Saturday, October 16, 2021

ចំណីខួរក្បាល

អាទិភាពជីវិត អ្នកផ្ទះខ្ញុំតែងតែរិះគន់ខ្ញុំថា ជាមនុស្សឯកោក្រញាតិមិត្ត ។ មួយឆ្នាំទល់មួយឆ្នាំកម្រឃើញនរណាហៅខ្ញុំទៅចូលរួមក្នុងកម្មវិធីអ្វីមួយណាស់ ។ ខ្ញុំតបទៅគាត់របៀបឌឺវិញថា៖ គ្មាននរណារាប់រកហ្នឹងហើយ វាមិនសូវអំពល់ទុក្ខ ។ មែន! ខ្ញុំចូលចិត្តរស់របៀបឯកោ ។ មិនមែនខ្ញុំមិនឲ្យតម្លៃការរាប់អានគ្នា ឬក៏ភាពល្អូកល្អើននៅក្នុងសង្គមគ្រួសារនោះទេ ។ ខ្ញុំគ្រាន់តែចង់រស់នៅក្នុងស្ថានភាពមួយដែលមានសេរីភាពទូលំទូលាយជាទីបំផុត ។ គួរកត់សម្គាល់ថា ខ្ញូំមានមិត្តភក្តិនិងបងប្អូនជេរទៅហៅមកដូចមនុស្សដទៃដែរ គ្រាន់តែមិត្តភក្តិនិងបងប្អូនទាំងនោះត្រូវការគ្នាតែនៅពេលដែលយើងមានបញ្ហាដោះស្រាយម្នាក់ឯងមិនកើតតែប៉ុណ្ណោះ ។ ឱទាហរណ៍ ខ្ញុំត្រូវការមនុស្សម្នាក់ទៀតដើម្បីជួយសែងតុទូឡើងលើផ្ទះជាដើម ។ ករណីដទៃផ្សេងទៀតក៏ដូចគ្នាដែរ ។ ខ្ញុំត្រូវការគេ ខ្ញុំហៅគេ ។ គេត្រូវការខ្ញុំ គេហៅខ្ញុំ ។ ជួយគ្នាក្នុងគ្រាក្រ ។ បើមានអ្វីល្អគួរឲ្យ ក៏យកទៅឲ្យទៅ ។ អ្វីក្រៅពីនេះ ដូចជាមិនសូវសំខាន់សោះឡើយ ។ ដូច្នេះហើយបានជាខ្ញុំមិនសូវមានទំនាក់ទំនងច្រើនជាមួយនឹងមនុស្សដទៃ ដ្បិតពេលខ្លះមិត្តភក្តិខ្ញុំមិនអំពល់ទុក្ខហៅខ្ញុំឲ្យទៅជួយគេវិញផងទេ ។ អ្នកដែលធ្លាប់រៀនចិត្តវិជ្ជាកម្រិតបឋម រមែងជួបនឹងទ្រឹស្តី ពីរ៉ាមីដ របស់លោក អាប្រាហាម ម៉ាស្លូ (Abraham Maslow's Pyramid of Needs) ។ លោកម៉ាស្លូគាត់ចែកសេចក្តីត្រូវការរបស់មនុស្សជាបីដំណាក់កាលធំៗគឺ តម្រូវការមូលដ្ឋាន តម្រូវការមជ្ឈឹម និង តម្រូវការកំពូល ស្រដៀងគ្នានឹងគោលការណ៍ Id, Ego, and Superego របស់លោក សុីកមុន ហ្វ្រយ (Sigmund Freud) ដែរ ។ នៅចំណុចកំពូលនៃតម្រូវការរបស់មនុស្ស លោក ម៉ាស្លូ ឲ្យឈ្មោះថា Self-Actualization ។ ពាក្យនេះខ្ញុំសូមបកប្រែថា៖ បរមសុខ ឬឧត្តមសុខដុមរមនានៃជីវិត (Supreme Satisfaction) ។ ជីវិតមនុស្សគ្រប់ៗរូបដែលកើតនៅលើលោកនេះ មិនថាជាជនជាតិអ្វី រស់នៅក្នុងសង្គមប្រភេទណាឡើយ រមែងចង់បានការរស់នៅមួយដែលយើងហៅថា បរមសុខ ។ យើងតស៊ូអស់មួយជីវិតគ្រប់ៗគ្នា ដើម្បីស្វែងរកបរមសុខ ។ ទោះជាយ៉ាងណាក៏ដោយ បរមសុខហាក់ដូចជានៅជាមួយនឹងជីវិតមនុស្សតាំងតែពីដើមទីរួចមកហើយ គ្រាន់តែយើងមិនបានស្វែងយល់អំពីវាតែប៉ុណ្ណោះ ។ ព្រះពុទ្ធទ្រង់មានបន្ទូលថា អត្តាហិ អត្តានោ នាថោ ។ មានន័យថា គឺខ្លួនឯងនេះហើយ ជាទីពឹងរបស់ខ្លួន ។ យើងអាចនិយាយឲ្យទូលាយជាងនេះបន្តិចថា ឥស្សរភាពនៅនឹងខ្លួនរបស់យើង ឬជីវិតរបស់យើងគ្មាននរណាអាចគ្រប់គ្រងក្រៅអំពីខ្លួនយើងទេ ។ នៅក្នុងអារ្យធម៌បស្ចឹមប្រទេស គេក៏ឲ្យតម្លៃទៅលើឥស្សរភាពនៃជីវិតមនុស្សនេះដែរ ។ តើអ្វីទៅជាសារសំខាន់នៃឥស្សរភាពជីវិត ទើបវិញ្ញូជនជាច្រើនជំនាន់នៅតែបន្តឲ្យតម្លៃវាជាសាកលដូច្នេះ? នៅក្នុងពុទ្ធោវាទ មានពាក្យមួយម៉ាត់ដែលមនុស្សបានស្តាប់ហើយច្រើនតែបំភ្លេចចោល ។ ពាក្យនោះគឺ៖ ជាប់ជំពាក់ ។ ព្រះពុទ្ធទូន្មានថា បើចង់ឲ្យជីវិតមានបរមសុខ គប្បីកាត់បន្ថយ ឬទម្លាក់ចោលឲ្យអស់នូវភាពជាប់ជំពាក់ ។ វាជាគោលគំនិតដ៏សាមញ្ញនិងងាយយល់ជាទីបំផុត ។ មនុស្សគ្រប់ៗរូប កើតមកស្ពាយភាពជាប់ជំពាក់មកជាមួយ ។ ភាពជាប់ជំពាក់គ្រប់រូបភាព ផ្គុំនៅក្នុងពាក្យតែមួយម៉ាត់ទេគឺ តណ្ហា (Desires) ។ តណ្ហាធំជាងគេបំផុតគឺចង់រក្សាជីវិតឲ្យគង់វង្សដើម្បីតតាំងជាមួយនឹងព្រហ្មលិខិត ។ បន្ទាប់ពីរក្សាបានអត្ថិភាពជីវិតហើយ យើងស្វែងរកទ្រព្យដើម្បីផ្គាប់ចិត្តខ្លួនឯង ។ មិនត្រឹមតែផ្គាប់ចិត្តខ្លួនឯងទេ យើងព្យាយាមផ្គាប់ចិត្តអ្នកដទៃថែមទៀត ដ្បិតសង្គមវិនិច្ឆ័យថាធ្វើដូច្នេះត្រឹមត្រូវ ធ្វើដូច្នោះមិនត្រឹមត្រូវ ។ យើងអាចបន្តលាតបន្លាយតណ្ហារបស់យើង រាប់រយជំពូកថែមទៀត ។ ក៏ប៉ុន្តែ ការលាតត្រដាងត្រឹមតែពីរបីកត្តាខាងលើក៏ល្មមយល់បានហើយ ។ តណ្ហាជាកត្តាជម្រុញឲ្យមនុស្សនិងសង្គមអភិវឌ្ឃ ។ បើគ្មានតណ្ហាទេមនុស្សនិងសង្គមក៏មិនអាចអភិវឌ្ឃនិងមានអ្វីៗដូចដែលយើងបានឃើញសព្វថ្ងៃនេះដែរ ។ ប៉ុន្តែ នៅក្នុងការអភិវឌ្ឃន៍របស់មនុស្សនិងសង្គម រមែងមានធម្មធាតុភ្លោះដែលភាសាអង់គ្លេសហៅថា Dichotomy នៅក្នុងនោះ ។ ធម្មធាតុភ្លោះនេះ បើនិយាយឲ្យងាយយល់ គឺសភាវល្អនិងសភាវអាក្រក់ ដែលកើតចេញមកអំពីកម្ម (Action) ។ វាស្ទើរតែជាលក្ខណៈសាកលទៅហើយគឺថា កម្មដែលយើងសាងរមែងហុចផលវិជ្ជមានផងនិងអវិជ្ជមានផង ។ ឧទាហរណ៍ ទិញដំឡូងស្ងោរមួយចង្កាក់បរិច្ចាគឲ្យស្មូមយាចកទទួលទាន ។ គាត់បាត់ស្រេកឃ្លានបានមួយគ្រា ។ ឯយើងក៏រលោះប្រាក់បន្តិចដែរ ។ កម្មធំតូចផ្សេងៗទៀត បើយើងពិនិត្យទៅហុចផលវិជ្ជមាននិងអវិជ្ជមានស្រដៀងគ្នា ។ សូមងាកមកនិយាយអំពីអាទិភាពជីវិតនិងបរមសុខ ឬចំណុចកំពូលនៃតម្រូវការមនុស្សវិញម្តង ។ លោកអាប្រាហាម ម៉ាស្លូ និយាយអំពីតម្រូវការរបស់មនុស្សជាលក្ខណៈពីរ៉ាមីដ ។ នៅបាតពីរ៉ាមីដ ដែលមានទំហំធំជាងគេនិងចាំបាច់បំផុតនោះគឺតម្រូវការលើចំណីអាហារនិងជម្រក ។ បន្ទាប់មកគឺញាតិមិត្តព្រៀងលាននិងទំនាក់ទំនងជាមួយនឹងពិភពខាងក្រៅ ។ ចំណុចកំពូលគឺបរមសុខឬការលម្ហែ ដែលយើងអាចនិយាយថាជីវិតលែងជំពាក់នរណាមួយរៀលហើយ ។ លម្ហែឬល្ហែ គឺជាពាក្យគន្លឹះនៅទីនេះ ។ យើងស្ទើរតែមិនចាំបាច់គិតឬក៏ស្វែងយល់អំពីអត្ថន័យនៃពាក្យល្ហែផងទេ ដែលថាជីវិតដែលល្ហែនោះគឺជាជីវិតដែលពោរពេញទៅដោយឥស្សរភាពឬក៏ឯករាជភាព ។ និយាយអំពីឯករាជ ខ្ញុំសូមបង្វិលគោលគំនិតនេះទៅបកស្រាយអំពីទំនាក់ទំនងរបស់មនុស្សដោយបង្វិលគោលការណ៍របស់លោកអាប្រាហាម ម៉ាស្លូ ពីលើចុះមកក្រោមវិញ ។ មិនមានគោលការណ៍ជាសាកលថាតើពេលណាមនុស្សចាត់ទុកជីវិតខ្លួនថាឯករាជនោះទេ ។ ឯករាជនៅទីនេះគឺសំដៅដល់ការរស់ដោយពឹងលើសមត្ថភាពខ្លួនឯង ប្រៀបដូចជាកូនចាបដែលអាចហើរចាកសំបុកស្វែងរកចំណីមកទ្រទ្រង់ជីវិតដោយមិនចាំបាច់ពឹងផ្អែកលើមេបាវាទៀតឡើយ ។ បើផ្អែកលើផ្លូវច្បាប់ នៅសហរដ្ឋអាមេរិកគេកំណត់ភាពឯករាជរបស់បុគ្គល នៅអាយុ២១ឆ្នាំ ។ ប៉ុន្តែ បើយើងយកទំនាក់ទំនងគ្រួសារមកគិតជំនួសវិញ យើងអាចកំណត់យកត្រឹមពេលវេលាដែលយើងឈប់ពឹងពាក់លើម៉ែឪដើម្បីរស់នៅ ។ អាយុមិនសំខាន់ទេ ។ សម្រាប់ខ្ញុំ ខ្ញុំគិតថាថ្ងៃដែលយើងមានគូស្រករគឺជាថ្ងៃជោគថ្ងៃជ័យនិងជាថ្ងៃដែលយើងទទួលឯករាជនៅក្នុងដំណើរជីវិត ។ អ្នកដែលគ្មានបំណងយកគ្រួសារនិងសម្រេចរស់ដោយឯកឯង គឺអាចយកត្រឹមថ្ងៃដែលឈប់រស់ដោយសារការគាំពាររបស់ឪពុកម្តាយ ។ អាទិភាព ឥស្សរភាព និង ឯករាជភាពនៃជីវិត បានដល់សភាវមួយដែលមនុស្សគិតអំពីសុខុមាលភាពរបស់ខ្លួន (Self-Comfort) មុនសុខុមាលភាពរបស់នរណាៗទាំងអស់ ។ បើគិតជាទំនាក់ទំនងនៅក្នុងគោលការណ៍ពីរ៉ាមីដ បុគ្គលមនុស្សម្នាក់ៗគឺឈរនៅលើកំពូលពីរ៉ាមីដ ។ មនុស្សដទៃដែលសំខាន់នៅក្នុងជីវិតរបស់បុគ្គលនោះ (Significant Others) យើងអាចរៀបជាលំដាប់ថ្នាក់ (Stratification) ដូចតទៅ៖ ១) ឪពុកម្តាយ ២) បងប្អូនបង្កើត ៣) ជីដូនជីតាអុំមីងមានិងបងប្អូនជីដូនមួយ ៤) ជីទួតមួយនិងមិត្តភក្តិ យើងអាចពង្រីកទំនាក់ទំនងនេះឲ្យធំទៅៗថែមទៀត ។ អ្វីដែលខ្ញុំចង់បង្ហាញនៅទីនេះ គឺទំហំឬចំនួនមនុស្សដែលជាប់ជំពាក់វាក់វ័ន្ធនៅក្នុងជីវិតយើង ។ វាស្ទើរតែមិនបាច់ថ្លាថ្លែងទេថា ចំនួនមនុស្សដែលពាក់ព័ន្ធនៅក្នុងជីវិតយើងកាន់តែច្រើន សម្ពាធក៏កាន់តែធ្ងន់ បន្ទុកក៏ច្រើន ឯរឿងក៏ច្រើនដែរ ។ មិត្តអ្នកអានអាចបន្ថែមរាប់រយជំពូកថែមទៀត ។ ឥឡូវយើងយករូបភាពនេះ ទៅផ្គុំជាមួយនឹងពីរ៉ាមីដមួយទៀតដែលជារបស់គូស្រករយើង ។ យើងឃើញថា យើងបង្កើតបានពីរ៉ាមីដនៃទំនាក់ទំនងមនុស្សនៅក្នុងជីវិតយើងចំនួនបី ។ ពីរ៉ាមីដដែលកើតចេញពីចំនុចត្រួតសុីគ្នានៅកណ្តាល តំណាងឲ្យមនុស្សសំខាន់បំផុតនៅក្នុងជីវិតយើង មានឪពុកម្តាយទាំងសងខាង បងប្អូនដែលជិតស្និទ្ធជាងគេ និងមិត្តចិត្តមួយថ្លើមមួយ ។ បើយើងមានកូន យើងទាំងពីរនាក់មិនត្រឹមតែរែកនូវអម្រែកជាប់ជំពាក់របស់ជីវិតនេះទេ គឺទូលថែមទៀត ។ តើនេះហើយឬជាដំណើរជីវិតដែលប្រកបទៅដោយអត្ថន័យនិងបរមសុខនោះ? ខ្ញុំទុកឲ្យមិត្តអ្នកអានរកចម្លើយមកឆ្លើយដោយខ្លួនឯងចុះ ។ សម្រាប់ខ្ញុំ ខ្ញុំគិតថា ព្រះពុទ្ធលោកទូន្មានត្រូវ នៅពេលដែលព្រះអង្គប្រាប់យើងឲ្យជម្រុះនូវភាពជាប់ជំពាក់ឲ្យបានច្រើនដើម្បីស្វែងរកបរមសុខ ៕ Worthwhile Quote: MiaRuddy 28 March, 2012 Life's greatest dichotomy is that of Passion and Logic. To live robustly and purposefully, you must have Passion or deep emotions for those you love. To live wisely, compassionately, and deeply you must have Logic to understand the deep connections that bind us all. It is truly a gift to see every moment, every relationship, and everything that crosses our path with Life's Dichotomy. To do so, is what make your soul content.

Monday, October 4, 2021

ចំណីខួរក្បាល

ស្អប់ជំពប់លើ ពាក្យស្អប់ជំពប់លើ ខ្មែរយើងច្រើនប្រើសំដៅលើនរណាម្នាក់ដែលស្អប់បុគ្គលណាមួយ តែបែរជាបានបុគ្គលនោះមកធ្វើជាគូស្រករទៅវិញ ។ ខ្ញុំសូមពង្រីកអត្ថន័យនៃពាក្យស្អប់ជំពប់លើបន្តិចទៀត ដោយរាប់បញ្ចូលទាំងការធ្វើអ្វីមួយបម្រើផលប្រយោជន៍ឲ្យបុគ្គល ឬកិរិយាមារយាទដែលខ្លួនស្អប់ ។ នៅក្នុងយុគពត៌មាននេះ (Information Age) ការបញ្ឆោតឲ្យសាធារណជនធ្វើអ្វីមួយដើម្បីស្វែងរកផលប្រយោជន៍ គឺជារឿងដែលវិវឌ្ឍបត់បែនលឿនប្រហែលនឹងការបង្ហោះសារនៅលើវេទិការហ្វេសប៊ុកដែរ ។ ប៉ុន្តែ កម្រមានមនុស្សស្វែងយល់ (Pay attention) អំពីប្រការនេះណាស់ ។ យើងចូលចិត្ត យើងចែករំលែក យើងផ្តល់មតិ (Like, Share, Comment) ស្ទើរតែមិនចាំបាច់ត្រិះរិះពិចារណាអំពីផលវិបាកផងទេ ។ ចំណុចនេះហើយ ដែលធ្វើឲ្យយើងធ្លាក់ចូលទៅក្នុង "ស៊ង" នៃការបោកបញ្ឆោតរបស់គេ ។ ការផ្សព្វផ្សាយប្រាស្រ័យទាក់ទង (Media) គឺជាអាជីពមួយដែលចាស់ជាងគេជាទីបំផុតនៅក្នុងពិភពលោក ។ បើគិតជាលំដាប់ថ្នាក់ វាមានលំដាប់ទីពីរបន្ទាប់ពីពេស្យាចារ ។ នៅក្នុងអាជីពពេស្យាចារ គេមានពាក្យមួយសម្រាប់ប្រើនៅក្នុងរបរនេះគឺ បញ្ឆោត ដែលភាសាអង់គ្លេសហៅថា Trick ។ អាជីពផ្សព្វផ្សាយប្រាស្រ័យទាក់ទងក៏គេប្រើយុទ្ធសាស្ត្របញ្ឆោតនេះដែរ ។ មុននឹងនិយាយអំពីការបោកបញ្ឆោត ខ្ញុំសូមនិយាយអំពីដង្ហើមរស់នៃការផ្សព្វផ្សាយបន្តិចសិន ។ ពត៌មានឬការផ្សាយដំណឹងល្អក្តី អាក្រក់ក្តី អាចរស់រានមានជីវិតទៅបានគឺអាស្រ័យលើចំនួនអ្នកមើល ស្តាប់ ឬ អាន ដែលភាសាអង់គ្លេសហៅថា Audience (អតិថិជន) ។ បើគ្មានអតិថិជនទេ វានឹងវិនាសសន្តិទៅវិញលឿនជាងការគិតរបស់យើងទៅទៀត ។ នេះគឺជាកត្តាតែមួយគត់និងសំខាន់បំផុត ដែលតម្រូវឲ្យប្រព័ន្ធប្រាស្រ័យទាក់ទង (Media) ប្រើយុទ្ធសាស្ត្របញ្ឆោត ដើម្បីស្វែងរកក៏ដូចជារក្សាអតិថិជន ។ គួរកត់សម្គាល់ថា អតិថិជនមិនមែនជាអ្នកផ្តល់ដង្ហើមរស់ឲ្យប្រព័ន្ធផ្សព្វផ្សាយដោយផ្ទាល់ទេ ។ នៅមានមនុស្សនៅក្រោយវាំងននមួយក្រុមទៀត ដែលភាសាអង់គ្លេសហៅថា Sponsors (អ្នកឧបត្ថម្ភ) ។ ហើយក៏គួរកត់សម្គាល់ដែរថា ខ្ញុំប្រើពាក្យបញ្ឆោតនៅទីនេះ មិនមែនក្នុងន័យអាក្រក់ទាំងស្រុងនោះទេ ។ ការផ្សព្វផ្សាយប្រាស្រ័យទាក់ទង មានបីប្រភេទគឺតាមរយៈ អាន ស្តាប់ និង ទស្សនា ។ ទម្រង់ផ្សព្វផ្សាយខ្លះ គេផ្គុំកត្តាទាំងបីចូលគ្នាតែម្តង ។ អ្វីដែលជាមូលដ្ឋានគ្រឹះគឺ ការទាក់ទាញចំណាប់អារម្មណ៍ ។ ដើម្បីទទួលបានការទាក់ទាញចំណាប់អារម្មណ៍ គេត្រូវប្រើយុទ្ធវិធីបញ្ឆោត ។ ខ្ញុំបាននិយាយខាងលើអំពីពេស្យាចារ ។ តើស្រីពេស្យាគាត់ធ្វើដូចម្តេចដើម្បីទាក់ទាញអតិថិជនបាន? គឺលាបក្រេមផាត់ផ្សៅនិងស្លៀកពាក់កែទម្រង់គ្រឿងគ្រៅដើម្បីឲ្យគេមើលទៅឃើញហំ ។ ឯប្រព័ន្ធផ្សព្វផ្សាយក៏គេប្រើយុទ្ធវិធីដូចគ្នាដែរ ។ ក្នុងនាមជាអតីតនិស្សិតសារពត៌មានមួយរូប ខ្ញុំសូមលើកយកវិធីបញ្ឆោតអ្នកអានមួយមកធ្វើជាឧទាហរណ៍ ។ ការសរសេរអត្ថបទកាសែត គេប្រើយុទ្ធវិធីមួយដែលភាសាអង់គ្លេសហៅថា Inverted Pyramid ។ គឺគេសរសេរចំណុចដែលសំខាន់បំផុតនៅបន្ទាត់ទីមួយនិងទីពីរនៃអត្ថបទ ។ នៅពីលើចំណុចសំខាន់នោះគឺ ចំណងជើង ដែលត្រូវប្រើពាក្យពេចន៍សម្រិតសម្រាំងខ្លាំង ។ បើមានរូបភាពដែលរន្ធត់ញាប់ញ័រ គេដាក់រូបភាពនោះពីលើចំណងជើងមួយជាន់ទៀត ។ បច្ចុប្បន្ន យុទ្ធសាស្ត្រនេះបានវិវឌ្ឍមកនៅត្រឹមពាក្យមួយម៉ាត់ដែលអ្នកប្រើហ្វេសប៊ុកហៅថា Caption or Status (សង្ខេបរៀបរាប់) ។ ដោយហេតុតែមនុស្សទូទៅ ចូលចិត្តតាមដានអ្វីដែលអវិជ្ជមានឬអាក្រក់ ដើម្បីកែតម្រូវឬក៏រិះគន់ ឬក៏ចែករំលែកបន្តដើម្បីឲ្យអាជ្ញាធរចាត់វិធានការ ក្រុមអ្នកប្រើបណ្តាញសង្គមក្នុងគោលដៅបញ្ឆោតរកសារប្រយោជន៍ បានប្រើយុទ្ធវិធីអវិជ្ជមាននេះប្រកបដោយប្រសិទ្ធិភាពគួរឲ្យកត់សម្គាល់ ។ ការសុីធាងដំបងយក្ស សុីដង្កូវនាងឆៅ ឆាន់ពោតស្រូតដំណើរទៅកាន់និព្វាន ឬក៏ទង្វើឡប់ៗជាច្រើនផ្សេងទៀត គឺគ្មានអ្វីក្រៅអំពីការបញ្ឆោតឲ្យអ្នកទស្សនាចូលទៅក្នុងស៊ងរបស់គេនោះឡើយ ។ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក យើងសង្កេតឃើញមានការផ្សព្វផ្សាយគ្រប់រូបភាពទាំងអស់ ។ រឿងមានប្រយោជន៍និងអត់ប្រយោជន៍នៅលាយឡំផ្គុំគ្នាពាសវាលពាសកាល ។ ប្រហែលមិនមែនមានតែខ្ញុំទេដែលឆ្ងល់ ថាតើហេតុអ្វីក៏រឿងអត់ប្រយោជន៍ជាច្រើនបន្តអត្ថិភាពរបស់វាបានយូរជាងរឿងដែលមានប្រយោជន៍ ។ ប្រការនេះ យើងអានបន្ទោសខ្លួនយើងគ្រប់ៗគ្នាដែលព្យាយាមលុបបំបាត់វាដោយការចែករំលែកនិងសរសេរមតិរិះគន់នានា ។ វាគឺជាសកម្មភាពដែលយើងធ្វើបម្រើផលប្រយោជន៍ ឲ្យបុគ្គលឬក៏ទង្វើដែលយើងស្អប់ ដោយមិនដឹងខ្លួន ។ គោលការណ៍តែមួយគត់ដែលយើងអាចអនុវត្ត ដើម្បីលុបបំបាត់រឿងរ៉ាវដែលយើងស្អប់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក គឺកុំធ្វើអ្វីទាំងអស់ ។ កុំប្រតិកម្ម កុំចែករំលែក និង កុំសរសេរមតិ (Don't Like or dislike, Don't Share, and Don't Comment) ។ វាគឺជាសកម្មភាពមួយដែលផ្ទុយអំពីទ្រឹស្តី កម្មផល របស់ព្រះពុទ្ធ ។ ក៏ប៉ុន្តែ ដើម្បីលុបបំបាត់ការផ្សព្វផ្សាយអត់ប្រយោជន៍នានា គ្មានមធ្យោបាយអ្វីប្រសើរជាងការមិនធ្វើអ្វីសោះនេះឡើយ ។ កាលពីកុមារភាព ខ្ញុំឧស្សាហ៍ទៅមើលគេសម្តែងល្ខោនជាមួយនឹងក្មេងជិតខាង ។ ចាស់ៗជំនាន់នោះរិះគន់ពួកយើងដោយប្រើពាក្យមួយឃ្លាថា៖ អាឆ្កួតនៅពីលើ អាភ្លើនៅពីក្រោម ។ ពាក្យនេះចាស់ៗទាំងនោះចង់មានន័យថា ការចំណាយពេលរបស់ពួកយើងទៅសំកុកមើលល្ខោននោះ គឺជាភាពភ្លីភ្លើ ។ កាលនោះ ខ្ញុំគិតថាចាស់ៗទាំងនោះជាមនុស្សចិត្តចង្អៀត ។ តាមពិតពួកគាត់មិនមែនជាមនុស្សចិត្តចង្អៀតទេ ។ សម័យគាត់នៅពីក្មេង មិនទាន់មានអគ្គីសនីឬម៉ាសុីនភ្លើងនៅតាមទីជនបទឡើយ ។ ដូច្នេះ ល្ខោនគេសម្តែងនៅពេលថ្ងៃ ។ អ្នកទៅមើលល្ខោនត្រូវចងគោក្របីទុកចោល ឬក៏ផ្អាកការងារស្រែចម្ការ ឬក៏ខកខានមិនបានទៅរកត្រីសាច់បន្លែបង្កានានាយកមកផ្គត់ផ្គង់គ្រួសារជាដើម ។ល។ ទាំងអស់នេះគឺជាជ្រុងមួយទៀតនៃផលវិបាករបស់អ្នកដែលធ្លាក់ចូលទៅក្នុងស៊ងបញ្ឆោត ឬក៏វក់នឹងការសម្តែងរបស់អ្នកដទៃ ។ សរុបសេចក្តីមក បើស្អប់កុំជំពប់លើ បើឃើញពួកមនុស្សឆ្កួតនៅពីលើ យើងកុំភ្លើដើរចូលទៅក្នុងការបញ្ឆោតរបស់អ្នកទាំងនោះ ៕

