជនជាតិអ៊ីស្រាអែលនិងប៉ាឡេស្ទីន រងគ្រោះញឹកញាប់ជាងគេនៅលើលោកនេះ ។ ដោយហេតុតែទឹកដីដែលពួកគេរស់នៅជាចំណុចឆ្លងកាត់ ឬផ្លូវគមនាគមន៍តភ្ជាប់ទ្វីប អាហ្វ្រីក អឺរ៉ុប និង អាសុី តំបន់េនះត្រូវបានឈ្លានពានកាន់កាប់ដោយជនជាតិដទៃជាច្រើនលើកច្រើនគ្រា រហូតដល់ជនជាតិអ៊ីស្រាអែលត្រូវបានខ្ចាត់ព្រាត់ពីតំបន់នេះអស់ជាច្រើនសតវត្សរ៍ ។ ចក្រភពចុងក្រោយដែលត្រួតត្រាតំបន់នេះមានឈ្មោះថា អូតាម៉ង់ (Ottaman Empire) ។ បន្ទាប់ពីសង្គ្រាមលោកលើកទីមួយនាឆ្នាំ ១៩១៩ ចក្រភពអង់គ្លេសជាអ្នកត្រួតត្រាតំបន់នេះ ហើយក៏មានការពិភាក្សាគ្នាដើម្បីបង្កើតឲ្យមានរដ្ឋ ឬ ប្រទេសអ៊ីស្រាអែលនិងប៉ាឡេស្ទីន ។ ក៏ប៉ុន្តែ ការពិភាក្សាដើម្បីបង្កើតរដ្ឋឲ្យជនជាតិទាំងពីរនេះ មិនទទួលបានផ្លែផ្កាទេ ដោយហេតុតែមានប្រទេសជាច្រើននៅក្នុងតំបន់ជ្រៀតជ្រែក ។ បន្ទាប់ពីសង្គ្រាមលោកលើកទីពីរនាឆ្នាំ ១៩៤៥ ជនជាតិអ៊ីស្រាអែលមួយចំនួន ដែលសេសសល់អំពីអំពើមនុស្សឃាតដ៏ធំមួយនៅទ្វីបអឺរ៉ុប បានធ្វើដំណើរត្រឡប់មករស់នៅក្នុងតំបន់ប្រទាញប្រទង់នេះវិញ ហើយក៏បានប្រកាសបង្កើតប្រទេសអ៊ីស្រាអែលឡើង ។ ប្រទេសជាច្រើននៅក្នុងតំបន់មិនទទួលស្គាល់ប្រទេសអ៊ីស្រាអែលទេ ។ សង្គ្រាមរវាងប្រទេសទាំងនោះនិងអ៊ីស្រាអែលក៏បានផ្ទុះឡើងជាច្រើនលើកច្រើនគ្រាដែរ ។ សង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធ ហាម៉ាស នាពេលបច្ចុប្បន្ននេះ គឺជាការវិវត្តិនៃទំនាស់ដែលកើតមានតាំងតែពីក្រោយសង្គ្រាមលោកលើកទីពីរនោះមកម្លេះ ។ បើគិតចាប់ពីឆ្នាំ ១៩១៩ មកដល់គ្រានេះ មានការព្យាយាមបង្កើតរដ្ឋ ឬប្រទេសអ៊ីស្រាអែលនិងប៉ាឡេស្ទីនចំនួន ៥ដងហើយ ។ កិច្ចព្រមព្រៀងចុងក្រោយបានធ្វើឡើងនៅ Camp David សហរដ្ឋអាមេរិក ក្រោមអធិបតីភាពប្រធានាធិបតី Bill Clinton ។
បើយើងដកនយោបាយនិងការជ្រៀតជ្រែកពីសំណាក់ប្រទេសដទៃចេញ ជនជាតិអ៊ីស្រាអែលនិងប៉ាឡេស្ទីន ប្រហែលជាអាចរស់នៅជិតគ្នានិងមិនស្អប់ខ្ពើមគ្នាទេ ។ កត្តាធំបំផុតដែលធ្វើឲ្យជនជាតិទាំងពីរមើលមុខគ្នាមិនចំនិងបង្កជាទំនាស់ឥតឈប់ឈរ គឺការគាំទ្ររបស់ប្រទេសដទៃក្នុងនាមជួយគាំពារពួកគេ ។ វាជាទង្វើជ្រៀតជ្រែកមួយដែលភាសាអង់គ្លេសហៅថា Oxymoron ។ នៅពីក្រោយអ៊ីស្រាអែលមាន សហរដ្ឋអាមេរិក ។ នៅពីក្រោយ ប៉ាឡេស្ទីន មានអ៊ីរ៉ង់និងប្រទេសអារ៉ាប់មួយចំនួនទៀត ។ បើគ្មានអ្នកគាំពារទាំងអស់នេះនៅពីក្រោយ ដែលនាំឲ្យអ្នកដឹកនាំនៃជនជាតិអ៊ីស្រាអែលនិងប៉ាឡេស្ទីនវង្វេងធាតុ ជនជាតិទាំងពីរប្រហែលជាអាចរស់នៅជិត ឬក៏ជាមួយគ្នាដោយគ្មានផលរមាស់អ្វីឡើយ ៕
Thursday, November 2, 2023
ចំណីខួរក្បាល
បំផ្លាញខ្លួនឯង (Self-Destruction)
កត្តាដ៏ធំបំផុត ដែលអាចឲ្យប្រជាជាតិ ឬប្រទេសមួយរឹងមាំនិងរស់រានមានជីវិតនៅបានគឺ សាមគ្គីភាព ។ នៅក្នុងទីបច្ឆារប្រវត្តិសាស្ត្រ ចំណារពណ៌នានៅលើផ្នូរខ្មោចប្រទេសជាច្រើនមានសេចក្តីយ៉ាងខ្លីថា៖ បែកបាក់សាមគ្គី ។ ប្រជាជាតិមួយដែលបែកបាក់សាមគ្គី មិនត្រឹមតែមិនរឹងមាំទេ គឺកំពុងតែធ្វើដំណើរឆ្ពោះទៅកាន់ក្តីវិនាសអន្តរាយជានិរន្តរ៍តែម្តង ។
ក្នុងនាមជាអ្នកសិក្សា និង សង្កេតព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនិងនយោបាយរបស់ប្រទេសកម្ពុជាមួយរូប ខ្ញុំសង្កេតឃើញមានការផ្លាស់ប្តូរជាច្រើននៅក្នុង "ទង្វើ" ឬយុទ្ធសាស្ត្រដឹកនាំប្រទេសរបស់អ្នកកាន់អំណាចនៅកម្ពុជា ។ យុទ្ធសាស្ត្រមួយដែលខ្ញុំសង្កេតឃើញកើតមានប្រមាណជិតបីទសវត្សកន្លងមកហើយគឺ "បំបាត់ ឬបំផ្លាញទំនុកចិត្ត" ។ បំផ្លាញទំនុកចិត្តគឺជាដំណើរឆ្ពោះទៅកាន់ការបាត់បង់សាមគ្គីភាព ។
គួរកត់សម្គាល់ថា អ្នកកាន់អំណាចនៅស្រុកខ្មែរក៏ដូចជាអ្នកកាន់អំណាចនៅប្រទេសដទៃដែរ គ្មាននរណាម្នាក់ចង់ឲ្យពលរដ្ឋដែលខ្លួនគ្រប់គ្រងបែកបាក់សាមគ្គីគ្នាទេ ។ ក៏ប៉ុន្តែ នៅក្នុងវិស័យនយោបាយ ការបែកបាក់សាមគ្គីគ្នាគឺជាកត្តាងាយកើតមានជាទីបំផុត ។ មូលហេតុតែមួយគត់ដែលធ្វើឲ្យមនុស្សក្នុងសង្គមបែកបាក់សាមគ្គីគ្នាគឺ បក្សពួកនិយម ។ នៅក្នុងវិស័យនយោបាយ គេតែងបង្កើតបក្សដើម្បីកៀរគរអ្នកគាំទ្រ ។ ដូច្នេះ កត្តាបក្សពួកនិយម គឺជាអព្ភូតហេតុមួយជៀសមិនរួចឡើយ នៅក្នុងសង្គមមនុស្សជាតិ ។
មធ្យោបាយធ្វើឲ្យមនុស្សនៅក្នុងសង្គមមួយបាត់បង់ទំនុកចិត្តនិងបែកបាក់សាមគ្គីគ្នា មានច្រើនយ៉ាង ។ ក៏ប៉ុន្តែ មធ្យោបាយដែលមានពិសពុលនិងមានប្រសិទ្ធភាពជាងគេ គឺការបំភាន់បោកប្រាស់ប្រភេទភ្នាក់ងារសម្ងាត់ ឬ ច្រែះសុីដែក និង លេងល្ខោនបំភាន់ភ្នែក ។ ការធ្វើដូច្នេះ បើកើតមានរវាងក្រុមបក្សមួយទៅលើក្រុមបក្សមួយទៀត វាមិនបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរប៉ុន្មានទេ ។ ប៉ុន្តែ នៅពេលករណីនេះត្រូវបានរៀបចំជាប្រព័ន្ធ ចេញអំពីក្បាលម៉ាសុីនដឹកនាំប្រទេសដើម្បីគ្រប់គ្រងពលរដ្ឋ វាគឺជារឿងដ៏គ្រោះថ្នាក់មួយដែលសូម្បីតែអ្នកប្រព្រឹត្តិ ក៏គួរតែព្រួយដែរ ។
មុននឹងយើងលើកយកបញ្ហាបំផ្លាញខ្លួនឯងមកពិចារណា ខ្ញុំសូមលើកឡើងនូវសំណួរមួយ ថាតើខ្មែរយើងសព្វថ្ងៃ មានទំនុកចិត្តជាមួយនឹងអ្នកភូមិផងរបងជាមួយ កម្រិតណា ។ សូមរក្សាទុកចម្លើយនៅក្នុងចិត្តយើងគ្រប់ៗគ្នា ហើយធ្វើការពិចារណាបន្តទៀត ។ ខ្ញុំបានសង្កេតកត្តាមិនទុកចិត្តគ្នានៅក្នុងសង្គមខ្មែរ ជាពិសេសទង្វើបោកប្រាស់របស់មេដឹកនាំមកលើពលរដ្ឋខ្មែរ ប្រមាណជា២៥ឆ្នាំកន្លងមកហើយ ។ កត្តាមួយដែលខ្ញុំយកមកធ្វើជាមូលដ្ឋានត្រិះរិះពិចារណា ល្បិចបោកប្រាស់របស់អ្នកកាន់អំណាចខ្មែរ គឺអភ័យឯកសិទ្ធិ ។ មនុស្សដែលជាភ្នាក់ងារបោកប្រាស់របស់រដ្ឋាភិបាល ទោះបីជេរត្មះតិះដៀលរិះគន់បុគ្គលដឹកនាំប្រទេសជាតិរហូតដល់រយះមាត់ ក៏គ្មានទោសពៃរ៍អ្វីឡើយ ។ មនុស្សដទៃទៀត កុំថាឡើយដល់ទិតៀនរដ្ឋាភិបាល សូម្បីលើកបដាឈរស្ងៀមម្នាក់ឯងក៏អាជ្ញាធរសំពងឬចាប់ដាក់គុកដែរ ។ ក៏ប៉ុន្តែ អ្វីដែលជារឿងលំបាកស្វែងយល់បំផុតនោះ គឺមនុស្សខ្លះគេរៀបចំឲ្យរងទុក្ខទោសដូចមែនទែន ។ នៅមានករណីជាច្រើនផ្សេងទៀត ដែលអ្នកសង្កេតត្រូវការពិចារណាហេតុផលដ៏យូរអង្វែង ដើម្បីស្វែងរកតម្រុយ ។
អ្នករៀបចំល្បិចបោកប្រាស់នៅស្រុកខ្មែរមិនសូវជាចំណាប់លាក់ដានប៉ុន្មានទេ ។ អ្នកដែលធ្លាប់សិក្សាអំពីល្បិចកលសង្គ្រាម ៣៦ របស់ចិន និង យុទ្ធសាស្ត្រ ឬល្បិចគ្រប់គ្រងមនុស្សរបស់លោក នីកូឡូ ម៉ាក់គៀវែលី (Nicolo Machiavelli: The Prince) អាចមើលយល់អំពីល្បិចកលបោកបញ្ឆោតផងទាំងពួង ។ អ្វីដែលជារឿងសង្វេគនោះ គឺគេយកល្បិចកលទាំងពីរនេះមកប្រើលើមនុស្សដែលមានពូជពង្សវង្សត្រកូលជាមួយគ្នា ។ គួរកត់សម្គាល់ថា កលល្បិចទាំងពីរខាងលើនេះ គេមិនប្រើលើគ្នាឯងទេ ដ្បិតវានាំគ្រោះច្រើនជាងលាភ ។
សព្វថ្ងៃ ពលរដ្ឋខ្មែរមើលយល់ទង្វើបំភិតបំភ័យបំភ្លៃបោកប្រាស់របស់អាជ្ញាធរមកលើខ្លួន កាន់តែច្រើនឡើងៗហើយ ។ នៅពេលអត្រានេះកើនខ្ពស់ហួស៥០% ទំនុកចិត្តនិងជំនឿលើទង្វើនានារបស់អាជ្ញាធរនឹងសាបរលាបដូចអំបិលត្រូវទឹក ។ ការបាត់បង់ទំនុកចិត្តលើអាជ្ញាធរ នឹងរីករាលដាលមកលើមនុស្សភូមិផងរបងជាមួយ រហូតដល់សាច់សាលោហិតរបស់ខ្លួន ប្រៀបបាននឹងជំងឺមហារីក ។ ជាមួយនឹងការបាត់បង់ទំនុកចិត្តគ្នា សាមគ្គីភាពសង្គមក៏វារលំរលាយទៅដែរ ។
ប្រជាជាតិមួយមិនអាចរលំរលាយដោយសារការបែកបាក់សាមគ្គីតែមួយមុខទេ ។ អ្វីដែលជាកត្តាធ្វើឲ្យប្រជាជាតិមួយរលាយ គឺការឆ្លៀតទាញយកសារប្រយោជន៍ និងជ្រៀតជ្រែកពីសំណាក់មនុស្សជាតិដទៃ ។ នៅក្នុងករណីប្រទេសនិងពលរដ្ឋខ្មែរ យួននិងសៀមគឺជាប្រជាជាតិពីរដែលកំពុងតែប្រើវិធីស្រូបទាញ (Absorption) មកលើទឹកដីនិងពលរដ្ឋខ្មែរ ។ ខ្ញុំសូមនិយាយឲ្យត្រង់ភ្លឹងទៅចុះ ។ យួនប្រើវិធីបញ្ជ្រាបទឹក ។ ឯសៀមប្រើវិធី រំហួតទឹក ។ មួយស្រូបចូល មួយទាញចេញ ។ វាប្រៀបបាននឹងកំដៅព្រះអាទិត្យនិងទឹកភ្លៀង ។ និយាយឲ្យច្បាស់ដូចពន្លឺថ្ងៃ៖ យួនប្រើវិធីលំហូរចូលនៃពលរដ្ឋមកក្នុងដីខ្មែរ ។ សៀមប្រើវិធីទាញយកអ្នកប្រាជ្ញឬសកម្មជនខ្មែរ(ពលករខ្មែរ)ទៅប្រើប្រាស់ ដ្បិតអី គ្មានអ្វីប្រសើរជាងធនធានមនុស្ស ដែលលុះនឹងការប្រឹងប្រែងតស៊ូឈ្មុសឈ្មុល នៅក្នុងដំណើរជីវិតឡើយ ។ ឯកត្តាចម្បងដែលជម្រុញឲ្យខ្មែររលាយ គឺការធ្វើទុក្ខបុកម្នេញនិងប្រើកលល្បិចបំបាត់ទំនុងចិត្តគ្នា រវាងខ្មែរនិងខ្មែរ ដែលអ្នកដឹកនាំប្រទេសខ្មែររៀបចំដើម្បីគ្រប់គ្រងពលរដ្ឋ ក៏ដូចជារក្សាអំណាច ។ នេះហើយជាចំណុចគ្រោះមហន្តរាយ ។ សូមកុំបន្ទោសយួននិងសៀម ។ ពួកគេគ្រាន់តែឆ្លៀតឱកាសទាញយកសារប្រយោជន៍អំពីភាពខ្ជីខ្ជារបស់យើងតែប៉ុណ្ណោះ ។ ប្រវត្តិសាស្ត្រខ្មែរ ជាប្រវត្តិសាស្ត្រច្រំដែល ។ ដូច្នេះ អ្វីដែលខ្ញុំពណ៌នាខាងលើនេះ ប្រហែលជាមិនពិបាកយល់ទេ ដ្បិតវាមានទម្រង់ (Pattern) ទុកឲ្យយើងមើលរាប់រយឆ្នាំមកហើយ ។
តើខ្មែរយើងនឹងវិនាសអន្តរាយដោយរបៀបណា? ក្រៅអំពីកត្តា "ពាក្យច្រើនភូតច្រើចាញ់អាត្មា ឬ ចំណេះជិះកឯង" ជនជាតិខ្មែរអាចនឹងបាត់បង់អត្តសញ្ញាណ ស្រដៀងគ្នានឹងជនជាតិអាមេរិកាំងដែរ ។ ជនជាតិអាមេរិកាំងនៅទីនេះ គឺសំដៅដល់ជនជាតិអាមេរិកាំង ដែលរស់នៅក្នុងទី្វបអាមេរិកទាំងមូលរាប់ពាន់ឆ្នាំមកហើយ ។ មិនមែនសំដៅលើជនជាតិអាមេរិកាំង ដែលទើបនឹងមកតាំងទីលំនៅក្នុងទ្វីបអាមេរិក នារយៈពេលជាង ៥០០ឆ្នាំកន្លងទៅនេះទេ ។ ជនជាតិអាមេរិកាំងកាលពីបុរាណកាលមានចំនួនប្រហែលរាប់សិបលាននាក់ដែរ មុនពេលការចូលមកដល់មួយសំពៅម្តងៗ នៃមនុស្សអម្បូរដទៃ ។ បើនិយាយអំពីវប្បធម៌ ជនជាតិអាមេរិកាំងដែលជាម្ចាស់ស្រុកទាំងនោះ មានអត្តចរិតដូចជនជាតិខ្មែរស្ទើរតែបេះបិទ ។ ចំណុចរួមដ៏ពិសិដ្ឋមួយគឺយើងមិនហួងហែងធនធានធម្មជាតិទេ ។ យើងចែកគ្នារស់ដោយមិនរើសអើងជាតិសាសន៍ ។ នៅទីបំផុតចរិតមនុស្សធម៌នេះ បានក្លាយទៅជាទាសករនៃអំពើអមនុស្សធម៌ ។ បន្តិចម្តងៗ ចលនាស្រូបទាញនៃមនុស្សអម្បូរដទៃ បានធ្វើឲ្យជនជាតិអាមេរិកាំងម្ចាស់ស្រុកបាត់បង់ទាំងជីវិត វប្បធម៌ និង អត្តសញ្ញាណ ស្ទើរតែផុតពូជអស់ទៅហើយ ។ សព្វថ្ងៃ ពួកគេដែលសេសសល់រស់នៅតែក្នុងតំបន់ចុងកាត់មាត់ញក ប្រៀបដូចជាជនជាតិកួយ ចារាយ និង ព្នង នៅស្រុកខ្មែរដែរ ។
ដំណើរដែលធ្វើឲ្យជនជាតិម្ចាស់ស្រុកអាមេរិកាំងរលំរលាយ កើតចេញអំពីអព្ភូតហេតុមួយដែលភាសាអង់គ្លេសហៅថា៖ Manifest Destiny (វាសនាចារពីនាយ) ។ ពាក្យនេះបើនិយាយឲ្យងាយយល់ វាគឺជាស្មារតី (Spirit) នៃមនុស្សដទៃដែលមកវាតទីលើទឹកដីរបស់គេ ថាជាព្រេងវាសនា ឬសិទ្ធិរបស់ខ្លួនក្នុងការចូលមកជ្រកពួននៅលើទឹកដីថ្មីនេះ ។ អព្ភូតហេតុនេះមិនមែនទើបតែកើតមាននៅទ្វីបអាមេរិកប៉ុន្មានសតវត្សកន្លងទៅនេះទេ ។ វាបានកើតមាននៅអាសុីអគ្នេយ៍ប្រមាណជាង ១០០០ឆ្នាំកន្លងមកហើយ ។ ដំណើរវាសនាចារពីនាយមួយនៅអាសុីអគ្នេយ៍ មានប្រភពចេញពីតំបន់ភាគខាងត្បូងនៃខេត្ត យូណាន ប្រទេសចិន ។ មនុស្សពីរក្រុមដែលហៅខ្លួនឯងថាជាជនជាតិ ដាយ និង តៃ (Dai and Tai) បានធ្វើដំណើរចុះតាមដងទន្លេក្រហមនិងទន្លេមេគង្គ ដែលហូរឆ្ពោះទៅកាន់សមុទ្រចិនភាគខាងត្បូង ។ ជនជាតិដាយធ្វើដំណើរតាមដងទន្លេក្រហមទៅដល់ឈូងសមុទ្រ តុងកឹង ហើយក៏ប្តូរឈ្មោះហៅខ្លួនឯងថា ដាយវៀត ។ បន្តមកទៀតក៏ប្តូរទៅជា វៀតណាម ។ ការផ្លាស់ប្តូរឈ្មោះនេះ គឺដើម្បីឆ្លើយតបទៅនឹងការស្រូបទាញជនជាតិដទៃដែលចូលមកក្នុងអម្បូររបស់ខ្លួន ឬក៏សម្របខ្លួនចូលទៅក្នុងវប្បធម៌ជាតិសាសន៍ដទៃដើម្បីពង្រីកឥទ្ធិពល ។ សព្វថ្ងៃនេះ ដំណើររបស់ជនជាតិដាយបានមកដល់ឈូងសមុទ្រថៃភាគខាងកើតហើយ ហើយក៏បានស្រូបទាញយកទឹកដីនិងជនជាតិធំៗពីរផ្សេងទៀតចូលក្នុងក្រុមគេដែរ គឺជនជាតិចាមនិងជនជាតិខ្មែរក្រោម ។ ឯដំណើររបស់ជនជាតិតៃតាមដងទន្លេមេគង្គក៏មានសណ្ឋានដូចគ្នាដែរ ។ សព្វថ្ងៃ ពួកគេបានមកដល់ជ្រោយម៉ាឡេភាគខាងជើង ដែលស្ថិតនៅខាងលិចឈូងសមុទ្រថៃ ។ នៅក្នុងដំណើរចុះមកត្បូងនេះដែរ ពួកគេបានស្រូបទាញបញ្ចូលនូវជនជាតិ មន សៀម លាវ ខ្មែរលើ និង ម៉ាឡេ បង្កើតបានជាប្រទេស ថៃឡង់ដ៍ នាពេលបច្ចប្បន្ន ។ និយាយរួម ជនជាតិដាយនិងតៃ បានមកភពប្រសព្វគ្នានៅក្នុងឈូងសមុទ្រថៃ ។ ប្រទេសខ្មែរបច្ចុប្បន្ន គឺជាសំណល់ដ៏តូចមួយប្រៀបបាននឹងនំអាកោត្នោត ដែលនៅក្នុងកន្ទោងស្លឹកចេក ។ មនុស្សពីរនាក់ដែលកំពុងតែស្រេកឃ្លាន តើអាចអង្គុយមើលនំអាកោត្នោត ដែលកំពុងតែធ្វើដំណើរទៅរកភាពផ្អូម ដោយមិនអើពើដែរទេ ។ ពួកគេប្រាកដជាមិនទុកឲ្យវាផ្អូមចោលអសារឥតការឡើយ ។
