Friday, February 28, 2020
ចំណីខួរក្បាល
របៀបរបបរស់នៅរបស់ពលរដ្ឋអាមេរិកាំង (Lifestyle)
កាលពីទសវត្សឆ្នាំ ១៩៨០ ជនភៀសខ្លួនខ្មែរជាច្រើនដែលទទួលបានសិទ្ធិទៅរស់នៅសហរដ្ឋអាមេរិក ត្រូវបានគេតម្រូវឲ្យសិក្សាអំពីរបៀបរបបរស់នៅក្នុងសហរដ្ឋអាមេរិករយៈពេល ៣ទៅ ៦ខែ ឬក៏យូរជាងនេះទៀតផង ។ ការសិក្សាភាគច្រើនផ្តោតលើរបៀបប្រស្រ័យទាក់ទងគ្នា និងបែបបទនានាដែលពលរដ្ឋអាមេរិកាំងអនុវត្តិ ។ ផ្អែកលើបទពិសោធជាក់ស្តែងរបស់ខ្ញុំ ការហ្វឹងហ្វឺនរយៈពេលខ្លីនោះ វាគ្រាន់តែជាអ្វីដែលភាសាអង់គ្លេសហៅថា៖ (The tip of the iceberg) ឬ ចំណុចតូចមួយ ។ របៀបរបបរស់នៅរបស់ពលរដ្ឋអាមេរិកមានសភាពខុសឆ្ងាយអំពីអ្វីដែលយើងអាចរៀននិងស្វែងយល់តាមរយៈសៀវភៅ ។
នៅក្នុងអត្ថបទនេះ ខ្ញុំសូមលើកយកចំណុចដែលគេមិននិយាយ (Unwritten Rules) ចំនួនពីរ(២)មកពិភាក្សា ។ ចំណុចពីរនេះគឺ លំនៅដ្ឋាន និងទំនៀមទម្លាប់ចាកចេញពីលំនៅដ្ឋានទៅសិក្សាឲ្យឆ្ងាយពីផ្ទះរបស់និស្សិតអាមេរិកាំង ។ លំនៅដ្ឋាននៅសហរដ្ឋអាមេរិកមានច្រើនសណ្ឋាន ប៉ុន្តែយើងអាចចែកចេញជាបីប្រភេទធំៗគឺ អាផាតមិន/ខុនដូ (Apartment/Condo) ថោនហោម (Townhome) និង សុីងហ្គលហ្វាមីលីហោម (Single Family Home) ។ (សូមមេត្តាកត់សម្គាល់ពាក្យ សុីងហ្គលហ្វាមីលីហោម ឬផ្ទះសម្រាប់តែគ្រួសារមួយ) ។ នៅក្នុងទម្រង់លំនៅដ្ឋានប្រភេទអាផាតមិននិងថោនហោម ល្វែងនីមួយៗគេចែកចេញជា ១ បន្ទប់ ២ បន្ទប់ និង ៣ បន្ទប់ ។ បីបន្ទប់ជាទំហំធំបំផុត ។ ចំណែកផ្ទះសម្រាប់តែគ្រួសារមួយ (Single Family Home) ជាទូទៅគេសង់ឲ្យមានត្រឹមតែបី(៣)បន្ទប់ប៉ុណ្ណោះ ។ វាជារឿងមួយគួរឲ្យឆ្ងល់ថាតើហេតុអ្វីបានជាអាមេរិកាំងគេនិយមសង់ផ្ទះរបៀបនេះ ។ រឿងនេះ វាពាក់ព័ន្ធនឹងប្រការដែលគ្មាននរណានិយាយ (Unwritten Rules) ។
សង្គមគ្រួសារនៅក្នុងពិភពលោកគឺចែកចេញជាពីរទម្រង់ដែលភាសាអង់គ្លេសហៅថា៖ Collectivism and Individualism ឬ សមោហនិយម និង បុគ្គលនិយម ។ នៅទ្វីបអាសុី មជ្ឈិមបូពា និង អាហ្វ្រិក មនុស្សរស់នៅតាមបែបផែនសមោហនិយម ។ ឯនៅបស្ចិមប្រទេស ជាពិសេសទ្វីបអាមេរិកខាងជើង មនុស្សរស់នៅតាមបែបផែន បុគ្គលនិយម ។ សហរដ្ឋអាមេរិកជាប្រទេសដើរតាមគោលការណ៍បុគ្គលនិយមតឹងរឹងជាងគេ ។ គេកម្រឃើញពលរដ្ឋអាមេរិកាំងរស់នៅជុំជាមួយគ្នាបីជំនាន់ណាស់ ។ គ្រួសារនីមួយៗគឺមានត្រឹមតែឪពុកម្តាយ និងកូនៗតែប៉ុណ្ណោះ(ពីរជំនាន់) ។ ឯផ្ទះដែលគេនិយមសង់ត្រឹមបីបន្ទប់នេះគឺតម្រូវតាមរបៀបរបបរស់នៅប្រភេទបុគ្គលនិយមនេះឯង ។ បន្ទប់ធំជាងគេសម្រាប់ឪពុកម្តាយ ។ បន្ទប់បន្ទាប់សម្រាប់កូនទីមួយ ។ បន្ទប់តូចជាងគេសម្រាប់កូនទីពីរ ។ បើគ្រួសារមួយមានកូនភ្លោះ ឬកូនពីរនាក់ដំបូងមានភេទដូចគ្នា គេឲ្យកូនភ្លោះឬកូនពីនាក់ដែលមានភេទដូចគ្នារស់នៅក្នុងបន្ទប់កណ្តាលជាមួយគ្នា ឯបន្ទប់តូចបំផុតទុកសម្រាប់កូនទីបី ។ គួរបញ្ជាក់ថា គ្រួសារអាមេរិកាំងនិយមមានកូនតែពីរនាក់ទេ ។ កូនដែលមានភេទខុសគ្នា គេមិនឲ្យរស់នៅក្នុងបន្ទប់ជាមួយគ្នាឡើយ ទោះបីកូនទាំងនោះមិនទាន់ពេញរូបរាងក៏ដោយ ។ នេះគឺជាទិដ្ឋភាពមួយនៃលក្ខណៈបុគ្គលនិយមរបស់ពលរដ្ឋអាមេរិកាំង ។
សូមនិយាយអំពីផលវិបាកនិងផាសុខភាពរបស់គ្រួសារបីជំនាន់បន្តិច ។ គ្រួសារបីជំនាន់សំដៅលើគ្រួសារដែលមានជីដូនជីតា ឬសាច់ញាតិចាស់ទុំរស់នៅជាមួយ ។ ផាសុខភាពរបស់គ្រួសារប្រភេទនេះគឺមានជីដូនជីតាមើលថែរក្សាកូនក្មេងនៅពេលឪពុកម្តាយក្មេងចេញទៅប្រកបការងារ និងមានម្ហូបអាហារឆ្អិនស្រេចនៅពេលត្រឡប់ពីធ្វើការងារវិញ ។ វាជាជីវិតស្រណុក ណាស់ ។ ប៉ុន្តែ ពលរដ្ឋអាមេរិកាំងភាគច្រើនហាក់ដូចជាមើលមិនឃើញផាសុខភាពនេះទេ ។ មិនមែនជនជាតិអាមេរិកាំងគ្មានម៉ែឪចាស់ៗដែលចូលនិវត្តន៍អាចជួយមើលថែទាំចៅនោះទេ ។ អ្វីដែលជាកត្តាបែងចែកគឺ "ទំនាស់" ។ គម្លាតពេលវេលារវាងជំនាន់ទី១និងទី៣ មានរយៈពេលប្រមាណជា ៦០ឆ្នាំ ។ ចំណង់ចំណូលចិត្តក៏ខុសគ្នាដូចមេឃនិងដីដែរ ។ ប្រការនេះហើយដែលគ្រួសារមេរិកាំងភាគច្រើនមិនរស់ជុំគ្នាជាលក្ខណៈសមោហនិយម ត្បិតគេមិនចង់ឲ្យជំនាន់ទី៣រងសម្ពាធនិងឥទ្ធិពលច្រើនស្រទាប់ ។ នៅមានប្រការពាក់ព័ន្ធនឹង Unwritten Rules នេះច្រើនទៀត ប៉ុន្តែសុំមិនបកស្រាយនៅទីនេះទេ ។
ការចាកចេញពីលំនៅដ្ឋានទៅសិក្សានៅទីឆ្ងាយជាទំនៀមទម្លាប់មួយរបស់និស្សិតអាមេរិកាំង ។ ទំនៀមទម្លាប់នេះមិនមែនកើតចេញមកដោយគ្មានហេតុផលនោះទេ ។ វាពាក់ព័ន្ធនឹង "ទំនាស់" នៅក្នុងដំណើរជីវិត ។ កាលពី៣០ឆ្នាំមុន ខ្ញុំក៏ជានិស្សិតចំណាកលំនៅដ្ឋានម្នាក់ដែរ ។ ដូច្នេះ ខ្ញុំប្រមូលបានទិន្នន័យច្រើនគួរសមពាក់ព័ន្ធនឹងរឿងចំណាកលំនៅដ្ឋាននេះ ។ ផ្អែកលើការស្វែងយល់អំពីនិស្សិតចំណាកលំនៅដ្ឋានដទៃ ហេតុផលចម្បងដែលនាំឲ្យយើងចាកចេញពីផ្ទះទៅរៀននៅទីឆ្ងាយគឺ សេរីភាព ។ កត្តាបន្ទាប់គឺ ធុញទ្រាន់ ។ ចំណុចមួយទៀតដែលជាកត្តាបន្ទាប់បន្សំគឺយើងចង់ស្ទាបស្ទង់សមត្ថភាពរបស់យើងថាតើអាចរស់ដោយខ្លួនឯងបានហើយឬនៅ ។
សេរីភាពនិងភាពធុញទ្រាន់គឺជាកត្តាចម្បងនាំទៅរកការចាកចេញពីលំនៅដ្ឋានរបស់និស្សិតអាមេរិកាំង ។ យើងអាចស្រមៃមើលថា បន្ទាប់ពីរងការដុកដាន់ពីសំណាក់ឪពុកម្តាយឲ្យធ្វើលំហាត់ Homeworks រយៈពេល១២ឆ្នាំ ចាប់តាំងពីមតេយ្យសាលាដល់ថ្នាក់ទី ១២ យុវជនគ្រប់រូបបើមិនទ្រាន់ ក៏ធុញដែរ ។ ដូច្នេះហើយបានជាម្នាក់ៗបន់ឲ្យតែចប់ High School នឹងអាលបានចាកចេញពីសំបុកដ៏ធុញថប់នោះ ។ ម៉្យាងទៀត ការសិក្សានៅមហាវិទ្យាល័យ ត្រូវការសេរីភាពច្រើនដើម្បីស្វែងយល់អំពីចំណុចស្មុគស្មាញនានាពាក់ព័ន្ធនឹងជីវិត ។ បើមានមែឪនៅតាមដឹកកន្លុះជាប្រចាំនោះ លទ្ធផលប្រាកដជាពិបាកថ្លែងណាស់ ។ (រស់នៅក្នុងផ្ទះគាត់ ស៊ីបាយគាត់ រឿងអីមិនត្រូវធ្វើតាមគាត់? No way Jose!) ។
ការចាកចេញពីលំនៅដ្ឋានទៅសិក្សាឆ្ងាយពីផ្ទះ មិនត្រឹមតែផ្តល់ឲ្យយើងនូវសេរីភាពពេញលេញនោះទេ វាផ្តល់ឱកាសឲ្យយើងស្វែងយល់អំពីភាពរឹងមាំឬទន់ខ្សោយរបស់យើងផងដែរ ។ យុវជននៅស្រុកខ្មែរសព្វថ្ងៃគេនិយមហៅប្រការនេះថា៖ "ស្វែងរកខ្លួនឯង" ។ ការស្វែករកខ្លួនឯងនេះបាននាំទៅដល់របត់មួយថ្មីទៀតសម្រាប់សង្គមគ្រួសារអាមេរិកាំង ក៏ដូចជាគ្រួសារខ្មែរជាច្រើននៅសហរដ្ឋអាមេរិកដែរ ។ និស្សិតចំណាកលំនៅដ្ឋានជាច្រើន មិនវិលត្រឡប់ទៅទ្រនំចាស់វិញទេ ។ បន្ទាប់ពីបញ្ចប់ការសិក្សា (ឬមិនបានបញ្ចប់ក្តី) និស្សិតភាគច្រើនទៅរស់នៅទីណាដែលជាកន្លែងផ្តល់ការងារឲ្យពួកគេ ។ អ្នកដែលត្រឡប់ទៅផ្ទះវិញនោះមានតិចតួចណាស់ ។ ជាលទ្ធផល ផ្ទះដែលឪពុកម្តាយទិញបំពេញតម្រូវការកាលពួកគេនៅតូចៗនោះ ក៏ក្លាយទៅជាផ្ទះដែលខ្វះមនុស្សរស់នៅ ។ ថ្មីៗនេះ ចៅហ្វាយខ្ញុំបានលក់ផ្ទះរបស់គាត់ចោល ហើយទៅទិញខុនដូដែលមានតែមួយបន្ទប់រស់នៅវិញ បន្ទាប់ពីកូនៗរបស់គាត់សម្រេចមិនវិលត្រឡប់មករស់នៅជាមួយគាត់ ។ គួរកត់សម្គាល់ថា ខ្ញុំស្គាល់កូនរបស់ចៅហ្វាយខ្ញុំតាំងតែពីពួកគេរៀននៅថ្នាក់ទី ១ និង ទី ៣ ម្លេះ ។ យើងមានទំនាក់ទំនងនឹងគ្នាជាងម្ភៃឆ្នាំហើយ ។ ឯមិត្តភក្តិនិងសាច់ញាតិខ្ញុំជាច្រើនទៀតក៏ប្រឈមនឹងបញ្ហាស្រដៀងគ្នានេះដែរ ។ នេះគឺជាតថភាពមួយដែលសង្គមគ្រួសារបុគ្គលនិយមកំពុងជួបប្រទះ ។ នៅថ្ងៃអនាគត គេប្រហែលជាត្រូវរកមធ្យោបាយសង់ផ្ទះដែលម្ចាស់អាចពង្រីកនិងបង្រួមបានដោយខ្លួនឯងហើយមើលទៅ ដើម្បីដោះស្រាយបញ្ហាចំណាកលំនៅដ្ឋាននេះ ៕
Thursday, February 20, 2020
ចំណីខួរក្បាល
មេរោគកូរូណា ឬ COVID-19
ខ្ញុំមិនមែនជាអ្នកវិទ្យាសាស្ត្រផ្នែកខាងមេរោគ Micrologist ទេ ។ ការសរសេរអត្ថបទនេះ គឺគ្រាន់តែជាការប្រមូលផ្តុំពត៌មាននានាដែលយើងអាចស្រាវជ្រាវដោយខ្លួនឯង ដើម្បីជួយបំភ្លឺនិងផ្តល់ចម្លើយខ្លះៗសម្រាប់ចម្ងល់មួយចំនួនពាក់ព័ន្ធនឹងមេរោគប្រភេទ វីរ៉ុស (Virus) ។
មេរោគដែលរុកគួនបង្កគ្រោះថ្នាក់ដល់មនុស្ស សត្វ និង រុក្ខជាតិ ជាប្រចាំមានពីរប្រភេទធំៗគឺ៖ បាក់តេរី និង វីរ៉ុស (Bacteria and Virus) ។ ពួកវាជាអង្គជាតិតូចមែនទែន ។ បើប្រៀបធៀបទៅនឹងសសៃសក់គឺស្មើនឹងសក់មួយជ្រៀកជា ១០ ១០០ ឬ ១០០០ ឯណោះ ។ កត្តាសំខាន់មួយរបស់មេរោគដែលអ្នកវិទ្យាសាស្ត្រទទួលស្គាល់គឺវាមានភាពឆ្លាតវាងវៃនិងសមត្ថភាពខ្ពស់ ។ គួរចងចាំដែរថា៖ មេរោគវីរ៉ុសជាច្រើន គ្មានថ្នាំសម្រាប់សម្លាប់ពួកវាទេ ។
មុននឹងស្វែងយល់អំពីមេរោគ យើងគួរស្វែងយល់អំពីទំនាក់ទំនងរវាងមេរោគនិងរូបយើងសិន ។ នៅលើនិងក្នុងខ្លួនមនុស្សគ្រប់ៗរូបមានមេរោគប្រភេទបាក់តេរីនិងវីរ៉ុសរស់នៅរាប់លាន ។ បើប្រៀបធៀបទៅនឹងកោសិការបស់មនុស្ស វាមានចំនួនច្រើនជាងកោសិការបស់យើងពី ៣ទៅ១០ដង ។ អ្នកប្រាជ្ញហៅមេរោគដែលរស់នៅលើនិងក្នុងខ្លួនយើងនេះថា ជាញាតិសន្តាន (Friendly microbes) ។ តួនាទីរបស់មេរោគទាំងនេះគឺទ្រទ្រង់និងការពាររូបរបស់យើង ។ វាប្រៀបដូចជាកងទ័ពដូច្នោះដែរ ។ ពាក្យវិទ្យាសាស្ត្រដែលគេប្រើពាក់ព័ន្ធនឹងប្រការនេះគឺ អត្តិសុខុមប្រាណ (Immuniy/Antibody) ។
