Friday, September 17, 2021
ចំណីខួរក្បាល
រស់ជាមួយបរាជ័យ (Living with Failure)
ដំណើរជីវិតរបស់មនុស្សម្នាក់ៗ មិនសូវសមប្រកបទៅតាមសេចក្តីប្រាថ្នារបស់ខ្លួនឡើយ ។ វាតែងតែខ្វះនេះខ្វះនោះ ឬក៏បង្កឲ្យយើងខកខូចចិត្តជារឿយៗ ។ អ្វីដែលមនុស្សទូទៅមិនសូវលើកយកមកនិយាយ គឺការបរាជ័យ ។ វាស្ទើរតែជាលក្ខណៈសាកលទៅហើយ ដែលមនុស្សភាគច្រើននិយាយតែពីរឿងជោគជ័យ ។ ឯរឿងបរាជ័យនាំគ្នាគ្រវាត់ចោលទៅគៀនជញ្ជាំង ដ្បិតបើនិយាយចេញមក ខ្លាចគេថាយើងអន់ ។ តាមពិត បរាជ័យក៏ជាបទពិសោធន៍ដែរ ។ ហើយវាប្រហែលជាអាចជួយឲ្យអ្នកដទៃមើលឃើញនូវចំណុចល្អនានា សម្រាប់យកទៅស្តារបញ្ហារបស់មនុស្សដែលត្រូវរស់ជាមួយនឹងការបរាជ័យ ។
ខ្ញុំគ្មានអ្វីអួតនឹងគេទេ ។ ប៉ុន្តែ បើរឿងបរាជ័យក្នុងជិវិត ប្រហែលជាមាន ។ មនុស្សស្ទើរតែគ្រប់រូប កើតមកមានគោលដៅពីរនៅក្នុងដំណើរជីវិត ។ ទីមួយស្វែងរកពុទ្ធិ ឬចំណេះដឹងមិនថារៀននៅក្នុងសាលាឬរៀនអំពីញាតិមិត្តចាស់ទុំនៅក្នុងភូមិឡើយ ។ ទីពីរគឺស្វែងរកគូស្រករដើម្បីបន្តពូជពង្សវង្សផៅ ។ កត្តាទាំងពីរនេះជាមូលដ្ឋានគ្រឹះនៃការបង្កបង្កើតទ្រព្យក៏ដូចជាសុភមង្គល ។ យើងចំណាយពេលអស់មួយជីវិតគឺដើម្បីបំណងចម្បងពីរនេះឯង ។ ប៉ុន្តែ វត្ថុបំណងទាំងពីរនេះ ក៏ហុចលទ្ធផលពីរផងដែរៈ ជោគជ័យនិងបរាជ័យលាយឡំគ្នា ។ ជីវិតដែលទទួលបានជោគជ័យច្រើនជាងបរាជ័យ អាចចាត់ទុកថាជោគជ័យ ។ ក៏ប៉ុន្តែ សម្រាប់ជីវិតដែលទទួលបានការបរាជ័យច្រើនជាងជោគជ័យ តើបានអ្វីអួតនឹងគេ? ដើម្បីផ្លាស់ប្តូរបរិយាកាស ខ្ញុំសូមលើកយកការបរាជ័យនៅក្នុងជីវិតមកអួត "ក្នុងចម្ការ" សារណានេះបន្តិចទៅចុះ ។
បើនិយាយអំពីការស្វែងរកពុទ្ធិបញ្ញា ខ្ញុំអាចនិយាយថាទទួលបានជោគជ័យបានដូចបំណង ។ ក៏ប៉ុន្តែ បើនិយាយអំពីការយកពុទ្ធិបញ្ញាទៅប្រកបការងារគាំពារការរស់នៅវិញ ខ្ញុំមិនទទួលបានជោគជ័យទៅតាមអ្វីដែលខ្ញុំប៉ងប្រាថ្នានោះទេ ។ បើនិយាយអំពីរឿងស្នេហ៍ដើម្បីកែប្រែជីវិតរកសុភមង្គល ខ្ញុំក៏រងគ្រោះខ្វល់ខ្វាយចំណាយចិត្តស្ទើរតែអស់មួយជីវិតដែរ ។ ការបរាជ័យទាំងពីរគោលដៅរបស់ខ្ញុំនេះ វាមិនដល់ថ្នាក់បំផ្លាញជីវិតខ្ញុំទេ ដ្បិតខ្ញុំនៅរស់នៅឡើយ ។ ក៏ប៉ុន្តែ វាបានបំផ្លាញពេលវេលារបស់ជីវិតខ្ញុំអស់ច្រើនគួរសម ។
កាលខ្ញុំចេញដំណើរទៅសិក្សានៅមហាវិទ្យាល័យដើម្បីស្វែងរកពុទ្ធិមកទ្រទ្រង់ជីវិត ខ្ញុំបានរៀបគម្រោងជាក់លាក់និងច្បាស់លាស់ជាទីបំផុត ។ ខ្ញុំមាននិស្ស័យខាងតាក់តែងអត្ថបទតាំងតែពីដឹងក្តីមក ហើយក៏មានចំណង់ចំណូលចិត្តខាងការសរសេរពត៌មានតាំងតែពីតូចក្រូចឆ្មារមកដែរ ។ ដូច្នេះ គ្មានអ្វីលំបាកសម្រាប់ខ្ញុំឡើយក្នុងការរៀនសូត្រឲ្យក្លាយជាអ្នកសរសេរសារពត៌មាន ។ ដើម្បីជាសំណាញ់សុវត្ថិភាព (Safety Net) ខ្ញុំបន្ថែមការសិក្សាផ្នែកអភិបាលកិច្ចសាធារណៈ (Public Administration) មួយមុខទៀត ។ ជាមួយនឹងចំណេះដឹងដ៏ទូលំទូលាយនេះ លំហការងាររបស់ខ្ញុំហាក់ដូចជាគ្មានអ្វីត្រូវព្រួយឡើយ ។ ខ្ញុំចំណាយពេលប្រាំឆ្នាំ ដើម្បីបញ្ចប់ការសិក្សានៅក្នុងដំណាក់កាលទីមួយរបស់ខ្ញុំ ហើយក៏ចេញស្វែងរកការងារធ្វើ ដើម្បីទ្រទ្រង់ជីវិតក៏ដូចជាប្រមើលមើល ថាតើគួរស្វែងរកពុទ្ធិបន្ថែមទៀតឬក៏លាចាកសិក្ខាបទ ។ ការងារអាជីពដំបូងបំផុតដែលខ្ញុំប្រាថ្នានឹងប្រកបគឺអ្នកសារពត៌មានជាមួយនឹងស្ថាប័នវិទ្យុសម្លេងខ្មែរនៃសហរដ្ឋអាមេរិក (VOA) ។ ខ្ញុំបានទៅធ្វើកម្មសិក្សានៅទីនោះរយៈពេល ៦ខែ មុននឹងខ្ញុំបង្ហាញអំពីបំណងប្រាថ្នារបស់ខ្ញុំប្រាប់ប្រធានគ្រប់គ្រងដែលមានដើមកំណើតជាខ្មែរដែរ ។ ជាមួយនឹងការហ្វឹកហ្វឺនផ្នែកសារពត៌មានចេញពីសាកលវិទ្យាល័យរបស់អាមេរិកាំង ផ្គួបជាមួយនឹងចំណេះដឹងទាំងភាសាខ្មែរនិងអង់គ្លេសស្ទើរតែឥតខ្ចោះ ខ្ញុំគិតថាគ្មានឧបស័គ្គអ្វីដែលជារបាំងនោះឡើយ ។ ខុសស្រឡះ! ប្រធានផ្នែកផ្សព្វផ្សាយភាសាខ្មែរបានប្រាប់ខ្ញុំមួយឃ្លាយ៉ាងខ្លីថា គាត់គ្មានសិទ្ធិយកខ្ញុំឲ្យចូលធ្វើការងារនៅទីនោះទេ ។ គាត់ឲ្យខ្ញុំទៅសួរនាំនៅកន្លែងគ្រប់គ្រងបុគ្គលិក (Human Resources) ។ ខ្ញុំទៅសួរនាំនៅកន្លែងគ្រប់គ្រងបុគ្គលិក គេប្រាប់ថាត្រូវធ្វើតេស្ត ។ ខ្ញុំសុំគេធ្វើតេស្ត គេថាត្រូវមានបទពីសោធការងារពាក់ព័ន្ធនិងពត៌មានមួយឆ្នាំទើបគេអនុញាតឲ្យខ្ញុំប្រឡង ។ ខ្ញុំដើរចេញហើយគ្រវីក្បាលដោយហួសចិត្ត ។ បន្ទាប់ពីនោះ ខ្ញុំចំណាយពេលជិតមួយឆ្នាំស្វែងរកការងារអាជីពជាអ្នកសារពត៌មាន ប៉ុន្តែមិនសមប្រកបឡើយ ។ ខ្ញុំក៏សម្រេចស្វែងរកការងារក្នុងអាជីពអភិបាលកិច្ចសាធារណវិញម្តង ។ ដំណាក់កាលទីមួយនៃការចាប់ផ្តើមគឺស្ថាប័នស្ម័គចិត្តភីសខ័រ (Peace Corps Volunteer) ។ ជាថ្មីម្តងទៀត Peace Corps អនុញាតិឲ្យចូលរួមក្នុងការងារស្ម័គចិត្តរបស់គេតែអ្នកមានសញ្ជាតិអាមេរិកាំងប៉ុណ្ណោះ ។ ខ្ញុំមិនទាន់មានសញ្ជាតិអាមេរិកាំងនៅឡើយ ។ ដូច្នេះ ជំហានទីមួយនៃការងារផ្នែករដ្ឋបាលរបស់ខ្ញុំក៏ត្រូវអាក់ខានផងដែរ ។ ខ្ញុំស្វែងរកការងាររដ្ឋបាលនៅក្នុងស្ថាប័នជាច្រើនផ្សេងទៀត នៅក្នុងជួររដ្ឋាភិបាលអាមេរិកាំង ក៏ប៉ុន្តែ ភាគច្រើនគេតម្រូវឲ្យបេក្ខជនមានសញ្ជាតិអាមេរិកាំង ។ ងាកមកមើលលទ្ធភាពនៃការសុំចូលសញ្ជាតិអាមេរិកាំងរបស់ខ្ញុំ ក៏មិនដឹងជានៅភ្លឺឯណាដែរ ។ ខ្ញុំចូលមករស់នៅក្នុងសហរដ្ឋអាមេរិកជាលក្ខណៈ Parole ស្រដៀងគ្នានឹងអ្នកសុំសិទ្ធិជ្រកកោននយោបាយ ។ ខ្ញុំត្រូវរស់នៅជាជនអន្តោប្រវេសន៍ប្រភេទនេះពី ៤ទៅ៥ឆ្នាំ ទម្រាំអាចសុំប្តូរទៅជាពលរដ្ឋអចិន្ត្រៃយ៍ (Permanent Resident) ។ ពីពលរដ្ឋអចិន្ត្រៃយ៍ទៅដល់ការអាចសុំចូលសញ្ជាតិ ត្រូវរង់ចាំ៥ឆ្នាំទៀត ។ ដោយហេតុតែការយឺតយ៉ាវផ្នែកអភិបាលកិច្ច ខ្ញុំមិនទាន់មានសិទ្ធិក្លាយខ្លូនជាពលរដ្ឋអចិន្ត្រៃយ៍នៅឡើយទេ ។ ដូច្នេះ បំណងប្រាថ្នារបស់ខ្ញុំបានមកជួបនឹងឧបស័គ្គដ៏ធំមួយ ។ ក៏ប៉ុន្តែ ខ្ញុំនៅសល់ច្រកចេញមួយទៀតដែរ គឺស្រុកខ្មែរ ។ ខ្ញុំមានមិត្តភក្តិជិតស្និទ្ធមួយចំនួនដែលជាមន្ត្រីរាជការនៅស្រុកខ្មែរ ។ ពួកគេអាចយឹតយោងយកខ្ញុំឲ្យចូលក្នុងក្របខ័ណ្ឌមន្ត្រីបាន ។ ប៉ុន្តែ មានចំណុចខ្លះៗដែលធ្វើឲ្យខ្ញុំរារែក ។ ចំណុចធំបំផុតគឺអំពើពុករលួយ ។ ខ្ញុំទទួលបានការអប់រំតាមរបៀបទំនើបនៅបស្ចឹមប្រទេស ។ ដូច្នេះ បើខ្ញុំធ្លាក់ចូលក្នុងអបាយមុខពុករលួយ ខ្ញុំប្រាកដជាអាចប្រព្រឹត្តិវាបានប្រសើរជាងអ្នកដទៃ ។ ទីបំផុត ខ្ញុំសម្រេចលះបង់នូវអ្វីដែលខ្ញុំប្រាថ្នាក្នុងជីវិត រាប់បញ្ចូលទាំងពេលវេលាដែលបានចំណាយ ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំទទួលស្គាល់ការបរាជ័យនៅក្នុងសង្គ្រាមស្វែងរកការងារអាជីពរបស់ខ្ញុំ ក៏ប៉ុន្តែខ្ញុំមិនទាន់ចុះចាញ់នៅក្នុងសមរភូមិនៅឡើយទេ ។ ទាញយកយុទ្ធសាស្ត្រទី ៣៦ របស់ ស៊ុន ស៊ូ (Tsun Tsu) មកប្រើ ខ្ញុំសម្រេចដកថយឬដកឃ្លាចេញអំពីការតស៊ូមួយរយៈ ដើម្បីស្វែងរកមធ្យោបាយស្តារការបរាជ័យរបស់ខ្ញុំ ។
បន្ទាប់ពីយកសញ្ញាប័ត្រទាំងពីររបស់ខ្ញុំទៅទុកនៅក្នុងឡាំងក្រដាសកញ្ចាស់មួយជាមួយនឹងសៀវភៅរៀនរបស់ខ្ញុំ (មកដល់ថ្ងៃនេះខ្ញុំមិនដឹងថាសញ្ញាប័ត្ររបស់ខ្ញុំនៅក្នុងឡាំងមួយណាទេ) ខ្ញុំទៅបន្តធ្វើការងារជាអ្នកលក់ដូរសម្លៀកបំពាក់នៅក្នុងហាងតូចមួយដើម្បីរកកម្រៃមកទ្រទ្រង់ជីវិត ។ សល់ពេលទំនេរខ្លះៗ ខ្ញុំបន្តរៀនពីចម្ងាយ (Correspondence) ។ គឺនៅទីនោះហើយដែលខ្ញុំបានភពប្រសព្វនឹងការងារអាជីពរបស់ខ្ញុំ ។ ការងារដែលខ្ញុំមិនបានហ្វឹកហាត់ជាមុន ហើយក៏គ្មានចំណេះជំនាញអ្វីដែរ ។ វាជារឿងចៃដន្យ និងជាចៃដន្យដែលផ្តល់ឲ្យខ្ញុំនូវអ្វីៗលើសអំពីក្តីរំពឹងរបស់ខ្ញុំ ។
នៅកន្លែងផ្តល់សេវាជូនអតិថិជន (Customer Services) ក្នុងហាងលក់សម្លៀកបំពាក់ បុគ្គលិកប្រៃសនីយ៍តែងតែយកកាសែតសហគមដែលគ្មាននរណាអានតូចមួយ មកដាក់លើតុរៀងរាល់ថ្ងៃ ។ គ្មាននរណាជាវកាសែតនោះទេ ។ វាជាប្រភេទ Junk mails (ក្រដាសស្នាមអត់បានការ) ដែលខ្ញុំគ្រវាត់ចោលក្នុងធុងសំរាមរាល់ថ្ងៃគួរឲ្យធុញជាទីបំផុត ។ ចៃដន្យអ្វី ថ្ងៃមួយនោះខ្ញុំឃើញរូបថតឡានចេញថ្មីនៅលើទំព័រកាសែតអត់បានការ ក៏យកមកមើលបន្តិចសិនមុននឹងគ្រវាត់វាចោលក្នុងធុងសំរាម ។ នៅក្បែររូបឡាននោះ មានប្រកាសស្វែងរកបុគ្គលិកសរសេររបាយការណ៍តូចមួយ ។ ពាក្យពីបីម៉ាត់ដែលគេសរសេរលើនោះគឺ៖ បេក្ខជនត្រូវមានចំណាប់អារម្មណ៍អំពីសង្គមនិងនយោបាយ (Candidate must be interested in social and political issues) ។ សរសេររបាយការណ៍! មិនដឹងថាគេមានបែបបទធ្វើកិច្ចការនេះដូចម្តេចទេ ក៏ប៉ុន្តែហាក់ដូចជាមានអ្វីមួយជម្រុញចិត្តខ្ញុំឲ្យទាក់ទងទៅកាន់កន្លែងនោះ ។ ខ្ញុំហែកសេចក្តីប្រកាសរកបុគ្គលិកទុកក្នុងហោប៉ៅមុននឹងគ្រវាត់ក្រដាសកាសែតនោះចោល ។ ពីរថ្ងៃក្រោយមក ខ្ញុំសរសេរសំបុត្រភ្ជាប់ជាមួយនឹងរ៉េហ្សូមេផ្ញើទៅឲ្យស្ថាប័ននោះ ទាំងមិនដឹងថាតើកិច្ចការដែលខ្ញុំសុំខ្លួនធ្វើបុគ្គលិកនោះមានសណ្ឋានដូចម្តេចផងទេ ។ មេក្លោងនៅទីនោះ ជ្រើសរើសយកខ្ញុំឲ្យចូលធ្វើការទាំងទើសទាល់ ដ្បិតគាត់មិនប្រាកដក្នុងចិត្តថាខ្ញុំអាចធ្វើកិច្ចការនោះកើតឡើយ ។ ថ្ងៃទីមួយ គេឲ្យនារីរមទមម្នាក់ទៅហ្វឹកហ្វឺនខ្ញុំដល់កន្លែងធ្វើការតែម្តង ។ វាជាកិច្ចប្រជុំរបស់គណកម្មាធិការគ្រប់គ្រងឱសថនិងបរិក្ខាពេទ្យរបស់សហរដ្ឋអាមេរិក (Food and Drug Administration) ។ គេដាក់តុមួយឲ្យយើងអង្គុយទល់មុខប្រធានគណកម្មាធិការ ហើយស្ថិតនៅក្រោមក្រសែភ្នែករបស់សមាជិកគណកម្មាធិការគ្រប់ៗរូប ។ ខ្ញុំបុកពោះតិចៗ នៅពេលបានយល់កន្លែងដែលខ្ញុំត្រូវធ្វើការងារ ។ មុនកិច្ចប្រជុំចាប់ផ្តើម អ្នកហ្វឹកហ្វឺនខ្ញុំទាញកៅអីមកឲ្យខ្ញុំអង្គុយហើយឆ្លៀតពន្យល់ខ្ញុំអំពីពិធីការ (Protocol) ខ្លះៗ ។ ពាក្យទីមួយដែលចេញពីមាត់គាត់គឺ៖ ការងារនេះមិនអាចមានកំហុសទេ ។ គាត់ឲ្យខ្ញុំអង្គុយមើលគាត់ធ្វើការងាររហូតដល់ពេលសម្រាកអាហារថ្ងៃត្រង់ ។ កិច្ចការពេលរសៀលរហូតដល់ល្ងាច គាត់អង្គុយមើលខ្ញុំធ្វើវិញម្តង ។ ល្ងាចនោះ មុនពេលយើងបែកគ្នាត្រឡប់ទៅផ្ទះរៀងខ្លួន អ្នកហ្វឹកហ្វឺនខ្ញុំកត់លេខទូរសព្ទទុកឲ្យខ្ញុំហើយប្រាប់ថា បើមានបញ្ហាអ្វីហៅគាត់ឲ្យមកជួយដ្បិតស្អែកនេះ ខ្ញុំមកធ្វើកិច្ចការបន្តតែម្នាក់ឯងទេ ។
ការសរសេររបាការណ៍ឲ្យគណកម្មាធិការដែលមានទម្រង់ខុសៗគ្នា មានភាពលំបាកគួរសមដែរ ។ ខ្ញុំចំណាយពេលជាច្រើនឆ្នាំទម្រាំសម្របខ្លួនបាន ។ វាជាការងារដែលខ្ញុំធ្វើប្រៀបបាននឹងកម្មករម្នាក់ប៉ុណ្ណោះ ដ្បិតសមាជិកគណកម្មាធិការភាគច្រើន ជាឥស្សរជន ។ ខ្ញុំមិនដែលគិតអ្វីក្រៅតែអំពីធ្វើកិច្ចការហើយត្រឡប់មកផ្ទះ ដេកឲ្យឆ្អែតដើម្បីយកកម្លាំងទៅធ្វើកិច្ចការនៅថ្ងៃស្អែកទៀត ។ ថ្ងៃមួយនោះ ប្រធានគណកម្មាធិការសួរមកខ្ញុំថាតើខ្ញុំរៀបចំខ្លួនហើយឬនៅមុននឹងគាត់ចាប់ផ្តើមកិច្ចប្រជុំ (Are you ready?) ។ ខ្ញុំងក់ក្បាលជាសញ្ញាហើយគិតក្នុងចិត្តថា តើខ្ញុំធំជាងគាត់ឬក៏គាត់ធំជាងខ្ញុំ? វាមិនមែនជារឿងធំតូចអ្វីទេ ។ វាជាសុជីវធម៌ដែលខ្ញុំមិនបានចាប់ភ្លឹក ដ្បិតការសួរនាំនេះកើតមានជារឿយៗរាប់ឆ្នាំមកហើយ ។ សុជីវធម៌និងសារសំខាន់នៃការងារ បានដាស់សតិខ្ញុំឲ្យពិចារណាសាឡើងវិញនូវកិច្ចការផងទាំងពួងដែលខ្ញុំបានជួបប្រទះ (Encountered) ជាច្រើនឆ្នាំកន្លងមកនេះ ។ ខ្ញុំបានរៀននិងយល់ដឹងយ៉ាងច្រើនអនេកកប្បការអំពីការវិវត្តន៍នានា ទាំងផ្នែកវេជ្ជសាស្ត្រ វិទ្យាសាស្ត្រ សេដ្ឋកិច្ច នយោបាយ យោធា និងវិស័យផ្សេងៗទៀតដែលមនុស្សលោកកំពុងអភិវឌ្ឃ ។ "Are you ready (to realize what had been under your nose)? (តើអ្នកដឹងទេថាអ្នកកំពុងអង្គុយនៅលើពំនូកចំណេះដឹងដ៏ច្រើនសន្ធឹកសន្ធាប់?)" ។ នេះជារឿងចៃដន្យមួយទៀតដែលធ្វើឲ្យខ្ញុំភ្ញាក់រលឹកថា ខ្ញុំគឺជាមេមាន់ដែលកំពុងក្រាបពងនៅក្នុងជង្រុកស្រូវ ។ បរាជ័យលើវិស័យការងារអាជីពរបស់ខ្ញុំចប់ដោយសង្ខេប ។
ស្នេហាបរាជ័យ ។ បើគិតជាអត្រាអាពាហ៍ពិពាហ៍ដែលបរាជ័យនៅសហរដ្ឋអាមេរិក មានចំនួនប្រមាណជា៤០ភាគរយ ។ នេះមិនបូកបញ្ចូលការបែកបាក់គ្នាក្នុងនាមជាសង្សារឬគូដណ្តឹងផងទេ ។ នៅក្នុងសម័យទំនើបនេះ មានមនុស្សតិចតួចណាស់ដែលមិនរងផលប៉ះពាល់ស្នេហាមិនសមប្រកប ។ ខ្ញុំមានវាសនារាងយ៉ាប់ជាងគេបន្តិច បើនិយាយអំពីប្រការនេះ ។
នៅក្នុងរឿងស្វែងរកគូស្រករ ខ្ញុំមានជំនឿមួយគឺថា គូស្នេហ៍គួរតែជួបពិភាក្សាគ្នា(ដោយគ្មានការជ្រៀតជ្រែកពីសំណាក់ម៉ែឪ)អំពីគម្រោងជីវិតឲ្យបានល្អិតល្អន់ជាមុនសិន មុននឹងសម្រេចចិត្តចាប់ដៃគ្នាជាប្តីប្រពន្ធ ។ មិនដឹងថាគំនិតនេះកើតមានពីថ្ងៃណាមកទេ ប៉ុន្តែខ្ញុំដឹងថាវាមាននៅក្នុងផ្នត់គំនិតខ្ញុំមុនពេលដែលខ្ញុំមករស់នៅសហរដ្ឋអាមេរិក ។ ដូច្នេះ ខ្ញុំជាយុវជនខ្មែរមួយរូបដែលឃ្លាតចេញ (Stray) អំពីទំនៀមទម្លាប់ខ្មែរ ។ គឺការឃ្លាតចេញនេះហើយ ដែលធ្វើឲ្យខ្ញុំរងគ្រោះព្រោះរឿងស្នេហា ។ ខ្ញុំចាប់ផ្តើមស្វែងរកគូស្រករនៅអាយុ ៣៤ឆ្នាំ ។ តាមពិតនៅពេលសិក្សានៅសាកលវិទ្យាល័យ ប្រសិនបើខ្ញុំភ្ជាប់ទំនាក់ទំនងសង្ខារជាមួយនឹងមិត្តភក្តិបដិភេទរបស់ខ្ញុំ ខ្ញុំប្រហែលជាមិនលំបាកជាមួយនឹងការស្វែងរកគូស្រករទេ ។ ក៏ប៉ុន្តែ ខ្ញុំដាក់វិន័យខ្លួនឯងយ៉ាងតឹងរឹងមិនឲ្យមានទំនាក់ទំនងស្នេហានៅអំឡុងពេលសិក្សាឡើយ ។ ម៉្យាងទៀត ខ្ញុំទៅរៀននៅសាលារយៈពេលពីរឆ្នាំចុងក្រោយ មិនដែលបានជួបនារីខ្មែរម្នាក់ផង ។
ការស្វែងរកនារីខ្មែរនៅក្រៅសាលា មិនជាលំបាកណាស់ណាទេ ។ អ្វីដែលជាកត្តាលំបាកនោះ គឺការជួបពិភាក្សាគ្នាអំពីគោលដៅជីវិតតែពីរនាក់តតួ ។ ទម្រាំតែទទួលបានការអនុញាតអំពីភាគីពាក់ព័ន្ធ ខ្ញុំត្រូវធ្វើមុខឆ្កែស្រែជម្រៅប្រកបដោយភាពអត់ធ្មត់ខ្លាំង ។ ពេលខ្លះការប្រឹងប្រែងរបស់ខ្ញុំបានទទួលត្រឹមតែការខ្ពើមរអើម ដ្បិតមនុស្សដែលដើរខុសទំនៀមទម្លាប់គ្មាននរណាគេចង់មើលមុខឡើយ ។ ខ្ញុំព្យាយាមភ្ជាប់និស្ស័យជាមួយនឹងនារីខ្មែរនៅសហរដ្ឋអាមេរិកចំនួនបីលើក ។ ប៉ុន្តែ ទទួលបរាជ័យទាំងបីលើក ។ បន្ទាប់ពីបានទៅទស្សនកិច្ចនៅស្រុកខ្មែរពីរបីដង ខ្ញុំក៏បែកគំនិតទៅរកគូស្រករនៅទីនោះវិញម្តង ។ បន្ទាប់ពីនារីម្នាក់បដិសេធការប៉ុនប៉ងភ្ជាប់និស្ស័យរបស់ខ្ញុំ ខ្ញុំបានទៅភពប្រសព្វនឹងនារីពីររូបផ្សេងទៀត ម្នាក់ជាមិត្តភក្តិរបស់ក្មួយជីដូនមួយខ្ញុំ និងម្នាក់ទៀតជាមិត្តរបស់មិត្តភក្តិខ្ញុំ ។ យើងគ្មានពេលនឹងពិភាក្សាគ្នាទេ ដ្បិតពេលវេលានិងស្ថានភាពគ្រួសារមិនអនុញាតិ ។ ខ្ញុំសម្រេចលះបង់គោលគំនិតខ្ញុំចោល ហើយក៏លះបង់មិត្តភក្តិរបស់ក្មួយស្រីខ្ញុំដែរ ដោយជ្រើសយកមនុស្សម្នាក់ដែលខ្ញុំមិនសូវស្គាល់សាវតា ។ វាជាការធ្វើដំណើរផ្សងព្រេង From one extreme to another ។ ការផ្សងព្រេងជាមួយនឹងបុព្វេសន្និវាស (Life Destiny) នោះ មិនបានសមប្រកបទេ ។ ដប់ឆ្នាំក្រោយមក យើងក៏ចែកផ្លូវគ្នា ។ នេះគឺជាបរាជ័យនៅក្នុងដំណាក់កាលទីមួយនៃជីវិតស្នេហារបស់ខ្ញុំ ។ ក៏ប៉ុន្តែ ខ្ញុំចាញ់តែសង្គ្រាមទេ ។ នៅលើសមរភូមិ ខ្ញូំមិនទាន់ចុះចាញ់ឡើយ ។
បន្ទាប់ពីអង្គុយសមាធិមួយរយៈ ខ្ញុំសម្រេចចេញធ្វើសកម្មភាពសាជាថ្មី ។ សម្រាប់ខ្ញុំរឿងរកគ្រួសារមិនអាចប្រើយុទ្ធសាស្ត្រ "ដេកផ្ទះឈ្នះឯង" បានទេ ។ បើគ្មានកម្ម គឺដឹងតែពីអត់ផលហើយ! ខ្ញុំសរសេរសេចក្តីប្រកាសស្វែងរកគូស្រករមួយ ហើយផ្ញើទៅឲ្យមិត្តម្នាក់ដែលជាអ្នកបង្កើតវេបសាយ (Blog) នយោបាយខ្មែរដ៏មានប្រជាប្រីយ៍ជួយផ្សព្វផ្សាយឲ្យ ។ វាជារឿងមិនធម្មតាសម្រាប់យើងជាខ្មែរ ដែលហ៊ានផ្សាយរកគូស្រករជាសាធារណនាគ្រានោះ ។ ដើម្បីជៀសវាងញាតិមិត្តទូរសព្ទមកតេះដៀលខ្ញុំ ខ្ញុំទិញសំបុត្រយន្តហោះទុករួចស្រេច ។ ថ្ងៃមិត្តខ្ញុំផ្សាយប្រកាសនោះ ក៏ជាថ្ងៃដែលខ្ញុំចាកចេញទៅទស្សកិច្ចនៅស្រុកខ្មែរដែរ ។ មានអ្នកមេម៉ាយតែម្នាក់គត់ ឆ្លើយតបនឹងសេចក្តីប្រកាសនោះ ។ គាត់មិនហ៊ានសរសេរសារមកខ្ញុំដោយផ្ទាល់ទេ ។ គឺឲ្យមិត្តភក្តិជិតស្និទ្ធម្នាក់សរសេរមកខ្ញុំ ។
ទៅដល់ស្រុកខ្មែរ ខ្ញុំបានជួបនឹងឱកាសដ៏កម្រមួយ ។ ប្អូនជីដូនមួយខ្ញុំដែលជាសវនកត្រួតពិនិត្យរោងចក្រកាត់ដេរនានា បានណែនាំឲ្យខ្ញុំស្គាល់នារីធ្វើការនៅក្នុងរោងចក្រមួយចំនួន ។ យើងទាំងពីរនាក់ក៏បង្កើតគម្រោងស្វែងរកសង្សារឲ្យខ្ញុំ ។ អំឡុងពេលខ្ញុំស្នាក់នៅស្រុកខ្មែរ ខ្ញុំមានឱកាសជួបប្រាស្រ័យទាក់ទងជាមួយនឹងគោលដៅបេះដូងចំនួនបួននាក់ ។ បរាជ័យទាំងបួនដង ។ ជិះយន្តហោះត្រឡប់មកផ្ទះវិញ គ្មានអ្វីនៅក្នុងចិត្តដែលបង្កឲ្យអារម្មណ៍ត្រេកត្រអាលឡើយ ។ មកដល់សហរដ្ឋអាមេរិក ខ្ញុំបានណាត់ជួបនឹងអ្នកមេម៉ាយចាយពាក្យពេចន៍ ។ មុននឹងយើងជួបគ្នា ខ្ញុំបានទៅដកធ្មេញមុខមួយចោល ព្រោះវាឈឺខ្លាំងពេក ។ បុរសគ្រហុបធ្មេញនិងអ្នកមេម៉ាយ នាំគ្នាទៅទទួលទានអាហារពេលល្ងាចនៅក្នុងភោជនីយដ្ឋានមួយក្បែរដងស្ទឹង ។ យើងជជែកគ្នាពីនេះពីនោះប្រកបដោយភាតរភាព ។ ពីរថ្ងៃក្រោយជំនួបនោះ គាត់សរសេរលិខិតមកប្រាប់ខ្ញុំថាមិនមានចំណាប់អារម្មណ៍ទេ (There is no spark or chemistry between us) ។ ខ្ញុំថ្លែងអំណរគុណគាត់ដែលបានចំណាយពេលវេលាជួបជាមួយខ្ញុំដោយសុទ្ធចិត្ត ។ សរុបទាំងអស់ ដំណាក់កាលទីពីរនៃបុព្វេសន្និវាសក្នុងជីវិតខ្ញុំនេះ ទទួលបរាជ័យប្រាំដងទៀតហើយ ។
នៅក្នុងអគារខុនដូដែលខ្ញុំរស់នៅ មានប្តីប្រពន្ធចាស់ទុំខ្មែរមួយគូរស់នៅក្បែរបន្ទប់ខ្ញុំ ។ គាត់គ្មានកូនទេហើយរាប់អានខ្ញុំដូចជាកូនក្មួយ ។ គាត់តែងតែហៅខ្ញុំឲ្យទៅជួយចាក់បញ្ចាំងវីឌីអូថេប ឬក៏ឌីវីឌី ជាប្រចាំនៅពេលវាមិនឮសម្លេងឬមិនចេញរូប ។ ថ្ងៃមួយ នៅពេលគាត់ហៅខ្ញុំឲ្យទៅជួយកែកុនម៉ាសុីនវីឌីអូរបស់គាត់ អ្នកមីងគាត់យកកូនខ្សែរកពាត (Pearls) តូចមួយមកកាន់ក្នុងដៃហើយនិយាយរអ៊ុសៗថា៖ "ឯងថាផ្ញើខ្សែរកនេះទៅចងដៃវា មិនទាន់បានផ្ញើផងគេផ្តាច់ពាក្យបាត់" ។ ខ្ញុំកំពុងតែរុះរើខ្សែវីឌីអូ មិនសូវជាចាប់អារម្មណ៍ទេ ។ ប៉ុន្តែ ពាក្យពេចន៍គាត់ហាក់ដូចជាមានអ្វីមកទាក់អារម្មណ៍ខ្ញុំ ។ ខ្ញុំក៏សួរទៅគាត់ដោយមិនបាច់ងាកទៅរកគាត់ថា៖ "អ្នកណាគេមីង"? ក្មួយជីដូនមួយមីងនៅស្រុកខ្មែរ ។ នៅមិនដល់មួយខែទៀតផងចូលរោងការ ស្រាប់តែឮថាផ្តាច់ពាក្យនឹងគ្នាហើយ ។ "អាណិតណាស់ហ្ន!" ខ្ញុំឧទានរួចហើយក៏ហីទៅ ។ ប្រហែលមួយអាទិត្យក្រោយមក ខ្ញុំក៏នឹកឃើញរឿងចម្លែកមួយ ។ មនុស្សបរាជ័យនៅក្នុងរឿងស្នេហា តើអាចមានទឹកចិត្តច្នៃប្រតិស្តកែប្រែរឿងអភ័ព្វនៅក្នុងជីវិតឲ្យក្លាយទៅជាប្រយោជន៍បានទេ ។ ខ្ញុំយករឿងក្នុងចិត្តខ្ញុំទៅពិគ្រោះជាមួយនឹងអ្នកមីងជិតខាងនោះ ។ គាត់ក៏យល់ព្រមធ្វើជាអ្នកនាំពាក្យឲ្យខ្ញុំ ។ បន្ទាប់ពីទទួលបានការយល់ព្រមពីមនុស្សពាក់ព័ន្ធ គាត់ផ្តល់លេខទូរសព្ទរបស់នាងមកឲ្យខ្ញុំទាំងមិនអស់ចិត្ត ។ គាត់ថា ខ្ញុំមិនដែលស្គាល់នាង សូម្បីតែរូបនាងដូចម្តេចក៏មិនដែលឃើញ តើឲ្យខ្ញុំទៅស្រឡាញ់មនុស្សដែលមិនដែលឃើញរូបដូចម្តេចទៅ ។ គាត់ខំរើមើលរូបថតចាស់ៗ ថតពេលគាត់ទៅលេងស្រុកខ្មែរកាលពីជិត១០ឆ្នាំមុនក្រែងលោមានរូបនាង ។ ខ្ញុំថាមិនចាំបាច់ទេ ខ្ញុំមានមធ្យោបាយនឹងស្វែងយល់អំពីនាងហើយ ប្រសិនបើនាងព្រមសន្ទនាជាមួយនឹងខ្ញុំ ។
