Sunday, March 14, 2021
ចំណីខួរក្បាល
ភូមា
នៅពេលឃើញពលរដ្ឋ ងើបបះបោប្រឆាំងនឹងអាជ្ញាធរយោធាផ្តាច់ការនៅក្នុងប្រទេសភូមា ខ្ញុំនឹកទៅដល់ព្រឹត្តិការណ៍ប្រឆាំងតវាជាមួយនឹងអាជ្ញាធរកុម្មុយនីស្តនៅភូមិភាគអឺរ៉ុបខាងកើតកាលពីទសវត្សឆ្នាំ ១៩៩០ ។ វាមានរយៈពេលបីទសវត្សមកហើយ ក៏ប៉ុន្តែព្រឹត្តិការណ៍នោះហាក់ដូចជានៅថ្មីៗនៅឡើយ ដោយហេតុថាបន្ទាប់ពីការបះបោនៅអឺរ៉ុបខាងកើត ព្រឹត្តិការណ៍នោះក៏បានរីករាលដាលទៅដល់តំបន់ដទៃផងដែរ ។ ប្រទេសខ្លះបានទទួលជោគជ័យក្នុងការទាញទម្លាក់ជនផ្តាច់ការកំណាចឃោរឃៅឲ្យរបូតរលូតពីតំណែង ។ ប្រទេសខ្លះទៀត ដូចជាប្រទេស លីប៊ី និង សុីរី ក៏ត្រូវធ្លាក់ចូលក្នុងស្ថានភាពសង្គ្រាមសុីវិលរុំារ៉ៃរហូតដល់សព្វថ្ងៃ ។ ប្រឈមនឹងផលវិបាកនេះ មានសំណួរមួយលើកឡើងថា៖ រស់នៅក្រោមអំណាចជនផ្តាច់ការ និងរស់ជាមួយនឹងសង្គ្រាមសុីវិល តើគួរជ្រើសរើសមួយណា? សម្រាប់អ្នកដែលមិនប្រឈមនឹងផលវិបាក យើងប្រាកដជានិយាយថា៖ យើងមិនអាចទទួលយកទាំងពីរ ។ ប៉ុន្តែ សម្រាប់អ្នកដែលត្រូវយកជីវិតទៅធ្វើដើមទុនដើម្បីជ្រើសរើស វាគឺប្រធានបទដ៏លំបាកឆ្លើយជាទីបំផុត ។
ក្នុងចំណោមប្រទេសនានាដែលរំដោះខ្លួនរួចអំពីកណ្តាប់ដៃនៃជនផ្តាច់ការនៅទសវត្សឆ្នាំ ១៩៩០ និងទសវត្សឆ្នាំ ២០០០ មានប្រទេសមួយដែលពិភពលោកហាក់ដូចជាចាប់អារម្មណ៍ជាងគេ ដ្បិតកម្លាំងស្នូលនៃការតស៊ូគឺបង្កើតឡើងដោយយុវជន ។ នោះគឺប្រទេស យូហ្គោស្លាវី ។ អ្នកដែលតាមដានព្រឹត្តិការណ៍នយោបាយពិភពលោក ប្រហែលជានៅចងចាំថា ប្រទេសយូហ្គោស្លាវី ក៏ដូចជាប្រទេសមួយចំនួននៅក្នុងប្លុកកុម្មុយនីស្តដែរ ត្រូវបានបំបែកជារដ្ឋតូចៗចំនួនបីគឺ ក្រូអេត្យា បុសនៀហឺសុីហ្គូវីណា និង យូហ្គោស្លាវី ។ បន្ទាប់ពីការបំបែករដ្ឋ យុវជនមួយក្រុមបានដឹកនាំការធ្វើបាតុកម្មអហឹង្សាមួយ ទាមទារឲ្យប្រធានាធិបតី ស្លូបូដាន់ មីឡូសូវីច ចាកចេញពីតំណែង ។ បាតុកម្មនោះប្រព្រឹត្តិទៅប្រកបដោយជោគជ័យនិងគ្មានការបង្ហូរឈាមគ្នាធំដុំឡើយ ។ លោក មីឡូសូវីច ក្រោយមកត្រូវបានតុលាការអន្តរជាតិចាប់ខ្លួនពីបទឧក្រិតកម្មប្រឆាំងមនុស្សជាតិ ហើយក៏បានធ្វើអត្តឃាតក្នុងមន្ទីរឃុំឃាំង ។
ប្រហែលជាជិតម្ភៃឆ្នាំមុន (មិនចាំថាឆ្នាំណាទេ) ខ្ញុំធ្លាប់បានជួបនឹងយុវជនមួយរូបដែលជាអ្នកដឹកនាំបាតុកម្មនៅយូហ្គោស្លាវី ។ គ្រានោះ ខ្ញុំជាអ្នកកត់ត្រារបាយការណ៍ឲ្យគណកម្មាធិការមួយ របស់បណ្ឌិតសភាជាតិអាមេរិកាំង ។ មិនចាំថាគណកម្មាធិការនោះ ធ្វើកិច្ចការពាក់ព័ន្ធនឹងអ្វីទេដ្បិតយូរឆ្នាំហើយ ។ វាអាចជាកិច្ចការពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ។ អ្វីដែលខ្ញុំនៅចងចាំច្បាស់ គឺថាយុវជនយូហ្គោស្លាវីនោះ និយាយភាសាអង់គ្លេសរអិលប្រៀបដូចជាមនុស្សចម្រើនវ័យនៅសហរដ្ឋអាមេរិក ។ កាលនោះគាត់អាយុប្រហែលជាទើបពាក់កណ្តាលម្ភៃឆ្នាំប៉ុណ្ណោះ ។ ប៉ុន្តែ ភាពឆ្លាតវាងវៃរបស់គាត់ គឺគួរឲ្យស្ញប់ស្ញែង ។ សមាជិកគណកម្មាធិការបណ្ឌិតសភាជាតិអាមេរិកាំង បានសួរគាត់នូវសំណួរជាច្រើនពាក់ព័ន្ធនឹងការតស៊ូដោយដៃទទេ តទល់ជាមួយនឹងកងកម្លាំងប្រដាប់អាវុធរបស់អាជ្ញាធរផ្តាច់ការ ដែលមានសព្វាវុធសព្វបែបយ៉ាង ។ យុវជននោះ រៀបរាប់អំពីយុទ្ធសាស្ត្រមួយចំនួនក្នុងការគៀរគរមនុស្សឲ្យចូលរួមធ្វើបាតុកម្ម ប៉ុន្តែពាក្យមួយម៉ាត់ដែលជាកត្តាស្លាប់រស់គឺ Nimble ។ ពាក្យនេះបើបកប្រែជាភាសាខ្មែរអាចមានន័យថា៖ បត់បែនប្រែប្រួលតាមសភាពការណ៍ប្រចាំថ្ងៃឲ្យទាន់ពេលវេលា ។ គាត់ក៏បានគូសបញ្ជាក់ដែរថា សាមគ្គីភាពនិងការចូលរួមពីសំណាក់មហាជនគ្រប់មជ្ឈដ្ឋាន គឺជាកត្តាចាំបាច់បំផុត ។ គាត់បានយករូបភាពមួយចំនួន ដែលកសិករយូហ្គោស្លាវី បើកត្រាក់ទ័រនិងឡានកាំមីញ៉ុងធំៗទៅចតឃាំងផ្លូវសំខាន់ៗជាច្រើន ដើម្បីរារាំងទប់ស្កាត់ការចល័តទ័ពពីចំណុចមួយទៅចំណុចមួយ ។ យុវជនដឹកនាំបាតុករនោះថ្លែងថា បើគ្មានជំនួយនិងការចូលរួមរបស់កសិករយូហ្គោស្លាវីទេ បាតុកម្មនៅយូហ្គោស្លាវី ប្រហែលជាមិនបានជោគជ័យឡើយ ។ ឆ្លើយតបទៅនឹងសំណួរមួយដែលសួរថា៖ តើធ្វើដូចម្តេចដើម្បីរក្សាភាពអហឹង្សា បន្ទាប់ពីបាតុករត្រូវបានអាជ្ញាធរវាយប្រហារនិងបាញ់សម្លាប់? មុននឹងគាត់ឆ្លើយសំណួរនេះ យុវជននោះអស់សំណើចបន្តិច ។ គាត់និយាយថា អហឹង្សា គឺជាពាក្យត្រឡប់ធាតុ (a misnomer) ។ បានន័យថា បាតុករប្រឆាំងនឹងរបបផ្តាច់ការ មិនអាចប្រកាន់ខ្ជាប់វិន័យអហឹង្សាទេ នៅពេលដែលអាជ្ញាធរយកអំពើហឹង្សាមកដោះស្រាយបញ្ហា ។ យុទ្ធវិធីនិងតាក់ទិក ត្រូវតែមានដើម្បីទប់ទល់នឹងអំពើហឹង្សារបស់ជនផ្តាច់ការ ។ គាត់មិនបានលើកយកយុទ្ធវិធីនិងតាក់ទិកមកនិយាយទេ ដ្បិតប្រទេសនីមួយៗមានស្ថានភាពនិងវប្បធម៌ខុសៗគ្នា ។ វាត្រូវការការវាយតម្លៃដោយផ្អែកលើស្ថានការណ៍ជាក់ស្តែង និងផ្អែកលើកត្តាជាច្រើនផ្សេងទៀត ។
ត្រឡប់ទៅនិយាយអំពីបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធានៅប្រទេសភូមាវិញម្តង ។ តើពលរដ្ឋភូមា អាចបង្ខំឲ្យអាជ្ញាធរយោធាផ្លាស់ប្តូរឥរិយាបទដែរទេ? វាពិបាកនឹងព្យាករណ៍ណាស់ ។ ក៏ប៉ុន្តែ បើបាតុករភូមាសម្រេចជ្រើសរើសយុទ្ធសាស្ត្រ "មួយចានទឹកមួយចានគោក" (Zero-sum Game) អាជ្ញាធរយោធាភូមាអាចនឹងបះជើង ។ នៅក្នុងសង្គ្រាមគេហៅយុទ្ធសាស្ត្រនេះថា "បំផ្លាញ" ឬ Scorched Earth Tactics ។ កាលសង្គ្រាមលោកលើកទីពីរ អតីតសហភាពសូវៀតបានប្រើយុទ្ធសាស្ត្រនេះ ដើម្បីទប់ទល់នឹងកងទ័ពអាល្លឺម៉ង់ដែលព្យាយាមវាយលុកយកទីក្រុង ឡេនីនក្រាត (បច្ចុប្បន្ន សែនភីថឺស្បឺគ) ។ វាជាយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធិភាពខ្ពស់ ប៉ុន្តែក៏ត្រូវចំណាយដើមទុនច្រើនណាស់ដែរ ។
បច្ចុប្បន្ននេះ ការប្រឈមមុខគ្នារវាងបាតុករនិងអាជ្ញាធរយោធាភូមា បានឈានដល់តំណាក់កាលដ៏តានតឹងមួយ ។ ពួកយោធាបានចាប់ផ្តើមបាញ់សម្លាប់បាតុករ ដើម្បីស្ទាបស្ទង់មើលប្រតិកម្មរបស់អន្តរជាតិក៏ដូចជារបស់បាតុករ ថាតើពួកគេមានឆន្ទៈតស៊ូកម្រិតណា ។ ឯពួកបាតុករក៏បានព្រលយឲ្យដឹងខ្លះៗដែរថា យុទ្ធសាស្ត្របំផ្លាញអាចនឹងកើតមានប្រសិនបើឈាមបាតុករបន្តហូរស្រក់ ។ ថ្វីដ្បិតតែគេអាចប្រមើលមើលឃើញថា ភាគីដែលបាត់បង់ធ្ងន់ធ្ងរគឺពួកមេយោធារដ្ឋប្រហារ អ្វីដែលជាកត្តាលះបង់រួមគឺប្រទេសភូមាទាំងមូល ។ វាជាដំណើរឆ្ពោះទៅកាន់ការបំផ្លាញខ្លួនឯងមួយ ដែលមានតែក្រុមមេដឹកនាំរដ្ឋប្រហារយោធាភូមាប៉ុណ្ណោះដែលអាចស្រាយចំណងប្រកបដោយគ្រោះមហន្តរាយគួរឲ្យភ័យខ្លាចនេះ ៕
Friday, February 26, 2021
ចំណីខួរក្បាល
យើងមិនដូចគ្នាទេ (We are Different)
និយាយវែកញែកជាមួយនឹងព្រឹទ្ធាបដិភេទចាស់វស្សា (The opposite sex) អំពីទំនាក់ទំនងសង្ខារកាលពីពេលថ្មីៗនេះ ធ្វើឲ្យខ្ញុំនឹកឃើញទៅដល់ការសិក្សានៅមហាវិទ្យាល័យកាលពី ៣០ឆ្នាំកន្លងទៅ ។ ប្រធានបទសិក្សានៅគ្រានោះ ក៏ដូចជាប្រធានបទពិភាក្សាជាមួយនឹងបដិភេទព្រឹទ្ធាចារ្យនាគ្រានេះដែរ៖ តើស្រីនិងប្រុសពិតជាមានផ្នត់គំនិតនិងគិតមិនដូចគ្នាមែនឬ?
ក្នុងនាមជានិស្សិត យើងម្នាក់ៗសុទ្ធតែមានសុទិដ្ឋិខ្ពស់ (Highly optismistic) ទៅលើសមត្ថភាពរបស់យើង ។ មុខវិជ្ជាសិក្សានាគ្រានោះគឺ ការប្រាស្រ័យទាក់ទងគ្នា (រវាងស្រីនិងប្រុស) Interpersonal Communication ។ មុននឹងចាប់ផ្តើមការសិក្សានៅថ្ងៃទីមួយ អ្នកគ្រូដែលមានចរិយាអៀនប្រៀននិងសម្តីរមទម បានប្រាប់ឲ្យសិស្សទាំងអស់ក្រឡេកមើលមិត្តរួមថា្នក់ដែលអង្គុយនៅខាងឆ្វេងដៃ រួចហើយក្រឡេកមើលអ្នកដែលអង្គុយនៅខាងស្តាំដៃ ។ បន្ទាប់មក គាត់ប្រាប់ពួកយើងថា ក្នុងចំណោមមនុស្សបីនាក់ដែលមើលមុខគ្នាទៅវិញទៅមកអម្បាញ់មិញនេះ មានម្នាក់ទទួលបរាជ័យក្នុងជីវិតអាពាហ៍ពិពាហ៍នាថ្ងៃអនាគត ។ ពួកយើងម្នាក់ៗសុទ្ធតែគិតក្នុងចិត្តថា មិនអាចជាបុគ្គលបរាជ័យឡើយ ដ្បិតកំពុងតែសិក្សាអំពីយុទ្ធវិធី (Techniques) នៃការរក្សាភាតរភាពដោយប្រើជំនាញប្រាស្រ័យទាក់ទងគ្នាជាវិធីសាស្ត្រ ។ មិនដឹងថាមិត្តរួមថ្នាក់របស់ខ្ញុំមានជោគវាសនាយ៉ាងណាទេ ។ ប៉ុន្តែ ដប់ប្រាំឆ្នាំក្រោយមក ខ្ញុំបានក្លាយជាតួលេខនៅក្នុងស្ថិតិនៃទិន្នន័យរបស់អ្នកគ្រូខ្ញុំ ។
ការប្រាស្រ័យទាក់ទងគ្នាហាក់ដូចជាលក្ខណៈធម្មជាតិរបស់មនុស្សនិងសត្វរួចទៅហើយ ។ គ្មានអ្វីដែលចាំបាច់ត្រូវរៀនសូត្រស្វែងយល់នោះទេ ។ ការយល់ច្រឡំ ឬភាពមិនច្បាស់លាស់នានា យើងគួរតែអាចធ្វើឲ្យច្បាស់លាស់បានដោយគ្រាន់តែឲ្យភាគីពាក់ព័ន្ធ បញ្ជាក់សាឡើងវិញនូវខ្លឹមសារនៃពាក្យពេចន៍ ក៏ល្មមនឹងអាចដោះស្រាយបញ្ហាបានដែរ ។ ប៉ុន្តែ នៅពេលយើងយកប្រការនេះមកវែកញែកជាលក្ខណៈវិទ្យាសាស្ត្រ យើងមើលឃើញថា វាមានបញ្ហាជាច្រើននៅក្នុងដំណើរប្រាស្រ័យទាក់ទងគ្នា (Interaction) ។
ការប្រាស្រ័យទាក់ទងគ្នាមានបីប្រភេទគឺ៖ ដោយកាយ (កាយវិការ) វាចា និង ចិត្ត (Verbal, Non-Verbal, and Gestures) ។ យើងមិនអាចមិនថ្លែងសារបានទេ (We cannot NOT communicate) ។ កែវភ្នែកនិងទឹកមុខរបស់យើងថ្លែងសារជាប្រចាំ ។ អ្នកដែលទទួលសារអំពីយើង ដោយកាយក្តី ដោយវាចាក្តី ដោយចិត្តក្តី រមែងយល់មិនត្រឹមត្រូវឬគ្រប់ជ្រុងជ្រោយឡើយ ។ កត្តារំខាន (Interference) ដែលធ្វើឲ្យសាររបស់យើងជ្រុះបាត់ខ្លឹមសារខ្លះៗ ឬក៏ទាំងស្រុងនោះ ក្នុងភាសាអង់គ្លេសគេហៅថា Noise ។ Noise នៅទីនេះមិនសំដៅលើសម្លេងទេ ។ គេសំដៅលើវប្បធម៌ បរិយាការ (Environment, generation) ឬបែបបទនៅក្នុងគ្រួសារនិងសង្គមដែលមនុស្សម្នាក់ៗចម្រើនវ័យ ។ សារ (Messages) ដែលថ្លែងចេញទៅដោយ កាយ វាចា ឬ ចិត្ត ត្រូវឆ្លងកាត់ឧបស័គ្គជាច្រើនទៀត ។ សារដែលទៅដល់គោលដៅ ដោយមិនបាត់បង់អត្ថន័យខ្លឹមសារធំដុំ ក៏អាស្រ័យលើសមត្ថភាពរបស់អ្នកបង្កើតហើយផ្ញើ និងអ្នកទទួលផងដែរ ។ អ្នកបង្កើតសារប្រើយុទ្ធវិធីមួយដែលភាសាអង់គ្លេសហៅថា Encoding ។ ឯអ្នកទទួលសារប្រើយុទ្ធវិធី Decoding ។ អ្វីដែលស្ថិតនៅក្នុងសារគឺ Meaning (អត្ថន័យ) ។ គឺអត្ថន័យនេះហើយដែលជាតួអង្គសំខាន់បំផុត នៅក្នុងការប្រាស្រ័យទាក់ទងគ្នា ។ ជោគជ័យនៅក្នុងការបង្រៀនក្តី ការសិក្សាក្តី ការញ៉ែញ៉ងគ្នាក្តី គឺអាស្រ័យលើសមត្ថភាពរបស់អ្នកផ្ញើសារ អ្នកទទួលសារ និងទំហំនៃខ្លឹមសាររបស់សារដែលទទួលបាន ។ ជោគវាសនានៃអត្ថបទនេះក៏ដូចគ្នាដែរ ។
មុននឹងបន្តបទពិសោធអំពីការប្រាស្រ័យទាក់ទងគ្នានៅក្នុងការសិក្សារបស់ខ្ញុំកាលពី៣០ឆ្នាំមុន ខ្ញុំសូមលើកយកឧទាហរណ៍មួយមកធ្វើបទបង្ហាញ ។ កាលពីពេលថ្មីៗនេះ ខ្ញុំបានសរសេរសារ (ខមិន) មួយនៅលើទំព័រហ្វេសប៊ុករបស់អ្នកមីង Doun Champa ។ សារនោះសរសេរថា៖ "កុលាបតែងមានបន្លា ស្នេហាតែងមានឧបសគ្គ" ។ អ្នកមីងឆ្លើយតបថា៖ កុលាបដែលបានកាត់ឬលួសបន្លាអស់ហើយ មិនអាចមុតដៃអ្នកកាន់ទេ ។ (ដូច្នេះ ស្នេហាក៏មិនតែងតែមានឧបសគ្គដែរ) ។ បើខ្ញុំសន្និដ្ឋានមិនខុសទេ ក្នុងគោលគំនិតរបស់អ្នកមីងនៅទីនេះ កុលាបតំណាងឲ្យនារី ។ នារីដែលមានឥរិយាបទប្រកបដោយសុភាវធម៌ (សីលធម៌ សុជីវធម៌ និង គុណធម៌) គឺប្រៀបដូចជាកុលាបដែលលះអស់បន្លាដូច្នោះដែរ ។ ស្នេហាដែលមានសុភាវធម៌ មិនគួរមានឧបសគ្គទេ ។ ក្នុងនាមជាអ្នកសរសេរនិងផ្ញើសារ ខ្ញុំដឹងអំពីអត្ថន័យនៃសាររបស់ខ្ញុំច្បាស់លាស់ជាងអ្នកណាទាំងអស់ ។ "កុលាបតែងមានបន្លា ស្នេហាតែងមានឧបសគ្គ" គឺអត់មានចេតនាភ្ជាប់ខ្លឹមសារអត្ថាប្បដិរូបទៅជាមួយទេ ។ ខ្ញុំនិយាយដោយន័យត្រង់ភ្លឹងតែម្តង ។ ធម្មជាតិនៃផ្កាកុលាបគឺមានបន្លា ។ ធម្មជាតិនៃស្នេហាក៏មានឧបសគ្គដែរ ។ ឧបស័គ្គស្នេហានៅទីនេះ ខ្ញុំមិនសំដៅតែទៅលើការយល់ព្រមរបស់សាមីខ្លួននិងគ្រួសារទាំងសងខាង ឬក៏ទំនាស់ជាមួយនឹងអ្នកទីបីនោះទេ ។ គឺខ្ញុំសំដៅដល់ការត្រួសត្រាយផ្លូវនៅក្នុងជំហានទីមួយផងដែរ ។ ការពើបប្រទះកែវភ្នែកគ្នានៅគ្រាដំបូង ។ ការលបលួចគួចចិត្តប្រាថ្នា ។ យើងទាំងអស់គ្នា មិនថាប្រុសឬក៏ស្រីទេ សុទ្ធតែរងកម្មដោយសារប្រការនេះ ។ ទម្រាំតែរកមធ្យោបាយឆ្លងទៅដល់ត្រើយ ម្នាក់ៗស្ទើរតែស្បថផ្តាំចៅ ។ បន្ទាប់ពីបានគ្នាជាគូគាប់ហើយ ឧបសគ្គនៅក្នុងដំណើរការគាំពារជីវិត ក៏នៅតែដើរតាមយើងលុះគ្រាអវសាន្ត ។ ឧទាហរណ៍ នៅពេលភរិយាខ្ញុំយកឡេមកលាបមុខ ខ្ញុំប្រាប់គាត់ថាមិនចាំបាច់លាបឡេទេ ខ្ញុំស្រឡាញ់ស្បែកមុខធម្មជាតិច្រើនជាង ។ ការស្រឡាញ់ស្បែកមុខធម្មជាតិជាកត្តាបង្កឧបសគ្គដល់ភរិយាខ្ញុំផង និងបង្ហាញអំពីភាពល្ងង់ខ្លៅមិនយល់អំពីផ្នត់គំនិតមនុស្សស្រីរបស់ខ្ញុំផង ។ ការលាបឡេរបស់មនុស្សស្រី មិនមែនដើម្បីបំពេញចិត្តប្តីនោះទេ ។ គឺដើម្បីផ្គាប់ភ្នែកសាធារណជនដទៃ ។ ធម្មជាតិជាមនុស្សស្រី នាងមិនអាច ឬមិនចង់បង្ហាញខ្លួននៅក្នុងទីសាធារណ មានរូបរាងហាក់ដូចជាអប្សរាដែលគេឆ្លាក់មិនទាន់ហើយនោះឡើយ ។ តើមែនឬទេលោកអុំស្រីៗ! បើនិយាអំពីកត្តារំខាន(Noise) ដែលធ្វើឲ្យអ្នកទទួលសារយល់ខុសអំពីផ្កាកុលាបនោះ គឺវប្បធម៌អក្សរសិល្ប៍និងសិល្បៈចម្រៀងរបស់ខ្មែរ ដែលតែងតែភ្ជាប់(Associated)បុប្ផាទៅនឹងនារីឬក៏ស្រីក្រមុំ ។
ត្រឡប់ទៅនិយាយអំពីបទពិសោធនៅក្នុងថ្នាក់រៀនវិញម្តង ។ ដោយហេតុតែយើងសិក្សាអំពីភាពខុសគ្នាក្នុងការប្រាស្រ័យទាក់ទងរវាងបុរសនិងស្ត្រី និស្សិតនៅក្នុងថ្នាក់ចែកគ្នាជាពីរក្រុមដោយស្វ័យប្រវត្តិ ។ ស្រីម្ខាង ប្រុសម្ខាង ។ សកម្មសិស្សមួយក្រុមបានគូររូបត្លុកកុមារតូចៗស្រីមួយប្រុសមួយស្លៀកកន្ទបឈរទឹមគ្នាបិទនៅលើជញ្ជាំង ។ កុមារទាំងពីរទាញចង្កេះកន្ទបឈ្ងោកមើលវត្ថុបុរាណរៀងខ្លួន ហើយលាន់មាត់ថា(Caption)៖ "Yep! We are different" (យើងពិតជាមិនដូចគ្នាមែន) ។ សម័យនោះ ការទាមទារសិទ្ធិសេរីភាពក្នុងការស្លៀកពាក់ដើរហើរ និងសេរីភាពជាច្រើនទៀតសម្រាប់នារីកំពុងតែផុសផុលខ្លាំង ។ ប្រធានបទដែលក្តៅគគុកជាងគេគឺ ការបំពានផ្លូវភេទ (Sexual Harrassment) ។ បំពានផ្លូវភេទនៅទីនេះ មិនសំដៅតែលើការចាប់បង្ខំរំលោភលើរាងកាយនារីភេទទេ ។ គឺយើងនិយាយអំពីវិបត្តិស្នេហា ដែលមានពាក្យ YES និង NO ជាតួឯក ។ គ្រានោះខ្ញុំមិនទាន់ថ្នឹកជាមួយនឹងភាសាអង់គ្លេស ហើយក៏កំពុងវង្វេងវប្បធម៌នៅក្នុងសង្គមអាមេរិកាំងនៅឡើយ ។ ដូច្នេះ ភាគច្រើនគឺខ្ញុំអង្គុយ សុ ចិ បុ លិ ។ និស្សិតស្រីចោទនិស្សិតប្រុសៗថា ល្ងង់មិនសូវយល់អំពីសារដែលគេផ្តល់ឲ្យ ។ បើគេថា ណូ ហើយហ្នឹងនៅតែងងើលតាមញ៉ែគេទៀត ។ ឮពាក្យនេះ ខ្ញុំគិតក្នុងចិត្តថា "ចុះអាខ្មោចណាក៏ល្ងង់សព្វជាតិម្លេះ!" ។ ពួកប្រុសៗតបទៅវិញថា ស្រីៗថ្លែងសាររបៀបប្រលាំប្រកូវ ។ មិននិយាយចេញមកឲ្យច្បាស់ៗទេ ។ តើអ្នកណាឡើយទៅយល់ច្បាស់លាស់អំពីខ្លឹមសារនៃសារកាយវិការនោះ (Non-verbal Cues) ។ ការតតាំងគ្នានេះប្រព្រឹត្តិទៅអស់រយៈពេលមួយឆមាស ។ ថ្វីដ្បិតតែខ្ញុំមិនបានប្រឡូកយកចាញ់ឈ្នះជាមួយនឹងគេយ៉ាងសកម្មក៏ពិតមែន តែខ្ញុំអាចឈ្វេងយល់អំពីប្រការមួយចំនួន ដែលធ្វើឲ្យការប្រាស្រ័យទាក់គ្នារវាងប្រុសនិងស្រីជួបវិបត្តិ ។
នារីអាមេរិកាំងភាគច្រើន មិនល្ហេចល្ហាចទេ ។ ពួកគេប្រើយុទ្ធវិធីកាយវិការបញ្ជូនសារដូចនារីដទៃនៅក្នុងពិភពលោកដែរ ។ នៅក្នុងការប្រាស្រ័យទាក់ទងគ្នាជាសាធារណ នារីអាមេរិកាំងអាចនិយាយឮៗ និងមានភាពម៉ាត់ៗ ក្លាហានមុតមាំដូចជាបុរសដែរ ។ ប៉ុន្តែ នៅក្នុងទំនាក់ទំនងស្នេហា ពួកគេប្រើភាសាកាយវិការច្រើនជាងពាក្យសម្តី ។ មិត្តភក្តិស្រីប្រុសនៃជនជាតិអាមេរិកាំង ក៏ដូចជាមនុស្សនៅក្នុងអម្បូរអឺរ៉ុប ជាទូទៅតែងឱបនិងថើបថ្ពាល់គ្នាសម្តែងក្តីនឹករលឹកបន្ទាប់ពីបែកគ្នាយូរថ្ងៃ ។ ការឱបសម្តែងភាតរភាពនេះ ជាទូទៅគួរតែអនុលោមតាមសញ្ញាដែលផ្តល់ឲ្យដោយភាគីខាងស្រី ។ សញ្ញានោះគឺ បន្ទាប់ពីបដិសណ្ឋារកិច្ច នាងដើរតម្រង់មកយើងដោយលើកដៃទាំងទ្វេជាសញ្ញាឱប ។ អ្វីដែលជារឿងទើសទាស់នោះ គឺមិត្តប្រុសយកទំនៀមទម្លាប់នេះទៅកេងចំណេញលើស្រីៗ ដោយធ្វើបដិសណ្ឋារកិច្ចហើយ លើកដៃដើរចូលទៅឱបនារីសម្តែងក្តីនឹករលឹក ។ ករណីនេះ បើនារីបដិសេធមិនឲ្យឱប គឺនាងមិនត្រឹមតែធ្វើឲ្យមិត្តប្រុសបាក់មុខមាត់ដោយសារការខ្មាសអៀននោះទេ គឺនាងអាចត្រូវបានអ្នកដែលសង្កេតឃើញ ចាត់ទុកថាជាមនុស្សឈ្លើយថែមទៀតផង ។ វាជាទ្វេគ្រោះមួយ(Dilemma)ដែលមនុស្សស្រីប្រឈម ។ នៅមានករណីច្រើនផ្សេងទៀត ។ ប៉ុន្តែ វែងណាស់! សុំឈប់ត្រឹមនេះហើយ ៕
Friday, February 19, 2021
ចំណីខួរក្បាល
កុសល (Merit)
កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំដាក់ទោសខ្លួនឯងឲ្យសរសេរអត្ថបទមួយស្តីអំពីពុទ្ធសាសនាមហាយាន ។ នៅក្នុងការស្រាវជ្រាវគោលគំនិតសរសេរអត្ថបទនោះ ខ្ញុំជួបនឹងការអះអាងមួយដែលថ្លែងថា៖ ការចំណាយកុសលនឹងនាំឲ្យកើនកុសល ។ ពេលឃើញការអះអាងនោះ ខ្ញុំហាក់ដូចជាវង្វេងវង្វាន់ដែលក្មេងៗសម័យបច្ចុប្បន្នចូលចិត្តនិយាយថា "ក្រញាញ់ខួរ" ។ តាំងតែពីតូចក្រូចឆ្មារមក ខ្ញុំតែងតែទទួលការអប់រំពីចាស់ទុំឲ្យចេះសន្សំកុសល ។ រឿងចំណាយកុសល ដូចជាមិនដែលឮសោះ ។ សូម្បីតែវត្តមួយនៅភ្នំពេញក៏មានឈ្មោះថា វត្តសន្សំកុសល ដែរ ។ ហេតុអ្វីក៏ព្រះពុទ្ធសាសនាតែមួយមានគោលគំនិតពីរផ្ទុយគ្នាដូច្នេះ? នៅពេលខ្ញុំមើលការពន្យល់ពិស្តារ ខ្ញុំឃើញថាគោលដៅនៃការសន្សំកុសលនិងចំណាយកុសល គឺដើម្បីធ្វើដំណើរទៅកាន់និព្វានដូចគ្នា ។ ក៏ប៉ុន្តែ ការធ្វើដំណើរនៅលើដងផ្លូវពីរដែលផ្ទុយគ្នាដូច្នេះ ច្បាស់ជាមានភាគីមួយវង្វេងហើយ ។ បើមិនវង្វេងទេ យ៉ាងហោចណាស់ក៏ត្រូវដើរវាងឆ្ងាយអនេកកប្បការដែរ ។
ខ្ញុំមិនដែលសាងភ្នួស ហើយក៏មិនសូវទៅវត្តដើម្បីរៀនព្រះធម៌របស់ព្រះពុទ្ធញឹកញាប់ដែរ ។ អ្វីដែលជាការយល់ដឹងរបស់ខ្ញុំអំពីព្រះពុទ្ធសាសនា គឺតាមរយៈការអានសៀវភៅផ្សេងៗ ។ ជារួម យើងអាចបំបែកពុទ្ធសាសនាជាពីរផ្នែកគឺ៖ មហាយាន និងហិនយាន ឬថេរវាទ(ថេរឱវាទ?) ។ នៅក្នុងនិកាយទាំងពីរនេះ ឮថាមានការខ្វែងគំនិតគ្នាខ្លះៗស្តីអំពីការអនុវត្តន៍នានា ។ ចំណាយកុសលនិងសន្សំកុសលប្រហែលជាការខ្វែងមតិគ្នានោះហើយមើលទៅ ។ ទោះជាយ៉ាងណាក៏ដោយ តាមការសង្កេតរបស់ខ្ញុំ ពុទ្ធសាសនាមហាយានហាក់ផ្តោតការអនុវត្តន៍ទៅលើព្រហ្មវិហារធម៌ទាំងបួន ដែលមានមេត្តា ករុណា មុទិតា និង ឧបេក្ខាជាគោល ។ ឯពុទ្ធសាសនាហិនយានគឺអនុវត្តន៍តាមចតុរារិយសច្ច ដែលមានការស្វែងយល់អំពី ទុក្ខ សមុទយ និរោធ និង មគ្គ ជាមធ្យោបាយធ្វើដំណើរទៅរកនិព្វាន ។
ទុក្ខ សមុទយ និរោធ និង មគ្គ គឺជាសមីការនិងរូបមន្តសម្រាប់ដោះស្រាយបញ្ហានានាដែលជីវិតជួបប្រទះ ក៏ដូចជាមធ្យោបាយធ្វើដំណើរឆ្ពោះទៅកាន់និព្វានដែរ ។ នៅក្នុងមធ្យោបាយដោះស្រាយសមីការនេះ យើងត្រូវស្វែងយល់ឫសគល់និងទំនាក់ទំនងរបស់កត្តានីមួយៗឲ្យបានជាក់លាក់ ទើបរកចម្លើយឃើញ ឬក៏ដើរទៅដល់គោលដៅ ។ ដំណាក់កាលចុងក្រោយនៃដំណោះស្រាយសមីការនិព្វាននេះគឺ មគ្គ ឬមាគ៌ាទាំង៨ ឬក៏ អដ្ឋង្គិគមគ្គ ។ សន្សំកុសលគឺស្ថិតនៅក្នុងមាគ៌ាទាំង៨នេះឯង ដែលមានពាក្យ "សម្មា" ឬភាពត្រឹមត្រូវជាប្រមុខ ។ ព្រះពុទ្ធមិនបានដាក់និយាម (Standard) ឬក៏សរសេរចារទុកថាទង្វើ ឬកម្មប្រភេទណាដែលចាត់ទុកថាជា សម្មា ឬភាពត្រឹមត្រូវឡើយ ។ អ្វីៗគឺស្ថិតនៅលើបុគ្គលមនុស្សម្នាក់ៗជាអ្នកអនុមតិ ។ ជាលទ្ធផល មនុស្សដែលស្វែងរកនិងសន្សំកុសល ប្រព្រឹត្តិកម្មផលរាប់រយរាប់ពាន់ជំពូក ដើម្បីឲ្យជីវិតសង្ខារអាចធ្វើដំណើរទៅដល់និព្វានភព ។ អ្នកខ្លះទៅបន់ព្រះសំពះទេវតាសុំបវរណាឲ្យសង្ខារបានរួចរដោះទៅដល់និព្វាន ។ អ្នកខ្លះក៏ចំណាយប្រាក់បរិច្ចាគទ្រព្យធ្វើបុណ្យដាក់ទានគ្មានត្រាប្រណី ដើម្បីសន្សំកុសលឲ្យដល់កម្រិតស្ថិតនៅក្នុងផ្លូវឆ្ពោះទៅកាន់និព្វាន ។ ខ្លះទៀតក៏អនុវត្តយុទ្ធសាស្ត្រ "បុណ្យក៏ធ្វើ ឈើក៏កាប់" ដើម្បីធ្វើដំណើរទៅរកនិព្វានដូចគ្នា ។ នៅមានកម្មជាច្រើនផ្សេងទៀត ដែលមនុស្សសាងដើម្បីសន្សំកុសល ។
ភាពត្រឹមត្រូវ "សម្មា" នៅក្នុងអដ្ឋង្គិគមគ្គ គឺជាបញ្ហាដ៏ស្មុគស្មាញមួយដែលខ្ញុំពិបាកនឹងស្វែងយល់ជាទីបំផុត ។ តើភាពត្រឹមត្រូវស្ថិតនៅត្រង់ណា បើមនុស្សគ្រប់ៗរូបនៅលើលោកនេះសុទ្ធតែត្រូវបានគ្រុបគ្រងដោយភាពអាត្មានិយម (Self-interest) ។ មានន័យថាយើងម្នាក់ៗ ឲ្យអាទិភាពនិងគិតអំពីសុខមាលភាពនិងសន្តិភាព របស់រូបនិងគ្រួសារយើងមុនអ្នកដទៃ ។ នៅពេលប្រឈមនឹងហានិភ័យឬសេចក្តីស្លាប់ យើងសង្គ្រោះខ្លួនឯងមុនអ្នកដទៃជានិច្ច ។ ការបូជាជីវិតខ្លួនឯងដើម្បីសង្គ្រោះជីវិតអ្នកដទៃគឺកើតមានដោយកម្រ ។ រឿងសន្សំកុសលក៏ដូចគ្នាដែរ ។ ទីមួយយើងរក្សាអ្វីដែលយើងមាន ។ ទីពីរយើងស្វែងរកនិងសន្សំកុសលទុកឲ្យបានច្រើនថែមទៀត ។ កំណើនកុសលដែលចេញមកពីការសន្សំនេះគឺជាឋាមពល សម្រាប់បាញ់បង្ហោះវិញ្ញាណរបស់យើងទៅកាន់និព្វាន ប្រៀបដូចជាឋាមពលអាតូមិកសម្រាប់បាញ់បង្ហោះផ្កាយរណបដូច្នោះដែរ ។
ចំណាយកុសលផ្ទុយអំពីសន្សំកុសល ។ នៅក្នុងគោលគំនិត មេត្តា ករុណា មុទិតា និង ឧបេក្ខា មនុស្សគ្រប់ៗរូប មិនថាអ្នកមានឬអ្នកក្រ ស្តេចឬក៏ទាសករ សុទ្ធតែមានកុសលពេញលេញសម្រាប់ចំណាយ ។ យើងមិនចាំបាច់ទៅស្វែងរកឬក៏សន្សំកុសលអ្វីឡើយ ។ មានន័យថា ដើម្បីបង្កើនកុសលយើងគ្រាន់តែចំណាយកុសល តាមរយៈកម្មរបស់យើងគឺគ្រប់គ្រាន់ ។ គួរកត់សម្គាល់ថា កម្មមានពីរប្រភេទគឺ៖ កុសលកម្ម និងអកុសលកម្ម ។ កុសលកម្មគឺជាកម្មដែលស្ថិតនៅក្នុងក្របខណ្ឌ មេត្តា ករុណា មុទិតា និង ឧបេក្ខា ។ អកុសលកម្មមិនស្ថិតនៅក្នុងក្របខណ្ឌនេះទេ ។ ឯយន្តការ (Mechanism) សម្រាប់ដឹកនាំកម្មមានបីប្រភេទគឺដោយ៖ កាយ វាចា និង ចិត្ត ។
ដំណើរចំណាយកុសលដើម្បីបង្កើនកុសល មិនមានអ្វីលំបាកនឹងស្វែងយល់ឬក៏ត្រិះរិះពិចារណាជាដុំកំភួនឡើយ ។ មនុស្សគ្រប់រូបគ្រាន់តែអនុវត្តតាមគោលការណ៍ មេត្តា ករុណា មុទិតា និង ឧបេក្ខា គឺអាចពង្រីកកុសលបានដោយងាយ ។ ដោយហេតុតែពាក្យបួនម៉ាត់នេះជាភាសាបាលី ខ្ញុំសូមអនុញាតអធិប្បាយនិយមន័យត្រួសៗ ។
មេត្តា បានដល់ទំនាក់ទំនងមិត្តភាពរវាង មនុស្សនិងមនុស្ស មនុស្សនិងសត្វ និង មនុស្សនិងរុក្ខជាតិឬធម្មជាតិ ដែលមានសណ្ឋានជាសមមិត្តភាពនៃជីវិត ។ សមមិត្តភាព មិនមានភាពទាបខ្ពស់ទេ ។ យើងទទួលស្គាល់គ្នានិងជួយគាំពារគ្នាទៅវិញទៅមកដោយឥតរើសអើង និងមិនចង់បានឬក៏ស្វែងរកគុណស្រ័យតបស្នងឡើយ ។ យើងផ្តល់សិទ្ធិសេរីភាព ឲ្យគ្នាទៅវិញទៅមកនៅក្នុងការរស់នៅតាមលំអានធម្មជាតិ ឬសម្មាជីវោ ។ ឧទាហរណ៍ បើមនុស្សចងមិត្តជាមួយនឹងឆ្កែ យើងគប្បីអនុញាតិឲ្យឆ្កែរស់ទៅតាមសភាវជាឆ្កែ ។ បើឆ្កែចង់ព្រុស ឲ្យវាព្រុស ។ បើឆ្កែចង់សុីអាចម៍ ឬក៏កំហាកដែលគេស្តោះចោលតាមចិញ្ចើមផ្លូវ អនុញាតិឲ្យវាសុីទៅ ។ មិនត្រូវមួម៉ៅចាប់ទោសអូសដំណើរគ្នាឡើយ ដ្បិតធម្មជាតិរបស់ឆ្កែដែលធ្លាប់ជាសត្វព្រៃអម្បូរចចកនោះ ចំណីអាហាររបស់វាមិនជាទីគាប់ចិត្តរបស់មនុស្សឡើយ ។ ទំនាក់ទំនងមិត្តភាពរវាងមនុស្សនិងមនុស្សក៏ស្រដៀងគ្នាដែរ ។ យើងគប្បីជួយយកអាសាគ្នា ហើយផ្តល់សេរីភាពឲ្យគ្នាទៅវិញទៅមក ។ និយាយឲ្យខ្លី គ្មានចិត្តទើសទាស់នឹងគ្នាទេ ។
ករុណា បានដល់ការថែទាំគាំពារដោយក្តីអាណិតអាសូ ។ "អាណិតអាសូ" គឺជាពាក្យគន្លឺះនៅក្នុងករុណា ។ ឧទាហរណ៍ដ៏សាមញ្ញមួយ គឺទង្វើរបស់មាតាទៅកាន់ទារកដែលទើបនឹងកើតមក ។ ទាំងមនុស្សទាំងសត្វ សុទ្ធតែបីបមថ្នាក់ថ្នមថែរក្សាជីវិតកូនដែលទើបនឹងកើតមក ដោយប្រុងប្រយ័ត្នជាទីបំផុត ។ យើងធ្វើពលិកម្មខ្ពស់ហួសអ្វីៗទាំងអស់ ដើម្បីបំពេញកាតព្វកិច្ចករុណាក្នុងនាមជាមាតាបិតា ។ សត្វពាហនៈសុីសុករបស់វាដើម្បីគាំពារកូនង៉ា ។ ឆ្កែនិងឆ្មាលិឍនិងសុីអាចម៍កូនរបស់វា ដើម្បីគាំពារជីវិតកូនខ្ចីទាំងនោះ ។ ឯមនុស្សក៏ដុសលាងនោមជុះរបស់ទារកដោយគ្មានរង្គៀសចិត្តបន្តិចសោះឡើយ ។ ប្រការនេះ មាតាគ្រប់រូបយល់ច្បាស់ជាងនរណាទាំងអស់ ។ និយាយឲ្យខ្លី ករុណាគឺការថែទាំថ្នាក់ថ្នមដោយទឹកចិត្តអាណិតអាសូ មិនថាទារក មនុស្សពេញវ័យ ឬក៏សត្វផងទាំងពួងឡើយ ។
មុទិតា បានដល់ការមិនច្រណែននិន្ទាឈ្នានីស ។ និយាយឲ្យចំគឺទឹកចិត្តសោមនស្សចំពោះភាពជោគជ័យរបស់អ្នកដទៃ ឬក៏មានបសាទចិត្តចំពោះទុក្ខព្រួយនៅក្នុងជិវិតអ្នកដទៃ ។ មនុស្សគ្រប់រូបមានកម្លាំងកាយប្រាជ្ញានិងស្មារតីមិនស្មើគ្នាទេ ។ ដូច្នេះ ការទទួលស្គាល់អបអរសមត្ថភាព ឬក៏សម្តែងនូវបសាទចិត្តចំពោះទុក្ខព្រួយរបស់អ្នកដទៃ នឹងធ្វើឲ្យភាគីពាក់ព័ន្ធទទួលបានកុសលដូចៗគ្នា ។ បើគិតជាកំណើនកុសលគឺមានទ្វេដង ។ ទាំងអ្នកទទួលបានសមិទ្ធផល និងមិនទទួលបានសមិទ្ធផល សុទ្ធតែទទួលបានកុសលដូចៗគ្នា ដោយគ្រាន់តែបង្ហាញទឹកចិត្តនិងកាយវិការមុទិតា ។
ឧបេក្ខា គឺការទទួលស្គាល់និងឲ្យតម្លៃជីវិតទាំងអស់ ទាំងមនុស្ស ទាំងសត្វស្មើគ្នា ។ ជីវិតមនុស្សនិងសត្វផ្គុំឡើងដោយធាតុ ដី ទឹក ភ្លើង ខ្យល់ និងមានវិញ្ញាណប្រាំដូចៗគ្នា ។ ដូច្នេះ ការទទួលស្គាល់អត្ថិភាពនិងឲ្យតម្លៃជីវិតនីមួយៗទៅតាមសភាវរបស់វា គឺជាការអនុវត្តន៍តាមលំអានឧបេក្ខា ។ និយាយរួម ឧបេក្ខា បានដល់ការឈ្វេងយល់សច្ចភាពនៅក្នុងសភាវនៃជីវិត ។ ឆ្កែរស់តាមសម្មាជីវោ (ភាពត្រឹមត្រូវនៃជីវិត) របស់ឆ្កែ ។ មនុស្សរស់តាមសម្មាជីវោរបស់មនុស្ស ។ តម្លៃនៃជីវិតគឺស្មើគ្នានៅចំពោះមុខច្បាប់ធម្មជាតិដែលមាន កើត ចាស់ ឈឺ ស្លាប់ ជាប្រធាន ។
សរុបសេចក្តីទៅ មេត្តា ករុណា មុទិតា និង ឧបេក្ខា គឺជាការចំណាយកុសលដើម្បីបង្កើនកុសល ។ ទង្វើ ឬកុសលកម្មនៅក្នុងព្រហ្មវិហារធម៌ទាំងបួននេះ មានសណ្ឋានវិជ្ជមានគ្រប់កាលៈទេសៈទាំងអស់ ទោះបីស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ ។ ទាំងស្តេច ទាំងទាសករ ទាំងអ្នកមាន ទាំងអ្នកក្រ សុទ្ធតែមានលទ្ធភាពបង្កើនកុសលដូចៗគ្នា ។ មនុស្សគ្រប់ៗរូបមិនចាំបាច់មានអ្វីច្រើនឡើយ មានត្រឹមតែស្នាមញញឹមក៏អាចនាំឲ្យចម្រើនកុសលច្រើនអនេកកប្បការ ។ ចំណុចដ៏សាមញ្ញតែមួយគត់ដែលត្រូវចងចាំគឺថា៖ សន្សំកុសលមាន "សម្មា" ជាគោល ។ ឯចំណាយកុសលដើម្បីបង្កើនកុសលមាន "វិជ្ជមាន" ជាគោល ។ គិតវិជ្ជមាន និយាយវិជ្ជមាន និង ធ្វើទង្វើវិជ្ជមាន (The Power of Positivism) ៕
(កំណត់៖ សេចក្តីពន្យល់ពាក្យ មេត្តា ករុណា មុទិតា និង ឧបេក្ខា សង្ខេបចេញពីសំណេររបស់អ្នកគ្រូ ប៉ែន សេដ្ឋារិន ។ សូមឧទិសកុសលជូនដល់អ្នកគ្រូដោយភក្តីភាព) ។
Sunday, February 14, 2021
ចំណីខួរក្បាល
ភូមិវប្បធម៌ដែលខ្ញុំស្រឡាញ់
ភូមិវប្បធម៌ដែលខ្ញុំស្រឡាញ់ មានតែរូបរាង មិនទាន់កកើត តែត្រូវបានគេបំផ្លាញចោលអស់បាត់ទៅហើយ ។ ភូមិនោះ នៅមិនឆ្ងាយពីទីក្រុងសៀមរាបប៉ុន្មានទេ ។ អ្នកស្រុកសៀមរាបដែលចម្រើនវ័យនៅមុនឆ្នាំ២០០០ អាចនៅចងចាំភូមិដែលខ្ញុំនឹងរៀបរាប់នៅក្នុងអត្ថបទនេះ ។
នៅឆ្នាំ ១៩៩៨ ខ្ញុំបានទៅទស្សនកិច្ចនៅស្រុកខ្មែរលើកទី១ បន្ទាប់ពីឃ្លាតឆ្ងាយអស់រយៈពេល១៤ឆ្នាំ ។ វាក៏ជាលើកទី១ដែរនៅក្នុងជីវិតខ្ញុំ ដែលខ្ញុំមានឱកាសបានទៅទស្សនាប្រាសាទអង្គរវត្ត ។ កាលនោះ ឧទ្យានអង្គរស្ថិតនៅក្រោមការគ្រុបគ្រងរបស់ក្រសួងទេសចរណ៍នៅឡើយ ។ ដោយសារតែបងរបស់ខ្ញុំជាមន្ត្រីថ្នាក់កណ្តាលម្នាក់នៅក្នុងក្រសួងទេសចរណ៍ សាខាក្រសួងនៅខេត្តសៀមរាប បានចាត់ចែងរៀបចំដំណើរទេសចរណ៍របស់ពួកយើងជាលក្ខណៈ វីអាយភី តូចមួយ ។ កាលនោះ មិនសូវមានទេសចរច្រើនទេ ។ ហើយក៏មិនសូវមានហេដ្ឋរចនាសម្ព័ន្ធស្អេកស្កះដូចសព្វថ្ងៃនេះដែរ ។ បន្ទាប់ពីទៅទស្សនាប្រាសាទសំខាន់ៗមួយចំនួន ពួកយើក៏សម្រេចចិត្តទៅមើលបារាយខាងលិច ដើម្បីបំពេញតម្រូវការរបស់ខ្ញុំដែលកំពុងតែស្រាវជ្រាវសិក្សាអំពីទ្រង់ទ្រាយនិងវិសាលភាពនៃទីក្រុងអង្គរ ។ យើងធ្វើដំណើរតាមដងផ្លូវជាតិលេខ៦ ឆ្ពោះទៅកាន់ខេត្តបាត់ដំបង ។ ចេញផុតពីក្រុងសៀមរាបបានបន្តិច យើងឈប់រថយន្តនៅក្រោមម្លប់ឈើធំមួយ ។ ខ្ញុំមិនចាំថាយើងឈប់ដោយសារមូលហេតុអ្វីទេ ។ ប៉ុន្តែ ខ្ញុំបានចុះពីលើឡានហើយដើរមើលភូមិករបស់អ្នកស្រុក ដែលស្ថិតនៅតាមដងផ្លូវផ្នែកខាងឆ្វេងដៃ ។ ភូមិនេះ ថ្វីដ្បិតតែអ្នកស្រុករស់នៅស្ថិតក្នុងសភាពសាមញ្ញក៏ដោយ ក៏ទិដ្ឋភាពនិងសោភ័ណ្ឌរំលេចចេញមកមានសណ្ឋានល្អប្រណិត ។ នៅតាមបណ្តោយផ្លូវស្ថិតនៅខាងមុខភូមិ មានប្រឡាយទឹកមួយទទឹងប្រមាណជាបួនម៉ែត្រលាតសន្ធឹងពីជើងទៅត្បូងមើលឃើញដាច់កន្ទុយភ្នែក ។ នៅសងខាងមាត់ប្រឡាយ មានដើមរំចេកដុះជាជួរ ហើយក៏មានស្ពានឆ្លងប្រឡាយមួយៗផងដែរ ។ ខ្ញុំសង្ស័យថា ទឹកដែលហូរនៅក្នុងប្រឡាយនោះ មានប្រភពចេញមកពីបារាយខាងលិចដែលខ្ញុំកំពុងតែធ្វើដំណើរទៅទស្សនានោះឯង ។ ខ្ញុំឈរស្ទង់មើលសណ្ឋានដី (Survey) ទម្រង់ភូមិក ហើយគិតក្នុងចិត្តថា៖ ទីនេះល្អពន់ពេកណាស់ បើឆ្នៃឲ្យទៅជាភូមិវប្បធម៌ មិនដឹងជាល្អយ៉ាងណាទេ ។
ភូមិវប្បធម៌ដែលខ្ញុំសាងសង់នៅក្នុងក្តីស្រមៃរបស់ខ្ញុំនាថ្ងៃនោះ គឺចាប់ផ្តើមពីការជំរឿនឈ្មោះពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងភូមិតាមបណ្តោយមាត់ប្រឡាយ ។ បន្ទាប់មក ជីកប្រឡាយស្របមួយទៀតនៅភាគខាងកើត ដែលមានចម្ងាយមួយរយម៉ែត្រគត់ (១០០ម) ពីប្រឡាយមេនៅតាមដងផ្លូវ ។ ពុះដីនៅចន្លោះប្រឡាយទាំងពីរជាឡូតិ៍ដែលមានប្រវែង៥០ម៉ែត្រស្មើៗគ្នា រួចហើយជីកប្រឡាយតភ្ជាប់ប្រឡាយទាំងពីរ បង្កើតបានជាកូនកោះដែលមានទំហំកន្លះហិចតាមួយ (៥០mX១០០m) ។ នៅតាមមាត់ប្រឡាយជុំវិញកូនកោះនោះ យើងដាំដើមឈើដែលដុះនៅក្នុងស្រុកខ្មែរ (Native trees) ដែលមានឈ្មោះចាប់ផ្តើមពីអក្សរ ក ដល់ អ ។ នៅតាមបណ្តោយជួរដើមឈើឃ្លាតពីគល់វាប្រហែលមួយម៉ែត្រ យើងសាងផ្លូវដើរបេតុង (Sidewalk) ដែលមានទទឺងមួយម៉ែត្រដែរ ។ ចន្លោះដើមឈើនីមួយៗ យើងដាំដើមផ្កាព្រៃដូចជា ក្រវ៉ាន់និងរំដួលជាដើម ហើយដាំវល្លិ៍ព្រៃ ដូចជាទ្រៀលនិងគុយ ឲ្យវារឡើងដើមឈើទាំងនោះ ។ នៅចំកណ្តាលដីភូមិចម្ងាយ១០ម៉ែត្រពីមាត់ប្រឡាយស្របផ្លូវជាតិ សង់ផ្ទះបុរាណខ្មែរប្រភេទរោងដោលឬរោងឌឿងនិងទម្រង់បុរាណដទៃទៀតដែលមានតឹកតាងនៅក្នុងចម្លាក់តាមប្រាសាទនានា ដោយប្រើឈើប្រណិតនៅក្នុងប្រទេសកម្ពុជា ។ នៅជុំវិញផ្ទះក្នុងភូមិករនិមួយៗ យើងដាំដំណាំហូបផ្លែសព្វសារពើមាន ចេក ដូង ល្ហុង ខ្នុរ ស្រកានាគ ជាដើម ។ល។ បន្ទាប់ពីសាងសង់ផ្ទះនិងភូមិករ ដែលមានទ្រង់ទ្រាយជាឧទ្យានប្រាសាទនេះរួចរាល់ ផ្តល់ភូមិវប្បធម៌នេះទៅឲ្យអ្នកស្រុក (Original villagers) រស់នៅនិងថែទាំអាស្រ័យផលទៅតាមតម្រូវការរបស់គ្រសារនីមួយៗ ។ ពួកគេអាចរស់នៅក្នុងភូមិវប្បធម៌នេះក្នុងនាមជាអ្នកថែទាំ (Caretakers) តជំនាន់ ប៉ុន្តែគ្មានសិទ្ធលក់ដូរឬក៏ផ្ទេរកម្មសិទ្ធិឲ្យបុគ្គលណាឡើយ ។ នៅពេលឪពុកម្តាយស្លាប់អស់ អាជ្ញាធរជាអ្នករៀបចំឲ្យកូនៗចាប់ឆ្នោតដើម្បីថែទាំបន្ត ។ គ្រួសារដែលជាប់ឆ្នោតទទួលបានសិទ្ធិថែទាំភូមិក គឺត្រូវរស់នៅទីនោះតែមួយគ្រួសារគត់ (Immediate family only) ។ សាច់ញាតិដទៃត្រូវតែចាកចេញ ។
នៅឆ្នាំ ១៩៩៨ អ្នកស្រុកដែលរស់នៅក្នុងភូមិតាមបណ្តោយមាត់ប្រឡាយនោះ មានចំនួនចន្លោះពី ១០០ទៅ២០០គ្រួសារប៉ុណ្ណោះ ។ ដូច្នេះ ការរៀបចំបង្កើតឧទ្យានភូមិកនោះ អាចធ្វើត្រឹមតែ២០០ប្លង់ គឺគ្រប់គ្រាន់ ។ យើងត្រូវការដីតាមមាត់ប្រឡាយបណ្តោយផ្លូវជាតិលេខ៦ខាងត្បូងទីក្រុងសៀមរាប ចម្ងាយប្រហែលជា ១០០០០ម៉ែត្រ ឬ១០គីឡូម៉ែត្រ ដើម្បីបង្កើតភូមិវប្បធម៌ចំនួន២០០ផ្ទះនេះ ។ នៅខាងស្តាំដៃតាមបណ្តោយផ្លូវនោះ យើងបង្កើតជាតំបន់សណ្ឋាគារសម្រាប់ទេសចរស្នាក់នៅ ។
ការបង្កើតឲ្យមានភូមិវប្បធម៌របៀបនេះ វាជាការអភិវឌ្ឃន៍តាមបែបផែនពហុវិស័យ ឬពហុគោលដៅ ។ ទីមួយគឺយើងបង្កើតឲ្យមានគំរូនៃការរស់នៅរបស់ជនជាតិខ្មែរ និងអភិវឌ្ឃន៍ប្រកបដោយចីរភាពមួយ ។ ទីពីរគឺយើងបង្កើតឲ្យមានឧទ្យានពាក់កណ្តាលសាធារណៈ (Semi-public park) ដែលមានទំហំ១០០ម៉ែត្រគុណនឹង១០គីឡូម៉ែត្រ ។ ទីបីពលរដ្ឋដែលរស់នៅក្នុងភូមិវប្បធម៌នេះ អាចចងក្រងជាសហគមន័ដែលមានក្រុមប្រឹក្សាសម្រេចកិច្ចការនានា ក៏ដូចជាផ្តល់កម្រៃការងារដល់អ្នកស្ម័គ្រចិត្តចូលមកជួយថែទាំ និងផ្តល់សេវានៅក្នុងសហគមន៍ ។ ទីបួនប្រព័ន្ធប្រឡាយទឹក (កសិន្ធុ) អាចជាកន្លែងចិញ្ចឹមត្រីធម្មជាតិ សម្រាប់ផ្គត់ផ្គងតម្រូវការរបស់អ្នកភូមិ ក៏ដូចជាសម្រាប់ទេសចរស្ទូចលេងលំហែរផងដែរ ។ នៅមានសក្តានុពលនិងសារប្រយោជន៍ជាច្រើនផ្សេងទៀត ដែលយើងអាចទាញយកពីភូមិវប្បធម៌ដ៏សាមញ្ញមួយនេះ ។
បើនិយាយអំពីទំនាក់ទំនងរវាងតំបន់សណ្ឋាគារនិងភូមិវប្បធម៌ ទេសចរទាំងក្នុងស្រុកនិងក្រៅស្រុកគ្រាន់តែដើរឆ្លងផ្លូវពីកន្លែងស្នាក់នៅ ក៏អាចទស្សនារបៀបរបបរស់នៅរបស់រាស្ត្រខ្មែរដោយផ្ទាល់តែម្តង ។ មិនតែប៉ុណ្ណោះ ពួកគេអាចទិញផ្លែឈើដែលបេះពីដើមថ្មីៗមកទទួលទានដោយមិនចាំបាច់ទៅទិញពីផ្សារឡើយ ។ បើមើលទិដ្ឋភាពនៃភូមិវប្បធម៌នោះពីបង្អួចសណ្ឋាគារទៅ វាមិនខុសពីទស្សនាទម្រង់ប្រាសាទអង្គរវត្តតូចៗ ដែលគេយកមកដាក់តម្រៀបគ្នាឡើយ ។ តើមានអ្វីដែលល្អជាងនេះទៅទៀត ដែលកូនចៅអ្នកកសាងអង្គរ រស់នៅក្នុងភូមិកដែលមានសោភ័ណ្ឌ និងសម្ភស្សស្រដៀងនឹងប្រាសាទអង្គរដែរ ។ ក៏ប៉ុន្តែ អ្វីៗបានវិនាសអន្តរាយបាត់អស់ទៅហើយ ។ ភូមិវប្បធម៌ដែលស្ថិតនៅក្នុងអត្ថបទនេះ វានៅសល់ត្រឹមតែរូបភាពដែលស្ថិតនៅក្នុងដួងចិត្តខ្ញុំប៉ុណ្ណោះ ៕
Wednesday, February 10, 2021
ចំណីខួរក្បាល
ជូតទឹកភ្នែក ហើយបន្តដំណើរទៅមុខទៀត!