មុននឹងបញ្ចប់អត្ថបទនេះ សូមនិយាយអំពីសេណារីយោនៃអនាគតកាលរបស់ខ្មែរបន្តិច ។ ឈ្មោះកម្ពុជា ដូចអាមេរិកាំងដែរ គឺមិនបាត់បង់ទៅណាទេ ។ ស្ថាននាមនានាដូចជាអង្គរវត្ត ភ្នំដងរែក ភ្នំពេញ ក៏មិនបាត់បង់ដែរ ។ អ្វីដែលបាត់បង់គឺ វប្បធម៌ និង អត្តសញ្ញាណជាតិសាសន៍ ។ ទៅមុនគេគឺភាសាដែលនឹងក្លាយទៅជាទម្រង់ Creoles (ភាសាដែលយកពាក្យក្នុងភាសាដទៃមកប្រើជំនួសពាក្យរបស់ខ្លួន) ។ បន្ទាប់មកគឺទំនៀមទម្លាប់និងក្បួនច្បាប់នានា ដែលបាត់បង់រចនាបថ (Diluted Tradition) ។ ផ្គួបផ្សំកត្តាទាំងអស់នេះ ជាមួយនឹងចលនាស្រូបទាញដែលរៀបរាប់ខាងលើ វានឹងធ្វើឲ្យអត្តសញ្ញាណខ្មែររលុបរលាយបន្តិចម្តងៗ ។ ដំណើរនៃការរលុបរលាយសន្សឹមៗនេះ ត្រូវការពេលវេលាយ៉ាងហោចណាស់ក៏ ១០០ ឬ ២០០ឆ្នាំទៅមុខទៀតដែរ ។ អ្នកប្រព្រឹត្តិនិងនាំអាទិ៍ឲ្យខ្មែររលាយអត្តសញ្ញាណ នឹងស្លាប់បាត់អស់មិនអាចមើលឃើញផលនៃកម្មរបស់ខ្លួនឡើយ ។ គឺអ្នកជំនាន់ក្រោយ ដែលកើតមកត្រូវរងកម្មរស់នៅក្រោមឥទ្ធិពលរបស់ជនជាតិដទៃ ។ នៅលើលោកនេះ ប្រហែលជាគ្មានអ្វីចង្រៃជាងសាងកម្មទុកឲ្យអ្នកដទៃរងគ្រោះឡើយ ។ សូមឲ្យការវិភាគវែកញែកនៅក្នុងសំណេរនេះ ខុសទាំងស្រុងផងចុះ ។ វាជាក្តីប្រាថ្នាតែមួយគត់របស់ខ្ញុំ ។ ជាលើកទីមួយហើយដែលខ្ញុំសរសេរអត្ថបទដាក់ឲ្យគេអាន ហើយប្រាថ្នាចង់បានពិន្ទុ សូន្យ ៕
Wednesday, October 18, 2023
ចំណីខួរក្បាល
បដិការកម្ម
កាលពីខែមុន ខ្ញុំរពឹសដៃទៅកេះក្រម៉នៅក្រោមបាសាំងលុបមុខរបស់ខ្ញុំ ក៏រងគ្រោះមហន្តរាយចំណាយប្រាក់អស់ ២២០០០ដុល្លារ ។ ការចំណាយនេះបើគិតជាសម្ភារអស់ប្រហែលជា ៥០០០ដុល្លារទេ ។ អ្វីដែលធ្ងន់ធ្ងរគឺឈ្នួលជាងដែលត្រូវចំណាយ ៣ភាគ៤ នៃចំណាយសរុប ។ ត្រង់ចំណុចនេះ ខ្ញុំសូមលើកយកប្រការមួយដែលអ្នករស់នៅស្រុកខ្មែរតែងតែលើកយកមកនិយាយលេងសើចគឺ "ស្អែកទៅធ្វើការងារសំណង់ធម្មតា" ក្នុងន័យបន្តុះបង្អាប់របររកសុីជាជាងសំណង់ ។ ជាងសំណង់នៅស្រុកអាមេរិក មិនជាអាប់អោនណាស់ណាទេ ថ្វីដ្បិតតែពួកគេស្លៀកពាក់កន្ត្រេកកន្ត្រាក ។ ពួកគេអាចរកចំណូលបានយ៉ាងច្រើន ប្រសិនបើធ្វើការងារឲ្យអតិថិជនបានល្អ ។
ដើមចមនៃការជួសជុលអំពល់ទុក្ខដោយសារតែរបស់ប្រើប្រាស់ក្នុងផ្ទះខូចនេះ គឺកើតចេញអំពីជញ្ជាំងពុកនៅជុំវិញទុយយោទឹកខាងក្រោមបាសាំងលុបមុខ ។ ខ្ញុំសង្កេតឃើញវាហាក់ដូចជាមានសំណើម ក៏យកម្រាមដៃទៅខ្វេះឆ្កឹះយកកំទេចកំទីចេញដើម្បីពិនិត្យមើល ។ បន្ទាប់ពីឆ្កឹះជញ្ជាំងដែលពុកចេញអស់ ខ្ញុំយកដៃទៅស្ទាបទុយយោទឹកតូចដែលមានស្នឹម ហើយមានអារម្មណ៍ថាវាមានសំណើមតិចៗ ។ ដោយហេតុតែខ្ញុំគ្មានលទ្ធភាពនឹងជួសជុលទុយយោទឹកនោះ ខ្ញុំក៏សម្រេចហៅជាងសំណង់មកជួសជុល ។ ជាងសំណង់ដែលខ្ញុំហៅមកជួសជុលផ្ទះខ្ញុំនេះ គឺជាជាងអង្កាច់អង្កោចដែលខ្ញុំធ្លាប់ឃើញមកសម្អាតនិងលាងជញ្ចាំងផ្ទះអ្នកជិតខាងខ្ញុំ ។ គាត់គ្មានក្រុមហ៊ុនអ្វីធំដុំទេ ។ ខ្ញុំសួរគាត់ថា ចេះធ្វើអ្វីខ្លះទាក់ទងនឹងផ្ទះសម្បែង ។ គាត់ឆ្លើយថា ចេះធ្វើសព្វបែបយ៉ាង ។ ដោយឃើញគាត់មានឫកពារាក់ទាក់ ខ្ញុំក៏សុំលេខទូរសព្ទគាត់មកទុកក្រែងថ្ងៃណាមួយត្រូវការពឹងពាក់គាត់ ។ អ្នករស់នៅស្រុកអាមេរិក ជាទូទៅរមែងតែងឃើញឡាន Van ពណ៌សដែលមានជណ្តើរច្រងេងច្រងាងចងនៅលើដំបូល ។ ក្រុមជាងជួសជុលផ្ទះដែលប្រើឡានពណ៌សហ្នឹង ភាគច្រើនគឺជាជនអន្តោប្រវេស ស្របច្បាប់ក្តី មិនស្របច្បាប់ក្តី ភៀសខ្លួនមកពីទ្វីបអាមេរិកភាគកណ្តាល និងភាគខាងត្បួង ។ ពួកគេមានចំណុចរួមមួយ គឺប្រើកម្លាំពលកម្មដើម្បីទ្រទ្រង់ជីវិតក៏ដូចជា ដើម្បីជួយដល់សមាជិកគ្រួសារដែលកំពុងរស់នៅឯស្រុកកំណើត ។ ស្ថានភាពរបស់ពួកគេ គឺមិនខុសអំពីពលរដ្ឋខ្មែរដែលធ្វើចំណាកស្រុកទៅធ្វើការងារនៅក្នុងប្រទេស ថៃ កូរ៉េខាងត្បួង ឬជប៉ុនឡើយ ។ ទុករឿងអន្តោប្រវេសន៍និងពលករចំណាកស្រុកមួយកណ្តុប ។ អ្វីដែលខ្ញុំចង់លើកយកមកនិយាយនៅក្នុងអត្ថបទនេះគឺ ទំនាក់ទំនងរវាងមនុស្សជាតិដែលមានពូជអម្បូរនិងវប្បធម៌ទីទៃពីគ្នា ។
កាលរៀននៅមធ្យមសិក្សា ខ្ញុំធ្លាប់អានកំណត់ត្រាជីវិត (Diary) របស់យុវតី អាន ហ្វ្រេង ដែលសរសេរថា៖ មនុស្សទាំងអស់ កើតមកមិនអាក្រក់ជួជាតិទេ ។ គឺបរិយាការសង្គម (Social environment) ដែលធ្វើឲ្យពួកគេក្លាយទៅជាមនុស្សអាក្រក់ឃោរឃៅ ។ ខ្ញុំក៏មានគំនិតដូចជានាង អាន ហ្វ្រេង ដែរ ។ ប៉ុន្តែ ខ្ញុំមានទស្សនមួយបន្ថែមទៀត គឺថាមនុស្សទាំងអស់មាននិន្នាការ បដិការកម្ម ។ ពាក្យនេះមានន័យថា ទង្វើដែលយើងប្រព្រឹត្តិទៅលើអ្នកដទៃ ដោយកាយក្តី វាចាក្តី ចិត្តក្តី រមែងទទួលផលទៅតាមសទ្ធារបស់យើង ។ មិនដឹងជាទស្សននេះកើតមានក្នុងគំនិតខ្ញុំពីពេលណាមកទេ ។ វាប្រហែលជាកកើតតាំងតែពីដើមទសវត្សឆ្នាំ ១៩៧០ម្លេះ អំឡុងពេលក្រុមគ្រួសាររបស់ខ្ញុំភៀសសឹកមករស់នៅក្នុងផ្ទះជួលមួយនៅភូមិ ទួលស្បូវ នាទីក្រុង កំពង់ចាម ។ ម្ចាស់ផ្ទះបានធ្វើជញ្ជាំងខ័ណ្ឌផ្ទះកន្តាំងបីខ្នងដ៏ធំនោះជាបីល្វែង ហើយជួលឲ្យមនុស្សរស់នៅចំនួនបីគ្រួសារ ។ ក្រៅអំពីគ្រួសារយើង មានគ្រួសារពីរទៀតដែលភៀសខ្លួនមកពីខេត្ត កំពត មួយគ្រួសារ និងគ្រួសារមួយទៀតខ្ញុំអត់ចាំស្រុកកំនើតទេ ។ អ្វីដែលជាការកត់សម្គាល់របស់ខ្ញុំគឺ នៅគ្រាមួយនោះគ្រួសារយើងធ្វើនំចំណី ហើយក៏យកនំខ្លះទៅជូនគ្រួសារទាំងពីរដែលរស់នៅក្បែរយើងនោះ ។ លទ្ធផលបន្តបន្ទាប់គឺគ្រួសារទាំងពីរនោះ តែងតែយកនំចំណី ឬម្ហូបអាហារមកឲ្យពួកយើងទៅវិញទៅមកជារឿយៗ រហូតដល់ថ្ងៃខ្មែរក្រហមវាយលុកចូលទីក្រុងកំពង់ចាមនៅឆ្នាំ ១៩៧៣ ដែលជាហេតុនាំឲ្យពួកយើងបែកខ្ញែកគ្នាអស់ទៅ ។
ទំនាក់ទំនងរវាងខ្ញុំនិងជាងសំណង់ គឺចាប់ផ្តើមអំពីទស្សនថា មនុស្សគ្រប់រូបសុទ្ធតែមានកិត្តិយសនិងភាវស្មោះសនៅក្នុងខ្លួន (Dignity and Honesty) ។ ថ្វីដ្បិតតែខ្ញុំយកលុយទៅជួលពួកគេឲ្យធ្វើការងារឲ្យខ្ញុំ ខ្ញុំមិនបានចាត់ទុកខ្លួនឯងថាជាចៅហ្វាយនាយ និងជាងសំណង់ជាទាសករឡើយ (Master and slave relationship) ។ ខ្ញុំចាត់ទុកពួកគេថាជាមិត្តភក្តិមកជួយធ្វើការងារឲ្យខ្ញុំ ។ ដើមឡើយ គម្រោងរបស់យើងគឺជួសជុលតែទុយយោទឹកនៅក្រោមបាសាំងលុបមុខទេ ។ ដោយហេតុតែជញ្ជាំងនៅពីក្រោយបាសាំងនោះវាពុកបាក់ដែរ យើងក៏សម្រេចជៀរជញ្ជាំងមួយផ្ទាំងចេញហើយសាងសង់វាឡើងវិញ ។ តម្លៃសរុបនៃការជួសជុលបាសាំងលុបមុខនោះគឺអស់ ១៦០០ដុល្លារ ។ ប៉ុន្តែ បន្ទាប់ពីយើងគាស់បាសាំងនិងកាត់ជញ្ជាំងចេញ ជាងយកពិលបញ្ចាំងមើលតាមបណ្តោយជញ្ជាំង ដែលស្ថិតនៅទន្ទឹមនឹងកន្លែងងូតទឹក (Bathtub) ក៏ឃើញមានការបាក់បែកច្រើន ។ ឯស្នោការពារធាតុអាកាសនៅចន្លោះជញ្ជាំងនោះ ក៏វាពុកផុយរលេះរលួយអស់ដែរ ។ ជាងជួសជុលឲ្យយោបល់ថា គួរតែគាស់បំបែករុះរើបន្ទប់ទឹកនោះដើម្បីរៀបចំដាក់ជញ្ជាំងថ្មី និងត្រួតពិនិត្យមើលទុយយោទឹកនៅក្នុងជញ្ជាំងនោះផង ។ ដោយហេតុតែផ្ទះខ្ញុំមានអាយុជាង ៥០ឆ្នាំហើយ ហើយបន្ទប់ទឹកមួយទៀតដែលស្ថិតនៅទល់ខ្នងគ្នាជាមួយនឹងបន្ទប់ទឹកដែលយើងគ្រោងរុះរើនោះ វាចាស់ដុះស្នឹមហើយដែរ យើងក៏សម្រេចចិត្តជួសជុលសាងសង់បន្ទប់ទឹកទាំងពីរសាជាថ្មីតែម្តងទៅ ។
ការវាយតម្លៃជួសជុលផ្ទះ ឬសម្ភារប្រើប្រាស់នៅក្នុងផ្ទះ (Estimate) មិនមែនជារឿងងាយស្រួលទេ ។ ខ្ញុំរៀនអំពីប្រការនេះ បន្ទាប់ពីចូលរួមពាក់ព័ន្ធនឹងការជួសជុលដោយផ្ទាល់ ។ ប្រការឈឺក្បាលខ្លាំងជាងគេគឺតម្លៃសម្ភារៈ ដែលអាចខុសគ្នាពី ៥ ទៅ ១០ ដង ។ ឧទាហរណ៍ បាសាំងងូតទឹកមួយអាចមានតម្លៃចាប់ពី ២០០ដុល្លារ ទៅ ២០០០ដុល្លារ អាស្រ័យលើគុណភាពនិងក្បូរក្បាច់រចនារបស់វា ។ ដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ និងដើម្បីសម្រួលដល់កិច្ចការផងទាំងពួង ខ្ញុំសម្រេចទទួលរ៉ាប់រងលើតម្លៃសម្ភារទាំងអស់ចាប់តាំងពីថង់ដាក់សំរាមនិងម៉ាស់ការពារផ្លូវដង្ហើមឡើងទៅ ។ ជាងទទួលខុសត្រូវតែលើការរុះរើនិងសាងសង់ឡើងវិញ ។ តម្លៃឈ្នួលនៃការងារនោះគឺ ១៦០០០ដុល្លារ ។ ជាងចុះឲ្យខ្ញុំ ១០០០ដុល្លារ នៅសល់ត្រឹម ១៥០០០ដុល្លារ ។
ជាងជួសជុលផ្ទះខ្ញុំមានដើមកំណើតមកពីប្រទេស ហុងឌូរាក់ (Honduras) ។ គាត់មានប្រពន្ធនិងកូនបីនាក់ក្នុងបន្ទុក ។ កូចតូចជាងគេមានអាយុ ៤ឆ្នាំ ។ ភរិយាគាត់មានរបរជាអ្នកបោសសម្អាតផ្ទះសម្បែង ។ គាត់ចាប់ផ្តើមប្រកបការងារនៅសហរដ្ឋអាមេរិក ក្នុងនាមជាអ្នកលាងចាននៅក្នុងភោជនីយដ្ឋានចិន ។ បន្ទាប់មក គាត់ទៅធ្វើជាកម្មករសំណង់រយៈពេល ១០ឆ្នាំ ។ បន្ទាប់ពីមានបទពិសោធការងារសមល្មម គាត់ងាកមកធ្វើការងារជួសជុលផ្ទះជាលក្ខណៈឯករាជ្យ (Independence contrator) ពីរនាក់ប្អូនប្រុសរបស់គាត់ ។ ដើម្បីប្រកបរបរជួសជុលផ្ទះ រដ្ឋតម្រូវឲ្យគាត់ទិញធានារ៉ាប់រង ។ ការងារមួយចំនួនដូចជាតសំយ៉ាបផ្ទះ ឬសង់ការ៉ាសដាក់ឡាននៅតាមផ្ទះ គាត់មិនអាចធ្វើទេដ្បិតរដ្ឋតម្រូវឲ្យមានអាជ្ញាប័ណ (License or Certificate) ។ ដើម្បីទទួលបានអាជ្ញាប័ណ គាត់ត្រូវទៅហ្វឹកហ្វឺនជំនាញជាងនៅសាលាជាមុនសិន ។ បើនិយាយអំពីដំណើរជិវិតជាងជួសជុលផ្ទះនិងខ្ញុំក្នុងនាមជាជនអន្តោប្រវេស យើងមានដំណើរដើមទងប្រហាក់ប្រហែលគ្នា ។ ខ្ញុំចាប់ផ្តើមអាជីពជាអ្នកលាងចានឆ្នាំងនៅក្នុងមជ្ឈមណ្ឌលថែទាំមនុស្សចាស់ ។ បន្ទាប់មកជាអ្នកចៀនដំឡូងនិងសាច់មាន់នៅក្នុងហាងលក់អីវ៉ាន់ចាប់ហួយ ។ ក្រោយមកទៀត ទៅធ្វើជាអ្នកលក់ខោអាវទ្រនាប់មនុស្សប្រុសស្រីនៅហាងលក់សម្លៀកបំពាក់ ។ អ្វីដែលជាភាពខុសគ្នារវាងជាងនិងខ្ញុំគឺ កាលនោះខ្ញុំនៅលីវហើយមានលទ្ធភាពទៅរៀននៅសាលា ។ ឯគាត់មានគ្រួសារនៅក្នុងបន្ទុកដែលតម្រូវឲ្យគាត់ធ្វើការងារពេញម៉ោងរៀងរហូតមក ។ ទោះជាយ៉ាងណាក៏ដោយ គាត់ចំណាយពេល ១០ឆ្នាំ មុននឹងអាចងាកមកប្រកបការងារជាលក្ខណៈឯករាជ្យ ។ ឯខ្ញុំចំណាយពេល ៧ឆ្នាំទម្រាំរកការងារបានធ្វើនៅក្នុងការិយាល័យ ។
កុងត្រាជួសជុលផ្ទះរបស់ខ្ញុំ មិនមានអ្វីសាំញ៉ាំទេ ។ ជាងជួសជុលចេះភាសាអង់គ្លេសល្មមតែនិយាយស្តាប់គ្នាបាន ។ គាត់សរសេររៀបរាប់ដ៏សាមញ្ញបំផុត អំពីតម្លៃនិងអ្វីដែលត្រូវធ្វើនៅលើក្រដាសមួយសន្លឹក ។ យើងអត់ចុះហត្ថលេខាលើក្រដាសនោះទេ ។ ខ្ញុំគ្រាន់តែយកអាយហ្វូនមកថតក្រដាស់នោះទុកឲ្យអ្នកផ្ទះខ្ញុំមើលតែប៉ុណ្ណោះ ។ វាជាកាយវិការបញ្ជាក់ថា ខ្ញុំទុកចិត្តជាងទាំងស្រុង ។ មុនចាប់ផ្តើមធ្វើការងារ ជាងបានសុំអធ្យាស្រ័យអំពីខ្ញុំពីរចំណុច ។ ទីមួយគឺប្អូនគាត់មានចរិតមិនទៀតទាត់ ។ ពេលខ្លះវាមកធ្វើការ ។ ពេលខ្លះវាអត់មកជួយធ្វើកិច្ចការងារទេ ។ ទោះជាយ៉ាងណាក៏ដោយ គាត់នឹងព្យាយាមជួសជុលផ្ទះខ្ញុំឲ្យហើយនៅក្នុងរយៈពេលមួយខែ ។ ទីពីរគឺគាត់សុំឲ្យខ្ញុំបង់ប្រាក់ឲ្យគាត់ជាលុយសុទ្ធចំនួន ៣៥០០ដុល្លារ ហើយប្រាប់ប្អូនគាត់ថាតម្លៃនៃការជួសជុលផ្ទះខ្ញុំគឺមានចំនួន ១១៥០០ដុល្លារ ប្រសិនបើប្អូនគាត់សួរនាំ ។ ចំណេរក្រោយមកទើបគាត់បង្ហើបប្រាប់ខ្ញុំថា ប្រាក់សុទ្ធដែលគាត់លាក់មិនឲ្យប្អូនគាត់ដឹងនោះគឺសម្រាប់បង់សេវាធានារ៉ាប់រង ។ ប្អូនគាត់មិនខ្វល់អំពីធានារ៉ាប់រងឬមិនរ៉ាប់រងទេ ។ វាដឹងតែទារកម្រៃអំពីគាត់ពាក់កណ្តាលម្នាក់ ទោះបីជាវាមិនមកធ្វើការងារទៀតទាត់ក៏ដោយ ។ ប្អូនគាត់អត់ចេះភាសាអង់គ្លេសទេ ។ ការងារផងទាំងពួងគឺគាត់ជាអ្នកស្វែងរក ។ ប្អូនគាត់នោះ បើធ្វើការងារឲ្យអ្នកដទៃ ប្រហែលឈរជើងមិនបានមួយខែទេ ។ អំឡុងពេលជួសជុលផ្ទះខ្ញុំ ប្អូនគាត់មិនមកធ្វើការពីរឬបីដង ហើយដើរចេញពីការងារពីរដង ។ មិនត្រឹមតែដើរចេញទេ វាបើកទាំងឡានដែលមានផ្ទុកសម្ភារសម្រាប់ធ្វើការងារទៅជាមួយដែរ ។ ប៉ុន្តែ ជាងជួសជុលគាត់មានឡានតូចមួយដែលមានសម្ភារស្រាលៗសម្រាប់ធ្វើការងារតូចៗ ។ តាមការសង្កេតរបស់ខ្ញុំ ប្អូនរបស់គាត់អាចមានអាការ អូទីហ្សឹម កម្រិតស្រាលទើបបានជាមានអាកប្បកិរិយាមិនប្រក្រតីដូច្នោះ ។ អ្វីដែលជារឿងគួរឲ្យសសើរនោះ គឺការស៊ូទ្រាំរវាងបងនិងប្អូនដើម្បីជួយសង្គ្រោះគ្នា ។