Friday, September 17, 2021

ចំណីខួរក្បាល

រស់ជាមួយបរាជ័យ (Living with Failure) ដំណើរជីវិតរបស់មនុស្សម្នាក់ៗ មិនសូវសមប្រកបទៅតាមសេចក្តីប្រាថ្នារបស់ខ្លួនឡើយ ។ វាតែងតែខ្វះនេះខ្វះនោះ ឬក៏បង្កឲ្យយើងខកខូចចិត្តជារឿយៗ ។ អ្វីដែលមនុស្សទូទៅមិនសូវលើកយកមកនិយាយ គឺការបរាជ័យ ។ វាស្ទើរតែជាលក្ខណៈសាកលទៅហើយ ដែលមនុស្សភាគច្រើននិយាយតែពីរឿងជោគជ័យ ។ ឯរឿងបរាជ័យនាំគ្នាគ្រវាត់ចោលទៅគៀនជញ្ជាំង ដ្បិតបើនិយាយចេញមក ខ្លាចគេថាយើងអន់ ។ តាមពិត បរាជ័យក៏ជាបទពិសោធន៍ដែរ ។ ហើយវាប្រហែលជាអាចជួយឲ្យអ្នកដទៃមើលឃើញនូវចំណុចល្អនានា សម្រាប់យកទៅស្តារបញ្ហារបស់មនុស្សដែលត្រូវរស់ជាមួយនឹងការបរាជ័យ ។ ខ្ញុំគ្មានអ្វីអួតនឹងគេទេ ។ ប៉ុន្តែ បើរឿងបរាជ័យក្នុងជិវិត ប្រហែលជាមាន ។ មនុស្សស្ទើរតែគ្រប់រូប កើតមកមានគោលដៅពីរនៅក្នុងដំណើរជីវិត ។ ទីមួយស្វែងរកពុទ្ធិ ឬចំណេះដឹងមិនថារៀននៅក្នុងសាលាឬរៀនអំពីញាតិមិត្តចាស់ទុំនៅក្នុងភូមិឡើយ ។ ទីពីរគឺស្វែងរកគូស្រករដើម្បីបន្តពូជពង្សវង្សផៅ ។ កត្តាទាំងពីរនេះជាមូលដ្ឋានគ្រឹះនៃការបង្កបង្កើតទ្រព្យក៏ដូចជាសុភមង្គល ។ យើងចំណាយពេលអស់មួយជីវិតគឺដើម្បីបំណងចម្បងពីរនេះឯង ។ ប៉ុន្តែ វត្ថុបំណងទាំងពីរនេះ ក៏ហុចលទ្ធផលពីរផងដែរៈ ជោគជ័យនិងបរាជ័យលាយឡំគ្នា ។ ជីវិតដែលទទួលបានជោគជ័យច្រើនជាងបរាជ័យ អាចចាត់ទុកថាជោគជ័យ ។ ក៏ប៉ុន្តែ សម្រាប់ជីវិតដែលទទួលបានការបរាជ័យច្រើនជាងជោគជ័យ តើបានអ្វីអួតនឹងគេ? ដើម្បីផ្លាស់ប្តូរបរិយាកាស ខ្ញុំសូមលើកយកការបរាជ័យនៅក្នុងជីវិតមកអួត "ក្នុងចម្ការ" សារណានេះបន្តិចទៅចុះ ។ បើនិយាយអំពីការស្វែងរកពុទ្ធិបញ្ញា ខ្ញុំអាចនិយាយថាទទួលបានជោគជ័យបានដូចបំណង ។ ក៏ប៉ុន្តែ បើនិយាយអំពីការយកពុទ្ធិបញ្ញាទៅប្រកបការងារគាំពារការរស់នៅវិញ ខ្ញុំមិនទទួលបានជោគជ័យទៅតាមអ្វីដែលខ្ញុំប៉ងប្រាថ្នានោះទេ ។ បើនិយាយអំពីរឿងស្នេហ៍ដើម្បីកែប្រែជីវិតរកសុភមង្គល ខ្ញុំក៏រងគ្រោះខ្វល់ខ្វាយចំណាយចិត្តស្ទើរតែអស់មួយជីវិតដែរ ។ ការបរាជ័យទាំងពីរគោលដៅរបស់ខ្ញុំនេះ វាមិនដល់ថ្នាក់បំផ្លាញជីវិតខ្ញុំទេ ដ្បិតខ្ញុំនៅរស់នៅឡើយ ។ ក៏ប៉ុន្តែ វាបានបំផ្លាញពេលវេលារបស់ជីវិតខ្ញុំអស់ច្រើនគួរសម ។ កាលខ្ញុំចេញដំណើរទៅសិក្សានៅមហាវិទ្យាល័យដើម្បីស្វែងរកពុទ្ធិមកទ្រទ្រង់ជីវិត ខ្ញុំបានរៀបគម្រោងជាក់លាក់និងច្បាស់លាស់ជាទីបំផុត ។ ខ្ញុំមាននិស្ស័យខាងតាក់តែងអត្ថបទតាំងតែពីដឹងក្តីមក ហើយក៏មានចំណង់ចំណូលចិត្តខាងការសរសេរពត៌មានតាំងតែពីតូចក្រូចឆ្មារមកដែរ ។ ដូច្នេះ គ្មានអ្វីលំបាកសម្រាប់ខ្ញុំឡើយក្នុងការរៀនសូត្រឲ្យក្លាយជាអ្នកសរសេរសារពត៌មាន ។ ដើម្បីជាសំណាញ់សុវត្ថិភាព (Safety Net) ខ្ញុំបន្ថែមការសិក្សាផ្នែកអភិបាលកិច្ចសាធារណៈ (Public Administration) មួយមុខទៀត ។ ជាមួយនឹងចំណេះដឹងដ៏ទូលំទូលាយនេះ លំហការងាររបស់ខ្ញុំហាក់ដូចជាគ្មានអ្វីត្រូវព្រួយឡើយ ។ ខ្ញុំចំណាយពេលប្រាំឆ្នាំ ដើម្បីបញ្ចប់ការសិក្សានៅក្នុងដំណាក់កាលទីមួយរបស់ខ្ញុំ ហើយក៏ចេញស្វែងរកការងារធ្វើ ដើម្បីទ្រទ្រង់ជីវិតក៏ដូចជាប្រមើលមើល ថាតើគួរស្វែងរកពុទ្ធិបន្ថែមទៀតឬក៏លាចាកសិក្ខាបទ ។ ការងារអាជីពដំបូងបំផុតដែលខ្ញុំប្រាថ្នានឹងប្រកបគឺអ្នកសារពត៌មានជាមួយនឹងស្ថាប័នវិទ្យុសម្លេងខ្មែរនៃសហរដ្ឋអាមេរិក (VOA) ។ ខ្ញុំបានទៅធ្វើកម្មសិក្សានៅទីនោះរយៈពេល ៦ខែ មុននឹងខ្ញុំបង្ហាញអំពីបំណងប្រាថ្នារបស់ខ្ញុំប្រាប់ប្រធានគ្រប់គ្រងដែលមានដើមកំណើតជាខ្មែរដែរ ។ ជាមួយនឹងការហ្វឹកហ្វឺនផ្នែកសារពត៌មានចេញពីសាកលវិទ្យាល័យរបស់អាមេរិកាំង ផ្គួបជាមួយនឹងចំណេះដឹងទាំងភាសាខ្មែរនិងអង់គ្លេសស្ទើរតែឥតខ្ចោះ ខ្ញុំគិតថាគ្មានឧបស័គ្គអ្វីដែលជារបាំងនោះឡើយ ។ ខុសស្រឡះ! ប្រធានផ្នែកផ្សព្វផ្សាយភាសាខ្មែរបានប្រាប់ខ្ញុំមួយឃ្លាយ៉ាងខ្លីថា គាត់គ្មានសិទ្ធិយកខ្ញុំឲ្យចូលធ្វើការងារនៅទីនោះទេ ។ គាត់ឲ្យខ្ញុំទៅសួរនាំនៅកន្លែងគ្រប់គ្រងបុគ្គលិក (Human Resources) ។ ខ្ញុំទៅសួរនាំនៅកន្លែងគ្រប់គ្រងបុគ្គលិក គេប្រាប់ថាត្រូវធ្វើតេស្ត ។ ខ្ញុំសុំគេធ្វើតេស្ត គេថាត្រូវមានបទពីសោធការងារពាក់ព័ន្ធនិងពត៌មានមួយឆ្នាំទើបគេអនុញាតឲ្យខ្ញុំប្រឡង ។ ខ្ញុំដើរចេញហើយគ្រវីក្បាលដោយហួសចិត្ត ។ បន្ទាប់ពីនោះ ខ្ញុំចំណាយពេលជិតមួយឆ្នាំស្វែងរកការងារអាជីពជាអ្នកសារពត៌មាន ប៉ុន្តែមិនសមប្រកបឡើយ ។ ខ្ញុំក៏សម្រេចស្វែងរកការងារក្នុងអាជីពអភិបាលកិច្ចសាធារណវិញម្តង ។ ដំណាក់កាលទីមួយនៃការចាប់ផ្តើមគឺស្ថាប័នស្ម័គចិត្តភីសខ័រ (Peace Corps Volunteer) ។ ជាថ្មីម្តងទៀត Peace Corps អនុញាតិឲ្យចូលរួមក្នុងការងារស្ម័គចិត្តរបស់គេតែអ្នកមានសញ្ជាតិអាមេរិកាំងប៉ុណ្ណោះ ។ ខ្ញុំមិនទាន់មានសញ្ជាតិអាមេរិកាំងនៅឡើយ ។ ដូច្នេះ ជំហានទីមួយនៃការងារផ្នែករដ្ឋបាលរបស់ខ្ញុំក៏ត្រូវអាក់ខានផងដែរ ។ ខ្ញុំស្វែងរកការងាររដ្ឋបាលនៅក្នុងស្ថាប័នជាច្រើនផ្សេងទៀត នៅក្នុងជួររដ្ឋាភិបាលអាមេរិកាំង ក៏ប៉ុន្តែ ភាគច្រើនគេតម្រូវឲ្យបេក្ខជនមានសញ្ជាតិអាមេរិកាំង ។ ងាកមកមើលលទ្ធភាពនៃការសុំចូលសញ្ជាតិអាមេរិកាំងរបស់ខ្ញុំ ក៏មិនដឹងជានៅភ្លឺឯណាដែរ ។ ខ្ញុំចូលមករស់នៅក្នុងសហរដ្ឋអាមេរិកជាលក្ខណៈ Parole ស្រដៀងគ្នានឹងអ្នកសុំសិទ្ធិជ្រកកោននយោបាយ ។ ខ្ញុំត្រូវរស់នៅជាជនអន្តោប្រវេសន៍ប្រភេទនេះពី ៤ទៅ៥ឆ្នាំ ទម្រាំអាចសុំប្តូរទៅជាពលរដ្ឋអចិន្ត្រៃយ៍ (Permanent Resident) ។ ពីពលរដ្ឋអចិន្ត្រៃយ៍ទៅដល់ការអាចសុំចូលសញ្ជាតិ ត្រូវរង់ចាំ៥ឆ្នាំទៀត ។ ដោយហេតុតែការយឺតយ៉ាវផ្នែកអភិបាលកិច្ច ខ្ញុំមិនទាន់មានសិទ្ធិក្លាយខ្លូនជាពលរដ្ឋអចិន្ត្រៃយ៍នៅឡើយទេ ។ ដូច្នេះ បំណងប្រាថ្នារបស់ខ្ញុំបានមកជួបនឹងឧបស័គ្គដ៏ធំមួយ ។ ក៏ប៉ុន្តែ ខ្ញុំនៅសល់ច្រកចេញមួយទៀតដែរ គឺស្រុកខ្មែរ ។ ខ្ញុំមានមិត្តភក្តិជិតស្និទ្ធមួយចំនួនដែលជាមន្ត្រីរាជការនៅស្រុកខ្មែរ ។ ពួកគេអាចយឹតយោងយកខ្ញុំឲ្យចូលក្នុងក្របខ័ណ្ឌមន្ត្រីបាន ។ ប៉ុន្តែ មានចំណុចខ្លះៗដែលធ្វើឲ្យខ្ញុំរារែក ។ ចំណុចធំបំផុតគឺអំពើពុករលួយ ។ ខ្ញុំទទួលបានការអប់រំតាមរបៀបទំនើបនៅបស្ចឹមប្រទេស ។ ដូច្នេះ បើខ្ញុំធ្លាក់ចូលក្នុងអបាយមុខពុករលួយ ខ្ញុំប្រាកដជាអាចប្រព្រឹត្តិវាបានប្រសើរជាងអ្នកដទៃ ។ ទីបំផុត ខ្ញុំសម្រេចលះបង់នូវអ្វីដែលខ្ញុំប្រាថ្នាក្នុងជីវិត រាប់បញ្ចូលទាំងពេលវេលាដែលបានចំណាយ ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំទទួលស្គាល់ការបរាជ័យនៅក្នុងសង្គ្រាមស្វែងរកការងារអាជីពរបស់ខ្ញុំ ក៏ប៉ុន្តែខ្ញុំមិនទាន់ចុះចាញ់នៅក្នុងសមរភូមិនៅឡើយទេ ។ ទាញយកយុទ្ធសាស្ត្រទី ៣៦ របស់ ស៊ុន ស៊ូ (Tsun Tsu) មកប្រើ ខ្ញុំសម្រេចដកថយឬដកឃ្លាចេញអំពីការតស៊ូមួយរយៈ ដើម្បីស្វែងរកមធ្យោបាយស្តារការបរាជ័យរបស់ខ្ញុំ ។ បន្ទាប់ពីយកសញ្ញាប័ត្រទាំងពីររបស់ខ្ញុំទៅទុកនៅក្នុងឡាំងក្រដាសកញ្ចាស់មួយជាមួយនឹងសៀវភៅរៀនរបស់ខ្ញុំ (មកដល់ថ្ងៃនេះខ្ញុំមិនដឹងថាសញ្ញាប័ត្ររបស់ខ្ញុំនៅក្នុងឡាំងមួយណាទេ) ខ្ញុំទៅបន្តធ្វើការងារជាអ្នកលក់ដូរសម្លៀកបំពាក់នៅក្នុងហាងតូចមួយដើម្បីរកកម្រៃមកទ្រទ្រង់ជីវិត ។ សល់ពេលទំនេរខ្លះៗ ខ្ញុំបន្តរៀនពីចម្ងាយ (Correspondence) ។ គឺនៅទីនោះហើយដែលខ្ញុំបានភពប្រសព្វនឹងការងារអាជីពរបស់ខ្ញុំ ។ ការងារដែលខ្ញុំមិនបានហ្វឹកហាត់ជាមុន ហើយក៏គ្មានចំណេះជំនាញអ្វីដែរ ។ វាជារឿងចៃដន្យ និងជាចៃដន្យដែលផ្តល់ឲ្យខ្ញុំនូវអ្វីៗលើសអំពីក្តីរំពឹងរបស់ខ្ញុំ ។ នៅកន្លែងផ្តល់សេវាជូនអតិថិជន (Customer Services) ក្នុងហាងលក់សម្លៀកបំពាក់ បុគ្គលិកប្រៃសនីយ៍តែងតែយកកាសែតសហគមដែលគ្មាននរណាអានតូចមួយ មកដាក់លើតុរៀងរាល់ថ្ងៃ ។ គ្មាននរណាជាវកាសែតនោះទេ ។ វាជាប្រភេទ Junk mails (ក្រដាសស្នាមអត់បានការ) ដែលខ្ញុំគ្រវាត់ចោលក្នុងធុងសំរាមរាល់ថ្ងៃគួរឲ្យធុញជាទីបំផុត ។ ចៃដន្យអ្វី ថ្ងៃមួយនោះខ្ញុំឃើញរូបថតឡានចេញថ្មីនៅលើទំព័រកាសែតអត់បានការ ក៏យកមកមើលបន្តិចសិនមុននឹងគ្រវាត់វាចោលក្នុងធុងសំរាម ។ នៅក្បែររូបឡាននោះ មានប្រកាសស្វែងរកបុគ្គលិកសរសេររបាយការណ៍តូចមួយ ។ ពាក្យពីបីម៉ាត់ដែលគេសរសេរលើនោះគឺ៖ បេក្ខជនត្រូវមានចំណាប់អារម្មណ៍អំពីសង្គមនិងនយោបាយ (Candidate must be interested in social and political issues) ។ សរសេររបាយការណ៍! មិនដឹងថាគេមានបែបបទធ្វើកិច្ចការនេះដូចម្តេចទេ ក៏ប៉ុន្តែហាក់ដូចជាមានអ្វីមួយជម្រុញចិត្តខ្ញុំឲ្យទាក់ទងទៅកាន់កន្លែងនោះ ។ ខ្ញុំហែកសេចក្តីប្រកាសរកបុគ្គលិកទុកក្នុងហោប៉ៅមុននឹងគ្រវាត់ក្រដាសកាសែតនោះចោល ។ ពីរថ្ងៃក្រោយមក ខ្ញុំសរសេរសំបុត្រភ្ជាប់ជាមួយនឹងរ៉េហ្សូមេផ្ញើទៅឲ្យស្ថាប័ននោះ ទាំងមិនដឹងថាតើកិច្ចការដែលខ្ញុំសុំខ្លួនធ្វើបុគ្គលិកនោះមានសណ្ឋានដូចម្តេចផងទេ ។ មេក្លោងនៅទីនោះ ជ្រើសរើសយកខ្ញុំឲ្យចូលធ្វើការទាំងទើសទាល់ ដ្បិតគាត់មិនប្រាកដក្នុងចិត្តថាខ្ញុំអាចធ្វើកិច្ចការនោះកើតឡើយ ។ ថ្ងៃទីមួយ គេឲ្យនារីរមទមម្នាក់ទៅហ្វឹកហ្វឺនខ្ញុំដល់កន្លែងធ្វើការតែម្តង ។ វាជាកិច្ចប្រជុំរបស់គណកម្មាធិការគ្រប់គ្រងឱសថនិងបរិក្ខាពេទ្យរបស់សហរដ្ឋអាមេរិក (Food and Drug Administration) ។ គេដាក់តុមួយឲ្យយើងអង្គុយទល់មុខប្រធានគណកម្មាធិការ ហើយស្ថិតនៅក្រោមក្រសែភ្នែករបស់សមាជិកគណកម្មាធិការគ្រប់ៗរូប ។ ខ្ញុំបុកពោះតិចៗ នៅពេលបានយល់កន្លែងដែលខ្ញុំត្រូវធ្វើការងារ ។ មុនកិច្ចប្រជុំចាប់ផ្តើម អ្នកហ្វឹកហ្វឺនខ្ញុំទាញកៅអីមកឲ្យខ្ញុំអង្គុយហើយឆ្លៀតពន្យល់ខ្ញុំអំពីពិធីការ (Protocol) ខ្លះៗ ។ ពាក្យទីមួយដែលចេញពីមាត់គាត់គឺ៖ ការងារនេះមិនអាចមានកំហុសទេ ។ គាត់ឲ្យខ្ញុំអង្គុយមើលគាត់ធ្វើការងាររហូតដល់ពេលសម្រាកអាហារថ្ងៃត្រង់ ។ កិច្ចការពេលរសៀលរហូតដល់ល្ងាច គាត់អង្គុយមើលខ្ញុំធ្វើវិញម្តង ។ ល្ងាចនោះ មុនពេលយើងបែកគ្នាត្រឡប់ទៅផ្ទះរៀងខ្លួន អ្នកហ្វឹកហ្វឺនខ្ញុំកត់លេខទូរសព្ទទុកឲ្យខ្ញុំហើយប្រាប់ថា បើមានបញ្ហាអ្វីហៅគាត់ឲ្យមកជួយដ្បិតស្អែកនេះ ខ្ញុំមកធ្វើកិច្ចការបន្តតែម្នាក់ឯងទេ ។ ការសរសេររបាការណ៍ឲ្យគណកម្មាធិការដែលមានទម្រង់ខុសៗគ្នា មានភាពលំបាកគួរសមដែរ ។ ខ្ញុំចំណាយពេលជាច្រើនឆ្នាំទម្រាំសម្របខ្លួនបាន ។ វាជាការងារដែលខ្ញុំធ្វើប្រៀបបាននឹងកម្មករម្នាក់ប៉ុណ្ណោះ ដ្បិតសមាជិកគណកម្មាធិការភាគច្រើន ជាឥស្សរជន ។ ខ្ញុំមិនដែលគិតអ្វីក្រៅតែអំពីធ្វើកិច្ចការហើយត្រឡប់មកផ្ទះ ដេកឲ្យឆ្អែតដើម្បីយកកម្លាំងទៅធ្វើកិច្ចការនៅថ្ងៃស្អែកទៀត ។ ថ្ងៃមួយនោះ ប្រធានគណកម្មាធិការសួរមកខ្ញុំថាតើខ្ញុំរៀបចំខ្លួនហើយឬនៅមុននឹងគាត់ចាប់ផ្តើមកិច្ចប្រជុំ (Are you ready?) ។ ខ្ញុំងក់ក្បាលជាសញ្ញាហើយគិតក្នុងចិត្តថា តើខ្ញុំធំជាងគាត់ឬក៏គាត់ធំជាងខ្ញុំ? វាមិនមែនជារឿងធំតូចអ្វីទេ ។ វាជាសុជីវធម៌ដែលខ្ញុំមិនបានចាប់ភ្លឹក ដ្បិតការសួរនាំនេះកើតមានជារឿយៗរាប់ឆ្នាំមកហើយ ។ សុជីវធម៌និងសារសំខាន់នៃការងារ បានដាស់សតិខ្ញុំឲ្យពិចារណាសាឡើងវិញនូវកិច្ចការផងទាំងពួងដែលខ្ញុំបានជួបប្រទះ (Encountered) ជាច្រើនឆ្នាំកន្លងមកនេះ ។ ខ្ញុំបានរៀននិងយល់ដឹងយ៉ាងច្រើនអនេកកប្បការអំពីការវិវត្តន៍នានា ទាំងផ្នែកវេជ្ជសាស្ត្រ វិទ្យាសាស្ត្រ សេដ្ឋកិច្ច នយោបាយ យោធា និងវិស័យផ្សេងៗទៀតដែលមនុស្សលោកកំពុងអភិវឌ្ឃ ។ "Are you ready (to realize what had been under your nose)? (តើអ្នកដឹងទេថាអ្នកកំពុងអង្គុយនៅលើពំនូកចំណេះដឹងដ៏ច្រើនសន្ធឹកសន្ធាប់?)" ។ នេះជារឿងចៃដន្យមួយទៀតដែលធ្វើឲ្យខ្ញុំភ្ញាក់រលឹកថា ខ្ញុំគឺជាមេមាន់ដែលកំពុងក្រាបពងនៅក្នុងជង្រុកស្រូវ ។ បរាជ័យលើវិស័យការងារអាជីពរបស់ខ្ញុំចប់ដោយសង្ខេប ។ ស្នេហាបរាជ័យ ។ បើគិតជាអត្រាអាពាហ៍ពិពាហ៍ដែលបរាជ័យនៅសហរដ្ឋអាមេរិក មានចំនួនប្រមាណជា៤០ភាគរយ ។ នេះមិនបូកបញ្ចូលការបែកបាក់គ្នាក្នុងនាមជាសង្សារឬគូដណ្តឹងផងទេ ។ នៅក្នុងសម័យទំនើបនេះ មានមនុស្សតិចតួចណាស់ដែលមិនរងផលប៉ះពាល់ស្នេហាមិនសមប្រកប ។ ខ្ញុំមានវាសនារាងយ៉ាប់ជាងគេបន្តិច បើនិយាយអំពីប្រការនេះ ។ នៅក្នុងរឿងស្វែងរកគូស្រករ ខ្ញុំមានជំនឿមួយគឺថា គូស្នេហ៍គួរតែជួបពិភាក្សាគ្នា(ដោយគ្មានការជ្រៀតជ្រែកពីសំណាក់ម៉ែឪ)អំពីគម្រោងជីវិតឲ្យបានល្អិតល្អន់ជាមុនសិន មុននឹងសម្រេចចិត្តចាប់ដៃគ្នាជាប្តីប្រពន្ធ ។ មិនដឹងថាគំនិតនេះកើតមានពីថ្ងៃណាមកទេ ប៉ុន្តែខ្ញុំដឹងថាវាមាននៅក្នុងផ្នត់គំនិតខ្ញុំមុនពេលដែលខ្ញុំមករស់នៅសហរដ្ឋអាមេរិក ។ ដូច្នេះ ខ្ញុំជាយុវជនខ្មែរមួយរូបដែលឃ្លាតចេញ (Stray) អំពីទំនៀមទម្លាប់ខ្មែរ ។ គឺការឃ្លាតចេញនេះហើយ ដែលធ្វើឲ្យខ្ញុំរងគ្រោះព្រោះរឿងស្នេហា ។ ខ្ញុំចាប់ផ្តើមស្វែងរកគូស្រករនៅអាយុ ៣៤ឆ្នាំ ។ តាមពិតនៅពេលសិក្សានៅសាកលវិទ្យាល័យ ប្រសិនបើខ្ញុំភ្ជាប់ទំនាក់ទំនងសង្ខារជាមួយនឹងមិត្តភក្តិបដិភេទរបស់ខ្ញុំ ខ្ញុំប្រហែលជាមិនលំបាកជាមួយនឹងការស្វែងរកគូស្រករទេ ។ ក៏ប៉ុន្តែ ខ្ញុំដាក់វិន័យខ្លួនឯងយ៉ាងតឹងរឹងមិនឲ្យមានទំនាក់ទំនងស្នេហានៅអំឡុងពេលសិក្សាឡើយ ។ ម៉្យាងទៀត ខ្ញុំទៅរៀននៅសាលារយៈពេលពីរឆ្នាំចុងក្រោយ មិនដែលបានជួបនារីខ្មែរម្នាក់ផង ។ ការស្វែងរកនារីខ្មែរនៅក្រៅសាលា មិនជាលំបាកណាស់ណាទេ ។ អ្វីដែលជាកត្តាលំបាកនោះ គឺការជួបពិភាក្សាគ្នាអំពីគោលដៅជីវិតតែពីរនាក់តតួ ។ ទម្រាំតែទទួលបានការអនុញាតអំពីភាគីពាក់ព័ន្ធ ខ្ញុំត្រូវធ្វើមុខឆ្កែស្រែជម្រៅប្រកបដោយភាពអត់ធ្មត់ខ្លាំង ។ ពេលខ្លះការប្រឹងប្រែងរបស់ខ្ញុំបានទទួលត្រឹមតែការខ្ពើមរអើម ដ្បិតមនុស្សដែលដើរខុសទំនៀមទម្លាប់គ្មាននរណាគេចង់មើលមុខឡើយ ។ ខ្ញុំព្យាយាមភ្ជាប់និស្ស័យជាមួយនឹងនារីខ្មែរនៅសហរដ្ឋអាមេរិកចំនួនបីលើក ។ ប៉ុន្តែ ទទួលបរាជ័យទាំងបីលើក ។ បន្ទាប់ពីបានទៅទស្សនកិច្ចនៅស្រុកខ្មែរពីរបីដង ខ្ញុំក៏បែកគំនិតទៅរកគូស្រករនៅទីនោះវិញម្តង ។ បន្ទាប់ពីនារីម្នាក់បដិសេធការប៉ុនប៉ងភ្ជាប់និស្ស័យរបស់ខ្ញុំ ខ្ញុំបានទៅភពប្រសព្វនឹងនារីពីររូបផ្សេងទៀត ម្នាក់ជាមិត្តភក្តិរបស់ក្មួយជីដូនមួយខ្ញុំ និងម្នាក់ទៀតជាមិត្តរបស់មិត្តភក្តិខ្ញុំ ។ យើងគ្មានពេលនឹងពិភាក្សាគ្នាទេ ដ្បិតពេលវេលានិងស្ថានភាពគ្រួសារមិនអនុញាតិ ។ ខ្ញុំសម្រេចលះបង់គោលគំនិតខ្ញុំចោល ហើយក៏លះបង់មិត្តភក្តិរបស់ក្មួយស្រីខ្ញុំដែរ ដោយជ្រើសយកមនុស្សម្នាក់ដែលខ្ញុំមិនសូវស្គាល់សាវតា ។ វាជាការធ្វើដំណើរផ្សងព្រេង From one extreme to another ។ ការផ្សងព្រេងជាមួយនឹងបុព្វេសន្និវាស (Life Destiny) នោះ មិនបានសមប្រកបទេ ។ ដប់ឆ្នាំក្រោយមក យើងក៏ចែកផ្លូវគ្នា ។ នេះគឺជាបរាជ័យនៅក្នុងដំណាក់កាលទីមួយនៃជីវិតស្នេហារបស់ខ្ញុំ ។ ក៏ប៉ុន្តែ ខ្ញុំចាញ់តែសង្គ្រាមទេ ។ នៅលើសមរភូមិ ខ្ញូំមិនទាន់ចុះចាញ់ឡើយ ។ បន្ទាប់ពីអង្គុយសមាធិមួយរយៈ ខ្ញុំសម្រេចចេញធ្វើសកម្មភាពសាជាថ្មី ។ សម្រាប់ខ្ញុំរឿងរកគ្រួសារមិនអាចប្រើយុទ្ធសាស្ត្រ "ដេកផ្ទះឈ្នះឯង" បានទេ ។ បើគ្មានកម្ម គឺដឹងតែពីអត់ផលហើយ! ខ្ញុំសរសេរសេចក្តីប្រកាសស្វែងរកគូស្រករមួយ ហើយផ្ញើទៅឲ្យមិត្តម្នាក់ដែលជាអ្នកបង្កើតវេបសាយ (Blog) នយោបាយខ្មែរដ៏មានប្រជាប្រីយ៍ជួយផ្សព្វផ្សាយឲ្យ ។ វាជារឿងមិនធម្មតាសម្រាប់យើងជាខ្មែរ ដែលហ៊ានផ្សាយរកគូស្រករជាសាធារណនាគ្រានោះ ។ ដើម្បីជៀសវាងញាតិមិត្តទូរសព្ទមកតេះដៀលខ្ញុំ ខ្ញុំទិញសំបុត្រយន្តហោះទុករួចស្រេច ។ ថ្ងៃមិត្តខ្ញុំផ្សាយប្រកាសនោះ ក៏ជាថ្ងៃដែលខ្ញុំចាកចេញទៅទស្សកិច្ចនៅស្រុកខ្មែរដែរ ។ មានអ្នកមេម៉ាយតែម្នាក់គត់ ឆ្លើយតបនឹងសេចក្តីប្រកាសនោះ ។ គាត់មិនហ៊ានសរសេរសារមកខ្ញុំដោយផ្ទាល់ទេ ។ គឺឲ្យមិត្តភក្តិជិតស្និទ្ធម្នាក់សរសេរមកខ្ញុំ ។ ទៅដល់ស្រុកខ្មែរ ខ្ញុំបានជួបនឹងឱកាសដ៏កម្រមួយ ។ ប្អូនជីដូនមួយខ្ញុំដែលជាសវនកត្រួតពិនិត្យរោងចក្រកាត់ដេរនានា បានណែនាំឲ្យខ្ញុំស្គាល់នារីធ្វើការនៅក្នុងរោងចក្រមួយចំនួន ។ យើងទាំងពីរនាក់ក៏បង្កើតគម្រោងស្វែងរកសង្សារឲ្យខ្ញុំ ។ អំឡុងពេលខ្ញុំស្នាក់នៅស្រុកខ្មែរ ខ្ញុំមានឱកាសជួបប្រាស្រ័យទាក់ទងជាមួយនឹងគោលដៅបេះដូងចំនួនបួននាក់ ។ បរាជ័យទាំងបួនដង ។ ជិះយន្តហោះត្រឡប់មកផ្ទះវិញ គ្មានអ្វីនៅក្នុងចិត្តដែលបង្កឲ្យអារម្មណ៍ត្រេកត្រអាលឡើយ ។ មកដល់សហរដ្ឋអាមេរិក ខ្ញុំបានណាត់ជួបនឹងអ្នកមេម៉ាយចាយពាក្យពេចន៍ ។ មុននឹងយើងជួបគ្នា ខ្ញុំបានទៅដកធ្មេញមុខមួយចោល ព្រោះវាឈឺខ្លាំងពេក ។ បុរសគ្រហុបធ្មេញនិងអ្នកមេម៉ាយ នាំគ្នាទៅទទួលទានអាហារពេលល្ងាចនៅក្នុងភោជនីយដ្ឋានមួយក្បែរដងស្ទឹង ។ យើងជជែកគ្នាពីនេះពីនោះប្រកបដោយភាតរភាព ។ ពីរថ្ងៃក្រោយជំនួបនោះ គាត់សរសេរលិខិតមកប្រាប់ខ្ញុំថាមិនមានចំណាប់អារម្មណ៍ទេ (There is no spark or chemistry between us) ។ ខ្ញុំថ្លែងអំណរគុណគាត់ដែលបានចំណាយពេលវេលាជួបជាមួយខ្ញុំដោយសុទ្ធចិត្ត ។ សរុបទាំងអស់ ដំណាក់កាលទីពីរនៃបុព្វេសន្និវាសក្នុងជីវិតខ្ញុំនេះ ទទួលបរាជ័យប្រាំដងទៀតហើយ ។ នៅក្នុងអគារខុនដូដែលខ្ញុំរស់នៅ មានប្តីប្រពន្ធចាស់ទុំខ្មែរមួយគូរស់នៅក្បែរបន្ទប់ខ្ញុំ ។ គាត់គ្មានកូនទេហើយរាប់អានខ្ញុំដូចជាកូនក្មួយ ។ គាត់តែងតែហៅខ្ញុំឲ្យទៅជួយចាក់បញ្ចាំងវីឌីអូថេប ឬក៏ឌីវីឌី ជាប្រចាំនៅពេលវាមិនឮសម្លេងឬមិនចេញរូប ។ ថ្ងៃមួយ នៅពេលគាត់ហៅខ្ញុំឲ្យទៅជួយកែកុនម៉ាសុីនវីឌីអូរបស់គាត់ អ្នកមីងគាត់យកកូនខ្សែរកពាត (Pearls) តូចមួយមកកាន់ក្នុងដៃហើយនិយាយរអ៊ុសៗថា៖ "ឯងថាផ្ញើខ្សែរកនេះទៅចងដៃវា មិនទាន់បានផ្ញើផងគេផ្តាច់ពាក្យបាត់" ។ ខ្ញុំកំពុងតែរុះរើខ្សែវីឌីអូ មិនសូវជាចាប់អារម្មណ៍ទេ ។ ប៉ុន្តែ ពាក្យពេចន៍គាត់ហាក់ដូចជាមានអ្វីមកទាក់អារម្មណ៍ខ្ញុំ ។ ខ្ញុំក៏សួរទៅគាត់ដោយមិនបាច់ងាកទៅរកគាត់ថា៖ "អ្នកណាគេមីង"? ក្មួយជីដូនមួយមីងនៅស្រុកខ្មែរ ។ នៅមិនដល់មួយខែទៀតផងចូលរោងការ ស្រាប់តែឮថាផ្តាច់ពាក្យនឹងគ្នាហើយ ។ "អាណិតណាស់ហ្ន!" ខ្ញុំឧទានរួចហើយក៏ហីទៅ ។ ប្រហែលមួយអាទិត្យក្រោយមក ខ្ញុំក៏នឹកឃើញរឿងចម្លែកមួយ ។ មនុស្សបរាជ័យនៅក្នុងរឿងស្នេហា តើអាចមានទឹកចិត្តច្នៃប្រតិស្តកែប្រែរឿងអភ័ព្វនៅក្នុងជីវិតឲ្យក្លាយទៅជាប្រយោជន៍បានទេ ។ ខ្ញុំយករឿងក្នុងចិត្តខ្ញុំទៅពិគ្រោះជាមួយនឹងអ្នកមីងជិតខាងនោះ ។ គាត់ក៏យល់ព្រមធ្វើជាអ្នកនាំពាក្យឲ្យខ្ញុំ ។ បន្ទាប់ពីទទួលបានការយល់ព្រមពីមនុស្សពាក់ព័ន្ធ គាត់ផ្តល់លេខទូរសព្ទរបស់នាងមកឲ្យខ្ញុំទាំងមិនអស់ចិត្ត ។ គាត់ថា ខ្ញុំមិនដែលស្គាល់នាង សូម្បីតែរូបនាងដូចម្តេចក៏មិនដែលឃើញ តើឲ្យខ្ញុំទៅស្រឡាញ់មនុស្សដែលមិនដែលឃើញរូបដូចម្តេចទៅ ។ គាត់ខំរើមើលរូបថតចាស់ៗ ថតពេលគាត់ទៅលេងស្រុកខ្មែរកាលពីជិត១០ឆ្នាំមុនក្រែងលោមានរូបនាង ។ ខ្ញុំថាមិនចាំបាច់ទេ ខ្ញុំមានមធ្យោបាយនឹងស្វែងយល់អំពីនាងហើយ ប្រសិនបើនាងព្រមសន្ទនាជាមួយនឹងខ្ញុំ ។ ទូរសព្ទភ្ជាប់និស្ស័យបានធ្វើឡើងនារាត្រីមួយវេលាម៉ោងប្រមាណជា ៨កន្លះល្ងាច ត្រូវនឹងម៉ោង៨កន្លះព្រឹកនៅស្រុកខ្មែរ ។ នាងលើកទូរសព្ទហើយប្រាប់ខ្ញុំថាកំពុងធ្វើដំណើរចុះបេសកកម្មទៅកាន់ទីក្រុងកំពង់សោម ។ ជៀសវាងការរំខាន ខ្ញុំសុំអុីម៉ែលរបស់នាងដើម្បីផ្ញើសារណែនាំវិញ ។ មុនចូលគេញ ខ្ញុំសរសេរសារមួយទំព័រផ្ញើទៅឲ្យនាង ដោយប្រាប់នាងថាខ្ញុំមាន Skype សម្រាប់សន្ទនាគ្នាដោយងាយស្រួល (សម័យនោះមិនទាន់មានហ្វេសប៊ុកទេ ។ Skype ផ្តល់លទ្ធភាពឲ្យយើងជជែកគ្នាដូចហ្វេសប៊ុកមេសេងហ្ជ័រដែរ) ។ ស្អែកឡើង នាងសរសេរសារឆ្លើយមកខ្ញុំវិញ ។ ខ្ញុំបើកទំព័រ ស្កែប របស់ខ្ញុំឃើញមានមនុស្សចម្លែកព្យាយាមអែតហ្វ្រេនមកខ្ញុំ ។ ខ្ញុំរៀបនឹងលុបវាចោល តែមានអ្វីមកទប់ចិត្តខ្ញុំកុំឲ្យលុប ។ ខ្ញុំទទួលយករីក្វេសពីមនុស្សចម្លែកនោះ ។ ដឹងអី មនុស្សចម្លែកដែលខ្ញុំប្រុងទាត់ចោលនោះ ជាមនុស្សដែលខ្ញុំព្យាយាមតាមញ៉ែ ។ ខ្ញុំសួរនាងថាហេតុអ្វីក៏ប្រើឈ្មោះខុសគ្នា ។ នាងថា ទៅបន្ទោសមេឃុំទៅ ព្រោះសរសេរអក្សរ ថ និង ផ មិនច្បាស់លាស់បានជាវាច្រឡំបល់ដូច្នេះ ។ ឈ្មោះពិតរបស់នាងគឺ ថានី ឯឈ្មោះផ្លូវការក្នុងបញ្ជីជាតិបែរជាសរសេរថា ផានី ទៅវិញ ។ ប៊ីសឡុងចុងរហូតដល់ខ្ញុំ ។ ការផ្តួចផ្តើមភ្ជាប់ទំនាក់ទំនងសង្ខាររបស់ពួកយើង មិនជាសាំញ៉ាំណាស់ណាទេ ។ បន្ទាប់ពីសាសងគ្នាតាមសារបានរយៈពេលមួយអាទិត្យ យើងក៏សម្រេចនិយាយគ្នាដោយផ្ទាល់មាត់តាមរយៈតេលេខន់ហ្វឺរិនដែលអាចបង្ហាញរូបភាព ។ លក្ខខ័ណ្ឌរបស់យើងគឺមិននិយាយអំពីមនុស្សទីបី ហើយក៏មិននិយាយអំពីជីវិតកាលពីអតីតកាលដែរ ។ យើងផ្តោតតែទៅលើបច្ចុប្បន្ននិងអនាគតតែប៉ុណ្ណោះ ។ រឿងដទៃអំពីនេះ គឺជាសិទ្ធិរបស់បុគ្គលទាំងសងខាងជាអ្នកសម្រេចនៅក្នុងការចែលរំលែក (Self-disclosure) ។ នៅគ្រាទីមួយដែលយើងជួបមុខគ្នាតាមរយៈទូរសាសព្ទនោះ (Teleconference) នាងបានបង្វិលរូបនាងឲ្យដាំក្បាលចុះក្រោម ។ ខ្ញុំសុំឲ្យនាងបង្វិលរូបនាងឲ្យបញ្ឃរត្រង់ឡើងវិញ ដ្បិតពិបាកមើលណាស់ ។ នាងថានាងមិនដឹងធ្វើដូចម្តេចទេទើបបង្វិលកើត ព្រោះវាជាកំព្យូទ័ររបស់ស្ថាប័ន ។ កុហក! ។ ខ្ញុំចំណាយពេលនិយាយជាមួយនឹងក្មេងច្រឡឺមនោះ Upsidedown រហូតដល់ចប់ការសន្ទនាគ្នា ។ មុននឹងបញ្ចប់ ខ្ញុំបានលួចថតរូបនាងពីរបីប៉ុស្ត ដើម្បីបង្វិលមើលឲ្យបានច្បាស់លាស់បន្តិច ។ ខ្ញុំបានព្យាយាមស្វែងរកនារីខ្មែរដែលក្លាហានហ៊ាននិយាយជាមួយនឹងប្រុសស្មើមុខគ្នា ។ ឥឡូវបានជួបហើយ ។ មិនត្រឹមតែក្លាហានទេ ឯករាជទៀតផង ។ ការដាក់រូបនាងនិយាយជាមួយខ្ញុំដាំក្បាលចុះក្រោមដូច្នោះ បានន័យថានាងគឺនាង ខ្ញុំគឺខ្ញុំ ។ សំពត់នៅក្នុងផ្នត់ ។ បើចង់ស្គាល់ជាក់លាក់ ចូលឲ្យជិតហើយលាតត្រដាងមើល ។ យើងសេរសរសារសន្ទនាគ្នាគ្មានលស់ថ្ងៃឡើយ ។ ថ្វីដ្បិតតែយើងមិនបានសន្សំសារនោះទុក វាប្រហែលជាមិនតិចជាង ៥០០ទំព័រទេ ។ ក្នុងមួយអាទិត្យ យើងជួបនិយាយគ្នាតាមទូរសាសព្ទម្តង ។ ដោយហេតុតែយើងមានអាយុខុសគ្នាមួយជំនាន់ ពាក្យពេចន៍ដែលខ្ញុំប្រើធ្វើឲ្យនាងខឹងម្តងម្កាល ។ ដើម្បីជៀសវាងការភាន់ច្រឡំផ្តាច់ចំណងមេត្រីជាយថាហេតុ ខ្ញុំសំណូមពរនាងអនុញាតិឲ្យខ្ញុំធ្វើការបកស្រាយពន្យល់ (Clarify) ជាមុនសិនមុននឹងសម្រេចផ្តាច់ទំនាក់ទំនងសង្ខារ ។ ខ្ញុំបានសម្រាំងបទចម្រៀងរបស់លោក សុីន សុីសាមុត ប្រហែលជាម្ភៃបទទាក់ទងនឹងរឿងស្នេហា ទុកផ្ញើលួងចិត្តនាងពេលនាងខឹង ។ ខ្ញុំថែមទាំងសម្រាំងបទចម្រៀងពិសេសពីរបទផងដែរគឺបទ ប្រឡងជាប់ហើយ និងបទ អុចធូបទៅអូន ទុកសម្រាប់អបអរដំណឹងអំពីនាងយល់ព្រមទទួលយកខ្ញុំ និងថ្ងៃចូលរោងការ ។ វាជាក្តីរំពឹងដែលនៅឆ្ងាយដូចជើងមេឃ ។ ក៏ប៉ុន្តែ សុទិដ្ឋិត្រូវតែមាន ។ ក្រៅអំពីនេះ ខ្ញុំក៏ចាប់ផ្តើមសរសេរកំណាព្យមនោសច្ចេតនាប្រភេទប្រលោមលោកខ្នាតខ្លីមួយ រៀបរាប់អំពីអ្វីៗដែលយើងលើកយកមកពិភាក្សាគ្នា ។ ខ្ញុំប្រាប់នាងឲ្យដឹងអំពីការសរសេរប្រលោមលោកផ្ទាល់ខ្លួនរបស់យើង ព្រោះនាងជាតួអង្គម្នាក់ដែរនៅក្នុងរឿងស្នេហាចៃដន្យនេះ ។ វាជារឿងដែលគ្មានអ្នកណាធ្លាប់ធ្វើសោះឡើយ ។ ប្រលោមលោកនៅក្នុងអក្សរសិល្ប៍ខ្មែរ ច្រើនតែបញ្ចប់ជាមួយនឹងសោកនាដកម្ម ។ ឯរឿងខ្ញុំនិងនាងត្រូវបញ្ចប់ដោយរបៀបណានោះ គ្មាននរណាអាចព្យាករណ៍បានទេ ។ មានតែយថាកម្មប៉ុណ្ណោះ (Eventuality) ដែលអាចសម្រេចជោគវាសនានៃប្រលោមលោកស្នេហាជីវិតពិតនេះ ។ កម្ម អាចនាំសុខឬនាំទុក្ខគ្រប់ពេលវេលា ។ យើងចំណាយពេលប្រហែលមួយខែប៉ុណ្ណោះ នៅក្នុងការស្វែងរកបុព្វេសន្និវាសរបស់យើង ។ ដោយហេតុតែយើងដឹងជាក់លាក់អំពីគោលដៅរបស់យើង យើងដើរត្រង់ភ្លឹងតែម្តងប្រៀបដូចជាមនុស្សពីរនាក់ចរចាគ្នាអំពីជំនួញមួយ (Business Deal) ។ មុននឹងសម្រេចចិត្តថាតើគួរបន្តទំនាក់ទំនងសង្ខាររបស់យើងឬយ៉ាងណា នាងបានសុំជួបខ្ញុំនិយាយអំពីរឿងសំខាន់ៗមួយចំនួន ។ ស្អែកឡើង នៅពេលខ្ញុំកំពុងធ្វើការងារនៅក្នុងកិច្ចប្រជុំមួយ នាងផ្ញើសារមកប្រាប់ខ្ញុំថានាងយល់ព្រមភ្ជាប់និស្ស័យស្នេហាជាមួយនឹងខ្ញុំ ។ ខ្ញុំត្រេកអរប្រៀបដូចជាក្មេងប្រឡងឌីប្លូមជាប់លេខ ១ ។ ចង់ងើបរាំចាក់ត្លុកដែរ តែទីកន្លែងមិនអំណោយទាន ។ ខ្ញុំផ្ញើបទចម្រៀង ប្រឡងជាប់ហើយ ទៅឲ្យនាងជាមួយនឹងពាក្យអរគុណមួយម៉ាត់យ៉ាងខ្លី ។ ប្រការដែលខ្ញុំត្រេកអរនោះ មិនមែនត្រេកអរដោយសារទទួលបានជោគជ័យនៅក្នុងការតស៊ូដ៏វែងអន្លាយមួយនេះទេ ។ វាគ្រាន់តែជាជោគជ័យអន្តរកាលប៉ុណ្ណោះ (Transitional success) ។ កត្តាដែលធ្វើឲ្យខ្ញុំត្រេកអរនោះគឺទីមួយ ខ្ញុំបានធ្វើអ្វីដែលជាគោលគំនិតរបស់ខ្ញុំនៅក្នុងការស្វែងរកគូស្រករ ។ និងទីពីរ ខ្ញុំអាចបញ្ចប់ប្រលោមលោកស្នេហា actual របស់ខ្ញុំជាមួយនឹងពាក្យពេចន៍ដែលបរិយាយភាពរីករាយ ។ នៅថ្ងៃដែលខ្ញុំស្លាប់ ប្រសិនបើភរិយានិងកូនៗរបស់ខ្ញុំស្ថិតនៅក្បែរខ្លួនខ្ញុំនៅឡើយ នោះអាចសន្មត់ថាជីវិតស្នេហារបស់ខ្ញុំ ទទួលបានជោគជ័យនៅទីបំផុត បន្ទាប់ពីបរាជ័យច្រើនអន្លើ ៕ អរគុណដែលបានចំណាយពេលអានរឿងរ៉ាវជីវិតដ៏វែងអន្លាយនេះ!