មេរោគវីរ៉ុសសាហាវៗដូចជា កូរ៉ូណាវីរ៉ុស ឬ COVID-19 ភាគច្រើនមានប្រភពចេញមកអំពីសត្វ ។ នៅពេលវាឆ្លងចូលមកក្នុងខ្លួនមនុស្សតាមរយៈ ផស្សៈ (Contact) វានឹងពើបប្រយុទ្ធជាមួយនឹងអត្តិសុខុមប្រាណរបស់មនុស្ស ។ បើវាមានប្រៀបជាង មនុស្សនឹងឈឺហើយអាចឈានទៅដល់ក្តីស្លាប់ ។ នៅពេលយើងឈឺដោយប្រការនេះ គឺយើងស្វែងរកថ្នាំមកព្យាបាល ។ ការព្យាបាលនេះមិនមែនយកថ្នាំទៅសម្លាប់វីរ៉ុសឡើយ ។ គឺគេដាក់ថ្នាំដើម្បីជួយពង្រឹងអត្តិសុខុមប្រាណរបស់មនុស្សដើម្បីឲ្យអត្តិសុខុមប្រាណទាំងនោះវាយកំចាត់វីរ៉ុសដែលមកបង្កជម្ងឺដល់យើងនោះចេញ ។ គេមិនដឹងជាក់លាក់ថាអត្តិសុខុមប្រាណរបស់មនុស្សកំចាត់វីរ៉ុសដែលមករុកគួនយើងនោះដោយវិធីណាទេ ។ វាអាចកំចាត់វីរ៉ុសចង្រៃនោះ ឬក៏ទទួលស្គាល់គ្នាជាមិត្តភក្តិឲ្យរស់នៅក្នុងខ្លួនមនុស្សដោយមិនបង្កទុក្ខទោស ។ គួរកត់សម្គាល់ថា នៅពេលដែលវីរ៉ុសឆ្លងពីសត្វមកមនុស្ស វាមិនទាន់បង្កឲ្យមានហានិភ័យជាអាសន្នរោគធំដុំទេ ។ វាបង្កឲ្យមានអាសន្នរោគ (Pandemic) នៅពេលដែលវាអាចបំប្លែង(Transform)ខ្លួនវាដើម្បីឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ។ ជម្ងឺកូរ៉ូណាដែលកំពុងរាតត្បាតប្រទេសចិននិងពិភពលោកសព្វថ្ងៃនេះ គឺឈានដល់ដំណាក់កាលនេះហើយ ។
ពូជពង្សវង្សត្រកូលរបស់វីរ៉ុសដែលរុកគួនមនុស្សតាមរយៈផ្លូវដង្ហើម ត្រូវបានគេឲ្យឈ្មោះជាទូទៅថា Influenza (Flu) ។ ពីដើមមិញ គេតែងភ្ជាប់ពាក្យ Flu ទៅនឹងសត្វដែលជាប្រភពនៃជម្ងឺ ។ ឧទាហរណ៍៖ Bird Flu, Swine Flu ឬ គ្រុនបក្សី គ្រុនជ្រូក ។ នៅពេលដែលគេរកឃើញអត្តសញ្ញាណវាជាក់លាក់ គេនឹងឲ្យឈ្មោះផ្លូវការដោយអក្សរ HN សម្រាប់សម្គាល់ ។ ឧទាហរណ៍៖ H1N1, H2N2, H5N1 etc. ។
អ្នកវិទ្យាសាស្ត្រហៅវីរ៉ុសដែលបង្កបញ្ហាផ្លូវដង្ហើមថា Airborne Disease ឬ មេរោគដែលអាចបណ្តែតខ្លួននៅក្នុងលម្ហ ។ ប៉ុន្តែការឆ្លងរបស់វាក៏អាចចូលមកតាមរយៈផស្សៈផងដែរ ។ ដូច្នេះហើយបានជាគេទូន្មានឲ្យមនុស្សពាក់ម៉ាសនិងលាងដៃជាប្រចាំដើម្បីការពារខ្លួន ។ យើងអាចសន្មត់ថា វីរ៉ុសមិនអាចរស់ដោយឯកឯងបានទេ ។ វាត្រូវការម្ចាស់ផ្ទះ (Host) និងភ្នាក់ងារដឹកជញ្ជូន (Transport Agents) ដើម្បីរស់នៅនិងឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ។ យើងអាចប្រៀបធៀបប្រការនេះទៅនឹងមនុស្សដែលត្រូវការផ្ទះដើម្បីរស់នៅ និងយន្តហោះឬនាវាទេសចរណ៍ដើម្បីធ្វើដំណើរពីទ្វីបមួយទៅទ្វីបមួយទៀត ។ ខ្លួនមនុស្សឬសត្វជាផ្ទះរបស់វីរ៉ុស ។ ឯតំណក់តូចៗនៃសារធាតុសំណើមគឺជាភ្នាក់ងារដឹងជញ្ជូនរបស់វីរ៉ុស ។ លម្អងសំណើមតូចៗនេះហើយដែលជួយការពារវីរ៉ុសកុំឲ្យស្លាប់ នៅពេលវាធ្វើដំណើរពីប្រភពមួយទៅប្រភពមួយទៀត ។ ចំណុចសំខាន់មួយដែលយើងត្រូវដឹងគឺវីរ៉ុសអាចសំងំក្នុងខ្លួនមនុស្សដោយមិនបង្ហាញរោគសញ្ញាឡើយ ។ ជាគោលការណ៍ គេកំណត់រយៈពេល១៤ថ្ងៃ សម្រាប់ការពួនសំងំនេះ ។ ប៉ុន្តែ គោលការណ៍គឺគ្រាន់តែជាគោលការណ៍ប៉ុណ្ណោះ ។ សមត្ថភាពលាក់ខ្លួនរបស់វីរ៉ុសអាចមានរយៈពេលយូរជាង១៤ថ្ងៃ ។
ការផលិតវ៉ាក់សាំងដើម្បីទប់ទល់ជាមួយនឹងវីរ៉ុសរាតត្បាតដូចជា កូរ៉ូណា គឺជាដំណើរស្មុគស្មាញនិងវែងឆ្ងាយ ។ ដើម្បីផលិតវ៉ាក់សាំងដែលមានប្រសិទ្ធិភាព គេត្រូវស្វែងរកប្រភពដើមដំបូងបំផុតដែលវីរ៉ុសនេះចេញមក ។ និយាយឲ្យខ្លីគឺស្វែងរកមនុស្សទីមួយដែលស្លាប់ដោយសារវីរ៉ុសនេះ ហើយសួរនាំអ្នកដែលនៅជំវិញគាត់អំពីសកម្មភាពនានាដែលគាត់បានធ្វើមុនពេលគាត់ស្លាប់ ។ បន្ទាប់ពីកំណត់អត្តសញ្ញាណនៃប្រភពដែលផ្តល់កំណើតឲ្យវីរ៉ុសហើយ គេយកសំណាក (Samples) មកធ្វើវិភាគ RNA ដើម្បីស្វែករក Genetic Blueprint ឬអត្តសញ្ញាណជាក់លាក់របស់វីរ៉ុសនិងម្ចាស់ផ្ទះ (Host) របស់វា ។ គឺតុល្យភាពឬភាពសុខដុមរម្យនារវាងវីរ៉ុសនិងម្ចាស់ផ្ទះនេះហើយ ដែលអាចឲ្យមនុស្សរកមធ្យោបាយធ្វើវ៉ាក់សាំងការពារខ្លួនបាន ។ និយាយឲ្យងាយយល់ វ៉ាក់សាំងគឺការចិញ្ចឹមវីរ៉ុសដោយដកពិសវាចេញ ហើយចាក់បញ្ចូលទៅក្នុងខ្លួនមនុស្សដើម្បីបង្កើតឲ្យមានអត្តិសុខុមប្រាណ (Immunity/Antibody) ។ និយាយមួយបែបទៀត គឺយើងយករីរ៉ុសទៅកំចាត់វីរ៉ុស ឬខ្ចីដៃសត្រូវទៅកំចាត់សត្រូវ ។
ប្រការមួយទៀតដែលគួរយល់ដឹងគឺមនុស្សស្លាប់នៅក្នុងប្រទេសចិនប្រមាណ១០០នាក់ក្នុងមួយថ្ងៃដោយសារកូរូណាវីរ៉ុសបច្ចុប្បន្ន ។ មូលហេតុចម្បងដែលបង្កឲ្យមានការស្លាប់ច្រើនដូច្នេះ គឺដោយសារមនុស្សមិនទាន់មានអត្តិសុខុមប្រាណ (Immunity) ដើម្បីទប់ទល់ជាមួយនឹងវីរ៉ុសប្រភេទថ្មីនេះនៅឡើយ ។ ដូចដែលបានលើកឡើងខាងលើ ។ ដើម្បីទប់ទល់ជាមួយវីរ៉ុស គេត្រូវស្គាល់អត្តសញ្ញាណជាក់លាក់របស់វា ហើយរកវិធីកំចាត់វាតាមរយៈការពង្រឹងអត្តិសុខុមប្រាណរបស់មនុស្ស ។ នៅក្នុងករណីដែលគេមិនទាន់រកឃើញប្រភពដើមនិងអត្តសញ្ញាណជាក់លាក់របស់វីរ៉ុសនៅឡើយទេ មធ្យោបាយតែមួយគត់ដើម្បីរាំងខ្ទប់វាកុំឲ្យរីកសាយភាយចេញមកក្រៅគឺបិទតំបន់ដែលវីរ៉ុសផុសចេញមក (Closed off center of outbreak) ។ ប្រទេសចិនដែលបិទមិនឲ្យពលរដ្ឋនៅក្រុងវូហានចាកចេញពីក្នុងតំបន់ ឬប្រទេសជប៉ុនបដិសេធមិនឲ្យនាវាទេសចរណ៍ វ៉េសទឺដាម ចូលសំចត មិនមែនជាទង្វើអមនុស្សធម៌ឬរើសអើងទេ ។ វាជាការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ ។ ហេតុផលគុណធម៌នៅមានច្រើនទៀត ប៉ុន្តែ សូមមិនបរិយាយបន្តទេគ្រាន់តែចង់ពិចារណាអំពីនាវា វ៉េសទឺដាម មកសំចតនៅកំពង់ផែព្រះសីហនុបន្តិច ។
ការមកដល់នៃនាវាទេសចេណ៍ Westerdam នៅក្នុងទឹកដីកម្ពុជាគឺជារឿងគួរឲ្យសោកស្តាយបំផុត ។ បន្ទាប់ពីត្រូវបានបដិសេធដោយប្រទេសជប៉ុននិងហ្វីលីពីនមិនឲ្យចូលសំចត នាវានេះមិនគួរបន្តដំណើរមកកាន់ឈូងសមុទ្រថៃទេ ។ គោលដៅសមស្របគឺត្រូវធ្វើដំណើរទៅកាន់ទីក្រុង ហុងកុង ដែលជាប្រភពដើម (Point of Departure) នោះវិញ ត្បិតនាវា ដាយាម៉ុន ព្រិនសេស (Diamond Princess) ដែលចាកចេញពីប្រភពជាមួយគ្នានោះត្រូវបានប្រទេសជប៉ុនរកឃើញថាមានផ្ទុកកូរ៉ូណាវីរ៉ុស ។ បច្ចុប្បន្ន មនុស្សម្នាក់ដែលចាកចេញពីនាវា វ៉េសទឺដាម ដោយឆ្លងកាត់តាមប្រទេសខ្មែរត្រូវបានអាជ្ញាធរមាឡេសុីរកឃើញថា មានផ្ទុកវីរ៉ុសកូរូណា ។ ប្រសិនបើករណីនេះមានតែមួយគត់ហើយអាចគ្រុបគ្រងបាន យើងអាចចាត់ទុកថាជាសំណាងដ៏ធំមួយ ។ ប៉ុន្តែ បើមានករណីផ្សេងទៀតលេចចេញមក វានឹងបង្កឲ្យមានគ្រោះអាសន្នដ៏ស្មុគស្មាញ ។
ហេតុផលដែលប្រទេសកម្ពុជាអនុញាតឲ្យនាវាវ៉េសទឺដាមចូលសំចតនៅកំពង់ផែព្រះសីហនុអាចមានច្រើនលើសអំពីមនុស្សធម៌និងបំបាត់ការរើសអើង ។ បើយើងនិយាយថា យកពត៌មានកំចាត់ពត៌មាន ដូចគេយកវីរ៉ុសទៅកំចាត់វីរ៉ុស ក៏សមម៉្យាងដែរ ។ ពត៌មានក្តៅអំពីកម្ពុជានៅដើមខែកុម្ភៈគឺរឿងបាត់បង់ការអនុគ្រោះពន្ធ (EBA) ។ ប៉ុន្តែ នៅពេលដែលនាវា វ៉េសទឺដាម មកដល់កំពង់សោម ពត៌មានអំពី (EBA) ត្រូវបានរលាយខ្សុរដូចអំបិលត្រូវទឹក ។ វាជាយុទ្ធសាស្ត្របាញ់ព្រួញមួយត្រូវចាប ពីរបី ។ ពលរដ្ឋខ្មែរលែងខ្វល់ពីរឿងឆ្នាំបាយ ហើយបែរមកខ្វល់ពីរឿងជំងឺរាតត្បាតវិញម្តង ។ ឯមនុស្សនៅក្នុងពិភពលោកក៏ស្គាល់ប្រទេសកម្ពុជារឹតតែច្រើនថែមទៀតដែរ ជាពិសេសគឺការថ្លែងអំណរគុណកម្ពុជារបស់ប្រធានាធិបតីដូណាល់ ត្រាំ តាមរយៈធ្វីទឺ (Twitter) ។ គួរកត់សម្គាល់ថា ប្រមុខរដ្ឋដែលសាទរកម្ពុជាក្នុងការអនុញាតឲ្យនាវាវ៉េសទឺដាមចូលសំចត ដើម្បីឲ្យអ្នកដំណើរមានលទ្ធភាពជិះយន្តហោះបន្តដំណើរទៅកាន់ប្រទេសកំណើតរបស់ខ្លួន ភាគច្រើនមានពលរដ្ឋរបស់ខ្លួនស្ថិតនៅក្នុងនាវានោះ ។ ប្រមុខរដ្ឋដទៃដែលគ្មានពលរដ្ឋនៅក្នុងនាវាវ៉េសទឺដាម ជាពិសេសប្រមុខរដ្ឋដែលជាសម្ព័ន្ធមិត្តរបស់កម្ពុជានៅអាស៊ាន ហាក់ដូចជាគ្មាននរណាថ្លែងសារសាទរទង្វើមនុស្សធម៌ដ៏មហោឡារឹកនោះឡើយ ។ សច្ចៈភាពនៅពីក្រោយទង្វើផ្ទុយគ្នានេះ ប្រហែលជាមានតែទេវតាទេទើបដឹង ៕
Friday, February 7, 2020
ចំណាប់អារម្មណ៍
ទស្សនកិច្ច
កាលពីថ្ងៃមុន ខ្ញុំបានសរសេរអំពីភាពស្រដៀងគ្នារវាងរដ្ឋបាលឥណ្ឌាសម័យបុរាណនិងរដ្ឋបាលអាមេរិកាំងសម័យបច្ចុប្បន្ន ដែលយកពួកព្រាហ្មណ៍និងអ្នកវិទ្យាសាស្ត្រ មកធ្វើជាក្បាលម៉ាសុីនក្នុងការគ្រុបគ្រងដឹកនាំប្រទេស ។ ក្រុមអ្នកវិទ្យាសាស្ត្រដែលរៀបចំគោលនយោបាយបច្ចេកវិជ្ជាឲ្យប្រធានាធិបតីនៃសហរដ្ឋអាមេរិកមានឈ្មោះថា ក្រុមប្រឹក្សាគណកម្មាធិការវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជា ។ នៅដើមសប្តាហ៍នេះ ខ្ញុំមានឱកាសបានចូលទៅអង្គុយស្តាប់ក្រុមប្រឹក្សានេះពិភាក្សាគ្នានៅក្នុងអគារការិយាល័យសេតវិមានដែលគេហៅជាទូទៅថា Old Executive Building (វ៉ាំងចាស់) ។