ក្រៅអំពីប្រការទាំងពីរខាងលើ ជាងជួសជុលផ្ទះក៏បានសុំការយោគយល់អំពីខ្ញុំនូវប្រការមួយទៀតដែរ ។ ពេលខ្លះគាត់ត្រូវទទួលជួសជុលផ្ទះឲ្យអ្នកដទៃរយៈពេលកន្លះថ្ងៃ ឬមួយថ្ងៃ អំឡុងពេលធ្វើការងារជួសជុលផ្ទះខ្ញុំនោះ ហើយសុំយកថ្ងៃចុងសប្តាហ៍មកធ្វើការងារនៅផ្ទះខ្ញុំជំនួសវិញ (Flexibility) ។ ខ្ញុំក៏យល់ព្រមនឹងគាត់ដែរ ។ តាមពិត គាត់មិនចាំបាច់ប្រាប់ខ្ញុំត្រង់ពេកទេ ។ គ្រាន់តែប្រាប់ខ្ញុំថា មិនអាចមកធ្វើការឲ្យខ្ញុំបាននៅថ្ងៃណាមួយ គឺវាចប់រឿងហើយ ។ និយាយអំពីភាពត្រឹមត្រង់នេះ ខ្ញុំធ្លាប់ត្រូវបានចៅហ្វាយនាយស្តីឲ្យយ៉ាងចាស់ដៃម្តងដែរ បន្ទាប់ពីខ្ញុំប្រាប់អតិថិជនត្រង់ពេក នៅពេលដែលយើងធ្វើការងារឲ្យគេមិនទាន់ពេលវេលា ។ គាត់ថា គួររកលេស (កុហក) និយាយប្រាប់គេឲ្យសមរម្យបន្តិចទៅបានហើយ ។ គេហៅយុទ្ធសាស្ត្របិទបាំងតូចតាចនេះជាភាសាអង់គ្លេសថា៖ white lies ។
ពេលខ្លះជាងជួសជុលផ្ទះយកកូនស្រីអាយុ៤ឆ្នាំរបស់គាត់មកជាមួយ ហើយសុំទោសខ្ញុំអំពីប្រការនោះ ។ ខ្ញុំប្រាប់គាត់ជាភាសាអេស្ប៉ាញ៉ុលមួយម៉ាត់យ៉ាងខ្លីថា៖ Mi casa, su casa! (ផ្ទះខ្ញុំ ក៏ដូចជាផ្ទះអ្នកដែរ) ។ គាត់ញញឹមដោយអំណរ ។ អំឡុងពេលជួសជុលផ្ទះនោះ ខ្ញុំតែងតែយកទឹកសុទ្ធ ៥ ទៅ ១០ដប ទៅដាក់ក្បែរកន្លែងធ្វើការសម្រាប់ពួកគេទទួលទានជារឿយៗ ហើយប្រាប់ជាងទាំងនោះថា ពេលអស់ទឹកញ៉ាំចុះទៅយកនៅក្បែរផ្ទះបាយដែលជាកន្លែងស្តុកទឹកទាំងនោះ ។ ប៉ុន្តែ ពួកគេមិនដែលចុះទៅយកទឹកមកញ៉ាំដោយខ្លួនឯងទេ ។ ពេលខ្លះ ខ្ញុំភ្លេចមិនបានដាក់ដបទឹកនៅកន្លែងធ្វើការងារ ពួកគេសុខចិត្តទ្រាំរហូតដល់ជួបខ្ញុំទើបប្រាប់អំពីតម្រូវការរបស់ពួកគេ ។
តើយើងទទួលបានអ្វីត្រឡប់មកវិញ នៅពេលដែលយើងយកគោលការណ៍ បដិការកម្ម មកអនុវត្តិ ? នៅក្នុងករណីរបស់ខ្ញុំនេះ គឺបានទទួលលទ្ធផលដូចតទៅ៖ ជាងជួសជុលផ្ទះខ្ញុំចាត់ទុកការជួសជុលនោះ ប្រៀបដូចជាការជួសជុលផ្ទះរបស់គាត់ (Personalized the project) ។ គាត់ចាត់ទុកខ្ញុំជាមិត្តភក្តិច្រើនជាងចៅហ្វាយនាយ ។ គំនិតណាដែលមិនសមទំនង គាត់នឹងជំទាស់ហើយព្យាយាមពន្យល់ខ្ញុំ អំពីសោភ័ណ្ឌនានាពាក់ព័ន្ធនឹងការសាងសង់ ។ នៅពេលទៅទិញឥដ្ឋការ៉ូយកមកក្រាលក្នុងបន្ទប់ទឹក ខ្ញុំសម្រេចជ្រើសរើសការ៉ូម៉្យាងដែលអាចប្រើលើជញ្ជាំងផង និងកម្រាលផង ។ ជាងគាត់ជំទាស់នឹងជម្រើសខ្ញុំ ដោយប្រាប់ថាជញ្ជាំងនឹងកម្រាល មិនអាចដាក់ឥដ្ឋពណ៌ដូចគ្នាឡើយ ។ ខ្ញុំប្រាប់គាត់ថាមិនចង់សាំញ៉ាំនាំឈឺក្បាលទេ ។ គាត់ឲ្យខ្ញុំជ្រើសរើសពណ៌ឥដ្ឋសម្រាប់ក្រាលនៅលើជញ្ជាំង ហើយគាត់នឹងយកឥដ្ឋសម្រាប់ក្រាលជាកម្រាលមកផ្គូគ្នា ដើម្បីបង្ហាញឲ្យឃើញថាតើវាមានសោភ័ណ្ឌខុសគ្នាដូចម្តេច ។ បន្ទាប់ពីខ្ញុំយកឥដ្ឋការ៉ូមួយដែលអ្នកផ្ទះខ្ញុំស្រឡាញ់មកឲ្យគាត់ គាត់យកឥដ្ឋនោះទៅដាក់ផ្អែកជញ្ជាំង រួចយកឥដ្ឋការ៉ូមួយទៀតដែលមានពណ៌ស្រគាំជាងបន្តិចមកដាក់ផ្ទាល់ដី ហើយយកអាយហ្វូនមកថតដើម្បីពង្រីកមើលរូបភាព ។ វាពិតជាមានសោភ័ណ្ឌខុសគ្នាមែន ។ ឥដ្ឋកម្រាលបន្ទប់ទឹកខ្ញុំ គឺជាងជាអ្នកសម្រេចជ្រើសរើស ។ ក្រៅអំពីឥដ្ឋការ៉ូ ឈើចម្រឹងជញ្ជាំនានាក៏គាត់ពិនិត្យពិច័យហ្មត់ចត់ដែរ មិនឲ្យមានវៀចឬបោបន្តិចបន្តួចឡើយ ។ និយាយអំពីឈើ ក្តារប្លង់សេសម្រាប់ទ្រកម្រាលឥដ្ឋនៅក្នុងបន្ទប់ទឹកទាំងពីរបានពុកដោយអន្លើដែលត្រូវកាត់តដាក់ក្តារថ្មី ។ ការងារនោះ អត់នៅក្នុងគម្រោងកុងត្រាទេ ។ ប៉ុន្តែ ដោយហេតុជាងអាចធ្វើកិច្ចការនោះកើត គាត់ក៏សម្រេចធ្វើកិច្ចការនោះបន្ថែមដោយអត់កែប្រែកុងត្រាឡើយ ។ គាត់ឲ្យខ្ញុំបង់ប្រាក់ឲ្យគាត់សម្រាប់កិច្ចការជាងឈើនោះ តាមសទ្ធា ។ ពេលធ្វើការងាររួចរាល់ចប់ទាំងស្រុង ខ្ញុំបាន់ផ្តល់ប្រាក់ ១០០០ដុល្លារ ដែលគាត់ចុះឲ្យខ្ញុំនៅក្នុងតម្លៃកុងត្រា ជូនទៅគាត់វិញ ។
និយាយអំពីធ្វើការប្រិតព្រៀងបន្តិច ។ ការរៀបឥដ្ឋការ៉ូនៅលើជញ្ជាំងនិងកម្រាល ជាងអត់រៀបដោយខ្លួនគាត់ទេ ថ្វីដ្បិតតែគាត់ចេះធ្វើកិច្ចការនោះដែរ ។ គាត់យកប្រាក់ឈ្នួលដែលខ្ញុំបង់ឲ្យគាត់ ទៅជួលអ្នកឯកទេសខាងរៀបឥដ្ឋការ៉ូមកធ្វើកិច្ចការនោះ ។ ពួកគេស្គាល់គ្នានិងប្រហែលជាធ្លាប់សហការគ្នាធ្វើការងារផងដែរ ។ ជាងរៀបឥដ្ឋការ៉ូមានគ្នាពីរនាក់ជាប្តីប្រពន្ធ ។ ជួនជាថ្ងៃមួយយើងធ្វើគុយទាវញ៉ាំ យើងក៏ហៅពួកគេទាំងបួននាក់ឲ្យញ៉ាំគុយទាវមួយពេល ។ ពួកគេស្គាល់គុយទាវតាមរយៈពាក្យវៀតណាមថា ហ្វឺ ។ អំឡុងពេលញ៉ាំអាហារជុំគ្នានោះ ពួកយើងបានណែនាំប្រាប់គ្នាអំពីចំណីអាហារប្រចាំត្រកូលរៀងខ្លួន ។ នៅថ្ងៃបញ្ចប់នៃការជួសជុល ជាងបានហៅភរិយាគាត់ដែលមានជំនាញខាងបោសសម្អាតផ្ទះ ឲ្យមកជូតសម្អាតផ្ទះយើង ឲ្យបានស្អាតបាតផងដែរ ។ ជាអកុសល ពេលភរិយាគាត់ដាក់កៅអីដើម្បីឈរទើតជូតកង្ហារនៅជាប់ពិដាន គាត់បានទាក់ដៃធ្វើឲ្យស្លាបកង្ហារមួយបាក់ ។ ជាងគ្រោងទិញកង្ហារថ្មីដាក់ឲ្យខ្ញុំវិញ តែខ្ញុំមិនឲ្យគាត់ចំណាយប្រាក់លើកង្ហារថ្មីនោះទេ ។ ខ្ញុំជាអ្នកចំណាយប្រាក់លើកង្ហារថ្មី ដ្បិតអីកង្ហារចាស់ដែលបាក់នោះ ក៏ជិតដល់ថ្ងៃដែលត្រូវផ្លាស់ប្តូរដែរ ។ ជាងចំណាយត្រឹមតែពលកម្មដាក់កង្ហារថ្មីនោះឡើងវិញ ។ សម្រាប់អ្នកដែលនៅស្រពិចស្រពិលអំពីគោលការណ៍ ឈ្នះ-ឈ្នះ ទង្វើនេះគឺជាទាហរណ៍ឈ្នះ-ឈ្នះ មួយ ។ ភាគីពាក់ព័ន្ធទទួលបានសារប្រយោជន៍និងមិនខាតបង់អ្វីធំដុំទេ ។
ការជួសជុលបន្ទប់ទឹកក្នុងផ្ទះទ្រង់ទ្រាយធំដូចជាអ្វីដែលខ្ញុំបានធ្វើនេះ ក្នុងមួយជីវិតប្រហែលជាមានតែម្តងទេ ។ អ្វីដែលជារឿងរីករាយសម្រាប់ខ្ញុំ គឺខ្ញុំអាចឆ្លៀតឱកាសនេះ យកមេរៀនដែលធ្លាប់បានរៀននៅឯសាលា មកធ្វើបទពិសោធដើម្បីស្វែងយល់ឲ្យបានជាក់លាក់ ថាតើការយល់ឃើញរបស់ខ្ញុំ អាចអនុវត្តិជាមួយនឹងមនុស្សជាក់ស្តែងបានដល់កម្រិតណា ៕
Friday, September 1, 2023
ចំណីខួរក្បាល
ផលវិបាក ហ៊ុន ម៉ាណែត
ថ្មីៗនេះ ប្រទេសកម្ពុជាបានរៀបចំប្តូរក្បាលម៉ាសុីនដឹកនាំប្រទេសមិនច្រឡំនឹងគេមួយ ។ ខ្ញុំប្រើពាក្យ "មិនច្រឡំនឹងគេ" ពីព្រោះនៅក្នុងប្រវត្តិសាស្ត្រដឹកនាំប្រទេសនៃមនុស្សជាតិ មិនដែលមានប្រទេសណាមួយអនុវត្តិការផ្ទេរអំណាចដូចស្រុកខ្មែរ ដែលទើបនឹងប្រព្រឹត្តិទៅថ្មីៗនេះឡើយ ។ វាជាការរៀបចំផលិតការដឹកនាំប្រទេស ដែលហាក់ដូចជាយោងតាមពាក្យស្លោក "ខ្មែរអាចធ្វើបាន" ។
ដើម្បីមានសិទ្ធិដឹកនាំប្រទេសប្រកបដោយប្រសិទ្ធភាព មិនថានៅក្នុងរបបកុម្មុយនីស្ត រាជាធិបតេយ្យ ឬប្រជាធិបតេយ្យឡើយ ស្តេច ប្រធានាធិបតី ឬនាយករដ្ឋមន្ត្រី ត្រូវមានកត្តាដ៏សំខាន់មួយដែលភាសាអង់គ្លេសហៅថា Mandate (អំណាចប្រតិភូ) ។ អំណាចប្រតិភូនេះ បើនៅក្នុងប្រទេសដែលអនុវត្តិលទ្ធិប្រជាធិបតេយ្យពិតប្រាកដ គឺកើតចេញអំពីការបោះឆ្នោតដោយសេរី ។ នៅក្នុងប្រទេសកម្មុយនីស្ត វាកើតចេញអំពីសមាជផ្ទៃក្នុងបក្ស ។ នៅក្នុងប្រទេសរាជាធិបតេយ្យ វាកើតចេញអំពីការផ្ទេររាជ្យពីឪពុក ឬម្តាយទៅកូន ។ នៅក្នុងប្រទេសផ្តាច់ការអានាធិបតេយ្យ (Oligarchic Democracy) គ្មានរូបមន្តជាក់លាក់ទេ ។ របៀបគ្រុបគ្រងប្រទេសចុងក្រោយនេះ គឺជាអ្វីដែលកម្ពុជាកំពុងអនុវត្តិ ។
ការផ្ទេរអំណាចពីឪពុកទៅកូនរបស់នាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីប្រមាណជា ៣០ក្រសួងដែលកម្ពុជាទើបនឹងអនុវត្តិនាពេលថ្មីៗនេះ គឺជាការធ្វើប្រតិភូអំណាច (Delegated Power) ដែលមានពាក្យ៖ "របៀបដឹកនាំឆ្ពោះទៅរកការបរាជ័យ" សរសេរនៅលើបដាស្វាគមន៍ទុកជាមុនរួចហើយ ។ ក្នុងនាមជាអតីតនិស្សិតរដ្ឋបាលមួយរូប ខ្ញុំហ៊ានអះអាងថា ទោះបីទៅរៀនមន្តវិជ្ជាការដឹកនាំប្រទេសដល់ឋានទេវតា ឬមានប្រាជ្ញាដូចព្រះមហោសថក៏ដោយ ក៏គ្មានមេដឹកនាំណាអាចគ្រុបគ្រងបង្គាប់បញ្ជារដ្ឋាភិបាលរបៀបអាយ៉ងនេះបានទេ ។ នាយករដ្ឋមន្ត្រីមានអ្នកទាញខ្សែអាយ៉ងមួយនៅពីក្រោយ ។ រដ្ឋមន្ត្រីស្ទើរតែទាំងអស់ សុទ្ធតែមានអ្នកទាញខ្សែញាក់នៅពីក្រោយខ្នងគ្រប់ៗគ្នាផងដែរ ។ ផ្ទុយអំពីអាយ៉ងនៅក្នុងល្ខោនស្បែក ដែលគេអាចទាញវាឲ្យងាកទៅឆ្វេង ឬស្តាំ បានតាមអំពើចិត្ត អាយ៉ងដែលស្ថិតនៅក្រោមបញ្ជាការរបស់លោក ហ៊ុន ម៉ាណែត សុទ្ធតែជាមនុស្សមានវិញ្ញាណ ។ វាមិនប្រាកដថា ងាកទៅឆ្វេង ឬក៏ស្តាំ តាមខ្សែញាក់បញ្ជាឡើយ ។ ឧទាហរណ៍សេណារីយោមួយ ។ ឧបមាថា លោក ហ៊ុន ម៉ាណែត ចង់ដកឬក៏ផ្លាស់ប្តូរតួនាទីរបស់រដ្ឋមន្ត្រីក្រោមឱវាទណាមួយ ដែលអសមត្ថភាពឬប្រព្រឹត្តិកំហុស គាត់ចាំបាច់ត្រូវតែឆ្លងយោបល់ជាមួយនឹងឪពុកគាត់ ។ ឪពុកគាត់ត្រូវពិគ្រោះយោបល់ជាមួយនឹងឪពុករបស់មន្ត្រីនោះ ។ ឪពុករបស់មន្ត្រីនោះត្រូវសួរនាំរកខុសត្រូវពិគ្រោះយោបល់ជាមួយនឹងកូនរបស់ខ្លួន ។ ចម្លើយនិងលទ្ធផលដែលវិលត្រឡប់មកវិញ យើងអាចដឹងជាមុនរួចស្រេច ។ ការឡើងកាន់កិច្ចការក្រសួងដំបូងៗ នរណាក៏ដូចនរណាដែរ រមែងប្រព្រឹត្តិកំហុស ដ្បិតមិនទាន់មានបទពិសោធគ្រប់គ្រាន់ ។ ដូច្នេះ ចាំបាច់ត្រូវតែទុកឱកាសឲ្យបុគ្គលកែតម្រូវ និងបង្ហាញសមត្ថភាពមួយរយៈសិន ។ ឱកាសកែតម្រូវនេះ គឺត្រូវការពេលវេលាមិនតិចជាងមួយអាណតិទេ ។
ផ្ទុយអំពីអ្នកដឹកនាំប្រទេសនានានៅក្នុងពិភពលោក ដែលអាចជ្រើសរើសមន្ត្រីក្រោមឱវាទដោយខ្លួនឯង មន្ត្រីដែលធ្វើកិច្ចការក្រោមឱវាទលោក ហ៊ុន ម៉ាណែត ត្រូវបានគេជ្រើសរើសជំនួសគាត់ ។ ក្រៅអំពីរដ្ឋមន្ត្រី ៣០ផ្លាយនាក់ នៅមានទីប្រឹក្សាដែលមកតាមខ្សែមន្ត្រីទាំងនោះ រាប់រយនាក់ថែមទៀត ។ កុំថាឡើយដល់ដកឬប្តូរតួនាទីរបស់រដ្ឋមន្ត្រី សូម្បីតែដកទីប្រឹក្សាក៏ប្រឈមនឹងឧបស័គ្គជាច្រើនផងដែរ ។ នៅក្នុងប្រព័ន្ធដឹកនាំនៃរបបផ្តាច់ការដូចកម្ពុជា មានពាក្យមួយឃ្លាដែលពោលថា៖ "មុននឹងវាយឆ្កែ ត្រូវសម្លឹងមើលម្ចាស់ជាមុនសិន" ។ អ្នកកាន់អំណាចដែលខ្សត់អំណាចប្រតិភូ គឺស្មើនឹងអ្នកកាន់អំណាច ដែលគ្មានអំណាច ។ អំណាចដែលមានតែនៅលើក្រដាស តែយើងគ្មានលទ្ធភាពនឹងប្រើប្រាស់ (Unable to enforce) គឹមិនខុសអំពីរូបខ្លាក្រដាសដែលគេយកទៅបិទនៅលើជញ្ជាំងទេ ។ ខណៈនេះ អ្វីៗស្ថិតនៅក្នុងសភាពចាប់ផ្តើមនៅឡើយ ។ លទ្ធផលយ៉ាងណាៗ គឺយើងត្រូវរង់ចាំប្រាំឆ្នាំទៅមុខទៀត ទើបអាចដឹងពិតប្រាកដ ។ ឆ្លៀតឱកាសនេះ ស្មេរក៏សូមអធ្យាស្រ័យពីសំណាក់មិត្តអ្នកអាន មេត្តាកុំវិនិច្ឆ័យ (Draw conclusion) ការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ដោយផ្អែកលើអត្ថបទនេះ ។ វាគ្រាន់តែជាការវិភាគវែកញែក ដែលផ្អែកលើចំណេះដឹងផ្នែករដ្ឋាភិបាលតែប៉ុណ្ណោះ ៕
Monday, August 14, 2023
ចំណីខួរក្បាល
ទីក្រុងពីរ (Sister Cities
រដ្ឋធានី វ៉ាសុីនតោន និង រាជធានី ភ្នំពេញ ស្ថិតនៅមួយចំហៀងផែនដីម្នាក់ ។ ប៉ុន្តែទីក្រុងទាំងពីរនេះសង់នៅលើសណ្ឋានដី ដែលមានទ្រង់ទ្រាយស្ទើរតែដូចគ្នាបេះបិទ ។ ទីក្រុងទាំងពីរនេះ មានទន្លេពីរហូរមកភពប្រសព្វគ្នាបង្កើតបានជាជ្រោយមួយដែលនៅភ្នំពេញគេហៅ ជ្រោយចង្វា ។ ឯនៅវ៉ាសុីនតោនគេហៅ ជ្រោយហេន (Hane Point) ។ ក្រៅអំពីជ្រោយនេះ ទីក្រុងទាំងពីរក៏មានកូនកោះមួយដូចគ្នាដែរ ។ នៅភ្នំពេញយើងស្គាល់ថា កោះពេជ្រ ។ ឯនៅវ៉ាសុីនតោគេហៅកោះនេះថា កោះរូស្សវ៉ែល (Roosvelt Island) ។ គួរកត់សម្គាល់ថា ផ្ទុយអំពីជ្រោយចង្វា និងកោះពេជ្រនៅភ្នំពេញដែលត្រូវបានអភិវឌ្ឃមានសំណង់អគារច្រើនស្អេកស្កះនោះ ជ្រោយហេននិងកោះរូស្សវ៉ែលនៅវ៉ាសុីនតោន មិនត្រូវបានអនុញាតិឲ្យអភិវឌ្ឃទេ ។ រដ្ឋាភិបាលអាមេរិកាំងរក្សាតំបន់ទាំងពីរនេះជាឧទ្យានធម្មជាតិ (National Parks) ។
ទីក្រុងភ្នំពេញនិងវ៉ាសុីនតោនចាប់ផ្តើមសាងសង់ជារដ្ឋធានីនៅអំឡុងពេលប្រហាក់ប្រហែលគ្នា គឺនៅក្នុងទសវត្សឆ្នាំ ១៨៦០ ។ ឯវិស្វករដែលគូសវាសទ្រង់ទ្រាយទីក្រុងទាំងពីរនេះគឺជាជនជាតិបារាំងដូចគ្នា ។ ខ្ញុំមិនដឹងថាជនជាតិបាំងដែលគូសវាស (Blue Print) សម្រាប់ទីក្រុងភ្នំពេញមានឈ្មោះអ្វីទេ ។ ប៉ុន្តែ វិស្វករបារាំងដែលគូសវាសទ្រង់ទ្រាយទីក្រុង វ៉សុីនតោន ឈ្មោះ ព្យ័រ ឡង់ហ្វង់ (Pierce l'Anfant) ។ ក្រៅអំពីផ្លូវធំៗអមសងខាងឧទ្យាននៅកណ្តាលក្រុង ផ្លូវសំខាន់ៗឆ្លងកាត់ទីក្រុងវ៉ាសុីនតោនមានទម្រង់ជាជំពាស់ថ្នង ឬត្រីកោណ ។ ឯផ្លូវសំខាន់ៗឆ្លងកាត់ទីក្រុងភ្នំពេញមានទម្រង់ជា ដងធ្នូរ ។ បើយើងពិនិត្យមើលនៅលើផែនទីនៃទីក្រុងទាំងពីរ ទម្រង់ដើមនៃទីក្រុងទាំងពីរមានសោភ័ណ្ឌម៉្យាងម្នាក់ ។ ក៏ប៉ុន្តែ មានឧទ្យានមួយដែលខ្ញុំនឹងលើកយកមកប្រៀបធៀបនៅក្នុងអត្ថបទនេះ គឺមានសណ្ឋានដូចគ្នាស្ទើរតែបេះបិទ ។
