Friday, July 28, 2023
ចំណីខួរក្បាល
វិលទៅរបបផ្តាច់ការវិញ
កម្ពុជាជាប្រទេសមួយក្នុងចំណោមអតីតប្រទេសកុម្មុយនីស្តជាច្រើននៅក្នុងពិភពលោក ដែលបានតស៊ូប្រឹងប្រែអនុវត្តិបែបផែនគ្រុបគ្រងប្រទេសតាមលទ្ធិប្រជាធិបតេយ្យ ។ ក៏ប៉ុន្តែ អ្វីដែលគួរឲ្យសង្វេគនោះ គឺការប្រឹងប្រែងនេះមិនបានទទួលផលជាដុំកំភួនអ្វីឡើយ ។ មុននឹងយើងវាយតម្លៃថា ការអនុវត្តិលទ្ធិប្រជាធិបតេយ្យនៅស្រុកខ្មែរ ទទួលបានជោគជ័យឬបរាជ័យ យើងគួរឆ្លើយនូវសំណួរមួយ ថាតើសិទ្ធិសេរីភាពរបស់យើងនៅគ្រានេះ វាគាប់ប្រសើរជាងសិទ្ធិសេរីភាពរបស់យើងកាលពី ៣០ឆ្នាំមុនដែរឬទេ? ចម្លើយរបស់ខ្ញុំគឺ វាមិនបានគាប់ប្រសើរជាងកាលពី ៣០ឆ្នាំមុននោះទេ ។
ការវិលត្រឡប់ចេញអំពីលទ្ធិប្រជាធិបតេយ្យទៅកាន់របបផ្តាច់ការ មិនមែនកើតមានតែនៅក្នុងប្រទេសកម្ពុជាមួយទេ ។ អតីតប្រទេសកុម្មុយនីស្តជាច្រើនផ្សេងទៀតក៏ទទួលរងកម្មដូចគ្នាដែរ ។ អព្ភូតហេតុនេះ អ្នកវិភាគនយោបាយជាច្រើនបានដាក់បន្ទុកបន្ទោស ទៅលើការយល់ដឹងមិនពេញលេញអំពីលទ្ធិប្រជាធិបតេយ្យរបស់ពលរដ្ឋសាមញ្ញ ។ សម្រាប់ខ្ញុំ ខ្ញុំយល់ឃើញផ្សេង ។ ការវិលត្រឡប់ពីលទ្ធិប្រជាធិបតេយ្យទៅកាន់របបផ្តាច់ការ មិនមែនដោយសារពលរដ្ឋខ្វះចំណេះដឹងទេ ។ គឺដោយសារតែអ្នកនយោបាយក្បាលខូចលួចមាន់ បំផ្លិចបំផ្លាញ ។
អតីតសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយខ្មែរមួយរូបគឺលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត ដែលទើបនឹងទទួលអនិច្ចកម្មជិតមួយឆ្នាំកន្លងទៅនេះ បានប្រៀបធៀបការវិលត្រឡប់ពីលទ្ធិប្រជាធិបតេយ្យទៅកាន់របបផ្តាច់ការ ទៅនឹងវិធីបោចរោមមាន់ទាំងរស់ ។ វាជាវិធីតែមួយគត់ និងមានប្រសិទ្ធភាពបំផុត ដែលជនផ្តាច់ការអាចបង្វិលរដ្ឋាភិបាលប្រជាធិបតេយ្យ ឲ្យក្លាយទៅជារដ្ឋាភិបាលផ្តាច់ការ ។ គួរបញ្ជាក់ជាមុនថា មាន់នៅទីនេះជានិម្មិតរូបដែលតំណាងឲ្យលទ្ធិប្រជាធិបតេយ្យនិងពលរដ្ឋស្លូតត្រង់ ។ ឯរោមមាន់តំណាងឲ្យរូបធាតុនៃលទ្ធិប្រជាធិបតេយ្យមានជាអាទ៍ សិទ្ធិ សេរីភាព និងកិច្ចគាំពារមនុស្សផងគ្នាជាច្រើនផ្សេងទៀត ។
មុននឹងនិយាយអំពីវិធីបោចរោមមាន់ យើងត្រូវយល់ឲ្យបានជាក់លាក់ថា ជនពាលក្តី ជនផ្តាច់ការក្តី មានប្រាជ្ញាឆ្លាតវាងវៃដូចជាបណ្ឌិតសុចរិតដែរ ។ ប្រាជ្ញាអត់រើសអើងពូជសាសន៍ពណ៌សម្បុរ ឬក៏អត្តចរិតមនុស្សទេ ។ មនុស្សសុចរិតនិងទុច្ចរិតមានប្រាជ្ញាដូចគ្នា ។ ប្រការមួយដែលធ្វើឲ្យមនុស្សសុចរិតរងគ្រោះ គឺមើលស្រាលទង្វើរបស់ជនទុច្ចរិត ។ កត្តាមាក់ងាយនេះក៏ជាឱកាសដែលជនផ្តាច់ការប្រើដើម្បីលួចបោចរោមមាន់ដែរ ។
បោចរោមមាន់ទាំងរស់ មិនមែនជាការងាយទេ ។ គេត្រូវការភាពអត់ធ្មត់និងប្រើរយៈពេលយ៉ាងយូរទៀតផង ។ ជាយុទ្ធសាស្ត្រ គេចាប់ផ្តើមពីចំណុចដែលមិនសូវឈឺមុន ។ នៅលើតួខ្លួនមាន់ ចំណុចដែលមិនសូវឈឺនិងចាប់អារម្មណ៍គឺរោមស្លាបនិងកន្ទុយ ។ ចំណុចទាំងពីរនេះ ជ្រើសរើសដកមួយណាមុនក៏បានដែរ ។ បើដករោមស្លាប គេដកពីគល់ស្លាបទៅចុងស្លាប ។ ដករោមស្លាបឆ្វេងម្តងស្តាំម្តងឆ្លាស់គ្នានៅក្នុងថេរវេលាមួយម៉ោងមួយ ឬក៏មួយថ្ងៃមួយ ឬពីរបីថ្ងៃដករោមមួយ អាស្រ័យទៅលើប្រតិកម្មរបស់មាន់ ។ នៅពេលមាន់ត្រូវបានគេដករោមស្លាបនិងកន្ទុយអស់ វាគ្មានលទ្ធភាពនឹងហើរ ឬក៏រត់បានលឿនទេ ។ គឺពេលនេះហើយដែលគេចាប់ផ្តើមដករោមធម្មតានិងរោមសំឡីរបស់វា ។ ដូចគ្នានឹងយុទ្ធសាស្ត្រទីមួយដែរ ដំណាក់កាលទីពីរនេះគឺគេចាប់ផ្តើមដករោមត្រង់ណាដែលមិនធ្វើឲ្យមាន់បាត់បង់ភាពកក់ក្តៅច្រើន ។ ចំណុចដែលល្អបំផុតគឺ ដើមទ្រូងនិងពោះ ។ នៅក្នុងដំណាក់កាលដករោមធម្មតានិងរោមសំឡីនេះ គេដាក់អង្កាមឬកំទេចកំណាត់ឲ្យមាន់ដេកលើដើម្បីកុំឲ្យមាន់មានអារម្មណ៍រងា ។ សូមភ្ជាប់ប្រការនេះទៅនឹងការលុបគម្រោងអភិវឌ្ឍន៍នៅភ្នំតាម៉ៅបន្តិចផងចុះ ដើម្បីបង្កើតរូបារម្មណ៍ឧទាហរណ៍មួយ ។ ក្រៅអំពីអង្កាមនិងកំទេចកំណាត់ គេក៏ប្រើកន្ត្រៃដែលជាជំនួយរបស់មិត្តភក្តិដែលមានចរិតផ្តាច់ការដូចគ្នា ដើម្បីកាត់រោមមាន់ផងដែរ ។ (និយាយឲ្យចំ ជំនួយអភិវឌ្ឃន៍របស់ចិន) ។ នៅទីបំផុត ការដករោមមាន់ទាំងរស់រហូតដល់អស់រោមរលីងពីខ្លួន ក៏ទទួលបានជោគជ័យដោយគ្មានផលរមាស់អ្វីធំដុំឡើយ ។ មាន់ដែលគ្មានស្លាប គ្មានកន្ទុយ និង គ្មានរោម គឺស្មើនឹងមាន់ងាប់ ។ វាគ្មានប្រយោជន៍អ្វីនឹងថែរក្សាមាន់អត់រោមនេះតទៅទៀតទេ ។ លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា គឺដើរមកដល់ដំណាក់កាលនេះហើយ ។ បើគិតជាថេរវេលា ក្រុមជនផ្តាច់ការចំណាយពេល ៣០ឆ្នាំគត់ ។ សម្រាប់អ្នកដែលចង់ស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ៣០ឆ្នាំគឺជាថេរវេលាយ៉ាងតិចបំផុតដែលត្រូវចំណាយ ។ ឯវិធី ឬយុទ្ធសាស្ត្រណាមួយដែលត្រូវជ្រើសរើសយកមកប្រើ ខ្ញុំសូមទុកឱកាសឲ្យអ្នកដែលមានឆន្ទៈ ជាពិសេសយុវជន គេចាត់ចែងចុះ ។ គំនិតមួយដែលផុសចេញពីខួរក្បាលខ្ញុំជាភាសាអង់គ្លេសគឺ៖ Reverse engineering ។
បន្ទាប់ពីបោះឆ្នោតហើយនាពេលថ្មីៗនេះ ប្រទេសកម្ពុជាគ្រោងនឹងរៀបចំរដ្ឋាភិបាលថ្មីមួយ ដោយមានពិធីស្ងោរមាន់ចែកសាច់គ្នាសុីផង ។ អ្នកដែលបានជួយជ្រោមជ្រែងបោចរោមមាន់ នឹងទទួលបានចំណែកសាច់មាន់ទៅតាមគុណសម្បត្តិតែរៀងៗខ្លួន ។ ខ្លះទទួលបានសាច់ដើមទ្រូង ខ្លះសាច់ភ្លៅ ត្រគៀក កន្ទុយអូង ក ក្បាល ក្រញ៉ាំជើង ។ល។ ទៅតាមអ្វីដែលមេចុងភៅចាត់ចែង ។ មនុស្សមួយចំនួនប្រហែលជាមិនទទួលបានអ្វីដែលខ្លួនចង់បានទេ ដ្បិតកន្លែងណាដែលមាន "ខ្លាញ់" មេចុងភៅប្រមូលឲ្យគ្រួសារគាត់មុនគេ ។ នៅពេលការបែងចែកអំណាចសាច់មាន់មិនបានគាប់ចិត្តមនុស្សគ្រប់គ្នា ការខ្នក់ឃ្នើសនឹងកើតមានជៀសមិនរួចឡើយ ។
វាសនាមាន់អត់រោមមិនចប់ត្រឹមគេយកទៅស្ងោរសុីទេ ។ ព្រះពុទ្ធទ្រង់ទូន្មានថា៖ កាលណាមានកម្ម វារមែងតែងតែមានផល ។ នេះគឺជាសច្ចៈភាព ឬច្បាប់ធម្មជាតិដ៏ប្រាកដប្រជាមួយ ។ ក៏ប៉ុន្តែ នៅមានច្បាប់ធម្មជាតិមួយទៀតដែលជាមាតាបិតានៃកម្មគឺ ជិវិត ។ ជិវិតមនុស្សគ្រប់ៗរូបកើតមកស្ពាយនូវសម្ពាយដ៏ធំមួយមកជាមួយគឺ តណ្ហា (Desire) ឬការចង់បាន ។ ការចង់បាននេះ គ្មានដែនកំណត់ទេ ។ នៅក្នុងតណ្ហាមានរូបធាតុបីផ្សេងទៀតដែលតាមរុកគួនចិត្តមនុស្សគ្មានថ្ងៃលស់ឡើយ ។ រូបធាតុទាំងបីនេះគឺ លោភៈ ទោសៈ និង មោហៈ ។
នៅក្នុងភាសាអង់គ្លេស មានពាក្យមួយឃ្លាពោលថា៖ (The) past is prologue (អ្វីដែលកើតមានកាលពីអតីត វានឹងកើតមានជាថ្មីទៀតនៅថ្ងៃអនាគត) ។ បើយើងពិនិត្យមើលពង្សាវតាខ្មែរ ប្រទេសកម្ពុជានៅសម័យបុរាណ ជារឿយៗ ត្រូវបានប្រឈមនឹងភាពវឹកវរនៅពេលដែលស្តេចផ្ទេររាជ្យទៅឲ្យទាយាទ ។ និយាយឲ្យខ្លី ការឈ្លោះប្រកាប់ប្រចាក់គ្នាដណ្តើមអំណាច គឺកើតមានស្ទើរតែជាប្រចាំនៅពេលដែលស្តេចផ្ទេររាជ្យទៅឲ្យទាយាទរបស់ខ្លួន ។ របបរាជានិយមផ្តាច់ការ (Absolute Monarchy) និង របបផ្តាច់ការនិយម ស្ថិតនៅក្នុងប្លុកតែមួយទេ ។ បើស្តេចខ្មែរតាំងតែពីសម័យអង្គរមក គ្មានលទ្ធភាពនឹងរក្សាស្ថេរភាពនយោបាយនៅពេលផ្ទេររាជ្យទៅឲ្យទាយាទ តើយើងជាមនុស្សសម័យក្រោយអាចទៅរួចទេ???នេះគឺជាសំណួរមួយដែលមានតែពេលវេលាប៉ុណ្ណោះទើបអាចផ្តល់ចម្លើយបាន ៕
Friday, July 21, 2023
ចំណីខួរក្បាល
នៅចន្លោះទ្វារគុក និង សេរីភាព
កាលបោះឆ្នោតនៅឆ្នាំ ២០១៧ អាជ្ញាធរកម្ពុជាបានបង្កឲ្យមានសេណារីយោមួយ ដែលពលរដ្ឋអ្នកបោះឆ្នោតត្រូវបានគេបង្ខំឲ្យស្ថិតក្នុងស្ថានភាព "នៅចន្លោះញញួរនិងដុំថ្ម" (Between a rock and a hard place) ។ នៅក្នុងឱកាសបោះឆ្នោតឆ្នាំ ២០២៣ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៣ ខែ កក្កដា នេះ អ្នកបោះឆ្នោតខ្មែរត្រូវបានគេបង្ខំឲ្យស្ថិតនៅ "ចន្លោះទ្វារគុក និង សេរីភាព" វិញម្តង ។
កាលបោះឆ្នោតឆ្នាំ ២០១៧ ខ្ញុំបានសរសេរអត្ថបទមួយដែលមានចំណងជើងថា៖ "មុននឹងស្លាប់ ត្រូវតស៊ូរស់ឲ្យអស់លទ្ធភាព" ។ នៅក្នុងអត្ថបទនោះ ខ្ញុំបានពន្យល់អំពីវិធីបោះឆ្នោតបាតុកម្ម ឬបោះឆ្នោតអនុបវាទ ដោយគូសក្រវេមក្រវាមនៅលើសន្លឹកឆ្នោត ឬក៏ដាក់សន្លឹកឆ្នោតចូលក្នុងប្រអប់ដោយមិនជ្រើសរើសគណបក្សណាមួយឡើយ ដើម្បីបញ្ជាក់អំពីឆន្ទៈប្រឆាំងទៅនឹងការរៀបចំបោះឆ្នោតដោយអត់សេរីនិងយុត្តិធម៌ និង ដែលមិនសមស្របទៅតាមស្មារតីនៃរដ្ឋធម្មនុញ្ញខ្មែរ ។ នៅក្នុងការបោះឆ្នោតនាអាណតិនេះ ខ្ញុំបង្ខំចិត្តសរសេរអត្ថបទនេះបន្ថែមទៀត ដ្បិតហានិភ័យរបស់ពលរដ្ឋខ្មែរដែលត្រូវតែទៅចូលរួមបោះឆ្នោត ហាក់ដូចជាមានកម្រិតខ្ពស់ហួសពីការស្មាន ។
នៅក្នុងច្បាប់បោះឆ្នោតថ្មីដែលខ្ញុំដាក់ភ្ជាប់នៅខាងក្រោម គ្មានអ្វីដែលមិនច្បាស់លាស់ទេថា៖ អ្នកដែលគូសបំផ្លាញសន្លឹកឆ្នោត ឬធ្វើឲ្យមានកំហុសនៅលើសន្លឹកឆ្នោត (ដោយចេតនាក្តី អចេតនាក្តី) នឹងត្រូវផ្តន្ទាទោសដូចដែលមានចែងនៅក្នុងពាក្យពេចន៍ក្នុងប្រការ ១ និង ២ ។ គួរកត់សម្គាល់ថា ដែលហៅថាបំផ្លាញសន្លឹកឆ្នោតនោះ គឺគូសខុសកន្លែងដែលគេតម្រូវឲ្យយើងគូស ។ ច្បាប់នេះ វាហាក់ដូចជាអយុត្តិធម៌ពេកហើយ សម្រាប់មនុស្សចាស់ពពីមពពើម និងអ្នកដែលមិនចេះអានអក្សរ ។ ក៏ប៉ុន្តែ ច្បាប់គឺច្បាប់!
ពាក្យពេចន៍នៃច្បាប់បោះឆ្នោតថ្មីនេះ មានពាក្យមួយម៉ាត់ដែលជាអន្ទាក់ទាក់ក ឬក៏ជាយន្តការផ្តន្ទាទោសដ៏ពិសិដ្ឋមួយ ។ ពាក្យនោះគឺ "ការញុះញង់" ។ សួរថាហេតុអ្វីក៏គេមិនប្រើពាក្យ "អ្នកញុះញង់"??? តស់!វែកញែកទាំងអស់គ្នា ។ "ការ" សំដៅលើសកម្មភាព ។ ឯ "អ្នក" សំដៅលើមនុស្ស ។ សកម្មភាពមិនអាចកើតឡើងដោយឯកឯងបានទេ ។ វាត្រូវការមនុស្សប្រព្រឹត្តិវា ។ ដូច្នេះ នៅពេលអ្នកណាម្នាក់បំផ្លាញសន្លឹកឆ្នោត (សាងកំហុសនៅលើសន្លឹកឆ្នោត) ទោះបីប្រព្រឹត្តិតែម្នាក់ឯងមិនមានពាក់ព័ន្ធនឹងការញុះញង់នរណាផ្សេងក៏ដោយ ក៏អាចមានទោសដែរ ប្រសិនបើអាជ្ញាធរចង់ផ្តន្ទាទោសយើង ។ នេះគឺជាល្បិច "ពងមាន់និងកូនមាន់ តើមួយណាកើតមុន" ។ ការប្រព្រឹត្តិរបស់យើងដែលមានធាតុញុះញង់នៅក្នុងនោះ វាជាកត្តាគោលសម្រាប់វាយបកមកលើរូបយើងវិញ ពីព្រោះមនុស្សដែលទង្វើរបស់យើងញុះញង់មុនគេបំផុត គឺរូបយើងនេះឯង ។ កត្តាដែលត្រូវផ្តន្ទាទោសគឺ ទង្វើ ។ ឯអ្នកធ្វើគឺជាជនរងគ្រោះ ដែលនៅក្នុងភាសាសង្គ្រាមគេហៅថា រងគ្រោះព្រោះចៃដន្យ (Collateral damage) ។ នៅក្នុងភាសាច្បាប់គេហៅថា មានទោសព្រោះពាក់ព័ន្ធ ( Guilty by association) ។ ការតតាំងជាមួយនឹងបទចោទប្រកាន់ដោយផ្អែកលើអង្គហេតុខាងលើនេះ ប្រសិនបើនៅចំពោះមុខតុលាការនៃប្រទេសលោកសេរី ដែលដាក់បន្ទុកឲ្យអាជ្ញាធរជាអ្នកបង្ហាញភស្តុតាង (Burden of Proof) យើងអាចមានលទ្ធភាពដោះកុនរួច ។ ប៉ុន្តែ នៅក្នុងប្រព័ន្ធតុលាការនៃរបបផ្តាច់ការដូចនៅកម្ពុជា ដែលដាក់បន្ទុកឲ្យពិរុទ្ធជនបង្ហាញភស្តុតាង (Burden of Proof) អំពីភាពនិរទោស យើងគ្មានផ្លូវនឹងដោះកុនរួចទេ ។ យកល្អ កុំលេងល្បែងសត្វមមាចប្រឡែងភ្លើង ។
មានចំណុចមួយចំនួនដែលខ្ញុំសូមលើកយកមកនិយាយពាក់ព័ន្ធនឹងទ្វេគ្រោះ (Dilemma) ដ៏គួរឲ្យខ្លាចនេះ ។ ទីមួយ មិនត្រូវតាំងខ្លួនជាត្រីរស់ហែលបញ្ច្រាសទឹកហូរទេ ។ ត្រូវធ្វើជាត្រីងាប់អណ្តែតតាមទឹកហូរ ។ ពេលនេះ មិនមែនជាពេលដែលត្រូវទាមទារស្វែងរកសិទ្ធិសេរីភាព ឬលទ្ធិប្រជាធិបតេយ្យឡើយ ។ ខ្ញុំក៏ស្អប់ខ្ពើមរបបផ្តាច់ការនិងជនផ្តាច់ការដូចជាមនុស្សជាច្រើនទៀតដែរ ។ ក៏ប៉ុន្តែ លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ វាកំពុងស្ថិតនៅក្នុងស្ថានភាព "ដង្ហើមចង្រិត" (Coma) រួចទៅហើយ ។ ដូច្នេះ ត្រូវរក្សាសេចក្តីសុខសម្រាប់ខ្លួនយើងឲ្យគត់មត់ ជាជាងព្យាយាមសង្គ្រោះលទ្ធិប្រជាធិបតេយ្យ ។ វាគ្មានប្រយោជន៍អ្វីនឹងទៅបោះឆ្នោតប្រឆាំងនឹងគណៈបក្សប្រជាជនឡើយ ។ ការបោះឆ្នោតនាអាណតិនេះ គឺជាការរៀបចំមួយដែលភាសាអង់គ្លេសគេហៅថា៖ Pre-determined Outcome (ដឹងលទ្ធផលរួចហើយ) ។ នៅក្នុងស្ថានភាពបែបនេះ យើងទៅបោះឆ្នោត មិនមែនដើម្បីជ្រើសរើសគណៈបក្សដែលយើងស្រឡាញ់គាំទ្រទេ ។ យើងទៅបោះឆ្នោតដើម្បីរក្សាសុវត្ថិភាពឲ្យជីវិតរបស់យើង ។ មធ្យោបាយរក្សាសុវត្ថិភាពដ៏ល្អបំផុតគឺគូសលើក្រឡាបួនជ្រុងនៅមុខរូបទេវតា ។ បើជ្រុលជ្រួសខុសឆ្គងយ៉ាងណាក៏អាជ្ញាធរគេមិនចាប់ទោសអូសដំណើរយើងដែរ ។ កុំខ្វល់អំពីគណបក្ស ១៧ផ្សេងទៀត ។ ចុងបញ្ចប់ គណបក្សប្រជាជនឈ្នះដដែលជាដដែលទេ ។ អ្វីដែលសំខាន់នៅក្នុងកាលៈទេសៈនេះ គឺត្រូវជៀសឲ្យផុតអំពីការចោទប្រកាន់នានាពាក់ព័ន្ថនឹងការបោះឆ្នោត ។
សម្រាប់បុគ្គលមួយចំនួនដែលមាននិន្នាការប្រឆាំងនឹងគណបក្សប្រជាជន និងនៅមានស្មារតីចង់តតាំងប្រឆាំង ដើម្បីរក្សាលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិសេរីភាព ខ្ញុំសូមជូននូវគំនិតមួយចំនួនដើម្បីយកទៅពិចារណា ។ នៅក្នុងវិស័យនយោបាយក៏ដូចជាវិស័យពាណិជ្ជកម្មដែរ ទាល់តែមានឱកាស (Window of Opportunity) ទើបអាចរកជោគជ័យឃើញ ។ បើគ្មានឱកាសទេ វាគ្មានប្រយោជន៍អ្វីនឹងប្រឹងប្រែងឡើយ ។ ទុកឋាមពលនៅក្នុងខ្លួនប្រសើរជាងយកវាទៅបំផ្លាញចោល ។ គេថា រក្សាព្រៃឈើឲ្យនៅគង់វង់ មិនព្រួយអំពីការខ្វះអុសដុតឡើយ ។ ដំបូន្មានមួយដែលខ្ញុំតែងលើកយកមកនិយាយ៖ បើគ្មានឱកាស ឬក៏ឱកាសមិនទាន់ហុចឲ្យទេ រង់ចាំរហូតដល់ថ្ងៃស្លាប់ក៏មិនថ្វីដែរ ។
ចំណុចមួយទៀតដែលខ្ញុំចង់លើកយកមកនិយាយគឺភាពសម្ងាត់និងសុវត្ថិភាពនៅក្នុងបន្ទប់បោះឆ្នោត ។ ប្រសិនបើអាជ្ញាធរចង់ស្វែករកអត្តសញ្ញាណអ្នកបំផ្លាញសន្លឹកឆ្នោត គឺងាយដូចបកចេក ។ ពេលយើងកាន់សន្លឹកឆ្នោត ក្រយៅម្រាមដៃយើងបានផ្តិតជាប់នៅលើនោះ ។ យើងមើលស្នាមក្រយៅដៃនោះមិនឃើញទេ ។ ក៏ប៉ុន្តែ ម៉ាសុីនស្កែនសម័យទំនើបនេះអាចមើលឃើញនិងយកស្នាមក្រយៅដៃនោះទៅផ្គូផ្គងជាមួយនឹងទិន្នន័យនៅក្នុងអត្តសញ្ញាណកម្មបានដោយងាយ ។ បើមិនសូវយល់អំពីការវិវឌ្ឍនៃបច្ចេកវិជ្ជាទំនើបទេ កុំប្រមាទល្អជាង ។ ទៅបោះឆ្នោតសន្សំសុខ ។ មិនត្រូវទៅបោះឆ្នោតនាំទុក្ខមកដាក់ខ្លួនឡើយ ៕
Saturday, July 8, 2023
ចំណីខួរក្បាល
ប្រឆាំង ឬ ជំទាស់
នៅក្នុងប្រទេសប្រជាធិបតេយ្យអាស្រ័យគំនិតផ្តាច់ការដូចជាប្រទេសកម្ពុជា អ្នកកាន់អំណាចមិនចូលចិត្តឮពាក្យ ប្រឆាំង ឬ ជំទាស់ទេ ។ គេតែងតែលើកយកពាក្យ "ការពារសន្តិភាព និង ការអភិវឌ្ឃ" មកបំបិទមាត់មនុស្សកុំឲ្យនិយាយអ្វីដែលប្រឆាំង ឬជំទាស់ ទៅនឹងទង្វើនានារបស់រដ្ឋាភិបាល ។ ពាក់ព័ន្ធនឹងប្រការនេះ ខ្ញុំតែងតែឆ្ងល់ថាតើនៅលើលោកនេះ មានមនុស្សឆ្កួតរហូតដល់ទៅបំផ្លាញសន្តិភាពដែលខ្លួនកំពុងមានដែរមែនទេ ។ វាពិតជាប្រធានបទមួយគួរឲ្យពិចារណាពន់ពេកណាស់ ។
បើយើងពិចារណាដោយមិនចាំបាច់ពឹងពាក់គ្រូបាអាចារ្យទេសាបាមោឃណាម្នាក់ សន្តិភាព ឬសេចក្តីសុខ គឺមិនខុសអំពីបុណ្យឡើយ ។ វាស្ថិតនៅក្នុងចិត្តរបស់យើង មិនមែនស្ថិតនៅក្នុងមាត់ទេវតា ឬអាចារ្យណាមួយទេ ។ បើសន្តិភាពស្ថិតនៅក្នុងចិត្តមនុស្ស ដូច្នេះ គឺចិត្តគំនិតមនុស្សឯនោះវិញទេដែលត្រូវការពារ ។
ប្រឆាំង ឬជំទាស់ កើតចេញអំពីចិត្តគំនិតមនុស្ស ។ បើយើងពិនិត្យឲ្យបានជាក់លាក់បន្តិច ចិត្តគំនិតប្រឆាំងនិងជំទាស់គឺជាសភាវៈធម្មជាតិរបស់មនុស្ស ។ មានន័យថាការប្រឆាំង គឺជាយន្តការគាំពារ (support mechanism) ដ៏សំខាន់បំផុតមួយនៅក្នុងការលើកស្ទួយជីវិតមនុស្សឆ្ពោះទៅរកវឌ្ឍនភាព ។ បើគ្មានសភាវៈប្រឆាំងនៅក្នុងផ្នត់គំនិតយើងទេ មនុស្សមិនអាចលូតលាស់ឆ្ពោះទៅរកវឌ្ឍនភាពបានឡើយ ។