មុននឹងបរិយាយបទពិសោធរបស់ខ្ញុំក្នុងការអង្គុយស្តាប់គេជជែកគ្នា ខ្ញុំសូមរៀបរាប់អំពីសាវតារនិងសម្ផស្សរបស់អគារ វ៉ាំងចាស់នេះបន្តិច ។ លោកប្រធានាធិបតីនៃសហរដ្ឋអាមេរិកឈ្មោះ អុយលីស អេស ហ្គ្រេន Ulysses S. Grant (រូបគាត់នៅលើក្រដាសប្រាក់ ៥០ដុល្លារ) បានចាត់ចែងសង់អគារនេះនៅចុងទសវត្សឆ្នាំ ១៨៦០ ។ សហរដ្ឋអាមេរិកចំណាយពេល ១៩ឆ្នាំ និងទឹកប្រាក់ជាង ១០លានដុល្លារដើម្បីកសាងអគារបុរាណមួយនេះ ។ នៅពេលអគារនេះត្រូវបានសម្ពោធឲ្យប្រើប្រាស់ជាទីស្នាក់ការរបស់ក្រសួងការបរទេសនិងក្រសួងការពារជាតិនៅឆ្នាំ ១៨៨៨ មនុស្សជាច្រើនរួមទាំងប្រធានាធិបតីមួយចំនួនផង មិនចូលចិត្តអគារនេះទេ ។ មូលហេតុដែលគេមិនចូលចិត្តអគារនេះ ព្រោះវាមានសណ្ឋានដូចរាជវ៉ាំងនៅអឺរ៉ុប ដែលជានិមិត្តរូបនៃជនផ្តាច់ការនិងរបបផ្តាច់ការ ។ ប៉ុន្មានឆ្នាំក្រោយមក ស្ថាបត្យករដែលរចនាអគារនេះបានធ្វើអត្តឃាត ហើយក្រសួងការបរទេសក៏សង់ទីស្នាក់ការថ្មីរបស់ខ្លួននៅភាគខាងលិចចម្ងាយប្រមាណជាមួយគីឡូម៉ែត្រពីទីនេះ ។ ឯក្រសួងការពារជាតិក៏បានលើកទីស្នាក់ការរបស់ខ្លួងទៅដាក់នៅត្រើយម្ខាងស្ទឹងដែលយើងស្គាល់ថាជាមន្ទីរ ប៉ង់តាហ្គូន សព្វថ្ងៃនេះ ។ បន្ទាប់ពីក្រសួងទាំងពីរចាកចេញទៅ អគារនេះត្រូវបានបុគ្គលិកសេតវិមានយកមកធ្វើជាការិយាល័យ ។ អនុប្រធានាធិបតីភាគច្រើនមានការិយាល័យមួយនៅទីនេះ ដើម្បីងាយស្រួលក្នុងការប្រាស្រ័យទាក់ទងជាមួយនឹងប្រធានាធិបតី ។
នៅឆ្នាំ ១៩៥៥ លោកប្រធានាធិបតី អៃសិនហោវឺ (Eisenhower) បានធ្វើសន្និសិតកាសែតផ្សាយតាមទូរទស្សដំបូងបំផុតចេញពីបន្ទប់មួយនៅក្នុងអគារនេះ ។ បន្ទប់ដែលមានរូបកិន្នរ (Deity) និងក្បូរក្បាច់រចនានៅក្នុងរូបភាពខាងក្រោម គឺជាកន្លែងដែលគេថតផ្សាយតាមទូរទស្សនាគ្រានោះ ។ នៅឆ្នាំ ១៩៥៩ ដោយរងសម្ពាធពីសំណាក់មជ្ឈឋានជាច្រើន រដ្ឋាភិបាលអាមេរិកគ្រោងវាយអគារនេះចោល ប៉ុន្តែមិនទាន់ដាច់ចិត្តវាយវាចោលនៅឡើយ ។ ១០ឆ្នាំក្រោយមក ក្រុមអ្នកអភិរក្សអគារបុរាណបានបញ្ចុះបញ្ចូលរដ្ឋាភិបាលឲ្យរក្សាអគារនេះទុកជាសម្បត្តិបេតិកភណ្ឌជាតិ ។ នៅឆ្នាំ ១៩៧០ អគារនេះត្រូវបានគេចុះបញ្ជីជាបេតិកភណ្ឌជាតិ ហើយក៏រស់រានមានអត្ថិភាពរហូតដល់សព្វថ្ងៃ ។ ផ្នែកខាងក្នុងនៃអគារបុរាណនេះ គេរក្សាទុកឥដ្ឋការូពណ៌ស្រដៀងគ្នានឹងឥដ្ឋពណ៌នៅតាមព្រះវិហារចាស់ៗរបស់ខ្មែរដែរ ។ បន្ទប់សាលប្រជុំខ្លះ គេយកឈើពណ៌ផ្សេងៗគ្នាមករៀបផ្គុំឲ្យមានសណ្ឋានដូចឥដ្ឋការ៉ូដែរ ។ បើយើងមិនចាប់ភ្លឹកយើងមិនដឹងថា កម្រាលការ៉ូដែលយើងកំពុងឈរលើនោះជាឈើទេ ។
សូមនិយាយអំពីកិច្ចការប្រទេសជាតិវិញម្តង ។ អ្នកប្រាជ្ញអាមេរិកដែលមានតួនាទីរៀបចំគោលនយោបាយពាក់ព័ន្ធនឹងវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជនោះ គេហាក់ដូចជាផ្តោតគំនិតលើគោលការណ៍ធំៗពីរ ។ ទីមួយគឺ វិទ្យាសាស្ត្រក្វាន់តូម (Quantum Science) ។ ទីពីរគឺ វិញ្ញាណសិប្បនិមិត្ត (Artificial Intelligence, AI) ។ គេក៏និយាយអំពី ស្តឹម (STEM: Science, Technology, Engineering, and Math) ផងដែរ ។
Quantum Science គឺជាអ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេ ត្បិតខ្ញុំមិនដែលបានរៀនហើយក៏មិនយល់ថា ក្វាន់តូម ជាអ្វីទេ ។ សម្រាប់ខ្ញុំវាប្រៀបដូចជា និព្វាន ដែលខ្ញុំមិនដឹងថាមានរូបរាងនិងសណ្ឋានដូចម្តេច ។ ប៉ុន្តែ ខ្ញុំដឹងថា មានអ្នកប្រាជ្ញមួយរូបឈ្មោះ អាលបឺត អាញស្តាញ (Albert Einstein) ដែលជាបុគ្គលមានឈ្មោះបោះសម្លេងនៅក្នុងរឿង ក្វាន់តូម នេះ ។ អាញស្តាញ បានទទួលអនិច្ចកម្មជិតមួយសតវត្សហើយ ។ កាលគាត់យកទ្រឹស្តីក្វាន់តូមនេះមកបកស្រាយ មិនសូវមានមនុស្សយល់ទេ ។ ឥឡូវនេះមិនត្រឹមតែមានមនុស្សជាច្រើនកំពុងស្វែងយល់ គេថែមទាំងយករបកគំហើញរបស់គាត់មកត្រួសត្រាយផ្លូវ ដើម្បីស្វែងរកសារប្រយោជន៍ទ្រទ្រង់មនុស្សជាតិទៀតផង ។ នៅអនាគតដ៏ខ្លីខាងមុខនេះ មនុស្សជាតិអាចនឹងទទួលបានសមិទ្ធិផលមួយចំនួនទៀតដែលអស្ចារ្យលើសអំពីកំព្យូទ័រនិងអាយហ្វូន ។ យើងមិនអាចដឹងថា សមិទ្ធិផលនោះមានសណ្ឋានដូចម្តេចនៅឡើយទេ ។ ប៉ុន្តែ វានឹងប្រាកដខ្លួនឡើងនៅក្នុងកាលៈទេសៈសមស្របមួយ ។
រឿងចម្លែកមួយទៀតដែលខ្ញុំបានរៀនចេញអំពីទស្សនកិច្ចអង្គុយស្តាប់គេនោះគឺ សញ្ញាប័ត្រដោយមិនចាំបាច់ចូលសាលា ។ សញ្ញាប័ត្រប្រភេទនេះគឺសំដៅដល់ការសិក្សាដោយខ្លួនឯង ។ និស្សិតមហាវិទ្យាល័យនិងសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិកប្រមាណជា ៥០% សិក្សាតាមអនឡាញ (Online Courses) ។ ការសិក្សាប្រភេទនេះគឺអនុលោមទៅតាមឆន្ទៈនិងការប្រឹងប្រែងរបស់បុគ្គលម្នាក់ៗ ។ ការទទួលស្គាល់ចំណេះដឹងនិងសមត្ថភាពរបស់បុគ្គលដែលចេញអំពីប្រភពក្រៅសាលានេះ គឺជាគោលដៅមួយដែលគេត្រូវធ្វើ ។ វាក៏ជាកត្តាជៀសមិនរួចផងដែរ (Trends) ។ នៅស្រុកខ្មែរបច្ចុប្បន្ន ខ្ញុំសង្កេតឃើញយុវជនមួយចំនួនបានអនុវត្តគោលការណ៍សិក្សាដោយខ្លួនឯងនេះ យូរក្រែលដែរហើយ ។ ប៉ុន្តែ ពួកគេភាគច្រើនអនុវត្តកិច្ចការនេះដោយសារកត្តាខាងក្រៅជម្រុញ ដូចជាភាពក្រីក្រ និងកង្វះខាតមធ្យោបាយនានា ។ល។ លោក ឡាំ លីម ដែលជាអ្នកនិពន្ធសៀវភៅ អំណានជាអំណាច ជាបុគ្គលឈានមុខគេនៅក្នុងប្រការនេះ ។ គាត់ហាក់ដូចជារកឃើញផ្លូវទៅកាន់ឋានសួគ៌រួចទៅហើយ ។ សម្រាប់អ្នកដែលមានកូនកំពុងរៀន រាប់បញ្ចូលទាំងខ្លួនខ្ញុំផងដែរ ការលើកទឹកចិត្តកូនឲ្យរៀនដោយខ្លួនឯងប្រហែលជាទីប្រកួតដែលមិនអាចជៀសផុតឡើយ ។ គួរកត់សម្គាល់ថា រៀនដោយខ្លួនឯងមិនមែនម៉ែឪបង្រៀនទេ ។ គប្បីចែកប្រការនេះឲ្យដាច់ដោយឡែកពីគ្នា ជៀសវាងបង្កឲ្យមានផលវិបាកនានា ។
មុននឹងបញ្ចប់ ខ្ញុំសូមធ្វើការចាប់អារម្មណ៍លើសមត្ថភាពរបស់ក្រុមប្រឹក្សាវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជារបស់ប្រធានាធិបតីអាមេរិកបន្តិច ។ ទស្សនវិទូនិងអ្នកប្រាជ្ញឈានមុខទាំងនេះ គ្មានគោរម្យងារសម្រាប់សម្គាល់ទេ ។ បើពួកគេដើរតាមផ្លូវនៅក្រៅបរិវេណសេតវិមាន សូម្បីតែឆ្កែក៏មិនព្រុសដែរ ។ ប៉ុន្តែ នៅពេលបានឃើញការជជែកពិភាក្សារបស់ពួកគេ ខ្ញុំសង្កេតឃើញថា វាមានស្តង់ដារនិងភាពមធ្យ័តខ្ពស់ជាងក្រុមអ្នកប្រាជ្ញដទៃដែលខ្ញុំធ្លាប់ជួប ។ ថ្វីត្បិតតែការពិភាក្សាខ្លះមានកម្រិតខ្ពស់ហួសពីការយល់ដឹងរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានទទួលនូវចំណីខួរក្បាលដ៏វិសេសវិសាលមួយដែលខ្ញុំមិនធ្លាប់បានភ្លក្សពីមុនមក ៕


Wednesday, February 5, 2020
សៀវភៅ
នៅពីក្រោយមោទនភាពជាតិ
ខ្ញុំទើបនឹងបានអានសៀវភៅថ្មីមួយមានចំណងជើងថា៖ នៅពីក្រោយមោទនភាពជាតិ ។ អ្នកស្រី ប៉ាង វ៉ាន់ថោន ដែលជាអ្នកនិពន្ធសៀវភៅនេះបានមុជយ៉ាងជ្រៅទៅក្នុងភាពអាប់អួរនៃសង្គមខ្មែរដើម្បីស្វែងយល់អំពីកត្តានានាដែលធ្វើឲ្យសង្គមក៏ដូចជាអត្តចរិតរបស់ពលរដ្ឋខ្មែរធ្លាក់ចុះដុនដាបគួរឲ្យសង្វេក ។ នៅក្នុងទសវត្សឆ្នាំ ១៩៧០ ស្មេរសង្គមសាស្ត្រ (Social critics) ខ្មែរមួយចំនួនមានជាអាទ៍៖ លោក គយ សារុន លោក ឃុន ស្រ៊ុន និងលោក ប៊ុនចណ្ណ ម៉ុល ធ្លាប់បានបង្ហូរទឹកប៊ិកនិងទឹកភ្នែកស្រែកដង្ហើយឲ្យខ្មែរភ្ញាក់រលឹកដឹកនាំខ្លួនចេញពីភាពអាប់អួរម្តងរួចមកហើយ ។ ប៉ុន្តែ អ្វីដែលជាកត្តាកត់សម្គាល់គឺថា កន្លងទៅអស់រយៈពេលជាងកន្លះសតវត្ស ជំងឺសង្គមរបស់ខ្មែរមិនត្រឹមតែមិនបានធូស្រាលនោះទេ វាកំពុងតែធ្លាក់ចូលទៅក្នុងសភាពដុនដាបគួរឲ្យភ័យព្រួយ ។ បើគ្មានការទប់ស្កាត់ ឬក៏កែប្រែស្ថានភាពឲ្យទាន់ពេលវេលាទេ សង្គមខ្មែរអាចក្លាយទៅជាសង្គមមួយដែលបាត់សភាវទ្រទ្រង់និងលិចលង់ទៅតាមយថាកម្ម ។
ចំណុចប្រឈមដ៏ធំបំផុតដែលអ្នកនិពន្ធលើកយកមកពិភាក្សាគឺភាពអនាធិបតេយ្យនៃការរស់នៅក៏ដូចជានៅក្នុងផ្នត់គំនិតរបស់ពលរដ្ឋខ្មែរ ។ សភាវពុករលួយ ទាំងផ្លូវកាយនិងផ្លូវចិត្តរបស់ពលរដ្ឋខ្មែរ ចាប់ពីមន្ត្រីរាជការរហូតដល់អ្នកសុំទាន បានទាញសង្គមខ្មែរឲ្យបាត់បង់គុណធម៌និងសុជីវធម៌គ្រប់ច្រកល្ហកទាំងអស់ ។ (សូមបញ្ជាក់ថា អ្នកសុំទានខ្មែរក៏ពុករលួយដែរ ។ ខ្ញុំធ្លាប់បានពួកគេគោះយកលុយប្រកបដោយសុជីវធម៌ជាទីបំផុត) ។