Saturday, September 4, 2021

ចំណីខួរក្បាល

ពិការញាណ (៣) ម៉្ងៃនោះ ញាតិជិតខាងចាស់ទុំខ្ញុំម្នាក់បានលើកសំណួរមួយសួរខ្ញុំថា៖ ហេតុអ្វីក៏កុមារសម័យនេះសម្បូរកើតជំងឺ អូទីហ្សឹម (Autism) ម្លេះ? មីងឧស្សាហ៍ឮមនុស្សនិយាយអំពីបញ្ហានេះណាស់ ។ ខ្ញុំជម្រាបគាត់ថា អូទីហ្សឹមនេះ វាកើតមានជាមួយមនុស្សយើងយូរយាណាស់មកហើយ គ្រាន់តែសម័យមុនផ្នែកវេជ្ជាសាស្ត្រមិនសូវជឿនលឿន ។ ដូច្នេះ យើងក៏មិនសូវដឹងឮអំពីបញ្ហានេះ ។ ប៉ុន្តែ បច្ចុប្បន្ន យើងមានប្រព័ន្ធផ្សព្វផ្សាយទូលំទូលាយ ហើយមនុស្សភាគច្រើនក៏មិនសូវខ្មាសអៀនក្នុងការចែករំលែកបញ្ហាសតិបញ្ញានេះដែរ ។ នេះជាលើកទីបីហើយដែលខ្ញុំសរសេរអត្ថបទពាក់ព័ន្ធនឹងរឿងពិការញាណ ។ គួរកត់សម្កាល់ថា ខ្ញុំប្រើពាក្យ ពិការញាណ សម្រាប់ជំងឹពាក់ព័ន្ធនឹងសតិបញ្ញាចំនួនបីផ្សេងគ្នាដែលភាសាអង់គ្លេសហៅថា៖ Attention Deficit Hyperactivity Disorder (ADHD), Autism Spectrum Disorder (ASD), and Down Syndrome ។ មូលហេតុដែលខ្ញុំប្រើពាក្យ ពិការញាណ (Learning Disability) សម្រាប់ជំងឺទាំងបីនេះដ្បិតវាជាពាក្យមិនរើសអើងនិងមិនបន្ទាបបន្ថោកអ្នកជំងឺ ។ នៅក្នុងអត្ថបទនេះ ខ្ញុំសូមលើកយកតែអូទីហ្សឹមមកពិភាក្សា ។ ហើយខ្ញុំក៏សូមជម្រាបផងដែរថា ខ្ញុំមិនមែនជាវេជ្ជបណ្ឌិតឬក៏ជាអ្នកសិក្សាស្រាវជ្រាវអំពីជំងឺប្រសាទទេ ។ គោលដៅនៃការសរសេរអត្ថបទនេះ គឺគ្រាន់តែចង់ចែករំលែកពត៌មានដែលខ្ញុំបានជួបប្រទះប៉ុណ្ណោះ ។ ខ្ញុំបានចំណាយពេលប្រមាណជាជាង២៥ឆ្នាំ ក្នុងតួនាទីជាអ្នកកត់ត្រាកិច្ចប្រជុំនៃគណកម្មាធិការវិទ្យាសាស្ត្ររបស់ស្ថាប័នជាតិមួយចំនួននៃសហរដ្ឋអាមេរិក ។ នៅក្នុងការប្រកបកិច្ចការងារនេះ ខ្ញុំបានជួបនឹងប្រធានបទនិងរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតមនុស្សរាប់មិនអស់ ។ ពិការញាណគឺជារឿងមួយដែលខ្ញុំចាប់អារម្មណ៍ជាងគេ ដ្បិតវាពាក់ព័ន្ធនឹងការតស៊ូរបស់មនុស្ស ។ និយាយរួម មនុស្សទាំងអស់កើតមកសុទ្ធតែពិការញាណ គ្រាន់តែតិចហើយនិងច្រើន ។ បើនិយាយអំពី ADHD យើងមានគ្រប់ៗគ្នា ។ អូទីហ្សឹម យើងទទួលរងផលប៉ះពាល់មិនដល់ពីរភាគរយទេ ។ ក៏ប៉ុន្តែ បើគិតជាអត្រា វាច្រើនគួរសមដែរ ។ ក្នុងចំណោមមនុស្ស១០០នាក់ យ៉ាងហោចណាស់ក៏មានម្នាក់ដែលត្រូវរស់ជាមួយនឹងបញ្ហាសុខភាពសតិបញ្ញាអូទីហ្សឹមនេះ ។ គួរកត់សម្គាល់ថា អូទីហ្សឹម មានកម្រិតស្រាល មធ្យម និង ធ្ងន់ (Light, Mild, and Severe) ។ ខ្ញុំសូមលើកយកអូទីហ្សឹមកម្រិតមធ្យមមកពិភាក្សានៅទីនេះ ដ្បិតវាជាកម្រិតដែលមិនទាន់ដល់ថ្នាក់រកគ្រូពេទ្យឲ្យជួយ ក៏ប៉ុន្តែ វាត្រូវការការបីបាច់ថែទាំពិសេសពីសំណាក់ក្រុមគ្រួសារនិងញាតិមិត្ត ។ អូទីហ្សឹម មានរោគសញ្ញាសាមញ្ញមួយចំនួនដែលយើងអាចកត់សម្គាល់បានដោយមិនចាំបាច់ស្វែងរកជំនួយពីអ្នកជំនាញផ្នែកចិត្តសាស្ត្រ ។ បើជាកុមារ ជាទូទៅច្រើនតែក្រចេះនិយាយ (Delay speech) រពឹសឬសកម្មដូចចាប់ក្តាមដាក់ចង្អេរ និងមិនសូវស្តាប់បង្គាប់ដែលភាសាអង់គ្លេសហៅថា Non-conforming or Anti-social ។ ភាពមិនចុះសម្រុងនឹងសង្គម (Anti-social) គឺជាប្រធានបទមួយដែលខ្ញុំចង់លើកយកមកពិភាក្សានៅទីនេះ ។ ខ្ញុំធ្លាប់ជួបនារីពីររូបដែលរស់ជាមួយនឹងអាការអូទីហ្សឹមកម្រិតមធ្យម ។ អ្នកទាំងពីរបានបញ្ចប់ការសិក្សាកម្រិតសាកលវិទ្យាល័យនិងទទួលបានសញ្ញាប័ត្រប្រហាក់ប្រហែលគ្នា ។ ម្នាក់ជាអគ្គលេខាធិការនៃគណកម្មាធិការរបស់ស្ថាប័នរដ្ឋមួយ ។ ឯម្នាក់ទៀតមិនអាចរក្សាការងាររបស់ខ្លួនបានឡើយ ពីព្រោះនាងមិនអាចសម្របខ្លួនចូលទៅក្នុងសង្គមឲ្យបានដូចគេឯង ។ មនុស្សពីររូបមានសមត្ថភាពប្រហាក់ប្រហែលគ្នា មានអាការអូទីហ្សឹមដូចគ្នា ហេតុអ្វីក៏មានជោគវាសនាខុសគ្នាដូច្នេះ? ខ្ញុំបានយករឿងនេះមកពិចារណាក្នុងចិត្តជាច្រើនឆ្នាំ ។ នារីដែលបរាជ័យនៅក្នុងការស្វែងរកនិងរក្សាការងារដើម្បីទ្រទ្រង់ជីវិត បានមកចូលរួមនៅក្នុងកិច្ចពិភាក្សាមួយជាមួយនឹងគណកម្មាធិការស្រាវជ្រាវស្វែងយល់អំពីអូទីហ្សឹម ។ ឆ្លើយតបនឹងសំណួរមួយដែលថា តើមនុស្សទូទៅ "Normal people" គួរធ្វើដូចម្តេចដើម្បីជួយសម្រួលដល់ការរស់នៅរបស់មនុស្សដែលមានអូទីហ្សឹម? នាងឆ្លើយមួយប្រយោគដ៏ខ្លីថា៖ ខ្ញុំប្រាថ្នាឲ្យមនុស្សជុំវិញខ្ញុំ យល់អំពីអត្តចរិតខ្ញុំ (I wish people around me understand me better) ។ ក្តីប្រាថ្នាដ៏តូចនេះ ហាក់ដូចជាមិនលំបាកណាស់ណាទេ ។ ក៏ប៉ុន្តែ វាជារឿងមួយដែលមនុស្សរស់ជាមួយនឹងអាការអូទីហ្សឹមប្រឈមនៅក្នុងជីវិត ។ ការវិវត្តន៍របស់ជំងឺអូទីហ្សឹមគឺមិនដូចគ្នាទេ ។ When you see one autism, you see one autism (ករណីអូទីហ្សឹមនីមួយៗ មានទ្រង់ទ្រាយដាច់ដោយឡែកពីគ្នា) ។ នេះគឺជាការអះអាងរបស់អ្នកជំនាញម្នាក់ ។ ក៏ប៉ុន្តែ ខ្ញុំគិតថា ក្តីប្រាថ្នាឲ្យមនុស្សជុំវិញខ្លួន យល់អំពីអត្តចរិតរបស់ខ្លួន គឺជាចំណុចដូចគ្នាមួយដែលមនុស្សមានជំងឺអូទីហ្សឹមត្រូវការ ។ វាក៏ជាកត្តាជោគជ័យនិងបរាជ័យនៅក្នុងជីវិតផងដែរ ។ ការស្វែងយល់អំពីអត្តចរិតរបស់មនុស្សដែលមានអាការអូទីហ្សឹមពឹងផ្អែកលើការសង្កេតនិងពិចារណាបែបតក្កវិជ្ជា ។ វាមិនសូវជាស្មុគស្មាញប៉ុន្មានទេនៅក្នុងការស្វែងយល់អំពីមនុស្សប្រភេទនេះ ប្រសិនបើយើងព្យាយាមសង្កេតដោយប្រើយុទ្ធវិធី យោង ព្យួរ ត ភ្ជាប់ ។ ឧទាហរណ៍ មនុស្សពិការសរីរាង្គដូចជាខ្វាក់ភ្នែក រមែងពឹងផ្អែកឬយកត្រចៀកមកប្រើដើម្បីជាជំនួយដល់ការបាត់បង់ចក្ខុវិញ្ញាណ ។ ពិការជើង យកដៃមកប្រើជំនួសជើង ។ ឯមនុស្សពិការញាណក៏ប្រើយុទ្ធវិធីស្រដៀងគ្នានេះដែរ ។ ពិការញាណគឺពិការប្រាជ្ញា (មិនមែនទាំងស្រុងទេ) ។ មនុស្សពិការញាណដោយសារជំងឺអូទីហ្សឹមគឺបាត់បង់ ឬក៏ខ្វះខាតអ្វីមួយនៅក្នុងវិចារណញ្ញាណ ដែលភាសាអង់គ្លេសហៅថា Anomaly (ខុសប្រក្រតី) ។ វិចារណញ្ញាណ មកពីពាក្យពិចារណា បូកនឹង ញាណ ឬវិញ្ញាណ ។ មនុស្សពិការញាណអូទីហ្សឹម នៅក្នុងករណីខ្លះមិនអាចពិចារណាទៅតាមគោលការណ៍ក្របខ័ណ្ឌរបស់មនុស្សទូទៅទេ ។ ស្រដៀងគ្នានឹងមនុស្សពិការភ្នែកនិងជើងដែរ គឺចាំបាច់ត្រូវតែប្រើអវៈយវដទៃជំនួសឲ្យអ្វីដែលបាត់បង់ ។ ញាណ ឬវិញ្ញាណនៅក្នុងភាសាអង់គ្លេសហៅថា Conscience ។ នៅក្នុងវិញ្ញាណមាន ភវង្គវិញ្ញាណ ដែលភាសាអង់គ្លេសហៅថា sub-conscience ។ មនុស្សពិការញាណអូទីហ្សឹមពឹងលើភវង្គវិញ្ញាណច្រើន នៅក្នុងការប្រាស្រ័យទាក់ជាមួយនឹងពិភពខាងក្រៅដើម្បីទ្រទ្រង់ការរស់នៅរបស់ខ្លួន ។ មូលហេតុដែលយើងហ៊ានសន្និដ្ឋានដូច្នេះ គឺផ្អែកលើករណីមនុស្សដែលពិការភ្នែកនិងជើងដែលប្រើអវៈយវដទៃដើម្បីជាជំនួយដល់ការរស់នៅ ។ ភវង្គវិញ្ញាណ ឬ Sub-conscience គឺជាសភាវដែលយើងមើលមិនយល់ ស្មានមិនដល់ ពាល់មិនត្រូវ ។ ដូច្នេះ នៅពេលដែលមនុស្សអូទីហ្សឹមប្រើវិធីនេះដើម្បីប្រាស្រ័យទាក់ទង (Interact) ជាមួយនឹងមនុស្សទូទៅឬពិភពខាងក្រៅ វាធ្វើឲ្យមានរឿងភ្ញាក់ផ្អើល (Surprises) មិនចេះអស់មិនចេះហើយ ។ តើយើងគួរធ្វើដូចម្តេចទើបអាចយល់ ឬក៏អាចរួមរស់ក៏ដូចជាធ្វើការងារជាមួយនឹងមនុស្សដែលមានអាការអូទីហ្សឹម? ចម្លើយអាចនឹងមានច្រើន ក៏ប៉ុន្តែយើងអាចចាប់ផ្តើមអំពីការទទួលស្គាល់បុគ្គលិកលក្ខណៈរបស់បុគ្គលដោយមិនយកនិយាមរបស់សង្គមទៅធ្វើជាមូលដ្ឋានអនុវត្តន៍ ។ មុននឹងនិយាយអំពីស្ថានភាពជីវិតរបស់មនុស្សដែលរស់ជាមួយនឹងអាការអូទីហ្សឹម ខ្ញុំសូមលើកយកយុទ្ធវិធីខ្លះៗដែលអាចមានសារប្រយោជន៍ក្នុងការថែរទាំគាំពារកុមារដែលមានជំងឺអូទីហ្សឹម ។ ខ្ញុំធ្លាប់បានជួបមាតាបិតាជាច្រើនរូប ដែលបានលះបង់ការងារមកគាំពារកុមារអូទីហ្សឹម ។ ស្ទើរតែគ្រប់គ្នា ពួកគេនិយាយថា មិនត្រូវប្រៀបធៀបការអភិវឌ្ឍន៍របស់កុមារដែលមានអាការអូទីហ្សឹមជាមួយនឹងកុមារដទៃឡើយ ។ មានន័យថា ក្មេងអាយុ៦ឆ្នាំដូចគ្នា បើកូនគេអាចរាប់លេខដល់ចំនួន១០០ កូនឯងដែលមានអាការអូទីហ្សឹមមិនអាចរាប់ដល់១០ គ្មានអ្វីត្រូវទោមនស្សទេ ។ នេះគឺជាចំណុចដ៏សំខាន់បំផុតសម្រាប់មាតាបិតាឬអាណាព្យាបាល ដែលមានកុមារអូទីហ្សឹមនៅក្នុងបន្ទុក ។ ត្រូវចាំថា រោគសញ្ញាមួយក្នុងចំណោមរោគសញ្ញមួយចំនួននៃក្មេងអូទីហ្សឹមគឺ ក្រចេះនិយាយ ។ ជាទូទៅកុមារអូទីហ្សឹមជាពិសេសក្មេងប្រុស ចាប់ផ្តើមរៀននិយាយនៅអាយុ៣ឆ្នាំ ។ បានសេចក្តីថាការអភិវឌ្ឃន៍សតិបញ្ញារបស់កុមារនោះ អាចនឹងយឺតជាងកុមារដទៃ៣ឆ្នាំ ។ ដូច្នេះ យើងមិនអាចដើរតាមនិយាមសាលាឬនិយាមសង្គមនៅក្នុងការអប់រំថែរទាំគាំពារកុមារអូទីហ្សឹមឡើយ ។ បើវារៀនមិនទាន់គេ ឲ្យគេទៅមុនចុះ ។ មនុស្សពិការជើង និងមនុស្សមិនពិការជើង មិនអាចដើរនៅក្នុងល្បឿនស្មើរគ្នាបានទេ ។ ប៉ុន្តែ ដរាបណាយើងមិនឈប់ដើរ យើងគង់តែនឹងទៅដល់គោលដៅដូចគ្នា ។ នៅក្នុងភាសាអង់គ្លេសមានពាក្យមួយឃ្លាដែលនិយាយថា៖ The late bloomer (ផ្ការីកក្រោយគេ) ។ ពាក្យនេះមានន័យថាមនុស្សមានទេពកោសល្យក្នុងវ័យចម្រើន ។ កុមារអូទីហ្សឹមគឺមានសណ្ឋានជាផ្ការីកក្រោយគេ ។ ទេពកោសល្យរបស់ពួកគេអាចនឹងស្តែងចេញនៅក្រោយកុមារភាព ។ សំណួរមួយគឺថា តើកុមារអូទីហ្សឹមអាចវិវឌ្ឃស្មើគេឯងដែរទេនៅពេលចម្រើនវ័យ ។ វាអាស្រ័យលើកាសាបរលាបនៃសញ្ញាណមួយចំនួន ដែលញាំញីកុមារអូទីហ្សឹម ។ អាការអូទីហ្សឹមខ្លះអត់សាបរលាបទេ ។ វាគ្រាន់តែប្តូររូបភាពប៉ុណ្ណោះ ។ ឧទាហរណ៍ ការខ្លាចទីងងឹត ឬក៏មិនចូលចិត្តភាពកកកុញ (Afraid of crowd) ។ កត្តានេះ មនុស្សអូទីហ្សឹមច្រើនតែរកមធ្យោបាយគេច ឬក៏ស្វែងរកជំនួយពីសំណាក់ញាតិមិត្តជិតស្ឋិទ្ធ នៅពេលប្រឈមនឹងបញ្ហាដែលខ្លួនខ្លាច ។ ខ្ញុំសូមវិលទៅនិយាយអំពីយុវនារីដែលរៀនបានជោគជ័យហើយ តែមិនអាចយកចំណេះដឹងមកគាំពារការរស់នៅរបស់ខ្លួនបន្តិច ។ យើងមិនអាចដឹងបានទេថា តើហេតុអ្វីបានជានាងមិនអាចសម្របខ្លួនចូលក្នុងសង្គមការងារដូចគេដូចឯង ។ នៅពេលដែលខ្ញុំគិតអំពីប្រការនេះ ខ្ញុំគិតទៅដល់ពលិកម្មជាងម្ភៃឆ្នាំរបស់ឪពុកម្តាយនាងក៏ដូចជារូបនាង ដែលអសារបង់ ។ តើខំប្រឹងប្រែងបានប្រយោជន៍អី បើនៅទីបំផុតយើងមិនទទួលបានសារប្រយោជន៍អំពីការប្រឹងប្រែងនោះ? ខណៈដែលនាងមកថ្លែងសន្ទរកថាអំពីជីវិតនាងឲ្យគណកម្មាធិការស្តាប់ ខ្ញុំព្យាយាមសង្កេតមើលអាកប្បកិរិយា (Demeanor) របស់នាងយ៉ាងយកចិត្តទុកដាក់ ។ នាងមានរូបស្អាតបាត ឫកពារស្លូតបូត និងអាកប្បកិរិយាដូចមនុស្សផងទាំងពួងដែរ ។ បើនាងមិនប្រាប់ថានាងមានអាការអូទីហ្សឹម និងមានបញ្ហានៅក្នុងដំណើរជីវិត គ្មាននរណាម្នាក់អាចមើលដឹងថានាងមានជំងឺអូទីហ្សឹមឡើយ ។ ការសង្ស័យរបស់ខ្ញុំអំពីកត្តាដែលនាំឲ្យនាងធ្លាក់ចូលទៅក្នុងសភាពដែលគួរឲ្យអស់សង្ឃឹមក្នុងជីវិតនោះ គឺការខំប្រឹងប្រែងឲ្យទាន់គេឯង ទាំងការសិក្សា ទាំងការអភិវឌ្ឃន៍នានា ។ សំពាធនៃការខំប្រឹងប្រែងនោះ វាធ្ងន់ហួសកម្រិតដែលនាងអាចទ្រាំទ្របាន ។ អ្នកដែលធ្លាប់សិក្សាអំពីចិត្តវិទ្យា (Psychology) អាចយល់អំពីកត្តាមួយចំនួនដែលនាំទៅកាន់ការបាក់ទឹកចិត្ត ។ ករណីរបស់នាងគឺអាចបណ្តាលមកពីការបាក់ទឹកចិត្តនេះឯង ។ ទឹកចិត្តដែលបាក់ គឺពិបាកនឹងតភ្ជាប់វិញណាស់ ។ សូមមិនបកស្រាយរឿងបាក់ទឹកចិត្តទេ ព្រោះវាវែងឆ្ងាយហួសអំពីប្រធានបទនេះ ។ ចំណុចសំខាន់បំផុតដែលយើងគួរយល់ដឹងគឺភាពទន់ជ្រាយផ្នែកសតិអារម្មណ៍របស់មនុស្ស ជាពិសេសកុមារដែលមានអាការអូទីហ្សឹម (Emotional Weakness) ។ ជាញឹកញាប់ យើងតែងតែឃើញពត៌មាននិយាយអំពីយុវជនប៉ុនប៉ងធ្វើអត្តឃាតដោយលោតចុះពីលើស្ពាន ឬក៏អារសាច់ខ្លួនឯងជាដើម ។ សាធារណជនខ្លះពេបជ្រាយឬក៏រិះគន់ទង្វើទាំងនោះថាឆ្កួតៗ ។ ករណីអត្តឃាតប្រភេទនេះ ភាគច្រើនមិនមែនជាទង្វើឆ្កួតៗទេ ។ វាគឺជាការបរាជ័យនោក្នុងការតតាំងជាមួយនឹងភាពពិការញាណ ។ មុននឹងបញ្ចប់អត្ថបទនេះ ខ្ញុំសូមលើកយករឿងវិជ្ជមានខ្លះៗមកពណ៌នា ។ ការសិក្សាអំពីអូទីហ្សឹមទើបតែនឹងចាប់ផ្តើមនៅទសវត្សឆ្នាំ ១៩៤០ ។ ផ្អែកលើការសន្និដ្ឋានរបស់អ្នកសិក្សាផ្នែកនេះ បុគ្គលល្បីៗមួយចំនួនអាចជាមនុស្សរស់ជាមួយនឹងអាការអូទីហ្សឹម ។ ខ្ញុំសូមលើកយកបុគ្គលបីរូបដែលអ្នកស្រាវជ្រាវយល់ថា ជាមនុស្សមានអាការអូទីហ្សឹម ។ ទីមួយគឺលោក បេថូវិន (Beethowen) អ្នកសរសេរបទភ្លេងបុរាណរបស់អាល្លឺម៉ងដ៏ល្បីល្បាញ ។ ទីពីរលោក ថូម៉ាស់ អេឌីសុន (Thomas Edison) ជនជាតិអាមេរិកាំងដែលរកឃើញវិធីប្រើអំពូលភ្លើងអគ្គិសនីបំភ្លឺពិភពលោករហូតដល់សព្វថ្ងៃនេះ ។ និងទីបីលោក អាលបឺត អានស្តាញ រូបវិទូអាមេរិកាំងអម្បូរ ជីហ្វ ដ៏ល្បីល្បាញមួយរូបផងដែរ ។ ផ្អែកលើសាវតារបស់មនុស្សដ៏ល្បីល្បាញទាំងបីរូបនេះ ការកើតមកជាមួយនឹងអាការអូទីហ្សឹម ជាពិសេសអូទីហ្សឹមកម្រិតមធ្យម មិនមែនជាកត្តាដែលត្រូវឆាចោលជីវិតមួយនោះទេ ។ ថ្វីត្បិតតែកត្តាប្រឈមនិងភាពលំបាកមានច្រើនរាប់មិនអស់ សក្តានុពលដែលអាចទាញយកពីពិការភាពអូទីហ្សឹមនេះក៏មានវិសាលភាពធំដែរ ។ ចំណុចមួយទៀតគឺនិយាយអំពីវង្សត្រកូលនៃភាពពិការញាណអូទីហ្សឹម ។ តើវាអាចជាជំងឺតពូជដែរទេ? ឫសគល់នៃអូទីហ្សឹមគេមិនទាន់អាចបញ្ជាក់ឲ្យបានជាក់លាក់នៅឡើយទេ ។ ប៉ុន្តែ ផ្អែកលើការសង្កេត វាហាក់ដូចជារំលងមួយជំនាន់ៗ ។ ឧទាហរណ៍ កូនរបស់មនុស្សមានអាការអូទីហ្សឹម ជាទូទៅមិនមានអាការអូទីហ្សឹមទេ ។ ក៏ប៉ុន្តែ ចៅរបស់គាត់អាចមាន ។ ហើយវាបន្តរំលងមួយជំនាន់ៗដូច្នេះតរៀងទៅ ៕

