Sunday, September 27, 2020
ចំណីខួរក្បាល
វីរនារីនៅពីក្រោយ គង់ ហ៊ាន
ថ្ងៃមួយ ប្អូនស្រីជីដូនមួយខ្ញុំនិងខ្ញុំពិភាក្សាគ្នាអំពីបញ្ហានានានៅក្នុងជីវិត ។ នាងមានឪពុកមិនសូវចំណាប់ប៉ុន្មានទេ ។ រឿងនេះក្រៅអំពីម្តាយនាង គ្មានអ្នកណាដឹងឡើយ ។ សូម្បីតែកូនៗទាំងអស់ក៏តែងគិតថា ជោគជ័យរបស់ពួកគេនៅក្នុងការសិក្សាក្តី នៅក្នុងការទទួលបានសុភមង្គលនៅក្នុងជីវិតក្តី គឺបានមកដោយសារការដឹកនាំប្រកបដោយបញ្ញាញាណរបស់ឪពុកនាង ។ ប្រការនេះ ហាក់ដូចជាមិនពិបាកស្វែងយល់ឡើយ ត្បិតតាំងតែពីដើមរៀងមកអ្វីៗសព្វបែបយ៉ាងនៅក្នុងការអភិវឌ្ឍន៍គ្រួសារគឺឪពុកនាងជាអ្នកសម្រេចស្ទើរតែទាំងអស់ ។
នៅក្នុងការជជែកគ្នារបស់ពួកយើង ប្អូនជីដូនមួយខ្ញុំបានលើកយកចំណុចដែលនាងមិនចង់និយាយមួយមកឲ្យខ្ញុំជួយត្រិះរិះពិចារណា ។ នាងសង្កេតឃើញនិងមានអារម្មណ៍ថា ឪពុកនាងហាក់ដូចជាមនុស្សគ្មានសមត្ថភាពដូចក្នុងរូបភាពដែលគ្រួសារបានលើកតម្កើងតាំងតែពីដើមរៀងមកនោះទេ ។ ចំណុចនេះបានធ្វើឲ្យនាងតប់ប្រមល់ទល់ពុទ្ធោយ៉ាងខ្លាំង ។ នាងមានអារម្មណ៍ហាក់ដូចជាកូនអកត្តញ្ញូដែលមើលមិនយល់នូវសមត្ថភាពនិងគុណសម្បត្តិរបស់ឪពុក ។ វាជារឿងមួយដែលមនុស្សពាក់ព័ន្ធចាំបាច់ត្រូវតែជញ្ជត់ព្រលឹងដើម្បីស្វែងយល់ ។
កាលសិក្សាចិត្តវិទ្យានៅសាកលវិទ្យាល័យ ខ្ញុំធ្លាប់ជួបរឿងមួយដែលគេហៅថាវិបត្តិ កូនប្រុសស្រឡាញ់ម្តាយឯង (Oedepus Complex) ។ វាជាអព្ភូតហេតុមួយដែលកើតមានមកលើមនុស្សគ្រប់រូប ហើយក៏មិនសូវមាននរណាយល់ដឹងអំពីវាច្បាស់លាស់ទេ ។ វាកើតមកជាមួយនឹងជីវិតមនុស្ស ហើយក៏វិវត្តិទៅជាមួយនឹងជីវិតមនុស្សដែរ ។ នៅក្នុងករណីប្អូនជីដូនមួយខ្ញុំ ខ្ញុំបានលើកយកកត្តាមួយដែលស្រដៀងគ្នានឹងអព្ភូតហេតុកូនស្រឡាញ់ម្តាយឯងមកពន្យល់ប្រាប់នាង ។ មនុស្សទាំងអស់ដែលកើតមកលើលោកយើងនេះ(លើកលែងតែព្រះពុទ្ធ) គឺមានពិការភាពគ្រប់ៗគ្នាដែលយើងអាចហៅថា៖ ពិការញាណ (Intellectual Disability) ។ នៅក្នុងភាសាអង់គ្លេស គេហៅភាពពិការញាណនេះថា៖ ADHD (Attention Deficit and Hyperactivity Disorder) and Autism ។ ADHD និង Autism ជាភាពពិការញាណពីរផ្សេងគ្នាប៉ុន្តែវាក៏មានចំណុចត្រួតសុីគ្នាខ្លះៗ (Overlap) ។ ADHD ជាពិការភាពដែលមនុស្សទូទៅពិបាកនឹងមើលយល់ត្បិតវាផ្សារភ្ជាប់ជាមួយនឹងអត្តចរិតរបស់មនុស្ស (Human Personality) ។ ឯ Autism អាចមានសញ្ញាណខ្លះដែលយើងអាចមើលយល់តាមរយៈទឹកមុខ (Abnormal facial expession) និងសម្តីសំដៅ ។ ឧទាហរណ៍សាមញ្ញមួយគឺការសួរស៊ន (ដឹងហើយក៏នៅតែសួរនូវសំណួរដដែលៗ) ។ គួរបញ្ជាក់ថាភាពពិការញាណមានកម្រឹតពីទាបទៅខ្ពស់ ។ ហើយអ្នកដែលពិការញាណនៅក្នុងរង្វង់ Autism ក៏អាចមានសមត្ថភាពធ្វើឬក៏យល់អំពីអ្វីមួយខ្ពស់ហួសពីមនុស្សដទៃ ។ ទោះជាយ៉ាងណាក៏ដោយ ពិការញាណញាំញីជីវិតមនុស្សក្នុងផ្លូវអវិជ្ជមានច្រើនជាងវិជ្ជមាន ។ ខ្ញុំប្រាប់ប្អូនជីដូនមួយខ្ញុំថា ឪពុកនាងអាចជាមនុស្សពិការញាណនៅក្នុងកម្រិតមួយដែលមានតែម្តាយនាងប៉ុណ្ណោះដែលដឹងការពិត ។
នៅក្នុងសង្គមគ្រួសារ ជាពិសេសការវាយតម្លៃអំពីតួនាទីនិងគុណតម្លៃរបស់ប្តីឬប្រពន្ធ យើងគប្បីលើកយកកត្តាក្រោយឆាកមកពិចារណាផងដែរ ។ ខ្មែរមានសុភាសិតមួយដែលនិយាយថា៖ "សំណាបយោងដី ស្រីយោងប្រុស" ។ ខ្ញុំសូមមិនបកស្រាយសុភាសិតនេះទេ គ្រាន់តែចង់ពិចារណាថា តើ "ស្រីយោងប្រុស" នោះ គឺយោងដោយរបៀបណា? គ្មាននរណាយល់អំពីភាពពិការញាណរបស់បុគ្គលច្បាស់លាស់ជាងប្តីឬប្រពន្ធរបស់បុគ្គលនោះឡើយ ។ សំណួរតែមួយគត់ដែលយើងត្រូវសួរគឺថា៖ តើវាមានប្រយោជន៍ទេ ក្នុងការលាតត្រដាងចំណុចខ្សោយ(ភាពពិការញាណ)របស់ស្វាមីឬភរិយាប្រាប់អ្នកដទៃ? ចម្លើយតែមួយគត់គឺ៖ វាគ្មានប្រយោជន៍ទេ ។ មានតែប្តីនិងប្រពន្ធពីរនាក់គត់ដែលអាចយឹតយោងគ្នាទៅដល់ត្រើយនាយ ។
ដើម្បីស្វែងរកពន្លឺខ្លះៗមកបំភ្លឺប្អូនជីដូនមួយខ្ញុំ ខ្ញុំបានសួរនាងថាតើនាងធ្លាប់បានគួចគិតអំពីកត្តាដែលថាឪពុកនាងគ្រាន់តែជាឡប់ឡែនៅពីមុខការសម្រេចចិត្តនានានៅក្នុងគ្រួសារដែរទេ? នាងឆ្លើយថា មិនធ្លាប់គិតទេព្រោះគ្មានអ្វីត្រូវសង្ស័យអំពីសមត្ថភាពពុកឡើយ ។ ខ្ញុំប្រាប់នាងថា នៅក្នុងរង្វង់គ្រួសារខ្ញុំ ម្តាយខ្ញុំជាអ្នកជ្រោងទង់គ្រួសារថ្វីត្បិតកិច្ចការជាច្រើនដែលគាត់ធ្វើហាក់ដូចជាគ្មានអ្វីធំដុំគួរឲ្យកត់សម្គាល់ក៏ដោយ ។ តាំងតែពីតូចក្រូចឆ្មារមក បងប្អូនខ្ញុំទៅរៀនគឺត្រូវបានលើកទឹកចិត្តដោយម្តាយខ្ញុំទាំងអស់ ។ រៀងរាល់ថ្ងៃ ម្តាយខ្ញុំគឺជាអ្នកចែកលុយនិងចាត់ចែងរៀបចំឲ្យយើងស្លៀកពាក់ទៅរៀន ។ ឪពុកខ្ញុំកម្រនឹងធ្វើកិច្ចការនេះណាស់ ។ នេះគ្រាន់តែជាឧទាហរណ៍កំបុិកកំប៉ុកមួយប៉ុណ្ណោះ ។ កិច្ចការធំដុំផ្សេងទៀត អាចជាការចាត់ចែងរបស់ម្តាយខ្ញុំដែរ គ្រាន់តែនៅក្នុងទំនៀមទម្លាប់ខ្មែរយើង គេច្រើនឲ្យប្តីជាអ្នកនាំមុខ (Take leadership role) ។ ជាលទ្ធផល កិត្តិយស (Credits) ផងទាំងពួងគឺប្តីជាអ្នកទទួលបាន ។ ប្អូនជីដូនមួយខ្ញុំតវាថា ប្រការនេះខ្ញុំមិនអាចទទួលយកបានទេ ត្បិតឪពុកខ្ញុំជាអ្នកសម្រេចឲ្យពួកយើងរៀនយកមុខជំនាញនានាប្រកបដោយជោគជ័យ គឺផ្អែកលើការយល់ឃើញរបស់គាត់ ។ ម្តាយខ្ញុំគ្រាន់តែជាអ្នកគាំទ្រគំនិតឪពុកខ្ញុំប៉ុណ្ណោះ ។ ខ្ញុំសួរប្អូនជីដូនមួយខ្ញុំថា អ្វីដែលឯងអះអាងថាជាគំនិតរបស់ឪពុកឯងនោះ តើមាននរណាធ្វើជាសាក្សីទេ? អត់ទេ! វាគ្រាន់តែជាជំនឿដែលផ្អែកលើការមើលឃើញនូវសំបកខាងក្រៅរបស់ឯងប៉ុណ្ណោះ ។ ខ្ញុំសួរនាងបន្តទៀតថា តើឯងធ្លាប់អានរឿង គង់ហ៊ាន ទេ? នាងឆ្លើយថា ធ្លាប់ ។ គង់ហ៊ាន បានទទួលជោគជ័យរហូតដល់បានធ្វើជាមន្ត្រីរាជការគឺដោយសារប្រពន្ធគាត់ជាអ្នកជួយបិទបាំងអសមត្ថភាពរបស់គាត់ ។ បើប្រពន្ធគង់ហ៊ានជាអ្នកនៅពីក្រោយភាពអស្ចារ្យនៃសមត្ថភាពរបស់គង់ហ៊ាន ហេតុអ្វីក៏ឯងមិនអាច ឬក៏មិនហ៊ានគិតសូម្បីតែបន្តិចអំពីតួនាទីរបស់ម្តាយឯង? តើម្តាយឯងមិនអាចដើរតួជាប្រពន្ធគង់ហ៊ានបានទេឬ? ហាក់ដូចជាមានអ្វីមកដាស់សតិនាងឲ្យគិត ប្អូនជីដូនមួយខ្ញុំអង្គុយធ្វើមុខស្មើ ។ ឃើញដូច្នោះ ខ្ញុំដាក់ឲ្យនាងមួយផ្លែទៀត ។ ឯងជាស្រី ម្តាយឯងក៏ជាស្រី ហេតុអ្វីក៏ឯងមើលមិនឃើញសមត្ថភាពរបស់មនុស្សស្រី? (សម្គាល់៖ ដាក់មួយផ្លែមិនមែននិយាយផ្លែផ្កាទេ ។ ស្មេរនិយាយក្នុងន័យ បន្ថែមហេតុផលសង្កត់ន័យដើម្បីឲ្យគូសន្ទនារន្ធត់តក់ស្លុតដោយមិនចង់ឃើញអ្វីដែលខ្លួនកំពុងពិចារណាក្លាយទៅជាការពិត) ។ បន្ទាប់ពីឮពាក្យចុងក្រោយនេះ ទឹកមុខប្អូនជីដូនមួយខ្ញុំប្រែស្លេកបន្តិច ។ នាងអង្គុយសញ្ជប់សញ្ជឹងហាក់ដូចជាព្យាយាមជញ្ជត់ព្រលឹងនាងឲ្យមកជួយជម្នះ(Trying to overcome)ឧបសគ្គអ្វីមួយដែលកំពុងរារាំងការគិតពិចារណារបស់នាងកុំឲ្យធ្វើដំណើរទៅមុខរួច ៕
(ឧទិសជូនស្ត្រីទាំងឡាយដែលបានធ្វើពលីកម្មបូជាសព្វបែបយ៉ាងដើម្បីកិត្តិយសនិងកេរ្ត៍ឈ្មោះរបស់ស្វាមី)
Monday, August 31, 2020
ចំណីខួរក្បាល
តើប្រពន្ធខ្ញុំមិនយល់ចិត្តប្តី ឬក៏ខ្ញុំល្ងង់?
កន្លងទៅថ្មីៗនេះ ខ្ញុំបានអានសំណេរបឋមនៃជីវប្រវត្តិរបស់អ្នកគ្រូ ប៉ែន សេដ្ឋារិន ហើយកត់សម្គាល់ចំណុចមួយដែលគាត់ទាស់នឹងស្វាមីគាត់ ។ គាត់ថាប្តីគាត់ចេញពីធ្វើការមិនទៀងម៉ោង ។ ជួនកាលប្តីគាត់មកដល់ផ្ទះនៅម៉ោង៦ ម៉ោង៧ ឬម៉ោង ៨ល្ងាច ។ ដូច្នេះ ដើម្បីជៀសវាងកុំឲ្យស្វាមីទទួលទានម្ហូបដែលចម្អិនទុកយូរ គាត់គ្រាន់តែហាន់សាច់ ចិតបន្លែ និងរៀបចំគ្រឿងគ្រៅចាំទាល់តែប្តីមកដល់ផ្ទះទើបចាប់ផ្តើមដាំស្លរ ។ គាត់ថាប្តីគាត់មិនរីករាយនឹងម្ហូបចម្អិនថ្មីៗទេ បែរជាស្តីឲ្យគាត់ថាមិនព្រមចម្អិនម្ហូបទុកឲ្យហើយរង់ចាំទាល់តែមនុស្សមកដល់ផ្ទះទើបចាប់ផ្តើមធ្វើ ។ ដោយក្តៅក្រហាយនឹងប្តីគាត់មើលមិនឃើញចេតនាល្អរបស់គាត់ អ្នកគ្រូ សេដ្ឋារិន តបទៅប្តីគាត់វិញថា៖ "ក្លាយជាខ្មោចពីកាលណា បានជាចូលចិត្តសុីម្ហូបសែន!" ។ យប់នោះ ពួកគាត់ដេកបែរខ្នងដាក់គ្នាដោយគ្មាននិយាយស្តីអ្វីឡើយ ។
ខ្ញុំគិតថាអ្នកគ្រូ សេដ្ឋរិន ប្រហែលជាធ្វើកិច្ចការផ្គាប់ចិត្តប្តីគាត់ខុសបច្ចេកទេស ។ ប្រសិនបើគាត់ធ្វើកិច្ចការនោះតាមបែបបទវិទ្យាសាស្ត្រ ប្តីគាត់ប្រហែលជាមិនឃ្នើសចិត្តទេ ។ ដោយហេតុតែខ្ញុំត្រូវបានអង្គភាពផ្អាកការងារក្នុងអគារស្ថាប័នរហូតដល់ដើមឆ្នាំក្រោយ ខ្ញុំមិនសូវមានការងារធ្វើនៅផ្ទះច្រើនទេ ។ ដូច្នេះ តួនាទីរបស់ខ្ញុំភាគច្រើនគឺមើលថែកូននិងចម្អិនអាហាររង់ចាំប្រពន្ធខ្ញុំវិលមកពីការិយាល័យវិញ ។ ប្រពន្ធខ្ញុំចេញពីធ្វើការងារមិនសូវទៀងម៉ោងដែរ ។ ជួនកាលគាត់ចេញមកផ្ទះនៅម៉ោង ៥ ។ ពេលខ្លះគាត់ចេញនៅម៉ោង ៦ល្ងាច ។ ខ្ញុំសង្កេតឃើញថា ប្រពន្ធខ្ញុំមកដល់ផ្ទះផ្លាស់ប្តូរសម្លៀកបំពាក់រួចចូលងូតទឹកដោយប្រើថេរវេលាប្រមាណជា ១៥នាទី ។ ឯឆ្នាំងបាយរបស់ខ្ញុំវាប្រើថេរវេលាប្រមាណជា ១៥នាទីដែរដើម្បីចម្អិនបាយ ។ ដូច្នេះ បើខ្ញុំរកវិធីធ្វើម្ហូបណាដែលអាចចម្អិនក្នុងរយៈពេល ១៥នាទី ខ្ញុំនឹងអាចរៀបចំម្ហូបក្តៅៗឲ្យភរិយាខ្ញុំទទួលទានបានយ៉ាងឆ្ងាញ់មាត់ ។
បន្ទាប់ពីរៀបគម្រោងរួច ខ្ញុំចាប់ផ្តើមបណ្តុះសណ្តែកដោយខ្លួនឯងដែលប្រើថេរវេលា ៥ថ្ងៃ ។ នៅពេលសណ្តែកបណ្តុះហុចផល ខ្ញុំរើសសម្អាតវាដាក់ទុកយ៉ាងល្អ រួចហើយចុះទៅទិញតៅហ៊ូបំពងនិងផ្កាគូឆាយពីផ្សារយួនដ៏ល្បីល្បាញមួយដើម្បីយកមកឆារសណ្តែកបណ្តុះផ្គាប់ចិត្តប្រពន្ធខ្ញុំ ។ ដើម្បីធានាឱជារសម្ហូបឲ្យខ្ពស់កប់អាកាស ខ្ញុំឈៀងចូលទៅទិញបង្គាស្រស់បង្កកនាំចូលពីប្រទេសឥណ្ឌាចំនួន ១គីឡូក្រាមថែមទៀត ។ ល្ងាចនោះ ខ្ញុំរៀបចំបង្គា តៅហ៊ូ បន្លែបង្កា និងវាល់អំបិល ស្ករ ទឹកសុីអុីវ ព្រមទាំងគ្រឿងទេសនានាបម្រុងទុករួចស្រេច ទើបចុះបើកបរឡានទៅដឹកប្រពន្ធខ្ញុំពីការិយាល័យនៅឯដោនថោន (កណ្តាលទីក្រុង) ។ មកដល់ផ្ទះភ្លាម ខ្ញុំប្រាប់ភរិយាឲ្យចូលទៅប្តូរសម្លៀកបំពាក់ហើយងូតទឹកសិនទៅ ចាំខ្ញុំចូលទៅដាំបាយនិងរៀបចំស្លរស្លុក ។
"ស្អី! អត់ទាន់ដាំបាយទេ?" ប្រពន្ធខ្ញុំឧទានព្រមទាំងគ្រវាត់កាបូបទៅលើសូហ្វា (កៅអីវែង) ។
"ឯងចូលងូតទឹកសិនទៅ ។ ទម្រាំងូតហើយ បាយនិងម្ហូបក៏ឆ្អិនដែរ" ខ្ញុំនិយាយទៅកាន់ប្រពន្ធខ្ញុំ ។
ប្រពន្ធខ្ញុំចូលទៅក្នុងបន្ទប់គេងដើម្បីផ្លាស់ប្តូរសម្លៀកបំពាក់ដោយស្ងៀមស្ងាត់ រួចហើយចេញមកអង្គុយនៅតុបាយដោយមានទឹកមុខក្រញូវ ។
"ដាំបាយឆ្នាំងភ្លើងសោះ គ្រាន់តែដោតវាចោលទៅវាទាស់ខុសអី" ប្រពន្ធខ្ញុំស្រែកគំហកឲ្យខ្ញុំ ។
"ឯងអើយ! អាណិតទៅងូតទឹកសិនទៅឲ្យវាស្រឡះខ្លួន ។ ហើយហូបបាយក៏វាឆ្ងាញ់ដែរបន្ទាប់ពីងូតទឹករួច" ខ្ញុំដាស់តឿនប្រពន្ធខ្ញុំ ។
"កំពុងតែម៉ោរដូវ អាណាគេទៅមុជទឹកនោះ!" ប្រពន្ធខ្ញុំលាំងខ្ញុំមួយម៉ាត់ទៀត ។
"បើអញ្ចឹង ឯងទ្រាំបន្តិចទៅ ។ ប្រហែលជាជាង១០នាទីទៀត ម្ហូបម្ហាឆ្អិនហើយ" ខ្ញុំនិយាយលួងលោម ។
"ឯងមិនដឹងទេហ្អី ថាមនុស្សស្រីពេលណាឃ្លានខ្លាំងវាញ័រខ្លួន" ប្រពន្ធខ្ញុំនិយាយបញ្ចប់ដោយក្តីមួហ្មង រួចហើយគាត់ចាប់តេឡេកម្មង់ (Remote) បើកទូរទស្សមើល ។
ចង្រៃវាយក៍! នេះបានចំជាស៊យត្រួតលើស៊យមែន ។ ខ្ញុំចូលទៅក្នុងផ្ទះបាយដុតដៃដុតជើងចម្អិនម្ហូបទាំងតក់ក្រហល់ ។ សម្លេងចេកៗ ចេញពីឆ្នាំងបាយបញ្ជាក់ថាបាយឆ្អិនហើយ ។ ខ្ញុំជ្រោយបាយដួសដោះដាក់ចានលើកមកបរិភោគជុំគ្នាដោយរញីរញ័រ ។ ល្ងាចនោះ យើងទទួលទានអាហារក្នុងភាពសោះកក្រោះ ។ នៅក្នុងខួរក្បាលរបស់ពួកយើង គ្មាននរណាម្នាក់គិតអំពីរសជាតិនៃម្ហូបដែលទើបចម្អិនក្តៅៗឡើយ ។ ខ្ញុំមានអារម្មណ៍ថា បំពង់កខ្ញុំហាក់ដូចជាស្ងួត ហើយបាយម្ហូបក្តៅៗនោះលេបទៅរាងអួលៗម្តេចមិនដឹងទេ ។ រឿងមិនដាំបាយទុកចោលនេះ ប្រពន្ធខ្ញុំបានយកទៅខ្សិបដាក់ត្រចៀកញាតិមិត្តជិតដិតនឹងយើងថែមទៀត ដើម្បីឲ្យគាត់ជួយទូន្មានខ្ញុំថា វាមានសារសំខាន់ខ្លាំងណាស់ ។
ថ្វីត្បិតតែជួបនឹងបរាជ័យគួរឲ្យក្តៅក្រហាយក៏ពិតមែន ខ្ញុំសម្រេចមិនបោះបង់ចោលគំនិតបាយក្តៅសម្លរក្តៅនេះនៅឡើយទេ ។ អ្នកគ្រូ សេដ្ឋារិន បានស្បថថាគាត់ឈប់អំពល់ទុក្ខនឹងរឿងធ្វើម្ហូបក្តៅៗទុកឲ្យប្តីគាត់ពិសារទៀតហើយ ។ ចំណែកខ្ញុំ ខ្ញុំនៅមានសង្ឃឹមថា ថ្ងៃណាមួយខ្ញុំនឹងអាចផ្លុំហេតុផលចូលក្នុងត្រចៀកភរិយាខ្ញុំបាន ៕
រីករាយថ្ងៃសម្រាកចុងសប្តាហ៍!!!