ទូរសព្ទភ្ជាប់និស្ស័យបានធ្វើឡើងនារាត្រីមួយវេលាម៉ោងប្រមាណជា ៨កន្លះល្ងាច ត្រូវនឹងម៉ោង៨កន្លះព្រឹកនៅស្រុកខ្មែរ ។ នាងលើកទូរសព្ទហើយប្រាប់ខ្ញុំថាកំពុងធ្វើដំណើរចុះបេសកកម្មទៅកាន់ទីក្រុងកំពង់សោម ។ ជៀសវាងការរំខាន ខ្ញុំសុំអុីម៉ែលរបស់នាងដើម្បីផ្ញើសារណែនាំវិញ ។ មុនចូលគេញ ខ្ញុំសរសេរសារមួយទំព័រផ្ញើទៅឲ្យនាង ដោយប្រាប់នាងថាខ្ញុំមាន Skype សម្រាប់សន្ទនាគ្នាដោយងាយស្រួល (សម័យនោះមិនទាន់មានហ្វេសប៊ុកទេ ។ Skype ផ្តល់លទ្ធភាពឲ្យយើងជជែកគ្នាដូចហ្វេសប៊ុកមេសេងហ្ជ័រដែរ) ។ ស្អែកឡើង នាងសរសេរសារឆ្លើយមកខ្ញុំវិញ ។ ខ្ញុំបើកទំព័រ ស្កែប របស់ខ្ញុំឃើញមានមនុស្សចម្លែកព្យាយាមអែតហ្វ្រេនមកខ្ញុំ ។ ខ្ញុំរៀបនឹងលុបវាចោល តែមានអ្វីមកទប់ចិត្តខ្ញុំកុំឲ្យលុប ។ ខ្ញុំទទួលយករីក្វេសពីមនុស្សចម្លែកនោះ ។ ដឹងអី មនុស្សចម្លែកដែលខ្ញុំប្រុងទាត់ចោលនោះ ជាមនុស្សដែលខ្ញុំព្យាយាមតាមញ៉ែ ។ ខ្ញុំសួរនាងថាហេតុអ្វីក៏ប្រើឈ្មោះខុសគ្នា ។ នាងថា ទៅបន្ទោសមេឃុំទៅ ព្រោះសរសេរអក្សរ ថ និង ផ មិនច្បាស់លាស់បានជាវាច្រឡំបល់ដូច្នេះ ។ ឈ្មោះពិតរបស់នាងគឺ ថានី ឯឈ្មោះផ្លូវការក្នុងបញ្ជីជាតិបែរជាសរសេរថា ផានី ទៅវិញ ។ ប៊ីសឡុងចុងរហូតដល់ខ្ញុំ ។
ការផ្តួចផ្តើមភ្ជាប់ទំនាក់ទំនងសង្ខាររបស់ពួកយើង មិនជាសាំញ៉ាំណាស់ណាទេ ។ បន្ទាប់ពីសាសងគ្នាតាមសារបានរយៈពេលមួយអាទិត្យ យើងក៏សម្រេចនិយាយគ្នាដោយផ្ទាល់មាត់តាមរយៈតេលេខន់ហ្វឺរិនដែលអាចបង្ហាញរូបភាព ។ លក្ខខ័ណ្ឌរបស់យើងគឺមិននិយាយអំពីមនុស្សទីបី ហើយក៏មិននិយាយអំពីជីវិតកាលពីអតីតកាលដែរ ។ យើងផ្តោតតែទៅលើបច្ចុប្បន្ននិងអនាគតតែប៉ុណ្ណោះ ។ រឿងដទៃអំពីនេះ គឺជាសិទ្ធិរបស់បុគ្គលទាំងសងខាងជាអ្នកសម្រេចនៅក្នុងការចែលរំលែក (Self-disclosure) ។ នៅគ្រាទីមួយដែលយើងជួបមុខគ្នាតាមរយៈទូរសាសព្ទនោះ (Teleconference) នាងបានបង្វិលរូបនាងឲ្យដាំក្បាលចុះក្រោម ។ ខ្ញុំសុំឲ្យនាងបង្វិលរូបនាងឲ្យបញ្ឃរត្រង់ឡើងវិញ ដ្បិតពិបាកមើលណាស់ ។ នាងថានាងមិនដឹងធ្វើដូចម្តេចទេទើបបង្វិលកើត ព្រោះវាជាកំព្យូទ័ររបស់ស្ថាប័ន ។ កុហក! ។ ខ្ញុំចំណាយពេលនិយាយជាមួយនឹងក្មេងច្រឡឺមនោះ Upsidedown រហូតដល់ចប់ការសន្ទនាគ្នា ។ មុននឹងបញ្ចប់ ខ្ញុំបានលួចថតរូបនាងពីរបីប៉ុស្ត ដើម្បីបង្វិលមើលឲ្យបានច្បាស់លាស់បន្តិច ។
ខ្ញុំបានព្យាយាមស្វែងរកនារីខ្មែរដែលក្លាហានហ៊ាននិយាយជាមួយនឹងប្រុសស្មើមុខគ្នា ។ ឥឡូវបានជួបហើយ ។ មិនត្រឹមតែក្លាហានទេ ឯករាជទៀតផង ។ ការដាក់រូបនាងនិយាយជាមួយខ្ញុំដាំក្បាលចុះក្រោមដូច្នោះ បានន័យថានាងគឺនាង ខ្ញុំគឺខ្ញុំ ។ សំពត់នៅក្នុងផ្នត់ ។ បើចង់ស្គាល់ជាក់លាក់ ចូលឲ្យជិតហើយលាតត្រដាងមើល ។ យើងសេរសរសារសន្ទនាគ្នាគ្មានលស់ថ្ងៃឡើយ ។ ថ្វីដ្បិតតែយើងមិនបានសន្សំសារនោះទុក វាប្រហែលជាមិនតិចជាង ៥០០ទំព័រទេ ។ ក្នុងមួយអាទិត្យ យើងជួបនិយាយគ្នាតាមទូរសាសព្ទម្តង ។ ដោយហេតុតែយើងមានអាយុខុសគ្នាមួយជំនាន់ ពាក្យពេចន៍ដែលខ្ញុំប្រើធ្វើឲ្យនាងខឹងម្តងម្កាល ។ ដើម្បីជៀសវាងការភាន់ច្រឡំផ្តាច់ចំណងមេត្រីជាយថាហេតុ ខ្ញុំសំណូមពរនាងអនុញាតិឲ្យខ្ញុំធ្វើការបកស្រាយពន្យល់ (Clarify) ជាមុនសិនមុននឹងសម្រេចផ្តាច់ទំនាក់ទំនងសង្ខារ ។ ខ្ញុំបានសម្រាំងបទចម្រៀងរបស់លោក សុីន សុីសាមុត ប្រហែលជាម្ភៃបទទាក់ទងនឹងរឿងស្នេហា ទុកផ្ញើលួងចិត្តនាងពេលនាងខឹង ។ ខ្ញុំថែមទាំងសម្រាំងបទចម្រៀងពិសេសពីរបទផងដែរគឺបទ ប្រឡងជាប់ហើយ និងបទ អុចធូបទៅអូន ទុកសម្រាប់អបអរដំណឹងអំពីនាងយល់ព្រមទទួលយកខ្ញុំ និងថ្ងៃចូលរោងការ ។ វាជាក្តីរំពឹងដែលនៅឆ្ងាយដូចជើងមេឃ ។ ក៏ប៉ុន្តែ សុទិដ្ឋិត្រូវតែមាន ។ ក្រៅអំពីនេះ ខ្ញុំក៏ចាប់ផ្តើមសរសេរកំណាព្យមនោសច្ចេតនាប្រភេទប្រលោមលោកខ្នាតខ្លីមួយ រៀបរាប់អំពីអ្វីៗដែលយើងលើកយកមកពិភាក្សាគ្នា ។ ខ្ញុំប្រាប់នាងឲ្យដឹងអំពីការសរសេរប្រលោមលោកផ្ទាល់ខ្លួនរបស់យើង ព្រោះនាងជាតួអង្គម្នាក់ដែរនៅក្នុងរឿងស្នេហាចៃដន្យនេះ ។ វាជារឿងដែលគ្មានអ្នកណាធ្លាប់ធ្វើសោះឡើយ ។ ប្រលោមលោកនៅក្នុងអក្សរសិល្ប៍ខ្មែរ ច្រើនតែបញ្ចប់ជាមួយនឹងសោកនាដកម្ម ។ ឯរឿងខ្ញុំនិងនាងត្រូវបញ្ចប់ដោយរបៀបណានោះ គ្មាននរណាអាចព្យាករណ៍បានទេ ។ មានតែយថាកម្មប៉ុណ្ណោះ (Eventuality) ដែលអាចសម្រេចជោគវាសនានៃប្រលោមលោកស្នេហាជីវិតពិតនេះ ។
កម្ម អាចនាំសុខឬនាំទុក្ខគ្រប់ពេលវេលា ។ យើងចំណាយពេលប្រហែលមួយខែប៉ុណ្ណោះ នៅក្នុងការស្វែងរកបុព្វេសន្និវាសរបស់យើង ។ ដោយហេតុតែយើងដឹងជាក់លាក់អំពីគោលដៅរបស់យើង យើងដើរត្រង់ភ្លឹងតែម្តងប្រៀបដូចជាមនុស្សពីរនាក់ចរចាគ្នាអំពីជំនួញមួយ (Business Deal) ។ មុននឹងសម្រេចចិត្តថាតើគួរបន្តទំនាក់ទំនងសង្ខាររបស់យើងឬយ៉ាងណា នាងបានសុំជួបខ្ញុំនិយាយអំពីរឿងសំខាន់ៗមួយចំនួន ។ ស្អែកឡើង នៅពេលខ្ញុំកំពុងធ្វើការងារនៅក្នុងកិច្ចប្រជុំមួយ នាងផ្ញើសារមកប្រាប់ខ្ញុំថានាងយល់ព្រមភ្ជាប់និស្ស័យស្នេហាជាមួយនឹងខ្ញុំ ។ ខ្ញុំត្រេកអរប្រៀបដូចជាក្មេងប្រឡងឌីប្លូមជាប់លេខ ១ ។ ចង់ងើបរាំចាក់ត្លុកដែរ តែទីកន្លែងមិនអំណោយទាន ។ ខ្ញុំផ្ញើបទចម្រៀង ប្រឡងជាប់ហើយ ទៅឲ្យនាងជាមួយនឹងពាក្យអរគុណមួយម៉ាត់យ៉ាងខ្លី ។ ប្រការដែលខ្ញុំត្រេកអរនោះ មិនមែនត្រេកអរដោយសារទទួលបានជោគជ័យនៅក្នុងការតស៊ូដ៏វែងអន្លាយមួយនេះទេ ។ វាគ្រាន់តែជាជោគជ័យអន្តរកាលប៉ុណ្ណោះ (Transitional success) ។ កត្តាដែលធ្វើឲ្យខ្ញុំត្រេកអរនោះគឺទីមួយ ខ្ញុំបានធ្វើអ្វីដែលជាគោលគំនិតរបស់ខ្ញុំនៅក្នុងការស្វែងរកគូស្រករ ។ និងទីពីរ ខ្ញុំអាចបញ្ចប់ប្រលោមលោកស្នេហា actual របស់ខ្ញុំជាមួយនឹងពាក្យពេចន៍ដែលបរិយាយភាពរីករាយ ។ នៅថ្ងៃដែលខ្ញុំស្លាប់ ប្រសិនបើភរិយានិងកូនៗរបស់ខ្ញុំស្ថិតនៅក្បែរខ្លួនខ្ញុំនៅឡើយ នោះអាចសន្មត់ថាជីវិតស្នេហារបស់ខ្ញុំ ទទួលបានជោគជ័យនៅទីបំផុត បន្ទាប់ពីបរាជ័យច្រើនអន្លើ ៕
អរគុណដែលបានចំណាយពេលអានរឿងរ៉ាវជីវិតដ៏វែងអន្លាយនេះ!
Saturday, September 4, 2021
ចំណីខួរក្បាល
ពិការញាណ (៣)
ម៉្ងៃនោះ ញាតិជិតខាងចាស់ទុំខ្ញុំម្នាក់បានលើកសំណួរមួយសួរខ្ញុំថា៖ ហេតុអ្វីក៏កុមារសម័យនេះសម្បូរកើតជំងឺ អូទីហ្សឹម (Autism) ម្លេះ? មីងឧស្សាហ៍ឮមនុស្សនិយាយអំពីបញ្ហានេះណាស់ ។ ខ្ញុំជម្រាបគាត់ថា អូទីហ្សឹមនេះ វាកើតមានជាមួយមនុស្សយើងយូរយាណាស់មកហើយ គ្រាន់តែសម័យមុនផ្នែកវេជ្ជាសាស្ត្រមិនសូវជឿនលឿន ។ ដូច្នេះ យើងក៏មិនសូវដឹងឮអំពីបញ្ហានេះ ។ ប៉ុន្តែ បច្ចុប្បន្ន យើងមានប្រព័ន្ធផ្សព្វផ្សាយទូលំទូលាយ ហើយមនុស្សភាគច្រើនក៏មិនសូវខ្មាសអៀនក្នុងការចែករំលែកបញ្ហាសតិបញ្ញានេះដែរ ។
នេះជាលើកទីបីហើយដែលខ្ញុំសរសេរអត្ថបទពាក់ព័ន្ធនឹងរឿងពិការញាណ ។ គួរកត់សម្កាល់ថា ខ្ញុំប្រើពាក្យ ពិការញាណ សម្រាប់ជំងឹពាក់ព័ន្ធនឹងសតិបញ្ញាចំនួនបីផ្សេងគ្នាដែលភាសាអង់គ្លេសហៅថា៖ Attention Deficit Hyperactivity Disorder (ADHD), Autism Spectrum Disorder (ASD), and Down Syndrome ។ មូលហេតុដែលខ្ញុំប្រើពាក្យ ពិការញាណ (Learning Disability) សម្រាប់ជំងឺទាំងបីនេះដ្បិតវាជាពាក្យមិនរើសអើងនិងមិនបន្ទាបបន្ថោកអ្នកជំងឺ ។
នៅក្នុងអត្ថបទនេះ ខ្ញុំសូមលើកយកតែអូទីហ្សឹមមកពិភាក្សា ។ ហើយខ្ញុំក៏សូមជម្រាបផងដែរថា ខ្ញុំមិនមែនជាវេជ្ជបណ្ឌិតឬក៏ជាអ្នកសិក្សាស្រាវជ្រាវអំពីជំងឺប្រសាទទេ ។ គោលដៅនៃការសរសេរអត្ថបទនេះ គឺគ្រាន់តែចង់ចែករំលែកពត៌មានដែលខ្ញុំបានជួបប្រទះប៉ុណ្ណោះ ។
ខ្ញុំបានចំណាយពេលប្រមាណជាជាង២៥ឆ្នាំ ក្នុងតួនាទីជាអ្នកកត់ត្រាកិច្ចប្រជុំនៃគណកម្មាធិការវិទ្យាសាស្ត្ររបស់ស្ថាប័នជាតិមួយចំនួននៃសហរដ្ឋអាមេរិក ។ នៅក្នុងការប្រកបកិច្ចការងារនេះ ខ្ញុំបានជួបនឹងប្រធានបទនិងរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតមនុស្សរាប់មិនអស់ ។ ពិការញាណគឺជារឿងមួយដែលខ្ញុំចាប់អារម្មណ៍ជាងគេ ដ្បិតវាពាក់ព័ន្ធនឹងការតស៊ូរបស់មនុស្ស ។ និយាយរួម មនុស្សទាំងអស់កើតមកសុទ្ធតែពិការញាណ គ្រាន់តែតិចហើយនិងច្រើន ។ បើនិយាយអំពី ADHD យើងមានគ្រប់ៗគ្នា ។ អូទីហ្សឹម យើងទទួលរងផលប៉ះពាល់មិនដល់ពីរភាគរយទេ ។ ក៏ប៉ុន្តែ បើគិតជាអត្រា វាច្រើនគួរសមដែរ ។ ក្នុងចំណោមមនុស្ស១០០នាក់ យ៉ាងហោចណាស់ក៏មានម្នាក់ដែលត្រូវរស់ជាមួយនឹងបញ្ហាសុខភាពសតិបញ្ញាអូទីហ្សឹមនេះ ។ គួរកត់សម្គាល់ថា អូទីហ្សឹម មានកម្រិតស្រាល មធ្យម និង ធ្ងន់ (Light, Mild, and Severe) ។ ខ្ញុំសូមលើកយកអូទីហ្សឹមកម្រិតមធ្យមមកពិភាក្សានៅទីនេះ ដ្បិតវាជាកម្រិតដែលមិនទាន់ដល់ថ្នាក់រកគ្រូពេទ្យឲ្យជួយ ក៏ប៉ុន្តែ វាត្រូវការការបីបាច់ថែទាំពិសេសពីសំណាក់ក្រុមគ្រួសារនិងញាតិមិត្ត ។
អូទីហ្សឹម មានរោគសញ្ញាសាមញ្ញមួយចំនួនដែលយើងអាចកត់សម្គាល់បានដោយមិនចាំបាច់ស្វែងរកជំនួយពីអ្នកជំនាញផ្នែកចិត្តសាស្ត្រ ។ បើជាកុមារ ជាទូទៅច្រើនតែក្រចេះនិយាយ (Delay speech) រពឹសឬសកម្មដូចចាប់ក្តាមដាក់ចង្អេរ និងមិនសូវស្តាប់បង្គាប់ដែលភាសាអង់គ្លេសហៅថា Non-conforming or Anti-social ។ ភាពមិនចុះសម្រុងនឹងសង្គម (Anti-social) គឺជាប្រធានបទមួយដែលខ្ញុំចង់លើកយកមកពិភាក្សានៅទីនេះ ។
ខ្ញុំធ្លាប់ជួបនារីពីររូបដែលរស់ជាមួយនឹងអាការអូទីហ្សឹមកម្រិតមធ្យម ។ អ្នកទាំងពីរបានបញ្ចប់ការសិក្សាកម្រិតសាកលវិទ្យាល័យនិងទទួលបានសញ្ញាប័ត្រប្រហាក់ប្រហែលគ្នា ។ ម្នាក់ជាអគ្គលេខាធិការនៃគណកម្មាធិការរបស់ស្ថាប័នរដ្ឋមួយ ។ ឯម្នាក់ទៀតមិនអាចរក្សាការងាររបស់ខ្លួនបានឡើយ ពីព្រោះនាងមិនអាចសម្របខ្លួនចូលទៅក្នុងសង្គមឲ្យបានដូចគេឯង ។ មនុស្សពីររូបមានសមត្ថភាពប្រហាក់ប្រហែលគ្នា មានអាការអូទីហ្សឹមដូចគ្នា ហេតុអ្វីក៏មានជោគវាសនាខុសគ្នាដូច្នេះ? ខ្ញុំបានយករឿងនេះមកពិចារណាក្នុងចិត្តជាច្រើនឆ្នាំ ។ នារីដែលបរាជ័យនៅក្នុងការស្វែងរកនិងរក្សាការងារដើម្បីទ្រទ្រង់ជីវិត បានមកចូលរួមនៅក្នុងកិច្ចពិភាក្សាមួយជាមួយនឹងគណកម្មាធិការស្រាវជ្រាវស្វែងយល់អំពីអូទីហ្សឹម ។ ឆ្លើយតបនឹងសំណួរមួយដែលថា តើមនុស្សទូទៅ "Normal people" គួរធ្វើដូចម្តេចដើម្បីជួយសម្រួលដល់ការរស់នៅរបស់មនុស្សដែលមានអូទីហ្សឹម? នាងឆ្លើយមួយប្រយោគដ៏ខ្លីថា៖ ខ្ញុំប្រាថ្នាឲ្យមនុស្សជុំវិញខ្ញុំ យល់អំពីអត្តចរិតខ្ញុំ (I wish people around me understand me better) ។ ក្តីប្រាថ្នាដ៏តូចនេះ ហាក់ដូចជាមិនលំបាកណាស់ណាទេ ។ ក៏ប៉ុន្តែ វាជារឿងមួយដែលមនុស្សរស់ជាមួយនឹងអាការអូទីហ្សឹមប្រឈមនៅក្នុងជីវិត ។
ការវិវត្តន៍របស់ជំងឺអូទីហ្សឹមគឺមិនដូចគ្នាទេ ។ When you see one autism, you see one autism (ករណីអូទីហ្សឹមនីមួយៗ មានទ្រង់ទ្រាយដាច់ដោយឡែកពីគ្នា) ។ នេះគឺជាការអះអាងរបស់អ្នកជំនាញម្នាក់ ។ ក៏ប៉ុន្តែ ខ្ញុំគិតថា ក្តីប្រាថ្នាឲ្យមនុស្សជុំវិញខ្លួន យល់អំពីអត្តចរិតរបស់ខ្លួន គឺជាចំណុចដូចគ្នាមួយដែលមនុស្សមានជំងឺអូទីហ្សឹមត្រូវការ ។ វាក៏ជាកត្តាជោគជ័យនិងបរាជ័យនៅក្នុងជីវិតផងដែរ ។
ការស្វែងយល់អំពីអត្តចរិតរបស់មនុស្សដែលមានអាការអូទីហ្សឹមពឹងផ្អែកលើការសង្កេតនិងពិចារណាបែបតក្កវិជ្ជា ។ វាមិនសូវជាស្មុគស្មាញប៉ុន្មានទេនៅក្នុងការស្វែងយល់អំពីមនុស្សប្រភេទនេះ ប្រសិនបើយើងព្យាយាមសង្កេតដោយប្រើយុទ្ធវិធី យោង ព្យួរ ត ភ្ជាប់ ។ ឧទាហរណ៍ មនុស្សពិការសរីរាង្គដូចជាខ្វាក់ភ្នែក រមែងពឹងផ្អែកឬយកត្រចៀកមកប្រើដើម្បីជាជំនួយដល់ការបាត់បង់ចក្ខុវិញ្ញាណ ។ ពិការជើង យកដៃមកប្រើជំនួសជើង ។ ឯមនុស្សពិការញាណក៏ប្រើយុទ្ធវិធីស្រដៀងគ្នានេះដែរ ។ ពិការញាណគឺពិការប្រាជ្ញា (មិនមែនទាំងស្រុងទេ) ។ មនុស្សពិការញាណដោយសារជំងឺអូទីហ្សឹមគឺបាត់បង់ ឬក៏ខ្វះខាតអ្វីមួយនៅក្នុងវិចារណញ្ញាណ ដែលភាសាអង់គ្លេសហៅថា Anomaly (ខុសប្រក្រតី) ។ វិចារណញ្ញាណ មកពីពាក្យពិចារណា បូកនឹង ញាណ ឬវិញ្ញាណ ។ មនុស្សពិការញាណអូទីហ្សឹម នៅក្នុងករណីខ្លះមិនអាចពិចារណាទៅតាមគោលការណ៍ក្របខ័ណ្ឌរបស់មនុស្សទូទៅទេ ។ ស្រដៀងគ្នានឹងមនុស្សពិការភ្នែកនិងជើងដែរ គឺចាំបាច់ត្រូវតែប្រើអវៈយវដទៃជំនួសឲ្យអ្វីដែលបាត់បង់ ។ ញាណ ឬវិញ្ញាណនៅក្នុងភាសាអង់គ្លេសហៅថា Conscience ។ នៅក្នុងវិញ្ញាណមាន ភវង្គវិញ្ញាណ ដែលភាសាអង់គ្លេសហៅថា sub-conscience ។ មនុស្សពិការញាណអូទីហ្សឹមពឹងលើភវង្គវិញ្ញាណច្រើន នៅក្នុងការប្រាស្រ័យទាក់ជាមួយនឹងពិភពខាងក្រៅដើម្បីទ្រទ្រង់ការរស់នៅរបស់ខ្លួន ។ មូលហេតុដែលយើងហ៊ានសន្និដ្ឋានដូច្នេះ គឺផ្អែកលើករណីមនុស្សដែលពិការភ្នែកនិងជើងដែលប្រើអវៈយវដទៃដើម្បីជាជំនួយដល់ការរស់នៅ ។
ភវង្គវិញ្ញាណ ឬ Sub-conscience គឺជាសភាវដែលយើងមើលមិនយល់ ស្មានមិនដល់ ពាល់មិនត្រូវ ។ ដូច្នេះ នៅពេលដែលមនុស្សអូទីហ្សឹមប្រើវិធីនេះដើម្បីប្រាស្រ័យទាក់ទង (Interact) ជាមួយនឹងមនុស្សទូទៅឬពិភពខាងក្រៅ វាធ្វើឲ្យមានរឿងភ្ញាក់ផ្អើល (Surprises) មិនចេះអស់មិនចេះហើយ ។ តើយើងគួរធ្វើដូចម្តេចទើបអាចយល់ ឬក៏អាចរួមរស់ក៏ដូចជាធ្វើការងារជាមួយនឹងមនុស្សដែលមានអាការអូទីហ្សឹម? ចម្លើយអាចនឹងមានច្រើន ក៏ប៉ុន្តែយើងអាចចាប់ផ្តើមអំពីការទទួលស្គាល់បុគ្គលិកលក្ខណៈរបស់បុគ្គលដោយមិនយកនិយាមរបស់សង្គមទៅធ្វើជាមូលដ្ឋានអនុវត្តន៍ ។
មុននឹងនិយាយអំពីស្ថានភាពជីវិតរបស់មនុស្សដែលរស់ជាមួយនឹងអាការអូទីហ្សឹម ខ្ញុំសូមលើកយកយុទ្ធវិធីខ្លះៗដែលអាចមានសារប្រយោជន៍ក្នុងការថែរទាំគាំពារកុមារដែលមានជំងឺអូទីហ្សឹម ។ ខ្ញុំធ្លាប់បានជួបមាតាបិតាជាច្រើនរូប ដែលបានលះបង់ការងារមកគាំពារកុមារអូទីហ្សឹម ។ ស្ទើរតែគ្រប់គ្នា ពួកគេនិយាយថា មិនត្រូវប្រៀបធៀបការអភិវឌ្ឍន៍របស់កុមារដែលមានអាការអូទីហ្សឹមជាមួយនឹងកុមារដទៃឡើយ ។ មានន័យថា ក្មេងអាយុ៦ឆ្នាំដូចគ្នា បើកូនគេអាចរាប់លេខដល់ចំនួន១០០ កូនឯងដែលមានអាការអូទីហ្សឹមមិនអាចរាប់ដល់១០ គ្មានអ្វីត្រូវទោមនស្សទេ ។ នេះគឺជាចំណុចដ៏សំខាន់បំផុតសម្រាប់មាតាបិតាឬអាណាព្យាបាល ដែលមានកុមារអូទីហ្សឹមនៅក្នុងបន្ទុក ។ ត្រូវចាំថា រោគសញ្ញាមួយក្នុងចំណោមរោគសញ្ញមួយចំនួននៃក្មេងអូទីហ្សឹមគឺ ក្រចេះនិយាយ ។ ជាទូទៅកុមារអូទីហ្សឹមជាពិសេសក្មេងប្រុស ចាប់ផ្តើមរៀននិយាយនៅអាយុ៣ឆ្នាំ ។ បានសេចក្តីថាការអភិវឌ្ឃន៍សតិបញ្ញារបស់កុមារនោះ អាចនឹងយឺតជាងកុមារដទៃ៣ឆ្នាំ ។ ដូច្នេះ យើងមិនអាចដើរតាមនិយាមសាលាឬនិយាមសង្គមនៅក្នុងការអប់រំថែរទាំគាំពារកុមារអូទីហ្សឹមឡើយ ។ បើវារៀនមិនទាន់គេ ឲ្យគេទៅមុនចុះ ។ មនុស្សពិការជើង និងមនុស្សមិនពិការជើង មិនអាចដើរនៅក្នុងល្បឿនស្មើរគ្នាបានទេ ។ ប៉ុន្តែ ដរាបណាយើងមិនឈប់ដើរ យើងគង់តែនឹងទៅដល់គោលដៅដូចគ្នា ។
នៅក្នុងភាសាអង់គ្លេសមានពាក្យមួយឃ្លាដែលនិយាយថា៖ The late bloomer (ផ្ការីកក្រោយគេ) ។ ពាក្យនេះមានន័យថាមនុស្សមានទេពកោសល្យក្នុងវ័យចម្រើន ។ កុមារអូទីហ្សឹមគឺមានសណ្ឋានជាផ្ការីកក្រោយគេ ។ ទេពកោសល្យរបស់ពួកគេអាចនឹងស្តែងចេញនៅក្រោយកុមារភាព ។ សំណួរមួយគឺថា តើកុមារអូទីហ្សឹមអាចវិវឌ្ឃស្មើគេឯងដែរទេនៅពេលចម្រើនវ័យ ។ វាអាស្រ័យលើកាសាបរលាបនៃសញ្ញាណមួយចំនួន ដែលញាំញីកុមារអូទីហ្សឹម ។ អាការអូទីហ្សឹមខ្លះអត់សាបរលាបទេ ។ វាគ្រាន់តែប្តូររូបភាពប៉ុណ្ណោះ ។ ឧទាហរណ៍ ការខ្លាចទីងងឹត ឬក៏មិនចូលចិត្តភាពកកកុញ (Afraid of crowd) ។ កត្តានេះ មនុស្សអូទីហ្សឹមច្រើនតែរកមធ្យោបាយគេច ឬក៏ស្វែងរកជំនួយពីសំណាក់ញាតិមិត្តជិតស្ឋិទ្ធ នៅពេលប្រឈមនឹងបញ្ហាដែលខ្លួនខ្លាច ។
ខ្ញុំសូមវិលទៅនិយាយអំពីយុវនារីដែលរៀនបានជោគជ័យហើយ តែមិនអាចយកចំណេះដឹងមកគាំពារការរស់នៅរបស់ខ្លួនបន្តិច ។ យើងមិនអាចដឹងបានទេថា តើហេតុអ្វីបានជានាងមិនអាចសម្របខ្លួនចូលក្នុងសង្គមការងារដូចគេដូចឯង ។ នៅពេលដែលខ្ញុំគិតអំពីប្រការនេះ ខ្ញុំគិតទៅដល់ពលិកម្មជាងម្ភៃឆ្នាំរបស់ឪពុកម្តាយនាងក៏ដូចជារូបនាង ដែលអសារបង់ ។ តើខំប្រឹងប្រែងបានប្រយោជន៍អី បើនៅទីបំផុតយើងមិនទទួលបានសារប្រយោជន៍អំពីការប្រឹងប្រែងនោះ? ខណៈដែលនាងមកថ្លែងសន្ទរកថាអំពីជីវិតនាងឲ្យគណកម្មាធិការស្តាប់ ខ្ញុំព្យាយាមសង្កេតមើលអាកប្បកិរិយា (Demeanor) របស់នាងយ៉ាងយកចិត្តទុកដាក់ ។ នាងមានរូបស្អាតបាត ឫកពារស្លូតបូត និងអាកប្បកិរិយាដូចមនុស្សផងទាំងពួងដែរ ។ បើនាងមិនប្រាប់ថានាងមានអាការអូទីហ្សឹម និងមានបញ្ហានៅក្នុងដំណើរជីវិត គ្មាននរណាម្នាក់អាចមើលដឹងថានាងមានជំងឺអូទីហ្សឹមឡើយ ។ ការសង្ស័យរបស់ខ្ញុំអំពីកត្តាដែលនាំឲ្យនាងធ្លាក់ចូលទៅក្នុងសភាពដែលគួរឲ្យអស់សង្ឃឹមក្នុងជីវិតនោះ គឺការខំប្រឹងប្រែងឲ្យទាន់គេឯង ទាំងការសិក្សា ទាំងការអភិវឌ្ឃន៍នានា ។ សំពាធនៃការខំប្រឹងប្រែងនោះ វាធ្ងន់ហួសកម្រិតដែលនាងអាចទ្រាំទ្របាន ។ អ្នកដែលធ្លាប់សិក្សាអំពីចិត្តវិទ្យា (Psychology) អាចយល់អំពីកត្តាមួយចំនួនដែលនាំទៅកាន់ការបាក់ទឹកចិត្ត ។ ករណីរបស់នាងគឺអាចបណ្តាលមកពីការបាក់ទឹកចិត្តនេះឯង ។ ទឹកចិត្តដែលបាក់ គឺពិបាកនឹងតភ្ជាប់វិញណាស់ ។ សូមមិនបកស្រាយរឿងបាក់ទឹកចិត្តទេ ព្រោះវាវែងឆ្ងាយហួសអំពីប្រធានបទនេះ ។ ចំណុចសំខាន់បំផុតដែលយើងគួរយល់ដឹងគឺភាពទន់ជ្រាយផ្នែកសតិអារម្មណ៍របស់មនុស្ស ជាពិសេសកុមារដែលមានអាការអូទីហ្សឹម (Emotional Weakness) ។ ជាញឹកញាប់ យើងតែងតែឃើញពត៌មាននិយាយអំពីយុវជនប៉ុនប៉ងធ្វើអត្តឃាតដោយលោតចុះពីលើស្ពាន ឬក៏អារសាច់ខ្លួនឯងជាដើម ។ សាធារណជនខ្លះពេបជ្រាយឬក៏រិះគន់ទង្វើទាំងនោះថាឆ្កួតៗ ។ ករណីអត្តឃាតប្រភេទនេះ ភាគច្រើនមិនមែនជាទង្វើឆ្កួតៗទេ ។ វាគឺជាការបរាជ័យនោក្នុងការតតាំងជាមួយនឹងភាពពិការញាណ ។