មុនពេលដែលគាត់ត្រូវបានគេធ្វើឃាត លោកបណ្ឌិត កែម ឡី បានបន្សល់នូវទស្សនជាច្រើនដើម្បីឲ្យពលរដ្ឋខ្មែរយកមកពិចារណា ។ "ជូតទឹកភ្នែក ហើយបន្តដំណើរទៅមុខទៀត" ជាពាក្យមួយឃ្លាដែលមានប្រជាប្រីយ៍និងពេញនិយម ទាំងផ្នែកនយោបាយ ទាំងផ្នែកយុត្តិធម៌សង្គម ក៏ដូចជាការតស៊ូដើម្បីស្វែងរកសុភមង្គលនៅក្នុងដំណើរជីវិត ។ សូម្បីតែខ្ញុំ ក៏បានរក្សាទុករូបថតរបស់លោកបណ្ឌិតកែមឡី ដែលមានសរសេរពាក្យពេចន៍ដ៏គួរឲ្យចាប់អារម្មណ៍នោះផងដែរ ។
បើមើលតែមួយត្រួស "ជូតទឹកភ្នែក ហើយបន្តដំណើរទៅមុខទៀត" គឺជាពាក្យលើកទឹកចិត្តនិងបណ្តុះឆន្ទៈខ្ពង់ខ្ពស់ល្អណាស់ ។ ក៏ប៉ុន្តែ នៅពេលដែលលើកយកពាក្យនេះមកពិចារណាឲ្យយូរបន្តិច យើងហាក់ដូចជាមើលឃើញថា វាមានចន្លោះប្រហោងច្រើន ។ សំណួរមួយដែលយើងគួរលើកយកមកពិចារណាគឺថា តើការបន្តដំណើរនោះ មានសង្ឃឹមបានជោគជ័យកម្រិតណា? មនុស្សដែលស្រក់ទឹកភ្នែក ជាទូទៅគឺដោយសារកត្តាពីរយ៉ាង៖ ទីមួយ បរាជ័យ ។ ទីពីរ ជួបឧបសគ្គធ្ងន់ធ្ងរដោះស្រាយមិនចេញ ។ សម្រាប់ខ្ញុំ នៅពេលដែលមនុស្សជួបបញ្ហានេះ យើងមិនគួរបន្តដំណើរទៅមុខទៀតទេ ។ គឹត្រូវបង្ហូរទឹកភ្នែក ហើយអង្គុយពិចារណឬភាវនាសិន ។ បើពិចារណារកផ្លូវទៅកាន់ជោគជ័យមិនទាន់ឃើញទេ មិនត្រូវធ្វើសកម្មភាពឡើយ ។ អង្គុយពិចារណារហូតទាល់តែរកឃើញឬមានឱកាស ។ បើរកមិនឃើញឬក៏គ្មានឱកាសហុចឲ្យទេ ព្យាយាមភាវនាពិចារណរហូតដល់ថ្ងៃស្លាប់ក៏មិនថ្វីដែរ ។
ចិនមានភាសិតបុរាណមួយដែលចែងថា៖ "ស្គាល់គេស្គាល់ខ្លួនឯង ធ្វើសង្គ្រាមមិនចេះចាញ់" (Know youself, know your enemies; a hundred battles, a hundred victories.) ។ ពាក្យមួយឃ្លានេះ មានន័យជ្រៅនិងទូលំទូលាយណាស់ ទាំងផ្នែកសឹកសង្គ្រាម ទាំងផ្នែកនយោបាយ ជំនួញ និង ជីវិតរស់នៅ ។ និយាយឲ្យខ្លីងាយយល់ គឺយើងគប្បីស្គាល់សមត្ថភាពខ្លួននិងស្ថានភាពជីវិតឲ្យប្រាកដប្រជា ។ បន្ទាប់មកគឺត្រូវស្វែងយល់អំពីឧបសគ្គនានាដែលយើងត្រូវប្រឈមនៅក្នុងដំណើរតស៊ូរបស់យើង មិនថាការតស៊ូនោះនៅក្នុងសឹកសង្គ្រាម នយោបាយ ជំនួញ ឬក៏ដំណើរជីវិតឡើយ ។ បច្ចុប្បន្ននេះ ខ្ញុំឃើញពលរដ្ឋខ្មែរជាច្រើននិយមលើកយកពាក្យ "តស៊ូ!ៗ" មកកម្លាចិត្តដើម្បីប្រឹងជម្នះឧបសគ្គនានា ។ វាគ្មានអ្វីខុសជាមួយនឹងឆន្ទៈតស៊ូនោះទេ ។ អ្វីដែលខ្ញុំចង់លើកយកមកពិចារណាគឺថា តើឧបសគ្គដែលស្ថិតនៅចំពោះមុខការតស៊ូរបស់យើងនោះ វាមានទំហំប៉ុនណា ។ តើយើងមានសង្ឃឹមទទួលបានជោគជ័យនៅក្នុងការតស៊ូរបស់យើងដែរទេ ។ បើគ្មានសង្ឃឹមធំដុំទេ អង្គុយពិចារណារង់ចាំឱកាសនៅក្នុងផ្ទះរហូតដល់ថ្ងៃស្លាប់ ប្រហែលជាប្រសើរជាងទៅអង្គុយពិចារណានៅទីកន្លែងដែលយើងមិនគួរទៅ ។ ខ្ញុំនិយាយនេះគឺសំដៅដល់សកម្មជនបក្សនយោបាយនិងសង្គមមួយចំនួន ដែលកំពុងតែរងគ្រោះដោយសារតែគំនិត "ជូតទឹកភ្នែក ហើយបន្តដំណើរទៅមុខទៀត" នេះឯង ។
ការទទួលយកនិងរស់នៅជាមួយនឹងស្ថានភាពបរាជ័យ គឺគ្មានអ្វីគួរឲ្យខ្មាសអៀនឡើយ ។ អ្វីដែលគួរឲ្យខ្មាសអៀននោះ គឺប្រឹងតស៊ូនៅក្នុងភពបរាជ័យ ។ អ្វីទៅជាភពបរាជ័យ? ភពបរាជ័យគឺជាស្ថានភាពមួយ ដែលផ្តល់ឱកាសជោគជ័យឲ្យការតស៊ូរបស់យើងទាបបំផុត ឬក៏គ្មានទាល់តែសោះ ។ ខ្ញុំសូមលើកយកឧទាហរណ៍ផ្ទាល់ខ្លួនមួយមកពិចារណា ។ បន្ទាប់ពីអាជ្ញាធរខ្មែរក្រហមត្រូវបានកងទ័ពយួនវាយផ្តួលរំលំនៅឆ្នាំ ១៩៧៩ ខ្ញុំនិងពលរដ្ឋខ្មែរដទៃប្រឈមនិងបញ្ហាធ្ងន់ធ្ងររាប់មិនអស់ ។ បញ្ហាមួយដែលខ្ញុំប្រឈមនាគ្រានោះគឺការវិលត្រឡប់ទៅរៀនវិញ បន្ទាប់ពីខកខានអស់រយៈពេល៤ឆ្នាំ ។ នៅសម័យនោះ គ្រូបង្រៀនត្រូវបានពួកខ្មែរក្រហមសម្លាប់ចោលឡើងពាយ ។ សូម្បីតែសាលារៀនក៏ត្រូវបានបំផ្លាញស្ទើរគ្មានសល់ដែរ ។ នៅភូមិដែលខ្ញុំរស់នៅ អ្នកស្រុករៀបចំឲ្យមានសាលារៀនត្រឹមថ្នាក់ទី ៣ ។ ចំណែកខ្ញុំត្រូវចូលរៀនបន្តនៅថ្នាក់ទី ៥ ។ ដូច្នេះ បើខ្ញុំចង់បន្តដំណើរទៅមុខទៀត គឺខ្ញុំត្រូវចាកចេញពីម្តាយមេម៉ាយ ទៅរៀននិងស្នាក់នៅទីរួមស្រុង ត្បូងឃ្មុំ ឬក៏ទីក្រុងកំពង់ចាម ។ គួរបញ្ជាក់ថា គ្រានោះស្រុកខ្មែរជាប្រទេសកុម្មុយនីស្ត ។ យើងគ្មានរូបិយប័ណ្ណសម្រាប់ចាយវាយ ហើយក៏មិនអាចដើរហើរពីស្រុកមួយទៅស្រុកមួយ ដោយគ្មានលិខិតអនុញាតពីអាជ្ញាធរផងដែរ ។ នេះមិនទាន់និយាយអំពីកងទ័ពយួនដែលត្រួតពីលើក្បាលយើងមួយជាន់ទៀតផង ។ សម័យនោះ កូនសិស្សជំនាន់ខ្ញុំដែលអាចទៅរៀនបន្តរយៈពេលបួនឬប្រាំឆ្នាំទៀត មានឱកាសទទួលអាហារូបករណ៍ទៅរៀននៅសហភាពសូវៀត និងទ្វីបអឺរ៉ុបខាងកើតព្រោងព្រាត ។ មន្ត្រីរាជការខ្មែរសព្វថ្ងៃមួយចំនួនធំ គឺជាអតីតនិស្សិតជំនាន់នោះឯង ។ ខ្ញុំគឺជាមនុស្សបរាជ័យម្នាក់ចេញពីជំនាន់នោះ ។
ការសម្រេចចិត្តមិនជូតទឹកភ្នែក ហើយមិនបន្តដំណើរទៅមុខរបស់ខ្ញុំនាគ្រានោះ មានហេតុផលច្រើន ។ ហេតុផលដ៏ធំបំផុតគឺខ្ញុំមិនដាច់ចិត្តទុកម្តាយខ្ញុំឲ្យប្រឈមនឹងទុក្ខវេទនាធ្ងន់ធ្ងរបន្តទៅទៀត បន្ទាប់ពីទើបនឹងឆ្លងផុតពីការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរខ្មែរក្រហម ។ គួរកត់សម្គាល់ថា អាជ្ញាធរថ្មីដែលចូលមកសង្គ្រោះជីវិតយើងនាគ្រានោះ ក៏មិនល្អប្រសើរណាស់ណាដែរ ។ ជម្រើសរបស់ខ្ញុំជាមួយនឹងបញ្ហានេះមានពីរ៖ បន្តការសិក្សាដើម្បីអនាគត ឬក៏ព្យាយាមកាត់បន្ថយកុំឲ្យជីវិតរងទុក្ខវេទនាខ្លាំងបន្តទៅទៀត ។ ខ្ញុំសម្រេចមិនទៅបន្តការសិក្សាទេ ។ ក្នុងស្ថានភាពជីវិតនាគ្រានោះ ខ្ញុំត្រូវរស់នៅជាមួយនឹងអ្វីដែលភាសាអង់គ្លេសហៅថា Survival mode (រស់កំដរពេលលវេលា) សិន ។ ទោះជាយ៉ាងណាក៏ដោយ ការផ្អាកការតស៊ូដោយកម្លាំកាយ មិនមានន័យថាខ្ញុំផ្អាកការតស៊ូដោយកម្លាំងចិត្តឡើយ ។ ខ្ញុំនៅតែត្រិះរិះ នៅតែពិចារណា រកច្រកចេញអំពីភាពទាល់ច្រកជាប្រចាំ ។ សូមចងចាំថា ភាពទាល់ច្រកនៅក្នុងដំណើរជីវិត មិនដូចភាពទាល់ច្រកនៅក្នុងដំណើរថ្មើជើងឡើយ ។ ផ្លូវចេញរមែងមាន ។ បើមិនមានដោយសារការត្រិះរិះពិចារណារបស់ខួរក្បាលយើងទេ ក៏មានដោយសារកត្តាខាងក្រៅដែរ ដែលភាសាអង់គ្លេសហៅថា Divine Intervention (ព្រហ្មលិខិត) ។
ឱកាសដែលអនុញាតឲ្យខ្ញុំជូតទឹកភ្នែក ហើយបន្តដំណើរទៅមុខទៀត កើតមាននៅរយៈពេលប្រាំឆ្នាំក្រោយមក ។ វាមិនមែនជាឱកាសដែលខ្ញុំរកឃើញដោយកម្លាំងប្រាជ្ញាឬក៏ជ្រើសរើសដោយស្ម័គ្រចិត្តឡើយ ។ វាជាឱកាសដែលអាជ្ញាធរយួននិងខ្មែរបង្ខំឲ្យខ្ញុំជ្រើសរើសធ្វើសកម្មភាព ។ នៅចុងឆ្នាំ ១៩៨៤ ដំណើរជីវិតកំដរពេលវេលារបស់ខ្ញុំបានជួបនឹងព្រឹត្តិការណ៍បី ។ ទីមួយ ខ្ញុំបានទទួលលិខិតមួយច្បាប់ពីបងប្រុសខ្ញុំដែលកំពុងរស់នៅសហរដ្ឋអាមេរិក ។ គាត់គឺជាអតីតភ្នាក់ងារសម្ងាត់របស់ក្រុមខ្មែរតស៊ូប្រឆាំងនឹងយួន ។ នៅពេលអាជ្ញាធរយួនស្វែងរកចាប់ខ្លួនបណ្តាញអ្នកតស៊ូនៅភ្នំពេញ បងខ្ញុំក៏ភៀសខ្លួនទៅជាយដែនខ្មែរថៃ ហើយបាត់ដំណឹងតាំងតែពីឆ្នាំ ១៩៨០ មក ។ ទីពីរ ខ្ញុំត្រូវជាប់កំណែន ក៥ ទៅកាប់ឆ្កាព្រៃនៅទល់ដែនខ្មែរ-ថៃ នៅដើមឆ្នាំ ១៩៨៥ ។ និងទីបី មិត្តក្នុងភូមិម្នាក់ដែលជាប់សែស្រឡាយនឹងខ្ញុំបន្តិចបន្តួចបានខ្សឹបប្រាប់ខ្ញុំថា ក្រុមគ្រួសារគាត់មានគម្រោងរត់ចេញពីប្រទេសកម្ពុជា ទៅរស់នៅក្នុងជំរំជនភៀសខ្លួនខ្មែរក្នុងប្រទេសថៃ ។
កំណែន ក៥ គឺជាបញ្ហាមួយដែលធ្វើឲ្យម្តាយខ្ញុំកើតទុក្ខព្រួយជាច្រើនខែថ្ងៃ ។ តាមដំណឹងចេញពីអ្នកដែលបានឆ្លងកាត់យុទ្ធនាការ ក៥ នោះ ពលករមួយចំនួនបានរងគ្រោះរហូតដល់បាត់បង់ជីវិតដោយប្រការផ្សេងៗ ។ អ្នកដែលជាប់កំណែនត្រូវចំណាយពេលពី ៣ទៅ៦ ខែ ឬក៏យូរជាងនេះផងក៏មិនដឹងអាស្រ័យលើអុងឡឺងគាត់សម្រេច ។ ខ្ញុំយកដំណឹងអំពីគម្រោងរត់ភៀសខ្លួនទៅស្រុកថៃរបស់មិត្តខ្ញុំទៅប្រាប់ម្តាយខ្ញុំ ។ ម្តាយខ្ញុំនិងខ្ញុំជាមួយនឹងជីដូនខ្ញុំបានពិគ្រោះគ្នាមួយកំណាត់យប់ រួចហើយក៏សម្រេចចិត្តឲ្យខ្ញុំរត់ភៀសខ្លួនទៅប្រទេសថៃជាមួយនឹងមិត្តខ្ញុំ ។ ម្តាយនិងជីដូនខ្ញុំមិនចង់ឲ្យខ្ញុំយកជីវិតទៅប្រឈមនឹងសេចក្តីស្លាប់ក្នុងកំណែន ក៥ ឡើយ ។ ខ្ញុំបង្ខំចិត្តបន្តដំណើរទាំងទឹកភ្នែក ។
បន្ទាប់ពីសម្រេចចិត្តបន្តការតស៊ូជម្នះឧបសគ្គនៅក្នុងដំណើរជីវិត ខ្ញុំរៀបចំមហិច្ឆតាតូចៗពីរនៅក្នុងគោលដៅជិវិតខ្ញុំ ។ ទីមួយ បើខ្ញុំអាចឆ្លងទៅដល់ជំរំជនភៀសខ្លួនខ្មែរនៅក្នុងប្រទេសថៃដោយសុវត្ថិភាព ប៉ុន្តែមិនអាចទៅដល់សហរដ្ឋអាមេរិកដូចបងប្រុសខ្ញុំ ខ្ញុំនឹងប្រឹងប្រែងរៀនភាសាអង់គ្លេសឲ្យចេះស្ទាត់ដើម្បីប្រកបរបរជាគ្រូបង្រៀនភាសានេះ ។ ទីពីរ បើខ្ញុំមានវាសនាទៅដល់សហរដ្ឋអាមេរិក ខ្ញុំនឹងរៀនជំនាញរៀបចំប្រព័ន្ធផ្សាយសំឡេងដូចជាអ្នកចាក់មីក្រូនៅក្នុងពិធីបុណ្យឬមង្គលការសព្វថ្ងៃ ។ វាជាមហិច្ឆតាសមស្របមួយដែលខ្ញុំគិតថា សមត្ថភាពខ្ញុំអាចជម្នះឧបសគ្គបាន ។
ខ្ញុំទៅដល់ជំរំជនភៀសខ្លួនខ្មែរនៅក្នុងប្រទេសថៃនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ១៩៨៥ បន្ទាប់ពីជំរំទាំងនោះត្រូវបានកងទ័ពយួនវាយបំបែករប៉ាត់រប៉ាយនៅថ្ងៃទី ៧មករា ។ មួយខែក្រោយមក ខ្ញុំទទួលបានជោគជ័យក្នុងការភ្ជាប់ទំនាក់ទំនងជាមួយនឹងបងខ្ញុំនៅសហរដ្ឋអាមេរិក ដែលជាប្រភពគាំពារជីវិតខ្ញុំ (Lifeline) ។ នៅថ្ងៃទី ១៣ ខែមេសា អង្គការសហប្រជាជាតិសម្រេចដឹកជញ្ជូនពលរដ្ឋខ្មែរដែលរស់នៅរាយប៉ាយតាមជំរំជនភៀសសឹកទាំងអស់ ទៅដាក់នៅក្នុងជំរំដ៏ធំមួយដែលមានឈ្មោះថា សាយធូ (Site 2) ។ គឺនៅទីនោះហើយដែលខ្ញុំស្វែងរកឱកាស ឬក៏បង្កើតឱកាសបន្តការតស៊ូនៅក្នុងជីវិតសិក្សារបស់ខ្ញុំ ។ ឧបសគ្គនៅមានច្រើនតទៅទៀត ។ ក៏ប៉ុន្តែ ខ្ញុំចង់បញ្ជាក់ថាខ្ញុំមិនត្រឹមតែអាចរៀនភាសាអង់គ្លេសទេ គឺខ្ញុំរៀនទាំងភាសានិងអក្សរសាស្ត្រខ្មែរថែមទៀត បន្ទាប់ពីខកខានអស់រយៈពេល ១០ឆ្នាំ ។ រឿងខ្ញុំត្រឡប់ចូលទៅរៀនវិញដូចម្តេចបន្ទាប់ពីខកខានអស់រយៈពេល១០ឆ្នាំ វាជារឿងមួយផ្សេងទៀត ។ បើអ្នកគិតថាអត្ថបទនេះសរសេរបានល្អដូចអ្នកមានចំណេះដឹងជ្រៅជ្រះ វាកើតចេញពីការប្រឹងប្រែងដោយមិនប្រក្រតីនោះ ។
បួនឆ្នាំក្រោយមកគឺនៅឆ្នាំ ១៩៨៩ ខ្ញុំទៅដល់សហរដ្ឋអាមេរិក ។ គម្រោងដែលខ្ញុំបានគិតពេលចាកចេញពីស្រុកខ្មែរមកនោះ ត្រូវបានប្រែប្រួលដោយសារដំណាក់កាលទីមួយដែលខ្ញុំឆ្លងកាត់នៅក្នុងជំរំជនភៀសខ្លួនក្នុងប្រទេសថៃ ។ ទៅដល់ស្រុកអាមេរិក ខ្ញុំមានអាយុ២៥ឆ្នាំគត់ ។ ខ្ញុំអាចទៅធ្វើការនៅរោងចក្រឬក៏សហគ្រាសនានា ហើយសន្សំប្រាក់ទិញផ្ទះរកភរិយាបង្កើតគ្រួសាររស់នៅយ៉ាងងាយស្រួលនៅលើទឹកដីថ្មីនេះ ។ ទន្ទឹមគ្នានេះដែរ ខ្ញុំក៏សន្សំបានចំណេះដឹងខ្លះៗកាលរស់នៅក្នុងជំរំជនភៀសខ្លួនឯប្រទេសថៃ ។ ជម្រើសរបស់ខ្ញុំមានពីរ ។ ធ្វើការងារបង្កើតគ្រួសាររស់តាមសម្មាជីវោ ឬក៏ប្រថុយនឹងរឿងរៀនសូត្របន្តម្តងទៀត ។ ការប្រឈមរបស់ខ្ញុំរវាងឆ្នាំ ១៩៨៩ និងឆ្នាំ ១៩៧៩ ថ្វីដ្បិតតែមានស្ថានភាពខុសគ្នា ក៏ប៉ុន្តែផលវិបាកគឺមិនធូស្រាលជាងគ្នាប៉ុន្មានទេ ។ នៅឆ្នាំ ១៩៧៩ បើខ្ញុំទៅរៀន ខ្ញុំនាំទុក្ខឲ្យម្តាយខ្ញុំ ។ ឆ្នាំ ១៩៨៩ បើខ្ញុំទៅរៀន ខ្ញុំត្រូវចំណាយពេលពី ៥ទៅ១០ឆ្នាំ ។ បើខ្ញុំបរាជ័យ ជីវិតនិងអនាគតខ្ញុំបើមិនចប់ក៏ខាតបង់ខ្ទេចខ្ទីដែរ (Ruin) ។ ខ្ញុំសម្រេចទៅបន្តការសិក្សាឡើងវិញ ថ្វីត្បិតតែនៅក្នុងជម្រៅចិត្តខ្ញុំ ខ្ញុំដឹងថាសមត្ថភាពខ្ញុំអាចទទួលបានជោគជ័យត្រឹម ២០ភាគរយប៉ុណ្ណោះ ។ មូលហេតុតែមួយគត់ដែលខ្ញុំសម្រេចចិត្តតស៊ូប្រឈមនឹងហានិភ័យនោះ គឺអ្នករងគ្រោះមានតែខ្ញុំម្នាក់គត់ ។ មិនពាក់ព័ន្ធនឹងអ្នកដទៃឡើយ ។
មិននាំទុក្ខដល់អ្នកដទៃ គឺជាអ្វីដែលបង្កប់នៅក្នុងអត្ថបទដ៏វែងអន្លាយនេះ ។ មុននឹងយើងធ្វើសកម្មភាព មុននឹងយើងងើបតស៊ូឬតតាំងជាមួយនឹងព្រហ្មលិខិត មិនថាជាការស្វែងរកទ្រព្យ (ចំណេះដឹងនិងសម្ភារៈ) ឬក៏ការតវាប្រឆាំងនឹងអំពើអយុត្តិធម៌នានានៅក្នុងសង្គម យើងគប្បីគិតអំពីប្រការ ថាតើការតស៊ូរបស់យើងអាចនាំទុក្ខដល់អ្នកដទៃ ជាពិសេសមនុស្សដែលយើងស្រឡាញ់ដែរទេ ។ ការតស៊ូ ការជូតទឹកភ្នែក និងការក្រោកឈរតតាំងជាមួយនឹងឧបស័គ្គ គឺមាននៅក្នុងអត្តចរិតរបស់មនុស្សគ្រប់ៗរូបរួចទៅហើយ ។ គ្មាននរណាមួយដែលកើតមក មិនមានឆន្ទៈតស៊ូនៅក្នុងជីវិតនោះទេ ។ អ្វីដែលយើងគួរដឹង គឺត្រូវពិចារណាជាប្រចាំ ថាតើការតស៊ូនោះវាសមស្របទៅតាមកាលៈទេសៈ និងអាចទទួលបានជោគជ័យកម្រិតណា ។ ស្ថានភាពនៃជីវិតមនុស្សម្នាក់ៗ មិនដូចគ្នាទេ ។ ដូច្នេះ និយមន័យនៃភាពជោគជ័យក៏មិនដូចគ្នាដែរ ។ ខ្ញុំទទួលបរាជ័យរាប់មិនអស់ទេ នៅក្នុងដំណើរជីវិត ។ ក៏ប៉ុន្តែ បរាជ័យខ្លះ បើគិតឲ្យសព្វជ្រុងជ្រោយទៅ វាក៏ជាជោគជ័យផងដែរ ។ ឧទាហរណ៍ នៅក្នុងវិបត្តិសេដ្ឋកិច្ចកូវិដ១៩រយៈពេលជាងមួយឆ្នាំនេះ ខ្ញុំបាត់បង់ប្រាក់ចំណូលស្ទើរតែទាំងស្រុង ។ ទាំងខ្ញុំ ទាំងកូនៗ រស់នៅដោយសារកម្លាំងញើសឈាមរបស់ភរិយាខ្ញុំ ។ នៅក្នុងកែវភ្នែករបស់អ្នកដទៃ ខ្ញុំជាមនុស្សបរាជ័យដ៏អាមាសជាទីបំផុត ។ ប៉ុន្តែ នៅក្នុងកែវភ្នែកខ្ញុំ ខ្ញុំជាមនុស្សដែលមានជោគជ័យដ៏ត្រចះត្រចង់ ដ្បិតខ្ញុំរកបានភរិយាដែលមានសមត្ថភាពចិញ្ចឹមខ្ញុំរស់បានយ៉ាងស្រួល ។
ជោគជ័យនិងបរាជ័យនៅក្នុងដំណើរជីវិត វាគឺជាផ្ទៃមុខទាំងសងខាងនៃកាក់តែមួយ (Two sides of the same coin) ។ បន្តការតស៊ូ ឬក៏ផ្អាកការតស៊ូនៅក្នុងដំណើរជីវិត វាក៏មានសណ្ឋានដូចគ្នាដែរ ។ ការលះបង់មិនតស៊ូជម្នះឧបសគ្គដែលធំហួសមាឌ ឬក៏ដែលផ្តល់ឱកាសឲ្យយើងឈ្នះតិចតួចពេកនោះ មិនមែនជាបរាជ័យទេ ដរាបណាយើងមិនបោះបង់ការតស៊ូនៅក្នុងចិត្ត ។ វាគ្រាន់តែជាការទទួលស្គាល់ដែនកំណត់នៃសមត្ថភាព និងលទ្ធភាពក្នុងការយកឈ្នះឧបសគ្គនៅចំពោះមុខប៉ុណ្ណោះ ។ នៅក្នុងភាសាអង់គ្លេសមានពាក្យមួយឃ្លាដែលពោលថា៖ Patience is the mother of all virtues (ការអត់ធ្មត់មិនធ្វើសកម្មភាពគឺជាមាតានៃជ័យជម្នះគ្រប់ប្រការ) ៕
Saturday, January 23, 2021
ចំណីខួរក្បាល
ទទួលទាន (Eat)
ពាក្យខ្មែរមួយម៉ាត់ដែលមានអត្ថន័យធំធេងដូចមហាសមុទ្រគឺ ទទួលទាន ។ ប៉ុន្តែ ខ្មែរយើងមិនសូវនិយមប្រើពាក្យនេះឡើយ ។ យើងសុខចិត្តយកពាក្យស្ទើរតែរាប់រយមកប្រើជំនួសឲ្យពាក្យមួយម៉ាត់នេះ ។ ខ្ញុំមិនដឹងថា ពាក្យនេះមានប្រភពឫសគល់ចេញមកពីណាទេ ។ ក៏ប៉ុន្តែ តាមការពិនិត្យរបស់ខ្ញុំ ពាក្យនេះមានអត្ថន័យ អត្ថរស និងអត្ថរូប ល្អវិសេសវិសាលពន់ពេកណាស់ ។ យើងអាចយកវាមកប្រើសម្រាប់មនុស្ស សត្វ និងរុក្ខជាតិ ។ គឺអត់មានទើសទាស់ត្រង់ណាបន្តិចឡើយ ។ ឧទាហរណ៍ ស្តេចទទួលទានក្រយា ។ ព្រះសង្ឃទទួលទានអាហារ ឬចង្ហាន់ ។ មនុស្សទូទៅទទួលទានបាយឬទឹក ។ សម្រាប់សត្វនិងរុក្ខជាតិ យើងអាចប្រើពាក្យទទួលទានបានដូចគ្នា ។ ជ្រូកមាន់ទាគោក្របីនិងត្រី ទទួលទានចំណី ។ រុក្ខជាតិនានាទទួលទានពន្លឺថ្ងៃនិងជី ។ នៅមានករណីជាច្រើនទៀតដែលយើងអាចប្រើពាក្យទទួលទានដូចជា៖ ទទួលទានដំណេក ទទួលទានបញ្ញា ទទួលទានទស្សន ។ល។
បើយើងញែកពាក្យទទួលទាននេះជាពីរ យើងឃើញថាវាជាការផ្គុំគ្នារវាងពាក្យ ទទួល និង ទាន ។ ទានគឺជារបស់ដែលនរណាម្នាក់ ឬក៏រូបធាតុអ្វីមួយបរិច្ចាគដើម្បីទ្រទ្រង់ជីវិតអ្នកដទៃ ឬក៏រូបធាតុដទៃ ។ ឧទាហរណ៍ ស្មៅបរិច្ចាគដើមនិងស្លឹករបស់វាដើម្បីទ្រទ្រង់ជីវិតគោក្របី ។ គោក្របីបរិច្ចាគទឹកដោះរបស់វាឲ្យមនុស្សយកទៅឆ្នៃធ្វើម្ហូបដើម្បីទ្រទ្រង់ជីវិត ។ រុក្ខជាតិនានាដូចជាកំប្លោក ចេក ដូង ដំឡូង ស្រូវ ពោត ក៏បរិច្ចាគផ្កា ផ្លែ គ្រាប់ ដើម និងជីវិតរបស់វាដើម្បីទ្រទ្រង់ជីវិតមនុស្សនិងសត្វផងដែរ ។ បើយើងពិនិត្យឲ្យល្អិតល្អន់បន្តិច យើងឃើញថាពាក្យទទួលទាននេះ បង្កប់នូវអត្ថន័យនៃទំនាក់ទំនងនៅក្នុងធម្មជាតិ ។
ទាន ក្នុងន័យបរិច្ចាគ គឺជាសភាវទ្រទ្រង់ជីវិត ។ ដូច្នេះ អ្នកដែលទទួលទានគឺទទួលបាននូវសភាវទ្រទ្រង់ជីវិត ។ នៅពេលយើងភ្ជាប់សភាវទ្រទ្រង់ជីវិតទៅនឹងសុភាវធម៌ យើងនឹងបង្កើតបានគុណធម៌នៅក្នុងទំនាក់ទំនងនេះ ។ បង្វិលពាក្យគុណធម៌ទៅភ្ជាប់ជាមួយនឹងទានវិញ យើងនឹងបង្កើតបានពាក្យគុណធម៌ទាន ឬទានដែលមានគុណ ។ គុណគឺជាអ្វីដែលខ្ញុំចង់លើកយកមកនិយាយនៅក្នុងអត្ថបទនេះ ។
ពេលមនុស្សនិងសត្វទទួលទាន យើងរមែងមានសោមនស្សនៅក្នុងជម្រៅដួងចិត្តនិងសតិអារម្មណ៍ ។ ចិត្តនិងអារម្មណ៍សោមនស្សនេះគឺគ្មានអ្វីក្រៅអំពីការដឹងគុណឡើយ ។ ក៏ប៉ុន្តែ យើងកម្រស្វែងយល់អំពីគុណូបការរបស់វត្ថុដែលធ្វើឲ្យយើងសោមនស្សនេះណាស់ ។ និយាយឲ្យចំ ទានគុណដែលធ្វើឲ្យចិត្តយើងសោមនស្សជាប្រចាំនោះ គឺពាក់ព័ន្ធនឹងការបរិច្ចាគរបស់វត្ថុធាតុជាច្រើន ។ ការបរិច្ចាគខ្លះគឺតម្រូវឲ្យមានការបូជាជីវិតមួយដើម្បីទ្រទ្រង់ជីវិតមួយទៀត ។ ខ្ញុំសូមលើកយកអាហារមួយពេលមកលាតត្រដាងដើម្បីបង្ហាញអំពីការបរិច្ចាគនេះ ។ បាយមួយចានដែលស្ថិតនៅនឹងមុខយើង គឺមានគ្រាប់ស្រូវជាច្រើនគ្រាប់ដែលយើងយកទៅស្រិតធ្វើជាអង្ករ ។ សូមកុំភ្លេចថា ពីជៈឬគ្រាប់ស្រូវមួយគ្រាប់ៗតំណាងឲ្យជីវិតមួយ ។ ពងទាចៀនមួយដែលយើងយកមកធ្វើម្ហូប ដើម្បីទទួលទានជាមួយនឹងបាយនោះ ក៏តំណាងឲ្យជីវិតមួយដែរ ។ បើមានសម្លរម្ជូរដើមចេកនិងកូនក្តាមរួមផ្សំជាមួយផង ដើមចេកនិងកូនក្តាមក៏បានបរិច្ចាគជីវិតវាដើម្បីទ្រទ្រងជីវិតយើងដែរ ។ ស្វាយទុំដែលយើងយកមកទទួលទានជាបង្អែមលាងមាត់ ក៏ជាការបរិច្ចាគរបស់ដើមស្វាយ ។ នេះគ្រាន់តែជាឧទាហរណ៍តូចមួយអំពីគុណូបការគុណ របស់ធម្មជាតិមកលើជីវិតមនុស្ស ។ បើយើងសម្លឹងមើលឲ្យហួសពីអាហារមួយពេលនេះ យើងនឹងឃើញមានគុណូបការជាច្រើនផ្សេងទៀតដែលជាសភាវទ្រទ្រង់ជីវិតមនុស្ស សត្វ និងរុក្ខជាតិ ។
ទំនាក់ទនងរវាងធម្មជាតិនិងជីវិតមនុស្សហាក់ដូចជាមិនពិបាកយល់ទេ ។ ដីទឹកភ្លើងខ្យល់(អាកាសធាតុ)ជាសភាវទ្រទ្រង់ជីវិតរុក្ខជាតិ ។ រុក្ខជាតិទ្រទ្រង់ជីវិតសត្វ ។ សត្វ រុក្ខជាតិ និងអាកាសធាតុ ទ្រទ្រង់ជីវិតមនុស្ស ។ នៅក្នុងទំនាក់ទំនងនេះ មនុស្សគឺជាភាគីតែមួយគត់ ដែលមានអំណាចបំផ្លាញភាពសុខដុមរមនា(Harmony)នៅក្នុងសហអត្ថិភាពធម្មជាតិ (Nature's Co-Existence) ។ ដូច្នេះ នៅពេលដែលមនុស្សវង្វេងមិនដឹងថាអ្វីជាគុណ និងអ្វីជាទោស ពិភពរបស់យើងនឹងរងគ្រោះជៀសមិនរួចឡើយ ។ សព្វថ្ងៃ យើងកំពុងតែវង្វេងមិនដឹងថា តើអ្វីទៅនៅក្នុងធម្មជាតិជុំវិញខ្លួនយើង មានគុណខ្ពស់បំផុតនោះទេ ។ នៅពេលយើងគិតអំពីគុណូបការគុណ យើងគិតត្រឹមតែម៉ែឪរបស់យើងប៉ុណ្ណោះ ។ មិនសូវមានមនុស្សគិតទៅដល់គុណបំណាច់ធម្មធាតុនានាឡើយ ។ ជាលទ្ធផល យើងបំផ្លាញធម្មធាតុទ្រទ្រង់ជីវិតរបស់យើងឥតត្រាប្រណី ។ ទន្លេស្ទឹងបឹងបួ យើងទប់លុបយកតែពីឈ្នះដៃ ។ ត្រីព្រៃឈើនិងសម្បត្តិធម្មជាតិនានា យើងទាញយកភោគផលមិនចេះស្កប់ ។ សម្បត្តិធម្មជាតិខ្លះ យើងបំផ្លិចបំផ្លាញរហូតទាល់តែវិនាសសាបសូន្យ ។ សំណួរមួយដែលយើងគួរលើកយកមកពិចារណាគឺថា នៅពេលដែលវត្ថុធាតុទ្រទ្រង់ជីវិតយើងវិនាសឬហិនហោចអស់ទៅ តើជីវិតយើងអាចស្ថិតនៅបានដែរទេ? ប្រការនេះ អ្នកដែលបំផ្លាញភាពសុខដុមរមនារបស់មនុស្ស គឺគ្មាននរណាក្រៅអំពីមនុស្សខ្លួនឯងឡើយ ។
ខ្ញុំឧស្សាហរណ៍មើលកម្មវិធីទូរទស្ស NHK របស់ជប៉ុន ។ តាមការសង្កេតរបស់ខ្ញុំ ជនជាតិយីពុនហាក់ដូចជាគោរពបូជាធម្មជាតិខ្ពង់ខ្ពស់ណាស់ ។ សម្បត្តិធម្មជាតិជាច្រើនដែលយីពុនទាញយកមកធ្វើជាចំណីអាហារទ្រទ្រង់ជីវិត រមែងទទួលបាននូវការគោរពបូជាប្រៀបដូចជាអាទិទេព ។ ខ្ញុំមិនដឹងថាពាក្យទទួលទាននៅក្នុងភាសាយីពុន មានអត្ថន័យ អត្ថរស និងអត្ថរូបដូចម្តេចទេ ។ ប៉ុន្តែ តាមការគូសវាសបញ្ជាក់នានានៅក្នុងកម្មវិធីវប្បធម៌របស់យីពុនទាំងនោះ ពិធីកម្ម(Rituals)គោរពបូជាចំពោះធម្មជាតិទាំងអម្បាលម៉ាន គឺសុទ្ធសឹងតែសម្តែងអំពីការដឹងគុណ ឬអំណរគុណ ។
ត្រឡប់ទៅពាក្យទទួលទានវិញ ។ វាហាក់ដូចជាប្រធានបទដែលគ្មានខ្លឹមសារអត្ថន័យអ្វីធំដុំឡើយ ។ ប៉ុន្តែ បើយើងពិនិត្យឲ្យល្អិតល្អន់ ទទួលទានមិនត្រឹមតែមានអត្ថន័យទូលំទូលាយប៉ុណ្ណោះទេ វាថែមទាំងបង្កប់នូវទំនាក់ទំនងទ្រទ្រង់រវាង មនុស្ស សត្វ រុក្ខជាតិ និងធម្មធាតុផងទាំងពួងក្នុងពិភពលោកទៀតផង ៕
Tuesday, January 19, 2021
ចំណីខួរក្បាល
First Amendment (មាត្រាបន្ថែមទី ១ នៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក)
Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.