Wednesday, August 18, 2021

ចំណីខួរក្បាល

អាហ្វហ្គានីស្ថាន ការដួលរលំរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងស្ថានភាពច្របូកច្របល់នៅក្នុងប្រទេសនេះ បានធ្វើឲ្យពលរដ្ឋនានានៅក្នុងពិភពលោកតក់ស្លុតយ៉ាងខ្លាំង ។ មតិជាច្រើនបានថ្កោលទោសសហរដ្ឋអាមេរិកដែលចូលទៅធ្វើប្រតិបត្តិការណ៍សឹកកំចាត់ក្រុមភេរវក អាល់កៃដា តាំងពីឆ្នាំ២០០១មកនោះ ថាជាអ្នកនាំទុក្ខដល់ពលរដ្ឋអាហ្វហ្គានីស្ថាន ។ វាជារឿងដែលយើងគួរស្វែងយល់ឲ្យបានប្រាកដប្រជា ថាតើអ្នកណាសមជាអ្នកទទួលខុសត្រូវនៅក្នុងគ្រោះភ័យដ៏គួរឲ្យរន្ធត់នេះ ។ ព្រះពុទ្ធដែលជាអ្នកប្រាជ្ញដ៏ឧត្តមបំផុតនៅក្នុងលោកនេះ បានបន្សល់នូវគោលការណ៍គិតច្បាស់ដូចពន្លឺថ្ងៃមួយថា៖ រឿងរ៉ាវតូចធំនៅក្នុងជីវិត សុទ្ធតែមានហេតុរបស់វា (ទ្រឹស្តី កម្មនិងផល) ។ ដូច្នេះ មុននឹងយើងបន្ទោសភាគីណាមួយនៅក្នុងគ្រោះភ័យនៅអាហ្វហ្គានីស្ថាន យើងគប្បីស្វែងយល់អំពីហេតុនិងផលជាមុនសិន ។ ខ្ញុំស្គាល់អត្តចរិតនិងគោលនយោបាយរបស់សហរដ្ឋអាមេរិកខ្លះៗ ប៉ុន្តែមិនសូវជាក់ច្បាស់ដូចបញ្ញាជនជាច្រើនដែលបានសិក្សាអំពីប្រទេសនេះទេ ។ តាមការយល់ដឹងរបស់ខ្ញុំ សហរដ្ឋអាមេរិកជាប្រទេសតែមួយគត់នៅក្នុងពិភពលោក ដែលឈឺឆ្អាលអំពីសុខមាលភាពពលរដ្ឋដទៃច្រើនជាងគេ ។ មូលហេតុដែលខ្ញុំហ៊ានអះអាងដូច្នេះ មិត្តអ្នកអានអាចសង្កេតដោយខ្លួនឯងនៅពេលមានគ្រោះមហន្តរាយណាមួយ ដោយសង្គ្រាមក្តី ដោយគ្រោះធម្មជាតិក្តី អ្នកនឹងឃើញកញ្ចប់ចំណីអាហារនិងបរិក្ខាទ្រទ្រង់ជីវិតនានាដែលមានសញ្ញាដៃពីរចាប់គ្នា ។ បរិក្ខារទ្រទ្រង់ជីវិតទាំងនោះភាគច្រើនមានសរសេរពាក្យ USAID នៅលើកញ្ចប់ ។ ជំនួយរបស់ USAID នេះគឺមិនរើសមុខទេ (Non-discrimatory assistance) ។ តើប្រទេសមួយដែលមានចិត្តជួយអ្នកដទៃដោយមិនរើសមុខដូច្នេះ អាចទៅបង្កគ្រោះមហន្តរាយឲ្យអ្នកដទៃដែរទេ? នេះគឺជាសំណួរមួយដែលយើងគួរលើកយកមកពិចារណាមុននិងវាយតម្លៃថាដូច្នេះ ឬដូច្នោះ ។ សហរដ្ឋអាមេរិកបានចូលទៅធ្វើប្រតិបត្តិការណ៍កំចាត់ក្រុមភេរវក អាល់កៃដា នៅក្នុងប្រទេសអាហ្វហ្គានីស្ថានតាំងតែពីអ្នកថ្កោលទោសសហរដ្ឋអាមេរិកមួយចំនួន មិនទាន់ជ្រុះពន្លៃពីក្បាលម្លេះ គឺនៅឆ្នាំ២០០១ ។ កាលនោះ ក្រុមអាល់កៃដាបានបង្កសង្គ្រាមដោយឥតប្រកាសមួយជាមួយនឹងសហរដ្ឋអាមេរិក ដោយប្រើយន្តហោះចំណាប់ខ្មាំង (Hijacked airplanes) ចំនួនបួនគ្រឿង ។ យន្តហោះពីរគ្រឿងបានបើកទៅបុកបំផ្ទុះអគារខ្ពស់ៗពីរនៅបុរី នីវយ៉ក ។ មួយគ្រឿងទៀតបុកមន្ទីរ ប៉ង់តាហ្គូន ។ ឯមួយគ្រឿងចុងក្រោយបានធ្លាក់នៅក្នុងវាលចម្ការ ។ នៅក្នុងការវាយប្រហារភេរវកម្មនោះ មានមនុស្សជាងបួនពាន់នាក់បានស្លាប់និងរងរបួស ។ បន្ទាប់ពីស៊ើបអង្កេតដឹងថា ក្រុមអាល់កៃដាដែលមានមូលដ្ឋាននៅក្នុងប្រទេសអាហ្វហ្គានីស្ថានជាអ្នកបង្កសង្គ្រាមឥតប្រកាស់នោះ សហរដ្ឋអាមេរិកបានស្នើសុំឲ្យមេដឹកនាំតាលីបង់នៃប្រទេសអាហ្វហ្គានីស្ថានប្រគល់មេក្លោងអាល់កៃដាឈ្មោះ អូសាម៉ា ប៊ិនឡាដិន មកឲ្យសហរដ្ឋអាមេរិកផ្តន្ទាទោស ។ ក៏ប៉ុន្តែ អូសាម៉ា ប៊ិនឡាដិន ជាឪពុកក្មេករបស់ មូឡា អូម៉ា ដែលជាមេដឹកនាំពួកតាលីបង់នាគ្រានោះ ។ ដូច្នេះ វាជារឿងដែលមិនអាចធ្វើទៅកើត ។ សង្គ្រាមនៅអាហ្វហ្គានីស្ថានក៏បានកើតឡើង ដោយសារតែសាមគ្គីភាពរវាងឪពុកក្មេកនិងកូនប្រសានេះ ។ វាក៏ជាដើមចមនៃគ្រោះភ័យដែលកំពុងកើតមាននៅក្នុងប្រទេសអាហ្វហ្គានីស្ថាននាពេលបច្ចុប្បន្ន ។ និយាយអំពីការដកកងទ័ពរបស់អាមេរិកាំងនិងភាពច្របូកច្របល់បន្ទាប់ពីពួកតាលីបង់ចូលមកកាន់អំណាចនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននាគ្រាបច្ចុប្បន្នវិញម្តង ។ កងទ័ពរបស់អាមេរិកបានវាយកម្ទេចមូលដ្ឋាននិងសម្លាប់មេដឹកនាំក្រុមអាល់កៃដាបាននៅឆ្នាំ២០១១ ។ បេសកកម្មគួរតែត្រូវបានបញ្ចប់នៅគ្រានោះ ។ ក៏ប៉ុន្តែ ដោយហេតុតែប្រតិបត្តិការណ៍ស្វែងរកក្រុមអាលកៃដា បានធ្វើឲ្យប្រទេសអាហ្វហ្គានីស្ថានខូចខាតជាច្រើន ក្រុមសម្ព័ន្ធមិត្តដែលមានសហរដ្ឋអាមេរិកជាបង្គោល បានបន្តស្នាក់នៅដើម្បីស្តារហេដ្ឋារចនាសម្ព័ន្ធឲ្យអាហ្វហ្គានីស្ថានឡើងវិញអស់រយៈពេល១០ឆ្នាំទៀត (គួរកត់សម្គាល់ដែរថា សង្គ្រាមនៅអាហ្វហ្គានីស្ថានត្រូវគាំទ្រដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ) ។ ការជួយស្តារហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសនីមួយៗ មិនមែនជារឿងងាយស្រួលឡើយ ។ ប្រទេសអាហ្វហ្គានីស្ថាន ខុសអំពីប្រទេស ជប៉ុន និង កូរ៉េខាងត្បួង ដែលរងផលប៉ះពាល់សង្គ្រាមស្រដៀងគ្នានេះ ។ ពលរដ្ឋជប៉ុននិងកូរ៉េខាងត្បូងមិនមានបែងចែកជាច្រើនក្រុមទេ ។ ឯពលរដ្ឋអាហ្វហ្គានីស្ថានមានច្រើនក្រុមរស់នៅតាមរបៀបកុលសម្ព័ន្ធ ។ យើងអាចនិយាយថា ពលរដ្ឋអាហ្វហ្គានីស្ថានមានភក្តីភាពនិងផ្តល់អាទិភាពទៅលើកុលសម្ព័ន្ធរបស់ខ្លួនច្រើនជាងប្រទេសជាតិ ។ នេះមិនមែនមានន័យថាពលរដ្ឋអាហ្វហ្គានីស្ថានមិនខ្វល់អំពីប្រទេសខ្លួននោះទេ ។ នៅពេលមានសត្រូវមកពីខាងក្រៅមកយាយី ពួកគេតែងតែរួបរួមគ្នាកំចាត់សត្រូវនោះ រួចហើយត្រឡប់ទៅរួមរស់ជាមួយនឹងកុលសម្ព័ន្ធរបស់ពួកគេវិញ ។ វត្តមានរបស់កងទ័ពសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ថ្វីដ្បិតតែគ្មានការប្រកាសថាជាការឈ្លានពានពីសំណាក់សត្រូវមកពីខាងក្រៅក៏ពិតមែន ក៏ប៉ុន្តែមិនមានការទទួលស្គាល់ថាជាមិត្តទេ ។ ស្រដៀងគ្នានឹងការចូលកាន់កាប់ស្រុកខ្មែររបស់កងទ័ពវៀតណាមកាលពីឆ្នាំ ១៩៧៩ដែរ ។ ពលរដ្ឋខ្មែរនៅក្នុងប្រទេសនៅគ្រានោះ មិនដែលហ៊ានគិតថាយួនចូលមកឈ្លានពានស្រុកខ្មែរទេ ។ ក៏ប៉ុន្តែ ក្នុងចិត្តរបស់ពួកគេបន់ឲ្យតែកងទ័ពយួនចាកចេញ ។ ការដួលរលំរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន បន្ទាប់ពីអាមេរិកនិងសម្ព័ន្ធមិត្តចំណាយប្រាក់រាប់ពាន់លានដុល្លារដើម្បីកសាង អាចពាក់ព័ន្ធនឹងកត្តាជាច្រើន ។ ក៏ប៉ុន្តែ តាមការយល់ឃើញរបស់ខ្ញុំ មានកត្តាសំខាន់ពីរដែលជាគន្លឹះនៃការបរាជ័យ ។ ទីមួយ អំពើពុករលួយ ។ និងទីពីរការមើលរំលងនិន្នាការភក្តីភាពរបស់ពលរដ្ឋអាហ្វហ្គានីស្ថានជាមួយនឹងកុលសម្ព័ន្ធ ។ នៅក្នុងសង្គមមួយដែលយកភក្តីភាពជាមួយនឹងកុលសម្ព័ន្ធជាធំ ការបង្កើតកងទ័ពជាតិដែលមិនដើរតាមផ្នត់គំនិតកុលសម្ព័ន្ធ ប្រហែលជាគ្មានប្រសិទ្ធិភាពទេ ដ្បិតកងទ័ពមិនច្បាំងឡើយប្រសិនបើសត្រូវជាសមាជិកកុលសម្ព័ន្ធរបស់ខ្លួន ។ ចំណុចនេះហើយដែលធ្វើឲ្យក្រុមតាលីបង់ដើរចូលទៅកាន់វិមានរដ្ឋនៅក្នុងទីក្រុងកាប៊ុល ដោយមិនចាំបាច់បង្ហូរឈាមគ្នា ។ ពាក់ព័ន្ធនឹងយុទ្ធសាស្ត្រកុលសម្ព័ន្ធ យើងអាចសន្និដ្ឋានថារយៈពេល២០ឆ្នាំកន្លងទៅនេះ ក្រុមតាលីបង់បានបញ្ជូនសកម្មជនរាប់រយឬពាន់នាក់ឲ្យទៅធ្វើជាកងទ័ពជាតិ ។ ដូច្នេះ ការតតាំងគ្នាគឺក្រុមតាលីបង់បានឈ្នះមុនការប្រយុទ្ធរួចទៅហើយ ។ ឯរឿងពុករលួយយើងមិនចាំបាច់និយាយទេ ។ វាជាឱសថតែមួយគត់សម្រាប់បំផ្លាញរដ្ឋាភិបាលក៏ដូចជាប្រទេសជាតិ ។ ការដាក់ឲ្យភាគីណាមួយទទួលខុសត្រូវនៅក្នុងបញ្ហាអាហ្វហ្គានីស្ថាន គឺជារឿងដែលលំបាកជាទីបំផុត ។ សម្រាប់មនុស្សដែលមានផ្នត់គំនិតបន្ទោសអ្នកដទៃជាជាងខ្លួនឯង វាប្រាកដជាសហរដ្ឋអាមេរិកដែលជាអ្នកទទួលខុសត្រូវនៅក្នុងបញ្ហានេះ ។ ប៉ុន្តែ សម្រាប់មនុស្សដែលមានផ្នត់គំនិតទទួលខុសត្រូវខ្លួនឯងជាជាងបន្ទោសអ្នកដទៃ ពលរដ្ឋ ជាពិសេសក្រុមអ្នកដឹកនាំប្រទេសអាហ្វហ្គានីស្ថានជាអ្នកទទួលខុសត្រូវលើជោគវាសនារបស់ខ្លួន ។ សម្រាប់ខ្ញុំ ខ្ញុំសូមយកផ្នត់គំនិត គិត កម្ម ផល របស់ព្រះពុទ្ធមកធ្វើជាមូលដ្ឋានពិចារណាដោយមិនបន្ទោសឬក៏ថ្កោលទោសភាគីណាមួយឡើយ ។ វិបត្តិនៅអាហ្វហ្គានីស្ថាន គឺជាផលនៃកម្មរបស់មនុស្សជាច្រើនរូបដែលបានសាងជាច្រើនឆ្នាំកន្លងមកហើយ ។ អំណាចនៃកម្មនេះ នឹងបន្តស្តែងចេញមកទៀតដរាបណាឥទ្ធិពលរបស់វាមិនទាន់សាបរលាប ។ សូមឲ្យពលរដ្ឋអាហ្វហ្គានីស្ថាន ដែលបានចាប់កំណើតក្រោយព្រឹត្តិការណ៍ដែលជាដើមចមនៃកម្មកំណាច ឆ្លងផុតគ្រោះកាចដោយសុវត្ថិភាព ៕

Tuesday, April 6, 2021

ចំណីខួរក្បាល

សង្កេត បន្ទាប់ពីបានឆ្លងកាត់ការធ្វើទុក្ខបុកម្នេញនិងកាប់សម្លាប់របស់ពួកខ្មែរក្រហម ដែលជាអាជ្ញាធរគ្រុបគ្រងប្រទេសអន្យតិរ្ថិយព្រៃផ្សៃរកលេខដាក់គ្មាន ខ្ញុំតែងតែលើកយកសំណួរមួយមកគិតក្នុងចិត្តជារឿយៗ៖ ហេតុអ្វីក៏មនុស្សនៅក្នុងពិភពលោក ជាពិសេសប្រទេសមហាអំណាចនានាគ្មានចិត្តជួយសង្គ្រោះជនរងគ្រោះ? បើនិយាយអំពីលទ្ធភាព គឺយើងអាចធ្វើបាន ។ តាំងតែពីសម័យ ប៉ុល ពត មកដល់ពេលនេះ វាមានរយៈពេលជាង ៤០ឆ្នាំហើយ ។ ព្រឹត្តិការណ៍សម្លាប់រង្គាលជីវិតមនុស្សស្រដៀងគ្នានោះក៏បានកើតមានដដែលជាដដែលជាច្រើនដងដែរ ។ វាជារឿងដែលគួរឲ្យស្អប់ខ្ពើមនិងឈឺចាប់ជាទីបំផុតដែលមនុស្សទូទៅ ទាំងគេទាំងខ្ញុំ បានត្រឹមតែអង្គុយមើលពួកមនុស្សឧត្បាតព្រៃផ្សៃបញ្ជាយោធាឲ្យបាញ់ប្រហារជីវិតមនុស្ស ហាក់ដូចជានៅក្នុងលោកនេះ គ្មាននរណាអាចមើលឃើញទង្វើរបស់ពួកគេឡើយ ។ ដើម្បីរក្សាសណ្តាប់ធ្នាប់ក៏ដូចជាទប់ស្កាត់កុំឲ្យប្រទេសមួយ ឬក៏ជនជាតិមួយ បំពារបំពានទៅលើជនជាតិមួយទៀត ប្រទេសទាំងអស់នៅក្នុងពិភពលោកបានបង្កើតឲ្យមានអង្គការសហប្រជាជាតិ និងសមាគមនិងសហគមមួយចំនួន ។ ប៉ុន្តែ ការបង្កើតសមាគមទាំងនេះ ហាក់ដូចជាគ្មានប្រយោជន៍អ្វីជាដុំកំភួនឡើយក្នុងការទប់ស្កាត់កុំឲ្យមនុស្សកាប់សម្លាប់គ្នា ។ តាមការសង្កេតរបស់ខ្ញុំ សហគមអន្តរជាតិរន្ធត់តក់ស្លុតនិងចាប់ផ្តើមធ្វើសកម្មភាពទប់ស្កាត់ការកាប់សម្លាប់គ្នានៅក្នុងករណីពីរ៖ ទីមួយការកាប់សម្លាប់មនុស្សធ្វើឡើងដោយជាតិសាសន៍ ឬជាតិពុន្ធុមួយ ទៅលើជាតិពុន្ធុមួយទៀត ។ ទីពីរគឺមនុស្សត្រូវស្លាប់ជិតដល់ខ្ទង់មុឺនឬសែននាក់សិន ទើបទទួលបានភាពញាប់ញ័រនិងប្រតិកម្មពីពិភពលោកខាងក្រៅ ។ សម្រាប់ការកាប់សម្លាប់គ្នាធ្វើឡើងដោយជនជាតិឯង (Self-Genocides) ដូចនៅក្នុងករណីប្រទេសកម្ពុជាសម័យខ្មែរក្រហម ប្រទេសសុីរី និង ប្រទេសភូមា ដែលកំពុងតែប្រព្រឹត្តទៅនាគ្រាបច្ចុប្បន្ន ការរំពឹងឲ្យអង្គការសហប្រជាជាតិឬក៏ប្រទេសមហាអំណាចណាមួយចូលមកជួយរំដោះគ្រោះ គឺមិនខុសអំពីការដេករំពឹងរង់ចាំព្រះបាទធម្មិកឡើយ ។ អ្វីទៅជាឧបសគ្គ? នៅពេលយើងនិយាយអំពីការធ្វើអន្តរាគមរបស់អង្គការសហប្រជាជាតិ ដើម្បីទប់ស្កាត់ការកាប់សម្លាប់មនុស្សនៅក្នុងប្រទេសណាមួយ គឺយើងនិយាយអំពីប្រទេសចំនួនប្រាំដែលទទួលបានសិទ្ធិចាត់ចែងកិច្ចការនេះ ។ ប្រទេសទាំងប្រាំនោះគឺ៖ អាមេរិក បារាំង អង់គ្លេស រុស្សី និង ចិន ។ ការធ្វើអន្តរាគមរបស់អង្គការសហប្រជាជាតិដើម្បីដោះស្រាយបញ្ហានៅក្នុងប្រទេសណាមួយ ទាល់តែប្រទេសទាំងប្រាំនេះសម្រេចចិត្តជាឯកឆន្ទទើបធ្វើទៅបាន ។ បើមានប្រទេសណាមួយមិនយល់ស្រប ចង់មនុស្សស្លាប់ប៉ុន្មានលាននាក់ក៏ស្លាប់ទៅ ។ អង្គការសហប្រជាជាតិមិនអាចចូលទៅធ្វើអន្តរាគមបានឡើយ ។ នេះគឺជាឆ្អឹកទទឺងកមួយ ។ ម្យ៉ាងវិញទៀត រុស្សីនិងចិនដឹកនាំដោយជនផ្តាច់ការនិងកុម្មុយនីស្ត ។ សិទ្ធិមនុស្សនិងជីវិតមនុស្សមិនស្ថិតនៅក្នុងការគិតរបស់ពួកគេទេ ។ ចុះអាមេរិក បារាំង និងអងគ្លេស ដែលជាប្រទេសគាំទ្រសិទ្ធិមនុស្សនិងលើកតម្តើងសេរីភាពរបស់ពលរដ្ឋស្លូតត្រង់នោះ តើពួកគេមិនអាចធ្វើអ្វីកើតទេឬ? ចម្លើយគឺអាច ប្រសិនបើពួកគេមានឆន្ទៈ ។ ការធ្វើអន្តរាគមដើម្បីទប់ស្កាត់ការកាប់សម្លាប់មនុស្សនៅក្នុងប្រទេសណាមួយ វាជារឿងស្មុគស្មាញជាងការគិតរបស់មនុស្សទូទៅ ។ ច្បាប់អន្តរជាតិហាមមិនឲ្យប្រទេសមួយរំលោភបំពាន ឬក៏ចូលទៅជ្រៀតជ្រែកនៅក្នុងកិច្ចការរបស់ប្រទេសមួយទៀតទេ ។ ចំណុចនេះ វាជារបាំងរារាំងផង និងជាលេសសម្រាប់ប្រទេសដែលមានលទ្ធភាពចូលទៅទប់ស្កាត់អំពើមនុស្សឃាត អង្គុយមើលសោកនាដកម្មនៅចំពោះមុខផង ។ អាមេរិក បារាំង និង អង់គ្លេស អាចចូលទៅទប់ស្កាត់អំពើមនុស្សឃាតនៅក្នុងប្រទេសណាមួយបានដោយងាយ ។ ក៏ប៉ុន្តែក្រៅអំពីច្បាប់អន្តរជាតិដែលរារាំងពួកគេមិនឲ្យធ្វើសកម្មភាព នៅមានប្រទេសចិននិងរុស្សីដែលជាទូទៅមិនគាំទ្រអន្តរាគមទាំងនោះទេ ។ មិនតែប៉ុណ្ណោះ ចិននិងរុស្សីអាចលក់និងបញ្ជូនសព្វាវុធទៅឲ្យភាគីម្ខាងទៀត ដែលជាហេតុធ្វើឲ្យប្រតិបត្តិការមនុស្សធម៌នោះ ក្លាយទៅជាសង្គ្រាមរ៉ាំរ៉ៃ ។ ម៉្យាងទៀត បារាំងនិងអង់គ្លេសជាទូទៅគឺដើរតាមក្រោយអារិកាំងក្នុងនាមជាប្រទេសជំនួយ ។ ដូច្នេះ កិច្ចការមនុស្សធម៌ដើម្បីទប់ស្កាត់អំពើមនុស្សឃាតនៅក្នុងប្រទេសណាមួយ គឺតម្រូវឲ្យអាមេរិកាំងជាអ្នកនាំមុខ ។ អាមេរិកទៀតសោតក៏នៅមានចំណងមួយជាន់ទៀត មុននឹងអាចធ្វើសកម្មភាពមនុស្សធម៌ដើម្បីដោះស្រាយបញ្ហាមនុស្សឃាតនៅក្នុងតំបន់ណាមួយ ។ ខុសអំពីប្រទេសចិននិងរុស្សី ប្រធានាធិបតីអាមេរិកាំងគ្មានសិទ្ធិបញ្ជូនកងទ័ពទៅធ្វើអន្តរាគមនៅក្នុងប្រទេសណាមួយឡើយ ទោះបីក្នុងករណីមនុស្សធម៌ក៏ដោយ ។ នៅក្នុងករណីរងការវាយប្រហារដោយសត្រូវ ដូចជាព្រឹត្តិការណ៍កំពង់ផែ ភើលហាប័រ កាលសង្គ្រាមលោកលើកទី២ និងករណីវាយប្រហារដោយពួកភេរវករនៅឆ្នាំ ២០០១ ប្រធានាធិបតីអាចបញ្ជូនកងទ័ពវាយបកភ្លាមៗ ប៉ុន្តែត្រូវជូនដំណឹងនិងសុំការអនុញាតពីស្ថាប័នរដ្ឋសភានៅក្នុងរយៈពេល ៤៨ម៉ោង ។ បើគ្មានការយល់ព្រមពីស្ថាប័នរដ្ឋសភាទេ កងទ័ពអាមេរិកាំងមិនអាចធ្វើបេសកកម្មបានឡើយ ពីព្រោះរាល់បេសកកម្មនានាត្រូវការថវិកា ហើយអ្នកគ្រុបគ្រងថវិកានោះគឺរដ្ឋសភា មិនមែនប្រធានាធិបតីទេ ។ សមាជិករដ្ឋសភាអាមេរិកាំងមិនស្តាប់ឬក៏កម្រធ្វើតាមសំណូមពររបស់ប្រធាធិបតីណាស់ ។ ពួកគេធ្វើតាមតែអ្វីដែលពលរដ្ឋម្ចាស់ឆ្នោតចង់បានតែប៉ុណ្ណោះ ។ ដូច្នេះ ការសង្ឃឹមលើសហរដ្ឋអាមេរិកចុះទៅជួយជនរងគ្រោះដែលកំពុងរងការកាប់សម្លាប់ពីសំណាក់អាជ្ញាធរគ្រុបគ្រងរដ្ឋាភិបាលខ្លួននោះ គឺមិនខុសអំពីរំពឹងលើអង្គការសហប្រជាជាតិឡើយ ។ វាស្ថិតនៅឆ្ងាយហួសពីជើងមេឃទៅទៀត ។ សេចក្តីសង្ឃឹមរបស់ជនរងគ្រោះដោយសារអំពើមនុស្សឃាតមានតែមួយគត់ គឺពត៌មាន ។ នៅពេលជនផ្តាច់ការឬអាជ្ញាធរយោធាធ្វើរដ្ឋប្រហារដូចនៅប្រទេសភូមា ជំហានទីមួយដែលគេធ្វើគឺបិទពត៌មានមិនឲ្យលេចឮចេញក្រៅ ។ ពត៌មានអំពីអំពើមនុស្សឃាតមិនមែនជាអាវុធទេ ។ តែវាមានឥទ្ធិពលខ្លាំងជាងអាវុធទៅទៀត នៅពេលពលរដ្ឋដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិសេរីភាពបានឃើញ ។ ដូច្នេះហើយបានជារបបយោធានៅភូមាព្យាយាមបិទមធ្យោបាយផ្សព្វផ្សាយពត៌មាននានាបន្ទាប់ពីពួកគេធ្វើរដ្ឋប្រហារ ។ ជំហានទីពីររបស់របបផ្តាច់ការយោធាគឺប្រើយុទ្ធសាស្ត្រដករោមមាន់ម្តងមួយ ។ នេះគឺជាចំណុចសំខាន់មួយដែលយើងត្រូវយល់អំពីអត្តចរិតនៃរបបផ្តាច់ការយោធាដូចជាប្រទេសភូមាសព្វថ្ងៃ ។ ជនផ្តាច់ដែលឃោរឃៅ ជាទូទៅឆ្លាតណាស់ ។ កិច្ចការដែលពួកគេធ្វើគឺស្ថិតនៅក្នុងស្ថានភាពស្ទាបស្ទង់ជានិច្ច ។ យុទ្ធសាស្ត្រដករោមមាន់ម្តងមួយ គឺជាព្រះគម្ពីរ (Textbook) របស់ជនផ្តាច់ការព្រៃផ្សៃតាំងតែពីដើមរៀងមក ។ ឡេនីន ស្តាលីន ហុីត្លែរ មូសូលីនី សាដាម ហ៊ុសេន ហ្គាដាហ្វី ។ល។ សុទ្ធតែអនុវត្តយុទ្ធសាស្ត្រនេះ ។ មិន អោងហ្លេន នៅប្រទេសភូមាបច្ចុប្បន្នក៏កំពុងតែអនុវត្តគោលការណ៍នេះដែរ ។ ស្ទើរតែរៀងរាល់ថ្ងៃ យោធាភូមាបាញ់ប្រហារបាតុករមិនឲ្យស្លាប់និងរបួសលើសពី២០០នាក់ទេ ។ ធ្វើដូច្នេះគឺមិនខុសអំពីការប្រើព្រួញមួយបាញ់ត្រូវចាបពីរឡើយ ។ សហគមអន្តរជាតិមិនសូវជាតក់ស្លុតនិងចាប់អារម្មណ៍ ។ ផ្គួបប្រការនេះជាមួយនឹងការតាមចាប់ពួកបាតុករឯនេះបន្តិច ឯនោះបន្តិច ពលរដ្ឋភូមានឹងរស់នៅក្នុងស្ថានភាពភ័យខ្លាច ។ វាជាអំពើភេរវកម្មរបស់អាជ្ញាធរដោយយកលេសសណ្តាប់ធ្នាប់សង្គមមកធ្វើជាឡប់ឡែ ។ អ្វីដែលជារឿងឈឺចាប់ទ្វេដងនោះ គឺគេចោទបាតុករដែលទាមទាររកយុត្តិធម៌ថាជា ភេរវករ ។ សោកនាដកម្មនៅប្រទេសភូមាសព្វថ្ងៃ មិនមែនជារឿងថ្មីទេ ។ ហើយក៏មិនមែនជារឿងដែលគួរឲ្យភ្ញាក់ផ្អើលដែរ ។ មនុស្សដែលស្រឡាញ់យុត្តិធម៌មានច្រើនជាងមនុស្សប្រព្រឹត្តអំពើអយុត្តិធម៌ ។ បើយើងម្នាក់ៗនាំគ្នាថ្កោលទោសអ្នកដែលប្រព្រឹត្តអំពើអយុត្តិធម៌ វាប្រហែលជាមានប្រសិទ្ធភាពជាងអង្គុយរង់ចាំសកម្មភាពចេញពីអង្គការសហប្រជាជាតិឬសហរដ្ឋអាមេរិក ។ ជនរងគ្រោះរបស់របបណាតហ្សីអុីត្លែរមួយរូបបាននិយាយថា៖ First they came for the socialists, and I did not speak out— Because I was not a socialist. Then they came for the trade unionists, and I did not speak out— Because I was not a trade unionist. Then they came for the Jews, and I did not speak out— Because I was not a Jew. Then they came for me—and there was no one left to speak for me. ដើម្បីបញ្ចប់អត្ថបទនេះ ខ្ញុំសូមបន្ថែមពាក្យមួយឃ្លាជាភាសាអង់គ្លេស៖ Silence is worse than inaction!