Saturday, August 29, 2020
ចំណីខួរក្បាល
ប្រវត្តិសាស្ត្រច្រំដែល (A History Repeats Itself)
ខ្ញុំធ្លាប់បានបកប្រែពង្សាវតាខ្មែរ ពីភាសាខ្មែរទៅអង់គ្លេស ដើម្បីប្រមូលឯលសារនានាពាក់ព័ន្ធនឹងការសោយរាជនិងគ្រប់គ្រងប្រទេសខ្មែរតាំងពីបុរាណកាលមក ដាក់នៅក្នុងសៀវភៅមួយសម្រាប់អ្នកសិក្សាស្រាវជ្រាវប្រើប្រាស់ ។ រយៈពេល៤ឆ្នាំក្នុងការធ្វើកិច្ចការនោះ ខ្ញុំបានអានសៀវភៅនិងឯកសារជាភាសាខ្មែរនិងអង់គ្លេសដែលពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រខ្មែរ ស្ទើរតែគ្មានចន្លោះមួយក្បាលឡើយ ។ ខ្ញុំបានកត់សម្គាល់ថា ប្រវត្តិសាស្ត្រខ្មែរ ជាពិសេសចាប់តាំងពីសតវត្សទី១៥មក គឺជាប្រវត្តិសាស្ត្រច្រំដែល ។ អ្វីដែលជារឿងសង្វេគនិងឈឺចាប់បំផុតសម្រាប់ខ្ញុំ គឺគ្មាននរណាមួយត្រូវបានគេចាត់ទុកថា ជាអ្នកប្រព្រឹត្តិកំហុសនៅក្នុងប្រវត្តិសាស្ត្រឡើយ ។ ថាអ្នកប្រព្រឹត្តិកំហុសចុះ មានការខ្មាសអៀនក្នុងការទទួលស្គាល់កំហុសរបស់ខ្លួន សូម្បីតែកូនចៅរបស់បុគ្គលដែលធ្វើឲ្យប្រទេសជាតិរងគ្រោះអន្តរាយនោះ ក៏គ្មានសេចក្តីក្លាហាននឹងទទួលស្គាល់ថា ដូនតាខ្លួនបានគិតនិងប្រព្រឹត្តិខុសដែរ ។ ជាលទ្ធផល យើងដើរជាន់ដាននិងចូលក្នុងគន្លងប្រវត្តិសាស្ត្រច្រំដែលៗ គ្មានទីបញ្ចប់ ។ ក្នុងនាមជាស្មេរ ខ្ញុំគ្មានចេតនានឹងរិះគន់បុគ្គលណាឡើយ អំពីអង្គហេតុនានាដែលធ្វើឲ្យប្រទេសខ្មែររិចរិលរួញរួបស្ទើរតែវិនាសអន្តរាយ ។ ខ្ញុំគ្រាន់តែចង់លាតត្រដាងនូវទឡ្ហីករណ៍ខ្លះៗដែលជាចំណុចរៀនសូត្រអំពីប្រត្តិសាស្ត្រច្រំដែលរបស់ខ្មែរ ។
នៅក្នុងរជកាលក្សត្រី អង្គមុី (១៨៣៤-១៨៤១) យួននិងសៀមបានយកទឹកដីខ្មែរធ្វើជាទីលានប្រកួតឥទ្ធិពលដើម្បីទទួលបានសិទ្ធិត្រួតក្បាលខ្មែរផ្តាច់មុខ ។ កាលពីដើមមិញ ខ្មែរជាអ្នកចាត់ចែងផ្តល់ជោគជាតាឲ្យយួននិងសៀម ។ ប៉ុន្តែ បន្ទាប់ពីមេដឹកនាំខ្មែរហែកហួរគ្នាអស់ជាច្រើនរយឆ្នាំ យួននិងសៀមទទួលបានឱកាសដ៏ងាយស្រួលមួយនៅគ្រានោះ ដើម្បីចាត់ចែងជោគវាសនារបស់ប្រទេសខ្មែរ ។ បើកុំតែពលរដ្ឋខ្មែរភ្ញាក់រលឹកត្រដរខ្យល់លោតកញ្ជ្រោលតស៊ូដើម្បីរក្សាជីវិតក៏ដូចជារក្សាអត្តសញ្ញាណរបស់ខ្លួន កុំអីប្រវត្តិសាស្ត្រខ្មែរត្រូវបានបញ្ចប់ត្រឹមទសវត្សឆ្នាំ ១៨៤០នោះទៅហើយ ។ គ្មានអ្វីសម្រាប់សរសេរបន្ត ហើយក៏គ្មានស្មេរខ្ញុំនេះដែរ ។
បច្ចុប្បន្ន ប្រវត្តិសាស្ត្រខ្មែរហាក់ដូចជាកំពុងដើរនៅលើផ្លូវច្រំដែលទៀតហើយ ។ ម្តងនេះ មិនមែនយួននិងសៀមទេ គឺយួននិងចិន ។ នៅក្នុងនាមអភិវឌ្ឃប្រទេសជាតិ មេដឹកនាំខ្មែរបានសម្រេចធ្វើសម្បទានជាច្រើនដើម្បីអនុញាតិឲ្យយួននិងចិនចូលមករកសុីនៅក្នុងស្រុកខ្មែរ ។ គួរកត់សម្គាល់ថា ពាក្យ "រកសុី" គឺគេចូលមករក យកទៅសុីដោយខ្លួនគេ មិនមែន "រក" យកមកឲ្យយើង(ពលរដ្ឋខ្មែរ) "សុី" នោះទេ ។ ការចំណាយដើមទុននិងសារប្រយោជន៍កំបុិកកំប៉ុកទាំងប៉ុន្មានដែលពលរដ្ឋខ្មែរទទួលបាន គឺគ្រាន់តែជាមធ្យោបាយ សម្រាប់ឈោងចាប់យកប្រយោជន៍ធំតែប៉ុណ្ណោះ ។
ផ្អែកលើពត៌មានសាធារណៈ យួនទទួលបានសិទ្ធិសម្បទានរកសុីភាគច្រើននៅក្នុងភូមិភាគឥសាន្តនិងបូពានៃប្រទេសកម្ពុជា ។ ចំនែកចិនគាត់ទទួលបាននៅផ្នែកខាងត្បូងនិងនិរតី (កំពង់សោម កោះកុង) នៃប្រទេសកម្ពុជា ។ កាលពីសតវត្សទី ១៧ និង ១៨ ខ្មែរក៏ធ្លាប់បានធ្វើសម្បទានស្រដៀងគ្នានេះម្តងជាពីរដងដែរ ។ នៅឆ្នាំ ១៦២៣ ស្តេចជ័យជេដ្ឋាទី ២ បានធ្វើសម្បទានឲ្យយួនចូលមកបោះទុនរកសុីនៅម្តុំព្រៃនគរ ។ ប្រមាណជា១០០ឆ្នាំក្រោយមក ស្តេចឧទ័យរាជា ឬ អង្គតន់ បានអនុញាតិឲ្យយួនចូលមករស់នៅរកសុីនៅម្តុំខេត្ត ព្រាះត្រពាំង ហើយឲ្យចិនឈ្មោះ ម៉ាក់តុង ដែលជាឪពុកធម៌ទ្រង់តាំងទីរកសុីនៅតំបន់ខេត្ត ហាទៀង និង កំពត ។ យួននិងចិនឈ្លោះគ្នាមិនស្វាងនៅគ្រានោះ ។ ទីបំផុត ដីខ្មែរចាប់ពីព្រះត្រពាំងដល់ហាទៀងក៏វិនាសអស់ទៅ ។
ក្រឡេកមើលមកទិដ្ឋភាពស្រុកខ្មែរនាគ្រាបច្ចុប្បន្នវិញម្តង ។ យួននិងចិនក៏កំពុងតែឈ្លោះគ្នាដែរ ។ ហើយជម្លោះនេះគឺស្ថិតនៅក្នុងប្រទេសខ្មែរ មិនមែននៅក្នុងប្រទេសរបស់ពួកគេទេ ។ កូនចៅរបស់ "កុងម៉ៅ" បានចោទកូនចៅរបស់ "អ៊ំហូ" ថា មិនដែលមានដែនដីដែលជាកោះនានានៅក្នុងសមុទ្រចិនភាគខាងត្បូងនោះទេ ។ កោះទាំងប៉ុន្មានដែលកូនចៅអ៊ំហូអះអាងថាជារបស់ពួកគេ គឺជាកម្មសិទ្ធិរបស់ប្រទេសដទៃដែលពួកគេរុករានទន្ទ្រានប្លន់យកមក ។ ផ្អែកលើទិសដៅនៃជម្លោះនេះ សមរភូមិប្រយុទ្ធរវាងយួននិងចិន គឺមិនស្ថិតនៅក្នុងសមុទ្ទចិនភាគខាងត្បូងទេ ។ វាស្ថិតនៅក្នុងស្រុកខ្មែរទាំងស្រុង ។ សុភាសិតខ្មែរមួយពោលថា៖ ដំរីជល់គ្នា ងាប់ស្រមោច ។
ខ្ញុំមិនមែនជាអ្នកនយោបាយខ្មែរទេ ហើយក៏មិនមែនជាពលរដ្ឋខ្មែរដែលរស់នៅក្នុងស្រុកខ្មែរដែរ ។ បើគិតអំពីកាតព្វកិច្ចនិងតួនាទី ខ្ញុំហាក់ដូចជាគ្មានអ្វីដែលត្រូវគិតគូរខ្វល់ខ្វាយអំពីការបាត់បង់ទឹកដីខ្មែរឡើយ ។ ក៏ប៉ុន្តែ ក្នុងនាមជាអតីតពលរដ្ឋខ្មែរម្នាក់ ដែលកើតនៅក្នុង ភូមិជីរោទ៍ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ខ្ញុំនៅមានបសាទចិត្តដល់ស្រុកខ្ញុំ ។ សព្វថ្ងៃ ភូមិកំណើតខ្ញុំត្រូវបានទឹកទន្លេមេគង្គហូរច្រោះបាក់វិនាសអន្តរាយបាត់អស់ទៅហើយ ។ អ្វីដែលនៅសេសសល់គឺស្រុកកំណើតខ្ញុំ ។ ចេញពីជម្រៅទឹកចិត្តស្រឡាញ់ដ៏បរិសុទ្ធរបស់ខ្ញុំ ខ្ញុំពិតជាមិនចង់ឃើញស្រុកកំណើតខ្ញុំបាត់បង់ថែមទៀតទេ ព្រោះវាជារបស់តែមួយគត់ដែលនៅសល់ក្នុងមនោសញ្ចេតនាខ្ញុំ ៕
Wednesday, August 19, 2020
ចំណីខួរក្បាល
អម្រែកជីវិត (Burdens in Life)
មានរូបមានទុក្ខ ។ មានជីវិតមានទុក្ខ ។ មានទំនាស់មានទុក្ខ ។ ទំនាស់ក៏ជាបុព្វហេតុបណ្តាលឲ្យមនុស្សមានទុក្ខដែរ ប៉ុន្តែមានមនុស្សតិចតួចណាស់ដែលព្យាយាមស្វែងយល់អំពីទំនាស់
ជាពិសេសទំនាស់នៅក្នុងដំណើរជីវិត ។
ដំណើរជីវិតរបស់មនុស្សគ្រប់រូបគឺចាប់ផ្តើមនៅពេលដែលយើងបានប្រសូត្រចេញអំពីផ្ទៃម្តាយ ។ នៅក្នុងអត្ថបទនេះ ខ្ញុំសូមលើកយកដំណើរជីវិតចាប់ពីពេលដែលមនុស្សពីរនាក់ភពប្រសព្វនឹងគ្នាជាប្តីប្រពន្ធមកធ្វើជាការចាប់ផ្តើមនៃដំណើរជីវិត ។ ជីវិតប្តីប្រពន្ធគឺមានទំនាស់ច្រើន ប្រហាក់ប្រហែលគ្នានឹងក្តីស្រឡាញ់ដែរ ។ នៅពេលយើងចាប់ដៃគ្នាជាប្តីប្រពន្ធ យើងបង្កើតបានសហព័ន្ធមួយដែលភាសាអង់គ្លេសហៅថា Dyadic Relationship ឬទំនាក់ទំនងទ្វេភាគី ។ ជាធម្មតាទេ មនុស្សពីរនាក់ដែលមានប្រភពចេញមកពីគ្រួសារពីរផ្សេងគ្នារមែងមានរបៀបរបបរស់នៅខុសគ្នា ។ ដូច្នេះ ទំនាស់របៀបរបប Clash of Personality នឹងលេចចេញមកស្ទើរតែអស់មួយជីវិត ។ នៅក្នុងទំនាស់ទ្វេភាគីនេះ ប្តីប្រពន្ធជាទូទៅស្វែងរកដំណោះស្រាយដោយផ្អែកលើការយោគយល់និងសម្របសម្រួលចិត្ត ឬរៀនរស់ជាមួយនឹងអ្វីដែលឃ្នើស ។ ការរៀនរស់ជាមួយនឹងអ្វីដែលឃ្នើសនេះ គឺប្រៀបបាននឹងពុនសម្ពាយមួយនៅលើខ្នង (ប្រពន្ធពុនប្តី ប្តីពុនប្រពន្ធ) ។ គួរកត់សម្គាល់ថា ឱសថទិពដែលអាចព្យាបាលជំងឺគ្រប់ប្រភេទដែលកើតចេញអំពីទំនាស់ប្តីប្រពន្ធគឺការរួមភេទ ។ មិនថាទំនាស់នោះធំប៉ុនណាទេ ការរួមភេទតែងផ្តល់ឱកាសឲ្យប្តីប្រពន្ធរំងាប់ចិត្តហើយរកឃើញមធ្យោបាយអនុគ្រោះឬលើកលែងទោសកំហុសឲ្យគ្នាទៅវិញទៅមកដោយមិនចាំបាច់និយាយស្តីអ្វីឡើយ ។ ដំណោះស្រាយទំនាស់ដោយមិនចាំបាច់និយាយស្តីនេះ ជាទូទៅតែងនាំមកនូវកំណើនសមាជិកគ្រួសារ (មានកូន) ។ នៅពេលករណីនេះកើតឡើង សម្ព័ន្ធរបស់ប្តីប្រពន្ធបានប្រែក្លាយពីទ្វេភាគីទៅជាត្រីភាគីដែលភាសាអង់គ្លេសហៅថា Triadic Relationship ។ ទំនាក់ទំនងត្រីភាគីតម្រូវឲ្យប្តីប្រពន្ធប្តូរយុទ្ធសាស្ត្រពី "ពុន" បន្ទុកនៅលើខ្នងទៅរែកវិញម្តង ។ អម្រែកនេះគឺមាន ប្តីម្ខាងកូនម្ខាង ។ ឯប្តីក៏ត្រូវរែកបន្ទុកដូចគ្នាដែរ ។ សម្រាប់មនុស្សស្រី អម្រែកប្តីនិងកូនមិនចប់ត្រឹមហ្នឹងទេ ។ ប្រសិនបើគាត់មានកូនបន្តទៅទៀត គាត់នឹងបន្ថែមបន្ទុកនៅក្នុងផ្នែកម្ខាងនៅចុងដងរែកហើយបន្តរំកិលដងរែកនៅលើស្មារបស់គាត់ដើម្បីរក្សាតុល្យភាពក៏ដូចជារកចំណុចមួយដែលគាត់អាចកាត់បន្ថយសម្ពាធ (Stress) ។ និយាយមកដល់ត្រង់នេះ ខ្ញុំនឹកទៅដល់ម្តាយខ្ញុំដែលមានកូន ៦នាក់ ។ រៀងរាល់យប់ម្តាយខ្ញុំតែងចងមុងមួយយ៉ាងធំដើម្បីទទួលទានដំណេកជុំគ្នា ។ ឪពុកខ្ញុំសម្រាន្តនៅខាងស្តាំដៃម្តាយខ្ញុំ ។ ឯនៅខាងឆ្វេងដៃ ម្តាយខ្ញុំដាក់កូនៗឲ្យដេកតម្រៀបគ្នារមៀលក្រូច ។ កូនតូចបំផុតដេកនៅក្បែរគាត់បន្តដោយកូនដែលមានអាយុច្រើនជាងគ្នាបន្តិចម្តងៗ ។ នេះគ្រាន់តែជាអម្រែកអត្ថានុរូបប៉ុណ្ណោះ ។ អ្វីដែលខ្ញុំចង់និយាយនៅក្នុងអត្ថបទនេះគឺអម្រែកអត្ថប្បដិរូប ឬអម្រែកផ្លូវចិត្តដែលយើងមើលមិនឃើញហើយក៏មិនសូវមានមនុស្សយកមកត្រិះរិះពិចារណាផងទេ ។
អម្រែកផ្លូវកាយនិងអម្រែកផ្លូវចិត្ត (Physical and Mental Burdens) មានលំនាំប្រហាក់ប្រហែលគ្នា ។ ឯការកាត់បន្ថយទម្ងន់ដើម្បីសម្រាលបន្ទុក (Stress) មកលើជីវិតយើងនោះក៏គ្មានអ្វីគួរឲ្យលំបាកដែរ ។ កាលពីយុវវ័យ ខ្ញុំធ្លាប់រែកបន្លែ មានត្រឡាចនិងល្ពៅជាដើម យកទៅដាក់នៅក្នុងទូកដដើម្បីឲ្យម្តាយខ្ញុំនាំយកទៅលក់ឯផ្សារ ។ អម្រែកណាដែលធ្ងន់ខ្លាំង ខ្ញុំដកផ្លែត្រឡាចឬល្ពៅចេញខ្លះដើម្បីសម្រាលបន្ទុក ។ ដូចគ្នាដែរ បន្ទុកផ្លូវចិត្តក៏អាចកាត់បន្ថយបានដោយគ្រាន់តែកាត់ផ្តាច់កត្តាពាក់ព័ន្ធខ្លះៗចេញអំពីជីវិត ។ ព្រះពុទ្ធបានទូន្មានថាកត្តាដែលនាំមកនូវបន្ទុក ឬទុក្ខ ដល់ជីវិតគឺ កិលេស ។ ក្នុងភាសាខ្មែរ នៅពេលយើងនិយាយអំពីកិលេស យើងរមែងភ្ជាប់ពាក្យ "កាម" នៅពីមុខគឺ កាមកិលេស ។ ដូច្នេះ កិលេសនៅទីនេះគឺសំដៅត្រឹមទំនាក់ទំនងក្នុងគ្រួសារ ។ ព្រះពុទ្ធក៏បានពន្យល់ដែរថា ការកាត់បន្ថយកិលេសគឺស្មើនឹងកាត់បន្ថយទុក្ខ ឬបន្ទុក ។
កិលេសឬការចង់មានចង់បានគឺសុទ្ធតែជាបន្ទុកនៅក្នុងអម្រែកជីវិត ។ កត្តាដ៏ធំបំផុតដែលនាំឲ្យអម្រែកជីវិតធ្ងន់ខ្លាំងគឺការព្យាយាមរស់ឲ្យ "ច្រឡំនឹងគេ" (រស់នៅក្នុងសភាវដូចគេដូចឯង) ។ បើនិយាយអំពីកត្តាសង្គម សម្ពាធដ៏ធំមួយដែលជម្រុញឲ្យយើងប្រឹងរស់ឲ្យដូចគេឯងគឺបងប្អូនបង្កើតរបស់យើងនេះឯង ។ យើងខ្លាចបំផុតគឺការនិន្ទាពីសំណាក់បងប្អូនបង្កើតរបស់យើងថាយើងនឹងជាមនុស្សអន់ មិនខ្មេះ ។ បន្ទាប់មកគឺមិត្តភក្តិនិងសង្គមខាងក្រៅ ។ យើងមិនសូវខ្វល់អំពីការរិះគន់របស់ម៉ែឪប៉ុន្មានទេ(លើកលែងតែម៉ែឪក្មេក)ត្បិតពួកគាត់តែងមានបសាទចិត្តនិងអាណិតដល់កូនដែលអន់ ទន់ខ្សោយ ។ ក្នុងនាមជាប្តីប្រពន្ធ ជំហានទីមួយក្នុងការកាត់បន្ថយអម្រែកផ្លូវចិត្ត គឺកាត់បន្ថយភាពជិតស្និទ្ធរវាងញាតិមិត្តនេះឯង ។ គួរកត់សម្គាល់ថា កាត់បន្ថយមិនមែនកាត់ផ្តាច់ទេ ។ នៅក្នុងភាសាអង់គ្លេសមានពាក្យមួយឃ្លាពោលថា៖ Keep it at an arm's length ឬ រក្សាចម្ងាយមួយបោះដៃផុត ។ បើយើងយករូបភាពនេះមកគិតគូរនៅក្នុងខួរក្បាល យើងឃើញថាចំណុចល្អសម្រាប់រក្សាភាតរភាពបងប្អូនគឺស្ថិតត្រឹមតែចុងដៃប៉ះគ្នាបានហើយ ។ តាមពិតទៅ នៅពេលយើងមានគូស្រករ ទំនាក់ទំនងបងប្អូនរួមផ្ទៃរបស់ពួកយើងបានឃ្លាតចេញពីគ្នាដោយស្វ័យប្រវត្តិរួចទៅហើយ ។ ដូច្នេះ អ្វីដែលជាចំណុចសេសសល់គឺថាតើយើងគួររក្សាភាពជិតស្និទ្ធនឹងគ្នាត្រឹមកម្រិតណា ។ នៅក្នុងច្បាប់មេដៃ (Rule of Thumb) រស់នៅកាន់តែកៀកកិត បន្ទុកនៅក្នុងអម្រែកជីវិតក៏រិតតែធ្ងន់ដែរ ។ កត្តាមួយទៀតគឺឪពុកម្តាយ ។ តើយើងគួររក្សាគម្លាតអំពីឪពុកម្តាយដូចម្តេចទៅ ដើម្បីកាត់បន្ថយបន្ទុកនៅក្នុងអម្រែកជីវិត ។ ព្រះពុទ្ធ ដូចជាមិនបានត្រួសត្រាយផ្លូវទុកឲ្យយើងដើរផងទេពាក់ព័ន្ធនឹងចំណុចនេះ ។ ដូច្នេះ អ្វីៗគឺអាស្រ័យលើការយល់ឃើញរបស់បុគ្គលនីមួយៗ ។ កាលម្តាយខ្ញុំនៅមានជីវិតនៅឡើយ បងប្អូនខ្ញុំដែលមានកូនតូចៗ តែងតែចង់បានម្តាយមករស់នៅជាមួយខ្លាំងណាស់ ។ ពួកយើងស្រឡាញ់គាត់សឹងតែលើសអំពីភរិយារបស់ពួកយើងទៅទៀត ។ ប៉ុន្តែ នៅពេលដែលកូនយើងមានអាយុ ១៣ឆ្នាំដែលអាចរស់នៅក្នុងផ្ទះដោយខ្លួនឯងមិនចាំបាច់មានអ្នកមើលថែទាំ យើងចាប់ផ្តើមលើកទឹកចិត្តម៉ែឲ្យទៅរស់នៅជាមួយកូនដទៃ ។ និយាយឲ្យខ្លី យើងរុញបន្ទុកនេះឲ្យគ្នាទៅវិញទៅមក ។ នេះមិនមែនមានន័យថា ពួកយើងជាមនុស្សមិនដឹងគុណម្តាយនោះទេ ។ យើងគ្រាន់តែអនុវត្តិនូវភាសិតខ្មែរដ៏ល្បីល្បាញមួយដែលពោលថា៖ "ម៉ែមួយចញ្ចឹមកូនមួយហ្វូងរស់ ឯកូនមួយហ្វូងចិញ្ចឹមម៉ែមួយបានដោយលំបាក" ។
ការកាត់បន្ថយបន្ទុកនៅក្នុងអម្រែកជីវិតដែលពាក់ព័ន្ធនឹងទំនាក់ទំនងនៅក្នុងគ្រួសារគឺជារឿងលំបាកសម្រាប់សង្គមខ្លះ ប៉ុន្តែ នៅក្នុងសង្គមអាមេរិកាំង គេហាក់ដូចជាគ្មានបញ្ហាធំដុំឡើយ ។ លំនៅដ្ឋានភាគច្រើននៅសហរដ្ឋមេរិកគេហៅថា៖ ផ្ទះសម្រាប់មួយគ្រួសារ (Single Family Home) ។ ផ្ទះប្រភេទនេះ គេរស់នៅតែមួយគ្រួសារប៉ុណ្ណោះ ។ គ្មានបងប្អូនកូនក្មួយឬជីដូនជីតារស់នៅជុំជាមួយទេ ។ ដូច្នេះ បន្ទុកនៅក្នុងអម្រែកជីវិតគឺមានត្រឹមតែតម្រូវការរបស់ប្តីប្រពន្ធនិងកូនៗតែប៉ុណ្ណោះ ។ បើប្តីប្រពន្ធនៅក្នុងគ្រួសារនេះ ចង់កាត់បន្ថយបន្ទុកនៅក្នុងអម្រែកជីវិតឲ្យធ្លាក់មកដល់ចំណុចអប្បបរមា គេអាចកែប្រែរបៀបរបបរស់នៅរបស់ពួកគេទៅតាមកាលៈទេសៈនៃដំណាក់កាលនីមួយៗនៅក្នុងជីវិត (Stages of life) ។ មិនដឹងជាពលរដ្ឋអាមេរិកាំងគេរកឃើញរូបមន្តរស់នៅដាច់ពីគ្នារបៀបនេះចាប់តាំងពីពេលណាមកទេ ។ ប៉ុន្តែ ខ្ញុំសង្កេតមើលទៅ វាហាក់ដូចជាមានផាសុខភាពម៉្យាងដែរ ។ នៅក្នុងផ្នត់គំនិតអាមេរិកាំង ទំនាក់ទំនងរវាងឪពុកម្តាយនិងកូនៗ ហាក់ដូចជាគ្មានគុណធម៌នៅក្នុងសមីការទេ ។ គេយកកាតព្វកិច្ចមកធ្វើជាគោល ។ ឪពុកម្តាយចិញ្ចឹមបីបាច់ថែរក្សាកូនគឺជាកាតព្វកិច្ច ។ ឯកូនមើលថែរក្សាឪពុកម្តាយនៅពេលពួកគាត់ចាស់ជរា វាក៏ជាកាតព្វកិច្ចដែរ ។ និយាយឲ្យខ្លី គេមិនយកគុណធម៌មកធ្វើជាត្រិយមុខទេ ។ គេយកផាសុខភាពជីវិតជាធំ ។ ឪពុកម្តាយដែលចាស់ជរា គេបញ្ជូនឲ្យទៅរស់នៅក្នុងមជ្ឈមណ្ឌលថែទាំមនុស្សចាស់ (Nursing Homes) ។ សម្រាប់អ្នកដែលមិនស្គាល់ Nursing Homes ទីនេះប្រៀបដូចជាអូតែល ។ មានមនុស្សបោសសម្អាតបន្ទប់ជាប្រចាំ ។ ម្ហូបចំណីមួយថ្ងៃបីពេលត្រូវបានគេរៀបចំបម្រើស្របទៅតាមតម្រូវការរបស់បុគ្គលម្នាក់ៗ ។ ក្រៅអំពីនេះក៏មានការប្រគុំតន្ត្រីកំដរខ្នាតតូចឬក៏ការធ្វើដំណើរកំសាន្តផងដែរអាស្រ័យលើសេវាកម្មរបស់មជ្ឈមណ្ឌលនីមួយៗ ។ នៅស្រុកខ្មែរ ខ្ញុំសង្កេតឃើញមានចរន្តកាត់បន្ថយអម្រែកជីវិតស្រដៀងគ្នានេះដែរ ។ នៅក្នុងវត្តជាច្រើន យើងឃើញមានការសាងសង់ខ្ទមសម្រាប់ចាស់ៗសំណាក់ធម៌ជាច្រើន ។ ការផ្តល់ឱកាសឲ្យចាស់ៗបានមករស់នៅសំណាក់ធម៌ក្នុងវត្តដូច្នេះ វាក៏ជាមធ្យោបាយដ៏ល្អមួយសម្រាប់កាត់បន្ថយបន្ទុកនៅក្នុងអម្រែកជីវិតដែរ ។ ឪពុកម្តាយបានរួចផុតអំពីចំណង "កូនមួយតៅ ចៅមួយថាំង" ។ ឯកូនៗក៏បានធូស្បើយអំពីបន្ទុក "សងគុណ" ដែលត្រូវតែតបស្នងមិនចេះចប់មិនចេះហើយនោះដែរ ៕
Tuesday, August 4, 2020
ចំណីខួរក្បាល
នព្វន្តសាស្ត្រ
ជំងឺអាសន្នរោគកូរ៉ូណា ឬកូវីដ ១៩ បានបង្ខំសាលារៀនជាច្រើននៅទូទាំងពិភពលោកឲ្យឈប់ដំណើរការមួយរយៈ ។ នៅក្នុងកាលៈទេសៈនេះ ឪពុកម្តាយជាច្រើនរាប់បញ្ចូលទាំងរូបខ្ញុំម្នាក់ដែរ ត្រូវបានបង្ខំចិត្តដើរតួនាទីជាគ្រូបង្រៀន ។ សំណាងល្អសម្រាប់អ្នកមានលទ្ធភាព យើងមានប្រព័ន្ធ អ៊ីនថឺណិត ជាជំនួយដើម្បីស្វែងរកមេរៀនផ្សេងៗដែលអង្គការនានាបង្កើតឡើងទុកឲ្យយើងយកមកប្រើប្រាស់ដោយឥតគិតថ្លៃ ។ ក្នុងចំណោមវ៉េបសាយ(Website)ជាច្រើន មានវ៉េបសាយមួយឈ្មោះ Khan Academy ដែលខ្ញុំគិតថាមានភាពជឿនលឿនជាងគេនៅក្នុងវិស័យអប់រំ ហើយសម្បូរបែបទៀតផង ។ លោក សាលម៉ាន ខាន់ (Salman Khan) ដែលជាស្ថាបនិកវ៉េបសាយនោះក៏ជាមនុស្សល្បីល្បាញមួយរូបនៅក្នុងពិភពលោកអប់រំផងដែរ ។ ខ្ញុំធ្លាប់ជួបនិងអង្គុយស្តាប់សន្តរកថារបស់គាត់ពីរដងនៅក្នុងបណ្ឌិតសភាជាតិនៃសហរដ្ឋអាមេរិក ។ លោក ខាន់ បានថ្លែងថា បេសកកម្មរបស់ Khan Academy គឺបង្កើតបន្ទប់រៀនមួយសម្រាប់ពិភពលោកទាំងមូល ។ ថ្វីត្បិតតែលោក ខាន់ មិនដឹងជាមុនថា ពិភពលោកនឹងជួបវិបត្តិអាសន្នរោគ កូរ៉ូណា អ្វីដែលគាត់បានបង្កើតឡើងគឺជាគុណប្រយោជន៍ដ៏ធំធេងមួយសម្រាប់ពិភពលោក ។
ផ្តល់កិត្តិយសជូនលោក ខាន់ ត្រឹមនេះចុះ សូមនិយាយអំពីអ្វីដែលខ្ញុំបានរៀនវិញម្តង ។ តាំងតែពីតូចក្រូចឆ្មារមក ខ្ញុំរៀនបូកលេខពីខ្ទង់រាយទៅខ្ទង់រយ គឺពីស្តាំទៅឆ្វេង ។ ប៉ុន្ត អ្វីដែលខ្ញុំរកឃើញនៅក្នុងការបង្រៀនតាមរយៈ អុីនថឺណិត នេះ គឺរបៀបបូកលេខពីខ្ទង់រយទៅខ្ទង់រាយ ឬពីឆ្វេងទៅស្តាំ ។ ថ្វីត្បិតតែការពន្យល់នៅក្នុងកម្មវិធី អនឡាញ នោះមិនបានបញ្ជាក់ពិស្តារក៏ដោយ ក៏ខ្ញុំយល់ថាវាជារបៀបបូកលេខម៉្យាងដែលមិនចាំបាច់មាន ត្រាទុក ហើយយើងអាចរកដំណោះស្រាយបានលឿនជាងរបៀបបូកលេខពីខ្ទង់រាយទៅខ្ទង់រយប្រមាណជាពីរដង ។ តាមការមើលឃើញរបស់ខ្ញុំ របៀបបូកលេខប្រភេទនេះ កម្រនឹងខុសណាស់ ។ ខ្ញុំនៅចាំបានថា កាលពីក្មេង កំហុសបូកលេខរបស់ខ្ញុំភាគច្រើនគឺភ្លេចយកលេខត្រាទុកទៅបូកបន្តនៅខ្ទង់បន្ទាប់ ។