មុននឹងបញ្ចប់អត្ថបទនេះ ខ្ញុំសូមលើកយករឿងវិជ្ជមានខ្លះៗមកពណ៌នា ។ ការសិក្សាអំពីអូទីហ្សឹមទើបតែនឹងចាប់ផ្តើមនៅទសវត្សឆ្នាំ ១៩៤០ ។ ផ្អែកលើការសន្និដ្ឋានរបស់អ្នកសិក្សាផ្នែកនេះ បុគ្គលល្បីៗមួយចំនួនអាចជាមនុស្សរស់ជាមួយនឹងអាការអូទីហ្សឹម ។ ខ្ញុំសូមលើកយកបុគ្គលបីរូបដែលអ្នកស្រាវជ្រាវយល់ថា ជាមនុស្សមានអាការអូទីហ្សឹម ។ ទីមួយគឺលោក បេថូវិន (Beethowen) អ្នកសរសេរបទភ្លេងបុរាណរបស់អាល្លឺម៉ងដ៏ល្បីល្បាញ ។ ទីពីរលោក ថូម៉ាស់ អេឌីសុន (Thomas Edison) ជនជាតិអាមេរិកាំងដែលរកឃើញវិធីប្រើអំពូលភ្លើងអគ្គិសនីបំភ្លឺពិភពលោករហូតដល់សព្វថ្ងៃនេះ ។ និងទីបីលោក អាលបឺត អានស្តាញ រូបវិទូអាមេរិកាំងអម្បូរ ជីហ្វ ដ៏ល្បីល្បាញមួយរូបផងដែរ ។ ផ្អែកលើសាវតារបស់មនុស្សដ៏ល្បីល្បាញទាំងបីរូបនេះ ការកើតមកជាមួយនឹងអាការអូទីហ្សឹម ជាពិសេសអូទីហ្សឹមកម្រិតមធ្យម មិនមែនជាកត្តាដែលត្រូវឆាចោលជីវិតមួយនោះទេ ។ ថ្វីត្បិតតែកត្តាប្រឈមនិងភាពលំបាកមានច្រើនរាប់មិនអស់ សក្តានុពលដែលអាចទាញយកពីពិការភាពអូទីហ្សឹមនេះក៏មានវិសាលភាពធំដែរ ។ ចំណុចមួយទៀតគឺនិយាយអំពីវង្សត្រកូលនៃភាពពិការញាណអូទីហ្សឹម ។ តើវាអាចជាជំងឺតពូជដែរទេ? ឫសគល់នៃអូទីហ្សឹមគេមិនទាន់អាចបញ្ជាក់ឲ្យបានជាក់លាក់នៅឡើយទេ ។ ប៉ុន្តែ ផ្អែកលើការសង្កេត វាហាក់ដូចជារំលងមួយជំនាន់ៗ ។ ឧទាហរណ៍ កូនរបស់មនុស្សមានអាការអូទីហ្សឹម ជាទូទៅមិនមានអាការអូទីហ្សឹមទេ ។ ក៏ប៉ុន្តែ ចៅរបស់គាត់អាចមាន ។ ហើយវាបន្តរំលងមួយជំនាន់ៗដូច្នេះតរៀងទៅ ៕
Wednesday, August 18, 2021
ចំណីខួរក្បាល
អាហ្វហ្គានីស្ថាន
ការដួលរលំរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងស្ថានភាពច្របូកច្របល់នៅក្នុងប្រទេសនេះ បានធ្វើឲ្យពលរដ្ឋនានានៅក្នុងពិភពលោកតក់ស្លុតយ៉ាងខ្លាំង ។ មតិជាច្រើនបានថ្កោលទោសសហរដ្ឋអាមេរិកដែលចូលទៅធ្វើប្រតិបត្តិការណ៍សឹកកំចាត់ក្រុមភេរវក អាល់កៃដា តាំងពីឆ្នាំ២០០១មកនោះ ថាជាអ្នកនាំទុក្ខដល់ពលរដ្ឋអាហ្វហ្គានីស្ថាន ។ វាជារឿងដែលយើងគួរស្វែងយល់ឲ្យបានប្រាកដប្រជា ថាតើអ្នកណាសមជាអ្នកទទួលខុសត្រូវនៅក្នុងគ្រោះភ័យដ៏គួរឲ្យរន្ធត់នេះ ។
ព្រះពុទ្ធដែលជាអ្នកប្រាជ្ញដ៏ឧត្តមបំផុតនៅក្នុងលោកនេះ បានបន្សល់នូវគោលការណ៍គិតច្បាស់ដូចពន្លឺថ្ងៃមួយថា៖ រឿងរ៉ាវតូចធំនៅក្នុងជីវិត សុទ្ធតែមានហេតុរបស់វា (ទ្រឹស្តី កម្មនិងផល) ។ ដូច្នេះ មុននឹងយើងបន្ទោសភាគីណាមួយនៅក្នុងគ្រោះភ័យនៅអាហ្វហ្គានីស្ថាន យើងគប្បីស្វែងយល់អំពីហេតុនិងផលជាមុនសិន ។ ខ្ញុំស្គាល់អត្តចរិតនិងគោលនយោបាយរបស់សហរដ្ឋអាមេរិកខ្លះៗ ប៉ុន្តែមិនសូវជាក់ច្បាស់ដូចបញ្ញាជនជាច្រើនដែលបានសិក្សាអំពីប្រទេសនេះទេ ។ តាមការយល់ដឹងរបស់ខ្ញុំ សហរដ្ឋអាមេរិកជាប្រទេសតែមួយគត់នៅក្នុងពិភពលោក ដែលឈឺឆ្អាលអំពីសុខមាលភាពពលរដ្ឋដទៃច្រើនជាងគេ ។ មូលហេតុដែលខ្ញុំហ៊ានអះអាងដូច្នេះ មិត្តអ្នកអានអាចសង្កេតដោយខ្លួនឯងនៅពេលមានគ្រោះមហន្តរាយណាមួយ ដោយសង្គ្រាមក្តី ដោយគ្រោះធម្មជាតិក្តី អ្នកនឹងឃើញកញ្ចប់ចំណីអាហារនិងបរិក្ខាទ្រទ្រង់ជីវិតនានាដែលមានសញ្ញាដៃពីរចាប់គ្នា ។ បរិក្ខារទ្រទ្រង់ជីវិតទាំងនោះភាគច្រើនមានសរសេរពាក្យ USAID នៅលើកញ្ចប់ ។ ជំនួយរបស់ USAID នេះគឺមិនរើសមុខទេ (Non-discrimatory assistance) ។ តើប្រទេសមួយដែលមានចិត្តជួយអ្នកដទៃដោយមិនរើសមុខដូច្នេះ អាចទៅបង្កគ្រោះមហន្តរាយឲ្យអ្នកដទៃដែរទេ? នេះគឺជាសំណួរមួយដែលយើងគួរលើកយកមកពិចារណាមុននិងវាយតម្លៃថាដូច្នេះ ឬដូច្នោះ ។
សហរដ្ឋអាមេរិកបានចូលទៅធ្វើប្រតិបត្តិការណ៍កំចាត់ក្រុមភេរវក អាល់កៃដា នៅក្នុងប្រទេសអាហ្វហ្គានីស្ថានតាំងតែពីអ្នកថ្កោលទោសសហរដ្ឋអាមេរិកមួយចំនួន មិនទាន់ជ្រុះពន្លៃពីក្បាលម្លេះ គឺនៅឆ្នាំ២០០១ ។ កាលនោះ ក្រុមអាល់កៃដាបានបង្កសង្គ្រាមដោយឥតប្រកាសមួយជាមួយនឹងសហរដ្ឋអាមេរិក ដោយប្រើយន្តហោះចំណាប់ខ្មាំង (Hijacked airplanes) ចំនួនបួនគ្រឿង ។ យន្តហោះពីរគ្រឿងបានបើកទៅបុកបំផ្ទុះអគារខ្ពស់ៗពីរនៅបុរី នីវយ៉ក ។ មួយគ្រឿងទៀតបុកមន្ទីរ ប៉ង់តាហ្គូន ។ ឯមួយគ្រឿងចុងក្រោយបានធ្លាក់នៅក្នុងវាលចម្ការ ។ នៅក្នុងការវាយប្រហារភេរវកម្មនោះ មានមនុស្សជាងបួនពាន់នាក់បានស្លាប់និងរងរបួស ។ បន្ទាប់ពីស៊ើបអង្កេតដឹងថា ក្រុមអាល់កៃដាដែលមានមូលដ្ឋាននៅក្នុងប្រទេសអាហ្វហ្គានីស្ថានជាអ្នកបង្កសង្គ្រាមឥតប្រកាស់នោះ សហរដ្ឋអាមេរិកបានស្នើសុំឲ្យមេដឹកនាំតាលីបង់នៃប្រទេសអាហ្វហ្គានីស្ថានប្រគល់មេក្លោងអាល់កៃដាឈ្មោះ អូសាម៉ា ប៊ិនឡាដិន មកឲ្យសហរដ្ឋអាមេរិកផ្តន្ទាទោស ។ ក៏ប៉ុន្តែ អូសាម៉ា ប៊ិនឡាដិន ជាឪពុកក្មេករបស់ មូឡា អូម៉ា ដែលជាមេដឹកនាំពួកតាលីបង់នាគ្រានោះ ។ ដូច្នេះ វាជារឿងដែលមិនអាចធ្វើទៅកើត ។ សង្គ្រាមនៅអាហ្វហ្គានីស្ថានក៏បានកើតឡើង ដោយសារតែសាមគ្គីភាពរវាងឪពុកក្មេកនិងកូនប្រសានេះ ។ វាក៏ជាដើមចមនៃគ្រោះភ័យដែលកំពុងកើតមាននៅក្នុងប្រទេសអាហ្វហ្គានីស្ថាននាពេលបច្ចុប្បន្ន ។
និយាយអំពីការដកកងទ័ពរបស់អាមេរិកាំងនិងភាពច្របូកច្របល់បន្ទាប់ពីពួកតាលីបង់ចូលមកកាន់អំណាចនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននាគ្រាបច្ចុប្បន្នវិញម្តង ។ កងទ័ពរបស់អាមេរិកបានវាយកម្ទេចមូលដ្ឋាននិងសម្លាប់មេដឹកនាំក្រុមអាល់កៃដាបាននៅឆ្នាំ២០១១ ។ បេសកកម្មគួរតែត្រូវបានបញ្ចប់នៅគ្រានោះ ។ ក៏ប៉ុន្តែ ដោយហេតុតែប្រតិបត្តិការណ៍ស្វែងរកក្រុមអាលកៃដា បានធ្វើឲ្យប្រទេសអាហ្វហ្គានីស្ថានខូចខាតជាច្រើន ក្រុមសម្ព័ន្ធមិត្តដែលមានសហរដ្ឋអាមេរិកជាបង្គោល បានបន្តស្នាក់នៅដើម្បីស្តារហេដ្ឋារចនាសម្ព័ន្ធឲ្យអាហ្វហ្គានីស្ថានឡើងវិញអស់រយៈពេល១០ឆ្នាំទៀត (គួរកត់សម្គាល់ដែរថា សង្គ្រាមនៅអាហ្វហ្គានីស្ថានត្រូវគាំទ្រដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ) ។ ការជួយស្តារហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសនីមួយៗ មិនមែនជារឿងងាយស្រួលឡើយ ។ ប្រទេសអាហ្វហ្គានីស្ថាន ខុសអំពីប្រទេស ជប៉ុន និង កូរ៉េខាងត្បួង ដែលរងផលប៉ះពាល់សង្គ្រាមស្រដៀងគ្នានេះ ។ ពលរដ្ឋជប៉ុននិងកូរ៉េខាងត្បូងមិនមានបែងចែកជាច្រើនក្រុមទេ ។ ឯពលរដ្ឋអាហ្វហ្គានីស្ថានមានច្រើនក្រុមរស់នៅតាមរបៀបកុលសម្ព័ន្ធ ។ យើងអាចនិយាយថា ពលរដ្ឋអាហ្វហ្គានីស្ថានមានភក្តីភាពនិងផ្តល់អាទិភាពទៅលើកុលសម្ព័ន្ធរបស់ខ្លួនច្រើនជាងប្រទេសជាតិ ។ នេះមិនមែនមានន័យថាពលរដ្ឋអាហ្វហ្គានីស្ថានមិនខ្វល់អំពីប្រទេសខ្លួននោះទេ ។ នៅពេលមានសត្រូវមកពីខាងក្រៅមកយាយី ពួកគេតែងតែរួបរួមគ្នាកំចាត់សត្រូវនោះ រួចហើយត្រឡប់ទៅរួមរស់ជាមួយនឹងកុលសម្ព័ន្ធរបស់ពួកគេវិញ ។ វត្តមានរបស់កងទ័ពសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ថ្វីដ្បិតតែគ្មានការប្រកាសថាជាការឈ្លានពានពីសំណាក់សត្រូវមកពីខាងក្រៅក៏ពិតមែន ក៏ប៉ុន្តែមិនមានការទទួលស្គាល់ថាជាមិត្តទេ ។ ស្រដៀងគ្នានឹងការចូលកាន់កាប់ស្រុកខ្មែររបស់កងទ័ពវៀតណាមកាលពីឆ្នាំ ១៩៧៩ដែរ ។ ពលរដ្ឋខ្មែរនៅក្នុងប្រទេសនៅគ្រានោះ មិនដែលហ៊ានគិតថាយួនចូលមកឈ្លានពានស្រុកខ្មែរទេ ។ ក៏ប៉ុន្តែ ក្នុងចិត្តរបស់ពួកគេបន់ឲ្យតែកងទ័ពយួនចាកចេញ ។
ការដួលរលំរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន បន្ទាប់ពីអាមេរិកនិងសម្ព័ន្ធមិត្តចំណាយប្រាក់រាប់ពាន់លានដុល្លារដើម្បីកសាង អាចពាក់ព័ន្ធនឹងកត្តាជាច្រើន ។ ក៏ប៉ុន្តែ តាមការយល់ឃើញរបស់ខ្ញុំ មានកត្តាសំខាន់ពីរដែលជាគន្លឹះនៃការបរាជ័យ ។ ទីមួយ អំពើពុករលួយ ។ និងទីពីរការមើលរំលងនិន្នាការភក្តីភាពរបស់ពលរដ្ឋអាហ្វហ្គានីស្ថានជាមួយនឹងកុលសម្ព័ន្ធ ។ នៅក្នុងសង្គមមួយដែលយកភក្តីភាពជាមួយនឹងកុលសម្ព័ន្ធជាធំ ការបង្កើតកងទ័ពជាតិដែលមិនដើរតាមផ្នត់គំនិតកុលសម្ព័ន្ធ ប្រហែលជាគ្មានប្រសិទ្ធិភាពទេ ដ្បិតកងទ័ពមិនច្បាំងឡើយប្រសិនបើសត្រូវជាសមាជិកកុលសម្ព័ន្ធរបស់ខ្លួន ។ ចំណុចនេះហើយដែលធ្វើឲ្យក្រុមតាលីបង់ដើរចូលទៅកាន់វិមានរដ្ឋនៅក្នុងទីក្រុងកាប៊ុល ដោយមិនចាំបាច់បង្ហូរឈាមគ្នា ។ ពាក់ព័ន្ធនឹងយុទ្ធសាស្ត្រកុលសម្ព័ន្ធ យើងអាចសន្និដ្ឋានថារយៈពេល២០ឆ្នាំកន្លងទៅនេះ ក្រុមតាលីបង់បានបញ្ជូនសកម្មជនរាប់រយឬពាន់នាក់ឲ្យទៅធ្វើជាកងទ័ពជាតិ ។ ដូច្នេះ ការតតាំងគ្នាគឺក្រុមតាលីបង់បានឈ្នះមុនការប្រយុទ្ធរួចទៅហើយ ។ ឯរឿងពុករលួយយើងមិនចាំបាច់និយាយទេ ។ វាជាឱសថតែមួយគត់សម្រាប់បំផ្លាញរដ្ឋាភិបាលក៏ដូចជាប្រទេសជាតិ ។
ការដាក់ឲ្យភាគីណាមួយទទួលខុសត្រូវនៅក្នុងបញ្ហាអាហ្វហ្គានីស្ថាន គឺជារឿងដែលលំបាកជាទីបំផុត ។ សម្រាប់មនុស្សដែលមានផ្នត់គំនិតបន្ទោសអ្នកដទៃជាជាងខ្លួនឯង វាប្រាកដជាសហរដ្ឋអាមេរិកដែលជាអ្នកទទួលខុសត្រូវនៅក្នុងបញ្ហានេះ ។ ប៉ុន្តែ សម្រាប់មនុស្សដែលមានផ្នត់គំនិតទទួលខុសត្រូវខ្លួនឯងជាជាងបន្ទោសអ្នកដទៃ ពលរដ្ឋ ជាពិសេសក្រុមអ្នកដឹកនាំប្រទេសអាហ្វហ្គានីស្ថានជាអ្នកទទួលខុសត្រូវលើជោគវាសនារបស់ខ្លួន ។ សម្រាប់ខ្ញុំ ខ្ញុំសូមយកផ្នត់គំនិត គិត កម្ម ផល របស់ព្រះពុទ្ធមកធ្វើជាមូលដ្ឋានពិចារណាដោយមិនបន្ទោសឬក៏ថ្កោលទោសភាគីណាមួយឡើយ ។ វិបត្តិនៅអាហ្វហ្គានីស្ថាន គឺជាផលនៃកម្មរបស់មនុស្សជាច្រើនរូបដែលបានសាងជាច្រើនឆ្នាំកន្លងមកហើយ ។ អំណាចនៃកម្មនេះ នឹងបន្តស្តែងចេញមកទៀតដរាបណាឥទ្ធិពលរបស់វាមិនទាន់សាបរលាប ។ សូមឲ្យពលរដ្ឋអាហ្វហ្គានីស្ថាន ដែលបានចាប់កំណើតក្រោយព្រឹត្តិការណ៍ដែលជាដើមចមនៃកម្មកំណាច ឆ្លងផុតគ្រោះកាចដោយសុវត្ថិភាព ៕
Tuesday, April 6, 2021
ចំណីខួរក្បាល
សង្កេត
បន្ទាប់ពីបានឆ្លងកាត់ការធ្វើទុក្ខបុកម្នេញនិងកាប់សម្លាប់របស់ពួកខ្មែរក្រហម ដែលជាអាជ្ញាធរគ្រុបគ្រងប្រទេសអន្យតិរ្ថិយព្រៃផ្សៃរកលេខដាក់គ្មាន ខ្ញុំតែងតែលើកយកសំណួរមួយមកគិតក្នុងចិត្តជារឿយៗ៖ ហេតុអ្វីក៏មនុស្សនៅក្នុងពិភពលោក ជាពិសេសប្រទេសមហាអំណាចនានាគ្មានចិត្តជួយសង្គ្រោះជនរងគ្រោះ? បើនិយាយអំពីលទ្ធភាព គឺយើងអាចធ្វើបាន ។
តាំងតែពីសម័យ ប៉ុល ពត មកដល់ពេលនេះ វាមានរយៈពេលជាង ៤០ឆ្នាំហើយ ។ ព្រឹត្តិការណ៍សម្លាប់រង្គាលជីវិតមនុស្សស្រដៀងគ្នានោះក៏បានកើតមានដដែលជាដដែលជាច្រើនដងដែរ ។ វាជារឿងដែលគួរឲ្យស្អប់ខ្ពើមនិងឈឺចាប់ជាទីបំផុតដែលមនុស្សទូទៅ ទាំងគេទាំងខ្ញុំ បានត្រឹមតែអង្គុយមើលពួកមនុស្សឧត្បាតព្រៃផ្សៃបញ្ជាយោធាឲ្យបាញ់ប្រហារជីវិតមនុស្ស ហាក់ដូចជានៅក្នុងលោកនេះ គ្មាននរណាអាចមើលឃើញទង្វើរបស់ពួកគេឡើយ ។
ដើម្បីរក្សាសណ្តាប់ធ្នាប់ក៏ដូចជាទប់ស្កាត់កុំឲ្យប្រទេសមួយ ឬក៏ជនជាតិមួយ បំពារបំពានទៅលើជនជាតិមួយទៀត ប្រទេសទាំងអស់នៅក្នុងពិភពលោកបានបង្កើតឲ្យមានអង្គការសហប្រជាជាតិ និងសមាគមនិងសហគមមួយចំនួន ។ ប៉ុន្តែ ការបង្កើតសមាគមទាំងនេះ ហាក់ដូចជាគ្មានប្រយោជន៍អ្វីជាដុំកំភួនឡើយក្នុងការទប់ស្កាត់កុំឲ្យមនុស្សកាប់សម្លាប់គ្នា ។ តាមការសង្កេតរបស់ខ្ញុំ សហគមអន្តរជាតិរន្ធត់តក់ស្លុតនិងចាប់ផ្តើមធ្វើសកម្មភាពទប់ស្កាត់ការកាប់សម្លាប់គ្នានៅក្នុងករណីពីរ៖ ទីមួយការកាប់សម្លាប់មនុស្សធ្វើឡើងដោយជាតិសាសន៍ ឬជាតិពុន្ធុមួយ ទៅលើជាតិពុន្ធុមួយទៀត ។ ទីពីរគឺមនុស្សត្រូវស្លាប់ជិតដល់ខ្ទង់មុឺនឬសែននាក់សិន ទើបទទួលបានភាពញាប់ញ័រនិងប្រតិកម្មពីពិភពលោកខាងក្រៅ ។ សម្រាប់ការកាប់សម្លាប់គ្នាធ្វើឡើងដោយជនជាតិឯង (Self-Genocides) ដូចនៅក្នុងករណីប្រទេសកម្ពុជាសម័យខ្មែរក្រហម ប្រទេសសុីរី និង ប្រទេសភូមា ដែលកំពុងតែប្រព្រឹត្តទៅនាគ្រាបច្ចុប្បន្ន ការរំពឹងឲ្យអង្គការសហប្រជាជាតិឬក៏ប្រទេសមហាអំណាចណាមួយចូលមកជួយរំដោះគ្រោះ គឺមិនខុសអំពីការដេករំពឹងរង់ចាំព្រះបាទធម្មិកឡើយ ។ អ្វីទៅជាឧបសគ្គ?
នៅពេលយើងនិយាយអំពីការធ្វើអន្តរាគមរបស់អង្គការសហប្រជាជាតិ ដើម្បីទប់ស្កាត់ការកាប់សម្លាប់មនុស្សនៅក្នុងប្រទេសណាមួយ គឺយើងនិយាយអំពីប្រទេសចំនួនប្រាំដែលទទួលបានសិទ្ធិចាត់ចែងកិច្ចការនេះ ។ ប្រទេសទាំងប្រាំនោះគឺ៖ អាមេរិក បារាំង អង់គ្លេស រុស្សី និង ចិន ។ ការធ្វើអន្តរាគមរបស់អង្គការសហប្រជាជាតិដើម្បីដោះស្រាយបញ្ហានៅក្នុងប្រទេសណាមួយ ទាល់តែប្រទេសទាំងប្រាំនេះសម្រេចចិត្តជាឯកឆន្ទទើបធ្វើទៅបាន ។ បើមានប្រទេសណាមួយមិនយល់ស្រប ចង់មនុស្សស្លាប់ប៉ុន្មានលាននាក់ក៏ស្លាប់ទៅ ។ អង្គការសហប្រជាជាតិមិនអាចចូលទៅធ្វើអន្តរាគមបានឡើយ ។ នេះគឺជាឆ្អឹកទទឺងកមួយ ។ ម្យ៉ាងវិញទៀត រុស្សីនិងចិនដឹកនាំដោយជនផ្តាច់ការនិងកុម្មុយនីស្ត ។ សិទ្ធិមនុស្សនិងជីវិតមនុស្សមិនស្ថិតនៅក្នុងការគិតរបស់ពួកគេទេ ។ ចុះអាមេរិក បារាំង និងអងគ្លេស ដែលជាប្រទេសគាំទ្រសិទ្ធិមនុស្សនិងលើកតម្តើងសេរីភាពរបស់ពលរដ្ឋស្លូតត្រង់នោះ តើពួកគេមិនអាចធ្វើអ្វីកើតទេឬ? ចម្លើយគឺអាច ប្រសិនបើពួកគេមានឆន្ទៈ ។
ការធ្វើអន្តរាគមដើម្បីទប់ស្កាត់ការកាប់សម្លាប់មនុស្សនៅក្នុងប្រទេសណាមួយ វាជារឿងស្មុគស្មាញជាងការគិតរបស់មនុស្សទូទៅ ។ ច្បាប់អន្តរជាតិហាមមិនឲ្យប្រទេសមួយរំលោភបំពាន ឬក៏ចូលទៅជ្រៀតជ្រែកនៅក្នុងកិច្ចការរបស់ប្រទេសមួយទៀតទេ ។ ចំណុចនេះ វាជារបាំងរារាំងផង និងជាលេសសម្រាប់ប្រទេសដែលមានលទ្ធភាពចូលទៅទប់ស្កាត់អំពើមនុស្សឃាត អង្គុយមើលសោកនាដកម្មនៅចំពោះមុខផង ។ អាមេរិក បារាំង និង អង់គ្លេស អាចចូលទៅទប់ស្កាត់អំពើមនុស្សឃាតនៅក្នុងប្រទេសណាមួយបានដោយងាយ ។ ក៏ប៉ុន្តែក្រៅអំពីច្បាប់អន្តរជាតិដែលរារាំងពួកគេមិនឲ្យធ្វើសកម្មភាព នៅមានប្រទេសចិននិងរុស្សីដែលជាទូទៅមិនគាំទ្រអន្តរាគមទាំងនោះទេ ។ មិនតែប៉ុណ្ណោះ ចិននិងរុស្សីអាចលក់និងបញ្ជូនសព្វាវុធទៅឲ្យភាគីម្ខាងទៀត ដែលជាហេតុធ្វើឲ្យប្រតិបត្តិការមនុស្សធម៌នោះ ក្លាយទៅជាសង្គ្រាមរ៉ាំរ៉ៃ ។ ម៉្យាងទៀត បារាំងនិងអង់គ្លេសជាទូទៅគឺដើរតាមក្រោយអារិកាំងក្នុងនាមជាប្រទេសជំនួយ ។ ដូច្នេះ កិច្ចការមនុស្សធម៌ដើម្បីទប់ស្កាត់អំពើមនុស្សឃាតនៅក្នុងប្រទេសណាមួយ គឺតម្រូវឲ្យអាមេរិកាំងជាអ្នកនាំមុខ ។ អាមេរិកទៀតសោតក៏នៅមានចំណងមួយជាន់ទៀត មុននឹងអាចធ្វើសកម្មភាពមនុស្សធម៌ដើម្បីដោះស្រាយបញ្ហាមនុស្សឃាតនៅក្នុងតំបន់ណាមួយ ។
ខុសអំពីប្រទេសចិននិងរុស្សី ប្រធានាធិបតីអាមេរិកាំងគ្មានសិទ្ធិបញ្ជូនកងទ័ពទៅធ្វើអន្តរាគមនៅក្នុងប្រទេសណាមួយឡើយ ទោះបីក្នុងករណីមនុស្សធម៌ក៏ដោយ ។ នៅក្នុងករណីរងការវាយប្រហារដោយសត្រូវ ដូចជាព្រឹត្តិការណ៍កំពង់ផែ ភើលហាប័រ កាលសង្គ្រាមលោកលើកទី២ និងករណីវាយប្រហារដោយពួកភេរវករនៅឆ្នាំ ២០០១ ប្រធានាធិបតីអាចបញ្ជូនកងទ័ពវាយបកភ្លាមៗ ប៉ុន្តែត្រូវជូនដំណឹងនិងសុំការអនុញាតពីស្ថាប័នរដ្ឋសភានៅក្នុងរយៈពេល ៤៨ម៉ោង ។ បើគ្មានការយល់ព្រមពីស្ថាប័នរដ្ឋសភាទេ កងទ័ពអាមេរិកាំងមិនអាចធ្វើបេសកកម្មបានឡើយ ពីព្រោះរាល់បេសកកម្មនានាត្រូវការថវិកា ហើយអ្នកគ្រុបគ្រងថវិកានោះគឺរដ្ឋសភា មិនមែនប្រធានាធិបតីទេ ។ សមាជិករដ្ឋសភាអាមេរិកាំងមិនស្តាប់ឬក៏កម្រធ្វើតាមសំណូមពររបស់ប្រធាធិបតីណាស់ ។ ពួកគេធ្វើតាមតែអ្វីដែលពលរដ្ឋម្ចាស់ឆ្នោតចង់បានតែប៉ុណ្ណោះ ។ ដូច្នេះ ការសង្ឃឹមលើសហរដ្ឋអាមេរិកចុះទៅជួយជនរងគ្រោះដែលកំពុងរងការកាប់សម្លាប់ពីសំណាក់អាជ្ញាធរគ្រុបគ្រងរដ្ឋាភិបាលខ្លួននោះ គឺមិនខុសអំពីរំពឹងលើអង្គការសហប្រជាជាតិឡើយ ។ វាស្ថិតនៅឆ្ងាយហួសពីជើងមេឃទៅទៀត ។
សេចក្តីសង្ឃឹមរបស់ជនរងគ្រោះដោយសារអំពើមនុស្សឃាតមានតែមួយគត់ គឺពត៌មាន ។ នៅពេលជនផ្តាច់ការឬអាជ្ញាធរយោធាធ្វើរដ្ឋប្រហារដូចនៅប្រទេសភូមា ជំហានទីមួយដែលគេធ្វើគឺបិទពត៌មានមិនឲ្យលេចឮចេញក្រៅ ។ ពត៌មានអំពីអំពើមនុស្សឃាតមិនមែនជាអាវុធទេ ។ តែវាមានឥទ្ធិពលខ្លាំងជាងអាវុធទៅទៀត នៅពេលពលរដ្ឋដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិសេរីភាពបានឃើញ ។ ដូច្នេះហើយបានជារបបយោធានៅភូមាព្យាយាមបិទមធ្យោបាយផ្សព្វផ្សាយពត៌មាននានាបន្ទាប់ពីពួកគេធ្វើរដ្ឋប្រហារ ។ ជំហានទីពីររបស់របបផ្តាច់ការយោធាគឺប្រើយុទ្ធសាស្ត្រដករោមមាន់ម្តងមួយ ។ នេះគឺជាចំណុចសំខាន់មួយដែលយើងត្រូវយល់អំពីអត្តចរិតនៃរបបផ្តាច់ការយោធាដូចជាប្រទេសភូមាសព្វថ្ងៃ ។ ជនផ្តាច់ដែលឃោរឃៅ ជាទូទៅឆ្លាតណាស់ ។ កិច្ចការដែលពួកគេធ្វើគឺស្ថិតនៅក្នុងស្ថានភាពស្ទាបស្ទង់ជានិច្ច ។ យុទ្ធសាស្ត្រដករោមមាន់ម្តងមួយ គឺជាព្រះគម្ពីរ (Textbook) របស់ជនផ្តាច់ការព្រៃផ្សៃតាំងតែពីដើមរៀងមក ។ ឡេនីន ស្តាលីន ហុីត្លែរ មូសូលីនី សាដាម ហ៊ុសេន ហ្គាដាហ្វី ។ល។ សុទ្ធតែអនុវត្តយុទ្ធសាស្ត្រនេះ ។ មិន អោងហ្លេន នៅប្រទេសភូមាបច្ចុប្បន្នក៏កំពុងតែអនុវត្តគោលការណ៍នេះដែរ ។ ស្ទើរតែរៀងរាល់ថ្ងៃ យោធាភូមាបាញ់ប្រហារបាតុករមិនឲ្យស្លាប់និងរបួសលើសពី២០០នាក់ទេ ។ ធ្វើដូច្នេះគឺមិនខុសអំពីការប្រើព្រួញមួយបាញ់ត្រូវចាបពីរឡើយ ។ សហគមអន្តរជាតិមិនសូវជាតក់ស្លុតនិងចាប់អារម្មណ៍ ។ ផ្គួបប្រការនេះជាមួយនឹងការតាមចាប់ពួកបាតុករឯនេះបន្តិច ឯនោះបន្តិច ពលរដ្ឋភូមានឹងរស់នៅក្នុងស្ថានភាពភ័យខ្លាច ។ វាជាអំពើភេរវកម្មរបស់អាជ្ញាធរដោយយកលេសសណ្តាប់ធ្នាប់សង្គមមកធ្វើជាឡប់ឡែ ។ អ្វីដែលជារឿងឈឺចាប់ទ្វេដងនោះ គឺគេចោទបាតុករដែលទាមទាររកយុត្តិធម៌ថាជា ភេរវករ ។
សោកនាដកម្មនៅប្រទេសភូមាសព្វថ្ងៃ មិនមែនជារឿងថ្មីទេ ។ ហើយក៏មិនមែនជារឿងដែលគួរឲ្យភ្ញាក់ផ្អើលដែរ ។ មនុស្សដែលស្រឡាញ់យុត្តិធម៌មានច្រើនជាងមនុស្សប្រព្រឹត្តអំពើអយុត្តិធម៌ ។ បើយើងម្នាក់ៗនាំគ្នាថ្កោលទោសអ្នកដែលប្រព្រឹត្តអំពើអយុត្តិធម៌ វាប្រហែលជាមានប្រសិទ្ធភាពជាងអង្គុយរង់ចាំសកម្មភាពចេញពីអង្គការសហប្រជាជាតិឬសហរដ្ឋអាមេរិក ។ ជនរងគ្រោះរបស់របបណាតហ្សីអុីត្លែរមួយរូបបាននិយាយថា៖
First they came for the socialists, and I did not speak out—
Because I was not a socialist.