Sunday, March 14, 2021

ចំណីខួរក្បាល

ភូមា នៅពេលឃើញពលរដ្ឋ ងើបបះបោប្រឆាំងនឹងអាជ្ញាធរយោធាផ្តាច់ការនៅក្នុងប្រទេសភូមា ខ្ញុំនឹកទៅដល់ព្រឹត្តិការណ៍ប្រឆាំងតវាជាមួយនឹងអាជ្ញាធរកុម្មុយនីស្តនៅភូមិភាគអឺរ៉ុបខាងកើតកាលពីទសវត្សឆ្នាំ ១៩៩០ ។ វាមានរយៈពេលបីទសវត្សមកហើយ ក៏ប៉ុន្តែព្រឹត្តិការណ៍នោះហាក់ដូចជានៅថ្មីៗនៅឡើយ ដោយហេតុថាបន្ទាប់ពីការបះបោនៅអឺរ៉ុបខាងកើត ព្រឹត្តិការណ៍នោះក៏បានរីករាលដាលទៅដល់តំបន់ដទៃផងដែរ ។ ប្រទេសខ្លះបានទទួលជោគជ័យក្នុងការទាញទម្លាក់ជនផ្តាច់ការកំណាចឃោរឃៅឲ្យរបូតរលូតពីតំណែង ។ ប្រទេសខ្លះទៀត ដូចជាប្រទេស លីប៊ី និង សុីរី ក៏ត្រូវធ្លាក់ចូលក្នុងស្ថានភាពសង្គ្រាមសុីវិលរុំារ៉ៃរហូតដល់សព្វថ្ងៃ ។ ប្រឈមនឹងផលវិបាកនេះ មានសំណួរមួយលើកឡើងថា៖ រស់នៅក្រោមអំណាចជនផ្តាច់ការ និងរស់ជាមួយនឹងសង្គ្រាមសុីវិល តើគួរជ្រើសរើសមួយណា? សម្រាប់អ្នកដែលមិនប្រឈមនឹងផលវិបាក យើងប្រាកដជានិយាយថា៖ យើងមិនអាចទទួលយកទាំងពីរ ។ ប៉ុន្តែ សម្រាប់អ្នកដែលត្រូវយកជីវិតទៅធ្វើដើមទុនដើម្បីជ្រើសរើស វាគឺប្រធានបទដ៏លំបាកឆ្លើយជាទីបំផុត ។ ក្នុងចំណោមប្រទេសនានាដែលរំដោះខ្លួនរួចអំពីកណ្តាប់ដៃនៃជនផ្តាច់ការនៅទសវត្សឆ្នាំ ១៩៩០ និងទសវត្សឆ្នាំ ២០០០ មានប្រទេសមួយដែលពិភពលោកហាក់ដូចជាចាប់អារម្មណ៍ជាងគេ ដ្បិតកម្លាំងស្នូលនៃការតស៊ូគឺបង្កើតឡើងដោយយុវជន ។ នោះគឺប្រទេស យូហ្គោស្លាវី ។ អ្នកដែលតាមដានព្រឹត្តិការណ៍នយោបាយពិភពលោក ប្រហែលជានៅចងចាំថា ប្រទេសយូហ្គោស្លាវី ក៏ដូចជាប្រទេសមួយចំនួននៅក្នុងប្លុកកុម្មុយនីស្តដែរ ត្រូវបានបំបែកជារដ្ឋតូចៗចំនួនបីគឺ ក្រូអេត្យា បុសនៀហឺសុីហ្គូវីណា និង យូហ្គោស្លាវី ។ បន្ទាប់ពីការបំបែករដ្ឋ យុវជនមួយក្រុមបានដឹកនាំការធ្វើបាតុកម្មអហឹង្សាមួយ ទាមទារឲ្យប្រធានាធិបតី ស្លូបូដាន់ មីឡូសូវីច ចាកចេញពីតំណែង ។ បាតុកម្មនោះប្រព្រឹត្តិទៅប្រកបដោយជោគជ័យនិងគ្មានការបង្ហូរឈាមគ្នាធំដុំឡើយ ។ លោក មីឡូសូវីច ក្រោយមកត្រូវបានតុលាការអន្តរជាតិចាប់ខ្លួនពីបទឧក្រិតកម្មប្រឆាំងមនុស្សជាតិ ហើយក៏បានធ្វើអត្តឃាតក្នុងមន្ទីរឃុំឃាំង ។ ប្រហែលជាជិតម្ភៃឆ្នាំមុន (មិនចាំថាឆ្នាំណាទេ) ខ្ញុំធ្លាប់បានជួបនឹងយុវជនមួយរូបដែលជាអ្នកដឹកនាំបាតុកម្មនៅយូហ្គោស្លាវី ។ គ្រានោះ ខ្ញុំជាអ្នកកត់ត្រារបាយការណ៍ឲ្យគណកម្មាធិការមួយ របស់បណ្ឌិតសភាជាតិអាមេរិកាំង ។ មិនចាំថាគណកម្មាធិការនោះ ធ្វើកិច្ចការពាក់ព័ន្ធនឹងអ្វីទេដ្បិតយូរឆ្នាំហើយ ។ វាអាចជាកិច្ចការពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ។ អ្វីដែលខ្ញុំនៅចងចាំច្បាស់ គឺថាយុវជនយូហ្គោស្លាវីនោះ និយាយភាសាអង់គ្លេសរអិលប្រៀបដូចជាមនុស្សចម្រើនវ័យនៅសហរដ្ឋអាមេរិក ។ កាលនោះគាត់អាយុប្រហែលជាទើបពាក់កណ្តាលម្ភៃឆ្នាំប៉ុណ្ណោះ ។ ប៉ុន្តែ ភាពឆ្លាតវាងវៃរបស់គាត់ គឺគួរឲ្យស្ញប់ស្ញែង ។ សមាជិកគណកម្មាធិការបណ្ឌិតសភាជាតិអាមេរិកាំង បានសួរគាត់នូវសំណួរជាច្រើនពាក់ព័ន្ធនឹងការតស៊ូដោយដៃទទេ តទល់ជាមួយនឹងកងកម្លាំងប្រដាប់អាវុធរបស់អាជ្ញាធរផ្តាច់ការ ដែលមានសព្វាវុធសព្វបែបយ៉ាង ។ យុវជននោះ រៀបរាប់អំពីយុទ្ធសាស្ត្រមួយចំនួនក្នុងការគៀរគរមនុស្សឲ្យចូលរួមធ្វើបាតុកម្ម ប៉ុន្តែពាក្យមួយម៉ាត់ដែលជាកត្តាស្លាប់រស់គឺ Nimble ។ ពាក្យនេះបើបកប្រែជាភាសាខ្មែរអាចមានន័យថា៖ បត់បែនប្រែប្រួលតាមសភាពការណ៍ប្រចាំថ្ងៃឲ្យទាន់ពេលវេលា ។ គាត់ក៏បានគូសបញ្ជាក់ដែរថា សាមគ្គីភាពនិងការចូលរួមពីសំណាក់មហាជនគ្រប់មជ្ឈដ្ឋាន គឺជាកត្តាចាំបាច់បំផុត ។ គាត់បានយករូបភាពមួយចំនួន ដែលកសិករយូហ្គោស្លាវី បើកត្រាក់ទ័រនិងឡានកាំមីញ៉ុងធំៗទៅចតឃាំងផ្លូវសំខាន់ៗជាច្រើន ដើម្បីរារាំងទប់ស្កាត់ការចល័តទ័ពពីចំណុចមួយទៅចំណុចមួយ ។ យុវជនដឹកនាំបាតុករនោះថ្លែងថា បើគ្មានជំនួយនិងការចូលរួមរបស់កសិករយូហ្គោស្លាវីទេ បាតុកម្មនៅយូហ្គោស្លាវី ប្រហែលជាមិនបានជោគជ័យឡើយ ។ ឆ្លើយតបទៅនឹងសំណួរមួយដែលសួរថា៖ តើធ្វើដូចម្តេចដើម្បីរក្សាភាពអហឹង្សា បន្ទាប់ពីបាតុករត្រូវបានអាជ្ញាធរវាយប្រហារនិងបាញ់សម្លាប់? មុននឹងគាត់ឆ្លើយសំណួរនេះ យុវជននោះអស់សំណើចបន្តិច ។ គាត់និយាយថា អហឹង្សា គឺជាពាក្យត្រឡប់ធាតុ (a misnomer) ។ បានន័យថា បាតុករប្រឆាំងនឹងរបបផ្តាច់ការ មិនអាចប្រកាន់ខ្ជាប់វិន័យអហឹង្សាទេ នៅពេលដែលអាជ្ញាធរយកអំពើហឹង្សាមកដោះស្រាយបញ្ហា ។ យុទ្ធវិធីនិងតាក់ទិក ត្រូវតែមានដើម្បីទប់ទល់នឹងអំពើហឹង្សារបស់ជនផ្តាច់ការ ។ គាត់មិនបានលើកយកយុទ្ធវិធីនិងតាក់ទិកមកនិយាយទេ ដ្បិតប្រទេសនីមួយៗមានស្ថានភាពនិងវប្បធម៌ខុសៗគ្នា ។ វាត្រូវការការវាយតម្លៃដោយផ្អែកលើស្ថានការណ៍ជាក់ស្តែង និងផ្អែកលើកត្តាជាច្រើនផ្សេងទៀត ។ ត្រឡប់ទៅនិយាយអំពីបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធានៅប្រទេសភូមាវិញម្តង ។ តើពលរដ្ឋភូមា អាចបង្ខំឲ្យអាជ្ញាធរយោធាផ្លាស់ប្តូរឥរិយាបទដែរទេ? វាពិបាកនឹងព្យាករណ៍ណាស់ ។ ក៏ប៉ុន្តែ បើបាតុករភូមាសម្រេចជ្រើសរើសយុទ្ធសាស្ត្រ "មួយចានទឹកមួយចានគោក" (Zero-sum Game) អាជ្ញាធរយោធាភូមាអាចនឹងបះជើង ។ នៅក្នុងសង្គ្រាមគេហៅយុទ្ធសាស្ត្រនេះថា "បំផ្លាញ" ឬ Scorched Earth Tactics ។ កាលសង្គ្រាមលោកលើកទីពីរ អតីតសហភាពសូវៀតបានប្រើយុទ្ធសាស្ត្រនេះ ដើម្បីទប់ទល់នឹងកងទ័ពអាល្លឺម៉ង់ដែលព្យាយាមវាយលុកយកទីក្រុង ឡេនីនក្រាត (បច្ចុប្បន្ន សែនភីថឺស្បឺគ) ។ វាជាយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធិភាពខ្ពស់ ប៉ុន្តែក៏ត្រូវចំណាយដើមទុនច្រើនណាស់ដែរ ។ បច្ចុប្បន្ននេះ ការប្រឈមមុខគ្នារវាងបាតុករនិងអាជ្ញាធរយោធាភូមា បានឈានដល់តំណាក់កាលដ៏តានតឹងមួយ ។ ពួកយោធាបានចាប់ផ្តើមបាញ់សម្លាប់បាតុករ ដើម្បីស្ទាបស្ទង់មើលប្រតិកម្មរបស់អន្តរជាតិក៏ដូចជារបស់បាតុករ ថាតើពួកគេមានឆន្ទៈតស៊ូកម្រិតណា ។ ឯពួកបាតុករក៏បានព្រលយឲ្យដឹងខ្លះៗដែរថា យុទ្ធសាស្ត្របំផ្លាញអាចនឹងកើតមានប្រសិនបើឈាមបាតុករបន្តហូរស្រក់ ។ ថ្វីដ្បិតតែគេអាចប្រមើលមើលឃើញថា ភាគីដែលបាត់បង់ធ្ងន់ធ្ងរគឺពួកមេយោធារដ្ឋប្រហារ អ្វីដែលជាកត្តាលះបង់រួមគឺប្រទេសភូមាទាំងមូល ។ វាជាដំណើរឆ្ពោះទៅកាន់ការបំផ្លាញខ្លួនឯងមួយ ដែលមានតែក្រុមមេដឹកនាំរដ្ឋប្រហារយោធាភូមាប៉ុណ្ណោះដែលអាចស្រាយចំណងប្រកបដោយគ្រោះមហន្តរាយគួរឲ្យភ័យខ្លាចនេះ ៕

Friday, February 26, 2021

ចំណីខួរក្បាល

យើងមិនដូចគ្នាទេ (We are Different) និយាយវែកញែកជាមួយនឹងព្រឹទ្ធាបដិភេទចាស់វស្សា (The opposite sex) អំពីទំនាក់ទំនងសង្ខារកាលពីពេលថ្មីៗនេះ ធ្វើឲ្យខ្ញុំនឹកឃើញទៅដល់ការសិក្សានៅមហាវិទ្យាល័យកាលពី ៣០ឆ្នាំកន្លងទៅ ។ ប្រធានបទសិក្សានៅគ្រានោះ ក៏ដូចជាប្រធានបទពិភាក្សាជាមួយនឹងបដិភេទព្រឹទ្ធាចារ្យនាគ្រានេះដែរ៖ តើស្រីនិងប្រុសពិតជាមានផ្នត់គំនិតនិងគិតមិនដូចគ្នាមែនឬ? ក្នុងនាមជានិស្សិត យើងម្នាក់ៗសុទ្ធតែមានសុទិដ្ឋិខ្ពស់ (Highly optismistic) ទៅលើសមត្ថភាពរបស់យើង ។ មុខវិជ្ជាសិក្សានាគ្រានោះគឺ ការប្រាស្រ័យទាក់ទងគ្នា (រវាងស្រីនិងប្រុស) Interpersonal Communication ។ មុននឹងចាប់ផ្តើមការសិក្សានៅថ្ងៃទីមួយ អ្នកគ្រូដែលមានចរិយាអៀនប្រៀននិងសម្តីរមទម បានប្រាប់ឲ្យសិស្សទាំងអស់ក្រឡេកមើលមិត្តរួមថា្នក់ដែលអង្គុយនៅខាងឆ្វេងដៃ រួចហើយក្រឡេកមើលអ្នកដែលអង្គុយនៅខាងស្តាំដៃ ។ បន្ទាប់មក គាត់ប្រាប់ពួកយើងថា ក្នុងចំណោមមនុស្សបីនាក់ដែលមើលមុខគ្នាទៅវិញទៅមកអម្បាញ់មិញនេះ មានម្នាក់ទទួលបរាជ័យក្នុងជីវិតអាពាហ៍ពិពាហ៍នាថ្ងៃអនាគត ។ ពួកយើងម្នាក់ៗសុទ្ធតែគិតក្នុងចិត្តថា មិនអាចជាបុគ្គលបរាជ័យឡើយ ដ្បិតកំពុងតែសិក្សាអំពីយុទ្ធវិធី (Techniques) នៃការរក្សាភាតរភាពដោយប្រើជំនាញប្រាស្រ័យទាក់ទងគ្នាជាវិធីសាស្ត្រ ។ មិនដឹងថាមិត្តរួមថ្នាក់របស់ខ្ញុំមានជោគវាសនាយ៉ាងណាទេ ។ ប៉ុន្តែ ដប់ប្រាំឆ្នាំក្រោយមក ខ្ញុំបានក្លាយជាតួលេខនៅក្នុងស្ថិតិនៃទិន្នន័យរបស់អ្នកគ្រូខ្ញុំ ។ ការប្រាស្រ័យទាក់ទងគ្នាហាក់ដូចជាលក្ខណៈធម្មជាតិរបស់មនុស្សនិងសត្វរួចទៅហើយ ។ គ្មានអ្វីដែលចាំបាច់ត្រូវរៀនសូត្រស្វែងយល់នោះទេ ។ ការយល់ច្រឡំ ឬភាពមិនច្បាស់លាស់នានា យើងគួរតែអាចធ្វើឲ្យច្បាស់លាស់បានដោយគ្រាន់តែឲ្យភាគីពាក់ព័ន្ធ បញ្ជាក់សាឡើងវិញនូវខ្លឹមសារនៃពាក្យពេចន៍ ក៏ល្មមនឹងអាចដោះស្រាយបញ្ហាបានដែរ ។ ប៉ុន្តែ នៅពេលយើងយកប្រការនេះមកវែកញែកជាលក្ខណៈវិទ្យាសាស្ត្រ យើងមើលឃើញថា វាមានបញ្ហាជាច្រើននៅក្នុងដំណើរប្រាស្រ័យទាក់ទងគ្នា (Interaction) ។ ការប្រាស្រ័យទាក់ទងគ្នាមានបីប្រភេទគឺ៖ ដោយកាយ (កាយវិការ) វាចា និង ចិត្ត (Verbal, Non-Verbal, and Gestures) ។ យើងមិនអាចមិនថ្លែងសារបានទេ (We cannot NOT communicate) ។ កែវភ្នែកនិងទឹកមុខរបស់យើងថ្លែងសារជាប្រចាំ ។ អ្នកដែលទទួលសារអំពីយើង ដោយកាយក្តី ដោយវាចាក្តី ដោយចិត្តក្តី រមែងយល់មិនត្រឹមត្រូវឬគ្រប់ជ្រុងជ្រោយឡើយ ។ កត្តារំខាន (Interference) ដែលធ្វើឲ្យសាររបស់យើងជ្រុះបាត់ខ្លឹមសារខ្លះៗ ឬក៏ទាំងស្រុងនោះ ក្នុងភាសាអង់គ្លេសគេហៅថា Noise ។ Noise នៅទីនេះមិនសំដៅលើសម្លេងទេ ។ គេសំដៅលើវប្បធម៌ បរិយាការ (Environment, generation) ឬបែបបទនៅក្នុងគ្រួសារនិងសង្គមដែលមនុស្សម្នាក់ៗចម្រើនវ័យ ។ សារ (Messages) ដែលថ្លែងចេញទៅដោយ កាយ វាចា ឬ ចិត្ត ត្រូវឆ្លងកាត់ឧបស័គ្គជាច្រើនទៀត ។ សារដែលទៅដល់គោលដៅ ដោយមិនបាត់បង់អត្ថន័យខ្លឹមសារធំដុំ ក៏អាស្រ័យលើសមត្ថភាពរបស់អ្នកបង្កើតហើយផ្ញើ និងអ្នកទទួលផងដែរ ។ អ្នកបង្កើតសារប្រើយុទ្ធវិធីមួយដែលភាសាអង់គ្លេសហៅថា Encoding ។ ឯអ្នកទទួលសារប្រើយុទ្ធវិធី Decoding ។ អ្វីដែលស្ថិតនៅក្នុងសារគឺ Meaning (អត្ថន័យ) ។ គឺអត្ថន័យនេះហើយដែលជាតួអង្គសំខាន់បំផុត នៅក្នុងការប្រាស្រ័យទាក់ទងគ្នា ។ ជោគជ័យនៅក្នុងការបង្រៀនក្តី ការសិក្សាក្តី ការញ៉ែញ៉ងគ្នាក្តី គឺអាស្រ័យលើសមត្ថភាពរបស់អ្នកផ្ញើសារ អ្នកទទួលសារ និងទំហំនៃខ្លឹមសាររបស់សារដែលទទួលបាន ។ ជោគវាសនានៃអត្ថបទនេះក៏ដូចគ្នាដែរ ។ មុននឹងបន្តបទពិសោធអំពីការប្រាស្រ័យទាក់ទងគ្នានៅក្នុងការសិក្សារបស់ខ្ញុំកាលពី៣០ឆ្នាំមុន ខ្ញុំសូមលើកយកឧទាហរណ៍មួយមកធ្វើបទបង្ហាញ ។ កាលពីពេលថ្មីៗនេះ ខ្ញុំបានសរសេរសារ (ខមិន) មួយនៅលើទំព័រហ្វេសប៊ុករបស់អ្នកមីង Doun Champa ។ សារនោះសរសេរថា៖ "កុលាបតែងមានបន្លា ស្នេហាតែងមានឧបសគ្គ" ។ អ្នកមីងឆ្លើយតបថា៖ កុលាបដែលបានកាត់ឬលួសបន្លាអស់ហើយ មិនអាចមុតដៃអ្នកកាន់ទេ ។ (ដូច្នេះ ស្នេហាក៏មិនតែងតែមានឧបសគ្គដែរ) ។ បើខ្ញុំសន្និដ្ឋានមិនខុសទេ ក្នុងគោលគំនិតរបស់អ្នកមីងនៅទីនេះ កុលាបតំណាងឲ្យនារី ។ នារីដែលមានឥរិយាបទប្រកបដោយសុភាវធម៌ (សីលធម៌ សុជីវធម៌ និង គុណធម៌) គឺប្រៀបដូចជាកុលាបដែលលះអស់បន្លាដូច្នោះដែរ ។ ស្នេហាដែលមានសុភាវធម៌ មិនគួរមានឧបសគ្គទេ ។ ក្នុងនាមជាអ្នកសរសេរនិងផ្ញើសារ ខ្ញុំដឹងអំពីអត្ថន័យនៃសាររបស់ខ្ញុំច្បាស់លាស់ជាងអ្នកណាទាំងអស់ ។ "កុលាបតែងមានបន្លា ស្នេហាតែងមានឧបសគ្គ" គឺអត់មានចេតនាភ្ជាប់ខ្លឹមសារអត្ថាប្បដិរូបទៅជាមួយទេ ។ ខ្ញុំនិយាយដោយន័យត្រង់ភ្លឹងតែម្តង ។ ធម្មជាតិនៃផ្កាកុលាបគឺមានបន្លា ។ ធម្មជាតិនៃស្នេហាក៏មានឧបសគ្គដែរ ។ ឧបស័គ្គស្នេហានៅទីនេះ ខ្ញុំមិនសំដៅតែទៅលើការយល់ព្រមរបស់សាមីខ្លួននិងគ្រួសារទាំងសងខាង ឬក៏ទំនាស់ជាមួយនឹងអ្នកទីបីនោះទេ ។ គឺខ្ញុំសំដៅដល់ការត្រួសត្រាយផ្លូវនៅក្នុងជំហានទីមួយផងដែរ ។ ការពើបប្រទះកែវភ្នែកគ្នានៅគ្រាដំបូង ។ ការលបលួចគួចចិត្តប្រាថ្នា ។ យើងទាំងអស់គ្នា មិនថាប្រុសឬក៏ស្រីទេ សុទ្ធតែរងកម្មដោយសារប្រការនេះ ។ ទម្រាំតែរកមធ្យោបាយឆ្លងទៅដល់ត្រើយ ម្នាក់ៗស្ទើរតែស្បថផ្តាំចៅ ។ បន្ទាប់ពីបានគ្នាជាគូគាប់ហើយ ឧបសគ្គនៅក្នុងដំណើរការគាំពារជីវិត ក៏នៅតែដើរតាមយើងលុះគ្រាអវសាន្ត ។ ឧទាហរណ៍ នៅពេលភរិយាខ្ញុំយកឡេមកលាបមុខ ខ្ញុំប្រាប់គាត់ថាមិនចាំបាច់លាបឡេទេ ខ្ញុំស្រឡាញ់ស្បែកមុខធម្មជាតិច្រើនជាង ។ ការស្រឡាញ់ស្បែកមុខធម្មជាតិជាកត្តាបង្កឧបសគ្គដល់ភរិយាខ្ញុំផង និងបង្ហាញអំពីភាពល្ងង់ខ្លៅមិនយល់អំពីផ្នត់គំនិតមនុស្សស្រីរបស់ខ្ញុំផង ។ ការលាបឡេរបស់មនុស្សស្រី មិនមែនដើម្បីបំពេញចិត្តប្តីនោះទេ ។ គឺដើម្បីផ្គាប់ភ្នែកសាធារណជនដទៃ ។ ធម្មជាតិជាមនុស្សស្រី នាងមិនអាច ឬមិនចង់បង្ហាញខ្លួននៅក្នុងទីសាធារណ មានរូបរាងហាក់ដូចជាអប្សរាដែលគេឆ្លាក់មិនទាន់ហើយនោះឡើយ ។ តើមែនឬទេលោកអុំស្រីៗ! បើនិយាអំពីកត្តារំខាន(Noise) ដែលធ្វើឲ្យអ្នកទទួលសារយល់ខុសអំពីផ្កាកុលាបនោះ គឺវប្បធម៌អក្សរសិល្ប៍និងសិល្បៈចម្រៀងរបស់ខ្មែរ ដែលតែងតែភ្ជាប់(Associated)បុប្ផាទៅនឹងនារីឬក៏ស្រីក្រមុំ ។ ត្រឡប់ទៅនិយាយអំពីបទពិសោធនៅក្នុងថ្នាក់រៀនវិញម្តង ។ ដោយហេតុតែយើងសិក្សាអំពីភាពខុសគ្នាក្នុងការប្រាស្រ័យទាក់ទងរវាងបុរសនិងស្ត្រី និស្សិតនៅក្នុងថ្នាក់ចែកគ្នាជាពីរក្រុមដោយស្វ័យប្រវត្តិ ។ ស្រីម្ខាង ប្រុសម្ខាង ។ សកម្មសិស្សមួយក្រុមបានគូររូបត្លុកកុមារតូចៗស្រីមួយប្រុសមួយស្លៀកកន្ទបឈរទឹមគ្នាបិទនៅលើជញ្ជាំង ។ កុមារទាំងពីរទាញចង្កេះកន្ទបឈ្ងោកមើលវត្ថុបុរាណរៀងខ្លួន ហើយលាន់មាត់ថា(Caption)៖ "Yep! We are different" (យើងពិតជាមិនដូចគ្នាមែន) ។ សម័យនោះ ការទាមទារសិទ្ធិសេរីភាពក្នុងការស្លៀកពាក់ដើរហើរ និងសេរីភាពជាច្រើនទៀតសម្រាប់នារីកំពុងតែផុសផុលខ្លាំង ។ ប្រធានបទដែលក្តៅគគុកជាងគេគឺ ការបំពានផ្លូវភេទ (Sexual Harrassment) ។ បំពានផ្លូវភេទនៅទីនេះ មិនសំដៅតែលើការចាប់បង្ខំរំលោភលើរាងកាយនារីភេទទេ ។ គឺយើងនិយាយអំពីវិបត្តិស្នេហា ដែលមានពាក្យ YES និង NO ជាតួឯក ។ គ្រានោះខ្ញុំមិនទាន់ថ្នឹកជាមួយនឹងភាសាអង់គ្លេស ហើយក៏កំពុងវង្វេងវប្បធម៌នៅក្នុងសង្គមអាមេរិកាំងនៅឡើយ ។ ដូច្នេះ ភាគច្រើនគឺខ្ញុំអង្គុយ សុ ចិ បុ លិ ។ និស្សិតស្រីចោទនិស្សិតប្រុសៗថា ល្ងង់មិនសូវយល់អំពីសារដែលគេផ្តល់ឲ្យ ។ បើគេថា ណូ ហើយហ្នឹងនៅតែងងើលតាមញ៉ែគេទៀត ។ ឮពាក្យនេះ ខ្ញុំគិតក្នុងចិត្តថា "ចុះអាខ្មោចណាក៏ល្ងង់សព្វជាតិម្លេះ!" ។ ពួកប្រុសៗតបទៅវិញថា ស្រីៗថ្លែងសាររបៀបប្រលាំប្រកូវ ។ មិននិយាយចេញមកឲ្យច្បាស់ៗទេ ។ តើអ្នកណាឡើយទៅយល់ច្បាស់លាស់អំពីខ្លឹមសារនៃសារកាយវិការនោះ (Non-verbal Cues) ។ ការតតាំងគ្នានេះប្រព្រឹត្តិទៅអស់រយៈពេលមួយឆមាស ។ ថ្វីដ្បិតតែខ្ញុំមិនបានប្រឡូកយកចាញ់ឈ្នះជាមួយនឹងគេយ៉ាងសកម្មក៏ពិតមែន តែខ្ញុំអាចឈ្វេងយល់អំពីប្រការមួយចំនួន ដែលធ្វើឲ្យការប្រាស្រ័យទាក់គ្នារវាងប្រុសនិងស្រីជួបវិបត្តិ ។ នារីអាមេរិកាំងភាគច្រើន មិនល្ហេចល្ហាចទេ ។ ពួកគេប្រើយុទ្ធវិធីកាយវិការបញ្ជូនសារដូចនារីដទៃនៅក្នុងពិភពលោកដែរ ។ នៅក្នុងការប្រាស្រ័យទាក់ទងគ្នាជាសាធារណ នារីអាមេរិកាំងអាចនិយាយឮៗ និងមានភាពម៉ាត់ៗ ក្លាហានមុតមាំដូចជាបុរសដែរ ។ ប៉ុន្តែ នៅក្នុងទំនាក់ទំនងស្នេហា ពួកគេប្រើភាសាកាយវិការច្រើនជាងពាក្យសម្តី ។ មិត្តភក្តិស្រីប្រុសនៃជនជាតិអាមេរិកាំង ក៏ដូចជាមនុស្សនៅក្នុងអម្បូរអឺរ៉ុប ជាទូទៅតែងឱបនិងថើបថ្ពាល់គ្នាសម្តែងក្តីនឹករលឹកបន្ទាប់ពីបែកគ្នាយូរថ្ងៃ ។ ការឱបសម្តែងភាតរភាពនេះ ជាទូទៅគួរតែអនុលោមតាមសញ្ញាដែលផ្តល់ឲ្យដោយភាគីខាងស្រី ។ សញ្ញានោះគឺ បន្ទាប់ពីបដិសណ្ឋារកិច្ច នាងដើរតម្រង់មកយើងដោយលើកដៃទាំងទ្វេជាសញ្ញាឱប ។ អ្វីដែលជារឿងទើសទាស់នោះ គឺមិត្តប្រុសយកទំនៀមទម្លាប់នេះទៅកេងចំណេញលើស្រីៗ ដោយធ្វើបដិសណ្ឋារកិច្ចហើយ លើកដៃដើរចូលទៅឱបនារីសម្តែងក្តីនឹករលឹក ។ ករណីនេះ បើនារីបដិសេធមិនឲ្យឱប គឺនាងមិនត្រឹមតែធ្វើឲ្យមិត្តប្រុសបាក់មុខមាត់ដោយសារការខ្មាសអៀននោះទេ គឺនាងអាចត្រូវបានអ្នកដែលសង្កេតឃើញ ចាត់ទុកថាជាមនុស្សឈ្លើយថែមទៀតផង ។ វាជាទ្វេគ្រោះមួយ(Dilemma)ដែលមនុស្សស្រីប្រឈម ។ នៅមានករណីច្រើនផ្សេងទៀត ។ ប៉ុន្តែ វែងណាស់! សុំឈប់ត្រឹមនេះហើយ ៕