(រដ្ឋសភាមិនអាចសរសេរច្បាប់ដែលប៉ះពាល់ដល់សិទ្ធិគោរពឬបង្កើតសាសនា សិទ្ធិបញ្ចេញមតិឬផ្សព្វផ្សាយពត៌មាន និង សិទ្ធិប្រមូលផ្តុំគ្នារបស់ពលរដ្ឋដើម្បីទាមទារឲ្យរដ្ឋាភិបាលកែប្រែអ្វីមួយដោយសន្តិវិធី) ។
ថ្ងៃមុន ខ្ញុំបានសរសេរអត្ថបទមួយស្តីអំពីសិទ្ធធ្វើបាតុកម្មនៅក្នុងមាត្រាបន្ថែមទី ១ នៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ។ អត្ថបទនេះ ខ្ញុំសូមលើកយកសិទ្ធិបញ្ចេញមតិនិងផ្សព្វផ្សាយពត៌មានមកបកស្រាយ ដោយហេតុថាមានមនុស្សជាច្រើនបានប្រតិកម្មទៅនឹងការបិទគណនេយ្យរបស់ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ។ មតិមួយចំនួនលើកឡើងថា ការបិទគណនេយ្យរបស់ ដូណាល់ ត្រាំ ដោយក្រុមហ៊ុន ហ្វេសប៊ុក និង ធ្វីទឺ គឺជារឿងអយុត្តិធម៌ ដ្បិតវាជាជំហានឆ្ពោះទៅរកការរឹតត្បិតសិទ្ធិផ្សព្វផ្សាយពត៌មាន ។ មតិខ្លះទៀតចោទក្រុមហ៊ុនទាំងពីរនេះថា មានស្តង់ដារពីរ ។ បើបិទសិទ្ធិលោក ត្រាំ ពីបទនិយាយពាក្យកុហកបោកប្រាស់សាធារណជន ហេតុអ្វីក៏មិនបិទសិទ្ធិជនផ្តាច់ការនានានៅក្នុងពិភពលោកដែលប្រើបណ្តាញសង្គមទាំងនេះ ផ្សព្វផ្សាយពាក្យកុហកបោកប្រាស់និងគម្រាមកំហែងពលរដ្ឋរបស់ខ្លួនផងទៅ ។
មូលដ្ឋានរបស់ក្រុមហ៊ុន ហ្វេសប៊ុក និង ធ្វីទឺ ស្ថិតនៅក្នុងសហរដ្ឋអាមេរិក ។ គ្មាននរណាស្រឡាញ់និងគោរពបូជាមាត្រាបន្ថែមទី ១ (First Amendment) ជាងក្រុមហ៊ុនទាំងពីរនេះទេ ។ I repeat, NOBODY! មាត្រាមន្ថែមទី ១ ជារបាំងគាំពារដ៏ធំបំផុតសម្រាប់ពួកគេរកសុី (រកប្រាក់ចំណូល) ។ លោក ត្រាំ ជាប្រភពផ្តល់ចំណូលដ៏ធំបំផុតសម្រាប់ពួកគេ ។ រឿងក្រមសីលធម៌ជួយទប់ស្កាត់កុំឲ្យមេដឹកនាំប្រទេសនានា រាប់បញ្ចូលទាំងលោក ត្រាំ ផងដែរ ប្រើពាក្យភូតកុហកបោកប្រាស់ដែលយើងហៅថា ពត៌មានមិនពិត (Fake News) នោះ ក្រុមហ៊ុនទាំងពីរនេះមិនសូវជាឈឺក្បាលវិលមុខប៉ុន្មានទេ ។ សម្រាប់ក្រុមហ៊ុនទាំងពីរនេះ ឆ្មាសក៏ដោយ ឆ្មាខ្មៅក៏ដោយ ឲ្យតែវាចាប់កណ្តុរ សុទ្ធតែមានប្រយោជន៍ទាំងអស់ ។ ពត៌មានពិតក៏ដោយ មិនពិតក៏ដោយ ឲ្យតែវានាំមកនូវកំណើនអតិថិជន សុទ្ធតែមានប្រយោជន៍ ។ ដូច្នេះ ការចោទប្រកាន់ក្រុមហ៊ុនទាំងពីរនេះថាប្រើអំណាចបិទសិទ្ធិបញ្ចេញមតិរបស់លោក ត្រាំ នោះ គឺមិនខុសអំពីទៅព្រុសខុសដើមឈើឡើយ (Barking up the wrong tree.) ។
មុននឹងលើកយកមាត្រាបន្ថែមទី ១ (First Amendment) នៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកមកថ្កោលទោសក្រុមហ៊ុនឬក៏អង្គភាពណាមួយ យើងគប្បីយល់ឲ្យបានជាក់លាក់ថា មាត្រាបន្ថែមទី ១ នេះ ហាមប្រាមតែរដ្ឋាភិបាលនិងភ្នាក់ងាររបស់រដ្ឋាភិបាលអាមេរិកប៉ុណ្ណោះ ពាក់ព័ន្ធនឹងសិទ្ធិបញ្ចេញមតិ ។ ហ្វេសប៊ុកនិងធ្វីទឺមិនមែនជាភ្នាក់ងាររបស់រដ្ឋាភិបាលអាមេរិកទេ ។ ក្នុងនាមជាក្រុមហ៊ុនឯកជន ពួកគេចង់លុបឬក៏បិទសិទ្ធិនរណាម្នាក់មិនឲ្យប្រើសេវារបស់ពួកគេ ក៏គ្មានច្បាប់ហាមឃាត់ឡើយ ។ រឿងបិទគណនេយ្យរបស់លោក ត្រាំ អាចពាក់ព័ន្ធនឹងរឿងសំខាន់ពីរប្រការ៖ ទីមួយគឺក្រមសីលធម៌ ។ ទីពីរ ក្រមយុត្តិធម៌ ។ ក្រមសីលធម៌ពាក់ព័ន្ធនឹងដំណឹងមិនពិត (Fake News) និង ពាក្យញុះញង់នាំឲ្យមានអំពើហឹង្សា (Hate Speeches) ។ ប្រការទីមួយនេះ លោកត្រាំ បានជាន់ឈ្លីអស់រយៈពេល៤ឆ្នាំមកហើយ ។ គ្មានក្រុមហ៊ុនបណ្តាញសង្គមណាមួយឈឺក្បាលវិលមុខឡើយ ។ ពួកគេយកមាត្រាបន្ថែមទី ១ មកធ្វើជាខែលដើម្បីសុីឡាក់សារប្រយោជន៍ចេញពីមនុស្សប្រមាណជា ១០០លាននាក់ ដែលតាមដានសកម្មភាពរបស់លោកត្រាំ ។ អ្វីដែលធ្វើឲ្យក្រុមហ៊ុនបណ្តាញសង្គមនានារត់គេចចេញយ៉ាងលឿនពីលោក ត្រាំ នោះ គឺក្រមយុត្តិធម៌ ។ បើពាក្យសម្តីរបស់លោកត្រាំ គ្រាន់តែធ្វើឲ្យមានបាតុកម្មនិងបង្កភាពចលាចលនោះ មិនអីទេ ។ ប៉ុន្តែ នៅពេលដែលពាក្យសម្តីរបស់គាត់ ញ៉ាំងឲ្យមានអំពើហឹង្សារហូតដល់បាត់បង់ជីវិតមនុស្សនិងទ្រព្យសម្បត្តិនោះ វាជារឿងមួយផ្សេងទៀត ។
សកម្មភាពមានបីប្រភេទគឺ៖ កាយ វាចា និង ចិត្ត ។ សកម្មភាពដោយកាយ (Physical Action) មានសភាពងាយស្រួលក្នុងការតភ្ជាប់ទៅនឹងបទឧក្រិដ្ឋនានា ។ ប៉ុន្តែ បទឧក្រិដ្ឋដែលកើតចេញអំពីវាចា (Vocal Action) គឺពិបាកនឹងដាក់បន្ទុកពស្តុតាងបន្តិច ។ ទោះជាយ៉ាងណាក៏ដោយ អ្នកដែលពាក់ព័ន្ធនឹងឧក្រិតកម្មវាចា មិនប្រាកដថាអាចគេចពីសំណាញ់ច្បាប់រួចឡើយ ។ ក្រុមហ៊ុនបណ្តាញសង្គមនានាដែលពាក់ព័ន្ធជាមួយនឹងសកម្មភាពវាចារបស់លោកត្រាំ អាចមានទោសផ្សំគំនិតផ្តល់សម្ភារ (Material Accomplices) ។ លោកត្រាំបានប្រើសេវាបណ្តាញសង្គមមួយចំនួន ដើម្បីប្រកូកប្រកាសហៅអ្នកគាំទ្រឲ្យមកធ្វើបាតុកម្ម រហូតឈានដល់ការប្រព្រឹត្តិអំពើហឹង្សានៅក្នុងមន្ទីររដ្ឋសភាជាតិ ។ មានមនុស្សប្រាំនាក់ស្លាប់និងខូចខាតសម្ភារជាច្រើននៅក្នុងព្រឹត្តិការណ៍នោះ ។ រឿងនេះយើងអាចរំពឹងថា មិនចប់ត្រឹមនេះឡើយ ។ បន្ទាប់ពីលោកត្រាំចាកចេញពីតំណែងទៅ ពាក្យបណ្តឹងរបស់ជនរងគ្រោះប្រាកដជាផុសចេញមកជាបន្តបន្ទាប់ ។ ក្រុមហ៊ុនបណ្តាញសង្គមដែលពាក់ព័ន្ធ បើមិនមានទោសព្រហ្មទណ្ឌ ក៏ជាប់កុនជាមួយនឹងទោសរដ្ឋប្បវេណីយ៍ដែរ (Civic penalty) ។ យើងមិនទាន់ដឹងថា តើរដ្ឋាភិបាលសហរដ្ឋអាមេរិក អាចនឹងចាត់ការផ្លូវច្បាប់ទៅលើក្រុមហ៊ុននានា ដែលផ្តល់ក្បាលមីក្រូហ្វូនឲ្យលោកត្រាំធ្វើសកម្មភាពវាចាដែរឬយ៉ាងណានោះទេ ។ ប្រការនេះ វាអាចអាស្រ័យនៅលើលទ្ធផលនៃការកាត់ទោសលោក ត្រាំ (Impeachment) ។ ប្រសិនបើលោកត្រាំមានទោស ក្រុមហ៊ុនទាំងនោះអាចនឹងរងទុក្ខជាមួយដែរ ។ សម្រាប់គ្រួសារជនរងគ្រោះ រឿងប្តឹងងឲ្យក្រុមហ៊ុនបណ្តាញសង្គមទទួលខុសត្រូវ គឺប្រហែលជាជៀសមិនផុតឡើយ ។
ជាទូទៅ រឿងក្តីក្តាំងអាចមានពីរដំណាក់កាល ។ ទី១ គឺទោសព្រហ្មទណ្ឌ ។ ទី២ ទោសរដ្ឋប្បវេណីយ៍ ឬសំណងជំងឺចិត្តនៃការបាត់បង់ (Monetary compensation) ។ ចុងចោទអាចតតាំងឈ្នះបទព្រហ្មទណ្ឌ ។ ប៉ុន្តែ នៅក្នុងករណីរដ្ឋប្បវេណីយ៍ វាពិបាកនឹងយកឈ្នះណាស់ដ្បិតច្បាប់តម្រូវឲ្យអ្នកដើមចោទបង្ហាញពស្តុតាងត្រឹមតែទំនាក់ទំនងប៉ុណ្ណោះ (Preponderance of evidences) ។ ប្រការនេះហើយដែលធ្វើឲ្យក្រុមហ៊ុន ធ្វីទឹ និង ហ្វេសប៊ុក បិទគណនេយ្យលោកត្រាំយ៉ាងលឿននោះ បន្ទាប់ពីព្រឹត្តិការណ៍នៅមន្ទីររដ្ឋសភាជាតិនៃសហរដ្ឋអាមេរិក ។ សូមកុំច្រឡំឲ្យសោះថា ពួកគេបិទសិទ្ធិលោក ត្រាំ ឬក៏លើកស្ទួយក្រមសីសធម៌នៅក្នុងការផ្សព្វផ្សាយពត៌មាន ៕
Sunday, January 10, 2021
ចំណីខួរក្បាល
វិបត្តិអាមេរិក
ការរុករានទន្ទ្រានមន្ទីររដ្ឋសភាសហរដ្ឋអាមេរិកដោយកុប្បករអនាធិបតេយ្យ(thugs)នាថ្ងៃទី៦មករាកន្លងទៅនេះ បានធ្វើឲ្យមនុស្សជាច្រើននៅសហរដ្ឋអាមេរិកក៏ដូចជានៅជុំវិញពិភពលោក ភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ វាជាព្រឹត្តិការណ៍ដ៏រន្ធត់មួយដែលពលរដ្ឋអាមរិកាំងមួយចំនួនចាំបាច់ត្រូវតែជញ្ជត់ព្រលឹងស្វែងរកចម្លើយ ក៏ដូចជាពន្យល់ពិភពលោកអំពីប្រការដែលថា ហេតុអ្វីបានជាប្រទេសមហាអំណាចលេខ១នៅក្នុងពិភពលោក អន់ខ្សោយរហូតដល់បណ្តោយឲ្យកុប្បករចូលលុកលុយជាន់ឈ្លីស្ថាប័នកំពូលរបស់ខ្លួន ។
ក្នុងនាមជាអតីតនិស្សិតមួយរូប ដែលបានចំណាយពេលសិក្សាប្រព័ន្ធរដ្ឋបាលអាមេរិកាំង អស់រយៈពេលប្រាំឆ្នាំកាលពី៣០ឆ្នាំមុន ខ្ញុំសូមអនុញាតបកស្រាយបំភ្លឺមូលហេតុខ្លះៗ ដែលទាញសហរដ្ឋអាមេរិកឲ្យរងគ្រោះព្រោះតែឧត្តមគតិរបស់ខ្លួន ។ ប៉ុន្តែ មុននឹងបកស្រាយបំភ្លឺអង្គហេតុនៅពីក្រោយកុប្បកម្មគួរឲ្យស្អប់ខ្ពើមនេះ ខ្ញុំសូមលំអោនកាយគោរពវីរភាពរបស់ប៉ូលីសសហព័ន្ធ ដែលបានអត់ធ្មត់ដល់កម្រិតសុខចិត្តទទួលក្តីអមាសឲ្យកុប្បករអន្យតេរ្ថីយ័ទាំងនោះ ជាន់ឈ្លីកិត្តិយសរបស់ខ្លួនក៏ដូចជាកិត្តិយសសហរដ្ឋអាមេរិក ។ សូមកុំភ្លេចថា ពួកគេមានកាំភ្លើងគ្រប់ដៃ រួមទាំងកាំភ្លើងពិឃាតផងដែរ (Assault rifles) ដែលអាចបាញ់សម្លាប់កុប្បករដែលចូលទៅគម្រាមជីវិតសមាជិកសភាឲ្យស្លាប់គរជើងលើគ្នាដោយគ្មានទោសពៃអ្វីឡើយ ។ ប្រការនេះ អ្នកដែលត្រូវដឹងគុណប៉ូលីសទាំងនោះ គឺពួកកុប្បករដែលសម្រុកចូលទៅក្នុងសាលប្រជុំរបស់ព្រឹទ្ធសភានិងតំណាងរាស្ត្រ ។
សហរដ្ឋអាមេរិក ផ្តល់សិទ្ធិឲ្យពលរដ្ឋរបស់ខ្លួន ជាពិសេសសិទ្ធិធ្វើបាតុកម្មទូលំទូលាយណាស់ ។ មាត្រាបន្ថែមទី ១ (First Amendment) បានដាក់កំហិតមិនឲ្យនរណាសរសេរច្បាប់ប៉ះពាល់សិទ្ធិនេះឡើយ ។ មាត្រាបន្ថែមទីមួយនេះមានពាក្យតែ ៤៥ម៉ាត់ទេ ដែលគាំពារគោលការណ៍ធំៗបីគឺ៖ បញ្ចេញមតិ គោរពសាសនានានា និងប្រមូលផ្តុំគ្នាទាមទារស្ថាប័នរដ្ឋាភិបាលកែតម្រូវអ្វីមួយដោយសន្តិវិធី ។ សិទ្ធិធ្វើបាតុកម្មគឺនៅក្នុងការប្រមូលផ្តុំគ្នានេះឯង ។ ក៏ប៉ុន្តែ សូមកត់សម្គាល់ពាក្យ "សន្តិវិធី" ។ លោក ចច មេសុន (George Mason) ដែលជាអ្នកដឹកនាំបង្កើតមាត្រាបន្ថែមនេះ ខ្វល់ខ្វាយយ៉ាងខ្លាំងអំពីមនុស្សអប្រីយ៍យកសិទ្ធិនេះទៅជាន់ឈ្លី ។ ដូច្នេះ គាត់បញ្ចូលពាក្យ "សន្តិវិធី" នៅក្នុងវាក្យខណ្ឌបន្ទាប់ពីហាមរដ្ឋសភាមិនឲ្យបង្កើតច្បាប់ប៉ះពាល់សិទ្ធិ ដែលគេទុកស្មើអាយុជីវិតនេះ ។
កាលសិក្សានៅសាកលវិទ្យាល័យ ខ្ញុំនិងមិត្តរួមថ្នាក់ព្រមទាំងសាស្ត្រាចារ្យជំនាញខាងរដ្ឋធម្មនុញ្ញបានជជែកវែកញែក (Debates) រាប់សិបដងអំពី "សិទ្ធិ" របស់ពលរដ្ឋអាមេរិកាំង ។ សំណួរដ៏លំបានមួយដែលយើងត្រូវលើកយកមកដោះស្រាយគឺដែនកំណត់នៃសិទ្ធិ ។ ជាគោលការណ៍មូលដ្ឋាន ពលរដ្ឋអាមេរិកមានសិទ្ធិប្រព្រឹត្តិអ្វីៗសព្វបែបយ៉ាង ដរាបណាការប្រព្រឹត្តិនោះមិននាំទុក្ខទោសដល់អ្នកដទៃ ។ ឧទាហរណ៍ អ្នកអាចអង្គុយផឹកសុីក្នុងផ្ទះដោយសន្តិវិធីរហូតដល់ស្លាប់ខ្លួនក៏គ្មាននរណាមានសិទ្ធិទៅឃាត់អ្នកដែរ ។ ក៏ប៉ុន្តែ នៅពេលដែលអ្នកស្រវឹងសុរា ហើយបោះដបស្រាមកលើផ្លូវសាធារណដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ សិទ្ធិផឹកសុីរបស់អ្នកនឹងត្រូវហាមឃាត់ ។ សិទ្ធិធ្វើបាតុកម្មក៏ដូចគ្នាដែរ ។ អ្នកអាចដើរធ្វើបាតុកម្មរហូតដល់ហត់ដួលដាច់ខ្យល់ស្លាប់ ក៏អាជ្ញាធរគ្មានអំណាចអ្វីនឹងមកត្រួតត្រាអ្នកដែរ ។ ក៏ប៉ុន្តែ នៅពេលដែលបាតុកម្មរបស់អ្នកនាំទុក្ខទោសឬក៏បង្កហានិភ័យដល់ជីវិតអ្នកដទៃ សកម្មភាពនោះនឹងក្លាយទៅជាសកម្មភាពខុសច្បាប់ ។ សិទ្ធិធ្វើបាតុកម្មត្រូវរលត់ត្រឹម "ហានិភ័យដល់ជីវិតអ្នកដទៃ" នេះឯង ។ បើមានការប៉ុនប៉ង បំផ្លាញទ្រព្យសម្បត្តិ ឬក៏ជីវិតអ្នកដទៃត្រូវបានផ្តាច់ផ្តិលដោយសកម្មភាពនោះ អ្នកប្រព្រឹត្តិនិងស្ម័គ្របក្ខពួកត្រូវក្លាយជាពិរុទ្ធជន ដែលមានទោសទៅតាមស្ថានទម្ងន់របស់វា ។
កុប្បករដែលសម្រុកចូលទៅក្នុងសាលប្រជុំរបស់ព្រឹទ្ធសភានិងតំណាងរាស្ត្រនាថ្ងៃទី ៦មករា នោះ គ្មានទោសដល់ប្រហារជីវិតទេ ។ ក៏ប៉ុន្តែ ប្រសិនបើប៉ូលីសបាញ់ពួកគេស្លាប់នៅទីនោះ វាគឺជាការស្លាប់ដ៏ថោកទាបនិងឥតន័យជាទីបំផុត ។ ស្លាប់ក្នុងនាមជាជនល្មើសច្បាប់ គ្មាននរណាគេកោតឬក៏អាណិតអាសូរឡើយ ។ ខ្ញុំអង្គុយមើលព្រឹត្តិការណ៍ថ្ងៃ ៦មករានោះយ៉ាងយកចិត្តទុកដាក់ ។ នៅពេលឃើញរូបភាពប៉ូលីស៤រូបតម្រង់ចុងកាំភ្លើងដាក់ចំកែវភ្នែកកុប្បករដែលកំពុងវាយបំបែកកញ្ចក់ទ្វារចូលទៅក្នុងសាលប្រជុំ ខ្ញុំស្រៀវឆ្អឹងខ្នង (It sent the chill up my spine) ។ វាជាសំណាងមួយនៅក្នុងចំណោម១០០លានសំណាង ដែលសកម្មភាពនោះ មិនឈានដល់ការបង្ហូរឈាម ។ ប្រការនេះហើយដែលខ្ញុំកោតសរសើបូលីសសហព័ន្ធដែលការពារមន្ទីររដ្ឋសភានាថ្ងៃនោះ ។
ប៉ូលីសសហព័ន្ធដែលការពារមន្ទីររដ្ឋសភាសហរដ្ឋអាមេរិក ជាប៉ូលីសពិសេសស្ថិតនៅក្រោមការគ្រុបគ្រងផ្ទាល់របស់រដ្ឋសភា ។ តួនាទីរបស់ពួកគេគឺការពារសុវត្ថិភាពរបស់សមាជិករដ្ឋសភា និងបាតុករដែលចូលមកធ្វើបាតុកម្មនៅជុំវិញមន្ទីររដ្ឋសភាជារឿយៗ ។ គេហៅបាតុកម្មនេះថា៖ បាតុកម្មមាត្រាបន្ថែមទី១ (First Amendment Protest) ។ ដូចដែលបានរៀបរាប់ខាងលើ រដ្ឋធម្មនុញ្ញតម្រូវឲ្យបាតុកម្មប្រព្រឹត្តិទៅដោយសន្តិវិធី ។ ឯអ្នកដែលមានតួនាទីគ្រុបគ្រងបាតុករ ក៏ត្រូវរក្សាគោលការណ៍សន្តិវិធីនេះដែរ ។ ដូច្នេះហើយបានជាប៉ូលីសដែលការពារមន្ទីររដ្ឋសភានាថ្ងៃនោះ សុខចិត្តរងរបួសខ្លួនឯងដើម្បីរក្សាការពារអាយុជីវិតកុប្បករអនាធិបតេយ្យ ។ ជាគោលការណ៍ច្បាប់របស់សហរដ្ឋអាមេរិក នៅពេលជីវិតរបស់ខ្លួនត្រូវបានគម្រាមកំហែង អ្នករងគ្រោះអាចរកមធ្យោបាយបង្រាបឬសម្លាប់ជនបង្កដោយគ្មានទោសពៃ ។ ឧទាហរណ៍ បើមានជនចម្លែកសម្រុកចូលមកក្នុងផ្ទះយើងដោយគ្មានការអនុញាត យើងអាចបាញ់ឬវាយសម្លាប់ជននោះ ។ ប្រការនេះមានប្រភពចេញមកពីមាត្រាបន្ថែមទី២ (Second Amendment) ដែលអនុញាតិឲ្យពលរដ្ឋគ្រប់រូបមានសិទ្ធិរក្សាអាវុធដើម្បីការពារខ្លួន ។ ស្ថិតិចុងក្រោយបន្ទាប់ពីព្រឹត្តិការណ៍ប្រកបដោយគ្រោះថ្នាក់បំផុតនោះគឺ មានមនុស្សបួននាក់ស្លាប់៖ ម្នាក់ស្លាប់ដោយសារគាំងបេះដូង ប៉ូលីសម្នាក់ស្លាប់ដោយសារកុប្បករវាយ កុប្បករម្នាក់ស្លាប់ដោយសារប៉ូលីសបាញ់ និងកុប្បករម្នាក់ទៀតស្លាប់ដោយមិនទាន់ដឹងមូលហេតុ ។ ប៉ូលីសប្រមាណជាង៥០នាក់រងរបួស ។ វាគឺជាការបាត់បង់ដ៏ទាបបំផុតសម្រាប់ព្រឹត្តិការណ៍ដ៏គ្រោះថ្នាក់គួរឲ្យខ្លាចនោះ ។
មានសំណួរមួយដែលមនុស្សជាច្រើនកំពុងពិចារណា ថាតើលោក ត្រាំ អាចមានទោសដែរទេនៅពេលដែលបាតុករដែលគាត់ហៅមកប្រមូលផ្តុំនៅក្រោយផ្ទះគាត់ (សេតវិមាន) ហើយញុះញង់ឲ្យទៅកកូរកកាយបំផ្លាញមន្ទីររដ្ឋសភា ក៏ដូចជាគម្រាមកំហែងជីវិតសមាជិកសភា ។ ចម្លើយរបស់ខ្ញុំផ្អែកលើការយល់ដឹងអំពីរដ្ឋធម្មនុញ្ញគឺ គ្មានទេ ។ ស្រុកអាមេរិកគ្មានច្បាប់ហាមការញុះញុងឡើយ ។ មានតែការពារដែលស្ថិតនៅក្នុងក្របខ័ណ្ឌបញ្ចេញមតិ ។ យើងអាចបែងចែកការប្រព្រឹត្តិ ឬកម្មគ្រប់បែបយ៉ាងជាបីតំណាក់កាលគឺ៖ កាយ វាចា និង ចិត្ត (Physical, Vocal, and Mental actions) ។ លោកត្រាំគាត់ធ្វើសកម្មភាពតែពីរដំណាក់កាលទេ ។ ទី ១ គាត់គិត ។ ទី ២ គាត់ហៅបាតុករឲ្យមកជួបជុំគ្នានៅក្រោយផ្ទះគាត់រួចពន្យុះពួកគេឲ្យទៅរុកគួនរដ្ឋសភា ។ "តស់ពួកយើង! ទៅមន្ទីររដ្ឋសភា ។ យើងនឹងដើរទៅជាមួយគ្នា" ជាសម្តីរបស់លោកត្រាំ ។ ក៏ប៉ុន្តែ លោកត្រាំមិនបានទៅជាមួយពួកបាតុករទេ ។ ដូច្នេះ សកម្មភាពរបស់គាត់គឺចប់ត្រឹមពាក្យសម្តី ដែលស្ថិតនៅក្រោមការគាំពាររបស់រដ្ឋធម្មនុញ្ញ ។ ទោះជាយ៉ាណាក៏ដោយ អ្នកជំនាញខាងច្បាប់អាចរកហេតុផលនានា ដើម្បីតភ្ជាប់សកម្មភាពដោយចិត្តនិងវាចារបស់លោកត្រាំទៅនឹងសកម្មភាពដោយកាយ (Physial action) របស់ពួកបាតុករ ។
មុននឹងបញ្ចប់ ខ្ញុំសូមនិយាយអំពីផលវិបាកនៃការគាំទ្របុគ្គលនយោបាយបន្តិច ។ សហរដ្ឋអាមេរិកលើកទឹកចិត្តពលរដ្ឋឲ្យគោរពបូជាខ្លួនឯងលើសអំពីបុគ្គលដទៃ ។ នៅក្នុងកម្មវិធីទូរទស្សសាធារណសម្រាប់កុមារប្រចាំថ្ងៃ គេតែងលើកយកពាក្យមួយឃ្លាមកផ្សាយ៖ "You can be anything you want to be" (អ្នកមានសក្តានុពលចង់ធ្វើអ្វីក៏បានដែរ) ។ ពាក្យនេះមានអត្ថន័យស្រដៀងគ្នានឹងពាក្យមួយឃ្លាដែលលោកប្រធានាធិបតីទី១៦ អាប្រាហាម លីងខុន បាននិយាយថា៖ "Life could rise from logs cabin to the White House" (ជីវិតអាចធ្វើដំណើរពីភាពតោកយ៉ាកទៅដល់សេតវិមាន) ។ ទោះបីមានការអប់រំប្រភេទនេះរាប់សិបឆ្នាំមកហើយក៏ដោយ ក៏មនុស្សជាច្រើននៅតែចាត់ទុកបុគ្គលដទៃថាគាប់ប្រសើរជាងខ្លួន ។ កុប្បករដែលចូលទៅបំផ្លាញមន្ទីររដ្ឋសភាគឺជាតឹកតាង ។ អំណាចនៃភក្តីភាពចំពោះលោក ត្រាំ បានធ្វើឲ្យពួកគេភ្លេចគិតដល់ឥស្សរភាពរបស់ខ្លួន ។ សូម្បីតែពាក្យ ៤៥ម៉ាត់ ដែលផ្តល់សិទ្ធិឲ្យពួកគេបញ្ចេញកំហឹងដោយសន្តិវិធីនោះ ក៏ពួកគេយកទៅជាន់ឈ្លីដែរ ។ បើមិនឲ្យតម្លៃខ្លួនឯងក៏ហីទៅចុះ ។ ក៏ប៉ុន្តែ រវាងលោក ត្រាំ និង រដ្ឋធម្មនុញ្ញ តើមួយណាសំខាន់ជាង?? ខ្ញុំសូមឆ្លើយជំនួសចុះ ។ មន្ត្រីរដ្ឋការសហរដ្ឋអាមេរិកគ្រប់ជាន់ថ្នាក់ ចាប់ពីប្រធានាធិបតីរហូតដល់កូនប៉ូលីសយាមទ្វារអគារ គេតម្រូវឲ្យលើកដៃស្បថសច្ចាការពាររដ្ឋធម្មនុញ្ញតែមួយមុខគត់ ។ អត់មានតួអង្គមនុស្សនៅក្នុងការសច្ចានោះទេ ។ អ្វីដែលពលរដ្ឋអាមេរិកចងចាំរត់មាត់នៅក្នុងកាតព្វកិច្ចរបស់ខ្លួនគឺ៖ ទីមួយ បូជាជីវិតដើម្បីការពាររដ្ឋធម្មនុញ្ញ ។ ទីពីរ ការពារទង់ជាតិ ។ និងទីបី ការពារសហរដ្ឋអាមេរិក ៕
Long live the rule of laws!