នៅក្នុងរូបភាពដែលខ្ញុំយកមកដាក់ផ្គូគ្នាខាងក្រោមនេះ មួយគឺជាឧទ្យានឯករាជ្យនៃរដ្ឋធានី វ៉ាសុីនតោន ។ មួយទៀតគឺជាឧទ្យានឯករាជ្យនៃរាជធានី ភ្នំពេញ ។ ខ្ញុំជឿជាក់ថា ឧទ្យានទាំងពីរនេះគឺត្រូវបានរៀបចំជាគម្រោងដោយវិស្វករបារាំង ។ ឯសំណង់ (Landmarks) និងទ្រង់ទ្រាយដែលឧទ្យានទាំងពីរនេះរំលេចចេញមក គឺត្រូវបានរៀបចំបន្ថែមដោយម្ចាស់ស្រុក ។ ខ្ញុំសូមរៀបរាប់អំពីសំណង់នានានៅក្នុងឧទ្យាននៃរដ្ឋធានីវ៉ាសុីនតោនដូចតទៅ ដោយដាក់ចំណុចសង្កេតចេញអំពីមាត់ទន្លេ ។ សម្រាប់អ្នកអាននៅទីក្រុងភ្នំពេញ ចំណុចសង្កេតគឺស្ថិតនៅខាងកើតរង្វង់មូលសម្តេច ជួន ណាត សម្លឹងឆ្ពោះទៅទិសខាងលិច ។
នៅក្នុងឧទ្យានរដ្ឋធានីវ៉ាសុីនតោន មានចំណុចរង្វង់មូលក្រហមចំនួនប្រាំដែលរត់ត្រង់ភ្លឹងពីមាត់ទន្លេឡើងទៅ ។ ទីមួយគឺវិមាន លីងកុន ។ ទីពីរវិមានរំលឹកសង្គ្រាមលោកលើកទីពីរ ។ ទីបីវិមាន ឯករាជ្យ ។ ទីបួនវិហារសារមន្ទី ស្មីតសុន ។ ទីប្រាំ មន្ទីររដ្ឋសភានិងព្រឺទ្ធសភា ។ គេហៅទីនេះថា ទួលរដ្ឋធានី (Capitol Hill) ដែលមានសណ្ឋានដូចវត្តភ្នំនៅភ្នំពេញដែរ ។ ចំណុចរង្វង់មូលក្រហមពីរទៀតដែលនៅពីក្រោយទួលនេះ គឺអគារបណ្ណាល័យជាតិ និង តុលាការកំពូល ។ ឯចំណុចក្រហមដែលនៅខាងឆ្វេងដៃគឺសេតវិមាន ។ ចំណុចក្រហមនៅខាងស្តាំដៃក្បែរមាត់បឹងគឺវិមានលោក ថូម៉ាស់ ហ្សេហ្វឺសុន ដែលជាអ្នកសរសេរសេចក្តីប្រកាសឯករាជ្យអាមេរិកាំង ។
គួរកត់សម្គាល់ថា ទីក្រុងវ៉ាសុីនតោននិងភ្នំពេញគឺសាងសង់នៅក្នុងតំបន់ទំនាបដែលមានព្រែកនិងបឹងស្អេកស្កះដូចគ្នា ។ ក៏ប៉ុន្តែ ទីក្រុងវ៉ាសុីនតោនមិនដែលលិចជំនន់ទឹកភ្លៀងទេ ទោះបីមានភ្លៀងធ្លាក់គំហុកយ៉ាងណាក៏ដោយ ។ ពីដើមមិញ ឧទ្យានដែលមានអគារសំខាន់ៗទាំងប្រាំសង់នៅចំកណ្តាលនោះ គឺជាព្រែកនិងបឹងដ៏ធំមួយ ។ កាលគេចាប់ផ្តើមសង់អគាររដ្ឋសភានៅលើទួលកាពីតូលនោះ ព្រែកនោះត្រូវបានគេប្រើប្រាស់ដើម្បីដឹកជញ្ជូនសម្ភារនានា ។ ចំណេក្រោយមកទើបគេលុបព្រែកនោះបង្កើតជាឧទ្យានដ៏ធំមួយនេះឡើង ។ នៅក្នុងការលុបតំបន់ទំនាបនេះ គេបានរក្សាទុកបឹងតូចៗមួយចំនួនដូចដែលមានឃើញនៅក្នុងរូបភាព ។ បឹងដ៏ធំជាងគេបំផុតដែលស្ថិតនៅខាងស្តាំដៃផ្នែកខាងក្រោមជិតមាត់ទន្លេមានទំហំនឹងទីតាំងស្រដៀងគ្នានឹងអតីត បឹងកក់ នៅភ្នំពេញដែរ ។ គេឲ្យឈ្មោះបឹងនេះថា អាងស្តុកទឹក (Tidal Basin) ដែលមានតួនាទីទទួលទឹកភ្លៀងដែលហូរតាមលូចុះពីទួលអគាររដ្ឋសភាមក ។ គួរកត់សម្គាល់ថា នៅសងខាងឧទ្យានឯករាជ្យនៃរដ្ឋធានីវ៉ាសុីនតោន មានផ្លូវធំៗមួយគូចុះពីទួលរដ្ឋសភាត្រង់មកដល់មាត់ទន្លេតែម្តង ។ ផ្លូវមួយឈ្មោះផ្លូវ ឯករាជ្យ ។ ឯផ្លូវមួយទៀតឈ្មោះ រដ្ឋធម្មនុញ្ញ ។ នៅក្រោមផ្លូវទាំងពីរនេះ គេដាក់លូរំដោះទឹកភ្លៀងបង្ហូរទៅកាន់ទន្លេតែម្តង ។ លូនៅក្រោមផ្លូវឯករាជ្យហូរមកចាក់ចូលក្នុងអាងស្តុកទឹក (Tidal Basin) រួចទើបហូរបន្តតាមរយៈទ្វារទឹកចំនួនពីរចុះទៅកាន់ទន្លេ ។ បើយើងដើរតាមបណ្តោយផ្លូវ ឯករាជ្យ ឬផ្លូវរដ្ឋធម្មនុញ្ញ យើងនឹងសង្កេតឃើញប្រឡោះសម្រាប់ទឹកភ្លៀងហូរចូលទៅលូ មានចម្ងាយប្រហែលជា ១០ម៉ែត្រមួយៗ នៅសងខាងចិញ្ចើមផ្លូវ ។ គឺប្រព័ន្ធលូនៅតាមបណ្តោយដងផ្លូវធំទាំងពីរនេះហើយ ដែលសង្គ្រោះចំណុចទាបបំផុតនៃរដ្ឋធានីវ៉ាសុីនតោន មិនឲ្យលិចជំនន់ទឹកភ្លៀង ៕
Friday, July 28, 2023
ចំណីខួរក្បាល
វិលទៅរបបផ្តាច់ការវិញ
កម្ពុជាជាប្រទេសមួយក្នុងចំណោមអតីតប្រទេសកុម្មុយនីស្តជាច្រើននៅក្នុងពិភពលោក ដែលបានតស៊ូប្រឹងប្រែអនុវត្តិបែបផែនគ្រុបគ្រងប្រទេសតាមលទ្ធិប្រជាធិបតេយ្យ ។ ក៏ប៉ុន្តែ អ្វីដែលគួរឲ្យសង្វេគនោះ គឺការប្រឹងប្រែងនេះមិនបានទទួលផលជាដុំកំភួនអ្វីឡើយ ។ មុននឹងយើងវាយតម្លៃថា ការអនុវត្តិលទ្ធិប្រជាធិបតេយ្យនៅស្រុកខ្មែរ ទទួលបានជោគជ័យឬបរាជ័យ យើងគួរឆ្លើយនូវសំណួរមួយ ថាតើសិទ្ធិសេរីភាពរបស់យើងនៅគ្រានេះ វាគាប់ប្រសើរជាងសិទ្ធិសេរីភាពរបស់យើងកាលពី ៣០ឆ្នាំមុនដែរឬទេ? ចម្លើយរបស់ខ្ញុំគឺ វាមិនបានគាប់ប្រសើរជាងកាលពី ៣០ឆ្នាំមុននោះទេ ។
ការវិលត្រឡប់ចេញអំពីលទ្ធិប្រជាធិបតេយ្យទៅកាន់របបផ្តាច់ការ មិនមែនកើតមានតែនៅក្នុងប្រទេសកម្ពុជាមួយទេ ។ អតីតប្រទេសកុម្មុយនីស្តជាច្រើនផ្សេងទៀតក៏ទទួលរងកម្មដូចគ្នាដែរ ។ អព្ភូតហេតុនេះ អ្នកវិភាគនយោបាយជាច្រើនបានដាក់បន្ទុកបន្ទោស ទៅលើការយល់ដឹងមិនពេញលេញអំពីលទ្ធិប្រជាធិបតេយ្យរបស់ពលរដ្ឋសាមញ្ញ ។ សម្រាប់ខ្ញុំ ខ្ញុំយល់ឃើញផ្សេង ។ ការវិលត្រឡប់ពីលទ្ធិប្រជាធិបតេយ្យទៅកាន់របបផ្តាច់ការ មិនមែនដោយសារពលរដ្ឋខ្វះចំណេះដឹងទេ ។ គឺដោយសារតែអ្នកនយោបាយក្បាលខូចលួចមាន់ បំផ្លិចបំផ្លាញ ។
អតីតសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយខ្មែរមួយរូបគឺលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត ដែលទើបនឹងទទួលអនិច្ចកម្មជិតមួយឆ្នាំកន្លងទៅនេះ បានប្រៀបធៀបការវិលត្រឡប់ពីលទ្ធិប្រជាធិបតេយ្យទៅកាន់របបផ្តាច់ការ ទៅនឹងវិធីបោចរោមមាន់ទាំងរស់ ។ វាជាវិធីតែមួយគត់ និងមានប្រសិទ្ធភាពបំផុត ដែលជនផ្តាច់ការអាចបង្វិលរដ្ឋាភិបាលប្រជាធិបតេយ្យ ឲ្យក្លាយទៅជារដ្ឋាភិបាលផ្តាច់ការ ។ គួរបញ្ជាក់ជាមុនថា មាន់នៅទីនេះជានិម្មិតរូបដែលតំណាងឲ្យលទ្ធិប្រជាធិបតេយ្យនិងពលរដ្ឋស្លូតត្រង់ ។ ឯរោមមាន់តំណាងឲ្យរូបធាតុនៃលទ្ធិប្រជាធិបតេយ្យមានជាអាទ៍ សិទ្ធិ សេរីភាព និងកិច្ចគាំពារមនុស្សផងគ្នាជាច្រើនផ្សេងទៀត ។
មុននឹងនិយាយអំពីវិធីបោចរោមមាន់ យើងត្រូវយល់ឲ្យបានជាក់លាក់ថា ជនពាលក្តី ជនផ្តាច់ការក្តី មានប្រាជ្ញាឆ្លាតវាងវៃដូចជាបណ្ឌិតសុចរិតដែរ ។ ប្រាជ្ញាអត់រើសអើងពូជសាសន៍ពណ៌សម្បុរ ឬក៏អត្តចរិតមនុស្សទេ ។ មនុស្សសុចរិតនិងទុច្ចរិតមានប្រាជ្ញាដូចគ្នា ។ ប្រការមួយដែលធ្វើឲ្យមនុស្សសុចរិតរងគ្រោះ គឺមើលស្រាលទង្វើរបស់ជនទុច្ចរិត ។ កត្តាមាក់ងាយនេះក៏ជាឱកាសដែលជនផ្តាច់ការប្រើដើម្បីលួចបោចរោមមាន់ដែរ ។
បោចរោមមាន់ទាំងរស់ មិនមែនជាការងាយទេ ។ គេត្រូវការភាពអត់ធ្មត់និងប្រើរយៈពេលយ៉ាងយូរទៀតផង ។ ជាយុទ្ធសាស្ត្រ គេចាប់ផ្តើមពីចំណុចដែលមិនសូវឈឺមុន ។ នៅលើតួខ្លួនមាន់ ចំណុចដែលមិនសូវឈឺនិងចាប់អារម្មណ៍គឺរោមស្លាបនិងកន្ទុយ ។ ចំណុចទាំងពីរនេះ ជ្រើសរើសដកមួយណាមុនក៏បានដែរ ។ បើដករោមស្លាប គេដកពីគល់ស្លាបទៅចុងស្លាប ។ ដករោមស្លាបឆ្វេងម្តងស្តាំម្តងឆ្លាស់គ្នានៅក្នុងថេរវេលាមួយម៉ោងមួយ ឬក៏មួយថ្ងៃមួយ ឬពីរបីថ្ងៃដករោមមួយ អាស្រ័យទៅលើប្រតិកម្មរបស់មាន់ ។ នៅពេលមាន់ត្រូវបានគេដករោមស្លាបនិងកន្ទុយអស់ វាគ្មានលទ្ធភាពនឹងហើរ ឬក៏រត់បានលឿនទេ ។ គឺពេលនេះហើយដែលគេចាប់ផ្តើមដករោមធម្មតានិងរោមសំឡីរបស់វា ។ ដូចគ្នានឹងយុទ្ធសាស្ត្រទីមួយដែរ ដំណាក់កាលទីពីរនេះគឺគេចាប់ផ្តើមដករោមត្រង់ណាដែលមិនធ្វើឲ្យមាន់បាត់បង់ភាពកក់ក្តៅច្រើន ។ ចំណុចដែលល្អបំផុតគឺ ដើមទ្រូងនិងពោះ ។ នៅក្នុងដំណាក់កាលដករោមធម្មតានិងរោមសំឡីនេះ គេដាក់អង្កាមឬកំទេចកំណាត់ឲ្យមាន់ដេកលើដើម្បីកុំឲ្យមាន់មានអារម្មណ៍រងា ។ សូមភ្ជាប់ប្រការនេះទៅនឹងការលុបគម្រោងអភិវឌ្ឍន៍នៅភ្នំតាម៉ៅបន្តិចផងចុះ ដើម្បីបង្កើតរូបារម្មណ៍ឧទាហរណ៍មួយ ។ ក្រៅអំពីអង្កាមនិងកំទេចកំណាត់ គេក៏ប្រើកន្ត្រៃដែលជាជំនួយរបស់មិត្តភក្តិដែលមានចរិតផ្តាច់ការដូចគ្នា ដើម្បីកាត់រោមមាន់ផងដែរ ។ (និយាយឲ្យចំ ជំនួយអភិវឌ្ឃន៍របស់ចិន) ។ នៅទីបំផុត ការដករោមមាន់ទាំងរស់រហូតដល់អស់រោមរលីងពីខ្លួន ក៏ទទួលបានជោគជ័យដោយគ្មានផលរមាស់អ្វីធំដុំឡើយ ។ មាន់ដែលគ្មានស្លាប គ្មានកន្ទុយ និង គ្មានរោម គឺស្មើនឹងមាន់ងាប់ ។ វាគ្មានប្រយោជន៍អ្វីនឹងថែរក្សាមាន់អត់រោមនេះតទៅទៀតទេ ។ លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា គឺដើរមកដល់ដំណាក់កាលនេះហើយ ។ បើគិតជាថេរវេលា ក្រុមជនផ្តាច់ការចំណាយពេល ៣០ឆ្នាំគត់ ។ សម្រាប់អ្នកដែលចង់ស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ៣០ឆ្នាំគឺជាថេរវេលាយ៉ាងតិចបំផុតដែលត្រូវចំណាយ ។ ឯវិធី ឬយុទ្ធសាស្ត្រណាមួយដែលត្រូវជ្រើសរើសយកមកប្រើ ខ្ញុំសូមទុកឱកាសឲ្យអ្នកដែលមានឆន្ទៈ ជាពិសេសយុវជន គេចាត់ចែងចុះ ។ គំនិតមួយដែលផុសចេញពីខួរក្បាលខ្ញុំជាភាសាអង់គ្លេសគឺ៖ Reverse engineering ។
បន្ទាប់ពីបោះឆ្នោតហើយនាពេលថ្មីៗនេះ ប្រទេសកម្ពុជាគ្រោងនឹងរៀបចំរដ្ឋាភិបាលថ្មីមួយ ដោយមានពិធីស្ងោរមាន់ចែកសាច់គ្នាសុីផង ។ អ្នកដែលបានជួយជ្រោមជ្រែងបោចរោមមាន់ នឹងទទួលបានចំណែកសាច់មាន់ទៅតាមគុណសម្បត្តិតែរៀងៗខ្លួន ។ ខ្លះទទួលបានសាច់ដើមទ្រូង ខ្លះសាច់ភ្លៅ ត្រគៀក កន្ទុយអូង ក ក្បាល ក្រញ៉ាំជើង ។ល។ ទៅតាមអ្វីដែលមេចុងភៅចាត់ចែង ។ មនុស្សមួយចំនួនប្រហែលជាមិនទទួលបានអ្វីដែលខ្លួនចង់បានទេ ដ្បិតកន្លែងណាដែលមាន "ខ្លាញ់" មេចុងភៅប្រមូលឲ្យគ្រួសារគាត់មុនគេ ។ នៅពេលការបែងចែកអំណាចសាច់មាន់មិនបានគាប់ចិត្តមនុស្សគ្រប់គ្នា ការខ្នក់ឃ្នើសនឹងកើតមានជៀសមិនរួចឡើយ ។
វាសនាមាន់អត់រោមមិនចប់ត្រឹមគេយកទៅស្ងោរសុីទេ ។ ព្រះពុទ្ធទ្រង់ទូន្មានថា៖ កាលណាមានកម្ម វារមែងតែងតែមានផល ។ នេះគឺជាសច្ចៈភាព ឬច្បាប់ធម្មជាតិដ៏ប្រាកដប្រជាមួយ ។ ក៏ប៉ុន្តែ នៅមានច្បាប់ធម្មជាតិមួយទៀតដែលជាមាតាបិតានៃកម្មគឺ ជិវិត ។ ជិវិតមនុស្សគ្រប់ៗរូបកើតមកស្ពាយនូវសម្ពាយដ៏ធំមួយមកជាមួយគឺ តណ្ហា (Desire) ឬការចង់បាន ។ ការចង់បាននេះ គ្មានដែនកំណត់ទេ ។ នៅក្នុងតណ្ហាមានរូបធាតុបីផ្សេងទៀតដែលតាមរុកគួនចិត្តមនុស្សគ្មានថ្ងៃលស់ឡើយ ។ រូបធាតុទាំងបីនេះគឺ លោភៈ ទោសៈ និង មោហៈ ។
នៅក្នុងភាសាអង់គ្លេស មានពាក្យមួយឃ្លាពោលថា៖ (The) past is prologue (អ្វីដែលកើតមានកាលពីអតីត វានឹងកើតមានជាថ្មីទៀតនៅថ្ងៃអនាគត) ។ បើយើងពិនិត្យមើលពង្សាវតាខ្មែរ ប្រទេសកម្ពុជានៅសម័យបុរាណ ជារឿយៗ ត្រូវបានប្រឈមនឹងភាពវឹកវរនៅពេលដែលស្តេចផ្ទេររាជ្យទៅឲ្យទាយាទ ។ និយាយឲ្យខ្លី ការឈ្លោះប្រកាប់ប្រចាក់គ្នាដណ្តើមអំណាច គឺកើតមានស្ទើរតែជាប្រចាំនៅពេលដែលស្តេចផ្ទេររាជ្យទៅឲ្យទាយាទរបស់ខ្លួន ។ របបរាជានិយមផ្តាច់ការ (Absolute Monarchy) និង របបផ្តាច់ការនិយម ស្ថិតនៅក្នុងប្លុកតែមួយទេ ។ បើស្តេចខ្មែរតាំងតែពីសម័យអង្គរមក គ្មានលទ្ធភាពនឹងរក្សាស្ថេរភាពនយោបាយនៅពេលផ្ទេររាជ្យទៅឲ្យទាយាទ តើយើងជាមនុស្សសម័យក្រោយអាចទៅរួចទេ???នេះគឺជាសំណួរមួយដែលមានតែពេលវេលាប៉ុណ្ណោះទើបអាចផ្តល់ចម្លើយបាន ៕
Friday, July 21, 2023
ចំណីខួរក្បាល
នៅចន្លោះទ្វារគុក និង សេរីភាព
កាលបោះឆ្នោតនៅឆ្នាំ ២០១៧ អាជ្ញាធរកម្ពុជាបានបង្កឲ្យមានសេណារីយោមួយ ដែលពលរដ្ឋអ្នកបោះឆ្នោតត្រូវបានគេបង្ខំឲ្យស្ថិតក្នុងស្ថានភាព "នៅចន្លោះញញួរនិងដុំថ្ម" (Between a rock and a hard place) ។ នៅក្នុងឱកាសបោះឆ្នោតឆ្នាំ ២០២៣ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៣ ខែ កក្កដា នេះ អ្នកបោះឆ្នោតខ្មែរត្រូវបានគេបង្ខំឲ្យស្ថិតនៅ "ចន្លោះទ្វារគុក និង សេរីភាព" វិញម្តង ។
កាលបោះឆ្នោតឆ្នាំ ២០១៧ ខ្ញុំបានសរសេរអត្ថបទមួយដែលមានចំណងជើងថា៖ "មុននឹងស្លាប់ ត្រូវតស៊ូរស់ឲ្យអស់លទ្ធភាព" ។ នៅក្នុងអត្ថបទនោះ ខ្ញុំបានពន្យល់អំពីវិធីបោះឆ្នោតបាតុកម្ម ឬបោះឆ្នោតអនុបវាទ ដោយគូសក្រវេមក្រវាមនៅលើសន្លឹកឆ្នោត ឬក៏ដាក់សន្លឹកឆ្នោតចូលក្នុងប្រអប់ដោយមិនជ្រើសរើសគណបក្សណាមួយឡើយ ដើម្បីបញ្ជាក់អំពីឆន្ទៈប្រឆាំងទៅនឹងការរៀបចំបោះឆ្នោតដោយអត់សេរីនិងយុត្តិធម៌ និង ដែលមិនសមស្របទៅតាមស្មារតីនៃរដ្ឋធម្មនុញ្ញខ្មែរ ។ នៅក្នុងការបោះឆ្នោតនាអាណតិនេះ ខ្ញុំបង្ខំចិត្តសរសេរអត្ថបទនេះបន្ថែមទៀត ដ្បិតហានិភ័យរបស់ពលរដ្ឋខ្មែរដែលត្រូវតែទៅចូលរួមបោះឆ្នោត ហាក់ដូចជាមានកម្រិតខ្ពស់ហួសពីការស្មាន ។
នៅក្នុងច្បាប់បោះឆ្នោតថ្មីដែលខ្ញុំដាក់ភ្ជាប់នៅខាងក្រោម គ្មានអ្វីដែលមិនច្បាស់លាស់ទេថា៖ អ្នកដែលគូសបំផ្លាញសន្លឹកឆ្នោត ឬធ្វើឲ្យមានកំហុសនៅលើសន្លឹកឆ្នោត (ដោយចេតនាក្តី អចេតនាក្តី) នឹងត្រូវផ្តន្ទាទោសដូចដែលមានចែងនៅក្នុងពាក្យពេចន៍ក្នុងប្រការ ១ និង ២ ។ គួរកត់សម្គាល់ថា ដែលហៅថាបំផ្លាញសន្លឹកឆ្នោតនោះ គឺគូសខុសកន្លែងដែលគេតម្រូវឲ្យយើងគូស ។ ច្បាប់នេះ វាហាក់ដូចជាអយុត្តិធម៌ពេកហើយ សម្រាប់មនុស្សចាស់ពពីមពពើម និងអ្នកដែលមិនចេះអានអក្សរ ។ ក៏ប៉ុន្តែ ច្បាប់គឺច្បាប់!