នៅក្នុងសង្គមគ្រួសារ ប្តីប្រពន្ធប្រឆាំង ឬជំទាស់នឹងការគិត គម្រោង ឬ ទង្វើ របស់គូភាគីទៅវិញទៅមកចាប់ពីថ្ងៃចាប់ដៃគ្នាជាប្តីប្រពន្ធរហូតដល់ថ្ងៃស្លាប់ (អ្នកដែលមិនទាន់មានបទពិសោធប្តីប្រពន្ធ អាចសង្កេតមើលឪពុកម្តាយ) ។ គោលដៅចម្បងនៃការប្រឆាំងគំនិតគ្នាទៅវិញទៅមកនេះ គឺដើម្បីសេចក្តីសុខ សន្តិភាព និង វឌ្ឍនភាព នៅក្នុងគ្រួសារ ។ សេចក្តីសុខនៅក្នុងគ្រួសារនេះក៏មានសេចក្តីសុខរបស់ខ្លួនឯងនៅក្នុងនោះដែរ ។ បើគ្មានការប្រឆាំង ការរិះគន់ដើម្បីស្ថាបនា គ្រួសារនីមួយៗមិនអាចរកវឌ្ឍនភាពឃើញឡើយ ។ ប្រការនេះមិនមែនជាតថភាពទេ ។ វាគឺជាសច្ចភាពដែលមានធម្មជាតិជាសភាវៈទ្រទ្រង់ ។
ឥឡូវយើងបែរមកនិយាយអំពីរដ្ឋាភិបាលវិញម្តង ។ រដ្ឋាភិបាលនិងគ្រួសារ គឺដូចគ្នាគ្រប់រូបភាពទាំងអស់ គ្រាន់តែមួយតូច មួយធំ ។ គោលដៅចម្បងរបស់រដ្ឋាភិបាលក៏ដូចជាគោលដៅចម្បងរបស់គ្រួសារនីមួយៗដែរ គឺស្វែងរកវឌ្ឍនភាព ។ ដើម្បីការលូសលាស់និងវឌ្ឍនភាព គេចាំបាច់ត្រូវតែមានមតិផ្ទុយ ឬប្រឆាំងដើម្បីវែកញែករកចំណុចខ្សោយ ឬចំណុចដែលនាំទៅរកហីនភាព ។ នៅក្នុងដំណើរស្វែងរកវឌ្ឍនភាពនេះលោក ហ្វ្រិដឌឺរីច ហេហ្គេល (Frederich Hegel) បានបន្សល់ទុកនូវគំរូមួយមានឈ្មោះថា សំយោគហេហ្គេល (Hegelian Dialectic) ។ ទម្រង់នៃសំយោគនេះគឺ៖ និក្ខេបបទ => ទំនាស់និក្ខេបបទ => សំយោគ ឬ គំនិត => គំនិតជំទាស់ => គំនិតសំយោគ (Thesis => Anti-Thesis => Synthesis) ។ បើយើងពិនិត្យមើលដំណើរសំយោគ ហេហ្គេល នេះ គំនិតនីមួយៗគឺត្រូវឆ្លងកាត់គំនិតជំទាស់ ឬប្រឆាំងជាមុនសិនមុននឹងឈានទៅដល់ការយកមកអនុវត្តិ ។ ដូច្នេះ អ្វីដែលជាផ្នត់គំនិតប្រឆាំង ដើរតួសំខាន់ណាស់នៅក្នុងការស្វែងរកវឌ្ឍនភាព ឬរក្សាសន្តិភាព ។ និយាយអំពីសន្តិភាព ខ្ញុំសូមងាកទៅបំភ្លឺអ្នកដែលប្តេជ្ញាការពារសន្តិភាព ជាពិសេសយុវជនដែលមិនសូវមានបទពិសោធនៅក្នុងវិស័យនយោបាយ ក៏ដូចជារដ្ឋាភិបាល និង គ្រួសារ ។ សន្តិភាពស្ថិតនៅក្នុងចិត្តរបស់យើង ។ ដូច្នេះ អ្វីដែលយើងត្រូវការពារមុនគេបង្អស់គឺចិត្តរបស់យើង ។ បើចិត្តរបស់យើងបាត់បង់សន្តិភាព យើងគ្មានលទ្ធភាព ឬក៏សមត្ថភាពទៅការពារសន្តិភាពឲ្យអ្នកដទៃបានទេ ៕
Friday, June 16, 2023
ចំណីខួរក្បាល
និទានទំពាំង
ខ្ញុំជាមនុស្សពូកែទើស ជាពិសេសជាមួយនឹងភាវអយុត្តិធម៌នៅក្នុងសង្គម និងទង្វើដែលប្រាសចាកសុជីវធម៌ ។ រឿងចោរលួចទំពាំងដែលបង្កឲ្យមានកោឡាហលនៅក្នុងចំណោមពលរដ្ឋខ្មែរអស់រយៈពេលប្រមាណជាមួយអាទិត្យកន្លងទៅនេះ គឺជាប្រភេទរឿងដែលធ្វើឲ្យខ្ញុំទើសក្បាល ។ ការលើកយកព្រឹត្តិការណ៍ ឬប្រការដែលកន្លងហួសទៅហើយនេះ មកពិភាក្សាឡើងវិញ ខ្ញុំគ្មានចេតនាយកព្រនង់ទៅសំពងសេះដែលងាប់ហើយនេះទេ (Beating on the dead horse) ។ ខ្ញុំគ្រាន់តែចង់យកខ្មោចវាទៅបូជា ដើម្បីឲ្យមនុស្សដែលមានសទ្ធាចូលចាប់មគ្គផល ។
នៅក្នុងនិទានចោរលួចទំពាំងនេះ ខ្ញុំសូមមិននិយាយបកស្រាយអំពីច្បាប់ទេ គឺផ្តោតតែទៅលើប្រការមួយដែលភាសាអង់គ្លេសហៅថា៖ Social Norms (បែបបទនៃការរស់នៅ) ។ ពាក្យ Norm មិនដឹងភាសាខ្មែរប្រែថាដូចម្តេចឲ្យត្រឹមត្រូវតាមបច្ចេកទេសទេ ។ ខ្ញុំសម្រេចយកពាក្យ "បែបបទ" មកប្រើដ្បិតវាសាមញ្ញងាយយល់ ។ នៅក្នុងបែបបទនៃការរស់នៅជាលក្ខណៈសាកល មនុស្សលោកបានកំណត់យកកត្តាមួយជាធំគឺ សុជីវធម៌ ។ សុជីវធម៌កើតមាននៅក្នុងសង្គមមនុស្សមុនពេលដែលមនុស្សចេះបង្កើតច្បាប់ ។ បើគិតឲ្យល្អិតបន្តិច ច្បាប់ផងទាំងពួងគឺមានឫសគល់ចេញមកអំពីសុជីវធម៌នេះឯង ។ គួរពន្យល់ពាក្យ សុជីវធម៌ បន្តិចផងចុះដើម្បីបំភ្លឺផ្លូវ ។ សុ មានន័យថា ល្អ ត្រឹមត្រូវ ។ ជីវៈ មានន័យថា ជីវិត ។ ធម៌ សំដៅដល់ ធម្មជាតិ ឬសភាវៈទ្រទ្រង់ ។ ជារួម សុជីវធម៌ គឺធម្មជាតិនៃការស់នៅល្អត្រឹមត្រូវ ។
មនុស្សគឺជាប្រភេទសត្វដែលរស់នៅពឹងផ្អែកលើគ្នាទៅវិញទៅមក៖ ពីមនុស្សម្នាក់ ទៅ មនុស្សម្នាក់ទៀត ។ ពីក្រុមមួយទៅក្រុមមួយ រហូតទៅដល់ ពីជាតិសាសន៍មួយ ទៅជាតិសាសន៍មួយទៀត ។ តាំងតែពីដើមរៀងមក មនុស្សទាំងអស់យកសុជីវធម៌ជាគោលនៅក្នុងទំនាក់ទំនងរវាងគ្នានិងគ្នា ។ នៅក្នុងទំនាក់ទំនងសុជីវធម៌រស់នៅនេះ គ្មានអ្វីសាំញ៉ាំទេគឺ៖ មិនប្រព្រឹត្តិអ្វីទៅលើអ្នកដទៃ ខណៈយើងមិនចង់ ឬមិនអនុញាតិឲ្យអ្នកដទៃប្រព្រឹត្តិប្រការនោះមកលើខ្លួនយើង ។ ឧទាហរណ៍៖ មិនលួចទ្រព្យរបស់អ្នកដទៃ ឬមិនរុកគួនរំលាយបក្សនយោបាយដទៃ ខណៈយើងមិនចង់ឲ្យបក្សដទៃរុកគួនរំលាយបក្សរបស់យើង ។
តាំងតែពីបុរមបុរាណមក មនុស្សកំណត់សុជីវធម៌ដោយភាវៈ ត្រឹមត្រូវ និង មិនត្រឹមត្រូវ ។ ជញ្ជីងសម្រាប់ថ្លឹងភាវផ្ទុយគ្នាទាំងពីនេះគឺ យុត្តិធម៌ ។ ដោយហេតុតែសុជីវធម៌ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងមនុស្សនៅក្នុងសង្គមដែលផ្គុំបង្កើតឡើងដោយមនោសច្ចេតនា មនុស្សយកគោលការណ៍អប់រំមកធ្វើជាគោលដើម្បីកែតម្រូវកំហុសឆ្គងនានា ។ នៅក្នុងរូបធាតុអប់រំនេះមានតក្តាសាមញ្ញពីរគឺ៖ ស្រឡាញ់ និង ស្អប់ខ្ពើម ។ អ្វីដែលជាភាវៈត្រឹមត្រូវគឺ ស្រឡាញ់និងយកមកអោបក្រសោបអនុវត្តិ ។ អ្វីដែលមិនត្រឹមត្រូវគឺ ស្អប់ខ្ពើមមិនយកខ្លួនបៀប ។ សូម្បីតែបុគ្គលដែលប្រព្រឹត្តិអំពើមិនត្រឹមត្រូវក៏មិនត្រូវយកខ្លួនទៅបៀតឡើយ ។ និយាយឲ្យខ្លី អ្វីៗនៅក្នុងសុជីវធម៌គឺសាមញ្ញពន់ពេកណាស់ ។ មនុស្សមិនចេះ ក ខ នខ្វាក់អ្វីក៏អាចយល់បានដែរ ។
និយាយអំពីចោរកម្មទំពាំងវិញម្តង ។ អំពើចោរកម្មជាប្រការមិនត្រឹមត្រូវមួយដែលត្រូវបានហាមឃាត់ និងស្អប់ខ្ពើមជាលក្ខណៈសាកលគ្រប់សង្គមជាតិសាសន៍ទាំងអស់ ។ នៅក្នុងសង្គមខ្មែរ ប្រការនេះគឺស្ថិតនៅក្នុងសីលប្រាំ ។ គួរកត់សម្គាល់ថា ភាវៈស្អប់ខ្ពើមទង្វើមិនត្រឹមត្រូវ គឺមានកម្រិតទាបខ្ពស់ដូចនៅក្នុងក្រមបវេណីដែរ ។ ដូច្នេះ នៅក្នុងរឿងចោរកម្មទំពាំងដែលបានកន្លងទៅថ្មីៗនេះ មានទង្វើដែលគួរឲ្យស្អប់ខ្ពើមចំនួនបួនកម្រិត ដែលខ្ញុំនឹងបកស្រាយដូចតទៅ៖
១) លួចទំពាំគឺជាទង្វើដែលគួរឲ្យស្អប់ទាបជាងគេបំផុត ។
២) ចាប់បង្ខំចោរឲ្យដើរតួបង្ហាញសកម្មភាពសាឡើងវិញ រួចហើយថតបង្ហោះទង្វើនោះឲ្យពិភពលោកបានឃើញនិងដឹងឮគឺជាទង្វើដែលគួរឲ្យស្អប់លើសអំពើចោរកម្មមួយកម្រិត ។ មនុស្សគ្រប់ៗរូប មិនថាជាចោរ ឬក៏ជាជនផ្តាច់ការទេ មានអភ័យឯកសិទ្ធិមួយដែលភាសាអង់គ្លេសហៅថា៖ Dignity (កិត្តិយស) ។ អ្វីដែលម្ចាស់ទំពាំងប្រព្រឹត្តិទៅលើចោរលួចទំពាំង គឺស្មើនឹងពិឃាតកិត្តិយស (Character assasination) ។ ចោរនោះនៅរស់តែរូបទេ ។ តែកិត្តិយសគាត់ស្លាប់បាត់ទៅហើយ ។ ជីវិតរបៀបនេះ វេទនាជាងស្លាប់រាប់រយដង ។
៣) ជេរត្មះតេះដៀលចោរនិងម្ចាស់ទំពាំងដោយប្រការផ្សេងៗ គឺជាទង្វើគួរឲ្យស្អប់ខ្ពើមកម្រិតទីបី ។ ទង្វើនេះ ថ្វីដ្បិតតែប្រព្រឹត្តិដោយវាចានិងចិត្ត តែមានឫទ្ធិខ្ពស់ព្រោះវាបង្កឲ្យមាន ឬជាស្ពានឆ្លងទៅកាន់ទង្វើទីបួន ។ ខ្ញុំដឹងថាវាជាសិទ្ធិបញ្ចេញមតិ ។ ក៏ប៉ុន្តែ នៅពេលដែលមតិដែលយើងបញ្ចេញពាក់ព័ន្ធនឹងទង្វើដែលយើងស្អប់ខ្ពើមនោះ អាចបង្កឲ្យមានទង្វើស្អប់ខ្ពើមរឹតតែខ្ពស់ឡើង យើងមិនគួរបញ្ចេញវាមកទេ ។ ទង្វើនេះ គឺមិនខុសអំពីយកប្រេងសាំងទៅជះលើអណ្តាតភ្លើងដែលកំពុងតែឆេះនោះឡើយ ។ សុ ចិ បុ លិ គឺជាប្រតិកម្មដ៏ល្អជាទីបំផុតក្នុងការឆ្លើយតបទៅនឹងទង្វើរបស់ចោរនិងម្ចាស់ទំពាំង ។
៤) ទង្វើដែលគួរឲ្យស្អប់ខ្ពើមដ៏ខ្ពង់ខ្ពស់ជាទីបំផុត (Repulsive) នៅក្នុងករណីចោរកម្មទំពាំងនេះ គឺការយកប្រាក់កាក់និងសម្ភារៈផ្សេងៗទៅផ្គត់ផ្គង់ចោរ ។ ខ្ញុំដឹងថាវាជាទង្វើឆ្លើយតបទៅនឹងការអាណិតអាសូ ឬក៏ដើម្បីតោងកាលីបចោរស្វែងរកលាភសការ ។ ក៏ប៉ុន្តែ នេះគឺជាទង្វើស្អប់អាចម៍យកអាចម៍មកកាន់ក្នុងដៃ ។ ខ្ញុំមិនបាច់បកស្រាយឲ្យវែងទេ ។ អ្នកដែលមិនទាន់យល់ ឬមិនព្រមយល់ អាចជុះអាចម៍ហើយរើសយកវាមកកាន់ក្នុងដៃសាកមើលទៅ ។ ឈ្មោះថាចោរ ទោះបីលួចទំពាំងបីពន្លកក្តី លួចសិទ្ធិសេរីភាពគេអស់មួយនគរក្តី សុទ្ធតែជាទង្វើគួរឲ្យស្អប់ខ្ពើម ។ ការនិយាយអះអាងថា ចោរលួចទំពាំងដោយសារតែគាត់ខ្វះខាតចំណីអាហារ គឺប្រៀបបាននឹងជឿជាក់ថាជនផ្តាច់ការខ្វះខាតសេរីភាព ។ ពាក់ព័ន្ធនឹងប្រការនេះ ខ្ញុំសូមអះអាងដោយឥតសង្កាថា៖ នៅក្រោមមេឃលើដី គ្មាននរណាម្នាក់សម្បូណ៌សិទ្ធិសេរីភាពជាងជនផ្តាច់ការឡើយ ។ សម្មាសម្ពុទ្ធោ! ថាសរសេរបកស្រាយរឿងចោរលួចទំពាំង បែរជាភាន់ភាំងទៅបើករបាំងវាំងននជនផ្តាច់ការឯណាឯនោះឆ្កុយទៅវិញ ។ ស្មេរខ្ញុំនេះពិតជាចិត្តរាយមាយមែន! ឯរឿងដឹកយកខ្មោចសេះទៅបូជានៅទីប៉ាឆា ក៏ដូចគ្នាទៀត ។ មិនយកទៅទីប៉ាឆា បែរជាវែះវៀរទៅវាក់នឹងមាត់ទឹកឯនោះវិញ ។ និយាយអំពីដឹកសេះទៅកាន់មាត់ទឹក នឹកឃើញសុភាសិតអង់គ្លេសមួយដែលនិយាយថា៖ You can lead the horse to water; but you cannot make it drink (អ្នកអាចដឹកសេះឲ្យចុះផឹកទឹក ប៉ុន្តែអ្នកមិនអាចបង្ខំឲ្យវាផឹកទឹកទេ) ។ សូមឈប់ត្រឹមនេះចុះ ។ អ្នកដែលយល់ថា អត្ថបទនេះសរសេរមិនទាន់ចប់ អាចអានបន្តតាមចិត្តចង់ ៕ អរគុណ!
Wednesday, April 19, 2023
ចំណីខួរក្បាល
អេះសេ និង អេះសិរ
មានរឿងមួយដំណាលថា នារីខ្មែរម្នាក់បានទៅបន្តការសិក្សាយកមហាបរិញ្ញាប័ត្រនៅស្រុកបារាំង ។ ពេលត្រឡប់មកស្រុកខ្មែរវិញ ម្តាយនាងរៀបចំស្លម្ជូរគ្រឿងឲ្យនាងញ៉ាំ ដើម្បីទទួលអបអរការវិលមកកាន់មាតុភូមិរបស់នាង ។ ពេលម្តាយនាងកំពុងស្ល នាងក៏ចូលទៅកន្លែងដាំស្លដើម្បីជួយបង់គ្រឿងគ្រៅម្តាយនាង ។ ក្លិនប្រហុក ខ្ជាយ និង គល់ស្លឹកគ្រៃ ធ្វើឲ្យនាងស្រក់ទឹកមាត់ដ្បិតខានញ៉ាំសម្លម្ជូរគ្រឿងយូរហើយ ។ នាងឈ្ងោកមុខក្បែរឆ្នាំងសម្លដើម្បីស្រូបយកក្លិនដ៏ឈ្ងុយឈ្ងប់នោះ ហើយក៏និយាយទៅកាន់ម្តាយថា៖ "ម៉ែៗ! ហុចវែកមកឲ្យខ្ញុំ ។ ខ្ញុំសុំអេះសិរបន្តិចមើល" ។ ម្តាយនាងបើកភ្នែកធំៗដោយអាការភ្ញាក់ផ្អើល ។ គាត់ហុចវែកទៅឲ្យកូនស្រីហើយលួចនិយាយខ្សឹបៗក្នុងពោះតែម្នាក់ឯងថា៖ "យីអើមីនេះ! កាលពីដើមមិញវាប្រើតែម្រាមដៃដើម្បីអេះ ។ ដល់បានទៅរៀននៅស្រុកបារាំង វាបែកគំនិតទៅប្រើវែកឯណាឯណោះឆ្កុយទៅ" ។
អេះសិរ ឬអេះក្បាល គឺជាការភាន់ច្រឡំរវាងម្តាយនិងកូន ។ អ្វីដែលជាកត្តាសំខាន់នៅទីនេះគឺពាក្យ Essay (អានថាអេះសេ) ឬ Essais ជាភាសាបារាំងដែលនាងក្រមុំនិយមភាសាបរទេសយកមកនិយាយជាមួយម្តាយ ។ ពាក្យនេះ បើនិយាយក្នុងន័យដាំស្លមានន័យថា ភ្លក្សរសជាតិសាក លមើល ។ ប៉ុន្តែ ជាទូទៅគេប្រើពាក្យ Essay នេះតែនៅក្នុងការសរសេរអត្ថបទវិចារណកថា ឬពិចារណាប៉ុណ្ណោះ ។ នៅក្នុងកាលៈទេសៈដទៃ គេមិនសូវប្រើពាក្យនេះទេ ។ បច្ចុប្បន្ន ខ្ញុំឃើញអ្នកសិក្សាខ្មែរជាច្រើនបកប្រែពាក្យ Essay or Essais ថា៖ សិក្សាសាកល្បង ឬ សាកល្បងវិភាគ ។ល។ និង ។ល។ ការប្រើពាក្យ "សាកល្បង" នៅទីនេះ វាហាក់ដូចជាចាស់គំរិលបន្តិចហើយ ។ កាលរៀននៅសាកលវិទ្យាល័យ ខ្ញុំសរសេរអត្ថបទ អេះសេ ស្ទើរតែរាល់ខែ ជាពិសេសនៅក្នុងការសិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយ និង អក្សរសាស្ត្រ ឬសង្គមសាស្ត្រ ។ ផ្អែកលើបទពិសោធផ្ទាល់ខ្លួនជាមួយនឹងការសរសេរអត្ថបទ អេះសេ ទាំងនោះ វាមិនមែនជាកិច្ចការសាកល្បងឡើយ ។ អត្ថបទនីមួយៗ ត្រូវឆ្លងកាត់ការសិក្សាស្រាវជ្រាវ វិភាគ និង ពិចារណាល្អិតល្អន់ស្ទើរតែដូចនិក្ខេបទ ។
នៅសតវត្សទី ១៧ និង ១៨ ស្មេរវិចារណកថាមួយចំនួន (Essayists) ចាត់ទុកសំណេរ (Essay) ថាជាការសាកល្បងវិភាគនិងពិភាក្សាអំពីមុខវិជ្ជា ឬវិបាកអ្វីមួយ ។ ប៉ុន្តែ មកដល់សតវត្សទី ១៩ ២០ និង ២១ នេះ សំណេរ អេះសេ បានវិវឌ្ឍចេញពីភាវសាកល្បងមកចាប់យករូបរាងថ្មីមួយ ដែលមានភាពប្រាកដនិយមក្នុងមុខងារអប់រំផង និងបណ្តុះបញ្ចុះបញ្ចូលមនុស្សឲ្យលុះក្នុងមនោគមវិជ្ជាផង ។ សំណេរ អេះសេ ដ៏ល្បីល្បាញបំផុតគឺអត្ថបទកាសែតសហព័ន្ធ (The Federalist Papers) ដែលនិពន្ធដោយអ្នកនយោបាយអាមេរិកាំងពីរបីរូបនៅសតវត្សទី ១៩ ។ ថ្វីដ្បិតតែស្មេរ អេះសេ ទាំងនោះមិនបញ្ចេញឈ្មោះឲ្យនរណាស្កាល់ក៏ដោយ ក៏អ្នកស្រាវជ្រាវជឿជាក់ថា វាជាស្នាដៃរបស់សមាជិកតាក់តែងរដ្ឋធម្មនុញ្ញអាមេរិកាំងបី ឬបួនរូប ដែលព្យាយាមបញ្ចុះបញ្ចូលសមាជិកដទៃនិងមហាជន ឲ្យគាំទ្រទិដ្ឋិរបស់ខ្លួន ។ រដ្ឋធម្មនុញ្ញដែលសហរដ្ឋអាមេរិកប្រើសព្វថ្ងៃ គឺឆ្លុះបញ្ចាំងអំពីទិដ្ឋិនៅក្នុងសំណេរ អេះសេ ទាំងនោះ ។ បច្ចុប្បន្ននេះ សំណេរ អេះសេ ទាំងនោះត្រូវបានគេប្រមូលបោះពុម្ពនៅក្នុងសៀវភៅមួយ សម្រាប់អ្នកសិក្សាស្រាវជ្រាវជាវយកទៅវិភាគ ។ កាលរៀនវិទ្យាសាស្ត្រនយោបាយប្រមាណជា ៣០ឆ្នាំ មុន ខ្ញុំក៏ធ្លាប់មានសៀវភៅប្រជុំអត្ថបទ អេះសេ នោះមួយដែរ ។
វិលទៅពិចារណាអំពីការបកប្រែពាក្យ Essay or Essais ជាភាសាខ្មែរវិញម្តង ។ អត្ថន័យនៃពាក្យ Essay/Essais នេះ គឺមិនខុសអំពីពាក្យ អេះសិរ និង អេះក្បាល នៅក្នុងភាសាខ្មែរឡើយ ។ ថ្វីដ្បិតតែពាក្យអេះសិរនិងអេះក្បាលមានន័យតែមួយ ក៏ប៉ុន្តែបើយើងពិនិត្យឲ្យមធ្យ័ត ពាក្យអេះសិរ មានន័យទូលំទូលាយជាង អេះក្បាល ។ ឧទាហរណ៍ បើយើងអេះក្បាលមាន់ យើងនឹងអេះប៉ះសាច់មួយដុំនៅលើក្បាលនោះ ដែលមានឈ្មោះថា សិរ ដែរ ។ អាចមានករណី សិរ ផ្សេងទៀត ក៏ប៉ុន្តែអ្វីដែលជាវិបាកនៅទីនេះ គឺការបកប្រែពាក្យ Essay/Essais ជាភាសាខ្មែរឲ្យបានត្រឹមត្រូវទៅតាមការវិវឌ្ឍរបស់វា ។ ថ្មីៗនេះ ខ្ញុំឃើញមិត្តក្នុងហ្វេសប៊ុកម្នាក់បង្ហោះពាក្យ អភិប្រាយ ដែលជាការបកស្រាយនៃពាក្យ Essay or Essais ។ ខ្ញុំគិតថា ការប្រើពាក្យ អភិប្រាយ មកអធិប្បាយពាក្យ Essay/Essais គឺមានភាពត្រឹមត្រូវទៅតាមកាលវេលា ដ្បិតអត្ថបទ អភិប្រាយ (Essay) នាបច្ចុប្បន្នកាលនេះ មិនមែនជាការសាកល្បងសិក្សាទេ ។ វាជាការសិក្សាពិចារណាប្រកបដោយភាពប្រាកដនិយម ៕
Thursday, April 13, 2023
ចំណីខួរក្បាល
ភាគហ៊ុនិក
ថ្មីៗនេះ ឃើញគេបង្ហោះពាក្យ ភាគហ៊ុនិក ថាជាពាក្យទើបបង្កើតថ្មីដែលក្រុមប្រឹក្សាជាតិភាសាខ្មែរទើបអនុមតិឲ្យប្រើជាផ្លូវការ ។ មានមតិមួយចំនួនរិះគន់ថា ពាក្យនេះបង្កើតឡើងតាមតែចិត្តនឹកឃើញ ។ ខ្ញុំចេះភាសាខ្មែរតិចតួចស្តួចស្តើងណាស់ ។ មិនដឹងអំពីរបៀបបង្កើតពាក្យតាមវិធី កម្លាយ ឬក៏សូរសព្ទសូរសៀងអ្វីឡើយ ។ ប៉ុន្តែ ខ្ញុំចង់យកពាក្យបរទេស (Shareholders or Stakeholders) ដែលខ្ញុំគិតថាជាឫសគល់នៃពាក្យ ភាគហ៊ុនិក នេះមកពិចារណាសាកល្បងមើល ។
ពាក្យ Shareholders មានបងប្អូនភ្លោះរបស់វាមួយទៀតដែលគេហៅថា Investors (វិនិយោគិន) ។ នៅក្នុងចំណោមវិនិយោគិន ឬអ្នកចូលរួមរកសុីទាំងអស់ អាចមានមនុស្សមួយក្រុមទៀតដែលគេហៅថា ស្ថាបនិក (Founders) ។ ស្ថាបនិកអាចជាមនុស្សតែម្នាក់ ឬក៏ច្រើននាក់ ។ ពាក្យទាំងពីរទាំងបីនេះ បើនិយាយឲ្យងាយយល់គឺសំដៅលើមនុស្សដែលយកប្រាក់ មាស ឬក៏ទ្រព្យដទៃ ទៅចូលរួមរកសុីនៅក្នុងមុខរបរ ឬសហគ្រាសអ្វីមួយ ដែលភាសាអង់គ្លេសហៅថា Enterprise ។ អ្នកដែលចូលរួមនៅក្នុង Enterprise គេហៅថា Entrepreneurs (សហគ្រិន) ។ ដូច្នេះ នៅពេលយើងយកពាក្យទាំងអស់នេះមកភ្ជាប់ទំនាក់ទំនងនឹងគ្នាតាមវិធី យោង-ព្យួរ-ត-ភ្ជាប់ យើងទទួលបាន Founder(s) => Shareholders/Investors => Entrepreneurs ។ ពាក្យ សហគ្រិន (Entrepreneurs) នៅក្នុងក្របខណ្ឌពាណិជ្ជកម្មគឺមានន័យទូលំទូលាយអាចប្រើការបាន ដោយមិនចាំបាច់បង្កើតពាក្យថ្មីមកជំនួសទេ ។ ពាក្យនេះ ខ្មែរយើងក៏ធ្លាប់បានប្រើក្នុងវិស័យពាណិជ្ជកម្មយូរយាណាស់មកហើយដែរ ។ សហគ្រិន និង ភាគហ៊ុនិក! តើអ្នកចូលចិត្តប្រើមួយណា ???