Friday, February 19, 2021

ចំណីខួរក្បាល

កុសល (Merit) កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំដាក់ទោសខ្លួនឯងឲ្យសរសេរអត្ថបទមួយស្តីអំពីពុទ្ធសាសនាមហាយាន ។ នៅក្នុងការស្រាវជ្រាវគោលគំនិតសរសេរអត្ថបទនោះ ខ្ញុំជួបនឹងការអះអាងមួយដែលថ្លែងថា៖ ការចំណាយកុសលនឹងនាំឲ្យកើនកុសល ។ ពេលឃើញការអះអាងនោះ ខ្ញុំហាក់ដូចជាវង្វេងវង្វាន់ដែលក្មេងៗសម័យបច្ចុប្បន្នចូលចិត្តនិយាយថា "ក្រញាញ់ខួរ" ។ តាំងតែពីតូចក្រូចឆ្មារមក ខ្ញុំតែងតែទទួលការអប់រំពីចាស់ទុំឲ្យចេះសន្សំកុសល ។ រឿងចំណាយកុសល ដូចជាមិនដែលឮសោះ ។ សូម្បីតែវត្តមួយនៅភ្នំពេញក៏មានឈ្មោះថា វត្តសន្សំកុសល ដែរ ។ ហេតុអ្វីក៏ព្រះពុទ្ធសាសនាតែមួយមានគោលគំនិតពីរផ្ទុយគ្នាដូច្នេះ? នៅពេលខ្ញុំមើលការពន្យល់ពិស្តារ ខ្ញុំឃើញថាគោលដៅនៃការសន្សំកុសលនិងចំណាយកុសល គឺដើម្បីធ្វើដំណើរទៅកាន់និព្វានដូចគ្នា ។ ក៏ប៉ុន្តែ ការធ្វើដំណើរនៅលើដងផ្លូវពីរដែលផ្ទុយគ្នាដូច្នេះ ច្បាស់ជាមានភាគីមួយវង្វេងហើយ ។ បើមិនវង្វេងទេ យ៉ាងហោចណាស់ក៏ត្រូវដើរវាងឆ្ងាយអនេកកប្បការដែរ ។ ខ្ញុំមិនដែលសាងភ្នួស ហើយក៏មិនសូវទៅវត្តដើម្បីរៀនព្រះធម៌របស់ព្រះពុទ្ធញឹកញាប់ដែរ ។ អ្វីដែលជាការយល់ដឹងរបស់ខ្ញុំអំពីព្រះពុទ្ធសាសនា គឺតាមរយៈការអានសៀវភៅផ្សេងៗ ។ ជារួម យើងអាចបំបែកពុទ្ធសាសនាជាពីរផ្នែកគឺ៖ មហាយាន និងហិនយាន ឬថេរវាទ(ថេរឱវាទ?) ។ នៅក្នុងនិកាយទាំងពីរនេះ ឮថាមានការខ្វែងគំនិតគ្នាខ្លះៗស្តីអំពីការអនុវត្តន៍នានា ។ ចំណាយកុសលនិងសន្សំកុសលប្រហែលជាការខ្វែងមតិគ្នានោះហើយមើលទៅ ។ ទោះជាយ៉ាងណាក៏ដោយ តាមការសង្កេតរបស់ខ្ញុំ ពុទ្ធសាសនាមហាយានហាក់ផ្តោតការអនុវត្តន៍ទៅលើព្រហ្មវិហារធម៌ទាំងបួន ដែលមានមេត្តា ករុណា មុទិតា និង ឧបេក្ខាជាគោល ។ ឯពុទ្ធសាសនាហិនយានគឺអនុវត្តន៍តាមចតុរារិយសច្ច ដែលមានការស្វែងយល់អំពី ទុក្ខ សមុទយ និរោធ និង មគ្គ ជាមធ្យោបាយធ្វើដំណើរទៅរកនិព្វាន ។ ទុក្ខ សមុទយ និរោធ និង មគ្គ គឺជាសមីការនិងរូបមន្តសម្រាប់ដោះស្រាយបញ្ហានានាដែលជីវិតជួបប្រទះ ក៏ដូចជាមធ្យោបាយធ្វើដំណើរឆ្ពោះទៅកាន់និព្វានដែរ ។ នៅក្នុងមធ្យោបាយដោះស្រាយសមីការនេះ យើងត្រូវស្វែងយល់ឫសគល់និងទំនាក់ទំនងរបស់កត្តានីមួយៗឲ្យបានជាក់លាក់ ទើបរកចម្លើយឃើញ ឬក៏ដើរទៅដល់គោលដៅ ។ ដំណាក់កាលចុងក្រោយនៃដំណោះស្រាយសមីការនិព្វាននេះគឺ មគ្គ ឬមាគ៌ាទាំង៨ ឬក៏ អដ្ឋង្គិគមគ្គ ។ សន្សំកុសលគឺស្ថិតនៅក្នុងមាគ៌ាទាំង៨នេះឯង ដែលមានពាក្យ "សម្មា" ឬភាពត្រឹមត្រូវជាប្រមុខ ។ ព្រះពុទ្ធមិនបានដាក់និយាម (Standard) ឬក៏សរសេរចារទុកថាទង្វើ ឬកម្មប្រភេទណាដែលចាត់ទុកថាជា សម្មា ឬភាពត្រឹមត្រូវឡើយ ។ អ្វីៗគឺស្ថិតនៅលើបុគ្គលមនុស្សម្នាក់ៗជាអ្នកអនុមតិ ។ ជាលទ្ធផល មនុស្សដែលស្វែងរកនិងសន្សំកុសល ប្រព្រឹត្តិកម្មផលរាប់រយរាប់ពាន់ជំពូក ដើម្បីឲ្យជីវិតសង្ខារអាចធ្វើដំណើរទៅដល់និព្វានភព ។ អ្នកខ្លះទៅបន់ព្រះសំពះទេវតាសុំបវរណាឲ្យសង្ខារបានរួចរដោះទៅដល់និព្វាន ។ អ្នកខ្លះក៏ចំណាយប្រាក់បរិច្ចាគទ្រព្យធ្វើបុណ្យដាក់ទានគ្មានត្រាប្រណី ដើម្បីសន្សំកុសលឲ្យដល់កម្រិតស្ថិតនៅក្នុងផ្លូវឆ្ពោះទៅកាន់និព្វាន ។ ខ្លះទៀតក៏អនុវត្តយុទ្ធសាស្ត្រ "បុណ្យក៏ធ្វើ ឈើក៏កាប់" ដើម្បីធ្វើដំណើរទៅរកនិព្វានដូចគ្នា ។ នៅមានកម្មជាច្រើនផ្សេងទៀត ដែលមនុស្សសាងដើម្បីសន្សំកុសល ។ ភាពត្រឹមត្រូវ "សម្មា" នៅក្នុងអដ្ឋង្គិគមគ្គ គឺជាបញ្ហាដ៏ស្មុគស្មាញមួយដែលខ្ញុំពិបាកនឹងស្វែងយល់ជាទីបំផុត ។ តើភាពត្រឹមត្រូវស្ថិតនៅត្រង់ណា បើមនុស្សគ្រប់ៗរូបនៅលើលោកនេះសុទ្ធតែត្រូវបានគ្រុបគ្រងដោយភាពអាត្មានិយម (Self-interest) ។ មានន័យថាយើងម្នាក់ៗ ឲ្យអាទិភាពនិងគិតអំពីសុខមាលភាពនិងសន្តិភាព របស់រូបនិងគ្រួសារយើងមុនអ្នកដទៃ ។ នៅពេលប្រឈមនឹងហានិភ័យឬសេចក្តីស្លាប់ យើងសង្គ្រោះខ្លួនឯងមុនអ្នកដទៃជានិច្ច ។ ការបូជាជីវិតខ្លួនឯងដើម្បីសង្គ្រោះជីវិតអ្នកដទៃគឺកើតមានដោយកម្រ ។ រឿងសន្សំកុសលក៏ដូចគ្នាដែរ ។ ទីមួយយើងរក្សាអ្វីដែលយើងមាន ។ ទីពីរយើងស្វែងរកនិងសន្សំកុសលទុកឲ្យបានច្រើនថែមទៀត ។ កំណើនកុសលដែលចេញមកពីការសន្សំនេះគឺជាឋាមពល សម្រាប់បាញ់បង្ហោះវិញ្ញាណរបស់យើងទៅកាន់និព្វាន ប្រៀបដូចជាឋាមពលអាតូមិកសម្រាប់បាញ់បង្ហោះផ្កាយរណបដូច្នោះដែរ ។ ចំណាយកុសលផ្ទុយអំពីសន្សំកុសល ។ នៅក្នុងគោលគំនិត មេត្តា ករុណា មុទិតា និង ឧបេក្ខា មនុស្សគ្រប់ៗរូប មិនថាអ្នកមានឬអ្នកក្រ ស្តេចឬក៏ទាសករ សុទ្ធតែមានកុសលពេញលេញសម្រាប់ចំណាយ ។ យើងមិនចាំបាច់ទៅស្វែងរកឬក៏សន្សំកុសលអ្វីឡើយ ។ មានន័យថា ដើម្បីបង្កើនកុសលយើងគ្រាន់តែចំណាយកុសល តាមរយៈកម្មរបស់យើងគឺគ្រប់គ្រាន់ ។ គួរកត់សម្គាល់ថា កម្មមានពីរប្រភេទគឺ៖ កុសលកម្ម និងអកុសលកម្ម ។ កុសលកម្មគឺជាកម្មដែលស្ថិតនៅក្នុងក្របខណ្ឌ មេត្តា ករុណា មុទិតា និង ឧបេក្ខា ។ អកុសលកម្មមិនស្ថិតនៅក្នុងក្របខណ្ឌនេះទេ ។ ឯយន្តការ (Mechanism) សម្រាប់ដឹកនាំកម្មមានបីប្រភេទគឺដោយ៖ កាយ វាចា និង ចិត្ត ។ ដំណើរចំណាយកុសលដើម្បីបង្កើនកុសល មិនមានអ្វីលំបាកនឹងស្វែងយល់ឬក៏ត្រិះរិះពិចារណាជាដុំកំភួនឡើយ ។ មនុស្សគ្រប់រូបគ្រាន់តែអនុវត្តតាមគោលការណ៍ មេត្តា ករុណា មុទិតា និង ឧបេក្ខា គឺអាចពង្រីកកុសលបានដោយងាយ ។ ដោយហេតុតែពាក្យបួនម៉ាត់នេះជាភាសាបាលី ខ្ញុំសូមអនុញាតអធិប្បាយនិយមន័យត្រួសៗ ។ មេត្តា បានដល់ទំនាក់ទំនងមិត្តភាពរវាង មនុស្សនិងមនុស្ស មនុស្សនិងសត្វ និង មនុស្សនិងរុក្ខជាតិឬធម្មជាតិ ដែលមានសណ្ឋានជាសមមិត្តភាពនៃជីវិត ។ សមមិត្តភាព មិនមានភាពទាបខ្ពស់ទេ ។ យើងទទួលស្គាល់គ្នានិងជួយគាំពារគ្នាទៅវិញទៅមកដោយឥតរើសអើង និងមិនចង់បានឬក៏ស្វែងរកគុណស្រ័យតបស្នងឡើយ ។ យើងផ្តល់សិទ្ធិសេរីភាព ឲ្យគ្នាទៅវិញទៅមកនៅក្នុងការរស់នៅតាមលំអានធម្មជាតិ ឬសម្មាជីវោ ។ ឧទាហរណ៍ បើមនុស្សចងមិត្តជាមួយនឹងឆ្កែ យើងគប្បីអនុញាតិឲ្យឆ្កែរស់ទៅតាមសភាវជាឆ្កែ ។ បើឆ្កែចង់ព្រុស ឲ្យវាព្រុស ។ បើឆ្កែចង់សុីអាចម៍ ឬក៏កំហាកដែលគេស្តោះចោលតាមចិញ្ចើមផ្លូវ អនុញាតិឲ្យវាសុីទៅ ។ មិនត្រូវមួម៉ៅចាប់ទោសអូសដំណើរគ្នាឡើយ ដ្បិតធម្មជាតិរបស់ឆ្កែដែលធ្លាប់ជាសត្វព្រៃអម្បូរចចកនោះ ចំណីអាហាររបស់វាមិនជាទីគាប់ចិត្តរបស់មនុស្សឡើយ ។ ទំនាក់ទំនងមិត្តភាពរវាងមនុស្សនិងមនុស្សក៏ស្រដៀងគ្នាដែរ ។ យើងគប្បីជួយយកអាសាគ្នា ហើយផ្តល់សេរីភាពឲ្យគ្នាទៅវិញទៅមក ។ និយាយឲ្យខ្លី គ្មានចិត្តទើសទាស់នឹងគ្នាទេ ។ ករុណា បានដល់ការថែទាំគាំពារដោយក្តីអាណិតអាសូ ។ "អាណិតអាសូ" គឺជាពាក្យគន្លឺះនៅក្នុងករុណា ។ ឧទាហរណ៍ដ៏សាមញ្ញមួយ គឺទង្វើរបស់មាតាទៅកាន់ទារកដែលទើបនឹងកើតមក ។ ទាំងមនុស្សទាំងសត្វ សុទ្ធតែបីបមថ្នាក់ថ្នមថែរក្សាជីវិតកូនដែលទើបនឹងកើតមក ដោយប្រុងប្រយ័ត្នជាទីបំផុត ។ យើងធ្វើពលិកម្មខ្ពស់ហួសអ្វីៗទាំងអស់ ដើម្បីបំពេញកាតព្វកិច្ចករុណាក្នុងនាមជាមាតាបិតា ។ សត្វពាហនៈសុីសុករបស់វាដើម្បីគាំពារកូនង៉ា ។ ឆ្កែនិងឆ្មាលិឍនិងសុីអាចម៍កូនរបស់វា ដើម្បីគាំពារជីវិតកូនខ្ចីទាំងនោះ ។ ឯមនុស្សក៏ដុសលាងនោមជុះរបស់ទារកដោយគ្មានរង្គៀសចិត្តបន្តិចសោះឡើយ ។ ប្រការនេះ មាតាគ្រប់រូបយល់ច្បាស់ជាងនរណាទាំងអស់ ។ និយាយឲ្យខ្លី ករុណាគឺការថែទាំថ្នាក់ថ្នមដោយទឹកចិត្តអាណិតអាសូ មិនថាទារក មនុស្សពេញវ័យ ឬក៏សត្វផងទាំងពួងឡើយ ។ មុទិតា បានដល់ការមិនច្រណែននិន្ទាឈ្នានីស ។ និយាយឲ្យចំគឺទឹកចិត្តសោមនស្សចំពោះភាពជោគជ័យរបស់អ្នកដទៃ ឬក៏មានបសាទចិត្តចំពោះទុក្ខព្រួយនៅក្នុងជិវិតអ្នកដទៃ ។ មនុស្សគ្រប់រូបមានកម្លាំងកាយប្រាជ្ញានិងស្មារតីមិនស្មើគ្នាទេ ។ ដូច្នេះ ការទទួលស្គាល់អបអរសមត្ថភាព ឬក៏សម្តែងនូវបសាទចិត្តចំពោះទុក្ខព្រួយរបស់អ្នកដទៃ នឹងធ្វើឲ្យភាគីពាក់ព័ន្ធទទួលបានកុសលដូចៗគ្នា ។ បើគិតជាកំណើនកុសលគឺមានទ្វេដង ។ ទាំងអ្នកទទួលបានសមិទ្ធផល និងមិនទទួលបានសមិទ្ធផល សុទ្ធតែទទួលបានកុសលដូចៗគ្នា ដោយគ្រាន់តែបង្ហាញទឹកចិត្តនិងកាយវិការមុទិតា ។ ឧបេក្ខា គឺការទទួលស្គាល់និងឲ្យតម្លៃជីវិតទាំងអស់ ទាំងមនុស្ស ទាំងសត្វស្មើគ្នា ។ ជីវិតមនុស្សនិងសត្វផ្គុំឡើងដោយធាតុ ដី ទឹក ភ្លើង ខ្យល់ និងមានវិញ្ញាណប្រាំដូចៗគ្នា ។ ដូច្នេះ ការទទួលស្គាល់អត្ថិភាពនិងឲ្យតម្លៃជីវិតនីមួយៗទៅតាមសភាវរបស់វា គឺជាការអនុវត្តន៍តាមលំអានឧបេក្ខា ។ និយាយរួម ឧបេក្ខា បានដល់ការឈ្វេងយល់សច្ចភាពនៅក្នុងសភាវនៃជីវិត ។ ឆ្កែរស់តាមសម្មាជីវោ (ភាពត្រឹមត្រូវនៃជីវិត) របស់ឆ្កែ ។ មនុស្សរស់តាមសម្មាជីវោរបស់មនុស្ស ។ តម្លៃនៃជីវិតគឺស្មើគ្នានៅចំពោះមុខច្បាប់ធម្មជាតិដែលមាន កើត ចាស់ ឈឺ ស្លាប់ ជាប្រធាន ។ សរុបសេចក្តីទៅ មេត្តា ករុណា មុទិតា និង ឧបេក្ខា គឺជាការចំណាយកុសលដើម្បីបង្កើនកុសល ។ ទង្វើ ឬកុសលកម្មនៅក្នុងព្រហ្មវិហារធម៌ទាំងបួននេះ មានសណ្ឋានវិជ្ជមានគ្រប់កាលៈទេសៈទាំងអស់ ទោះបីស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ ។ ទាំងស្តេច ទាំងទាសករ ទាំងអ្នកមាន ទាំងអ្នកក្រ សុទ្ធតែមានលទ្ធភាពបង្កើនកុសលដូចៗគ្នា ។ មនុស្សគ្រប់ៗរូបមិនចាំបាច់មានអ្វីច្រើនឡើយ មានត្រឹមតែស្នាមញញឹមក៏អាចនាំឲ្យចម្រើនកុសលច្រើនអនេកកប្បការ ។ ចំណុចដ៏សាមញ្ញតែមួយគត់ដែលត្រូវចងចាំគឺថា៖ សន្សំកុសលមាន "សម្មា" ជាគោល ។ ឯចំណាយកុសលដើម្បីបង្កើនកុសលមាន "វិជ្ជមាន" ជាគោល ។ គិតវិជ្ជមាន និយាយវិជ្ជមាន និង ធ្វើទង្វើវិជ្ជមាន (The Power of Positivism) ៕ (កំណត់៖ សេចក្តីពន្យល់ពាក្យ មេត្តា ករុណា មុទិតា និង ឧបេក្ខា សង្ខេបចេញពីសំណេររបស់អ្នកគ្រូ ប៉ែន សេដ្ឋារិន ។ សូមឧទិសកុសលជូនដល់អ្នកគ្រូដោយភក្តីភាព) ។

Sunday, February 14, 2021

ចំណីខួរក្បាល

ភូមិវប្បធម៌ដែលខ្ញុំស្រឡាញ់ ភូមិវប្បធម៌ដែលខ្ញុំស្រឡាញ់ មានតែរូបរាង មិនទាន់កកើត តែត្រូវបានគេបំផ្លាញចោលអស់បាត់ទៅហើយ ។ ភូមិនោះ នៅមិនឆ្ងាយពីទីក្រុងសៀមរាបប៉ុន្មានទេ ។ អ្នកស្រុកសៀមរាបដែលចម្រើនវ័យនៅមុនឆ្នាំ២០០០ អាចនៅចងចាំភូមិដែលខ្ញុំនឹងរៀបរាប់នៅក្នុងអត្ថបទនេះ ។ នៅឆ្នាំ ១៩៩៨ ខ្ញុំបានទៅទស្សនកិច្ចនៅស្រុកខ្មែរលើកទី១ បន្ទាប់ពីឃ្លាតឆ្ងាយអស់រយៈពេល១៤ឆ្នាំ ។ វាក៏ជាលើកទី១ដែរនៅក្នុងជីវិតខ្ញុំ ដែលខ្ញុំមានឱកាសបានទៅទស្សនាប្រាសាទអង្គរវត្ត ។ កាលនោះ ឧទ្យានអង្គរស្ថិតនៅក្រោមការគ្រុបគ្រងរបស់ក្រសួងទេសចរណ៍នៅឡើយ ។ ដោយសារតែបងរបស់ខ្ញុំជាមន្ត្រីថ្នាក់កណ្តាលម្នាក់នៅក្នុងក្រសួងទេសចរណ៍ សាខាក្រសួងនៅខេត្តសៀមរាប បានចាត់ចែងរៀបចំដំណើរទេសចរណ៍របស់ពួកយើងជាលក្ខណៈ វីអាយភី តូចមួយ ។ កាលនោះ មិនសូវមានទេសចរច្រើនទេ ។ ហើយក៏មិនសូវមានហេដ្ឋរចនាសម្ព័ន្ធស្អេកស្កះដូចសព្វថ្ងៃនេះដែរ ។ បន្ទាប់ពីទៅទស្សនាប្រាសាទសំខាន់ៗមួយចំនួន ពួកយើក៏សម្រេចចិត្តទៅមើលបារាយខាងលិច ដើម្បីបំពេញតម្រូវការរបស់ខ្ញុំដែលកំពុងតែស្រាវជ្រាវសិក្សាអំពីទ្រង់ទ្រាយនិងវិសាលភាពនៃទីក្រុងអង្គរ ។ យើងធ្វើដំណើរតាមដងផ្លូវជាតិលេខ៦ ឆ្ពោះទៅកាន់ខេត្តបាត់ដំបង ។ ចេញផុតពីក្រុងសៀមរាបបានបន្តិច យើងឈប់រថយន្តនៅក្រោមម្លប់ឈើធំមួយ ។ ខ្ញុំមិនចាំថាយើងឈប់ដោយសារមូលហេតុអ្វីទេ ។ ប៉ុន្តែ ខ្ញុំបានចុះពីលើឡានហើយដើរមើលភូមិករបស់អ្នកស្រុក ដែលស្ថិតនៅតាមដងផ្លូវផ្នែកខាងឆ្វេងដៃ ។ ភូមិនេះ ថ្វីដ្បិតតែអ្នកស្រុករស់នៅស្ថិតក្នុងសភាពសាមញ្ញក៏ដោយ ក៏ទិដ្ឋភាពនិងសោភ័ណ្ឌរំលេចចេញមកមានសណ្ឋានល្អប្រណិត ។ នៅតាមបណ្តោយផ្លូវស្ថិតនៅខាងមុខភូមិ មានប្រឡាយទឹកមួយទទឹងប្រមាណជាបួនម៉ែត្រលាតសន្ធឹងពីជើងទៅត្បូងមើលឃើញដាច់កន្ទុយភ្នែក ។ នៅសងខាងមាត់ប្រឡាយ មានដើមរំចេកដុះជាជួរ ហើយក៏មានស្ពានឆ្លងប្រឡាយមួយៗផងដែរ ។ ខ្ញុំសង្ស័យថា ទឹកដែលហូរនៅក្នុងប្រឡាយនោះ មានប្រភពចេញមកពីបារាយខាងលិចដែលខ្ញុំកំពុងតែធ្វើដំណើរទៅទស្សនានោះឯង ។ ខ្ញុំឈរស្ទង់មើលសណ្ឋានដី (Survey) ទម្រង់ភូមិក ហើយគិតក្នុងចិត្តថា៖ ទីនេះល្អពន់ពេកណាស់ បើឆ្នៃឲ្យទៅជាភូមិវប្បធម៌ មិនដឹងជាល្អយ៉ាងណាទេ ។ ភូមិវប្បធម៌ដែលខ្ញុំសាងសង់នៅក្នុងក្តីស្រមៃរបស់ខ្ញុំនាថ្ងៃនោះ គឺចាប់ផ្តើមពីការជំរឿនឈ្មោះពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងភូមិតាមបណ្តោយមាត់ប្រឡាយ ។ បន្ទាប់មក ជីកប្រឡាយស្របមួយទៀតនៅភាគខាងកើត ដែលមានចម្ងាយមួយរយម៉ែត្រគត់ (១០០ម) ពីប្រឡាយមេនៅតាមដងផ្លូវ ។ ពុះដីនៅចន្លោះប្រឡាយទាំងពីរជាឡូតិ៍ដែលមានប្រវែង៥០ម៉ែត្រស្មើៗគ្នា រួចហើយជីកប្រឡាយតភ្ជាប់ប្រឡាយទាំងពីរ បង្កើតបានជាកូនកោះដែលមានទំហំកន្លះហិចតាមួយ (៥០mX១០០m) ។ នៅតាមមាត់ប្រឡាយជុំវិញកូនកោះនោះ យើងដាំដើមឈើដែលដុះនៅក្នុងស្រុកខ្មែរ (Native trees) ដែលមានឈ្មោះចាប់ផ្តើមពីអក្សរ ក ដល់ អ ។ នៅតាមបណ្តោយជួរដើមឈើឃ្លាតពីគល់វាប្រហែលមួយម៉ែត្រ យើងសាងផ្លូវដើរបេតុង (Sidewalk) ដែលមានទទឺងមួយម៉ែត្រដែរ ។ ចន្លោះដើមឈើនីមួយៗ យើងដាំដើមផ្កាព្រៃដូចជា ក្រវ៉ាន់និងរំដួលជាដើម ហើយដាំវល្លិ៍ព្រៃ ដូចជាទ្រៀលនិងគុយ ឲ្យវារឡើងដើមឈើទាំងនោះ ។ នៅចំកណ្តាលដីភូមិចម្ងាយ១០ម៉ែត្រពីមាត់ប្រឡាយស្របផ្លូវជាតិ សង់ផ្ទះបុរាណខ្មែរប្រភេទរោងដោលឬរោងឌឿងនិងទម្រង់បុរាណដទៃទៀតដែលមានតឹកតាងនៅក្នុងចម្លាក់តាមប្រាសាទនានា ដោយប្រើឈើប្រណិតនៅក្នុងប្រទេសកម្ពុជា ។ នៅជុំវិញផ្ទះក្នុងភូមិករនិមួយៗ យើងដាំដំណាំហូបផ្លែសព្វសារពើមាន ចេក ដូង ល្ហុង ខ្នុរ ស្រកានាគ ជាដើម ។ល។ បន្ទាប់ពីសាងសង់ផ្ទះនិងភូមិករ ដែលមានទ្រង់ទ្រាយជាឧទ្យានប្រាសាទនេះរួចរាល់ ផ្តល់ភូមិវប្បធម៌នេះទៅឲ្យអ្នកស្រុក (Original villagers) រស់នៅនិងថែទាំអាស្រ័យផលទៅតាមតម្រូវការរបស់គ្រសារនីមួយៗ ។ ពួកគេអាចរស់នៅក្នុងភូមិវប្បធម៌នេះក្នុងនាមជាអ្នកថែទាំ (Caretakers) តជំនាន់ ប៉ុន្តែគ្មានសិទ្ធលក់ដូរឬក៏ផ្ទេរកម្មសិទ្ធិឲ្យបុគ្គលណាឡើយ ។ នៅពេលឪពុកម្តាយស្លាប់អស់ អាជ្ញាធរជាអ្នករៀបចំឲ្យកូនៗចាប់ឆ្នោតដើម្បីថែទាំបន្ត ។ គ្រួសារដែលជាប់ឆ្នោតទទួលបានសិទ្ធិថែទាំភូមិក គឺត្រូវរស់នៅទីនោះតែមួយគ្រួសារគត់ (Immediate family only) ។ សាច់ញាតិដទៃត្រូវតែចាកចេញ ។ នៅឆ្នាំ ១៩៩៨ អ្នកស្រុកដែលរស់នៅក្នុងភូមិតាមបណ្តោយមាត់ប្រឡាយនោះ មានចំនួនចន្លោះពី ១០០ទៅ២០០គ្រួសារប៉ុណ្ណោះ ។ ដូច្នេះ ការរៀបចំបង្កើតឧទ្យានភូមិកនោះ អាចធ្វើត្រឹមតែ២០០ប្លង់ គឺគ្រប់គ្រាន់ ។ យើងត្រូវការដីតាមមាត់ប្រឡាយបណ្តោយផ្លូវជាតិលេខ៦ខាងត្បូងទីក្រុងសៀមរាប ចម្ងាយប្រហែលជា ១០០០០ម៉ែត្រ ឬ១០គីឡូម៉ែត្រ ដើម្បីបង្កើតភូមិវប្បធម៌ចំនួន២០០ផ្ទះនេះ ។ នៅខាងស្តាំដៃតាមបណ្តោយផ្លូវនោះ យើងបង្កើតជាតំបន់សណ្ឋាគារសម្រាប់ទេសចរស្នាក់នៅ ។ ការបង្កើតឲ្យមានភូមិវប្បធម៌របៀបនេះ វាជាការអភិវឌ្ឃន៍តាមបែបផែនពហុវិស័យ ឬពហុគោលដៅ ។ ទីមួយគឺយើងបង្កើតឲ្យមានគំរូនៃការរស់នៅរបស់ជនជាតិខ្មែរ និងអភិវឌ្ឃន៍ប្រកបដោយចីរភាពមួយ ។ ទីពីរគឺយើងបង្កើតឲ្យមានឧទ្យានពាក់កណ្តាលសាធារណៈ (Semi-public park) ដែលមានទំហំ១០០ម៉ែត្រគុណនឹង១០គីឡូម៉ែត្រ ។ ទីបីពលរដ្ឋដែលរស់នៅក្នុងភូមិវប្បធម៌នេះ អាចចងក្រងជាសហគមន័ដែលមានក្រុមប្រឹក្សាសម្រេចកិច្ចការនានា ក៏ដូចជាផ្តល់កម្រៃការងារដល់អ្នកស្ម័គ្រចិត្តចូលមកជួយថែទាំ និងផ្តល់សេវានៅក្នុងសហគមន៍ ។ ទីបួនប្រព័ន្ធប្រឡាយទឹក (កសិន្ធុ) អាចជាកន្លែងចិញ្ចឹមត្រីធម្មជាតិ សម្រាប់ផ្គត់ផ្គងតម្រូវការរបស់អ្នកភូមិ ក៏ដូចជាសម្រាប់ទេសចរស្ទូចលេងលំហែរផងដែរ ។ នៅមានសក្តានុពលនិងសារប្រយោជន៍ជាច្រើនផ្សេងទៀត ដែលយើងអាចទាញយកពីភូមិវប្បធម៌ដ៏សាមញ្ញមួយនេះ ។ បើនិយាយអំពីទំនាក់ទំនងរវាងតំបន់សណ្ឋាគារនិងភូមិវប្បធម៌ ទេសចរទាំងក្នុងស្រុកនិងក្រៅស្រុកគ្រាន់តែដើរឆ្លងផ្លូវពីកន្លែងស្នាក់នៅ ក៏អាចទស្សនារបៀបរបបរស់នៅរបស់រាស្ត្រខ្មែរដោយផ្ទាល់តែម្តង ។ មិនតែប៉ុណ្ណោះ ពួកគេអាចទិញផ្លែឈើដែលបេះពីដើមថ្មីៗមកទទួលទានដោយមិនចាំបាច់ទៅទិញពីផ្សារឡើយ ។ បើមើលទិដ្ឋភាពនៃភូមិវប្បធម៌នោះពីបង្អួចសណ្ឋាគារទៅ វាមិនខុសពីទស្សនាទម្រង់ប្រាសាទអង្គរវត្តតូចៗ ដែលគេយកមកដាក់តម្រៀបគ្នាឡើយ ។ តើមានអ្វីដែលល្អជាងនេះទៅទៀត ដែលកូនចៅអ្នកកសាងអង្គរ រស់នៅក្នុងភូមិកដែលមានសោភ័ណ្ឌ និងសម្ភស្សស្រដៀងនឹងប្រាសាទអង្គរដែរ ។ ក៏ប៉ុន្តែ អ្វីៗបានវិនាសអន្តរាយបាត់អស់ទៅហើយ ។ ភូមិវប្បធម៌ដែលស្ថិតនៅក្នុងអត្ថបទនេះ វានៅសល់ត្រឹមតែរូបភាពដែលស្ថិតនៅក្នុងដួងចិត្តខ្ញុំប៉ុណ្ណោះ ៕