នៅវគ្គទីមួយនៃសំណេរ នៅពីក្រោយមោទនភាពជាតិ អ្នកនិពន្ធបានលើកយកភាពអនាធិបតេយ្យនៃចរាចរណ៍ផ្លូវគោករបស់កម្ពុជាមកធ្វើជានិទស្សន៍បកស្រាយអំពីអត្តចរិត ឬផ្នត់គំនិតខ្មែរនៅក្នុងការដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការបើកបរ ។ វាគឺជានិមិត្តរូបដ៏សុក្រិតមួយដែលបង្ហាញ ថាតើសង្គមខ្មែរកំពុងតែដើរឆ្ពោះទៅកាន់ទីណា ។ នៅក្នុងការបើកបររបស់ពលរដ្ឋខ្មែរ ការយោគយល់គឺកើតមានដោយកម្រ ។ អត្តទត្ថនិយម អំណាច យសស័ក្តិ និងសម្បត្តិទ្រព្យ គឺជាកត្តាកំណត់ជោគវាសនាក្នុងការធ្វើចរាចរណ៍ ។ ដំណើរជីវិតគឺមិនខុសអំពីដំណើរចរាចរណ៍ឡើយ ។ យើងត្រូវឈប់ បត់ឆ្វេ បត់ស្តាំ ឬក៏ជៀសវាងឧបស័គ្គនានាដើម្បីគាំពារក៏ដូចជាធានាសុវត្ថិភាពសម្រាប់មនុស្សទាំងអស់គ្នាផងដែរ ។ នៅពេលការយោគយល់ ឬក៏ជួយផ្តល់ផាសុខភាពដល់ជីវិតអ្នកដទៃមិនត្រូវបានពលរដ្ឋយកចិត្តទុកដាក់ ដោយសារតែភាពអត្តទត្ថនិយមរបស់បុគ្គលដ៏ច្រើនលើសលុបនៅក្នុងសង្គមខ្មែរ សុភាវធម៌ទ្រទ្រង់សង្គមជាច្រើនត្រូវបានបាត់បង់ ។ ជាលទ្ធផល ខ្មែរបង្កើតបាននិងរស់នៅក្នុងសង្គមមួយដែលខ្សត់គុណធម៌និងក្រ បសាទចិត្ត ។
ក្រៅអំពីលាតត្រដាងការបាត់បង់គុណធម៌និងសុជីវធម៌នៅក្នុងផ្នត់គំនិតពលរដ្ឋខ្មែរ អ្នកអ្នកស្រី ប៉ាង វ៉ាន់ថោន ក៏បានលើកយកមកនិយាយផងដែរអំពីភាពលេលារបស់ពលរដ្ឋខ្មែរដែលលុះនៅក្នុងអំពើអបាយមុខ ។ សេពគ្រឿស្រវឹងនិងគ្រឿងញៀន (ផឹកស្រាជក់បារី) និងជំនឿលើពិធីកម្មសាសនាដោយងងិតងងល់ បាននិងកំពុងតែផ្តល់ឲ្យសង្គមខ្មែរនូវភាពពុករលួយបញ្ញាមួយ ដែលពលរដ្ឋរស់ក្នុងសភាពជាទាសករនៃខួរក្បាលអ្នកដទៃ ។ ការផឹកគ្រឿងស្រវឹងនិងជំនឿលើពិធីកម្មសាសនា មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ពលរដ្ឋខ្មែរទេ ។ ជនជាតិដទៃក៏ប្រព្រឹត្តិដូចគ្នាដែរ ។ ប៉ុន្តែ អ្វីដែលធ្វើឲ្យខ្មែរលេចធ្លោ គឺប្រព្រឹត្តនូវទង្វើដោយខ្វះការពិចារណាដិតដល់និងផ្ទុយអំពីអ្វីដែលជាក្របខណ្ឌនៃការយល់ដឹងរបស់ខ្លួន ។ ឧទាហរណ៍ដ៏សាមញ្ញមួយគឺជាង ៩០ ភាគរយនៃពលរដ្ឋខ្មែរជាអ្នកបដិបត្តិព្រះពុទ្ធសាសនា ប៉ុន្តែខ្មែរច្រើនលើសលុបប្រព្រឹត្តិផ្ទុយនឹងគោលការណ៍ពុទ្ធសាសនារាល់ថ្ងៃ ។ សេពគ្រឿងស្រវឹងនិងប្រព្រឹត្តិអំពើពុករលួយគឺជាឧទាហរណ៍ជាក់ស្តែង ។
នៅក្នុងវិស័យនយោបាយដែលជាមូលដ្ឋានគ្រឹះសម្រាប់ចងក្រងសង្គមឲ្យរឹងបុឹង ភាពប្រេះឆានិងការប្រកាន់មាំជាមួយនឹងបក្សពួកនិយមកំពុងតែកែប្រែសង្គមខ្មែរឲ្យក្លាយទៅជាសង្គមមួយដែលខ្សត់ភាតរភាព ។ ខ្សត់ភាតរភាពគឺខ្សត់សាមគ្គីភាព ។ ខ្សត់សាមគ្គីភាពគឺខ្សត់ទំនុកចិត្ត ដែលជាកត្តានាំទៅរកមហន្តរាយនៃសេចក្តីរាប់អាននិងឈឺឆ្អាលដល់សុខមាលភាពពលរដ្ឋផងគ្នា ។ ពលរដ្ឋខ្មែរភាគច្រើនរស់ក្នុងសភាព "ក្បាលអ្នកណា សក់អ្នកហ្នឹង" ។ គឺគេមិនសូវខ្វល់អំពីទុក្ខសោករបស់អ្នកដទៃឡើយ ។ សម្បត្តិសាធារណ ឬសម្បត្តិជាតិ ដូចជាធនធានធម្មជាតិនិងកេរអាកររបស់ដូនតា គឺគេឆ្លៀតទាញយកសារប្រយោជន៍តែរៀងខ្លួន ។ ការថែរក្សានិងពង្រីកធនធានសម្រាប់ថ្ងៃអនាគតហាក់ដូចជាមិនសូវមាននរណាខ្វល់ខ្វាយច្រើនឡើយ ។ មិនត្រឹមតែមិនសូវខ្វល់ខ្វាយរឿងថែទាំធនធានជាតិនោះទេ សូម្បីតែចូលរួមក្នុងសកម្មភាពនយោបាយដើម្បីថែរក្សាការពារសិទ្ធិសេរីភាពរបស់ខ្លួនក៏ពលរដ្ឋខ្មែរមិនសូវរវីរវល់ដែរ ។ ចរិតអត្តឃាតនយោបាយមួយដែលដិតជាប់នៅក្នុងគំនិតពលរដ្ឋខ្មែរគឺ៖ ទុករឿងនយោបាយឲ្យអ្នកនយោបាយគេដោះស្រាយ ។ ពួកគេមិនដឹង ឬក៏មិនយល់ទេថាគន្លឹះសម្រាប់ដោះស្រាយបញ្ហាគ្រប់យ៉ាងនៅក្នុងរឿងនយោបាយគឺស្ថិតនៅក្នុងដៃរបស់ពួកគាត់ដែលជាពលរដ្ឋនេះឯង ។
ចាប់ពីដើមរហូតដល់ចុងបញ្ចប់នៃសៀវភៅ នៅពីក្រោយមោទនភាពជាតិ អ្នកនិពន្ធបានលាតត្រដាងឲ្យឃើញនូវស្នាមប្រឡាក់ជាច្រើនដែលពលរដ្ឋខ្មែរចាំបាច់ត្រូវតែដុសខាត់លាងជម្រះ ។ វាប្រៀបដូចជាលើកកញ្ចក់មកឆ្លុះបញ្ចាំងមើលរូបខ្លួនឯងដូច្នោះដែរ ។ ថ្វីត្បិតតែកញ្ចក់ឆ្លុះរូបខ្លួនឯងនេះ មិនអាចឲ្យយើងមើលឃើញនូវអ្វីដែលស្ថិតនៅខាងក្រោយខ្នងក៏ពិតមែន តែយ៉ាងហោចណាស់ក៏យើងអាចមើលឃើញអ្វីដែលកំពុងប្រឡាក់នៅលើរូបយើងផ្នែកខាងមុខដែរ ។ ដំណោះស្រាយបន្ទាន់ដែលពលរដ្ឋខ្មែរត្រូវធ្វើគឺសម្អាតភាពកខ្វក់ដែលអាចមើលឃើញនេះឯង ។ សម្អាតចិត្តនិងកាយវិការគឺជាប្រការចាំបាច់បំផុត មុននឹងឈានទៅដល់ការសម្អាតសភាវកខ្វក់នានាដែលយើងមើលឃើញ ។ ចុងបញ្ចប់យើងត្រូវពឹកពាក់គ្នាទៅវិញទៅមក ដើម្បីត្រួតពិនិត្យបោសសម្អាតសារធាតុអពមង្គលទាំងឡាយ ដែលយើងមិនអាចមើលឃើញឬក៏មើលយល់ដោយខ្លួនឯង ។
ជាការពិតណាស់ សៀវភៅមួយក្បាលមិនអាចលាតត្រដាងឲ្យយើងឃើញ និងយល់អំពីផលវិបាកនៅក្នុងសង្គមខ្មែរគ្រប់ជ្រុងជ្រោយនោះទេ ។ ប៉ុន្តែ នៅពីក្រោយមោទនភាពជាតិ បានបង្ហាញឲ្យឃើញនូវគ្រោះមហន្តរាយដ៏ធំមួយ ដែលកំពុងយាយីសង្គមខ្មែរ ។ ទឹកខ្មៅ ដែលត្រូវបានយកមកផ្តិតលើសៀវភៅនេះ គឺប្រាកដជាដិតដាមដោយតំណក់ទឹកភ្នែករបស់ស្មេរខ្មែរមួយរូប ដែលមានបេះដូងពោរពេញដោយក្តីស្រឡាញ់ លាយឡំនឹងការឈឺចាប់ នៅក្នុងបុព្វហេតុ "មោទនភាពជាតិ" ៕
Friday, January 24, 2020
ចំណីខួរក្បាល
អ្នកនិពន្ធ (Writers)
រយៈពេលជាងពីរទសវត្សកន្លងទៅនេះ ខ្ញុំទៅបណ្ណាគារជារឿយៗដើម្បីស្វែងរកទិញសៀវភៅកំណាព្យនិងប្រលោមលោកមកទុកអាន ។ អ្វីដែលជាការកត់សម្គាល់របស់ខ្ញុំគឺថា សៀវភៅដែលត្រូវបានគេនិពន្ធនាពេលបច្ចុប្បន្ន អានទៅមិនសូវជក់ចិត្តដិតអារម្មណ៍សោះ ។ ក្រៅតែអំពីសៀវភៅរបស់លោក គង្គ ប៊ុនឈឿន ដែលជាស្មេរជើងចាស់នោះ សៀវភៅដែលសរសេរដោយស្មេរជំនាន់ក្រោយៗនេះ ហាក់ដូចជាខ្វះអត្ថរសក្នុងការទាក់ទាញអារម្មណ៍ ។ ប្រហែលជាខ្ញុំរស់ឆ្ងាយពីសង្គមខ្មែរយូរពេកក៏មិនដឹង បានជាបាត់បង់ចំណងអត្ថរសនៅក្នុងសំណេរអក្សរសីល្ប៍ខ្មែរ ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំសម្រេចចិត្តស្វែងរកឬសគល់ខ្លះៗដែលអាចជាកត្តាបង្ហាញអំពីកង្វះខាតនានានៅក្នុងការតាក់តែងនិពន្ធ ។
ផ្អែកលើការពន្យល់នានាដែលយើងអាចស្រាវជ្រាវនៅក្នុងប្រព័ន្ធ អុិនថឺណិត ការនិពន្ធរឿងជាលក្ខណៈប្រតិស្ឋក្តី (Fiction) តថៈក្តី (Non-fiction) គឺត្រូវផ្អែកលើគោលការណ៍សំខាន់មួយ ។ នៅក្នុងភាសាអង់គ្លេស គេហៅគោលការណ៍នោះថា៖ Figurative Language ឬ អត្ថាប្បដិរូប ។ ភ្ជាប់ជាមួយគោលការណ៍អត្ថាប្បដិរូបនេះ មានសាខាគោលការណ៍តូចៗមួយចំនួនទៀតដែលជាគ្រឿងទេសសម្រាប់ធ្វើឲ្យសំណេរមានអត្ថរសល្អប្រសើរ ។
Figurative Language ឬអត្ថាប្បដិរូប សំដៅលើការប្រើរូបភាពមួយតំណាងឲ្យរូបភាពមួយទៀតដែលមិនពាក់ព័ន្ធគ្នា ប៉ុន្តែអ្នកអានឬអ្នកទស្សនាអាចយល់ឬស្គាល់នៅក្នុងអារម្មណ៍ថាអ្នកនិពន្ធចង់និយាយអំពីអ្វី ។ ឧទាហរណ៍ កុលាបប៉ៃលិន ឬ រំដួលដងស្ទឹងសង្កែ ។ គ្រាន់តែឃើញចំណងជើង អ្នកអានអាចយល់នៅក្នុងអារម្មណ៍ថា អ្នកនិពន្ធសំដៅលើស្រីក្រមុំស្រស់សោភានៅខេត្តប៉ៃលិន និងនៅក្បែរដងស្ទឹងសង្កែ មិនមែនផ្កាកុលាបឬផ្ការំដួលឡើយ ។ យើងអាចសួរថា ហេតុអ្វីក៏អ្នកនិពន្ធមិននិយាយឲ្យចំៗតែម្តងទៅ ចាំបាច់ប្រើអត្ថាប្បដិរូបនាំឲ្យវែងឆ្ងាយធ្វើអ្វី?? ចម្លើយគឺ គេធ្វើបែបនេះដើម្បីបង្កឲ្យមានចម្ងល់និងការចង់ដឹងចង់យល់ពីសំណាក់អ្នកអាន ដែលភាសាអង់គ្លេសហៅថា Suspense ។ នៅក្នុងអត្ថាប្បដិរូបនេះ មានរូបធាតុតូចៗមួយចំនួនដែលដើរតួសំខាន់ក្នុងការចងចិត្តនិងអារម្មណ៍អ្នកអាន ។
១) Metaphors ពាក្យនេះសំដៅដល់ការប្រៀបធៀបនៅក្នុងវោហារសាស្ត្រ ។ យើងប្រើពាក្យពេចន៍ប្រៀបធៀបនេះនៅក្នុងការប្រាស្រ័យទាក់ទងគ្នាជាប្រចាំ ។ ឧទាហរណ៍ សន្យាខ្យល់ ឬ យកទៅបំផើមចោល ។ ពាក្យនេះ ស្តាប់ទៅដូចជាគ្មានពាក់ព័ន្ធនឹងអ្វីមួយច្បាស់លាស់ឡើយ ប៉ុន្តែអ្នកអានឬស្តាប់អាចកាត់យល់ថាវាសំដៅលើការកុហកបោកប្រាស់ ឬមិនគោរពពាក្យសន្យា ។ លោកសុទ្ធ ប៉ូលីន នៅក្នុងប្រលោមលោករឿង អ្នកមេម៉ាយនៅអិលអេ បានបង្ហាញនូវឧទាហរណ៍ជាច្រើនអំពីសិល្បវិធីនេះ ។
២) Foreshadowing ពាក្យនេះសំដៅដល់ភាពអាថ៌កំបាំងដែលអ្នកនិពន្ធព្រលយឲ្យដឹងខ្លះៗ ប៉ុន្តែតួអង្គពាក់ព័ន្ធអត់ដឹងថាព្រឹត្តិការណ៍កំពុងនាំខ្លួនទៅកាន់អ្វីដែលនឹងកើតឡើងនោះឡើយ ។ នៅក្នុងរឿងអ្នកមេម៉ាយនៅអិលអេ លោក សុទ្ធ ប៉ូលីន បានបង្ហាញឧទាហរណ៍ជាច្រើនពាក់ព័ន្ធនឹងប្រការនេះ ។
៣) Flashback វាជាការរៀបរាប់រំលឹកឡើងវិញអំពីព្រឹត្តិការណ៍ដែលបានកើតមាន ឬក៏អព្ភូតហេតុដែលតួអង្គសំខាន់ណាមួយបានជួបប្រទះនៅក្នុងដំណើរជីវិត ។ ឧទាហរណ៍៖ នៅក្នុងរឿងអ្នកមេម៉ាយនៅអិលអេ លោក សុទ្ធ ប៉ូលីន បានរៀបរាប់យ៉ាងបុិនប្រសព្វអំពីដំណើរជីវិតដ៏រីករាយមួយរបស់អ្នកមេម៉ាយឆ្ងាយភ័ព្វដែលត្រូវរងគ្រោះដោយសារពួកខ្មែរក្រហមនិងទាហានថៃធ្វើបាប ។