នៅក្នុងការបង្រៀនកុមារបូកលេខពីខ្ទង់រយទៅខ្ទង់រាយ ដំបូងឡើយគឺយើងត្រូវដឹងថាលេខទាំងអស់ដែលយើងមានសម្រាប់ប្រើគឺមាន ១០ខ្ទង់ ដោយចាប់ផ្តើមពីលេខ៖ ០ ១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩ ។ សូមមេត្តាកត់សម្គាល់ចំណុចចាប់ផ្តើពីលេខ ០ ។ កាលខ្ញុំរៀនពីតូច យើងទម្លាប់សរសេរលេខ៖ (១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩ ១០) ។ នៅក្នុងការសរសេររាយលេខពី ០ ទៅ ៩ ហើយបន្តរហូតដល់ ៩៩ ជាតារាងបួនជ្រុងការ៉េ យើងសង្កេតឃើញថាលេខ ១០ ២០ ៣០ ៤០ គឺមានទម្រង់ ១ ២ ៣ ៤ ដែលមានលេខ ០ ជាប់ពីក្រោយ ។ ឯលេខ ១១ ១២ ១៣ ។ ២១ ២២ ២៣ ឬក៏ ៣១ ៣២ ៣៣ គឺមានទម្រង់ឬស្មើនឹង ១០+១ ១០+២ ១០+៣ ឬក៏ ២០+១ ២០+២ ២០+៣ (សូមមេត្តាមើលតារាងរូបភាព) ។ ដូច្នេះ លេខ ២១ ២២ ២៣ យើងក៏អាចសរសេរជា៖ ២០+១ ២០+២ ២០+៣ ផងដែរ (21=20+1 => 20+1=21) ។ សូមមេត្តាកត់ចំណាំថា 21=>20+1 ជាកត្តាសំខាន់បំផុតនិងជាមូដ្ឋានគ្រិះនៃវិធីបូកលេខពីខ្ទង់រយទៅខ្ទង់រាយ ។ នៅពេលយើងយល់អំពីគោលការណ៍នេះជាក់លាក់ អ្វីៗនឹងងាយស្រួលដូចបកចេក ។ ឧទាហរណ៍៖ 23 + 34 ។ យើងអាចសរសេរដំណោះស្រាយជា៖ 20+3 + 30+4 ។ បន្ទាប់ពីបំបែកដូច្នេះហើយ យើងយកខ្ទង់ដប់បូកនឹងខ្ទង់ដប់ រួចយកខ្ទង់រាយបូកជាមួយនឹងខ្ទង់រាយ ។ នៅក្នុងការបូកលេខ ០ ជាមួយនឹង ០ គឺបានលទ្ធផល ០ នៅក្នុងខ្ទង់សូន្យនោះដដែល ។ ដូច្នេះ យើងយកតែលេខ ២និង៣ ដែលជាក្បាលនៃខ្ទង់១០នោះមកបូកបញ្ចូលគ្នាទៅបានហើយ ។ ជាលទ្ធផល យើងបាន 50+7 => 57 ។ វិធីនេះយើងអាចធ្វើជាមួយនឹងលេខច្រើនខ្ទង់ក៏បានដែរ ។ ឧទាហរណ៍៖ 1234+567 => 1000+200+30+4 + 500+60+7 => 1000+700+90+11 => 1000+700+90+10+1 => 1000+700+100+1 => 1000+800+1 => 1800+1 = 1801 ។ គួរកត់សម្គាល់ថា នៅពេលយើងថ្នឹកនឹងវិធីបូកប្រភេទនេះ មិនចាំបាច់បំបែកឲ្យវែងឆ្ងាយហូរហែរតាប៉ែលតដូចដែលខ្ញុំធ្វើបទបង្ហាញនេះទេ យើងអាចបូកយកលទ្ធផលនៅដំណាក់កាលទីមួយក៏បានដែរ ។ ការបំបែកវែងឆ្ងាយដូច្នេះគឺដើម្បីឲ្យកុមារងាយយល់ ព្រមទាំងបង្កាកំហុស ។
វិធីនព្វន្តសាស្ត្របំបែកលេខនេះ ខ្ញុំបានសាកល្បងធ្វើជាមួយនឹងលេខដក (សង) និងលេខគុណផងដែរ ។ លទ្ធផលគឺអាចទៅរួចហើយមានភាពងាយស្រួលដូចគ្នា ។ ចំណែកលេខចែក ខ្ញុំមិនទាន់បានសាកល្បងស្វែងយល់ឲ្យបានល្អិតល្អន់នៅឡើយទេ ។ ខាងក្រោមនេះជាវិធីស្វែងរកលទ្ធផលលេខដក លេខគុណ និងលេខចែកដែលមានមេគុណរួម ។
ឧទាហរណ៍ ១៖ 34-23 => 30+4 - 20-3 => 10+1=11 ។ 55-36 => 50+5 - 30-6 => 20+5 -6 (នៅក្នុងករណីនេះ យើងសង្កេតឃើញថា ៥ជាតម្លៃលេខគឺតូចជាងលេខ៦ ។ ឬក៏យើងជំពាក់គេ៦រៀល យក៥រៀលទៅសងមិនគ្រប់ទេ ។ ដូច្នេះ ត្រូវដកលុយចេញពីខ្ទង់ដប់មកបូកបង្គ្រប់ជាមួយនឹងខ្ទង់រាយ) ។ => 10+15 -6 => 10+9=19 ។ គួរកត់សម្គាល់ថា នៅពេលយើងដកចំនួនចេញអំពីខ្ទង់ដប់ រយ ឬពាន់ គឺត្រូវទាញយករបៀបនេះ៖ ១០ ១០០ ឬ ១០០០ ។
ឧទាហរណ៍ ២៖ 25X25 => (20+5)X(20+5) ។ នៅពេលយើងមានលេខគុណជាទម្រង់(A+B)X(C+D)របៀបនេះ ជាគោលការណ៍គឺយើងត្រូវយក AxC+AxD+BxC+BxD (AC+AD+BC+BD) ។ ដូច្នេះ (20+5)X(20+5) => 400+100+100+25 => 600+20+5 => 620+5=625 ។ (សម្គាល់៖ ខ្ញុំបំបែក 25 ឲ្យទៅជា 20+5 ដើម្បីរក្សាទម្រង់មូលដ្ឋាន ។ មិនចាំបាច់ធ្វើដូច្នេះទេនៅពេលដែលយើងស្ទាត់) ។ គួរកត់សម្គាល់ដែរថា នៅពេលយើងគុណលេខដែលមានលេខ ០ (សូន្យ) នៅខាងចុង យើងគុណតែលេខនៅខាងមុខរួចរាប់ចំនួន ០ យកមកបន្ថែមនៅខាងចុងជាការស្រេច ។
ឧទាហរណ៍ ៣៖ លេខចែកដែលមានមេគុណរួម ។ 25/25 => (20+5)/(20+5) => 5(4+1)/5(4+1) ។ មេគុណ 5 ដែលយើងទាញចេញមកក្រៅរង្វង់ក្រចកនោះ យកមកចែកនឹង 5 គឺបាន 1 ។ ដូច្នេះ 1(4+1)/1(4+1) => (4+1)/(4+1) => 5/5=1 ។
ដូចដែលបានជម្រាបរួចមកហើយ ខ្ញុំមិនទាន់បានស្វែងយល់អំពីរបៀបធ្វើលេខចែកល្អិតល្អន់នៅឡើយទេ ។ ឯលេខ បូក ដក គុណ ក៏ខ្ញុំធ្វើតែលេខនៅក្នុងទម្រង់ងាយៗប៉ុណ្ណោះ ។ មិត្តអ្នកអានដែលពូកែគណិតសាស្ត្រ សូមមេត្តាជួយស្វែងរករបកគំហើញបន្ថែមផង ដើម្បីផ្តល់ជាសារប្រយោជន៍សាធារណៈ ។ ខ្ញុំមិនដឹងដែរទេថា របៀបធ្វើលេខនព្វន្តសាស្ត្រខាងលើនេះ ត្រូវបានគេអនុវត្តិរួចទៅហើយ ។ សង្ឃឹមថា នឹងបានទទួលបានពត៌មាននានាអំពីមិត្តអ្នកអានដែស្ថិតនៅក្នុងជួរអប់រំ ៕
Monday, July 20, 2020
ចំណីខួរក្បាល
សុភវិនិច្ឆ័យ (Common Sense)
ប៉ុន្មានថ្ងៃមុខ ខ្ញុំបានសរសេរថ្លែងសារនៅក្នុងរូបភាពដែលអ្នកគ្រូ ប៉ែន សេដ្ឋារិន ដាក់បង្ហោះនៅក្នុងហ្វេសប៊ុកស្តីអំពីពាក្យពេចន៍ពីរបីម៉ាត់ដែលគាត់ដកស្រង់ចេញពីសេចក្តីប្រកាសឯករាជ្យរបស់អាមេរិកាំង ។ គាត់បានស្នើឲ្យខ្ញុំសរសេរបន្ថែមឲ្យបានក្បោះក្បាយបន្តិច ។ ដោយហេតុតែខ្ញុំមិនមានពេលសរសេរឆ្លើយតបនៅគ្រានោះ ខ្ញុំសូមអនុគ្រោះឆ្លើយតបនៅក្នុងសំណេរនេះ ។ តាមពិតនៅក្នុងសាររបស់ខ្ញុំនោះ ខ្ញុំនិយាយអំពីលោក Thomas Jefferson and Thomas Paine ភ្ជាប់ជាមួយនឹងពាក្យ Inalienable rights, life, liberty and the pursuit of happiness. ខ្ញុំមិនដឹងថា តើអ្នកគ្រូ សេដ្ឋារិន ចង់ឲ្យខ្ញុំបកស្រាយអំពីលោក Thomas ទាំងពីរឬក៏ពាក្យ Inalienable rights ទេ ។ ដើម្បីជៀសវាងមន្ទិល ខ្ញុំសូមបកស្រាយប្រធានបទទាំងពីរដោយត្រួសៗចុះ ។
នៅក្នុងការសិក្សាប្រវត្តិតស៊ូដើម្បីឯករាជ្យរបស់សហរដ្ឋអាមេរិក គេសង្កេតឃើញលោក Thomas Jefferson មានកេរ្ត៍ឈ្មោះលេចធ្លោជាងគេ ដោយហេតុតែគាត់ជាអ្នកផ្តួចផ្តើមសរសេរសេចក្តីប្រកាសឯករាជ្យ (Draft of the Declaration of Independence) ។ ពាក្យដែលល្បីល្បាញបំផុតនៅក្នុងសេចក្តីប្រកាសឯករាជ្យនោះគឺ៖ All men (women) are created equal; that they are endowed by certain inalienable rights; among these are the rights to life, liberty, and the pursuit of happiness. (មនុស្សគ្រប់រូបមានសភាវស្មើគ្នា ព្រមទាំងមានសិទ្ធិដែលមិនអាចបំពានបាន ។ សិទ្ធិទាំងនេះមានជាអាទ៍៖ ការរក្សាជីវិត សេរីភាព និងការស្វែងរកសុភមង្គល) ។ ពាក្យប៉ុន្មានម៉ាត់នេះគឺជាឧត្តមគតិស្នូលដែលដាស់សតិពលរដ្ឋអាមេរិកាំងឲ្យរួបរួមគ្នាតស៊ូដើម្បីបុព្វហេតុជាតិ ។ វាក៏បានក្លាយទៅជាគំនិតសាកលសម្រាប់ពលរដ្ឋនានានៅក្នុងសកលលោកយកទៅធ្វើជាជ័យឃោស (Rallying Cry) ដើម្បីទាមទាររកសិទ្ធិសេរីភាពនិងឯករាជ្យភាពផងដែរ ។ ហូ ជីមីញ បានដកស្រង់ពាក្យទាំងនេះស្ទើរតែទាំងស្រុងទៅប្រកាសដាស់ស្មារតីពលរដ្ឋវៀតណាមឲ្យងើបតស៊ូទាមទារឯករាជ្យពីបារាំងនិងការបង្រួបបង្រួមជាតិ ។
នៅក្នុងភាសាអង់គ្លេស មានពាក្យមួយឃ្លាពោលថា៖ The pen is mightier than the sword (ស្លាបប៉ាកកាមានអំណាចជាងផ្លែដាវ) ។ តាមពិតស្លាបប៉ាកកាដែលដាស់ស្មារតីពលរដ្ឋអាមេរិកាំងឲ្យងើបបះបោរតស៊ូប្រឆាំងនឹងរបបផ្តាច់ការសក្តិភូមិដែលពួកគេហៅថា Tyranny នោះ មិនមែនជាថ្វីដៃរបស់ Thomas Jefferson ទាំងស្រុងទេ ។ វាក៏មានចំណែករបស់លោក Thomas Paine ផងដែរ ។ បើយើងយកស្នាដៃលោកទាំងពីរមកផ្គុំគ្នា វាឧប្បមាដូចជាលោក Thomas Paine ជាអ្នកធ្វើក្តារមឈូសដាក់ខ្មោចរបបផ្តាច់ការ ។ ឯលោក Thomas Jefferson ជាអ្នកយកដែកគោលចុងក្រោយទៅដំលើក្តារមឈូសនោះដើម្បីយកវាទៅកប់ចោល ។
មុនគាត់ធ្វើអន្តោប្រវេសន៍ទៅរស់នៅសហរដ្ឋអាមេរិកដែលកាលនោះជាទឹកដីអាណានិគមរបស់អង់គ្លេស លោក Thomas Paine (ផេន) បានសរសេរកូនសៀវភៅមួយ (Pamphlet) ដែលមានចំណងជើងថា Common Sense (សុភវិនិច្ឆ័យ) ។ កូនសៀវភៅនោះមិនអាចបោះពុម្ពនៅក្នុងប្រទេសអង់គ្លេសបានទេ ត្បិតវាអាចធ្វើឲ្យក្បាលលោក ផេន ធ្លាក់ចេញពីស្មា ។ ដូច្នេះ នៅពេលដែលគាត់ទៅដល់សហរដ្ឋអាមេរិកនៅឆ្នាំ១៧៧៤ គាត់បានទាក់ទងទៅលោក Benjamin Franklin ដើម្បីបោះពុម្ពកូនសៀវភៅនោះ ។ គួរបញ្ជាក់ថា អំឡុងពេលនោះ ពលរដ្ឋអាមេរិកាំងកំពុងតែក្តៅក្រហាយជាមួយនឹងអាជ្ញាធរអង់គ្លេសដែលប្រើអំណាចផ្តាច់ការគៀបសង្កត់ពួកគេឲ្យបង់ពន្ធដារដោយគ្មានពិគ្រោះយោបល់ជាមុន ។ នៅឆ្នាំ១៧៧២ អ្នកបដិវត្តមួយក្រុមដែលហៅខ្លួនឯងថា បុត្រាសេរីភាព (Sons of Liberty) បានចូលទៅរើទំនិញតែនៅក្នុងសំពៅមួយដែលចតនៅក្នុងកំពង់ផែរ Boston គ្រវាត់ចូលទៅក្នុងទឹកសមុទ្រដើម្បីទាមទារឲ្យចក្រភពអង់គ្លេសកែប្រែច្បាប់មួយចំនួន ។ ព្រឹត្តិការណ៍នោះមានឈ្មោះថា Boston Tea Party ។ ជាការឆ្លើយតប ចក្រភពអង់គ្លេសបានបញ្ជូនទាហានអាវក្រហមមួយចំនួនទៅទីក្រុង Boston ដើម្បីបង្រាបពួកបាតុករ ។ ការប៉ះទង្គិចគ្នាបានធ្វើឲ្យមនុស្សពីរបីនាក់ស្លាប់ដែលជាហេតុនាំឲ្យកំហឹងពលរដ្ឋអាមេរិករឹតតែឆាបឆេះថែមទៀត ។ គេហៅការប៉ះទង្គិចនោះថា Boston Massacre ។ ពួកអ្នកដឹកនាំអាមេរិកាំងបានកោះប្រជុំបន្ទាន់មួយដែលគេឲ្យឈ្មោះថា Continental Congress ដើម្បីឆ្លើយតបទៅនឹងការរុកគួនរបស់ចក្រភពអង់គ្លេស ។ ស្របពេលគ្នានោះ លោក Thomas Paine and Benjamin Franklin ក៏បានចេញផ្សាយកូនសៀវភៅ សុភវិនិច្ឆ័យ ផងដែរ ។ កូនសៀវភៅនោះបានក្លាយទៅជាសម្រែកទាមទាររកយុត្តិធម៌និងសិទ្ធិសេរីភាពនានា ហើយវាក៏បានក្លាយជាកត្តាជម្រុញមួយឲ្យពលរដ្ឋអាមេរិកាំងរួបរួមគ្នាទាមទារឯករាជ្យភាព ។ បន្ទាប់ពីចុះហត្ថលេខាលើសេចក្តីប្រកាសឯករាជ្យនៅឆ្នាំ១៧៧៦ សមាជិកហត្ថលេខីអាមេរិកាំងបាននិយាយប្រាប់គ្នីគ្នាថា៖ We must hang together; or we would be hanged separately. (យើងត្រូវតែតស៊ូស្លាប់រស់ជាមួយគ្នា បើមិនដូច្នោះទេ យើងនឹងត្រូវគេព្យួរកម្នាក់ម្តងៗជាមិនខាន) ។ បន្ទាប់ពីតស៊ូរហូតទទួលបានជ័យជម្នះជាស្ថាពរ លោក John Adams បានរំលឹកឡើងវិញថា៖ Without the pen of Thomas Paine, the sword of George Washington would be raised in vein. (បើគ្មានសំណេររបស់ ថូម៉ាស ផេន ទេ ផ្លែដាវរបស់ ចច វ៉ាសុីនតោន មិនអាចរកជោគជ័យឃើញឡើយ) ។
មុននឹងបន្តរឿងរ៉ាវរបស់លោក ផេន ខ្ញុំសូមនិយាយអំពីសម័យកាលនៃការធ្វើបដិវត្តន៍របស់អាមេរិកាំងបន្តិច ។ ឆ្នាំ ១៧៧៦ គឺជាចំណុចកណ្តាលនៃសម័យកាលមួយដែលគេហៅថា Enlightenment (សម័យត្រាស់ដឹង) ។ នៅក្នុងសតវត្សទី ១៧ ១៨ និង ១៩ ស្មេរមួយចំនួនបានសរសេរនិក្ខេបបទ (Treatise) ជាច្រើនពាក់ព័ន្ធនឹងទំនាក់ទំនងមនុស្សនៅក្នុងវិស័យនយោបាយ ។ ស្មេរល្បីៗមួយចំនួនដែលយើងស្គាល់តាមរយៈសៀវភៅសិក្សាមានជាអាទិ៍៖ លោក John Locke, Thomas Hobbes, Jean-Jacques Rousseau, John Stuart Mills, etc. ។ លោក Thomas Jefferson and Thomas Paine ក៏ស្ថិតនៅក្នុងចំណោមអ្នកប្រាជ្ញទាំងនេះដែរ ។
នៅពេលយើងនិយាយអំពីត្រាស់ដឹង បុគ្គលទីមួយដែលយើងត្រូវគិតទៅដល់គឺ ព្រះពុទ្ធ ។ កាលពី ២០០០ឆ្នាំមុនសម័យត្រាស់ដឹង ព្រះពុទ្ធបានបន្សល់ទុកនូវគោលការណ៍សំខាន់ពីរ ។ ទីមួយគឺសេរីភាពនៅក្នុងការគិត ។ ទីពីរគឺសភាវស្មើគ្នានៃជីវិតមនុស្ស ។ អ្នកដែលបានសិក្សាពុទ្ធវចនជ្រៅជ្រះរមែងមើលឃើញថា ព្រះពុទ្ធគោរពបូជាសេរីភាពនៃការគិតពិចារណាលើសអ្វីៗទាំងអស់ ។ នៅក្នុងកាលាមសូត្រ ព្រះអង្គបន្សល់ទុកនូវ "កុំ១០ប្រការ" ដើម្បីការពារកុំឲ្យមនុស្សងាប់ក្រឡានៅក្នុងការគិតរបស់អ្នកដទៃ ។ គោលការណ៍ទីពីរដែលព្រះពុទ្ធបន្សល់ទុកឲ្យមនុស្សជាតិគឺសភាវស្មើគ្នានៃជីវិត ។ នៅក្នុងទ្រឹស្តី បដិច្ចសម្មុប្បាទ ព្រះពុទ្ធបានបង្ហាញថាមនុស្សទាំងអស់មានប្រភពចេញមកពី អវិជ្ជា ។ យើងអភិវឌ្ឃចេញពីអវិជ្ជាមករហូតដល់ភពកំណើតជា ជាតិ ជរា ព្យាធិ មរណៈ ។ ទាំងស្តេច មន្ត្រី អ្នកមាន និង អ្នកក្រ គឺត្រូវស្ថិតនៅក្រោមច្បាប់ធម្មជាតិ (កើត ចាស់ ឈឺ ស្លាប់) នេះ ដូចៗគ្នា ។ គ្មានអ្នកណាខ្ពង់ខ្ពស់ឬក៏ប្រសើរជាងអ្នកណាឡើយ ។
ក្នុងដំណើរស្វែងរកដំណោះស្រាយរំដោះមនុស្សជាតិចេញអំពីរបបផ្តាច់ការ ឬក៏កណ្តាប់ដៃនៃជនផ្តាច់ការដែលពួកគេហៅថា Tyrant នោះ ទាំងលោក ថូម៉ាស ចិហ្វឺសុន ទាំងលោក ថូម៉ាស ផេន ព្រមទាំងអ្នកប្រាជ្ញសម័យត្រាស់ដឹងទាំងអស់ ភាគច្រើនគឺដើរតាមគោលការណ៍ព្រះពុទ្ធនៅក្នុងការតស៊ូរបស់ខ្លួន ។ អាវុធរបស់ពួកគេគឺដងប៉ាកកា ។ ពាក្យពេចន៍របស់ពួកគេប្រៀបបាននឹងគ្រាប់ព្រួញឬគ្រាប់កាំភ្លើងសម្រាប់បាញ់ទម្លុះឡប់ឡែនៃរបបផ្តាច់ការ ។ សេរីភាពគឺជាអ្វីដែលមនុស្សទូទៅត្រូវការ ។ ភាពស្មើគ្នានៃជីវិតមនុស្សគឺត្រូវតែគោរពនិងទទួលស្គាល់ ។ "Men are born free; but, everywhere, they are in chain" (មនុស្សទាំងអស់កើតមកមានសេរី ក៏ប៉ុន្តែ នៅគ្រប់ទិសទីពួកគេសុទ្ធតែជាប់ច្រវ៉ាក់) ជាពាក្យពេចន៍ការទូតមួយឃ្លាដែល Jean-Jacques Rousseau លើកឡើង ។ ពាក្យនេះ លោក រូសូ ចង់និយាយថារបបផ្តាច់ការគឺមិនខុសពីច្រវ៉ាក់ដែលទាក់កមនុស្សនោះទេ ។ ប៉ុន្តែ សម្រាប់លោក ថូម៉ាស ផេន ការប្រើពាក្យពេចន៍ការទូតដែលមានលក្ខណៈមិនចំពោះនោះ មិនញ៉ាំងឲ្យមនុស្សមើលឃើញតថភាពច្បាស់លាស់ទេ ។ នៅក្នុង សុភវិនិច្ឆ័យ គាត់និយាយចំៗតែម្តង ។ ពាក្យពេចន៍របស់គាត់ប្រៀបដូចជាកាំរន្ទះដែលបាញ់ធ្លាក់ក្បែរមនុស្សកំពុងដេកលង់លក់ឲ្យភ្ញាក់ក្រញ៉ាងមិនអាចសំងំដេកតទៅទៀតបានឡើយ ។
បន្ទាប់ពីផ្តល់ឧត្តមគតិឲ្យពលរដ្ឋអាមេរិកាំងងើបតស៊ូរំដោះខ្លួនចេញពីកណ្តាប់ដៃជនផ្តាច់ការនៅសហរដ្ឋអាមេរិក លោក ថូម៉ាស ផេន បានធ្វើដំណើរទៅប្រទេសបារាំងដើម្បីជួយពលរដ្ឋបារាំងក្នុងការរើបម្រាស់ចេញពីរបបផ្តាច់ការផងដែរ ។ សង្ខេបឲ្យខ្លី បដិវត្តន៍នៅសហរដ្ឋអាមេរិកនិងបដិវត្តន៍នៅស្រុកបារាំង គឺជាអព្ភូតហេតុមួយពាក់ព័ន្ធនឹង សុភវិនិច្ឆ័យ របស់លោក ថូម៉ាស ផេន នេះឯង ។ ទំនាក់ទំនងនៃបដិវត្តន៍ទាំងពីរនេះបានទាញមនោសញ្ចេតនាពលរដ្ឋបារាំងនិងអាមេរិកាំងឲ្យភ្ជាប់មិត្តភាពនឹងគ្នារហូតដល់សព្វថ្ងៃ ។ ពួកគេបានសង់រូបបដិមាករដាក់តាំងនៅលើកោះមួយស្ថិតនៅក្បែរទីក្រុង New York ហើយប្រសិទ្ធនាមឲ្យថា នារីសេរីភាព (Statue of Liberty or Ms. Liberty) ដើម្បីជាតំណាងឲ្យមិត្តភាពនោះទៀតផង ។
បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងបដិវត្តន៍រំដោះខ្លួនចេញពីរបបផ្តាច់ការ បារាំងបានប្រកាសសិទ្ធិមនុស្សជាលើកដំបូងដោយផ្អែកលើគោលគំនិតរបស់ទស្សវិទូរសម័យត្រាសដឹង ជាពិសេសគឺគំនិតស្នូលរបស់លោក ថូម៉ាស ផេន នេះតែម្តង ។ គោលការណ៍សិទ្ធិមនុស្សរបស់បារាំង ចំណេរក្រោយមកត្រូវបានអង្គការសហប្រជាជាតិយកទៅបញ្ចូលនៅក្នុងការប្រកាសសិទ្ធិមនុស្សសាកល ។ សរុបសេចក្តីមក សិទ្ធិមនុស្ស ដែលយើងទទួលបាននិងមានសព្វថ្ងៃនេះ គឺដោយសារតែគុណបំណាច់របស់ Thomas Paine ដែលជាបុគ្គលមិនសូវមាននរណាស្គាល់នេះឯង ៕

Friday, March 20, 2020
ចំណីខួរក្បាល
ផលវិបាកនៃអាសន្នរោគ កូរ៉ូណា (Corona Dilemma)
អ្នកស្រាវជ្រាវសង្គមសាស្ត្រជាច្រើនរកឃើញថា នៅពេលដែលប្រទេសឬតំបន់ណាមួយមានគ្រោះភ័យដែលតម្រូវឲ្យពលរដ្ឋធ្វើចត្តាឡឺស័ក (Quarantine) ឬស្នាក់នៅក្នុងផ្ទះជាច្រើនថ្ងៃ លទ្ធផលឥតព្រៀងទុកមួយដែលផុសចេញពីគ្រោះភ័យនេះគឺ កំណើនសមាជិកគ្រួសារ ។ គេមិនដឹងជាក់លាក់ថាតើអ្វីទៅជាកត្តាជម្រុញឲ្យមានអព្ភូតហេតុកំណើនសមាជិកគ្រួសារនេះទេ ។ ប៉ុន្តែ យោងតាមពត៌មានក្រៅផ្លូវការ (Grapevine News) គេសង្ស័យថា ដើម្បីកាត់បន្ថយទុក្ខកង្វល់ ស្វាមីភាគច្រើនងើបផ្វាយបង្គំព្រះនារាត្រីស្ងាត់ ។ អ្នកស្រាវជ្រាវមួយចំនួនសន្និដ្ឋានថា ការងើបថ្វាយបង្គំព្រះរបស់ស្វាមីនេះហើយដែលបង្កឲ្យមានកំណើនសមាជិកគ្រួសារ ។
ប្រាំបួនខែខាងមុខនេះ ប្រសិនបើខ្ញុំមានកូនស្រី ខ្ញុំនឹងដាក់ឈ្មោះនាងថា៖ កូរ៉ូណា ។ បើខ្ញុំមានកូនប្រុស ខ្ញុំនឹងដាក់ឈ្មោះឲ្យគេថា៖ កូវីដ ។ ទុករឿងលេងសើចមួយកណ្តុប ។ សូមនិយាយអំពីពត៌មានពាក់ព័ន្ធនឹងអាសន្នរោគកូរ៉ូណាវិញម្តង ។
ប៉ុន្មានអាទិត្យនេះ ខ្ញុំតាមដានពត៌មានអំពី កូវីដ១៩ ជាប្រចាំ ។ អ្វីដែលជាកត្តាច្របូកច្របល់សម្រាប់ខ្ញុំគឺភាពសម្បូរបែបនៃពត៌មាន ។ អ្នកខ្លះថាដូច្នេះ ។ អ្នកខ្លះថាដូច្នោះ ។ អ្នកខ្លះថាប្រទេសដែលមានអាកាសធាតុក្តៅមិនសូវមានហានិភ័យខ្ពស់ដូចប្រទេសដែលមានអាកាសធាតុត្រជាក់ ។ អ្នកខ្លះហ៊ានរហូតដល់ទៅធ្វើក្រាហ្វិកអះអាងអំពីរយៈពេលដែលវីរ៉ុសកូរ៉ូណាអាចរស់រានមានជីវិតនៅលើក្រដាស លើដៃ លើដែក និងនៅលើវត្ថុធាតុនានាទៀតផង ។ តើយើងគួរជ្រើសរើសយកពត៌មានមួយណាដើម្បីអនុវត្តិកិច្ចការពារខ្លួនឲ្យបានត្រឹមត្រូវនិងសមស្របទៅតាមកាលៈទេសៈ ?