Then they came for the trade unionists, and I did not speak out—
Because I was not a trade unionist.
Then they came for the Jews, and I did not speak out—
Because I was not a Jew.
Then they came for me—and there was no one left to speak for me.
ដើម្បីបញ្ចប់អត្ថបទនេះ ខ្ញុំសូមបន្ថែមពាក្យមួយឃ្លាជាភាសាអង់គ្លេស៖ Silence is worse than inaction!
Sunday, March 14, 2021
ចំណីខួរក្បាល
ភូមា
នៅពេលឃើញពលរដ្ឋ ងើបបះបោប្រឆាំងនឹងអាជ្ញាធរយោធាផ្តាច់ការនៅក្នុងប្រទេសភូមា ខ្ញុំនឹកទៅដល់ព្រឹត្តិការណ៍ប្រឆាំងតវាជាមួយនឹងអាជ្ញាធរកុម្មុយនីស្តនៅភូមិភាគអឺរ៉ុបខាងកើតកាលពីទសវត្សឆ្នាំ ១៩៩០ ។ វាមានរយៈពេលបីទសវត្សមកហើយ ក៏ប៉ុន្តែព្រឹត្តិការណ៍នោះហាក់ដូចជានៅថ្មីៗនៅឡើយ ដោយហេតុថាបន្ទាប់ពីការបះបោនៅអឺរ៉ុបខាងកើត ព្រឹត្តិការណ៍នោះក៏បានរីករាលដាលទៅដល់តំបន់ដទៃផងដែរ ។ ប្រទេសខ្លះបានទទួលជោគជ័យក្នុងការទាញទម្លាក់ជនផ្តាច់ការកំណាចឃោរឃៅឲ្យរបូតរលូតពីតំណែង ។ ប្រទេសខ្លះទៀត ដូចជាប្រទេស លីប៊ី និង សុីរី ក៏ត្រូវធ្លាក់ចូលក្នុងស្ថានភាពសង្គ្រាមសុីវិលរុំារ៉ៃរហូតដល់សព្វថ្ងៃ ។ ប្រឈមនឹងផលវិបាកនេះ មានសំណួរមួយលើកឡើងថា៖ រស់នៅក្រោមអំណាចជនផ្តាច់ការ និងរស់ជាមួយនឹងសង្គ្រាមសុីវិល តើគួរជ្រើសរើសមួយណា? សម្រាប់អ្នកដែលមិនប្រឈមនឹងផលវិបាក យើងប្រាកដជានិយាយថា៖ យើងមិនអាចទទួលយកទាំងពីរ ។ ប៉ុន្តែ សម្រាប់អ្នកដែលត្រូវយកជីវិតទៅធ្វើដើមទុនដើម្បីជ្រើសរើស វាគឺប្រធានបទដ៏លំបាកឆ្លើយជាទីបំផុត ។
ក្នុងចំណោមប្រទេសនានាដែលរំដោះខ្លួនរួចអំពីកណ្តាប់ដៃនៃជនផ្តាច់ការនៅទសវត្សឆ្នាំ ១៩៩០ និងទសវត្សឆ្នាំ ២០០០ មានប្រទេសមួយដែលពិភពលោកហាក់ដូចជាចាប់អារម្មណ៍ជាងគេ ដ្បិតកម្លាំងស្នូលនៃការតស៊ូគឺបង្កើតឡើងដោយយុវជន ។ នោះគឺប្រទេស យូហ្គោស្លាវី ។ អ្នកដែលតាមដានព្រឹត្តិការណ៍នយោបាយពិភពលោក ប្រហែលជានៅចងចាំថា ប្រទេសយូហ្គោស្លាវី ក៏ដូចជាប្រទេសមួយចំនួននៅក្នុងប្លុកកុម្មុយនីស្តដែរ ត្រូវបានបំបែកជារដ្ឋតូចៗចំនួនបីគឺ ក្រូអេត្យា បុសនៀហឺសុីហ្គូវីណា និង យូហ្គោស្លាវី ។ បន្ទាប់ពីការបំបែករដ្ឋ យុវជនមួយក្រុមបានដឹកនាំការធ្វើបាតុកម្មអហឹង្សាមួយ ទាមទារឲ្យប្រធានាធិបតី ស្លូបូដាន់ មីឡូសូវីច ចាកចេញពីតំណែង ។ បាតុកម្មនោះប្រព្រឹត្តិទៅប្រកបដោយជោគជ័យនិងគ្មានការបង្ហូរឈាមគ្នាធំដុំឡើយ ។ លោក មីឡូសូវីច ក្រោយមកត្រូវបានតុលាការអន្តរជាតិចាប់ខ្លួនពីបទឧក្រិតកម្មប្រឆាំងមនុស្សជាតិ ហើយក៏បានធ្វើអត្តឃាតក្នុងមន្ទីរឃុំឃាំង ។
ប្រហែលជាជិតម្ភៃឆ្នាំមុន (មិនចាំថាឆ្នាំណាទេ) ខ្ញុំធ្លាប់បានជួបនឹងយុវជនមួយរូបដែលជាអ្នកដឹកនាំបាតុកម្មនៅយូហ្គោស្លាវី ។ គ្រានោះ ខ្ញុំជាអ្នកកត់ត្រារបាយការណ៍ឲ្យគណកម្មាធិការមួយ របស់បណ្ឌិតសភាជាតិអាមេរិកាំង ។ មិនចាំថាគណកម្មាធិការនោះ ធ្វើកិច្ចការពាក់ព័ន្ធនឹងអ្វីទេដ្បិតយូរឆ្នាំហើយ ។ វាអាចជាកិច្ចការពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ។ អ្វីដែលខ្ញុំនៅចងចាំច្បាស់ គឺថាយុវជនយូហ្គោស្លាវីនោះ និយាយភាសាអង់គ្លេសរអិលប្រៀបដូចជាមនុស្សចម្រើនវ័យនៅសហរដ្ឋអាមេរិក ។ កាលនោះគាត់អាយុប្រហែលជាទើបពាក់កណ្តាលម្ភៃឆ្នាំប៉ុណ្ណោះ ។ ប៉ុន្តែ ភាពឆ្លាតវាងវៃរបស់គាត់ គឺគួរឲ្យស្ញប់ស្ញែង ។ សមាជិកគណកម្មាធិការបណ្ឌិតសភាជាតិអាមេរិកាំង បានសួរគាត់នូវសំណួរជាច្រើនពាក់ព័ន្ធនឹងការតស៊ូដោយដៃទទេ តទល់ជាមួយនឹងកងកម្លាំងប្រដាប់អាវុធរបស់អាជ្ញាធរផ្តាច់ការ ដែលមានសព្វាវុធសព្វបែបយ៉ាង ។ យុវជននោះ រៀបរាប់អំពីយុទ្ធសាស្ត្រមួយចំនួនក្នុងការគៀរគរមនុស្សឲ្យចូលរួមធ្វើបាតុកម្ម ប៉ុន្តែពាក្យមួយម៉ាត់ដែលជាកត្តាស្លាប់រស់គឺ Nimble ។ ពាក្យនេះបើបកប្រែជាភាសាខ្មែរអាចមានន័យថា៖ បត់បែនប្រែប្រួលតាមសភាពការណ៍ប្រចាំថ្ងៃឲ្យទាន់ពេលវេលា ។ គាត់ក៏បានគូសបញ្ជាក់ដែរថា សាមគ្គីភាពនិងការចូលរួមពីសំណាក់មហាជនគ្រប់មជ្ឈដ្ឋាន គឺជាកត្តាចាំបាច់បំផុត ។ គាត់បានយករូបភាពមួយចំនួន ដែលកសិករយូហ្គោស្លាវី បើកត្រាក់ទ័រនិងឡានកាំមីញ៉ុងធំៗទៅចតឃាំងផ្លូវសំខាន់ៗជាច្រើន ដើម្បីរារាំងទប់ស្កាត់ការចល័តទ័ពពីចំណុចមួយទៅចំណុចមួយ ។ យុវជនដឹកនាំបាតុករនោះថ្លែងថា បើគ្មានជំនួយនិងការចូលរួមរបស់កសិករយូហ្គោស្លាវីទេ បាតុកម្មនៅយូហ្គោស្លាវី ប្រហែលជាមិនបានជោគជ័យឡើយ ។ ឆ្លើយតបទៅនឹងសំណួរមួយដែលសួរថា៖ តើធ្វើដូចម្តេចដើម្បីរក្សាភាពអហឹង្សា បន្ទាប់ពីបាតុករត្រូវបានអាជ្ញាធរវាយប្រហារនិងបាញ់សម្លាប់? មុននឹងគាត់ឆ្លើយសំណួរនេះ យុវជននោះអស់សំណើចបន្តិច ។ គាត់និយាយថា អហឹង្សា គឺជាពាក្យត្រឡប់ធាតុ (a misnomer) ។ បានន័យថា បាតុករប្រឆាំងនឹងរបបផ្តាច់ការ មិនអាចប្រកាន់ខ្ជាប់វិន័យអហឹង្សាទេ នៅពេលដែលអាជ្ញាធរយកអំពើហឹង្សាមកដោះស្រាយបញ្ហា ។ យុទ្ធវិធីនិងតាក់ទិក ត្រូវតែមានដើម្បីទប់ទល់នឹងអំពើហឹង្សារបស់ជនផ្តាច់ការ ។ គាត់មិនបានលើកយកយុទ្ធវិធីនិងតាក់ទិកមកនិយាយទេ ដ្បិតប្រទេសនីមួយៗមានស្ថានភាពនិងវប្បធម៌ខុសៗគ្នា ។ វាត្រូវការការវាយតម្លៃដោយផ្អែកលើស្ថានការណ៍ជាក់ស្តែង និងផ្អែកលើកត្តាជាច្រើនផ្សេងទៀត ។
ត្រឡប់ទៅនិយាយអំពីបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធានៅប្រទេសភូមាវិញម្តង ។ តើពលរដ្ឋភូមា អាចបង្ខំឲ្យអាជ្ញាធរយោធាផ្លាស់ប្តូរឥរិយាបទដែរទេ? វាពិបាកនឹងព្យាករណ៍ណាស់ ។ ក៏ប៉ុន្តែ បើបាតុករភូមាសម្រេចជ្រើសរើសយុទ្ធសាស្ត្រ "មួយចានទឹកមួយចានគោក" (Zero-sum Game) អាជ្ញាធរយោធាភូមាអាចនឹងបះជើង ។ នៅក្នុងសង្គ្រាមគេហៅយុទ្ធសាស្ត្រនេះថា "បំផ្លាញ" ឬ Scorched Earth Tactics ។ កាលសង្គ្រាមលោកលើកទីពីរ អតីតសហភាពសូវៀតបានប្រើយុទ្ធសាស្ត្រនេះ ដើម្បីទប់ទល់នឹងកងទ័ពអាល្លឺម៉ង់ដែលព្យាយាមវាយលុកយកទីក្រុង ឡេនីនក្រាត (បច្ចុប្បន្ន សែនភីថឺស្បឺគ) ។ វាជាយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធិភាពខ្ពស់ ប៉ុន្តែក៏ត្រូវចំណាយដើមទុនច្រើនណាស់ដែរ ។
បច្ចុប្បន្ននេះ ការប្រឈមមុខគ្នារវាងបាតុករនិងអាជ្ញាធរយោធាភូមា បានឈានដល់តំណាក់កាលដ៏តានតឹងមួយ ។ ពួកយោធាបានចាប់ផ្តើមបាញ់សម្លាប់បាតុករ ដើម្បីស្ទាបស្ទង់មើលប្រតិកម្មរបស់អន្តរជាតិក៏ដូចជារបស់បាតុករ ថាតើពួកគេមានឆន្ទៈតស៊ូកម្រិតណា ។ ឯពួកបាតុករក៏បានព្រលយឲ្យដឹងខ្លះៗដែរថា យុទ្ធសាស្ត្របំផ្លាញអាចនឹងកើតមានប្រសិនបើឈាមបាតុករបន្តហូរស្រក់ ។ ថ្វីដ្បិតតែគេអាចប្រមើលមើលឃើញថា ភាគីដែលបាត់បង់ធ្ងន់ធ្ងរគឺពួកមេយោធារដ្ឋប្រហារ អ្វីដែលជាកត្តាលះបង់រួមគឺប្រទេសភូមាទាំងមូល ។ វាជាដំណើរឆ្ពោះទៅកាន់ការបំផ្លាញខ្លួនឯងមួយ ដែលមានតែក្រុមមេដឹកនាំរដ្ឋប្រហារយោធាភូមាប៉ុណ្ណោះដែលអាចស្រាយចំណងប្រកបដោយគ្រោះមហន្តរាយគួរឲ្យភ័យខ្លាចនេះ ៕
Friday, February 26, 2021
ចំណីខួរក្បាល
យើងមិនដូចគ្នាទេ (We are Different)
និយាយវែកញែកជាមួយនឹងព្រឹទ្ធាបដិភេទចាស់វស្សា (The opposite sex) អំពីទំនាក់ទំនងសង្ខារកាលពីពេលថ្មីៗនេះ ធ្វើឲ្យខ្ញុំនឹកឃើញទៅដល់ការសិក្សានៅមហាវិទ្យាល័យកាលពី ៣០ឆ្នាំកន្លងទៅ ។ ប្រធានបទសិក្សានៅគ្រានោះ ក៏ដូចជាប្រធានបទពិភាក្សាជាមួយនឹងបដិភេទព្រឹទ្ធាចារ្យនាគ្រានេះដែរ៖ តើស្រីនិងប្រុសពិតជាមានផ្នត់គំនិតនិងគិតមិនដូចគ្នាមែនឬ?
ក្នុងនាមជានិស្សិត យើងម្នាក់ៗសុទ្ធតែមានសុទិដ្ឋិខ្ពស់ (Highly optismistic) ទៅលើសមត្ថភាពរបស់យើង ។ មុខវិជ្ជាសិក្សានាគ្រានោះគឺ ការប្រាស្រ័យទាក់ទងគ្នា (រវាងស្រីនិងប្រុស) Interpersonal Communication ។ មុននឹងចាប់ផ្តើមការសិក្សានៅថ្ងៃទីមួយ អ្នកគ្រូដែលមានចរិយាអៀនប្រៀននិងសម្តីរមទម បានប្រាប់ឲ្យសិស្សទាំងអស់ក្រឡេកមើលមិត្តរួមថា្នក់ដែលអង្គុយនៅខាងឆ្វេងដៃ រួចហើយក្រឡេកមើលអ្នកដែលអង្គុយនៅខាងស្តាំដៃ ។ បន្ទាប់មក គាត់ប្រាប់ពួកយើងថា ក្នុងចំណោមមនុស្សបីនាក់ដែលមើលមុខគ្នាទៅវិញទៅមកអម្បាញ់មិញនេះ មានម្នាក់ទទួលបរាជ័យក្នុងជីវិតអាពាហ៍ពិពាហ៍នាថ្ងៃអនាគត ។ ពួកយើងម្នាក់ៗសុទ្ធតែគិតក្នុងចិត្តថា មិនអាចជាបុគ្គលបរាជ័យឡើយ ដ្បិតកំពុងតែសិក្សាអំពីយុទ្ធវិធី (Techniques) នៃការរក្សាភាតរភាពដោយប្រើជំនាញប្រាស្រ័យទាក់ទងគ្នាជាវិធីសាស្ត្រ ។ មិនដឹងថាមិត្តរួមថ្នាក់របស់ខ្ញុំមានជោគវាសនាយ៉ាងណាទេ ។ ប៉ុន្តែ ដប់ប្រាំឆ្នាំក្រោយមក ខ្ញុំបានក្លាយជាតួលេខនៅក្នុងស្ថិតិនៃទិន្នន័យរបស់អ្នកគ្រូខ្ញុំ ។
ការប្រាស្រ័យទាក់ទងគ្នាហាក់ដូចជាលក្ខណៈធម្មជាតិរបស់មនុស្សនិងសត្វរួចទៅហើយ ។ គ្មានអ្វីដែលចាំបាច់ត្រូវរៀនសូត្រស្វែងយល់នោះទេ ។ ការយល់ច្រឡំ ឬភាពមិនច្បាស់លាស់នានា យើងគួរតែអាចធ្វើឲ្យច្បាស់លាស់បានដោយគ្រាន់តែឲ្យភាគីពាក់ព័ន្ធ បញ្ជាក់សាឡើងវិញនូវខ្លឹមសារនៃពាក្យពេចន៍ ក៏ល្មមនឹងអាចដោះស្រាយបញ្ហាបានដែរ ។ ប៉ុន្តែ នៅពេលយើងយកប្រការនេះមកវែកញែកជាលក្ខណៈវិទ្យាសាស្ត្រ យើងមើលឃើញថា វាមានបញ្ហាជាច្រើននៅក្នុងដំណើរប្រាស្រ័យទាក់ទងគ្នា (Interaction) ។
ការប្រាស្រ័យទាក់ទងគ្នាមានបីប្រភេទគឺ៖ ដោយកាយ (កាយវិការ) វាចា និង ចិត្ត (Verbal, Non-Verbal, and Gestures) ។ យើងមិនអាចមិនថ្លែងសារបានទេ (We cannot NOT communicate) ។ កែវភ្នែកនិងទឹកមុខរបស់យើងថ្លែងសារជាប្រចាំ ។ អ្នកដែលទទួលសារអំពីយើង ដោយកាយក្តី ដោយវាចាក្តី ដោយចិត្តក្តី រមែងយល់មិនត្រឹមត្រូវឬគ្រប់ជ្រុងជ្រោយឡើយ ។ កត្តារំខាន (Interference) ដែលធ្វើឲ្យសាររបស់យើងជ្រុះបាត់ខ្លឹមសារខ្លះៗ ឬក៏ទាំងស្រុងនោះ ក្នុងភាសាអង់គ្លេសគេហៅថា Noise ។ Noise នៅទីនេះមិនសំដៅលើសម្លេងទេ ។ គេសំដៅលើវប្បធម៌ បរិយាការ (Environment, generation) ឬបែបបទនៅក្នុងគ្រួសារនិងសង្គមដែលមនុស្សម្នាក់ៗចម្រើនវ័យ ។ សារ (Messages) ដែលថ្លែងចេញទៅដោយ កាយ វាចា ឬ ចិត្ត ត្រូវឆ្លងកាត់ឧបស័គ្គជាច្រើនទៀត ។ សារដែលទៅដល់គោលដៅ ដោយមិនបាត់បង់អត្ថន័យខ្លឹមសារធំដុំ ក៏អាស្រ័យលើសមត្ថភាពរបស់អ្នកបង្កើតហើយផ្ញើ និងអ្នកទទួលផងដែរ ។ អ្នកបង្កើតសារប្រើយុទ្ធវិធីមួយដែលភាសាអង់គ្លេសហៅថា Encoding ។ ឯអ្នកទទួលសារប្រើយុទ្ធវិធី Decoding ។ អ្វីដែលស្ថិតនៅក្នុងសារគឺ Meaning (អត្ថន័យ) ។ គឺអត្ថន័យនេះហើយដែលជាតួអង្គសំខាន់បំផុត នៅក្នុងការប្រាស្រ័យទាក់ទងគ្នា ។ ជោគជ័យនៅក្នុងការបង្រៀនក្តី ការសិក្សាក្តី ការញ៉ែញ៉ងគ្នាក្តី គឺអាស្រ័យលើសមត្ថភាពរបស់អ្នកផ្ញើសារ អ្នកទទួលសារ និងទំហំនៃខ្លឹមសាររបស់សារដែលទទួលបាន ។ ជោគវាសនានៃអត្ថបទនេះក៏ដូចគ្នាដែរ ។
មុននឹងបន្តបទពិសោធអំពីការប្រាស្រ័យទាក់ទងគ្នានៅក្នុងការសិក្សារបស់ខ្ញុំកាលពី៣០ឆ្នាំមុន ខ្ញុំសូមលើកយកឧទាហរណ៍មួយមកធ្វើបទបង្ហាញ ។ កាលពីពេលថ្មីៗនេះ ខ្ញុំបានសរសេរសារ (ខមិន) មួយនៅលើទំព័រហ្វេសប៊ុករបស់អ្នកមីង Doun Champa ។ សារនោះសរសេរថា៖ "កុលាបតែងមានបន្លា ស្នេហាតែងមានឧបសគ្គ" ។ អ្នកមីងឆ្លើយតបថា៖ កុលាបដែលបានកាត់ឬលួសបន្លាអស់ហើយ មិនអាចមុតដៃអ្នកកាន់ទេ ។ (ដូច្នេះ ស្នេហាក៏មិនតែងតែមានឧបសគ្គដែរ) ។ បើខ្ញុំសន្និដ្ឋានមិនខុសទេ ក្នុងគោលគំនិតរបស់អ្នកមីងនៅទីនេះ កុលាបតំណាងឲ្យនារី ។ នារីដែលមានឥរិយាបទប្រកបដោយសុភាវធម៌ (សីលធម៌ សុជីវធម៌ និង គុណធម៌) គឺប្រៀបដូចជាកុលាបដែលលះអស់បន្លាដូច្នោះដែរ ។ ស្នេហាដែលមានសុភាវធម៌ មិនគួរមានឧបសគ្គទេ ។ ក្នុងនាមជាអ្នកសរសេរនិងផ្ញើសារ ខ្ញុំដឹងអំពីអត្ថន័យនៃសាររបស់ខ្ញុំច្បាស់លាស់ជាងអ្នកណាទាំងអស់ ។ "កុលាបតែងមានបន្លា ស្នេហាតែងមានឧបសគ្គ" គឺអត់មានចេតនាភ្ជាប់ខ្លឹមសារអត្ថាប្បដិរូបទៅជាមួយទេ ។ ខ្ញុំនិយាយដោយន័យត្រង់ភ្លឹងតែម្តង ។ ធម្មជាតិនៃផ្កាកុលាបគឺមានបន្លា ។ ធម្មជាតិនៃស្នេហាក៏មានឧបសគ្គដែរ ។ ឧបស័គ្គស្នេហានៅទីនេះ ខ្ញុំមិនសំដៅតែទៅលើការយល់ព្រមរបស់សាមីខ្លួននិងគ្រួសារទាំងសងខាង ឬក៏ទំនាស់ជាមួយនឹងអ្នកទីបីនោះទេ ។ គឺខ្ញុំសំដៅដល់ការត្រួសត្រាយផ្លូវនៅក្នុងជំហានទីមួយផងដែរ ។ ការពើបប្រទះកែវភ្នែកគ្នានៅគ្រាដំបូង ។ ការលបលួចគួចចិត្តប្រាថ្នា ។ យើងទាំងអស់គ្នា មិនថាប្រុសឬក៏ស្រីទេ សុទ្ធតែរងកម្មដោយសារប្រការនេះ ។ ទម្រាំតែរកមធ្យោបាយឆ្លងទៅដល់ត្រើយ ម្នាក់ៗស្ទើរតែស្បថផ្តាំចៅ ។ បន្ទាប់ពីបានគ្នាជាគូគាប់ហើយ ឧបសគ្គនៅក្នុងដំណើរការគាំពារជីវិត ក៏នៅតែដើរតាមយើងលុះគ្រាអវសាន្ត ។ ឧទាហរណ៍ នៅពេលភរិយាខ្ញុំយកឡេមកលាបមុខ ខ្ញុំប្រាប់គាត់ថាមិនចាំបាច់លាបឡេទេ ខ្ញុំស្រឡាញ់ស្បែកមុខធម្មជាតិច្រើនជាង ។ ការស្រឡាញ់ស្បែកមុខធម្មជាតិជាកត្តាបង្កឧបសគ្គដល់ភរិយាខ្ញុំផង និងបង្ហាញអំពីភាពល្ងង់ខ្លៅមិនយល់អំពីផ្នត់គំនិតមនុស្សស្រីរបស់ខ្ញុំផង ។ ការលាបឡេរបស់មនុស្សស្រី មិនមែនដើម្បីបំពេញចិត្តប្តីនោះទេ ។ គឺដើម្បីផ្គាប់ភ្នែកសាធារណជនដទៃ ។ ធម្មជាតិជាមនុស្សស្រី នាងមិនអាច ឬមិនចង់បង្ហាញខ្លួននៅក្នុងទីសាធារណ មានរូបរាងហាក់ដូចជាអប្សរាដែលគេឆ្លាក់មិនទាន់ហើយនោះឡើយ ។ តើមែនឬទេលោកអុំស្រីៗ! បើនិយាអំពីកត្តារំខាន(Noise) ដែលធ្វើឲ្យអ្នកទទួលសារយល់ខុសអំពីផ្កាកុលាបនោះ គឺវប្បធម៌អក្សរសិល្ប៍និងសិល្បៈចម្រៀងរបស់ខ្មែរ ដែលតែងតែភ្ជាប់(Associated)បុប្ផាទៅនឹងនារីឬក៏ស្រីក្រមុំ ។
ត្រឡប់ទៅនិយាយអំពីបទពិសោធនៅក្នុងថ្នាក់រៀនវិញម្តង ។ ដោយហេតុតែយើងសិក្សាអំពីភាពខុសគ្នាក្នុងការប្រាស្រ័យទាក់ទងរវាងបុរសនិងស្ត្រី និស្សិតនៅក្នុងថ្នាក់ចែកគ្នាជាពីរក្រុមដោយស្វ័យប្រវត្តិ ។ ស្រីម្ខាង ប្រុសម្ខាង ។ សកម្មសិស្សមួយក្រុមបានគូររូបត្លុកកុមារតូចៗស្រីមួយប្រុសមួយស្លៀកកន្ទបឈរទឹមគ្នាបិទនៅលើជញ្ជាំង ។ កុមារទាំងពីរទាញចង្កេះកន្ទបឈ្ងោកមើលវត្ថុបុរាណរៀងខ្លួន ហើយលាន់មាត់ថា(Caption)៖ "Yep! We are different" (យើងពិតជាមិនដូចគ្នាមែន) ។ សម័យនោះ ការទាមទារសិទ្ធិសេរីភាពក្នុងការស្លៀកពាក់ដើរហើរ និងសេរីភាពជាច្រើនទៀតសម្រាប់នារីកំពុងតែផុសផុលខ្លាំង ។ ប្រធានបទដែលក្តៅគគុកជាងគេគឺ ការបំពានផ្លូវភេទ (Sexual Harrassment) ។ បំពានផ្លូវភេទនៅទីនេះ មិនសំដៅតែលើការចាប់បង្ខំរំលោភលើរាងកាយនារីភេទទេ ។ គឺយើងនិយាយអំពីវិបត្តិស្នេហា ដែលមានពាក្យ YES និង NO ជាតួឯក ។ គ្រានោះខ្ញុំមិនទាន់ថ្នឹកជាមួយនឹងភាសាអង់គ្លេស ហើយក៏កំពុងវង្វេងវប្បធម៌នៅក្នុងសង្គមអាមេរិកាំងនៅឡើយ ។ ដូច្នេះ ភាគច្រើនគឺខ្ញុំអង្គុយ សុ ចិ បុ លិ ។ និស្សិតស្រីចោទនិស្សិតប្រុសៗថា ល្ងង់មិនសូវយល់អំពីសារដែលគេផ្តល់ឲ្យ ។ បើគេថា ណូ ហើយហ្នឹងនៅតែងងើលតាមញ៉ែគេទៀត ។ ឮពាក្យនេះ ខ្ញុំគិតក្នុងចិត្តថា "ចុះអាខ្មោចណាក៏ល្ងង់សព្វជាតិម្លេះ!" ។ ពួកប្រុសៗតបទៅវិញថា ស្រីៗថ្លែងសាររបៀបប្រលាំប្រកូវ ។ មិននិយាយចេញមកឲ្យច្បាស់ៗទេ ។ តើអ្នកណាឡើយទៅយល់ច្បាស់លាស់អំពីខ្លឹមសារនៃសារកាយវិការនោះ (Non-verbal Cues) ។ ការតតាំងគ្នានេះប្រព្រឹត្តិទៅអស់រយៈពេលមួយឆមាស ។ ថ្វីដ្បិតតែខ្ញុំមិនបានប្រឡូកយកចាញ់ឈ្នះជាមួយនឹងគេយ៉ាងសកម្មក៏ពិតមែន តែខ្ញុំអាចឈ្វេងយល់អំពីប្រការមួយចំនួន ដែលធ្វើឲ្យការប្រាស្រ័យទាក់គ្នារវាងប្រុសនិងស្រីជួបវិបត្តិ ។
នារីអាមេរិកាំងភាគច្រើន មិនល្ហេចល្ហាចទេ ។ ពួកគេប្រើយុទ្ធវិធីកាយវិការបញ្ជូនសារដូចនារីដទៃនៅក្នុងពិភពលោកដែរ ។ នៅក្នុងការប្រាស្រ័យទាក់ទងគ្នាជាសាធារណ នារីអាមេរិកាំងអាចនិយាយឮៗ និងមានភាពម៉ាត់ៗ ក្លាហានមុតមាំដូចជាបុរសដែរ ។ ប៉ុន្តែ នៅក្នុងទំនាក់ទំនងស្នេហា ពួកគេប្រើភាសាកាយវិការច្រើនជាងពាក្យសម្តី ។ មិត្តភក្តិស្រីប្រុសនៃជនជាតិអាមេរិកាំង ក៏ដូចជាមនុស្សនៅក្នុងអម្បូរអឺរ៉ុប ជាទូទៅតែងឱបនិងថើបថ្ពាល់គ្នាសម្តែងក្តីនឹករលឹកបន្ទាប់ពីបែកគ្នាយូរថ្ងៃ ។ ការឱបសម្តែងភាតរភាពនេះ ជាទូទៅគួរតែអនុលោមតាមសញ្ញាដែលផ្តល់ឲ្យដោយភាគីខាងស្រី ។ សញ្ញានោះគឺ បន្ទាប់ពីបដិសណ្ឋារកិច្ច នាងដើរតម្រង់មកយើងដោយលើកដៃទាំងទ្វេជាសញ្ញាឱប ។ អ្វីដែលជារឿងទើសទាស់នោះ គឺមិត្តប្រុសយកទំនៀមទម្លាប់នេះទៅកេងចំណេញលើស្រីៗ ដោយធ្វើបដិសណ្ឋារកិច្ចហើយ លើកដៃដើរចូលទៅឱបនារីសម្តែងក្តីនឹករលឹក ។ ករណីនេះ បើនារីបដិសេធមិនឲ្យឱប គឺនាងមិនត្រឹមតែធ្វើឲ្យមិត្តប្រុសបាក់មុខមាត់ដោយសារការខ្មាសអៀននោះទេ គឺនាងអាចត្រូវបានអ្នកដែលសង្កេតឃើញ ចាត់ទុកថាជាមនុស្សឈ្លើយថែមទៀតផង ។ វាជាទ្វេគ្រោះមួយ(Dilemma)ដែលមនុស្សស្រីប្រឈម ។ នៅមានករណីច្រើនផ្សេងទៀត ។ ប៉ុន្តែ វែងណាស់! សុំឈប់ត្រឹមនេះហើយ ៕
Friday, February 19, 2021