ពាក្យពេចន៍នៃច្បាប់បោះឆ្នោតថ្មីនេះ មានពាក្យមួយម៉ាត់ដែលជាអន្ទាក់ទាក់ក ឬក៏ជាយន្តការផ្តន្ទាទោសដ៏ពិសិដ្ឋមួយ ។ ពាក្យនោះគឺ "ការញុះញង់" ។ សួរថាហេតុអ្វីក៏គេមិនប្រើពាក្យ "អ្នកញុះញង់"??? តស់!វែកញែកទាំងអស់គ្នា ។ "ការ" សំដៅលើសកម្មភាព ។ ឯ "អ្នក" សំដៅលើមនុស្ស ។ សកម្មភាពមិនអាចកើតឡើងដោយឯកឯងបានទេ ។ វាត្រូវការមនុស្សប្រព្រឹត្តិវា ។ ដូច្នេះ នៅពេលអ្នកណាម្នាក់បំផ្លាញសន្លឹកឆ្នោត (សាងកំហុសនៅលើសន្លឹកឆ្នោត) ទោះបីប្រព្រឹត្តិតែម្នាក់ឯងមិនមានពាក់ព័ន្ធនឹងការញុះញង់នរណាផ្សេងក៏ដោយ ក៏អាចមានទោសដែរ ប្រសិនបើអាជ្ញាធរចង់ផ្តន្ទាទោសយើង ។ នេះគឺជាល្បិច "ពងមាន់និងកូនមាន់ តើមួយណាកើតមុន" ។ ការប្រព្រឹត្តិរបស់យើងដែលមានធាតុញុះញង់នៅក្នុងនោះ វាជាកត្តាគោលសម្រាប់វាយបកមកលើរូបយើងវិញ ពីព្រោះមនុស្សដែលទង្វើរបស់យើងញុះញង់មុនគេបំផុត គឺរូបយើងនេះឯង ។ កត្តាដែលត្រូវផ្តន្ទាទោសគឺ ទង្វើ ។ ឯអ្នកធ្វើគឺជាជនរងគ្រោះ ដែលនៅក្នុងភាសាសង្គ្រាមគេហៅថា រងគ្រោះព្រោះចៃដន្យ (Collateral damage) ។ នៅក្នុងភាសាច្បាប់គេហៅថា មានទោសព្រោះពាក់ព័ន្ធ ( Guilty by association) ។ ការតតាំងជាមួយនឹងបទចោទប្រកាន់ដោយផ្អែកលើអង្គហេតុខាងលើនេះ ប្រសិនបើនៅចំពោះមុខតុលាការនៃប្រទេសលោកសេរី ដែលដាក់បន្ទុកឲ្យអាជ្ញាធរជាអ្នកបង្ហាញភស្តុតាង (Burden of Proof) យើងអាចមានលទ្ធភាពដោះកុនរួច ។ ប៉ុន្តែ នៅក្នុងប្រព័ន្ធតុលាការនៃរបបផ្តាច់ការដូចនៅកម្ពុជា ដែលដាក់បន្ទុកឲ្យពិរុទ្ធជនបង្ហាញភស្តុតាង (Burden of Proof) អំពីភាពនិរទោស យើងគ្មានផ្លូវនឹងដោះកុនរួចទេ ។ យកល្អ កុំលេងល្បែងសត្វមមាចប្រឡែងភ្លើង ។
មានចំណុចមួយចំនួនដែលខ្ញុំសូមលើកយកមកនិយាយពាក់ព័ន្ធនឹងទ្វេគ្រោះ (Dilemma) ដ៏គួរឲ្យខ្លាចនេះ ។ ទីមួយ មិនត្រូវតាំងខ្លួនជាត្រីរស់ហែលបញ្ច្រាសទឹកហូរទេ ។ ត្រូវធ្វើជាត្រីងាប់អណ្តែតតាមទឹកហូរ ។ ពេលនេះ មិនមែនជាពេលដែលត្រូវទាមទារស្វែងរកសិទ្ធិសេរីភាព ឬលទ្ធិប្រជាធិបតេយ្យឡើយ ។ ខ្ញុំក៏ស្អប់ខ្ពើមរបបផ្តាច់ការនិងជនផ្តាច់ការដូចជាមនុស្សជាច្រើនទៀតដែរ ។ ក៏ប៉ុន្តែ លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ វាកំពុងស្ថិតនៅក្នុងស្ថានភាព "ដង្ហើមចង្រិត" (Coma) រួចទៅហើយ ។ ដូច្នេះ ត្រូវរក្សាសេចក្តីសុខសម្រាប់ខ្លួនយើងឲ្យគត់មត់ ជាជាងព្យាយាមសង្គ្រោះលទ្ធិប្រជាធិបតេយ្យ ។ វាគ្មានប្រយោជន៍អ្វីនឹងទៅបោះឆ្នោតប្រឆាំងនឹងគណៈបក្សប្រជាជនឡើយ ។ ការបោះឆ្នោតនាអាណតិនេះ គឺជាការរៀបចំមួយដែលភាសាអង់គ្លេសគេហៅថា៖ Pre-determined Outcome (ដឹងលទ្ធផលរួចហើយ) ។ នៅក្នុងស្ថានភាពបែបនេះ យើងទៅបោះឆ្នោត មិនមែនដើម្បីជ្រើសរើសគណៈបក្សដែលយើងស្រឡាញ់គាំទ្រទេ ។ យើងទៅបោះឆ្នោតដើម្បីរក្សាសុវត្ថិភាពឲ្យជីវិតរបស់យើង ។ មធ្យោបាយរក្សាសុវត្ថិភាពដ៏ល្អបំផុតគឺគូសលើក្រឡាបួនជ្រុងនៅមុខរូបទេវតា ។ បើជ្រុលជ្រួសខុសឆ្គងយ៉ាងណាក៏អាជ្ញាធរគេមិនចាប់ទោសអូសដំណើរយើងដែរ ។ កុំខ្វល់អំពីគណបក្ស ១៧ផ្សេងទៀត ។ ចុងបញ្ចប់ គណបក្សប្រជាជនឈ្នះដដែលជាដដែលទេ ។ អ្វីដែលសំខាន់នៅក្នុងកាលៈទេសៈនេះ គឺត្រូវជៀសឲ្យផុតអំពីការចោទប្រកាន់នានាពាក់ព័ន្ថនឹងការបោះឆ្នោត ។
សម្រាប់បុគ្គលមួយចំនួនដែលមាននិន្នាការប្រឆាំងនឹងគណបក្សប្រជាជន និងនៅមានស្មារតីចង់តតាំងប្រឆាំង ដើម្បីរក្សាលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិសេរីភាព ខ្ញុំសូមជូននូវគំនិតមួយចំនួនដើម្បីយកទៅពិចារណា ។ នៅក្នុងវិស័យនយោបាយក៏ដូចជាវិស័យពាណិជ្ជកម្មដែរ ទាល់តែមានឱកាស (Window of Opportunity) ទើបអាចរកជោគជ័យឃើញ ។ បើគ្មានឱកាសទេ វាគ្មានប្រយោជន៍អ្វីនឹងប្រឹងប្រែងឡើយ ។ ទុកឋាមពលនៅក្នុងខ្លួនប្រសើរជាងយកវាទៅបំផ្លាញចោល ។ គេថា រក្សាព្រៃឈើឲ្យនៅគង់វង់ មិនព្រួយអំពីការខ្វះអុសដុតឡើយ ។ ដំបូន្មានមួយដែលខ្ញុំតែងលើកយកមកនិយាយ៖ បើគ្មានឱកាស ឬក៏ឱកាសមិនទាន់ហុចឲ្យទេ រង់ចាំរហូតដល់ថ្ងៃស្លាប់ក៏មិនថ្វីដែរ ។
ចំណុចមួយទៀតដែលខ្ញុំចង់លើកយកមកនិយាយគឺភាពសម្ងាត់និងសុវត្ថិភាពនៅក្នុងបន្ទប់បោះឆ្នោត ។ ប្រសិនបើអាជ្ញាធរចង់ស្វែករកអត្តសញ្ញាណអ្នកបំផ្លាញសន្លឹកឆ្នោត គឺងាយដូចបកចេក ។ ពេលយើងកាន់សន្លឹកឆ្នោត ក្រយៅម្រាមដៃយើងបានផ្តិតជាប់នៅលើនោះ ។ យើងមើលស្នាមក្រយៅដៃនោះមិនឃើញទេ ។ ក៏ប៉ុន្តែ ម៉ាសុីនស្កែនសម័យទំនើបនេះអាចមើលឃើញនិងយកស្នាមក្រយៅដៃនោះទៅផ្គូផ្គងជាមួយនឹងទិន្នន័យនៅក្នុងអត្តសញ្ញាណកម្មបានដោយងាយ ។ បើមិនសូវយល់អំពីការវិវឌ្ឍនៃបច្ចេកវិជ្ជាទំនើបទេ កុំប្រមាទល្អជាង ។ ទៅបោះឆ្នោតសន្សំសុខ ។ មិនត្រូវទៅបោះឆ្នោតនាំទុក្ខមកដាក់ខ្លួនឡើយ ៕
Saturday, July 8, 2023
ចំណីខួរក្បាល
ប្រឆាំង ឬ ជំទាស់
នៅក្នុងប្រទេសប្រជាធិបតេយ្យអាស្រ័យគំនិតផ្តាច់ការដូចជាប្រទេសកម្ពុជា អ្នកកាន់អំណាចមិនចូលចិត្តឮពាក្យ ប្រឆាំង ឬ ជំទាស់ទេ ។ គេតែងតែលើកយកពាក្យ "ការពារសន្តិភាព និង ការអភិវឌ្ឃ" មកបំបិទមាត់មនុស្សកុំឲ្យនិយាយអ្វីដែលប្រឆាំង ឬជំទាស់ ទៅនឹងទង្វើនានារបស់រដ្ឋាភិបាល ។ ពាក់ព័ន្ធនឹងប្រការនេះ ខ្ញុំតែងតែឆ្ងល់ថាតើនៅលើលោកនេះ មានមនុស្សឆ្កួតរហូតដល់ទៅបំផ្លាញសន្តិភាពដែលខ្លួនកំពុងមានដែរមែនទេ ។ វាពិតជាប្រធានបទមួយគួរឲ្យពិចារណាពន់ពេកណាស់ ។
បើយើងពិចារណាដោយមិនចាំបាច់ពឹងពាក់គ្រូបាអាចារ្យទេសាបាមោឃណាម្នាក់ សន្តិភាព ឬសេចក្តីសុខ គឺមិនខុសអំពីបុណ្យឡើយ ។ វាស្ថិតនៅក្នុងចិត្តរបស់យើង មិនមែនស្ថិតនៅក្នុងមាត់ទេវតា ឬអាចារ្យណាមួយទេ ។ បើសន្តិភាពស្ថិតនៅក្នុងចិត្តមនុស្ស ដូច្នេះ គឺចិត្តគំនិតមនុស្សឯនោះវិញទេដែលត្រូវការពារ ។
ប្រឆាំង ឬជំទាស់ កើតចេញអំពីចិត្តគំនិតមនុស្ស ។ បើយើងពិនិត្យឲ្យបានជាក់លាក់បន្តិច ចិត្តគំនិតប្រឆាំងនិងជំទាស់គឺជាសភាវៈធម្មជាតិរបស់មនុស្ស ។ មានន័យថាការប្រឆាំង គឺជាយន្តការគាំពារ (support mechanism) ដ៏សំខាន់បំផុតមួយនៅក្នុងការលើកស្ទួយជីវិតមនុស្សឆ្ពោះទៅរកវឌ្ឍនភាព ។ បើគ្មានសភាវៈប្រឆាំងនៅក្នុងផ្នត់គំនិតយើងទេ មនុស្សមិនអាចលូតលាស់ឆ្ពោះទៅរកវឌ្ឍនភាពបានឡើយ ។
នៅក្នុងសង្គមគ្រួសារ ប្តីប្រពន្ធប្រឆាំង ឬជំទាស់នឹងការគិត គម្រោង ឬ ទង្វើ របស់គូភាគីទៅវិញទៅមកចាប់ពីថ្ងៃចាប់ដៃគ្នាជាប្តីប្រពន្ធរហូតដល់ថ្ងៃស្លាប់ (អ្នកដែលមិនទាន់មានបទពិសោធប្តីប្រពន្ធ អាចសង្កេតមើលឪពុកម្តាយ) ។ គោលដៅចម្បងនៃការប្រឆាំងគំនិតគ្នាទៅវិញទៅមកនេះ គឺដើម្បីសេចក្តីសុខ សន្តិភាព និង វឌ្ឍនភាព នៅក្នុងគ្រួសារ ។ សេចក្តីសុខនៅក្នុងគ្រួសារនេះក៏មានសេចក្តីសុខរបស់ខ្លួនឯងនៅក្នុងនោះដែរ ។ បើគ្មានការប្រឆាំង ការរិះគន់ដើម្បីស្ថាបនា គ្រួសារនីមួយៗមិនអាចរកវឌ្ឍនភាពឃើញឡើយ ។ ប្រការនេះមិនមែនជាតថភាពទេ ។ វាគឺជាសច្ចភាពដែលមានធម្មជាតិជាសភាវៈទ្រទ្រង់ ។
ឥឡូវយើងបែរមកនិយាយអំពីរដ្ឋាភិបាលវិញម្តង ។ រដ្ឋាភិបាលនិងគ្រួសារ គឺដូចគ្នាគ្រប់រូបភាពទាំងអស់ គ្រាន់តែមួយតូច មួយធំ ។ គោលដៅចម្បងរបស់រដ្ឋាភិបាលក៏ដូចជាគោលដៅចម្បងរបស់គ្រួសារនីមួយៗដែរ គឺស្វែងរកវឌ្ឍនភាព ។ ដើម្បីការលូសលាស់និងវឌ្ឍនភាព គេចាំបាច់ត្រូវតែមានមតិផ្ទុយ ឬប្រឆាំងដើម្បីវែកញែករកចំណុចខ្សោយ ឬចំណុចដែលនាំទៅរកហីនភាព ។ នៅក្នុងដំណើរស្វែងរកវឌ្ឍនភាពនេះលោក ហ្វ្រិដឌឺរីច ហេហ្គេល (Frederich Hegel) បានបន្សល់ទុកនូវគំរូមួយមានឈ្មោះថា សំយោគហេហ្គេល (Hegelian Dialectic) ។ ទម្រង់នៃសំយោគនេះគឺ៖ និក្ខេបបទ => ទំនាស់និក្ខេបបទ => សំយោគ ឬ គំនិត => គំនិតជំទាស់ => គំនិតសំយោគ (Thesis => Anti-Thesis => Synthesis) ។ បើយើងពិនិត្យមើលដំណើរសំយោគ ហេហ្គេល នេះ គំនិតនីមួយៗគឺត្រូវឆ្លងកាត់គំនិតជំទាស់ ឬប្រឆាំងជាមុនសិនមុននឹងឈានទៅដល់ការយកមកអនុវត្តិ ។ ដូច្នេះ អ្វីដែលជាផ្នត់គំនិតប្រឆាំង ដើរតួសំខាន់ណាស់នៅក្នុងការស្វែងរកវឌ្ឍនភាព ឬរក្សាសន្តិភាព ។ និយាយអំពីសន្តិភាព ខ្ញុំសូមងាកទៅបំភ្លឺអ្នកដែលប្តេជ្ញាការពារសន្តិភាព ជាពិសេសយុវជនដែលមិនសូវមានបទពិសោធនៅក្នុងវិស័យនយោបាយ ក៏ដូចជារដ្ឋាភិបាល និង គ្រួសារ ។ សន្តិភាពស្ថិតនៅក្នុងចិត្តរបស់យើង ។ ដូច្នេះ អ្វីដែលយើងត្រូវការពារមុនគេបង្អស់គឺចិត្តរបស់យើង ។ បើចិត្តរបស់យើងបាត់បង់សន្តិភាព យើងគ្មានលទ្ធភាព ឬក៏សមត្ថភាពទៅការពារសន្តិភាពឲ្យអ្នកដទៃបានទេ ៕
Friday, June 16, 2023
ចំណីខួរក្បាល
និទានទំពាំង
ខ្ញុំជាមនុស្សពូកែទើស ជាពិសេសជាមួយនឹងភាវអយុត្តិធម៌នៅក្នុងសង្គម និងទង្វើដែលប្រាសចាកសុជីវធម៌ ។ រឿងចោរលួចទំពាំងដែលបង្កឲ្យមានកោឡាហលនៅក្នុងចំណោមពលរដ្ឋខ្មែរអស់រយៈពេលប្រមាណជាមួយអាទិត្យកន្លងទៅនេះ គឺជាប្រភេទរឿងដែលធ្វើឲ្យខ្ញុំទើសក្បាល ។ ការលើកយកព្រឹត្តិការណ៍ ឬប្រការដែលកន្លងហួសទៅហើយនេះ មកពិភាក្សាឡើងវិញ ខ្ញុំគ្មានចេតនាយកព្រនង់ទៅសំពងសេះដែលងាប់ហើយនេះទេ (Beating on the dead horse) ។ ខ្ញុំគ្រាន់តែចង់យកខ្មោចវាទៅបូជា ដើម្បីឲ្យមនុស្សដែលមានសទ្ធាចូលចាប់មគ្គផល ។
នៅក្នុងនិទានចោរលួចទំពាំងនេះ ខ្ញុំសូមមិននិយាយបកស្រាយអំពីច្បាប់ទេ គឺផ្តោតតែទៅលើប្រការមួយដែលភាសាអង់គ្លេសហៅថា៖ Social Norms (បែបបទនៃការរស់នៅ) ។ ពាក្យ Norm មិនដឹងភាសាខ្មែរប្រែថាដូចម្តេចឲ្យត្រឹមត្រូវតាមបច្ចេកទេសទេ ។ ខ្ញុំសម្រេចយកពាក្យ "បែបបទ" មកប្រើដ្បិតវាសាមញ្ញងាយយល់ ។ នៅក្នុងបែបបទនៃការរស់នៅជាលក្ខណៈសាកល មនុស្សលោកបានកំណត់យកកត្តាមួយជាធំគឺ សុជីវធម៌ ។ សុជីវធម៌កើតមាននៅក្នុងសង្គមមនុស្សមុនពេលដែលមនុស្សចេះបង្កើតច្បាប់ ។ បើគិតឲ្យល្អិតបន្តិច ច្បាប់ផងទាំងពួងគឺមានឫសគល់ចេញមកអំពីសុជីវធម៌នេះឯង ។ គួរពន្យល់ពាក្យ សុជីវធម៌ បន្តិចផងចុះដើម្បីបំភ្លឺផ្លូវ ។ សុ មានន័យថា ល្អ ត្រឹមត្រូវ ។ ជីវៈ មានន័យថា ជីវិត ។ ធម៌ សំដៅដល់ ធម្មជាតិ ឬសភាវៈទ្រទ្រង់ ។ ជារួម សុជីវធម៌ គឺធម្មជាតិនៃការស់នៅល្អត្រឹមត្រូវ ។
មនុស្សគឺជាប្រភេទសត្វដែលរស់នៅពឹងផ្អែកលើគ្នាទៅវិញទៅមក៖ ពីមនុស្សម្នាក់ ទៅ មនុស្សម្នាក់ទៀត ។ ពីក្រុមមួយទៅក្រុមមួយ រហូតទៅដល់ ពីជាតិសាសន៍មួយ ទៅជាតិសាសន៍មួយទៀត ។ តាំងតែពីដើមរៀងមក មនុស្សទាំងអស់យកសុជីវធម៌ជាគោលនៅក្នុងទំនាក់ទំនងរវាងគ្នានិងគ្នា ។ នៅក្នុងទំនាក់ទំនងសុជីវធម៌រស់នៅនេះ គ្មានអ្វីសាំញ៉ាំទេគឺ៖ មិនប្រព្រឹត្តិអ្វីទៅលើអ្នកដទៃ ខណៈយើងមិនចង់ ឬមិនអនុញាតិឲ្យអ្នកដទៃប្រព្រឹត្តិប្រការនោះមកលើខ្លួនយើង ។ ឧទាហរណ៍៖ មិនលួចទ្រព្យរបស់អ្នកដទៃ ឬមិនរុកគួនរំលាយបក្សនយោបាយដទៃ ខណៈយើងមិនចង់ឲ្យបក្សដទៃរុកគួនរំលាយបក្សរបស់យើង ។
តាំងតែពីបុរមបុរាណមក មនុស្សកំណត់សុជីវធម៌ដោយភាវៈ ត្រឹមត្រូវ និង មិនត្រឹមត្រូវ ។ ជញ្ជីងសម្រាប់ថ្លឹងភាវផ្ទុយគ្នាទាំងពីនេះគឺ យុត្តិធម៌ ។ ដោយហេតុតែសុជីវធម៌ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងមនុស្សនៅក្នុងសង្គមដែលផ្គុំបង្កើតឡើងដោយមនោសច្ចេតនា មនុស្សយកគោលការណ៍អប់រំមកធ្វើជាគោលដើម្បីកែតម្រូវកំហុសឆ្គងនានា ។ នៅក្នុងរូបធាតុអប់រំនេះមានតក្តាសាមញ្ញពីរគឺ៖ ស្រឡាញ់ និង ស្អប់ខ្ពើម ។ អ្វីដែលជាភាវៈត្រឹមត្រូវគឺ ស្រឡាញ់និងយកមកអោបក្រសោបអនុវត្តិ ។ អ្វីដែលមិនត្រឹមត្រូវគឺ ស្អប់ខ្ពើមមិនយកខ្លួនបៀប ។ សូម្បីតែបុគ្គលដែលប្រព្រឹត្តិអំពើមិនត្រឹមត្រូវក៏មិនត្រូវយកខ្លួនទៅបៀតឡើយ ។ និយាយឲ្យខ្លី អ្វីៗនៅក្នុងសុជីវធម៌គឺសាមញ្ញពន់ពេកណាស់ ។ មនុស្សមិនចេះ ក ខ នខ្វាក់អ្វីក៏អាចយល់បានដែរ ។
និយាយអំពីចោរកម្មទំពាំងវិញម្តង ។ អំពើចោរកម្មជាប្រការមិនត្រឹមត្រូវមួយដែលត្រូវបានហាមឃាត់ និងស្អប់ខ្ពើមជាលក្ខណៈសាកលគ្រប់សង្គមជាតិសាសន៍ទាំងអស់ ។ នៅក្នុងសង្គមខ្មែរ ប្រការនេះគឺស្ថិតនៅក្នុងសីលប្រាំ ។ គួរកត់សម្គាល់ថា ភាវៈស្អប់ខ្ពើមទង្វើមិនត្រឹមត្រូវ គឺមានកម្រិតទាបខ្ពស់ដូចនៅក្នុងក្រមបវេណីដែរ ។ ដូច្នេះ នៅក្នុងរឿងចោរកម្មទំពាំងដែលបានកន្លងទៅថ្មីៗនេះ មានទង្វើដែលគួរឲ្យស្អប់ខ្ពើមចំនួនបួនកម្រិត ដែលខ្ញុំនឹងបកស្រាយដូចតទៅ៖
១) លួចទំពាំគឺជាទង្វើដែលគួរឲ្យស្អប់ទាបជាងគេបំផុត ។
២) ចាប់បង្ខំចោរឲ្យដើរតួបង្ហាញសកម្មភាពសាឡើងវិញ រួចហើយថតបង្ហោះទង្វើនោះឲ្យពិភពលោកបានឃើញនិងដឹងឮគឺជាទង្វើដែលគួរឲ្យស្អប់លើសអំពើចោរកម្មមួយកម្រិត ។ មនុស្សគ្រប់ៗរូប មិនថាជាចោរ ឬក៏ជាជនផ្តាច់ការទេ មានអភ័យឯកសិទ្ធិមួយដែលភាសាអង់គ្លេសហៅថា៖ Dignity (កិត្តិយស) ។ អ្វីដែលម្ចាស់ទំពាំងប្រព្រឹត្តិទៅលើចោរលួចទំពាំង គឺស្មើនឹងពិឃាតកិត្តិយស (Character assasination) ។ ចោរនោះនៅរស់តែរូបទេ ។ តែកិត្តិយសគាត់ស្លាប់បាត់ទៅហើយ ។ ជីវិតរបៀបនេះ វេទនាជាងស្លាប់រាប់រយដង ។
៣) ជេរត្មះតេះដៀលចោរនិងម្ចាស់ទំពាំងដោយប្រការផ្សេងៗ គឺជាទង្វើគួរឲ្យស្អប់ខ្ពើមកម្រិតទីបី ។ ទង្វើនេះ ថ្វីដ្បិតតែប្រព្រឹត្តិដោយវាចានិងចិត្ត តែមានឫទ្ធិខ្ពស់ព្រោះវាបង្កឲ្យមាន ឬជាស្ពានឆ្លងទៅកាន់ទង្វើទីបួន ។ ខ្ញុំដឹងថាវាជាសិទ្ធិបញ្ចេញមតិ ។ ក៏ប៉ុន្តែ នៅពេលដែលមតិដែលយើងបញ្ចេញពាក់ព័ន្ធនឹងទង្វើដែលយើងស្អប់ខ្ពើមនោះ អាចបង្កឲ្យមានទង្វើស្អប់ខ្ពើមរឹតតែខ្ពស់ឡើង យើងមិនគួរបញ្ចេញវាមកទេ ។ ទង្វើនេះ គឺមិនខុសអំពីយកប្រេងសាំងទៅជះលើអណ្តាតភ្លើងដែលកំពុងតែឆេះនោះឡើយ ។ សុ ចិ បុ លិ គឺជាប្រតិកម្មដ៏ល្អជាទីបំផុតក្នុងការឆ្លើយតបទៅនឹងទង្វើរបស់ចោរនិងម្ចាស់ទំពាំង ។
៤) ទង្វើដែលគួរឲ្យស្អប់ខ្ពើមដ៏ខ្ពង់ខ្ពស់ជាទីបំផុត (Repulsive) នៅក្នុងករណីចោរកម្មទំពាំងនេះ គឺការយកប្រាក់កាក់និងសម្ភារៈផ្សេងៗទៅផ្គត់ផ្គង់ចោរ ។ ខ្ញុំដឹងថាវាជាទង្វើឆ្លើយតបទៅនឹងការអាណិតអាសូ ឬក៏ដើម្បីតោងកាលីបចោរស្វែងរកលាភសការ ។ ក៏ប៉ុន្តែ នេះគឺជាទង្វើស្អប់អាចម៍យកអាចម៍មកកាន់ក្នុងដៃ ។ ខ្ញុំមិនបាច់បកស្រាយឲ្យវែងទេ ។ អ្នកដែលមិនទាន់យល់ ឬមិនព្រមយល់ អាចជុះអាចម៍ហើយរើសយកវាមកកាន់ក្នុងដៃសាកមើលទៅ ។ ឈ្មោះថាចោរ ទោះបីលួចទំពាំងបីពន្លកក្តី លួចសិទ្ធិសេរីភាពគេអស់មួយនគរក្តី សុទ្ធតែជាទង្វើគួរឲ្យស្អប់ខ្ពើម ។ ការនិយាយអះអាងថា ចោរលួចទំពាំងដោយសារតែគាត់ខ្វះខាតចំណីអាហារ គឺប្រៀបបាននឹងជឿជាក់ថាជនផ្តាច់ការខ្វះខាតសេរីភាព ។ ពាក់ព័ន្ធនឹងប្រការនេះ ខ្ញុំសូមអះអាងដោយឥតសង្កាថា៖ នៅក្រោមមេឃលើដី គ្មាននរណាម្នាក់សម្បូណ៌សិទ្ធិសេរីភាពជាងជនផ្តាច់ការឡើយ ។ សម្មាសម្ពុទ្ធោ! ថាសរសេរបកស្រាយរឿងចោរលួចទំពាំង បែរជាភាន់ភាំងទៅបើករបាំងវាំងននជនផ្តាច់ការឯណាឯនោះឆ្កុយទៅវិញ ។ ស្មេរខ្ញុំនេះពិតជាចិត្តរាយមាយមែន! ឯរឿងដឹកយកខ្មោចសេះទៅបូជានៅទីប៉ាឆា ក៏ដូចគ្នាទៀត ។ មិនយកទៅទីប៉ាឆា បែរជាវែះវៀរទៅវាក់នឹងមាត់ទឹកឯនោះវិញ ។ និយាយអំពីដឹកសេះទៅកាន់មាត់ទឹក នឹកឃើញសុភាសិតអង់គ្លេសមួយដែលនិយាយថា៖ You can lead the horse to water; but you cannot make it drink (អ្នកអាចដឹកសេះឲ្យចុះផឹកទឹក ប៉ុន្តែអ្នកមិនអាចបង្ខំឲ្យវាផឹកទឹកទេ) ។ សូមឈប់ត្រឹមនេះចុះ ។ អ្នកដែលយល់ថា អត្ថបទនេះសរសេរមិនទាន់ចប់ អាចអានបន្តតាមចិត្តចង់ ៕ អរគុណ!