នៅក្នុងកាឡាមសូត្រ ព្រះពុទ្ធទ្រង់ទូន្មានថា៖ កុំអាលជឿលើអ្វីដែលមានកត់ត្រានៅក្នុងគម្ពីរ ។ កុំអាលជឿលើអ្វីដែលអ្នកប្រាជ្ញអះអាង ។ ជឿតែលើអ្វីដែលអ្នកបានពិនិត្យពិចារណាល្អិតល្អន់ដោយផ្អែកលើហេតុនិងផលហើយយល់ជាក់លាក់ថាវាជាកាពិត ។ ចំណុចនេះបានបង្វែរខ្ញុំឲ្យគិតដោយខ្លួនឯងជាជាងអង្គុយចាំស្តាប់និងជឿទៅលើពត៌មានដែលគេបង្ហោះពាសពេញហ្វេសប៊ុក ។
កូវីដ១៩ ជាប្រភេទវីរ៉ុសផ្លូវដង្ហើម (Acute Respiratory Syndrome) ។ នៅពេលយើងនិយាយអំពីផ្លូវដង្ហើម គឺយើងនិយាយអំពីសួត ។ សួតស្ថិតនៅក្នុងខ្លួនមនុស្សដែលមានស្បែក សាច់ដុំ និងឆ្អឹងការពារយ៉ាងមាំទាំ ។ អាវៈយវពីរដែលជាផ្លូវគមនាគមន៍តភ្ជាប់សួតជាមួយនឹងពិភពខាងក្រៅគឺច្រមុះនិងមាត់ ។ ដូច្នេះ ប្រភពឬផ្លូវដែលមេរោគវីរ៉ុសអាចចេញចូលនិងចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានគឺតាមរយៈ ច្រមុះ និង មាត់ ។ វីរ៉ុសជាអង្គជាតិតូចល្អិតបំផុតរស់នៅក្នុងបរិយាកាសបានដោយសារគេ ។ គេនោះអាចជាសត្វមានជីវិត ឬក៏កាកសំណល់របស់សត្វមានជីវិត ។ ឧទាហរណ៍ សំបោ ឬទឹកមាត់ ។ នៅពេលយើងនិយាយអំពីសំបោនិងទឹកមាត់ គឺយើងនិយាយអំពីច្រមុះនិងមាត់ ដែលជាច្រកចេញចូលរបស់សួត ។ ដូច្នេះ អ្នកដែលមានផ្ទុក កូវីដ១៩ នៅក្នុងខ្លួនអាចចម្លងវីរ៉ុសនេះទៅអ្នកដទៃតាមរយៈច្រមុះនិងមាត់នេះឯង ។ មធ្យោបាយធ្វើដំណើរដ៏សាមញ្ញរបស់កូវីដ១៩ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតអាចមានបីប្រភេទគឺកំទេចទឹកមាត់ ទឹកសំបោ និងអាចម៍ច្រមុះ ។ អ្វីដែលជាកត្តាគួរយកមកពិចារណាគឺកំទេចអាចម៍ច្រមុះ ។ វាប្រៀបដូចជាសុីមងត៍ដែលហ៊ុំព័ទ្ធពងមាន់ដូច្នោះដែរ ។ ដូច្នេះ វីរ៉ុសកូវីដ១៩ ដែលហ៊ុំព័ទ្ធពីក្រៅដោយកំទេចអាចម៍ច្រមុះមិនងាយស្លាប់ងាយៗទេ ។ បើវាស្ថិតនៅជាប់នឹងបង្កាន់ដៃ ឬប៊ូតុងជណ្តើរយន្តនៃអគារដែលមានម៉ាសុីនត្រជាក់ វាអាចមានជីវិតរស់នៅលើសពីអ្វីដែលយើងសន្និដ្ឋាន ។ នេះគឺជាការយល់ឃើញរបស់ខ្ញុំ ។ ទោះជាយ៉ាងណាក៏ដោយ មធ្យោបាយដ៏ប្រសើរបំផុតសម្រាប់ការពារការឆ្លងកូវីដ១៩ គឺគប្បីលាងដៃនិងមុខដោយទឹកស្អាតជាប្រចាំ ។ វាអាចកាត់បន្ថយហានិភ័យបានយ៉ាងច្រើនដោយមិនចាំបាច់ចំណាយប្រាក់កាក់ធំដុំឡើយ ៕ Stay safe!!
Friday, March 6, 2020
ចំណីខួរក្បាល
វង្វេងវប្បធម៌ (Culture Shock)
ជនជាតិខ្មែរអន្តោប្រវេសន៍ជាច្រើនដែលទៅរស់នៅបស្ចឹមប្រទេសយល់ច្រឡំថា កូនចៅរបស់ខ្លួនដែលកើតនៅក្នុងបស្ចឹមប្រទេសទាំងនោះ ជាកូនខ្មែរ ។ ធាតុពិតក្មេងៗដែលកើតនៅក្នុងប្រទេស បារាំងក្តី កាណាដាក្តី សហរដ្ឋអាមេរិកក្តី កម្រចាត់ទុកខ្លួនគេជាខ្មែរណាស់ ថ្វីត្បិតតែពួកគេមានឈាមជ័រជាខ្មែរក៏ដោយ ។ ការយល់ច្រឡំនេះបានធ្វីឲ្យមានក្តីទោមនស្សយ៉ាងច្រើន ។ និយាយរួម កុមារដែលទៅរស់នៅបស្ចឹមប្រទេសក្រោមអាយុ ១០ឆ្នាំ គួរចាត់ទុកថាជាក្មេងដែលមានកំណើតនៅទីនោះ ត្បិតពួកគេនឹងចាប់យកវប្បធម៌បស្ចឹមប្រទេសលឿនជាងផ្លេកបន្ទោរទៅទៀត ។
វង្វេងវប្បធម៌ ឬ Culture Shock សំដៅដល់អារម្មណ៍តក់ស្លុតទៅលើភាពក្រឡាប់ចាក់នៃទំនាក់ទំនងក៏ដូចជាអត្តចរិតរបស់មនុស្ស ។ ឧទាហរណ៍ កុមារខ្មែរមិនត្រូវហៅមនុស្សចាស់ចំឈ្មោះឡើយ គឺហៅត្រឹមតែ លោកតា លោកយាយ ឬ លោកគ្រូ អ្នកគ្រូប៉ុណ្ណោះ ។ ប៉ុន្តែ នៅសហរដ្ឋអាមេរិក គេតម្រូវឲ្យកុមារហៅមនុស្សចាស់ចំឈ្មោះដូចជា តាសុខ យាយសៅ ឬ លោកគ្រូចក់ អ្នកគ្រូចែមជាដើម ព្រមទាំងត្រូវចងចាំឈ្មោះរបស់គេឲ្យបានជាប់លាប់ទៀតផង ។ គេចាត់ទុកថា ក្មេងដែលមិនហៅមនុស្សដែលខ្លួនស្គាល់ចំឈ្មោះ ជាក្មេងឈ្លើយ ឬខ្វះសុជីវធម៌ ។
ដំណោះស្រាយលើភាពវង្វេងវប្បធម៌តម្រូវឲ្យមានការផ្លាស់ប្តូរអត្តចរិតជាមូលដ្ឋាន ។ យល់ដឹងតាមរយៈការសិក្សាគឺមិនទាន់គ្រប់គ្រាន់ឡើយ ។ ជាបឋម យើងត្រូវទទួលស្គាល់ថា អ្នកដែលវង្វេងវប្បធម៌មិនមែនពួកក្មេងៗទេ គឺមនុស្សចាស់ ។ បន្ទាប់មក យើងត្រូវដឹងថា សង្គមអាមេរិកាំងជាសង្គមស្មើភាព (Egalitarianism) ។ នេះមិនមែនមានន័យថា ក្មេងៗអាមេរិកាំងមិនចេះអោនលំទោនចម្ពោះចាស់ទុំនោះទេ ។ គេគោរពចាស់ទុំទៅតាមរបៀបរបស់គេ ។ និយាយឲ្យងាយយល់ ការគោរពនោះគឺ មានទៅមានមក (បដិការ ឬ Reciprocal) ។ ចំណុចមួយទៀតដែលជាកត្តាសំខាន់សម្រាប់ដោះស្រាយបញ្ហាវង្វេងវប្បធម៌គឺ សិទ្ធិសេរីភាព ។ សិទ្ធិសេរីភាពក៏ដូចជាការគោរពដែរ គឺមានទៅមានមក ។ ប្រសិនបើប្រការនេះមានភាពលម្អៀងឬបាត់បង់តុល្យភាព ទំនាស់នឹងកើតមាន ដែលនាំទៅរកការរកាំរកូសនៅក្នុងទំនាក់ទំនងរបស់មនុស្ស ។ នៅក្នុងភាសាអង់គ្លេស គេហៅភាពរកាំរកូសនេះថា Culture Clash ឬ ទំនាស់វប្បធម៌ ។
កាលពីជាង២៥ឆ្នាំមុន ខ្ញុំបានជួបនឹងទំនាស់វប្បធម៌ដ៏ស្រួចស្រាល់មួយ ។ កាលនោះ ខ្ញុំកំពុងរៀនអំពីទំនាក់ទំនងអន្តរវប្បធម៌ (Intercultural Communication) នៅសាកលវិទ្យាល័យ និងធ្វើការងារពាក់កណ្តាលម៉ោងនៅក្នុងហាងលក់សំលៀកបំពាក់មួយ ។ ក្នុងនាមជាអ្នកត្រួតពិនិត្យ (Supervisor) បុគ្គលិករយៈពេលប្រមាណជា ៥ឆ្នាំ នៅក្នុងហាងលក់សំលៀកបំពាក់នោះ ខ្ញុំមានឱកាសបានប្រស្រ័យ (Interact) ជាមួយមនុស្សជាច្រើនដែលមានវប្បធម៌ប្លែកៗពីគ្នា ។ គ្រាមួយនោះ យើងបានទទួលបុគ្គលិកថ្មី ៥នាក់ដែលជាយុវជនទើបនឹងរៀនចប់វិទ្យាល័យ (High School) ។ ក្នុងចំណោមបុគ្គលិកក្មេងៗទាំងនោះ បីនាក់ជាយុវតីដែលមានអប្បូរដើមជាវៀតណាម ។ ពួកគេមានអាយុស្របាលគ្នាព្រមទាំងជាមិត្តជិតដិតនឹងគ្នាផង ។ ផ្អែកលើសម្តីសំដៅរបស់ពួកគេ ខ្ញុំអាចសន្និដ្ឋានបានថា ពួកគេកើតនៅសហរដ្ឋអាមេរិកឬក៏ចូលមករស់នៅស្រុកអាមេរិកតាំងតែពីនៅតូចៗម្លេះ ។ បន្ទាប់ពីធ្វើការជាមួយគ្នាបានមួយរយៈ ខ្ញុំសង្កេតឃើញថា យុវតីម្នាក់ឈ្មោះ វីណា មានអត្តចរិតច្រឡើសបើសជាងគេ (Assertive/Arrogant) ។ នាងដើរតួជាបងធំក្នុងចំណោមមិត្តភក្តិនាង ។ ថ្វីត្បិតតែនាងមិនបានធ្វើអ្វីដែលជាកត្តាឲ្យខ្ញុំព្រួយបារម្ភក៏ពិតមែន ខ្ញុំតែងតែយកចិត្តទុកដាក់ប្រស្រ័យទាក់ទងនឹងនាងច្រើន ដើម្បីស្វែងយល់អំពីនាងក៏ដូចជាទប់ស្កាត់កុំឲ្យនាងជះឥទ្ធិពលអាក្រក់ដល់បុគ្គលិកក្មេងៗដទៃទៀត ។
ថ្ងៃមួយ វីណា មានទំនាស់ជាមួយនឹងអតិថិជនរហូតឈានដល់បបួលគ្នាចេញទៅក្រៅហាងដើម្បីវាយតប់គ្នា ។ ខ្ញុំតក់ស្លុតយ៉ាងខ្លាំង នៅពេលបានឮពាក្យសម្តីរបស់នាង ។ បន្ទាប់ពីបញ្ជូននាងឲ្យទៅសម្រាកនៅបន្ទប់បុគ្គលិក (Employees Lounge) ខ្ញុំសុំទោសអតិថិជនពាក់ព័ន្ធដើម្បីបញ្ជប់រឿង ហើយសម្រេចមិនសួរដេញដោលវីណាអំពីហេតុផលជុំវិញរឿងរ៉ាវនោះទេ ត្បិតខ្ញុំគិតថា វាទាល់តែមានហេតុ ទើបមានផល ។ មួយរយៈក្រោយមក នៅអំឡុងពេលបុណ្យណូអែលដែលជារដូវកាលរវល់បំផុតនៅក្នុងការលក់ដូរ វីណា មានរឿងជាមួយនឹងអតិថិជនម្តងទៀត ។ ខ្ញុំមិនដឹងថាមានទំនាស់អ្វីកើតឡើងទេ ប៉ុន្តែវីណាហាក់ដូចជាខឹងដាច់ក្បាលដាច់កន្ទុយ ។ នាងសម្រេចមិនគិតលុយលក់ឥវ៉ាន់ឲ្យអតិថិជនដែលទាស់នឹងនាងនោះទេ ហើយក៏ដើរចេញទៅអង្គុយនៅក្នុងបន្ទប់បុគ្គលិក ដើម្បីរង់ចាំឲ្យខ្ញុំទៅទេសនាអប់រំនាង ឬក៏យកក្រដាសបណ្តេញបុគ្គលិកទៅឲ្យនាង ។ ជាថ្មីម្តងទៀត ខ្ញុំសម្រេចមិនស្តីបន្ទោសនាងទេ ដោយសម្អាងលើហេតុផលដែលខ្ញុំបានលើកឡើងរួចមកហើយ ។ បន្ទាប់ពីគិតលុយលក់ឥវ៉ាន់ជំនួសនាង ខ្ញុំដើរទៅប្រាប់នាងឲ្យវិលទៅធ្វើកិច្ចការវិញ នៅពេលដែលនាងស្ងប់ចិត្ត ត្បិតមនុស្សដែលនាងទាស់ជាមួយនោះបានចាកចេញទៅហើយ ។
វីណាបន្តធ្វើការងារជាមួយនឹងខ្ញុំអស់រយៈពេលប្រមាណមួយឆ្នាំ ។ អំឡុងពេលនោះ ខ្ញុំសង្កេតឃើញនាងនៅតែជាមនុស្សត្របាំងបះ និងមានចរិតអញនិយមដដែល ។ ថ្វីត្បិតតែខ្ញុំរក្សាភាតរភាពជាមួយនឹងនាងជាធម្មតា នៅក្នុងចិត្តរបស់ខ្ញុំ ខ្ញុំបានលួចវាយតម្លៃនាងរួចហើយថា ក្មេងស្រីដែលមានចរិតច្រឡើសបើសនោះ មិនអាចមានអនាគតល្អទេ (She has no future) ។ កន្លងទៅអស់រយៈពេលប្រមាណជា ២៥ឆ្នាំក្រោយមក វីណានិងខ្ញុំបានជួបគ្នាម្តងទៀតនៅក្នុងហាងសំលៀកបំពាក់ដែលយើងធ្លាប់ធ្វើការជាមួយគ្នានោះ ។ ខណៈខ្ញុំកំពុងស្វែងរកសំលៀបពាក់និងសម្ភារៈខ្លះៗឲ្យកូនរបស់ខ្ញុំ ស្ត្រីវ័យកណ្តាលម្នាក់បានហៅខ្ញុំចំឈ្មោះ ។ គាត់សួរខ្ញុំថា នៅចាំគាត់ទេ ។ គាត់ឈ្មោះ វីណា ជាអតីតយុវតីកំពូលកូរធ្វើការជាមួយខ្ញុំនៅទីនេះកាលពីជាងម្ភៃឆ្នាំមុន ។ ខ្ញុំភ្ញាក់ផ្អើលលាយឡំនិងក្តីរំភើប បន្ទាប់ពីបានឃើញក្មេងស្រីម្នាក់ដែលខ្ញុំធ្លាប់គិតថានឹងក្លាយទៅជាសំណល់មនុស្ស (Waste) សម្តែងបដិសណ្ឋារកិច្ចចំពោះខ្ញុំប្រកបដោយភាពថ្លៃថ្នូរ ។ នាងមានកូនពីរនាក់ប្រកបដោយរូបឆោមគួរឲ្យស្រឡាញ់ ។ ផ្អែកលើសំដីសំដៅ និងភាពរមទមរបស់នាង វីណាដែលជាក្មេងត្របាំងបះកាលពីជាង២៥ឆ្នាំមុននោះ ឥឡូវនេះបានក្លាយទៅជាមាតាដែលមានព្រហ្មវិហាធម៌និងជាមនុស្សដែលមានសុភមង្គលមួយរូប ។ យើងជជែកគ្នាប្រមាណជាប្រាំនាទីមុនពេលបែកគ្នាទៅផ្ទះរៀងខ្លួន ។
រឿងរ៉ាវរបស់វីណាគឺជាឧទាហរណ៍មួយនៃការវង្វេងវប្បធម៌នៅក្នុងចំណោមពលរដ្ឋខ្មែរក៏ដូចជាពលរដ្ឋដទៃដែលជាអន្តោប្រវេសជនរស់នៅសហរដ្ឋអាមេរិក ។ បន្ទាប់ពីគិតសាឡើងវិញយ៉ាងយូរ ខ្ញុំចាប់ផ្តើមយល់ថា អ្នកដែលវង្វេងវប្បធម៌មិនមែនយុវតីវីណាទេ គឺរូបខ្ញុំ ។ ក្នុងនាមជាជនជាតិអាសុីម្នាក់ដែលចម្រើនវ័យនៅក្នុងវប្បធម៌អាសុី ខ្ញុំទាមទារ (Expect) ចង់ឃើញវីណារក្សាភាពថ្នៃថ្នូរតាមរបៀបនារីអាសុី គឺសុភាពរាបសា អោនលំទោន និង រមទម ។ ធាតុពិត វីណាជាយុវតីអាសុីតែសំបកក្រៅប៉ុណ្ណោះ ។ ផ្នត់គំនិតរបស់នាងមិនដើរតាមបែបបទវប្បធម៌អាសុីទេ គឺតាមទំនៀមទម្លាប់អាមេរិកាំង ។ យុវតីអាមេរិកាំងគេបង្រៀន ឲ្យហ៊ានប្រឈមនឹងទង្វើអសមភាព ។ ឲ្យហ៊ានងើបតតាំងជាមួយនឹងការមាក់ងាយនានា ជាពិសេសគឺការរើសអើងជាតិសាសន៍ (Discrimination) ។ ថ្វីត្បិតតែខ្ញុំមិនបានសួរនាំនាងអំពីរឿងរ៉ាវដែលកើតឡើងកាលពីអតីតក៏ពិតមែន ខ្ញុំជឿជាក់ថាប្រតិកម្មរបស់វីណាជាមួយនិងអតិថិជនកាលពីជាង ២៥ឆ្នាំមុននោះប្រាកដជាផុសចេញអំពីទឹកចិត្តតតាំងដ៏មោះមុតមួយ ប្រឆាំងនឹងការមាក់ងាយមកលើស្ត្រីភេទ ៕

Friday, February 28, 2020
ចំណីខួរក្បាល
របៀបរបបរស់នៅរបស់ពលរដ្ឋអាមេរិកាំង (Lifestyle)
កាលពីទសវត្សឆ្នាំ ១៩៨០ ជនភៀសខ្លួនខ្មែរជាច្រើនដែលទទួលបានសិទ្ធិទៅរស់នៅសហរដ្ឋអាមេរិក ត្រូវបានគេតម្រូវឲ្យសិក្សាអំពីរបៀបរបបរស់នៅក្នុងសហរដ្ឋអាមេរិករយៈពេល ៣ទៅ ៦ខែ ឬក៏យូរជាងនេះទៀតផង ។ ការសិក្សាភាគច្រើនផ្តោតលើរបៀបប្រស្រ័យទាក់ទងគ្នា និងបែបបទនានាដែលពលរដ្ឋអាមេរិកាំងអនុវត្តិ ។ ផ្អែកលើបទពិសោធជាក់ស្តែងរបស់ខ្ញុំ ការហ្វឹងហ្វឺនរយៈពេលខ្លីនោះ វាគ្រាន់តែជាអ្វីដែលភាសាអង់គ្លេសហៅថា៖ (The tip of the iceberg) ឬ ចំណុចតូចមួយ ។ របៀបរបបរស់នៅរបស់ពលរដ្ឋអាមេរិកមានសភាពខុសឆ្ងាយអំពីអ្វីដែលយើងអាចរៀននិងស្វែងយល់តាមរយៈសៀវភៅ ។
នៅក្នុងអត្ថបទនេះ ខ្ញុំសូមលើកយកចំណុចដែលគេមិននិយាយ (Unwritten Rules) ចំនួនពីរ(២)មកពិភាក្សា ។ ចំណុចពីរនេះគឺ លំនៅដ្ឋាន និងទំនៀមទម្លាប់ចាកចេញពីលំនៅដ្ឋានទៅសិក្សាឲ្យឆ្ងាយពីផ្ទះរបស់និស្សិតអាមេរិកាំង ។ លំនៅដ្ឋាននៅសហរដ្ឋអាមេរិកមានច្រើនសណ្ឋាន ប៉ុន្តែយើងអាចចែកចេញជាបីប្រភេទធំៗគឺ អាផាតមិន/ខុនដូ (Apartment/Condo) ថោនហោម (Townhome) និង សុីងហ្គលហ្វាមីលីហោម (Single Family Home) ។ (សូមមេត្តាកត់សម្គាល់ពាក្យ សុីងហ្គលហ្វាមីលីហោម ឬផ្ទះសម្រាប់តែគ្រួសារមួយ) ។ នៅក្នុងទម្រង់លំនៅដ្ឋានប្រភេទអាផាតមិននិងថោនហោម ល្វែងនីមួយៗគេចែកចេញជា ១ បន្ទប់ ២ បន្ទប់ និង ៣ បន្ទប់ ។ បីបន្ទប់ជាទំហំធំបំផុត ។ ចំណែកផ្ទះសម្រាប់តែគ្រួសារមួយ (Single Family Home) ជាទូទៅគេសង់ឲ្យមានត្រឹមតែបី(៣)បន្ទប់ប៉ុណ្ណោះ ។ វាជារឿងមួយគួរឲ្យឆ្ងល់ថាតើហេតុអ្វីបានជាអាមេរិកាំងគេនិយមសង់ផ្ទះរបៀបនេះ ។ រឿងនេះ វាពាក់ព័ន្ធនឹងប្រការដែលគ្មាននរណានិយាយ (Unwritten Rules) ។
សង្គមគ្រួសារនៅក្នុងពិភពលោកគឺចែកចេញជាពីរទម្រង់ដែលភាសាអង់គ្លេសហៅថា៖ Collectivism and Individualism ឬ សមោហនិយម និង បុគ្គលនិយម ។ នៅទ្វីបអាសុី មជ្ឈិមបូពា និង អាហ្វ្រិក មនុស្សរស់នៅតាមបែបផែនសមោហនិយម ។ ឯនៅបស្ចិមប្រទេស ជាពិសេសទ្វីបអាមេរិកខាងជើង មនុស្សរស់នៅតាមបែបផែន បុគ្គលនិយម ។ សហរដ្ឋអាមេរិកជាប្រទេសដើរតាមគោលការណ៍បុគ្គលនិយមតឹងរឹងជាងគេ ។ គេកម្រឃើញពលរដ្ឋអាមេរិកាំងរស់នៅជុំជាមួយគ្នាបីជំនាន់ណាស់ ។ គ្រួសារនីមួយៗគឺមានត្រឹមតែឪពុកម្តាយ និងកូនៗតែប៉ុណ្ណោះ(ពីរជំនាន់) ។ ឯផ្ទះដែលគេនិយមសង់ត្រឹមបីបន្ទប់នេះគឺតម្រូវតាមរបៀបរបបរស់នៅប្រភេទបុគ្គលនិយមនេះឯង ។ បន្ទប់ធំជាងគេសម្រាប់ឪពុកម្តាយ ។ បន្ទប់បន្ទាប់សម្រាប់កូនទីមួយ ។ បន្ទប់តូចជាងគេសម្រាប់កូនទីពីរ ។ បើគ្រួសារមួយមានកូនភ្លោះ ឬកូនពីរនាក់ដំបូងមានភេទដូចគ្នា គេឲ្យកូនភ្លោះឬកូនពីនាក់ដែលមានភេទដូចគ្នារស់នៅក្នុងបន្ទប់កណ្តាលជាមួយគ្នា ឯបន្ទប់តូចបំផុតទុកសម្រាប់កូនទីបី ។ គួរបញ្ជាក់ថា គ្រួសារអាមេរិកាំងនិយមមានកូនតែពីរនាក់ទេ ។ កូនដែលមានភេទខុសគ្នា គេមិនឲ្យរស់នៅក្នុងបន្ទប់ជាមួយគ្នាឡើយ ទោះបីកូនទាំងនោះមិនទាន់ពេញរូបរាងក៏ដោយ ។ នេះគឺជាទិដ្ឋភាពមួយនៃលក្ខណៈបុគ្គលនិយមរបស់ពលរដ្ឋអាមេរិកាំង ។
សូមនិយាយអំពីផលវិបាកនិងផាសុខភាពរបស់គ្រួសារបីជំនាន់បន្តិច ។ គ្រួសារបីជំនាន់សំដៅលើគ្រួសារដែលមានជីដូនជីតា ឬសាច់ញាតិចាស់ទុំរស់នៅជាមួយ ។ ផាសុខភាពរបស់គ្រួសារប្រភេទនេះគឺមានជីដូនជីតាមើលថែរក្សាកូនក្មេងនៅពេលឪពុកម្តាយក្មេងចេញទៅប្រកបការងារ និងមានម្ហូបអាហារឆ្អិនស្រេចនៅពេលត្រឡប់ពីធ្វើការងារវិញ ។ វាជាជីវិតស្រណុក ណាស់ ។ ប៉ុន្តែ ពលរដ្ឋអាមេរិកាំងភាគច្រើនហាក់ដូចជាមើលមិនឃើញផាសុខភាពនេះទេ ។ មិនមែនជនជាតិអាមេរិកាំងគ្មានម៉ែឪចាស់ៗដែលចូលនិវត្តន៍អាចជួយមើលថែទាំចៅនោះទេ ។ អ្វីដែលជាកត្តាបែងចែកគឺ "ទំនាស់" ។ គម្លាតពេលវេលារវាងជំនាន់ទី១និងទី៣ មានរយៈពេលប្រមាណជា ៦០ឆ្នាំ ។ ចំណង់ចំណូលចិត្តក៏ខុសគ្នាដូចមេឃនិងដីដែរ ។ ប្រការនេះហើយដែលគ្រួសារមេរិកាំងភាគច្រើនមិនរស់ជុំគ្នាជាលក្ខណៈសមោហនិយម ត្បិតគេមិនចង់ឲ្យជំនាន់ទី៣រងសម្ពាធនិងឥទ្ធិពលច្រើនស្រទាប់ ។ នៅមានប្រការពាក់ព័ន្ធនឹង Unwritten Rules នេះច្រើនទៀត ប៉ុន្តែសុំមិនបកស្រាយនៅទីនេះទេ ។
ការចាកចេញពីលំនៅដ្ឋានទៅសិក្សានៅទីឆ្ងាយជាទំនៀមទម្លាប់មួយរបស់និស្សិតអាមេរិកាំង ។ ទំនៀមទម្លាប់នេះមិនមែនកើតចេញមកដោយគ្មានហេតុផលនោះទេ ។ វាពាក់ព័ន្ធនឹង "ទំនាស់" នៅក្នុងដំណើរជីវិត ។ កាលពី៣០ឆ្នាំមុន ខ្ញុំក៏ជានិស្សិតចំណាកលំនៅដ្ឋានម្នាក់ដែរ ។ ដូច្នេះ ខ្ញុំប្រមូលបានទិន្នន័យច្រើនគួរសមពាក់ព័ន្ធនឹងរឿងចំណាកលំនៅដ្ឋាននេះ ។ ផ្អែកលើការស្វែងយល់អំពីនិស្សិតចំណាកលំនៅដ្ឋានដទៃ ហេតុផលចម្បងដែលនាំឲ្យយើងចាកចេញពីផ្ទះទៅរៀននៅទីឆ្ងាយគឺ សេរីភាព ។ កត្តាបន្ទាប់គឺ ធុញទ្រាន់ ។ ចំណុចមួយទៀតដែលជាកត្តាបន្ទាប់បន្សំគឺយើងចង់ស្ទាបស្ទង់សមត្ថភាពរបស់យើងថាតើអាចរស់ដោយខ្លួនឯងបានហើយឬនៅ ។