Wednesday, February 10, 2021

ចំណីខួរក្បាល

ជូតទឹកភ្នែក ហើយបន្តដំណើរទៅមុខទៀត! មុនពេលដែលគាត់ត្រូវបានគេធ្វើឃាត លោកបណ្ឌិត កែម ឡី បានបន្សល់នូវទស្សនជាច្រើនដើម្បីឲ្យពលរដ្ឋខ្មែរយកមកពិចារណា ។ "ជូតទឹកភ្នែក ហើយបន្តដំណើរទៅមុខទៀត" ជាពាក្យមួយឃ្លាដែលមានប្រជាប្រីយ៍និងពេញនិយម ទាំងផ្នែកនយោបាយ ទាំងផ្នែកយុត្តិធម៌សង្គម ក៏ដូចជាការតស៊ូដើម្បីស្វែងរកសុភមង្គលនៅក្នុងដំណើរជីវិត ។ សូម្បីតែខ្ញុំ ក៏បានរក្សាទុករូបថតរបស់លោកបណ្ឌិតកែមឡី ដែលមានសរសេរពាក្យពេចន៍ដ៏គួរឲ្យចាប់អារម្មណ៍នោះផងដែរ ។ បើមើលតែមួយត្រួស "ជូតទឹកភ្នែក ហើយបន្តដំណើរទៅមុខទៀត" គឺជាពាក្យលើកទឹកចិត្តនិងបណ្តុះឆន្ទៈខ្ពង់ខ្ពស់ល្អណាស់ ។ ក៏ប៉ុន្តែ នៅពេលដែលលើកយកពាក្យនេះមកពិចារណាឲ្យយូរបន្តិច យើងហាក់ដូចជាមើលឃើញថា វាមានចន្លោះប្រហោងច្រើន ។ សំណួរមួយដែលយើងគួរលើកយកមកពិចារណាគឺថា តើការបន្តដំណើរនោះ មានសង្ឃឹមបានជោគជ័យកម្រិតណា? មនុស្សដែលស្រក់ទឹកភ្នែក ជាទូទៅគឺដោយសារកត្តាពីរយ៉ាង៖ ទីមួយ បរាជ័យ ។ ទីពីរ ជួបឧបសគ្គធ្ងន់ធ្ងរដោះស្រាយមិនចេញ ។ សម្រាប់ខ្ញុំ នៅពេលដែលមនុស្សជួបបញ្ហានេះ យើងមិនគួរបន្តដំណើរទៅមុខទៀតទេ ។ គឹត្រូវបង្ហូរទឹកភ្នែក ហើយអង្គុយពិចារណឬភាវនាសិន ។ បើពិចារណារកផ្លូវទៅកាន់ជោគជ័យមិនទាន់ឃើញទេ មិនត្រូវធ្វើសកម្មភាពឡើយ ។ អង្គុយពិចារណារហូតទាល់តែរកឃើញឬមានឱកាស ។ បើរកមិនឃើញឬក៏គ្មានឱកាសហុចឲ្យទេ ព្យាយាមភាវនាពិចារណរហូតដល់ថ្ងៃស្លាប់ក៏មិនថ្វីដែរ ។ ចិនមានភាសិតបុរាណមួយដែលចែងថា៖ "ស្គាល់គេស្គាល់ខ្លួនឯង ធ្វើសង្គ្រាមមិនចេះចាញ់" (Know youself, know your enemies; a hundred battles, a hundred victories.) ។ ពាក្យមួយឃ្លានេះ មានន័យជ្រៅនិងទូលំទូលាយណាស់ ទាំងផ្នែកសឹកសង្គ្រាម ទាំងផ្នែកនយោបាយ ជំនួញ និង ជីវិតរស់នៅ ។ និយាយឲ្យខ្លីងាយយល់ គឺយើងគប្បីស្គាល់សមត្ថភាពខ្លួននិងស្ថានភាពជីវិតឲ្យប្រាកដប្រជា ។ បន្ទាប់មកគឺត្រូវស្វែងយល់អំពីឧបសគ្គនានាដែលយើងត្រូវប្រឈមនៅក្នុងដំណើរតស៊ូរបស់យើង មិនថាការតស៊ូនោះនៅក្នុងសឹកសង្គ្រាម នយោបាយ ជំនួញ ឬក៏ដំណើរជីវិតឡើយ ។ បច្ចុប្បន្ននេះ ខ្ញុំឃើញពលរដ្ឋខ្មែរជាច្រើននិយមលើកយកពាក្យ "តស៊ូ!ៗ" មកកម្លាចិត្តដើម្បីប្រឹងជម្នះឧបសគ្គនានា ។ វាគ្មានអ្វីខុសជាមួយនឹងឆន្ទៈតស៊ូនោះទេ ។ អ្វីដែលខ្ញុំចង់លើកយកមកពិចារណាគឺថា តើឧបសគ្គដែលស្ថិតនៅចំពោះមុខការតស៊ូរបស់យើងនោះ វាមានទំហំប៉ុនណា ។ តើយើងមានសង្ឃឹមទទួលបានជោគជ័យនៅក្នុងការតស៊ូរបស់យើងដែរទេ ។ បើគ្មានសង្ឃឹមធំដុំទេ អង្គុយពិចារណារង់ចាំឱកាសនៅក្នុងផ្ទះរហូតដល់ថ្ងៃស្លាប់ ប្រហែលជាប្រសើរជាងទៅអង្គុយពិចារណានៅទីកន្លែងដែលយើងមិនគួរទៅ ។ ខ្ញុំនិយាយនេះគឺសំដៅដល់សកម្មជនបក្សនយោបាយនិងសង្គមមួយចំនួន ដែលកំពុងតែរងគ្រោះដោយសារតែគំនិត "ជូតទឹកភ្នែក ហើយបន្តដំណើរទៅមុខទៀត" នេះឯង ។ ការទទួលយកនិងរស់នៅជាមួយនឹងស្ថានភាពបរាជ័យ គឺគ្មានអ្វីគួរឲ្យខ្មាសអៀនឡើយ ។ អ្វីដែលគួរឲ្យខ្មាសអៀននោះ គឺប្រឹងតស៊ូនៅក្នុងភពបរាជ័យ ។ អ្វីទៅជាភពបរាជ័យ? ភពបរាជ័យគឺជាស្ថានភាពមួយ ដែលផ្តល់ឱកាសជោគជ័យឲ្យការតស៊ូរបស់យើងទាបបំផុត ឬក៏គ្មានទាល់តែសោះ ។ ខ្ញុំសូមលើកយកឧទាហរណ៍ផ្ទាល់ខ្លួនមួយមកពិចារណា ។ បន្ទាប់ពីអាជ្ញាធរខ្មែរក្រហមត្រូវបានកងទ័ពយួនវាយផ្តួលរំលំនៅឆ្នាំ ១៩៧៩ ខ្ញុំនិងពលរដ្ឋខ្មែរដទៃប្រឈមនិងបញ្ហាធ្ងន់ធ្ងររាប់មិនអស់ ។ បញ្ហាមួយដែលខ្ញុំប្រឈមនាគ្រានោះគឺការវិលត្រឡប់ទៅរៀនវិញ បន្ទាប់ពីខកខានអស់រយៈពេល៤ឆ្នាំ ។ នៅសម័យនោះ គ្រូបង្រៀនត្រូវបានពួកខ្មែរក្រហមសម្លាប់ចោលឡើងពាយ ។ សូម្បីតែសាលារៀនក៏ត្រូវបានបំផ្លាញស្ទើរគ្មានសល់ដែរ ។ នៅភូមិដែលខ្ញុំរស់នៅ អ្នកស្រុករៀបចំឲ្យមានសាលារៀនត្រឹមថ្នាក់ទី ៣ ។ ចំណែកខ្ញុំត្រូវចូលរៀនបន្តនៅថ្នាក់ទី ៥ ។ ដូច្នេះ បើខ្ញុំចង់បន្តដំណើរទៅមុខទៀត គឺខ្ញុំត្រូវចាកចេញពីម្តាយមេម៉ាយ ទៅរៀននិងស្នាក់នៅទីរួមស្រុង ត្បូងឃ្មុំ ឬក៏ទីក្រុងកំពង់ចាម ។ គួរបញ្ជាក់ថា គ្រានោះស្រុកខ្មែរជាប្រទេសកុម្មុយនីស្ត ។ យើងគ្មានរូបិយប័ណ្ណសម្រាប់ចាយវាយ ហើយក៏មិនអាចដើរហើរពីស្រុកមួយទៅស្រុកមួយ ដោយគ្មានលិខិតអនុញាតពីអាជ្ញាធរផងដែរ ។ នេះមិនទាន់និយាយអំពីកងទ័ពយួនដែលត្រួតពីលើក្បាលយើងមួយជាន់ទៀតផង ។ សម័យនោះ កូនសិស្សជំនាន់ខ្ញុំដែលអាចទៅរៀនបន្តរយៈពេលបួនឬប្រាំឆ្នាំទៀត មានឱកាសទទួលអាហារូបករណ៍ទៅរៀននៅសហភាពសូវៀត និងទ្វីបអឺរ៉ុបខាងកើតព្រោងព្រាត ។ មន្ត្រីរាជការខ្មែរសព្វថ្ងៃមួយចំនួនធំ គឺជាអតីតនិស្សិតជំនាន់នោះឯង ។ ខ្ញុំគឺជាមនុស្សបរាជ័យម្នាក់ចេញពីជំនាន់នោះ ។ ការសម្រេចចិត្តមិនជូតទឹកភ្នែក ហើយមិនបន្តដំណើរទៅមុខរបស់ខ្ញុំនាគ្រានោះ មានហេតុផលច្រើន ។ ហេតុផលដ៏ធំបំផុតគឺខ្ញុំមិនដាច់ចិត្តទុកម្តាយខ្ញុំឲ្យប្រឈមនឹងទុក្ខវេទនាធ្ងន់ធ្ងរបន្តទៅទៀត បន្ទាប់ពីទើបនឹងឆ្លងផុតពីការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរខ្មែរក្រហម ។ គួរកត់សម្គាល់ថា អាជ្ញាធរថ្មីដែលចូលមកសង្គ្រោះជីវិតយើងនាគ្រានោះ ក៏មិនល្អប្រសើរណាស់ណាដែរ ។ ជម្រើសរបស់ខ្ញុំជាមួយនឹងបញ្ហានេះមានពីរ៖ បន្តការសិក្សាដើម្បីអនាគត ឬក៏ព្យាយាមកាត់បន្ថយកុំឲ្យជីវិតរងទុក្ខវេទនាខ្លាំងបន្តទៅទៀត ។ ខ្ញុំសម្រេចមិនទៅបន្តការសិក្សាទេ ។ ក្នុងស្ថានភាពជីវិតនាគ្រានោះ ខ្ញុំត្រូវរស់នៅជាមួយនឹងអ្វីដែលភាសាអង់គ្លេសហៅថា Survival mode (រស់កំដរពេលលវេលា) សិន ។ ទោះជាយ៉ាងណាក៏ដោយ ការផ្អាកការតស៊ូដោយកម្លាំកាយ មិនមានន័យថាខ្ញុំផ្អាកការតស៊ូដោយកម្លាំងចិត្តឡើយ ។ ខ្ញុំនៅតែត្រិះរិះ នៅតែពិចារណា រកច្រកចេញអំពីភាពទាល់ច្រកជាប្រចាំ ។ សូមចងចាំថា ភាពទាល់ច្រកនៅក្នុងដំណើរជីវិត មិនដូចភាពទាល់ច្រកនៅក្នុងដំណើរថ្មើជើងឡើយ ។ ផ្លូវចេញរមែងមាន ។ បើមិនមានដោយសារការត្រិះរិះពិចារណារបស់ខួរក្បាលយើងទេ ក៏មានដោយសារកត្តាខាងក្រៅដែរ ដែលភាសាអង់គ្លេសហៅថា Divine Intervention (ព្រហ្មលិខិត) ។ ឱកាសដែលអនុញាតឲ្យខ្ញុំជូតទឹកភ្នែក ហើយបន្តដំណើរទៅមុខទៀត កើតមាននៅរយៈពេលប្រាំឆ្នាំក្រោយមក ។ វាមិនមែនជាឱកាសដែលខ្ញុំរកឃើញដោយកម្លាំងប្រាជ្ញាឬក៏ជ្រើសរើសដោយស្ម័គ្រចិត្តឡើយ ។ វាជាឱកាសដែលអាជ្ញាធរយួននិងខ្មែរបង្ខំឲ្យខ្ញុំជ្រើសរើសធ្វើសកម្មភាព ។ នៅចុងឆ្នាំ ១៩៨៤ ដំណើរជីវិតកំដរពេលវេលារបស់ខ្ញុំបានជួបនឹងព្រឹត្តិការណ៍បី ។ ទីមួយ ខ្ញុំបានទទួលលិខិតមួយច្បាប់ពីបងប្រុសខ្ញុំដែលកំពុងរស់នៅសហរដ្ឋអាមេរិក ។ គាត់គឺជាអតីតភ្នាក់ងារសម្ងាត់របស់ក្រុមខ្មែរតស៊ូប្រឆាំងនឹងយួន ។ នៅពេលអាជ្ញាធរយួនស្វែងរកចាប់ខ្លួនបណ្តាញអ្នកតស៊ូនៅភ្នំពេញ បងខ្ញុំក៏ភៀសខ្លួនទៅជាយដែនខ្មែរថៃ ហើយបាត់ដំណឹងតាំងតែពីឆ្នាំ ១៩៨០ មក ។ ទីពីរ ខ្ញុំត្រូវជាប់កំណែន ក៥ ទៅកាប់ឆ្កាព្រៃនៅទល់ដែនខ្មែរ-ថៃ នៅដើមឆ្នាំ ១៩៨៥ ។ និងទីបី មិត្តក្នុងភូមិម្នាក់ដែលជាប់សែស្រឡាយនឹងខ្ញុំបន្តិចបន្តួចបានខ្សឹបប្រាប់ខ្ញុំថា ក្រុមគ្រួសារគាត់មានគម្រោងរត់ចេញពីប្រទេសកម្ពុជា ទៅរស់នៅក្នុងជំរំជនភៀសខ្លួនខ្មែរក្នុងប្រទេសថៃ ។ កំណែន ក៥ គឺជាបញ្ហាមួយដែលធ្វើឲ្យម្តាយខ្ញុំកើតទុក្ខព្រួយជាច្រើនខែថ្ងៃ ។ តាមដំណឹងចេញពីអ្នកដែលបានឆ្លងកាត់យុទ្ធនាការ ក៥ នោះ ពលករមួយចំនួនបានរងគ្រោះរហូតដល់បាត់បង់ជីវិតដោយប្រការផ្សេងៗ ។ អ្នកដែលជាប់កំណែនត្រូវចំណាយពេលពី ៣ទៅ៦ ខែ ឬក៏យូរជាងនេះផងក៏មិនដឹងអាស្រ័យលើអុងឡឺងគាត់សម្រេច ។ ខ្ញុំយកដំណឹងអំពីគម្រោងរត់ភៀសខ្លួនទៅស្រុកថៃរបស់មិត្តខ្ញុំទៅប្រាប់ម្តាយខ្ញុំ ។ ម្តាយខ្ញុំនិងខ្ញុំជាមួយនឹងជីដូនខ្ញុំបានពិគ្រោះគ្នាមួយកំណាត់យប់ រួចហើយក៏សម្រេចចិត្តឲ្យខ្ញុំរត់ភៀសខ្លួនទៅប្រទេសថៃជាមួយនឹងមិត្តខ្ញុំ ។ ម្តាយនិងជីដូនខ្ញុំមិនចង់ឲ្យខ្ញុំយកជីវិតទៅប្រឈមនឹងសេចក្តីស្លាប់ក្នុងកំណែន ក៥ ឡើយ ។ ខ្ញុំបង្ខំចិត្តបន្តដំណើរទាំងទឹកភ្នែក ។ បន្ទាប់ពីសម្រេចចិត្តបន្តការតស៊ូជម្នះឧបសគ្គនៅក្នុងដំណើរជីវិត ខ្ញុំរៀបចំមហិច្ឆតាតូចៗពីរនៅក្នុងគោលដៅជិវិតខ្ញុំ ។ ទីមួយ បើខ្ញុំអាចឆ្លងទៅដល់ជំរំជនភៀសខ្លួនខ្មែរនៅក្នុងប្រទេសថៃដោយសុវត្ថិភាព ប៉ុន្តែមិនអាចទៅដល់សហរដ្ឋអាមេរិកដូចបងប្រុសខ្ញុំ ខ្ញុំនឹងប្រឹងប្រែងរៀនភាសាអង់គ្លេសឲ្យចេះស្ទាត់ដើម្បីប្រកបរបរជាគ្រូបង្រៀនភាសានេះ ។ ទីពីរ បើខ្ញុំមានវាសនាទៅដល់សហរដ្ឋអាមេរិក ខ្ញុំនឹងរៀនជំនាញរៀបចំប្រព័ន្ធផ្សាយសំឡេងដូចជាអ្នកចាក់មីក្រូនៅក្នុងពិធីបុណ្យឬមង្គលការសព្វថ្ងៃ ។ វាជាមហិច្ឆតាសមស្របមួយដែលខ្ញុំគិតថា សមត្ថភាពខ្ញុំអាចជម្នះឧបសគ្គបាន ។ ខ្ញុំទៅដល់ជំរំជនភៀសខ្លួនខ្មែរនៅក្នុងប្រទេសថៃនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ១៩៨៥ បន្ទាប់ពីជំរំទាំងនោះត្រូវបានកងទ័ពយួនវាយបំបែករប៉ាត់រប៉ាយនៅថ្ងៃទី ៧មករា ។ មួយខែក្រោយមក ខ្ញុំទទួលបានជោគជ័យក្នុងការភ្ជាប់ទំនាក់ទំនងជាមួយនឹងបងខ្ញុំនៅសហរដ្ឋអាមេរិក ដែលជាប្រភពគាំពារជីវិតខ្ញុំ (Lifeline) ។ នៅថ្ងៃទី ១៣ ខែមេសា អង្គការសហប្រជាជាតិសម្រេចដឹកជញ្ជូនពលរដ្ឋខ្មែរដែលរស់នៅរាយប៉ាយតាមជំរំជនភៀសសឹកទាំងអស់ ទៅដាក់នៅក្នុងជំរំដ៏ធំមួយដែលមានឈ្មោះថា សាយធូ (Site 2) ។ គឺនៅទីនោះហើយដែលខ្ញុំស្វែងរកឱកាស ឬក៏បង្កើតឱកាសបន្តការតស៊ូនៅក្នុងជីវិតសិក្សារបស់ខ្ញុំ ។ ឧបសគ្គនៅមានច្រើនតទៅទៀត ។ ក៏ប៉ុន្តែ ខ្ញុំចង់បញ្ជាក់ថាខ្ញុំមិនត្រឹមតែអាចរៀនភាសាអង់គ្លេសទេ គឺខ្ញុំរៀនទាំងភាសានិងអក្សរសាស្ត្រខ្មែរថែមទៀត បន្ទាប់ពីខកខានអស់រយៈពេល ១០ឆ្នាំ ។ រឿងខ្ញុំត្រឡប់ចូលទៅរៀនវិញដូចម្តេចបន្ទាប់ពីខកខានអស់រយៈពេល១០ឆ្នាំ វាជារឿងមួយផ្សេងទៀត ។ បើអ្នកគិតថាអត្ថបទនេះសរសេរបានល្អដូចអ្នកមានចំណេះដឹងជ្រៅជ្រះ វាកើតចេញពីការប្រឹងប្រែងដោយមិនប្រក្រតីនោះ ។ បួនឆ្នាំក្រោយមកគឺនៅឆ្នាំ ១៩៨៩ ខ្ញុំទៅដល់សហរដ្ឋអាមេរិក ។ គម្រោងដែលខ្ញុំបានគិតពេលចាកចេញពីស្រុកខ្មែរមកនោះ ត្រូវបានប្រែប្រួលដោយសារដំណាក់កាលទីមួយដែលខ្ញុំឆ្លងកាត់នៅក្នុងជំរំជនភៀសខ្លួនក្នុងប្រទេសថៃ ។ ទៅដល់ស្រុកអាមេរិក ខ្ញុំមានអាយុ២៥ឆ្នាំគត់ ។ ខ្ញុំអាចទៅធ្វើការនៅរោងចក្រឬក៏សហគ្រាសនានា ហើយសន្សំប្រាក់ទិញផ្ទះរកភរិយាបង្កើតគ្រួសាររស់នៅយ៉ាងងាយស្រួលនៅលើទឹកដីថ្មីនេះ ។ ទន្ទឹមគ្នានេះដែរ ខ្ញុំក៏សន្សំបានចំណេះដឹងខ្លះៗកាលរស់នៅក្នុងជំរំជនភៀសខ្លួនឯប្រទេសថៃ ។ ជម្រើសរបស់ខ្ញុំមានពីរ ។ ធ្វើការងារបង្កើតគ្រួសាររស់តាមសម្មាជីវោ ឬក៏ប្រថុយនឹងរឿងរៀនសូត្របន្តម្តងទៀត ។ ការប្រឈមរបស់ខ្ញុំរវាងឆ្នាំ ១៩៨៩ និងឆ្នាំ ១៩៧៩ ថ្វីដ្បិតតែមានស្ថានភាពខុសគ្នា ក៏ប៉ុន្តែផលវិបាកគឺមិនធូស្រាលជាងគ្នាប៉ុន្មានទេ ។ នៅឆ្នាំ ១៩៧៩ បើខ្ញុំទៅរៀន ខ្ញុំនាំទុក្ខឲ្យម្តាយខ្ញុំ ។ ឆ្នាំ ១៩៨៩ បើខ្ញុំទៅរៀន ខ្ញុំត្រូវចំណាយពេលពី ៥ទៅ១០ឆ្នាំ ។ បើខ្ញុំបរាជ័យ ជីវិតនិងអនាគតខ្ញុំបើមិនចប់ក៏ខាតបង់ខ្ទេចខ្ទីដែរ (Ruin) ។ ខ្ញុំសម្រេចទៅបន្តការសិក្សាឡើងវិញ ថ្វីត្បិតតែនៅក្នុងជម្រៅចិត្តខ្ញុំ ខ្ញុំដឹងថាសមត្ថភាពខ្ញុំអាចទទួលបានជោគជ័យត្រឹម ២០ភាគរយប៉ុណ្ណោះ ។ មូលហេតុតែមួយគត់ដែលខ្ញុំសម្រេចចិត្តតស៊ូប្រឈមនឹងហានិភ័យនោះ គឺអ្នករងគ្រោះមានតែខ្ញុំម្នាក់គត់ ។ មិនពាក់ព័ន្ធនឹងអ្នកដទៃឡើយ ។ មិននាំទុក្ខដល់អ្នកដទៃ គឺជាអ្វីដែលបង្កប់នៅក្នុងអត្ថបទដ៏វែងអន្លាយនេះ ។ មុននឹងយើងធ្វើសកម្មភាព មុននឹងយើងងើបតស៊ូឬតតាំងជាមួយនឹងព្រហ្មលិខិត មិនថាជាការស្វែងរកទ្រព្យ (ចំណេះដឹងនិងសម្ភារៈ) ឬក៏ការតវាប្រឆាំងនឹងអំពើអយុត្តិធម៌នានានៅក្នុងសង្គម យើងគប្បីគិតអំពីប្រការ ថាតើការតស៊ូរបស់យើងអាចនាំទុក្ខដល់អ្នកដទៃ ជាពិសេសមនុស្សដែលយើងស្រឡាញ់ដែរទេ ។ ការតស៊ូ ការជូតទឹកភ្នែក និងការក្រោកឈរតតាំងជាមួយនឹងឧបស័គ្គ គឺមាននៅក្នុងអត្តចរិតរបស់មនុស្សគ្រប់ៗរូបរួចទៅហើយ ។ គ្មាននរណាមួយដែលកើតមក មិនមានឆន្ទៈតស៊ូនៅក្នុងជីវិតនោះទេ ។ អ្វីដែលយើងគួរដឹង គឺត្រូវពិចារណាជាប្រចាំ ថាតើការតស៊ូនោះវាសមស្របទៅតាមកាលៈទេសៈ និងអាចទទួលបានជោគជ័យកម្រិតណា ។ ស្ថានភាពនៃជីវិតមនុស្សម្នាក់ៗ មិនដូចគ្នាទេ ។ ដូច្នេះ និយមន័យនៃភាពជោគជ័យក៏មិនដូចគ្នាដែរ ។ ខ្ញុំទទួលបរាជ័យរាប់មិនអស់ទេ នៅក្នុងដំណើរជីវិត ។ ក៏ប៉ុន្តែ បរាជ័យខ្លះ បើគិតឲ្យសព្វជ្រុងជ្រោយទៅ វាក៏ជាជោគជ័យផងដែរ ។ ឧទាហរណ៍ នៅក្នុងវិបត្តិសេដ្ឋកិច្ចកូវិដ១៩រយៈពេលជាងមួយឆ្នាំនេះ ខ្ញុំបាត់បង់ប្រាក់ចំណូលស្ទើរតែទាំងស្រុង ។ ទាំងខ្ញុំ ទាំងកូនៗ រស់នៅដោយសារកម្លាំងញើសឈាមរបស់ភរិយាខ្ញុំ ។ នៅក្នុងកែវភ្នែករបស់អ្នកដទៃ ខ្ញុំជាមនុស្សបរាជ័យដ៏អាមាសជាទីបំផុត ។ ប៉ុន្តែ នៅក្នុងកែវភ្នែកខ្ញុំ ខ្ញុំជាមនុស្សដែលមានជោគជ័យដ៏ត្រចះត្រចង់ ដ្បិតខ្ញុំរកបានភរិយាដែលមានសមត្ថភាពចិញ្ចឹមខ្ញុំរស់បានយ៉ាងស្រួល ។ ជោគជ័យនិងបរាជ័យនៅក្នុងដំណើរជីវិត វាគឺជាផ្ទៃមុខទាំងសងខាងនៃកាក់តែមួយ (Two sides of the same coin) ។ បន្តការតស៊ូ ឬក៏ផ្អាកការតស៊ូនៅក្នុងដំណើរជីវិត វាក៏មានសណ្ឋានដូចគ្នាដែរ ។ ការលះបង់មិនតស៊ូជម្នះឧបសគ្គដែលធំហួសមាឌ ឬក៏ដែលផ្តល់ឱកាសឲ្យយើងឈ្នះតិចតួចពេកនោះ មិនមែនជាបរាជ័យទេ ដរាបណាយើងមិនបោះបង់ការតស៊ូនៅក្នុងចិត្ត ។ វាគ្រាន់តែជាការទទួលស្គាល់ដែនកំណត់នៃសមត្ថភាព និងលទ្ធភាពក្នុងការយកឈ្នះឧបសគ្គនៅចំពោះមុខប៉ុណ្ណោះ ។ នៅក្នុងភាសាអង់គ្លេសមានពាក្យមួយឃ្លាដែលពោលថា៖ Patience is the mother of all virtues (ការអត់ធ្មត់មិនធ្វើសកម្មភាពគឺជាមាតានៃជ័យជម្នះគ្រប់ប្រការ) ៕

Saturday, January 23, 2021

ចំណីខួរក្បាល

ទទួលទាន (Eat) ពាក្យខ្មែរមួយម៉ាត់ដែលមានអត្ថន័យធំធេងដូចមហាសមុទ្រគឺ ទទួលទាន ។ ប៉ុន្តែ ខ្មែរយើងមិនសូវនិយមប្រើពាក្យនេះឡើយ ។ យើងសុខចិត្តយកពាក្យស្ទើរតែរាប់រយមកប្រើជំនួសឲ្យពាក្យមួយម៉ាត់នេះ ។ ខ្ញុំមិនដឹងថា ពាក្យនេះមានប្រភពឫសគល់ចេញមកពីណាទេ ។ ក៏ប៉ុន្តែ តាមការពិនិត្យរបស់ខ្ញុំ ពាក្យនេះមានអត្ថន័យ អត្ថរស និងអត្ថរូប ល្អវិសេសវិសាលពន់ពេកណាស់ ។ យើងអាចយកវាមកប្រើសម្រាប់មនុស្ស សត្វ និងរុក្ខជាតិ ។ គឺអត់មានទើសទាស់ត្រង់ណាបន្តិចឡើយ ។ ឧទាហរណ៍ ស្តេចទទួលទានក្រយា ។ ព្រះសង្ឃទទួលទានអាហារ ឬចង្ហាន់ ។ មនុស្សទូទៅទទួលទានបាយឬទឹក ។ សម្រាប់សត្វនិងរុក្ខជាតិ យើងអាចប្រើពាក្យទទួលទានបានដូចគ្នា ។ ជ្រូកមាន់ទាគោក្របីនិងត្រី ទទួលទានចំណី ។ រុក្ខជាតិនានាទទួលទានពន្លឺថ្ងៃនិងជី ។ នៅមានករណីជាច្រើនទៀតដែលយើងអាចប្រើពាក្យទទួលទានដូចជា៖ ទទួលទានដំណេក ទទួលទានបញ្ញា ទទួលទានទស្សន ។ល។ បើយើងញែកពាក្យទទួលទាននេះជាពីរ យើងឃើញថាវាជាការផ្គុំគ្នារវាងពាក្យ ទទួល និង ទាន ។ ទានគឺជារបស់ដែលនរណាម្នាក់ ឬក៏រូបធាតុអ្វីមួយបរិច្ចាគដើម្បីទ្រទ្រង់ជីវិតអ្នកដទៃ ឬក៏រូបធាតុដទៃ ។ ឧទាហរណ៍ ស្មៅបរិច្ចាគដើមនិងស្លឹករបស់វាដើម្បីទ្រទ្រង់ជីវិតគោក្របី ។ គោក្របីបរិច្ចាគទឹកដោះរបស់វាឲ្យមនុស្សយកទៅឆ្នៃធ្វើម្ហូបដើម្បីទ្រទ្រង់ជីវិត ។ រុក្ខជាតិនានាដូចជាកំប្លោក ចេក ដូង ដំឡូង ស្រូវ ពោត ក៏បរិច្ចាគផ្កា ផ្លែ គ្រាប់ ដើម និងជីវិតរបស់វាដើម្បីទ្រទ្រង់ជីវិតមនុស្សនិងសត្វផងដែរ ។ បើយើងពិនិត្យឲ្យល្អិតល្អន់បន្តិច យើងឃើញថាពាក្យទទួលទាននេះ បង្កប់នូវអត្ថន័យនៃទំនាក់ទំនងនៅក្នុងធម្មជាតិ ។ ទាន ក្នុងន័យបរិច្ចាគ គឺជាសភាវទ្រទ្រង់ជីវិត ។ ដូច្នេះ អ្នកដែលទទួលទានគឺទទួលបាននូវសភាវទ្រទ្រង់ជីវិត ។ នៅពេលយើងភ្ជាប់សភាវទ្រទ្រង់ជីវិតទៅនឹងសុភាវធម៌ យើងនឹងបង្កើតបានគុណធម៌នៅក្នុងទំនាក់ទំនងនេះ ។ បង្វិលពាក្យគុណធម៌ទៅភ្ជាប់ជាមួយនឹងទានវិញ យើងនឹងបង្កើតបានពាក្យគុណធម៌ទាន ឬទានដែលមានគុណ ។ គុណគឺជាអ្វីដែលខ្ញុំចង់លើកយកមកនិយាយនៅក្នុងអត្ថបទនេះ ។ ពេលមនុស្សនិងសត្វទទួលទាន យើងរមែងមានសោមនស្សនៅក្នុងជម្រៅដួងចិត្តនិងសតិអារម្មណ៍ ។ ចិត្តនិងអារម្មណ៍សោមនស្សនេះគឺគ្មានអ្វីក្រៅអំពីការដឹងគុណឡើយ ។ ក៏ប៉ុន្តែ យើងកម្រស្វែងយល់អំពីគុណូបការរបស់វត្ថុដែលធ្វើឲ្យយើងសោមនស្សនេះណាស់ ។ និយាយឲ្យចំ ទានគុណដែលធ្វើឲ្យចិត្តយើងសោមនស្សជាប្រចាំនោះ គឺពាក់ព័ន្ធនឹងការបរិច្ចាគរបស់វត្ថុធាតុជាច្រើន ។ ការបរិច្ចាគខ្លះគឺតម្រូវឲ្យមានការបូជាជីវិតមួយដើម្បីទ្រទ្រង់ជីវិតមួយទៀត ។ ខ្ញុំសូមលើកយកអាហារមួយពេលមកលាតត្រដាងដើម្បីបង្ហាញអំពីការបរិច្ចាគនេះ ។ បាយមួយចានដែលស្ថិតនៅនឹងមុខយើង គឺមានគ្រាប់ស្រូវជាច្រើនគ្រាប់ដែលយើងយកទៅស្រិតធ្វើជាអង្ករ ។ សូមកុំភ្លេចថា ពីជៈឬគ្រាប់ស្រូវមួយគ្រាប់ៗតំណាងឲ្យជីវិតមួយ ។ ពងទាចៀនមួយដែលយើងយកមកធ្វើម្ហូប ដើម្បីទទួលទានជាមួយនឹងបាយនោះ ក៏តំណាងឲ្យជីវិតមួយដែរ ។ បើមានសម្លរម្ជូរដើមចេកនិងកូនក្តាមរួមផ្សំជាមួយផង ដើមចេកនិងកូនក្តាមក៏បានបរិច្ចាគជីវិតវាដើម្បីទ្រទ្រងជីវិតយើងដែរ ។ ស្វាយទុំដែលយើងយកមកទទួលទានជាបង្អែមលាងមាត់ ក៏ជាការបរិច្ចាគរបស់ដើមស្វាយ ។ នេះគ្រាន់តែជាឧទាហរណ៍តូចមួយអំពីគុណូបការគុណ របស់ធម្មជាតិមកលើជីវិតមនុស្ស ។ បើយើងសម្លឹងមើលឲ្យហួសពីអាហារមួយពេលនេះ យើងនឹងឃើញមានគុណូបការជាច្រើនផ្សេងទៀតដែលជាសភាវទ្រទ្រង់ជីវិតមនុស្ស សត្វ និងរុក្ខជាតិ ។ ទំនាក់ទនងរវាងធម្មជាតិនិងជីវិតមនុស្សហាក់ដូចជាមិនពិបាកយល់ទេ ។ ដីទឹកភ្លើងខ្យល់(អាកាសធាតុ)ជាសភាវទ្រទ្រង់ជីវិតរុក្ខជាតិ ។ រុក្ខជាតិទ្រទ្រង់ជីវិតសត្វ ។ សត្វ រុក្ខជាតិ និងអាកាសធាតុ ទ្រទ្រង់ជីវិតមនុស្ស ។ នៅក្នុងទំនាក់ទំនងនេះ មនុស្សគឺជាភាគីតែមួយគត់ ដែលមានអំណាចបំផ្លាញភាពសុខដុមរមនា(Harmony)នៅក្នុងសហអត្ថិភាពធម្មជាតិ (Nature's Co-Existence) ។ ដូច្នេះ នៅពេលដែលមនុស្សវង្វេងមិនដឹងថាអ្វីជាគុណ និងអ្វីជាទោស ពិភពរបស់យើងនឹងរងគ្រោះជៀសមិនរួចឡើយ ។ សព្វថ្ងៃ យើងកំពុងតែវង្វេងមិនដឹងថា តើអ្វីទៅនៅក្នុងធម្មជាតិជុំវិញខ្លួនយើង មានគុណខ្ពស់បំផុតនោះទេ ។ នៅពេលយើងគិតអំពីគុណូបការគុណ យើងគិតត្រឹមតែម៉ែឪរបស់យើងប៉ុណ្ណោះ ។ មិនសូវមានមនុស្សគិតទៅដល់គុណបំណាច់ធម្មធាតុនានាឡើយ ។ ជាលទ្ធផល យើងបំផ្លាញធម្មធាតុទ្រទ្រង់ជីវិតរបស់យើងឥតត្រាប្រណី ។ ទន្លេស្ទឹងបឹងបួ យើងទប់លុបយកតែពីឈ្នះដៃ ។ ត្រីព្រៃឈើនិងសម្បត្តិធម្មជាតិនានា យើងទាញយកភោគផលមិនចេះស្កប់ ។ សម្បត្តិធម្មជាតិខ្លះ យើងបំផ្លិចបំផ្លាញរហូតទាល់តែវិនាសសាបសូន្យ ។ សំណួរមួយដែលយើងគួរលើកយកមកពិចារណាគឺថា នៅពេលដែលវត្ថុធាតុទ្រទ្រង់ជីវិតយើងវិនាសឬហិនហោចអស់ទៅ តើជីវិតយើងអាចស្ថិតនៅបានដែរទេ? ប្រការនេះ អ្នកដែលបំផ្លាញភាពសុខដុមរមនារបស់មនុស្ស គឺគ្មាននរណាក្រៅអំពីមនុស្សខ្លួនឯងឡើយ ។ ខ្ញុំឧស្សាហរណ៍មើលកម្មវិធីទូរទស្ស NHK របស់ជប៉ុន ។ តាមការសង្កេតរបស់ខ្ញុំ ជនជាតិយីពុនហាក់ដូចជាគោរពបូជាធម្មជាតិខ្ពង់ខ្ពស់ណាស់ ។ សម្បត្តិធម្មជាតិជាច្រើនដែលយីពុនទាញយកមកធ្វើជាចំណីអាហារទ្រទ្រង់ជីវិត រមែងទទួលបាននូវការគោរពបូជាប្រៀបដូចជាអាទិទេព ។ ខ្ញុំមិនដឹងថាពាក្យទទួលទាននៅក្នុងភាសាយីពុន មានអត្ថន័យ អត្ថរស និងអត្ថរូបដូចម្តេចទេ ។ ប៉ុន្តែ តាមការគូសវាសបញ្ជាក់នានានៅក្នុងកម្មវិធីវប្បធម៌របស់យីពុនទាំងនោះ ពិធីកម្ម(Rituals)គោរពបូជាចំពោះធម្មជាតិទាំងអម្បាលម៉ាន គឺសុទ្ធសឹងតែសម្តែងអំពីការដឹងគុណ ឬអំណរគុណ ។ ត្រឡប់ទៅពាក្យទទួលទានវិញ ។ វាហាក់ដូចជាប្រធានបទដែលគ្មានខ្លឹមសារអត្ថន័យអ្វីធំដុំឡើយ ។ ប៉ុន្តែ បើយើងពិនិត្យឲ្យល្អិតល្អន់ ទទួលទានមិនត្រឹមតែមានអត្ថន័យទូលំទូលាយប៉ុណ្ណោះទេ វាថែមទាំងបង្កប់នូវទំនាក់ទំនងទ្រទ្រង់រវាង មនុស្ស សត្វ រុក្ខជាតិ និងធម្មធាតុផងទាំងពួងក្នុងពិភពលោកទៀតផង ៕