ចំណីខួរក្បាល
កុសល (Merit)
កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំដាក់ទោសខ្លួនឯងឲ្យសរសេរអត្ថបទមួយស្តីអំពីពុទ្ធសាសនាមហាយាន ។ នៅក្នុងការស្រាវជ្រាវគោលគំនិតសរសេរអត្ថបទនោះ ខ្ញុំជួបនឹងការអះអាងមួយដែលថ្លែងថា៖ ការចំណាយកុសលនឹងនាំឲ្យកើនកុសល ។ ពេលឃើញការអះអាងនោះ ខ្ញុំហាក់ដូចជាវង្វេងវង្វាន់ដែលក្មេងៗសម័យបច្ចុប្បន្នចូលចិត្តនិយាយថា "ក្រញាញ់ខួរ" ។ តាំងតែពីតូចក្រូចឆ្មារមក ខ្ញុំតែងតែទទួលការអប់រំពីចាស់ទុំឲ្យចេះសន្សំកុសល ។ រឿងចំណាយកុសល ដូចជាមិនដែលឮសោះ ។ សូម្បីតែវត្តមួយនៅភ្នំពេញក៏មានឈ្មោះថា វត្តសន្សំកុសល ដែរ ។ ហេតុអ្វីក៏ព្រះពុទ្ធសាសនាតែមួយមានគោលគំនិតពីរផ្ទុយគ្នាដូច្នេះ? នៅពេលខ្ញុំមើលការពន្យល់ពិស្តារ ខ្ញុំឃើញថាគោលដៅនៃការសន្សំកុសលនិងចំណាយកុសល គឺដើម្បីធ្វើដំណើរទៅកាន់និព្វានដូចគ្នា ។ ក៏ប៉ុន្តែ ការធ្វើដំណើរនៅលើដងផ្លូវពីរដែលផ្ទុយគ្នាដូច្នេះ ច្បាស់ជាមានភាគីមួយវង្វេងហើយ ។ បើមិនវង្វេងទេ យ៉ាងហោចណាស់ក៏ត្រូវដើរវាងឆ្ងាយអនេកកប្បការដែរ ។
ខ្ញុំមិនដែលសាងភ្នួស ហើយក៏មិនសូវទៅវត្តដើម្បីរៀនព្រះធម៌របស់ព្រះពុទ្ធញឹកញាប់ដែរ ។ អ្វីដែលជាការយល់ដឹងរបស់ខ្ញុំអំពីព្រះពុទ្ធសាសនា គឺតាមរយៈការអានសៀវភៅផ្សេងៗ ។ ជារួម យើងអាចបំបែកពុទ្ធសាសនាជាពីរផ្នែកគឺ៖ មហាយាន និងហិនយាន ឬថេរវាទ(ថេរឱវាទ?) ។ នៅក្នុងនិកាយទាំងពីរនេះ ឮថាមានការខ្វែងគំនិតគ្នាខ្លះៗស្តីអំពីការអនុវត្តន៍នានា ។ ចំណាយកុសលនិងសន្សំកុសលប្រហែលជាការខ្វែងមតិគ្នានោះហើយមើលទៅ ។ ទោះជាយ៉ាងណាក៏ដោយ តាមការសង្កេតរបស់ខ្ញុំ ពុទ្ធសាសនាមហាយានហាក់ផ្តោតការអនុវត្តន៍ទៅលើព្រហ្មវិហារធម៌ទាំងបួន ដែលមានមេត្តា ករុណា មុទិតា និង ឧបេក្ខាជាគោល ។ ឯពុទ្ធសាសនាហិនយានគឺអនុវត្តន៍តាមចតុរារិយសច្ច ដែលមានការស្វែងយល់អំពី ទុក្ខ សមុទយ និរោធ និង មគ្គ ជាមធ្យោបាយធ្វើដំណើរទៅរកនិព្វាន ។
ទុក្ខ សមុទយ និរោធ និង មគ្គ គឺជាសមីការនិងរូបមន្តសម្រាប់ដោះស្រាយបញ្ហានានាដែលជីវិតជួបប្រទះ ក៏ដូចជាមធ្យោបាយធ្វើដំណើរឆ្ពោះទៅកាន់និព្វានដែរ ។ នៅក្នុងមធ្យោបាយដោះស្រាយសមីការនេះ យើងត្រូវស្វែងយល់ឫសគល់និងទំនាក់ទំនងរបស់កត្តានីមួយៗឲ្យបានជាក់លាក់ ទើបរកចម្លើយឃើញ ឬក៏ដើរទៅដល់គោលដៅ ។ ដំណាក់កាលចុងក្រោយនៃដំណោះស្រាយសមីការនិព្វាននេះគឺ មគ្គ ឬមាគ៌ាទាំង៨ ឬក៏ អដ្ឋង្គិគមគ្គ ។ សន្សំកុសលគឺស្ថិតនៅក្នុងមាគ៌ាទាំង៨នេះឯង ដែលមានពាក្យ "សម្មា" ឬភាពត្រឹមត្រូវជាប្រមុខ ។ ព្រះពុទ្ធមិនបានដាក់និយាម (Standard) ឬក៏សរសេរចារទុកថាទង្វើ ឬកម្មប្រភេទណាដែលចាត់ទុកថាជា សម្មា ឬភាពត្រឹមត្រូវឡើយ ។ អ្វីៗគឺស្ថិតនៅលើបុគ្គលមនុស្សម្នាក់ៗជាអ្នកអនុមតិ ។ ជាលទ្ធផល មនុស្សដែលស្វែងរកនិងសន្សំកុសល ប្រព្រឹត្តិកម្មផលរាប់រយរាប់ពាន់ជំពូក ដើម្បីឲ្យជីវិតសង្ខារអាចធ្វើដំណើរទៅដល់និព្វានភព ។ អ្នកខ្លះទៅបន់ព្រះសំពះទេវតាសុំបវរណាឲ្យសង្ខារបានរួចរដោះទៅដល់និព្វាន ។ អ្នកខ្លះក៏ចំណាយប្រាក់បរិច្ចាគទ្រព្យធ្វើបុណ្យដាក់ទានគ្មានត្រាប្រណី ដើម្បីសន្សំកុសលឲ្យដល់កម្រិតស្ថិតនៅក្នុងផ្លូវឆ្ពោះទៅកាន់និព្វាន ។ ខ្លះទៀតក៏អនុវត្តយុទ្ធសាស្ត្រ "បុណ្យក៏ធ្វើ ឈើក៏កាប់" ដើម្បីធ្វើដំណើរទៅរកនិព្វានដូចគ្នា ។ នៅមានកម្មជាច្រើនផ្សេងទៀត ដែលមនុស្សសាងដើម្បីសន្សំកុសល ។
ភាពត្រឹមត្រូវ "សម្មា" នៅក្នុងអដ្ឋង្គិគមគ្គ គឺជាបញ្ហាដ៏ស្មុគស្មាញមួយដែលខ្ញុំពិបាកនឹងស្វែងយល់ជាទីបំផុត ។ តើភាពត្រឹមត្រូវស្ថិតនៅត្រង់ណា បើមនុស្សគ្រប់ៗរូបនៅលើលោកនេះសុទ្ធតែត្រូវបានគ្រុបគ្រងដោយភាពអាត្មានិយម (Self-interest) ។ មានន័យថាយើងម្នាក់ៗ ឲ្យអាទិភាពនិងគិតអំពីសុខមាលភាពនិងសន្តិភាព របស់រូបនិងគ្រួសារយើងមុនអ្នកដទៃ ។ នៅពេលប្រឈមនឹងហានិភ័យឬសេចក្តីស្លាប់ យើងសង្គ្រោះខ្លួនឯងមុនអ្នកដទៃជានិច្ច ។ ការបូជាជីវិតខ្លួនឯងដើម្បីសង្គ្រោះជីវិតអ្នកដទៃគឺកើតមានដោយកម្រ ។ រឿងសន្សំកុសលក៏ដូចគ្នាដែរ ។ ទីមួយយើងរក្សាអ្វីដែលយើងមាន ។ ទីពីរយើងស្វែងរកនិងសន្សំកុសលទុកឲ្យបានច្រើនថែមទៀត ។ កំណើនកុសលដែលចេញមកពីការសន្សំនេះគឺជាឋាមពល សម្រាប់បាញ់បង្ហោះវិញ្ញាណរបស់យើងទៅកាន់និព្វាន ប្រៀបដូចជាឋាមពលអាតូមិកសម្រាប់បាញ់បង្ហោះផ្កាយរណបដូច្នោះដែរ ។
ចំណាយកុសលផ្ទុយអំពីសន្សំកុសល ។ នៅក្នុងគោលគំនិត មេត្តា ករុណា មុទិតា និង ឧបេក្ខា មនុស្សគ្រប់ៗរូប មិនថាអ្នកមានឬអ្នកក្រ ស្តេចឬក៏ទាសករ សុទ្ធតែមានកុសលពេញលេញសម្រាប់ចំណាយ ។ យើងមិនចាំបាច់ទៅស្វែងរកឬក៏សន្សំកុសលអ្វីឡើយ ។ មានន័យថា ដើម្បីបង្កើនកុសលយើងគ្រាន់តែចំណាយកុសល តាមរយៈកម្មរបស់យើងគឺគ្រប់គ្រាន់ ។ គួរកត់សម្គាល់ថា កម្មមានពីរប្រភេទគឺ៖ កុសលកម្ម និងអកុសលកម្ម ។ កុសលកម្មគឺជាកម្មដែលស្ថិតនៅក្នុងក្របខណ្ឌ មេត្តា ករុណា មុទិតា និង ឧបេក្ខា ។ អកុសលកម្មមិនស្ថិតនៅក្នុងក្របខណ្ឌនេះទេ ។ ឯយន្តការ (Mechanism) សម្រាប់ដឹកនាំកម្មមានបីប្រភេទគឺដោយ៖ កាយ វាចា និង ចិត្ត ។
ដំណើរចំណាយកុសលដើម្បីបង្កើនកុសល មិនមានអ្វីលំបាកនឹងស្វែងយល់ឬក៏ត្រិះរិះពិចារណាជាដុំកំភួនឡើយ ។ មនុស្សគ្រប់រូបគ្រាន់តែអនុវត្តតាមគោលការណ៍ មេត្តា ករុណា មុទិតា និង ឧបេក្ខា គឺអាចពង្រីកកុសលបានដោយងាយ ។ ដោយហេតុតែពាក្យបួនម៉ាត់នេះជាភាសាបាលី ខ្ញុំសូមអនុញាតអធិប្បាយនិយមន័យត្រួសៗ ។
មេត្តា បានដល់ទំនាក់ទំនងមិត្តភាពរវាង មនុស្សនិងមនុស្ស មនុស្សនិងសត្វ និង មនុស្សនិងរុក្ខជាតិឬធម្មជាតិ ដែលមានសណ្ឋានជាសមមិត្តភាពនៃជីវិត ។ សមមិត្តភាព មិនមានភាពទាបខ្ពស់ទេ ។ យើងទទួលស្គាល់គ្នានិងជួយគាំពារគ្នាទៅវិញទៅមកដោយឥតរើសអើង និងមិនចង់បានឬក៏ស្វែងរកគុណស្រ័យតបស្នងឡើយ ។ យើងផ្តល់សិទ្ធិសេរីភាព ឲ្យគ្នាទៅវិញទៅមកនៅក្នុងការរស់នៅតាមលំអានធម្មជាតិ ឬសម្មាជីវោ ។ ឧទាហរណ៍ បើមនុស្សចងមិត្តជាមួយនឹងឆ្កែ យើងគប្បីអនុញាតិឲ្យឆ្កែរស់ទៅតាមសភាវជាឆ្កែ ។ បើឆ្កែចង់ព្រុស ឲ្យវាព្រុស ។ បើឆ្កែចង់សុីអាចម៍ ឬក៏កំហាកដែលគេស្តោះចោលតាមចិញ្ចើមផ្លូវ អនុញាតិឲ្យវាសុីទៅ ។ មិនត្រូវមួម៉ៅចាប់ទោសអូសដំណើរគ្នាឡើយ ដ្បិតធម្មជាតិរបស់ឆ្កែដែលធ្លាប់ជាសត្វព្រៃអម្បូរចចកនោះ ចំណីអាហាររបស់វាមិនជាទីគាប់ចិត្តរបស់មនុស្សឡើយ ។ ទំនាក់ទំនងមិត្តភាពរវាងមនុស្សនិងមនុស្សក៏ស្រដៀងគ្នាដែរ ។ យើងគប្បីជួយយកអាសាគ្នា ហើយផ្តល់សេរីភាពឲ្យគ្នាទៅវិញទៅមក ។ និយាយឲ្យខ្លី គ្មានចិត្តទើសទាស់នឹងគ្នាទេ ។
ករុណា បានដល់ការថែទាំគាំពារដោយក្តីអាណិតអាសូ ។ "អាណិតអាសូ" គឺជាពាក្យគន្លឺះនៅក្នុងករុណា ។ ឧទាហរណ៍ដ៏សាមញ្ញមួយ គឺទង្វើរបស់មាតាទៅកាន់ទារកដែលទើបនឹងកើតមក ។ ទាំងមនុស្សទាំងសត្វ សុទ្ធតែបីបមថ្នាក់ថ្នមថែរក្សាជីវិតកូនដែលទើបនឹងកើតមក ដោយប្រុងប្រយ័ត្នជាទីបំផុត ។ យើងធ្វើពលិកម្មខ្ពស់ហួសអ្វីៗទាំងអស់ ដើម្បីបំពេញកាតព្វកិច្ចករុណាក្នុងនាមជាមាតាបិតា ។ សត្វពាហនៈសុីសុករបស់វាដើម្បីគាំពារកូនង៉ា ។ ឆ្កែនិងឆ្មាលិឍនិងសុីអាចម៍កូនរបស់វា ដើម្បីគាំពារជីវិតកូនខ្ចីទាំងនោះ ។ ឯមនុស្សក៏ដុសលាងនោមជុះរបស់ទារកដោយគ្មានរង្គៀសចិត្តបន្តិចសោះឡើយ ។ ប្រការនេះ មាតាគ្រប់រូបយល់ច្បាស់ជាងនរណាទាំងអស់ ។ និយាយឲ្យខ្លី ករុណាគឺការថែទាំថ្នាក់ថ្នមដោយទឹកចិត្តអាណិតអាសូ មិនថាទារក មនុស្សពេញវ័យ ឬក៏សត្វផងទាំងពួងឡើយ ។
មុទិតា បានដល់ការមិនច្រណែននិន្ទាឈ្នានីស ។ និយាយឲ្យចំគឺទឹកចិត្តសោមនស្សចំពោះភាពជោគជ័យរបស់អ្នកដទៃ ឬក៏មានបសាទចិត្តចំពោះទុក្ខព្រួយនៅក្នុងជិវិតអ្នកដទៃ ។ មនុស្សគ្រប់រូបមានកម្លាំងកាយប្រាជ្ញានិងស្មារតីមិនស្មើគ្នាទេ ។ ដូច្នេះ ការទទួលស្គាល់អបអរសមត្ថភាព ឬក៏សម្តែងនូវបសាទចិត្តចំពោះទុក្ខព្រួយរបស់អ្នកដទៃ នឹងធ្វើឲ្យភាគីពាក់ព័ន្ធទទួលបានកុសលដូចៗគ្នា ។ បើគិតជាកំណើនកុសលគឺមានទ្វេដង ។ ទាំងអ្នកទទួលបានសមិទ្ធផល និងមិនទទួលបានសមិទ្ធផល សុទ្ធតែទទួលបានកុសលដូចៗគ្នា ដោយគ្រាន់តែបង្ហាញទឹកចិត្តនិងកាយវិការមុទិតា ។
ឧបេក្ខា គឺការទទួលស្គាល់និងឲ្យតម្លៃជីវិតទាំងអស់ ទាំងមនុស្ស ទាំងសត្វស្មើគ្នា ។ ជីវិតមនុស្សនិងសត្វផ្គុំឡើងដោយធាតុ ដី ទឹក ភ្លើង ខ្យល់ និងមានវិញ្ញាណប្រាំដូចៗគ្នា ។ ដូច្នេះ ការទទួលស្គាល់អត្ថិភាពនិងឲ្យតម្លៃជីវិតនីមួយៗទៅតាមសភាវរបស់វា គឺជាការអនុវត្តន៍តាមលំអានឧបេក្ខា ។ និយាយរួម ឧបេក្ខា បានដល់ការឈ្វេងយល់សច្ចភាពនៅក្នុងសភាវនៃជីវិត ។ ឆ្កែរស់តាមសម្មាជីវោ (ភាពត្រឹមត្រូវនៃជីវិត) របស់ឆ្កែ ។ មនុស្សរស់តាមសម្មាជីវោរបស់មនុស្ស ។ តម្លៃនៃជីវិតគឺស្មើគ្នានៅចំពោះមុខច្បាប់ធម្មជាតិដែលមាន កើត ចាស់ ឈឺ ស្លាប់ ជាប្រធាន ។
សរុបសេចក្តីទៅ មេត្តា ករុណា មុទិតា និង ឧបេក្ខា គឺជាការចំណាយកុសលដើម្បីបង្កើនកុសល ។ ទង្វើ ឬកុសលកម្មនៅក្នុងព្រហ្មវិហារធម៌ទាំងបួននេះ មានសណ្ឋានវិជ្ជមានគ្រប់កាលៈទេសៈទាំងអស់ ទោះបីស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ ។ ទាំងស្តេច ទាំងទាសករ ទាំងអ្នកមាន ទាំងអ្នកក្រ សុទ្ធតែមានលទ្ធភាពបង្កើនកុសលដូចៗគ្នា ។ មនុស្សគ្រប់ៗរូបមិនចាំបាច់មានអ្វីច្រើនឡើយ មានត្រឹមតែស្នាមញញឹមក៏អាចនាំឲ្យចម្រើនកុសលច្រើនអនេកកប្បការ ។ ចំណុចដ៏សាមញ្ញតែមួយគត់ដែលត្រូវចងចាំគឺថា៖ សន្សំកុសលមាន "សម្មា" ជាគោល ។ ឯចំណាយកុសលដើម្បីបង្កើនកុសលមាន "វិជ្ជមាន" ជាគោល ។ គិតវិជ្ជមាន និយាយវិជ្ជមាន និង ធ្វើទង្វើវិជ្ជមាន (The Power of Positivism) ៕
(កំណត់៖ សេចក្តីពន្យល់ពាក្យ មេត្តា ករុណា មុទិតា និង ឧបេក្ខា សង្ខេបចេញពីសំណេររបស់អ្នកគ្រូ ប៉ែន សេដ្ឋារិន ។ សូមឧទិសកុសលជូនដល់អ្នកគ្រូដោយភក្តីភាព) ។
Sunday, February 14, 2021
ចំណីខួរក្បាល
ភូមិវប្បធម៌ដែលខ្ញុំស្រឡាញ់
ភូមិវប្បធម៌ដែលខ្ញុំស្រឡាញ់ មានតែរូបរាង មិនទាន់កកើត តែត្រូវបានគេបំផ្លាញចោលអស់បាត់ទៅហើយ ។ ភូមិនោះ នៅមិនឆ្ងាយពីទីក្រុងសៀមរាបប៉ុន្មានទេ ។ អ្នកស្រុកសៀមរាបដែលចម្រើនវ័យនៅមុនឆ្នាំ២០០០ អាចនៅចងចាំភូមិដែលខ្ញុំនឹងរៀបរាប់នៅក្នុងអត្ថបទនេះ ។
នៅឆ្នាំ ១៩៩៨ ខ្ញុំបានទៅទស្សនកិច្ចនៅស្រុកខ្មែរលើកទី១ បន្ទាប់ពីឃ្លាតឆ្ងាយអស់រយៈពេល១៤ឆ្នាំ ។ វាក៏ជាលើកទី១ដែរនៅក្នុងជីវិតខ្ញុំ ដែលខ្ញុំមានឱកាសបានទៅទស្សនាប្រាសាទអង្គរវត្ត ។ កាលនោះ ឧទ្យានអង្គរស្ថិតនៅក្រោមការគ្រុបគ្រងរបស់ក្រសួងទេសចរណ៍នៅឡើយ ។ ដោយសារតែបងរបស់ខ្ញុំជាមន្ត្រីថ្នាក់កណ្តាលម្នាក់នៅក្នុងក្រសួងទេសចរណ៍ សាខាក្រសួងនៅខេត្តសៀមរាប បានចាត់ចែងរៀបចំដំណើរទេសចរណ៍របស់ពួកយើងជាលក្ខណៈ វីអាយភី តូចមួយ ។ កាលនោះ មិនសូវមានទេសចរច្រើនទេ ។ ហើយក៏មិនសូវមានហេដ្ឋរចនាសម្ព័ន្ធស្អេកស្កះដូចសព្វថ្ងៃនេះដែរ ។ បន្ទាប់ពីទៅទស្សនាប្រាសាទសំខាន់ៗមួយចំនួន ពួកយើក៏សម្រេចចិត្តទៅមើលបារាយខាងលិច ដើម្បីបំពេញតម្រូវការរបស់ខ្ញុំដែលកំពុងតែស្រាវជ្រាវសិក្សាអំពីទ្រង់ទ្រាយនិងវិសាលភាពនៃទីក្រុងអង្គរ ។ យើងធ្វើដំណើរតាមដងផ្លូវជាតិលេខ៦ ឆ្ពោះទៅកាន់ខេត្តបាត់ដំបង ។ ចេញផុតពីក្រុងសៀមរាបបានបន្តិច យើងឈប់រថយន្តនៅក្រោមម្លប់ឈើធំមួយ ។ ខ្ញុំមិនចាំថាយើងឈប់ដោយសារមូលហេតុអ្វីទេ ។ ប៉ុន្តែ ខ្ញុំបានចុះពីលើឡានហើយដើរមើលភូមិករបស់អ្នកស្រុក ដែលស្ថិតនៅតាមដងផ្លូវផ្នែកខាងឆ្វេងដៃ ។ ភូមិនេះ ថ្វីដ្បិតតែអ្នកស្រុករស់នៅស្ថិតក្នុងសភាពសាមញ្ញក៏ដោយ ក៏ទិដ្ឋភាពនិងសោភ័ណ្ឌរំលេចចេញមកមានសណ្ឋានល្អប្រណិត ។ នៅតាមបណ្តោយផ្លូវស្ថិតនៅខាងមុខភូមិ មានប្រឡាយទឹកមួយទទឹងប្រមាណជាបួនម៉ែត្រលាតសន្ធឹងពីជើងទៅត្បូងមើលឃើញដាច់កន្ទុយភ្នែក ។ នៅសងខាងមាត់ប្រឡាយ មានដើមរំចេកដុះជាជួរ ហើយក៏មានស្ពានឆ្លងប្រឡាយមួយៗផងដែរ ។ ខ្ញុំសង្ស័យថា ទឹកដែលហូរនៅក្នុងប្រឡាយនោះ មានប្រភពចេញមកពីបារាយខាងលិចដែលខ្ញុំកំពុងតែធ្វើដំណើរទៅទស្សនានោះឯង ។ ខ្ញុំឈរស្ទង់មើលសណ្ឋានដី (Survey) ទម្រង់ភូមិក ហើយគិតក្នុងចិត្តថា៖ ទីនេះល្អពន់ពេកណាស់ បើឆ្នៃឲ្យទៅជាភូមិវប្បធម៌ មិនដឹងជាល្អយ៉ាងណាទេ ។
ភូមិវប្បធម៌ដែលខ្ញុំសាងសង់នៅក្នុងក្តីស្រមៃរបស់ខ្ញុំនាថ្ងៃនោះ គឺចាប់ផ្តើមពីការជំរឿនឈ្មោះពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងភូមិតាមបណ្តោយមាត់ប្រឡាយ ។ បន្ទាប់មក ជីកប្រឡាយស្របមួយទៀតនៅភាគខាងកើត ដែលមានចម្ងាយមួយរយម៉ែត្រគត់ (១០០ម) ពីប្រឡាយមេនៅតាមដងផ្លូវ ។ ពុះដីនៅចន្លោះប្រឡាយទាំងពីរជាឡូតិ៍ដែលមានប្រវែង៥០ម៉ែត្រស្មើៗគ្នា រួចហើយជីកប្រឡាយតភ្ជាប់ប្រឡាយទាំងពីរ បង្កើតបានជាកូនកោះដែលមានទំហំកន្លះហិចតាមួយ (៥០mX១០០m) ។ នៅតាមមាត់ប្រឡាយជុំវិញកូនកោះនោះ យើងដាំដើមឈើដែលដុះនៅក្នុងស្រុកខ្មែរ (Native trees) ដែលមានឈ្មោះចាប់ផ្តើមពីអក្សរ ក ដល់ អ ។ នៅតាមបណ្តោយជួរដើមឈើឃ្លាតពីគល់វាប្រហែលមួយម៉ែត្រ យើងសាងផ្លូវដើរបេតុង (Sidewalk) ដែលមានទទឺងមួយម៉ែត្រដែរ ។ ចន្លោះដើមឈើនីមួយៗ យើងដាំដើមផ្កាព្រៃដូចជា ក្រវ៉ាន់និងរំដួលជាដើម ហើយដាំវល្លិ៍ព្រៃ ដូចជាទ្រៀលនិងគុយ ឲ្យវារឡើងដើមឈើទាំងនោះ ។ នៅចំកណ្តាលដីភូមិចម្ងាយ១០ម៉ែត្រពីមាត់ប្រឡាយស្របផ្លូវជាតិ សង់ផ្ទះបុរាណខ្មែរប្រភេទរោងដោលឬរោងឌឿងនិងទម្រង់បុរាណដទៃទៀតដែលមានតឹកតាងនៅក្នុងចម្លាក់តាមប្រាសាទនានា ដោយប្រើឈើប្រណិតនៅក្នុងប្រទេសកម្ពុជា ។ នៅជុំវិញផ្ទះក្នុងភូមិករនិមួយៗ យើងដាំដំណាំហូបផ្លែសព្វសារពើមាន ចេក ដូង ល្ហុង ខ្នុរ ស្រកានាគ ជាដើម ។ល។ បន្ទាប់ពីសាងសង់ផ្ទះនិងភូមិករ ដែលមានទ្រង់ទ្រាយជាឧទ្យានប្រាសាទនេះរួចរាល់ ផ្តល់ភូមិវប្បធម៌នេះទៅឲ្យអ្នកស្រុក (Original villagers) រស់នៅនិងថែទាំអាស្រ័យផលទៅតាមតម្រូវការរបស់គ្រសារនីមួយៗ ។ ពួកគេអាចរស់នៅក្នុងភូមិវប្បធម៌នេះក្នុងនាមជាអ្នកថែទាំ (Caretakers) តជំនាន់ ប៉ុន្តែគ្មានសិទ្ធលក់ដូរឬក៏ផ្ទេរកម្មសិទ្ធិឲ្យបុគ្គលណាឡើយ ។ នៅពេលឪពុកម្តាយស្លាប់អស់ អាជ្ញាធរជាអ្នករៀបចំឲ្យកូនៗចាប់ឆ្នោតដើម្បីថែទាំបន្ត ។ គ្រួសារដែលជាប់ឆ្នោតទទួលបានសិទ្ធិថែទាំភូមិក គឺត្រូវរស់នៅទីនោះតែមួយគ្រួសារគត់ (Immediate family only) ។ សាច់ញាតិដទៃត្រូវតែចាកចេញ ។
នៅឆ្នាំ ១៩៩៨ អ្នកស្រុកដែលរស់នៅក្នុងភូមិតាមបណ្តោយមាត់ប្រឡាយនោះ មានចំនួនចន្លោះពី ១០០ទៅ២០០គ្រួសារប៉ុណ្ណោះ ។ ដូច្នេះ ការរៀបចំបង្កើតឧទ្យានភូមិកនោះ អាចធ្វើត្រឹមតែ២០០ប្លង់ គឺគ្រប់គ្រាន់ ។ យើងត្រូវការដីតាមមាត់ប្រឡាយបណ្តោយផ្លូវជាតិលេខ៦ខាងត្បូងទីក្រុងសៀមរាប ចម្ងាយប្រហែលជា ១០០០០ម៉ែត្រ ឬ១០គីឡូម៉ែត្រ ដើម្បីបង្កើតភូមិវប្បធម៌ចំនួន២០០ផ្ទះនេះ ។ នៅខាងស្តាំដៃតាមបណ្តោយផ្លូវនោះ យើងបង្កើតជាតំបន់សណ្ឋាគារសម្រាប់ទេសចរស្នាក់នៅ ។
ការបង្កើតឲ្យមានភូមិវប្បធម៌របៀបនេះ វាជាការអភិវឌ្ឃន៍តាមបែបផែនពហុវិស័យ ឬពហុគោលដៅ ។ ទីមួយគឺយើងបង្កើតឲ្យមានគំរូនៃការរស់នៅរបស់ជនជាតិខ្មែរ និងអភិវឌ្ឃន៍ប្រកបដោយចីរភាពមួយ ។ ទីពីរគឺយើងបង្កើតឲ្យមានឧទ្យានពាក់កណ្តាលសាធារណៈ (Semi-public park) ដែលមានទំហំ១០០ម៉ែត្រគុណនឹង១០គីឡូម៉ែត្រ ។ ទីបីពលរដ្ឋដែលរស់នៅក្នុងភូមិវប្បធម៌នេះ អាចចងក្រងជាសហគមន័ដែលមានក្រុមប្រឹក្សាសម្រេចកិច្ចការនានា ក៏ដូចជាផ្តល់កម្រៃការងារដល់អ្នកស្ម័គ្រចិត្តចូលមកជួយថែទាំ និងផ្តល់សេវានៅក្នុងសហគមន៍ ។ ទីបួនប្រព័ន្ធប្រឡាយទឹក (កសិន្ធុ) អាចជាកន្លែងចិញ្ចឹមត្រីធម្មជាតិ សម្រាប់ផ្គត់ផ្គងតម្រូវការរបស់អ្នកភូមិ ក៏ដូចជាសម្រាប់ទេសចរស្ទូចលេងលំហែរផងដែរ ។ នៅមានសក្តានុពលនិងសារប្រយោជន៍ជាច្រើនផ្សេងទៀត ដែលយើងអាចទាញយកពីភូមិវប្បធម៌ដ៏សាមញ្ញមួយនេះ ។
បើនិយាយអំពីទំនាក់ទំនងរវាងតំបន់សណ្ឋាគារនិងភូមិវប្បធម៌ ទេសចរទាំងក្នុងស្រុកនិងក្រៅស្រុកគ្រាន់តែដើរឆ្លងផ្លូវពីកន្លែងស្នាក់នៅ ក៏អាចទស្សនារបៀបរបបរស់នៅរបស់រាស្ត្រខ្មែរដោយផ្ទាល់តែម្តង ។ មិនតែប៉ុណ្ណោះ ពួកគេអាចទិញផ្លែឈើដែលបេះពីដើមថ្មីៗមកទទួលទានដោយមិនចាំបាច់ទៅទិញពីផ្សារឡើយ ។ បើមើលទិដ្ឋភាពនៃភូមិវប្បធម៌នោះពីបង្អួចសណ្ឋាគារទៅ វាមិនខុសពីទស្សនាទម្រង់ប្រាសាទអង្គរវត្តតូចៗ ដែលគេយកមកដាក់តម្រៀបគ្នាឡើយ ។ តើមានអ្វីដែលល្អជាងនេះទៅទៀត ដែលកូនចៅអ្នកកសាងអង្គរ រស់នៅក្នុងភូមិកដែលមានសោភ័ណ្ឌ និងសម្ភស្សស្រដៀងនឹងប្រាសាទអង្គរដែរ ។ ក៏ប៉ុន្តែ អ្វីៗបានវិនាសអន្តរាយបាត់អស់ទៅហើយ ។ ភូមិវប្បធម៌ដែលស្ថិតនៅក្នុងអត្ថបទនេះ វានៅសល់ត្រឹមតែរូបភាពដែលស្ថិតនៅក្នុងដួងចិត្តខ្ញុំប៉ុណ្ណោះ ៕
Wednesday, February 10, 2021
ចំណីខួរក្បាល
ជូតទឹកភ្នែក ហើយបន្តដំណើរទៅមុខទៀត!