សេរីភាពនិងភាពធុញទ្រាន់គឺជាកត្តាចម្បងនាំទៅរកការចាកចេញពីលំនៅដ្ឋានរបស់និស្សិតអាមេរិកាំង ។ យើងអាចស្រមៃមើលថា បន្ទាប់ពីរងការដុកដាន់ពីសំណាក់ឪពុកម្តាយឲ្យធ្វើលំហាត់ Homeworks រយៈពេល១២ឆ្នាំ ចាប់តាំងពីមតេយ្យសាលាដល់ថ្នាក់ទី ១២ យុវជនគ្រប់រូបបើមិនទ្រាន់ ក៏ធុញដែរ ។ ដូច្នេះហើយបានជាម្នាក់ៗបន់ឲ្យតែចប់ High School នឹងអាលបានចាកចេញពីសំបុកដ៏ធុញថប់នោះ ។ ម៉្យាងទៀត ការសិក្សានៅមហាវិទ្យាល័យ ត្រូវការសេរីភាពច្រើនដើម្បីស្វែងយល់អំពីចំណុចស្មុគស្មាញនានាពាក់ព័ន្ធនឹងជីវិត ។ បើមានមែឪនៅតាមដឹកកន្លុះជាប្រចាំនោះ លទ្ធផលប្រាកដជាពិបាកថ្លែងណាស់ ។ (រស់នៅក្នុងផ្ទះគាត់ ស៊ីបាយគាត់ រឿងអីមិនត្រូវធ្វើតាមគាត់? No way Jose!) ។
ការចាកចេញពីលំនៅដ្ឋានទៅសិក្សាឆ្ងាយពីផ្ទះ មិនត្រឹមតែផ្តល់ឲ្យយើងនូវសេរីភាពពេញលេញនោះទេ វាផ្តល់ឱកាសឲ្យយើងស្វែងយល់អំពីភាពរឹងមាំឬទន់ខ្សោយរបស់យើងផងដែរ ។ យុវជននៅស្រុកខ្មែរសព្វថ្ងៃគេនិយមហៅប្រការនេះថា៖ "ស្វែងរកខ្លួនឯង" ។ ការស្វែករកខ្លួនឯងនេះបាននាំទៅដល់របត់មួយថ្មីទៀតសម្រាប់សង្គមគ្រួសារអាមេរិកាំង ក៏ដូចជាគ្រួសារខ្មែរជាច្រើននៅសហរដ្ឋអាមេរិកដែរ ។ និស្សិតចំណាកលំនៅដ្ឋានជាច្រើន មិនវិលត្រឡប់ទៅទ្រនំចាស់វិញទេ ។ បន្ទាប់ពីបញ្ចប់ការសិក្សា (ឬមិនបានបញ្ចប់ក្តី) និស្សិតភាគច្រើនទៅរស់នៅទីណាដែលជាកន្លែងផ្តល់ការងារឲ្យពួកគេ ។ អ្នកដែលត្រឡប់ទៅផ្ទះវិញនោះមានតិចតួចណាស់ ។ ជាលទ្ធផល ផ្ទះដែលឪពុកម្តាយទិញបំពេញតម្រូវការកាលពួកគេនៅតូចៗនោះ ក៏ក្លាយទៅជាផ្ទះដែលខ្វះមនុស្សរស់នៅ ។ ថ្មីៗនេះ ចៅហ្វាយខ្ញុំបានលក់ផ្ទះរបស់គាត់ចោល ហើយទៅទិញខុនដូដែលមានតែមួយបន្ទប់រស់នៅវិញ បន្ទាប់ពីកូនៗរបស់គាត់សម្រេចមិនវិលត្រឡប់មករស់នៅជាមួយគាត់ ។ គួរកត់សម្គាល់ថា ខ្ញុំស្គាល់កូនរបស់ចៅហ្វាយខ្ញុំតាំងតែពីពួកគេរៀននៅថ្នាក់ទី ១ និង ទី ៣ ម្លេះ ។ យើងមានទំនាក់ទំនងនឹងគ្នាជាងម្ភៃឆ្នាំហើយ ។ ឯមិត្តភក្តិនិងសាច់ញាតិខ្ញុំជាច្រើនទៀតក៏ប្រឈមនឹងបញ្ហាស្រដៀងគ្នានេះដែរ ។ នេះគឺជាតថភាពមួយដែលសង្គមគ្រួសារបុគ្គលនិយមកំពុងជួបប្រទះ ។ នៅថ្ងៃអនាគត គេប្រហែលជាត្រូវរកមធ្យោបាយសង់ផ្ទះដែលម្ចាស់អាចពង្រីកនិងបង្រួមបានដោយខ្លួនឯងហើយមើលទៅ ដើម្បីដោះស្រាយបញ្ហាចំណាកលំនៅដ្ឋាននេះ ៕
Thursday, February 20, 2020
ចំណីខួរក្បាល
មេរោគកូរូណា ឬ COVID-19
ខ្ញុំមិនមែនជាអ្នកវិទ្យាសាស្ត្រផ្នែកខាងមេរោគ Micrologist ទេ ។ ការសរសេរអត្ថបទនេះ គឺគ្រាន់តែជាការប្រមូលផ្តុំពត៌មាននានាដែលយើងអាចស្រាវជ្រាវដោយខ្លួនឯង ដើម្បីជួយបំភ្លឺនិងផ្តល់ចម្លើយខ្លះៗសម្រាប់ចម្ងល់មួយចំនួនពាក់ព័ន្ធនឹងមេរោគប្រភេទ វីរ៉ុស (Virus) ។
មេរោគដែលរុកគួនបង្កគ្រោះថ្នាក់ដល់មនុស្ស សត្វ និង រុក្ខជាតិ ជាប្រចាំមានពីរប្រភេទធំៗគឺ៖ បាក់តេរី និង វីរ៉ុស (Bacteria and Virus) ។ ពួកវាជាអង្គជាតិតូចមែនទែន ។ បើប្រៀបធៀបទៅនឹងសសៃសក់គឺស្មើនឹងសក់មួយជ្រៀកជា ១០ ១០០ ឬ ១០០០ ឯណោះ ។ កត្តាសំខាន់មួយរបស់មេរោគដែលអ្នកវិទ្យាសាស្ត្រទទួលស្គាល់គឺវាមានភាពឆ្លាតវាងវៃនិងសមត្ថភាពខ្ពស់ ។ គួរចងចាំដែរថា៖ មេរោគវីរ៉ុសជាច្រើន គ្មានថ្នាំសម្រាប់សម្លាប់ពួកវាទេ ។
មុននឹងស្វែងយល់អំពីមេរោគ យើងគួរស្វែងយល់អំពីទំនាក់ទំនងរវាងមេរោគនិងរូបយើងសិន ។ នៅលើនិងក្នុងខ្លួនមនុស្សគ្រប់ៗរូបមានមេរោគប្រភេទបាក់តេរីនិងវីរ៉ុសរស់នៅរាប់លាន ។ បើប្រៀបធៀបទៅនឹងកោសិការបស់មនុស្ស វាមានចំនួនច្រើនជាងកោសិការបស់យើងពី ៣ទៅ១០ដង ។ អ្នកប្រាជ្ញហៅមេរោគដែលរស់នៅលើនិងក្នុងខ្លួនយើងនេះថា ជាញាតិសន្តាន (Friendly microbes) ។ តួនាទីរបស់មេរោគទាំងនេះគឺទ្រទ្រង់និងការពាររូបរបស់យើង ។ វាប្រៀបដូចជាកងទ័ពដូច្នោះដែរ ។ ពាក្យវិទ្យាសាស្ត្រដែលគេប្រើពាក់ព័ន្ធនឹងប្រការនេះគឺ អត្តិសុខុមប្រាណ (Immuniy/Antibody) ។
មេរោគវីរ៉ុសសាហាវៗដូចជា កូរ៉ូណាវីរ៉ុស ឬ COVID-19 ភាគច្រើនមានប្រភពចេញមកអំពីសត្វ ។ នៅពេលវាឆ្លងចូលមកក្នុងខ្លួនមនុស្សតាមរយៈ ផស្សៈ (Contact) វានឹងពើបប្រយុទ្ធជាមួយនឹងអត្តិសុខុមប្រាណរបស់មនុស្ស ។ បើវាមានប្រៀបជាង មនុស្សនឹងឈឺហើយអាចឈានទៅដល់ក្តីស្លាប់ ។ នៅពេលយើងឈឺដោយប្រការនេះ គឺយើងស្វែងរកថ្នាំមកព្យាបាល ។ ការព្យាបាលនេះមិនមែនយកថ្នាំទៅសម្លាប់វីរ៉ុសឡើយ ។ គឺគេដាក់ថ្នាំដើម្បីជួយពង្រឹងអត្តិសុខុមប្រាណរបស់មនុស្សដើម្បីឲ្យអត្តិសុខុមប្រាណទាំងនោះវាយកំចាត់វីរ៉ុសដែលមកបង្កជម្ងឺដល់យើងនោះចេញ ។ គេមិនដឹងជាក់លាក់ថាអត្តិសុខុមប្រាណរបស់មនុស្សកំចាត់វីរ៉ុសដែលមករុកគួនយើងនោះដោយវិធីណាទេ ។ វាអាចកំចាត់វីរ៉ុសចង្រៃនោះ ឬក៏ទទួលស្គាល់គ្នាជាមិត្តភក្តិឲ្យរស់នៅក្នុងខ្លួនមនុស្សដោយមិនបង្កទុក្ខទោស ។ គួរកត់សម្គាល់ថា នៅពេលដែលវីរ៉ុសឆ្លងពីសត្វមកមនុស្ស វាមិនទាន់បង្កឲ្យមានហានិភ័យជាអាសន្នរោគធំដុំទេ ។ វាបង្កឲ្យមានអាសន្នរោគ (Pandemic) នៅពេលដែលវាអាចបំប្លែង(Transform)ខ្លួនវាដើម្បីឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ។ ជម្ងឺកូរ៉ូណាដែលកំពុងរាតត្បាតប្រទេសចិននិងពិភពលោកសព្វថ្ងៃនេះ គឺឈានដល់ដំណាក់កាលនេះហើយ ។
ពូជពង្សវង្សត្រកូលរបស់វីរ៉ុសដែលរុកគួនមនុស្សតាមរយៈផ្លូវដង្ហើម ត្រូវបានគេឲ្យឈ្មោះជាទូទៅថា Influenza (Flu) ។ ពីដើមមិញ គេតែងភ្ជាប់ពាក្យ Flu ទៅនឹងសត្វដែលជាប្រភពនៃជម្ងឺ ។ ឧទាហរណ៍៖ Bird Flu, Swine Flu ឬ គ្រុនបក្សី គ្រុនជ្រូក ។ នៅពេលដែលគេរកឃើញអត្តសញ្ញាណវាជាក់លាក់ គេនឹងឲ្យឈ្មោះផ្លូវការដោយអក្សរ HN សម្រាប់សម្គាល់ ។ ឧទាហរណ៍៖ H1N1, H2N2, H5N1 etc. ។
អ្នកវិទ្យាសាស្ត្រហៅវីរ៉ុសដែលបង្កបញ្ហាផ្លូវដង្ហើមថា Airborne Disease ឬ មេរោគដែលអាចបណ្តែតខ្លួននៅក្នុងលម្ហ ។ ប៉ុន្តែការឆ្លងរបស់វាក៏អាចចូលមកតាមរយៈផស្សៈផងដែរ ។ ដូច្នេះហើយបានជាគេទូន្មានឲ្យមនុស្សពាក់ម៉ាសនិងលាងដៃជាប្រចាំដើម្បីការពារខ្លួន ។ យើងអាចសន្មត់ថា វីរ៉ុសមិនអាចរស់ដោយឯកឯងបានទេ ។ វាត្រូវការម្ចាស់ផ្ទះ (Host) និងភ្នាក់ងារដឹកជញ្ជូន (Transport Agents) ដើម្បីរស់នៅនិងឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ។ យើងអាចប្រៀបធៀបប្រការនេះទៅនឹងមនុស្សដែលត្រូវការផ្ទះដើម្បីរស់នៅ និងយន្តហោះឬនាវាទេសចរណ៍ដើម្បីធ្វើដំណើរពីទ្វីបមួយទៅទ្វីបមួយទៀត ។ ខ្លួនមនុស្សឬសត្វជាផ្ទះរបស់វីរ៉ុស ។ ឯតំណក់តូចៗនៃសារធាតុសំណើមគឺជាភ្នាក់ងារដឹងជញ្ជូនរបស់វីរ៉ុស ។ លម្អងសំណើមតូចៗនេះហើយដែលជួយការពារវីរ៉ុសកុំឲ្យស្លាប់ នៅពេលវាធ្វើដំណើរពីប្រភពមួយទៅប្រភពមួយទៀត ។ ចំណុចសំខាន់មួយដែលយើងត្រូវដឹងគឺវីរ៉ុសអាចសំងំក្នុងខ្លួនមនុស្សដោយមិនបង្ហាញរោគសញ្ញាឡើយ ។ ជាគោលការណ៍ គេកំណត់រយៈពេល១៤ថ្ងៃ សម្រាប់ការពួនសំងំនេះ ។ ប៉ុន្តែ គោលការណ៍គឺគ្រាន់តែជាគោលការណ៍ប៉ុណ្ណោះ ។ សមត្ថភាពលាក់ខ្លួនរបស់វីរ៉ុសអាចមានរយៈពេលយូរជាង១៤ថ្ងៃ ។
ការផលិតវ៉ាក់សាំងដើម្បីទប់ទល់ជាមួយនឹងវីរ៉ុសរាតត្បាតដូចជា កូរ៉ូណា គឺជាដំណើរស្មុគស្មាញនិងវែងឆ្ងាយ ។ ដើម្បីផលិតវ៉ាក់សាំងដែលមានប្រសិទ្ធិភាព គេត្រូវស្វែងរកប្រភពដើមដំបូងបំផុតដែលវីរ៉ុសនេះចេញមក ។ និយាយឲ្យខ្លីគឺស្វែងរកមនុស្សទីមួយដែលស្លាប់ដោយសារវីរ៉ុសនេះ ហើយសួរនាំអ្នកដែលនៅជំវិញគាត់អំពីសកម្មភាពនានាដែលគាត់បានធ្វើមុនពេលគាត់ស្លាប់ ។ បន្ទាប់ពីកំណត់អត្តសញ្ញាណនៃប្រភពដែលផ្តល់កំណើតឲ្យវីរ៉ុសហើយ គេយកសំណាក (Samples) មកធ្វើវិភាគ RNA ដើម្បីស្វែករក Genetic Blueprint ឬអត្តសញ្ញាណជាក់លាក់របស់វីរ៉ុសនិងម្ចាស់ផ្ទះ (Host) របស់វា ។ គឺតុល្យភាពឬភាពសុខដុមរម្យនារវាងវីរ៉ុសនិងម្ចាស់ផ្ទះនេះហើយ ដែលអាចឲ្យមនុស្សរកមធ្យោបាយធ្វើវ៉ាក់សាំងការពារខ្លួនបាន ។ និយាយឲ្យងាយយល់ វ៉ាក់សាំងគឺការចិញ្ចឹមវីរ៉ុសដោយដកពិសវាចេញ ហើយចាក់បញ្ចូលទៅក្នុងខ្លួនមនុស្សដើម្បីបង្កើតឲ្យមានអត្តិសុខុមប្រាណ (Immunity/Antibody) ។ និយាយមួយបែបទៀត គឺយើងយករីរ៉ុសទៅកំចាត់វីរ៉ុស ឬខ្ចីដៃសត្រូវទៅកំចាត់សត្រូវ ។
ប្រការមួយទៀតដែលគួរយល់ដឹងគឺមនុស្សស្លាប់នៅក្នុងប្រទេសចិនប្រមាណ១០០នាក់ក្នុងមួយថ្ងៃដោយសារកូរូណាវីរ៉ុសបច្ចុប្បន្ន ។ មូលហេតុចម្បងដែលបង្កឲ្យមានការស្លាប់ច្រើនដូច្នេះ គឺដោយសារមនុស្សមិនទាន់មានអត្តិសុខុមប្រាណ (Immunity) ដើម្បីទប់ទល់ជាមួយនឹងវីរ៉ុសប្រភេទថ្មីនេះនៅឡើយ ។ ដូចដែលបានលើកឡើងខាងលើ ។ ដើម្បីទប់ទល់ជាមួយវីរ៉ុស គេត្រូវស្គាល់អត្តសញ្ញាណជាក់លាក់របស់វា ហើយរកវិធីកំចាត់វាតាមរយៈការពង្រឹងអត្តិសុខុមប្រាណរបស់មនុស្ស ។ នៅក្នុងករណីដែលគេមិនទាន់រកឃើញប្រភពដើមនិងអត្តសញ្ញាណជាក់លាក់របស់វីរ៉ុសនៅឡើយទេ មធ្យោបាយតែមួយគត់ដើម្បីរាំងខ្ទប់វាកុំឲ្យរីកសាយភាយចេញមកក្រៅគឺបិទតំបន់ដែលវីរ៉ុសផុសចេញមក (Closed off center of outbreak) ។ ប្រទេសចិនដែលបិទមិនឲ្យពលរដ្ឋនៅក្រុងវូហានចាកចេញពីក្នុងតំបន់ ឬប្រទេសជប៉ុនបដិសេធមិនឲ្យនាវាទេសចរណ៍ វ៉េសទឺដាម ចូលសំចត មិនមែនជាទង្វើអមនុស្សធម៌ឬរើសអើងទេ ។ វាជាការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ ។ ហេតុផលគុណធម៌នៅមានច្រើនទៀត ប៉ុន្តែ សូមមិនបរិយាយបន្តទេគ្រាន់តែចង់ពិចារណាអំពីនាវា វ៉េសទឺដាម មកសំចតនៅកំពង់ផែព្រះសីហនុបន្តិច ។
ការមកដល់នៃនាវាទេសចេណ៍ Westerdam នៅក្នុងទឹកដីកម្ពុជាគឺជារឿងគួរឲ្យសោកស្តាយបំផុត ។ បន្ទាប់ពីត្រូវបានបដិសេធដោយប្រទេសជប៉ុននិងហ្វីលីពីនមិនឲ្យចូលសំចត នាវានេះមិនគួរបន្តដំណើរមកកាន់ឈូងសមុទ្រថៃទេ ។ គោលដៅសមស្របគឺត្រូវធ្វើដំណើរទៅកាន់ទីក្រុង ហុងកុង ដែលជាប្រភពដើម (Point of Departure) នោះវិញ ត្បិតនាវា ដាយាម៉ុន ព្រិនសេស (Diamond Princess) ដែលចាកចេញពីប្រភពជាមួយគ្នានោះត្រូវបានប្រទេសជប៉ុនរកឃើញថាមានផ្ទុកកូរ៉ូណាវីរ៉ុស ។ បច្ចុប្បន្ន មនុស្សម្នាក់ដែលចាកចេញពីនាវា វ៉េសទឺដាម ដោយឆ្លងកាត់តាមប្រទេសខ្មែរត្រូវបានអាជ្ញាធរមាឡេសុីរកឃើញថា មានផ្ទុកវីរ៉ុសកូរូណា ។ ប្រសិនបើករណីនេះមានតែមួយគត់ហើយអាចគ្រុបគ្រងបាន យើងអាចចាត់ទុកថាជាសំណាងដ៏ធំមួយ ។ ប៉ុន្តែ បើមានករណីផ្សេងទៀតលេចចេញមក វានឹងបង្កឲ្យមានគ្រោះអាសន្នដ៏ស្មុគស្មាញ ។
ហេតុផលដែលប្រទេសកម្ពុជាអនុញាតឲ្យនាវាវ៉េសទឺដាមចូលសំចតនៅកំពង់ផែព្រះសីហនុអាចមានច្រើនលើសអំពីមនុស្សធម៌និងបំបាត់ការរើសអើង ។ បើយើងនិយាយថា យកពត៌មានកំចាត់ពត៌មាន ដូចគេយកវីរ៉ុសទៅកំចាត់វីរ៉ុស ក៏សមម៉្យាងដែរ ។ ពត៌មានក្តៅអំពីកម្ពុជានៅដើមខែកុម្ភៈគឺរឿងបាត់បង់ការអនុគ្រោះពន្ធ (EBA) ។ ប៉ុន្តែ នៅពេលដែលនាវា វ៉េសទឺដាម មកដល់កំពង់សោម ពត៌មានអំពី (EBA) ត្រូវបានរលាយខ្សុរដូចអំបិលត្រូវទឹក ។ វាជាយុទ្ធសាស្ត្របាញ់ព្រួញមួយត្រូវចាប ពីរបី ។ ពលរដ្ឋខ្មែរលែងខ្វល់ពីរឿងឆ្នាំបាយ ហើយបែរមកខ្វល់ពីរឿងជំងឺរាតត្បាតវិញម្តង ។ ឯមនុស្សនៅក្នុងពិភពលោកក៏ស្គាល់ប្រទេសកម្ពុជារឹតតែច្រើនថែមទៀតដែរ ជាពិសេសគឺការថ្លែងអំណរគុណកម្ពុជារបស់ប្រធានាធិបតីដូណាល់ ត្រាំ តាមរយៈធ្វីទឺ (Twitter) ។ គួរកត់សម្គាល់ថា ប្រមុខរដ្ឋដែលសាទរកម្ពុជាក្នុងការអនុញាតឲ្យនាវាវ៉េសទឺដាមចូលសំចត ដើម្បីឲ្យអ្នកដំណើរមានលទ្ធភាពជិះយន្តហោះបន្តដំណើរទៅកាន់ប្រទេសកំណើតរបស់ខ្លួន ភាគច្រើនមានពលរដ្ឋរបស់ខ្លួនស្ថិតនៅក្នុងនាវានោះ ។ ប្រមុខរដ្ឋដទៃដែលគ្មានពលរដ្ឋនៅក្នុងនាវាវ៉េសទឺដាម ជាពិសេសប្រមុខរដ្ឋដែលជាសម្ព័ន្ធមិត្តរបស់កម្ពុជានៅអាស៊ាន ហាក់ដូចជាគ្មាននរណាថ្លែងសារសាទរទង្វើមនុស្សធម៌ដ៏មហោឡារឹកនោះឡើយ ។ សច្ចៈភាពនៅពីក្រោយទង្វើផ្ទុយគ្នានេះ ប្រហែលជាមានតែទេវតាទេទើបដឹង ៕

Friday, February 7, 2020
ចំណាប់អារម្មណ៍
ទស្សនកិច្ច
កាលពីថ្ងៃមុន ខ្ញុំបានសរសេរអំពីភាពស្រដៀងគ្នារវាងរដ្ឋបាលឥណ្ឌាសម័យបុរាណនិងរដ្ឋបាលអាមេរិកាំងសម័យបច្ចុប្បន្ន ដែលយកពួកព្រាហ្មណ៍និងអ្នកវិទ្យាសាស្ត្រ មកធ្វើជាក្បាលម៉ាសុីនក្នុងការគ្រុបគ្រងដឹកនាំប្រទេស ។ ក្រុមអ្នកវិទ្យាសាស្ត្រដែលរៀបចំគោលនយោបាយបច្ចេកវិជ្ជាឲ្យប្រធានាធិបតីនៃសហរដ្ឋអាមេរិកមានឈ្មោះថា ក្រុមប្រឹក្សាគណកម្មាធិការវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជា ។ នៅដើមសប្តាហ៍នេះ ខ្ញុំមានឱកាសបានចូលទៅអង្គុយស្តាប់ក្រុមប្រឹក្សានេះពិភាក្សាគ្នានៅក្នុងអគារការិយាល័យសេតវិមានដែលគេហៅជាទូទៅថា Old Executive Building (វ៉ាំងចាស់) ។
មុននឹងបរិយាយបទពិសោធរបស់ខ្ញុំក្នុងការអង្គុយស្តាប់គេជជែកគ្នា ខ្ញុំសូមរៀបរាប់អំពីសាវតារនិងសម្ផស្សរបស់អគារ វ៉ាំងចាស់នេះបន្តិច ។ លោកប្រធានាធិបតីនៃសហរដ្ឋអាមេរិកឈ្មោះ អុយលីស អេស ហ្គ្រេន Ulysses S. Grant (រូបគាត់នៅលើក្រដាសប្រាក់ ៥០ដុល្លារ) បានចាត់ចែងសង់អគារនេះនៅចុងទសវត្សឆ្នាំ ១៨៦០ ។ សហរដ្ឋអាមេរិកចំណាយពេល ១៩ឆ្នាំ និងទឹកប្រាក់ជាង ១០លានដុល្លារដើម្បីកសាងអគារបុរាណមួយនេះ ។ នៅពេលអគារនេះត្រូវបានសម្ពោធឲ្យប្រើប្រាស់ជាទីស្នាក់ការរបស់ក្រសួងការបរទេសនិងក្រសួងការពារជាតិនៅឆ្នាំ ១៨៨៨ មនុស្សជាច្រើនរួមទាំងប្រធានាធិបតីមួយចំនួនផង មិនចូលចិត្តអគារនេះទេ ។ មូលហេតុដែលគេមិនចូលចិត្តអគារនេះ ព្រោះវាមានសណ្ឋានដូចរាជវ៉ាំងនៅអឺរ៉ុប ដែលជានិមិត្តរូបនៃជនផ្តាច់ការនិងរបបផ្តាច់ការ ។ ប៉ុន្មានឆ្នាំក្រោយមក ស្ថាបត្យករដែលរចនាអគារនេះបានធ្វើអត្តឃាត ហើយក្រសួងការបរទេសក៏សង់ទីស្នាក់ការថ្មីរបស់ខ្លួននៅភាគខាងលិចចម្ងាយប្រមាណជាមួយគីឡូម៉ែត្រពីទីនេះ ។ ឯក្រសួងការពារជាតិក៏បានលើកទីស្នាក់ការរបស់ខ្លួងទៅដាក់នៅត្រើយម្ខាងស្ទឹងដែលយើងស្គាល់ថាជាមន្ទីរ ប៉ង់តាហ្គូន សព្វថ្ងៃនេះ ។ បន្ទាប់ពីក្រសួងទាំងពីរចាកចេញទៅ អគារនេះត្រូវបានបុគ្គលិកសេតវិមានយកមកធ្វើជាការិយាល័យ ។ អនុប្រធានាធិបតីភាគច្រើនមានការិយាល័យមួយនៅទីនេះ ដើម្បីងាយស្រួលក្នុងការប្រាស្រ័យទាក់ទងជាមួយនឹងប្រធានាធិបតី ។
នៅឆ្នាំ ១៩៥៥ លោកប្រធានាធិបតី អៃសិនហោវឺ (Eisenhower) បានធ្វើសន្និសិតកាសែតផ្សាយតាមទូរទស្សដំបូងបំផុតចេញពីបន្ទប់មួយនៅក្នុងអគារនេះ ។ បន្ទប់ដែលមានរូបកិន្នរ (Deity) និងក្បូរក្បាច់រចនានៅក្នុងរូបភាពខាងក្រោម គឺជាកន្លែងដែលគេថតផ្សាយតាមទូរទស្សនាគ្រានោះ ។ នៅឆ្នាំ ១៩៥៩ ដោយរងសម្ពាធពីសំណាក់មជ្ឈឋានជាច្រើន រដ្ឋាភិបាលអាមេរិកគ្រោងវាយអគារនេះចោល ប៉ុន្តែមិនទាន់ដាច់ចិត្តវាយវាចោលនៅឡើយ ។ ១០ឆ្នាំក្រោយមក ក្រុមអ្នកអភិរក្សអគារបុរាណបានបញ្ចុះបញ្ចូលរដ្ឋាភិបាលឲ្យរក្សាអគារនេះទុកជាសម្បត្តិបេតិកភណ្ឌជាតិ ។ នៅឆ្នាំ ១៩៧០ អគារនេះត្រូវបានគេចុះបញ្ជីជាបេតិកភណ្ឌជាតិ ហើយក៏រស់រានមានអត្ថិភាពរហូតដល់សព្វថ្ងៃ ។ ផ្នែកខាងក្នុងនៃអគារបុរាណនេះ គេរក្សាទុកឥដ្ឋការូពណ៌ស្រដៀងគ្នានឹងឥដ្ឋពណ៌នៅតាមព្រះវិហារចាស់ៗរបស់ខ្មែរដែរ ។ បន្ទប់សាលប្រជុំខ្លះ គេយកឈើពណ៌ផ្សេងៗគ្នាមករៀបផ្គុំឲ្យមានសណ្ឋានដូចឥដ្ឋការ៉ូដែរ ។ បើយើងមិនចាប់ភ្លឹកយើងមិនដឹងថា កម្រាលការ៉ូដែលយើងកំពុងឈរលើនោះជាឈើទេ ។
សូមនិយាយអំពីកិច្ចការប្រទេសជាតិវិញម្តង ។ អ្នកប្រាជ្ញអាមេរិកដែលមានតួនាទីរៀបចំគោលនយោបាយពាក់ព័ន្ធនឹងវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជនោះ គេហាក់ដូចជាផ្តោតគំនិតលើគោលការណ៍ធំៗពីរ ។ ទីមួយគឺ វិទ្យាសាស្ត្រក្វាន់តូម (Quantum Science) ។ ទីពីរគឺ វិញ្ញាណសិប្បនិមិត្ត (Artificial Intelligence, AI) ។ គេក៏និយាយអំពី ស្តឹម (STEM: Science, Technology, Engineering, and Math) ផងដែរ ។