៤) Falling Action សំដៅដល់ការបញ្ចប់នូវព្រឹត្តិការណ៍អ្វីមួយនៅក្នុងវគ្គមួយនៃសាច់រឿង ។ អ្នកមេម៉ាយនៅអិលអេ ដែលព្យាយាមស្រោចស្រង់បុរសសង្ហាពិការចិត្តស្ថិតនៅក្នុងសភាពវីវក់នឹងល្បែងនៅ ឡាសវេហ្គា (Las Vegas) រហូតដល់អស់ទាំងប្រាក់ ប្រឡាក់ទាំងមរតករបស់ម៉ែ (Loss of Innocence) ជាឧទាហរណ៍ដ៏ល្អមួយ ។ ប្រការនេះចង្អុលបង្ហាញថា សីល្បៈនៃការសរសេរប្រលោមលោកមានសណ្ឋានស្រដៀងនឹងតែងសេចក្តីដែរ គឺ៖ បង្ហើប បង្ហាញ បង្ហប់ ។
ឧទាហរណ៍ខាងលើនេះគឺជាការរកឃើញខ្លះៗរបស់ខ្ញុំតាមរយៈព្រះគ្រូ Google ។ គួរកត់សម្គាល់ដែរថា សំណេរនេះមិនមែនជាការជួយផ្សាយ ប្រូម៉ូសិន សៀវភៅអ្នកមេម៉ាយនៅអិលអេរបស់លោក សុទ្ធ ប៉ូលីន ឡើយ ។ ខ្ញុំមិនដែលស្គាល់គាត់ហើយក៏មិនធ្លាប់ជួបគាត់ដែរ ។ ខ្ញុំគ្រាន់តែចង់ចង្អុលបង្ហាញតាមការយល់ដឹងផ្ទាល់ខ្លួនថា៖ អ្នកដែលចង់ចេះ ចង់យល់ អំពីអត្ថរសនៃសំណេរអក្សរសីល្ប៍ដែលទាក់ទាញអារម្មណ៍និងពោពេញទៅដោយរូបធាតុនានាដែលជាគោលការណ៍នៃអក្សរសីល្ប៍ខ្លឹម អានត្រឹមរឿងអ្នកមេម៉ាយនៅអិលអេមួយ ក៏អាចក្រេបជញ្ជក់បានចំណេះដឹងច្រើអនេកដែរ ៕
Wednesday, January 22, 2020
ចំណីខួរក្បាល
ភាពស្រដៀងគ្នារវាងអភិបាលកិច្ចស្រុកឥណ្ឌាសម័យបុរាណនិងសហរដ្ឋអាមេរិកបច្ចុប្បន្ន
អ្នកសិក្សាអំពីវប្បធម៌ខ្មែរសម័យបុរាណប្រហែលជាចាំថា សង្គមខ្មែរសម័យនោះគោរពបូជាព្រហ្មញ្ញសាសនានិងអនុវត្តគោលការណ៍ដឹកនាំរដ្ឋស្រដៀងគ្នានឹងប្រទេសឥណ្ឌា ។ គេរៀបចំសង្គមឲ្យមានវណ្ណៈគឺ ព្រាហ្មណ៍ ក្សត្យ វេស្យ និង សូទ្រ (អ្នកប្រាជ្ញ ស្តេច អ្នកជំនួញ និង ពលករ) ។ នៅក្នុងទំនាក់ទំនងរវាងពលរដ្ឋនៅក្នុងសម័យបុរាណនោះ អ្នកប្រាជ្ញបង្រៀនឬផ្តល់ដំបូន្មានដល់ស្តេច ។ ស្តេចគាំពារនិងលើកទឹកចិត្តអ្នកជំនួញក្នុងវិស័យពាណិជ្ជកម្ម ។ អ្នកជំនួញផ្តល់ផលនិងកែច្នៃពលកម្មរបស់ពលករឲ្យទៅជារូបិយបណ្ណដើម្បីទ្រទ្រង់ការអភិវឌ្ឃន៍ប្រទេសជាតិ ។ ចំណែកនៅសហរដ្ឋអាមេរិកនាគ្រាបច្ចុប្បន្ន ទំនាក់ទំនងស្រដៀងគ្នាត្រូវបានគេអនុវត្តិ ។
សហរដ្ឋអាមេរិកជាប្រទេសមូលធនដែលយក ជំនួញនិងបច្ចេកវិជ្ជា ជាមូលដ្ឋានអភិវឌ្ឃន៍ដោយផ្អែកលើអភិបាលកិច្ចសេរីនិយម ។ នៅក្នុងទំនាក់ទំនងរវាងអភិបាលកិច្ចនិងសេដ្ឋកិច្ច របៀបរបបគ្រុបគ្រងរបស់សហរដ្ឋអាមេរិកពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើគោលការណ៍ ព្រាហ្មណ៍ ក្សត្យ វេស្យ និង សូទ្រ របស់ឥណ្ឌាសម័យបុរាណ ។ នៅក្នុងការិយាល័យប្រធានាធិបតីអាមេរិកាំង មានទីប្រឹក្សាមួយក្រុមដែលគេហៅថា គណកម្មាធិការវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជា (Presideantial Committee of Advisors on Sciences and Technologies) ។ ក្រៅអំពីក្រុមប្រឹក្សាដែលជាអ្នកវិទ្យាសាស្ត្រ (Scientists) ទាំងនេះ រដ្ឋមន្ត្រីទាំងអស់ក៏ជាទីប្រឹក្សារបស់ប្រធានាធិបតីដែរ ។ រដ្ឋមន្ត្រីនីមួយៗមានគណកម្មាធិការវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជា ជាទីប្រឹក្សាផងដែរ ។ ដូច្នេះ ការសម្រេចចិត្តនានារបស់ប្រធានាធិបតីអាមេរិកាំងពាក់ព័ន្ធនឹងការដឹកនាំប្រទេស ជាទូទៅគឺប្រសូត្រចេញមកអំពីគំនិតរបស់អ្នកប្រាជ្ញវិទ្យាសាស្ត្រ (វណ្ណៈព្រាហ្មណ៍) ។
និយាយជារួម គោលការណ៍អភិវឌ្ឃន៍និងដឹកនាំប្រទេសរបស់អាមេរិកាំង គឺពឹងផ្អែកលើទស្សនវិស័យដែលផុសចេញអំពីការស្រាវជ្រាវតាមបែបផែនវិទ្យាសាស្ត្រស្ទើរតែគ្រប់វិស័យ ។ សូម្បីតែការរស់នៅរបស់ពលរដ្ឋ ក៏គេប្រព្រឹត្តិទៅតាមលក្ខណៈវិទ្យាសាស្ត្រដែរ ។ នេះមិនមែនមានន័យថា សហរដ្ឋអាមេរិកជាប្រទេសអស្ចារ្យដាច់គេឯងនៅក្នុងពិភពលោកនេះទេ ។ ក៏ប៉ុន្តែ គេអាចកត់សម្គាល់បានថា ប្រទេសអាមេរិកមានលក្ខណៈពិសេសម៉្យាងដាច់ដោយឡែកអំពីប្រទេសដទៃ ។ លក្ខណៈ "មិនច្រឡំនឹងគេ" នេះមិនអាចមើលយល់ដោយគ្រាន់តែធ្វើទស្សកិច្ចទេសចរបានទេ ។ គេត្រូវរស់នៅក្នុងប្រទេសនេះ ហើយសិក្សាស្វែងយល់ដោយផ្ទាល់និងដោយប្រយោលផងដែរ ៕
Thursday, January 16, 2020
ចំណីខួរក្បាល
ផែនទីបង្ហាញផ្លូវ ឬ ផែនទីផ្លូវ
ខ្ញុំធ្លាប់បានសរសេរបកស្រាយអំពីពាក្យ ផែនទីផ្លូវ នេះម្តងរួចហើយ ។ ប៉ុន្តែ នៅពេលដែលខ្ញុំឃើញគេយកពាក្យនេះមកបកប្រែប្រើក្នុងន័យមិនសូវត្រឹមត្រូវ វាធ្វើឲ្យខ្ញុំនៅមិនសុខ ។ ខ្ញុំដឹងច្បាស់លាស់ថា ពាក្យផែនទីផ្លូវ ឬ Roadmap or Road Map មានប្រភពចេញមកពីទីណា ហើយគេបង្កើតវាឡើងនៅក្នុងក្នុងគោលដៅអ្វី ។ មុននឹងខ្ញុំបកស្រាយពិស្តារ ខ្ញុំសូមបញ្ជាក់ថាពាក្យផែនទីផ្លូវ ឬផែនទីបង្ហាញផ្លូវ មិនពាក់ព័ន្ធនឹង ផែនទី ឬក៏ ផ្លូវ ឡើយ ។ ពាក្យ Roadmap នេះ បើបកប្រែឲ្យត្រឹមត្រូវទៅតាមអត្ថន័យដើមរបស់វា Original Intention គឺមានន័យថា៖ គោលការណ៍កំណត់គោលដៅ ។
នៅទសវត្សឆ្នាំ ១៩៩០ ខ្ញុំបានទៅសរសេរកំណត់ត្រារបាយការណ៍ឲ្យគណកម្មាធិការមួយរបស់វិជ្ជាស្ថានសុខភាពជាតិ National Institute of Health (NIH) របស់សហរដ្ឋអាមេរិក ។ គណកម្មាធិការនោះមានតួនាទីចែកចាយថវិការបស់ NIH ដែលមានចំនួនប្រមាណជា ៤៥ កោដដុល្លារ ($45 Billion) ទៅឲ្យស្ថាប័ននានានៅទូទាំងប្រទេសដើម្បីស្រាវជ្រាវនិងស្វែងរកដំណោះស្រាយគាំពារសុខមាលភាពពលរដ្ឋ ។ ស្ថាប័នសំខាន់ដែលពាក់ព័ន្ធនៅក្នុងយុទ្ធនាការនោះគឺ សាកលវិទ្យាល័យនិងមន្ទីរពេទ្យដែលភាគច្រើនជាប្រតិបត្តិករ(Operators)មន្ទីរពិសោធ ។ ដោយហេតុតែកិច្ចការនោះពាក់ព័ន្ធនឹងស្ថាប័នចម្រុះហើយតម្រូវឲ្យមានការបន់បែនទៅតាមស្ថានភាពនៃស្ថាប័ននីមួយៗ គណកម្មាធិការសម្រេចមិនប្រើពាក្យយុទ្ធសាស្ត្រទេ ដោយយកពាក្យ Roadmap ឬ គោលការណ៍កំណត់គោលដៅ នេះមកជំនួសវិញ ។ មូលហេតុដែលគេប្រើពាក្យ គោលការណ៍កំណត់គោលដៅ ត្បិតវាមិនសូវតឹងរឹងដូចយុទ្ធសាស្ត្រ ។ វាអនុញាតិឲ្យអ្នកអនុវត្តបត់បែនទៅតាមកាលៈទេសៈ ។ អ្វីដែលជាកត្តាកត់សម្គាល់គឺថា គោលការណ៍កំណត់គោលដៅ មានសណ្ឋានស្រដៀងគ្នានឹងយុទ្ធសាស្ត្រដែរ ។
នៅដើមទសវត្សឆ្នាំ ២០០០ ពាក្យ Roadmap ត្រូវបានប្រធានាធិតីអាមេរិកយកមកប្រើក្នុងវិស័យនយោបាយនិងអភិបាលកិច្ច ហើយក៏ត្រូវបានផ្សព្វផ្សាយទូលំទូលាយនៅក្នុងពិភពលោករហូតលេចឮដល់ប្រទេសកម្ពុជាដែលយកពាក្យនេះមកធ្វើជាចំណងជើងនៅក្នុងកម្មវិធីយុទ្ធនាការអប់រំ ។ អ្វីដែលធ្វើឲ្យខ្ញុំនៅមិនសុខពាក់ព័ន្ធនឹងពាក្យ Roadmap ឬផែនទីបង្ហាញផ្លូវនេះ គឺថា ក្រសួងអប់រំខ្មែរគួរណាស់តែធ្វើកិច្ចការនេះឲ្យបានមធ្យ័តបន្តិច ។ មុននឹងបកប្រែពាក្យនេះយកជាផ្លូវការ គេមិនចាំបាច់បញ្ជូនបុគ្គលិកទៅសិក្សាស្វែងយល់ដល់ វិជ្ជាស្ថានសុខភាពជាតិនៃសហរដ្ឋអាមេរិកទេ គេគ្រាន់តែស្រាវជ្រាវនៅក្នុង ហ្គូហ្គល Google ក៏អាចដឹងថាពាក្យនេះមិនពាក់ព័ន្ធនឹងផែនទី ឬក៏ផ្លូវដែរ (Tongue in cheek) ។ សម្រាប់អ្នកដែលចេះភាសាអង់គ្លេសហើយចង់ដឹងអត្ថន័យពិស្តារនៃពាក្យនេះ អ្នកអាចសរសេរពាក្យ៖ roadmap in education នៅក្នុងប្រព័ន្ធ Search របស់ Google ហើយអានការពណ៌នានានានៅក្នុងនោះ ៕
Friday, January 3, 2020
ចំណីខួរក្បាល
អរគុណសន្តិភាព!
តើយើងគួរអរគុណសន្តិភាពរបៀបណា? គួរអរគុណអ្នកណា? អ្វីទៅជាកត្តា (Criteria) ដែលបញ្ជាក់ថាយើងមានសន្តិភាព? បើតាមនិយមន័យសាកល សន្តិភាព បានដល់ភាពស្ងប់សុខទាំងផ្លូវកាយនិងផ្លូវចិត្ត ។ ដើម្បីឲ្យកាយនិងចិត្តស្ងប់ទៅកើត លុះត្រាណាតែបុគ្គលមនុស្សម្នាក់ៗ (Individual human being) មានសេរីភាពយ៉ាងហោចណាស់ក៏បួនប្រការដែរ ។ សេរីភាពទាំងបួនប្រការនោះជាភាសាអង់គ្លាសគេហៅថា៖ Freedom from Want; Freedom from Fear; Freedom from Opression; Freedom from Depression ។ ខ្ញុំសូមបកប្រែជាភាសាខ្មែរថា៖ មិនព្រួយអំពីការអត់ឃ្លាន មិនព្រួយអំពីជម្ងឺតម្កាត់ មិនព្រួយអំពីសុវត្ថិភាព និង មិនព្រួយអំពីសេចក្តីស្លាប់ ។ វិចិត្រករអាមេរិកាំងមួយរូបឈ្មោះ ណ័រមែន រ៉ុកវ៉ែល (Norman Rockwell) បានគូររូបភាពចំនួនបួនតំណាងឲ្យសេរីភាពដែលជាមូលដ្ឋានគ្រឹះនៃសន្តិភាព (សូមមើលរូបភ្ជាប់ជាមួយនឹងអត្ថបទ) ។
សម្រាប់ពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ តើយើងមានសន្តិភាពដែលគួរឲ្យថ្លែងអំណរគុណដែរទេ? បើយើងគិតថាស្រុកខ្មែរមានសន្តិភាព តើសន្តិភាពនោះបានដល់សេចក្តីសុខស្ងប់ទាំងផ្លូវកាយនិងផ្លូវចិត្តដែរទេ? ផ្អែកលើព្រឹត្តិការណ៍ដែលកើតមានកាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ យើងសង្កេតឃើញថា ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជាគ្មានសេចក្តីសុខស្ងប់នៅក្នុងចិត្តទេ ។ គ្រាន់តែពិរុទ្ធជនមួយរូបធ្វើដំណើរទៅស្រុកខ្មែរដើម្បីចូលខ្លួនឲ្យអាជ្ញាធរចាប់ផ្តន្ទាទោស គេពង្រាយទ័ពបិទច្រកព្រុំដែនច្រងាប់ច្រងិល ។ នេះហើយឬជាសន្តិភាពដែលពលរដ្ឋខ្មែរគួរមានអំណរគុណ???