Wednesday, April 5, 2023
ចំណីខួរក្បាល
សង្វេគអាចម៍
អាចម៍ជាពាក្យអសុរស ។ អ្នកដែលប្រើពាក្យអាចម៍នៅក្នុងការនិយាយស្តីឬសរសេរ អាចនឹងត្រូវគេស្អប់ដូចអាចម៍ ។ ប៉ុន្តែ ប្រសិនបើយើងយកពាក្យអាចម៍ទៅប្រើនៅក្នុងវិធី យោង-ព្យួរ-ត-ភ្ជាប់ នៃការបកស្រាយតក្កវិជ្ជា វាពិតជាមានអត្ថរស និង អត្ថរូប គួរឲ្យស្ញប់ស្ញែង ។ ភាសាអង់គ្លេសហៅការវែកញែកបែបតក្កវិជ្ជាថា (Syllogism or Deductive reasoning) ។
កាលពីពេលថ្មីៗនេះ ខ្ញុំនិងមិត្តម្នាក់បាននាំគ្នាទៅកើបអាចម៍សេះពីកន្លែងចិញ្ចឹមសេះមួយ ដើម្បីយកមកធ្វើជាជីដាក់ដំណាំនៅក្រោយផ្ទះ ។ យើងប្រមូលអាចម៍សេះបានម្នាក់ ៥ស្បោង ដែលមានទម្ងន់ប្រហែល ២០គីឡូក្រាមក្នុងមួយស្បោង ។ ពេលខ្ញុំចាក់អាចម៍សេះចេញពីក្នុងស្បោង កូនៗខ្ញុំដែលមិនដែលភពប្រសព្វជាមួយនឹងអាចម៍សេះ ឬអាចម៍គោក្របី យកដៃខ្ទប់ច្រមុះហើយស្រែកថា ស្អុយណាស់ៗ! ខ្ញុំប្រាប់ពួកគេថា អាចម៍សេះក៏ដូចជាជីកំប៉ុស្តស្លឹកឈើ ដែលគេលក់នៅក្នុងហាងលក់កូនរុក្ខជាតិដែរ គ្មានអ្វីគួរឲ្យខ្ពើមទេ ។ ពោលរួច ខ្ញុំក៏រើសអាចម៍សេះពីរដុំមកកាន់ក្នុងដៃដើម្បីបង្ហាញពួកគេនូវកំទេចស្មៅនិងចំបើងនៅក្នុងអាចម៍សេះនោះ ។ កូនខ្ញុំរត់គេចចេញអំពីខ្ញុំដោយអាការខ្ពើមរអើម ។ តាមពិត ពួកគេអត់ខ្ពើមខ្ញុំទេ ។ អ្វីដែលពួកគេខ្ពើម គឺអាចម៍សេះដែលនៅក្នុងដៃខ្ញុំ ។ ខ្ញុំយកកត្តាអាចម៍សេះមកពិចារណា ក៏មើលឃើញថា វាមានអត្ថន័យ អត្ថរូប និងអត្ថរស ជ្រាលជ្រៅណាស់ ។ ជ្រៅជាងមេរៀនតក្កវិជ្ជាដែលខ្ញុំធ្លាប់រៀនទៅទៀត ។
ខ្មែរយើងមានពាក្យមួយឃ្លាដែលពោលថា៖ "ស្អប់ដូចអាចម៍" ។ ពាក្យនេះ នរណាក៏យល់អំពីអត្ថន័យរបស់វាដែរ ។ ក៏ប៉ុន្តែ ពលរដ្ឋខ្មែរនាពេលបច្ចុប្បន្ន ត្រូវបានបង្ខំចិត្តរស់ជាមួយនឹងសភាវ "ស្អប់ដូចអាចម៍" នេះ គ្រប់ៗគ្នា ។ កត្តាមួយដែលពលរដ្ឋខ្មែរស្អប់ដូចអាចម៍គឺអំពើពុករលួយ ។ បើយើងប្រៀបធៀបអំពើពុករលួយទៅនឹងអាចម៍ អ្នកដែលប្រព្រឹត្តិអំពើពុករលួយគឺមិនខុសអំពីយកអាចម៍មកកាន់ក្នុងដៃឡើយ ។ អ្វីដែលជារឿងសង្វេគជាងអាចម៍នៅក្នុងដៃនោះគឺថា អ្នកដែលយកអាចម៍មកកាន់ក្នុងដៃ ហាក់ដូចជាមិនយល់ឬខ្វល់អំពីផលវិបាកនៃអាចម៍នៅក្នុងដៃនេះឡើយ ។ វាមិនត្រឹមតែបង្កឲ្យមានភាវស្អប់ខ្ពើមនៅក្នុងសង្គមប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យមនុស្សដែលយកអាចម៍មកកាន់ក្នុងដៃ បាត់បង់តម្លៃនិងកិត្តិយសថែមទៀតផង ។ កត្តាមួយទៀតដែលជាសង្វេគអាចម៍ដែរនោះ គឺផ្តាច់ការនិយមនៅក្នុងការដឹកនាំប្រទេសជាតិ ។ មនុស្សគ្រប់ៗរូបស្អប់ណាស់ភាវផ្តាច់ការ ។ កុំថាឡើយនៅក្នុងសង្គមជាតិ សូម្បីតែនៅក្នុងសង្គមគ្រួសារក៏យើងស្អប់ភាវផ្តាច់ការដែរ ។ ក៏ប៉ុន្តែ ជនផ្តាច់ការមិនដែលពិចារណាអំពីប្រការនេះទេ ។ បំផ្លាញជីវិតនយោបាយរបស់អ្នកដទៃ ។ ងើបមួយវាយមួយ ។ ងើបពីរវាយពីរ ។ នរណានិយាយអ្វីទាស់ចិត្តក៏មិនបានដែរ ។ ដល់ពេលគេស្អប់ខ្ពើមមិនចង់រាប់រក មិនគាំទ្រ ក៏តាំងទោមនស្សទោម្នេញរករឿងរុកគួនគេឯងឥតស្រាកស្រាន្ត ។ ធាតុពិត គ្មាននរណាស្អប់ជនផ្តាច់ការ ឬក៏បុគ្គលដែលប្រព្រឹត្តិអំពើពុករលួយនោះទេ ។ អ្វីដែលមនុស្សទូទៅស្អប់ដូចអាចម៍នោះ គឺភាវផ្តាច់ការនិងអំពើពុករលួយ ។ បើយើងទម្លាក់ភាវ ឬទង្វើដែលនាំឲ្យគេស្អប់ខ្ពើមចោលចេញ គ្មាននរណាស្អប់ខ្ពើមយើងឡើយ ។ វាប្រៀបដូចជាខ្ញុំទម្លាក់អាចម៍សេះចេញពីក្នុងដៃដូច្នោះដែរ ។ កូនរបស់ខ្ញុំនៅតែស្រឡាញ់ខ្ញុំដដែល ថ្វីដ្បិតតែខ្ញុំធ្លាប់យកវត្ថុដែលពួកគេស្អប់ខ្ពើមមកកាន់ក្នុងដៃក៏ដោយ ។ នេះគឺជាមេរៀនដ៏វិសេសមួយដែលជនផ្តាច់ការ បុគ្គលពុករលួយ និងមនុស្សមួយចំនួនដែលកំពុងយកដុំអាចម៍មកកាន់ក្នុងដៃ គួរយល់ ។ ទម្លាក់អាចម៍ចោលទៅ បើមិនចង់ឲ្យគេស្អប់ខ្ពើម ។ មនុស្សគឺជាសត្វដែលយល់ហេតុផល មិនថាក្មេងឬចាស់ឡើយ ។
សូមនិយាយអំពីតក្កវិជ្ជាបន្តិច កុំឲ្យមិត្តអ្នកអានថាខ្ញុំយកពាក្យនេះមកបំផើមចោល ។ សម្រាប់ខ្ញុំ តក្កវិជ្ជា (Logic) ងាយរៀននិងងាយយល់ជាងទស្សនវិជ្ជា និងជាចំណេះដឹងដែលមានសារប្រយោជន៍ជាទីបំផុត ។ វាជាជំនួយឲ្យមនុស្សចេះពិចារណាជាជាងចាំតែជឿតាមគេ ។ តក្កវិជ្ជាផ្តល់លទ្ធភាពឲ្យមនុស្សមើលឃើញដំណើរដើមទងនានាដែលមានប្រភពចេញពី តថភាព ទៅកាន់ សច្ចភាព ឬពី តថភាព ទៅកាន់ ហីនភាព ។ ភាសាអង់គ្លេសហៅប្រការក្រឡាប់ចាក់នេះថា៖ Fallacious Consequences ។ ឧទាហរណ៍៖ មនុស្សកើតមកហើយរមែងស្លាប់ទៅវិញនៅថ្ងៃណាមួយ ។ ខ្ញុំជាមនុស្ស ។ ដូច្នេះ ខ្ញុំនឹងស្លាប់នៅថ្ងៃណាមួយ ។ ដូចគ្នាដែរ ព្រះអាទិទេពជាសភាវអមត ។ មនុស្សមិនមែនជាសភាវអមតទេ ។ ដូច្នេះ ព្រះអាទិទេពមិនមែនជាអ្នកបង្កើតមនុស្សឡើយ ។ មនុស្សម្នាក់អាចជីករណ្តៅបោះបង្គោលរបងមួយក្នុងរយៈពេល ៦០វិនាទី (ជីកដោយប្រើមាសុីនខួង) ។ ដូច្នេះ មនុស្ស៦០នាក់ អាចជីករណ្តៅបោះបង្គោលរបងមួយតែក្នុងរយៈពេល ១ វិនាទី ប៉ុណ្ណោះ ។ ឧទាហរណ៍ចុងក្រោយនេះគឺជាករណីក្រឡាប់ចាក់ពី តថភាព ទៅកាន់ ហីនភាព ឬពី ហំហាន ទៅកាន់ ហិនហោច ។ កត្តាចុងក្រោយនេះ បើវាកើតចេញអំពីការពិចារណារបស់អាជ័យប្តីមីគ្រត វាមិនសូវបង្កគ្រោះមហន្តរាយធំដុំទេ ។ តែបើវាកើតចេញពីការពិចារណារបស់អ្នកដឹកនាំប្រទេសជាតិ វានឹងបង្កឲ្យមានគ្រោះមហន្តរាយនិយាយមិនចេញឡើយ ។ ឧទាហរណ៍៖ ព្រៃឈើច្រើននាំឲ្យមានភ្លៀងធ្លាក់ច្រើន ។ ភ្លៀងធ្លាក់ច្រើននាំឲ្យមានទឹកជនលិចលង់ខូចបង់ទ្រព្យធន ។ ដូច្នេះ កាប់ព្រៃឈើចេញ ដើម្បីកាត់បន្ថយទឹកភ្លៀងនិងទឹកជំនន់ ។ ភ្នំពេញលិចជំនន់ទឹកភ្លៀងដោយសារវាស្ថិតនៅក្នុងតំបន់ទំនាបសម្បូរទៅដោយបឹងបួអូរស្ទឹង ។ ដូច្នេះ ចាក់ដីលុបបឹង លុបអូរឲ្យអស់ទៅ វានឹងឈប់លិចហើយ ។ល។ និង ។ល។ ឧទាហរណ៍នៃភាវ ហំហាន ទៅកាន់ភាព ហិនហោច មានច្រើនករណីផ្សេងទៀត ។ ប៉ុន្តែ សូមបញ្ចប់ត្រឹមនេះចុះ ។ មុននឹងបញ្ចប់ ខ្ញុំសូមរំឭកឡើងវិញថា មនុស្សលោកមិនដែលស្អប់មនុស្សដូចគ្នាទេ ។ គឺដុំអាចម៍ (Vices) ដែលយើងយកមកកាន់ក្នុងដៃ ជាកត្តានាំឲ្យអ្នកដទៃស្អប់ខ្ពើមយើង ៕
កំណត់៖ អត្ថបទនេះជាទិដ្ឋិសម្រាប់ពិចារណ ។ ស្មេរគ្មានចេតនាតិះដៀលបុគ្គលណាឡើយ ។
Friday, March 10, 2023
ចំណីខួរក្បាល
ហាត់ប្រាណ និង ហាត់ប្រាជ្ញ
ខ្ញុំមិនមែនជាអ្នកសិក្សាផ្នែកវេជ្ជសាស្ត្រទេ ។ ក៏ប៉ុន្តែ ខ្ញុំមានមិត្តភក្តិជាច្រើនដែលមានជំនាញផ្នែកវេជ្ជសាស្ត្រ ។ ផ្អែកលើអ្វីដែលមិត្តភក្តិខ្ញុំប្រាប់ រាប់បញ្ចូលទាំងដំបូន្មានរបស់វេជ្ជបណ្ឌិតត្រួតពិនិត្យសុខភាពរូបកាយខ្ញុំប្រចាំឆ្នាំផង កត្តាដ៏សំខាន់មួយដែលមនុស្សគ្រប់រូបត្រូវផ្តោតការអនុវត្តិ ដើម្បីថែរក្សាគាំពារសុខុមាលភាពនៃរូបកាយគឺ ហាត់ប្រាណ ។ វាជាមធ្យោបាយតែមួយគត់ ប្រសើរបំផុត និង ងាយបំផុត ក្នុងការអនុវត្តិដើម្បីថែទាំគាំពាររូប ក៏ដូចជាជីវិតរបស់យើងម្នាក់ៗដែរ ។ នៅពេលយើងនិយាយអំពីសុខភាព គឺយើងនិយាយអំពីភាវភ្លោះមួយ ដែលភាសាអង់គ្លេសហៅថា Physical Health and Mental Health (សុខភាពផ្លូវកាយ និង សុខភាពផ្លូវចិត្ត) ។ ដូច្នេះ នៅពេលយើងនិយាយអំពីការ ហាត់ប្រាណ (Physical Exercise) ដើម្បីថែទាំគាំពាររូប យើងក៏ត្រូវនិយាយអំពីការ ហាត់ប្រាជ្ញ (Mental Exercise) ដើម្បីថែទាំគាំពារចិត្តដែរ ។ គួរបញ្ជាក់ថា ខ្ញុំបកប្រែពាក្យ Mental Exercise ថា៖ ហាត់ប្រាជ្ញ ដ្បិតវាមានសំនៀងពីរោះចុងចួនជាមួយនឹង ហាត់ប្រាណ ហើយក៏មានអត្ថន័យគាប់ប្រសើរជាងគេដែរ ។ យើងអាចប្រើពាក្យ ហាត់សតិអារម្មណ៍ ក៏បាន ។ ស្មេរខ្លះប្រើពាក្យ ហាត់ប្រាណផ្លូវចិត្ត ឬ លាងសម្អាតចិត្ត ជាដើម ។ល។ ទោះជាយ៉ាងណាក៏ដោយ ប្រធានបទដែលខ្ញុំនឹងបរិយាយនៅក្នុងអត្ថបទនេះ គឺពាក់ព័ន្ធនឹងសុខុមាលភាពសតិរបស់មនុស្ស ។
ខ្ញុំចាប់ផ្តើមហាត់ប្រាណ និងហាត់ប្រាជ្ញ ដើម្បីគាំពារសុខភាពរូបកាយនិងចិត្តជាង ២៥ឆ្នាំកន្លងមកហើយ បន្ទាប់ពីយល់ដឹងជាក់លាក់ថាសុខភាពរបស់មនុស្សយើង ជាសភាវភ្លោះដែលមាន កាយនិងចិត្ត ជាគ្នា ។ ផ្នែកគាំពារសុខភាពផ្លូវកាយ ឬហាត់ប្រាណ ខ្ញុំជ្រើសរើសយកវិធី ជិះកង់ ។ ឯផ្នែកគាំពារសុខភាពផ្លូវចិត្ត ឬហាត់ប្រាជ្ញ ខ្ញុំជ្រើសយកវិធី ស្តាប់ចម្រៀង ។ កាលនោះ ខ្ញុំមិនប្រាកដក្នុងចិត្តថា អ្វីទៅជាការហាត់ប្រាជ្ញទេ ។ ខ្ញុំគ្រាន់តែយល់ឃើញថា បើយើងធ្វើឲ្យចិត្តយើង "ល្ហែ" នោះគឺជាការគាំពារផ្លូវចិត្ត ឬហាត់ប្រាជ្ញហើយ ។ វីធីហាត់ប្រាជ្ញរបស់ខ្ញុំគឺរៀងរាល់យប់ពេលចូលគេង ខ្ញុំចាក់បទចម្រៀងស្តាប់ ។ បទចម្រៀងទៀតសោត គឺខ្ញុំជ្រើសរើសយកតែបទចម្រៀងសាសងផ្តោះផ្តងមនោសច្ចេតនាលែបខាយស្នេហា ដែលមានភាពរីករាយបង្កប់នៅក្នុងនោះ ។ ខ្ញុំអនុវត្តិការហាត់ប្រាជ្ញនេះ តាំងតែពីសម័យប្រើម៉ាញ៉េនិងកាសែតម្លេះ ។ សព្វថ្ងៃ ខ្ញុំប្រើអាយហ្វូននិងចម្រៀងឌីជីថល ។ បន្ទាប់ពីហាត់ប្រាជ្ញ ជិត៣០ឆ្នាំកន្លងមកនេះ មានប្រការមួយដែលខ្ញុំអាចកត់សម្គាល់គឺថា ចិត្តខ្ញុំមិនសូវស្មុគទេនៅក្នុងដំណើររស់នៅប្រចាំថ្ងៃ ។ (គួរកត់សម្គាល់ថា ជីវិតខ្ញុំជួបបញ្ហានិងឧបស័គ្គជាប្រចាំដូចមនុស្សដទៃដែរ) ។
ថ្មីៗនេះ ខ្ញុំបានអានអត្ថបទមួយស្តីអំពីការហាត់ប្រាណផ្លូវចិត្ត ឬហាត់ប្រាជ្ញ ដែលអ្នកគ្រូ ប៉ែន សេដ្ឋារិន បកប្រែពីភាសាជប៉ុនមកជាភាសាខ្មែរ (សូមមើលខ្លឹមសារពិស្តារនៃអត្ថបទនោះដែលខ្ញុំ ស៊ារផ្សាយបន្ត នៅខាងក្រោម) ។ ខ្លឹមសារសង្ខេបនៅក្នុងអត្ថបទនោះគឺថា ដើម្បីហាត់ប្រាជ្ញគឺយើងត្រូវធ្វើដូចម្តេចឲ្យចិត្តមានភាព "រំភើបរីករាយ" ជាប្រចាំ ។ ជាប្រចាំនៅទីនេះគឺអាច រៀងរាល់ថ្ងៃ រៀងរាល់សប្តាហ៍ ឬរៀងរាល់ខែ ។ ខ្ញុំយកដំបូន្មានឬការអះអាងនេះមកពិចារណាជាមួយនឹងវិធី "ហាត់ប្រាជ្ញ" របស់ខ្ញុំដែលផ្តោតលើការតម្កល់ចិត្តឲ្យ "ល្ហែ" ជាប្រចាំ ។ បើយើងពិនិត្យឲ្យល្អិតបន្តិច ល្ហែ គឺជាបុរេភាវៈទៅកាន់ភាពរំភើបរីករាយ (Precondition toward the state of excitement and happiness) ។ ដូច្នេះ ការហាត់ប្រាជ្ញដោយតម្កល់ចិត្តឲ្យល្ហែ គឺមិនទាន់ពេញលេញ ឬត្រឹមត្រូវទេ ។
វាហាក់ដូចជាគ្មានអ្វីពិបាកយល់ឡើយ ។ ដែលហៅថាហាត់ប្រាណ និង ហាត់ប្រាជ្ញ គឺចាំបាច់ត្រូវតែមានស្វ័យសកម្មភាពនៅក្នុងនោះ (Self-activity) ។ យើងមិនអាចទៅឈរមើលគេហាត់ប្រាណហើយចាត់ទុកថា យើងបានហាត់ប្រាណដែរនោះទេ ។ ដូចគ្នាដែរ យើងមិនអាចអង្គុយស្តាប់ចម្រៀង ឬមើលគេច្រៀង ហើយចាត់ទុកថាយើងបានច្រៀងនឹងគេដែរនោះទេ ។ ចំណុចមួយទៀតដែលមនុស្សជាច្រើនយល់ខុសគឺថា ការងារដោយប្រើឋាមពលផ្លូវកាយក្តី ផ្លូវចិត្តក្តី គឺអាចយកមកជំនួសឲ្យការហាត់ប្រាណនិងហាត់ប្រាជ្ញ ។ ខុសទាំងស្រុង! រែកទឹកស្រោចស្ពៃ ឬជញ្ជូនឥដ្ឋធ្វើសំណង់ មិនមែនជាការហាត់ប្រាណឡើយ ។ រៀបចំមេរៀនបង្រៀនសិស្ស និងច្រៀងអាយៃធ្វើឲ្យគេសើចក្អាកក្អាយក្នុងពិធីកាត់សក់មង្គលការ ក៏មិនមែនជាការហាត់ប្រាជ្ញដែរ ។ និយាយឲ្យខ្លី សកម្មភាពដែលស្ថិតក្រោមសម្ពាធពីកត្តាខាងក្រៅ គឺមិនមែនជាការហាត់ប្រាណឬហាត់ប្រាជ្ញទេ ។ ហាត់ប្រាណនិងហាត់ប្រាជ្ញ ក្នុងភាវៈដ៏បរិសុទ្ធបំផុត (In its purest form) គឺត្រូវមានកត្តាលំហែ ឬល្ហែ ជាគោល ។
កម្ម ឬសកម្មភាពមានបីដែលប្រព្រឹត្តិទៅដោយ៖ កាយ វាចា និង ចិត្ត ។ ហាត់ប្រាជ្ញគឺជាសកម្មភាពពាក់ព័ន្ធនឹងចិត្ត ។ ឯវាចាគឺជាសកម្មភាពមួយដែលបម្រើផលប្រយោជន៍ឲ្យកាយផង ឲ្យចិត្តផង ។ ចិត្តគឺជាសភាវមួយដែលភាសាអង់គ្លេសហៅថា Abstract ។ វាគ្មានរូបរាងឲ្យយើងមើលយល់ពាល់ត្រូវទេ ។ ឥឡូវយើងងាកទៅពិចារណាអំពីការអះអាងថា ភាវៈរំភើបរីករាយ គឺជាការហាត់ប្រាជ្ញ ឬហាត់ប្រាណផ្លូវចិត្តវិញម្តង ។ តើវាសមហេតុផលឬត្រឹមត្រូវទេ ។ បើត្រឹមត្រូវ តើយើងត្រូវហាត់ប្រាជ្ញដោយវិធីឬរបៀបណា ។ តាមការយល់ឃើញរបស់ខ្ញុំ វិធីហាត់ប្រាជ្ញគឺស្ថិតនៅលើគោក ហើយងាយស្រួលជាងហាត់ប្រាណទៅទៀត ។ នរណាក៏មានសមត្ថភាពអាចហាត់ប្រាជ្ញបានដែរ បើត្រឹមតែធ្វើឲ្យចិត្តរំភើបរីករាយនោះ ។ ឯចិត្តដែលរំភើបរីករាយ នរណាក៏ធ្លាប់ចួបប្រទះ ឬមានបទពិសោធដែរ ។ អ្វីជាកត្តាដែលយើងត្រូវធ្វើ គឺបង្កឲ្យមានចិត្តរីករាយជាប្រចាំ ។
មនុស្សគ្រប់ៗរូបកើតមក មានទេពកោសល្យឬឧបនិស្ស័យពីរមកជាមួយ ។ ទីមួយគឺយើងចេះ យំ ។ ទីពីរគឺយើងចេះ សើច ។ វាជាបដិភាវៈភ្លោះដែលយើងហៅដោយសាមញ្ញថា សុខ និង ទុក្ខ ។ ការហាត់ប្រាជ្ញដែលផ្តោតលើភាពរំភើបរីករាយ គឺស្ថិតនៅក្នុងភាវៈ សុខ ឬ សើច ។ ដូច្នេះ ជំហានទីមួយគឺយើងត្រូវប្តូរផ្នត់គំនិតពី "មានរូបមានទុក្ខ" ឲ្យទៅជា "មានរូបមានសុខ" (គិតវិជ្ជមាន, Positive thinking) ។ ត្រឹមតែការគិតវិជ្ជមាននេះ ក៏នាំយើងឲ្យធ្លាក់ចូលទៅក្នុងគន្លងផ្លូវហាត់ប្រាជ្ញរួចទៅហើយ ។ អ្វីដែលនៅសល់គឺសកម្មភាព ។ សកម្មភាពដែលអាចញ៉ាំងឲ្យចិត្តរីករាយមានច្រើន ។ ប៉ុន្តែ សកម្មភាពដ៏ល្អបរិសុទ្ធនិងមានសុខសុវត្ថិភាពបំផុតសម្រាប់ញ៉ាំងឲ្យចិត្តរីករាយគឺ ច្រៀង ។ ច្រៀងក៏ជាឧបនិស្ស័យកើតមកជាមួយនឹងជីវិតមនុស្សដែរ គ្រាន់តែភាពខ្មាសអៀនបានបង្ខំឲ្យយើងកប់វាចោលទៅ លើកលែងតែមនុស្សមួយចំនួនដែលយកឧបនិស្ស័យនេះមកធ្វើជាមុខរបរចិញ្ចឹមជីវិត ។
ហាត់ប្រាជ្ញតាមវិធីច្រៀងកំសាន្ត គឺជាអ្វីដែលខ្ញុំនឹងពណ៌នានៅទីនេះ ។ ខ្ញុំបានស្រាវជ្រាវស្វែងយល់និងអនុវត្តិអស់កាលបួនប្រាំខែកន្លងមកហើយ ។ អ្វីៗមិនលំបាកណាស់ណាទេ ។ សម្រាប់អ្នកដែលចាប់អារម្មណ៍ជាមួយនឹងការហាត់ប្រាជ្ញប្រភេទនេះ ខ្ញុំនឹងពន្យល់លម្អិតនៅផ្នែកខាងក្រោម ។ នៅក្នុងវិស័យសិល្បៈចម្រៀង មានទម្រង់មួយដែលដែលមនុស្សទូទាំងពិភពលោកស្គាល់គឺ ការ៉ាអូឃេ ។ ចម្រៀងការ៉ាអូឃេនេះ ត្រូវបានបង្កើតឡើងជាងកន្លះសតវត្សរ៍មកហើយ ។ សព្វថ្ងៃវាបានវិវត្តិទៅរស់នៅក្នុងប្រព័ន្ធភាពយន្តអុីនថឺណិត ដែលយើងស្គាល់គ្រប់គ្នាថា យូធ្យូប (Youtube) ។ វាជាទម្រង់សិល្បៈចម្រៀងមួយបែប ដែលអនុញាតិឲ្យមនុស្សច្រៀងឆ្លើយឆ្លងគ្នា ដោយមិនចាំបាច់មានដៃគូផ្ទាល់ឡើយ (No real physical partner) ។
ហាត់ប្រាជ្ញដោយវិធីច្រៀងកំសាន្តនៅក្នុងយូធ្យូប គឺត្រូវមានឧបករណ៍និងសម្ភារៈ ។ ឧបករណ៍ហាត់ប្រាជ្ញដែលជាទម្រង់ចម្រៀងការ៉ាអូឃេនោះ យើងមានហើយនៅក្នុងប្រព័ន្ធអុីនថឺណិត យូធ្យូប ។ អ្វីដែលយើងត្រូវការគឺម៉ាសុីនច្រៀងការ៉ាអូឃេ ។ បច្ចុប្បន្ន ម៉ាសុីនទាំងនេះមានលក់នៅលើទីផ្សារមិនខ្វះទេ ។ ម៉ាសុីនច្រៀងការ៉ាអូឃេខ្លះមានប្រព័ន្ធ ប៊្លូធូត (Bluetooth) ដែលយើងអាចស្ពាយតាមខ្លួនយកទៅប្រើនៅទីណាក៏បានដែរ មិនចាំបាច់មានខ្សែរតរណេងរណោងឡើយ ។ សម្រាប់ខ្ញុំដែលជាមនុស្សបុរាណហើយមិនសូវធូរធា ខ្ញុំទៅរកទិញសម្ភារៈច្រៀងការ៉ាអូឃេអំពីហាងលក់អីវ៉ាន់ជជុះមួយ ។ ខាងក្រោមគឺជារូបភាពសម្ភារៈច្រៀងការ៉ាអូឃេរបស់ខ្ញុំ ។ ខ្ញុំចំណាយប្រាក់ ៣០ដុល្លារលើទូរទស្សន៍ ។ ១០ដុល្លារ សម្រាប់ម៉ាសុីនច្រៀងការ៉ាអូឃេ ។ ១៥ដុល្លារ សម្រាប់មេក្រូហ្វូនមួយគូ និង ៤០ដុល្លារទៅលើអង់តែន ហ្វាយអឺស្ទីក (Firestick) សម្រាប់តភ្ជាប់ទូរទស្សន៍ទៅនឹងប្រព័ន្ធអុីនថឺណិត ។ សរុបទាំងអស់មិនដល់ ១០០ដុល្លារទេដើម្បីមានសម្ភារៈហាត់ប្រាជ្ញ ។ ចំណែកឧបករណ៍បទចម្រៀងនៅក្នុងយូធ្យូប គឺយើងប្រើដោយសេរី ។ គ្មានចាំបាច់បង់លុយកាក់អ្វីទេ ។ គួរកត់សម្គាល់ថា ផលិតករដែលផលិតបទចម្រៀងដាក់នៅក្នុងយូធ្យូបនោះ គេបន់ឲ្យតែយើងចូលទៅប្រើវេបសាយ ឬ ឆាណែល (Channel) របស់គេទេដើម្បីទទួលបានទិន្នន័យ ។ វាប្រៀបបាននឹងប៉ុស្តិ៍ទូរទស្សន៍ដែរ ។ កាលណាមានមនុស្សទស្សនាច្រើន ម្ចាស់ប៉ុស្តិ៍នឹងទទួលបានកម្រៃច្រើនតាមរយៈការផ្សាយពាណិជ្ជកម្ម ។
ច្រៀងកំសាន្ត ។ ថ្វីដ្បិតតែយើងគ្រប់គ្នាមានឧបនិស្ស័យនេះពីកំណើត យើងមិនអាចយកវាមកប្រើប្រាស់ដោយគ្មានការហ្វឹកហាត់បានទេ ។ ហេតុផលគឺដោយសារតែភាពខ្មាសអៀនបានញ៉ាំងឲ្យយើង កប់ចំណេះជំនាញពីកំណើតនេះទុកចោលរាប់សិបឆ្នាំមកហើយ ។ ប៉ុន្តែ សមត្ថភាពច្រៀងរបស់យើងម្នាក់ៗអត់រលុបរលាយទៅណាទេ ។ យើងឆ្កឹះតែឧបសគ្គខ្មាសអៀនចេញ វានឹងលូតលាស់ចេញមកវិញដោយឯកឯង ។ នៅក្នុងវិស័យសិល្បៈចម្រៀងនិងតន្ត្រីសម័យ (Modern Music) មានគោលការណ៍សាកលមួយដែលភាសាអង់គ្លេសហៅថា Cadence ឬ កាដង់ ។ ខ្មែរយើងហៅកាដង់ភ្លេង ឬណោតភ្លេង ។ ក្នុងមួយកាដង់គេកំណត់ជាចំនួនមាន ៨ ដែលតំណាងដោយតួអក្សរ A B C D E F G (A) ។ អក្សរទាំង ៨ នេះបន្លឺជាសូរថា៖ ដូ រ៉េ មី ហ្វា សុល ឡា សុី ដូ ។ គួរកត់សម្គាល់ថា សម្លេង ដូ មានពីរដង ។ គេហៅ ដូ ទាំងពីរនេះថា ដូ ទាប និង ដូ ខ្ពស់ ឬ សម្លេងធូរ និង សម្លេងតឹង ។ ដូ ទាបមានប្រភពសម្លេងចេញពីតម្បារពោះផ្នែកខាងក្រោម ។ ដូ ខ្ពស់មានប្រភពសម្លេងនៅលើថ្ងាស ។ សម្លេងពីដូទាបទៅដូខ្ពស់ មានសណ្ឋានដូចឡើងកាំជណ្តើរ ។ ឯការច្រៀងក៏មានសណ្ឋានដូចឡើងចុះកាំជណ្តើរដែរ ។ សម្លេងយើងត្រូវស្ថិតក្នុងស្ថានភាព ពីទាបទៅខ្ពស់ ឬពីធូរទៅតឹង និង ពីតឹងមកធូរ ចុះឡើងៗ ។ គួរកត់សម្គាល់ថា តួអក្សរភ្លេងនីមួយៗ គេអាចបំបែកវាជាផ្នែកតូចៗមានចំនួន ២ ឬ ៤ ថែមទៀត ។ គេរាប់កាដង់ភ្លេងដោយ ខណៈចិត្ត និងប្រើត្រចៀកសម្រាប់រាប់ ។ ចំណុចដកឃ្លាឬបង្អូសនៅក្នុងសម្លេងច្រៀងនិងសម្លេងឧបករណ៍ភ្លេង ក៏គេរាប់បញ្ចូលនៅក្នុងចំនួននៃកាដង់ដែរ ។ ខ្ញុំមិនដឹងថា ១ ខណៈចិត្ត មានប្រវែងប៉ុន្មានទេ ។ ប៉ុន្តែ វាហាក់ដូចជាមានទំនាក់ទំនងជាមួយនឹងដង្ហើមចេញចូលរបស់យើង ។ ខ្ញុំធ្លាប់សួរមិត្តម្នាក់ដែលជាអ្នកលេងហ្គីតានៅក្នុងក្រុមតន្ត្រីអង្កាច់អង្កោចមួយអំពីប្រការ ថាតើធ្វើដូចម្តេចទើបដឹងថាវេលាណាដល់វេនយើង និងពេលណាត្រូវផ្ទេរតួនាទីទៅឲ្យអ្នកផ្សេង ។ គាត់ប្រាប់ខ្ញុំថា ពេលប្រគុំតន្ត្រីយើងអត់ចាំបាច់ងាកមើលមុខគ្នាដើម្បីបញ្ជាក់ថា ដល់វេនយើងឬដល់វេនគេនោះទេ ។ យើងអាចស្តាប់ដឹងថា នេះជាវេនរបស់យើង ។ នោះជាវេនរបស់គេ ។ ដូច្នេះ នៅក្នុងការច្រៀងក៏ដូចជាប្រគុំតន្ត្រីដែរ គឺយើងនិយាយនឹងត្រចៀក ឬ ប្រើត្រចៀកសម្រាប់ប្រាស្រ័យទាក់ទងគ្នា ។ ចំណុចណោតនិងកាដង់ភ្លេងខាងលើនេះ គ្រាន់តែជាលក្ខណៈបច្ចេកទេសតែប៉ុណ្ណោះ ។ សម្រាប់យើងដែលជាអ្នកច្រៀងកំសាន្តដើម្បីហាត់ប្រាជ្ញ ទោះមិនយល់សុីជម្រៅក៏មិនថ្វីដែរ ដ្បិតយើងអាចសុីពែសម្លេងឧបករណ៍ភ្លេង ។ សម្លេងឧបករណ៍មួយដែលយើងអាចយកមកធ្វើជាបង្អែកដើម្បីច្រៀងហាត់ប្រាជ្ញគឺ ស្គរ ។ វាស្ទើរតែមិនបាច់មាននរណាប្រាប់យើងទេថា ស្គរគឺជាសសរទ្រូងឬឆ្អឹងខ្នងនៃការប្រគុំតន្ត្រី ។ យើងរាំកំសាន្ត ក៏រាំតាមចង្វាក់ស្គរដែរ ដ្បិតសម្លេងស្គរនេះហើយជាអ្នកចាត់ចែងកាដង់ភ្លេង ។ ដូច្នេះ សម្រាប់មនុស្សដំឡូងមូលដែលរៀនច្រៀង ឬរាំ យើងអាចយកសម្លេងស្គរមកធ្វើជាគោលដើម្បីអនុវត្តិបានយ៉ាងងាយ ។ នៅក្នុងការស្តាប់កាដង់ភ្លេង ដែលមានសម្លេងឧបករណ៍ជាច្រើនប្រគុំចម្រុះគ្នានោះ យើងគួរផ្តោតទៅលើសម្លេងពីរដែលមានសូរ ទូងក្លក់ៗ ។ វាជាសម្លេងស្គរនិងត្រដោក ដែលអ្នកប្រគុំឧបករណ៍នេះផ្តល់ជាសញ្ញាកាដង់ឲ្យយើងច្រៀង ។ នៅដើមឃ្លានៃបទចម្រៀងនីមួយៗ ជាទូទៅគឺមានសម្លេងស្គរជាអ្នកផ្តល់សញ្ញាឲ្យយើងចាប់ផ្តើមច្រៀង ។ ខ្ញុំនិយាយអំពីកាដង់ភ្លេងនេះច្រើនបន្តិចហើយ ដ្បិតវាជាកត្តាសំខាន់បំផុតនៅក្នុងការហាត់ប្រាជ្ញ ។ បើយើងមិនអាចច្រៀងឲ្យត្រូវកាដង់ភ្លេងទេ យើងគ្មានលទ្ធភាពនឹងហាត់ប្រាជ្ញដោយវិធីច្រៀងកំសាន្តឡើយ ។