Tuesday, January 19, 2021

ចំណីខួរក្បាល

First Amendment (មាត្រាបន្ថែមទី ១ នៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក) Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances. (រដ្ឋសភាមិនអាចសរសេរច្បាប់ដែលប៉ះពាល់ដល់សិទ្ធិគោរពឬបង្កើតសាសនា សិទ្ធិបញ្ចេញមតិឬផ្សព្វផ្សាយពត៌មាន និង សិទ្ធិប្រមូលផ្តុំគ្នារបស់ពលរដ្ឋដើម្បីទាមទារឲ្យរដ្ឋាភិបាលកែប្រែអ្វីមួយដោយសន្តិវិធី) ។ ថ្ងៃមុន ខ្ញុំបានសរសេរអត្ថបទមួយស្តីអំពីសិទ្ធធ្វើបាតុកម្មនៅក្នុងមាត្រាបន្ថែមទី ១ នៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ។ អត្ថបទនេះ ខ្ញុំសូមលើកយកសិទ្ធិបញ្ចេញមតិនិងផ្សព្វផ្សាយពត៌មានមកបកស្រាយ ដោយហេតុថាមានមនុស្សជាច្រើនបានប្រតិកម្មទៅនឹងការបិទគណនេយ្យរបស់ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ។ មតិមួយចំនួនលើកឡើងថា ការបិទគណនេយ្យរបស់ ដូណាល់ ត្រាំ ដោយក្រុមហ៊ុន ហ្វេសប៊ុក និង ធ្វីទឺ គឺជារឿងអយុត្តិធម៌ ដ្បិតវាជាជំហានឆ្ពោះទៅរកការរឹតត្បិតសិទ្ធិផ្សព្វផ្សាយពត៌មាន ។ មតិខ្លះទៀតចោទក្រុមហ៊ុនទាំងពីរនេះថា មានស្តង់ដារពីរ ។ បើបិទសិទ្ធិលោក ត្រាំ ពីបទនិយាយពាក្យកុហកបោកប្រាស់សាធារណជន ហេតុអ្វីក៏មិនបិទសិទ្ធិជនផ្តាច់ការនានានៅក្នុងពិភពលោកដែលប្រើបណ្តាញសង្គមទាំងនេះ ផ្សព្វផ្សាយពាក្យកុហកបោកប្រាស់និងគម្រាមកំហែងពលរដ្ឋរបស់ខ្លួនផងទៅ ។ មូលដ្ឋានរបស់ក្រុមហ៊ុន ហ្វេសប៊ុក និង ធ្វីទឺ ស្ថិតនៅក្នុងសហរដ្ឋអាមេរិក ។ គ្មាននរណាស្រឡាញ់និងគោរពបូជាមាត្រាបន្ថែមទី ១ (First Amendment) ជាងក្រុមហ៊ុនទាំងពីរនេះទេ ។ I repeat, NOBODY! មាត្រាមន្ថែមទី ១ ជារបាំងគាំពារដ៏ធំបំផុតសម្រាប់ពួកគេរកសុី (រកប្រាក់ចំណូល) ។ លោក ត្រាំ ជាប្រភពផ្តល់ចំណូលដ៏ធំបំផុតសម្រាប់ពួកគេ ។ រឿងក្រមសីលធម៌ជួយទប់ស្កាត់កុំឲ្យមេដឹកនាំប្រទេសនានា រាប់បញ្ចូលទាំងលោក ត្រាំ ផងដែរ ប្រើពាក្យភូតកុហកបោកប្រាស់ដែលយើងហៅថា ពត៌មានមិនពិត (Fake News) នោះ ក្រុមហ៊ុនទាំងពីរនេះមិនសូវជាឈឺក្បាលវិលមុខប៉ុន្មានទេ ។ សម្រាប់ក្រុមហ៊ុនទាំងពីរនេះ ឆ្មាសក៏ដោយ ឆ្មាខ្មៅក៏ដោយ ឲ្យតែវាចាប់កណ្តុរ សុទ្ធតែមានប្រយោជន៍ទាំងអស់ ។ ពត៌មានពិតក៏ដោយ មិនពិតក៏ដោយ ឲ្យតែវានាំមកនូវកំណើនអតិថិជន សុទ្ធតែមានប្រយោជន៍ ។ ដូច្នេះ ការចោទប្រកាន់ក្រុមហ៊ុនទាំងពីរនេះថាប្រើអំណាចបិទសិទ្ធិបញ្ចេញមតិរបស់លោក ត្រាំ នោះ គឺមិនខុសអំពីទៅព្រុសខុសដើមឈើឡើយ (Barking up the wrong tree.) ។ មុននឹងលើកយកមាត្រាបន្ថែមទី ១ (First Amendment) នៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកមកថ្កោលទោសក្រុមហ៊ុនឬក៏អង្គភាពណាមួយ យើងគប្បីយល់ឲ្យបានជាក់លាក់ថា មាត្រាបន្ថែមទី ១ នេះ ហាមប្រាមតែរដ្ឋាភិបាលនិងភ្នាក់ងាររបស់រដ្ឋាភិបាលអាមេរិកប៉ុណ្ណោះ ពាក់ព័ន្ធនឹងសិទ្ធិបញ្ចេញមតិ ។ ហ្វេសប៊ុកនិងធ្វីទឺមិនមែនជាភ្នាក់ងាររបស់រដ្ឋាភិបាលអាមេរិកទេ ។ ក្នុងនាមជាក្រុមហ៊ុនឯកជន ពួកគេចង់លុបឬក៏បិទសិទ្ធិនរណាម្នាក់មិនឲ្យប្រើសេវារបស់ពួកគេ ក៏គ្មានច្បាប់ហាមឃាត់ឡើយ ។ រឿងបិទគណនេយ្យរបស់លោក ត្រាំ អាចពាក់ព័ន្ធនឹងរឿងសំខាន់ពីរប្រការ៖ ទីមួយគឺក្រមសីលធម៌ ។ ទីពីរ ក្រមយុត្តិធម៌ ។ ក្រមសីលធម៌ពាក់ព័ន្ធនឹងដំណឹងមិនពិត (Fake News) និង ពាក្យញុះញង់នាំឲ្យមានអំពើហឹង្សា (Hate Speeches) ។ ប្រការទីមួយនេះ លោកត្រាំ បានជាន់ឈ្លីអស់រយៈពេល៤ឆ្នាំមកហើយ ។ គ្មានក្រុមហ៊ុនបណ្តាញសង្គមណាមួយឈឺក្បាលវិលមុខឡើយ ។ ពួកគេយកមាត្រាបន្ថែមទី ១ មកធ្វើជាខែលដើម្បីសុីឡាក់សារប្រយោជន៍ចេញពីមនុស្សប្រមាណជា ១០០លាននាក់ ដែលតាមដានសកម្មភាពរបស់លោកត្រាំ ។ អ្វីដែលធ្វើឲ្យក្រុមហ៊ុនបណ្តាញសង្គមនានារត់គេចចេញយ៉ាងលឿនពីលោក ត្រាំ នោះ គឺក្រមយុត្តិធម៌ ។ បើពាក្យសម្តីរបស់លោកត្រាំ គ្រាន់តែធ្វើឲ្យមានបាតុកម្មនិងបង្កភាពចលាចលនោះ មិនអីទេ ។ ប៉ុន្តែ នៅពេលដែលពាក្យសម្តីរបស់គាត់ ញ៉ាំងឲ្យមានអំពើហឹង្សារហូតដល់បាត់បង់ជីវិតមនុស្សនិងទ្រព្យសម្បត្តិនោះ វាជារឿងមួយផ្សេងទៀត ។ សកម្មភាពមានបីប្រភេទគឺ៖ កាយ វាចា និង ចិត្ត ។ សកម្មភាពដោយកាយ (Physical Action) មានសភាពងាយស្រួលក្នុងការតភ្ជាប់ទៅនឹងបទឧក្រិដ្ឋនានា ។ ប៉ុន្តែ បទឧក្រិដ្ឋដែលកើតចេញអំពីវាចា (Vocal Action) គឺពិបាកនឹងដាក់បន្ទុកពស្តុតាងបន្តិច ។ ទោះជាយ៉ាងណាក៏ដោយ អ្នកដែលពាក់ព័ន្ធនឹងឧក្រិតកម្មវាចា មិនប្រាកដថាអាចគេចពីសំណាញ់ច្បាប់រួចឡើយ ។ ក្រុមហ៊ុនបណ្តាញសង្គមនានាដែលពាក់ព័ន្ធជាមួយនឹងសកម្មភាពវាចារបស់លោកត្រាំ អាចមានទោសផ្សំគំនិតផ្តល់សម្ភារ (Material Accomplices) ។ លោកត្រាំបានប្រើសេវាបណ្តាញសង្គមមួយចំនួន ដើម្បីប្រកូកប្រកាសហៅអ្នកគាំទ្រឲ្យមកធ្វើបាតុកម្ម រហូតឈានដល់ការប្រព្រឹត្តិអំពើហឹង្សានៅក្នុងមន្ទីររដ្ឋសភាជាតិ ។ មានមនុស្សប្រាំនាក់ស្លាប់និងខូចខាតសម្ភារជាច្រើននៅក្នុងព្រឹត្តិការណ៍នោះ ។ រឿងនេះយើងអាចរំពឹងថា មិនចប់ត្រឹមនេះឡើយ ។ បន្ទាប់ពីលោកត្រាំចាកចេញពីតំណែងទៅ ពាក្យបណ្តឹងរបស់ជនរងគ្រោះប្រាកដជាផុសចេញមកជាបន្តបន្ទាប់ ។ ក្រុមហ៊ុនបណ្តាញសង្គមដែលពាក់ព័ន្ធ បើមិនមានទោសព្រហ្មទណ្ឌ ក៏ជាប់កុនជាមួយនឹងទោសរដ្ឋប្បវេណីយ៍ដែរ (Civic penalty) ។ យើងមិនទាន់ដឹងថា តើរដ្ឋាភិបាលសហរដ្ឋអាមេរិក អាចនឹងចាត់ការផ្លូវច្បាប់ទៅលើក្រុមហ៊ុននានា ដែលផ្តល់ក្បាលមីក្រូហ្វូនឲ្យលោកត្រាំធ្វើសកម្មភាពវាចាដែរឬយ៉ាងណានោះទេ ។ ប្រការនេះ វាអាចអាស្រ័យនៅលើលទ្ធផលនៃការកាត់ទោសលោក ត្រាំ (Impeachment) ។ ប្រសិនបើលោកត្រាំមានទោស ក្រុមហ៊ុនទាំងនោះអាចនឹងរងទុក្ខជាមួយដែរ ។ សម្រាប់គ្រួសារជនរងគ្រោះ រឿងប្តឹងងឲ្យក្រុមហ៊ុនបណ្តាញសង្គមទទួលខុសត្រូវ គឺប្រហែលជាជៀសមិនផុតឡើយ ។ ជាទូទៅ រឿងក្តីក្តាំងអាចមានពីរដំណាក់កាល ។ ទី១ គឺទោសព្រហ្មទណ្ឌ ។ ទី២ ទោសរដ្ឋប្បវេណីយ៍ ឬសំណងជំងឺចិត្តនៃការបាត់បង់ (Monetary compensation) ។ ចុងចោទអាចតតាំងឈ្នះបទព្រហ្មទណ្ឌ ។ ប៉ុន្តែ នៅក្នុងករណីរដ្ឋប្បវេណីយ៍ វាពិបាកនឹងយកឈ្នះណាស់ដ្បិតច្បាប់តម្រូវឲ្យអ្នកដើមចោទបង្ហាញពស្តុតាងត្រឹមតែទំនាក់ទំនងប៉ុណ្ណោះ (Preponderance of evidences) ។ ប្រការនេះហើយដែលធ្វើឲ្យក្រុមហ៊ុន ធ្វីទឹ និង ហ្វេសប៊ុក បិទគណនេយ្យលោកត្រាំយ៉ាងលឿននោះ បន្ទាប់ពីព្រឹត្តិការណ៍នៅមន្ទីររដ្ឋសភាជាតិនៃសហរដ្ឋអាមេរិក ។ សូមកុំច្រឡំឲ្យសោះថា ពួកគេបិទសិទ្ធិលោក ត្រាំ ឬក៏លើកស្ទួយក្រមសីសធម៌នៅក្នុងការផ្សព្វផ្សាយពត៌មាន ៕

Sunday, January 10, 2021

ចំណីខួរក្បាល

វិបត្តិអាមេរិក ការរុករានទន្ទ្រានមន្ទីររដ្ឋសភាសហរដ្ឋអាមេរិកដោយកុប្បករអនាធិបតេយ្យ(thugs)នាថ្ងៃទី៦មករាកន្លងទៅនេះ បានធ្វើឲ្យមនុស្សជាច្រើននៅសហរដ្ឋអាមេរិកក៏ដូចជានៅជុំវិញពិភពលោក ភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ វាជាព្រឹត្តិការណ៍ដ៏រន្ធត់មួយដែលពលរដ្ឋអាមរិកាំងមួយចំនួនចាំបាច់ត្រូវតែជញ្ជត់ព្រលឹងស្វែងរកចម្លើយ ក៏ដូចជាពន្យល់ពិភពលោកអំពីប្រការដែលថា ហេតុអ្វីបានជាប្រទេសមហាអំណាចលេខ១នៅក្នុងពិភពលោក អន់ខ្សោយរហូតដល់បណ្តោយឲ្យកុប្បករចូលលុកលុយជាន់ឈ្លីស្ថាប័នកំពូលរបស់ខ្លួន ។ ក្នុងនាមជាអតីតនិស្សិតមួយរូប ដែលបានចំណាយពេលសិក្សាប្រព័ន្ធរដ្ឋបាលអាមេរិកាំង អស់រយៈពេលប្រាំឆ្នាំកាលពី៣០ឆ្នាំមុន ខ្ញុំសូមអនុញាតបកស្រាយបំភ្លឺមូលហេតុខ្លះៗ ដែលទាញសហរដ្ឋអាមេរិកឲ្យរងគ្រោះព្រោះតែឧត្តមគតិរបស់ខ្លួន ។ ប៉ុន្តែ មុននឹងបកស្រាយបំភ្លឺអង្គហេតុនៅពីក្រោយកុប្បកម្មគួរឲ្យស្អប់ខ្ពើមនេះ ខ្ញុំសូមលំអោនកាយគោរពវីរភាពរបស់ប៉ូលីសសហព័ន្ធ ដែលបានអត់ធ្មត់ដល់កម្រិតសុខចិត្តទទួលក្តីអមាសឲ្យកុប្បករអន្យតេរ្ថីយ័ទាំងនោះ ជាន់ឈ្លីកិត្តិយសរបស់ខ្លួនក៏ដូចជាកិត្តិយសសហរដ្ឋអាមេរិក ។ សូមកុំភ្លេចថា ពួកគេមានកាំភ្លើងគ្រប់ដៃ រួមទាំងកាំភ្លើងពិឃាតផងដែរ (Assault rifles) ដែលអាចបាញ់សម្លាប់កុប្បករដែលចូលទៅគម្រាមជីវិតសមាជិកសភាឲ្យស្លាប់គរជើងលើគ្នាដោយគ្មានទោសពៃអ្វីឡើយ ។ ប្រការនេះ អ្នកដែលត្រូវដឹងគុណប៉ូលីសទាំងនោះ គឺពួកកុប្បករដែលសម្រុកចូលទៅក្នុងសាលប្រជុំរបស់ព្រឹទ្ធសភានិងតំណាងរាស្ត្រ ។ សហរដ្ឋអាមេរិក ផ្តល់សិទ្ធិឲ្យពលរដ្ឋរបស់ខ្លួន ជាពិសេសសិទ្ធិធ្វើបាតុកម្មទូលំទូលាយណាស់ ។ មាត្រាបន្ថែមទី ១ (First Amendment) បានដាក់កំហិតមិនឲ្យនរណាសរសេរច្បាប់ប៉ះពាល់សិទ្ធិនេះឡើយ ។ មាត្រាបន្ថែមទីមួយនេះមានពាក្យតែ ៤៥ម៉ាត់ទេ ដែលគាំពារគោលការណ៍ធំៗបីគឺ៖ បញ្ចេញមតិ គោរពសាសនានានា និងប្រមូលផ្តុំគ្នាទាមទារស្ថាប័នរដ្ឋាភិបាលកែតម្រូវអ្វីមួយដោយសន្តិវិធី ។ សិទ្ធិធ្វើបាតុកម្មគឺនៅក្នុងការប្រមូលផ្តុំគ្នានេះឯង ។ ក៏ប៉ុន្តែ សូមកត់សម្គាល់ពាក្យ "សន្តិវិធី" ។ លោក ចច មេសុន (George Mason) ដែលជាអ្នកដឹកនាំបង្កើតមាត្រាបន្ថែមនេះ ខ្វល់ខ្វាយយ៉ាងខ្លាំងអំពីមនុស្សអប្រីយ៍យកសិទ្ធិនេះទៅជាន់ឈ្លី ។ ដូច្នេះ គាត់បញ្ចូលពាក្យ "សន្តិវិធី" នៅក្នុងវាក្យខណ្ឌបន្ទាប់ពីហាមរដ្ឋសភាមិនឲ្យបង្កើតច្បាប់ប៉ះពាល់សិទ្ធិ ដែលគេទុកស្មើអាយុជីវិតនេះ ។ កាលសិក្សានៅសាកលវិទ្យាល័យ ខ្ញុំនិងមិត្តរួមថ្នាក់ព្រមទាំងសាស្ត្រាចារ្យជំនាញខាងរដ្ឋធម្មនុញ្ញបានជជែកវែកញែក (Debates) រាប់សិបដងអំពី "សិទ្ធិ" របស់ពលរដ្ឋអាមេរិកាំង ។ សំណួរដ៏លំបានមួយដែលយើងត្រូវលើកយកមកដោះស្រាយគឺដែនកំណត់នៃសិទ្ធិ ។ ជាគោលការណ៍មូលដ្ឋាន ពលរដ្ឋអាមេរិកមានសិទ្ធិប្រព្រឹត្តិអ្វីៗសព្វបែបយ៉ាង ដរាបណាការប្រព្រឹត្តិនោះមិននាំទុក្ខទោសដល់អ្នកដទៃ ។ ឧទាហរណ៍ អ្នកអាចអង្គុយផឹកសុីក្នុងផ្ទះដោយសន្តិវិធីរហូតដល់ស្លាប់ខ្លួនក៏គ្មាននរណាមានសិទ្ធិទៅឃាត់អ្នកដែរ ។ ក៏ប៉ុន្តែ នៅពេលដែលអ្នកស្រវឹងសុរា ហើយបោះដបស្រាមកលើផ្លូវសាធារណដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ សិទ្ធិផឹកសុីរបស់អ្នកនឹងត្រូវហាមឃាត់ ។ សិទ្ធិធ្វើបាតុកម្មក៏ដូចគ្នាដែរ ។ អ្នកអាចដើរធ្វើបាតុកម្មរហូតដល់ហត់ដួលដាច់ខ្យល់ស្លាប់ ក៏អាជ្ញាធរគ្មានអំណាចអ្វីនឹងមកត្រួតត្រាអ្នកដែរ ។ ក៏ប៉ុន្តែ នៅពេលដែលបាតុកម្មរបស់អ្នកនាំទុក្ខទោសឬក៏បង្កហានិភ័យដល់ជីវិតអ្នកដទៃ សកម្មភាពនោះនឹងក្លាយទៅជាសកម្មភាពខុសច្បាប់ ។ សិទ្ធិធ្វើបាតុកម្មត្រូវរលត់ត្រឹម "ហានិភ័យដល់ជីវិតអ្នកដទៃ" នេះឯង ។ បើមានការប៉ុនប៉ង បំផ្លាញទ្រព្យសម្បត្តិ ឬក៏ជីវិតអ្នកដទៃត្រូវបានផ្តាច់ផ្តិលដោយសកម្មភាពនោះ អ្នកប្រព្រឹត្តិនិងស្ម័គ្របក្ខពួកត្រូវក្លាយជាពិរុទ្ធជន ដែលមានទោសទៅតាមស្ថានទម្ងន់របស់វា ។ កុប្បករដែលសម្រុកចូលទៅក្នុងសាលប្រជុំរបស់ព្រឹទ្ធសភានិងតំណាងរាស្ត្រនាថ្ងៃទី ៦មករា នោះ គ្មានទោសដល់ប្រហារជីវិតទេ ។ ក៏ប៉ុន្តែ ប្រសិនបើប៉ូលីសបាញ់ពួកគេស្លាប់នៅទីនោះ វាគឺជាការស្លាប់ដ៏ថោកទាបនិងឥតន័យជាទីបំផុត ។ ស្លាប់ក្នុងនាមជាជនល្មើសច្បាប់ គ្មាននរណាគេកោតឬក៏អាណិតអាសូរឡើយ ។ ខ្ញុំអង្គុយមើលព្រឹត្តិការណ៍ថ្ងៃ ៦មករានោះយ៉ាងយកចិត្តទុកដាក់ ។ នៅពេលឃើញរូបភាពប៉ូលីស៤រូបតម្រង់ចុងកាំភ្លើងដាក់ចំកែវភ្នែកកុប្បករដែលកំពុងវាយបំបែកកញ្ចក់ទ្វារចូលទៅក្នុងសាលប្រជុំ ខ្ញុំស្រៀវឆ្អឹងខ្នង (It sent the chill up my spine) ។ វាជាសំណាងមួយនៅក្នុងចំណោម១០០លានសំណាង ដែលសកម្មភាពនោះ មិនឈានដល់ការបង្ហូរឈាម ។ ប្រការនេះហើយដែលខ្ញុំកោតសរសើបូលីសសហព័ន្ធដែលការពារមន្ទីររដ្ឋសភានាថ្ងៃនោះ ។ ប៉ូលីសសហព័ន្ធដែលការពារមន្ទីររដ្ឋសភាសហរដ្ឋអាមេរិក ជាប៉ូលីសពិសេសស្ថិតនៅក្រោមការគ្រុបគ្រងផ្ទាល់របស់រដ្ឋសភា ។ តួនាទីរបស់ពួកគេគឺការពារសុវត្ថិភាពរបស់សមាជិករដ្ឋសភា និងបាតុករដែលចូលមកធ្វើបាតុកម្មនៅជុំវិញមន្ទីររដ្ឋសភាជារឿយៗ ។ គេហៅបាតុកម្មនេះថា៖ បាតុកម្មមាត្រាបន្ថែមទី១ (First Amendment Protest) ។ ដូចដែលបានរៀបរាប់ខាងលើ រដ្ឋធម្មនុញ្ញតម្រូវឲ្យបាតុកម្មប្រព្រឹត្តិទៅដោយសន្តិវិធី ។ ឯអ្នកដែលមានតួនាទីគ្រុបគ្រងបាតុករ ក៏ត្រូវរក្សាគោលការណ៍សន្តិវិធីនេះដែរ ។ ដូច្នេះហើយបានជាប៉ូលីសដែលការពារមន្ទីររដ្ឋសភានាថ្ងៃនោះ សុខចិត្តរងរបួសខ្លួនឯងដើម្បីរក្សាការពារអាយុជីវិតកុប្បករអនាធិបតេយ្យ ។ ជាគោលការណ៍ច្បាប់របស់សហរដ្ឋអាមេរិក នៅពេលជីវិតរបស់ខ្លួនត្រូវបានគម្រាមកំហែង អ្នករងគ្រោះអាចរកមធ្យោបាយបង្រាបឬសម្លាប់ជនបង្កដោយគ្មានទោសពៃ ។ ឧទាហរណ៍ បើមានជនចម្លែកសម្រុកចូលមកក្នុងផ្ទះយើងដោយគ្មានការអនុញាត យើងអាចបាញ់ឬវាយសម្លាប់ជននោះ ។ ប្រការនេះមានប្រភពចេញមកពីមាត្រាបន្ថែមទី២ (Second Amendment) ដែលអនុញាតិឲ្យពលរដ្ឋគ្រប់រូបមានសិទ្ធិរក្សាអាវុធដើម្បីការពារខ្លួន ។ ស្ថិតិចុងក្រោយបន្ទាប់ពីព្រឹត្តិការណ៍ប្រកបដោយគ្រោះថ្នាក់បំផុតនោះគឺ មានមនុស្សបួននាក់ស្លាប់៖ ម្នាក់ស្លាប់ដោយសារគាំងបេះដូង ប៉ូលីសម្នាក់ស្លាប់ដោយសារកុប្បករវាយ កុប្បករម្នាក់ស្លាប់ដោយសារប៉ូលីសបាញ់ និងកុប្បករម្នាក់ទៀតស្លាប់ដោយមិនទាន់ដឹងមូលហេតុ ។ ប៉ូលីសប្រមាណជាង៥០នាក់រងរបួស ។ វាគឺជាការបាត់បង់ដ៏ទាបបំផុតសម្រាប់ព្រឹត្តិការណ៍ដ៏គ្រោះថ្នាក់គួរឲ្យខ្លាចនោះ ។ មានសំណួរមួយដែលមនុស្សជាច្រើនកំពុងពិចារណា ថាតើលោក ត្រាំ អាចមានទោសដែរទេនៅពេលដែលបាតុករដែលគាត់ហៅមកប្រមូលផ្តុំនៅក្រោយផ្ទះគាត់ (សេតវិមាន) ហើយញុះញង់ឲ្យទៅកកូរកកាយបំផ្លាញមន្ទីររដ្ឋសភា ក៏ដូចជាគម្រាមកំហែងជីវិតសមាជិកសភា ។ ចម្លើយរបស់ខ្ញុំផ្អែកលើការយល់ដឹងអំពីរដ្ឋធម្មនុញ្ញគឺ គ្មានទេ ។ ស្រុកអាមេរិកគ្មានច្បាប់ហាមការញុះញុងឡើយ ។ មានតែការពារដែលស្ថិតនៅក្នុងក្របខ័ណ្ឌបញ្ចេញមតិ ។ យើងអាចបែងចែកការប្រព្រឹត្តិ ឬកម្មគ្រប់បែបយ៉ាងជាបីតំណាក់កាលគឺ៖ កាយ វាចា និង ចិត្ត (Physical, Vocal, and Mental actions) ។ លោកត្រាំគាត់ធ្វើសកម្មភាពតែពីរដំណាក់កាលទេ ។ ទី ១ គាត់គិត ។ ទី ២ គាត់ហៅបាតុករឲ្យមកជួបជុំគ្នានៅក្រោយផ្ទះគាត់រួចពន្យុះពួកគេឲ្យទៅរុកគួនរដ្ឋសភា ។ "តស់ពួកយើង! ទៅមន្ទីររដ្ឋសភា ។ យើងនឹងដើរទៅជាមួយគ្នា" ជាសម្តីរបស់លោកត្រាំ ។ ក៏ប៉ុន្តែ លោកត្រាំមិនបានទៅជាមួយពួកបាតុករទេ ។ ដូច្នេះ សកម្មភាពរបស់គាត់គឺចប់ត្រឹមពាក្យសម្តី ដែលស្ថិតនៅក្រោមការគាំពាររបស់រដ្ឋធម្មនុញ្ញ ។ ទោះជាយ៉ាណាក៏ដោយ អ្នកជំនាញខាងច្បាប់អាចរកហេតុផលនានា ដើម្បីតភ្ជាប់សកម្មភាពដោយចិត្តនិងវាចារបស់លោកត្រាំទៅនឹងសកម្មភាពដោយកាយ (Physial action) របស់ពួកបាតុករ ។ មុននឹងបញ្ចប់ ខ្ញុំសូមនិយាយអំពីផលវិបាកនៃការគាំទ្របុគ្គលនយោបាយបន្តិច ។ សហរដ្ឋអាមេរិកលើកទឹកចិត្តពលរដ្ឋឲ្យគោរពបូជាខ្លួនឯងលើសអំពីបុគ្គលដទៃ ។ នៅក្នុងកម្មវិធីទូរទស្សសាធារណសម្រាប់កុមារប្រចាំថ្ងៃ គេតែងលើកយកពាក្យមួយឃ្លាមកផ្សាយ៖ "You can be anything you want to be" (អ្នកមានសក្តានុពលចង់ធ្វើអ្វីក៏បានដែរ) ។ ពាក្យនេះមានអត្ថន័យស្រដៀងគ្នានឹងពាក្យមួយឃ្លាដែលលោកប្រធានាធិបតីទី១៦ អាប្រាហាម លីងខុន បាននិយាយថា៖ "Life could rise from logs cabin to the White House" (ជីវិតអាចធ្វើដំណើរពីភាពតោកយ៉ាកទៅដល់សេតវិមាន) ។ ទោះបីមានការអប់រំប្រភេទនេះរាប់សិបឆ្នាំមកហើយក៏ដោយ ក៏មនុស្សជាច្រើននៅតែចាត់ទុកបុគ្គលដទៃថាគាប់ប្រសើរជាងខ្លួន ។ កុប្បករដែលចូលទៅបំផ្លាញមន្ទីររដ្ឋសភាគឺជាតឹកតាង ។ អំណាចនៃភក្តីភាពចំពោះលោក ត្រាំ បានធ្វើឲ្យពួកគេភ្លេចគិតដល់ឥស្សរភាពរបស់ខ្លួន ។ សូម្បីតែពាក្យ ៤៥ម៉ាត់ ដែលផ្តល់សិទ្ធិឲ្យពួកគេបញ្ចេញកំហឹងដោយសន្តិវិធីនោះ ក៏ពួកគេយកទៅជាន់ឈ្លីដែរ ។ បើមិនឲ្យតម្លៃខ្លួនឯងក៏ហីទៅចុះ ។ ក៏ប៉ុន្តែ រវាងលោក ត្រាំ និង រដ្ឋធម្មនុញ្ញ តើមួយណាសំខាន់ជាង?? ខ្ញុំសូមឆ្លើយជំនួសចុះ ។ មន្ត្រីរដ្ឋការសហរដ្ឋអាមេរិកគ្រប់ជាន់ថ្នាក់ ចាប់ពីប្រធានាធិបតីរហូតដល់កូនប៉ូលីសយាមទ្វារអគារ គេតម្រូវឲ្យលើកដៃស្បថសច្ចាការពាររដ្ឋធម្មនុញ្ញតែមួយមុខគត់ ។ អត់មានតួអង្គមនុស្សនៅក្នុងការសច្ចានោះទេ ។ អ្វីដែលពលរដ្ឋអាមេរិកចងចាំរត់មាត់នៅក្នុងកាតព្វកិច្ចរបស់ខ្លួនគឺ៖ ទីមួយ បូជាជីវិតដើម្បីការពាររដ្ឋធម្មនុញ្ញ ។ ទីពីរ ការពារទង់ជាតិ ។ និងទីបី ការពារសហរដ្ឋអាមេរិក ៕ Long live the rule of laws!

ចំណីខួរក្បាល

កិច្ចព្រមព្រៀង កិច្ចព្រមព្រៀង គឺជាពាក្យមួយ ដែលមានអត្ថន័យ ទូលំទូលាយ ។ ហើយវាក៏ជាពាក្យមួយ ដែលបង្កឲ្យមានគ្រោះមហន្តារាយ មកលើមនុស្សជាតិ ជាច្រើនដ...