Quantum Science គឺជាអ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេ ត្បិតខ្ញុំមិនដែលបានរៀនហើយក៏មិនយល់ថា ក្វាន់តូម ជាអ្វីទេ ។ សម្រាប់ខ្ញុំវាប្រៀបដូចជា និព្វាន ដែលខ្ញុំមិនដឹងថាមានរូបរាងនិងសណ្ឋានដូចម្តេច ។ ប៉ុន្តែ ខ្ញុំដឹងថា មានអ្នកប្រាជ្ញមួយរូបឈ្មោះ អាលបឺត អាញស្តាញ (Albert Einstein) ដែលជាបុគ្គលមានឈ្មោះបោះសម្លេងនៅក្នុងរឿង ក្វាន់តូម នេះ ។ អាញស្តាញ បានទទួលអនិច្ចកម្មជិតមួយសតវត្សហើយ ។ កាលគាត់យកទ្រឹស្តីក្វាន់តូមនេះមកបកស្រាយ មិនសូវមានមនុស្សយល់ទេ ។ ឥឡូវនេះមិនត្រឹមតែមានមនុស្សជាច្រើនកំពុងស្វែងយល់ គេថែមទាំងយករបកគំហើញរបស់គាត់មកត្រួសត្រាយផ្លូវ ដើម្បីស្វែងរកសារប្រយោជន៍ទ្រទ្រង់មនុស្សជាតិទៀតផង ។ នៅអនាគតដ៏ខ្លីខាងមុខនេះ មនុស្សជាតិអាចនឹងទទួលបានសមិទ្ធិផលមួយចំនួនទៀតដែលអស្ចារ្យលើសអំពីកំព្យូទ័រនិងអាយហ្វូន ។ យើងមិនអាចដឹងថា សមិទ្ធិផលនោះមានសណ្ឋានដូចម្តេចនៅឡើយទេ ។ ប៉ុន្តែ វានឹងប្រាកដខ្លួនឡើងនៅក្នុងកាលៈទេសៈសមស្របមួយ ។
រឿងចម្លែកមួយទៀតដែលខ្ញុំបានរៀនចេញអំពីទស្សនកិច្ចអង្គុយស្តាប់គេនោះគឺ សញ្ញាប័ត្រដោយមិនចាំបាច់ចូលសាលា ។ សញ្ញាប័ត្រប្រភេទនេះគឺសំដៅដល់ការសិក្សាដោយខ្លួនឯង ។ និស្សិតមហាវិទ្យាល័យនិងសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិកប្រមាណជា ៥០% សិក្សាតាមអនឡាញ (Online Courses) ។ ការសិក្សាប្រភេទនេះគឺអនុលោមទៅតាមឆន្ទៈនិងការប្រឹងប្រែងរបស់បុគ្គលម្នាក់ៗ ។ ការទទួលស្គាល់ចំណេះដឹងនិងសមត្ថភាពរបស់បុគ្គលដែលចេញអំពីប្រភពក្រៅសាលានេះ គឺជាគោលដៅមួយដែលគេត្រូវធ្វើ ។ វាក៏ជាកត្តាជៀសមិនរួចផងដែរ (Trends) ។ នៅស្រុកខ្មែរបច្ចុប្បន្ន ខ្ញុំសង្កេតឃើញយុវជនមួយចំនួនបានអនុវត្តគោលការណ៍សិក្សាដោយខ្លួនឯងនេះ យូរក្រែលដែរហើយ ។ ប៉ុន្តែ ពួកគេភាគច្រើនអនុវត្តកិច្ចការនេះដោយសារកត្តាខាងក្រៅជម្រុញ ដូចជាភាពក្រីក្រ និងកង្វះខាតមធ្យោបាយនានា ។ល។ លោក ឡាំ លីម ដែលជាអ្នកនិពន្ធសៀវភៅ អំណានជាអំណាច ជាបុគ្គលឈានមុខគេនៅក្នុងប្រការនេះ ។ គាត់ហាក់ដូចជារកឃើញផ្លូវទៅកាន់ឋានសួគ៌រួចទៅហើយ ។ សម្រាប់អ្នកដែលមានកូនកំពុងរៀន រាប់បញ្ចូលទាំងខ្លួនខ្ញុំផងដែរ ការលើកទឹកចិត្តកូនឲ្យរៀនដោយខ្លួនឯងប្រហែលជាទីប្រកួតដែលមិនអាចជៀសផុតឡើយ ។ គួរកត់សម្គាល់ថា រៀនដោយខ្លួនឯងមិនមែនម៉ែឪបង្រៀនទេ ។ គប្បីចែកប្រការនេះឲ្យដាច់ដោយឡែកពីគ្នា ជៀសវាងបង្កឲ្យមានផលវិបាកនានា ។
មុននឹងបញ្ចប់ ខ្ញុំសូមធ្វើការចាប់អារម្មណ៍លើសមត្ថភាពរបស់ក្រុមប្រឹក្សាវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជារបស់ប្រធានាធិបតីអាមេរិកបន្តិច ។ ទស្សនវិទូនិងអ្នកប្រាជ្ញឈានមុខទាំងនេះ គ្មានគោរម្យងារសម្រាប់សម្គាល់ទេ ។ បើពួកគេដើរតាមផ្លូវនៅក្រៅបរិវេណសេតវិមាន សូម្បីតែឆ្កែក៏មិនព្រុសដែរ ។ ប៉ុន្តែ នៅពេលបានឃើញការជជែកពិភាក្សារបស់ពួកគេ ខ្ញុំសង្កេតឃើញថា វាមានស្តង់ដារនិងភាពមធ្យ័តខ្ពស់ជាងក្រុមអ្នកប្រាជ្ញដទៃដែលខ្ញុំធ្លាប់ជួប ។ ថ្វីត្បិតតែការពិភាក្សាខ្លះមានកម្រិតខ្ពស់ហួសពីការយល់ដឹងរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានទទួលនូវចំណីខួរក្បាលដ៏វិសេសវិសាលមួយដែលខ្ញុំមិនធ្លាប់បានភ្លក្សពីមុនមក ៕



Wednesday, February 5, 2020
សៀវភៅ
នៅពីក្រោយមោទនភាពជាតិ
ខ្ញុំទើបនឹងបានអានសៀវភៅថ្មីមួយមានចំណងជើងថា៖ នៅពីក្រោយមោទនភាពជាតិ ។ អ្នកស្រី ប៉ាង វ៉ាន់ថោន ដែលជាអ្នកនិពន្ធសៀវភៅនេះបានមុជយ៉ាងជ្រៅទៅក្នុងភាពអាប់អួរនៃសង្គមខ្មែរដើម្បីស្វែងយល់អំពីកត្តានានាដែលធ្វើឲ្យសង្គមក៏ដូចជាអត្តចរិតរបស់ពលរដ្ឋខ្មែរធ្លាក់ចុះដុនដាបគួរឲ្យសង្វេក ។ នៅក្នុងទសវត្សឆ្នាំ ១៩៧០ ស្មេរសង្គមសាស្ត្រ (Social critics) ខ្មែរមួយចំនួនមានជាអាទ៍៖ លោក គយ សារុន លោក ឃុន ស្រ៊ុន និងលោក ប៊ុនចណ្ណ ម៉ុល ធ្លាប់បានបង្ហូរទឹកប៊ិកនិងទឹកភ្នែកស្រែកដង្ហើយឲ្យខ្មែរភ្ញាក់រលឹកដឹកនាំខ្លួនចេញពីភាពអាប់អួរម្តងរួចមកហើយ ។ ប៉ុន្តែ អ្វីដែលជាកត្តាកត់សម្គាល់គឺថា កន្លងទៅអស់រយៈពេលជាងកន្លះសតវត្ស ជំងឺសង្គមរបស់ខ្មែរមិនត្រឹមតែមិនបានធូស្រាលនោះទេ វាកំពុងតែធ្លាក់ចូលទៅក្នុងសភាពដុនដាបគួរឲ្យភ័យព្រួយ ។ បើគ្មានការទប់ស្កាត់ ឬក៏កែប្រែស្ថានភាពឲ្យទាន់ពេលវេលាទេ សង្គមខ្មែរអាចក្លាយទៅជាសង្គមមួយដែលបាត់សភាវទ្រទ្រង់និងលិចលង់ទៅតាមយថាកម្ម ។
ចំណុចប្រឈមដ៏ធំបំផុតដែលអ្នកនិពន្ធលើកយកមកពិភាក្សាគឺភាពអនាធិបតេយ្យនៃការរស់នៅក៏ដូចជានៅក្នុងផ្នត់គំនិតរបស់ពលរដ្ឋខ្មែរ ។ សភាវពុករលួយ ទាំងផ្លូវកាយនិងផ្លូវចិត្តរបស់ពលរដ្ឋខ្មែរ ចាប់ពីមន្ត្រីរាជការរហូតដល់អ្នកសុំទាន បានទាញសង្គមខ្មែរឲ្យបាត់បង់គុណធម៌និងសុជីវធម៌គ្រប់ច្រកល្ហកទាំងអស់ ។ (សូមបញ្ជាក់ថា អ្នកសុំទានខ្មែរក៏ពុករលួយដែរ ។ ខ្ញុំធ្លាប់បានពួកគេគោះយកលុយប្រកបដោយសុជីវធម៌ជាទីបំផុត) ។
នៅវគ្គទីមួយនៃសំណេរ នៅពីក្រោយមោទនភាពជាតិ អ្នកនិពន្ធបានលើកយកភាពអនាធិបតេយ្យនៃចរាចរណ៍ផ្លូវគោករបស់កម្ពុជាមកធ្វើជានិទស្សន៍បកស្រាយអំពីអត្តចរិត ឬផ្នត់គំនិតខ្មែរនៅក្នុងការដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការបើកបរ ។ វាគឺជានិមិត្តរូបដ៏សុក្រិតមួយដែលបង្ហាញ ថាតើសង្គមខ្មែរកំពុងតែដើរឆ្ពោះទៅកាន់ទីណា ។ នៅក្នុងការបើកបររបស់ពលរដ្ឋខ្មែរ ការយោគយល់គឺកើតមានដោយកម្រ ។ អត្តទត្ថនិយម អំណាច យសស័ក្តិ និងសម្បត្តិទ្រព្យ គឺជាកត្តាកំណត់ជោគវាសនាក្នុងការធ្វើចរាចរណ៍ ។ ដំណើរជីវិតគឺមិនខុសអំពីដំណើរចរាចរណ៍ឡើយ ។ យើងត្រូវឈប់ បត់ឆ្វេ បត់ស្តាំ ឬក៏ជៀសវាងឧបស័គ្គនានាដើម្បីគាំពារក៏ដូចជាធានាសុវត្ថិភាពសម្រាប់មនុស្សទាំងអស់គ្នាផងដែរ ។ នៅពេលការយោគយល់ ឬក៏ជួយផ្តល់ផាសុខភាពដល់ជីវិតអ្នកដទៃមិនត្រូវបានពលរដ្ឋយកចិត្តទុកដាក់ ដោយសារតែភាពអត្តទត្ថនិយមរបស់បុគ្គលដ៏ច្រើនលើសលុបនៅក្នុងសង្គមខ្មែរ សុភាវធម៌ទ្រទ្រង់សង្គមជាច្រើនត្រូវបានបាត់បង់ ។ ជាលទ្ធផល ខ្មែរបង្កើតបាននិងរស់នៅក្នុងសង្គមមួយដែលខ្សត់គុណធម៌និងក្រ បសាទចិត្ត ។
ក្រៅអំពីលាតត្រដាងការបាត់បង់គុណធម៌និងសុជីវធម៌នៅក្នុងផ្នត់គំនិតពលរដ្ឋខ្មែរ អ្នកអ្នកស្រី ប៉ាង វ៉ាន់ថោន ក៏បានលើកយកមកនិយាយផងដែរអំពីភាពលេលារបស់ពលរដ្ឋខ្មែរដែលលុះនៅក្នុងអំពើអបាយមុខ ។ សេពគ្រឿស្រវឹងនិងគ្រឿងញៀន (ផឹកស្រាជក់បារី) និងជំនឿលើពិធីកម្មសាសនាដោយងងិតងងល់ បាននិងកំពុងតែផ្តល់ឲ្យសង្គមខ្មែរនូវភាពពុករលួយបញ្ញាមួយ ដែលពលរដ្ឋរស់ក្នុងសភាពជាទាសករនៃខួរក្បាលអ្នកដទៃ ។ ការផឹកគ្រឿងស្រវឹងនិងជំនឿលើពិធីកម្មសាសនា មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ពលរដ្ឋខ្មែរទេ ។ ជនជាតិដទៃក៏ប្រព្រឹត្តិដូចគ្នាដែរ ។ ប៉ុន្តែ អ្វីដែលធ្វើឲ្យខ្មែរលេចធ្លោ គឺប្រព្រឹត្តនូវទង្វើដោយខ្វះការពិចារណាដិតដល់និងផ្ទុយអំពីអ្វីដែលជាក្របខណ្ឌនៃការយល់ដឹងរបស់ខ្លួន ។ ឧទាហរណ៍ដ៏សាមញ្ញមួយគឺជាង ៩០ ភាគរយនៃពលរដ្ឋខ្មែរជាអ្នកបដិបត្តិព្រះពុទ្ធសាសនា ប៉ុន្តែខ្មែរច្រើនលើសលុបប្រព្រឹត្តិផ្ទុយនឹងគោលការណ៍ពុទ្ធសាសនារាល់ថ្ងៃ ។ សេពគ្រឿងស្រវឹងនិងប្រព្រឹត្តិអំពើពុករលួយគឺជាឧទាហរណ៍ជាក់ស្តែង ។
នៅក្នុងវិស័យនយោបាយដែលជាមូលដ្ឋានគ្រឹះសម្រាប់ចងក្រងសង្គមឲ្យរឹងបុឹង ភាពប្រេះឆានិងការប្រកាន់មាំជាមួយនឹងបក្សពួកនិយមកំពុងតែកែប្រែសង្គមខ្មែរឲ្យក្លាយទៅជាសង្គមមួយដែលខ្សត់ភាតរភាព ។ ខ្សត់ភាតរភាពគឺខ្សត់សាមគ្គីភាព ។ ខ្សត់សាមគ្គីភាពគឺខ្សត់ទំនុកចិត្ត ដែលជាកត្តានាំទៅរកមហន្តរាយនៃសេចក្តីរាប់អាននិងឈឺឆ្អាលដល់សុខមាលភាពពលរដ្ឋផងគ្នា ។ ពលរដ្ឋខ្មែរភាគច្រើនរស់ក្នុងសភាព "ក្បាលអ្នកណា សក់អ្នកហ្នឹង" ។ គឺគេមិនសូវខ្វល់អំពីទុក្ខសោករបស់អ្នកដទៃឡើយ ។ សម្បត្តិសាធារណ ឬសម្បត្តិជាតិ ដូចជាធនធានធម្មជាតិនិងកេរអាកររបស់ដូនតា គឺគេឆ្លៀតទាញយកសារប្រយោជន៍តែរៀងខ្លួន ។ ការថែរក្សានិងពង្រីកធនធានសម្រាប់ថ្ងៃអនាគតហាក់ដូចជាមិនសូវមាននរណាខ្វល់ខ្វាយច្រើនឡើយ ។ មិនត្រឹមតែមិនសូវខ្វល់ខ្វាយរឿងថែទាំធនធានជាតិនោះទេ សូម្បីតែចូលរួមក្នុងសកម្មភាពនយោបាយដើម្បីថែរក្សាការពារសិទ្ធិសេរីភាពរបស់ខ្លួនក៏ពលរដ្ឋខ្មែរមិនសូវរវីរវល់ដែរ ។ ចរិតអត្តឃាតនយោបាយមួយដែលដិតជាប់នៅក្នុងគំនិតពលរដ្ឋខ្មែរគឺ៖ ទុករឿងនយោបាយឲ្យអ្នកនយោបាយគេដោះស្រាយ ។ ពួកគេមិនដឹង ឬក៏មិនយល់ទេថាគន្លឹះសម្រាប់ដោះស្រាយបញ្ហាគ្រប់យ៉ាងនៅក្នុងរឿងនយោបាយគឺស្ថិតនៅក្នុងដៃរបស់ពួកគាត់ដែលជាពលរដ្ឋនេះឯង ។
ចាប់ពីដើមរហូតដល់ចុងបញ្ចប់នៃសៀវភៅ នៅពីក្រោយមោទនភាពជាតិ អ្នកនិពន្ធបានលាតត្រដាងឲ្យឃើញនូវស្នាមប្រឡាក់ជាច្រើនដែលពលរដ្ឋខ្មែរចាំបាច់ត្រូវតែដុសខាត់លាងជម្រះ ។ វាប្រៀបដូចជាលើកកញ្ចក់មកឆ្លុះបញ្ចាំងមើលរូបខ្លួនឯងដូច្នោះដែរ ។ ថ្វីត្បិតតែកញ្ចក់ឆ្លុះរូបខ្លួនឯងនេះ មិនអាចឲ្យយើងមើលឃើញនូវអ្វីដែលស្ថិតនៅខាងក្រោយខ្នងក៏ពិតមែន តែយ៉ាងហោចណាស់ក៏យើងអាចមើលឃើញអ្វីដែលកំពុងប្រឡាក់នៅលើរូបយើងផ្នែកខាងមុខដែរ ។ ដំណោះស្រាយបន្ទាន់ដែលពលរដ្ឋខ្មែរត្រូវធ្វើគឺសម្អាតភាពកខ្វក់ដែលអាចមើលឃើញនេះឯង ។ សម្អាតចិត្តនិងកាយវិការគឺជាប្រការចាំបាច់បំផុត មុននឹងឈានទៅដល់ការសម្អាតសភាវកខ្វក់នានាដែលយើងមើលឃើញ ។ ចុងបញ្ចប់យើងត្រូវពឹកពាក់គ្នាទៅវិញទៅមក ដើម្បីត្រួតពិនិត្យបោសសម្អាតសារធាតុអពមង្គលទាំងឡាយ ដែលយើងមិនអាចមើលឃើញឬក៏មើលយល់ដោយខ្លួនឯង ។
ជាការពិតណាស់ សៀវភៅមួយក្បាលមិនអាចលាតត្រដាងឲ្យយើងឃើញ និងយល់អំពីផលវិបាកនៅក្នុងសង្គមខ្មែរគ្រប់ជ្រុងជ្រោយនោះទេ ។ ប៉ុន្តែ នៅពីក្រោយមោទនភាពជាតិ បានបង្ហាញឲ្យឃើញនូវគ្រោះមហន្តរាយដ៏ធំមួយ ដែលកំពុងយាយីសង្គមខ្មែរ ។ ទឹកខ្មៅ ដែលត្រូវបានយកមកផ្តិតលើសៀវភៅនេះ គឺប្រាកដជាដិតដាមដោយតំណក់ទឹកភ្នែករបស់ស្មេរខ្មែរមួយរូប ដែលមានបេះដូងពោរពេញដោយក្តីស្រឡាញ់ លាយឡំនឹងការឈឺចាប់ នៅក្នុងបុព្វហេតុ "មោទនភាពជាតិ" ៕

Friday, January 24, 2020
ចំណីខួរក្បាល
អ្នកនិពន្ធ (Writers)
រយៈពេលជាងពីរទសវត្សកន្លងទៅនេះ ខ្ញុំទៅបណ្ណាគារជារឿយៗដើម្បីស្វែងរកទិញសៀវភៅកំណាព្យនិងប្រលោមលោកមកទុកអាន ។ អ្វីដែលជាការកត់សម្គាល់របស់ខ្ញុំគឺថា សៀវភៅដែលត្រូវបានគេនិពន្ធនាពេលបច្ចុប្បន្ន អានទៅមិនសូវជក់ចិត្តដិតអារម្មណ៍សោះ ។ ក្រៅតែអំពីសៀវភៅរបស់លោក គង្គ ប៊ុនឈឿន ដែលជាស្មេរជើងចាស់នោះ សៀវភៅដែលសរសេរដោយស្មេរជំនាន់ក្រោយៗនេះ ហាក់ដូចជាខ្វះអត្ថរសក្នុងការទាក់ទាញអារម្មណ៍ ។ ប្រហែលជាខ្ញុំរស់ឆ្ងាយពីសង្គមខ្មែរយូរពេកក៏មិនដឹង បានជាបាត់បង់ចំណងអត្ថរសនៅក្នុងសំណេរអក្សរសីល្ប៍ខ្មែរ ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំសម្រេចចិត្តស្វែងរកឬសគល់ខ្លះៗដែលអាចជាកត្តាបង្ហាញអំពីកង្វះខាតនានានៅក្នុងការតាក់តែងនិពន្ធ ។
ផ្អែកលើការពន្យល់នានាដែលយើងអាចស្រាវជ្រាវនៅក្នុងប្រព័ន្ធ អុិនថឺណិត ការនិពន្ធរឿងជាលក្ខណៈប្រតិស្ឋក្តី (Fiction) តថៈក្តី (Non-fiction) គឺត្រូវផ្អែកលើគោលការណ៍សំខាន់មួយ ។ នៅក្នុងភាសាអង់គ្លេស គេហៅគោលការណ៍នោះថា៖ Figurative Language ឬ អត្ថាប្បដិរូប ។ ភ្ជាប់ជាមួយគោលការណ៍អត្ថាប្បដិរូបនេះ មានសាខាគោលការណ៍តូចៗមួយចំនួនទៀតដែលជាគ្រឿងទេសសម្រាប់ធ្វើឲ្យសំណេរមានអត្ថរសល្អប្រសើរ ។
Figurative Language ឬអត្ថាប្បដិរូប សំដៅលើការប្រើរូបភាពមួយតំណាងឲ្យរូបភាពមួយទៀតដែលមិនពាក់ព័ន្ធគ្នា ប៉ុន្តែអ្នកអានឬអ្នកទស្សនាអាចយល់ឬស្គាល់នៅក្នុងអារម្មណ៍ថាអ្នកនិពន្ធចង់និយាយអំពីអ្វី ។ ឧទាហរណ៍ កុលាបប៉ៃលិន ឬ រំដួលដងស្ទឹងសង្កែ ។ គ្រាន់តែឃើញចំណងជើង អ្នកអានអាចយល់នៅក្នុងអារម្មណ៍ថា អ្នកនិពន្ធសំដៅលើស្រីក្រមុំស្រស់សោភានៅខេត្តប៉ៃលិន និងនៅក្បែរដងស្ទឹងសង្កែ មិនមែនផ្កាកុលាបឬផ្ការំដួលឡើយ ។ យើងអាចសួរថា ហេតុអ្វីក៏អ្នកនិពន្ធមិននិយាយឲ្យចំៗតែម្តងទៅ ចាំបាច់ប្រើអត្ថាប្បដិរូបនាំឲ្យវែងឆ្ងាយធ្វើអ្វី?? ចម្លើយគឺ គេធ្វើបែបនេះដើម្បីបង្កឲ្យមានចម្ងល់និងការចង់ដឹងចង់យល់ពីសំណាក់អ្នកអាន ដែលភាសាអង់គ្លេសហៅថា Suspense ។ នៅក្នុងអត្ថាប្បដិរូបនេះ មានរូបធាតុតូចៗមួយចំនួនដែលដើរតួសំខាន់ក្នុងការចងចិត្តនិងអារម្មណ៍អ្នកអាន ។
១) Metaphors ពាក្យនេះសំដៅដល់ការប្រៀបធៀបនៅក្នុងវោហារសាស្ត្រ ។ យើងប្រើពាក្យពេចន៍ប្រៀបធៀបនេះនៅក្នុងការប្រាស្រ័យទាក់ទងគ្នាជាប្រចាំ ។ ឧទាហរណ៍ សន្យាខ្យល់ ឬ យកទៅបំផើមចោល ។ ពាក្យនេះ ស្តាប់ទៅដូចជាគ្មានពាក់ព័ន្ធនឹងអ្វីមួយច្បាស់លាស់ឡើយ ប៉ុន្តែអ្នកអានឬស្តាប់អាចកាត់យល់ថាវាសំដៅលើការកុហកបោកប្រាស់ ឬមិនគោរពពាក្យសន្យា ។ លោកសុទ្ធ ប៉ូលីន នៅក្នុងប្រលោមលោករឿង អ្នកមេម៉ាយនៅអិលអេ បានបង្ហាញនូវឧទាហរណ៍ជាច្រើនអំពីសិល្បវិធីនេះ ។
២) Foreshadowing ពាក្យនេះសំដៅដល់ភាពអាថ៌កំបាំងដែលអ្នកនិពន្ធព្រលយឲ្យដឹងខ្លះៗ ប៉ុន្តែតួអង្គពាក់ព័ន្ធអត់ដឹងថាព្រឹត្តិការណ៍កំពុងនាំខ្លួនទៅកាន់អ្វីដែលនឹងកើតឡើងនោះឡើយ ។ នៅក្នុងរឿងអ្នកមេម៉ាយនៅអិលអេ លោក សុទ្ធ ប៉ូលីន បានបង្ហាញឧទាហរណ៍ជាច្រើនពាក់ព័ន្ធនឹងប្រការនេះ ។
៣) Flashback វាជាការរៀបរាប់រំលឹកឡើងវិញអំពីព្រឹត្តិការណ៍ដែលបានកើតមាន ឬក៏អព្ភូតហេតុដែលតួអង្គសំខាន់ណាមួយបានជួបប្រទះនៅក្នុងដំណើរជីវិត ។ ឧទាហរណ៍៖ នៅក្នុងរឿងអ្នកមេម៉ាយនៅអិលអេ លោក សុទ្ធ ប៉ូលីន បានរៀបរាប់យ៉ាងបុិនប្រសព្វអំពីដំណើរជីវិតដ៏រីករាយមួយរបស់អ្នកមេម៉ាយឆ្ងាយភ័ព្វដែលត្រូវរងគ្រោះដោយសារពួកខ្មែរក្រហមនិងទាហានថៃធ្វើបាប ។
៤) Falling Action សំដៅដល់ការបញ្ចប់នូវព្រឹត្តិការណ៍អ្វីមួយនៅក្នុងវគ្គមួយនៃសាច់រឿង ។ អ្នកមេម៉ាយនៅអិលអេ ដែលព្យាយាមស្រោចស្រង់បុរសសង្ហាពិការចិត្តស្ថិតនៅក្នុងសភាពវីវក់នឹងល្បែងនៅ ឡាសវេហ្គា (Las Vegas) រហូតដល់អស់ទាំងប្រាក់ ប្រឡាក់ទាំងមរតករបស់ម៉ែ (Loss of Innocence) ជាឧទាហរណ៍ដ៏ល្អមួយ ។ ប្រការនេះចង្អុលបង្ហាញថា សីល្បៈនៃការសរសេរប្រលោមលោកមានសណ្ឋានស្រដៀងនឹងតែងសេចក្តីដែរ គឺ៖ បង្ហើប បង្ហាញ បង្ហប់ ។
ឧទាហរណ៍ខាងលើនេះគឺជាការរកឃើញខ្លះៗរបស់ខ្ញុំតាមរយៈព្រះគ្រូ Google ។ គួរកត់សម្គាល់ដែរថា សំណេរនេះមិនមែនជាការជួយផ្សាយ ប្រូម៉ូសិន សៀវភៅអ្នកមេម៉ាយនៅអិលអេរបស់លោក សុទ្ធ ប៉ូលីន ឡើយ ។ ខ្ញុំមិនដែលស្គាល់គាត់ហើយក៏មិនធ្លាប់ជួបគាត់ដែរ ។ ខ្ញុំគ្រាន់តែចង់ចង្អុលបង្ហាញតាមការយល់ដឹងផ្ទាល់ខ្លួនថា៖ អ្នកដែលចង់ចេះ ចង់យល់ អំពីអត្ថរសនៃសំណេរអក្សរសីល្ប៍ដែលទាក់ទាញអារម្មណ៍និងពោពេញទៅដោយរូបធាតុនានាដែលជាគោលការណ៍នៃអក្សរសីល្ប៍ខ្លឹម អានត្រឹមរឿងអ្នកមេម៉ាយនៅអិលអេមួយ ក៏អាចក្រេបជញ្ជក់បានចំណេះដឹងច្រើអនេកដែរ ៕
Wednesday, January 22, 2020
ចំណីខួរក្បាល
ភាពស្រដៀងគ្នារវាងអភិបាលកិច្ចស្រុកឥណ្ឌាសម័យបុរាណនិងសហរដ្ឋអាមេរិកបច្ចុប្បន្ន
អ្នកសិក្សាអំពីវប្បធម៌ខ្មែរសម័យបុរាណប្រហែលជាចាំថា សង្គមខ្មែរសម័យនោះគោរពបូជាព្រហ្មញ្ញសាសនានិងអនុវត្តគោលការណ៍ដឹកនាំរដ្ឋស្រដៀងគ្នានឹងប្រទេសឥណ្ឌា ។ គេរៀបចំសង្គមឲ្យមានវណ្ណៈគឺ ព្រាហ្មណ៍ ក្សត្យ វេស្យ និង សូទ្រ (អ្នកប្រាជ្ញ ស្តេច អ្នកជំនួញ និង ពលករ) ។ នៅក្នុងទំនាក់ទំនងរវាងពលរដ្ឋនៅក្នុងសម័យបុរាណនោះ អ្នកប្រាជ្ញបង្រៀនឬផ្តល់ដំបូន្មានដល់ស្តេច ។ ស្តេចគាំពារនិងលើកទឹកចិត្តអ្នកជំនួញក្នុងវិស័យពាណិជ្ជកម្ម ។ អ្នកជំនួញផ្តល់ផលនិងកែច្នៃពលកម្មរបស់ពលករឲ្យទៅជារូបិយបណ្ណដើម្បីទ្រទ្រង់ការអភិវឌ្ឃន៍ប្រទេសជាតិ ។ ចំណែកនៅសហរដ្ឋអាមេរិកនាគ្រាបច្ចុប្បន្ន ទំនាក់ទំនងស្រដៀងគ្នាត្រូវបានគេអនុវត្តិ ។