Monday, January 4, 2021
ចំណីខួរក្បាល
ឡប់សតិ (Absurd)
ថ្មីៗនេះ អ្នកគ្រូ ប៉ែន សេដ្ឋារិន បានលើកយកទស្សនវិជ្ជា វិបល្លាសទិដ្ឋិ (Absurdism) មកបំភ្លឺសិស្សគណរបស់គាត់ ។ វាជាឱកាសដ៏ល្អមួយសម្រាប់ការភ្ជាប់ទស្សននេះទៅនឹងតថភាពដែលកំពុងតែស្តែងចេញមកនៅក្នុងរឿងល្ខោន Absurd ឬ (Political Farce) របស់ក្រុមល្ខោនដ៏ល្បីល្បាញមួយក្រុមនៅសហរដ្ឋអាមេរិក ។ ក្រុមល្ខោននេះដឹកនាំដោយមហាគុរុព្រះនាម ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីនៃសហរដ្ឋអាមេរិកផង និងជាមហាសេដ្ឋីផង ។
សម្រាប់អ្នកដែលតាមដានព្រឹត្តិការណ៍នយោបាយនៅសហរដ្ឋអាមេរិក ថ្ងៃទី៦ ខែមករា នេះ គឺជាថ្ងៃចុងក្រោយនៃការសម្តែងល្ខោននយោបាយរឿង Absurd ។ រឿងកុនក្តី ល្ខោនក្តី ឆាកចុងក្រោយ ឬ ឆាកបញ្ចប់តែងតែល្អមើលខ្លាំងត្បិតអ្នកនិពន្ធនិងអ្នកដឹកនាំរឿង រមែងបង្ហាញអាថ៌កំបាំងទាំងអស់នៅចុងបញ្ចប់នៃសាច់រឿង ។ សម្រាប់ខ្ញុំ ខ្ញុំដឹងអំពីអាថ៌កំបាំងនៃឆាកចុងក្រោយរបស់ល្ខោននេះរួចទៅហើយ ត្បិតអីខ្ញុំជាចៃល្ខោនប្រភេទនេះ ។
Absurd ជាពាក្យអង់គ្លេសដែលមានន័យដ៏សាមញ្ញថា៖ ធ្វើកិច្ចការឆ្កួតៗ ។ មនុស្សជាដែលមានសតិល្អត្រឹមត្រូវ ទៅធ្វើកិច្ចការឆ្កួតៗគឺយ៉ាប់ជាងមនុស្សឆ្កួតទៅទៀត ។ មិនមាននិយមន័យសម្រាប់សម្គាល់មនុស្សប្រភេទនេះទេ ។ ប៉ុន្តែ ឆាកល្ខោនចុងក្រោយដែលគេនឹងសម្តែងនៅក្នុងមន្ទីររដ្ឋសភានៃសហរដ្ឋអាមេរិក នៅវេលាម៉ោង១រសៀលនាថ្ងៃទី៦ ខែមករានេះ វានឹងបង្ហាញអំពីមនុស្សជាទៅធ្វើកិច្ចការឆ្កួតៗ ។
ថ្ងៃទី៦មករាគឺជាថ្ងៃដែលសមាជិករដ្ឋសភាសហរដ្ឋអាមេរិកទាំង៥៣៥រូប និងប្រតិភូ៣រូប បើកកិច្ចប្រជុំរួមមួយ (Joint Session) ដើម្បីបើកស្រោមសំបុត្រសន្លឹកឆ្នោតតំណាង (Electoral Votes) ជ្រើសរើសប្រធានាធិបតី ។ លទ្ធផលបឋមនិងចុងក្រោយនៃការបោះឆ្នោតត្រូវបានដឹងឮរួចហើយគឺលោក ចូ បៃដិន ទទួលបាន៣០៦សម្លេង និងលោក ដូណាល់ ត្រាំ ទទួលបាន ២៣២សម្លេង ។ ប៉ុន្តែ លោកត្រាំ ឡាំប៉ាមិនទទួលស្គាល់លទ្ធផលនេះទេ ។ ដូច្នេះ គាត់ក៏ចាប់ផ្តើមបង្ករឿងរហូតមកដល់ថ្ងៃនេះ ។ ឆ្លើយតបទៅនឹងការឡាំប៉ារបស់លោក ត្រាំ ស្ម័គ្របក្សពួកចំនួនមួយតំបរស្វា ដែលមានសមាសភាព១២រូបមកពីស្ថាប័នព្រឹទ្ធសភាបានប្រកាសថា ខ្លួននឹងឡើងសម្តែងល្ខោនរឿង Absurd ដើម្បីបង្ហាញទេពកោសល្យឲ្យទស្សនិកជនមើល មិនឲ្យទាស់ចិត្តឡើយ ។
នៅក្នុងពិធីបើកស្រោមសំបុត្រសន្លឹកឆ្នោតនាថ្ងៃ៦មករានេះ រដ្ឋធម្មនុញ្ញបានដាក់កំហិតជាក់លាក់ណាស់ ។ អ្វីដែលអង្គបោះឆ្នោត(Electoral college)បានសរសេរនៅលើសន្លឹកឆ្នោត គឺត្រូវតែទទួលស្គាល់ជាផ្លូវការ ។ អ្នកដែលកែឬបំភ្លៃពាក្យពេចន៍របស់អង្គបោះឆ្នោតគឺក្បត់ឆន្ទពលរដ្ឋ ។ ក្បត់ឆន្ទពលរដ្ឋគឺស្មើនឹងក្បត់រដ្ឋធម្មនុញ្ញ ។ ក្បត់រដ្ឋធម្មនុញ្ញគឺក្បត់ជាតិ ។ រដ្ឋធម្មនុញ្ញអនុញាតិឲ្យសមាជិកតំណាងរាស្ត្រឬព្រឹទ្ធសភា ជំទាស់លទ្ធផលរបស់អង្គបោះឆ្នោតនៃមណ្ឌលណាមួយ ដោយតម្រូវឲ្យមានសម្លេងជំទាស់យ៉ាងហោចណាស់មួយរូបចេញពីស្ថាប័នតំណាងរាស្ត្រ និងមួយរូបទៀតចេញពីស្ថាប័នព្រឹទ្ធសភា ។ នៅពេលមានករណីនេះកើតឡើង សមាជិកអង្គប្រជុំចាំបាច់ត្រូវបំបែកជួរគ្នាទៅប្រជុំនៅក្នុងស្ថាប័នរបស់ខ្លួនរយៈពេលពីរម៉ោង ដើម្បីបោះឆ្នោតថាតើគួរទទួលស្គាល់ការជំទាស់ ឬក៏ទាត់ចោល ។ ការជំទាស់អាចទទួលយកបានឬក៏ជោគជ័យ តែនៅក្នុងករណីអង្គសភាទាំងពីរបោះឆ្នោតគាំទ្រ ។ សមាជិកភាគច្រើននៅក្នុងព្រឹទ្ធសាភាគឺជាអ្នកគាំទ្រលោក ត្រាំ ។ ឯសមាជិកភាគច្រើននៅក្នុងរដ្ឋសភា ឬស្ថាប័នតំណាងរាស្ត្រគឺជាអ្នកគាំទ្រលោក បៃដិន ។ ដូច្នេះ លទ្ធផលនៃការជំទាស់នានាគឺយើងដឹងជាមុនរួចទៅហើយថា វាជាការបរាជ័យជៀសមិនរួច ។ សមាជិកព្រឹទ្ធសភា ដែលគ្រោងដាក់ពាក្យជំទាស់នឹងលទ្ធផលរបស់អង្គបោះឆ្នោតចេញពីមណ្ឌលដែលខ្លួនគ្រោងជំទាស់នោះ ពួកគេក៏ដឹងដោយឥតមន្ទិលអំពីប្រការនេះដែរ ។ ក៏ប៉ុន្តែ នេះគឺជាល្ខោនរឿង Absurd ។ តួសម្តែងចាំបាច់ត្រូវតែ ABSURD ។
សមាជិករដ្ឋសភាច្រើនលើសលុបមកពីគ្រប់គណបក្សមិនឡប់ទេ ។ ពួកគេដឹងច្បាស់ថាអ្វីដែលត្រឹមត្រូវនិងអ្វីដែលមិនត្រឹមត្រូវ ឬអ្វីដែលគួរធ្វើ ។ លោក ចន ហ៊្សូន (John Thune) ដែលជាអ្នកគ្រុបគ្រងសមាជិកព្រឹទ្ធសភា(Majority Whip) មកពីគណបក្សសាធារណរដ្ឋដែលសហការីគ្រោងជំទាស់លទ្ធផលបោះឆ្នោតនោះ បានមានប្រសាសន៍ថា៖ ដំណើរជំទាស់នឹងលទ្ធផលឆ្នោតរបស់អង្គបោះឆ្នោត គឺមិនខុសអំពីឆ្កែត្រូវគ្រាប់ឡើយ "[It] would be like a shot dog" ។ ខ្ញុំមិនដែលឃើញឆ្កែត្រូវគ្រាប់ទេ ។ ធ្លាប់តែឃើញឆ្កែត្រូវព្រនង់ ។ ក៏ប៉ុន្តែ រូបារម្មណ៍នៅក្នុងពាក្យពេចន៍អត្ថាប្បដិរូប (Figurative language) ដែលបង្កប់ទៅដោយខ្លឹមសារជ្រៅជាងសមុទ្រនេះ ល្មមនឹងអាចឲ្យខ្ញុំយល់បាន ។ ធម្មតាសត្វឆ្កែ វាតែងតែមានម្ចាស់និងធ្វើកិច្ចការតម្រូវចិត្តម្ចាស់វាជានិច្ចជាកាល ។ ពេលខ្លះ ម្ចាស់វាឃ្នើសចិត្តក៏វាយវានឹងព្រនង់ឬទាញកាំភ្លើងមកបាញ់ ។ ឆ្កែដែលត្រូវព្រនង់ឬត្រូវគ្រាប់ ត្រូវតែរត់គេចចេញឲ្យឆ្ងាយពីផ្ទះរង់ចាំទាល់តែម្ចាស់ឈប់ខឹងទើបអាចចូលមកក្នុងផ្ទះវិញ ។ នៅក្នុងករណីដែលម្ចាស់អស់ភក្តីភាពជាមួយនឹងវា ឆ្កែនោះនឹងក្លាយជាឆ្កែដែលគេបំបរបង់ចោល ឬឆ្កែអនាថា ។ ជីវិតឆ្កែអនាថា គ្មានឡើយសេចក្តីសុខ ។ វានឹងត្រូវគេព្យាបាទឥតស្រាកស្រាន្ត ។ សូម្បីតែឆ្កែគ្នាឯងក៏មិនលើកលែងឲ្យដែរ ។ នៅក្នុងក្របខណ្ឌនយោបាយនៃសហរដ្ឋអាមេរិក ឆ្កែនៅទីនេះតំណាងឲ្យសមាជិករដ្ឋសភានិងមន្ត្រីរដ្ឋការដែលពលរដ្ឋបោះឆ្នោតជ្រើសរើសឲ្យមកកាន់តួនាទីរបស់ខ្លួន ។ ម្ចាស់ឆ្កែតំណាងឲ្យពលរដ្ឋ ។ សន្លឹកឆ្នោតគឺជាព្រនង់ឬគ្រាប់កាំភ្លើង ។ ឯផ្ទះគឺគ្មានអ្វីក្រៅអំពីមន្ទីររដ្ឋសភាឬសេតវិមាននោះទេ ។ អរគុណលោក ហ៊្សូន សម្រាប់ពាក្យមួយឃ្លាដ៏ខ្លីប្រកបដោយអត្ថន័យខ្លឹមសារមហាសាលនេះ ។ ឆ្កែត្រូវគ្រាប់!
នៅពេលនិយាយអំពីល្ខោនរឿង Absurd និងសោកនាដកម្មរបស់ឆ្កែត្រូវគ្រាប់ ខ្ញុំនឹកទៅដល់តួអង្គសុីស្សុីហ្វុស(Sisyphus)នៅក្នុងអក្សរសីល្ប៍ក្រិច ។ សុីស្សុីហ្វុសត្រូវបានព្រះអាទិទេពដាក់ទណ្ឌកម្មឲ្យលីឬរុញថ្មមួយដុំដ៏ធំឡើងទៅលើកំពូលភ្នំ ។ គាត់គ្មានលទ្ធភាពនឹងលីដុំថ្មឡើងទៅឲ្យដល់កំពូលភ្នំឡើយ ។ ដូច្នេះ សុីស្សុីហ្វុសត្រូវតែដាក់ដុំថ្មចុះនៅពាក់កណ្តាលផ្លូវដែលជាហេតុនាំឲ្យដុំថ្មនោះរមៀលចុះមកជើងភ្នំវិញ ។ ដោយហេតុតែគាត់ត្រូវបានព្រះអាទិទេពដាក់ទណ្ឌកម្មឲ្យលីដុំថ្មឡើងទៅដាក់នៅលើកំពូលភ្នំ សុីស្សុីហ្វុសគ្មានជម្រើសអ្វីក្រៅអំពីធ្វើកិច្ចការដែលបរាជ័យដដែលៗនោះរហូតដល់អវសានជីវិតឡើយ ។ ក៏ប៉ុន្តែ សុីស្សុីហ្វុសដែលធ្វើកិច្ចការបរាជ័យមិនព្រមឈប់ដោយសារទណ្ឌកម្មរបស់អាទិទេព យ៉ាងហោចណាស់ក៏នៅគ្រាន់បើជាងតួល្ខោននៅក្នុងរឿង Absurd ដែរ ។ សមាជិកសភាដែលគ្រោងជំទាស់នឹងលទ្ធផលសន្លឹកឆ្នោតរបស់អង្គបោះឆ្នោត(Electoral college votes)នេះ អត់មានព្រះអាទិទេពណាដាក់ទោសពួកគេទេ ។ លោកត្រាំក៏អត់បានគម្រាមដាក់ទោសពួកគេដោយត្រង់ៗដែរ ។ ពួកគេសម្រេចចិត្តដាក់ទោសខ្លួនឯងឲ្យក្លាយទៅជាឆ្កែត្រូវគ្រាប់ ។ វាគ្មានអ្វី Absurd ជាងនេះឡើយ!
មុននឹងបញ្ចប់អត្ថបទរឿង Absurd នេះ ខ្ញុំសូមនិយាយអំពីតួនាទីរបស់លោកអនុប្រធានាធិបតី ម៉ៃ ផេនស៍ (Mike Pence) បន្តិច ។ លោក ផេនស៍ ជាមនុស្សតែម្នាក់គត់នៅក្នុងប្រព័ន្ធរដ្ឋបាលនៃសហរដ្ឋអាមេរិកដែលរដ្ឋធម្មនុញ្ញអនុញាតិឲ្យមានតួនាទីនៅក្នុងនីតិប្រតិបត្តិផង និងនីតិបញ្ញតិផង ។ តួនាទីរបស់លោក ផេនស៍ នៅក្នុងស្ថាប័ននីតិបញ្ញតិគឺជាប្រធានអធិបតីព្រឹទ្ធសភា (Ceremonial Leader) ។ រដ្ឋធម្មនុញ្ញដាក់កំហិតឲ្យគាត់ធ្វើកិច្ចការតែពីរមុខគត់នៅទីនោះ ។ ទីមួយគឺបោះឆ្នោតបំបែកភាពទាល់ច្រក នៅពេលដែលព្រឹទ្ធសភាដែលមានសមាជិក១០០នាក់ បោះឆ្នោតមិនចាញ់មិនឈ្នះ(Tie)នៅក្នុងការសម្រេចកិច្ចការអ្វីមួយ ។ ទីពីរគឺធ្វើជាអធិបតីនៅក្នុងការរាប់សន្លឹកឆ្នោតតំណាង (Electoral Votes) ដើម្បីតែងតាំងប្រធានាធិបតីរៀងរាល់អាណតិ ។ នៅក្នុងនីតិវិធីនៃការរាប់សន្លឹកឆ្នោតនេះ សមាជិកសភាតំណាងឲ្យគណបក្សឈ្នះឆ្នោត និងគណបក្សដែលចាញ់ឆ្នោត ត្រូវបានគេតែងតាំងឲ្យធ្វើជាអ្នកត្រួតពិនិត្យនិងរាប់សន្លឹកឆ្នោត (Tellers) ។ ពួកគេ(Tellers) គឺជាអ្នកបើកស្រោមសំបុត្រសន្លឹកឆ្នោតតំណាងរបស់មណ្ឌលនីមួយៗ ហើយកត់ត្រានិងអានសេចក្តីប្រកាសនៅលើសន្លឹកឆ្នោតស្របតាមអ្វីដែលគេបានសរសេរនៅលើនោះ ។ បើគេសរសេរថាសន្លឹកឆ្នោតប្រគល់ជូនលោក ចូ បៃដិន អ្នកអានមិនអាចថ្លែងថា ប្រគល់ឲ្យលោក ដូណាល់ ត្រាំ បានទេ ។ វាមានទោសកុហកបោកប្រាស់(Purgery) ទោះបីអភ័យឯកសិទ្ធិជាសមាជិកសភាក៏មិនអាចជួយគាត់បានដែរ ។ ឯតួនាទីរបស់លោក ផេនស៍ គឺសួរអង្គប្រជុំថាតើមានអ្នកជំទាស់ដែរឬទេ បន្ទាប់ពីលទ្ធផលឆ្នោតតំណាងរបស់មណ្ឌលនីមួយៗត្រូវបានប្រកាស ។ នៅចុងបញ្ចប់ លោក ផេនស៍ អានចំនួនសន្លឹកឆ្នោតដែលបេក្ខជនប្រធានាធិបតីនីមួយៗទទួលបាន ហើយប្រកាសទទួលស្គាល់អ្នកដែលត្រូវឡើងកាន់តំណែងជាប្រធានាធិបតី ។
ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះតំណាងរាស្ត្រម្នាក់ឈ្មោះលោក ហ្គូមឺត (Gohmert) បានដាក់ពាក្យប្តឹងទៅតុលាការសុំឲ្យលោក ផេនស៍ ទាត់ចោលអ្វីដែលមានចារនៅក្នុងរដ្ឋធម្មនុញ្ញ ហើយយកតួនាទីគាត់ដែលជាអធិបតីនៃកិច្ចប្រជុំរាប់សន្លឹកឆ្នោតតំណាង ប្រកាសប្រគល់សន្លឹកឆ្នោតនៅក្នុងមណ្ឌលមួយចំនួនដែលលោកត្រាំចាញ់ឲ្យទៅលោកត្រាំ ។ សំណូមពររបស់លោក ហ្គូមឺត នោះ គឺស្មើនឹងឲ្យលោក ផេនស៍ តែងតាំងខ្លួនឯងជាស្តេចផែនដី (Tyrant) ។ សូមកុំភ្លេចថា នៅឆ្នាំ ១៧៧៦ ពលរដ្ឋអាមេរិកាំងបានធ្វើបដិវត្តបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីរំដោះខ្លួនចេញអំពីកណ្តាប់ដៃនៃស្តេចផែនដី (Tyrant) ។ បន្ទាប់ពីព្រឹត្តិការណ៍តស៊ូស្វែងរកសេរីភាពដ៏ស្វិតស្វាញនោះ លោក ថូម៉ាស ហ្ចេហ្វឺសុន បានសរសេរបណ្តាំមួយទុកឲ្យពលរដ្ឋអាមេរិកាំងជំនាន់ក្រោយថា៖ ដើមសេរីភាពគឺចាំបាច់ត្រូវតែយកឈាមជនផ្តាច់ការនិងអ្នកស្នេហាជាតិមកស្រោចស្រពជារឿយៗ "The tree of liberty must be refreshed from time to time with the blood of patriots and tyrants." ។ លោក ផេនស៍ អាចជាមនុស្សជំនាន់ក្រោយនៃក្រុមអ្នកបដិវត្តសម័យឆ្នាំ ១៧៧៦ ។ ដូនតាគាត់ក៏ប្រហែលជាបាននិយាយប្រាប់គាត់ អំពីនិទាននៃរឿងដើមឈើសេរីភាពនេះដែរ ។ ក្នុងនាមជាអ្នកនយោបាយរបស់សហរដ្ឋអាមេរិកមួយរូប ខ្ញុំជឿជាក់ថាលោក ផេនស៍ ដឹងនិងចងចាំរឿងនិទាននេះច្បាស់ជាងថ្ងៃខែឆ្នាំកំណើតរបស់គាត់ទៅទៀត ។ សំណួរតែមួយគត់ដែលយើងត្រូវរង់ចាំចម្លើយគឺថា តើលោក ផេនស៍ នឹងចូលរួមសម្តែងល្ខោនរឿង Absurd ដែរឬទេ ។ Enjoy the spectacle!
Friday, January 1, 2021
ចំណីខួរក្បាល
មនុស្សឱកាសនិយម
ខ្ញុំជាមនុស្សឱកាសនិយម ។ Yes, I am an opportunistic person! ទុក្ខកង្វល់របស់អ្នកដទៃ វាជាសេចក្តីសុខនិងសារប្រយោជន៍សម្រាប់ខ្ញុំ ។ ខ្ញុំមិនដឹងថា ខ្ញុំក្លាយជាមនុស្សឱកាសនិយមពីពេលណាមកទេ ។ ប៉ុន្តែ បើតាមការសន្និដ្ឋានរបស់ខ្ញុំ វាអាចចាប់ផ្តើមនាថ្ងៃមួយដែលខ្ញុំទើបនឹងមកដល់សហរដ្ឋអាមេរិក ។ ខ្ញុំចូលមករស់នៅក្នុងរដ្ឋមីនីសូតានៃសហរដ្ឋអាមេរិកនាខែមករា ។ គ្រានោះធាតុអាកាសត្រជាក់ខ្លាំងណាស់ ។ សម្លៀកបំពាក់សម្រាប់រដូវរងារដែលខ្ញុំទិញពីស្រុកសៀមមក មិនអាចប្រើប្រាស់កើតឡើយ ។ ដូច្នេះ បងប្រុសខ្ញុំបាននាំខ្ញុំទៅរកទិញសម្លៀកបំពាក់មួយចំនួនទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ។ ទៅដល់ហាងលក់សម្លៀកបំពាក់ដ៏ធំមួយ គាត់នាំខ្ញុំទៅរកទិញអាវរងារដែលមានកម្រាស់ក្រាស់ជាងបាវក្រចៅហើយពាក់ទៅធ្ងន់ដូចស្ពាយទៃអង្ករ ។ នៅកន្លែងមួយនោះ គេដាក់ស្លាក On Sale បិទនៅចុងស្នួរព្យួរខោអាវ ។ បងខ្ញុំប្រាប់ថា ទីនេះគេដាក់លក់ឥវ៉ាន់ចុះតម្លៃ ។ ដូច្នេះ ខ្ញុំគួរចូលទៅរកមើលសម្លៀកបំពាក់នៅកន្លែងហ្នឹង ដើម្បីស្វែករកសម្លៀកបំពាក់ដែលមានតម្លៃថោក ។
ខ្ញុំចាប់ផ្តើមកត់ចំណាំពាក្យ On Sale ជាមួយនឹងឥវ៉ាន់លក់បញ្ចុះតម្លៃចាប់ពីពេលនោះមក ។ ប៉ុន្តែមិនសូវខ្វល់ខ្វាយនឹងឱកាសទិញរបស់របរលក់ក្រោមតម្លៃនេះប៉ុន្មានទេត្បិតមិនទាន់យល់អំពីសារសំខាន់របស់វា ។ លុះបីឆ្នាំក្រោយមក ខ្ញុំបានចូលទៅធ្វើការក្រោយម៉ោងរៀននៅក្នុងហាងលក់សម្លៀកបំពាក់មួយ ។ ដោយហេតុខ្ញុំមិនដែលនិងមិនចេះបញ្ជាម៉ាសុីនគិតលុយ តួនាទីដំបូងរបស់ខ្ញុំគឺជាអ្នកយាមបន្ទប់លសម្លៀកបំពាក់និងយកសម្លៀកបំពាក់ដែលអតិថិជនមិនត្រូវការទៅរៀបដាក់តាំងលក់នៅកន្លែងដើមវិញ ។ ខ្ញុំហ្វឹកហាត់ការងារប្រហែលមួយឆ្នាំក្រោយមកក៏ត្រូវបានគេតម្លើងតួនាទីឲ្យចាត់ចែងការងារបុគ្គលិកវិញម្តង (Supervisor) ។ គឺនៅគ្រានោះហើយដែលខ្ញុំចាប់ផ្តើមយល់លម្អិតអំពីសារប្រយោជន៍នៃគោលការណ៍ឱកាសនិយម (Opportunism) ។ ក្នុងប្រតិបត្តិការលក់សម្លៀកបំពាក់នៅអាមេរិកគឺផ្អែកតាមរដូវកាល គិម្ហន្តរដូវ វស្សន្តរដូវ សរទរដូវ និង ហេមន្តរដូវ (Summer, Falls, Winter, and Spring) ។ នៅចុងរដូវនីមួយៗ គេត្រូវយកឥវ៉ាន់សម្រាប់រដូវថ្មីមកដាក់លក់ ។ ដូច្នេះ ឥវ៉ាន់ដែលសល់ពីរដូវចាស់នោះតែងតែត្រូវបានបញ្ចុះតម្លៃ ដើម្បីយកកន្លែងដាក់លក់ឥវ៉ាន់ដែលទើបនឹងមកដល់ថ្មីៗ ។ របៀបបញ្ចុះតម្លៃគឺមានបីដំណាក់កាលដែលភាសាអង់គ្លេសហៅថា៖ First Markdown, Second Markdown, and Final Markdown ។ ដំណាក់កាលទីមួយគេចុះតម្លៃ ២០ភាគរយ ។ ដំណាក់ទីពីរ ២០ភាគរយទៀត ។ ដំណាក់កាលចុងក្រោយក៏ ២០ភាគរយផងដែរ ។ សរុបទាំងអស់ ៦០ភាគរយនៃតម្លៃសរុប ។ សម្លៀកបំពាក់ដែលលក់មិនអស់បន្ទាប់ពីចុះតម្លៃអស់៦០ភាគរយ យើងកត់តម្លៃចុងក្រោយទុកកាត់កងជាមួយពន្ធប្រចាំឆ្នាំ ។ រួចហើយប្រមូលដាក់ក្នុងឡាំងធំៗដើម្បីបញ្ជូនឲ្យអង្គការឬស្ថាបន័មនុស្សធម៌នានាលក់ថោកៗ ឬក៏ដឹងទៅឲ្យពលរដ្ឋអត្តខាត់នៅតាមជំរំជនភៀសខ្លួនឬប្រទេសក្រីក្រ ។ បន្ទាប់ពីយល់អំពីដំណើរការលក់សម្លៀកបំពាក់នេះ ខ្ញុំកម្រទិញសម្លៀកបំពាក់ដែលលក់មិនចុះតម្លៃណាស់ ។ ខ្ញុំដឹងថាពេលណាដែលត្រូវទៅរកសម្លៀកបំពាក់សម្រាប់ប្រើប្រាស់ ។ ជាលទ្ធផល ខ្ញុំអាចសន្សំប្រាក់ពី ២០ទៅ៦០ភាគរយ ក្នុងការចំណាយលើសម្លៀកបំពាក់ ។ សម្រាប់អ្នករស់នៅអាមេរិកដែលចង់ដឹងថាពេលណាជាឱកាសអតិប្បមាក្នុងការទិញសម្លៀកបំពាក់បានថោកបំផុតនោះ ទៅរកទិញនៅអាទិត្យទីពីរនៃខែមករា ។ រយៈពេលមួយខែបន្ទាប់ពីអាទិត្យទីពីរនៃខែមករានោះ គឺជាពេលវេលាដែលសម្លៀកបំពាក់ចុះថោកបំផុតហើយ ។
ក្រៅអំពីសម្លៀកបំពាក់ ចំណីអាហារនិងរបស់របរប្រើប្រាស់ក្នុងផ្ទះប្រចាំថ្ងៃក៏យើងអាចប្រើឱកាសនិយមសន្សំប្រាក់បានដូចគ្នា ។ ជាទូទៅ ហាងលក់គ្រឿងឧបភោគបរិភោគនៅសហរដ្ឋអាមេរិក ជាប្រភេទលក់ដូរយកកម្រៃ (Consignments) ។ មានន័យថាក្រុមហ៊ុនឬអ្នកផលិតយកឥវ៉ាន់មកដាក់ឲ្យគេលក់ជំនួសខ្លួន ហើយបែងចែកប្រាក់ចំណេញទៅឲ្យអ្នកលក់ ។ ប្រតិបត្តិការគឺស្រដៀងគ្នានឹងការលក់សម្លៀកបំពាក់ដែរ ។ បញ្ហាគឺទីកន្លែង(Spaces)សម្រាប់ដាក់លក់ផលិតផល ។ នៅពេលដែលឥវ៉ាន់ចាស់លក់មិនទាន់អស់ ឥវ៉ាន់ថ្មីដឹកមកដល់ គេចាំបាច់ត្រូវតែបញ្ចុះតម្លៃដើម្បីរកទីកន្លែងផ្ទុកឥវ៉ាន់មកដល់ថ្មី ។ ក្នុងនាមជាអតិថិជន យើងអាចបែងចែករបស់របរដែលយើងត្រូវការប្រចាំគ្រួសារជារបស់ដែលគ្មានកាលកំណត់ដូចជាអំបិល ស្ករ សាប៊ូ ច្រាសដុសធ្មេញជាដើម ។ល។ មួយឡែកនិងរបស់ដែលមានកាលកំណត់មួយឡែក ។ របស់ដែលគ្មានកាលកំណត់យើងអាចទិញស្តុកទុកប្រើប្រាស់សម្រាប់រយៈពេល៦ខែទៅ១ឆ្នាំ នៅពេលដែលរបស់ទាំងនោះត្រូវបានគេលក់ចុះតម្លៃ ។ ឯរបស់ដែលមានកាលកំណត់យើងទិញយកមកស្តុកទុកប្រើរយៈពេលពី៣ខែទៅ៦ខែ ។ យើងបន្តទិញស្តុកទុកប្រើជាប្រចាំនៅពេលឱកាសហុចឲ្យ ។ ជាទូទៅ របស់ចង្អៀតឃ្លាំងគេដាក់លក់ចុះតម្លៃពី ១៥ទៅ៤០ ភាគរយ ។
ក្រៅអំពីយុទ្ធសាស្ត្រឱកាសនិយមទិញរបស់ប្រើប្រាស់នេះ ការចូលជាសមាជិកនៃហាងលក់ចំណីអាហារណាមួយដែលមានលក់របស់យើងត្រូវការជាប្រចាំច្រើននោះ ក៏ផ្តល់សារប្រយោជន៍ឲ្យយើងច្រើនដែរ ។ ជាទូទៅសមាជិករបស់ហាងអាចមានឱកាសទិញរបស់ចុះតម្លៃពី ២០ទៅ៥០ភាគរយជាប្រចាំ ។ ការប្រើយុទ្ធសាស្ត្រឱកាសនិយមនេះ ឃើញថាសម្រួលដល់ការរស់នៅរបស់ខ្ញុំច្រើនណាស់រយៈពេលជាង២០ឆ្នាំកន្លងទៅនេះ ។ តម្រូវការនៃថវិកាសម្រាប់រស់នៅក៏មានភាពធូស្រាលបន្តិចដែរ ។ បើមនុស្សទូទៅត្រូវការប្រាក់២មុឺនដុល្លារដើម្បីទ្រទ្រង់ជីវិតរយៈពេលមួយឆ្នាំ ខ្ញុំអាចរស់បានដោយប្រើថវិការត្រឹម ១មុឺន៥ពាន់ប៉ុណ្ណោះ ៕
Saturday, December 26, 2020
ចំណីខួរក្បាល
ជោគជ័យនៅក្នុងបរាជ័យ
កាលពីពេលមួយនោះ ខ្ញុំធ្លាប់បាន "វេចអង្ករ" ដើររកប្រពន្ធនៅស្រុកខ្មែរ ។ ជាបទពិសោធន៍មួយគួរឲ្យរីករាយ ។ ខ្ញុំមិនដែលរំភើបចិត្តម្តងណាជាងពេលនោះឡើយ ។ វាគឺជាឱកាសដែលខ្ញុំសម្រេចយកជីវិតទៅផ្សងព្រេងលេងជាមួយនឹងព្រហ្មលិខិត ។