Wednesday, December 18, 2019
ចំណីខួរក្បាល
ខ្មែរ និង យួន
នៅក្នុងប្រវត្តិសាស្ត្រ ទំនាស់និងភាពរកាំរកូសរវាងប្រទេសដែលមានព្រុំដែនជាប់គ្នាតែងកើតមានស្ទើរតែគ្រប់ទិសទី ។ ចំណុចស្នូលនៃទំនាស់នេះគឺ ធនធាន (Resources) ។ មុនការបង្កើតអង្គការសហប្រជាជាតិ គេរមែងឃើញប្រទេសនៅជិតខាងគ្នាវាយលុកឬក៏ដាក់អាណានិគមដណ្តើមយកទឹកដីទាំងកម្រោលតែម្តង ។ ប៉ុន្តែ បន្ចុប្បន្ននេះគេមិនអាចធ្វើដូច្នោះកើតទៀតទេ ។ ដូច្នេះ ដើម្បីស្វែងរកសារប្រយោជន៍ ឬក៏ដណ្តើមយកធនធានពីប្រទេសដទៃ ប្រទេសនីមួយៗចាំបាច់ត្រូវតែប្រើយុទ្ធសាស្ត្រផ្សេងៗដើម្បីសម្រេចគោលបំណងខ្លួន ។ នៅក្នុងរឿងខ្មែរនិងយួន យុទ្ធសាស្ត្រមួយដែលយួនប្រើដើម្បីស្វែងរកសារប្រយោជន៍ឬក៏លួចប្លន់ធនធានអំពីប្រទេសកម្ពុជាគឺ៖ ទឹក ។ នេះគឺជាការអះអាងរបស់មិត្តខ្ញុំម្នាក់ដែលមានដូនតាមកពីតំបន់កម្ពុជាក្រោមនិងធ្លាប់បានទៅសិក្សានៅស្រុកយួន ។ យុទ្ធសាស្ត្រទឹកគឺសំដៅដល់សមត្ថភាពនៃការជ្រាប ជ្រៀតជ្រែក និងជ្រកនៅរបស់ទឹក ។
មុននឹងបកស្រាយអំពីយុទ្ធសាស្ត្រទឹក ខ្ញុំសូមរំលឹកថារឿងយួនរុករានទន្ទ្រានយកធនធានរបស់ខ្មែរធ្លាប់បានស្មេរខ្មែរមានជាអាទ៍៖ លោក សាំង ម៉ាក់សាង លោក នួន ឃឿន និងលោក ស ចិន្តា សរសេរបកស្រាយកាលពីអតីតកាលរួចហើយ ។ សំណេរនេះគ្រាន់តែជាការសង្កេតបន្ថែមតែប៉ុណ្ណោះ ។
នៅក្នុងការវិនិច្ឆ័យការរំលោភបំពានរបស់ប្រទេសមួយទៅលើប្រទេសមួយទៀត យើងអាចដាក់បន្ទុកបន្ទោស (Blame) ទៅលើប្រទេសឈ្លានពាន ឬក៏ទៅលើសមីប្រទេសដែលត្រូវគេឈ្លានពាន ។ គំនិតសាកលគឺគេដាក់បន្ទុកបន្ទោសទៅលើប្រទេសឈ្លានពាន (Aggressor) ។ ប៉ុន្តែ សម្រាប់ខ្ញុំ ខ្ញុំសូមដាក់បន្ទុកបន្ទោសលើប្រទេសដែលបណ្តែតបណ្តោយឲ្យគេឈ្លានពាន ។ ចំនុចការពាររបស់ខ្ញុំគឺថា បើយើងរឹងមាំ គ្មាននរណាអាចបំពារបំពានយើងបានទេ ។ គួរកត់សម្គាល់ផងដែរថា បន្ទុកបន្ទោសរបស់ខ្ញុំគឺសំដៅទៅលើតែមេដឹកនាំតែប៉ុណ្ណោះ ។ ពលរដ្ឋសាមញ្ញអត់មានអ្វីដែលត្រូវទទួលបន្ទុកបន្ទោសនេះទេ ។ មូលហេតុគឺពលរដ្ឋខ្មែរស្ថិតនៅក្រោមការគ្រុបគ្រងរបស់របបផ្តាច់ការតាំងតែពីដើមរៀងមក ។ កិច្ចការគ្រុបគ្រងនិងការពារធនធានប្រទេសជាតិគឺស្ថិតនៅក្នុងដៃអាជ្ញាធរទាំងស្រុង ។ ពលរដ្ឋធ្វើតាមតែការណែនាំនិងបញ្ជារបស់ថ្នាក់ដឹងនាំប៉ុណ្ណោះ ។ ដូចគ្នាដែរ ខ្ញុំអត់ស្អប់ឬក៏ដាក់បន្ទុកបន្ទោសទៅលើពលរដ្ឋវៀតណាមដែលចូលមករស់នៅចិញ្ចឹមជីវិតក្នុងប្រទេសកម្ពុជាទេ ។ ខ្ញុំដាក់បន្ទុកបន្ទោសទៅលើថ្នាក់ដឹកនាំវៀតណាមដែលមានមហិច្ឆិតារៀបចំយុទ្ធសាស្ត្រជួយសម្រួលឲ្យពលរដ្ឋ វៀតណាមជ្រាបចូលមកក្នុងទឹកដីកម្ពុជា ។ ធម្មជាតិនៃមនុស្ស ទីណាមានធនធានដែលបង្កឲ្យការរស់នៅងាយស្រួលនិងល្អប្រសើរ ទីនោះជាមុខសញ្ញាទាក់ទាញដំណើររបស់ពួកគេ ។
ប្រទេសកម្ពុជាចាប់ផ្តើមឱនថយហើយមិនអាចស្តារការបរាជ័យក្នុងការការពារធនធានរបស់ខ្លួនតាំងតែពីសតវត្សទី ១៣ មកម្លេះ ។ មូលហេតុស្នូលនៃការបរាជ័យនេះគឺទំនាស់និងការប្រកាប់ប្រចាក់គ្នាឯងដើម្បីគ្រប់គ្រងអំណាច ។ វាមិនខុសអ្វីអំពីទំនាស់រវាងអ្នកមានមហិច្ឆិតាដឹកនាំប្រទេសខ្មែរនាពេលបច្ចុប្បន្ននេះទេ ។ រឿងយួនប្រើយុទ្ធសាស្ត្រទឹកដើម្បីស្វែងរកសារប្រយោជន៍អំពីខ្មែរគឺអាស្រ័យលើទំនាស់ផ្ទៃក្នុងរបស់ខ្មែរនេះឯង ។ យើងអាចកំណត់យកកាលវេលាដែលយួនចាប់ផ្តើមប្រើយុទ្ធសាស្ត្រទឹក ដើម្បីជ្រៀតជ្រែកយកធនធានរបស់កម្ពុជានៅឆ្នាំ ១៦២៣ ក្នុងរជ្ជកាលព្រះបាទ ជ័យជេដ្ឋាទី ២ ។ បន្ទាប់ពីបានបញ្ជូនកូនស្រីមួយរូបនាមព្រះនាង ចូវ មកថ្វាយស្តេចជ័យជេដ្ឋាទី២ធ្វើជាមហេសី ព្រះចៅក្រុងហ្វេរបស់វៀតណាមបានសរសេរលិខិតមួយមកសុំការអនុញាតពីសំណាក់ស្តេចខ្មែរដើម្បីឲ្យពលរដ្ឋវៀតណាមចូលមករស់នៅប្រកបរបររកសុីក្នុងតំបន់ក្បែរព្រៃនគរសព្វថ្ងៃនេះ ។ ព្រឹត្តិការណ៍ដ៏មហោឡារឹកនោះមិនមាននិយាយអំពីមិត្តភាពមុឺនឆ្នាំទេ ។ វៀតណាមសុំត្រឹមចំណងមេត្រីភាពរវាងឪពុកក្មេកនិងកូនប្រសារប៉ុណ្ណោះ ។ បន្ទាប់ពីស្តេចជ័យជេដ្ឋាទី២ ចូលទីវង្គត ព្រះនាងចូវមិនបានវិលត្រឡប់ទៅរស់នៅជាមួយញាតិវង្សនាងឯក្រុងហ្វេវិញទេ ។ ព្រះនាងយាងទៅស្នាក់នៅក្នុងតំបន់កម្ពុជាក្រោមប្រៀបដូចជាស្តេចត្រាញ់មួយរូបនៅទីនោះ ។ វត្តមានរបស់ព្រះនាងនៅកម្ពុជាក្រោមបានសម្រួលដល់ការស្នាក់នៅរបស់ពលរដ្ឋវៀតណាមក្នុងទឹកដីខ្មែរឲ្យមានកំណើនជាប្រចាំ ។ ក្នុងនាមជារាជនីមេម៉ាយ (Emperess Dowager) របស់ស្តេចខ្មែរ ព្រះនាងក៏ជាបង្អែកដ៏រឹងមាំមួយរបស់ក្រុមខ្មែរប្រឆាំងនឹងក្រុងលង្វែក ដែលខ្មែរយើងបច្ចុប្បន្នអាចចាត់ទុកថាជាពួកឧទាមក្បត់ជាតិ ។ នៅក្នុងកែវភ្នែករបស់ព្រះនាងចូវ ពួកខ្មែរប្រឆាំងទាំងនោះក្បត់តែជាតិខ្មែរទេ ប៉ុន្តែពួកគេមិនបានក្បត់នឹងទឹកចិត្តព្រះនាងឡើយ ។ និយាយរួម នៅក្នុងរជ្ជកាលព្រះនាងចូវរស់នៅតំបន់កម្ពុជាក្រោម យួនជ្រៀតចូលមករស់នៅក្នុងទឹកដីខ្មែរដោយគ្មានផលរមាស់អ្វីធំដុំទេ ប្រៀបដូចជាទឹកដែលហូរជ្រាបចូលទៅក្នុងវាលខ្សាច់ ។
ព្រឹត្តិការណ៍ទីពីរដែលយើងអាចចាត់ទុកថាជាការហូរចូលនៃជនជាតិវៀតណាមមកក្នុងទឹកដីកម្ពុជាយ៉ាងគំហុកប្រៀបដូចទឹកបាក់ទំនប់គឺនៅចន្លោះឆ្នាំ ១៨៣៤ ទៅ ១៨៤១ ក្នុងរជ្ជកាលក្សត្រី អង្គមុី ។ អំឡុងពេលនោះ រាជវង្សានុវង្សខ្មែរឈ្លោះទាស់ទែងដណ្តើមអំណាចគ្នាស្ទើរតែរលាយរាជ ។ យួននិងសៀមដែលកំពុងរង់ចាំឱកាសដ៏ល្អនេះកើតឡើង បានពើបប្រយុទ្ធគ្នាដណ្តើមធនធានខ្មែរនៅក្នុងទឹកដីខ្មែរនេះតែម្តង ។ ជាលទ្ធផលយួនទទួលបានឱកាសគ្រុបគ្រងរាជវង្សខ្មែរហើយក៏សម្រួលឲ្យជនជាតិវៀតណាមហូរមកក្នុងតំបន់កម្ពុជាក្រោមរឹតតែច្រើនថែមទៀត ។ អាជ្ញាធរយួនដែលកំពុងគ្រុបគ្រងខ្មែរនាគ្រានោះបានបង្កើតគោលនយោបាយមួយដែលយើងអាចហៅថា៖ យួនូប្បនីយកម្ម (Vietnamization) មកលើពលរដ្ឋខ្មែរ ។ ការធ្វើយួនូប្បនីយកម្មដោយប្រើអាជ្ញានោះមិនបានទទួលជោគជ័យទេ ។ វាបង្កឲ្យមានការបះបោពីសំណាក់ពលរដ្ឋខ្មែរប្រឆាំងនឹងយួនរហូតដល់មានការកាប់សម្លាប់គ្នាដ៏ឃោរឃៅមួយ ។ ដើម្បីការពារសារប្រយោជន៍យួននៅក្នុងប្រទេសខ្មែរ (Vietnamese Interests) ទឹកដីកម្ពុជាក្រោមមួយចំនួនត្រូវបានយួនដណ្តើមកាន់កាប់ ។ គួរកត់សម្គាល់ថាឆ្នាំ ១៨៤១ គឺមានរយៈពេលជាង ១០០ឆ្នាំមុនការបង្កើតអង្គការសហប្រជាជាតិ ។ គ្មាននរណាឈឺក្បាលនឹងការបាត់បង់ទឹកដីរបស់ជនជាតិណាឡើយ ។ អ្នកខ្លាំងអាចលុកលុយដណ្តើយកធនធានរបស់អ្នកខ្សោយទាំងកម្រោលតែម្តង ។
ដែកគោលចុងក្រោយដែលត្រូវបានគេដំបិទគម្របមឈូសសាកសពកម្ពុជាក្រោមគឺអំឡុងពេលដែលបារាំងដាក់តំបន់នេះឲ្យនៅក្រោមការគ្រុបគ្រងរបស់ខ្លួនចាប់ពីឆ្នាំ ១៨៦៣ ដល់ឆ្នាំ ១៩៥៤ ។ ប្រទេសបារាំដែលជាអាណាព្យាបាលរបស់យួន លាវ និងខ្មែរនាសម័យនោះចាត់ទុកទឹកដីកម្ពុជាក្រោមថាជាតំបន់ស្វ័យតរបស់ខ្លួន (Autonomous Region)។ ក្នុងនាមជាម្ចាស់ថ្មី បារាំងមិនខ្វល់ថានរណាជាម្ចាស់ដើម ឬនរណាជាជនចំណូលថ្មីឡើយ ។ អ្វីដែលបារាំងត្រូវការគឺមនុស្សដែលមានសមត្ថភាពធ្វើការបម្រើផលប្រយោជន៍បារាំងបានល្អជាងគេ ។ ចំណាត់ថ្នាក់នេះបានធ្លាក់ទៅលើជនជាតិវៀតណាម ដែលជាកត្តាសម្រួលឲ្យពួកគេមានលទ្ធភាពចូលទៅរស់នៅមិនត្រឹមតែនៅក្នុងតំបន់កម្ពុជាក្រោមនោះទេ គឺធ្លាយរហូតមកដល់កម្ពុជាកណ្តាលថែមទៀត ។ អំឡុងពេលបារាំងត្រួតត្រាកម្ពុជាក្រោមរហូតក្រោយពេលបារាំងផ្ទេរតំបន់នេះទៅឲ្យយួន អាជ្ញាធរយួនបានធ្វើយួនូប្បនីយកម្មមកលើពលរដ្ឋខ្មែរនៅកម្ពុជាក្រោមម្តងទៀតក្រោមរូបភាពអភិបាលកិច្ច ។ ពលរដ្ឋខ្មែរដែលរស់នៅកម្ពុជាក្រោមត្រូវបានតម្រូវឲ្យយកនាមត្រកូលផ្សេងៗគ្នាផ្អែកតាមខេត្តឬតំបន់ដែលពួកគេរស់នៅ ។ ឧទាហរណ៍ សឺន ឬ ស៊ើង ត្រូវបានកំណត់ឲ្យប្រើសម្រាប់ពលរដ្ឋខ្មែរដែលរស់នៅក្នុងខេត្ត ព្រះត្រពាំង ។
យុទ្ធសាស្ត្រទឹកដែលយួនប្រើដើម្បីបញ្ជ្រាបចូលមកតំបន់កម្ពុជាក្រោម ប្រើរយៈពេលប្រមាណជាជាង ២០០ឆ្នាំទម្រាំទទួលបានផ្លែផ្កាដូចជាអ្វីដែលយើងកំពុងមើលឃើញនៅតំបន់នេះសព្វថ្ងៃ ។ សម្រាប់អ្នកដែលខ្វល់ខ្វាយនឹងលំហូរ "ទឹក" នៃជនជាតិវៀមណាមមកកាន់ភូមិភាគកម្ពុជាកណ្តាល ខ្ញុំសូមលើកយកទិដ្ឋភាពពិចារណខ្លះៗ (Scenarios) មកធ្វើបទបង្ហាញ ។ មុននឹងធ្វើបទបង្ហាញ ខ្ញុំសូមបញ្ជាក់ថា ការសរសេរអំពីព្រឹត្តិការណ៍ដែលត្រូវការរយៈពេលវែងនៅក្នុងដំណើរវិវត្តន៍ គឺជាកិច្ចការដ៏លំបាកមួយ ។ លទ្ធផលដែលអាចមើលឃើញប្រហែលជាមិនស្តិតនៅក្នុងរង្វង់ជីវិតស្មេរទេ ។ ដូច្នេះ អ្វីៗគឺអាស្រ័យលើការបត់បែននៃព្រឹត្តិការណ៍ប្រវិត្តិសាស្ត្រដែលកំពុង និង នឹងកើតមាន ។