មុនពេលដែលគាត់ត្រូវបានគេធ្វើឃាត លោកបណ្ឌិត កែម ឡី បានបន្សល់នូវទស្សនជាច្រើនដើម្បីឲ្យពលរដ្ឋខ្មែរយកមកពិចារណា ។ "ជូតទឹកភ្នែក ហើយបន្តដំណើរទៅមុខទៀត" ជាពាក្យមួយឃ្លាដែលមានប្រជាប្រីយ៍និងពេញនិយម ទាំងផ្នែកនយោបាយ ទាំងផ្នែកយុត្តិធម៌សង្គម ក៏ដូចជាការតស៊ូដើម្បីស្វែងរកសុភមង្គលនៅក្នុងដំណើរជីវិត ។ សូម្បីតែខ្ញុំ ក៏បានរក្សាទុករូបថតរបស់លោកបណ្ឌិតកែមឡី ដែលមានសរសេរពាក្យពេចន៍ដ៏គួរឲ្យចាប់អារម្មណ៍នោះផងដែរ ។
បើមើលតែមួយត្រួស "ជូតទឹកភ្នែក ហើយបន្តដំណើរទៅមុខទៀត" គឺជាពាក្យលើកទឹកចិត្តនិងបណ្តុះឆន្ទៈខ្ពង់ខ្ពស់ល្អណាស់ ។ ក៏ប៉ុន្តែ នៅពេលដែលលើកយកពាក្យនេះមកពិចារណាឲ្យយូរបន្តិច យើងហាក់ដូចជាមើលឃើញថា វាមានចន្លោះប្រហោងច្រើន ។ សំណួរមួយដែលយើងគួរលើកយកមកពិចារណាគឺថា តើការបន្តដំណើរនោះ មានសង្ឃឹមបានជោគជ័យកម្រិតណា? មនុស្សដែលស្រក់ទឹកភ្នែក ជាទូទៅគឺដោយសារកត្តាពីរយ៉ាង៖ ទីមួយ បរាជ័យ ។ ទីពីរ ជួបឧបសគ្គធ្ងន់ធ្ងរដោះស្រាយមិនចេញ ។ សម្រាប់ខ្ញុំ នៅពេលដែលមនុស្សជួបបញ្ហានេះ យើងមិនគួរបន្តដំណើរទៅមុខទៀតទេ ។ គឹត្រូវបង្ហូរទឹកភ្នែក ហើយអង្គុយពិចារណឬភាវនាសិន ។ បើពិចារណារកផ្លូវទៅកាន់ជោគជ័យមិនទាន់ឃើញទេ មិនត្រូវធ្វើសកម្មភាពឡើយ ។ អង្គុយពិចារណារហូតទាល់តែរកឃើញឬមានឱកាស ។ បើរកមិនឃើញឬក៏គ្មានឱកាសហុចឲ្យទេ ព្យាយាមភាវនាពិចារណរហូតដល់ថ្ងៃស្លាប់ក៏មិនថ្វីដែរ ។
ចិនមានភាសិតបុរាណមួយដែលចែងថា៖ "ស្គាល់គេស្គាល់ខ្លួនឯង ធ្វើសង្គ្រាមមិនចេះចាញ់" (Know youself, know your enemies; a hundred battles, a hundred victories.) ។ ពាក្យមួយឃ្លានេះ មានន័យជ្រៅនិងទូលំទូលាយណាស់ ទាំងផ្នែកសឹកសង្គ្រាម ទាំងផ្នែកនយោបាយ ជំនួញ និង ជីវិតរស់នៅ ។ និយាយឲ្យខ្លីងាយយល់ គឺយើងគប្បីស្គាល់សមត្ថភាពខ្លួននិងស្ថានភាពជីវិតឲ្យប្រាកដប្រជា ។ បន្ទាប់មកគឺត្រូវស្វែងយល់អំពីឧបសគ្គនានាដែលយើងត្រូវប្រឈមនៅក្នុងដំណើរតស៊ូរបស់យើង មិនថាការតស៊ូនោះនៅក្នុងសឹកសង្គ្រាម នយោបាយ ជំនួញ ឬក៏ដំណើរជីវិតឡើយ ។ បច្ចុប្បន្ននេះ ខ្ញុំឃើញពលរដ្ឋខ្មែរជាច្រើននិយមលើកយកពាក្យ "តស៊ូ!ៗ" មកកម្លាចិត្តដើម្បីប្រឹងជម្នះឧបសគ្គនានា ។ វាគ្មានអ្វីខុសជាមួយនឹងឆន្ទៈតស៊ូនោះទេ ។ អ្វីដែលខ្ញុំចង់លើកយកមកពិចារណាគឺថា តើឧបសគ្គដែលស្ថិតនៅចំពោះមុខការតស៊ូរបស់យើងនោះ វាមានទំហំប៉ុនណា ។ តើយើងមានសង្ឃឹមទទួលបានជោគជ័យនៅក្នុងការតស៊ូរបស់យើងដែរទេ ។ បើគ្មានសង្ឃឹមធំដុំទេ អង្គុយពិចារណារង់ចាំឱកាសនៅក្នុងផ្ទះរហូតដល់ថ្ងៃស្លាប់ ប្រហែលជាប្រសើរជាងទៅអង្គុយពិចារណានៅទីកន្លែងដែលយើងមិនគួរទៅ ។ ខ្ញុំនិយាយនេះគឺសំដៅដល់សកម្មជនបក្សនយោបាយនិងសង្គមមួយចំនួន ដែលកំពុងតែរងគ្រោះដោយសារតែគំនិត "ជូតទឹកភ្នែក ហើយបន្តដំណើរទៅមុខទៀត" នេះឯង ។
ការទទួលយកនិងរស់នៅជាមួយនឹងស្ថានភាពបរាជ័យ គឺគ្មានអ្វីគួរឲ្យខ្មាសអៀនឡើយ ។ អ្វីដែលគួរឲ្យខ្មាសអៀននោះ គឺប្រឹងតស៊ូនៅក្នុងភពបរាជ័យ ។ អ្វីទៅជាភពបរាជ័យ? ភពបរាជ័យគឺជាស្ថានភាពមួយ ដែលផ្តល់ឱកាសជោគជ័យឲ្យការតស៊ូរបស់យើងទាបបំផុត ឬក៏គ្មានទាល់តែសោះ ។ ខ្ញុំសូមលើកយកឧទាហរណ៍ផ្ទាល់ខ្លួនមួយមកពិចារណា ។ បន្ទាប់ពីអាជ្ញាធរខ្មែរក្រហមត្រូវបានកងទ័ពយួនវាយផ្តួលរំលំនៅឆ្នាំ ១៩៧៩ ខ្ញុំនិងពលរដ្ឋខ្មែរដទៃប្រឈមនិងបញ្ហាធ្ងន់ធ្ងររាប់មិនអស់ ។ បញ្ហាមួយដែលខ្ញុំប្រឈមនាគ្រានោះគឺការវិលត្រឡប់ទៅរៀនវិញ បន្ទាប់ពីខកខានអស់រយៈពេល៤ឆ្នាំ ។ នៅសម័យនោះ គ្រូបង្រៀនត្រូវបានពួកខ្មែរក្រហមសម្លាប់ចោលឡើងពាយ ។ សូម្បីតែសាលារៀនក៏ត្រូវបានបំផ្លាញស្ទើរគ្មានសល់ដែរ ។ នៅភូមិដែលខ្ញុំរស់នៅ អ្នកស្រុករៀបចំឲ្យមានសាលារៀនត្រឹមថ្នាក់ទី ៣ ។ ចំណែកខ្ញុំត្រូវចូលរៀនបន្តនៅថ្នាក់ទី ៥ ។ ដូច្នេះ បើខ្ញុំចង់បន្តដំណើរទៅមុខទៀត គឺខ្ញុំត្រូវចាកចេញពីម្តាយមេម៉ាយ ទៅរៀននិងស្នាក់នៅទីរួមស្រុង ត្បូងឃ្មុំ ឬក៏ទីក្រុងកំពង់ចាម ។ គួរបញ្ជាក់ថា គ្រានោះស្រុកខ្មែរជាប្រទេសកុម្មុយនីស្ត ។ យើងគ្មានរូបិយប័ណ្ណសម្រាប់ចាយវាយ ហើយក៏មិនអាចដើរហើរពីស្រុកមួយទៅស្រុកមួយ ដោយគ្មានលិខិតអនុញាតពីអាជ្ញាធរផងដែរ ។ នេះមិនទាន់និយាយអំពីកងទ័ពយួនដែលត្រួតពីលើក្បាលយើងមួយជាន់ទៀតផង ។ សម័យនោះ កូនសិស្សជំនាន់ខ្ញុំដែលអាចទៅរៀនបន្តរយៈពេលបួនឬប្រាំឆ្នាំទៀត មានឱកាសទទួលអាហារូបករណ៍ទៅរៀននៅសហភាពសូវៀត និងទ្វីបអឺរ៉ុបខាងកើតព្រោងព្រាត ។ មន្ត្រីរាជការខ្មែរសព្វថ្ងៃមួយចំនួនធំ គឺជាអតីតនិស្សិតជំនាន់នោះឯង ។ ខ្ញុំគឺជាមនុស្សបរាជ័យម្នាក់ចេញពីជំនាន់នោះ ។
ការសម្រេចចិត្តមិនជូតទឹកភ្នែក ហើយមិនបន្តដំណើរទៅមុខរបស់ខ្ញុំនាគ្រានោះ មានហេតុផលច្រើន ។ ហេតុផលដ៏ធំបំផុតគឺខ្ញុំមិនដាច់ចិត្តទុកម្តាយខ្ញុំឲ្យប្រឈមនឹងទុក្ខវេទនាធ្ងន់ធ្ងរបន្តទៅទៀត បន្ទាប់ពីទើបនឹងឆ្លងផុតពីការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរខ្មែរក្រហម ។ គួរកត់សម្គាល់ថា អាជ្ញាធរថ្មីដែលចូលមកសង្គ្រោះជីវិតយើងនាគ្រានោះ ក៏មិនល្អប្រសើរណាស់ណាដែរ ។ ជម្រើសរបស់ខ្ញុំជាមួយនឹងបញ្ហានេះមានពីរ៖ បន្តការសិក្សាដើម្បីអនាគត ឬក៏ព្យាយាមកាត់បន្ថយកុំឲ្យជីវិតរងទុក្ខវេទនាខ្លាំងបន្តទៅទៀត ។ ខ្ញុំសម្រេចមិនទៅបន្តការសិក្សាទេ ។ ក្នុងស្ថានភាពជីវិតនាគ្រានោះ ខ្ញុំត្រូវរស់នៅជាមួយនឹងអ្វីដែលភាសាអង់គ្លេសហៅថា Survival mode (រស់កំដរពេលលវេលា) សិន ។ ទោះជាយ៉ាងណាក៏ដោយ ការផ្អាកការតស៊ូដោយកម្លាំកាយ មិនមានន័យថាខ្ញុំផ្អាកការតស៊ូដោយកម្លាំងចិត្តឡើយ ។ ខ្ញុំនៅតែត្រិះរិះ នៅតែពិចារណា រកច្រកចេញអំពីភាពទាល់ច្រកជាប្រចាំ ។ សូមចងចាំថា ភាពទាល់ច្រកនៅក្នុងដំណើរជីវិត មិនដូចភាពទាល់ច្រកនៅក្នុងដំណើរថ្មើជើងឡើយ ។ ផ្លូវចេញរមែងមាន ។ បើមិនមានដោយសារការត្រិះរិះពិចារណារបស់ខួរក្បាលយើងទេ ក៏មានដោយសារកត្តាខាងក្រៅដែរ ដែលភាសាអង់គ្លេសហៅថា Divine Intervention (ព្រហ្មលិខិត) ។
ឱកាសដែលអនុញាតឲ្យខ្ញុំជូតទឹកភ្នែក ហើយបន្តដំណើរទៅមុខទៀត កើតមាននៅរយៈពេលប្រាំឆ្នាំក្រោយមក ។ វាមិនមែនជាឱកាសដែលខ្ញុំរកឃើញដោយកម្លាំងប្រាជ្ញាឬក៏ជ្រើសរើសដោយស្ម័គ្រចិត្តឡើយ ។ វាជាឱកាសដែលអាជ្ញាធរយួននិងខ្មែរបង្ខំឲ្យខ្ញុំជ្រើសរើសធ្វើសកម្មភាព ។ នៅចុងឆ្នាំ ១៩៨៤ ដំណើរជីវិតកំដរពេលវេលារបស់ខ្ញុំបានជួបនឹងព្រឹត្តិការណ៍បី ។ ទីមួយ ខ្ញុំបានទទួលលិខិតមួយច្បាប់ពីបងប្រុសខ្ញុំដែលកំពុងរស់នៅសហរដ្ឋអាមេរិក ។ គាត់គឺជាអតីតភ្នាក់ងារសម្ងាត់របស់ក្រុមខ្មែរតស៊ូប្រឆាំងនឹងយួន ។ នៅពេលអាជ្ញាធរយួនស្វែងរកចាប់ខ្លួនបណ្តាញអ្នកតស៊ូនៅភ្នំពេញ បងខ្ញុំក៏ភៀសខ្លួនទៅជាយដែនខ្មែរថៃ ហើយបាត់ដំណឹងតាំងតែពីឆ្នាំ ១៩៨០ មក ។ ទីពីរ ខ្ញុំត្រូវជាប់កំណែន ក៥ ទៅកាប់ឆ្កាព្រៃនៅទល់ដែនខ្មែរ-ថៃ នៅដើមឆ្នាំ ១៩៨៥ ។ និងទីបី មិត្តក្នុងភូមិម្នាក់ដែលជាប់សែស្រឡាយនឹងខ្ញុំបន្តិចបន្តួចបានខ្សឹបប្រាប់ខ្ញុំថា ក្រុមគ្រួសារគាត់មានគម្រោងរត់ចេញពីប្រទេសកម្ពុជា ទៅរស់នៅក្នុងជំរំជនភៀសខ្លួនខ្មែរក្នុងប្រទេសថៃ ។
កំណែន ក៥ គឺជាបញ្ហាមួយដែលធ្វើឲ្យម្តាយខ្ញុំកើតទុក្ខព្រួយជាច្រើនខែថ្ងៃ ។ តាមដំណឹងចេញពីអ្នកដែលបានឆ្លងកាត់យុទ្ធនាការ ក៥ នោះ ពលករមួយចំនួនបានរងគ្រោះរហូតដល់បាត់បង់ជីវិតដោយប្រការផ្សេងៗ ។ អ្នកដែលជាប់កំណែនត្រូវចំណាយពេលពី ៣ទៅ៦ ខែ ឬក៏យូរជាងនេះផងក៏មិនដឹងអាស្រ័យលើអុងឡឺងគាត់សម្រេច ។ ខ្ញុំយកដំណឹងអំពីគម្រោងរត់ភៀសខ្លួនទៅស្រុកថៃរបស់មិត្តខ្ញុំទៅប្រាប់ម្តាយខ្ញុំ ។ ម្តាយខ្ញុំនិងខ្ញុំជាមួយនឹងជីដូនខ្ញុំបានពិគ្រោះគ្នាមួយកំណាត់យប់ រួចហើយក៏សម្រេចចិត្តឲ្យខ្ញុំរត់ភៀសខ្លួនទៅប្រទេសថៃជាមួយនឹងមិត្តខ្ញុំ ។ ម្តាយនិងជីដូនខ្ញុំមិនចង់ឲ្យខ្ញុំយកជីវិតទៅប្រឈមនឹងសេចក្តីស្លាប់ក្នុងកំណែន ក៥ ឡើយ ។ ខ្ញុំបង្ខំចិត្តបន្តដំណើរទាំងទឹកភ្នែក ។
បន្ទាប់ពីសម្រេចចិត្តបន្តការតស៊ូជម្នះឧបសគ្គនៅក្នុងដំណើរជីវិត ខ្ញុំរៀបចំមហិច្ឆតាតូចៗពីរនៅក្នុងគោលដៅជិវិតខ្ញុំ ។ ទីមួយ បើខ្ញុំអាចឆ្លងទៅដល់ជំរំជនភៀសខ្លួនខ្មែរនៅក្នុងប្រទេសថៃដោយសុវត្ថិភាព ប៉ុន្តែមិនអាចទៅដល់សហរដ្ឋអាមេរិកដូចបងប្រុសខ្ញុំ ខ្ញុំនឹងប្រឹងប្រែងរៀនភាសាអង់គ្លេសឲ្យចេះស្ទាត់ដើម្បីប្រកបរបរជាគ្រូបង្រៀនភាសានេះ ។ ទីពីរ បើខ្ញុំមានវាសនាទៅដល់សហរដ្ឋអាមេរិក ខ្ញុំនឹងរៀនជំនាញរៀបចំប្រព័ន្ធផ្សាយសំឡេងដូចជាអ្នកចាក់មីក្រូនៅក្នុងពិធីបុណ្យឬមង្គលការសព្វថ្ងៃ ។ វាជាមហិច្ឆតាសមស្របមួយដែលខ្ញុំគិតថា សមត្ថភាពខ្ញុំអាចជម្នះឧបសគ្គបាន ។
ខ្ញុំទៅដល់ជំរំជនភៀសខ្លួនខ្មែរនៅក្នុងប្រទេសថៃនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ១៩៨៥ បន្ទាប់ពីជំរំទាំងនោះត្រូវបានកងទ័ពយួនវាយបំបែករប៉ាត់រប៉ាយនៅថ្ងៃទី ៧មករា ។ មួយខែក្រោយមក ខ្ញុំទទួលបានជោគជ័យក្នុងការភ្ជាប់ទំនាក់ទំនងជាមួយនឹងបងខ្ញុំនៅសហរដ្ឋអាមេរិក ដែលជាប្រភពគាំពារជីវិតខ្ញុំ (Lifeline) ។ នៅថ្ងៃទី ១៣ ខែមេសា អង្គការសហប្រជាជាតិសម្រេចដឹកជញ្ជូនពលរដ្ឋខ្មែរដែលរស់នៅរាយប៉ាយតាមជំរំជនភៀសសឹកទាំងអស់ ទៅដាក់នៅក្នុងជំរំដ៏ធំមួយដែលមានឈ្មោះថា សាយធូ (Site 2) ។ គឺនៅទីនោះហើយដែលខ្ញុំស្វែងរកឱកាស ឬក៏បង្កើតឱកាសបន្តការតស៊ូនៅក្នុងជីវិតសិក្សារបស់ខ្ញុំ ។ ឧបសគ្គនៅមានច្រើនតទៅទៀត ។ ក៏ប៉ុន្តែ ខ្ញុំចង់បញ្ជាក់ថាខ្ញុំមិនត្រឹមតែអាចរៀនភាសាអង់គ្លេសទេ គឺខ្ញុំរៀនទាំងភាសានិងអក្សរសាស្ត្រខ្មែរថែមទៀត បន្ទាប់ពីខកខានអស់រយៈពេល ១០ឆ្នាំ ។ រឿងខ្ញុំត្រឡប់ចូលទៅរៀនវិញដូចម្តេចបន្ទាប់ពីខកខានអស់រយៈពេល១០ឆ្នាំ វាជារឿងមួយផ្សេងទៀត ។ បើអ្នកគិតថាអត្ថបទនេះសរសេរបានល្អដូចអ្នកមានចំណេះដឹងជ្រៅជ្រះ វាកើតចេញពីការប្រឹងប្រែងដោយមិនប្រក្រតីនោះ ។
បួនឆ្នាំក្រោយមកគឺនៅឆ្នាំ ១៩៨៩ ខ្ញុំទៅដល់សហរដ្ឋអាមេរិក ។ គម្រោងដែលខ្ញុំបានគិតពេលចាកចេញពីស្រុកខ្មែរមកនោះ ត្រូវបានប្រែប្រួលដោយសារដំណាក់កាលទីមួយដែលខ្ញុំឆ្លងកាត់នៅក្នុងជំរំជនភៀសខ្លួនក្នុងប្រទេសថៃ ។ ទៅដល់ស្រុកអាមេរិក ខ្ញុំមានអាយុ២៥ឆ្នាំគត់ ។ ខ្ញុំអាចទៅធ្វើការនៅរោងចក្រឬក៏សហគ្រាសនានា ហើយសន្សំប្រាក់ទិញផ្ទះរកភរិយាបង្កើតគ្រួសាររស់នៅយ៉ាងងាយស្រួលនៅលើទឹកដីថ្មីនេះ ។ ទន្ទឹមគ្នានេះដែរ ខ្ញុំក៏សន្សំបានចំណេះដឹងខ្លះៗកាលរស់នៅក្នុងជំរំជនភៀសខ្លួនឯប្រទេសថៃ ។ ជម្រើសរបស់ខ្ញុំមានពីរ ។ ធ្វើការងារបង្កើតគ្រួសាររស់តាមសម្មាជីវោ ឬក៏ប្រថុយនឹងរឿងរៀនសូត្របន្តម្តងទៀត ។ ការប្រឈមរបស់ខ្ញុំរវាងឆ្នាំ ១៩៨៩ និងឆ្នាំ ១៩៧៩ ថ្វីដ្បិតតែមានស្ថានភាពខុសគ្នា ក៏ប៉ុន្តែផលវិបាកគឺមិនធូស្រាលជាងគ្នាប៉ុន្មានទេ ។ នៅឆ្នាំ ១៩៧៩ បើខ្ញុំទៅរៀន ខ្ញុំនាំទុក្ខឲ្យម្តាយខ្ញុំ ។ ឆ្នាំ ១៩៨៩ បើខ្ញុំទៅរៀន ខ្ញុំត្រូវចំណាយពេលពី ៥ទៅ១០ឆ្នាំ ។ បើខ្ញុំបរាជ័យ ជីវិតនិងអនាគតខ្ញុំបើមិនចប់ក៏ខាតបង់ខ្ទេចខ្ទីដែរ (Ruin) ។ ខ្ញុំសម្រេចទៅបន្តការសិក្សាឡើងវិញ ថ្វីត្បិតតែនៅក្នុងជម្រៅចិត្តខ្ញុំ ខ្ញុំដឹងថាសមត្ថភាពខ្ញុំអាចទទួលបានជោគជ័យត្រឹម ២០ភាគរយប៉ុណ្ណោះ ។ មូលហេតុតែមួយគត់ដែលខ្ញុំសម្រេចចិត្តតស៊ូប្រឈមនឹងហានិភ័យនោះ គឺអ្នករងគ្រោះមានតែខ្ញុំម្នាក់គត់ ។ មិនពាក់ព័ន្ធនឹងអ្នកដទៃឡើយ ។
មិននាំទុក្ខដល់អ្នកដទៃ គឺជាអ្វីដែលបង្កប់នៅក្នុងអត្ថបទដ៏វែងអន្លាយនេះ ។ មុននឹងយើងធ្វើសកម្មភាព មុននឹងយើងងើបតស៊ូឬតតាំងជាមួយនឹងព្រហ្មលិខិត មិនថាជាការស្វែងរកទ្រព្យ (ចំណេះដឹងនិងសម្ភារៈ) ឬក៏ការតវាប្រឆាំងនឹងអំពើអយុត្តិធម៌នានានៅក្នុងសង្គម យើងគប្បីគិតអំពីប្រការ ថាតើការតស៊ូរបស់យើងអាចនាំទុក្ខដល់អ្នកដទៃ ជាពិសេសមនុស្សដែលយើងស្រឡាញ់ដែរទេ ។ ការតស៊ូ ការជូតទឹកភ្នែក និងការក្រោកឈរតតាំងជាមួយនឹងឧបស័គ្គ គឺមាននៅក្នុងអត្តចរិតរបស់មនុស្សគ្រប់ៗរូបរួចទៅហើយ ។ គ្មាននរណាមួយដែលកើតមក មិនមានឆន្ទៈតស៊ូនៅក្នុងជីវិតនោះទេ ។ អ្វីដែលយើងគួរដឹង គឺត្រូវពិចារណាជាប្រចាំ ថាតើការតស៊ូនោះវាសមស្របទៅតាមកាលៈទេសៈ និងអាចទទួលបានជោគជ័យកម្រិតណា ។ ស្ថានភាពនៃជីវិតមនុស្សម្នាក់ៗ មិនដូចគ្នាទេ ។ ដូច្នេះ និយមន័យនៃភាពជោគជ័យក៏មិនដូចគ្នាដែរ ។ ខ្ញុំទទួលបរាជ័យរាប់មិនអស់ទេ នៅក្នុងដំណើរជីវិត ។ ក៏ប៉ុន្តែ បរាជ័យខ្លះ បើគិតឲ្យសព្វជ្រុងជ្រោយទៅ វាក៏ជាជោគជ័យផងដែរ ។ ឧទាហរណ៍ នៅក្នុងវិបត្តិសេដ្ឋកិច្ចកូវិដ១៩រយៈពេលជាងមួយឆ្នាំនេះ ខ្ញុំបាត់បង់ប្រាក់ចំណូលស្ទើរតែទាំងស្រុង ។ ទាំងខ្ញុំ ទាំងកូនៗ រស់នៅដោយសារកម្លាំងញើសឈាមរបស់ភរិយាខ្ញុំ ។ នៅក្នុងកែវភ្នែករបស់អ្នកដទៃ ខ្ញុំជាមនុស្សបរាជ័យដ៏អាមាសជាទីបំផុត ។ ប៉ុន្តែ នៅក្នុងកែវភ្នែកខ្ញុំ ខ្ញុំជាមនុស្សដែលមានជោគជ័យដ៏ត្រចះត្រចង់ ដ្បិតខ្ញុំរកបានភរិយាដែលមានសមត្ថភាពចិញ្ចឹមខ្ញុំរស់បានយ៉ាងស្រួល ។
ជោគជ័យនិងបរាជ័យនៅក្នុងដំណើរជីវិត វាគឺជាផ្ទៃមុខទាំងសងខាងនៃកាក់តែមួយ (Two sides of the same coin) ។ បន្តការតស៊ូ ឬក៏ផ្អាកការតស៊ូនៅក្នុងដំណើរជីវិត វាក៏មានសណ្ឋានដូចគ្នាដែរ ។ ការលះបង់មិនតស៊ូជម្នះឧបសគ្គដែលធំហួសមាឌ ឬក៏ដែលផ្តល់ឱកាសឲ្យយើងឈ្នះតិចតួចពេកនោះ មិនមែនជាបរាជ័យទេ ដរាបណាយើងមិនបោះបង់ការតស៊ូនៅក្នុងចិត្ត ។ វាគ្រាន់តែជាការទទួលស្គាល់ដែនកំណត់នៃសមត្ថភាព និងលទ្ធភាពក្នុងការយកឈ្នះឧបសគ្គនៅចំពោះមុខប៉ុណ្ណោះ ។ នៅក្នុងភាសាអង់គ្លេសមានពាក្យមួយឃ្លាដែលពោលថា៖ Patience is the mother of all virtues (ការអត់ធ្មត់មិនធ្វើសកម្មភាពគឺជាមាតានៃជ័យជម្នះគ្រប់ប្រការ) ៕
Saturday, January 23, 2021
ចំណីខួរក្បាល
ទទួលទាន (Eat)
ពាក្យខ្មែរមួយម៉ាត់ដែលមានអត្ថន័យធំធេងដូចមហាសមុទ្រគឺ ទទួលទាន ។ ប៉ុន្តែ ខ្មែរយើងមិនសូវនិយមប្រើពាក្យនេះឡើយ ។ យើងសុខចិត្តយកពាក្យស្ទើរតែរាប់រយមកប្រើជំនួសឲ្យពាក្យមួយម៉ាត់នេះ ។ ខ្ញុំមិនដឹងថា ពាក្យនេះមានប្រភពឫសគល់ចេញមកពីណាទេ ។ ក៏ប៉ុន្តែ តាមការពិនិត្យរបស់ខ្ញុំ ពាក្យនេះមានអត្ថន័យ អត្ថរស និងអត្ថរូប ល្អវិសេសវិសាលពន់ពេកណាស់ ។ យើងអាចយកវាមកប្រើសម្រាប់មនុស្ស សត្វ និងរុក្ខជាតិ ។ គឺអត់មានទើសទាស់ត្រង់ណាបន្តិចឡើយ ។ ឧទាហរណ៍ ស្តេចទទួលទានក្រយា ។ ព្រះសង្ឃទទួលទានអាហារ ឬចង្ហាន់ ។ មនុស្សទូទៅទទួលទានបាយឬទឹក ។ សម្រាប់សត្វនិងរុក្ខជាតិ យើងអាចប្រើពាក្យទទួលទានបានដូចគ្នា ។ ជ្រូកមាន់ទាគោក្របីនិងត្រី ទទួលទានចំណី ។ រុក្ខជាតិនានាទទួលទានពន្លឺថ្ងៃនិងជី ។ នៅមានករណីជាច្រើនទៀតដែលយើងអាចប្រើពាក្យទទួលទានដូចជា៖ ទទួលទានដំណេក ទទួលទានបញ្ញា ទទួលទានទស្សន ។ល។
បើយើងញែកពាក្យទទួលទាននេះជាពីរ យើងឃើញថាវាជាការផ្គុំគ្នារវាងពាក្យ ទទួល និង ទាន ។ ទានគឺជារបស់ដែលនរណាម្នាក់ ឬក៏រូបធាតុអ្វីមួយបរិច្ចាគដើម្បីទ្រទ្រង់ជីវិតអ្នកដទៃ ឬក៏រូបធាតុដទៃ ។ ឧទាហរណ៍ ស្មៅបរិច្ចាគដើមនិងស្លឹករបស់វាដើម្បីទ្រទ្រង់ជីវិតគោក្របី ។ គោក្របីបរិច្ចាគទឹកដោះរបស់វាឲ្យមនុស្សយកទៅឆ្នៃធ្វើម្ហូបដើម្បីទ្រទ្រង់ជីវិត ។ រុក្ខជាតិនានាដូចជាកំប្លោក ចេក ដូង ដំឡូង ស្រូវ ពោត ក៏បរិច្ចាគផ្កា ផ្លែ គ្រាប់ ដើម និងជីវិតរបស់វាដើម្បីទ្រទ្រង់ជីវិតមនុស្សនិងសត្វផងដែរ ។ បើយើងពិនិត្យឲ្យល្អិតល្អន់បន្តិច យើងឃើញថាពាក្យទទួលទាននេះ បង្កប់នូវអត្ថន័យនៃទំនាក់ទំនងនៅក្នុងធម្មជាតិ ។
ទាន ក្នុងន័យបរិច្ចាគ គឺជាសភាវទ្រទ្រង់ជីវិត ។ ដូច្នេះ អ្នកដែលទទួលទានគឺទទួលបាននូវសភាវទ្រទ្រង់ជីវិត ។ នៅពេលយើងភ្ជាប់សភាវទ្រទ្រង់ជីវិតទៅនឹងសុភាវធម៌ យើងនឹងបង្កើតបានគុណធម៌នៅក្នុងទំនាក់ទំនងនេះ ។ បង្វិលពាក្យគុណធម៌ទៅភ្ជាប់ជាមួយនឹងទានវិញ យើងនឹងបង្កើតបានពាក្យគុណធម៌ទាន ឬទានដែលមានគុណ ។ គុណគឺជាអ្វីដែលខ្ញុំចង់លើកយកមកនិយាយនៅក្នុងអត្ថបទនេះ ។
ពេលមនុស្សនិងសត្វទទួលទាន យើងរមែងមានសោមនស្សនៅក្នុងជម្រៅដួងចិត្តនិងសតិអារម្មណ៍ ។ ចិត្តនិងអារម្មណ៍សោមនស្សនេះគឺគ្មានអ្វីក្រៅអំពីការដឹងគុណឡើយ ។ ក៏ប៉ុន្តែ យើងកម្រស្វែងយល់អំពីគុណូបការរបស់វត្ថុដែលធ្វើឲ្យយើងសោមនស្សនេះណាស់ ។ និយាយឲ្យចំ ទានគុណដែលធ្វើឲ្យចិត្តយើងសោមនស្សជាប្រចាំនោះ គឺពាក់ព័ន្ធនឹងការបរិច្ចាគរបស់វត្ថុធាតុជាច្រើន ។ ការបរិច្ចាគខ្លះគឺតម្រូវឲ្យមានការបូជាជីវិតមួយដើម្បីទ្រទ្រង់ជីវិតមួយទៀត ។ ខ្ញុំសូមលើកយកអាហារមួយពេលមកលាតត្រដាងដើម្បីបង្ហាញអំពីការបរិច្ចាគនេះ ។ បាយមួយចានដែលស្ថិតនៅនឹងមុខយើង គឺមានគ្រាប់ស្រូវជាច្រើនគ្រាប់ដែលយើងយកទៅស្រិតធ្វើជាអង្ករ ។ សូមកុំភ្លេចថា ពីជៈឬគ្រាប់ស្រូវមួយគ្រាប់ៗតំណាងឲ្យជីវិតមួយ ។ ពងទាចៀនមួយដែលយើងយកមកធ្វើម្ហូប ដើម្បីទទួលទានជាមួយនឹងបាយនោះ ក៏តំណាងឲ្យជីវិតមួយដែរ ។ បើមានសម្លរម្ជូរដើមចេកនិងកូនក្តាមរួមផ្សំជាមួយផង ដើមចេកនិងកូនក្តាមក៏បានបរិច្ចាគជីវិតវាដើម្បីទ្រទ្រងជីវិតយើងដែរ ។ ស្វាយទុំដែលយើងយកមកទទួលទានជាបង្អែមលាងមាត់ ក៏ជាការបរិច្ចាគរបស់ដើមស្វាយ ។ នេះគ្រាន់តែជាឧទាហរណ៍តូចមួយអំពីគុណូបការគុណ របស់ធម្មជាតិមកលើជីវិតមនុស្ស ។ បើយើងសម្លឹងមើលឲ្យហួសពីអាហារមួយពេលនេះ យើងនឹងឃើញមានគុណូបការជាច្រើនផ្សេងទៀតដែលជាសភាវទ្រទ្រង់ជីវិតមនុស្ស សត្វ និងរុក្ខជាតិ ។
ទំនាក់ទនងរវាងធម្មជាតិនិងជីវិតមនុស្សហាក់ដូចជាមិនពិបាកយល់ទេ ។ ដីទឹកភ្លើងខ្យល់(អាកាសធាតុ)ជាសភាវទ្រទ្រង់ជីវិតរុក្ខជាតិ ។ រុក្ខជាតិទ្រទ្រង់ជីវិតសត្វ ។ សត្វ រុក្ខជាតិ និងអាកាសធាតុ ទ្រទ្រង់ជីវិតមនុស្ស ។ នៅក្នុងទំនាក់ទំនងនេះ មនុស្សគឺជាភាគីតែមួយគត់ ដែលមានអំណាចបំផ្លាញភាពសុខដុមរមនា(Harmony)នៅក្នុងសហអត្ថិភាពធម្មជាតិ (Nature's Co-Existence) ។ ដូច្នេះ នៅពេលដែលមនុស្សវង្វេងមិនដឹងថាអ្វីជាគុណ និងអ្វីជាទោស ពិភពរបស់យើងនឹងរងគ្រោះជៀសមិនរួចឡើយ ។ សព្វថ្ងៃ យើងកំពុងតែវង្វេងមិនដឹងថា តើអ្វីទៅនៅក្នុងធម្មជាតិជុំវិញខ្លួនយើង មានគុណខ្ពស់បំផុតនោះទេ ។ នៅពេលយើងគិតអំពីគុណូបការគុណ យើងគិតត្រឹមតែម៉ែឪរបស់យើងប៉ុណ្ណោះ ។ មិនសូវមានមនុស្សគិតទៅដល់គុណបំណាច់ធម្មធាតុនានាឡើយ ។ ជាលទ្ធផល យើងបំផ្លាញធម្មធាតុទ្រទ្រង់ជីវិតរបស់យើងឥតត្រាប្រណី ។ ទន្លេស្ទឹងបឹងបួ យើងទប់លុបយកតែពីឈ្នះដៃ ។ ត្រីព្រៃឈើនិងសម្បត្តិធម្មជាតិនានា យើងទាញយកភោគផលមិនចេះស្កប់ ។ សម្បត្តិធម្មជាតិខ្លះ យើងបំផ្លិចបំផ្លាញរហូតទាល់តែវិនាសសាបសូន្យ ។ សំណួរមួយដែលយើងគួរលើកយកមកពិចារណាគឺថា នៅពេលដែលវត្ថុធាតុទ្រទ្រង់ជីវិតយើងវិនាសឬហិនហោចអស់ទៅ តើជីវិតយើងអាចស្ថិតនៅបានដែរទេ? ប្រការនេះ អ្នកដែលបំផ្លាញភាពសុខដុមរមនារបស់មនុស្ស គឺគ្មាននរណាក្រៅអំពីមនុស្សខ្លួនឯងឡើយ ។
ខ្ញុំឧស្សាហរណ៍មើលកម្មវិធីទូរទស្ស NHK របស់ជប៉ុន ។ តាមការសង្កេតរបស់ខ្ញុំ ជនជាតិយីពុនហាក់ដូចជាគោរពបូជាធម្មជាតិខ្ពង់ខ្ពស់ណាស់ ។ សម្បត្តិធម្មជាតិជាច្រើនដែលយីពុនទាញយកមកធ្វើជាចំណីអាហារទ្រទ្រង់ជីវិត រមែងទទួលបាននូវការគោរពបូជាប្រៀបដូចជាអាទិទេព ។ ខ្ញុំមិនដឹងថាពាក្យទទួលទាននៅក្នុងភាសាយីពុន មានអត្ថន័យ អត្ថរស និងអត្ថរូបដូចម្តេចទេ ។ ប៉ុន្តែ តាមការគូសវាសបញ្ជាក់នានានៅក្នុងកម្មវិធីវប្បធម៌របស់យីពុនទាំងនោះ ពិធីកម្ម(Rituals)គោរពបូជាចំពោះធម្មជាតិទាំងអម្បាលម៉ាន គឺសុទ្ធសឹងតែសម្តែងអំពីការដឹងគុណ ឬអំណរគុណ ។
ត្រឡប់ទៅពាក្យទទួលទានវិញ ។ វាហាក់ដូចជាប្រធានបទដែលគ្មានខ្លឹមសារអត្ថន័យអ្វីធំដុំឡើយ ។ ប៉ុន្តែ បើយើងពិនិត្យឲ្យល្អិតល្អន់ ទទួលទានមិនត្រឹមតែមានអត្ថន័យទូលំទូលាយប៉ុណ្ណោះទេ វាថែមទាំងបង្កប់នូវទំនាក់ទំនងទ្រទ្រង់រវាង មនុស្ស សត្វ រុក្ខជាតិ និងធម្មធាតុផងទាំងពួងក្នុងពិភពលោកទៀតផង ៕
Tuesday, January 19, 2021
ចំណីខួរក្បាល
First Amendment (មាត្រាបន្ថែមទី ១ នៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក)
Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.