បន្ទាប់ពីបានផ្តាច់កម្មវេរា លាចំណងចងចិត្ត ផ្តិតដោយទុក្ខ ក្នុងជង្រុកអាពាហ៍ពិពាហ៍ជាមួយភរិយាទីមួយរបស់ខ្ញុំ ខ្ញុំសម្រេចចិត្តទៅលម្ហែកាយស្រាយភាពសោកសៅនៅប្រទេសកម្ពុជារយៈពេលបីសប្តាហ៍ ។ ខ្ញុំទៅស្នាក់នៅស្ងាត់ៗជាមួយនឹងក្មួយម្នាក់ដែលមានផ្ទះនៅជាប់ផ្សារពោធិចិនតុង ដើម្បីទទួលទានត្រីក្រម៉មជៀនជាមួយនិងក្តិបត្រសក់ត្រាំឬជ្រក់មមាញលាយសណ្តែកបណ្តុះឲ្យឆ្អែតឆ្អន់ ត្បិតវាជាម្ហូបដែលខ្ញុំចូលចិត្តបំផុតនៅលើលោកនេះ ។ នៅទីនោះ ខ្ញុំបានណាត់ជួបប្អូនជីដូនមួយខ្ញុំម្នាក់ដែលធ្វើការងារជាសវនក(Auditor)ឲ្យស្ថាប័ន Better Factory Cambodia (BFC) ។ BFC ជាកម្មវិធីមួយរបស់សហគមអន្តរជាតិដែលពាក់ព័ន្ធនឹងវិស័យកាត់ដេរនៅកម្ពុជា ។ ទាំងក្មួយខ្ញុំ ទាំងប្អូនជីដូនមួយខ្ញុំ ដែលមានអាយុប្រហាក់ប្រហែលគ្នាសុទ្ធតែទុកខ្ញុំជា "អាយដល" របស់ពួកគេ ។ ខ្ញុំស្គាល់ពូកគេតាំងតែពីពួកគេមិនទាន់ចេះស្លៀកខោម្លេះ ។ បន្ទាប់ពីដឹងថា ខ្ញុំមានភាពសោកសៅក្នុងចិត្ត (Stress) ប្អូនជីដូនមួយខ្ញុំក៏បបួលខ្ញុំទៅធ្វើកិច្ចការត្រួតពិនិត្យរោងចក្រកាត់ដេរជាមួយនឹងគាត់ ត្បិតគាត់ត្រូវការបុគ្គលិកជំនួយម្នាក់ដើម្បីជួយពិនិត្យឯកសារ ។ វាជាឱកាសមាសសម្រាប់ខ្ញុំ ត្បិតខ្ញុំចង់ដឹងអំពីស្ថានភាពនិងរបៀបរបបប្រកបការងាររបស់កម្មកររោងចក្រកាត់ដេរនៅកម្ពុជាយូរហើយ ។
ការត្រួតពិនិត្យរោងចក្រវាយនភណ្ឌនៅកម្ពុជា បានផ្តល់ឱកាសឲ្យខ្ញុំធ្វើដំណើរទៅកាន់ទីតាំងជាច្រើន ។ ចាប់ផ្តើមពីទីក្រុងភ្នំពេញរហូតទៅដល់ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងស្វាយរៀង ។ រោងចក្រកាត់ដេរទីមួយដែលខ្ញុំបានចូលរួមត្រួតពិនិត្យគឺនៅក្នុងខ័ណ្ឌឫស្សីកែវ ។ នៅទីនោះ ខ្ញុំបានជួបជជែកលេងជាមួយនឹងយុវតីបុគ្គលិកអភិបាលមួយរូបដែលមានដើមកំណើតនៅខេត្តកំពត ។ គួរបញ្ជាក់ថា ខ្ញុំធ្លាប់បានហ្វឹកហ្វឺនសិក្សាសារពត៌មាននៅសហរដ្ឋអាមេរិក ។ ដូច្នេះ ការសួរនាំអំពីដំណើរជីវិតមនុស្ស វាជាប្រធានបទដែលខ្ញុំតែងលើកយកមកនិយាយជាប្រចាំ ។ យុវតីនោះមានអាយុប្រមាណជា២៥ឆ្នាំ ។ នាងមានចរិតរួសរាយនិងរហ័សរហួនស័ក្តិសមជាអ្នកចាត់ចែកការងាររដ្ឋបាល ។ នាងប្រាប់ខ្ញុំថា នាងឈប់រៀននៅថ្នាក់ទី៩ ហើយមករកការងារធ្វើក្នុងរោងចក្រកាត់ដេរ ដើម្បីស្វែងរកថវិកាជួយប្អូនៗបន្តការសិក្សានៅមហាវិទ្យាល័យ ។ នាងថា ឥឡូវនេះពួកគេរៀនបានខ្ពស់និងរកការងារបានធ្វើប្រសើរជាងនាង ។ កាលចាប់ផ្តើមធ្វើការនៅទីនេះដំបូង តួនាទីរបស់នាងគឺជាអ្នកដាំទឹកឆុងតែនិងកាហ្វេទទួលភ្ញៀវ ។ ថ្ងៃយើងទៅត្រួតពិនិត្យរោងចក្រនោះ នាងនៅតែឆ្លៀតទៅលើកយកកាហ្វេមកផ្គត់ផ្គង់យើងផងដែរ ។ ខ្ញុំប្រាប់នាងថា កាលពីក្មេងខ្ញុំធ្លាប់ប្រកបរបរឡើងដាក់ទឹកត្នោត ។ ឮដូច្នោះនាងប្រាប់ខ្ញុំថា កាលពីក្មេងនាងក៏ធ្លាប់ឡើងត្នោតដែរ តែតោងបង្អោងឡើងត្រឹមពាក់កណ្តាលដើមដើម្បីលេងសើចជាមួយមិត្តភក្តិប៉ុណ្ណោះ ។
បន្ទាប់ពីត្រួតពិនិត្យរោងចក្រនៅឫស្សីកែវអស់រយៈពេលពីរថ្ងៃ យើងបានធ្វើដំណើរទៅត្រួតពិនិត្យរោងចក្រកាត់ដេរមួយទៀតនៅខេត្តកំពង់ឆ្នាំង ។ រោងចក្រនោះមានទំហំធំគួរសមស្ថិតនៅក្នុងភូមិ ត្រពាំងចឹកជ្រុយ ។ នៅទីនោះ យើងបានជួបនឹងមេការជនជាតិចិនម្នាក់ដែលទើបនឹងមកពីទីក្រុងហុងកុង ។ គាត់មានអាយុប្រហាក់ប្រហែលខ្ញុំ ហើយបើមើលតាមសម្តីសម្តៅ បុរសនោះទំនងជាម្ចាស់រោងចក្រឬក៏យ៉ាងហោចណាស់ជាអ្នកមានភាគហ៊ុនធំដែរ ។ គាត់ប្រាប់យើងថា គាត់មានបេសកកម្មមករៀបចំកិច្ចការប្រតិបត្តិរោងចក្រមួយចំនួននៅក្នុងស្រុកខ្មែរ ។ គាត់និយាយភាសាអង់គ្លេសហូរដូចទឹកទំនងជាមនុស្សដែលធ្លាប់បានទៅសិក្សានៅចក្រភពអង់គ្លេសឬសហរដ្ឋអាមេរិក ។
យើងត្រឡប់ពីកំពង់ឆ្នាំងមកភ្នំពេញវិញនៅល្ងាចថ្ងៃដដែល ។ ធ្វើដំណើរតាមផ្លូវ ខ្ញុំចេះតែនឹកភ្នកទៅដល់យុវតីដែលខ្ញុំបានជួបនៅរោងចក្រក្នុងខណ្ឌឫស្សីកែវ ។ ដើម្បីប្អូនៗនិងគ្រួសារ នាងខិតខំតស៊ូយ៉ាងស្វិតស្វាញ ។ វាគឺជាវីរភាពគួរឲ្យកោតសសើរ ។ គំនិតមួយបានផុសឡើងនៅក្នុងខួរក្បាលខ្ញុំ ។ ស្ថិតនៅក្នុងស្ថានភាពលាក់ការមួយ ខ្ញុំប្រាប់ប្អូនជីដូនមួយខ្ញុំថា ខ្ញុំចង់ស្វែងរកគូស្រករក្នុងចំណោមនារីធ្វើការងាររដ្ឋបាលនៅក្នុងរោងចក្រ ។ និយាយឲ្យចំ ខ្ញុំចង់ជួបទាក់ទងជាមួយនឹងយុវតីដែលយើងបានជួបនៅក្នុងរោងចក្រនៅខណ្ឌឫស្សីកែវ ។ ប្អូនជីដូនមួយខ្ញុំភ្ញាក់ដូចត្រូវគេជះទឹកដាក់កណ្តាលមុខ ។ គាត់សួរខ្ញុំបញ្ជាក់ឲ្យបានច្បាស់លាស់និងឲ្យខ្ញុំពន្យល់ថាតើហេតុអ្វីបានជាខ្ញុំចង់បានគូស្រករដែលជានារីធ្វើការនៅក្នុងរោងចក្រ ។ សម្រាប់មនុស្សដែលជាអតីតនិស្សិតនៅស្រុកអាមេរិកដូចខ្ញុំ ខ្ញុំប្រាកដជាអាចរកបានគូស្រករដែលគ្រាន់បើជាងនារីធ្វើការនៅក្នុងរោងចក្រវាយនភណ្ឌ ។ ខ្ជិលរៀបរាប់ប្រាប់ប្អូនជីដូនមួយខ្ញុំវែងឆ្ងាយ ខ្ញុំនិយាយប្រាប់នាយត្រួសៗថា៖ សហរដ្ឋអាមេរិកមិនមែនជាឋានសួគ៌ដូចមនុស្សជាច្រើនគិតនោះទេ ។ អ្នកដែលទៅរស់នៅទីនោះ ជានិស្សិតក្តី ជាអន្តោប្រវេសន៍ជនក្តី ត្រូវស្គាល់ពាក្យពីរម៉ាត់ច្បាស់លាស់គឺ៖ តស៊ូ និង អត់ធ្មត់ ។ ប្រការពីរនេះបុគ្គលិករដ្ឋបាលនៅក្នុងរោងចក្រទាំងនេះគួរតែមានគុណវុឌ្ឍន៍គ្រប់គ្រាន់ ។
ប្អូនជីដូនមួយខ្ញុំមិនជំទាស់នឹងបំណងខ្ញុំទេ ។ ប៉ុន្តែ នៅក្នុងជម្រៅចិត្តគាត់ ខ្ញុំអាចមើលដឹងថាគាត់មិនចង់ឲ្យខ្ញុំស្វែងរកគូស្រករក្នុងចំណោមនារីធ្វើការនៅក្នុងរោងចក្រឡើយ ។ គាត់ប្រាប់ខ្ញុំថា គាត់ស្គាល់នារីជាច្រើនដែលធ្វើកិច្ចការរដ្ឋបាលនៅក្នុងរោងចក្រ ។ ដូច្នេះ នៅពេលយើងដើរធ្វើសវនកក្នុងរោងចក្រ បើខ្ញុំចាប់អារម្មណ៍នឹងនារីណាម្នាក់ គាត់នឹងរៀបចំណាត់ជួបហូបអាហារពេលល្ងាចឬចុងសប្តាហ៍ជាមួយនឹងនាង ។ ក៏ប៉ុន្តែ គាត់ត្រូវតែពេញចិត្តនឹងនាងដែរមុននឹងឈានទៅដល់ការហូបអាហារចែចូវនោះ ។ ហ៊ឹម! សម័យមុនមនុស្សចាស់ចាត់ចែងរឿងគូស្រករឲ្យក្មេង ។ ឥឡូវនេះ ដល់វេនក្មេងចាត់ចែងរឿងគូស្រករឲ្យមនុស្សចាស់វិញម្តងហើយ ។
ប្អូនជីដូនមួយខ្ញុំវាយទូរសព្ទទៅកាន់រោងចក្រនៅខណ្ឌឫស្សីកែវដើម្បីសុំនិងណាត់ជួបហូបបាយជាមួយយុវតីដែលខ្ញុំចាប់ចិត្តនៅចុងសប្តាហ៍ ។ យើងរើសយកភោជនីយដ្ឋាន កាល់ម៉ែត្រ ដើម្បីជួបជុំគ្នាត្បិតទីនោះមានត្រីប្រម៉ាជៀនផ្ទាប់បន្លែក្លាសេទឹកកកដែលមានឱជារសគួរឲ្យចាប់ចិត្ត ។ មុនថ្ងៃជំនួបមកដល់ ពួកយើងត្រូវទៅធ្វើសវនកនៅរោងចក្រមួយទៀតក្នុងខណ្ឌចាក់អង្រែ ។ ឆ្មាំយាមទ្វាររោងចក្រដែលជាជនជាតិខ្មែរនៅទីនោះ មិនហ៊ានអនុញាតិឲ្យពួកយើងចូលក្នុងបរិវេណរោងចក្រទេ ។ ពួកគេត្រូវសួរយោបល់ពីមេការដែលជាជនជាតិចិនសិន ។ មេការចិននោះ មិនសូវចេះភាសាអង់គ្លេសទេ ។ គាត់សួររកប័ណ្ណសំគាល់ខ្លួន ។ ខ្ញុំដែលជាបុគ្គលិកសេះហោះនោះ មានត្រឹមតែក្រដាស់កូពីប៉ាស្ព័រតែប៉ុណ្ណោះ ។ មេការចិនក៏សួរទៅថ្នាក់លើគាត់បន្តទៅទៀត ។ ថ្នាក់លើនោះគ្មាននរណាក្រៅពីជើងខ្លាំងមកពីហុងកុងដែលយើងបានជួបនៅកំពង់ឆ្នាំងនោះឡើយ ។ ខ្ញុំលើកដៃគារវចំពោះគាត់ក្នុងន័យជាមនុស្សដែលបានជួបស្គាល់គ្នាប៉ុន្មានថ្ងៃមុន ។ គាត់ធ្វើមិនស្គាល់ខ្ញុំ ។ បន្ទាប់ពីមើលកូពីប៉ាស្ព័ររបស់ខ្ញុំ គាត់ទាមទាររកឯកសារបញ្ជាក់ថែមទៀត ព្រមទាំងសុំលេខទូរសព្ទរបស់ស្ថាប័នពួកយើងដើម្បីវាយទូរសព្ទទៅសួរដោយផ្ទាល់ ។ ប្អូនជីដូនមួយខ្ញុំនិងគាត់ប្រកែកគ្នាតឹងសសៃក ។ ដោយខឹងនឹងភាពក្រអឺតក្រទមរបស់ជើងខ្លាំងហុងកុងនោះពេក ខ្ញុំក៏និយាយកាត់ដោយសម្តីម៉ឺងម៉ាត់ជាភាសាអង់គ្លេសថា៖ If they don't want us to access the premise, let's go home. Who give a damn! (បើពួកគេមិនចង់ឲ្យយើងបំពេញបេសកកម្មទេ តស់!ទៅផ្ទះវិញ ។ មុខពួកវាមិនមែនជីតាយើងទេ!) ។ ឮសម្តីខ្ញុំនោះ ស្ត្រីចិនពីរនាក់ទៀតដែលអមដំណើរជើងខ្លាំងមកពីហុងកុង ទាញដៃគាត់ទៅម្ខាងហើយពិគ្រោះគ្នាជាភាសាចិន ។ មិនដឹងជាពួកគេនិយាយអ្វីខ្លះទេ ។ នារីចិនដែលជាអ្នកគ្រុបគ្រងរោងចក្រនៅក្នុងស្រុកខ្មែរដោយផ្ទាល់នោះ អាចសង្ស័យថាខ្ញុំដែលកាន់ប៉ាស្ព័រអាមេរិក អាចជាមនុស្សដែលស្ថាប័ន BFC បញ្ជូនមកត្រួតពិនិត្យស្ថានភាពនៅតាមរោងចក្រដោយផ្ទាល់ ដូចជាអន្ទិតដែលមកពីហុងកុងនោះដែរ ។ ពួកគេបញ្ជាឲ្យឆ្មាំបើកទ្វាររបងជាបន្ទាន់ ។ ឯមេការចិនទទួលបន្ទុកប៉ុស្តិ៍ត្រួតពិនិត្យនោះសំពះឱនសុំទោសយើងស្ទើរតែទង្គិចក្បាលនឹងកញ្ចក់ឡាន ។ ទៅដល់ខាងក្នុង គេរៀបចំបន្ទប់ប្រជុំដោយមានភេសជ្ជក្តៅត្រជាក់និងនំចំណីមួយចំនួនទុកទទួលយើងរួចជាស្រេច ។ នារីចិនទាំងពីររូបណែនាំយើងឲ្យជួបនឹងបុគ្គលិកខ្មែរពីបីរូបទៀតដែលជាអ្នកទទួលបន្ទុកនាំយើងដើរត្រួតពិនិត្យរោងចក្រក៏ដូចជាស្វែងរកឯកសារនានាដែលយើងត្រូវការ ។
បន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹកបន្តិចបន្តួច យើងចាប់ផ្តើដើរត្រួតពិនិត្យរោងចក្រដោយឥតបង្អង់ ។ ម្តងនេះគឺថា ប៉ះដៃយកដៃ ប៉ះជើងយកជើងហើយ ។ ថ្វីត្បិតតែយើងមិនអាចសម្រេចឲ្យបិទរោងចក្រដែលមិនគោរពតាមគោលការណ៍របស់ BFC ក៏ពិតមែន តែរបាយការណ៍របស់យើងមានឥទ្ធិពល ។ ពួកយើងកាន់ Digital Camera មួយម្នាក់ដើរថតកំហុសភស្តុតាងគ្រប់ច្រកល្ហក ។ យើងវែករមូរដុំកំណាត់ស្វែងរកថតអាចម៍កណ្តុរនៅតាមកៀនជញ្ជាំង ។ សូម្បីតែបង្គន់ក៏យើងមិនលើកលែងឲ្យដែរ ។ បន្ទាប់ពីប្រមូលបានពត៌មានគ្រប់គ្រាន់ យើងនាំគ្នាមកអង្គុយក្នុងបន្ទប់ប្រជុំដើម្បីសរសេររបាយការណ៍ជាភាសាអង់គ្លេស ។ ពេលនោះកំហឹងរបស់យើងហាក់ដូចជារសាយវិញហើយ ។ យើងមិនប្រើពាក្យធ្ងន់ៗពេកទេ ។ ថ្វីត្បិតតែប្អូនជីដូនមួយខ្ញុំគាត់ចេះភាសាអង់គ្លេសស្ទាត់ជំនាញក៏ពិតមែន គាត់តែងសួរខ្ញុំឲ្យជួយរកពាក្យសមរម្យ (better words) ដើម្បីឲ្យរបាយការណ៍មានសុក្រិតភាព ។ ចំណុចកំហុសធ្ងន់ធ្ងរមួយដែលរោងចក្រនោះធ្វេសប្រហែសគឺការអនុញាតឲ្យយានយន្តចតនៅជុំវិញ កុងទឺណឺ ផ្ទុកផលិតផល ។ រោងចក្រនោះផលិតសំលៀកបំពាក់ដឹកទៅសហរដ្ឋអាមេរិក ហើយគេហាមដាច់ខាតមិនឲ្យមានយានយន្តចតនៅក្បែរ កុងទឺណឺ ឡើយ ។ ខ្ញុំអានបទបញ្ញតិដោយយកចិត្តទុកដាក់ ។ ក្នុងនោះគេដាក់ថា Vehicles ។ ខ្ញុំនឹកទៅដល់ស្ថាប័ន Motor Vehicle (DMV)នៅសហរដ្ឋអាមេរិក ។ ហេតុអ្វីបានជាគេប្រើពាក្យ Motor ផង Vehicle ផង ។ វាសំដៅលើយានយន្តពីរប្រភេទផ្សេងគ្នា ។ នៅជុំវិញកុងទឺណឺ គ្មានឡានចតក្បែរទេ មានតែម៉ូតូ ។ ដូច្នេះ យើងអាចអនុគ្រោះឲ្យជើងខ្លាំងមកពីហុងកុងបាន ។ មិនគួរចងកម្មចងពៀរនឹងគាត់ឡើយ ។ ខ្ញុំប្រាប់ប្អូនជីដូនមួយខ្ញុំថា នៅពេលយើងចង់បញ្ជាក់អត្ថន័យជាក់លាក់នៃពាក្យណាមួយ យើងអាចចុចលើពាក្យ Tools => Thessorus នៅក្នុងកម្មវិធី Microsoft Word ដើម្បីស្វែងរកន័យប្រៀបធៀបក៏ដូចជានិយមន័យ ។
ចុងសប្តាហ៍នោះ យើងបានទៅជួបហូបអាហារជាមួយនឹងកញ្ញាធ្វើការនៅរោងចក្រក្នុងខណ្ឌឫស្សីកែវតាមកាលកំណត់ ។ មិនទាន់បានប្រាប់មុខម្ហូបដល់អ្នកបម្រើភ្ញៀវផង មិត្តខ្ញុំម្នាក់ដែលជាមន្ត្រីរាជការបានទូរសព្ទមកជួបខ្ញុំ បន្ទាប់ពីគាត់បានទទួលដំណឹងថាខ្ញុំកំពុងស្វែងរកគូស្រករក្នុងចំណោមកម្មកររោងចក្រ ។ ខ្ញុំចំណាយពេលនិយាយជាមួយគាត់ប្រហែល១០នាទី ដោយស្តាប់ពាក្យទូន្មានដដែលៗថា៖ ប្រយ័ត្ន! ប្រយ័ត្នឲ្យមែនទែន ត្បិតកម្មកររោងចក្រខ្លះ ពេលថ្ងៃធ្វើការនៅកន្លែងកាត់ដេរ ។ តែពេលយប់ ជាស្រីការ៉ាអូខេ ។ ខ្ញុំអរគុណមិត្តខ្ញុំដែលមានចិត្តឈឺឆ្អាល ។ ប៉ុន្តែ បេសកកម្មរកគូស្រកររបស់ខ្ញុំ មិនអាចឈប់ពាក់កណ្តាលទីបានឡើយ ។ នៅថ្ងៃបន្ទាប់នៃជំនួបជាមួយកញ្ញាធ្វើការក្នុងរោងចក្រនៅខណ្ឌឫស្សីកែវនោះ ប្អូនជីដូនមួយខ្ញុំបានទូរសព្ទទៅប្រាប់នាងអំពីបំណងរបស់យើង ។ នាងប្រាប់ថា នាងមានគូកំណាន់(Boy friend)ហើយ ហើយសង្ឃឹមថា ខ្ញុំអាចជួបនឹងអ្នកដែលនៅទំនេរក្នុងពេលឆាប់ៗ ។
នៅក្នុងដំណើរផ្សងព្រេងរកគូស្រករនោះ ខ្ញុំបានជួបនឹងនារីបីនាក់ផ្សេងទៀត ។ ក្នុងចំណោមអ្នកទាំងបីនោះ មានកញ្ញាម្នាក់ដែលផ្តល់ក្តីសង្ឃឹមឲ្យខ្ញុំច្រើនជាងគេ ត្បិតនាងមានញាតិម្នាក់ដែលស្គាល់និងរស់នៅក្បែរខ្ញុំនៅសហរដ្ឋអាមេរិក ។ ពេលជួបខ្ញុំដំបូង នាងសង្កេតមើលខ្ញុំពីក្បាលដល់ចុងជើង ដោយក្រសែភ្នែកមិនប្រក្រតី ។ នៅក្នុងបន្ទប់ប្រជុំដាច់ដោយឡែកពីបុគ្គលិកដទៃ នាងនិយាយប្រាប់ខ្ញុំដោយប្រាកដក្នុងចិត្តថា ខ្ញុំមិនមែនជាមនុស្សរស់នៅក្នុងស្រុកខ្មែរទេ ។ ខ្ញុំសួរនាងថា ហេតុអ្វីក៏មើលដឹង ។ នាងឆ្លើយថា នាងមានជីតាមារស់នៅសហរដ្ឋអាមេរិក ហើយសង្កេតឃើញថារបៀបរៀបឫកនិងនិយាយស្តីរបស់ខ្ញុំនិងជីតាមានាងនោះ មានសភាពដូចគ្នា ។ ខ្ញុំសួរឈ្មោះនិងទីក្រុងដែលជីតាមានាងរស់នៅ ។ ជីតាមារបស់នាង គឺជាមនុស្សដែលស្គាល់ខ្ញុំនិងធ្លាប់ជជែកលេងជាមួយខ្ញុំញឹកញាប់ ។ ពិតជារកអុសជួបនឹងឈើងាប់មែន! បន្ទាប់ពីត្រឡប់មកពីហូបអាហារថ្ងៃត្រង់ដែលមានតែសម្លរម្ជូរព្រលិតនិងកូនត្រីផ្ទក់នៅតាមផ្លូវម្តុំមជ្ឈមណ្តលព្រៃស្ពឺវិញ ខ្ញុំរកឱកាសនិយាយជាមួយនឹងកញ្ញានោះដោយត្រង់ៗតែម្តង ។ ខ្ញុំប្រាប់នាងថា ខ្ញុំស្គាល់ជីតាមារបស់នាង ហើយមានបំណងចងមេត្រីជាមួយនឹងនាង ។ ខ្ញុំកត់ឈ្មោះនិងលេខទូរសព្ទរបស់ខ្ញុំឲ្យនាងហើយប្រាប់នាងឲ្យវាយទូរសព្ទទៅសួរជីតាមានាងអំពីសាវតាររបស់ខ្ញុំជាមុនសិន មុននឹងសម្រេចចិត្តថាតើចង់ទៅរស់នៅសហរដ្ឋអាមេរិកជាមួយនឹងខ្ញុំឬអត់ ។ ខ្ញុំនិងប្អូនជីដូនមួយខ្ញុំរង់ចាំដំណឹងពីនាងដោយអន្ទះសារអស់រយៈពេលពីរថ្ងៃ ។ នៅថ្ងៃទីពីរ ខណៈដែលយើងកំពុងអង្គុយមើលក្មេងទាត់សីនៅមុខសណ្ឋាគារមេគង្គក្បែរមាត់ទន្លេនៃខេត្តកំពង់ចាម ប្អូនជីដូនមួយខ្ញុំសម្រេចចិត្តវាយទូរសព្ទទៅសួរនាងដោយផ្ទាល់ ។ ប៉ុន្តែ ទូរសព្ទនាងហៅចូលមិនបានឡើយ ។ វាជាចម្លើយថាទេ ដោយមិនចាំបាច់និយាយ ។
មកដល់ភ្នំពេញវិញ ខ្ញុំនៅសល់ពេលពីរថ្ងៃទៀតមុននឹងត្រូវឡើងយន្តហោះត្រឡប់មកសហរដ្ឋអាមេរិក ។ មិត្តម្នាក់បានណែនាំឲ្យយើងជួបកញ្ញារោងចក្រម្នាក់ទៀតដែលមានស្រុកកំណើតនៅកំពតដែរ ។ វាជាថ្ងៃសៅហើយនាងរៀបចំធ្វើដំណើរទៅលេងស្រុកកំណើតនៅចុងសប្តាហ៍នោះ ។ យើងនិងមិត្តភក្តិបរឡានទៅដឹកនាងដោយយកលេសថា ពួកយើងក៏មានដំណើរទៅលេងខេត្តកំពតដែរ (Desperate situation calls for desperate measure!) ។ ដោយមានអន្តរាគមពីមិត្តភក្តិរបស់ពួកយើង យើងមានឱកាសបានទៅស្នាក់នៅជាមួយគ្រួសារនារីដែលជាគោលដៅបេះដូងរបស់ខ្ញុំនោះ ។ ផ្ទះនោះ មនុស្សភាគច្រើនជាស្រីៗ ។ ដូច្នេះ ទីកន្លែងសមរម្យសម្រាប់ពួកយើងប្រុសៗគេងយប់នោះ គឺស្ថិតនៅលើស្កាកដែលមិនមានជញ្ជាំងបាំងផ្នែកខាងមុខទេ មានតែដើមក្រខុបមួយដើមដែលបែកមែកសាខាគ្របលើដំបូលផ្ទះ ។ យើងត្រឡប់មកភ្នំពេញវិញនៅថ្ងៃអាទិត្យ ។ ដោយហេតុតែខ្ញុំមានកិច្ចការច្រើន ខ្ញុំមិនអាចណាត់ជួបប្រាប់អំពីគោលបំណងខ្ញុំចំពោះរូបនាងទេ ។ ខ្ញុំទុកកិច្ចការនោះឲ្យប្អូនស្រីជីដូនមួយខ្ញុំម្នាក់ទៀតដែលស្គាល់នាង ។ បន្ទាប់ពីមកដល់សហរដ្ឋអាមេរិកបានរយៈពេលប្រមាណជាមួយខែ ប្អូនស្រីជីដូនមួយខ្ញុំបានផ្តល់ដំណឹងមកថា នារីគោលដៅបេះដូងចុងក្រោយរបស់ខ្ញុំនៅខេត្តកំពតនោះ មិនចង់មករស់នៅសហរដ្ឋអាមេរិកទេ ។
ការស្វែងរកគូស្រករសម័យទំនើបនេះ មិនមែនជារឿងងាយស្រួលដូចសម័យម្តាយទុកឪពុកដាក់នោះឡើយ ។ ការប្រឹងប្រែងរបស់ខ្ញុំគឺជាតឹកតាងមួយដែលបញ្ជាក់ថា ផ្នត់គំនិតរបស់យើងបានផ្លាស់ប្តូរច្រើន ដោយសារតែយើងមានពត៌មាន មានចំណេះដឹង និងមានសមត្ថភាពស្វែងរកសុភមង្គលទូលំទូលាយជាងមុន ។ ខ្ញុំបរាជ័យមែននៅក្នុងដំណើរផ្សងព្រេងរកស្នេហាដ៏ខ្លោចផ្សានោះ ។ ក៏ប៉ុន្តែ អ្វីដែលជាមោទកភាពចេញអំពីបរាជ័យនោះ គឺជោគជ័យដែលលាស់ចេញអំពីគំនិតបញ្ច្រាសទិសរបស់ខ្ញុំ ។ ប្រមាណជាពីរឆ្នាំក្រោយមក ខ្ញុំបានទទួលលិខិត(E-mail)មួយពីប្អូនជីដូនមួយខ្ញុំ(អន្ទិតដែលធ្វើមេអណ្តើកឲ្យខ្ញុំបរាជ័យជាប់គ្នារដឹកនោះ) ។ គាត់ប្រាប់ខ្ញុំថា គាត់មានគូដណ្តឹងជិតរៀបការហើយ ។ គូដណ្តឹងគាត់ជានារីធ្វើការនៅក្នុងរោងចក្រមួយ ។ នាងមានអាយុទើបជាងម្ភៃឆ្នាំទេ ប៉ុន្តែឆ្លាតវាងវៃនិងមានសមត្ថភាពខ្ពស់ណាស់ ។ នាងចេះនិយាយភាសាចិននិងអង់គ្លេសស្ទាត់ជំនាញទៀតផង ។ បន្ទាប់ពីទទួលបានសារលិខិតនោះ ខ្ញុំក៏ចាប់ផ្តើមគិតត្រឡប់បកក្រោយវិញ ។ ថ្វីត្បិតតែបេសកកម្មរបស់ខ្ញុំបានទទួលបរាជ័យក៏ពិតមែន ។ ក៏ប៉ុន្តែ គោលគំនិតរបស់ខ្ញុំអត់បរាជ័យទេ ។ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់មើលឃើញនូវគុណតម្លៃនៃស្ត្រីដែលធ្វើការងារនៅក្នុងរោងចក្រវាយនភ័ណ្ឌ ៕
ឧទិសអត្ថបទនេះជូនដល់កម្មការនីរោងចក្រវាយនភ័ណ្ឌទាំងឡាយ ដែលគេមើលមិនឃើញគុណតម្លៃ!
(To all the female factory workers whose value and capability were overlooked!)
Monday, December 21, 2020
ចំណីខួរក្បាល
ហេតុអ្វីបានជាកូនសិស្សនៅសហរដ្ឋអាមេរិកមិនស្លៀកពាក់ឯកសណ្ឋាន?