Wednesday, April 19, 2023
ចំណីខួរក្បាល
អេះសេ និង អេះសិរ
មានរឿងមួយដំណាលថា នារីខ្មែរម្នាក់បានទៅបន្តការសិក្សាយកមហាបរិញ្ញាប័ត្រនៅស្រុកបារាំង ។ ពេលត្រឡប់មកស្រុកខ្មែរវិញ ម្តាយនាងរៀបចំស្លម្ជូរគ្រឿងឲ្យនាងញ៉ាំ ដើម្បីទទួលអបអរការវិលមកកាន់មាតុភូមិរបស់នាង ។ ពេលម្តាយនាងកំពុងស្ល នាងក៏ចូលទៅកន្លែងដាំស្លដើម្បីជួយបង់គ្រឿងគ្រៅម្តាយនាង ។ ក្លិនប្រហុក ខ្ជាយ និង គល់ស្លឹកគ្រៃ ធ្វើឲ្យនាងស្រក់ទឹកមាត់ដ្បិតខានញ៉ាំសម្លម្ជូរគ្រឿងយូរហើយ ។ នាងឈ្ងោកមុខក្បែរឆ្នាំងសម្លដើម្បីស្រូបយកក្លិនដ៏ឈ្ងុយឈ្ងប់នោះ ហើយក៏និយាយទៅកាន់ម្តាយថា៖ "ម៉ែៗ! ហុចវែកមកឲ្យខ្ញុំ ។ ខ្ញុំសុំអេះសិរបន្តិចមើល" ។ ម្តាយនាងបើកភ្នែកធំៗដោយអាការភ្ញាក់ផ្អើល ។ គាត់ហុចវែកទៅឲ្យកូនស្រីហើយលួចនិយាយខ្សឹបៗក្នុងពោះតែម្នាក់ឯងថា៖ "យីអើមីនេះ! កាលពីដើមមិញវាប្រើតែម្រាមដៃដើម្បីអេះ ។ ដល់បានទៅរៀននៅស្រុកបារាំង វាបែកគំនិតទៅប្រើវែកឯណាឯណោះឆ្កុយទៅ" ។
អេះសិរ ឬអេះក្បាល គឺជាការភាន់ច្រឡំរវាងម្តាយនិងកូន ។ អ្វីដែលជាកត្តាសំខាន់នៅទីនេះគឺពាក្យ Essay (អានថាអេះសេ) ឬ Essais ជាភាសាបារាំងដែលនាងក្រមុំនិយមភាសាបរទេសយកមកនិយាយជាមួយម្តាយ ។ ពាក្យនេះ បើនិយាយក្នុងន័យដាំស្លមានន័យថា ភ្លក្សរសជាតិសាក លមើល ។ ប៉ុន្តែ ជាទូទៅគេប្រើពាក្យ Essay នេះតែនៅក្នុងការសរសេរអត្ថបទវិចារណកថា ឬពិចារណាប៉ុណ្ណោះ ។ នៅក្នុងកាលៈទេសៈដទៃ គេមិនសូវប្រើពាក្យនេះទេ ។ បច្ចុប្បន្ន ខ្ញុំឃើញអ្នកសិក្សាខ្មែរជាច្រើនបកប្រែពាក្យ Essay or Essais ថា៖ សិក្សាសាកល្បង ឬ សាកល្បងវិភាគ ។ល។ និង ។ល។ ការប្រើពាក្យ "សាកល្បង" នៅទីនេះ វាហាក់ដូចជាចាស់គំរិលបន្តិចហើយ ។ កាលរៀននៅសាកលវិទ្យាល័យ ខ្ញុំសរសេរអត្ថបទ អេះសេ ស្ទើរតែរាល់ខែ ជាពិសេសនៅក្នុងការសិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយ និង អក្សរសាស្ត្រ ឬសង្គមសាស្ត្រ ។ ផ្អែកលើបទពិសោធផ្ទាល់ខ្លួនជាមួយនឹងការសរសេរអត្ថបទ អេះសេ ទាំងនោះ វាមិនមែនជាកិច្ចការសាកល្បងឡើយ ។ អត្ថបទនីមួយៗ ត្រូវឆ្លងកាត់ការសិក្សាស្រាវជ្រាវ វិភាគ និង ពិចារណាល្អិតល្អន់ស្ទើរតែដូចនិក្ខេបទ ។
នៅសតវត្សទី ១៧ និង ១៨ ស្មេរវិចារណកថាមួយចំនួន (Essayists) ចាត់ទុកសំណេរ (Essay) ថាជាការសាកល្បងវិភាគនិងពិភាក្សាអំពីមុខវិជ្ជា ឬវិបាកអ្វីមួយ ។ ប៉ុន្តែ មកដល់សតវត្សទី ១៩ ២០ និង ២១ នេះ សំណេរ អេះសេ បានវិវឌ្ឍចេញពីភាវសាកល្បងមកចាប់យករូបរាងថ្មីមួយ ដែលមានភាពប្រាកដនិយមក្នុងមុខងារអប់រំផង និងបណ្តុះបញ្ចុះបញ្ចូលមនុស្សឲ្យលុះក្នុងមនោគមវិជ្ជាផង ។ សំណេរ អេះសេ ដ៏ល្បីល្បាញបំផុតគឺអត្ថបទកាសែតសហព័ន្ធ (The Federalist Papers) ដែលនិពន្ធដោយអ្នកនយោបាយអាមេរិកាំងពីរបីរូបនៅសតវត្សទី ១៩ ។ ថ្វីដ្បិតតែស្មេរ អេះសេ ទាំងនោះមិនបញ្ចេញឈ្មោះឲ្យនរណាស្កាល់ក៏ដោយ ក៏អ្នកស្រាវជ្រាវជឿជាក់ថា វាជាស្នាដៃរបស់សមាជិកតាក់តែងរដ្ឋធម្មនុញ្ញអាមេរិកាំងបី ឬបួនរូប ដែលព្យាយាមបញ្ចុះបញ្ចូលសមាជិកដទៃនិងមហាជន ឲ្យគាំទ្រទិដ្ឋិរបស់ខ្លួន ។ រដ្ឋធម្មនុញ្ញដែលសហរដ្ឋអាមេរិកប្រើសព្វថ្ងៃ គឺឆ្លុះបញ្ចាំងអំពីទិដ្ឋិនៅក្នុងសំណេរ អេះសេ ទាំងនោះ ។ បច្ចុប្បន្ននេះ សំណេរ អេះសេ ទាំងនោះត្រូវបានគេប្រមូលបោះពុម្ពនៅក្នុងសៀវភៅមួយ សម្រាប់អ្នកសិក្សាស្រាវជ្រាវជាវយកទៅវិភាគ ។ កាលរៀនវិទ្យាសាស្ត្រនយោបាយប្រមាណជា ៣០ឆ្នាំ មុន ខ្ញុំក៏ធ្លាប់មានសៀវភៅប្រជុំអត្ថបទ អេះសេ នោះមួយដែរ ។
វិលទៅពិចារណាអំពីការបកប្រែពាក្យ Essay or Essais ជាភាសាខ្មែរវិញម្តង ។ អត្ថន័យនៃពាក្យ Essay/Essais នេះ គឺមិនខុសអំពីពាក្យ អេះសិរ និង អេះក្បាល នៅក្នុងភាសាខ្មែរឡើយ ។ ថ្វីដ្បិតតែពាក្យអេះសិរនិងអេះក្បាលមានន័យតែមួយ ក៏ប៉ុន្តែបើយើងពិនិត្យឲ្យមធ្យ័ត ពាក្យអេះសិរ មានន័យទូលំទូលាយជាង អេះក្បាល ។ ឧទាហរណ៍ បើយើងអេះក្បាលមាន់ យើងនឹងអេះប៉ះសាច់មួយដុំនៅលើក្បាលនោះ ដែលមានឈ្មោះថា សិរ ដែរ ។ អាចមានករណី សិរ ផ្សេងទៀត ក៏ប៉ុន្តែអ្វីដែលជាវិបាកនៅទីនេះ គឺការបកប្រែពាក្យ Essay/Essais ជាភាសាខ្មែរឲ្យបានត្រឹមត្រូវទៅតាមការវិវឌ្ឍរបស់វា ។ ថ្មីៗនេះ ខ្ញុំឃើញមិត្តក្នុងហ្វេសប៊ុកម្នាក់បង្ហោះពាក្យ អភិប្រាយ ដែលជាការបកស្រាយនៃពាក្យ Essay or Essais ។ ខ្ញុំគិតថា ការប្រើពាក្យ អភិប្រាយ មកអធិប្បាយពាក្យ Essay/Essais គឺមានភាពត្រឹមត្រូវទៅតាមកាលវេលា ដ្បិតអត្ថបទ អភិប្រាយ (Essay) នាបច្ចុប្បន្នកាលនេះ មិនមែនជាការសាកល្បងសិក្សាទេ ។ វាជាការសិក្សាពិចារណាប្រកបដោយភាពប្រាកដនិយម ៕
Thursday, April 13, 2023
ចំណីខួរក្បាល
ភាគហ៊ុនិក
ថ្មីៗនេះ ឃើញគេបង្ហោះពាក្យ ភាគហ៊ុនិក ថាជាពាក្យទើបបង្កើតថ្មីដែលក្រុមប្រឹក្សាជាតិភាសាខ្មែរទើបអនុមតិឲ្យប្រើជាផ្លូវការ ។ មានមតិមួយចំនួនរិះគន់ថា ពាក្យនេះបង្កើតឡើងតាមតែចិត្តនឹកឃើញ ។ ខ្ញុំចេះភាសាខ្មែរតិចតួចស្តួចស្តើងណាស់ ។ មិនដឹងអំពីរបៀបបង្កើតពាក្យតាមវិធី កម្លាយ ឬក៏សូរសព្ទសូរសៀងអ្វីឡើយ ។ ប៉ុន្តែ ខ្ញុំចង់យកពាក្យបរទេស (Shareholders or Stakeholders) ដែលខ្ញុំគិតថាជាឫសគល់នៃពាក្យ ភាគហ៊ុនិក នេះមកពិចារណាសាកល្បងមើល ។
ពាក្យ Shareholders មានបងប្អូនភ្លោះរបស់វាមួយទៀតដែលគេហៅថា Investors (វិនិយោគិន) ។ នៅក្នុងចំណោមវិនិយោគិន ឬអ្នកចូលរួមរកសុីទាំងអស់ អាចមានមនុស្សមួយក្រុមទៀតដែលគេហៅថា ស្ថាបនិក (Founders) ។ ស្ថាបនិកអាចជាមនុស្សតែម្នាក់ ឬក៏ច្រើននាក់ ។ ពាក្យទាំងពីរទាំងបីនេះ បើនិយាយឲ្យងាយយល់គឺសំដៅលើមនុស្សដែលយកប្រាក់ មាស ឬក៏ទ្រព្យដទៃ ទៅចូលរួមរកសុីនៅក្នុងមុខរបរ ឬសហគ្រាសអ្វីមួយ ដែលភាសាអង់គ្លេសហៅថា Enterprise ។ អ្នកដែលចូលរួមនៅក្នុង Enterprise គេហៅថា Entrepreneurs (សហគ្រិន) ។ ដូច្នេះ នៅពេលយើងយកពាក្យទាំងអស់នេះមកភ្ជាប់ទំនាក់ទំនងនឹងគ្នាតាមវិធី យោង-ព្យួរ-ត-ភ្ជាប់ យើងទទួលបាន Founder(s) => Shareholders/Investors => Entrepreneurs ។ ពាក្យ សហគ្រិន (Entrepreneurs) នៅក្នុងក្របខណ្ឌពាណិជ្ជកម្មគឺមានន័យទូលំទូលាយអាចប្រើការបាន ដោយមិនចាំបាច់បង្កើតពាក្យថ្មីមកជំនួសទេ ។ ពាក្យនេះ ខ្មែរយើងក៏ធ្លាប់បានប្រើក្នុងវិស័យពាណិជ្ជកម្មយូរយាណាស់មកហើយដែរ ។ សហគ្រិន និង ភាគហ៊ុនិក! តើអ្នកចូលចិត្តប្រើមួយណា ???