និយាយអំពីឧបករណ៍ហាត់ប្រាជ្ញវិញម្តង ។ នៅក្នុងយូធ្យូប មានចម្រៀងការ៉ាអូឃេឆ្លងឆ្លើយស្រីប្រុសរាប់រយ ដែលផលិតដោយសិល្បៈករជាច្រើនក្រុម ។ យើងគ្រាន់តែសរសេរពាក្យ៖ khmer karaoke songs sing along នៅក្នុងប្រព័ន្ធយូធ្យូប វានឹងលោតចេញមករាប់មិនអស់ទេ ។ មានឆាណែលចម្រៀងការ៉ាអូឃេចំនួនបីដែលខ្ញុំពេញចិត្តជាងគេ ដ្បិតវាងាយស្រួលក្នុងការហាត់ច្រៀងក៏ដូចជាច្រៀងកំសាន្តដែរ ។ ទីមួយគឺឆាណែលរបស់លោក Kim Darem ដែលមានអ្នកចម្រៀងស្រីឈ្មោះ ស្រីឡឹង ជាអ្នកច្រៀងឆ្លងឆ្លើយ ។ ស្ត្រីដែលមានសម្លេងស្រួយស្រែះ ច្រៀងឆ្លងឆ្លើយជាមួយនឹងខ្ញុំក្នុងវីឌីអូខាងក្រោមគឺជាស្រីឡឹងហើយនុង ។ សម្លេងគាត់មិនត្រឹមតែច្បាស់ល្អទេ ថែមទាំងដូចសំនៀងដើមរបស់ម្ចាស់ចម្រៀងនានាទៀតផង ។ នៅក្នុងភាសាអង់គ្លេសមានពាក្យមួយហៅថា៖ Familiarity (ធ្លាប់ឮ ឬ ឃើញ) ។ កត្តាធ្លាប់ឮនេះហើយដែលជួយឲ្យយើងហាត់ច្រៀងបានលទ្ធផលល្អ ។ ទីពីរគឺឆាណែលឈ្មោះ ភូមិរីករាយ ដែលសម្បូរទៅដោយបទចម្រៀងរបស់លោក សុីន សុីសាមុត ។ ទីបីគឺឆាណែលរបស់ Mrr. Sokha ។ នៅមានឆាណែលជាច្រើនផ្សេងទៀតសម្រាប់បម្រើតម្រូវការចម្រៀងការ៉ាអូឃេ ។
មុននឹងយើងហាត់ប្រាជ្ញ ឬហាត់ប្រាណផ្លូវចិត្ត គប្បីយល់អំពីសភាវនៃចិត្តជាមុនសិន ។ ចំណុចសំខាន់បំផុតដែលយើងត្រូវដឹងគឺថា គ្មានអ្វីពិបាកផ្គាប់ជាង "ចិត្ត" នោះទេ ។ សូម្បីតែបុគ្គលដែលជាម្ចាស់ចិត្ត ក៏ពេលខ្លះផ្គាប់ចិត្តខ្លួនឯងមិនត្រូវដែរ ។ ដូច្នេះ ការហាត់ប្រាជ្ញ ថ្វីដ្បិតតែងាយស្រួលជាងហាត់ប្រាណ យើងមិនគួរប្រមាទឬធ្វេសប្រហែសឡើយ ។ ហាត់ប្រាជ្ញក៏ដូចជាហាត់ប្រាណដែរ វាជាការអនុវត្តិអស់មួយជីវិត ឬរហូតដល់ដង្ហើមចុងក្រោយ ។ ដូច្នេះ ដើម្បីជៀសវាងការនឿយណាយចិត្តជាមួយនឹងសកម្មភាពច្រៀងហាត់ប្រាជ្ញ យើងគប្បីប្រើយុទ្ធសាស្ត្រខ្លះៗដើម្បីគ្រុបគ្រងចិត្ត ។ សម្រាប់ខ្ញុំ ខ្ញុំច្រៀងហាត់ប្រាជ្ញតែពីរដងទេ ក្នុងមួយអាទិត្យ គឺនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ។ ខ្ញុំភ្ជាប់សកម្មភាពនេះជាមួយនឹងកិច្ចការផ្ទះរបស់ខ្ញុំ ។ ក្នុងមួយអាទិត្យយើងមានខោអាវត្រូវបោកគក់ពីពីរទៅបួនម៉ាសុីន ។ គក់ខោអាវមួយម៉ាសុីនត្រូវចំណាយពេល ៣៣នាទី ។ ហាលខោអាវក្នុងម៉ាសុីនសម្ងួតត្រូវចំណាយពេលមួយម៉ោងក្នុងមួយម៉ាសុីន ។ ដូច្នេះ អំឡុងពេលបោកគក់ខោអាវនេះ យើងអាចច្រៀងកំសាន្តហាត់ប្រាជ្ញបានយ៉ាងហោចណាស់ក៏ ៤ ឬ ៥ ម៉ោងដែរ ។ ថ្ងៃខ្លះទំនេរនិងមិនសូវធុញទ្រាន់ ខ្ញុំច្រៀងមួយថ្ងៃទល់ល្ងាច ។ ទោះជាយ៉ាងក៏ដោយ ខ្ញុំកំណល់កាលវិភាគហាត់ប្រាណនិងហាត់ប្រាជ្ញរបស់ខ្ញុំនៅក្នុងរង្វង់អប្បរមា ៥ម៉ោងក្នុងមួយអាទិត្យ ។ ខ្ញុំធ្វើដូច្នេះដើម្បីជៀសវាងភាពធុញទ្រាន់ចិត្តផង និងរក្សាតុល្យភាពពេលវេលាហាត់ប្រាណនិងហាត់ប្រាជ្ញផង ។ រៀងរាល់ថ្ងៃ ខ្ញុំធាក់កង់នៅមួយកន្លែងចន្លោះពី ៤០នាទីទៅ១ម៉ោង ។ អំឡុងពេលហាត់ប្រាណនេះ ខ្ញុំឆ្លៀតមើលឬស្តាប់បទចម្រៀងនានានៅក្នុងយូធ្យូបដើម្បីចំណាំទំនុកច្រៀងផ្សេងៗ ។
យើងគួរចាប់ផ្តើមច្រៀងហាត់ប្រាជ្ញជាមួយនឹងបទចម្រៀងណាដែលយើងចេះចាំស្ទាត់ ចូលចិត្ត នឹងធ្លាប់លួចច្រៀងលេងកំសាន្តពីមុនមក ។ ជ្រើសយកបទចម្រៀងណាដែលងាយស្រួលមកច្រៀងមុនគេ ។ បន្ទាប់មក ច្រៀងបទដែលមានភាពស្មុគស្មាញខ្ពស់បន្តិចម្តងៗ ។ ត្រូវរៀននិងចងចាំទំនុកច្រៀងឲ្យបានយ៉ាងហោចណាស់ក៏ ១០០ បទដែរ ។ ធ្វើដូច្នេះ យើងអាចច្រៀងវិលជុំ ចៀងវាងច្រៀងបទច្រំដែលៗ ដែលនាំឲ្យចិត្តឆាប់ធុញទ្រាន់ ។ មិនត្រូវខ្វាយខ្វល់នឹងសម្លេងមិនពីរោះរបស់យើងពេកទេ ។ ធ្វើម្តេចច្រៀងឲ្យត្រូវកាដង់ទៅបានហើយ ។ ត្រូវចាំថា យើងហ្វឹកហាត់ច្រៀងដើម្បីហាត់ប្រាជ្ញ ។ មិនមែនត្រៀមខ្លួនទៅប្រឡងក្នុងកម្មវិធី Cambodia Idol ឡើយ ។ ទោះមិនប្រឡងក៏ដោយ ក៏ត្រូវធ្វើតេស្តខ្លួនឯងដែរ ។ បន្ទាប់ពីហ្វឹកហាត់បានមួយរយៈ គប្បីជ្រើសរើសបទចម្រៀងណាមួយដែលយើងចងចាំស្ទាត់ ហើយបិទភ្នែកច្រៀងដោយប្រើតែត្រចៀកស្តាប់កាដង់ភ្លេង ។ ដាក់ម៉ាសុីនថតសម្លេង ឬអាយហ្វូន ថតការច្រៀងធ្វើតេស្តនោះដើម្បីស្តាប់សាឡើងវិញ ។ បើស្តាប់ទៅឃើញថា យើងច្រៀងបានត្រឹមត្រូវគួរសមតាមកាដង់ភ្លេងហើយ យើងនឹងអាចហាត់ប្រាជ្ញអស់មួយជីវិតចាប់ពីពេលនេះតទៅ ។ បទ ចិត្តបងរំពឹង ឬ រៀនរាំ ឆា ឆា ឆា ខាងក្រោមគឺជាការធ្វើតេស្តរបស់ខ្ញុំ ។ ខ្ញុំបិទភ្នែកច្រៀងឆ្លងឆ្លើយជាមួយនឹង ស្រីឡឹង ចំនួនបីដងទម្រាំទទួលបានលទ្ធផលដូចនៅក្នុងវីឌីអូគ្លីបនេះ ។ ក្រៅអំពីសម្លេងច្រៀងឆ្លងឆ្លើយគ្នាខ្លីៗ ដែលខ្ញុំដាក់នៅខាងក្រោមអត្ថបទនេះ ខ្ញុំក៏បានបង្ហាញនូវរូបភាពខ្ញុំច្រៀងការ៉ាអូឃេដែរ ។ គ្មានអ្វីល្អមើលទេ សម្រាប់មនុស្សវ័យជ្រេរ សក់ស្កូវព្រោង ស្បែកជ្រីវជ្រួញ មុខស្រួចដូចសត្វបង្កួយ បបូមាត់ស្ពេះដូចត្រីកំពត មកឈរច្រៀងការ៉ាអូឃេនោះ ។ ប្រការនេះ គ្មាននរណាអាចដឹងបានឡើយ ដរាបណាយើងមិនថតបង្ហោះវានៅក្នុងហ្វេសប៊ុក ។ សូម្បីតែមនុស្សដែលយើងច្រៀងឆ្លើយឆ្លងជាមួយនោះ ក៏មិនអាចដឹងបានដែរ ។ សម្លេងយើង មិនអាចធ្វើដំណើរបញ្ច្រាសទិសទៅកាន់ប្រភពដែលយើងឆ្លើយឆ្លងជាមួយនោះទេ ។ ក្រៅអំពីប្តីប្រពន្ធកូន ឬមនុស្សដែលរស់នៅក្នុងផ្ទះជាមួយយើង គ្មាននរណាអាចដឹងអំពីប្រការដែលយើងច្រៀងការ៉ាអូឃេដើម្បីហាត់ប្រាជ្ញឡើយ ។ អ្វីដែលជាផាសុកភាពវិសេសបំផុតនោះ គឺយើងអាចហាត់ប្រាជ្ញនៅពេលណាក៏បានដែរ មិនចាំបាច់ចេញពីផ្ទះទេ ។
មុននឹងបញ្ចប់អត្ថបទដ៏វែងអន្លាយនេះ ខ្ញុំសូមលើកយកសំណួរមួយមកចោទ និងផ្តល់ជាចម្លើយ ។ តើយើងហាត់ប្រាណនិងហាត់ប្រាជ្ញ ដើម្បីអ្វី? ចម្លើយតែមួយគត់គឺ៖ គុណភាពជីវិត (Quality of Life) ។ ដែលហៅថាគុណភាពជីវិត គឺសំដៅដល់លទ្ធភាពរស់នៅរហូតដល់ដង្ហើមចុងក្រោយ ដោយមិនចាំបាច់អំពល់ទុក្ខដល់អ្នកដទៃ ។ និយាយឲ្យងាយយល់គឺយើងអាចដើរ និង ធ្វើកិច្ចការនានាដោយខ្លួនឯងបានរហូតដល់ដំណាក់កាលចុងក្រោយនៃជីវិត ។ មនុស្សគ្រប់រូបដែលកំពុងអានអត្ថបទនេះ សុទ្ធតែធ្លាប់ឃើញ ឬដឹង អំពីកត្តាពីរយ៉ាងដែលមនុស្សចាស់ភាគច្រើនជួបប្រទះ នៅដំណាក់កាលចុងក្រោយនៃជីវិត ។ ទីមួយគឺដើរលែងរួច (Disable) ។ ទីពីរគឺភ្លេចភ្លាំង ឬវង្វេងវង្វាន់ (Dementia) ។ ទម្រង់វង្វេងវង្វាន់ដ៏ល្បីល្បាញជាងគេគឺ Alzheimer's disease ។ ដូច្នេះ ការហាត់ប្រាណនិងហាត់ប្រាជ្ញ គឺដើម្បីជៀសវាង ឬកាត់បន្ថយវិបត្តិទាំងពីរនេះឯងនៅក្នុងដំណើរជីវិត ។ មួយពាក់ព័ន្ធនឹងសុខភាពផ្លូវកាយ ។ មួយទៀតពាក់ព័ន្ធនឹងសុខភាពផ្លូវចិត្ត ។
ចុងក្រោយបំផុតគឺភាពខ្មាសអៀន ។ ខ្ញុំសូមនិយាយដោយត្រង់ជាទីបំផុតថា ខ្ញុំខ្មាសប្រពន្ធកូនខ្ញុំដូចជាអ្នកដទៃដែរ ។ នៅលើលោកនេះប្រហែលជាគ្មាននរណាអៀនប្រៀនដូចខ្ញុំទេ ។ កាលពីក្មេង ខ្ញុំមិនដែលហ៊ានញ៉ាំនំចំណីនៅក្នុងផ្សារ ឬទីសាធារណៈឡើយ ដ្បិតបើមាននរណាម្នាក់មើលមកខ្ញុំ ខ្ញុំអៀនមាត់លេបចំណីលែងចូលហើយ ។ អ្វីដែលខ្ញុំរៀនចេញអំពីចំណុចខ្សោយនៅក្នុងជីវិតខ្ញុំនេះគឺថា ភាពខ្មាសអៀនក៏ដូចជាភ័យខ្លាចដែរ វាមិនមែនជាឧបស័គ្គដែលយើងមិនអាចជម្នះបានឡើយ ៕
Friday, February 17, 2023
ចំណីខួរក្បាល
ត្រីមួយតម្បុតពីរ
បច្ចុប្បន្ន យើងឃើញមានពលរដ្ឋខ្មែរជាច្រើនបានធ្វើអន្តោប្រវេសន៍ ទៅរស់នៅក្នុងប្រទេសនានាដូចជា សហរដ្ឋអាមេរិក បារាំង កាណាដា និង អូស្ត្រាលី ជាដើម ។ល។ ការចូលទៅរស់នៅក្នុងប្រទេសថ្មី យើងរមែងប្រឹងប្រែងរៀនអំពីភាសា វប្បធម៌ និងរបៀបរបបរស់នៅ ទៅតាមសមត្ថភាពនិងលទ្ធភាពរៀងៗខ្លួន ។ ជាមួយគ្នានេះដែរ យើងក៏ព្យាយាមថែរក្សាភាសា វប្បធម៌ និង ទំនៀមទម្លាប់ដែលយើងធ្លាប់មានពីមុនមក ។ ការព្យាយាមរស់ជាមួយនឹងវប្បធម៌ពីរនេះ គឺមិនខុសអំពីជិះទូកពីរនោះទេ ។ អ្នកជិះគប្បីស្វែងរកលំនឹងមួយដើម្បីរក្សាតុល្យភាព ។
ការថែរក្សាទំនៀមទម្លាប់និងវប្បធម៌កំណើតរបស់ជនអន្តោប្រវេសន៍ គ្មានអ្វីទាស់ខុសឡើយ ។ ក៏ប៉ុន្តែ អ្វីដែលជារឿងទាស់ខុសនោះ គឺការយកទំនៀមទម្លាប់វប្បធម៌របស់យើង ទៅឡូកឡំនៅក្នុងជីវិតរបស់មនុស្សជំនាន់ក្រោយ ។ ខ្ញុំជាមនុស្សម្នាក់ដែលធ្លាប់បានគិតថា ក្មេងដែលកើតនៅក្នុងគ្រួសាររក្សាវប្បធម៌ពីរ ទទួលបានសារប្រយោជន៍ច្រើន ដ្បិតយើងចេះនិយាយភាសាពីរ ស្គាល់វប្បធម៌ពីរ ជាដើម ។ល។ ចំណេះដឹងយើងគឺពីរដង (Double) នៃចំណេះដឹងរបស់អ្នកដែលកើតក្នុងគ្រួសារមានវប្បធម៌តែមួយ ។ ជំនឿនេះ បានជម្រុញឲ្យខ្ញុំត្រៀមនូវសម្ភារសិក្សាអក្សរសាស្ត្រខ្មែរមួយចំនួន សម្រាប់បង្រៀនកូនខ្ញុំដែលកើតនៅឯបរទេស ។ ប៉ុន្តែ បន្ទាប់ពីឆ្លងកាត់ការសិក្សានិងសង្កេតអំពីរបៀបរបបរស់នៅឯបរទេសជាច្រើនឆ្នាំ ខ្ញុំចាប់ផ្តើមមើលឃើញនូវអ្វីដែលជាផលវិបាកនៃការគិតរបស់ខ្ញុំ ។ ការជម្រុញ ឬលើកទឹកចិត្តក្មេងដែលកើតនៅក្រៅប្រទេសខ្មែរ ឲ្យរក្សាទំនៀមទម្លាប់ខ្មែរ ទោះត្រឹមតែរៀនភាសាក្តី គឺជាកត្តាដាក់បន្ទុកច្រើនជាងលើកស្ទួយ ។ វាមិនខុសអំពីឲ្យកូនស្លៀកខោជើងវែងពាក់អាវដៃវែង ទៅប្រកួតនៅក្នុងកីឡាហែលទឹកឡើយ ។
មុននឹងយើងសម្រេចឲ្យកូនដែលកើតនៅក្រៅប្រទេសខ្មែរ រៀនភាសាខ្មែរក៏ដូចជារក្សាវប្បធម៌ខ្មែរ យើងគួរសួរខ្លួនឯងនូវសំណួរដ៏សំខាន់មួយ ថាតើទៅថ្ងៃអនាគតកូនរបស់យើងនឹងត្រឡប់ទៅរស់នៅក្នុងស្រុកខ្មែរ ឬក៏នៅឯបរទេស ។ បើចម្លើយ "នៅឯបរទេស" មិនគួរឲ្យកូនរៀនភាសាខ្មែរបន្ថែមលើភាសាផ្លូវការដែលកូនត្រូវប្រើប្រចាំថ្ងៃឡើយ ។ ក្រៅអំពីគ្មានប្រយោជន៍ទៅថ្ងៃអនាគត វានឹងធ្វើឲ្យកូនយើងយឺតយ៉ាវក្នុងការចាប់យកភាពស្ទាត់ជំនាញ នៅក្នុងភាសាផ្លូវការដែលយើងត្រូវការប្រើប្រាស់ជាប្រចាំ ។ ចំណុចមួយដែលជាផលវិបាកសម្រាប់អ្នកចេះភាសាពីរ ឬក៏លើសពីពីរ គឺយើងតែងតែយកអ្វីដែលយើងរៀននៅក្នុងភាសាមួយ ទៅភ្ជាប់ជាមួយនឹងភាសាមួយទៀតជាប្រចាំ ។ ប្រការនេះកើតឡើងស្ទើរតែជាស្វ័យប្រវត្តិ ។ ការញែកអារម្មណ៍នេះហើយដែលធ្វើឲ្យយើងដើរយឺតជាងគេ ដ្បិតអាឡៃតែឈៀងទៅទាត់សំបកកំប៉ុងនៅក្បែរចិញ្ចើមថ្នល់ ។
ខ្ញុំចាប់ផ្តើមសង្កេតមើលភាពខុសគ្នា និងវិបត្តិនៃការប្រឹងរែកវប្បធម៌ពីរតាំងតែពីឆ្នាំទីមួយនៃការចូលមករស់នៅក្នុងសហរដ្ឋអាមេរិក ។ កាលនោះ ខ្ញុំមានឱកាសបានចូលរៀននៅវិទ្យាល័យនារយៈពេលពីរឆ្នាំចុងក្រោយ ។ ថ្វីដ្បិតតែវិសាលភាពនៃចំណេះដឹងរបស់ខ្ញុំធំគួរសមដែរ ខ្ញុំសង្កេតឃើញថា របៀបគិតរបស់ខ្ញុំនិងរបៀបគិតរបស់កូនសិស្សអាមេរិកាំង មិនសុីសង្វាក់គ្នាទេ ។ ភាពមិនសុីសង្វាក់គ្នានេះ គឺដោយសារតែខ្ញុំគិតតាមរបៀបដែលខ្ញុំធ្លាប់គិតពីមុនមក ។ ឧទាហរណ៍ដ៏សាមញ្ញមួយ ។ ទម្លាប់គោរពកោតខ្លាចគ្រូ ដែលយើងចាត់ទុកថាមានចំណេះដឹងខ្ពង់ខ្ពស់ជាងយើង បានធ្វើឲ្យខ្ញុំខ្លាចរអាមិនហ៊ានតស៊ូមតិជាមួយនឹងគ្រូឡើយ ។ ពេលឃើញកូនសិស្សអាមេរិកាំងតតាំងជជែកវែកញែកជាមួយនឹងគ្រូ ខ្ញុំតែងតែគិតថាសិស្សទាំងនោះក្រអឺតក្រទមបន្តិចហើយ ។ ធាតុពិត គ្មានអ្វីក្រអឺតក្រទម ឬ ឆ្គាំឆ្គងជាមួយនឹងការជជែកវែកញែងតតាំងជាមួយនឹងគ្រូទេ ។
ភាសាគឺជាយានមួយសម្រាប់បណ្តុះវប្បធម៌និងផ្នត់គំនិត ។ ក្រៅអំពីផ្តល់មធ្យោបាយឲ្យយើងប្រាស្រ័យទាក់ទងជាមួយនឹងមនុស្សជុំវិញខ្លួន វាក៏ជាមធ្យោបាយសម្រាប់សម្រិតសម្រាំងចំណេះដឹងរបស់យើងដែរ ។ សញ្ញាប័ត្ររបស់យើងអាចមានកម្រិតស្មើគ្នា ។ ក៏ប៉ុន្តែ ការយល់ដឹង ចំណេះជំនាញ និងភាពបុិនប្រសប់របស់យើងមិនស្មើគ្នាឡើយ ។ ខ្ញុំសូមលើកយកឧទាហរណ៍មួយដែលខ្ញុំបានសង្កេតជាច្រើនឆ្នាំ មកបរិយាយនៅទីនេះ ។ ខ្ញុំធ្លាប់អង្គុយសរសេររបាយការណ៍ឲ្យគណកម្មាធិការមួយរបស់វិទ្យាស្ថានវេជ្ជសាស្ត្រជាតិនៃសហរដ្ឋអាមេរិក (National Institute of Health, NIH) ពីរដងក្នុងមួយឆ្នាំអស់រយៈកាលជិត ២០ឆ្នាំ ។ តួនាទីនៃគណកម្មាធិការនោះ គឺវាយតម្លៃប្រធានគ្រុបគ្រងបន្ទីរពិសោធ ថាតើគួរផ្តល់តំណែងមួយជីវិត (Tenure) ដល់ប្រធានមន្ទីរណាមួយដែរឬទេ ។ គួរបញ្ជាក់ថាប្រព័ន្ធឋានានុក្រមនៅក្នុង NIH ស្រដៀងគ្នានឹងឋានានុក្រមរបស់សាស្ត្រាចារ្យនៅសាកលវិទ្យាល័យដែរ ដែលមាន ជំនួយសាស្ត្រាចារ្យ សាស្ត្រាចារ្យ និង សាស្ត្រាចារ្យមួយជីវិត (Tenure or Full Professor) ។ ឯនៅ NIH គឺមានជំនួយការស្រាវជ្រាវ អ្នកស្រាវជ្រាវ ប្រធានមន្ទីរស្រាវជ្រាវ និង ប្រធានមន្ទីរស្រាវជ្រាវអស់មួយជីវិត (Tenure Position) ។ មុននឹងទទួលបានការតែងតាំងជាប្រធានមន្ទីរស្រាវជ្រាវអស់មួយជីវិត ប្រធានមន្ទីរស្រាវជ្រាវនីមួយៗត្រូវសរសេររបាយការណ៍ និងធ្វើបទបង្ហាញជូនគណកម្មាធិការត្រួតពិនិត្យនិងវាយតម្លៃ ម្តងហើយម្តងទៀតជាច្រើនឆ្នាំ ។ អ្នកខ្លះចំណាយពេលបួនដប់ឆ្នាំឡើងមកធ្វើបទបង្ហាញ ក៏នៅតែមិនទទួលបានការតែងតាំងឲ្យធ្វើប្រធានមន្ទីរមួយជីវិតដែរ ។ មួយចំនួនតូចលះបង់ការប្រឹងប្រែង ហើយទៅធ្វើជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យវិញម្តង ។ តាមការសង្កេតក្រៅផ្លូវការរបស់ខ្ញុំ ក្នុងចំណោមប្រធានមន្ទីរពិសោធដែលព្យាយាមឈោងចាប់យកតួនាទីប្រធានមន្ទីរមួយជីវិត អ្នកដែលឆ្លងកាត់ការសិក្សានិងរស់នៅក្នុងបរិយាការប្រើភាសាតែមួយ ហាក់ដូចជាមិនសូវលំបាកក្នុងការពន្យល់គណកម្មាធិការអំពីកិច្ចការរបស់ខ្លួន ដូចអ្នកដែលរស់ក្នុងបរិយាការពហុភាសាទេ ។ នេះគឺជាប្រការមួយដែលធ្វើឲ្យខ្ញុំយល់ថា ពហុភាសាជាកត្តាអូសទាញឲ្យយើងចាញ់ប្រៀបគេ ។ កម្រិតនៃសញ្ញាប័ត្រស្មើគ្នា ។ កិច្ចការយើងអាចធ្វើបានដូចគ្នា ។ ក៏ប៉ុន្តែ ភាពបុិនប្រសប់របស់យើងក្នុងការនិយាយស្តីនិងសរសេរបទបង្ហាញ (Articulation) មិនស្មើគ្នាទេ ។ ភាពច្បាស់លាស់និងបុិនប្រសប់ក្នុងការសរសេររបាយការណ៍ និងធើ្វបទបង្ហាញដែលផ្អែកស្ទើរតែទាំងស្រុងនៅក្នុងភាសានិយាយ គឺជាកត្តាមួយនៃការសម្រេចជោគវាសនារបស់អ្នកវិទ្យាសាស្ត្រទាំងនោះ ។
មុននឹងបញ្ចប់ ខ្ញុំសូមងាកទៅមើលបុគ្គលល្បីៗមួយចំនួននៅក្នុងវិស័យសិក្សារបស់ខ្មែរវិញម្តង ។ លោក លី ធាមតេង លោក លាង ហាប់អាន និង លោក ឃុន ស្រ៊ុន ជាដើម ។ល។ បើមើលតាមឈ្មោះរបស់ពួកគាត់ គឺសុទ្ធសឹងតែជាកូនចៅចិន ។ ក៏ប៉ុន្តែ ពួកគាត់យល់ដឹងភាសានិងវប្បធម៌ខ្មែរច្បាស់លាស់ ស្ទើរតែលើសខ្មែរម្ចាស់ស្រុកទៅទៀត ។ និយាយឲ្យខ្លី គឺពួកគាត់ផ្តោតការសិក្សាតែទៅលើភាសានិងវប្បធម៌ខ្មែរ ដែលជាទីកំណើតនិងកន្លែងដែលពួកគាត់ត្រូវស្វែករកការងារ ក៏ដូចជាប្រកបរបរចិញ្ចឹមជីវិតតែប៉ុណ្ណោះ ។ បើត្រូវរៀនភាសាបរទេស ពួកគាត់រៀនភាសាបារាំងឬអង់គ្លេស ដើម្បីពង្រីកវិសាលភាពនៃចំណេះដឹងក្នុងគោលបំណងទ្រទ្រង់ការរស់នៅក្នុងប្រទេសខ្មែរ ។ មិនមែនភាសាចិន ដែលជាភាសារបស់បុព្វការីជនពួកគាត់ទេ ។ សរុបឲ្យខ្លី ដើម្បីអាំងត្រីមួយ យើងមិនចាំបាច់ប្រើតម្បុតពីរឡើយ ៕
Friday, February 3, 2023
ចំណីខួរក្បាល
សត្វធ្វើនយោបាយ និង នយោបាយសត្វធាតុ
មុនពេលគាត់ស្លាប់ទៅ ទស្សនវិទូជនជាតិក្រិចមួយរូបឈ្មោះ អារីស្តូត (Aristotle) បានបន្សល់ទុកនូវទិដ្ឋិមួយឲ្យមនុស្សជំនាន់ក្រោយយកទៅពិចារណា ។ គាត់ថា មនុស្សគឺជាសត្វដែលធ្វើនយោបាយ (Men are, by nature, political animals) ។ ចាប់តាំងពីបានឃើញពាក្យនេះជាលើកដំបូងរហូតមកដល់ពេលនេះ ខ្ញុំតែងតែពិចារណាថា ប្រសិនបើយើងយកពាក្យពីរម៉ាត់ចុងក្រោយមកប្តូរតួនាទីរបស់វាជា៖ animal politics វិញ យើងអាចនឹងទទួលបានអត្ថន័យត្រឡប់ធាតុមួយគឺ នយោបាយសត្វធាតុ ។
នៅក្នុងសម័យកាលលោក អារីស្តូត រស់នៅ មនុស្សភាគច្រើនចាត់ទុកទម្រង់នៃការអនុវត្តិនយោបាយជា សិល្បៈ ។ ក៏ប៉ុន្តែ ចំណេរក្រោយមក មនុស្សបានកែប្រែសិល្បៈនយោបាយឲ្យទៅជា ឧបករណ៍ ។ កាលណាយើងនិយាយអំពីឧបករណ៍ គឺយើងនិយាយអំពីសភាវមួយដែលមានសណ្ឋានជាកាំបិតមុខពីរ ។ វាអាចលើកស្ទួយជីវិតមនុស្ស ហើយក៏អាចបំផ្លាញ ឬ ជិះជាន់សង្កត់សង្កិនជីវិតមនុស្សដែរ ។ គឺការប្រែប្រួលពី សិល្បៈ ទៅជា ឧបករណ៍ នៃទ្រង់ទ្រាយនយោបាយនេះហើយ ដែលខ្ញុំយកពាក្យ សត្វធ្វើនយោបាយ និង នយោបាយសត្វធាតុ មកធ្វើជាប្រធានបទពិចារណា ។
ពេលជួបជជែកលេងជាមួយមិត្តភក្តិ មិនថាផ្ទាល់មុខឬក៏ក្នុងបណ្តាញ ហ្វេសប៊ុកឡើយ ប្រធានបទបីដែលជាចំណង់ចំណូលចិត្តរបស់ខ្ញុំគឺ ដំណើរជីវិត នយោបាយ និង ព្រះធម៌ ។ នយោបាយគឺជារឿងដែលខ្ញុំសង្កេតឃើញថា មនុស្សចូលចិត្តលើកយកមកជជែកច្រើនជាងគេ ទាំងអ្នកយល់ដឹងជ្រៅជ្រះ ទាំងអ្នកមិនដឹងម៉ុង្គលិង្គ ។ លោក អារីស្តូត ហៅមនុស្សថា ជាសត្វដែលធ្វើនយោបាយ ពិតជាត្រឹមត្រូវណាស់ ។ អ្វីដែលធ្វើឲ្យសម្តីលោក អារីស្តូត ត្រឡប់ធាតុ គឺមនុស្សកែប្រែខ្លួនឯងឲ្យទៅជាសត្វធាតុ ដើម្បីធ្វើនយោបាយ ។
នយោបាយបានវិវឌ្ឍជាមួយនឹងជីវិតមនុស្សអស់រយៈកាលរាប់ពាន់ឆ្នាំមកហើយ ។ តាំងតែពីដើមរៀងមក មានសភាវពីរដែលជាកត្តាប្រទាញប្រទងនាំឲ្យមនុស្សទាស់គ្នាក្លាយទៅជាសត្វធាតុនៅក្នុងការធ្វើនយោបាយ ។ សភាវទាំងពីរនេះគឺផ្នត់គំនិត សេរីនិយម និង ផ្តាច់ការនិយម ។ យើងអាចហៅផ្នត់គំនិតទាំងពីរនេះថា៖ សភាវល្អ និង សភាវអាក្រក់ (Good and Evil) ។ សភាវទាំងពីរនេះប្រកួតគ្នាដើម្បីដណ្តើតួនាទីគ្រប់គ្រងផ្នត់គំនិតមនុស្សគ្រប់ៗរូប ។ មនុស្សដែលត្រូវបានសភាវណាមួយគ្រុបគ្រងផ្នត់គំនិត ទង្វើរបស់មនុស្សនោះក៏នឹងស្តែងចេញមកទៅតាមឥទ្ធិពលនៃសភាវនោះដែរ ។
នៅក្នុងការប្រកួតគ្នារវាងសភាវល្អនិងសភាវអាក្រក់ សភាវអាក្រក់ច្រើនតែមានប្រៀបជាង ដ្បិតវាមិនតម្រូវឲ្យមនុស្សពិចារណាវែងឆ្ងាយទេ ។ ខ្មែរយើងមានពាក្យមួយឃ្លាដែលពោលថា៖ ចិត្តមិនដាច់ ធ្វើស្តេចមិនកើត ។ ភាពងាយស្រួលនៅក្នុងការទាក់ទាញចិត្តមនុស្សពីសំណាក់សភាវអាក្រក់នេះ បានធ្វើឲ្យមនុស្សជាច្រើនក្លាយខ្លួនទៅជាឧបករណ៍នយោបាយ និងអនុវត្តិនយោបាយសត្វធាតុដោយមិនដឹងខ្លួន ។ ទម្រាំតែមនុស្សភ្ញាក់រលឹកថា ខ្លួនកំពុងតែចូលរួមធ្វើនយោបាយរបៀបសត្វធាតុ វាយឺតពេលទៅហើយ ។ យកលទ្ធិផ្តាច់ការនិយម និង ជនផ្តាច់ការមកធ្វើជាឧទាហរណ៍ ។ មិត្តខ្ញុំម្នាក់ដែលជាបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយបានប្រាប់ខ្ញុំថា លទ្ធិផ្តាច់ការនិងជនផ្តាច់ការ មិនដែលធ្លាក់ពីលើមេឃមកទេ ។ រីឯជនផ្តាច់ការទៀតសោត ក៏មិនមែនជាមនុស្សធ្លាតវាងវៃដែរ ។ គុណសម្បត្តិរបស់ជនផ្តាច់ការមានតែមួយគត់គឺ ចិត្តដាច់និងឃោរឃៅ (Evil) ។ ដូច្នេះ បិសាចផ្តាច់ការនិយម ដែលកំពុងធ្វើទុក្ខបុកម្នេញមនុស្សលោកសព្វថ្ងៃនេះ គឺត្រូវបានបង្កើតឡើងដោយមនុស្សឆ្លាតវាងវៃដូចនៅក្នុងរឿង ហ្វ្រេងកេនស្តាញ (Frankenstein) ដូច្នោះដែរ ។ ខ្ញុំយកសម្តីមិត្តខ្ញុំមកពិចារណានិងសង្កេតមើលនៅក្នុងប្រវត្តិសាស្ត្រ គឺឃើញថាពិតដូច្នោះមែន ។ ចម្ងល់របស់ខ្ញុំគឺថា ហេតុអ្វីក៏មនុស្សឆ្លាតវាងវៃដែលអាចបង្កើតបិសាចផ្តាច់ការនិយមបាន មិនអាចសម្លាប់ ឬក៏បំបាត់វាចោលវិញ???