ខ្ញុំមានឱកាសបានសិក្សានៅក្នុងវិទ្យាល័យមួយនៅសហរដ្ឋអាមេរិករយៈពេលជិតពីរឆ្នាំ ។ ចំណាប់អារម្មណ៍របស់ខ្ញុំនាគ្រានោះគឺសមភាពរវាងគ្រូនិងសិស្សនៅក្នុងថ្នាក់រៀន ។ កូនសិស្សអាមេរិកាំងគោរពវិន័យសាលា ប៉ុន្តែហាក់ដូចជាមិនសូវអោនលំទោនចំពោះគ្រូដូចសិស្សដទៃនៅក្នុងពិភពលោកទេ ។ គ្រូនិងសិស្សស្និទ្ធស្នាលនឹងគ្នាប្រៀបដូចជាមិត្តភក្តិ ។ ឯការសិក្សារបស់ពួកគេក៏មានភាពលំហែរដែរ (Relax) ។ ជាមួយនឹងភាតរភាពនិងភាពលំហែរនេះ ខ្ញុំសង្កេតឃើញចំនុចមួយទៀតដែលញែកកូនសិស្សអាមេរិកាំងឲ្យផ្លែកពីសិស្សនៅក្នុងប្រទេសដទៃគឺសេរីភាពនិងរបៀបសិក្សា ។ កូនសិស្សអាមេរិកាំងអត់រៀន "សូត្រ" តាមគ្រូដូចសេកទេ ។ ពួកគេរៀនសូត្រតាមគំនិតរបស់បុគ្គលម្នាក់ៗ ។ មានន័យថា គ្រូគ្រាន់តែជាអ្នកបង្ហាញផ្លូវប៉ុណ្ណោះ ។ ឯការដើរតាមគន្លងផ្លូវដោយរបៀបណា គឺកូនសិស្សជាអ្នកត្រិះរិះពិចារណាដោយខ្លួនឯង ។
ឯកសណ្ឋានគឺជាចំនុចទីមួយដែលបង្កចម្ងល់នៅក្នុងចិត្តខ្ញុំ ។ ហេតុអ្វីក៏កូនសិស្សអាមេរិកាំងចាប់ពីថ្នាក់មតេយ្យរហូតដល់មហាវិទ្យាល័យអត់ពាក់ឯកសណ្ឋានទៅរៀន? ផ្អែកលើការស្រាវជ្រាវក្រៅផ្លូវការរបស់ខ្ញុំ រដ្ឋមន្ត្រីនិងក្រសួងអប់រំរបស់សហរដ្ឋអាមេរិកមានតែឈ្មោះគ្រាន់តែជានិមិត្តរូបប៉ុណ្ណោះ ។ កិច្ចការសព្វសារពើពាក់ព័ន្ធនឹងវិស័យអប់រំគឺរដ្ឋនីមួយៗជាអ្នកចាត់ចែង ។ រដ្ឋទៀតសោតផ្តល់តួនាទីទៅឲ្យស្រុក ។ ស្រុកផ្តល់សិទ្ធទៅឲ្យក្រុមប្រឹក្សាសាលា (School Board) ។ ក្រុមប្រឹក្សាសាលាជ្រើសរើសនាយកសាលាឲ្យចាត់ចែងការបន្ត ។ នាយកសាលាត្រូវកោះប្រជុំសួរយោបល់ពីមាតាបិតាសិស្សមុននឹងសម្រេចអនុវត្តិកិច្ចការសំខាន់នានាពាក់ព័ន្ធនឹងវិស័យអប់រំ ។ ឯកសណ្ឋានគឺជារឿងសំខាន់មួយដែលគេត្រូវសួរយោបល់មាតាបិតាជាមុន ។ តាំងពីខ្ញុំមករស់នៅសហរដ្ឋអាមេរិកជាង៣០ឆ្នាំកន្លងទៅ ខ្ញុំបានឃើញពត៌មានស្តីអំពីការធ្វើប្រជាមតិស្នើឲ្យសិស្សស្លៀកពាក់ឯកសណ្ឋានបីឬបួនដងដែរ នៅតាមសាលាមួយចំនួនដែលមានសិស្សក្រីក្រច្រើន ។ មូលហេតុនៃការស្នើប្រើឯកសណ្ឋាននោះ គឺដើម្បីកាត់បន្ថយសម្ពាធលើសិស្សក្រីក្រក្នុងការចំណាយប្រាក់ហួសចំណូលដើម្បីទិញសម្ភារៈឲ្យដូចសិស្សកូនអ្នកមាន ក៏ដូចជាទប់ស្កាត់សិស្សដែលមានលុយច្រើនកុំឲ្យហុឺហាហួសចន្ទោល ។ ប៉ុន្តែ ការធ្វើប្រជាមតិនោះមិនដែលបានជោគជ័យទេ ។
សហរដ្ឋអាមេរិកជាប្រទេសដែលគោរពបូជាសេរីភាពខ្ពស់ជាអាទិទេព ឬក៏ស្តេចផែនដី ។ ពលរដ្ឋអាមេរិកាំងសុខចិត្តប្រឈមនឹងបញ្ហា ប៉ុន្តែមិនសុខចិត្តឲ្យវិសាលភាពនៃសេរីភាពរបស់ខ្លួនរួមតូចឡើយ ។ ឯកសណ្ឋានជានិមិត្តរូបនៃបញ្ញតិឬអាជ្ញាដែលបញ្ជាក់អំពីការរឹតបន្តឹងសេរីភាព ។ ដូច្នេះហើយបានជាពេលមានសំណើរសុំឲ្យកូនសិស្សស្លៀកពាក់ឯកសណ្ឋាននៅសាលាណាមួយ សំណើរនោះកម្រទទួលបានជោគជ័យណាស់ ។ ផ្នត់គំនិតអាមេរិកាំងពាក់ព័ន្ធនឹងសេរីភាព យើងអាចបង្រួញឲ្យនៅត្រឹមពាក្យមួយឃ្លា៖ "Give me liberty, or give me death!" ដែលមានន័យថា៖ ខ្ញុំសុខចិត្តស្លាប់ ជាជាងរស់នៅដោយគ្មានសេរីភាព ។ សេរីភាពនិងការអប់រំហាក់ដូចជារលាយចូលគ្នានៅពេលដែលសមាជិកតាក់តែងរដ្ឋធម្មនុញ្ញអាមេរិកាំងមួយរូបឈ្មោះ George Mason មកពីរដ្ឋ វីជីញៀ សរសេរមាត្រាបន្ថែមទី១ First Amendment ហាមរដ្ឋសភានិងព្រឹទ្ធសភាបង្កើតច្បាប់ប៉ះពាល់ដល់ការបញ្ចេញមតិឬក៏ផ្សព្វផ្សាយពត៌មានរបស់ពលរដ្ឋ ។ នាមរបស់ George Mason ក្រោយមកត្រូវបានគេយកទៅបង្កើតសាកលវិទ្យាល័យមួយដែលមានឈ្មោះថា George Mason University ។ បាវច្ចនានៃសាកលវិទ្យាល័យនោះគឺ៖ Freedom and Learning ។
ក្រៅអំពីទៅរៀនអត់ស្លៀកពាក់ឯកសណ្ឋាន ចំណុចមួយទៀតដែលទាក់ចំណាប់អារម្មណ៍ខ្ញុំគឺ រៀនអត់ប្រឡងឆ្លងកម្រិត ។ កូនសិស្សអាមេរិកាំងអត់ប្រឡងចេញពីបឋមសិក្សា មធ្យមសិក្សា និង ឧត្តមសិក្សា ឬ ឌីប្លូម បាក់អង បាក់ឌុប ទេ ។ ពួកគេរៀនរយៈពេល១២ឆ្នាំ ដោយសន្សំក្រេឌិត ឬការទទួលស្គាល់ថាបានបំពេញការសិក្សាតាមកម្រិតថ្នាក់នីមួយៗ រហូតដល់ថ្នាក់ទី១២ ។ ពិន្ទុដែលអាចទទួលបានក្នុងការសិក្សាមុខវិជ្ជានីមួយៗគឺកម្រិតដោយអក្សរ A B C D F and I ។ ពិន្ទុអតិប្បមាគឺ ១០០ ។ ចន្លោះ ១០០ ទៅ ៩០ = A ។ ៩០ ទៅ ៨០ = B ។ ៨០ ទៅ ៧០ = C ។ ៧០ ទៅ ៦០ = D ។ ពិន្ទុ F (Failure) និង I (Incomplete) នៅលើមុខវិជ្ជាណាមួយគឺត្រូវរៀនសាឡើងវិញ ។ បើយើងប្រៀបធៀបការរៀនអត់ប្រឡងនិងរៀនមានបែបបទប្រឡងឆ្លងកម្រិតដូចនៅស្រុកខ្មែរ យើងឃើញថាស្តង់ដារនៃការរៀនអត់ប្រឡងខ្ពស់ជាង ។ សិស្សដែលរៀននៅក្នុងប្រព័ន្ធអត់ប្រឡងឆ្លងកម្រិតគឺត្រូវមានពិន្ទុចាប់ពី ៦០ភាគរយឡើងទៅទើបមានសិទ្ធបន្តពីកម្រិតមួយទៅកម្រិតមួយទៀត ។ ឯសិស្សដែលរៀននៅក្នុងប្រព័ន្ធប្រឡងឆ្លងកម្រិតគឺអាចទទួលយកបានចាប់ពី៥០ភាគរយឡើងទៅដើម្បីបន្តការសិក្សារបស់ខ្លួន ។ គួរកត់សម្គាល់ផងដែរថា សិស្សដែលរៀនក្នុងប្រព័ន្ធអត់ប្រឡងឆ្លងកម្រិតមិនអាចមានពិន្ទុ D ច្រើនពេកឡើយ ។ កូនសិស្សដែលទទួលបានពិន្ទុ D ច្រើនអាចត្រូវបានតម្រូវឲ្យរៀនសាឡើងវិញនូវមុខវិជ្ជាមួយចំនួន ។
ថ្មីៗនេះ ប្រទេសកម្ពុជាបានសម្រេចឲ្យកូនសិស្សរៀនថ្នាក់ទី១២ ទទួលបានសញ្ញាប័តទុតិយភូមិ(បាក់ឌុប)ដោយមិនចាំបាច់ប្រឡង ។ សម្រាប់សិស្សដែលរៀនក្នុងប្រព័ន្ធប្រឡងឆ្លងកម្រិត វាជារឿងឈឺក្បាលខ្លាំងចំពោះមាតាបិតាសិស្សមួយចំនួនដែលមិនធ្លាប់បានឆ្លងកាត់ការសិក្សាកម្រិតសាកលវិទ្យាល័យ ។ តើត្រូវធ្វើដូចម្តេច ដើម្បីឲ្យកូនដែលមិនបានវាស់ស្ទង់សមត្ថភាពជាមុន អាចឆ្លងកាត់ការសិក្សាកម្រិតមហាវិទ្យាល័យ ឬ សាកលវិទ្យាល័យ ប្រកបដោយជោគជ័យ ។ ការសិក្សានៅសាកលវិទ្យាល័យ វាមិនមែនជាកិច្ចការងាយស្រួលឡើយ ។ គេត្រូវការវាស់វែងកាយសម្បទានិងសមត្ថភាពជាក់លាក់ណាស់មុននឹងឈានជើងចូលទៅប្រឡូកនៅក្នុងដំណើរស្វែងរកពុទ្ធិជាន់ខ្ពស់នោះ ។ ផ្អែកលើបទពិសោធរបស់ខ្ញុំនៅសហរដ្ឋអាមេរិកកាលពី៣០ឆ្នាំមុន ក្នុងចំណោមនិស្សិត១០០នាក់ មាននិស្សិតប្រមាណជា៦០នាក់ប៉ុណ្ណោះ ដែលអាចបញ្ចប់ការសិក្សារយៈពេល៤ឆ្នាំនិងទទួលបានបរិញ្ញាប័តត្រីយ៍ ។ ៤០ភាគរយទៀតគឺអាចរត់រួចត្រឹមវិញ្ញាបណ្ណប័តវិជ្ជាជីវៈឬក៏បោះបង់ការសិក្សាចោលតែម្តង ។ ការចំណាយប្រាក់ឲ្យកូនទៅរៀនដោយគ្មានមូលដ្ឋានបង្អែកច្បាស់លាស់អំពីសមត្ថភាព វាប្រៀបដូចជាការធ្វើដំណើរផ្សងព្រេងដោយមិនដឹងទិសតំបន់មួយ ។ ដំណោះស្រាយបញ្ហានេះ គឺមានតែប្រើយុទ្ធសាស្ត្រ "ផ្លូវនៅនឹងមាត់" ប៉ុណ្ណោះ ។ សួរអ្នកដែលធ្លាប់ឆ្លងកាត់ជាពិសេសគឺអតីតគ្រូរបស់សិស្សតែម្តង ។ សុំឲ្យគាត់ផ្តល់ការវាយតម្លៃអំពីសមត្ថភាពសិស្សដោយឥតលាក់លៀម ។ យកពត៌មានទាំងនោះមកពីគ្រោះជាមួយនឹងកូនដែលមានបំណងបន្តការសិក្សានៅមហាឬសាកលវិទ្យាល័យដើម្បីលកលៃថាតើគួរគ្រោងយកសញ្ញាប័តកម្រិត ២ឆ្នាំ ៤ឆ្នាំ ឬក៏ឈានទៅដល់អនុបណ្ឌិតនិងបណ្ឌិត ។ វាគឺជាបញ្ហាប្រឈមដ៏ឈឺក្បាលមួយ ។ ប៉ុន្តែ នៅក្នុងគ្រោះអាសន្នកូវីដ១៩នេះ មនុស្សពាសពេញពិភពលោកគឺឈឺក្បាលដូចតែគ្នាហ្នឹង ។ បើមិនបញ្ហានេះ ក៏បញ្ហានោះដែរ ៕
Sunday, December 20, 2020
ចំណីខួរក្បាល
អា អែង/អ្ងែង អញ
ពាក្យខ្មែរបីម៉ាត់ អា អែង(ឯង) និង អញ សព្វថ្ងៃនេះត្រូវបានពលរដ្ឋខ្មែរភាគច្រើនជិនឆ្អន់មិនសូវប្រើប្រាស់នៅក្នុងការសន្ទនាគ្នាក៏ដូចជាការសរសេរដែរ ។ គេចាត់ទុកការប្រើប្រាស់ពាក្យបីម៉ាត់នេះថា ជាការបង្ហាញភាពមិនសុីវីល័យ ខ្វះការអប់រំ និង មិនថ្លៃថ្នូ ។ តាមការសង្កេតរបស់ខ្ញុំ នៅពេលពលដ្ឋខ្មែរឈប់ប្រើ ឬក៏អៀនប្រៀនអំពីការប្រើពាក្យបីម៉ាត់នេះ(Shy away from) ភាតរភាពនិងសាមគ្គីភាពនៅក្នុងសង្គមខ្មែរក៏ចាប់ផ្តើមវិនាសអន្តរាយទៅដែរ ។ ខ្ញុំមិនមែនជាអ្នកសិក្សាខាងភាសាវិទ្យានោះទេ ។ ប៉ុន្តែ ខ្ញុំគិតថាពាក្យពេចន៍ក្នុងភាសាដើរតួសំខាន់ណាស់ នៅក្នុងការតភ្ជាប់មនោសញ្ចេតនាមនុស្សនៅក្នុងសង្គមឲ្យចេះរួបរួមគ្នាជាធ្លុងមួយ ដើម្បីជួយសង្គ្រោះគ្នាទៅវិញទៅមកក៏ដូចជាទប់ទល់ជាមួយនឹងហានិភ័យនានាផងដែរ ។
ខ្ញុំមិនដឹងថា ពាក្យ អា អែង និង អញ ជាពាក្យកម្ចីពីបរទេសឬក៏ជាពាក្យខ្មែរសុទ្ធសាធនោះទេ ។ ប៉ុន្តែ ខ្ញុំធ្លាប់ឃើញអ្នកសិក្សាសីលាចារិកខ្មែរគេយកពាក្យ "កំម្រតេងអញ" មកចុះផ្សាយជាញឹកញាប់ ។ ដូច្នេះ ពាក្យ អា និង អែង អាចជាពាក្យខ្មែរដែលមានប្រើតាំងតែពីបុរមបុរាណមក ។ ផ្អែកលើបទពិសោធផ្ទាល់ខ្លួនរបស់ខ្ញុំ អា អែង និង អញ គឺយើងប្រើនៅក្នុងរង្វង់បងប្អូនបង្កើត ។ បងឬប្អូនដែលមានអាយុលើសខ្វះគ្នា២ ឬ៣ឆ្នាំគឺយើងប្រើពាក្យ អា អែង និងអញ ហៅគ្នាទៅវិញទៅមកគ្មានទើសទាស់អ្វីឡើយ ។ បងបង្អស់គាត់ផាត់សំបកហៅប្អូនៗ អា អែង ដោយរលូនគ្មានខ្វល់អំពីការប៉ះពាល់ភាពថ្លៃថ្នូឬមិនថ្លៃថ្នូសូម្បីបន្តិចសោះឡើយ ។ ថ្វីត្បិតតែពាក្យពេចន៍ដែលយើងប្រើសម្រាប់ហៅគ្នានេះ ស្តាប់ទៅដូចជាមិនសូវថ្លៃថ្នូក៏ពិតមែន ប៉ុន្តែវាហាក់ដូចជាមានឥទ្ធិពលខ្លាំងក្នុងការតភ្ជាប់ភក្តីភាពរបស់មនុស្សក្នុងសង្គម ។
កាលពីក្មេង មិត្តភក្តិរបស់ខ្ញុំដែលមានអាយុលើសខ្វះគ្នាពីរបីឆ្នាំ យើងហៅគ្នាទៅវិញទៅមកដោយប្រើពាក្យ អា អែង និង អញ ស្ទើរដាច់សាច់ ។ ពាក្យទាំងនេះនៅគ្រាបច្ចុប្បន្ន ស្តាប់ទៅហាក់ដូចជាមិនសុីវីល័យទេ ។ ក៏ប៉ុន្តែ នៅក្នុងសម័យកាលខ្ញុំចម្រើនវ័យនោះ វាគឺជាចំណងអរូបមួយដែលភ្ជាប់សន្តានចិត្តរបស់ពួកយើងឲ្យចេះជួយយកអាសាគ្នាដូចបងប្អូនបង្កើត ។ យើងតែងតែជួយធ្វើកិច្ចការគ្នាដោយមិនគិតអំពីផលប្រយោជន៍តបស្នងសូម្បីតែបន្តិចសោះឡើយ ។ អ្វីៗដែលយើងសហការគ្នាធ្វើដើម្បីផលប្រយោជន៍រួម យើងមិនដែលគិតអំពីពលកម្មលើសខ្វះគ្នាទេ ។ អនុស្សាវរីយ៍មួយដែលខ្ញុំធ្លាប់ជួបក្នុងប្រការនេះ គឺការសហការគ្នារវាងខ្ញុំនិងមិត្តភូមិផងរបងជាមួយម្នាក់ឈ្មោះ បូណា នៅទសវត្សឆ្នាំ ១៩៨០ ។ អាបូណានិងខ្ញុំបានមូលមតិគ្នាទៅកាប់ឫស្សីព្រៃយកមកពុះធ្វើរនាបលក់ ។ ឫស្សីព្រៃដុះនៅក្នុងព្រៃកុងក្រោយភូមិហើយមានបន្លាក្រាស់ណាស់នៅគុម្ពរបស់វា ។ ដើម្បីកាប់ដើមឫស្សីព្រៃ គេត្រូវប្រើឧបករណ៍ម៉្យាងហៅ ថ្វាង ដែលមានដងធ្វើអំពីដើមឫស្សីពីងពង់ប្រវែងប្រហែល៥ម៉ែត្រនិងផ្លែស្រដៀងគ្នានឹងផ្លែកណ្តៀវច្រូតស្រូវ ។ យើងប្រើថ្វាងកាវកាត់ដើមឫស្សីព្រៃកម្ពស់ប្រមាណជាបួនទៅប្រាំម៉ែត្រពីដី ហើយថ្ពក់ទាញដើមរបស់វាចេញពីក្នុងគុម្ពមកដើម្បីលស់សម្អាតមែកនិងបន្លាផងទាំងពួង ។ នៅក្នុងប្រតិបត្តិការកាប់ឫស្សីព្រៃនោះ ខ្ញុំសង្កេតឃើញថា អាបូណាវាធ្វើកិច្ចការបានលឿនជាងខ្ញុំពីរដង ។ ខ្ញុំកាប់ឬស្សីបានមួយដើម វាកាប់បានពីរដើម ។ នៅពេលយើងដឹកឫស្សីនោះមកពុះច្រៀកធ្វើរនាប វាក៏ធ្វើកិច្ចការនោះបានលឿនជាងខ្ញុំប្រមាណជាពីរដងដែរ ។ ថ្វីត្បិតតែវាធ្លាប់ដៀលខ្ញុំថា កាប់ឫស្សីយឺតនោះយឺត នៅពេលយើងលក់រនាបយកកម្រៃមកចែកគ្នា អាបូណាអត់រំលឹកអំពីការធ្វើពលកម្មលើសខ្វះគ្នានេះទេ ។ យើងចែកគ្នាស្មើដោយសុទ្ធចិត្ត ។ គួរកត់សម្គាល់ផងដែរថា នៅពេលដែលខ្ញុំវិលត្រឡប់ពីសហរដ្ឋអាមេរិកទៅលេងស្រុកកំណើតបន្ទាប់ពីបែកគ្នាជិត២០ឆ្នាំ អាបូណាជាមនុស្សម្នាក់ក្នុងចំណោមមនុស្សមួយចំនួនតូចដែលនៅប្រើពាក្យ អា អែង អញ ជាមួយនឹងខ្ញុំដោយគ្មានទើសទាល់ ។
ក្រៅអំពីការប្រើពាក្យអែង អញ នៅក្នុងចំណោមមិត្តភក្តិ ខ្ញុំក៏ធ្លាប់ជួបប្រទះការប្រើពាក្យនេះរវាងកូននិងម្តាយផងដែរ ។ កាលជំនាន់ ប៉ុល ពត គ្រួសារខ្ញុំត្រូវបានគេជម្លៀសឲ្យទៅនៅក្នុងភូមិមួយនៅក្នុងស្រុក ស្ទោង ខេត្តកំពង់ធំ ។ ភូមិនោះ នៅក្បែរតំបន់ប្រាសាទ ព្រះខ័នកំពង់ស្វាយ ។ ដូច្នេះ អ្នកស្រុកនោះ ប្រាកដជាពូជពង្សវង្សត្រកូលខ្មែរដែលសេសសល់តាំងតែពីសម័យអង្គរមក ។ ថ្ងៃមួយ ខ្ញុំឮមីងម្នាក់និយាយទៅកាន់ម្តាយគាត់ថា៖ "ម៉ែហ្អា! មើលអាង៉ាឲ្យអញមួយភ្លែត" (ម៉ែ! មើលកូនឲ្យខ្ញុំមួយភ្លែត) ។ ឃើញការនិយាយរកគ្នារបៀបនេះដំបូង ខ្ញុំភ្ញាក់ព្រើតហើយគិតក្នុងចិត្តថា អ្នកស្រុកនេះពិតជាអត់សុីវីល័យមែន ។ កូននិយាយជាមួយម្តាយប្រើសុទ្ធតែពាក្យ អែង អញ ។ ចំណេរក្រោយមកទើបខ្ញុំដឹងថា នេះគឺជាពាក្យដែលអ្នកស្រុកប្រើធម្មតា បន្ទាប់ពីស្តាប់យល់គ្រៀមភាសាជាច្រើនដែលអ្នកស្រុកប្រើប្រាស់ ។ ឧទាហរណ៍៖ ម៉ែហ្អា! ឃើញម្តុំអញនៅនោះទេ? មីគ្នេរ! អ្ងែងដិញថាអាផើងវានៅណាទេ? អញមិនដិញទេ (ខ្ញុំមិនដឹងទេ) ។ ថ្វីត្បិតតែប្រើពាក្យពេចន៍គ្រោតគ្រាតនៅក្នុងការប្រាស្រ័យទាក់ទងគ្នា អ្នកភូមិដែលខ្ញុំរស់នៅជាមួយកាលជំនាន់ប៉ុល ពត នោះ មានអធ្យាស្រ័យនឹងគ្នាហើយចេះជួយយកអាសាគ្នាស្អិតរមួតណាស់ ។ មិនខុសពីអាបូណានិងខ្ញុំឡើយ ។ ខ្ញុំធ្លាប់ចុះទៅនេសាទត្រីនៅស្រែក្រោម ឬមាត់បឹងទន្លេសាបជាមួយនឹងអ្នកស្រុកនោះម្តងពីរដែរ ។ ពេលអូសគនរុតត្រី អ្នកដែលរុតត្រីបានច្រើនតែងតែចែកត្រីធំៗឲ្យទៅអ្នកអូសកូនគនឲ្យបានសមរម្យ ទោះកិច្ចការអូសកូនគនមិនសូវលំបាកដូចការស្វែងរករុតត្រីក៏ដោយ ។ សព្វថ្ងៃ ពាក្យ អា អែង អញ នៅក្នុងតំបន់នោះ ប្រហែលជាត្រូវបានគេឈប់ប្រើដូចនៅក្នុងតំបន់ដទៃនៃប្រទេសកម្ពុជា ។ ចំណងភក្តីភាព មិត្តភាព ភាតរភាព និងភាវទ្រទ្រង់ផងទាំងពួងដែលជាសសៃឈាមនៃសុខមាលភាពសង្គមរបស់ខ្មែរក៏ប្រហែលជាសាបរលាបទៅតាមនោះដែរ ។ រឿងដែលគួរឲ្យព្រួយនោះគឺថា តើយុវជនខ្មែរបច្ចុប្បន្ន និងនៅថ្ងៃអនាគតអាចរក្សាចំណងសាមគ្គីភាព និងភាតរភាពសង្គម ឲ្យនៅរឹងមាំដូចយុគសម័យ៖ អា អែង អញ ដែរឬទេ ៕
Thursday, November 26, 2020
ចំណីខួរក្បាល
វិញ្ញាណ និង សុខភាពផ្លូវចិត្ត
ធម្មបាល ខៀវ ជុំ មិនសូវមានឈ្មោះបោះសម្លេងនៅក្នុងរង្វង់សិក្សាក្នុងវិស័យអក្សរសាស្ត្រនិងសាសនានៃព្រះរាជាណាចក្រកម្ពុជាទេ ។ ក៏ប៉ុន្តែ ព្រះអង្គជាបុគ្គលមួយរូបដែលបញ្ញវន្តខ្មែរចម្រើននិយម (Progressive thinkers) មួយចំនួនគោរពបូជា ។ តាមការស្រាវជ្រាវរបស់ខ្ញុំពាក់ព័ន្ធនឹងធម្មបាល ខៀវ ជុំ ខ្ញុំសង្កេតឃើញនិងយល់ថា ព្រះអង្គជាអ្នកប្រាជ្ញខ្មែរមួយរូបប្រកបដោយទេពកោសល្យខ្ពស់ ។ យោងតាមសំណេររបស់ធម្មបាល ខៀវ ជុំ មួយចំនួនដែលខ្ញុំបានអាន ព្រះអង្គជាអ្នកស្រាវជ្រាវនិងវិភាគបកស្រាយទស្សនផ្សេៗប្រកបដោយភាពជាក់លាក់ ។ ទាំងផ្លូវលោក ទាំងផ្លូវធម៌ ព្រះអង្គពន្យល់បានច្បាស់លាស់ ។ របកគំហើញខ្លះ ដូចជា IQ (Intelligence Quotient) ឬរង្វាស់បញ្ញាមនុស្ស ព្រះអង្គបានលើកយកមកពន្យល់ខ្មែរតាំងតែពីសង្គមខ្មែរមិនទាន់ដឹងថា IQ ជាអ្វីនោះផង ។ ផ្នែកខាងវិទ្យាសាស្ត្រផ្សេងទៀតដូចជាទ្រឹស្តីពាក់ព័ន្ធនឹងជីវវិជ្ជា (ជីវិតសត្វនិងរុក្ខជាតិ) ព្រះអង្គបកស្រាយពន្យល់ប្រកបដោយការយល់ដឹងគួរឲ្យស្ញប់ស្ញែង ។ ផ្នែកខាងផ្លូវធម៌ ជាពិសេសទស្សនបដិច្ចសមុប្បាទនៅក្នុងព្រះពុទ្ធសាសនា ព្រះអង្គបានលើកយកបរមាធិប្បាយដែលមានសណ្ឋាន តូច ល្អិត ជ្រៅ ពិបាកយល់ជាទីបំផុត មកបំភ្លឺឲ្យឃើញរូបរាងហាក់ដូចជាបង្ហាញនូវផ្ទាំងគំនូរ ។
នៅក្នុងការបកស្រាយសំណួរអំពីជីវិតនិងវិញ្ញាណ តើមួយណាចាប់បដិសន្ធិមុន ធម្មបាលខៀវ ជុំ ពន្យល់ប្រកបដោយហេតុផលរឹងមាំថា អង្គភាពទាំងពីរចាប់បដិសន្ធិតំណាលគ្នា ។ ចំណែករុក្ខជាតិដែលមនុស្សទូទៅយល់ឃើញថា ជាប្រភេទពីជៈគ្មានវិញ្ញាណ ព្រះអង្គមិនយល់ស្របទេ ។ រុក្ខជាតិមានវិញ្ញាណដូចជាមនុស្សនិងសត្វដែរ ថ្វីត្បិតតែវាគ្មាន សសៃប្រសាទ ខួរក្បាល បេះដូង និង មនោ ។ ព្រះអង្គបានលើកយក វល្លិ និង ឈើនានាដែលចេះតោងឡើង ឬក៏លូតលាស់បត់បែនគេចពីឧបសគ្គដើម្បីស្វែងរកពន្លឺថ្ងៃដែលជាចំណីដ៏ចាំបាច់របស់វាមកធ្វើជាឧទាហរណ៍ ។ ពាក់ព័ន្ធនឹងពីជៈ ឬ រុក្ខជាតិ មានសំណួរមួយចោទឡើងថា តើរុក្ខជាតិអាចមានការឈឺចាប់ដែរទេនៅពេលដែលយើងកាប់ឬកាត់មែករបស់វា ។ មតិភាគច្រើនយល់ឃើញថា ដោយហេតុតែរុក្ខជាតិគ្មានប្រសាទនិងមនោ វាមិនអាចដឹងឬមានសេចក្តីឈឺចាប់ឡើយនៅពេលដែលយើងកាប់ឬកាត់ដើមរបស់វា ។ ប្រការនេះ ធម្មបាល ខៀវ ជុំ ហាក់ដូចជាមិនបានបញ្ជាក់ថា គួរយល់ស្របតាមមតិភាគច្រើនឬយ៉ាងណាទេ ។ ប៉ុន្តែ សម្រាប់ខ្ញុំ ខ្ញុំយល់ថារុក្ខជាតិក៏មានការឈឺចាប់ដែរ នៅពេលដែលយើងកាត់ កាប់ ឬបៀតបៀនវា ។ បើយើងទទួលស្គាល់ថា វិញ្ញាណជាសហស្ថាបនិកនៃជីវិត ដូច្នេះរាល់ជីវិតដែលមានវិញ្ញាណត្រូវតែមានការឈឺចាប់ដូចគ្នានៅពេលត្រូវបានគេបៀតបៀន (harmed) ។ ភាពខុសគ្នានៃការឈឺចាប់របស់មនុស្សនិងរុក្ខជាតិគឺស្ថិតត្រង់ថា មនុស្សដឹងការឈឺចាប់តាមរយៈ វិថីវិញ្ញាណ ។ ឯរុក្ខជាតិដឹងការឈឺចាប់នៅក្នុងក្របខណ្ឌ ភវង្គវិញ្ញាណ ។
វិថីវិញ្ញាណនិងភវង្គវិញ្ញាណប្រតិបត្តិនៅក្នុងក្របខណ្ឌពីរផ្សេងគ្នា ដែលភាសាអង់គ្លេសហៅថា៖ Conscious and Sub-Conscious ។ វិថីវិញ្ញាណសំដៅដល់វិញ្ញាណទាំង ៥ គឺ ចក្ខុ ឃានៈ សោតៈ ជីវ្ហា និង កាយវិញ្ញាណ ឬ ភ្នែក ច្រមុះ ត្រចៀក អណ្តាត និងកាយ ដែលជាភ្នាក់ងារផ្តល់ពត៌មានទៅឲ្យបេះដូងនិងខួរក្បាល ។ វិញ្ញាណទី៦ ដែលភាសាអង់គ្លេសហៅថា (The 6th Sense)នោះ គឺខួរក្បាល ។ ខួរក្បាលមានតួនាទីជាវិញ្ញាណផង ជាទីស្នាក់ការកណ្តាលឬទីបញ្ជាការកំពូលរបស់វិញ្ញាណផង និងជាស្ពានតភ្ជាប់វិថីវិញ្ញាណនិងភវង្គវិញ្ញាណផង ។ ភវង្គវិញ្ញាណ បើនិយាយឲ្យងាយយល់ គឺជាវិញ្ញាណនៅក្នុងវិញ្ញាណ ។ ការស្វែងយល់អំពីភវង្គវិញ្ញាណគឺមិនខុសគ្នាអំពីការសិក្សាអភិធម្ម Metaphysics ប៉ុន្មានទេ ។ ដើម្បីសម្រួលដល់ការពិចារណា យើងអាចលើកយកទស្សនពាក់ព័ន្ធចំនួនបីមកធ្វើជាគោល ។ អភិធម្មនិយាយអំពី រូបនៅក្នុងរូប ។ ចេតសិកនិយាយអំពីចិត្តនៅក្នុងចិត្ត ។ ភវង្គវិញ្ញាណនិយាយអំពីវិញ្ញាណនៅក្នុងវិញ្ញាណ ។ ចូរកត់សម្គាល់ពាក្យ "នៅក្នុង" (sub) ដែលសំដៅដល់ភាវៈមិនស្ថិតនៅក្រោមការគ្រុបគ្រងរបស់វិថីវិញ្ញាណ ។