Wednesday, April 5, 2023
ចំណីខួរក្បាល
សង្វេគអាចម៍
អាចម៍ជាពាក្យអសុរស ។ អ្នកដែលប្រើពាក្យអាចម៍នៅក្នុងការនិយាយស្តីឬសរសេរ អាចនឹងត្រូវគេស្អប់ដូចអាចម៍ ។ ប៉ុន្តែ ប្រសិនបើយើងយកពាក្យអាចម៍ទៅប្រើនៅក្នុងវិធី យោង-ព្យួរ-ត-ភ្ជាប់ នៃការបកស្រាយតក្កវិជ្ជា វាពិតជាមានអត្ថរស និង អត្ថរូប គួរឲ្យស្ញប់ស្ញែង ។ ភាសាអង់គ្លេសហៅការវែកញែកបែបតក្កវិជ្ជាថា (Syllogism or Deductive reasoning) ។
កាលពីពេលថ្មីៗនេះ ខ្ញុំនិងមិត្តម្នាក់បាននាំគ្នាទៅកើបអាចម៍សេះពីកន្លែងចិញ្ចឹមសេះមួយ ដើម្បីយកមកធ្វើជាជីដាក់ដំណាំនៅក្រោយផ្ទះ ។ យើងប្រមូលអាចម៍សេះបានម្នាក់ ៥ស្បោង ដែលមានទម្ងន់ប្រហែល ២០គីឡូក្រាមក្នុងមួយស្បោង ។ ពេលខ្ញុំចាក់អាចម៍សេះចេញពីក្នុងស្បោង កូនៗខ្ញុំដែលមិនដែលភពប្រសព្វជាមួយនឹងអាចម៍សេះ ឬអាចម៍គោក្របី យកដៃខ្ទប់ច្រមុះហើយស្រែកថា ស្អុយណាស់ៗ! ខ្ញុំប្រាប់ពួកគេថា អាចម៍សេះក៏ដូចជាជីកំប៉ុស្តស្លឹកឈើ ដែលគេលក់នៅក្នុងហាងលក់កូនរុក្ខជាតិដែរ គ្មានអ្វីគួរឲ្យខ្ពើមទេ ។ ពោលរួច ខ្ញុំក៏រើសអាចម៍សេះពីរដុំមកកាន់ក្នុងដៃដើម្បីបង្ហាញពួកគេនូវកំទេចស្មៅនិងចំបើងនៅក្នុងអាចម៍សេះនោះ ។ កូនខ្ញុំរត់គេចចេញអំពីខ្ញុំដោយអាការខ្ពើមរអើម ។ តាមពិត ពួកគេអត់ខ្ពើមខ្ញុំទេ ។ អ្វីដែលពួកគេខ្ពើម គឺអាចម៍សេះដែលនៅក្នុងដៃខ្ញុំ ។ ខ្ញុំយកកត្តាអាចម៍សេះមកពិចារណា ក៏មើលឃើញថា វាមានអត្ថន័យ អត្ថរូប និងអត្ថរស ជ្រាលជ្រៅណាស់ ។ ជ្រៅជាងមេរៀនតក្កវិជ្ជាដែលខ្ញុំធ្លាប់រៀនទៅទៀត ។
ខ្មែរយើងមានពាក្យមួយឃ្លាដែលពោលថា៖ "ស្អប់ដូចអាចម៍" ។ ពាក្យនេះ នរណាក៏យល់អំពីអត្ថន័យរបស់វាដែរ ។ ក៏ប៉ុន្តែ ពលរដ្ឋខ្មែរនាពេលបច្ចុប្បន្ន ត្រូវបានបង្ខំចិត្តរស់ជាមួយនឹងសភាវ "ស្អប់ដូចអាចម៍" នេះ គ្រប់ៗគ្នា ។ កត្តាមួយដែលពលរដ្ឋខ្មែរស្អប់ដូចអាចម៍គឺអំពើពុករលួយ ។ បើយើងប្រៀបធៀបអំពើពុករលួយទៅនឹងអាចម៍ អ្នកដែលប្រព្រឹត្តិអំពើពុករលួយគឺមិនខុសអំពីយកអាចម៍មកកាន់ក្នុងដៃឡើយ ។ អ្វីដែលជារឿងសង្វេគជាងអាចម៍នៅក្នុងដៃនោះគឺថា អ្នកដែលយកអាចម៍មកកាន់ក្នុងដៃ ហាក់ដូចជាមិនយល់ឬខ្វល់អំពីផលវិបាកនៃអាចម៍នៅក្នុងដៃនេះឡើយ ។ វាមិនត្រឹមតែបង្កឲ្យមានភាវស្អប់ខ្ពើមនៅក្នុងសង្គមប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យមនុស្សដែលយកអាចម៍មកកាន់ក្នុងដៃ បាត់បង់តម្លៃនិងកិត្តិយសថែមទៀតផង ។ កត្តាមួយទៀតដែលជាសង្វេគអាចម៍ដែរនោះ គឺផ្តាច់ការនិយមនៅក្នុងការដឹកនាំប្រទេសជាតិ ។ មនុស្សគ្រប់ៗរូបស្អប់ណាស់ភាវផ្តាច់ការ ។ កុំថាឡើយនៅក្នុងសង្គមជាតិ សូម្បីតែនៅក្នុងសង្គមគ្រួសារក៏យើងស្អប់ភាវផ្តាច់ការដែរ ។ ក៏ប៉ុន្តែ ជនផ្តាច់ការមិនដែលពិចារណាអំពីប្រការនេះទេ ។ បំផ្លាញជីវិតនយោបាយរបស់អ្នកដទៃ ។ ងើបមួយវាយមួយ ។ ងើបពីរវាយពីរ ។ នរណានិយាយអ្វីទាស់ចិត្តក៏មិនបានដែរ ។ ដល់ពេលគេស្អប់ខ្ពើមមិនចង់រាប់រក មិនគាំទ្រ ក៏តាំងទោមនស្សទោម្នេញរករឿងរុកគួនគេឯងឥតស្រាកស្រាន្ត ។ ធាតុពិត គ្មាននរណាស្អប់ជនផ្តាច់ការ ឬក៏បុគ្គលដែលប្រព្រឹត្តិអំពើពុករលួយនោះទេ ។ អ្វីដែលមនុស្សទូទៅស្អប់ដូចអាចម៍នោះ គឺភាវផ្តាច់ការនិងអំពើពុករលួយ ។ បើយើងទម្លាក់ភាវ ឬទង្វើដែលនាំឲ្យគេស្អប់ខ្ពើមចោលចេញ គ្មាននរណាស្អប់ខ្ពើមយើងឡើយ ។ វាប្រៀបដូចជាខ្ញុំទម្លាក់អាចម៍សេះចេញពីក្នុងដៃដូច្នោះដែរ ។ កូនរបស់ខ្ញុំនៅតែស្រឡាញ់ខ្ញុំដដែល ថ្វីដ្បិតតែខ្ញុំធ្លាប់យកវត្ថុដែលពួកគេស្អប់ខ្ពើមមកកាន់ក្នុងដៃក៏ដោយ ។ នេះគឺជាមេរៀនដ៏វិសេសមួយដែលជនផ្តាច់ការ បុគ្គលពុករលួយ និងមនុស្សមួយចំនួនដែលកំពុងយកដុំអាចម៍មកកាន់ក្នុងដៃ គួរយល់ ។ ទម្លាក់អាចម៍ចោលទៅ បើមិនចង់ឲ្យគេស្អប់ខ្ពើម ។ មនុស្សគឺជាសត្វដែលយល់ហេតុផល មិនថាក្មេងឬចាស់ឡើយ ។
សូមនិយាយអំពីតក្កវិជ្ជាបន្តិច កុំឲ្យមិត្តអ្នកអានថាខ្ញុំយកពាក្យនេះមកបំផើមចោល ។ សម្រាប់ខ្ញុំ តក្កវិជ្ជា (Logic) ងាយរៀននិងងាយយល់ជាងទស្សនវិជ្ជា និងជាចំណេះដឹងដែលមានសារប្រយោជន៍ជាទីបំផុត ។ វាជាជំនួយឲ្យមនុស្សចេះពិចារណាជាជាងចាំតែជឿតាមគេ ។ តក្កវិជ្ជាផ្តល់លទ្ធភាពឲ្យមនុស្សមើលឃើញដំណើរដើមទងនានាដែលមានប្រភពចេញពី តថភាព ទៅកាន់ សច្ចភាព ឬពី តថភាព ទៅកាន់ ហីនភាព ។ ភាសាអង់គ្លេសហៅប្រការក្រឡាប់ចាក់នេះថា៖ Fallacious Consequences ។ ឧទាហរណ៍៖ មនុស្សកើតមកហើយរមែងស្លាប់ទៅវិញនៅថ្ងៃណាមួយ ។ ខ្ញុំជាមនុស្ស ។ ដូច្នេះ ខ្ញុំនឹងស្លាប់នៅថ្ងៃណាមួយ ។ ដូចគ្នាដែរ ព្រះអាទិទេពជាសភាវអមត ។ មនុស្សមិនមែនជាសភាវអមតទេ ។ ដូច្នេះ ព្រះអាទិទេពមិនមែនជាអ្នកបង្កើតមនុស្សឡើយ ។ មនុស្សម្នាក់អាចជីករណ្តៅបោះបង្គោលរបងមួយក្នុងរយៈពេល ៦០វិនាទី (ជីកដោយប្រើមាសុីនខួង) ។ ដូច្នេះ មនុស្ស៦០នាក់ អាចជីករណ្តៅបោះបង្គោលរបងមួយតែក្នុងរយៈពេល ១ វិនាទី ប៉ុណ្ណោះ ។ ឧទាហរណ៍ចុងក្រោយនេះគឺជាករណីក្រឡាប់ចាក់ពី តថភាព ទៅកាន់ ហីនភាព ឬពី ហំហាន ទៅកាន់ ហិនហោច ។ កត្តាចុងក្រោយនេះ បើវាកើតចេញអំពីការពិចារណារបស់អាជ័យប្តីមីគ្រត វាមិនសូវបង្កគ្រោះមហន្តរាយធំដុំទេ ។ តែបើវាកើតចេញពីការពិចារណារបស់អ្នកដឹកនាំប្រទេសជាតិ វានឹងបង្កឲ្យមានគ្រោះមហន្តរាយនិយាយមិនចេញឡើយ ។ ឧទាហរណ៍៖ ព្រៃឈើច្រើននាំឲ្យមានភ្លៀងធ្លាក់ច្រើន ។ ភ្លៀងធ្លាក់ច្រើននាំឲ្យមានទឹកជនលិចលង់ខូចបង់ទ្រព្យធន ។ ដូច្នេះ កាប់ព្រៃឈើចេញ ដើម្បីកាត់បន្ថយទឹកភ្លៀងនិងទឹកជំនន់ ។ ភ្នំពេញលិចជំនន់ទឹកភ្លៀងដោយសារវាស្ថិតនៅក្នុងតំបន់ទំនាបសម្បូរទៅដោយបឹងបួអូរស្ទឹង ។ ដូច្នេះ ចាក់ដីលុបបឹង លុបអូរឲ្យអស់ទៅ វានឹងឈប់លិចហើយ ។ល។ និង ។ល។ ឧទាហរណ៍នៃភាវ ហំហាន ទៅកាន់ភាព ហិនហោច មានច្រើនករណីផ្សេងទៀត ។ ប៉ុន្តែ សូមបញ្ចប់ត្រឹមនេះចុះ ។ មុននឹងបញ្ចប់ ខ្ញុំសូមរំឭកឡើងវិញថា មនុស្សលោកមិនដែលស្អប់មនុស្សដូចគ្នាទេ ។ គឺដុំអាចម៍ (Vices) ដែលយើងយកមកកាន់ក្នុងដៃ ជាកត្តានាំឲ្យអ្នកដទៃស្អប់ខ្ពើមយើង ៕
កំណត់៖ អត្ថបទនេះជាទិដ្ឋិសម្រាប់ពិចារណ ។ ស្មេរគ្មានចេតនាតិះដៀលបុគ្គលណាឡើយ ។
Friday, March 10, 2023
ចំណីខួរក្បាល
ហាត់ប្រាណ និង ហាត់ប្រាជ្ញ
ខ្ញុំមិនមែនជាអ្នកសិក្សាផ្នែកវេជ្ជសាស្ត្រទេ ។ ក៏ប៉ុន្តែ ខ្ញុំមានមិត្តភក្តិជាច្រើនដែលមានជំនាញផ្នែកវេជ្ជសាស្ត្រ ។ ផ្អែកលើអ្វីដែលមិត្តភក្តិខ្ញុំប្រាប់ រាប់បញ្ចូលទាំងដំបូន្មានរបស់វេជ្ជបណ្ឌិតត្រួតពិនិត្យសុខភាពរូបកាយខ្ញុំប្រចាំឆ្នាំផង កត្តាដ៏សំខាន់មួយដែលមនុស្សគ្រប់រូបត្រូវផ្តោតការអនុវត្តិ ដើម្បីថែរក្សាគាំពារសុខុមាលភាពនៃរូបកាយគឺ ហាត់ប្រាណ ។ វាជាមធ្យោបាយតែមួយគត់ ប្រសើរបំផុត និង ងាយបំផុត ក្នុងការអនុវត្តិដើម្បីថែទាំគាំពាររូប ក៏ដូចជាជីវិតរបស់យើងម្នាក់ៗដែរ ។ នៅពេលយើងនិយាយអំពីសុខភាព គឺយើងនិយាយអំពីភាវភ្លោះមួយ ដែលភាសាអង់គ្លេសហៅថា Physical Health and Mental Health (សុខភាពផ្លូវកាយ និង សុខភាពផ្លូវចិត្ត) ។ ដូច្នេះ នៅពេលយើងនិយាយអំពីការ ហាត់ប្រាណ (Physical Exercise) ដើម្បីថែទាំគាំពាររូប យើងក៏ត្រូវនិយាយអំពីការ ហាត់ប្រាជ្ញ (Mental Exercise) ដើម្បីថែទាំគាំពារចិត្តដែរ ។ គួរបញ្ជាក់ថា ខ្ញុំបកប្រែពាក្យ Mental Exercise ថា៖ ហាត់ប្រាជ្ញ ដ្បិតវាមានសំនៀងពីរោះចុងចួនជាមួយនឹង ហាត់ប្រាណ ហើយក៏មានអត្ថន័យគាប់ប្រសើរជាងគេដែរ ។ យើងអាចប្រើពាក្យ ហាត់សតិអារម្មណ៍ ក៏បាន ។ ស្មេរខ្លះប្រើពាក្យ ហាត់ប្រាណផ្លូវចិត្ត ឬ លាងសម្អាតចិត្ត ជាដើម ។ល។ ទោះជាយ៉ាងណាក៏ដោយ ប្រធានបទដែលខ្ញុំនឹងបរិយាយនៅក្នុងអត្ថបទនេះ គឺពាក់ព័ន្ធនឹងសុខុមាលភាពសតិរបស់មនុស្ស ។
ខ្ញុំចាប់ផ្តើមហាត់ប្រាណ និងហាត់ប្រាជ្ញ ដើម្បីគាំពារសុខភាពរូបកាយនិងចិត្តជាង ២៥ឆ្នាំកន្លងមកហើយ បន្ទាប់ពីយល់ដឹងជាក់លាក់ថាសុខភាពរបស់មនុស្សយើង ជាសភាវភ្លោះដែលមាន កាយនិងចិត្ត ជាគ្នា ។ ផ្នែកគាំពារសុខភាពផ្លូវកាយ ឬហាត់ប្រាណ ខ្ញុំជ្រើសរើសយកវិធី ជិះកង់ ។ ឯផ្នែកគាំពារសុខភាពផ្លូវចិត្ត ឬហាត់ប្រាជ្ញ ខ្ញុំជ្រើសយកវិធី ស្តាប់ចម្រៀង ។ កាលនោះ ខ្ញុំមិនប្រាកដក្នុងចិត្តថា អ្វីទៅជាការហាត់ប្រាជ្ញទេ ។ ខ្ញុំគ្រាន់តែយល់ឃើញថា បើយើងធ្វើឲ្យចិត្តយើង "ល្ហែ" នោះគឺជាការគាំពារផ្លូវចិត្ត ឬហាត់ប្រាជ្ញហើយ ។ វីធីហាត់ប្រាជ្ញរបស់ខ្ញុំគឺរៀងរាល់យប់ពេលចូលគេង ខ្ញុំចាក់បទចម្រៀងស្តាប់ ។ បទចម្រៀងទៀតសោត គឺខ្ញុំជ្រើសរើសយកតែបទចម្រៀងសាសងផ្តោះផ្តងមនោសច្ចេតនាលែបខាយស្នេហា ដែលមានភាពរីករាយបង្កប់នៅក្នុងនោះ ។ ខ្ញុំអនុវត្តិការហាត់ប្រាជ្ញនេះ តាំងតែពីសម័យប្រើម៉ាញ៉េនិងកាសែតម្លេះ ។ សព្វថ្ងៃ ខ្ញុំប្រើអាយហ្វូននិងចម្រៀងឌីជីថល ។ បន្ទាប់ពីហាត់ប្រាជ្ញ ជិត៣០ឆ្នាំកន្លងមកនេះ មានប្រការមួយដែលខ្ញុំអាចកត់សម្គាល់គឺថា ចិត្តខ្ញុំមិនសូវស្មុគទេនៅក្នុងដំណើររស់នៅប្រចាំថ្ងៃ ។ (គួរកត់សម្គាល់ថា ជីវិតខ្ញុំជួបបញ្ហានិងឧបស័គ្គជាប្រចាំដូចមនុស្សដទៃដែរ) ។
ថ្មីៗនេះ ខ្ញុំបានអានអត្ថបទមួយស្តីអំពីការហាត់ប្រាណផ្លូវចិត្ត ឬហាត់ប្រាជ្ញ ដែលអ្នកគ្រូ ប៉ែន សេដ្ឋារិន បកប្រែពីភាសាជប៉ុនមកជាភាសាខ្មែរ (សូមមើលខ្លឹមសារពិស្តារនៃអត្ថបទនោះដែលខ្ញុំ ស៊ារផ្សាយបន្ត នៅខាងក្រោម) ។ ខ្លឹមសារសង្ខេបនៅក្នុងអត្ថបទនោះគឺថា ដើម្បីហាត់ប្រាជ្ញគឺយើងត្រូវធ្វើដូចម្តេចឲ្យចិត្តមានភាព "រំភើបរីករាយ" ជាប្រចាំ ។ ជាប្រចាំនៅទីនេះគឺអាច រៀងរាល់ថ្ងៃ រៀងរាល់សប្តាហ៍ ឬរៀងរាល់ខែ ។ ខ្ញុំយកដំបូន្មានឬការអះអាងនេះមកពិចារណាជាមួយនឹងវិធី "ហាត់ប្រាជ្ញ" របស់ខ្ញុំដែលផ្តោតលើការតម្កល់ចិត្តឲ្យ "ល្ហែ" ជាប្រចាំ ។ បើយើងពិនិត្យឲ្យល្អិតបន្តិច ល្ហែ គឺជាបុរេភាវៈទៅកាន់ភាពរំភើបរីករាយ (Precondition toward the state of excitement and happiness) ។ ដូច្នេះ ការហាត់ប្រាជ្ញដោយតម្កល់ចិត្តឲ្យល្ហែ គឺមិនទាន់ពេញលេញ ឬត្រឹមត្រូវទេ ។
វាហាក់ដូចជាគ្មានអ្វីពិបាកយល់ឡើយ ។ ដែលហៅថាហាត់ប្រាណ និង ហាត់ប្រាជ្ញ គឺចាំបាច់ត្រូវតែមានស្វ័យសកម្មភាពនៅក្នុងនោះ (Self-activity) ។ យើងមិនអាចទៅឈរមើលគេហាត់ប្រាណហើយចាត់ទុកថា យើងបានហាត់ប្រាណដែរនោះទេ ។ ដូចគ្នាដែរ យើងមិនអាចអង្គុយស្តាប់ចម្រៀង ឬមើលគេច្រៀង ហើយចាត់ទុកថាយើងបានច្រៀងនឹងគេដែរនោះទេ ។ ចំណុចមួយទៀតដែលមនុស្សជាច្រើនយល់ខុសគឺថា ការងារដោយប្រើឋាមពលផ្លូវកាយក្តី ផ្លូវចិត្តក្តី គឺអាចយកមកជំនួសឲ្យការហាត់ប្រាណនិងហាត់ប្រាជ្ញ ។ ខុសទាំងស្រុង! រែកទឹកស្រោចស្ពៃ ឬជញ្ជូនឥដ្ឋធ្វើសំណង់ មិនមែនជាការហាត់ប្រាណឡើយ ។ រៀបចំមេរៀនបង្រៀនសិស្ស និងច្រៀងអាយៃធ្វើឲ្យគេសើចក្អាកក្អាយក្នុងពិធីកាត់សក់មង្គលការ ក៏មិនមែនជាការហាត់ប្រាជ្ញដែរ ។ និយាយឲ្យខ្លី សកម្មភាពដែលស្ថិតក្រោមសម្ពាធពីកត្តាខាងក្រៅ គឺមិនមែនជាការហាត់ប្រាណឬហាត់ប្រាជ្ញទេ ។ ហាត់ប្រាណនិងហាត់ប្រាជ្ញ ក្នុងភាវៈដ៏បរិសុទ្ធបំផុត (In its purest form) គឺត្រូវមានកត្តាលំហែ ឬល្ហែ ជាគោល ។
កម្ម ឬសកម្មភាពមានបីដែលប្រព្រឹត្តិទៅដោយ៖ កាយ វាចា និង ចិត្ត ។ ហាត់ប្រាជ្ញគឺជាសកម្មភាពពាក់ព័ន្ធនឹងចិត្ត ។ ឯវាចាគឺជាសកម្មភាពមួយដែលបម្រើផលប្រយោជន៍ឲ្យកាយផង ឲ្យចិត្តផង ។ ចិត្តគឺជាសភាវមួយដែលភាសាអង់គ្លេសហៅថា Abstract ។ វាគ្មានរូបរាងឲ្យយើងមើលយល់ពាល់ត្រូវទេ ។ ឥឡូវយើងងាកទៅពិចារណាអំពីការអះអាងថា ភាវៈរំភើបរីករាយ គឺជាការហាត់ប្រាជ្ញ ឬហាត់ប្រាណផ្លូវចិត្តវិញម្តង ។ តើវាសមហេតុផលឬត្រឹមត្រូវទេ ។ បើត្រឹមត្រូវ តើយើងត្រូវហាត់ប្រាជ្ញដោយវិធីឬរបៀបណា ។ តាមការយល់ឃើញរបស់ខ្ញុំ វិធីហាត់ប្រាជ្ញគឺស្ថិតនៅលើគោក ហើយងាយស្រួលជាងហាត់ប្រាណទៅទៀត ។ នរណាក៏មានសមត្ថភាពអាចហាត់ប្រាជ្ញបានដែរ បើត្រឹមតែធ្វើឲ្យចិត្តរំភើបរីករាយនោះ ។ ឯចិត្តដែលរំភើបរីករាយ នរណាក៏ធ្លាប់ចួបប្រទះ ឬមានបទពិសោធដែរ ។ អ្វីជាកត្តាដែលយើងត្រូវធ្វើ គឺបង្កឲ្យមានចិត្តរីករាយជាប្រចាំ ។
មនុស្សគ្រប់ៗរូបកើតមក មានទេពកោសល្យឬឧបនិស្ស័យពីរមកជាមួយ ។ ទីមួយគឺយើងចេះ យំ ។ ទីពីរគឺយើងចេះ សើច ។ វាជាបដិភាវៈភ្លោះដែលយើងហៅដោយសាមញ្ញថា សុខ និង ទុក្ខ ។ ការហាត់ប្រាជ្ញដែលផ្តោតលើភាពរំភើបរីករាយ គឺស្ថិតនៅក្នុងភាវៈ សុខ ឬ សើច ។ ដូច្នេះ ជំហានទីមួយគឺយើងត្រូវប្តូរផ្នត់គំនិតពី "មានរូបមានទុក្ខ" ឲ្យទៅជា "មានរូបមានសុខ" (គិតវិជ្ជមាន, Positive thinking) ។ ត្រឹមតែការគិតវិជ្ជមាននេះ ក៏នាំយើងឲ្យធ្លាក់ចូលទៅក្នុងគន្លងផ្លូវហាត់ប្រាជ្ញរួចទៅហើយ ។ អ្វីដែលនៅសល់គឺសកម្មភាព ។ សកម្មភាពដែលអាចញ៉ាំងឲ្យចិត្តរីករាយមានច្រើន ។ ប៉ុន្តែ សកម្មភាពដ៏ល្អបរិសុទ្ធនិងមានសុខសុវត្ថិភាពបំផុតសម្រាប់ញ៉ាំងឲ្យចិត្តរីករាយគឺ ច្រៀង ។ ច្រៀងក៏ជាឧបនិស្ស័យកើតមកជាមួយនឹងជីវិតមនុស្សដែរ គ្រាន់តែភាពខ្មាសអៀនបានបង្ខំឲ្យយើងកប់វាចោលទៅ លើកលែងតែមនុស្សមួយចំនួនដែលយកឧបនិស្ស័យនេះមកធ្វើជាមុខរបរចិញ្ចឹមជីវិត ។