ដូចបានលើកឡើងខាងលើ លំហូរនៃជនជាតិវៀតណាមចូលមកក្នុងប្រទេសកម្ពុជាកើតមានជាលក្ខណៈផ្លូវការនៅក្នុងរជ្ជកាលស្តេចជ័យជេដ្ឋាទី២ ម្តង និងនៅសម័យបារាំងត្រួតត្រាឥណ្ឌូចិនម្តងទៀត ។ ទន្ទឹមគ្នានេះ លំហូរគំហុកនៃជនជាតិវៀតណាមមកក្នុងប្រទេសកម្ពុជាក៏បានកើតមាននៅក្នុងទសវត្សឆ្នាំ ១៨៣០ និង ១៩៨០ ផងដែរ អំឡុងពេលដែលកងទ័ពវៀតណាមចូលមកត្រួតត្រាប្រទេសកម្ពុជា ។ ព្រឹត្តិការណ៍បារាំងត្រួតត្រាឥណ្ឌូចិននៅចុងសតវត្សទី ១៩ និងព្រឹត្តិការណ៍កងទ័ពវៀតណាមចូលត្រួតត្រាប្រទេសកម្ពុជានៅទសវត្សឆ្នាំ ១៩៨០ គឺស្រដៀងគ្នានឹងព្រឹត្តិការណ៍ព្រះនាងចូវ និងព្រឹត្តិការណ៍ក្នុងរជ្ជកាលក្សត្រីអង្គមុី ។ គម្លាតនៃពេលវេលានិងរបៀបដែលព្រឹត្តិការណ៍ទាំងពីរកើតឡើងក៏ស្រដៀងគ្នាដែរ ។ ប៉ុន្តែ អ្វីដែលជាកត្តាមិនអាចឲ្យព្រឹត្តិការណ៍ទាំងពីរវិវត្តន៍ទៅរកសភាពដូចគ្នាកើត គឺអង្គការសហប្រជាជាតិ ។ ដូច្នេះ យុទ្ធសាស្ត្រទឹកក៏ត្រូវប្តូររូបរាងនិងដំណើរវិវត្តន៍របស់វាដែរ ។
ដើម្បីញ៉ាំងឲ្យយុទ្ធសាស្ត្រទឹកមានប្រសិទ្ធភាពខ្ពស់ យួនប្រើយុទ្ធសាស្ត្រមួយទៀតដែលគេហៅថា ផ្កាឈូករីក ។ ចំនុចស្នូលសម្រាប់ដាំផ្កាឈូកនេះគឺ បឹងទន្លេសាប ។ ៤០ ហិចតានៅកំពង់ឆ្នាំងគឺជាការីកស្គុះស្គាយនៃផ្កាឈូកមួយទង ។ ទៅថ្ងៃអនាគត យើងអាចរំពឹងសម្លឹងគយគន់ផ្កាឈូកដទៃដែលនឹងរីកនៅតំបន់ បាក់ព្រា ចុងឃ្នៀស ផាត់សណ្តាយ និងទីដទៃទៀតដែលឈូកអាចដុះលូតលាស់ ។ ភាពខុសគ្នារវាងទឹកនិងផ្កាឈូកគឺធម្មជាតិនៃទឺកហូរពីទីខ្ពស់ទៅទីទាប (នៅពេលប្រទេសមួយចុះឱនថយដោយសារការបែកបាក់សាមគ្គី) ។ ឯផ្កាឈូកត្រូវការការពង្រាយគ្រាប់ពូជនៅក្នុងទីដែលអំណោយផល ។
តើខ្មែរគួរមានវិធានការដូចម្តេចដើម្បីទប់ទល់ជាមួយនឹងយុទ្ធសាស្ត្រទឹកនិងយុទ្ធសាស្ត្រផ្កាឈូករបស់យួន?? នេះប្រហែលជាសំណួរមួយដែលខ្មែរជាច្រើនកំពុងសួរខ្លួនឯង ។ សម្រាប់ខ្ញុំយុទ្ធសាស្ត្រដ៏ល្អមួយគឺ យកទឹកទៅបន្សាច (ឬពង្រាយ) ទឹក ។ វាមិនមែនជាយុទ្ធសាស្ត្រគាប់ប្រសើរទេ តែជាយុទ្ធសាស្ត្រដែលខ្មែរអាចអនុវត្តបានដោយសុខស្រួល ។ ដូចដែលបានលើកឡើងរួចមកហើយ ធម្មជាតិនៃមនុស្សលោក ទីណាសម្បូរធនធានដែលបង្កឲ្យមានភាពងាយស្រួលក្នុងការរស់នៅ ទីនោះជាចំណុចទាក់ទាញដំណើរផ្លាស់ប្តូរទីរបស់ពួកគេ ។ ចំណុចគន្លឹះនៅទីនេះគឺ "ផ្លាស់ប្តូរទី" (Immigration) ។ តាំងតែពីបុរាណកាលមក ទីណាមានបន្លាស់ទីរបស់ពលរដ្ឋ (Immigration) ទីនោះរមែងមានការបញ្ជ្រាបចូល (Integration) ។ វាមិនខុសអ្វីអំពីទឹកដែលហូរទៅដល់ទីណា ជ្រាបចូលទៅក្នុងបរិស្ថាននៃទីនោះទេ ។ បញ្ហាជនអន្តោប្រវេសន៍វៀតណាមរស់នៅក្នុងស្រុកខ្មែរដោយស្របច្បាប់ក្តី មិនស្របច្បាប់ក្តី ដំណោះស្រាយដ៏ល្អនិងសន្តិវិធីបំផុតនោះគឺបញ្ជ្រាប (Integration) ។ លុបបំបាត់ចំណុចផ្កាឈូករីកចោលដោយឈរលើគោលការណ៍ខ្មែរូប្បនីយកម្ម (Khmerization) ។ លើកទឹកចិត្តនិងផ្តល់ឱកាសឲ្យជនអន្តោប្រវេសន៍ស្របច្បាប់គ្រប់រូបសិក្សាច្បាប់ទម្លាប់ ភាសា ប្រវត្តិសាស្ត្រ វប្បធម៌ និង អារ្យធម៌ខ្មែរ ដើម្បីអាចចូលសញ្ជាតិជាខ្មែរនិងមានសិទ្ធិទទួលបានសារប្រយោជន៍នានាដូចពលរដ្ឋខ្មែរម្ចាស់ស្រុកដែរ ។ បើចាំបាច់ ប្រការនេះត្រូវដាក់កំហិតដោយច្បាប់តែម្តងដ៏រាបណាច្បាប់នោះមិនប៉ះពាល់សិទ្ធមនុស្សសាកល ។ អ្វីដែលជាគន្លឹះសំខាន់បំផុតគឺ បន្សាច (ពង្រាយ) បញ្ជ្រាប និង ធ្វើខ្មែរូប្បនីយកម្ម (Spread out, Integrate, and Khmerization) ។
នៅថ្ងៃអនាគត យើងអាចព្យាករណ៍ថា វៀតណាមនឹងមិនធ្វើយួនូប្បនីយកម្មមកលើពលរដ្ឋខ្មែរ ហើយក៏មិនព្យាយាមបំបាត់អត្តសញ្ញាណទឹកដីអង្គរឲ្យក្លាយយទៅជាស្រុកយួនដែរ ។ អ្វីដែលវៀតណាមចង់បានអំពីប្រទេសខ្មែរ គឺលំនៅដ្ឋាននិងធនធានសម្រាប់ចិញ្ចឹមពលរដ្ឋវៀតណាម ។ ទៅថ្ងៃមុខ បើពលរដ្ឋដែលមានអម្បូរជាជាតិវៀតណាមកំពុងរស់នៅក្នុងស្រុកខ្មែរ ត្រូវបានអាជ្ញាធរខ្មែរធ្វើខ្មែរូប្បនីយកម្មឲ្យក្លាយទៅជាជនជាតិខ្មែរក៏ថ្នាក់ដឹកនាំវៀតណាមមិនទោមនស្សដែរ ។ ធាតុពិត គោលដៅធំរបស់វៀតណាមគឺការធ្វើខ្មែរូប្បនីយកម្មមកលើជនជាតិវៀតណាមដែលកំពុងរស់នៅឬនឹងហូរចូលមកក្នុងស្រុកខ្មែរនេះឯង ។ "ឆ្មាខ្មៅក៏ដោយ សក៏ដោយ ឲ្យតែវាចាប់កណ្តុរ សម្បុររបស់វាមិនសំខាន់ឡើយ" ។ សម្រាប់ខ្មែរ "ច្រានទូកបណ្តោយទឹកហូរ" ដែលស្របជាមួយនឹងយុទ្ធសាស្ត្រ "ឆ្មា សខ្មៅ" របស់យួននេះ ប្រហែលជាជម្រើសដ៏ប្រសើរបំផុតក្នងការរក្សាការពារទឹកដីក៏ដូចជាអត្តសញ្ញាណរបស់ខ្លួន ។ ក្នុងន័យនេះ យើងបង្វិលធនធានមនុស្សនិងអ្វីដែលជាបញ្ហាគំរាមកំហែង ឲ្យក្លាយទៅប្រយោជន៍សម្រាប់ទ្រទ្រង់និងការពារអត្តសញ្ញាណជាតិ ។ វាជាអត្តសញ្ញាណមួយដែលមិនសូវសុទ្ធ ។ ក៏ប៉ុន្តែ ឈាមខ្មែរដែលសុទ្ធ (Pure blood line) មានសណ្ឋានដូចម្តេចនោះ ដូចជាមិនដែលមាននរណាយកទៅធ្វើបទពិសោធអះអាងឲ្យបានជាក់លាក់នៅឡើយទេ ៕
Thursday, December 5, 2019
ពិចារណា
អាពាហ៍ពិពាហ៍ផាសុខភាព (A Marriage of Convenience)
នៅក្នុងការប្រកួតប្រជែងគ្នាដើម្បីស្វែងរកឱកាសដឹកនាំប្រទេសជាតិ គណបក្សនយោបាយដែលចូលរួមបោះឆ្នោតក្នុងប្រព័ន្ធសមាមាត្រជៀសសហការគ្នាមិនរួចឡើយ ។ ការរួបរួមគ្នារវាងគណបក្សនយោបាយដើម្បីស្វែងរកជ័យជម្នះនេះ នៅក្នុងភាសាអង់គ្លេសគេហៅថា Marriages of Convenience ឬអាពាហ៍ពិពាហ៍ផាសុខភាព ។ អាពាហ៍ពិពាហ៍ប្រភេទនេះ ប្រៀបដូចជាបុរសពោះម៉ាយនិងស្ត្រីមេម៉ាយដែលមានកូនក្នុងបន្ទុករៀងខ្លួនចាប់ដៃគ្នាសាងអនាគតមួយដូច្នោះដែរ ។ ម៉ែនិងឪអាចត្រូវរ៉ូវគ្នាលើគោលការណ៍មួយចំនួន ប៉ុន្តែកូនៗមិនប្រាកដថាចុះសម្រុងនឹងគ្នាឡើយ ។
ករណីលោក សម រង្សី និង លោក កឹម សុខា រួបរួមគ្នាបង្កើតគណបក្សសង្គ្រោះជាតិគឺជាអាពាហ៍ពិពាហ៍ផាសុខភាពដ៏បរិសុទ្ធបំផុតមួយ (In its purest form) ។ ទាំងលោក សម រង្សី ទាំងលោក កឹម សុខា ប្រហែលជាដឹងជាក់លាក់ណាស់ថា អាពាហ៍ពិពាហ៍ផាសុខភាពនេះ ជាមធ្យោបាយតែមួយគត់ក្នុងការស្វែងរកជោគជ័យនយោបាយនៅកម្ពុជា ។ លោកទាំងពីរលែងលះគ្នានៅថ្ងៃណា បរាជ័យនឹងមកដល់នៅថ្ងៃនោះ ។ តួនាទីនាយករដ្ឋមន្ត្រីនិងប្រធានរដ្ឋសភានឹងជម្រាបលាចេញអំពីក្តីប្រាថ្នារបស់ពួកគាត់គ្មានថ្ងៃវិលវិញឡើយ ។ គណបក្សប្រជាជនក៏យល់អំពីចំណុចនេះច្បាស់លាស់ណាស់ដែរ ។ ដូច្នេះហើយបានជាយើងឃើញមានការរុកគួនគ្នានៅក្នុងវិស័យនយោបាយកម្ពុជានាំឲ្យសង្គមប្រេះឆាគួរឲ្យព្រួយបារម្ភ ។
ផ្អែកលើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ អាពាហ៍ពិពាហ៍ផាសុខភាពនៅក្នុងការតតាំងគ្នាលើវិស័យនយោបាយនៅក្នុងប្រទេសដែលខ្វះគោលការណ៍ប្រជាធិបតេយ្យ មិនមែនជាយុទ្ធសាស្ត្រល្អប្រសើរឡើយ ។ វាច្រើនតែនាំគ្រោះមហន្តរាយដល់ពលរដ្ឋស្លូតត្រង់ ដែលជាអ្នកគាំទ្របុគ្គលនយោបាយ ។ កាលសម្តេច សីហនុ បង្កើតរដ្ឋាភិបាលនិរទេសនៅក្នុងប្រទេសចិនដើម្បីតតាំងជាមួយនិងរដ្ឋាភិបាលលោកសេនាប្រមុខ លន់ នល់ ដែលគ្រុបគ្រងប្រទេសកម្ពុជានៅទសវត្សឆ្នាំ ១៩៧០ ព្រះអង្គបានរៀបអាពាហ៍ពិពាហ៍ផាសុខភាពជាមួយនិងពួកខ្មែរក្រហម ប៉ុល ពត ។ នៅក្នុងអាពាហ៍ពិពាហ៍នោះ ពួកខ្មែរក្រហមមិនបានចាត់ទុកសម្តេចសីហនុថាជាដៃគូស្មើសិទ្ធិឡើយ (សូមអានសៀវភៅ ស្រណោះព្រលឹងខ្មែរ របស់លោក អុិត សារិន) ។ សម្តេច សីហនុ ក៏ដឹងអំពីប្រការនេះជាក់លាក់ដែរ ។ ព្រះអង្គបានប្រាប់អ្នកកាសែតថា៖ ពួកខ្មែរក្រហមនឹងស្តោះព្រះអង្គចោលដូចគ្រាប់ព្រីង នៅពេលដែលពួកគេបានទៅដល់គោលដៅ (They will spit me out like a cherry pit.) ។ ព្រឹត្តិការណ៍បន្តបន្ទាប់បានបង្ហាញថា ពួកខ្មែរក្រហមមិនត្រឹមតែស្តោះសម្តេចសីហនុចោលទេ ពួកគេបានកំចាត់មនុស្សជំនិតនិងពលរដ្ឋស្លូតត្រង់ដែលគាំទ្រទ្រង់អស់រាប់មុឺននាក់ថែមទៀត ។
អាពាហ៍ពិពាហ៍ផាសុខភាពជាអាវុធមុខពីរ ។ វាអាចបំផ្លាញគូបដិបក្សផង និងបំផ្លាញខ្លួនឯងផង ។ នៅក្នុងករណីលោក សម រង្សី និងលោក កឹម សុខា យើងមិនទាន់ដឹងថាអ្នកណាប្រុងប្រៀបស្តោះអ្នកណាចោលនៅឡើយទេ ត្បិតអីពួកគេមិនទាន់ដើរទៅដល់គោលដៅ ។ អ្វីដែលជាកត្តាគួរឲ្យចាប់អារម្មណ៍គឺ អាពាហ៍ពិពាហ៍ផាសុខភាពរបស់ពួកគេ កំពុងប្រឈមនឹងការរុកគួនបំបែកបំបាក់ពីសំណាក់គណបក្សប្រជាជន ។ ការធ្វើទុក្ខបុកម្នេញនេះនឹងបញ្ជាក់អំពីភក្តីភាពរវាងពួកគេផង និងកំណត់ជោគវាសនានយោបាយរបស់ពួកគេផង ។ ទាំងគណបក្សប្រជាជន ទាំងពលរដ្ឋខ្មែរដែលតាមដានព្រឹត្តិការណ៍នយោបាយ កំពុងរង់ចាំមើលថាតើពាក្យស្លោក "សម រង្សី និង កឹម សុខា ជាមនុស្សតែមួយ" អាចមានភាពអមតៈដែរទេ ។ ពេលវេលានឹងលាតត្រដាងប្រាប់យើងនាគ្រាដ៏ខ្លីខាងមុខនេះ ៕
Thursday, November 28, 2019
ចំណីខួរក្បាល
កម្ម ឬ សកម្មភាព (Action)