នៅក្នុងក្របខ័ណ្ឌប្រព័ន្ធនយោបាយលទ្ធិផ្តាច់ការ ឬក៏បម្រើការងារឲ្យជនផ្តាច់ការ (Dictator) មានពាក្យមួយឃ្លាដែលគេនិយាយថា៖ ជិះនៅលើខ្នងខ្លា ។ យើងមិនអាចចុះពីលើខ្នងខ្លាផ្តេសផ្តាស់ឡើយ ។ ជិវិតនិងសុភមង្គលគ្រួសារ គឺផុយស្រួយណាស់ ។ នេះគឺជាកត្តាមួយដែលបង្ហាញអំពីផលវិបាកនៃការ បំផ្លាញបិសាចផ្តាច់ការចោលវិញ បន្ទាប់ពីមនុស្សបានបង្កើតវាឡើង ដោយចេតនាក្តី ដោយអចេតនាក្តី ។
បើយើងសង្កេតមើលទម្រង់នៃការកកើតរបបផ្តាច់ការនិងជនផ្តាច់ការ វាកើតចេញអំពីផ្នត់គំនិតធម្មជាតិមួយរបស់មនុស្ស ដែលជឿជាក់ថា មនុស្សផងគ្នា ជាពិសេសមនុស្សដែលមានពូជពង្សវង្សត្រកូលជាមួយគ្នា មិនអាក្រក់ឃោរឃៅទេ ។ យើងមានជំនឿថា យើងអាចយកភាពឆ្លាតវាងវៃរបស់យើង ទៅកំចាត់សភាវអាក្រក់ចេញអំពីផ្នត់គំនិតរបស់មនុស្សផងគ្នាបាន ។ និយាយមួយបែបទៀត យើងជឿថាភាពឆ្លាតវាងវៃរបស់យើង អាចកំចាត់សភាវបិសាចនៅក្នុងចិត្តមនុស្ស ។ វាជាជំនឿមួយដែលភាសាអង់គ្លេសហៅថា Fallacious Belief (ជំនឿរវើរវាយ) ។ គឺជំនឿនេះហើយដែលជាកត្តាទាក់ទាញឲ្យមនុស្សល្អ ស្រឡាញ់សច្ចយុត្តិធម៌គ្រប់ៗរូប ចូលរួមជ្រោមជ្រែងទ្រទ្រង់បិសាចផ្តាច់ការឲ្យមានអត្ថិភាព ដោយផ្ទាល់ផង និង ដោយប្រយោលផង ។
ដំណើរបង្កើតរបបផ្តាច់ការនិងជនផ្តាច់ការ គឺមានសណ្ឋានដូចទឹកត្នោតដែលស្រក់ចូលបំពង់ ។ វាជាដំណើរជួយគ្នាមួយដៃមួយជើងម្នាក់ ។ អ្នកនេះជួយបន្តិច អ្នកនោះជួយបន្តិច ។ គ្មានរូបភាពអ្វីធំដុំដែលងាយស្រួលក្នុងការសង្កេតមើលនោះទេ ។ អ្នកដែលមានចំណែកក្នុងការបង្កើតបិសាចផ្តាច់ការ ជាទូទៅ មើលមិនឃើញនូវផលអវិជ្ជមានដែលកើតចេញអំពី កម្ម ឬសកម្មភាពរបស់ខ្លួនឡើយ ។ ឯវត្តមានរបស់បិសាចផ្តាច់ការ ក៏មិនដឹងថាចាប់បដិសន្ធិពីពេលណាមកដែរ ។ យើងគ្រាន់តែដឹងថា មកដល់ដំណាក់កាលមួយ យើងចាប់ផ្តើមរស់នៅក្នុងសភាពព្រួយបារម្ភនិងភ័យខ្លាច ។ ភាវភ័យខ្លាចនេះក៏មិនស្ថិតនៅជាមួយនឹងយើងជាប្រចាំដែរ ។ វាមានសណ្ឋានដូចជាការដេកយល់សប្តិឃើញខ្មោចលងម្តងម្កាលតែប៉ុណ្ណោះ ។ ដើម្បីសេចក្តីសុខ និង កាត់បន្ថយការភ័យខ្លាច យើងត្រូវបង្ខំចិត្តដេកអោបបិសាចដ៏គួរឲ្យស្អប់ខ្ពើមនេះ ។ មិនតែប៉ុណ្ណោះ យើងត្រូវថើបវាថែមទៀត ។ ភាវភ័យខ្លាចនេះ មិនមែនតែអ្នកចូលរួមបង្កើតបិសាចទេដែលត្រូវភ័យខ្លាចនោះ ។ បិសាចខ្លួនឯង ក៏រស់នៅក្នុងសភាវភ័យខ្លាចដែរ ។ គឺយើងរស់នៅក្នុងសភាវភ័យខ្លាចដូចគ្នា គ្រាន់តែសភាវភ័យខ្លាចទាំងនេះ មានសណ្ឋាននិងកម្រិតខ្ពស់ទាបជាងគ្នា ។ នេះហើយគឺជាអ្វីដែលខ្ញុំចង់និយាយអំពី នយោបាយសត្វធាតុ ។ យើងចាប់ផ្តើមអំពីការធ្វើនយោបាយក្នុងទម្រង់ជា សិល្បៈ ។ ប៉ុន្តែ ដោយហេតុតែមហិច្ឆតា ការលោភលន់ និងករណីជាច្រើនផ្សេងទៀត ភាពស្រស់បវរនៃសិល្បៈបានប្រែក្លាយទៅជាបិសាចដែលគ្មានរូប និង គ្មានស្រមោល ។ ចុងក្រោយបំផុត ពលិកម្មនិងការប្រឹងប្រែងដែលមនុស្សជាច្រើនបានបូជានៅក្នុងឆាកជីវិត បានប្រែក្លាយទៅជាភាវភ័យព្រួយ សម្រាប់កំដរជីវិតរបស់យើង ក៏ដូចជាជីវិតញាតិមិត្តពូជពង្សវង្សត្រកូលរបស់យើងដែរ ៕
Wednesday, January 4, 2023
A FAREWELL!
Farewell, My Friend!
DR. GAFFAR PEANG-METH
លោកបណ្ឌិត អាប់ឌុល ហ្គាហ្វា ពាងម៉េត គឺជាខ្មែរអុីស្លាមមួយរូប ដែលមានស្មារតីស្នេហាជាតិខ្មែរដ៏មោះមុត ។ លោកជាសកម្មជននយោបាយម្នាក់ដែលបានបូជាពេលវេលា ក៏ដូចជាគំនិតប្រាជ្ញាស្មារតីដើម្បីបុព្វហេតុការពារជាតិខ្មែរ ។ លោកស្អប់លទ្ធិកុម្មុយនីស្ត និងខ្ពើមរបបផ្តាច់ការជាទីបំផុត ។ មនោសច្ចេតនា និងការខ្វល់ខ្វាយដល់សុខុមាលភាពនៃពលរដ្ឋនិងប្រទេសខ្មែរ បានជម្រុញឲ្យលោកបូជាពេលវេលា ស្ទើរតែអស់មួយជីវិតដើម្បីតស៊ូស្វែងរកសេរីភាព និង អធិបតេយ្យភាពជូនប្រជាជាតិខ្មែរ ។
បណ្ឌិត អាប់ឌុល ហ្គាហ្វា ពាងម៉េត ឬ ហ្គាហ្វា ពាងម៉េត បានទទួលអាហារូបករណ៍ មកសិក្សានៅសហរដ្ឋអាមេរិកនាឆ្នាំ ១៩៦៣ ។ ខណៈកំពុងសិក្សាកម្រិតអនុបណ្ឌិតនៅសាកលវិទ្យាល័យ ចចថោន ក្នុងរដ្ឋធានីវ៉ាសុីនតោន ចន្លោះឆ្នាំ ១៩៧០ ដល់ ១៩៧៥ លោកបានមកជួយជ្រោមជ្រែងធ្វើកិច្ចការងារនានាជាមួយនឹងលោកឯកអគ្គរដ្ឋទូត អ៊ំ សុីម ។ បន្ទាប់ពីពួកខ្មែរក្រហមវាយផ្តួលរំលំរបបសាធារណរដ្ឋខ្មែរនៅឆ្នាំ ១៩៧៥ លោកបណ្ឌិត ហ្គាហ្វា បានទៅបន្តការសិក្សាកម្រិតមហាបរិញ្ញានៅសាកលវិទ្យាល័យ មីសសុីហ្គេន ។ នៅឆ្នាំ ១៩៨០ ក្រោយបញ្ចប់ការសិក្សាកម្រិតមហាបរិញ្ញានៅសាកលវិទ្យាល័យ មីសសុីហ្គេន បណ្ឌិតហ្គាហ្វាបាននាំភរិយានិងកូនៗ ទៅរស់នៅក្នុងប្រទេស ថៃ ដើម្បីចូលរួមនៅក្នុងការតស៊ូរំដោះជាតិខ្មែរឲ្យរួចផុតអំពីការឈ្លានពានរបស់កងទ័ព វៀតណាម ដែលកំពុងតែត្រួតត្រាប្រទេសកម្ពុជានាគ្រានោះ ។ លោកគឺជាសមាជិកស្ថាបនិកមួយរូបរបស់ រណៈសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ (រជរបខ) ដែលមានលោក សឺន សាន ជាប្រធាន និងលោក ដៀន ដែល ជាអគ្គមេបញ្ជាការកងទ័ព ។ ដោយហេតុតែលោក ជាអតីតបញ្ញវ័ន្តមកពីសហរដ្ឋអាមេរិកនិងចេះភាសាអង់គ្លេសច្បាស់លាស់ លោកត្រូវបានតែងតាំងឲ្យកាន់មុខងារសំខាន់ៗជាច្រើន ។ នៅពេលភាគីតស៊ូរបស់សម្តេច សីហនុ (ហ្វុនសុិនបុិច) ក្រុមខ្មែរក្រហម និង រជរបខ បានមូលមតិគ្នាបង្កើតរដ្ឋាភិបាលចម្រុះត្រីភាគី ដើម្បីរក្សាអាសនៈនិងការទទួលស្គាល់រដ្ឋាភិបាលកម្ពុជាជាផ្លូវការ នៅអង្គការសហប្រជាតិ បណ្ឌិតហ្គាហ្វាគឺជាសមាជិកមួយរូបក្នុងចំណោមមនុស្ស ៦រូប នៃគណកម្មាធិការតាក់តែងលក្ខន្តិករៀបចំរដ្ឋាភិបាលត្រីភាគី ។
ក្រៅអំពីការងារការិយាល័យនិងការទូត លោកបណ្ឌិតហ្គាហ្វាហាក់ដូចជាមានចំណង់ចំណូលចិត្តនៅក្នុងសមរភូមិមុខ ច្រើនជាងសមរភូមិក្រោយ ។ នៅក្នុងរយៈពេលប្រមាណជា ១០ឆ្នាំ ជាមួយនឹងចលនាតស៊ូរំដោះជាតិខ្មែរពីកណ្តាប់ដៃសត្រូវឈ្លានពាន បណ្ឌិតហ្គាហ្វាបានចំណាយពេលជាច្រើន រស់នៅជាមួយនឹងកងទ័ព ។ លោកជាទីប្រឹក្សារបស់ឧត្តមសេនីយ៍ ដៀន ដែល ផង និង ជាមិត្តរួមសុខទុក្ខផង ។ ពេលខ្លះ បណ្ឌិតហ្គាហ្វា ចុះទៅដល់ទីសមរភូមិប្រយុទ្ធគ្នាតែម្តង ។ នៅឆ្នាំ ១៩៨៤ ដែលជាឆ្នាំកងទ័ពយួនធ្វើប្រតិបត្តិការណ៍កំចាត់បន្ទាយកងទ័ពតស៊ូនៅតាមបណ្តោយព្រំដែនខ្មែរ-ថៃ ទ្រង់ទ្រាយធំ បណ្ឌិតហ្វាហ្វាកំពុងស្នាក់នៅក្នុងជំរំបន្ទាយអំពិល ។ ពេលគ្រាប់រ៉ុកកែតមួយគ្រាប់បានធ្លាក់ចំទីស្នាក់ការរបស់លោកនិងលោក ដៀន ដែល បណ្តាលឲ្យឆេះសន្ធោសន្ធៅ លោក ដៀន ដែល បានដេញបណ្ឌិតហ្គាហ្វា ឲ្យរត់ចេញពីលេណដ្ឋាននិងចាកចេញពីបន្ទាយអំពិលទៅកាន់ទីសុវត្ថិភាពនៅក្នុងទឹកដីថៃជាបន្ទាន់ ដើម្បីរក្សាជីវិតតស៊ូបន្តទៅទៀត ប្រសិនបើលោក ដៀន ដែល ត្រូវពលីជីវិតនាគ្រានោះ ។ ភាពប្តូរផ្តាច់របស់អ្នកតស៊ូខ្មែរនាគ្រានោះ ប្រហែលជាមានច្រើនករណីទៀត ។
បន្ទាប់ពីមានការចរចាបញ្ចប់សង្គ្រាមនៅក្នុងប្រទេសកម្ពុជានិងឈានទៅដល់ការចុះសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីស លោកបណ្ឌិត ហ្គាហ្វា ពាងម៉េត បានសម្រេចចិត្តមិនទៅចូលរួមអាជីពនយោបាយនៅក្នុងប្រទេសកម្ពុជាទេ ។ ពេលកងទ័ព រជរបខ វាយដណ្តើមយកបានស្រុក ថ្មពួក នៅឆ្នាំ ១៩៨៩ លោកបានធ្វើដំណើរទៅស្នាក់នៅទីនោះមួយរយៈ រួចហើយទើបលាលែងអំពី រជរបខ ហើយនាំភរិយានិងកូនៗទៅរស់នៅនិងធ្វើជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យ កោះហ្គោម រហូតដល់ថ្ងៃលោកចូលនិវត្តន៍នៅពាក់កណ្តាលទសវត្សឆ្នាំ ២០០០ ។ បន្ទាប់ពីចូលនិវត្តន៍ បណ្ឌិត ហ្គាហ្វា ក៏នៅតែបន្តធ្វើការងារដើម្បីបុព្វហេតុជាតិខ្មែរដដែល ។ ដោយសហការជាមួយនឹងប៉ុស្តិវិទ្យុ ខ្មែរពិភពលោក ដែលមានលោក ឱក សឿម និង លោក សាន សុវិដ ជាស្ថាបនិក បណ្ឌិតហ្គាហ្វាបានសរសេរអត្ថបទជាច្រើនពាក់ព័ន្ធនឹងការតស៊ូ រំដោះខ្លួនចេញអំពីរបបផ្តាច់ការ ផ្សព្វផ្សាយតាមរយៈវិទ្យុនេះ ក៏ដូចជាចុះផ្សាយនៅក្នុងគេហទំព័រ គំនិតខ្មែរ របស់លោកដែរ ។
សូមនិយាយអំពីដំណើរភពប្រសព្វរវាងលោកបណ្ឌិត ហ្គាហ្វា និង ខ្ញុំ វិញម្តង ។ កាលរស់នៅក្នុងជំរំជនខ្ចាត់ព្រាត់នៅឯទល់ដែនថៃ-ខ្មែរ ខ្ញុំធ្លាប់ឮឈ្មោះបណ្ឌិត ហ្គាហ្វា តាមរយៈការផ្សាយនិងអានអត្ថបទជារឿយៗ ។ ប៉ុន្តែ ខ្ញុំមិនដែលស្គាល់ថាគាត់មានរូបរាងដូចម្តេចទេ ។ យូរៗម្តង នាយកសាលាឲ្យពួកយើងទៅឈរធ្វើបដិសណ្ឋារកិច្ចទទួលលោកតា សឺន សាន ដែលមកធ្វើទស្សនកិច្ចនៅក្នុងជំរំ ។ លោកបណ្ឌិត ហ្គាហ្វា អាចជាសមាជិកគណប្រតិភូអមដំណើរលោក សឺន សាន នៅក្នុងកាលៈទេសៈទាំងនោះ ។ ក៏ប៉ុន្តែក្រៅអំពីស្តាប់សុន្ទរកថារបស់លោកតា សឺន សាន ពួកយើងមិនបានចាប់អារម្មណ៍អំពីវាគ្មិនដទៃឡើយ ។ បន្ទាប់ពីមករស់នៅក្នុងសហរដ្ឋអាមេរិក ខ្ញុំបានជួបនឹងឈ្មោះបណ្ឌិត ហ្គាហ្វា សាជាថ្មីតាមរយៈការអានអត្ថបទរបស់គាត់នៅក្នុង វិបសាយ មួយ ។ អ្វីដែលនាំឲ្យខ្ញុំនឹងគាត់បានស្គាល់គ្នា គឺរឿងបោះឆ្នោតនៅស្រុកខ្មែរក្នុងឆ្នាំ ២០១៧ ។ ខ្ញុំបានសរសេរលិខិតតាមរយៈអុីម៉ែលមួយទៅគាត់ ដើម្បីសំណូមពរសហការគ្នាសរសេរអត្ថបទវិភាគពាក់ព័ន្ធនឹងការបោះឆ្នោតនៅក្នុងស្រុកខ្មែរនាគ្រានោះ ។ បន្ទាប់ពីធ្វើកិច្ចការនោះជាមួយនឹងខ្ញុំ គាត់ពេញចិត្តនឹងរបៀបសរសេរភាសាខ្មែររបស់ខ្ញុំ ហើយក៏បានសុំឲ្យខ្ញុំជួយកែសម្រួលអត្ថបទជាភាសាខ្មែររបស់គាត់ ។ គឺចាប់ពីពេលនោះមក ដែលពួកយើងមានទំនាក់ទំនងនឹងគ្នា ។ អ្នកដែលស្តាប់ការផ្សាយអត្ថបទរបស់បណ្ឌិត ហ្គាហ្វា នៅក្នុងវិទ្យុខ្មែរពិភពលោក ចាប់ពីចុងឆ្នាំ ២០១៧ មក បើមានពាក្យពេចន៍ខុសឆ្គងនានា វាមិនមែនជាកំហុសឆ្គងរបស់គាត់ទាំងស្រុងទេ ។ ខ្ញុំក៏មានចំណែកនៅក្នុងកំហុសទាំងនោះដែរ ។
នៅដើមឆ្នាំ ២០១៩ លោកបណ្ឌិត ហ្គាហ្វា និង ខ្ញុំ មានឱកាសបានជួបសំណេះសំណាលគ្នាជាលើកដំបូង នៅក្នុងភោជនីយដ្ឋានមួយនាជាយក្រុង វ៉ាសុីនតោន ។ វាក៏ជាជំនួបចុងក្រោយរបស់ពួកយើងដែរ ។ អំឡុងពេលជំងឺ កូវីដ ១៩ រាតត្បាត ពួកយើងមិនសូវបានទាក់ទងគ្នាទេ ។ គាត់ប្រាប់ខ្ញុំថា ឆ្លៀតឱកាសទៅណាមិនរួចនេះ កូននិងចៅរបស់គាត់បានសំណូមពរឲ្យគាត់សរសេររឿងរ៉ាវជីវិតរបស់គាត់ចាប់ពីដើមដល់ចប់ ដើម្បីទុកជាមរតកសម្រាប់ពួកគេ ។ ដូច្នេះ គាត់ក៏ផ្អាកសរសេរអត្ថបទមួយរយៈ ។ កាលពីខែ ១១ ឆ្នាំ ២០២២ កន្លងទៅនេះ បណ្ឌិត ហ្គាហ្វា បានផ្ញើអត្ថបទមកឲ្យខ្ញុំកែសម្រួលជាបន្តបន្ទាប់ចំនួន ៥ អត្ថបទ ។ គាត់សុំការអធ្យាស្រ័យអំពីខ្ញុំ ដោយយកការងារមកឲ្យខ្ញុំធ្វើ ក្នុងស្ថានភាពប្រថុចញ៉ុចនាឱកាសដំណាច់ឆ្នាំ ។ អត្ថបទរបស់គាត់ចុងក្រោយនេះ និយាយតែអំពីដំណើរជីវិតរបស់គាត់នៅក្នុងចលនាតស៊ូ រជរបខ និងអនុស្សាវរីយ៍នានាជាមួយនឹងចៅរបស់គាត់ ។ វាជារឿងចម្លែកមួយ ដ្បិតអត្ថបទរបស់គាត់កន្លងមកគឺផ្តោតតែទៅលើការតស៊ូកំចាត់របបផ្តាច់ការតែប៉ុណ្ណោះ ។ មុនពេលខ្ញុំបញ្ចប់ការកែសម្រួលអត្ថបទចុងក្រោយបំផុតរបស់គាត់ បណ្ឌិតហ្គាហ្វាបានផ្ញើអុីម៉ែលមកប្រាប់ខ្ញុំថា គាត់មានជំងឺមហារីកហើយត្រូវចូលទៅព្យាបាលប្រភេទចាក់សារធាតុគីមី ដែលភាសាអង់គ្លេសហៅថា Chemotherapy នៅក្នុងមន្ទីរពេទ្យនៃវិទ្យាស្ថានវេជ្ជសាស្ត្រជាតិ (National Institute of Health) ដែលស្ថិតនៅប្រហែលជា ៣៥គីឡូម៉ែត្រពីផ្ទះរបស់ខ្ញុំ ។ គាត់ប្រាប់ខ្ញុំទៀតថា សក់ក្បាលគាត់ប្រហែលជាជ្រុះអស់ហើយបន្ទាប់ពីការព្យាបាល ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ យើងនឹងឆ្លៀតជួបគ្នាម្តងទៀត មុននឹងគាត់វិលត្រឡប់ទៅកាន់លំនៅដ្ឋាននៅឯរដ្ឋ ន័រខារ៉ូឡាញណា វិញ ។ ខ្ញុំតក់ស្លុតយ៉ាងខ្លាំង ។ បន្ទាប់ពីកែអត្ថបទចុងក្រោយរបស់គាត់រួច ខ្ញុំផ្ញើទៅជូនគាត់ភ្ជាប់ជាមួយនឹងពាក្យពេចន៍លើកទឹកចិត្តឲ្យគាត់រក្សាភាពនឹងន ។
ការព្យាបាលរោគមហារីកជាមួយនឹងសារធាតុគីមី គឺជាដំណើរមួយចានទឹក មួយចានគោក ។ លទ្ធផលមានពីរគឺ ស្លាប់ និង រស់ ។ អ្នកជំងឺជាទូទៅយល់អំពីប្រការនេះច្បាស់ណាស់ ។ មុនពេលបណ្ឌិតហ្គាហ្វាចូលព្យាបាលបួនថ្ងៃ ខ្ញុំនាំភរិយានិងកូនទៅលម្ហែនៅរដ្ឋ ផ្លរីដា ដែលជាគម្រោងពួកយើងបានរៀបចំជាយូរមកហើយ ។ ពេលយើងរៀបចំវិលត្រឡប់មកកាន់លំនៅដ្ឋានវិញ នៅព្រឹកថ្ងៃទី២៣ ខែ ធ្នូ ភរិយារបស់បណ្ឌិត ហ្គាហ្វា បានឡុកចូលទៅក្នុងអាខោនអុីម៉ែលរបស់គាត់ ហើយផ្ញើរសារមកប្រាប់ខ្ញុំថា បន្ទាប់ពីទទួលការព្យាបាលអស់រយៈពេលពេញមួយថ្ងៃ បណ្ឌិតហ្គាហ្វាបានវិលមុខដួលបោកក្បាលនឹងកម្រាលឥដ្ឋបណ្តាលឲ្យស្រាំលលាដ៍ ។ គាត់ស្ថិតនៅក្នុងស្ថានភាពឥតដឹងអ្វីទាំងអស់ (Unresponsive) ហើយត្រូវបានគេបញ្ជូនទៅព្យាបាលបន្តនៅកន្លែងសង្គ្រោះបន្ទាន់ (ICU) ។ ខ្ញុំមិនដែលជួបនិងស្គាល់ភរិយាគាត់ទេ ។ មិនដឹងជាបណ្ឌិត ហ្គាហ្វា ណែនាំឈ្មោះខ្ញុំឲ្យភរិយាគាត់ស្គាល់ពីពេលណាមកឡើយ ឬមួយក៏គាត់ឡុកចូលទៅក្នុងអាខោនប្តីគាត់ឃើញឈ្មោះខ្ញុំ ដែលជាមនុស្សចុងក្រោយបំផុតនៅក្នុងការប្រាស្រ័យទាក់ទងនឹងប្តីគាត់ ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំបានធ្លាក់ចូលទៅក្នុងស្ថានភាពមួយដែលប្រឈមនឹងការបាត់បង់មិត្តសម្លាញ់ផង និងត្រូវឆ្លើយតបសារដើម្បីជួយរំលែកទុក្ខក្រៀមក្រំរបស់ភរិយាគាត់ផង ។ អ្វីដែលជារឿងលំបាកសម្រាប់ខ្ញុំគឺថា ភរិយាគាត់ជាជនជាតិអាមេរិកាំង ដែលមានទំនៀមទន្លាប់មិនឲ្យអ្នកដទៃដឹងឮអំពីរឿងផ្ទាល់ខ្លួនទេ ជាពិសេសទាក់ទិននឹងការព្យាបាលជំងឺ ។ ណាមួយភរិយាគាត់ហើយនឹងខ្ញុំមិនដែលបានជួប ឬក៏ស្គាល់គ្នាទាល់តែសោះ ។ ខ្ញុំរារែកមួយសន្ទុះ ក៏សម្រេចចិត្តថាត្រូវតែឆ្លើយតបសារដើម្បីជួយរំលែកទុក្ខក្រៀមក្រំរបស់គាត់ ។ ខុសត្រូវយ៉ាងណា ចាំគិតតទៅទៀត ។
ខណៈខ្ញុំកំពុងធ្វើដំណើរពីរដ្ឋ ផ្លរីដា មកកាន់លំនៅដ្ឋានវិញ ភរិយារបស់បណ្ឌិតហ្គាហ្វាបានផ្ញើសារមកប្រាប់ខ្ញុំថា របួសខួរក្បាលរបស់លោកមិនអាចព្យាបាលជាទេ ។ ជិវិតរបស់លោកក៏មិនអាចស្រោចស្រង់បានដែរ ។ គ្រូពេទ្យបានសម្រេចចិត្តដាក់ថ្នាំបំបាត់ការឈឺចាប់ជូនគាត់ ហើយបញ្ជូនគាត់ឲ្យទៅស្នាក់នៅក្នុងមន្ទីរពេទ្យមរណា (Hospice) រង់ចាំមរណភាពមកដល់ ។ ខ្ញុំស្លុតចិត្តជាអតិបរមា ។ នៅថ្ងៃទី ៣០ ខែធ្នូ ភរិយាបណ្ឌិតហ្គាហ្វាបានផ្ញើសារមកប្រាប់ខ្ញុំថា លោកបានទទួលអនិច្ចកម្មហើយ ។ បន្ទាប់ពីផ្ញើសារចូលរួមមរណទុក្ខជាមួយនឹងភរិយាគាត់ ខ្ញុំគិតថាគួរតែសរសេរដំណឹងអំពីមរណភាពរបស់បណ្ឌិតហ្គាហ្វាផ្សព្វផ្សាយនៅទីនេះ ដើម្បីឲ្យមិត្តភក្តិរបស់គាត់ដែលនៅរស់រានមានជីវិត បានដឹងឮផង ។ ខ្ញុំបានទុកពេលវេលាឲ្យភរិយានិងកូនចៅគាត់រៀបចំទុកដាក់សពគាត់រួចរាល់ ទើបសម្រេចសរសេរសារទៅសុំការអនុញាតអំពីភរិយាគាត់ដើម្បីផ្សព្វផ្សាយដំណឹងមរណភាពរបស់បណ្ឌិត ហ្គាហ្វា ។ ភរិយាលោកបណ្ឌិត ហ្គាហ្វា រីករាយណាស់ដែលខ្ញុំស្ម័គ្រចិត្តជួយផ្សព្វផ្សាយដំណឹងនេះ ។ គាត់ក៏បានថ្លែងអំណរគុណដល់ខ្ញុំផងដែរ ដែលបានចូលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារគាត់ ។ ក្នុងនាមជាមិត្តភក្តិមួយរូប អត្ថបទនេះចាត់ទុកថាជាវិយោគកថា និងជាការជូនដំណឹងដល់មិត្តភក្តិផងទាំងពួងរបស់លោកបណ្ឌិត ហ្គាហ្វា ពាងម៉េត ដែលបានធ្វើមរណកាលទៅ នៅថ្ងៃទី ៣០ ខែធ្នួ ឆ្នាំ ២០២២ ។
កំណត់៖ រូបថតទីមួយ គឺលោកបណ្ឌិត ហ្គាហ្វា និង ខ្ញុំ ។ រូបទីពីរ គឺកូនប្រុសច្បងរបស់បណ្ឌិត ហ្គាហ្វា ក្នុងឯកសណ្ឋានសិស្សនាយទាហាននៃសាលាយោធិនបន្ទាយអំពិល ។ យុវជនខ្មែរពីររូបនៅក្នុងរូបថតនេះ ម្នាក់ជាមិត្តសម្លាញ់ខ្ញុំ ។ ម្នាក់ទៀត ខ្ញុំមិនស្គាល់ឈ្មោះទេ ។ រូបទីបី គឺជាដំណឹងមរណភាពដែលភរិយារបស់លោកបណ្ឌិត ហ្គាហ្វា ពាងម៉េត ផ្ញើមកប្រាប់ខ្ញុំ ។ មិត្តភក្តិបណ្ឌិត ហ្គាហ្វា មួយចំនួន ប្រហែលគ្មានលទ្ធភាពប្រើបណ្តាញសង្គមទេ ។ ដូច្នេះ ប្រសិនបើមិត្តអ្នកអានស្គាល់អ្នកទាំងនោះ មេត្តាផ្តល់ដំណឹងមរណភាពនេះទៅពួកគាត់ទុកជាធម្មទានផងចុះ ។ អរគុណ!