ហាត់ប្រាជ្ញតាមវិធីច្រៀងកំសាន្ត គឺជាអ្វីដែលខ្ញុំនឹងពណ៌នានៅទីនេះ ។ ខ្ញុំបានស្រាវជ្រាវស្វែងយល់និងអនុវត្តិអស់កាលបួនប្រាំខែកន្លងមកហើយ ។ អ្វីៗមិនលំបាកណាស់ណាទេ ។ សម្រាប់អ្នកដែលចាប់អារម្មណ៍ជាមួយនឹងការហាត់ប្រាជ្ញប្រភេទនេះ ខ្ញុំនឹងពន្យល់លម្អិតនៅផ្នែកខាងក្រោម ។ នៅក្នុងវិស័យសិល្បៈចម្រៀង មានទម្រង់មួយដែលដែលមនុស្សទូទាំងពិភពលោកស្គាល់គឺ ការ៉ាអូឃេ ។ ចម្រៀងការ៉ាអូឃេនេះ ត្រូវបានបង្កើតឡើងជាងកន្លះសតវត្សរ៍មកហើយ ។ សព្វថ្ងៃវាបានវិវត្តិទៅរស់នៅក្នុងប្រព័ន្ធភាពយន្តអុីនថឺណិត ដែលយើងស្គាល់គ្រប់គ្នាថា យូធ្យូប (Youtube) ។ វាជាទម្រង់សិល្បៈចម្រៀងមួយបែប ដែលអនុញាតិឲ្យមនុស្សច្រៀងឆ្លើយឆ្លងគ្នា ដោយមិនចាំបាច់មានដៃគូផ្ទាល់ឡើយ (No real physical partner) ។
ហាត់ប្រាជ្ញដោយវិធីច្រៀងកំសាន្តនៅក្នុងយូធ្យូប គឺត្រូវមានឧបករណ៍និងសម្ភារៈ ។ ឧបករណ៍ហាត់ប្រាជ្ញដែលជាទម្រង់ចម្រៀងការ៉ាអូឃេនោះ យើងមានហើយនៅក្នុងប្រព័ន្ធអុីនថឺណិត យូធ្យូប ។ អ្វីដែលយើងត្រូវការគឺម៉ាសុីនច្រៀងការ៉ាអូឃេ ។ បច្ចុប្បន្ន ម៉ាសុីនទាំងនេះមានលក់នៅលើទីផ្សារមិនខ្វះទេ ។ ម៉ាសុីនច្រៀងការ៉ាអូឃេខ្លះមានប្រព័ន្ធ ប៊្លូធូត (Bluetooth) ដែលយើងអាចស្ពាយតាមខ្លួនយកទៅប្រើនៅទីណាក៏បានដែរ មិនចាំបាច់មានខ្សែរតរណេងរណោងឡើយ ។ សម្រាប់ខ្ញុំដែលជាមនុស្សបុរាណហើយមិនសូវធូរធា ខ្ញុំទៅរកទិញសម្ភារៈច្រៀងការ៉ាអូឃេអំពីហាងលក់អីវ៉ាន់ជជុះមួយ ។ ខាងក្រោមគឺជារូបភាពសម្ភារៈច្រៀងការ៉ាអូឃេរបស់ខ្ញុំ ។ ខ្ញុំចំណាយប្រាក់ ៣០ដុល្លារលើទូរទស្សន៍ ។ ១០ដុល្លារ សម្រាប់ម៉ាសុីនច្រៀងការ៉ាអូឃេ ។ ១៥ដុល្លារ សម្រាប់មេក្រូហ្វូនមួយគូ និង ៤០ដុល្លារទៅលើអង់តែន ហ្វាយអឺស្ទីក (Firestick) សម្រាប់តភ្ជាប់ទូរទស្សន៍ទៅនឹងប្រព័ន្ធអុីនថឺណិត ។ សរុបទាំងអស់មិនដល់ ១០០ដុល្លារទេដើម្បីមានសម្ភារៈហាត់ប្រាជ្ញ ។ ចំណែកឧបករណ៍បទចម្រៀងនៅក្នុងយូធ្យូប គឺយើងប្រើដោយសេរី ។ គ្មានចាំបាច់បង់លុយកាក់អ្វីទេ ។ គួរកត់សម្គាល់ថា ផលិតករដែលផលិតបទចម្រៀងដាក់នៅក្នុងយូធ្យូបនោះ គេបន់ឲ្យតែយើងចូលទៅប្រើវេបសាយ ឬ ឆាណែល (Channel) របស់គេទេដើម្បីទទួលបានទិន្នន័យ ។ វាប្រៀបបាននឹងប៉ុស្តិ៍ទូរទស្សន៍ដែរ ។ កាលណាមានមនុស្សទស្សនាច្រើន ម្ចាស់ប៉ុស្តិ៍នឹងទទួលបានកម្រៃច្រើនតាមរយៈការផ្សាយពាណិជ្ជកម្ម ។
ច្រៀងកំសាន្ត ។ ថ្វីដ្បិតតែយើងគ្រប់គ្នាមានឧបនិស្ស័យនេះពីកំណើត យើងមិនអាចយកវាមកប្រើប្រាស់ដោយគ្មានការហ្វឹកហាត់បានទេ ។ ហេតុផលគឺដោយសារតែភាពខ្មាសអៀនបានញ៉ាំងឲ្យយើង កប់ចំណេះជំនាញពីកំណើតនេះទុកចោលរាប់សិបឆ្នាំមកហើយ ។ ប៉ុន្តែ សមត្ថភាពច្រៀងរបស់យើងម្នាក់ៗអត់រលុបរលាយទៅណាទេ ។ យើងឆ្កឹះតែឧបសគ្គខ្មាសអៀនចេញ វានឹងលូតលាស់ចេញមកវិញដោយឯកឯង ។ នៅក្នុងវិស័យសិល្បៈចម្រៀងនិងតន្ត្រីសម័យ (Modern Music) មានគោលការណ៍សាកលមួយដែលភាសាអង់គ្លេសហៅថា Cadence ឬ កាដង់ ។ ខ្មែរយើងហៅកាដង់ភ្លេង ឬណោតភ្លេង ។ ក្នុងមួយកាដង់គេកំណត់ជាចំនួនមាន ៨ ដែលតំណាងដោយតួអក្សរ A B C D E F G (A) ។ អក្សរទាំង ៨ នេះបន្លឺជាសូរថា៖ ដូ រ៉េ មី ហ្វា សុល ឡា សុី ដូ ។ គួរកត់សម្គាល់ថា សម្លេង ដូ មានពីរដង ។ គេហៅ ដូ ទាំងពីរនេះថា ដូ ទាប និង ដូ ខ្ពស់ ឬ សម្លេងធូរ និង សម្លេងតឹង ។ ដូ ទាបមានប្រភពសម្លេងចេញពីតម្បារពោះផ្នែកខាងក្រោម ។ ដូ ខ្ពស់មានប្រភពសម្លេងនៅលើថ្ងាស ។ សម្លេងពីដូទាបទៅដូខ្ពស់ មានសណ្ឋានដូចឡើងកាំជណ្តើរ ។ ឯការច្រៀងក៏មានសណ្ឋានដូចឡើងចុះកាំជណ្តើរដែរ ។ សម្លេងយើងត្រូវស្ថិតក្នុងស្ថានភាព ពីទាបទៅខ្ពស់ ឬពីធូរទៅតឹង និង ពីតឹងមកធូរ ចុះឡើងៗ ។ គួរកត់សម្គាល់ថា តួអក្សរភ្លេងនីមួយៗ គេអាចបំបែកវាជាផ្នែកតូចៗមានចំនួន ២ ឬ ៤ ថែមទៀត ។ គេរាប់កាដង់ភ្លេងដោយ ខណៈចិត្ត និងប្រើត្រចៀកសម្រាប់រាប់ ។ ចំណុចដកឃ្លាឬបង្អូសនៅក្នុងសម្លេងច្រៀងនិងសម្លេងឧបករណ៍ភ្លេង ក៏គេរាប់បញ្ចូលនៅក្នុងចំនួននៃកាដង់ដែរ ។ ខ្ញុំមិនដឹងថា ១ ខណៈចិត្ត មានប្រវែងប៉ុន្មានទេ ។ ប៉ុន្តែ វាហាក់ដូចជាមានទំនាក់ទំនងជាមួយនឹងដង្ហើមចេញចូលរបស់យើង ។ ខ្ញុំធ្លាប់សួរមិត្តម្នាក់ដែលជាអ្នកលេងហ្គីតានៅក្នុងក្រុមតន្ត្រីអង្កាច់អង្កោចមួយអំពីប្រការ ថាតើធ្វើដូចម្តេចទើបដឹងថាវេលាណាដល់វេនយើង និងពេលណាត្រូវផ្ទេរតួនាទីទៅឲ្យអ្នកផ្សេង ។ គាត់ប្រាប់ខ្ញុំថា ពេលប្រគុំតន្ត្រីយើងអត់ចាំបាច់ងាកមើលមុខគ្នាដើម្បីបញ្ជាក់ថា ដល់វេនយើងឬដល់វេនគេនោះទេ ។ យើងអាចស្តាប់ដឹងថា នេះជាវេនរបស់យើង ។ នោះជាវេនរបស់គេ ។ ដូច្នេះ នៅក្នុងការច្រៀងក៏ដូចជាប្រគុំតន្ត្រីដែរ គឺយើងនិយាយនឹងត្រចៀក ឬ ប្រើត្រចៀកសម្រាប់ប្រាស្រ័យទាក់ទងគ្នា ។ ចំណុចណោតនិងកាដង់ភ្លេងខាងលើនេះ គ្រាន់តែជាលក្ខណៈបច្ចេកទេសតែប៉ុណ្ណោះ ។ សម្រាប់យើងដែលជាអ្នកច្រៀងកំសាន្តដើម្បីហាត់ប្រាជ្ញ ទោះមិនយល់សុីជម្រៅក៏មិនថ្វីដែរ ដ្បិតយើងអាចសុីពែសម្លេងឧបករណ៍ភ្លេង ។ សម្លេងឧបករណ៍មួយដែលយើងអាចយកមកធ្វើជាបង្អែកដើម្បីច្រៀងហាត់ប្រាជ្ញគឺ ស្គរ ។ វាស្ទើរតែមិនបាច់មាននរណាប្រាប់យើងទេថា ស្គរគឺជាសសរទ្រូងឬឆ្អឹងខ្នងនៃការប្រគុំតន្ត្រី ។ យើងរាំកំសាន្ត ក៏រាំតាមចង្វាក់ស្គរដែរ ដ្បិតសម្លេងស្គរនេះហើយជាអ្នកចាត់ចែងកាដង់ភ្លេង ។ ដូច្នេះ សម្រាប់មនុស្សដំឡូងមូលដែលរៀនច្រៀង ឬរាំ យើងអាចយកសម្លេងស្គរមកធ្វើជាគោលដើម្បីអនុវត្តិបានយ៉ាងងាយ ។ នៅក្នុងការស្តាប់កាដង់ភ្លេង ដែលមានសម្លេងឧបករណ៍ជាច្រើនប្រគុំចម្រុះគ្នានោះ យើងគួរផ្តោតទៅលើសម្លេងពីរដែលមានសូរ ទូងក្លក់ៗ ។ វាជាសម្លេងស្គរនិងត្រដោក ដែលអ្នកប្រគុំឧបករណ៍នេះផ្តល់ជាសញ្ញាកាដង់ឲ្យយើងច្រៀង ។ នៅដើមឃ្លានៃបទចម្រៀងនីមួយៗ ជាទូទៅគឺមានសម្លេងស្គរជាអ្នកផ្តល់សញ្ញាឲ្យយើងចាប់ផ្តើមច្រៀង ។ ខ្ញុំនិយាយអំពីកាដង់ភ្លេងនេះច្រើនបន្តិចហើយ ដ្បិតវាជាកត្តាសំខាន់បំផុតនៅក្នុងការហាត់ប្រាជ្ញ ។ បើយើងមិនអាចច្រៀងឲ្យត្រូវកាដង់ភ្លេងទេ យើងគ្មានលទ្ធភាពនឹងហាត់ប្រាជ្ញដោយវិធីច្រៀងកំសាន្តឡើយ ។
និយាយអំពីឧបករណ៍ហាត់ប្រាជ្ញវិញម្តង ។ នៅក្នុងយូធ្យូប មានចម្រៀងការ៉ាអូឃេឆ្លងឆ្លើយស្រីប្រុសរាប់រយ ដែលផលិតដោយសិល្បៈករជាច្រើនក្រុម ។ យើងគ្រាន់តែសរសេរពាក្យ៖ khmer karaoke songs sing along នៅក្នុងប្រព័ន្ធយូធ្យូប វានឹងលោតចេញមករាប់មិនអស់ទេ ។ មានឆាណែលចម្រៀងការ៉ាអូឃេចំនួនបីដែលខ្ញុំពេញចិត្តជាងគេ ដ្បិតវាងាយស្រួលក្នុងការហាត់ច្រៀងក៏ដូចជាច្រៀងកំសាន្តដែរ ។ ទីមួយគឺឆាណែលរបស់លោក Kim Darem ដែលមានអ្នកចម្រៀងស្រីឈ្មោះ ស្រីឡឹង ជាអ្នកច្រៀងឆ្លងឆ្លើយ ។ ស្ត្រីដែលមានសម្លេងស្រួយស្រែះ ច្រៀងឆ្លងឆ្លើយជាមួយនឹងខ្ញុំក្នុងវីឌីអូខាងក្រោមគឺជាស្រីឡឹងហើយនុង ។ សម្លេងគាត់មិនត្រឹមតែច្បាស់ល្អទេ ថែមទាំងដូចសំនៀងដើមរបស់ម្ចាស់ចម្រៀងនានាទៀតផង ។ នៅក្នុងភាសាអង់គ្លេសមានពាក្យមួយហៅថា៖ Familiarity (ធ្លាប់ឮ ឬ ឃើញ) ។ កត្តាធ្លាប់ឮនេះហើយដែលជួយឲ្យយើងហាត់ច្រៀងបានលទ្ធផលល្អ ។ ទីពីរគឺឆាណែលឈ្មោះ ភូមិរីករាយ ដែលសម្បូរទៅដោយបទចម្រៀងរបស់លោក សុីន សុីសាមុត ។ ទីបីគឺឆាណែលរបស់ Mrr. Sokha ។ នៅមានឆាណែលជាច្រើនផ្សេងទៀតសម្រាប់បម្រើតម្រូវការចម្រៀងការ៉ាអូឃេ ។
មុននឹងយើងហាត់ប្រាជ្ញ ឬហាត់ប្រាណផ្លូវចិត្ត គប្បីយល់អំពីសភាវនៃចិត្តជាមុនសិន ។ ចំណុចសំខាន់បំផុតដែលយើងត្រូវដឹងគឺថា គ្មានអ្វីពិបាកផ្គាប់ជាង "ចិត្ត" នោះទេ ។ សូម្បីតែបុគ្គលដែលជាម្ចាស់ចិត្ត ក៏ពេលខ្លះផ្គាប់ចិត្តខ្លួនឯងមិនត្រូវដែរ ។ ដូច្នេះ ការហាត់ប្រាជ្ញ ថ្វីដ្បិតតែងាយស្រួលជាងហាត់ប្រាណ យើងមិនគួរប្រមាទឬធ្វេសប្រហែសឡើយ ។ ហាត់ប្រាជ្ញក៏ដូចជាហាត់ប្រាណដែរ វាជាការអនុវត្តិអស់មួយជីវិត ឬរហូតដល់ដង្ហើមចុងក្រោយ ។ ដូច្នេះ ដើម្បីជៀសវាងការនឿយណាយចិត្តជាមួយនឹងសកម្មភាពច្រៀងហាត់ប្រាជ្ញ យើងគប្បីប្រើយុទ្ធសាស្ត្រខ្លះៗដើម្បីគ្រុបគ្រងចិត្ត ។ សម្រាប់ខ្ញុំ ខ្ញុំច្រៀងហាត់ប្រាជ្ញតែពីរដងទេ ក្នុងមួយអាទិត្យ គឺនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ។ ខ្ញុំភ្ជាប់សកម្មភាពនេះជាមួយនឹងកិច្ចការផ្ទះរបស់ខ្ញុំ ។ ក្នុងមួយអាទិត្យយើងមានខោអាវត្រូវបោកគក់ពីពីរទៅបួនម៉ាសុីន ។ គក់ខោអាវមួយម៉ាសុីនត្រូវចំណាយពេល ៣៣នាទី ។ ហាលខោអាវក្នុងម៉ាសុីនសម្ងួតត្រូវចំណាយពេលមួយម៉ោងក្នុងមួយម៉ាសុីន ។ ដូច្នេះ អំឡុងពេលបោកគក់ខោអាវនេះ យើងអាចច្រៀងកំសាន្តហាត់ប្រាជ្ញបានយ៉ាងហោចណាស់ក៏ ៤ ឬ ៥ ម៉ោងដែរ ។ ថ្ងៃខ្លះទំនេរនិងមិនសូវធុញទ្រាន់ ខ្ញុំច្រៀងមួយថ្ងៃទល់ល្ងាច ។ ទោះជាយ៉ាងក៏ដោយ ខ្ញុំកំណល់កាលវិភាគហាត់ប្រាណនិងហាត់ប្រាជ្ញរបស់ខ្ញុំនៅក្នុងរង្វង់អប្បរមា ៥ម៉ោងក្នុងមួយអាទិត្យ ។ ខ្ញុំធ្វើដូច្នេះដើម្បីជៀសវាងភាពធុញទ្រាន់ចិត្តផង និងរក្សាតុល្យភាពពេលវេលាហាត់ប្រាណនិងហាត់ប្រាជ្ញផង ។ រៀងរាល់ថ្ងៃ ខ្ញុំធាក់កង់នៅមួយកន្លែងចន្លោះពី ៤០នាទីទៅ១ម៉ោង ។ អំឡុងពេលហាត់ប្រាណនេះ ខ្ញុំឆ្លៀតមើលឬស្តាប់បទចម្រៀងនានានៅក្នុងយូធ្យូបដើម្បីចំណាំទំនុកច្រៀងផ្សេងៗ ។
យើងគួរចាប់ផ្តើមច្រៀងហាត់ប្រាជ្ញជាមួយនឹងបទចម្រៀងណាដែលយើងចេះចាំស្ទាត់ ចូលចិត្ត នឹងធ្លាប់លួចច្រៀងលេងកំសាន្តពីមុនមក ។ ជ្រើសយកបទចម្រៀងណាដែលងាយស្រួលមកច្រៀងមុនគេ ។ បន្ទាប់មក ច្រៀងបទដែលមានភាពស្មុគស្មាញខ្ពស់បន្តិចម្តងៗ ។ ត្រូវរៀននិងចងចាំទំនុកច្រៀងឲ្យបានយ៉ាងហោចណាស់ក៏ ១០០ បទដែរ ។ ធ្វើដូច្នេះ យើងអាចច្រៀងវិលជុំ ចៀងវាងច្រៀងបទច្រំដែលៗ ដែលនាំឲ្យចិត្តឆាប់ធុញទ្រាន់ ។ មិនត្រូវខ្វាយខ្វល់នឹងសម្លេងមិនពីរោះរបស់យើងពេកទេ ។ ធ្វើម្តេចច្រៀងឲ្យត្រូវកាដង់ទៅបានហើយ ។ ត្រូវចាំថា យើងហ្វឹកហាត់ច្រៀងដើម្បីហាត់ប្រាជ្ញ ។ មិនមែនត្រៀមខ្លួនទៅប្រឡងក្នុងកម្មវិធី Cambodia Idol ឡើយ ។ ទោះមិនប្រឡងក៏ដោយ ក៏ត្រូវធ្វើតេស្តខ្លួនឯងដែរ ។ បន្ទាប់ពីហ្វឹកហាត់បានមួយរយៈ គប្បីជ្រើសរើសបទចម្រៀងណាមួយដែលយើងចងចាំស្ទាត់ ហើយបិទភ្នែកច្រៀងដោយប្រើតែត្រចៀកស្តាប់កាដង់ភ្លេង ។ ដាក់ម៉ាសុីនថតសម្លេង ឬអាយហ្វូន ថតការច្រៀងធ្វើតេស្តនោះដើម្បីស្តាប់សាឡើងវិញ ។ បើស្តាប់ទៅឃើញថា យើងច្រៀងបានត្រឹមត្រូវគួរសមតាមកាដង់ភ្លេងហើយ យើងនឹងអាចហាត់ប្រាជ្ញអស់មួយជីវិតចាប់ពីពេលនេះតទៅ ។ បទ ចិត្តបងរំពឹង ឬ រៀនរាំ ឆា ឆា ឆា ខាងក្រោមគឺជាការធ្វើតេស្តរបស់ខ្ញុំ ។ ខ្ញុំបិទភ្នែកច្រៀងឆ្លងឆ្លើយជាមួយនឹង ស្រីឡឹង ចំនួនបីដងទម្រាំទទួលបានលទ្ធផលដូចនៅក្នុងវីឌីអូគ្លីបនេះ ។ ក្រៅអំពីសម្លេងច្រៀងឆ្លងឆ្លើយគ្នាខ្លីៗ ដែលខ្ញុំដាក់នៅខាងក្រោមអត្ថបទនេះ ខ្ញុំក៏បានបង្ហាញនូវរូបភាពខ្ញុំច្រៀងការ៉ាអូឃេដែរ ។ គ្មានអ្វីល្អមើលទេ សម្រាប់មនុស្សវ័យជ្រេរ សក់ស្កូវព្រោង ស្បែកជ្រីវជ្រួញ មុខស្រួចដូចសត្វបង្កួយ បបូមាត់ស្ពេះដូចត្រីកំពត មកឈរច្រៀងការ៉ាអូឃេនោះ ។ ប្រការនេះ គ្មាននរណាអាចដឹងបានឡើយ ដរាបណាយើងមិនថតបង្ហោះវានៅក្នុងហ្វេសប៊ុក ។ សូម្បីតែមនុស្សដែលយើងច្រៀងឆ្លើយឆ្លងជាមួយនោះ ក៏មិនអាចដឹងបានដែរ ។ សម្លេងយើង មិនអាចធ្វើដំណើរបញ្ច្រាសទិសទៅកាន់ប្រភពដែលយើងឆ្លើយឆ្លងជាមួយនោះទេ ។ ក្រៅអំពីប្តីប្រពន្ធកូន ឬមនុស្សដែលរស់នៅក្នុងផ្ទះជាមួយយើង គ្មាននរណាអាចដឹងអំពីប្រការដែលយើងច្រៀងការ៉ាអូឃេដើម្បីហាត់ប្រាជ្ញឡើយ ។ អ្វីដែលជាផាសុកភាពវិសេសបំផុតនោះ គឺយើងអាចហាត់ប្រាជ្ញនៅពេលណាក៏បានដែរ មិនចាំបាច់ចេញពីផ្ទះទេ ។
មុននឹងបញ្ចប់អត្ថបទដ៏វែងអន្លាយនេះ ខ្ញុំសូមលើកយកសំណួរមួយមកចោទ និងផ្តល់ជាចម្លើយ ។ តើយើងហាត់ប្រាណនិងហាត់ប្រាជ្ញ ដើម្បីអ្វី? ចម្លើយតែមួយគត់គឺ៖ គុណភាពជីវិត (Quality of Life) ។ ដែលហៅថាគុណភាពជីវិត គឺសំដៅដល់លទ្ធភាពរស់នៅរហូតដល់ដង្ហើមចុងក្រោយ ដោយមិនចាំបាច់អំពល់ទុក្ខដល់អ្នកដទៃ ។ និយាយឲ្យងាយយល់គឺយើងអាចដើរ និង ធ្វើកិច្ចការនានាដោយខ្លួនឯងបានរហូតដល់ដំណាក់កាលចុងក្រោយនៃជីវិត ។ មនុស្សគ្រប់រូបដែលកំពុងអានអត្ថបទនេះ សុទ្ធតែធ្លាប់ឃើញ ឬដឹង អំពីកត្តាពីរយ៉ាងដែលមនុស្សចាស់ភាគច្រើនជួបប្រទះ នៅដំណាក់កាលចុងក្រោយនៃជីវិត ។ ទីមួយគឺដើរលែងរួច (Disable) ។ ទីពីរគឺភ្លេចភ្លាំង ឬវង្វេងវង្វាន់ (Dementia) ។ ទម្រង់វង្វេងវង្វាន់ដ៏ល្បីល្បាញជាងគេគឺ Alzheimer's disease ។ ដូច្នេះ ការហាត់ប្រាណនិងហាត់ប្រាជ្ញ គឺដើម្បីជៀសវាង ឬកាត់បន្ថយវិបត្តិទាំងពីរនេះឯងនៅក្នុងដំណើរជីវិត ។ មួយពាក់ព័ន្ធនឹងសុខភាពផ្លូវកាយ ។ មួយទៀតពាក់ព័ន្ធនឹងសុខភាពផ្លូវចិត្ត ។
ចុងក្រោយបំផុតគឺភាពខ្មាសអៀន ។ ខ្ញុំសូមនិយាយដោយត្រង់ជាទីបំផុតថា ខ្ញុំខ្មាសប្រពន្ធកូនខ្ញុំដូចជាអ្នកដទៃដែរ ។ នៅលើលោកនេះប្រហែលជាគ្មាននរណាអៀនប្រៀនដូចខ្ញុំទេ ។ កាលពីក្មេង ខ្ញុំមិនដែលហ៊ានញ៉ាំនំចំណីនៅក្នុងផ្សារ ឬទីសាធារណៈឡើយ ដ្បិតបើមាននរណាម្នាក់មើលមកខ្ញុំ ខ្ញុំអៀនមាត់លេបចំណីលែងចូលហើយ ។ អ្វីដែលខ្ញុំរៀនចេញអំពីចំណុចខ្សោយនៅក្នុងជីវិតខ្ញុំនេះគឺថា ភាពខ្មាសអៀនក៏ដូចជាភ័យខ្លាចដែរ វាមិនមែនជាឧបស័គ្គដែលយើងមិនអាចជម្នះបានឡើយ ៕
Subscribe to:
Posts (Atom)
ចំណីខួរក្បាល
កិច្ចព្រមព្រៀង កិច្ចព្រមព្រៀង គឺជាពាក្យមួយ ដែលមានអត្ថន័យ ទូលំទូលាយ ។ ហើយវាក៏ជាពាក្យមួយ ដែលបង្កឲ្យមានគ្រោះមហន្តារាយ មកលើមនុស្សជាតិ ជាច្រើនដ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង សត្វលានិងរូបចម្លាក់ បុរសម្នាក់បានផ្ទុករូបចម្លាក់ព្រះពុទ្ធបដិមាករ ដែលធ្វើអំពីឈើមួយអង្គ នៅលើខ្នងលា ដើម្បីដឹកយកទៅដាក់នៅក្នុងព្រះវិហារ ។ ...