ចិត្តនិងគំនិតដែលខ្មែរយើងនិយមនិយាយភ្ជាប់គ្នាថា ចិត្តគំនិត ប្រៀបដូចជាបងប្អូនភ្លោះ ។ រូបពីរផ្សេងគ្នា ធ្វើសកម្មភាពពីរផ្សេងគ្នា ក៏ប៉ុន្តែមានរូបកាយនិងទ្រង់ទ្រាយដូចគ្នា ។ យើងអាចបែងចែកចិត្តនិងគំនិតឲ្យស្ថិតនៅក្រោមការគ្រុបគ្រងរបស់សរីរាង្គ (Organs) ពីរផ្សេងគ្នា ។ ចិត្តគ្រុបគ្រងដោយបេះដូង ។ ឯគំនិតគ្រុបគ្រងដោយខួរក្បាល ។ សមត្ថភាពនិងតួនាទីរបស់បេះដូងនិងខួរក្បាលមិនដូចគ្នាទេ ។ ឯកម្មឬសកម្មភាពរបស់មនុស្សដែលកើតចេញមកពីប្រភពបេះដូងនិងខួរក្បាលក៏ខុសគ្នាដែរ ។ នៅពេលកម្លោះណាម្នាក់ទៅដណ្តឹងកូនក្រមុំគេ ចាស់ៗខ្មែរយើងនិយមសួរគ្នាថា តើអន្ទិតហ្នឹងវាមានចិត្តគំនិតដូចម្តេចដែរ ។ អ្នកដែលស្គាល់មាណពកំសត់ខ្លះក៏ឆ្លើយថា អន្ទិតហ្នឹងវានឹងលើ តែរង្គើក្រោម ។ បានន័យថាមនុស្សនោះនៅមិនទាន់មានសមត្ថភាពអប់រំគ្រុបគ្រងចិត្តឲ្យបានជាប់លាប់នៅឡើយទេ ។
ការអប់រំគ្រុបគ្រងចិត្តឬថែទាំសុខភាពផ្លូវចិត្តគឺជាអ្វីដែលខ្ញុំចង់លើកយកមកពិភាក្សានៅក្នុងអត្ថបទនេះ ។ មនុស្សទូទៅកម្រស្វែងយល់អំពីសុខភាពផ្លូវចិត្តណាស់ ។ នៅពេលយើងនិយាយអំពីសុខភាព គឺយើងគិតត្រឹមសុខភាពនៃរូបតែប៉ុណ្ណោះ ។ តាមពិតសុខភាពចិត្តនិងកាយ (Mental and Physical Health) មានសារសំខាន់ស្មើគ្នា ។ ព្យាបាលតែជំងឺផ្លូវកាយ មិនព្យាយាមព្យាបាលជំងឺផ្លូវចិត្តគឺប្រៀបដូចជាទុករូបយើងមួយចំហៀងឲ្យជំងឺរាតត្បាតដូច្នោះដែរ ។ សូមកុំភ្លេចថា ចិត្តនិងគំនិតគឺស្ថិតនៅក្នុងរូប ។ ហើយចិត្តក៏ចេះឈឺដែរ ។ ប្តីប្រពន្ធទាស់គ្នារឿងមិនជួយធ្វើកិច្ចការផ្ទះ ជាជំងឺផ្លូវចិត្តកំបុិកកំប៉ុកមួយប្រៀបដូចជាដើរជំពុបជើងនឹងដុំថ្មតូចមួយដែលជាជំងឺផ្លូវកាយ ។
ជំងឺផ្លូវចិត្តភាគច្រើនមិនចាំបាច់ទៅស្វែងរកគ្រូពេទ្យឲ្យជួយព្យាបាលនោះទេ ។ មនុស្សគ្រប់រូបមានសមត្ថភាពព្យាបាលជំងឺផ្លូវចិត្ត ប្រសិនបើយើងយល់អំពីទំនាក់ទំនងរវាងចិត្តនិងគំនិត ។ ជាបឋម យើងត្រូវដឹងថា សកម្មភាពឬក៏ប្រតិកម្មរបស់យើងពាក់ព័ន្ធនឹងវិថីវិញ្ញាណទាំង៥ ដែលជាភ្នាក់ងារផ្តល់ពត៌មានមកឲ្យបេះដូងឬក៏ចិត្តរបស់យើង ។ នៅពេលអ្នកផ្ទះខ្ញុំត្រឡប់មកពីទិញម្ហូបអាហារនៅផ្សារឃើញខ្ញុំកំពុងអង្គុយសរសេរអត្ថបទនេះ គាត់ស្រែកគំហកមកខ្ញុំថា៖ ខំប្រឹងណាស់ហ្ន! មានគេឡៃបន្តិចបន្តួចនៅក្នុងហ្វេសប៊ុកហ្នឹងខំប្រឹងសរសេរភ្លេចបាយភ្លេចទឹកតែម្តង ។ និយាយរួច គាត់ក៏ដើរមកឈ្ងោកមើលថាតើខ្ញុំសរសេរអំពីអ្វី ។ បន្ទាប់ពីមើលទៅឃើញថាអត្ថបទនេះអាចមានប្រយោជន៍ដល់អ្នកអាន ចិត្តគាត់ហាក់ដូចជាស្ងប់ឡើងវិញ ហើយខ្ញុំក៏អាចសរសេរអត្ថបទនេះបន្តទៅទៀត ។ នេះគឺជាឧទាហរណ៍ដ៏សាមញ្ញមួយអំពីទំនាក់ទំនងរវាងចិត្តនិងគំនិត ឬបេះដូងនិងខួរក្បាល ។ តាមរយៈវិថីវិញ្ញាណនៃកែវភ្នែករបស់គាត់ ភរិយាខ្ញុំមើលឃើញការអង្គុយសរសេររបស់ខ្ញុំថាជាការចំណាយពេលឥតប្រយោជន៍ ។ ឆ្លងកាត់តាម ផស្សៈ សញ្ញា ចេតនា និង ចេតសិក ប្រតិកម្មបឋមរបស់ភរិយាខ្ញុំគឺស្តីឲ្យខ្ញុំថាចំណាយពេលឥតប្រយោជន៍ ។ ខណៈដែលគាត់ស្តីឲ្យខ្ញុំនោះ ចិត្តគាត់ញាប់ញ័រ ។ ឯបេះដូងគាត់ក៏លោតញាប់ដែរដើម្បីបញ្ជូនឈាមទៅសព្វសារពាង្គកាយរក្សាកំដៅកុំឲ្យធ្លាក់ចុះខ្លាំង ។ លុះគាត់ចាប់ផ្តើមអានអត្ថបទនេះ ពត៌មាននានាក៏ចាប់ផ្តើមឆ្លងផុតពីចេតសិកតាមរយៈអាយតនៈ (Synapses) ទៅកាន់ខួរក្បាល ។ តួនាទីរបស់ខួរក្បាលគឺផ្ទៀងផ្ទាត់ពត៌មានជាមួយនឹងទិន្នន័យ(ចំណេះដឹង)ដែលភរិយាខ្ញុំផ្ទុកនៅទីនោះ ។ ការផ្ទៀងផ្ទាត់នេះយើងហៅថា គិត ។ ភវង្គវិញ្ញាណក៏ចេញមកធ្វើសកម្មភាពជាមួយនឹងការគិតនេះដែរ ។ បន្ទាប់មកយើងទទួលបានលទ្ធផលចុងក្រោយគឺ "គំនិត" ។ គឺគំនិតនេះហើយដែលផ្តល់ហេតុផលនិងណែនាំចិត្តភរិយាខ្ញុំឲ្យដើរចូលទៅក្នុងសភាវៈស្ងប់ ឬក៏ដំណាក់កាលចុងក្រោយបំផុតនៃប្រតិកម្មដែលជាបច្ច័យរបស់វិថីវិញ្ញាណ ។
ជួនកាល សកម្មភាពដែលកើតចេញពីចិត្តគំនិតមិនពាក់ព័ន្ធនឹងចំណេះដឹងទេ ។ ឧទាហរណ៍ បងប្រុសខ្ញុំម្នាក់គាត់ចាប់ផ្តើមជក់បារីនៅអំឡុងឆ្នាំ ១៩៧០ ។ សម័យនោះ គ្មានការផ្សព្វផ្សាយអំពីផលវិបាកនៃការជក់បារីទេ ។ បុរសខ្មែរជក់បារីស្ទើរតែគ្រប់គ្នា ។ បន្ទាប់ពីជក់បារីបានរយៈពេលប្រមាណជាពីរឆ្នាំ បងប្រុសខ្ញុំស្រាប់តែឈប់ជក់បារីដោយគ្មាននរណាបង្ខំឬក៏ណែនាំ ។ ពេលញាតិមិត្តសួរគាត់អំពីប្រការនេះ គាត់ឆ្លើយយ៉ាងខ្លីថា៖ គិតសព្វៗទៅជក់បារីគ្មានប្រយោជន៍អ្វីទេ ។ បើយើងពិនិត្យអំពីកត្តាឈប់ជក់បារីនេះ យើងអាចសន្និដ្ឋានបានថា វាជាទង្វើកើតចេញមកអំពីភវង្គវិញ្ញាណ ត្បិតគ្មានសម្ពាធតាមរយៈវិថីវិញ្ញាណទេ ។ ចាប់ពីពេលនោះមកទល់នឹងថ្ងៃនេះ បងប្រុសខ្ញុំមិនដែលមានបញ្ហាជាមួយនឹងការជក់បារីឡើយ ។ ចិត្តរបស់គាត់នឹងដូចភ្នំទោះបីមានបារីប្រភេទណានៅចំពោះមុខគាត់ ក៏គាត់គ្មានភាពរំភើបឬញាប់ញ័រដែរ ។ ចិត្តដែលមានសុខភាពល្អ គឺចិត្តដែលនឹងននេះឯង ។ តើយើងធ្វើដូចម្តេចទើបរកភាពនឹងនឲ្យចិត្តបាន? ចម្លើយគឺ៖ អប់រំគ្រុបគ្រង ។ ប៉ុន្តែត្រូវចងចាំថា យើងអាចអប់រំគ្រុបគ្រងចិត្តបានដោយលំបាកជាទីបំផុត ។
ទំនាក់ទំនងរវាងវិថីវិញ្ញាណជាមួយនឹងចិត្តនិងគំនិត ឬក៏ជាមួយនឹងបេះដូងនិងខួរក្បាលគឺកើតឡើងស្ទើរតែព្រមគ្នា ។ ក៏ប៉ុន្តែ ប្រសិនបើយើងសង្កេតមើលសកម្មភាពរបស់យើងដែលជាប្រតិកម្មឆ្លើយតបទៅនឹងពត៌មានទទួលបានតាមរយៈវិថីវិញ្ញាណទាំងប្រាំនោះ ភាគច្រើនគឺកើតចេញពីចិត្តរបស់យើង ។ វាហាក់ដូចជាធម្មជាតិបង្កើតបេះដូងនិងចិត្ត សម្រាប់ធ្វើសកម្មភាពបំពេញបំណងតណ្ហាតែប៉ុណ្ណោះ ។ ឯបញ្ញា គឺត្រូវការជំនួយពីខួរក្បាល ។ ការថែទាំសុខភាពផ្លូវចិត្តមិនអាចពឹងលើចិត្តឲ្យថែទាំខ្លួនឯងបានទេ ។ យើងចាំបាច់ត្រូវតែពឹងលើគំនិតនិងបញ្ញា ។ ដើម្បីបង្កើតគំនិតនិងបញ្ញា ពត៌មាននានាដែលទទួលបានតាមរយៈវិថីវិញ្ញាណទាំងប្រាំ ត្រូវតែឆ្លងទៅឲ្យដល់ខួរក្បាល ។ គួរកត់សម្គាល់ឡើងវិញថា ដំណើរប្រាស្រ័យទាក់ទង(Interactional processes)រវាងរូបឬវិញ្ញាណរបស់យើងនិងពិភពខាងក្រៅ (External Factors)គឺមានលំនាំដូចតទៅ៖ ផស្សៈ សញ្ញា ចេតនា មនសិការ ចេតសិក អាយតនៈ (ខួរក្បាល) ភវង្គវិញ្ញាណ ។ ដំណើរប្រាស្រ័យទាក់ទងដ៏វែងអន្លាយនេះកើតឡើង (Happen) លឿនជាងផ្លេកបន្ទោរទៅទៀត ។ គឺមានរយៈពេលត្រឹមតែមួយខណៈចិត្តតែប៉ុណ្ណោះ ។ ដូច្នេះ ដើម្បីអាចអប់រំគ្រុបគ្រងចិត្តបាន យើងគប្បីមានចំណេះនិងបញ្ញាផ្ទុកនៅក្នុងខួរក្បាលរបស់យើង ។ ចំណេះដឹងនិងបញ្ញាខ្លះ មិនចាំបាច់ទៅរៀនអំពីសាលាឬក៏គ្រូបាអាចារ្យណាទេ ។ វាស្ថិតនៅក្នុងបរិយាការ (Environment) ជុំវិញខ្លួនយើងស្រាប់ហើយ ។ គោលការណ៍តែមួយគត់សម្រាប់ស្រូបយកចំណេះដឹងនិងបញ្ញាទាំងនោះ គឺយល់អំពីដំណើរប្រាស្រ័យទាក់ទងរវាងរូបរបស់យើងនិងពិភពខាងក្រៅ ។ បន្ទាប់ពីយល់អំពីដំណើរនេះ យើងគប្បីហ្វឹកហាត់ចិត្តរបស់យើងឲ្យរុញពត៌មាននានាដែលទទួលបានតាមរយៈវិថីវិញ្ញាណទៅដល់ខួរក្បាលនិងភវង្គវិញ្ញាណសិនមុននឹងសាងកម្មឬធ្វើសកម្មភាព ។ ផ្អែកលើបទពិសោធផ្ទាល់ខ្លួនរបស់ខ្ញុំ កម្មទាំងឡាយណាដែលខ្ញុំសាងដោយឆ្លងកាត់ការត្រិះរិះពិចារណា(គិត)ល្អិតល្អន់ ចិត្តរបស់ខ្ញុំមិនសូវជាញាប់ញ័រឬក៏ឈឺចាប់ប៉ុន្មានទេនៅពេលផលដែលកើតចេញពីកម្មនោះទទួលបានជោគជ័យឬបរាជ័យ ។ គន្លឺះនៃការថែទាំសុខភាពផ្លូវចិត្ត គឺស្ថិតនៅត្រង់ទំហំនៃការញាប់ញ័រនិងឈឺចាប់នេះឯង ។ បើវាមានតិចឬក៏គ្មានសោះ បានសេចក្តីថាចិត្តយើងនឹងនហើយមានសុខភាពល្អជាទីបំផុត ។
មុននឹងបញ្ចប់ ខ្ញុំសូមនិយាយអំពីតួនាទីរបស់បេះដូងបន្តិច ។ ផ្អែកលើការវែកញែកខាងលើ បេះដូងហាក់ដូចជាគ្មានបានការអ្វីទេក្រៅតែអំពីនាំទុក្ខមកឲ្យរូប ។ តាមពិត បេះដូងមានតួនាទីនិងសារសំខាន់ជាងខួរក្បាលកាត់ថ្លៃមិនបានឡើយ ។ តួនាទីដ៏សំខាន់របស់បេះដូងគឺរក្សាការពាររូបនិងខួរក្បាល ។ នៅក្នុងភាសាអង់គ្លេស គេហៅតួនាទីនេះថា៖ Fight or Flight (តតាំង ឬ រត់គេច) ។ ឧទាហរណ៍៖ យើងកំពុងដើរលើភ្លឺស្រែស្រាប់តែមានពស់មួយលូនចេញពីគុម្ពស្មៅនៅក្បែរចុងជើងយើង ។ ប្រតិកម្មភ្លាមៗគឺយើងលោតចេញឲ្យឆ្ងាយពីពស់នោះសិន មុននឹងស្វែងយល់ថាតើពស់នោះមានពិសឬគ្មានពិស ហើយវាលូនគេចអំពីយើងឬក៏បម្រុងចឹកសម្លាប់យើង ។ ខណៈដែលយើងគេចចេញពីគ្រោះថ្នាក់យថាហេតុនេះ ដៃជើងយើងត្រជាក់ហើយចង្វាក់បេះដូងក៏លោតញាប់ដែរដើម្បីបញ្ជូនឈាមទៅឲ្យសារពាង្គកាយជាពិសេសខួរក្បាល ។ បន្ទាប់មក ខួរក្បាលផ្ទៀងផ្ទាត់រូបភាពពស់ជាមួយនឹងទិន្នន័យ (ចំណេះដឹងនិងបញ្ញា) ដែលផ្ទុកនៅទីនោះ រួចហើយសម្រេចថាតើត្រូវធ្វើដូចម្តេចបន្តទៅទៀត ។ ការលោតគេចអំពីសត្វពស់ មិនពាក់ព័ន្ធជាមួយខួរក្បាលទេ ។ បេះដូងជាអ្នកទទួលខុសត្រូវនិងគ្រុបគ្រងស្ថានការណ៍ រួចហើយទើបផ្តល់តួនាទីឲ្យខួរក្បាលជាអ្នកចាត់ការបន្ត ។ នេះហើយជាសារសំខាន់របស់បេះដូង ។ បើនៅរង់ចាំឲ្យខួរក្បាលផ្ទៀងផ្ទាត់ថាតើពស់នោះអាចនាំទុក្ខដល់រូបឬអត់ យើងអាចត្រូវពស់ចឹកស្លាប់បាត់ទៅហើយ ។ ហើយពូជពង្សមនុស្សក៏មិនអាចមានរូបរាងនៅលើភពផែនដីនេះដែរ ៕
Wednesday, October 28, 2020
ចំណីខួរក្បាល
កម្មដែលគ្មានកម្ម (Action Without Action)
កាលពី២៩ឆ្នាំមុន គឺនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ អ្នកនយោបាយខ្មែរជាច្រើនក្រុមបក្សបានផ្អាកការវាយប្រហារគ្នា ហើយនាំគ្នាទៅចុះកិច្ចសន្យាបញ្ចប់ជម្លោះនៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីកសាងប្រទេសកម្ពុជាឡើងវិញ ។ គេហៅកិច្ចសន្យានោះថា៖ សន្ធិសញ្ញាសន្តិភាពក្រុងប៉ារីស ឬ Paris Peace Accord ដែលមានអង្គការសហប្រជាជាតិនិងប្រទេសចំនួន ១៩ ជាសាក្សី ។ អំឡុងពេលនោះ ខ្ញុំកំពុងសិក្សានៅសាកលវិទ្យាល័យមួយនៅសហរដ្ឋអាមេរិក ។ ឯមិត្តភក្តិខ្ញុំចំនួនពីរនាក់ក៏កំពុងតែសិក្សានៅក្រៅប្រទេសដែរ ម្នាក់នៅស្រុកបារាំងនិងម្នាក់ទៀតនៅអតីតសហភាពសូវៀត ។ នៅក្នុងលិខិតឆ្លើយឆ្លងគ្នារបស់ពួកយើង ខ្ញុំនិងមិត្តខ្ញុំបានគិតគ្នាថានឹងខិតខំរៀនយកចំនេះដឹងពីប្រទេសជឿនលឿនដើម្បីវិលត្រឡប់ទៅជួយកសាងប្រទេសខ្មែរនិងគេនិងឯង ត្បិតវាជាឱកាសដ៏ល្អមួយសម្រាប់ពួកយើង ។
បន្ទាប់ពីសន្ធិសញ្ញាក្រុងប៉ារីសត្រូវបានគេចុះផ្សាយជាសាធារណៈ ខ្ញុំមើលឃើញនូវចំណុចមួយដែលតម្រូវឲ្យរដ្ឋាភិបាលខ្មែរនៅថ្ងៃអនាគតរៀបចំ គ្រុបគ្រង និងដឹកនាំរដ្ឋតាមលទ្ធិប្រជាធិបតេយ្យ ។ ប្រការនេះបានញ៉ាំងឲ្យខ្ញុំបន្ថែមមុខវិជ្ជាមួយទៀតនៅក្នុងការសិក្សាគឺ វិទ្យាសាស្ត្រនយោបាយ ត្បិតខ្ញុំយល់ថាខ្ញុំកំពុងតែសិក្សានៅក្នុងប្រទេសគំរូមួយដែលយកលទ្ធិប្រជាធិបតេយ្យមកអនុវត្តិបានជោគជ័យដ៏ត្រចះត្រចង់អស់រយៈពេលជាង២០០ឆ្នាំមកហើយ ។ ការសិក្សាវិទ្យាសាស្ត្រនយោបាយនៅក្នុងភាសាមួយដែលខ្ញុំចេះមិនសូវស្ទាត់ មិនមែនជាការងាយឡើយ ។ ប៉ុន្តែ អំណាចនៃឆន្ទៈនិងមនសិការបានជម្រុញទឹកចិត្តរបស់ខ្ញុំឲ្យខំប្រឹងប្រែងដោយឥតរួញរា ។ ខ្ញុំសិក្សាអំពីទម្រង់រដ្ឋបាលនិងរដ្ឋាភិបាលអាមេរិកាំងដោយយកចិត្តទុកដាក់ជាទីបំផុត ។ ទស្សនៈផងទាំងពួងដែលពាក់ព័ន្ធនឹងរដ្ឋាភិបាលនិងនយោបាយ ចាប់ពីសូក្រាតរហូតដល់មហាត្ម័កគន្ធី គឺខ្ញុំព្យាយាមស្រាវជ្រាវសិក្សាមិនឲ្យខ្វះចន្លោះឡើយ ។ ដោយហេតុតែខ្ញុំធ្លាប់រស់នៅក្នុងរបបខ្មែរក្រហម ដែលជាលទ្ធិផ្តាច់ការដ៏បរិសុទ្ធមួយ បទពិសោធដ៏ជូរចត់នោះបានញ៉ាំងឲ្យខ្ញុំខិតខំស្វែងយល់រឹតតែខ្លាំងឡើង ថាតើមានគោលគំនិតអ្វីខ្លះដែលអាចទប់ស្កាត់កុំឲ្យរបបផ្តាច់ការចាប់បដិសន្ធិកើត ។ ទីប្រឹក្សាសិក្សារបស់ខ្ញុំបានណែនាំឲ្យខ្ញុំសិក្សាមុខវិជ្ជាមួយក្រោមប្រធានបទ មនោគមវិជ្ជានយោបាយ ។ វាជាការសិក្សាប្រៀបធៀបរវាងរបបគ្រុបគ្រងផ្សេងៗនៅក្នុងពិភពលោក ។ ខ្ញុំខំប្រឹងអស់សមត្ថភាពនៅក្នុងការសិក្សាមុខវិជ្ជានោះ រហូតទទួលបានពិន្ទុខ្ពស់ជាងគេបំផុតនៅក្នុងកាប្រឡងដំណាច់ឆមាស ។ ខ្ញុំនៅចាំរហូតដល់សព្វថ្ងៃអំពីសំណួរនៅក្នុងការប្រឡងនោះ ។ គេដាក់ឲ្យយើងបរិយាយថាតើ មូលដ្ឋានគ្រឹះនៃសេរីនិយមបរិសុទ្ធមានអ្វីខ្លះ? (What constitutes the foundation of Classical Liberalism?) ខ្ញុំមិនចាំចម្លើយលម្អិតទេ ប៉ុន្តែនៅចាំគោលការណ៍ទាំងបីដែលខ្ញុំលើកយកមកពណ៌នាប្រហែលជាមួយទំព័រកន្លះ ។ លទ្ធិប្រជាធិបតេយ្យដែលមានសេរីនិយមបរិសុទ្ធជាមូលដ្ឋានគឺត្រូវមានគ្រឹះបីដែលភាសាអង់គ្លេសហៅថា៖ 1) Political Core; 2) Economic Core; and 3) Social Core ។ គ្រឹះទាំងបីនេះប្រៀបដូចជាមុំចង្ក្រាន មិនអាចខ្វះមួយបានឡើយ ។ ១) គ្រឹះនយោបាយសំដៅដល់ តុល្យភាពនៃអំណាចដែលមាននិតិបញ្ញតិ និតិប្រតិបត្តិ និង តុលាការ ជាមូលដ្ឋាន ។ ២) គ្រឹះសេដ្ឋកិច្ចសំដៅដល់ ទីផ្សារសេរីដែលមានសមភាពនៃការប្រកួតប្រជែង (Level Playing Field) និងច្បាប់ប្រឆាំងការស៊ុំគ្រលំរកសុី (Antitrust Law) ព្រមទាំងច្បាប់ការពារក្ស័យធន (Bankcrupcy Law) សម្រាប់គាំពារស្ថាបនិកសហគ្រាស ។ ៣) គ្រឹះសង្គម សំដៅទៅលើការអភិវឌ្ឃន៍និងបែងចែកធនធានរដ្ឋដល់ពលរដ្ឋទាំងអស់ប្រកបដោយសមធម៌និងយុត្តិធម៌ ។ គួរកត់សម្គាល់ថាសមធម៌ ខុសអំពីសមភាព ត្បិតការបែងចែកធនធានរដ្ឋនេះមិនផ្អែកលើភាពស្មើគ្នាទេ គឺផ្អែកលើភូមិសាស្ត្រ សង្គមសាស្ត្រ និងកត្តាពាក់ព័ន្ធនានាដែលធ្វើឲ្យសហគមនីមួយៗមានតម្រូវការខុសគ្នា ។
អំឡុងពេលសិក្សាដែលមានរបៀបវារៈជាក់លាក់នោះ ខ្ញុំបានតាមដានព្រឹត្តិការណ៍និងការវិវឌ្ឃន៍នយោបាយនៅក្នុងស្រុកខ្មែរជាប្រចាំ ត្បិតខ្ញុំគិតថាមុននឹងខ្ញុំចូលទៅជ្រោមជ្រែងកិច្ចការកសាងជាតិខ្មែរឡើងវិញនោះ ខ្ញុំគប្បីយល់អំពីស្ថានភាពជាក់ស្តែងឲ្យបានប្រាកដប្រជា ។ បន្ទាប់ពីសង្កេតស្ថានភាពនយោបាយនៅស្រុកខ្មែរយ៉ាងយកចិត្តទុកដាក់អស់រយៈពេលជាច្រើនឆ្នាំ នៅដើមឆ្នាំ១៩៩៧ ខ្ញុំបានធ្វើការសម្រេចចិត្តដាច់ណាត់មួយថា មិនវិលត្រឡប់ទៅចូលរួមជួយកសាងប្រទេសខ្មែរនៅក្នុងស្ថានភាពនយោបាយដែលមិនផ្តោតលើសុខមាលភាពជាតិនិងពលរដ្ឋនោះឡើយ ។ វាជាការសម្រេចចិត្តមួយដែលសូម្បីតែខ្ញុំខ្លួនឯងក៏ទាស់ចិត្តដែរ ត្បិតអី បន្ទាប់ពីចំណាយពេលជាច្រើនឆ្នាំស្វែងរកចំណេះដឹងដើម្បីបំពេញករណីយកិច្ចមួយ ខ្ញុំបែរជាមិនអាចយកចំណេះដឹងទាំងនោះទៅប្រើប្រាស់ ។ វាប្រៀបបាននឹងគ្រូពេទ្យដែលយល់ពីវិធីព្យាបាលមនុស្ស តែមិនអាចព្យាបាល ។
មានកត្តាជាច្រើនដែលជម្រុញឲ្យខ្ញុំលះបង់ គោលបំណងមកជួយកសាងកម្ពុជា ។ កត្តាធំបំផុតគឺអំពើពុករលួយជាប្រព័ន្ធ ។ គ្រួសារនិយម បក្សពួកនិយម និង ប្រព័ន្ធគ្រុបគ្រងលម្អៀងទៅរកយសស័ក្តិនិយម (Oligarchy) ជាកត្តាបន្តបន្ទាប់ ។ ពាក្យពុករលួយនៅទីនេះមិនសំដៅត្រឹមតែការសូកប៉ាន់លុយកាក់នោះទេ ។ ការបាត់បង់ម្ចាស់ការលើសតិសម្បជញ្ញៈក៏ចាត់ទុកថាជាភាវៈពុករលួយដែរ ។ គឺការបាត់បង់ម្ចាស់ការលើសតិសម្បញ្ញៈនេះហើយ ដែលជម្រុញឲ្យខ្ញុំលះបង់គោលគំនិតរបស់ខ្លួន ។ នៅក្នុងសង្គមមនុស្ស មានឥទ្ធិពលមួយដែលភាសាអង់គ្លេសហៅថា Socialization (សង្គមវូបនីយកម្ម) ។ ទោះបីជាយើងមានឆន្ចៈរឹងបុឹងយ៉ាងណាក៏ដោយ ក៏ឥទ្ធិពលសង្គមអាចជ្រួតជ្រាបចូលមកក្នុងផ្នត់គំនិតនិងទង្វើរបស់យើងបានដោយមិនដឹងខ្លួន ។
ខ្ញុំបានលើកយកសំណួរជាច្រើនមកសួរខ្លួនឯង នៅពេលដែលខ្ញុំសម្រេចចិត្តមិនដើរតាមគោលដៅដែលខ្ញុំបានគ្រោងសម្រាប់ជីវិត ។ ពាក្យមួយឃ្លាដែលប្រធានាធិបតីអាមេរិកាំងលោក ប៊ៀល ក្លីនតុន ធ្លាប់បានលើកយកមកនិយាយគឺថា៖ កុំយកភាពឥតខ្ចោះមកធ្វើជាសត្រូវជាមួយនឹងអ្វីដែលល្អ (Don't let perfection be the enemy of the good.) ។ ពាក្យនេះ បានរុកកួនសតិសម្បជញ្ញៈរបស់ខ្ញុំយ៉ាងខ្លាំង ។ ភាពឥតខ្ចោះនិងល្អ តើគួរជ្រើសយកប្រការណា? ដើម្បីថ្លឹងថ្លែងរកចម្លើយដ៏សមស្របមួយ ខ្ញុំលើកយកទ្រឹស្តីបាបបុណ្យ ឬកុសលកម្មនិងអកុលសកម្មរបស់ព្រះពុទ្ធមកពិចារណា ។ តាមការយល់ឃើញរបស់ខ្ញុំ បាបនិងបុណ្យប្រៀបដូចជាទឹកនិងប្រេង ។ វាមិនអាចរលាយចូលគ្នាទេ ។ ហើយយើងក៏មិនអាចសាងបុណ្យក្នុងបាប ឬក៏សាងបុណ្យបន្សាបបាបបានដែរ ។ វាប្រៀបដូចជាយកមួកនិងខោអាវក្រោះសម្រាប់មុជចុះទៅបាតសមុទ្រមកពាក់ ហើយលោតចូលទៅក្នុងធុងអាចម៍ ។ មួកនិងអាវក្រោះអាចការពារខ្លួនយើងឲ្យនៅស្អាតស្អំក៏ពិតមែន ក៏ប៉ុន្តែ អាចម៍ដែលប្រឡាក់ជាប់នៅលើមួកនិងអាវក្រោះដែលគ្របនៅលើខ្លួនយើងនោះ វាមិនផ្លាស់ប្តូរសភាវៈរបស់វាទេ ។
ខ្ញុំដឹងថា ការលះបង់គោលការណ៍ជីវិតរបស់ខ្ញុំ មិនមានហេតុផលសមរម្យទេនៅក្នុងគំនិតមនុស្សមួយចំនួន ។ ប្រសិនបើឪពុកខ្ញុំនៅរស់ គាត់ច្បាស់ជាដៀលខ្ញុំថា៖ "អាកូនឥតកំណើត ។ ទៅរៀនបំបង់តែបាយ" ។ ម្តាយខ្ញុំប្រហែលជាស្តីឲ្យខ្ញុំថា៖ "អាកូនមិនច្រឡំនិងគេ!" ។ អ្នកដទៃក៏ប្រហែលជាមានមតិជាច្រើនផ្សេងទៀត ។ ទោះជាយ៉ាងណាក៏ដោយ គោលគំនិតស្នូលដែលផ្តល់ឋាមពលសព្វបែបយ៉ាងសម្រាប់ជួយជម្រុញឆន្ទៈរបស់ខ្ញុំឲ្យរុលរួចផុតពីសម្ពាធនៃឧត្តមគតិផងទាំងពួង គឺរឿងនិទានដ៏សាមញ្ញមួយដែលខ្ញុំដាក់ភ្ជាប់ជាមួយនឹងអត្ថបទនេះ ។ រឿងនោះមានចំណងជើងថា៖ តាចាស់និងសត្វស្វា ។ សម្រាប់អ្នកដែលមិនសូវជ្រះថ្លាជាមួយនឹងរឿងនិទានអក្សរសីល្ប៍កុមារ ខ្ញុំសូមអនុញាតពន្យល់បន្តិចថា៖ តួអង្គតាចាស់ តំណាងឲ្យរបបផ្តាច់ការនិងអំពើកេញប្រវ័ញ្ចពុករលួយ ។ តួអង្គសត្វស្វា តំណាងឲ្យសភាវទ្រទ្រង់របបផ្តាច់ការនិងអំពើពុករលួយ ។ និយាយឲ្យចំគឺមន្ត្រីរាជការដែលបម្រើការងារឲ្យរបបផ្តាច់ការនៅក្នុងប្រព័ន្ធដ៏ពុករលួយមួយ ។ នៅពេលសត្វស្វាភ្ញាក់រឮកមើលឃើញសច្ចភាព យុត្តិធម៌ធម្មជាតិដ៏បរិសុទ្ធមួយក៏បានបង្ហាញខ្លួនដែរ ។ នេះហើយជាហេតុផលនៅពីក្រោយ "កម្មដែលគ្មានកម្ម" របស់ខ្ញុំ ៕
Subscribe to:
Posts (Atom)
ចំណីខួរក្បាល
កិច្ចព្រមព្រៀង កិច្ចព្រមព្រៀង គឺជាពាក្យមួយ ដែលមានអត្ថន័យ ទូលំទូលាយ ។ ហើយវាក៏ជាពាក្យមួយ ដែលបង្កឲ្យមានគ្រោះមហន្តារាយ មកលើមនុស្សជាតិ ជាច្រើនដ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង សត្វលានិងរូបចម្លាក់ បុរសម្នាក់បានផ្ទុករូបចម្លាក់ព្រះពុទ្ធបដិមាករ ដែលធ្វើអំពីឈើមួយអង្គ នៅលើខ្នងលា ដើម្បីដឹកយកទៅដាក់នៅក្នុងព្រះវិហារ ។ ...