សូមវិញ្ញាណក្ខ័ន្ធបណ្ឌិត ហ្គាហ្វា ពាងម៉េត បានទៅដល់សុគតិភព !
Sunday, December 11, 2022
ចំណីខួរក្បាល
អក្សរសិល្ប៍
ថ្មីៗនេះ ឃើញសមាគមអ្នកអក្សរសិល្ប៍កម្ពុជា បង្ហោះវគ្គបង្រៀនតែងរឿងប្រលោមលោក ។ ខ្ញុំគិតថា ការនិពន្ធរឿងប្រលោមលោក គឺជាសិល្បៈសេរី ។ ដូច្នេះ នៅពេលយើងរៀនអំពីរបៀបតែងរឿងប្រលោមលោក សេរីភាពនៃការសរសេរសាច់រឿង នឹងត្រូវបានគៀបសង្កត់ដោយកត្តា វប្បធម៌ និង ទំនៀមទម្លាប់នានានៅក្នុងសង្គម ។ បើយើងសង្កេតមើលប្រលោមលោកអក្សរសិល្ប៍ជាលក្ខណៈសាកល អ្នកនិពន្ធភាគច្រើន មិនយកវប្បធម៌និងទំនៀមទម្លាប់មកធ្វើជាដែនកំណត់នៃការតាក់តែងសាច់រឿងទេ ។ រឿងខ្លះសរសេរចេញមក ធ្វើឲ្យសង្គមរំជើបរំជួលយ៉ាងខ្លាំង ។
សរសេររឿងប្រលោមលោក ឬអក្សរសិល្ប៍ ខុសអំពីការសរសេរអត្ថបទកាសែត ឬក៏វិទ្យាសាស្ត្រ ដែលត្រូវតែដើរតាមក្បួនខ្នាតជាក់លាក់ ។ ការសរសេរប្រលោមលោកអក្សរសិល្ប៍មិនមានគោលការណ៍ជាក់លាក់ទេ គ្រាន់តែមានទម្រង់គោលការណ៍ធំៗចំនួនបី ដែលអ្នកនិពន្ធចាំបាច់ត្រូវតែយកមកធ្វើជាមូលដ្ឋានបង្អែកនៃការតាក់តែងសាច់រឿង ។ ទម្រង់គោលការណ៍ទាំងបីនេះ នៅក្នុងភាសាអង់គ្លេសគេហៅថា៖ Conflict (ទំនាស់) Complication (ជំពាក់វាក់វិន) and Resolution or Denoumente (ដំណោះស្រាយ) ។ ទម្រង់គោលការណ៍ទាំងបីនេះ គឺមានបង្កប់នៅក្នុងអត្ថបទរឿងអំណាននានាតាំងពីថ្នាក់មតេយ្យ រហូតដល់មហាវិទ្យាល័យ ។ ដូច្នេះ ការតាក់តែងប្រលោមលោកអក្សរសិល្ប៍ អ្នកដែលចេះអានអក្សរគ្រប់រូប យល់ដឹងរួចទៅហើយ គ្រាន់តែយើងមិនសូវចាប់អារម្មណ៍នឹងឆ្កឹះវាយកមកពិចារណា ហើយក៏គិតថាយើងមិនចេះ ឬមិនដឹងអំពីរបៀបសរសេររឿងប្រលោមលោក ។
ដើម្បីជាបទបង្ហាញ ខ្ញុំសូមលើកយកទម្រង់ការសរសេរប្រលោមលោកស្នេហា (Romance) មកធ្វើជាឧទាហរណ៍ ។ មិនថានៅក្នុងវប្បធម៌ខ្មែរ ឬ បរទេសទេ អ្នកនិពន្ធរមែងយករូបមន្ត ស្នេហាត្រីកោណ មកធ្វើជាស្នូលនៃសាច់រឿង ។ នៅក្នុងរូបមន្តនេះ អ្នកនិពន្ធតែងតែដាក់នារីម្នាក់ឲ្យស្ថិតនៅក្នុងចំណងស្នេហារបស់បុរសពីររូប រួចហើយបង្កើត ទំនាស់ ភាពជំពាក់វាក់វិន និង ដំណោះស្រាយ ។ ជាទូទៅ អ្នកនិពន្ធច្រើនបញ្ចប់សាច់រឿងដោយយកសេចក្តីស្លាប់របស់តួឯកមកធ្វើជា ដំណោះស្រាយ ។ វាជាដំណោះស្រាយ សោកនាដកម្មនិយម ។ សំណួរមួយដែលអ្នកអាន និង អ្នកសិក្សាអក្សរសិល្ប៍លើកយកមកសួរជារឿយៗគឺ ហេតុអ្វីក៏អ្នកនិពន្ធប្រលោមលោកស្នេហាភាគច្រើនលើសលុបបញ្ចប់សាច់រឿងជាមួយនឹងសេចក្តីស្លាប់របស់តួឯក?
ប្រហែលជាមួយខែមុន មិត្តភក្តិហ្វេសប៊ុកមួយចំនួនបានលើកយកប្រធានបទតួឯកស្លាប់នៅទីបញ្ចប់នៃប្រលោមលោកស្នេហាត្រីកោណ មកពិភាក្សាដើម្បីស្វែងរកវិធីរក្សាជីវិតតួឯកឲ្យនៅគង់វង្ស ។ តាមពិត ការរក្សាជីវិតតួឯកនៅក្នុងប្រលោមលោកស្នេហាត្រីកោណប្រហែលជាអាចធ្វើទៅរួច ប្រសិនបើអ្នកនិពន្ធមិនស្វ័យឃុំឃាំងសេរីភាពនៃការតាក់តែងរឿង (Self-censored) ។ កត្តាដ៏ធំមួយដែលធ្វើឲ្យអ្នកនិពន្ធស្វ័យឃុំឃាំងគំនិតរបស់ខ្លួនគឺ ភាពស្អប់ខ្ពើម ដែលភាសាអង់គ្លេសហៅថា Taboos ។ ពាក្យនេះគឺគេសំដៅដល់ទង្វើខុសសីលធម៌សង្គម (Anti-social behaviors) ។ ឧទាហរណ៍ ស្រីម្នាក់មានប្តីពីរជាដើម ។
នៅក្នុងសង្គមខ្មែរ អ្នកនិពន្ធប្រលោមលោកមនោសញ្ចេតនាស្នេហាត្រីកោណ មិនសូវហ៊ានសរសេរអំពីអ្វីដែលពាក់ព័ន្ធនឹងទង្វើខុសសីលធម៌សង្គមទេ (Taboos) ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងរឿង ទុំទាវ ភិក្ខុ សោម ដែលជាស្មេរបានលួចគប់គិតផិតនឹងអសីលធម៌សង្គម នៅពេលដែលព្រះអង្គសរសេរអំពីនេន ទុំ លួចស្រឡាញ់នាងទាវក្នុងនាមជាសង្ឃ ហើយទៅលាចាកសិក្ខាបទ (សឹក) នៅមុខដំបូក ។ ពេលសៀវភៅរឿង ទុំទាវ ចេញផ្សាយ យើងមិនដឹងថាសង្គមខ្មែរមានប្រតិកម្មរិះគន់ទង្វើរបស់នេន ទុំ ជាពិសេសភិក្ខុ សោម ដែលជាស្មេរដែរឬក៏យ៉ាងណាទេ ។ ក៏ប៉ុន្តែ អ្វីដែលជាតឹកតាងនាគ្រាបច្ចុប្បន្នគឺថា ប្រលោមលោករឿង ទុំទាវ ដែលស្មេរសរសេរពាក់ព័ន្ធនឹងទង្វើខុសសីលធម៌សង្គម បានក្លាយទៅជាអក្សរសិល្ប៍ប្រកបទៅដោយប្រជាប្រិយភាព ។
អក្សរសិល្ប៍ខុសសីលធម៌សង្គម (Taboos) ភាគច្រើនដូចជារឿង អ្នកស្រីបូវ៉ារី រឿង ហេដា ហ្កាប្លឺ និងរឿង អូឌិប (Oedipus the King) ជាដើម ។ល។ ពេលផ្សព្វផ្សាយចេញមក សុទ្ធតែត្រូវបានមហាជនរិះគន់ អំពីប្រការអសីលធម៌ ។ ប៉ុន្តែ ជាច្រើនឆ្នាំក្រោយមក រឿងប្រលោមលោកទាំងនោះ ក៏បានក្លាយទៅជារឿងដែលប្រកបដោយប្រជាប្រិយភាព ។ ក្នុងចំណោមអក្សរសិល្ប៍ខុសសីលធម៌សង្គមទាំងអស់ មានរឿងមួយដែលយើងអាចចាត់ទុកថា ជាមាតានៃអក្សរសិល្ប៍ខុសសីលធម៌ ។ នោះគឺរឿង នាងទ្រៅវត្តី ដែលជាផ្នែកមួយនៃរឿង មហាភារតៈ ។ នាងទ្រៅវត្តីមានប្តីប្រាំនាក់ ដែលជាប្រការមិនអាចកើតមាននៅក្នុងសង្គមមនុស្ស ។ ក៏ប៉ុន្តែ រឿងនេះមិនត្រឹមតែកើតមាននៅលើទំព័រអក្សរសិល្ប៍ទេ វាក៏ជារឿងដែលមានអនុវត្តិនៅក្នុងសង្គមមនុស្សផងដែរ ។ ខ្ញុំសូមហៅប្រការនេះថា រូបមន្តទ្រៅវត្តី ។ បើយើងមិនចង់ឲ្យតួឯកនៅក្នុងរឿងប្រលោមលោកស្នេហាត្រីកោណស្លាប់ យើងអាចប្រើរូបមន្តទ្រៅវត្តីនេះ ។ ខាងក្រោមនេះគឺជារឿងពិតមួយដែលខ្ញុំបានជួបនៅដើមទសវត្សឆ្នាំ ១៩៩០ ។ តួឯកនៅក្នុងសាច់រឿងអត់ស្លាប់ទេ ។ ពួកគេរស់នៅក្នុងសុភមង្គលដ៏ស្ងប់ស្ងាត់មួយ ។ មុននឹងបញ្ចប់វគ្គនេះ ខ្ញុំសូមបញ្ជាក់ថា៖ អក្សរសិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងតថភាពសង្គម ។ ប៉ុន្តែ តថភាពសង្គមមិនមែនជាអក្សរសិល្ប៍ទេ (Arts imitate life; but life should not imitate arts) ។
ជម្រាបរលឹកអ្នកគ្រូ
ខ្ញុំបានសរសេរ រូបមន្តទ្រៅវត្តី កាលពីប៉ុន្មានថ្ងៃមុនពាក់ព័ន្ធនឹងការរកដំណោះស្រាយលើបញ្ហាស្នេហាត្រីកោណ នៅក្នុងរឿងប្រលោមលោករបស់លោកគ្រូ ស៊ូ ខេមរិន ។ ខ្ញុំជឿថា អ្នកអានជាច្រើនច្បាស់ជាគិតថា ខ្ញុំភ្លាវខុសរឿងហើយ ដែលហ៊ានយកគំនិត "ប្រពន្ធមួយប្តីពីរ" មកធ្វើជាកម្មបទ ។ តាមពិតខ្ញុំមិនមែនជាមនុស្សពូកែស្រមើស្រមៃផុតផែនដីនោះទេ ។ រឿងនេះ គឺខ្ញុំសរសេរផ្អែកលើរឿងពិតមួយដែលខ្ញុំធ្លាប់ជួបប្រទះនៅដើមទសវត្សឆ្នាំ ១៩៩០ ។ ខ្ញុំគ្រាន់តែប្តូរតួឯក (Lead character) ពីប្រុសទៅស្រីតែប៉ុណ្ណោះ ។
នៅមុនឆ្នាំ ១៩៧៥ បុរសម្នាក់ត្រូវបានរដ្ឋាភិបាលសាធារណរដ្ឋខ្មែរ បញ្ជូនឲ្យមកហ្វឹកហ្វឺនរយៈពេលខ្លីនៅសហរដ្ឋអាមេរិក ។ គាត់មានភរិយានិងកូនស្រីម្នាក់ដែលគាត់មិនអាចយកមកជាមួយបាន ។ សូមហៅកូនស្រីគាត់ថា "ស្រីម៉ៅ" ។ អំឡុងពេលដែលគាត់កំពុងសិក្សានៅស្រុកអាមេរិក ស្រុកខ្មែរក៏ធ្លាក់ចូលទៅក្នុងការគ្រប់គ្រងរបស់ខ្មែរក្រហម ។ គាត់និងភរិយាក៏រស់នៅបែកគ្នារហូតដល់របបខ្មែរក្រហមដួលរលំនៅឆ្នាំ ១៩៧៩ ។ បន្ទាប់ពីខ្មែរក្រហមដួលរលំ គាត់បានចំណាយពេលស្វែងរកដំណឹងអំពីភរិយានិងស្រីម៉ៅកូនគាត់មួយរយៈកាល ។ ប៉ុន្តែមិនទទួលបានដំណឹងអ្វីអំពីពួកគេឡើយ ។ គាត់ក៏សន្មត់ថា ភរិយានិងកូនគាត់បានស្លាប់នៅក្នុងរបបខ្មែរក្រហម ។ បន្ទាប់មក គាត់ក៏សម្រេចចិត្តរៀបការនឹងនារីម្នាក់ ។ នារីនោះមិនមែនជាជនជាតិខ្មែរទេ តែមានអម្បូរមកពីទ្វីបអាសុីអគ្នេយ៍ដែរ ។ គាត់បានប្រាប់ប្រវត្តិរបស់គាត់ រួមទាំងអតីតភរិយានិងកូនស្រីរបស់គាត់ទៅភរិយាទីពីររបស់គាត់មិនឲ្យខ្វះចន្លោះឡើយ ។ ពេលភរិយាគាត់ប្រសូត្របានកូនស្រីមួយទៀត គាត់ក៏សុំភរិយាគាត់ដាក់ឈ្មោះឲ្យនាងថា ស្រីម៉ៅ ដើម្បីទុកជាការនឹករលឹកដល់កូនស្រីនិងភរិយាដែលបានបាត់បង់ជីវិតទៅនោះ ។ ប៉ុន្មានឆ្នាំក្រោយមក ភរិយានិងកូនស្រី ដែលគាត់បានសន្មត់ថាស្លាប់នៅក្នុងជំនាន់ ប៉ុលពត នោះ បានផ្ញើសំបុត្រមកប្រាប់គាត់ថា ពួកគេនៅរស់ហើយកំពុងស្នាក់នៅក្នុងជំរំជនភៀសខ្លួនមួយ នៅក្នុងទឹកដីថៃ ។ បុរសនោះក៏យករឿងនេះទៅពិគ្រោះជាមួយនឹងភរិយាទីពីររបស់គាត់ ដើម្បីរកដំណោះស្រាយ ។ ភរិយាគាត់ បានអនុញាតិឲ្យគាត់ធ្វើក្រដាសស្នាមធានាយកអ្នកទាំងពីរមករស់នៅក្នុងសហរដ្ឋអាមេរិកដែរ ។ ពួកគេសម្រេចចិត្តរស់នៅក្នុងតំបន់មួយនៃទីក្រុងដែលស្ថិតនៅមិនឆ្ងាយពីគ្នាប៉ុន្មានទេ ។ ថ្ងៃធម្មតា គាត់រស់នៅជាមួយភរិយាទីពីររបស់គាត់ ។ ថ្ងៃចុងសប្តាហ៍ គាត់ទៅស្នាក់នៅជាមួយនឹងភរិយានិងកូនស្រីទីមួយរបស់គាត់ ។ ពួកគេធ្វើដូច្នេះ រហូតដល់ថ្ងៃបុរសនោះទទួលអនិច្ចកម្ម ប្រហែលជាពីរបីឆ្នាំកន្លងទៅនេះ ។ ផ្ទះបុរសនោះស្ថិតនៅរំលងអំពីផ្ទះខ្ញុំ ប្រហែលជាប្រាំផ្ទះប៉ុណ្ណោះ ។ ខ្ញុំមិនធ្លាប់ជួបមុខ ឬក៏ស្គាល់គាត់ទេ ប៉ុន្តែ ធ្លាប់ឃើញកូនស្រីទីពីររបស់គាត់រត់លេង និងធ្លាប់ជួបភរិយាទី ១ និងកូនស្រីរបស់គាត់ដែលទើបនឹងមកពីស្រុកខ្មែរ ពីរបីដងដែរ ។
នេះគឺជារឿងមិនប្រក្រតីមួយ ។ អ្វីដែលបុគ្គលទាំងបីរូបបានអនុវត្តិ វាគឺជារឿងមិនធម្មតា ។ ប្រការដែលស្ត្រីទាំងពីររូប អាចដោះស្រាយបញ្ហាស្នេហាត្រីកោណដោយវិធីនេះ វាពិតជារឿងគួរឲ្យស្ញប់ស្ញែងណាស់ ។ គឺរឿងនេះហើយដែលខ្ញុំយកមកធ្វើជាមូលដ្ឋាន សរសេរអំពីប្រពន្ធមួយប្តីពីរ ៕
Monday, November 14, 2022
ចំណីខួរក្បាល
លើកស្ទួយបុគ្គល (Self-Empowerment)
កាលរៀននៅបស្ចឹមប្រទេស ខ្ញុំឧស្សាហ៍ឮគេនិយាយអំពីគោលគំនិត លើកស្ទួយបុគ្គល (Self-empowerment) ។ ពេលឮពាក្យនេះដំបូងៗ ខ្ញុំក្តាប់មិនបានទេ ។ និយាយមួយបែបទៀត ខ្ញុំមិនសូវយល់ទេ ។ ប៉ុន្តែ មិនដឹងជាគេចទៅណារួច ខ្ញុំក៏ចេះតែទ្រាំអង្គុយស្តាប់គេវែកញែកកំដរពេលវេលាទៅ ។
ថ្មីៗនេះ ខ្ញុំបានយកពាក្យមួយឃ្លាដែលឪពុកខ្ញុំតែងតែលើកយកមកទូន្មាន ឬក៏តេះដៀលខ្ញុំកាលពីកុមារភាព មកវិភាគពិចារណា ក៏មើលឃើញថា ពាក្យមួយឃ្លានោះ មានអត្ថន័យខ្លឹមសារស្រដៀងគ្នានឹងពាក្យ Self-empowerment នៅក្នុងភាសាអង់គ្លេសនេះដែរ ។ ពាក្យដែលឪខ្ញុំតែងតែលើកយកមកប្រដៅខ្ញុំជារឿយៗនោះគឺ៖ "ធ្វើជាមនុស្ស កុំចាំបាច់ឲ្យគេឆ្កឹះដូចចន្លុះ" ។ បើយើងពិនិត្យមើលអត្ថន័យខ្លឹមសារនៃពាក្យពេចន៍នេះឲ្យសុីជម្រៅ យើងឃើញថា ពាក្យមួយឃ្លានេះ មានន័យដាស់តឿនទូន្មានផង និង តេះដៀលផង ។ វាបង្កប់នូវតុល្យភាពមួយនៅក្នុងខ្លឹមសាររួម ។ បើនិយាយអំពីទំនាក់ទំនងអំណាចនៅក្នុងគ្រួសារ ឬសង្គមជាតិ អំណាចនោះគឺត្រូវបានរក្សាទុកនៅនឹងរូបបុគ្គល (Empowerment) ។ ភ្ជាប់ជាមួយនឹងអំណាចនោះគឺ សេរីភាព (Freedom) ។ បន្តមកទៀតគឺការទទួលខុសត្រូវ (Responsibility) ។ អ្វីដែលជាលទ្ធផលចុងក្រោយនៅក្នុងការផ្ទុកផ្តាក់នេះ គឺភាពរឹងបុឹងនៅក្នុងជីវិតបុគ្គលម្នាក់ៗ (Confidence) ។ វាជាទំនាក់ទំនងនៅក្នុងការអភិវឌ្ឃ ឬវិវត្តិន៍ នៃជីវិតមនុស្សដែលហាក់ដូចជាមានលក្ខណៈវិទ្យាសាស្ត្រភ្ជាប់ជាមួយ ។
នៅពេលមនុស្សម្នាក់នៅក្នុងទំនាក់ទំនងសង្គមគ្រួសារក្តី សង្គមខាងក្រៅក្តី ត្រូវបានអនុញាតិ ឬលើកទឹកចិត្តឲ្យទទួលខុសត្រូវ (Responsible) ទៅលើការតាក់តែងដំណើរជីវិតរបស់ខ្លួន វានឹងបង្កឲ្យមានលក្ខណៈរឹងបុឹងនៅក្នុងសមត្ថភាពរបស់មនុស្សនោះ ។ គួរកត់សម្គាល់ថា ខ្ញុំប្រើពាក្យ "រឹងបុឹង" ជំនួសឲ្យពាក្យ "រឹងមាំ" ។ រឹងបុឹងងាយបត់បែន (Flexible) ទប់ទល់ជាមួយនឹងសម្ពាធ ។ រឹងមាំ (Rigid) មានលទ្ធភាពមិនដូចគ្នាទេ ។ កត្តាទាំងពីរជាសមត្ថភាពដូចគ្នា (Strength) ។ ក៏ប៉ុន្តែ មួយទន់ មួយរឹង ។ ចៃកុនគុននិយម ចិន អាចយល់អំពីប្រការនេះដោយងាយ ។
ការសិក្សាវែកញែកពាក្យ មួយម៉ាត់ក្តី មួយឃ្លាក្តី គឺលំបាកប្រហាក់ប្រហែលនឹងសិក្សាមេរៀនមួយសៀវភៅដែរ ។ ភាគច្រើន យើងអាន ឬក៏ស្តាប់ហើយ ក៏ចេះតែបន្តដំណើរសិក្សាទៅមុខទៀត ។ កម្រអង្គុយវិភាគពិចារណាពាក្យ មួយម៉ាត់ៗ ឬមួយឃ្លាៗ ដែលយើងបានជួបប្រទះណាស់ ។ ជាលទ្ធផល យើងចេះចាំតែពាក្យពេចន៍ ឬក៏គោលគំនិតអ្វីមួយ ប៉ុន្តែមិនសូវយល់អំពីវិសាលភាពនៃគំនិតទាំងនោះទេ ។ គួរនាដូចជាដំបូន្មានរបស់ឪខ្ញុំដូច្នោះដែរ ។ វាដក់ជាប់នៅក្នុងដួងចិត្តនិងការចង់ចាំរបស់ខ្ញុំស្ទើរតែអស់មួយជីវិតទៅហើយ ។ ប៉ុន្តែ នៅពេលដែលខ្ញុំរៀនប៉ះចំគោលគំនិតដូចគ្នានោះ ខ្ញុំបែរជាឡេឡឺគ្មានដឹងខ្យល់អ្វីទៅវិញ ។ បើកុំតែខ្ញុំលើកយកពាក្យមួយឃ្លានោះ មកធ្វើបទបញ្ហាញ (Highlight) នៅក្នុងអត្ថបទមួយនាពេលថ្មីៗនេះ ឪខ្ញុំប្រហែលជាគ្មានថ្ងៃទទួលបានក្រេឌិត ឬក៏ការទទួលស្គាល់អំពីផលវិជ្ជមាននៅក្នុងដំបូន្មានរបស់គាត់ឡើយ ។
នៅក្នុងការរស់នៅ មនុស្សម្នាក់ៗប្រហែលជាកម្រនឹងចំណាយពេល ពិចារណាពាក្យពេចន៍ដែលប្រើប្រចាំថ្ងៃណាស់ ។ យើងអាន យើងស្តាប់ យើងឮ យើងប្រតិកម្ម យើងចងចាំ រួចហើយក៏បន្តរស់ទៅតាមស្ថានភាពជីវិតរបស់យើង ។ ប៉ុន្តែ បើយើងពិនិត្យឲ្យបានមធ្យ័ត ពាក្យពេចន៍ដើរតួសំខាន់ណាស់នៅក្នុងការអភិវឌ្ឃជីវិត ។ តាមពិត ប្រការដែលធ្វើឲ្យខ្ញុំរំលឹកឡើងវិញអំពីដំបូន្មានឪខ្ញុំ ដែលបានទទួលអនិច្ចកម្មទៅរាប់សិបឆ្នាំកន្លងមកហើយនោះ គឺដោយសារតែការតតាំង (Challenges) របស់កូនខ្ញុំជាមួយនឹងខ្ញុំ ។ ដោយហេតុតែកូនខ្ញុំវាកើតនៅក្នុងស្រុកអាមេរិក វាកម្រនឹងទទួលយកការបង្គាប់បញ្ជារបស់ខ្ញុំដោយគ្មានការតវ៉ាណាស់ ។ គឺថាខ្ញុំត្រូវតែពន្យល់ហេតុផលឲ្យទាល់តែច្បាស់ល្មមទទួលយកបាន ទាំងវាទាំងខ្ញុំ ទើបយើងអាចបិទបញ្ចប់ទំនាស់អ្វីមួយ ។ ឧទាហរណ៍ ខ្ញុំប្រាប់កូនខ្ញុំថា លាងដៃមុននិងក្រោយពេលញ៉ាំបាយ សំខាន់ណាស់ ។ កូនត្រូវតែអនុវត្តិ ។ វាតតាំងថា ត្រឹមតែជូតសម្អាតដៃគឺគ្រប់គ្រាន់ហើយ ។ ដើម្បីកុំឲ្យទំនាស់អូសបន្លាយវែងឆ្ងាយ ខ្ញុំរំលឹកវាឲ្យត្រឡប់ទៅមើលកម្មវិធីអនាម័យសម្រាប់កុមារនៅក្នុងកុនជីវចលរឿង ដានីញ៉ែល ថៃហ្គឺ ដែលវាចូលចិត្តមើលកាលពីក្មេង ។ នៅពេលគេពន្យល់ថា ទឹកជាសារធាតុល្អបំផុតសម្រាប់សម្អាត មន្ទិលនានាត្រូវបានលុបបំបាត់ចេញអំពីផ្នត់គំនិត ។ ឧទាហរណ៍មួយទៀតដែលបង្ហាញអំពីសារសំខាន់នៃពាក្យពេចន៍ ជាមួយនឹងទំនាក់ទំនងអំណាចក៏ដូចជាសេរីភាព គឺការពុះជ្រៀកខ្លឹមសារ ។ កូនខ្ញុំវាចោទខ្ញុំថា ជាមនុស្សតឹងរឹង (Absolute or dictatorial) ។ ខ្ញុំប្រាប់វាថា ខ្ញុំមិនមែនតឹងរឹងទេ គឺខ្ញុំប្រកាន់ខ្ជាប់នូវវិន័យ ( I'm not strict; but I adhere to discipline) ។ វាឲ្យខ្ញុំពន្យល់អំពីភាវខុសគ្នារវាងភាព តឹងរឹង និង វិន័យ ។ ខ្ញូំប្រាប់វាថា តឹងរឹង គឺស្មើនឹងពាក្យ ត្រូវតែ (Must) ។ ឯ វិន័យគឺស្មើនឹងពាក្យ គួរតែ (Should/ought) ។ មួយដាច់ខាត (Rigid) ។ មួយទៀតទន់ភ្លន់ (Flexible) ។ តាមពិតពាក្យពីរនេះនៅក្នុងវប្បធម៌ខ្មែរ មានខ្លឹមសារមិនឃ្លាតអំពីគ្នាប៉ុន្មានទេ ។ ប៉ុន្តែ នៅក្នុងវប្បធម៌បស្ចឹមប្រទេស វាមានខ្លឹមសារឆ្ងាយពីគ្នាដូចមេឃនឹងដី ។ មួយកាត់ផ្តាច់សេរីភាពរបស់បុគ្គលគ្មានសល់ ។ មួយទៀតរក្សាសេរីភាពឲ្យនៅនឹងបុគ្គល ។ បើនិយាយអំពីទំនាក់ទំនងរវាងឪពុកនិងកូន វាជាទម្រង់អាណាព្យាបាលផ្តាច់ការនិយម និង គាំពារនិយម (Dictatorial parenting Vs. Supportive parenting) ។ បើយើងនិយាយអំពីទំនាក់ទំនងរវាងអ្នកដឹកនាំប្រទេសនិងពលរដ្ឋ វាជាទម្រង់ ផ្តាច់ការនិយម និង សហការនិយម (Dictatorship Vs. Participative Relationship) ។
វិលទៅកាន់ពាក្យលើកស្ទួយបុគ្គល (Self-Empowerment) វិញ ។ នៅក្នុងទំនាក់ទំនងមនុស្សក្នុងសង្គមក៏ដូចជាក្នុងគ្រួសារ គោលគំនិតលើកស្ទួយបុគ្គល ជាកត្តាដ៏ល្អនិងសំខាន់បំផុត ក្នុងការពង្រឹងសមត្ថភាពមនុស្ស ។ វាបង្កើតផ្នត់គំនិតទទួលខុសត្រូវនៅក្នុងជីវិតមនុស្សម្នាក់ៗ ក៏ដូចជានៅក្នុងសង្គមទាំងមូលដែរ ។ ឧទាហរណ៍ជាក់ស្តែងមួយគឺទង្វើរបស់មន្ត្រីរដ្ឋការនៅក្នុងប្រទេសដែលដើរតាមគោលគំនិតលើកស្ទួយបុគ្គល និងប្រទេសដែលមិនដើរតាមគោលគំនិតលើកស្ទួយបុគ្គល ។ មន្ត្រីនៅក្នុងប្រទេសដែលលើកស្ទួយបុគ្គល រមែងទទួលស្គាល់កំហុសនិងលាលែងពីតំណែង នៅពេលមានគ្រោះមហន្តរាយអ្វីមួយដែលកើតមាន ដោយសារការធ្វេសប្រហែសឬទង្វើរបស់ខ្លួន ។ ឯមន្ត្រីឬមេដឹកនាំនៅក្នុងប្រទេសដែលគ្មានគោលការណ៍លើកស្ទួយបុគ្គល មិនដែលទទួលស្គាល់កំហុសរបស់ខ្លួនទេ ទោះបីកំហុសនោះស្លាប់មនុស្សអស់រាប់លាននាក់ក៏ដោយ ៕
Wednesday, October 19, 2022
ចំណីខួរក្បាល
រៀនសូត្រ