(រដ្ឋសភាមិនអាចសរសេរច្បាប់ដែលប៉ះពាល់ដល់សិទ្ធិគោរពឬបង្កើតសាសនា សិទ្ធិបញ្ចេញមតិឬផ្សព្វផ្សាយពត៌មាន និង សិទ្ធិប្រមូលផ្តុំគ្នារបស់ពលរដ្ឋដើម្បីទាមទារឲ្យរដ្ឋាភិបាលកែប្រែអ្វីមួយដោយសន្តិវិធី) ។
ថ្ងៃមុន ខ្ញុំបានសរសេរអត្ថបទមួយស្តីអំពីសិទ្ធធ្វើបាតុកម្មនៅក្នុងមាត្រាបន្ថែមទី ១ នៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ។ អត្ថបទនេះ ខ្ញុំសូមលើកយកសិទ្ធិបញ្ចេញមតិនិងផ្សព្វផ្សាយពត៌មានមកបកស្រាយ ដោយហេតុថាមានមនុស្សជាច្រើនបានប្រតិកម្មទៅនឹងការបិទគណនេយ្យរបស់ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ។ មតិមួយចំនួនលើកឡើងថា ការបិទគណនេយ្យរបស់ ដូណាល់ ត្រាំ ដោយក្រុមហ៊ុន ហ្វេសប៊ុក និង ធ្វីទឺ គឺជារឿងអយុត្តិធម៌ ដ្បិតវាជាជំហានឆ្ពោះទៅរកការរឹតត្បិតសិទ្ធិផ្សព្វផ្សាយពត៌មាន ។ មតិខ្លះទៀតចោទក្រុមហ៊ុនទាំងពីរនេះថា មានស្តង់ដារពីរ ។ បើបិទសិទ្ធិលោក ត្រាំ ពីបទនិយាយពាក្យកុហកបោកប្រាស់សាធារណជន ហេតុអ្វីក៏មិនបិទសិទ្ធិជនផ្តាច់ការនានានៅក្នុងពិភពលោកដែលប្រើបណ្តាញសង្គមទាំងនេះ ផ្សព្វផ្សាយពាក្យកុហកបោកប្រាស់និងគម្រាមកំហែងពលរដ្ឋរបស់ខ្លួនផងទៅ ។
មូលដ្ឋានរបស់ក្រុមហ៊ុន ហ្វេសប៊ុក និង ធ្វីទឺ ស្ថិតនៅក្នុងសហរដ្ឋអាមេរិក ។ គ្មាននរណាស្រឡាញ់និងគោរពបូជាមាត្រាបន្ថែមទី ១ (First Amendment) ជាងក្រុមហ៊ុនទាំងពីរនេះទេ ។ I repeat, NOBODY! មាត្រាមន្ថែមទី ១ ជារបាំងគាំពារដ៏ធំបំផុតសម្រាប់ពួកគេរកសុី (រកប្រាក់ចំណូល) ។ លោក ត្រាំ ជាប្រភពផ្តល់ចំណូលដ៏ធំបំផុតសម្រាប់ពួកគេ ។ រឿងក្រមសីលធម៌ជួយទប់ស្កាត់កុំឲ្យមេដឹកនាំប្រទេសនានា រាប់បញ្ចូលទាំងលោក ត្រាំ ផងដែរ ប្រើពាក្យភូតកុហកបោកប្រាស់ដែលយើងហៅថា ពត៌មានមិនពិត (Fake News) នោះ ក្រុមហ៊ុនទាំងពីរនេះមិនសូវជាឈឺក្បាលវិលមុខប៉ុន្មានទេ ។ សម្រាប់ក្រុមហ៊ុនទាំងពីរនេះ ឆ្មាសក៏ដោយ ឆ្មាខ្មៅក៏ដោយ ឲ្យតែវាចាប់កណ្តុរ សុទ្ធតែមានប្រយោជន៍ទាំងអស់ ។ ពត៌មានពិតក៏ដោយ មិនពិតក៏ដោយ ឲ្យតែវានាំមកនូវកំណើនអតិថិជន សុទ្ធតែមានប្រយោជន៍ ។ ដូច្នេះ ការចោទប្រកាន់ក្រុមហ៊ុនទាំងពីរនេះថាប្រើអំណាចបិទសិទ្ធិបញ្ចេញមតិរបស់លោក ត្រាំ នោះ គឺមិនខុសអំពីទៅព្រុសខុសដើមឈើឡើយ (Barking up the wrong tree.) ។
មុននឹងលើកយកមាត្រាបន្ថែមទី ១ (First Amendment) នៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកមកថ្កោលទោសក្រុមហ៊ុនឬក៏អង្គភាពណាមួយ យើងគប្បីយល់ឲ្យបានជាក់លាក់ថា មាត្រាបន្ថែមទី ១ នេះ ហាមប្រាមតែរដ្ឋាភិបាលនិងភ្នាក់ងាររបស់រដ្ឋាភិបាលអាមេរិកប៉ុណ្ណោះ ពាក់ព័ន្ធនឹងសិទ្ធិបញ្ចេញមតិ ។ ហ្វេសប៊ុកនិងធ្វីទឺមិនមែនជាភ្នាក់ងាររបស់រដ្ឋាភិបាលអាមេរិកទេ ។ ក្នុងនាមជាក្រុមហ៊ុនឯកជន ពួកគេចង់លុបឬក៏បិទសិទ្ធិនរណាម្នាក់មិនឲ្យប្រើសេវារបស់ពួកគេ ក៏គ្មានច្បាប់ហាមឃាត់ឡើយ ។ រឿងបិទគណនេយ្យរបស់លោក ត្រាំ អាចពាក់ព័ន្ធនឹងរឿងសំខាន់ពីរប្រការ៖ ទីមួយគឺក្រមសីលធម៌ ។ ទីពីរ ក្រមយុត្តិធម៌ ។ ក្រមសីលធម៌ពាក់ព័ន្ធនឹងដំណឹងមិនពិត (Fake News) និង ពាក្យញុះញង់នាំឲ្យមានអំពើហឹង្សា (Hate Speeches) ។ ប្រការទីមួយនេះ លោកត្រាំ បានជាន់ឈ្លីអស់រយៈពេល៤ឆ្នាំមកហើយ ។ គ្មានក្រុមហ៊ុនបណ្តាញសង្គមណាមួយឈឺក្បាលវិលមុខឡើយ ។ ពួកគេយកមាត្រាបន្ថែមទី ១ មកធ្វើជាខែលដើម្បីសុីឡាក់សារប្រយោជន៍ចេញពីមនុស្សប្រមាណជា ១០០លាននាក់ ដែលតាមដានសកម្មភាពរបស់លោកត្រាំ ។ អ្វីដែលធ្វើឲ្យក្រុមហ៊ុនបណ្តាញសង្គមនានារត់គេចចេញយ៉ាងលឿនពីលោក ត្រាំ នោះ គឺក្រមយុត្តិធម៌ ។ បើពាក្យសម្តីរបស់លោកត្រាំ គ្រាន់តែធ្វើឲ្យមានបាតុកម្មនិងបង្កភាពចលាចលនោះ មិនអីទេ ។ ប៉ុន្តែ នៅពេលដែលពាក្យសម្តីរបស់គាត់ ញ៉ាំងឲ្យមានអំពើហឹង្សារហូតដល់បាត់បង់ជីវិតមនុស្សនិងទ្រព្យសម្បត្តិនោះ វាជារឿងមួយផ្សេងទៀត ។
សកម្មភាពមានបីប្រភេទគឺ៖ កាយ វាចា និង ចិត្ត ។ សកម្មភាពដោយកាយ (Physical Action) មានសភាពងាយស្រួលក្នុងការតភ្ជាប់ទៅនឹងបទឧក្រិដ្ឋនានា ។ ប៉ុន្តែ បទឧក្រិដ្ឋដែលកើតចេញអំពីវាចា (Vocal Action) គឺពិបាកនឹងដាក់បន្ទុកពស្តុតាងបន្តិច ។ ទោះជាយ៉ាងណាក៏ដោយ អ្នកដែលពាក់ព័ន្ធនឹងឧក្រិតកម្មវាចា មិនប្រាកដថាអាចគេចពីសំណាញ់ច្បាប់រួចឡើយ ។ ក្រុមហ៊ុនបណ្តាញសង្គមនានាដែលពាក់ព័ន្ធជាមួយនឹងសកម្មភាពវាចារបស់លោកត្រាំ អាចមានទោសផ្សំគំនិតផ្តល់សម្ភារ (Material Accomplices) ។ លោកត្រាំបានប្រើសេវាបណ្តាញសង្គមមួយចំនួន ដើម្បីប្រកូកប្រកាសហៅអ្នកគាំទ្រឲ្យមកធ្វើបាតុកម្ម រហូតឈានដល់ការប្រព្រឹត្តិអំពើហឹង្សានៅក្នុងមន្ទីររដ្ឋសភាជាតិ ។ មានមនុស្សប្រាំនាក់ស្លាប់និងខូចខាតសម្ភារជាច្រើននៅក្នុងព្រឹត្តិការណ៍នោះ ។ រឿងនេះយើងអាចរំពឹងថា មិនចប់ត្រឹមនេះឡើយ ។ បន្ទាប់ពីលោកត្រាំចាកចេញពីតំណែងទៅ ពាក្យបណ្តឹងរបស់ជនរងគ្រោះប្រាកដជាផុសចេញមកជាបន្តបន្ទាប់ ។ ក្រុមហ៊ុនបណ្តាញសង្គមដែលពាក់ព័ន្ធ បើមិនមានទោសព្រហ្មទណ្ឌ ក៏ជាប់កុនជាមួយនឹងទោសរដ្ឋប្បវេណីយ៍ដែរ (Civic penalty) ។ យើងមិនទាន់ដឹងថា តើរដ្ឋាភិបាលសហរដ្ឋអាមេរិក អាចនឹងចាត់ការផ្លូវច្បាប់ទៅលើក្រុមហ៊ុននានា ដែលផ្តល់ក្បាលមីក្រូហ្វូនឲ្យលោកត្រាំធ្វើសកម្មភាពវាចាដែរឬយ៉ាងណានោះទេ ។ ប្រការនេះ វាអាចអាស្រ័យនៅលើលទ្ធផលនៃការកាត់ទោសលោក ត្រាំ (Impeachment) ។ ប្រសិនបើលោកត្រាំមានទោស ក្រុមហ៊ុនទាំងនោះអាចនឹងរងទុក្ខជាមួយដែរ ។ សម្រាប់គ្រួសារជនរងគ្រោះ រឿងប្តឹងងឲ្យក្រុមហ៊ុនបណ្តាញសង្គមទទួលខុសត្រូវ គឺប្រហែលជាជៀសមិនផុតឡើយ ។
ជាទូទៅ រឿងក្តីក្តាំងអាចមានពីរដំណាក់កាល ។ ទី១ គឺទោសព្រហ្មទណ្ឌ ។ ទី២ ទោសរដ្ឋប្បវេណីយ៍ ឬសំណងជំងឺចិត្តនៃការបាត់បង់ (Monetary compensation) ។ ចុងចោទអាចតតាំងឈ្នះបទព្រហ្មទណ្ឌ ។ ប៉ុន្តែ នៅក្នុងករណីរដ្ឋប្បវេណីយ៍ វាពិបាកនឹងយកឈ្នះណាស់ដ្បិតច្បាប់តម្រូវឲ្យអ្នកដើមចោទបង្ហាញពស្តុតាងត្រឹមតែទំនាក់ទំនងប៉ុណ្ណោះ (Preponderance of evidences) ។ ប្រការនេះហើយដែលធ្វើឲ្យក្រុមហ៊ុន ធ្វីទឹ និង ហ្វេសប៊ុក បិទគណនេយ្យលោកត្រាំយ៉ាងលឿននោះ បន្ទាប់ពីព្រឹត្តិការណ៍នៅមន្ទីររដ្ឋសភាជាតិនៃសហរដ្ឋអាមេរិក ។ សូមកុំច្រឡំឲ្យសោះថា ពួកគេបិទសិទ្ធិលោក ត្រាំ ឬក៏លើកស្ទួយក្រមសីសធម៌នៅក្នុងការផ្សព្វផ្សាយពត៌មាន ៕
Sunday, January 10, 2021
ចំណីខួរក្បាល
វិបត្តិអាមេរិក
ការរុករានទន្ទ្រានមន្ទីររដ្ឋសភាសហរដ្ឋអាមេរិកដោយកុប្បករអនាធិបតេយ្យ(thugs)នាថ្ងៃទី៦មករាកន្លងទៅនេះ បានធ្វើឲ្យមនុស្សជាច្រើននៅសហរដ្ឋអាមេរិកក៏ដូចជានៅជុំវិញពិភពលោក ភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ វាជាព្រឹត្តិការណ៍ដ៏រន្ធត់មួយដែលពលរដ្ឋអាមរិកាំងមួយចំនួនចាំបាច់ត្រូវតែជញ្ជត់ព្រលឹងស្វែងរកចម្លើយ ក៏ដូចជាពន្យល់ពិភពលោកអំពីប្រការដែលថា ហេតុអ្វីបានជាប្រទេសមហាអំណាចលេខ១នៅក្នុងពិភពលោក អន់ខ្សោយរហូតដល់បណ្តោយឲ្យកុប្បករចូលលុកលុយជាន់ឈ្លីស្ថាប័នកំពូលរបស់ខ្លួន ។
ក្នុងនាមជាអតីតនិស្សិតមួយរូប ដែលបានចំណាយពេលសិក្សាប្រព័ន្ធរដ្ឋបាលអាមេរិកាំង អស់រយៈពេលប្រាំឆ្នាំកាលពី៣០ឆ្នាំមុន ខ្ញុំសូមអនុញាតបកស្រាយបំភ្លឺមូលហេតុខ្លះៗ ដែលទាញសហរដ្ឋអាមេរិកឲ្យរងគ្រោះព្រោះតែឧត្តមគតិរបស់ខ្លួន ។ ប៉ុន្តែ មុននឹងបកស្រាយបំភ្លឺអង្គហេតុនៅពីក្រោយកុប្បកម្មគួរឲ្យស្អប់ខ្ពើមនេះ ខ្ញុំសូមលំអោនកាយគោរពវីរភាពរបស់ប៉ូលីសសហព័ន្ធ ដែលបានអត់ធ្មត់ដល់កម្រិតសុខចិត្តទទួលក្តីអមាសឲ្យកុប្បករអន្យតេរ្ថីយ័ទាំងនោះ ជាន់ឈ្លីកិត្តិយសរបស់ខ្លួនក៏ដូចជាកិត្តិយសសហរដ្ឋអាមេរិក ។ សូមកុំភ្លេចថា ពួកគេមានកាំភ្លើងគ្រប់ដៃ រួមទាំងកាំភ្លើងពិឃាតផងដែរ (Assault rifles) ដែលអាចបាញ់សម្លាប់កុប្បករដែលចូលទៅគម្រាមជីវិតសមាជិកសភាឲ្យស្លាប់គរជើងលើគ្នាដោយគ្មានទោសពៃអ្វីឡើយ ។ ប្រការនេះ អ្នកដែលត្រូវដឹងគុណប៉ូលីសទាំងនោះ គឺពួកកុប្បករដែលសម្រុកចូលទៅក្នុងសាលប្រជុំរបស់ព្រឹទ្ធសភានិងតំណាងរាស្ត្រ ។
សហរដ្ឋអាមេរិក ផ្តល់សិទ្ធិឲ្យពលរដ្ឋរបស់ខ្លួន ជាពិសេសសិទ្ធិធ្វើបាតុកម្មទូលំទូលាយណាស់ ។ មាត្រាបន្ថែមទី ១ (First Amendment) បានដាក់កំហិតមិនឲ្យនរណាសរសេរច្បាប់ប៉ះពាល់សិទ្ធិនេះឡើយ ។ មាត្រាបន្ថែមទីមួយនេះមានពាក្យតែ ៤៥ម៉ាត់ទេ ដែលគាំពារគោលការណ៍ធំៗបីគឺ៖ បញ្ចេញមតិ គោរពសាសនានានា និងប្រមូលផ្តុំគ្នាទាមទារស្ថាប័នរដ្ឋាភិបាលកែតម្រូវអ្វីមួយដោយសន្តិវិធី ។ សិទ្ធិធ្វើបាតុកម្មគឺនៅក្នុងការប្រមូលផ្តុំគ្នានេះឯង ។ ក៏ប៉ុន្តែ សូមកត់សម្គាល់ពាក្យ "សន្តិវិធី" ។ លោក ចច មេសុន (George Mason) ដែលជាអ្នកដឹកនាំបង្កើតមាត្រាបន្ថែមនេះ ខ្វល់ខ្វាយយ៉ាងខ្លាំងអំពីមនុស្សអប្រីយ៍យកសិទ្ធិនេះទៅជាន់ឈ្លី ។ ដូច្នេះ គាត់បញ្ចូលពាក្យ "សន្តិវិធី" នៅក្នុងវាក្យខណ្ឌបន្ទាប់ពីហាមរដ្ឋសភាមិនឲ្យបង្កើតច្បាប់ប៉ះពាល់សិទ្ធិ ដែលគេទុកស្មើអាយុជីវិតនេះ ។
កាលសិក្សានៅសាកលវិទ្យាល័យ ខ្ញុំនិងមិត្តរួមថ្នាក់ព្រមទាំងសាស្ត្រាចារ្យជំនាញខាងរដ្ឋធម្មនុញ្ញបានជជែកវែកញែក (Debates) រាប់សិបដងអំពី "សិទ្ធិ" របស់ពលរដ្ឋអាមេរិកាំង ។ សំណួរដ៏លំបានមួយដែលយើងត្រូវលើកយកមកដោះស្រាយគឺដែនកំណត់នៃសិទ្ធិ ។ ជាគោលការណ៍មូលដ្ឋាន ពលរដ្ឋអាមេរិកមានសិទ្ធិប្រព្រឹត្តិអ្វីៗសព្វបែបយ៉ាង ដរាបណាការប្រព្រឹត្តិនោះមិននាំទុក្ខទោសដល់អ្នកដទៃ ។ ឧទាហរណ៍ អ្នកអាចអង្គុយផឹកសុីក្នុងផ្ទះដោយសន្តិវិធីរហូតដល់ស្លាប់ខ្លួនក៏គ្មាននរណាមានសិទ្ធិទៅឃាត់អ្នកដែរ ។ ក៏ប៉ុន្តែ នៅពេលដែលអ្នកស្រវឹងសុរា ហើយបោះដបស្រាមកលើផ្លូវសាធារណដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ សិទ្ធិផឹកសុីរបស់អ្នកនឹងត្រូវហាមឃាត់ ។ សិទ្ធិធ្វើបាតុកម្មក៏ដូចគ្នាដែរ ។ អ្នកអាចដើរធ្វើបាតុកម្មរហូតដល់ហត់ដួលដាច់ខ្យល់ស្លាប់ ក៏អាជ្ញាធរគ្មានអំណាចអ្វីនឹងមកត្រួតត្រាអ្នកដែរ ។ ក៏ប៉ុន្តែ នៅពេលដែលបាតុកម្មរបស់អ្នកនាំទុក្ខទោសឬក៏បង្កហានិភ័យដល់ជីវិតអ្នកដទៃ សកម្មភាពនោះនឹងក្លាយទៅជាសកម្មភាពខុសច្បាប់ ។ សិទ្ធិធ្វើបាតុកម្មត្រូវរលត់ត្រឹម "ហានិភ័យដល់ជីវិតអ្នកដទៃ" នេះឯង ។ បើមានការប៉ុនប៉ង បំផ្លាញទ្រព្យសម្បត្តិ ឬក៏ជីវិតអ្នកដទៃត្រូវបានផ្តាច់ផ្តិលដោយសកម្មភាពនោះ អ្នកប្រព្រឹត្តិនិងស្ម័គ្របក្ខពួកត្រូវក្លាយជាពិរុទ្ធជន ដែលមានទោសទៅតាមស្ថានទម្ងន់របស់វា ។
កុប្បករដែលសម្រុកចូលទៅក្នុងសាលប្រជុំរបស់ព្រឹទ្ធសភានិងតំណាងរាស្ត្រនាថ្ងៃទី ៦មករា នោះ គ្មានទោសដល់ប្រហារជីវិតទេ ។ ក៏ប៉ុន្តែ ប្រសិនបើប៉ូលីសបាញ់ពួកគេស្លាប់នៅទីនោះ វាគឺជាការស្លាប់ដ៏ថោកទាបនិងឥតន័យជាទីបំផុត ។ ស្លាប់ក្នុងនាមជាជនល្មើសច្បាប់ គ្មាននរណាគេកោតឬក៏អាណិតអាសូរឡើយ ។ ខ្ញុំអង្គុយមើលព្រឹត្តិការណ៍ថ្ងៃ ៦មករានោះយ៉ាងយកចិត្តទុកដាក់ ។ នៅពេលឃើញរូបភាពប៉ូលីស៤រូបតម្រង់ចុងកាំភ្លើងដាក់ចំកែវភ្នែកកុប្បករដែលកំពុងវាយបំបែកកញ្ចក់ទ្វារចូលទៅក្នុងសាលប្រជុំ ខ្ញុំស្រៀវឆ្អឹងខ្នង (It sent the chill up my spine) ។ វាជាសំណាងមួយនៅក្នុងចំណោម១០០លានសំណាង ដែលសកម្មភាពនោះ មិនឈានដល់ការបង្ហូរឈាម ។ ប្រការនេះហើយដែលខ្ញុំកោតសរសើបូលីសសហព័ន្ធដែលការពារមន្ទីររដ្ឋសភានាថ្ងៃនោះ ។
ប៉ូលីសសហព័ន្ធដែលការពារមន្ទីររដ្ឋសភាសហរដ្ឋអាមេរិក ជាប៉ូលីសពិសេសស្ថិតនៅក្រោមការគ្រុបគ្រងផ្ទាល់របស់រដ្ឋសភា ។ តួនាទីរបស់ពួកគេគឺការពារសុវត្ថិភាពរបស់សមាជិករដ្ឋសភា និងបាតុករដែលចូលមកធ្វើបាតុកម្មនៅជុំវិញមន្ទីររដ្ឋសភាជារឿយៗ ។ គេហៅបាតុកម្មនេះថា៖ បាតុកម្មមាត្រាបន្ថែមទី១ (First Amendment Protest) ។ ដូចដែលបានរៀបរាប់ខាងលើ រដ្ឋធម្មនុញ្ញតម្រូវឲ្យបាតុកម្មប្រព្រឹត្តិទៅដោយសន្តិវិធី ។ ឯអ្នកដែលមានតួនាទីគ្រុបគ្រងបាតុករ ក៏ត្រូវរក្សាគោលការណ៍សន្តិវិធីនេះដែរ ។ ដូច្នេះហើយបានជាប៉ូលីសដែលការពារមន្ទីររដ្ឋសភានាថ្ងៃនោះ សុខចិត្តរងរបួសខ្លួនឯងដើម្បីរក្សាការពារអាយុជីវិតកុប្បករអនាធិបតេយ្យ ។ ជាគោលការណ៍ច្បាប់របស់សហរដ្ឋអាមេរិក នៅពេលជីវិតរបស់ខ្លួនត្រូវបានគម្រាមកំហែង អ្នករងគ្រោះអាចរកមធ្យោបាយបង្រាបឬសម្លាប់ជនបង្កដោយគ្មានទោសពៃ ។ ឧទាហរណ៍ បើមានជនចម្លែកសម្រុកចូលមកក្នុងផ្ទះយើងដោយគ្មានការអនុញាត យើងអាចបាញ់ឬវាយសម្លាប់ជននោះ ។ ប្រការនេះមានប្រភពចេញមកពីមាត្រាបន្ថែមទី២ (Second Amendment) ដែលអនុញាតិឲ្យពលរដ្ឋគ្រប់រូបមានសិទ្ធិរក្សាអាវុធដើម្បីការពារខ្លួន ។ ស្ថិតិចុងក្រោយបន្ទាប់ពីព្រឹត្តិការណ៍ប្រកបដោយគ្រោះថ្នាក់បំផុតនោះគឺ មានមនុស្សបួននាក់ស្លាប់៖ ម្នាក់ស្លាប់ដោយសារគាំងបេះដូង ប៉ូលីសម្នាក់ស្លាប់ដោយសារកុប្បករវាយ កុប្បករម្នាក់ស្លាប់ដោយសារប៉ូលីសបាញ់ និងកុប្បករម្នាក់ទៀតស្លាប់ដោយមិនទាន់ដឹងមូលហេតុ ។ ប៉ូលីសប្រមាណជាង៥០នាក់រងរបួស ។ វាគឺជាការបាត់បង់ដ៏ទាបបំផុតសម្រាប់ព្រឹត្តិការណ៍ដ៏គ្រោះថ្នាក់គួរឲ្យខ្លាចនោះ ។
មានសំណួរមួយដែលមនុស្សជាច្រើនកំពុងពិចារណា ថាតើលោក ត្រាំ អាចមានទោសដែរទេនៅពេលដែលបាតុករដែលគាត់ហៅមកប្រមូលផ្តុំនៅក្រោយផ្ទះគាត់ (សេតវិមាន) ហើយញុះញង់ឲ្យទៅកកូរកកាយបំផ្លាញមន្ទីររដ្ឋសភា ក៏ដូចជាគម្រាមកំហែងជីវិតសមាជិកសភា ។ ចម្លើយរបស់ខ្ញុំផ្អែកលើការយល់ដឹងអំពីរដ្ឋធម្មនុញ្ញគឺ គ្មានទេ ។ ស្រុកអាមេរិកគ្មានច្បាប់ហាមការញុះញុងឡើយ ។ មានតែការពារដែលស្ថិតនៅក្នុងក្របខ័ណ្ឌបញ្ចេញមតិ ។ យើងអាចបែងចែកការប្រព្រឹត្តិ ឬកម្មគ្រប់បែបយ៉ាងជាបីតំណាក់កាលគឺ៖ កាយ វាចា និង ចិត្ត (Physical, Vocal, and Mental actions) ។ លោកត្រាំគាត់ធ្វើសកម្មភាពតែពីរដំណាក់កាលទេ ។ ទី ១ គាត់គិត ។ ទី ២ គាត់ហៅបាតុករឲ្យមកជួបជុំគ្នានៅក្រោយផ្ទះគាត់រួចពន្យុះពួកគេឲ្យទៅរុកគួនរដ្ឋសភា ។ "តស់ពួកយើង! ទៅមន្ទីររដ្ឋសភា ។ យើងនឹងដើរទៅជាមួយគ្នា" ជាសម្តីរបស់លោកត្រាំ ។ ក៏ប៉ុន្តែ លោកត្រាំមិនបានទៅជាមួយពួកបាតុករទេ ។ ដូច្នេះ សកម្មភាពរបស់គាត់គឺចប់ត្រឹមពាក្យសម្តី ដែលស្ថិតនៅក្រោមការគាំពាររបស់រដ្ឋធម្មនុញ្ញ ។ ទោះជាយ៉ាណាក៏ដោយ អ្នកជំនាញខាងច្បាប់អាចរកហេតុផលនានា ដើម្បីតភ្ជាប់សកម្មភាពដោយចិត្តនិងវាចារបស់លោកត្រាំទៅនឹងសកម្មភាពដោយកាយ (Physial action) របស់ពួកបាតុករ ។
មុននឹងបញ្ចប់ ខ្ញុំសូមនិយាយអំពីផលវិបាកនៃការគាំទ្របុគ្គលនយោបាយបន្តិច ។ សហរដ្ឋអាមេរិកលើកទឹកចិត្តពលរដ្ឋឲ្យគោរពបូជាខ្លួនឯងលើសអំពីបុគ្គលដទៃ ។ នៅក្នុងកម្មវិធីទូរទស្សសាធារណសម្រាប់កុមារប្រចាំថ្ងៃ គេតែងលើកយកពាក្យមួយឃ្លាមកផ្សាយ៖ "You can be anything you want to be" (អ្នកមានសក្តានុពលចង់ធ្វើអ្វីក៏បានដែរ) ។ ពាក្យនេះមានអត្ថន័យស្រដៀងគ្នានឹងពាក្យមួយឃ្លាដែលលោកប្រធានាធិបតីទី១៦ អាប្រាហាម លីងខុន បាននិយាយថា៖ "Life could rise from logs cabin to the White House" (ជីវិតអាចធ្វើដំណើរពីភាពតោកយ៉ាកទៅដល់សេតវិមាន) ។ ទោះបីមានការអប់រំប្រភេទនេះរាប់សិបឆ្នាំមកហើយក៏ដោយ ក៏មនុស្សជាច្រើននៅតែចាត់ទុកបុគ្គលដទៃថាគាប់ប្រសើរជាងខ្លួន ។ កុប្បករដែលចូលទៅបំផ្លាញមន្ទីររដ្ឋសភាគឺជាតឹកតាង ។ អំណាចនៃភក្តីភាពចំពោះលោក ត្រាំ បានធ្វើឲ្យពួកគេភ្លេចគិតដល់ឥស្សរភាពរបស់ខ្លួន ។ សូម្បីតែពាក្យ ៤៥ម៉ាត់ ដែលផ្តល់សិទ្ធិឲ្យពួកគេបញ្ចេញកំហឹងដោយសន្តិវិធីនោះ ក៏ពួកគេយកទៅជាន់ឈ្លីដែរ ។ បើមិនឲ្យតម្លៃខ្លួនឯងក៏ហីទៅចុះ ។ ក៏ប៉ុន្តែ រវាងលោក ត្រាំ និង រដ្ឋធម្មនុញ្ញ តើមួយណាសំខាន់ជាង?? ខ្ញុំសូមឆ្លើយជំនួសចុះ ។ មន្ត្រីរដ្ឋការសហរដ្ឋអាមេរិកគ្រប់ជាន់ថ្នាក់ ចាប់ពីប្រធានាធិបតីរហូតដល់កូនប៉ូលីសយាមទ្វារអគារ គេតម្រូវឲ្យលើកដៃស្បថសច្ចាការពាររដ្ឋធម្មនុញ្ញតែមួយមុខគត់ ។ អត់មានតួអង្គមនុស្សនៅក្នុងការសច្ចានោះទេ ។ អ្វីដែលពលរដ្ឋអាមេរិកចងចាំរត់មាត់នៅក្នុងកាតព្វកិច្ចរបស់ខ្លួនគឺ៖ ទីមួយ បូជាជីវិតដើម្បីការពាររដ្ឋធម្មនុញ្ញ ។ ទីពីរ ការពារទង់ជាតិ ។ និងទីបី ការពារសហរដ្ឋអាមេរិក ៕
Long live the rule of laws!