សហរដ្ឋអាមេរិកជាប្រទេសមូលធនដែលយក ជំនួញនិងបច្ចេកវិជ្ជា ជាមូលដ្ឋានអភិវឌ្ឃន៍ដោយផ្អែកលើអភិបាលកិច្ចសេរីនិយម ។ នៅក្នុងទំនាក់ទំនងរវាងអភិបាលកិច្ចនិងសេដ្ឋកិច្ច របៀបរបបគ្រុបគ្រងរបស់សហរដ្ឋអាមេរិកពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើគោលការណ៍ ព្រាហ្មណ៍ ក្សត្យ វេស្យ និង សូទ្រ របស់ឥណ្ឌាសម័យបុរាណ ។ នៅក្នុងការិយាល័យប្រធានាធិបតីអាមេរិកាំង មានទីប្រឹក្សាមួយក្រុមដែលគេហៅថា គណកម្មាធិការវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជា (Presideantial Committee of Advisors on Sciences and Technologies) ។ ក្រៅអំពីក្រុមប្រឹក្សាដែលជាអ្នកវិទ្យាសាស្ត្រ (Scientists) ទាំងនេះ រដ្ឋមន្ត្រីទាំងអស់ក៏ជាទីប្រឹក្សារបស់ប្រធានាធិបតីដែរ ។ រដ្ឋមន្ត្រីនីមួយៗមានគណកម្មាធិការវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជា ជាទីប្រឹក្សាផងដែរ ។ ដូច្នេះ ការសម្រេចចិត្តនានារបស់ប្រធានាធិបតីអាមេរិកាំងពាក់ព័ន្ធនឹងការដឹកនាំប្រទេស ជាទូទៅគឺប្រសូត្រចេញមកអំពីគំនិតរបស់អ្នកប្រាជ្ញវិទ្យាសាស្ត្រ (វណ្ណៈព្រាហ្មណ៍) ។
និយាយជារួម គោលការណ៍អភិវឌ្ឃន៍និងដឹកនាំប្រទេសរបស់អាមេរិកាំង គឺពឹងផ្អែកលើទស្សនវិស័យដែលផុសចេញអំពីការស្រាវជ្រាវតាមបែបផែនវិទ្យាសាស្ត្រស្ទើរតែគ្រប់វិស័យ ។ សូម្បីតែការរស់នៅរបស់ពលរដ្ឋ ក៏គេប្រព្រឹត្តិទៅតាមលក្ខណៈវិទ្យាសាស្ត្រដែរ ។ នេះមិនមែនមានន័យថា សហរដ្ឋអាមេរិកជាប្រទេសអស្ចារ្យដាច់គេឯងនៅក្នុងពិភពលោកនេះទេ ។ ក៏ប៉ុន្តែ គេអាចកត់សម្គាល់បានថា ប្រទេសអាមេរិកមានលក្ខណៈពិសេសម៉្យាងដាច់ដោយឡែកអំពីប្រទេសដទៃ ។ លក្ខណៈ "មិនច្រឡំនឹងគេ" នេះមិនអាចមើលយល់ដោយគ្រាន់តែធ្វើទស្សកិច្ចទេសចរបានទេ ។ គេត្រូវរស់នៅក្នុងប្រទេសនេះ ហើយសិក្សាស្វែងយល់ដោយផ្ទាល់និងដោយប្រយោលផងដែរ ៕

Thursday, January 16, 2020
ចំណីខួរក្បាល
ផែនទីបង្ហាញផ្លូវ ឬ ផែនទីផ្លូវ
ខ្ញុំធ្លាប់បានសរសេរបកស្រាយអំពីពាក្យ ផែនទីផ្លូវ នេះម្តងរួចហើយ ។ ប៉ុន្តែ នៅពេលដែលខ្ញុំឃើញគេយកពាក្យនេះមកបកប្រែប្រើក្នុងន័យមិនសូវត្រឹមត្រូវ វាធ្វើឲ្យខ្ញុំនៅមិនសុខ ។ ខ្ញុំដឹងច្បាស់លាស់ថា ពាក្យផែនទីផ្លូវ ឬ Roadmap or Road Map មានប្រភពចេញមកពីទីណា ហើយគេបង្កើតវាឡើងនៅក្នុងក្នុងគោលដៅអ្វី ។ មុននឹងខ្ញុំបកស្រាយពិស្តារ ខ្ញុំសូមបញ្ជាក់ថាពាក្យផែនទីផ្លូវ ឬផែនទីបង្ហាញផ្លូវ មិនពាក់ព័ន្ធនឹង ផែនទី ឬក៏ ផ្លូវ ឡើយ ។ ពាក្យ Roadmap នេះ បើបកប្រែឲ្យត្រឹមត្រូវទៅតាមអត្ថន័យដើមរបស់វា Original Intention គឺមានន័យថា៖ គោលការណ៍កំណត់គោលដៅ ។
នៅទសវត្សឆ្នាំ ១៩៩០ ខ្ញុំបានទៅសរសេរកំណត់ត្រារបាយការណ៍ឲ្យគណកម្មាធិការមួយរបស់វិជ្ជាស្ថានសុខភាពជាតិ National Institute of Health (NIH) របស់សហរដ្ឋអាមេរិក ។ គណកម្មាធិការនោះមានតួនាទីចែកចាយថវិការបស់ NIH ដែលមានចំនួនប្រមាណជា ៤៥ កោដដុល្លារ ($45 Billion) ទៅឲ្យស្ថាប័ននានានៅទូទាំងប្រទេសដើម្បីស្រាវជ្រាវនិងស្វែងរកដំណោះស្រាយគាំពារសុខមាលភាពពលរដ្ឋ ។ ស្ថាប័នសំខាន់ដែលពាក់ព័ន្ធនៅក្នុងយុទ្ធនាការនោះគឺ សាកលវិទ្យាល័យនិងមន្ទីរពេទ្យដែលភាគច្រើនជាប្រតិបត្តិករ(Operators)មន្ទីរពិសោធ ។ ដោយហេតុតែកិច្ចការនោះពាក់ព័ន្ធនឹងស្ថាប័នចម្រុះហើយតម្រូវឲ្យមានការបន់បែនទៅតាមស្ថានភាពនៃស្ថាប័ននីមួយៗ គណកម្មាធិការសម្រេចមិនប្រើពាក្យយុទ្ធសាស្ត្រទេ ដោយយកពាក្យ Roadmap ឬ គោលការណ៍កំណត់គោលដៅ នេះមកជំនួសវិញ ។ មូលហេតុដែលគេប្រើពាក្យ គោលការណ៍កំណត់គោលដៅ ត្បិតវាមិនសូវតឹងរឹងដូចយុទ្ធសាស្ត្រ ។ វាអនុញាតិឲ្យអ្នកអនុវត្តបត់បែនទៅតាមកាលៈទេសៈ ។ អ្វីដែលជាកត្តាកត់សម្គាល់គឺថា គោលការណ៍កំណត់គោលដៅ មានសណ្ឋានស្រដៀងគ្នានឹងយុទ្ធសាស្ត្រដែរ ។
នៅដើមទសវត្សឆ្នាំ ២០០០ ពាក្យ Roadmap ត្រូវបានប្រធានាធិតីអាមេរិកយកមកប្រើក្នុងវិស័យនយោបាយនិងអភិបាលកិច្ច ហើយក៏ត្រូវបានផ្សព្វផ្សាយទូលំទូលាយនៅក្នុងពិភពលោករហូតលេចឮដល់ប្រទេសកម្ពុជាដែលយកពាក្យនេះមកធ្វើជាចំណងជើងនៅក្នុងកម្មវិធីយុទ្ធនាការអប់រំ ។ អ្វីដែលធ្វើឲ្យខ្ញុំនៅមិនសុខពាក់ព័ន្ធនឹងពាក្យ Roadmap ឬផែនទីបង្ហាញផ្លូវនេះ គឺថា ក្រសួងអប់រំខ្មែរគួរណាស់តែធ្វើកិច្ចការនេះឲ្យបានមធ្យ័តបន្តិច ។ មុននឹងបកប្រែពាក្យនេះយកជាផ្លូវការ គេមិនចាំបាច់បញ្ជូនបុគ្គលិកទៅសិក្សាស្វែងយល់ដល់ វិជ្ជាស្ថានសុខភាពជាតិនៃសហរដ្ឋអាមេរិកទេ គេគ្រាន់តែស្រាវជ្រាវនៅក្នុង ហ្គូហ្គល Google ក៏អាចដឹងថាពាក្យនេះមិនពាក់ព័ន្ធនឹងផែនទី ឬក៏ផ្លូវដែរ (Tongue in cheek) ។ សម្រាប់អ្នកដែលចេះភាសាអង់គ្លេសហើយចង់ដឹងអត្ថន័យពិស្តារនៃពាក្យនេះ អ្នកអាចសរសេរពាក្យ៖ roadmap in education នៅក្នុងប្រព័ន្ធ Search របស់ Google ហើយអានការពណ៌នានានានៅក្នុងនោះ ៕

Friday, January 3, 2020
ចំណីខួរក្បាល
អរគុណសន្តិភាព!
តើយើងគួរអរគុណសន្តិភាពរបៀបណា? គួរអរគុណអ្នកណា? អ្វីទៅជាកត្តា (Criteria) ដែលបញ្ជាក់ថាយើងមានសន្តិភាព? បើតាមនិយមន័យសាកល សន្តិភាព បានដល់ភាពស្ងប់សុខទាំងផ្លូវកាយនិងផ្លូវចិត្ត ។ ដើម្បីឲ្យកាយនិងចិត្តស្ងប់ទៅកើត លុះត្រាណាតែបុគ្គលមនុស្សម្នាក់ៗ (Individual human being) មានសេរីភាពយ៉ាងហោចណាស់ក៏បួនប្រការដែរ ។ សេរីភាពទាំងបួនប្រការនោះជាភាសាអង់គ្លាសគេហៅថា៖ Freedom from Want; Freedom from Fear; Freedom from Opression; Freedom from Depression ។ ខ្ញុំសូមបកប្រែជាភាសាខ្មែរថា៖ មិនព្រួយអំពីការអត់ឃ្លាន មិនព្រួយអំពីជម្ងឺតម្កាត់ មិនព្រួយអំពីសុវត្ថិភាព និង មិនព្រួយអំពីសេចក្តីស្លាប់ ។ វិចិត្រករអាមេរិកាំងមួយរូបឈ្មោះ ណ័រមែន រ៉ុកវ៉ែល (Norman Rockwell) បានគូររូបភាពចំនួនបួនតំណាងឲ្យសេរីភាពដែលជាមូលដ្ឋានគ្រឹះនៃសន្តិភាព (សូមមើលរូបភ្ជាប់ជាមួយនឹងអត្ថបទ) ។
សម្រាប់ពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ តើយើងមានសន្តិភាពដែលគួរឲ្យថ្លែងអំណរគុណដែរទេ? បើយើងគិតថាស្រុកខ្មែរមានសន្តិភាព តើសន្តិភាពនោះបានដល់សេចក្តីសុខស្ងប់ទាំងផ្លូវកាយនិងផ្លូវចិត្តដែរទេ? ផ្អែកលើព្រឹត្តិការណ៍ដែលកើតមានកាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ យើងសង្កេតឃើញថា ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជាគ្មានសេចក្តីសុខស្ងប់នៅក្នុងចិត្តទេ ។ គ្រាន់តែពិរុទ្ធជនមួយរូបធ្វើដំណើរទៅស្រុកខ្មែរដើម្បីចូលខ្លួនឲ្យអាជ្ញាធរចាប់ផ្តន្ទាទោស គេពង្រាយទ័ពបិទច្រកព្រុំដែនច្រងាប់ច្រងិល ។ នេះហើយឬជាសន្តិភាពដែលពលរដ្ឋខ្មែរគួរមានអំណរគុណ???
Wednesday, December 18, 2019
ចំណីខួរក្បាល
ខ្មែរ និង យួន
នៅក្នុងប្រវត្តិសាស្ត្រ ទំនាស់និងភាពរកាំរកូសរវាងប្រទេសដែលមានព្រុំដែនជាប់គ្នាតែងកើតមានស្ទើរតែគ្រប់ទិសទី ។ ចំណុចស្នូលនៃទំនាស់នេះគឺ ធនធាន (Resources) ។ មុនការបង្កើតអង្គការសហប្រជាជាតិ គេរមែងឃើញប្រទេសនៅជិតខាងគ្នាវាយលុកឬក៏ដាក់អាណានិគមដណ្តើមយកទឹកដីទាំងកម្រោលតែម្តង ។ ប៉ុន្តែ បន្ចុប្បន្ននេះគេមិនអាចធ្វើដូច្នោះកើតទៀតទេ ។ ដូច្នេះ ដើម្បីស្វែងរកសារប្រយោជន៍ ឬក៏ដណ្តើមយកធនធានពីប្រទេសដទៃ ប្រទេសនីមួយៗចាំបាច់ត្រូវតែប្រើយុទ្ធសាស្ត្រផ្សេងៗដើម្បីសម្រេចគោលបំណងខ្លួន ។ នៅក្នុងរឿងខ្មែរនិងយួន យុទ្ធសាស្ត្រមួយដែលយួនប្រើដើម្បីស្វែងរកសារប្រយោជន៍ឬក៏លួចប្លន់ធនធានអំពីប្រទេសកម្ពុជាគឺ៖ ទឹក ។ នេះគឺជាការអះអាងរបស់មិត្តខ្ញុំម្នាក់ដែលមានដូនតាមកពីតំបន់កម្ពុជាក្រោមនិងធ្លាប់បានទៅសិក្សានៅស្រុកយួន ។ យុទ្ធសាស្ត្រទឹកគឺសំដៅដល់សមត្ថភាពនៃការជ្រាប ជ្រៀតជ្រែក និងជ្រកនៅរបស់ទឹក ។
មុននឹងបកស្រាយអំពីយុទ្ធសាស្ត្រទឹក ខ្ញុំសូមរំលឹកថារឿងយួនរុករានទន្ទ្រានយកធនធានរបស់ខ្មែរធ្លាប់បានស្មេរខ្មែរមានជាអាទ៍៖ លោក សាំង ម៉ាក់សាង លោក នួន ឃឿន និងលោក ស ចិន្តា សរសេរបកស្រាយកាលពីអតីតកាលរួចហើយ ។ សំណេរនេះគ្រាន់តែជាការសង្កេតបន្ថែមតែប៉ុណ្ណោះ ។
នៅក្នុងការវិនិច្ឆ័យការរំលោភបំពានរបស់ប្រទេសមួយទៅលើប្រទេសមួយទៀត យើងអាចដាក់បន្ទុកបន្ទោស (Blame) ទៅលើប្រទេសឈ្លានពាន ឬក៏ទៅលើសមីប្រទេសដែលត្រូវគេឈ្លានពាន ។ គំនិតសាកលគឺគេដាក់បន្ទុកបន្ទោសទៅលើប្រទេសឈ្លានពាន (Aggressor) ។ ប៉ុន្តែ សម្រាប់ខ្ញុំ ខ្ញុំសូមដាក់បន្ទុកបន្ទោសលើប្រទេសដែលបណ្តែតបណ្តោយឲ្យគេឈ្លានពាន ។ ចំនុចការពាររបស់ខ្ញុំគឺថា បើយើងរឹងមាំ គ្មាននរណាអាចបំពារបំពានយើងបានទេ ។ គួរកត់សម្គាល់ផងដែរថា បន្ទុកបន្ទោសរបស់ខ្ញុំគឺសំដៅទៅលើតែមេដឹកនាំតែប៉ុណ្ណោះ ។ ពលរដ្ឋសាមញ្ញអត់មានអ្វីដែលត្រូវទទួលបន្ទុកបន្ទោសនេះទេ ។ មូលហេតុគឺពលរដ្ឋខ្មែរស្ថិតនៅក្រោមការគ្រុបគ្រងរបស់របបផ្តាច់ការតាំងតែពីដើមរៀងមក ។ កិច្ចការគ្រុបគ្រងនិងការពារធនធានប្រទេសជាតិគឺស្ថិតនៅក្នុងដៃអាជ្ញាធរទាំងស្រុង ។ ពលរដ្ឋធ្វើតាមតែការណែនាំនិងបញ្ជារបស់ថ្នាក់ដឹងនាំប៉ុណ្ណោះ ។ ដូចគ្នាដែរ ខ្ញុំអត់ស្អប់ឬក៏ដាក់បន្ទុកបន្ទោសទៅលើពលរដ្ឋវៀតណាមដែលចូលមករស់នៅចិញ្ចឹមជីវិតក្នុងប្រទេសកម្ពុជាទេ ។ ខ្ញុំដាក់បន្ទុកបន្ទោសទៅលើថ្នាក់ដឹកនាំវៀតណាមដែលមានមហិច្ឆិតារៀបចំយុទ្ធសាស្ត្រជួយសម្រួលឲ្យពលរដ្ឋ វៀតណាមជ្រាបចូលមកក្នុងទឹកដីកម្ពុជា ។ ធម្មជាតិនៃមនុស្ស ទីណាមានធនធានដែលបង្កឲ្យការរស់នៅងាយស្រួលនិងល្អប្រសើរ ទីនោះជាមុខសញ្ញាទាក់ទាញដំណើររបស់ពួកគេ ។
ប្រទេសកម្ពុជាចាប់ផ្តើមឱនថយហើយមិនអាចស្តារការបរាជ័យក្នុងការការពារធនធានរបស់ខ្លួនតាំងតែពីសតវត្សទី ១៣ មកម្លេះ ។ មូលហេតុស្នូលនៃការបរាជ័យនេះគឺទំនាស់និងការប្រកាប់ប្រចាក់គ្នាឯងដើម្បីគ្រប់គ្រងអំណាច ។ វាមិនខុសអ្វីអំពីទំនាស់រវាងអ្នកមានមហិច្ឆិតាដឹកនាំប្រទេសខ្មែរនាពេលបច្ចុប្បន្ននេះទេ ។ រឿងយួនប្រើយុទ្ធសាស្ត្រទឹកដើម្បីស្វែងរកសារប្រយោជន៍អំពីខ្មែរគឺអាស្រ័យលើទំនាស់ផ្ទៃក្នុងរបស់ខ្មែរនេះឯង ។ យើងអាចកំណត់យកកាលវេលាដែលយួនចាប់ផ្តើមប្រើយុទ្ធសាស្ត្រទឹក ដើម្បីជ្រៀតជ្រែកយកធនធានរបស់កម្ពុជានៅឆ្នាំ ១៦២៣ ក្នុងរជ្ជកាលព្រះបាទ ជ័យជេដ្ឋាទី ២ ។ បន្ទាប់ពីបានបញ្ជូនកូនស្រីមួយរូបនាមព្រះនាង ចូវ មកថ្វាយស្តេចជ័យជេដ្ឋាទី២ធ្វើជាមហេសី ព្រះចៅក្រុងហ្វេរបស់វៀតណាមបានសរសេរលិខិតមួយមកសុំការអនុញាតពីសំណាក់ស្តេចខ្មែរដើម្បីឲ្យពលរដ្ឋវៀតណាមចូលមករស់នៅប្រកបរបររកសុីក្នុងតំបន់ក្បែរព្រៃនគរសព្វថ្ងៃនេះ ។ ព្រឹត្តិការណ៍ដ៏មហោឡារឹកនោះមិនមាននិយាយអំពីមិត្តភាពមុឺនឆ្នាំទេ ។ វៀតណាមសុំត្រឹមចំណងមេត្រីភាពរវាងឪពុកក្មេកនិងកូនប្រសារប៉ុណ្ណោះ ។ បន្ទាប់ពីស្តេចជ័យជេដ្ឋាទី២ ចូលទីវង្គត ព្រះនាងចូវមិនបានវិលត្រឡប់ទៅរស់នៅជាមួយញាតិវង្សនាងឯក្រុងហ្វេវិញទេ ។ ព្រះនាងយាងទៅស្នាក់នៅក្នុងតំបន់កម្ពុជាក្រោមប្រៀបដូចជាស្តេចត្រាញ់មួយរូបនៅទីនោះ ។ វត្តមានរបស់ព្រះនាងនៅកម្ពុជាក្រោមបានសម្រួលដល់ការស្នាក់នៅរបស់ពលរដ្ឋវៀតណាមក្នុងទឹកដីខ្មែរឲ្យមានកំណើនជាប្រចាំ ។ ក្នុងនាមជារាជនីមេម៉ាយ (Emperess Dowager) របស់ស្តេចខ្មែរ ព្រះនាងក៏ជាបង្អែកដ៏រឹងមាំមួយរបស់ក្រុមខ្មែរប្រឆាំងនឹងក្រុងលង្វែក ដែលខ្មែរយើងបច្ចុប្បន្នអាចចាត់ទុកថាជាពួកឧទាមក្បត់ជាតិ ។ នៅក្នុងកែវភ្នែករបស់ព្រះនាងចូវ ពួកខ្មែរប្រឆាំងទាំងនោះក្បត់តែជាតិខ្មែរទេ ប៉ុន្តែពួកគេមិនបានក្បត់នឹងទឹកចិត្តព្រះនាងឡើយ ។ និយាយរួម នៅក្នុងរជ្ជកាលព្រះនាងចូវរស់នៅតំបន់កម្ពុជាក្រោម យួនជ្រៀតចូលមករស់នៅក្នុងទឹកដីខ្មែរដោយគ្មានផលរមាស់អ្វីធំដុំទេ ប្រៀបដូចជាទឹកដែលហូរជ្រាបចូលទៅក្នុងវាលខ្សាច់ ។
ព្រឹត្តិការណ៍ទីពីរដែលយើងអាចចាត់ទុកថាជាការហូរចូលនៃជនជាតិវៀតណាមមកក្នុងទឹកដីកម្ពុជាយ៉ាងគំហុកប្រៀបដូចទឹកបាក់ទំនប់គឺនៅចន្លោះឆ្នាំ ១៨៣៤ ទៅ ១៨៤១ ក្នុងរជ្ជកាលក្សត្រី អង្គមុី ។ អំឡុងពេលនោះ រាជវង្សានុវង្សខ្មែរឈ្លោះទាស់ទែងដណ្តើមអំណាចគ្នាស្ទើរតែរលាយរាជ ។ យួននិងសៀមដែលកំពុងរង់ចាំឱកាសដ៏ល្អនេះកើតឡើង បានពើបប្រយុទ្ធគ្នាដណ្តើមធនធានខ្មែរនៅក្នុងទឹកដីខ្មែរនេះតែម្តង ។ ជាលទ្ធផលយួនទទួលបានឱកាសគ្រុបគ្រងរាជវង្សខ្មែរហើយក៏សម្រួលឲ្យជនជាតិវៀតណាមហូរមកក្នុងតំបន់កម្ពុជាក្រោមរឹតតែច្រើនថែមទៀត ។ អាជ្ញាធរយួនដែលកំពុងគ្រុបគ្រងខ្មែរនាគ្រានោះបានបង្កើតគោលនយោបាយមួយដែលយើងអាចហៅថា៖ យួនូប្បនីយកម្ម (Vietnamization) មកលើពលរដ្ឋខ្មែរ ។ ការធ្វើយួនូប្បនីយកម្មដោយប្រើអាជ្ញានោះមិនបានទទួលជោគជ័យទេ ។ វាបង្កឲ្យមានការបះបោពីសំណាក់ពលរដ្ឋខ្មែរប្រឆាំងនឹងយួនរហូតដល់មានការកាប់សម្លាប់គ្នាដ៏ឃោរឃៅមួយ ។ ដើម្បីការពារសារប្រយោជន៍យួននៅក្នុងប្រទេសខ្មែរ (Vietnamese Interests) ទឹកដីកម្ពុជាក្រោមមួយចំនួនត្រូវបានយួនដណ្តើមកាន់កាប់ ។ គួរកត់សម្គាល់ថាឆ្នាំ ១៨៤១ គឺមានរយៈពេលជាង ១០០ឆ្នាំមុនការបង្កើតអង្គការសហប្រជាជាតិ ។ គ្មាននរណាឈឺក្បាលនឹងការបាត់បង់ទឹកដីរបស់ជនជាតិណាឡើយ ។ អ្នកខ្លាំងអាចលុកលុយដណ្តើយកធនធានរបស់អ្នកខ្សោយទាំងកម្រោលតែម្តង ។
ដែកគោលចុងក្រោយដែលត្រូវបានគេដំបិទគម្របមឈូសសាកសពកម្ពុជាក្រោមគឺអំឡុងពេលដែលបារាំងដាក់តំបន់នេះឲ្យនៅក្រោមការគ្រុបគ្រងរបស់ខ្លួនចាប់ពីឆ្នាំ ១៨៦៣ ដល់ឆ្នាំ ១៩៥៤ ។ ប្រទេសបារាំដែលជាអាណាព្យាបាលរបស់យួន លាវ និងខ្មែរនាសម័យនោះចាត់ទុកទឹកដីកម្ពុជាក្រោមថាជាតំបន់ស្វ័យតរបស់ខ្លួន (Autonomous Region)។ ក្នុងនាមជាម្ចាស់ថ្មី បារាំងមិនខ្វល់ថានរណាជាម្ចាស់ដើម ឬនរណាជាជនចំណូលថ្មីឡើយ ។ អ្វីដែលបារាំងត្រូវការគឺមនុស្សដែលមានសមត្ថភាពធ្វើការបម្រើផលប្រយោជន៍បារាំងបានល្អជាងគេ ។ ចំណាត់ថ្នាក់នេះបានធ្លាក់ទៅលើជនជាតិវៀតណាម ដែលជាកត្តាសម្រួលឲ្យពួកគេមានលទ្ធភាពចូលទៅរស់នៅមិនត្រឹមតែនៅក្នុងតំបន់កម្ពុជាក្រោមនោះទេ គឺធ្លាយរហូតមកដល់កម្ពុជាកណ្តាលថែមទៀត ។ អំឡុងពេលបារាំងត្រួតត្រាកម្ពុជាក្រោមរហូតក្រោយពេលបារាំងផ្ទេរតំបន់នេះទៅឲ្យយួន អាជ្ញាធរយួនបានធ្វើយួនូប្បនីយកម្មមកលើពលរដ្ឋខ្មែរនៅកម្ពុជាក្រោមម្តងទៀតក្រោមរូបភាពអភិបាលកិច្ច ។ ពលរដ្ឋខ្មែរដែលរស់នៅកម្ពុជាក្រោមត្រូវបានតម្រូវឲ្យយកនាមត្រកូលផ្សេងៗគ្នាផ្អែកតាមខេត្តឬតំបន់ដែលពួកគេរស់នៅ ។ ឧទាហរណ៍ សឺន ឬ ស៊ើង ត្រូវបានកំណត់ឲ្យប្រើសម្រាប់ពលរដ្ឋខ្មែរដែលរស់នៅក្នុងខេត្ត ព្រះត្រពាំង ។
យុទ្ធសាស្ត្រទឹកដែលយួនប្រើដើម្បីបញ្ជ្រាបចូលមកតំបន់កម្ពុជាក្រោម ប្រើរយៈពេលប្រមាណជាជាង ២០០ឆ្នាំទម្រាំទទួលបានផ្លែផ្កាដូចជាអ្វីដែលយើងកំពុងមើលឃើញនៅតំបន់នេះសព្វថ្ងៃ ។ សម្រាប់អ្នកដែលខ្វល់ខ្វាយនឹងលំហូរ "ទឹក" នៃជនជាតិវៀមណាមមកកាន់ភូមិភាគកម្ពុជាកណ្តាល ខ្ញុំសូមលើកយកទិដ្ឋភាពពិចារណខ្លះៗ (Scenarios) មកធ្វើបទបង្ហាញ ។ មុននឹងធ្វើបទបង្ហាញ ខ្ញុំសូមបញ្ជាក់ថា ការសរសេរអំពីព្រឹត្តិការណ៍ដែលត្រូវការរយៈពេលវែងនៅក្នុងដំណើរវិវត្តន៍ គឺជាកិច្ចការដ៏លំបាកមួយ ។ លទ្ធផលដែលអាចមើលឃើញប្រហែលជាមិនស្តិតនៅក្នុងរង្វង់ជីវិតស្មេរទេ ។ ដូច្នេះ អ្វីៗគឺអាស្រ័យលើការបត់បែននៃព្រឹត្តិការណ៍ប្រវិត្តិសាស្ត្រដែលកំពុង និង នឹងកើតមាន ។