មាតាបិតាស្ទើរតែគ្រប់រូបនៅក្នុងពិភពលោក រមែងគិតថាការព្យាយាមជម្រុញកូនៗឲ្យប្រឹងរៀនបន្ថែមនៅផ្ទះ គឺជាកត្តាបង្កឲ្យកូនរបស់ខ្លួនរៀនមិនចាញ់គេ ។ ជំនឿនេះ មិនដឹងជាកើតឡើងពីពេលណាមកទេ ។ តាំងតែពីខ្ញុំដឹងក្តីមក ខ្ញុំសង្កេតឃើញអ្នកអាណាព្យាបាលគ្រប់រូប បង្ខំកូនចៅឲ្យរៀនបន្ថែមនៅផ្ទះជាប្រចាំ ទោះបីជាកូនចៅទាំងនោះបានចំណាយពេលរៀននៅក្នុងសាលាប្រហែលជា ៦ម៉ោង ក្នុងមួយថ្ងៃរួចហើយក៏ដោយ ។ ខ្ញុំប្រើពាក្យ "បង្ខំ" នៅទីនេះគឺចង់បញ្ជាក់ថា កុមារដែលបានចំណាយពេល ៦ម៉ោង រៀននៅក្នុងសាលារួចហើយ ជាទូទៅមិនចង់បន្ថែមពេលវេលារៀនសូត្រប្រចាំថ្ងៃទៀតទេ ។ វាមិនខុសអ្វីអំពីកម្មកររោងចក្រកាត់ដេរដែលត្រូវបានគេបង្ខំឲ្យធ្វើការថែមម៉ោងឡើយ ។ មូលហេតុគឺនឿយហត់និងធុញទ្រាន់ ។ ក៏ប៉ុន្តែ អាណាព្យាបាលក្មេងស្ទើរតែគ្រប់រូប កម្រគិតអំពីប្រការនឿយហត់នេះណាស់ ។ យើងខ្វល់ខ្វាយខ្លាចតែកូនចៅរៀនចាញ់គេ ។ តាមការយល់ឃើញរបស់ខ្ញុំ កុមារដែលរៀនចាញ់គេ មិនប្រាកដថានឹងបរាជ័យនៅក្នុងជីវិតឡើយ ។ ហើយកុមារដែលរៀនឈ្នះគេ ក៏មិនប្រាកដថានឹងទទួលបានជោគជ័យនៅក្នុងដំណើរជីវិតដែរ ។ កូនសិស្សនៅក្នុងថ្នាក់រៀននិមួយៗមានចន្លោះពី ២០ ទៅ ៣០នាក់ ។ បើយើងចាត់ទុកអ្នកដែលបានលេខ ១ ដល់លេខ ៣ ជាអ្នកឈ្នះដូចនៅក្នុងការប្រកួតកីឡាអូឡាំពិក កូនសិស្សដទៃសុទ្ធតែជាអ្នកចាញ់ ។ តើនេះហើយឬជាអ្វីដែលយើងចង់បាន នៅក្នុងដំណើរលើកទឹកចិត្តក្មេងឲ្យប្រឹងប្រែងស្វែងរកពុទ្ធិ ឬក៏បណ្តុះបណ្តាលពលរដ្ឋរបស់សង្គម? ឲ្យតែកូនចៅអញឈ្នះគេ ចង់អាណាធ្លាក់ដល់ឋានបាតាលណាក៏ធ្លាក់ទៅ! និយាយមួយបែបទៀត៖ ឲ្យតែកូនចៅអញទទួលបានអំណាចនិងឱកាសហួងហែងការងាររកសុីផងទាំងពួង ចង់អាណាល្ហាមដល់កម្រិតណាក៏មិនឈឺក្បាលវិលមុខដែរ! ទុកគតិនយោបាយនេះមួយឡែក ។ អ្វីដែលខ្ញុំចង់យកមកពិភាក្សានៅក្នុងអត្ថបទនេះ គឺការរៀនសូត្រដោយគ្មានសម្ពាធ និងការរៀនសូត្រដែលមានសម្ពាធ ។ និយាយឲ្យងាយយល់គឺ រៀនសូត្រដោយអនុលោមតាមឆន្ទៈខ្លួន និងរៀនសូត្រដោយអនុលោមតាមឆន្ទៈរបស់អ្នកដទៃ ។
ខ្ញុំជាក្មេងមានសំណាងម្នាក់ពាក់ព័ន្ធនឹងការរៀនសូត្រនៅផ្ទះ ។ គឺថាមិនដែលឈឺក្បាលវិលមុខនឹងម៉ែឪដាស់តឿន ឬបង្ខំឲ្យរៀនឡើយ ។ មូលហេតុគឺ ម៉ែខ្ញុំមិនសូវចេះអក្សរ ។ ឯឪពុកខ្ញុំ គាត់ជាមនុស្សខ្ជិលរវីរវល់នឹងការរៀនសូត្ររបស់កូន ។ និយាយថាឪខ្ជិលដូចជាតិះដៀលគាត់ជ្រុលពេក ។ សូមចាត់ទុកគាត់ថាជាមនុស្សស្រឡាញ់សេរីភាពទៅចុះ ដ្បិតឪពុកខ្ញុំផ្តល់សេរីភាពឲ្យខ្ញុំច្រើនពាក់ព័ន្ធនឹងការរៀនសូត្រ ក៏ដូចជាការអភិវឌ្ឃអាកប្បកិរិយាដែរ (Character development) ។ តាំងតែពីខ្ញុំដឹងក្តីមក ឪពុកខ្ញុំមិនដែលលូកលាន់ជាមួយនឹងការរៀនសូត្ររបស់ខ្ញុំទេ ។ គាត់ផ្តល់ឲ្យខ្ញុំត្រឹមតែពាក្យមួយឃ្លាតែប៉ុណ្ណោះសម្រាប់ទុកជាឱវាទប្រចាំជីវិត៖ "ធ្វើជាមនុស្ស កុំចាំឲ្យគេឆ្កឹះដូចចន្លុះ" ។ That's it! ឪពុកខ្ញុំបណ្តុះបណ្តាលខ្ញុំជាមួយនឹងពាក្យតែពីរបីម៉ាត់នេះឯង ។ វាប្រៀបបាននឹងចាប់កូនក្មេងបោះចូលទៅក្នុងទឹកឲ្យហែល ។ បើឯងមិនហែលគឺលង់ស្លាប់ (Sink or swim!) ។ សម្រាប់ក្មេងជំនាន់ក្រោយដែលមិនស្គាល់ចន្លុះ វាជាវត្ថុសម្រាប់ដុតបំភ្លឺនៅពេលយប់ ។ គេធ្វើចន្លុះដោយយកស្លឹកព្រាលស្ងួតទៅជ្រលក់ក្នុងជ័រទឹក ហើយយកទៅចងរុំក្នុងស្រទបធាងស្លា ស្រទបចេក ឬក៏ស្លឹកត្នោត ដែលមានទំហំប៉ុនកដៃ ។ ដើម្បីកុំឲ្យភ្លើងចន្លុះរលត់ គេត្រូវយកមែកឈើឬមែកឫស្សីប៉ុនកូនដៃឆ្កឹះក្រញមធ្យូងចេញជារឿយៗ ។ ពាក្យ កុំចាំឲ្យគេឆ្កឹះដូចចន្លុះ គឺមានន័យថា កើតមកជាមនុស្ស គឺត្រូវភ្លឺស្វាង និងដឹងយល់អំពីកាតព្វកិច្ចរបស់ខ្លួន ។
ការបណ្តោយឲ្យក្មេងចាត់ចែងជោគវាសនាខ្លួន ពាក់ព័ន្ធនឹងការរៀនសូត្រ វាជារឿងប្រថុយប្រថានខ្លាំងណាស់ ។ ម៉ែឪដែលប្រថុយឲ្យកុមារចាត់ចែងកិច្ចការរៀនសូត្រដោយខ្លួនឯង គឺមានដោយកម្រ ។ ដូច្នេះ ទិន្នន័យកុមាររៀនសូត្រដោយសារឆន្ទៈរបស់ខ្លួន ក៏ប្រហែលជាក្រដែរ ។ នៅក្នុងបទពិសោធផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំចាំថាខ្ញុំចាប់ផ្តើមអានសៀវភៅនៅថ្នាក់ទី ២ ឬថ្នាក់ទី ១១ នៅសម័យមុន ។ មិនមាននរណាណែនាំខ្ញុំទេ ។ គឺខ្ញុំជ្រើសរើសការរៀនអានដោយខ្លួនឯង ។ ទង្វើរបស់ខ្ញុំនោះ អាចជាការព្យាយាមពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីទប់ទល់ជាមួយនឹងការហៅឲ្យឡើងអានអក្សរនៅលើក្តារខៀន ពីសំណាក់គ្រូបង្រៀន ។ សម័យនោះ បើអានអក្សរមិនដាច់ អាចនឹងត្រូវគ្រូវាយនឹងរំពាត់ ។ ឯលេខនព្វន្តនិងសូត្រមេលេខ ក្រៅអំពីរៀននៅក្នុងសាលា ខ្ញុំរៀនតែជាមួយនឹងបងប្អូននិងមិត្តភក្តិ (Peers study) ។ ឃ្លាមួយដែលខ្ញុំនៅចាំរហូតដល់សព្វថ្ងៃអំពីអនុស្សាវរីយ៍រៀនអានដំបូងៗនោះគឺ៖ អណ្តើកមួយ វា រ គើម ៗ ។ ពាក្យនេះគេប្រកប វារ គើមៗ ។ ប៉ុន្តែ ដោយហេតុតែខ្ញុំមិនទាន់យល់ដឹងអំពីពាក្យមាន រ និងគ្មាន រ ខ្ញុំក៏ប្រកបវាមិនឲ្យបាត់តួអក្សរឡើយ ។
រៀនសូត្រដោយអនុលោមតាមឆន្ទៈរបស់ខ្លួន អាចផ្តល់នូវគុណសម្បត្តិច្រើន ។ ជាបឋម វាបណ្តុះឲ្យមានផ្នត់គំនិតឯករាជ្យនៅក្នុងអត្តចរិតមនុស្ស ។ ជាមួយគ្នានេះដែរ វាក៏បង្វែរកាតព្វកិច្ចរៀនសូត្រឲ្យក្លាយមកជាបន្ទុករបស់បុគ្គល ។ កាលរស់នៅក្នុងរបបខ្មែរក្រហម ខ្ញុំធ្លាប់ឮពាក្យមួយឃ្លាដែលគេនិយាយថា៖ "ឯករាជ្យម្ចាស់ការ" ។ ពាក្យនេះ បើយើងគិតឲ្យជ្រៅបន្តិច វាមានសារសំខាន់ណាស់នៅក្នុងការ "កសាងគោលជំហរ" មនុស្ស ។ អៃយ៉ា! ពិចារណាចុះឡើងទៅលើកតម្កើងគំនិតខ្មែរក្រហមឯណាឯនោះឆ្កុយទៅវិញ ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំគិតថាកត្តាដ៏ធំបំផុតនៅក្នុងការរៀនសូត្រ គឺបណ្តុះឲ្យមានទំនុកចិត្តលើខ្លួនឯង ដែលភាសាអង់គ្លេសហៅថា (Self-esteem) ។ ទំនុកចិត្តលើខ្លួនឯងនឹងនាំឲ្យមាន ភាពជឿជាក់លើសមត្ថភាពរបស់ខ្លួនបន្តទៅទៀត (Self-confidence) ។
ជីវិតគឺជាដំណើរការស្វែងយល់និងគំហើញ (Life is an exploration and discovery) ។ ការរៀនសូត្រក៏ដូចគ្នាដែរ ។ នៅក្នុងដំណើរស្វែងយល់និងគំហើញនេះ យើងចាំបាច់ត្រូវតែមានទំនុកចិត្តនិងជំនឿលើខ្លួនឯង ។ ថ្វីដ្បិតតែមនុស្សទាំងអស់ដែលបានឆ្លងកាត់ឬក៏កំពុងតែរៀនសូត្រ មិនដែលមាននរណាមានទំនុកចិត្តឬជំនឿលើសមត្ថភាពរបស់ខ្លួន ១០០% អ្នកដែលមានទំនុកចិត្តនិងជំនឿលើខ្លួនឯងរឹងមាំ ហាក់ដូចជាមិនសូវតក់ស្លុត ជាមួយនឹងការប្រឈមនឹងឧបសគ្គផងទាំងពួង នៅក្នុងការរៀនសូត្រ ក៏ដូចជានៅក្នុងដំណើរជីវិត ។ សម្រាប់ខ្ញុំ ខ្ញុំដឹងថាជីវិតខ្ញុំនេះកើតមកគ្មានស្ពាយទេពកោលស្យអ្វីមកជាមួយទេ ។ ខ្ញុំរៀនមិនសូវចេះមិនសូវចាំដូចមនុស្សភាគច្រើនដែរ ។ អ្វីដែលជាកត្តាជំនួយដល់ការរៀនសូត្ររបស់ខ្ញុំ គឺខ្ញុំមានទំនុកចិត្តនិងជំនឿលើសមត្ថភាពរបស់ខ្លួន ។ មិនដឹងថាទំនុកចិត្តនិងជំនឿនេះ វាកើតមានមកពីកំណើត ឬក៏ដោយសារតែឪពុកម្តាយខ្ញុំបណ្តោយឲ្យខ្ញុំ រៀនសូត្រទៅតាមក្បាលវ៉ាល់របស់ខ្ញុំនោះទេ ។ ប៉ុន្តែ ខ្ញុំចូលចិត្តជឿថា ទំនុកចិត្តនិងភាពជឿជាក់លើសមត្ថភាពរបស់ខ្លួន កើតចេញមកអំពីការប្រឈមនិងដោះស្រាយបញ្ហាដោយខ្លួនឯងជាប្រចាំ ច្រើនជាងឧបនិស្ស័យពីកំណើត ។
កាលរៀននៅសាកលវិទ្យាល័យ ខ្ញុំតែងតែកោតស្ញប់ស្ញែងនិស្សិតអាមេរិកាំង ដែលហាក់ដូចជាគ្មានភាពញញើតញញើម នៅក្នុងការជជែកវែកញែកជាមួយនឹងសាស្ត្រាចារ្យ ក៏ដូចជាជាមួយនឹងនិស្សិតគ្នាឯង ។ ភាពស្ញប់ស្ញែងនេះ បានញ៉ាំងឲ្យខ្ញុំព្យាយាមស្វែងយល់អំពីប្រវត្តិនៃការរៀនសូត្ររបស់ពួកគេ ពីសំណាក់មិត្តភក្តិអាមេរិកាំងមួយចំនួន ។ យោងតាមអ្វីដែលខ្ញុំបានដឹង អាមេរិកាំងបណ្តុះបណ្តាលកូនក្នុងវិស័យសិក្សា ដោយផ្អែកលើគោលគំនិតទូទៅមួយ ដែលភាសាអង់គ្លេសហៅថា៖ Hands off ឬ ហូតកន្លុះលែង ។ គួរបញ្ជាក់ថា ហូតកន្លុះលែងនៅទីនេះ មិនមែនលែងចោលទេ ។ អ្វីៗស្ថិតនៅក្រោមការគ្រប់គ្រងដូចគ្នា គ្រាន់តែគេមិនដឹកច្រមុះ ។ បើគិតឲ្យសុីជម្រៅបន្តិច មាតាបិតាអាមេរិកាំងផ្ទុកផ្តាក់កាតព្វកិច្ចរៀនសូត្រឲ្យកូនចាត់ចែងដោយខ្លួនឯង ច្រើនជាងចាត់ចែងជំនួសកូន ។ ប្រការមួយទៀតគឺពិន្ទុនិងការប្រកួតប្រជែងគ្នា ។ និស្សិតអាមេរិកាំងភាគច្រើន មិនសូវនិយាយឬគិតអំពីរឿងឈ្នះចាញ់នៅក្នុងការរៀនសូត្រឡើយ ។ យើងផ្តោតតែទៅលើរឿងជាប់និងធ្លាក់ពិន្ទុតែប៉ុណ្ណោះ ។ ឈ្នះនិងចាញ់ មិនមែនសម្រេចនៅក្នុងថ្នាក់រៀន ឬក៏ពិន្ទុខ្ពស់ទាបទេ ។ អ្នកណាឈ្នះ អ្នកណាចាញ់ គឺសម្រេចនៅពេលដែលយើងចេញទៅប្រកបការងារចិញ្ចឹមជីវិត ។
រឿងផ្តល់សេរីភាពឲ្យកុមាររៀនសូត្រដោយអនុលោមតាមចំណង់ ដោយគ្មានសម្ពាធឬការបង្ខិតបង្ខំ ប្រហែលជាត្រូវការជជែកវែកញែកវែងឆ្ងាយ ។ មុននឹងបញ្ចប់អត្ថបទនេះ ខ្ញុំសូមលើកយកគំនិតមួយទៀតមកពិចារណា ។ ចំណេះដឹង មិនថារៀនចេញពីសាលា ឬក៏រៀងអំពីមិត្តភក្តិអ្នកស្រុកភូមិផងរបងជាមួយទេ គឺអាស្រ័យលើការចងចាំជាក់លាក់យូរអង្វែង ។ នៅពេលការចងចាំនោះបាត់បង់ ចំណេះដឹងក៏វាបាត់បង់ទៅជាមួយដែរ ។ អ្នកសិក្សាអំពីប្រវត្តិសាស្ត្រ នៅពេលភ្លេចប្រវត្តិសាស្ត្រ ពួកគេនឹងដើជាន់ដានប្រវត្តិសាស្ត្រ មិនខុសអំពីមនុស្សដែលជុះអាចម៍រួចហើយ ងើបដើរត្រឡប់ក្រោយទៅជាន់អាចម៍ខ្លួនឯងនោះទេ ។ អ្វីដែលខ្ញុំចង់និយាយនៅទីនេះគឺ គុណសម្បត្តិនៃការរៀនសូត្រដោយផ្អែកលើឆន្ទៈ ។ ខ្ញុំមានជំនឿថា ការរៀនសូត្រដោយផ្អែកលើឆន្ទៈរបស់ខ្លួន ផ្តល់លទ្ធភាពឲ្យយើងចងចាំអ្វីដែលយើងរៀន បានយូរអង្វែង ។ និយាយអំពីរឿងយូរអង្វែងនេះ មានកំណាព្យពីរនៅក្នុងសៀវភៅ យើងអាន ថ្នាក់កុមារដ្ឋានដែលខ្ញុំនៅចងចាំទាំងស្រុង ។ ថ្វីដ្បិតតែខ្ញុំភ្លេចចំណងជើងកំណាព្យទាំងពីរ ។ ក៏ប៉ុន្តែ ខ្ញុំអាចសូត្រកំណាព្យទាំងពីរ អត់មានភ្លេចពាក្យមួយឃ្លាឡើយ ។ កំណាព្យទីមួយចាប់ផ្តើមដោយពាក្យ៖ ម៉ាក់សុខញ៉ាំបាយ សុខឃើញពីឆ្ងាយ ដើរមកក្រឡឹង ដល់ជិតក្អកឃុះ ឲ្យម៉ាក់វាដឹង ម្តាយយល់ដំណឹង សុខមករកញ៉ាំ ។ កំណាព្យទីពីរ៖ រាល់ល្ងាចម៉ោងប្រាំ តាមខ្ញុំចំណាំ ប៉ាចូលក្នុងច្បារ ស្រោចទឹកបោចស្មៅ ដង្កូវនានា បេះចេញពីផ្កា មិនឲ្យសល់មួយ ។ កំណាព្យទាំងពីរនេះ ខ្ញុំបានអាននៅគ្រាចុងក្រោយបំផុតក្នុងអំឡុងឆ្នាំ ១៩៧៤ ។ ចាប់តាំងពីឆ្នាំ ១៩៧៤ មកដល់បច្ចុប្បន្ន ជីវិតខ្ញុំបានជួបនឹងព្រឹត្តិការណ៍ជាច្រើន ។ ប្រការដែលខ្ញុំអាចចងចាំកំណាព្យទាំងពីរនេះតាំងពីដើមដល់ចប់ វាគឺជារឿងមិនធម្មតាមួយ ។ រឿងមួយទៀតគឺកាលពីជាង ៣០ឆ្នាំកន្លងទៅនេះ ខ្ញុំបានទៅចុះឈ្មោះរៀននៅមហាវិទ្យាល័យ ដោយជ្រើសរើសយកមុខវិជ្ជាសរសេរសារពត៌មានជាអាជីព (Major) ។ លោកគ្រូទីប្រឹក្សាដែលមានភារៈណែនាំនិងចុះហត្ថលេខាទទួលស្គាល់ ឬអនុញាតិឲ្យខ្ញុំរៀនក្នុងមុខវិជ្ជានានា បានព្យាយាមឲ្យខ្ញុំប្តូរយកមុខវិជ្ជាផ្សេង ។ គាត់មើលឃើញថា ជនអន្តោប្រវេសន៍ដែលមិនសូវចេះភាសាអង់គ្លេសជ្រៅជ្រះដូចខ្ញុំ មិនអាចឬក៏លំបាកនឹងរៀនបានជោគជ័យក្នុងមុខវិជ្ជាសរសេរសារពត៌មាននេះណាស់ ។ បើខ្ញុំអាចពុះពារទៅរួច ខ្ញុំក៏លំបាកនឹងស្វែងរកអាជីពជាអ្នកសារពត៌មាននៅក្នុងស្រុកអាមេរិក ដែលពោរពេញទៅដោយការប្រកួតប្រជែងស្រួចស្រាល់នោះដែរ ។ ខ្ញុំព្យាយាមរកគ្រប់មធ្យោបាយដើម្បីឲ្យគាត់អនុញាតិឲ្យខ្ញុំរៀនមុខវិជ្ជាសារពត៌មាន ។ នៅទីបំផុត ខ្ញុំក៏ទទួលបានការអនុញាតនិងទទួលបានជោគជ័យនៅក្នុងការសិក្សា ។ ក៏ប៉ុន្តែ ដូចដែលលោកគ្រូទីប្រឹក្សាបានព្យាករណ៍ ខ្ញុំមិនអាចរកការងារធ្វើក្នុងអាជីពជាអ្នកកាសែតបានឡើយ ។ ខ្ញុំក៏បានបោះបង់និងបំភ្លេចការរៀនសូត្រនោះចោលរហូតមកដល់ថ្ងៃនេះ ។ បើគិតជាពេលវេលា វាមានរយៈពេលជាង ៣០ឆ្នាំហើយ ។ ក៏ប៉ុន្តែ ថ្វីដ្បិតតែត្រូវបានខ្ញុំបោះបង់និងបំភ្លេចចោល គោលការណ៍និងបច្ចេកទេសនានាអំពីការសរសេរសារពត៌មាន វានៅតែដក់ជាប់ក្នុងខួរក្បាលខ្ញុំច្បាស់ដូចពន្លឺថ្ងៃ ។ ខ្ញុំហ៊ានអះអាងថា ខ្ញុំអាចធ្មេចភ្នែកពន្យល់ ឬបង្រៀនអំពីបច្ចេកទេសសរសេរសារពត៌មានដោយមិនចាំបាច់មានសៀវភៅមេរៀនឡើយ ។ ប្រការដែលមនុស្សអាចចងចាំចំណេះដឹងច្បាស់លាស់ និងយូរអង្វែងនេះ ខ្ញុំគិតថាវាមានទំនាក់ទំនងជាមួយនឹងការរៀនសូត្រដោយអនុលោមទៅតាមឆន្ទៈរបស់បុគ្គលម្នាក់ៗ ។ គុណសម្បត្តិនេះ វាក៏ទាក់ទិននឹងគុណភាពនៃចំណេះដឹងរបស់បុគ្គលដែរ ៕
Saturday, September 24, 2022
ចំណីខួរក្បាល
ពិការញាណអូទីហ្សឹម (Autism) ៤
នេះជាអត្ថបទទី ៤ហើយ ដែលខ្ញុំសរសេរអំពីពិការញាណអូទីហ្សឹម ។ ភាពងប់ងល់ (Obsess) ជាមួយនិងអាការរោគអូទីហ្សឹមនេះ បានធ្វើឲ្យអ្នកផ្ទះខ្ញុំគិតថា ខ្ញុំប្រហែលជាមនុស្សរងគ្រោះរស់ជាមួយនឹងអាការរោគអូទីហ្សឹម ។ តាមពិត ខ្ញុំរស់ជាមួយនឹងកិច្ចពិភាក្សាពិការញាណមានរយៈពេលជិត ៣០ឆ្នាំហើយ ។ ខ្ញុំបានភពប្រសព្វជាមួយនឹងកិច្ចពិភាក្សាអំពី ADHD, Autism, and Down Syndrome តាំងតែពីឆ្នាំ ១៩៩៦ មកម្លេះ ។ ក្នុងចំណោមពិការញាណធំៗទាំងបី នៅមានមែកធាងតូចៗរបស់វាតទៅទៀត ។ ក៏ប៉ុន្តែ អូទីហ្សឹម គឺជាសតិបញ្ញារោគមួយ ដែលមានលក្ខណៈស្មុគស្មាញពិសេសពិបាកយល់ និងគួរឲ្យចង់ស្វែងយល់ ។ វាធ្វើឲ្យមនុស្សបាត់បង់ម្ចាស់ការលើអាកប្បកិរិយារបស់ខ្លួនផង និងលាក់បំបាំងសក្តានុពលរបស់មនុស្សផង ។ តាមពិត ខ្ញុំមិនសូវជាចាប់អារម្មណ៍ជាមួយនឹងអាការរោគពិការញាណទេ ដ្បិតខ្ញុំគិតថាមនុស្សណាក៏កើតមកពិការញាណដែរ គ្រាន់តែតិចហើយនិងច្រើន ។ ក៏ប៉ុន្តែ ទិដ្ឋិរបស់ខ្ញុំទាក់ទងនឹងពិការញាណបានផ្លាស់ប្តូរ បន្ទាប់ពីជួបនឹងយុវនារីដ៏ស្រស់សោភាមួយរូប ។ នាងជាមនុស្សពិការញាណអូទីហ្សឹម ដែលចូលមករៀបរាប់រឿងរ៉ាវជីវិតរបស់នាង ក្នុងនាមជាមនុស្សរស់ជាមួយអាការរោគអូទីហ្សឹម នៅចំពោះមុខគណកម្មាធិការសិក្សាស្រាវជ្រាវមួយ ។ ឆ្លើយតបទៅនឹងសំណួរ ថាតើនាងប្រាថ្នាឲ្យមនុស្សជុំវិញខ្លួននាងធ្វើដូចម្តេច ដើម្បីជួយសម្រួលដល់ការរស់នៅរបស់នាង ។ ចម្លើយដ៏ខ្លីរបស់នាងគឺ៖ នាងប្រាថ្នាឲ្យមនុស្សជុំវិញខ្លួននាង ព្យាយាមយល់អំពីនាងឲ្យបានប្រសើរបន្តិច (I wish people around me understand me better.) ។ គួរបញ្ជាក់ថា យុវតីនោះរៀនបានខ្ពង់ខ្ពស់ និងមានរូបឆោមល្អល្អាច់ណាស់ ។ បើនាងមិននិយាយថា នាងជាមនុស្សរស់ជាមួយនឹងអាការរោគ អូទីហ្សឹម គ្មានអ្នកណាអាចមើលដឹងឡើយ ។ អ្វីដែលជារឿងអកុសលសម្រាប់នាង គឺនាងមិនអាច ឬពិបាកសម្របខ្លួនឲ្យចុះសម្រុងនៅក្នុងសង្គម ។ រឿងរបស់នាងនិងរឿងប្រលោមលោក មិនចុះសម្រុងនឹងជីវិត មានស្ថានភាពប្រហាក់ប្រហែលគ្នា ។ គឺរឿងរបស់យុវតីនេះហើយ ដែលនាំឲ្យខ្ញុំត្រឡប់ទៅគាស់កកាយពត៌មាននានាពាក់ព័ន្ធនឹងពិការញាណ ដែលបានកប់នៅក្នុងខួរក្បាលខ្ញុំជាងពីរទសវត្សរ៍កន្លងទៅនេះ ។
អាការរោគអូទីហ្សឹម ចែកចេញជាបីកម្រិតគឺ៖ ស្រាល មធ្យម និង ធ្ងន់ ។ អត្ថបទនេះ ខ្ញុំផ្តោតតែទៅលើកម្រិត មធ្យម ទេ ដ្បិតវាហាក់ដូចជាបង្កប់នូវអាថ៌កំបាំងច្រើននៅក្នុងដំណើរលូតលាស់របស់មនុស្ស ។ តាមស្ថិតិមួយដែលខ្ញុំបានប្រទះកាលពីប៉ុន្មានឆ្នាំមុន អូទីហ្សឹម បង្កទុក្ខកង្វល់ដល់ជីវិតមនុស្សប្រមាណជា ១ កណ្តក់សញ្ញា ៤ ភាគរយ ។ ក៏ប៉ុន្តែស្ថិតិនេះ មិនបង្ហាញទិន្នន័យពេញលេញទេ ដ្បិតការសិក្សាអំពីអូទីហ្សឹមមិនទាន់ទូលំទូលាយ ហើយអ្នកជម្ងឺដែលគេយកមកបញ្ចូលក្នុងទិន្នន័យនេះ ភាគច្រើនគឺស្ថិតនៅក្នុងកម្រិតធ្ងន់ ។ បើយើងបូកបញ្ចូលកម្រិតស្រាលនិងមធ្យមផង វាអាចមានចំនួនពី ៤ ទៅ ៥ ភាគរយ ។ ដូច្នេះ ក្នុងចំណោមមនុស្ស ១០០នាក់ យ៉ាងហោចណាស់ក៏មាន ៤នាក់ កើតមកជាមួយនឹងអាការរោគ អូទីហ្សឹម ។
ការកត់សម្គាល់ ឬធ្វើរោគវិនិច្ឆ័យអូទីហ្សឹម គឺងាយស្រួលនៅអំឡុងពេលមនុស្សមានអាយុពី ១ ទៅ ៣ឆ្នាំ ។ រោគសញ្ញាមួយដែលមនុស្សទូទៅអាចកត់សម្គាល់អាការរោគ អូទីហ្សឹម ដោយមិនចាំបាច់ទៅពឹងពាក់អ្នកឯកទេស គឺការក្រចេះនិយាយ ។ កុមារអូទីហ្សឹម ជាពិសេសក្មេងប្រុស អាចនឹងមិនចេះនិយាយរហូតដល់អាយុបីឆ្នាំ ។ នៅក្នុងភាសាអង់គ្លេសគេហៅប្រការនេះថា Delayed Developmet (លូតលាស់យឺត) ។ ប្រការមួយទៀតគឺការគ្រញែងខ្លួនញឹកញាប់ និងធ្វើចលនាជារឿយៗដែលភាសាអង់គ្លេសហៅថា Excitable (ញញាក់ញញ័រដូចស្វាឃើញចេកទុំ) ។ ដូច្នេះ បើកុមារលូតលាស់ចូលដល់ខួបទីពីរហើយមិនទាន់ចេះនិយាយ និងមានអាការចលនាដូចរៀបរាប់ខាងលើ យើងគួរសន្មត់ថា វាអាចមានផលវិបាកជាមួយនឹងអូទីហ្សឹម ។ មូុលហេតុដែលយើងត្រូវធ្វើដូច្នេះ ពីព្រោះកុមារអូទីហ្សឹម ត្រូវការជំនួយគាំពារពិសេសនៅក្នុងដំណើរជីវិតមិនដូចកុមារដទៃទេ ។ នៅសហរដ្ឋអាមេរិក ច្បាប់មិនអនុញាតិឲ្យយកកុមារអាយុក្រោម ៥ឆ្នាំ ទៅធ្វើរោគវិនិច្ឆ័យដើម្បីបញ្ជាក់អំពីអូទីហ្សឹមឡើយ ។ នៅប្រទេសដទៃក៏ប្រហែលជាដូចគ្នា ។ ដូច្នេះ បើយើងរង់ចាំបញ្ជាក់អាការរោគឲ្យបានជាក់លាក់ វាអាចយឺតពេលនៅក្នុងការបណ្តុះបណ្តាលកុមារ ក៏ដូចជាធ្វើអន្តរាគមនានាដើម្បីជួយពង្រឹកការលូតលាស់ ។
កុមារអូទីហ្សឹម មាននិន្នាការអត្តចរិតឆ្ពោះទៅរក អវិជ្ជមាននិយម នៅក្នុងដំណើរជីវិត ។ យើងអាចនិយាយថា កុមារណាក៏មានអត្តចរិតទោរទៅរកអវិជ្ជមាននិយមដែរ ប្រសិនបើយើងមិនតម្រែតម្រង់វា ។ ក៏ប៉ុន្តែ កុមារអូទីហ្សឹម មានចរិតរឹងត្អឹងមិនងាយបត់បែនឡើយ បន្ទាប់ពីវាទទួលយកកត្តាឬក៏ការអនុវត្តិអ្វីមួយនៅក្នុងដំណើរជីវិត ថាជាប្រក្រតីភាព (Daily Routine or Norms) ។ ឧទាហរណ៍ បើម្តាយជាអ្នកនាំវាអានសៀវភៅរៀងរាល់ល្ងាច សមាជិកគ្រួសារដទៃនាំវាអាន វានឹងបដិសេធមិនអានជាមួយឡើយ ។ បើចង់ឲ្យវាអានជាមួយនឹងអ្នកផ្សេង នៅក្នុងករណីម្តាយមិននៅផ្ទះ លុះត្រាណាតែយើងប្រាប់ហេតុផលនឹងទទួលបានការយល់ព្រមជាមុន ។ គឺភាពរឹងត្អឹងពិបាកបត់បែនអាកប្បកិរិយានេះហើយ ដែលធ្វើឲ្យមនុស្សរស់ជាមួយនឹងអាការរោគអូទីហ្សឹម ពិបាកសម្របខ្លួនឲ្យចុះសម្រុងជាមួយនឹងសង្គមខាងក្រៅ ។