Monday, January 4, 2021
ចំណីខួរក្បាល
ឡប់សតិ (Absurd)
ថ្មីៗនេះ អ្នកគ្រូ ប៉ែន សេដ្ឋារិន បានលើកយកទស្សនវិជ្ជា វិបល្លាសទិដ្ឋិ (Absurdism) មកបំភ្លឺសិស្សគណរបស់គាត់ ។ វាជាឱកាសដ៏ល្អមួយសម្រាប់ការភ្ជាប់ទស្សននេះទៅនឹងតថភាពដែលកំពុងតែស្តែងចេញមកនៅក្នុងរឿងល្ខោន Absurd ឬ (Political Farce) របស់ក្រុមល្ខោនដ៏ល្បីល្បាញមួយក្រុមនៅសហរដ្ឋអាមេរិក ។ ក្រុមល្ខោននេះដឹកនាំដោយមហាគុរុព្រះនាម ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីនៃសហរដ្ឋអាមេរិកផង និងជាមហាសេដ្ឋីផង ។
សម្រាប់អ្នកដែលតាមដានព្រឹត្តិការណ៍នយោបាយនៅសហរដ្ឋអាមេរិក ថ្ងៃទី៦ ខែមករា នេះ គឺជាថ្ងៃចុងក្រោយនៃការសម្តែងល្ខោននយោបាយរឿង Absurd ។ រឿងកុនក្តី ល្ខោនក្តី ឆាកចុងក្រោយ ឬ ឆាកបញ្ចប់តែងតែល្អមើលខ្លាំងត្បិតអ្នកនិពន្ធនិងអ្នកដឹកនាំរឿង រមែងបង្ហាញអាថ៌កំបាំងទាំងអស់នៅចុងបញ្ចប់នៃសាច់រឿង ។ សម្រាប់ខ្ញុំ ខ្ញុំដឹងអំពីអាថ៌កំបាំងនៃឆាកចុងក្រោយរបស់ល្ខោននេះរួចទៅហើយ ត្បិតអីខ្ញុំជាចៃល្ខោនប្រភេទនេះ ។
Absurd ជាពាក្យអង់គ្លេសដែលមានន័យដ៏សាមញ្ញថា៖ ធ្វើកិច្ចការឆ្កួតៗ ។ មនុស្សជាដែលមានសតិល្អត្រឹមត្រូវ ទៅធ្វើកិច្ចការឆ្កួតៗគឺយ៉ាប់ជាងមនុស្សឆ្កួតទៅទៀត ។ មិនមាននិយមន័យសម្រាប់សម្គាល់មនុស្សប្រភេទនេះទេ ។ ប៉ុន្តែ ឆាកល្ខោនចុងក្រោយដែលគេនឹងសម្តែងនៅក្នុងមន្ទីររដ្ឋសភានៃសហរដ្ឋអាមេរិក នៅវេលាម៉ោង១រសៀលនាថ្ងៃទី៦ ខែមករានេះ វានឹងបង្ហាញអំពីមនុស្សជាទៅធ្វើកិច្ចការឆ្កួតៗ ។
ថ្ងៃទី៦មករាគឺជាថ្ងៃដែលសមាជិករដ្ឋសភាសហរដ្ឋអាមេរិកទាំង៥៣៥រូប និងប្រតិភូ៣រូប បើកកិច្ចប្រជុំរួមមួយ (Joint Session) ដើម្បីបើកស្រោមសំបុត្រសន្លឹកឆ្នោតតំណាង (Electoral Votes) ជ្រើសរើសប្រធានាធិបតី ។ លទ្ធផលបឋមនិងចុងក្រោយនៃការបោះឆ្នោតត្រូវបានដឹងឮរួចហើយគឺលោក ចូ បៃដិន ទទួលបាន៣០៦សម្លេង និងលោក ដូណាល់ ត្រាំ ទទួលបាន ២៣២សម្លេង ។ ប៉ុន្តែ លោកត្រាំ ឡាំប៉ាមិនទទួលស្គាល់លទ្ធផលនេះទេ ។ ដូច្នេះ គាត់ក៏ចាប់ផ្តើមបង្ករឿងរហូតមកដល់ថ្ងៃនេះ ។ ឆ្លើយតបទៅនឹងការឡាំប៉ារបស់លោក ត្រាំ ស្ម័គ្របក្សពួកចំនួនមួយតំបរស្វា ដែលមានសមាសភាព១២រូបមកពីស្ថាប័នព្រឹទ្ធសភាបានប្រកាសថា ខ្លួននឹងឡើងសម្តែងល្ខោនរឿង Absurd ដើម្បីបង្ហាញទេពកោសល្យឲ្យទស្សនិកជនមើល មិនឲ្យទាស់ចិត្តឡើយ ។
នៅក្នុងពិធីបើកស្រោមសំបុត្រសន្លឹកឆ្នោតនាថ្ងៃ៦មករានេះ រដ្ឋធម្មនុញ្ញបានដាក់កំហិតជាក់លាក់ណាស់ ។ អ្វីដែលអង្គបោះឆ្នោត(Electoral college)បានសរសេរនៅលើសន្លឹកឆ្នោត គឺត្រូវតែទទួលស្គាល់ជាផ្លូវការ ។ អ្នកដែលកែឬបំភ្លៃពាក្យពេចន៍របស់អង្គបោះឆ្នោតគឺក្បត់ឆន្ទពលរដ្ឋ ។ ក្បត់ឆន្ទពលរដ្ឋគឺស្មើនឹងក្បត់រដ្ឋធម្មនុញ្ញ ។ ក្បត់រដ្ឋធម្មនុញ្ញគឺក្បត់ជាតិ ។ រដ្ឋធម្មនុញ្ញអនុញាតិឲ្យសមាជិកតំណាងរាស្ត្រឬព្រឹទ្ធសភា ជំទាស់លទ្ធផលរបស់អង្គបោះឆ្នោតនៃមណ្ឌលណាមួយ ដោយតម្រូវឲ្យមានសម្លេងជំទាស់យ៉ាងហោចណាស់មួយរូបចេញពីស្ថាប័នតំណាងរាស្ត្រ និងមួយរូបទៀតចេញពីស្ថាប័នព្រឹទ្ធសភា ។ នៅពេលមានករណីនេះកើតឡើង សមាជិកអង្គប្រជុំចាំបាច់ត្រូវបំបែកជួរគ្នាទៅប្រជុំនៅក្នុងស្ថាប័នរបស់ខ្លួនរយៈពេលពីរម៉ោង ដើម្បីបោះឆ្នោតថាតើគួរទទួលស្គាល់ការជំទាស់ ឬក៏ទាត់ចោល ។ ការជំទាស់អាចទទួលយកបានឬក៏ជោគជ័យ តែនៅក្នុងករណីអង្គសភាទាំងពីរបោះឆ្នោតគាំទ្រ ។ សមាជិកភាគច្រើននៅក្នុងព្រឹទ្ធសាភាគឺជាអ្នកគាំទ្រលោក ត្រាំ ។ ឯសមាជិកភាគច្រើននៅក្នុងរដ្ឋសភា ឬស្ថាប័នតំណាងរាស្ត្រគឺជាអ្នកគាំទ្រលោក បៃដិន ។ ដូច្នេះ លទ្ធផលនៃការជំទាស់នានាគឺយើងដឹងជាមុនរួចទៅហើយថា វាជាការបរាជ័យជៀសមិនរួច ។ សមាជិកព្រឹទ្ធសភា ដែលគ្រោងដាក់ពាក្យជំទាស់នឹងលទ្ធផលរបស់អង្គបោះឆ្នោតចេញពីមណ្ឌលដែលខ្លួនគ្រោងជំទាស់នោះ ពួកគេក៏ដឹងដោយឥតមន្ទិលអំពីប្រការនេះដែរ ។ ក៏ប៉ុន្តែ នេះគឺជាល្ខោនរឿង Absurd ។ តួសម្តែងចាំបាច់ត្រូវតែ ABSURD ។
សមាជិករដ្ឋសភាច្រើនលើសលុបមកពីគ្រប់គណបក្សមិនឡប់ទេ ។ ពួកគេដឹងច្បាស់ថាអ្វីដែលត្រឹមត្រូវនិងអ្វីដែលមិនត្រឹមត្រូវ ឬអ្វីដែលគួរធ្វើ ។ លោក ចន ហ៊្សូន (John Thune) ដែលជាអ្នកគ្រុបគ្រងសមាជិកព្រឹទ្ធសភា(Majority Whip) មកពីគណបក្សសាធារណរដ្ឋដែលសហការីគ្រោងជំទាស់លទ្ធផលបោះឆ្នោតនោះ បានមានប្រសាសន៍ថា៖ ដំណើរជំទាស់នឹងលទ្ធផលឆ្នោតរបស់អង្គបោះឆ្នោត គឺមិនខុសអំពីឆ្កែត្រូវគ្រាប់ឡើយ "[It] would be like a shot dog" ។ ខ្ញុំមិនដែលឃើញឆ្កែត្រូវគ្រាប់ទេ ។ ធ្លាប់តែឃើញឆ្កែត្រូវព្រនង់ ។ ក៏ប៉ុន្តែ រូបារម្មណ៍នៅក្នុងពាក្យពេចន៍អត្ថាប្បដិរូប (Figurative language) ដែលបង្កប់ទៅដោយខ្លឹមសារជ្រៅជាងសមុទ្រនេះ ល្មមនឹងអាចឲ្យខ្ញុំយល់បាន ។ ធម្មតាសត្វឆ្កែ វាតែងតែមានម្ចាស់និងធ្វើកិច្ចការតម្រូវចិត្តម្ចាស់វាជានិច្ចជាកាល ។ ពេលខ្លះ ម្ចាស់វាឃ្នើសចិត្តក៏វាយវានឹងព្រនង់ឬទាញកាំភ្លើងមកបាញ់ ។ ឆ្កែដែលត្រូវព្រនង់ឬត្រូវគ្រាប់ ត្រូវតែរត់គេចចេញឲ្យឆ្ងាយពីផ្ទះរង់ចាំទាល់តែម្ចាស់ឈប់ខឹងទើបអាចចូលមកក្នុងផ្ទះវិញ ។ នៅក្នុងករណីដែលម្ចាស់អស់ភក្តីភាពជាមួយនឹងវា ឆ្កែនោះនឹងក្លាយជាឆ្កែដែលគេបំបរបង់ចោល ឬឆ្កែអនាថា ។ ជីវិតឆ្កែអនាថា គ្មានឡើយសេចក្តីសុខ ។ វានឹងត្រូវគេព្យាបាទឥតស្រាកស្រាន្ត ។ សូម្បីតែឆ្កែគ្នាឯងក៏មិនលើកលែងឲ្យដែរ ។ នៅក្នុងក្របខណ្ឌនយោបាយនៃសហរដ្ឋអាមេរិក ឆ្កែនៅទីនេះតំណាងឲ្យសមាជិករដ្ឋសភានិងមន្ត្រីរដ្ឋការដែលពលរដ្ឋបោះឆ្នោតជ្រើសរើសឲ្យមកកាន់តួនាទីរបស់ខ្លួន ។ ម្ចាស់ឆ្កែតំណាងឲ្យពលរដ្ឋ ។ សន្លឹកឆ្នោតគឺជាព្រនង់ឬគ្រាប់កាំភ្លើង ។ ឯផ្ទះគឺគ្មានអ្វីក្រៅអំពីមន្ទីររដ្ឋសភាឬសេតវិមាននោះទេ ។ អរគុណលោក ហ៊្សូន សម្រាប់ពាក្យមួយឃ្លាដ៏ខ្លីប្រកបដោយអត្ថន័យខ្លឹមសារមហាសាលនេះ ។ ឆ្កែត្រូវគ្រាប់!
នៅពេលនិយាយអំពីល្ខោនរឿង Absurd និងសោកនាដកម្មរបស់ឆ្កែត្រូវគ្រាប់ ខ្ញុំនឹកទៅដល់តួអង្គសុីស្សុីហ្វុស(Sisyphus)នៅក្នុងអក្សរសីល្ប៍ក្រិច ។ សុីស្សុីហ្វុសត្រូវបានព្រះអាទិទេពដាក់ទណ្ឌកម្មឲ្យលីឬរុញថ្មមួយដុំដ៏ធំឡើងទៅលើកំពូលភ្នំ ។ គាត់គ្មានលទ្ធភាពនឹងលីដុំថ្មឡើងទៅឲ្យដល់កំពូលភ្នំឡើយ ។ ដូច្នេះ សុីស្សុីហ្វុសត្រូវតែដាក់ដុំថ្មចុះនៅពាក់កណ្តាលផ្លូវដែលជាហេតុនាំឲ្យដុំថ្មនោះរមៀលចុះមកជើងភ្នំវិញ ។ ដោយហេតុតែគាត់ត្រូវបានព្រះអាទិទេពដាក់ទណ្ឌកម្មឲ្យលីដុំថ្មឡើងទៅដាក់នៅលើកំពូលភ្នំ សុីស្សុីហ្វុសគ្មានជម្រើសអ្វីក្រៅអំពីធ្វើកិច្ចការដែលបរាជ័យដដែលៗនោះរហូតដល់អវសានជីវិតឡើយ ។ ក៏ប៉ុន្តែ សុីស្សុីហ្វុសដែលធ្វើកិច្ចការបរាជ័យមិនព្រមឈប់ដោយសារទណ្ឌកម្មរបស់អាទិទេព យ៉ាងហោចណាស់ក៏នៅគ្រាន់បើជាងតួល្ខោននៅក្នុងរឿង Absurd ដែរ ។ សមាជិកសភាដែលគ្រោងជំទាស់នឹងលទ្ធផលសន្លឹកឆ្នោតរបស់អង្គបោះឆ្នោត(Electoral college votes)នេះ អត់មានព្រះអាទិទេពណាដាក់ទោសពួកគេទេ ។ លោកត្រាំក៏អត់បានគម្រាមដាក់ទោសពួកគេដោយត្រង់ៗដែរ ។ ពួកគេសម្រេចចិត្តដាក់ទោសខ្លួនឯងឲ្យក្លាយទៅជាឆ្កែត្រូវគ្រាប់ ។ វាគ្មានអ្វី Absurd ជាងនេះឡើយ!
មុននឹងបញ្ចប់អត្ថបទរឿង Absurd នេះ ខ្ញុំសូមនិយាយអំពីតួនាទីរបស់លោកអនុប្រធានាធិបតី ម៉ៃ ផេនស៍ (Mike Pence) បន្តិច ។ លោក ផេនស៍ ជាមនុស្សតែម្នាក់គត់នៅក្នុងប្រព័ន្ធរដ្ឋបាលនៃសហរដ្ឋអាមេរិកដែលរដ្ឋធម្មនុញ្ញអនុញាតិឲ្យមានតួនាទីនៅក្នុងនីតិប្រតិបត្តិផង និងនីតិបញ្ញតិផង ។ តួនាទីរបស់លោក ផេនស៍ នៅក្នុងស្ថាប័ននីតិបញ្ញតិគឺជាប្រធានអធិបតីព្រឹទ្ធសភា (Ceremonial Leader) ។ រដ្ឋធម្មនុញ្ញដាក់កំហិតឲ្យគាត់ធ្វើកិច្ចការតែពីរមុខគត់នៅទីនោះ ។ ទីមួយគឺបោះឆ្នោតបំបែកភាពទាល់ច្រក នៅពេលដែលព្រឹទ្ធសភាដែលមានសមាជិក១០០នាក់ បោះឆ្នោតមិនចាញ់មិនឈ្នះ(Tie)នៅក្នុងការសម្រេចកិច្ចការអ្វីមួយ ។ ទីពីរគឺធ្វើជាអធិបតីនៅក្នុងការរាប់សន្លឹកឆ្នោតតំណាង (Electoral Votes) ដើម្បីតែងតាំងប្រធានាធិបតីរៀងរាល់អាណតិ ។ នៅក្នុងនីតិវិធីនៃការរាប់សន្លឹកឆ្នោតនេះ សមាជិកសភាតំណាងឲ្យគណបក្សឈ្នះឆ្នោត និងគណបក្សដែលចាញ់ឆ្នោត ត្រូវបានគេតែងតាំងឲ្យធ្វើជាអ្នកត្រួតពិនិត្យនិងរាប់សន្លឹកឆ្នោត (Tellers) ។ ពួកគេ(Tellers) គឺជាអ្នកបើកស្រោមសំបុត្រសន្លឹកឆ្នោតតំណាងរបស់មណ្ឌលនីមួយៗ ហើយកត់ត្រានិងអានសេចក្តីប្រកាសនៅលើសន្លឹកឆ្នោតស្របតាមអ្វីដែលគេបានសរសេរនៅលើនោះ ។ បើគេសរសេរថាសន្លឹកឆ្នោតប្រគល់ជូនលោក ចូ បៃដិន អ្នកអានមិនអាចថ្លែងថា ប្រគល់ឲ្យលោក ដូណាល់ ត្រាំ បានទេ ។ វាមានទោសកុហកបោកប្រាស់(Purgery) ទោះបីអភ័យឯកសិទ្ធិជាសមាជិកសភាក៏មិនអាចជួយគាត់បានដែរ ។ ឯតួនាទីរបស់លោក ផេនស៍ គឺសួរអង្គប្រជុំថាតើមានអ្នកជំទាស់ដែរឬទេ បន្ទាប់ពីលទ្ធផលឆ្នោតតំណាងរបស់មណ្ឌលនីមួយៗត្រូវបានប្រកាស ។ នៅចុងបញ្ចប់ លោក ផេនស៍ អានចំនួនសន្លឹកឆ្នោតដែលបេក្ខជនប្រធានាធិបតីនីមួយៗទទួលបាន ហើយប្រកាសទទួលស្គាល់អ្នកដែលត្រូវឡើងកាន់តំណែងជាប្រធានាធិបតី ។
ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះតំណាងរាស្ត្រម្នាក់ឈ្មោះលោក ហ្គូមឺត (Gohmert) បានដាក់ពាក្យប្តឹងទៅតុលាការសុំឲ្យលោក ផេនស៍ ទាត់ចោលអ្វីដែលមានចារនៅក្នុងរដ្ឋធម្មនុញ្ញ ហើយយកតួនាទីគាត់ដែលជាអធិបតីនៃកិច្ចប្រជុំរាប់សន្លឹកឆ្នោតតំណាង ប្រកាសប្រគល់សន្លឹកឆ្នោតនៅក្នុងមណ្ឌលមួយចំនួនដែលលោកត្រាំចាញ់ឲ្យទៅលោកត្រាំ ។ សំណូមពររបស់លោក ហ្គូមឺត នោះ គឺស្មើនឹងឲ្យលោក ផេនស៍ តែងតាំងខ្លួនឯងជាស្តេចផែនដី (Tyrant) ។ សូមកុំភ្លេចថា នៅឆ្នាំ ១៧៧៦ ពលរដ្ឋអាមេរិកាំងបានធ្វើបដិវត្តបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីរំដោះខ្លួនចេញអំពីកណ្តាប់ដៃនៃស្តេចផែនដី (Tyrant) ។ បន្ទាប់ពីព្រឹត្តិការណ៍តស៊ូស្វែងរកសេរីភាពដ៏ស្វិតស្វាញនោះ លោក ថូម៉ាស ហ្ចេហ្វឺសុន បានសរសេរបណ្តាំមួយទុកឲ្យពលរដ្ឋអាមេរិកាំងជំនាន់ក្រោយថា៖ ដើមសេរីភាពគឺចាំបាច់ត្រូវតែយកឈាមជនផ្តាច់ការនិងអ្នកស្នេហាជាតិមកស្រោចស្រពជារឿយៗ "The tree of liberty must be refreshed from time to time with the blood of patriots and tyrants." ។ លោក ផេនស៍ អាចជាមនុស្សជំនាន់ក្រោយនៃក្រុមអ្នកបដិវត្តសម័យឆ្នាំ ១៧៧៦ ។ ដូនតាគាត់ក៏ប្រហែលជាបាននិយាយប្រាប់គាត់ អំពីនិទាននៃរឿងដើមឈើសេរីភាពនេះដែរ ។ ក្នុងនាមជាអ្នកនយោបាយរបស់សហរដ្ឋអាមេរិកមួយរូប ខ្ញុំជឿជាក់ថាលោក ផេនស៍ ដឹងនិងចងចាំរឿងនិទាននេះច្បាស់ជាងថ្ងៃខែឆ្នាំកំណើតរបស់គាត់ទៅទៀត ។ សំណួរតែមួយគត់ដែលយើងត្រូវរង់ចាំចម្លើយគឺថា តើលោក ផេនស៍ នឹងចូលរួមសម្តែងល្ខោនរឿង Absurd ដែរឬទេ ។ Enjoy the spectacle!
Friday, January 1, 2021
ចំណីខួរក្បាល
មនុស្សឱកាសនិយម
ខ្ញុំជាមនុស្សឱកាសនិយម ។ Yes, I am an opportunistic person! ទុក្ខកង្វល់របស់អ្នកដទៃ វាជាសេចក្តីសុខនិងសារប្រយោជន៍សម្រាប់ខ្ញុំ ។ ខ្ញុំមិនដឹងថា ខ្ញុំក្លាយជាមនុស្សឱកាសនិយមពីពេលណាមកទេ ។ ប៉ុន្តែ បើតាមការសន្និដ្ឋានរបស់ខ្ញុំ វាអាចចាប់ផ្តើមនាថ្ងៃមួយដែលខ្ញុំទើបនឹងមកដល់សហរដ្ឋអាមេរិក ។ ខ្ញុំចូលមករស់នៅក្នុងរដ្ឋមីនីសូតានៃសហរដ្ឋអាមេរិកនាខែមករា ។ គ្រានោះធាតុអាកាសត្រជាក់ខ្លាំងណាស់ ។ សម្លៀកបំពាក់សម្រាប់រដូវរងារដែលខ្ញុំទិញពីស្រុកសៀមមក មិនអាចប្រើប្រាស់កើតឡើយ ។ ដូច្នេះ បងប្រុសខ្ញុំបាននាំខ្ញុំទៅរកទិញសម្លៀកបំពាក់មួយចំនួនទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ។ ទៅដល់ហាងលក់សម្លៀកបំពាក់ដ៏ធំមួយ គាត់នាំខ្ញុំទៅរកទិញអាវរងារដែលមានកម្រាស់ក្រាស់ជាងបាវក្រចៅហើយពាក់ទៅធ្ងន់ដូចស្ពាយទៃអង្ករ ។ នៅកន្លែងមួយនោះ គេដាក់ស្លាក On Sale បិទនៅចុងស្នួរព្យួរខោអាវ ។ បងខ្ញុំប្រាប់ថា ទីនេះគេដាក់លក់ឥវ៉ាន់ចុះតម្លៃ ។ ដូច្នេះ ខ្ញុំគួរចូលទៅរកមើលសម្លៀកបំពាក់នៅកន្លែងហ្នឹង ដើម្បីស្វែករកសម្លៀកបំពាក់ដែលមានតម្លៃថោក ។
ខ្ញុំចាប់ផ្តើមកត់ចំណាំពាក្យ On Sale ជាមួយនឹងឥវ៉ាន់លក់បញ្ចុះតម្លៃចាប់ពីពេលនោះមក ។ ប៉ុន្តែមិនសូវខ្វល់ខ្វាយនឹងឱកាសទិញរបស់របរលក់ក្រោមតម្លៃនេះប៉ុន្មានទេត្បិតមិនទាន់យល់អំពីសារសំខាន់របស់វា ។ លុះបីឆ្នាំក្រោយមក ខ្ញុំបានចូលទៅធ្វើការក្រោយម៉ោងរៀននៅក្នុងហាងលក់សម្លៀកបំពាក់មួយ ។ ដោយហេតុខ្ញុំមិនដែលនិងមិនចេះបញ្ជាម៉ាសុីនគិតលុយ តួនាទីដំបូងរបស់ខ្ញុំគឺជាអ្នកយាមបន្ទប់លសម្លៀកបំពាក់និងយកសម្លៀកបំពាក់ដែលអតិថិជនមិនត្រូវការទៅរៀបដាក់តាំងលក់នៅកន្លែងដើមវិញ ។ ខ្ញុំហ្វឹកហាត់ការងារប្រហែលមួយឆ្នាំក្រោយមកក៏ត្រូវបានគេតម្លើងតួនាទីឲ្យចាត់ចែងការងារបុគ្គលិកវិញម្តង (Supervisor) ។ គឺនៅគ្រានោះហើយដែលខ្ញុំចាប់ផ្តើមយល់លម្អិតអំពីសារប្រយោជន៍នៃគោលការណ៍ឱកាសនិយម (Opportunism) ។ ក្នុងប្រតិបត្តិការលក់សម្លៀកបំពាក់នៅអាមេរិកគឺផ្អែកតាមរដូវកាល គិម្ហន្តរដូវ វស្សន្តរដូវ សរទរដូវ និង ហេមន្តរដូវ (Summer, Falls, Winter, and Spring) ។ នៅចុងរដូវនីមួយៗ គេត្រូវយកឥវ៉ាន់សម្រាប់រដូវថ្មីមកដាក់លក់ ។ ដូច្នេះ ឥវ៉ាន់ដែលសល់ពីរដូវចាស់នោះតែងតែត្រូវបានបញ្ចុះតម្លៃ ដើម្បីយកកន្លែងដាក់លក់ឥវ៉ាន់ដែលទើបនឹងមកដល់ថ្មីៗ ។ របៀបបញ្ចុះតម្លៃគឺមានបីដំណាក់កាលដែលភាសាអង់គ្លេសហៅថា៖ First Markdown, Second Markdown, and Final Markdown ។ ដំណាក់កាលទីមួយគេចុះតម្លៃ ២០ភាគរយ ។ ដំណាក់ទីពីរ ២០ភាគរយទៀត ។ ដំណាក់កាលចុងក្រោយក៏ ២០ភាគរយផងដែរ ។ សរុបទាំងអស់ ៦០ភាគរយនៃតម្លៃសរុប ។ សម្លៀកបំពាក់ដែលលក់មិនអស់បន្ទាប់ពីចុះតម្លៃអស់៦០ភាគរយ យើងកត់តម្លៃចុងក្រោយទុកកាត់កងជាមួយពន្ធប្រចាំឆ្នាំ ។ រួចហើយប្រមូលដាក់ក្នុងឡាំងធំៗដើម្បីបញ្ជូនឲ្យអង្គការឬស្ថាបន័មនុស្សធម៌នានាលក់ថោកៗ ឬក៏ដឹងទៅឲ្យពលរដ្ឋអត្តខាត់នៅតាមជំរំជនភៀសខ្លួនឬប្រទេសក្រីក្រ ។ បន្ទាប់ពីយល់អំពីដំណើរការលក់សម្លៀកបំពាក់នេះ ខ្ញុំកម្រទិញសម្លៀកបំពាក់ដែលលក់មិនចុះតម្លៃណាស់ ។ ខ្ញុំដឹងថាពេលណាដែលត្រូវទៅរកសម្លៀកបំពាក់សម្រាប់ប្រើប្រាស់ ។ ជាលទ្ធផល ខ្ញុំអាចសន្សំប្រាក់ពី ២០ទៅ៦០ភាគរយ ក្នុងការចំណាយលើសម្លៀកបំពាក់ ។ សម្រាប់អ្នករស់នៅអាមេរិកដែលចង់ដឹងថាពេលណាជាឱកាសអតិប្បមាក្នុងការទិញសម្លៀកបំពាក់បានថោកបំផុតនោះ ទៅរកទិញនៅអាទិត្យទីពីរនៃខែមករា ។ រយៈពេលមួយខែបន្ទាប់ពីអាទិត្យទីពីរនៃខែមករានោះ គឺជាពេលវេលាដែលសម្លៀកបំពាក់ចុះថោកបំផុតហើយ ។
ក្រៅអំពីសម្លៀកបំពាក់ ចំណីអាហារនិងរបស់របរប្រើប្រាស់ក្នុងផ្ទះប្រចាំថ្ងៃក៏យើងអាចប្រើឱកាសនិយមសន្សំប្រាក់បានដូចគ្នា ។ ជាទូទៅ ហាងលក់គ្រឿងឧបភោគបរិភោគនៅសហរដ្ឋអាមេរិក ជាប្រភេទលក់ដូរយកកម្រៃ (Consignments) ។ មានន័យថាក្រុមហ៊ុនឬអ្នកផលិតយកឥវ៉ាន់មកដាក់ឲ្យគេលក់ជំនួសខ្លួន ហើយបែងចែកប្រាក់ចំណេញទៅឲ្យអ្នកលក់ ។ ប្រតិបត្តិការគឺស្រដៀងគ្នានឹងការលក់សម្លៀកបំពាក់ដែរ ។ បញ្ហាគឺទីកន្លែង(Spaces)សម្រាប់ដាក់លក់ផលិតផល ។ នៅពេលដែលឥវ៉ាន់ចាស់លក់មិនទាន់អស់ ឥវ៉ាន់ថ្មីដឹកមកដល់ គេចាំបាច់ត្រូវតែបញ្ចុះតម្លៃដើម្បីរកទីកន្លែងផ្ទុកឥវ៉ាន់មកដល់ថ្មី ។ ក្នុងនាមជាអតិថិជន យើងអាចបែងចែករបស់របរដែលយើងត្រូវការប្រចាំគ្រួសារជារបស់ដែលគ្មានកាលកំណត់ដូចជាអំបិល ស្ករ សាប៊ូ ច្រាសដុសធ្មេញជាដើម ។ល។ មួយឡែកនិងរបស់ដែលមានកាលកំណត់មួយឡែក ។ របស់ដែលគ្មានកាលកំណត់យើងអាចទិញស្តុកទុកប្រើប្រាស់សម្រាប់រយៈពេល៦ខែទៅ១ឆ្នាំ នៅពេលដែលរបស់ទាំងនោះត្រូវបានគេលក់ចុះតម្លៃ ។ ឯរបស់ដែលមានកាលកំណត់យើងទិញយកមកស្តុកទុកប្រើរយៈពេលពី៣ខែទៅ៦ខែ ។ យើងបន្តទិញស្តុកទុកប្រើជាប្រចាំនៅពេលឱកាសហុចឲ្យ ។ ជាទូទៅ របស់ចង្អៀតឃ្លាំងគេដាក់លក់ចុះតម្លៃពី ១៥ទៅ៤០ ភាគរយ ។
ក្រៅអំពីយុទ្ធសាស្ត្រឱកាសនិយមទិញរបស់ប្រើប្រាស់នេះ ការចូលជាសមាជិកនៃហាងលក់ចំណីអាហារណាមួយដែលមានលក់របស់យើងត្រូវការជាប្រចាំច្រើននោះ ក៏ផ្តល់សារប្រយោជន៍ឲ្យយើងច្រើនដែរ ។ ជាទូទៅសមាជិករបស់ហាងអាចមានឱកាសទិញរបស់ចុះតម្លៃពី ២០ទៅ៥០ភាគរយជាប្រចាំ ។ ការប្រើយុទ្ធសាស្ត្រឱកាសនិយមនេះ ឃើញថាសម្រួលដល់ការរស់នៅរបស់ខ្ញុំច្រើនណាស់រយៈពេលជាង២០ឆ្នាំកន្លងទៅនេះ ។ តម្រូវការនៃថវិកាសម្រាប់រស់នៅក៏មានភាពធូស្រាលបន្តិចដែរ ។ បើមនុស្សទូទៅត្រូវការប្រាក់២មុឺនដុល្លារដើម្បីទ្រទ្រង់ជីវិតរយៈពេលមួយឆ្នាំ ខ្ញុំអាចរស់បានដោយប្រើថវិការត្រឹម ១មុឺន៥ពាន់ប៉ុណ្ណោះ ៕
Subscribe to:
Posts (Atom)
ចំណីខួរក្បាល
កិច្ចព្រមព្រៀង កិច្ចព្រមព្រៀង គឺជាពាក្យមួយ ដែលមានអត្ថន័យ ទូលំទូលាយ ។ ហើយវាក៏ជាពាក្យមួយ ដែលបង្កឲ្យមានគ្រោះមហន្តារាយ មកលើមនុស្សជាតិ ជាច្រើនដ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង សត្វលានិងរូបចម្លាក់ បុរសម្នាក់បានផ្ទុករូបចម្លាក់ព្រះពុទ្ធបដិមាករ ដែលធ្វើអំពីឈើមួយអង្គ នៅលើខ្នងលា ដើម្បីដឹកយកទៅដាក់នៅក្នុងព្រះវិហារ ។ ...