ដូចបានលើកឡើងខាងលើ លំហូរនៃជនជាតិវៀតណាមចូលមកក្នុងប្រទេសកម្ពុជាកើតមានជាលក្ខណៈផ្លូវការនៅក្នុងរជ្ជកាលស្តេចជ័យជេដ្ឋាទី២ ម្តង និងនៅសម័យបារាំងត្រួតត្រាឥណ្ឌូចិនម្តងទៀត ។ ទន្ទឹមគ្នានេះ លំហូរគំហុកនៃជនជាតិវៀតណាមមកក្នុងប្រទេសកម្ពុជាក៏បានកើតមាននៅក្នុងទសវត្សឆ្នាំ ១៨៣០ និង ១៩៨០ ផងដែរ អំឡុងពេលដែលកងទ័ពវៀតណាមចូលមកត្រួតត្រាប្រទេសកម្ពុជា ។ ព្រឹត្តិការណ៍បារាំងត្រួតត្រាឥណ្ឌូចិននៅចុងសតវត្សទី ១៩ និងព្រឹត្តិការណ៍កងទ័ពវៀតណាមចូលត្រួតត្រាប្រទេសកម្ពុជានៅទសវត្សឆ្នាំ ១៩៨០ គឺស្រដៀងគ្នានឹងព្រឹត្តិការណ៍ព្រះនាងចូវ និងព្រឹត្តិការណ៍ក្នុងរជ្ជកាលក្សត្រីអង្គមុី ។ គម្លាតនៃពេលវេលានិងរបៀបដែលព្រឹត្តិការណ៍ទាំងពីរកើតឡើងក៏ស្រដៀងគ្នាដែរ ។ ប៉ុន្តែ អ្វីដែលជាកត្តាមិនអាចឲ្យព្រឹត្តិការណ៍ទាំងពីរវិវត្តន៍ទៅរកសភាពដូចគ្នាកើត គឺអង្គការសហប្រជាជាតិ ។ ដូច្នេះ យុទ្ធសាស្ត្រទឹកក៏ត្រូវប្តូររូបរាងនិងដំណើរវិវត្តន៍របស់វាដែរ ។
ដើម្បីញ៉ាំងឲ្យយុទ្ធសាស្ត្រទឹកមានប្រសិទ្ធភាពខ្ពស់ យួនប្រើយុទ្ធសាស្ត្រមួយទៀតដែលគេហៅថា ផ្កាឈូករីក ។ ចំនុចស្នូលសម្រាប់ដាំផ្កាឈូកនេះគឺ បឹងទន្លេសាប ។ ៤០ ហិចតានៅកំពង់ឆ្នាំងគឺជាការីកស្គុះស្គាយនៃផ្កាឈូកមួយទង ។ ទៅថ្ងៃអនាគត យើងអាចរំពឹងសម្លឹងគយគន់ផ្កាឈូកដទៃដែលនឹងរីកនៅតំបន់ បាក់ព្រា ចុងឃ្នៀស ផាត់សណ្តាយ និងទីដទៃទៀតដែលឈូកអាចដុះលូតលាស់ ។ ភាពខុសគ្នារវាងទឹកនិងផ្កាឈូកគឺធម្មជាតិនៃទឺកហូរពីទីខ្ពស់ទៅទីទាប (នៅពេលប្រទេសមួយចុះឱនថយដោយសារការបែកបាក់សាមគ្គី) ។ ឯផ្កាឈូកត្រូវការការពង្រាយគ្រាប់ពូជនៅក្នុងទីដែលអំណោយផល ។
តើខ្មែរគួរមានវិធានការដូចម្តេចដើម្បីទប់ទល់ជាមួយនឹងយុទ្ធសាស្ត្រទឹកនិងយុទ្ធសាស្ត្រផ្កាឈូករបស់យួន?? នេះប្រហែលជាសំណួរមួយដែលខ្មែរជាច្រើនកំពុងសួរខ្លួនឯង ។ សម្រាប់ខ្ញុំយុទ្ធសាស្ត្រដ៏ល្អមួយគឺ យកទឹកទៅបន្សាច (ឬពង្រាយ) ទឹក ។ វាមិនមែនជាយុទ្ធសាស្ត្រគាប់ប្រសើរទេ តែជាយុទ្ធសាស្ត្រដែលខ្មែរអាចអនុវត្តបានដោយសុខស្រួល ។ ដូចដែលបានលើកឡើងរួចមកហើយ ធម្មជាតិនៃមនុស្សលោក ទីណាសម្បូរធនធានដែលបង្កឲ្យមានភាពងាយស្រួលក្នុងការរស់នៅ ទីនោះជាចំណុចទាក់ទាញដំណើរផ្លាស់ប្តូរទីរបស់ពួកគេ ។ ចំណុចគន្លឹះនៅទីនេះគឺ "ផ្លាស់ប្តូរទី" (Immigration) ។ តាំងតែពីបុរាណកាលមក ទីណាមានបន្លាស់ទីរបស់ពលរដ្ឋ (Immigration) ទីនោះរមែងមានការបញ្ជ្រាបចូល (Integration) ។ វាមិនខុសអ្វីអំពីទឹកដែលហូរទៅដល់ទីណា ជ្រាបចូលទៅក្នុងបរិស្ថាននៃទីនោះទេ ។ បញ្ហាជនអន្តោប្រវេសន៍វៀតណាមរស់នៅក្នុងស្រុកខ្មែរដោយស្របច្បាប់ក្តី មិនស្របច្បាប់ក្តី ដំណោះស្រាយដ៏ល្អនិងសន្តិវិធីបំផុតនោះគឺបញ្ជ្រាប (Integration) ។ លុបបំបាត់ចំណុចផ្កាឈូករីកចោលដោយឈរលើគោលការណ៍ខ្មែរូប្បនីយកម្ម (Khmerization) ។ លើកទឹកចិត្តនិងផ្តល់ឱកាសឲ្យជនអន្តោប្រវេសន៍ស្របច្បាប់គ្រប់រូបសិក្សាច្បាប់ទម្លាប់ ភាសា ប្រវត្តិសាស្ត្រ វប្បធម៌ និង អារ្យធម៌ខ្មែរ ដើម្បីអាចចូលសញ្ជាតិជាខ្មែរនិងមានសិទ្ធិទទួលបានសារប្រយោជន៍នានាដូចពលរដ្ឋខ្មែរម្ចាស់ស្រុកដែរ ។ បើចាំបាច់ ប្រការនេះត្រូវដាក់កំហិតដោយច្បាប់តែម្តងដ៏រាបណាច្បាប់នោះមិនប៉ះពាល់សិទ្ធមនុស្សសាកល ។ អ្វីដែលជាគន្លឹះសំខាន់បំផុតគឺ បន្សាច (ពង្រាយ) បញ្ជ្រាប និង ធ្វើខ្មែរូប្បនីយកម្ម (Spread out, Integrate, and Khmerization) ។
នៅថ្ងៃអនាគត យើងអាចព្យាករណ៍ថា វៀតណាមនឹងមិនធ្វើយួនូប្បនីយកម្មមកលើពលរដ្ឋខ្មែរ ហើយក៏មិនព្យាយាមបំបាត់អត្តសញ្ញាណទឹកដីអង្គរឲ្យក្លាយយទៅជាស្រុកយួនដែរ ។ អ្វីដែលវៀតណាមចង់បានអំពីប្រទេសខ្មែរ គឺលំនៅដ្ឋាននិងធនធានសម្រាប់ចិញ្ចឹមពលរដ្ឋវៀតណាម ។ ទៅថ្ងៃមុខ បើពលរដ្ឋដែលមានអម្បូរជាជាតិវៀតណាមកំពុងរស់នៅក្នុងស្រុកខ្មែរ ត្រូវបានអាជ្ញាធរខ្មែរធ្វើខ្មែរូប្បនីយកម្មឲ្យក្លាយទៅជាជនជាតិខ្មែរក៏ថ្នាក់ដឹកនាំវៀតណាមមិនទោមនស្សដែរ ។ ធាតុពិត គោលដៅធំរបស់វៀតណាមគឺការធ្វើខ្មែរូប្បនីយកម្មមកលើជនជាតិវៀតណាមដែលកំពុងរស់នៅឬនឹងហូរចូលមកក្នុងស្រុកខ្មែរនេះឯង ។ "ឆ្មាខ្មៅក៏ដោយ សក៏ដោយ ឲ្យតែវាចាប់កណ្តុរ សម្បុររបស់វាមិនសំខាន់ឡើយ" ។ សម្រាប់ខ្មែរ "ច្រានទូកបណ្តោយទឹកហូរ" ដែលស្របជាមួយនឹងយុទ្ធសាស្ត្រ "ឆ្មា សខ្មៅ" របស់យួននេះ ប្រហែលជាជម្រើសដ៏ប្រសើរបំផុតក្នងការរក្សាការពារទឹកដីក៏ដូចជាអត្តសញ្ញាណរបស់ខ្លួន ។ ក្នុងន័យនេះ យើងបង្វិលធនធានមនុស្សនិងអ្វីដែលជាបញ្ហាគំរាមកំហែង ឲ្យក្លាយទៅប្រយោជន៍សម្រាប់ទ្រទ្រង់និងការពារអត្តសញ្ញាណជាតិ ។ វាជាអត្តសញ្ញាណមួយដែលមិនសូវសុទ្ធ ។ ក៏ប៉ុន្តែ ឈាមខ្មែរដែលសុទ្ធ (Pure blood line) មានសណ្ឋានដូចម្តេចនោះ ដូចជាមិនដែលមាននរណាយកទៅធ្វើបទពិសោធអះអាងឲ្យបានជាក់លាក់នៅឡើយទេ ៕
Thursday, December 5, 2019
ពិចារណា
អាពាហ៍ពិពាហ៍ផាសុខភាព (A Marriage of Convenience)
នៅក្នុងការប្រកួតប្រជែងគ្នាដើម្បីស្វែងរកឱកាសដឹកនាំប្រទេសជាតិ គណបក្សនយោបាយដែលចូលរួមបោះឆ្នោតក្នុងប្រព័ន្ធសមាមាត្រជៀសសហការគ្នាមិនរួចឡើយ ។ ការរួបរួមគ្នារវាងគណបក្សនយោបាយដើម្បីស្វែងរកជ័យជម្នះនេះ នៅក្នុងភាសាអង់គ្លេសគេហៅថា Marriages of Convenience ឬអាពាហ៍ពិពាហ៍ផាសុខភាព ។ អាពាហ៍ពិពាហ៍ប្រភេទនេះ ប្រៀបដូចជាបុរសពោះម៉ាយនិងស្ត្រីមេម៉ាយដែលមានកូនក្នុងបន្ទុករៀងខ្លួនចាប់ដៃគ្នាសាងអនាគតមួយដូច្នោះដែរ ។ ម៉ែនិងឪអាចត្រូវរ៉ូវគ្នាលើគោលការណ៍មួយចំនួន ប៉ុន្តែកូនៗមិនប្រាកដថាចុះសម្រុងនឹងគ្នាឡើយ ។
ករណីលោក សម រង្សី និង លោក កឹម សុខា រួបរួមគ្នាបង្កើតគណបក្សសង្គ្រោះជាតិគឺជាអាពាហ៍ពិពាហ៍ផាសុខភាពដ៏បរិសុទ្ធបំផុតមួយ (In its purest form) ។ ទាំងលោក សម រង្សី ទាំងលោក កឹម សុខា ប្រហែលជាដឹងជាក់លាក់ណាស់ថា អាពាហ៍ពិពាហ៍ផាសុខភាពនេះ ជាមធ្យោបាយតែមួយគត់ក្នុងការស្វែងរកជោគជ័យនយោបាយនៅកម្ពុជា ។ លោកទាំងពីរលែងលះគ្នានៅថ្ងៃណា បរាជ័យនឹងមកដល់នៅថ្ងៃនោះ ។ តួនាទីនាយករដ្ឋមន្ត្រីនិងប្រធានរដ្ឋសភានឹងជម្រាបលាចេញអំពីក្តីប្រាថ្នារបស់ពួកគាត់គ្មានថ្ងៃវិលវិញឡើយ ។ គណបក្សប្រជាជនក៏យល់អំពីចំណុចនេះច្បាស់លាស់ណាស់ដែរ ។ ដូច្នេះហើយបានជាយើងឃើញមានការរុកគួនគ្នានៅក្នុងវិស័យនយោបាយកម្ពុជានាំឲ្យសង្គមប្រេះឆាគួរឲ្យព្រួយបារម្ភ ។
ផ្អែកលើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ អាពាហ៍ពិពាហ៍ផាសុខភាពនៅក្នុងការតតាំងគ្នាលើវិស័យនយោបាយនៅក្នុងប្រទេសដែលខ្វះគោលការណ៍ប្រជាធិបតេយ្យ មិនមែនជាយុទ្ធសាស្ត្រល្អប្រសើរឡើយ ។ វាច្រើនតែនាំគ្រោះមហន្តរាយដល់ពលរដ្ឋស្លូតត្រង់ ដែលជាអ្នកគាំទ្របុគ្គលនយោបាយ ។ កាលសម្តេច សីហនុ បង្កើតរដ្ឋាភិបាលនិរទេសនៅក្នុងប្រទេសចិនដើម្បីតតាំងជាមួយនិងរដ្ឋាភិបាលលោកសេនាប្រមុខ លន់ នល់ ដែលគ្រុបគ្រងប្រទេសកម្ពុជានៅទសវត្សឆ្នាំ ១៩៧០ ព្រះអង្គបានរៀបអាពាហ៍ពិពាហ៍ផាសុខភាពជាមួយនិងពួកខ្មែរក្រហម ប៉ុល ពត ។ នៅក្នុងអាពាហ៍ពិពាហ៍នោះ ពួកខ្មែរក្រហមមិនបានចាត់ទុកសម្តេចសីហនុថាជាដៃគូស្មើសិទ្ធិឡើយ (សូមអានសៀវភៅ ស្រណោះព្រលឹងខ្មែរ របស់លោក អុិត សារិន) ។ សម្តេច សីហនុ ក៏ដឹងអំពីប្រការនេះជាក់លាក់ដែរ ។ ព្រះអង្គបានប្រាប់អ្នកកាសែតថា៖ ពួកខ្មែរក្រហមនឹងស្តោះព្រះអង្គចោលដូចគ្រាប់ព្រីង នៅពេលដែលពួកគេបានទៅដល់គោលដៅ (They will spit me out like a cherry pit.) ។ ព្រឹត្តិការណ៍បន្តបន្ទាប់បានបង្ហាញថា ពួកខ្មែរក្រហមមិនត្រឹមតែស្តោះសម្តេចសីហនុចោលទេ ពួកគេបានកំចាត់មនុស្សជំនិតនិងពលរដ្ឋស្លូតត្រង់ដែលគាំទ្រទ្រង់អស់រាប់មុឺននាក់ថែមទៀត ។
អាពាហ៍ពិពាហ៍ផាសុខភាពជាអាវុធមុខពីរ ។ វាអាចបំផ្លាញគូបដិបក្សផង និងបំផ្លាញខ្លួនឯងផង ។ នៅក្នុងករណីលោក សម រង្សី និងលោក កឹម សុខា យើងមិនទាន់ដឹងថាអ្នកណាប្រុងប្រៀបស្តោះអ្នកណាចោលនៅឡើយទេ ត្បិតអីពួកគេមិនទាន់ដើរទៅដល់គោលដៅ ។ អ្វីដែលជាកត្តាគួរឲ្យចាប់អារម្មណ៍គឺ អាពាហ៍ពិពាហ៍ផាសុខភាពរបស់ពួកគេ កំពុងប្រឈមនឹងការរុកគួនបំបែកបំបាក់ពីសំណាក់គណបក្សប្រជាជន ។ ការធ្វើទុក្ខបុកម្នេញនេះនឹងបញ្ជាក់អំពីភក្តីភាពរវាងពួកគេផង និងកំណត់ជោគវាសនានយោបាយរបស់ពួកគេផង ។ ទាំងគណបក្សប្រជាជន ទាំងពលរដ្ឋខ្មែរដែលតាមដានព្រឹត្តិការណ៍នយោបាយ កំពុងរង់ចាំមើលថាតើពាក្យស្លោក "សម រង្សី និង កឹម សុខា ជាមនុស្សតែមួយ" អាចមានភាពអមតៈដែរទេ ។ ពេលវេលានឹងលាតត្រដាងប្រាប់យើងនាគ្រាដ៏ខ្លីខាងមុខនេះ ៕
Thursday, November 28, 2019
ចំណីខួរក្បាល
កម្ម ឬ សកម្មភាព (Action)
ខ្ញុំមិនធ្លាប់បានបួសក្នុងព្រះពុទ្ធសាសនាឬក៏សិក្សាពុទ្ធវចនបានជ្រៅជ្រះទេ ។ ក៏ប៉ុន្តែជាមនុស្សដែលជាប់ចិត្តនិងការទូន្មានរបស់ព្រះពុទ្ធ ។ តាមការយល់ដឹងរបស់ខ្ញុំ កម្ម ឬសកម្មភាពមានបីប្រភេទគឺកម្មដែលប្រព្រឹត្តិដោយ កាយ វាចា និង ចិត្ត ។ បើនិយាយអំពីកម្មនេះទៀត វាផ្តល់ផល (លទ្ធផល or Results) ពីរយ៉ាងគឺ កុសល និង អកុសល ។ កុសលបានដល់នូវសេចក្តីត្រេកត្រអាលនៃអ្នកប្រព្រឹត្តិនិងអ្នកដែលមិនបានប្រព្រឹត្តិ ។ អកុសលបានដល់កម្មណាដែលធ្វើឲ្យអ្នកដទៃឬក៏ខ្លួនឯងរងទុក្ខ ។ អ្នកដែលបង្កឲ្យមានសេចក្តីទុក្ខនេះកើតឡើង ដោយផ្លូវកាយក្តី វាចាក្តី ចិត្តក្តី គឺត្រូវបានសន្មត់ថា បានសាងបាបកម្ម ។ បើពិនិត្យអំពីទំនាក់ទំនងរវាង កម្ម ផល និង បាប នេះ យើងឃើញថាវាមានសភាពត្រង់ភ្លឹងមិនពិបាកយល់ទេ ។ ក៏ប៉ុន្តែ ខ្ញុំហាក់ដូចជាមិនអាចទទួលយកបាននូវចំនុចបាបកម្មមួយដែលពាក់ព័ន្ធនឹងការប្រព្រឹត្តិដោយចិត្ត ។
កម្មដែលប្រព្រឹត្តិដោយចិត្តបានដល់ទង្វើណាដែលស្ថិតនៅក្នុងការគិតពិចារណារបស់បុគ្គល ។ កម្ម ឬសកម្មភាពដែលចាប់បដិសន្ធិនៅក្នុងចិត្តឬគំនិតនេះមិនមានរូបរាងជាក់លាក់ហើយក៏មិនអាចបង្កឲ្យមានផល (លទ្ធផល) ដែរ ប្រសិនបើបុគ្គលអ្នកគិតមិនបាននិយាយឬធ្វើសកម្មភាពអ្វីមួយដើម្បីបង្ហាញអំពីកម្មដែលស្តិតនៅក្នុងចិត្តនោះ ។ តើចិត្តកម្មដែលមិនបង្ហាញរូបរាងព្រមទាំងមិនបង្កឲ្យមានផលអាចចាត់ទុកថាជាកុសលកម្មឬអកុសលកម្មបានដែរទេ? និយាយមួយបែបទៀត តើមនុស្សដែលគិតនៅលើគន្លងផ្លូវអកុសលកម្ម អាចមានបាបដែរទេ? សម្រាប់ខ្ញុំ ខ្ញុំយល់ថា មិនអាចមានបាបទេ ត្បិតកម្មនៅក្នុងចិត្តនេះជាប្រភេទកម្មអរូបិយ (Non-manifested action) ។ ឧទាហរណ៍ ដោយសារតែអំណាចនៃកាមដែលជាបាតុភូតធម្មជាតិ ព្រះសង្ឃមួយអង្គគិតចង់សេពមេថុន ប៉ុន្តែព្រះអង្គមិនបានប្រព្រឹត្តិហើយក៏មិនបាននិយាយឬក៏បញ្ចេញកាយវិការឲ្យនរណាម្នាក់ដឹងទេ ។ ដូចគ្នាដែរ ខ្ញុំចង់ប្រលោមលួងលោមភរិយារបស់មិត្តភក្តិខ្ញុំ ប៉ុន្តែមិនប្រព្រឹត្តិទេ ត្បិតវាជាអំពើថោកទាប ។ ទាំងខ្ញុំ ទាំងព្រះសង្ឃលុះក្នុងកាម សុទ្ធតែអាចគ្រប់គ្រងនិងបង្ក្រាបអកុសលកម្មក្នុងចិត្តបានជាប់លាប់ដូចគ្នា ប្រៀបដូចជាអាជ្ញាធរចាប់ឧក្រិតជនដាក់ច្រវាក់ហើយឃុំក្នុងគុកដូច្នោះដែរ ។ ឧក្រិតជនដែលជាប់ច្រវាក់នៅក្នុងគុក មិនអាចមានសេរីភាពប្រព្រឹត្តិបទល្មើសនៅក្រៅគុកបានទេ ។ ដូចគ្នាដែរ ចិត្តដែលត្រូវបានឃុំគ្រងដោយបុគ្គលជាប់លាប់ មិនអាចសាងបាបកម្មក្រៅខ្លួនបុគ្គលបានឡើយ ។ នេះជាការយល់ឃើញរបស់ខ្ញុំ ។ ខ្ញុំអាចយល់ខុស ។ ប៉ុន្តែ ដើម្បីឲ្យខ្ញុំខុសអស់ចិត្ត មិត្តអ្នកអានអាចជួយកែតម្រូវបំភ្លឺខ្ញុំនៅក្នុងទំព័របញ្ចេញមតិ ៕
Monday, November 25, 2019
ចំណីខួរក្បាល
សមត្ថភាព (Capability)
កូនប្រុសខ្ញុំ សរសេរអក្សរក្រវេមក្រវាមអាក្រក់ជាងក្តាមវារ ហើយមិនត្រង់បន្ទាត់ទៀតផង ។ យើងខ្វល់ខ្វាយណាស់ថា វាប្រហែលជាគ្មានសមត្ថភាពសរសេរអក្សរបានល្អត្រឹមត្រូវដូចគេទេ ។ តើអ្វីទៅជាកត្តាវាស់វែងសមត្ថភាពរបស់មនុស្ស? អាចធ្វើអ្វីមួយបានដូចគេឯងឬប្រសើរជាងអ្នកដទៃ ឬក៏អាចបត់បែនតាមរបត់ជីវិត? នៅពេលមនុស្សទូទៅនិយាយអំពីសមត្ថភាព យើងតែងភ្ជាប់ប្រការនេះទៅនឹងជោគជ័យក្នុងការធ្វើអ្វីមួយ ។ នៅពេលសិស្សនិស្សិតប្រឡងធ្លាក់ ឬរៀនមិនដល់គោលដៅ យើងនិងបុគ្គលទាំងនោះជាទូទៅទទួលស្គាល់ថា អសមត្ថភាព ។ នៅពេលប្រធានស្តីទីគណបក្សសង្គ្រោះជាតិព្យាយាមចូលស្រុកខ្មែរមិនបានសម្រេចនៅថ្ងៃទី ៩ វិច្ឆិកា យើងក៏ចាត់ទុកថា គាត់អសមត្ថភាព ។ ប៉ុន្តែ បើយើងពិនិត្យមើលឲ្យជាក់លាក់ ករណីបរាជ័យទាំងនេះ គឺពាក់ព័ន្ធនឹងកត្តាខាងក្រៅផងដែរ មិនមែនអាស្រ័យនៅលើសមត្ថភាពរបស់បុគ្គលមនុស្សទាំងស្រុងឡើយ ។
សម្រាប់ខ្ញុំ សមត្ថភាព គឺជាសភាវដែលមិនអាចយកអ្វីទៅកំណត់បានឡើយ ។ មូលហេតុដែលខ្ញុំអះអាងដូច្នេះ ពីព្រោះមនុស្សគ្រប់ៗរូបកើតមកមានភាពពិការញាណ (Learning Disability) ។ យើងមិនអាចដឹងទេ ថាតើយើងមានសមត្ថភាពឬគ្មានសមត្ថភាពដរាបណាមិនទាន់បានឆ្លងកាត់ទង្វើអ្វីមួយ ។ បន្ទាប់ពីបានធ្វើអ្វីមួយហើយបរាជ័យ ប្រការនេះក៏មិនអាចសន្មត់ថាអសមត្ថភាពដែរ ដរាបណាជីវិតមិនទាន់ផុតរលត់ ។ និយាយរួម សមត្ថភាពនិងជីវិតគឺវាស្ថិតនៅជាមួយគ្នា ។ បើយើងគិតថា សមត្ថភាពនិងជីវិតស្ថិតនៅជាមួយគ្នា តើយើងអាចសន្មត់ថាអ្នកសុំទានតាមចិញ្ចើមផ្លូវដែលអាចរកចំណីមកផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃបាន ជាមនុស្សមានសមត្ថភាពដូចមហាសេដ្ឋីដែលមានលុយវាល់លានដែរទេ? ដូចគ្នាដែរ ជនផ្តាច់ការដែលប្រើល្បិចពិសពុលនិងទង្វើគម្រក់ថោកទាបគ្រប់បែបយ៉ាងដើម្បីបំផ្លាញអ្នកដទៃកុំឲ្យមានឱកាសផ្លាស់ប្តូរតំណែងរបស់ខ្លួនបាន តើយើងអាចចាត់ទុកមនុស្សប្រភេទនេះ ថាមានសមត្ថភាពដែរទេ? អ្នកអានប្រហែលជាឆ្ងល់ថាតើហេតុអ្វីក៏ខ្ញុំលើកយកសំណួរប្រៀបធៀបរបៀបឡប់ៗនេះមកសួរ ។ តាមពិតខ្ញុំចង់បង្ហាញនូវរូបភាពមួយពាក់ព័ន្ធនឹងសមត្ថភាព ។ រូបភាពនោះគឺ ឈ្នះ ។ អ្នកសុំទានគាត់មានសមត្ថភាពយកឈ្នះការស្រេកឃ្លាន ។ មហាសេដ្ឋីមានលុយវាល់លានឈ្នះភាពក្រីក្រ ។ ឯជនផ្តាច់ការឈ្នះការខ្សត់អំណាច ។ ថ្វីត្បិតតែការឈ្នះទាំងបីនេះមិនដូចគ្នាមែន ប៉ុន្តែវាបានបង្ហាញអំពីអត្ថន័យខ្លឹមសារនៃសមត្ថភាព ។ នេះមិនមែនមានន័យថា ឈ្នះ ជាកត្តាបញ្ជាក់អំពីសមត្ថភាពនោះទេ ។ វាគ្រាន់តែជាផ្នែកមួយនៃសមត្ថភាពប៉ុណ្ណោះ ។ និយាយរួម យើងប្រហែលជាមិនអាចរកអ្វីមកធ្វើជាតឹកតាងជាក់លាក់ដើម្បីបញ្ជាក់អំពី សមត្ថភាព បានឡើយ ។ ប៉ុន្តែ ប្រសិនបើយើងយក ឈ្នះ មកធ្វើជាគោល នោះយើងអាចសន្មត់ថា សមត្ថភាព គឺសំដៅដល់ជ័យជម្នះដែលមានការឈ្នះខ្លួនឯងជានិយាម ឬ ស្តង់ដារ (Standard) ។
សមត្ថភាព = ឈ្នះ
ឈ្នះខ្លះបវរ ឈ្នះខ្លះមិនល្អ គម្រក់ថោកទាប
តែឈ្នះទាំងអស់ មិនអាចប្រៀបធៀប ឈ្នះឥតគូប្រៀប
គឺឈ្នះខ្លួនឯង ៕
Subscribe to:
Posts (Atom)
ចំណីខួរក្បាល
ទុកចិត្ត (Trust) "កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ ។ កុំទុកចិត្តប្រពន្ធ ថាអត់សាហាយ ។ កុំទុកចិត្តម្តាយ ថាអត់បំណុល" ។ ចម្រើនវ័យនៅ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
ស្មន់ (Inbreeding) នៅពេលមនុស្សព្យាយាមសង្គ្រោះសត្វព្រៃដែលមានហានិភ័យដាច់ពូជ មនុស្សរមែងស្វែងរកសត្វដែលមានអម្បូរដូចគ្នានោះ យកមកអំពីទីឆ្ងាយដាច់អ...