យោងតាមរឿងរ៉ាវនានា (Testimonies) ដែលពណ៌នាដោយអ្នកអាណាព្យាបាលកុមារអូទីហ្សឹម ក៏ដូចជាមនុស្សរស់ជាមួយនឹងអាការរោគអូទីហ្សឹម កត្តាមួយចំនួនដែលនាំទៅរកផលវិបាកនៅក្នុងជីវិត គឺហាក់ដូចជាមានទម្រង់ (Patterns) ដែលយើងអាចយកមកផ្គុំគ្នាដើម្បីស្វែងយល់ ថាតើហេតុអ្វីបានជាការបណ្តុះបណ្តាល និងចិញ្ចឹមមនុស្សរស់ជាមួយនឹងអូទីហ្សឹម ជួបប្រទះឧបស័គ្គច្រើន ។
១) ចំណាប់អារម្មណ៍ (Interest)៖ ជាទូទៅ ការផ្តួចផ្តើមអាកប្បកិរិយារបស់កុមារ ចាប់ផ្តើមអំពីការចាប់អារម្មណ៍លើរបស់ ឬសកម្មភាពអ្វីមួយ ។ ឧទាហរណ៍ មើលកុននៅក្នុងទូរទស្សន៍ អាយហ្វូន ឬ អាយផេត ។ បន្ទាប់ពីជ្រើសរើសយករឿង ឬសកម្មភាពអ្វីមួយមកអនុវត្តិ កុមារអូទីហ្សឹមនឹងផ្តោតតែទៅលើរឿង ឬសកម្មភាពមួយនោះដដែលជាដដែលមិនងាយផ្លាស់ប្តូរឡើយ ។ ភាសាអង់គ្លេសហៅថា Repetitive Activity ។
២) ទម្លាប់ (Habit)៖ សកម្មភាព ដូចជាធ្វើអ្វីមួយដដែលៗយូរទៅ វានឹងក្លាយទៅជាទម្លាប់ ។ សម្រាប់កុមារអូទីហ្សឹម នៅពេលដែលវាចាប់យកទង្វើអ្វីមួយមកធ្វើជាទម្លាប់ ការបង្វិលអារម្មណ៍វាឲ្យទៅធ្វើអ្វីផ្សេងគឺមិនងាយទេ ។ ឧទាហរណ៍ បើវាធ្លាប់មើល អាយផេត រៀងរាល់ថ្ងៃបន្ទាប់ពីត្រឡប់មកពីសាលារៀន ប្រសិនបើយើងបញ្ឈប់ទម្លាប់នោះដើម្បីឲ្យវាអានសៀវភៅ ឬធ្វើអ្វីផ្សេង វានឹងកើតទុក្ខមិនសុខចិត្តទាល់តែសោះឡើយ ។ ពាក់ព័ន្ធនឹងទម្លាប់នេះ ប្រសិនបើវាធ្លាប់ប្រើរបស់អ្វីមួយ វាមិនងាយនឹងលះបង់របស់នោះទេ ទោះបីជាយើងយករបស់ដូចគ្នាថ្មីមួយទៀងមកផ្លាស់ប្តូរ ក៏វាមិនព្រមដែរ ។ បើរបស់វាប្រើខូច ហើយចាំបាច់ត្រូវតែប្តូរយករបស់ថ្មីមួយទៀត គប្បីពន្យល់ហេតុផលឲ្យទាល់តែវាយល់ ទើបវាសុខចិត្តប្រើរបស់ថ្មី ។ នៅក្នុងក្របខ័ណ្ឌទម្លាប់នេះដែរ ប្រសិនបើកុមារអូទីហ្សឹម យល់ព្រមទទួលយកសកម្មភាពអ្វីមួយមកអនុវត្តិ វានឹងធ្វើកិច្ចការនោះជាប្រចាំដោយមិនចាំបាច់នរណាដាស់តឿនវាទេ ។
៣) អាកប្បកិរិយា (Behavior)៖ ចំណាប់អារម្មណ៍ ទម្លាប់ បន្ទាប់មកគឺ អាកប្បកិរិយា ។ កុមារអូទីហ្សឹមមានអាកប្បកិរិយាចម្លែកនិងពិបាកយល់ច្រើន ។ អៀនប្រៀន មិនចូលចិត្តភាពអ៊ូរអ ឬក៏ខ្លាចខុសរឿងជាដើម ។ អាកប្បកិរិយាខ្លះកើតចេញពីចំណាប់អារម្មណ៍និងទម្លាប់ ។ អាកប្បកិរិយាខ្លះទៀតកើតចេញពីកំណើតមកតែម្តង ។ ចំណុចសំខាន់មួយនៅក្នុងអាកប្បកិរិយារបស់កុមារអូទីហ្សឹម គឺភាពទន់ជ្រាយ (Sensitivity) ។ កុមារអូទីហ្សឹមមានអាកប្បកិរិយា និងឥរិយាបទទន់ជ្រាយងាយរងផលប៉ះពាល់ណាស់ (Very susceptible to adversity) ។ ឥរិយាបទទន់ជ្រាយងាយរងផលប៉ះពាល់នេះ គឺជាកត្តាស្លាប់រស់មួយដែលអាចសម្រេចជោគវាសនាមនុស្សអូទីហ្សឹម ថាតើជីវិតនាថ្ងៃអនាគតនឹងមានភ័ព្វ ឬអភ័ព្វ ។ គួរកត់សម្គាល់ដែរថា នៅក្នុងក្របខណ្ឌនៃភាព "ទន់ជ្រាយ" នេះ កុមារអូទីហ្សឹមរមែងជ្រើសរើសមនុស្សម្នាក់នៅក្នុងគ្រួសារ មកធ្វើជាបង្អែកដែលភាសាអង់គ្លេសហៅថា Role model or Confidant (មនុស្សដែលទុកចិត្ត) ។ កុមារអូទីហ្សឹមជាទូទៅ ប្រព្រឹត្តិតាម ឬក៏ស្វែងរកដំបូន្មានពីសំណាក់មនុស្សដែលគេផ្តល់ទំនុកចិត្តឲ្យ ច្រើនលើសលុប ។ ដូច្នេះ តួនាទីរបស់មនុស្សដែលទទួលបានទំនុកចិត្តខ្ពស់នេះ ក៏ជាកត្តាស្លាប់រស់មួយដែរ នៅក្នុងការបណ្តុះបណ្តាលអត្តចរិតរបស់មនុស្សអូទីហ្សឹម ។
៤) ទទួលស្គាល់ភាវត្រឹមត្រូវ (Accepting Norms)៖ នៅក្នុងសង្គមមនុស្ស យើងរស់នៅក្រោមការគ្រុបគ្រងនៃច្បាប់ទម្លាប់សង្គមដែលភាសាអង់គ្លេសហៅថា Social Norms ។ ថ្វីដ្បិតតែមនុស្សទូទៅគោរពច្បាប់ទម្លាប់សង្គម ក៏មានមនុស្សខ្លះប្រព្រឹត្តិខុស ឬក៏ផ្ទុយអំពីច្បាប់ទម្លាប់សង្គមដែរ ។ ឧទាហរណ៍ យកកាំភ្លើងទៅបាញ់គេឯងនៅក្នុងទីផ្សារ ឬក៏បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណជាដើម ។ ដូចដែលខ្ញុំបានលើកឡើងខាងលើ ។ អត្តចរិតកុមារអូទីហ្សឹម ហាក់ដូចជាមានទំនោរទៅរកអវិជ្ជមាននិយម ។ ដូច្នេះ សកម្មភាពផ្ទុយនឹងច្បាប់ទម្លាប់សង្គម (Anti-social behaviors)ជាទូទៅរមែងទទួលបានចំណាប់អារម្មណ៍ខ្ពស់ពីសំណាក់កុមារអូទីហ្សឹម ។ ប្រការនេះ ប្រសិនបើមិនមានការបន្ទុចបង្អាក់ (Interrupt or Divert)នៅក្នុងដំណើរ ចំណាប់អារម្មណ៍ ទម្លាប់ និង អាកប្បកិរិយា ទេ វានឹងឈានចូលទៅដល់ ទទួលស្គាល់ភាវត្រឹមត្រូវ (Accepting Norms) ។ នៅពេលដែលផ្នត់គំនិតអវិជ្ជមានណាមួយត្រូវបានកុមារអូទីហ្សឹមទទួលស្គាល់ថា ជាភាវត្រឹមត្រូវ ការអប់រំណែនាំឲ្យវាកែប្រែចិត្តគំនិត គឺពិបាកមិនខុសអំពី សុីសុីហ្វុស (Sisyphus) លីដុំថ្មឡើងទៅលើកំពូលភ្នំឡើយ ។ វាជាការព្យាយាមមួយ ដែលពិបាកនឹងរកជោគជ័យឃើញ ។
សង្ខេបមកវិញ ការអប់រំបណ្តុះបណ្តាលកុមារអូទីហ្សឹម គឺត្រូវសង្កេតឲ្យបានដិតដល់ជាប្រចាំ ។ សកម្មភាព ឬអត្តចរិតអវិជ្ជមាន ដែលយើងមិនចង់ឲ្យដិតជាប់នៅក្នុងផ្នត់គំនិត គឺចាំបាច់ត្រូវតែបន្ទុចបង្អាក់ ឬក៏បង្វែបង្វិលបំបរបង់នៅក្នុងដំណាក់កាលទី ១ ទី ២ ឬ ទី ៣ ។ នៅពេលភាវអវិជ្ជមានឈានចូលដល់ដំណាក់កាលទី ៤ ការកែប្រែផ្នត់គំនិតគឺពិបាកនឹងធ្វើណាស់ សម្រាប់មនុស្សអូទីហ្សឹម ។ ដូចគ្នាដែរ នៅពេលដែលកុមារចម្រើនវ័យលើស ១៨ឆ្នាំ ការអប់រំចិត្តនិងផ្នត់គំនិតឲ្យឃ្លាតចេញអំពីភាវអវិជ្ជមាននានាក៏លំបាកនឹងធ្វើ ។ ដូច្នេះ ពេលវេលាមូលដ្ឋាន សម្រាប់តម្រង់ទិសដៅជីវិតរបស់មនុស្ស ដែលរស់ជាមួយនឹងអាការរោគអូទីហ្សឹម មានមិនច្រើនទេ ។
មុននឹងបញ្ចប់អត្ថបទនេះ ខ្ញុំសូមនិយាយអំពីចំណុចដ៏សំខាន់មួយពាក់ព័ន្ធនឹងការថែទាំគាំពារកុមារអូទីហ្សឹម ។ នៅក្នុងសង្គមខ្មែរ ការវាយប្រដៅកូនក្មេងដើម្បីហាត់ពត់លត់ដំអត្តចរិតរបស់វា ដែលភាសាអង់គ្លេសហៅថា Corporal punishment គឺជាការអនុវត្តិតជំនាន់ (Acceptable Norms) ។ សម្រាប់កុមារអូទីហ្សឹម ការប្រើអំពើហឹង្សា ដោយកាយក្តី ដោយវាចាក្តី ដោយចិត្តក្តី គឺមិនប្រាកដថា អាចអូសទាញវាឲ្យដើរទៅរកផ្លូវដែលយើងចង់ឲ្យវាទៅនោះទេ ។ មិនតែប៉ុណ្ណោះ វាអាចនឹងផ្តល់លទ្ធផលផ្ទុយពីអ្វីដែលយើងចង់បាន ។ នៅក្នុងភាសាអង់គ្លេស គេហៅថា Adverse Effects ។ ឧទាហរណ៍ បន្ទាប់ពីរងការវាយប្រដៅជាប្រចាំ ឥទ្ធិពលនៃការវាប្រដៅនោះនឹងដក់ជាប់ក្នុងផ្នត់គំនិតរបស់កុមារអូទីហ្សឹម ចាប់ពីដំណាក់កាលទី ១ ដល់ទី ៤ ដែលនៅទីបំផុតត្រូវបានទទួលស្គាល់ថា "ជាភាវត្រឹមត្រូវ" (Acceptable Norms) ។ នៅពេលកុមារអូទីហ្សឹមទទួលស្គាល់ថា អំពើហឹង្សា ជាភាវត្រឹមត្រូវសម្រាប់ប្រដែប្រដៅមនុស្ស វានឹងប្រើវិធីនោះទៅលើមនុស្សដទៃ ដែលមានទំនាក់ទំនងជាមួយវា ។ បើជាកូនសិស្ស វាអាចក្លាយទៅជាអ្នកលេង (Bully) ។ ផ្នត់គំនិតហឹង្សានិយមនេះ ក៏អាចរាលដាលទៅភពប្រសព្វ ជាមួយនឹងប្រពន្ធកូនថែមទៀតផង ។ មនុស្សអូទីហ្សឹម អាចវាយដំច្រំធាក់ប្រពន្ធកូន នៅពេលដែលអ្នកទាំងនោះធ្វើអ្វីមួយឃ្នើសចិត្ត ។ លទ្ធផលក្រឡាប់ចាក់មួយទៀតដែលអំពើហឹង្សាធ្វើឲ្យប៉ះពាល់ដល់ផ្នត់គំនិតកុមារអូទីហ្សឹម គឺការចុះចាញ់ (Submissive attitude) ។ ពេលខ្លះ កុមារអូទីហ្សឹមដែលរងការវាយប្រដៅជាប្រចាំ អាចក្លាយទៅជាមនុស្សចុះចាញ់ គ្មានទឹកចិត្តប្រឈមតតាំង ជាមួយនឹងការបំពារបំពានមកលើផ្លូវកាយនិងផ្លូវចិត្ត ពីសំណាក់អ្នកដទៃទេ ។ លទ្ធផលចុងក្រោយ កុមារអូទីហ្សឹមអាចក្លាយទៅជាគោលដៅនៃការមាក់ងាយ (Bullying target) ពីសំណាក់មនុស្សផងទាំងពួង ។
សម្រាប់ក្មេងឬមនុស្សស្រីដែលមានអាការរោគអូទីហ្សឹម ផលប៉ះពាល់ទៅលើអត្តចរិតក៏ដូចគ្នាទៅនឹងមនុស្សប្រុសដែរ គ្រាន់តែផ្ទុយអាកប្បកិរិយា (Reverse Condition) ។ កុមារីភាគច្រើនទទួលយកការចុះចាញ់ (Submissive attitude) មកធ្វើជាបង្អែក ។ ករណី "អ្នកលេង" នៅក្នុងជីវិតកុមារីអូទីហ្សឹម មិនសូវមានទេ ។ ជារឿយៗ យើងរមែងបានជួបនឹងករណីមនុស្សស្រីត្រូវបានប្តី ឬគូសង្សារវាយធ្វើបាប ក៏ប៉ុន្តែមិនព្រមចាកចេញគេចអំពីអំពើហឹង្សានោះឡើយ ទោះបីជាមានអន្តរាគមនិងជំនួយគាំពារពីសំណាក់ញាតិមិត្ត ច្រើនយ៉ាងណាក៏ដោយ ។ ផ្នត់គំនិតចុះចាញ់និយម (Submissive Syndrome) នេះ ប្រៀបបានទៅនឹងគុកងងឹត ដែលបិទមិនឲ្យជនរងគ្រោះសម្លឹងរកហេតុផលឃើញ ។ និយាយអំពី អូទីហ្សឹម នៅក្នុងជីវិតកុមារី គួរកត់សម្គាល់ថា ជាទូទៅកុមារីមិនបង្ហាញរោគសញ្ញាអូទីហ្សឹម ងាយស្រួលកត់សម្គាល់ដូចកុមារាឡើយ ។ ជាលទ្ធផល អាការរោគអូទីហ្សឹមរបស់កុមារីច្រើនតែត្រូវបានគេមើលរំលង (Go Undetected) ។ ដើម្បីជៀសវាងការមើលរំលងនេះ បើយើងមានកូនប្រុសរងគ្រោះដោយសារអាការរោគអូទីហ្សឹម ដែលត្រូវការការគាំពារពិសេស គួរផ្តល់ការគាំពារនោះទៅដល់កូនស្រីដែរទៅ ។ វាមិនចង្រៃអ្វីទេ ។ ថ្វីដ្បិតតែមិនទាន់មានភស្តុតាងច្បាស់លាស់ អូទីហ្សឹមជាជម្ងឺពូជពង្សវង្សត្រកូល យ៉ាងហោចណាស់ក៏មានកម្រិត ៥០% ដែរ ។ វាមិនរើសអើងភេទប្រុសឬស្រីទេ ។ មកដល់ចំណុចនេះ ខ្ញុំសូមបង្វែអារម្មណ៍មិត្តអ្នកអានទៅកាន់យុវតី ដែលខ្ញុំយកមកធ្វើជាប្រធានបទ នៅខាងដើមអត្ថបទនេះវិញម្តង ។ ករណីរបស់នាងគឺគ្មានអ្វីក្រៅអំពីការមើលរំលងនេះឡើយ (No telltale signs) ។ ប្រសិនបើនាងមានរោគសញ្ញាអូទីហ្សឹមដូចកុមារា ជីវិតរបស់នាងប្រហែលជាអាចជៀសវាងជោគវាសនាអភ័ព្វជាច្រើន ៕
Friday, September 9, 2022
ចំណីខួរក្បាល
ជំនឿលើព្រលឹងដូនតា (Spiritual Belief)
មុនពេលបានភពប្រសព្វជាមួយនឹងសាសនានានាដូចជា ព្រហ្មញ្ញសាសនា ព្រះពុទ្ធសាសនា និង គ្រីសសាសនា ពលរដ្ឋខ្មែរគោរពបូជាអ្នកតា ។ ភូមិខ្មែរនីមួយៗ ជាទូទៅច្រើនមានខ្ទមអ្នកតាមួយនៅក្បែរនោះ ។ អ្នកស្រុកតែងតែយកសំណែនទៅដាក់ ឬក៏អុចធូបបន់ស្រន់នៅមុខខ្ទមអ្នកតា បន្ទាប់ពីឆ្លងផុតគ្រោះភ័យ ឬក៏ដើម្បីសុំឲ្យបានជោគជ័យនៅក្នុងកិច្ចការអ្វីមួយ ។ សព្វថ្ងៃ យើងមិនសូវឃើញមានខ្ទមអ្នកតានៅតាមភូមិទៀតទេ លើកលែងតែអ្នកតាធំៗដូចជាអ្នកតា ឃ្លាំងមឿង អ្នកតាមេស ជាដើម ។ ក៏ប៉ុន្តែ យើងសង្កេតឃើញមានខ្ទមទេវតា ឬរានទេវតានៅមុខផ្ទះអ្នកស្រុកស្ទើរតែគ្រប់ផ្ទះ មិនថាក្នុងទីក្រុងឬជនបទឡើយ ។ រានទេវតានេះដើរតួជាខ្ទមអ្នកតាផង និងជាទីសក្ការៈនៃព្រលឹងដូនតាផង ។
ព្រលឹងដូនតាមិនមែនជាអាទិទេពទេ ។ រីឯអ្នកតាក៏ប្រហែលជាមិនមែនអាទិទេពដែរ ។ ក៏ប៉ុន្តែ ពលរដ្ឋខ្មែរហាក់ដូចជាមិនបែងចែកអាទិទេពនិងអ្នកតា ឬព្រលឹងដូនតាឡើយ ។ ទាំងអស់គ្នាសុទ្ធតែជាសភាវៈមានអំណាច ។ អ្វីដែលជាភាពខុសគ្នារវាងព្រលឹងដូនតា និង អ្នកតាឬអាទិទេព គឺស្ថិតត្រង់ព្រលឹងដូនតាគ្រុបគ្រងតែនៅក្នុងគ្រួសារនីមួយៗ មិនមានឥទ្ធិពលនៅក្នុងសហគមទេ ។ ឯបុព្វការីជនដែលតំណាងឲ្យព្រលឹងដូនតានោះ ក៏មិនមានអ្វីសម្គាល់ជាលក្ខណៈសាកលដែរ ។ ការគោរពបូជា ភាគច្រើនគឺស្ថិតនៅក្នុងចិត្ត ជាជាងស្ថិតនៅលើនិមិត្តរូបអ្វីមួយ ។
តាំងតែពីបុរមបុរាណមក ខ្មែរយើងមិនសូវហ៊ានប្រព្រឹត្តិអំពើអាក្រក់ដូចជាកុហកបោកប្រាស់អ្នកភូមិផងរបងជាមួយឡើយ ដ្បិតខ្លាចអ្នកតាកាច់ ។ "អ្នកតាកាច់" គឺជាយុត្តិធម៌ក្រៅប្រព័ន្ធមួយដែលជួយរារាំងមនុស្សនៅក្នុងសង្គមកុំឲ្យប្រព្រឹត្តិអំពើអាក្រក់ ជាពិសេសការបោកប្រាស់គ្នា ។ ក៏ប៉ុន្តែ ផ្នត់គំនិតអ្នកតាកាច់នេះ បានសាបរលាបអំពីសង្គមខ្មែរស្ទើរតែអស់រលីងទៅហើយ ។ ជាលទ្ធផល មានមនុស្សជាច្រើននៅក្នុងសង្គមខ្មែរហ៊ានកេងប្រវ័ញ្ចបោកប្រាស់គ្នាដោយគ្មានខ្លាចរអា ។ ប្រការនេះក៏បានរបូតរលូតចូលមកក្នុងសង្គមគ្រួសារខ្លះៗដែរ ។
នៅក្នុងស្មារតីគោរពព្រលឹងដូនតា គោលការណ៍ព្រហ្មវិហាធម៌ មេត្តា ករុណា មុទិតា និង ឧបេក្ខា ដើរតួសំខាន់ជាទីបំផុត ។ បងប្អូនបង្កើត ឬក៏អាចដល់ជីដូនមួយ កម្របង្កទុក្ខលំបាកនិងច្រណែននិន្ទាឈ្នានីសគ្នាណាស់ ។ ភាពស្មោះត្រង់នឹងគ្នាគឺគ្មានលក្ខខណ្ឌឡើយ ។ ប្រការតែមួយគត់ដែលធ្វើឲ្យយើងប្រកាន់ខ្ជាប់នូវអាកប្បកិរិយានេះ គឺយើងខ្លាចបុព្វការីជនដាក់ទណ្ឌកម្មនៅក្នុងរូបភាពផ្សេងៗ ។ វាជាអរូបជំនឿមួយ ដែលខ្ញុំគិតថាសូម្បីតែមនុស្សបានបួសរៀនមានចំណេះដឹងជ្រៅជ្រះយ៉ាងណា ក៏មិនហ៊ានប្រមាទដែរ ។ អ្វីដែលជារឿងគួរឲ្យស្ញប់ស្ញែញនោះគឺថា យើងមិនអាចបញ្ជាក់អំពីភស្តុតាងជាក់លាក់បានទេ ថាតើគ្រោះ ឬលាភណាមួយ កើតចេញអំពីអន្តរាគមរបស់ព្រលឹងដូនតា (Divine Intervention) ។ ក៏ប៉ុន្តែ មនុស្សជាច្រើន នៅតែកោតក្រែងនិងជឿលើព្រលឹងដូនតា ។ ទោះបីជាយើងមិននិយាយលាតត្រដាងជាសាធារណក៏ដោយ ក៏យើងលាក់ទុកជំនឿនោះនៅក្នុងចិត្តដែរ ។
មួយជីវិតនេះ ខ្ញុំសង្ស័យថាបានភពប្រសព្វជាមួយនឹងព្រលឹងដូនតា យ៉ាងហោចណាស់ក៏ពីរដង ។ ម្តងនោះខ្ញុំគេចពីកំណែន ក៥ នៅដើមទសវត្សរ៍ឆ្នាំ ១៩៨០ ទៅលាក់ខ្លួនពួនអាត្មាជាមួយនឹងបងប្រុសនៅក្នុងខេត្ត កំពង់ធំ ដោយទុកម្តាយមេម៉ាយនិងប្អូនពៅឲ្យនៅធ្វើចម្ការឯខេត្ត កំពង់ចាម តែពីរនាក់ម៉ង់ៗ ។ ប្អូនខ្ញុំកាលនោះវាកំពុងនៅរៀន ។ ដូច្នេះ កិច្ចការចម្ការស្រែដើម្បីទ្រទ្រង់ជីវិតត្រូវម្តាយខ្ញុំជាអ្នករ៉ាប់រងតែម្នាក់ឯង ។ ពួនស្នាក់នៅកំពង់ធំបានជិតកន្លះឆ្នាំ ខ្ញុំស្រាប់តែឈឺធ្មេញយ៉ាងខ្លាំងរហូតដល់ស្រែកយំដូចកូនក្មេង ។ លេបឬក៏ដាក់ថ្នាំអ្វីក៏មិនបាត់ដែរ ។ ទាល់ចំណេះ ម្តាយក្មេករបស់បងប្រុសខ្ញុំក៏ទៅអញ្ជើញមេមត់នៅក្នុងភូមិមកជួយព្យាបាល ។ មេមត់ចូលរូបហើយនិយាយរបៀបខឹងថា ខ្មោចឪពុកខ្ញុំខឹងនឹងខ្ញុំដោយសារតែមិននៅជួយម្តាយប្រកបការងារចិញ្ចឹមជីវិត ។ បន្ទាប់ពីសន្យាថា ខ្ញុំនឹងវិលត្រឡប់ទៅរស់នៅជុំនឹងម្តាយវិញ មេមត់នោះក៏ចេញរូបវិលមកកាន់សភាពធម្មតា ។ ឯការឈឺធ្មេញរបស់ខ្ញុំក៏បាត់ដូចគេបេះភ្លាមៗដែរ ។ អព្ភូតហេតុទីពីរគឺកើតមានប្រមាណជា ៩ឆ្នាំកន្លងទៅនេះ ។ កាលនោះ ភរិយាខ្ញុំទើបនឹងសម្រាលកូនបានមួយឆ្នាំ ។ គាត់ធុញថប់តប់ប្រមល់ដោយសារតែរកការងារធ្វើមិនបាន ។ មិត្តភក្តិគាត់ម្នាក់រស់នៅក្នុងទីក្រុង បុសតុន ដែលមានចម្ងាយប្រហែលជិត ១០០០គីឡូម៉ែត្រពីកន្លែងយើងរស់នៅ ប្រាប់ភរិយាខ្ញុំថាកន្លែងគាត់ត្រូវការបុគ្គលិក ។ ដូច្នេះ ភរិយាខ្ញុំក៏សម្រេចចិត្តនាំកូនទៅរស់នៅទីនោះដើម្បីមានការងារធ្វើ ។ ខ្ញុំឃាត់គាត់យ៉ាងណា ក៏គាត់មិនស្តាប់ដែរ ។ ទាល់ចំណេះ ខ្ញុំក៏សម្រេចចិត្តបើកឡានជូនគាត់ ឲ្យទៅរស់នៅទីផ្សេងបែកខ្ញែកគ្នាបណ្តោះអាសន្ន ។ មួយថ្ងៃមុនចេញដំណើរ ភរិយាខ្ញុំអុចធូបបីសរសៃយកទៅដោតនៅមុខរូបថតម្តាយខ្ញុំដែលស្ថិតនៅលើខ្នងទូរ ហើយនិយាយអេចអូចមិនដឹងជាគាត់បន់ស្រន់រឿងអីទេ ។ ស្អែកឡើង អ្នកគ្រូអនក្ខរកម្មរបស់គាត់ទូរសព្ទមកប្រាប់ភរិយាខ្ញុំថា កន្លែងលក់កូនឈើមួយដែលគាត់ស្គាល់ត្រូវការជ្រើរើសបុគ្គលិក ។ ផែនការធ្វើដំណើរទៅរស់នៅទីក្រុង បុសតុន របស់ភរិយាខ្ញុំក៏បានក្លាយជាផែនស្ករនាគ្រានោះទៅ ។ ចាប់តាំពីថ្ងៃនោះមក ឲ្យតែមានព្រឹត្តិការណ៍អ្វីមួយដែលគាត់ត្រូវប្រឈម ដូចជាកិច្ចសម្ភាសន៍សុំចូលធ្វើការងារជាដើម អ្នកផ្ទះខ្ញុំតែងតែអុចធូបបួងសួងនៅមុខរូបថតម្តាយខ្ញុំជានិច្ច ។ តាមពិត ជោគជ័យ ឬមិនជោគជ័យ គឺអាស្រ័យលើសមត្ថភាពរបស់ភរិយាខ្ញុំទាំងស្រុង ។ ក៏ប៉ុន្តែ ជំនឿទៅលើព្រលឹងដូនតា វាហាក់ដូចជាកប់ជ្រៅនៅក្នុងព្រលឹងមនុស្សរស់ ដែលយើងពិបាកនឹងបែងចែក ថាតើព្រលឹងមួយណាជាអ្នកសម្រេចជោគវាសនាមនុស្សនៅក្នុងដំណើរជីវិត ។
ក្រៅអំពីអន្តរាគមជួយដោះទុក្ខកង្វល់កូនចៅ ព្រលឹងដូនតាក៏ត្រូវបានខ្មែរយើងយកមកធ្វើជាភ្នាក់ងារសង្គ្រោះជីវិតពេលមានអាសន្នអន់ក្រដែរ ។ ថ្មីៗនេះ ពេលដែលខ្ញុំក្តៀនលាមកអស់រយៈពេលមួយអាទិត្យ មន្ទាប់ពីការវះកាត់ឫសដូងបាត ខ្ញុំក៏បានអុចធូបសុំឲ្យព្រលឹងដូនតាជួយ ។ នៅក្នុងជម្រៅចិត្តរបស់ខ្ញុំ ខ្ញុំដឹងថា វាជាបញ្ហាទាក់ទងនឹងជីវសាស្ត្រ (Biology) ដែលជាលទ្ធផលនៃការជួសជុលប្រព័ន្ធបន្ទោបង់របស់ខ្ញុំ ។ ក៏ប៉ុន្តែ មន្ទាប់ពីប្រើថ្នាំតាមក្បួនវេជ្ជសាស្ត្រអស់ចិត្ត មិនទទួលបានលទ្ធផលទៅតាមអ្វីដែលយើងរំពឹងទុក ខ្ញុំក៏ចាប់ផ្តើមគិតទៅដល់អំណាចអរូប ដែលជាទូទៅយើងមិនសូវនឹកនាទេ លុះណាតែស្ថិតនៅក្នុងសភាពទាល់ច្រក ។ សរុបមកវិញ ព្រលឹងដូនតាមិនមានអ្វីជាភស្តុតាងជាក់លាក់សម្រាប់បញ្ជាក់អំពីអំណាច ឬឥទ្ធិពលប្រាកដប្រជាឡើយ ។ ប៉ុន្តែ មានពលរដ្ឋខ្មែរជាច្រើន ទាំងគេទាំងខ្ញុំ ទាំងអ្នកមានចំណេះដឹងជ្រៅជ្រះ ទាំងអ្នកគ្មានចំណេះដឹង គោរពបូជាប្រៀបដូចជាអាទិទេព ។ វាជាអព្ភូតហេតុមួយដែលពិបាកយល់ ពិបាកពន្យល់ និង ពិបាកទទួលស្គាល់ ។ ជំនឿ! ៕
Subscribe to:
Posts (Atom)
ចំណីខួរក្បាល
កិច្ចព្រមព្រៀង កិច្ចព្រមព្រៀង គឺជាពាក្យមួយ ដែលមានអត្ថន័យ ទូលំទូលាយ ។ ហើយវាក៏ជាពាក្យមួយ ដែលបង្កឲ្យមានគ្រោះមហន្តារាយ មកលើមនុស្សជាតិ ជាច្រើនដ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង សត្វលានិងរូបចម្លាក់ បុរសម្នាក់បានផ្ទុករូបចម្លាក់ព្រះពុទ្ធបដិមាករ ដែលធ្វើអំពីឈើមួយអង្គ នៅលើខ្នងលា ដើម្បីដឹកយកទៅដាក់នៅក្នុងព្រះវិហារ ។ ...