ខ្ញុំមិនធ្លាប់បានបួសក្នុងព្រះពុទ្ធសាសនាឬក៏សិក្សាពុទ្ធវចនបានជ្រៅជ្រះទេ ។ ក៏ប៉ុន្តែជាមនុស្សដែលជាប់ចិត្តនិងការទូន្មានរបស់ព្រះពុទ្ធ ។ តាមការយល់ដឹងរបស់ខ្ញុំ កម្ម ឬសកម្មភាពមានបីប្រភេទគឺកម្មដែលប្រព្រឹត្តិដោយ កាយ វាចា និង ចិត្ត ។ បើនិយាយអំពីកម្មនេះទៀត វាផ្តល់ផល (លទ្ធផល or Results) ពីរយ៉ាងគឺ កុសល និង អកុសល ។ កុសលបានដល់នូវសេចក្តីត្រេកត្រអាលនៃអ្នកប្រព្រឹត្តិនិងអ្នកដែលមិនបានប្រព្រឹត្តិ ។ អកុសលបានដល់កម្មណាដែលធ្វើឲ្យអ្នកដទៃឬក៏ខ្លួនឯងរងទុក្ខ ។ អ្នកដែលបង្កឲ្យមានសេចក្តីទុក្ខនេះកើតឡើង ដោយផ្លូវកាយក្តី វាចាក្តី ចិត្តក្តី គឺត្រូវបានសន្មត់ថា បានសាងបាបកម្ម ។ បើពិនិត្យអំពីទំនាក់ទំនងរវាង កម្ម ផល និង បាប នេះ យើងឃើញថាវាមានសភាពត្រង់ភ្លឹងមិនពិបាកយល់ទេ ។ ក៏ប៉ុន្តែ ខ្ញុំហាក់ដូចជាមិនអាចទទួលយកបាននូវចំនុចបាបកម្មមួយដែលពាក់ព័ន្ធនឹងការប្រព្រឹត្តិដោយចិត្ត ។
កម្មដែលប្រព្រឹត្តិដោយចិត្តបានដល់ទង្វើណាដែលស្ថិតនៅក្នុងការគិតពិចារណារបស់បុគ្គល ។ កម្ម ឬសកម្មភាពដែលចាប់បដិសន្ធិនៅក្នុងចិត្តឬគំនិតនេះមិនមានរូបរាងជាក់លាក់ហើយក៏មិនអាចបង្កឲ្យមានផល (លទ្ធផល) ដែរ ប្រសិនបើបុគ្គលអ្នកគិតមិនបាននិយាយឬធ្វើសកម្មភាពអ្វីមួយដើម្បីបង្ហាញអំពីកម្មដែលស្តិតនៅក្នុងចិត្តនោះ ។ តើចិត្តកម្មដែលមិនបង្ហាញរូបរាងព្រមទាំងមិនបង្កឲ្យមានផលអាចចាត់ទុកថាជាកុសលកម្មឬអកុសលកម្មបានដែរទេ? និយាយមួយបែបទៀត តើមនុស្សដែលគិតនៅលើគន្លងផ្លូវអកុសលកម្ម អាចមានបាបដែរទេ? សម្រាប់ខ្ញុំ ខ្ញុំយល់ថា មិនអាចមានបាបទេ ត្បិតកម្មនៅក្នុងចិត្តនេះជាប្រភេទកម្មអរូបិយ (Non-manifested action) ។ ឧទាហរណ៍ ដោយសារតែអំណាចនៃកាមដែលជាបាតុភូតធម្មជាតិ ព្រះសង្ឃមួយអង្គគិតចង់សេពមេថុន ប៉ុន្តែព្រះអង្គមិនបានប្រព្រឹត្តិហើយក៏មិនបាននិយាយឬក៏បញ្ចេញកាយវិការឲ្យនរណាម្នាក់ដឹងទេ ។ ដូចគ្នាដែរ ខ្ញុំចង់ប្រលោមលួងលោមភរិយារបស់មិត្តភក្តិខ្ញុំ ប៉ុន្តែមិនប្រព្រឹត្តិទេ ត្បិតវាជាអំពើថោកទាប ។ ទាំងខ្ញុំ ទាំងព្រះសង្ឃលុះក្នុងកាម សុទ្ធតែអាចគ្រប់គ្រងនិងបង្ក្រាបអកុសលកម្មក្នុងចិត្តបានជាប់លាប់ដូចគ្នា ប្រៀបដូចជាអាជ្ញាធរចាប់ឧក្រិតជនដាក់ច្រវាក់ហើយឃុំក្នុងគុកដូច្នោះដែរ ។ ឧក្រិតជនដែលជាប់ច្រវាក់នៅក្នុងគុក មិនអាចមានសេរីភាពប្រព្រឹត្តិបទល្មើសនៅក្រៅគុកបានទេ ។ ដូចគ្នាដែរ ចិត្តដែលត្រូវបានឃុំគ្រងដោយបុគ្គលជាប់លាប់ មិនអាចសាងបាបកម្មក្រៅខ្លួនបុគ្គលបានឡើយ ។ នេះជាការយល់ឃើញរបស់ខ្ញុំ ។ ខ្ញុំអាចយល់ខុស ។ ប៉ុន្តែ ដើម្បីឲ្យខ្ញុំខុសអស់ចិត្ត មិត្តអ្នកអានអាចជួយកែតម្រូវបំភ្លឺខ្ញុំនៅក្នុងទំព័របញ្ចេញមតិ ៕
Monday, November 25, 2019
ចំណីខួរក្បាល
សមត្ថភាព (Capability)
កូនប្រុសខ្ញុំ សរសេរអក្សរក្រវេមក្រវាមអាក្រក់ជាងក្តាមវារ ហើយមិនត្រង់បន្ទាត់ទៀតផង ។ យើងខ្វល់ខ្វាយណាស់ថា វាប្រហែលជាគ្មានសមត្ថភាពសរសេរអក្សរបានល្អត្រឹមត្រូវដូចគេទេ ។ តើអ្វីទៅជាកត្តាវាស់វែងសមត្ថភាពរបស់មនុស្ស? អាចធ្វើអ្វីមួយបានដូចគេឯងឬប្រសើរជាងអ្នកដទៃ ឬក៏អាចបត់បែនតាមរបត់ជីវិត? នៅពេលមនុស្សទូទៅនិយាយអំពីសមត្ថភាព យើងតែងភ្ជាប់ប្រការនេះទៅនឹងជោគជ័យក្នុងការធ្វើអ្វីមួយ ។ នៅពេលសិស្សនិស្សិតប្រឡងធ្លាក់ ឬរៀនមិនដល់គោលដៅ យើងនិងបុគ្គលទាំងនោះជាទូទៅទទួលស្គាល់ថា អសមត្ថភាព ។ នៅពេលប្រធានស្តីទីគណបក្សសង្គ្រោះជាតិព្យាយាមចូលស្រុកខ្មែរមិនបានសម្រេចនៅថ្ងៃទី ៩ វិច្ឆិកា យើងក៏ចាត់ទុកថា គាត់អសមត្ថភាព ។ ប៉ុន្តែ បើយើងពិនិត្យមើលឲ្យជាក់លាក់ ករណីបរាជ័យទាំងនេះ គឺពាក់ព័ន្ធនឹងកត្តាខាងក្រៅផងដែរ មិនមែនអាស្រ័យនៅលើសមត្ថភាពរបស់បុគ្គលមនុស្សទាំងស្រុងឡើយ ។
សម្រាប់ខ្ញុំ សមត្ថភាព គឺជាសភាវដែលមិនអាចយកអ្វីទៅកំណត់បានឡើយ ។ មូលហេតុដែលខ្ញុំអះអាងដូច្នេះ ពីព្រោះមនុស្សគ្រប់ៗរូបកើតមកមានភាពពិការញាណ (Learning Disability) ។ យើងមិនអាចដឹងទេ ថាតើយើងមានសមត្ថភាពឬគ្មានសមត្ថភាពដរាបណាមិនទាន់បានឆ្លងកាត់ទង្វើអ្វីមួយ ។ បន្ទាប់ពីបានធ្វើអ្វីមួយហើយបរាជ័យ ប្រការនេះក៏មិនអាចសន្មត់ថាអសមត្ថភាពដែរ ដរាបណាជីវិតមិនទាន់ផុតរលត់ ។ និយាយរួម សមត្ថភាពនិងជីវិតគឺវាស្ថិតនៅជាមួយគ្នា ។ បើយើងគិតថា សមត្ថភាពនិងជីវិតស្ថិតនៅជាមួយគ្នា តើយើងអាចសន្មត់ថាអ្នកសុំទានតាមចិញ្ចើមផ្លូវដែលអាចរកចំណីមកផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃបាន ជាមនុស្សមានសមត្ថភាពដូចមហាសេដ្ឋីដែលមានលុយវាល់លានដែរទេ? ដូចគ្នាដែរ ជនផ្តាច់ការដែលប្រើល្បិចពិសពុលនិងទង្វើគម្រក់ថោកទាបគ្រប់បែបយ៉ាងដើម្បីបំផ្លាញអ្នកដទៃកុំឲ្យមានឱកាសផ្លាស់ប្តូរតំណែងរបស់ខ្លួនបាន តើយើងអាចចាត់ទុកមនុស្សប្រភេទនេះ ថាមានសមត្ថភាពដែរទេ? អ្នកអានប្រហែលជាឆ្ងល់ថាតើហេតុអ្វីក៏ខ្ញុំលើកយកសំណួរប្រៀបធៀបរបៀបឡប់ៗនេះមកសួរ ។ តាមពិតខ្ញុំចង់បង្ហាញនូវរូបភាពមួយពាក់ព័ន្ធនឹងសមត្ថភាព ។ រូបភាពនោះគឺ ឈ្នះ ។ អ្នកសុំទានគាត់មានសមត្ថភាពយកឈ្នះការស្រេកឃ្លាន ។ មហាសេដ្ឋីមានលុយវាល់លានឈ្នះភាពក្រីក្រ ។ ឯជនផ្តាច់ការឈ្នះការខ្សត់អំណាច ។ ថ្វីត្បិតតែការឈ្នះទាំងបីនេះមិនដូចគ្នាមែន ប៉ុន្តែវាបានបង្ហាញអំពីអត្ថន័យខ្លឹមសារនៃសមត្ថភាព ។ នេះមិនមែនមានន័យថា ឈ្នះ ជាកត្តាបញ្ជាក់អំពីសមត្ថភាពនោះទេ ។ វាគ្រាន់តែជាផ្នែកមួយនៃសមត្ថភាពប៉ុណ្ណោះ ។ និយាយរួម យើងប្រហែលជាមិនអាចរកអ្វីមកធ្វើជាតឹកតាងជាក់លាក់ដើម្បីបញ្ជាក់អំពី សមត្ថភាព បានឡើយ ។ ប៉ុន្តែ ប្រសិនបើយើងយក ឈ្នះ មកធ្វើជាគោល នោះយើងអាចសន្មត់ថា សមត្ថភាព គឺសំដៅដល់ជ័យជម្នះដែលមានការឈ្នះខ្លួនឯងជានិយាម ឬ ស្តង់ដារ (Standard) ។
សមត្ថភាព = ឈ្នះ
ឈ្នះខ្លះបវរ ឈ្នះខ្លះមិនល្អ គម្រក់ថោកទាប
តែឈ្នះទាំងអស់ មិនអាចប្រៀបធៀប ឈ្នះឥតគូប្រៀប
គឺឈ្នះខ្លួនឯង ៕
Thursday, November 21, 2019
ចំណីខួរក្បាល
ធានារ៉ាប់រង (Insurance)
មនុស្សរស់នៅក្នុងប្រទេសជឿនលឿនជាច្រើនទិញធានារ៉ាប់រង (Insurance) ដើម្បីការពារគ្រោះមហន្តរាយដែលអាចកើតមានជាយថាហេតុ ។ ធានារ៉ាប់រងដែលលេចធ្លោជាងគេចំនួនបីគឺ សុខភាព រថយន្ត និង ជីវិត ។ នៅសហរដ្ឋអាមេរិក ក្នុងចំណោមធានារ៉ាប់រងទាំងបីនេះ ធានារ៉ាប់រងរថយន្តត្រូវបានកំហិតដោយច្បាប់ ។ ឯសុខភាពនិងជីវិតគឺជាជម្រើសផ្ទាល់ខ្លួន (ទិញក៏បានមិនទិញក៏បាន) បន្ទាប់ពីលោកប្រធានាធិបតីដូណាល់ ត្រាំ អនុញាតឲ្យពលរដ្ឋដកខ្លួនចេញពីកាតព្វកិច្ចទិញធានារ៉ាប់រងសុខភាព (Opt-out) ។ តាមយោបល់របស់អ្នកឯកទេសខាងអាយុជីវិត ធានារ៉ាប់រងជីវិតគឺមិនគួរទិញទាល់តែសោះ ព្រោះថាការស្លាប់មុនអាយុកាលនោះកម្រនឹងកើតមានណាស់ ។ ដូច្នេះ នៅពេលដែលយើងទិញធានារ៉ាប់រងជីវិត គឺយើងយកលុយទៅឲ្យគេច្រើនលើសពីអ្វីដែលយើងត្រូវការសម្រាប់ទិញដីកប់ខ្មោចឬក៏ជួលប៉ាឆាដុតសព្វរាប់សិបដងប្រសិនបើយើងរស់ដល់ចាស់ព្រេងចាស់ព្រឹទ្ធិ ។ ចំណែកធានារ៉ាប់រង រថយន្តនិងសុខភាព យើងគួរសង្កេតមើលថាតើវាផ្តល់កំហាតនិងចំណេញដល់យើងរបៀបណា ។
បើយើងសង្កេតមើលឲ្យល្អិតល្អន់បន្តិច ធានារ៉ាប់រងរថយន្តនិងសុខភាពផ្តល់ផលចំណេញឲ្យអ្នកវិនិយោគ (Return on Investment, ROI) តិចតួចស្តួចស្តើងណាស់ ។ មនុស្សទូទៅមិនសូវមានបញ្ហាសុខភាពទេ ប្រសិនបើយើងកើតមកគ្មានរោគរ៉ាំរ៉ៃពីកំណើតហើយចេះថែរក្សាសុខភាពតាមក្រិតក្រម ។ ដូច្នេះ ចាប់ពីថ្ងៃដែលមនុស្សកើតមករហូតដល់អាយុ៦០ឆ្នាំ (រយៈពេល៦០ឆ្នាំ) យើងហាក់ដូចជាមិនត្រូវការព្យាបាលរោគអ្វីធំដុំឡើយ ។ ជាការពិតណាស់ ស្ត្រីភេទដែលមានផ្ទៃពោះត្រូវការការគាំពារនិងទារកត្រូវការចាក់ថ្នាំវ៉ាក់សាំងការពារជម្ងឺផងដែរ ។ ប៉ុន្តែ ករណីនេះជារឿងបន្ទាប់បន្សំ នៅពេលដែលយើងយកការចំណាយទាំងនេះទៅប្រៀបធៀបនឹងការចំណាយលើធានារ៉ាប់រងសុខភាព ។
នៅសហរដ្ឋអាមេរិក មនុស្សដែលមានអាយុចាប់ពី ២០ឆ្នាំឡើងទៅអាចទិញធានារ៉ាប់រងសុខភាពអំពីរដ្ឋដែលជាកម្មវិធីធូថ្លៃជាងគេ ។ ខ្ទង់ចំណាយសម្រាប់មនុស្សម្នាក់គឺចន្លោះពី ១៥០ដុល្លារទៅ ៣០០ដុល្លារក្នុងមួយខែ ។ បើទិញជាកញ្ចប់លក្ខណៈគ្រួសារដែលមានគ្នា៤នាក់ (ប្តីប្រពន្ធនិងកូនពីរនាក់) គឺត្រូវចំណាយចន្លោះពី ៥០០ទៅ៧០០ដុល្លារ ក្នុងមួយខែ ។ (សម្រាប់អ្នកដែលទិញតាមរយៈនិយោជក Employer វាជារឿងមួយផ្សេងទៀត) ។ ដូច្នេះ ក្នុងមួយឆ្នាំគ្រួសារមួយត្រូវចំណាយយ៉ាងហោចណាស់ ៦០០០ដុល្លារ ។ រយៈពេល២០ឆ្នាំត្រូវចំណាយ ១២០០០០ដុល្លារ ។
ក្រឡេកមើលមកតម្រូវការសុខភាពរបស់មនុស្សម្នាក់ៗវិញម្តង ។ ផ្អែកលើបទពិសោធផ្ទាល់ខ្លួនរបស់ខ្ញុំដែលជាមនុស្សមានសុខភាពធម្មតាដូចមនុស្សទូទៅ រយៈពេល៣០ឆ្នាំកន្លងទៅនេះ ខ្ញុំហាក់ដូចជាអត់ត្រូវការប្រើសេវាសុខភាពជាដុំកំភួនឡើយ ។ ខ្ញុំកម្រនឹងទៅពិនិត្យសុខភាពណាស់ ទោះបីជាខ្ញុំបានទិញធានារ៉ាប់រងសុខភាពនិងបង់ប្រាក់ជាប្រចាំក៏ដោយ ។ មូលហេតុគឺខ្ញុំអត់មានរោគសញ្ញាជំងឺតម្កាត់អ្វីកើតឡើង ។ នៅពេលខ្ញុំមានអាយុ៤០ឆ្នាំ ខ្ញុំចាប់ផ្តើទៅពិនិត្យសុខភាពមួយឆ្នាំ ឬក៏ពីរបីឆ្នាំម្តង ។ លទ្ធផលគឺសុខភាពខ្ញុំគ្មានអ្វីប្រែប្រួលជាដុំកំភួនឡើយ ក្រៅតែអំពីការវិវត្តន៍ពីយុវវ័យ ទៅមជ្ឈឹមវ័យ ។ បច្ចុប្បន្ន ខ្ញុំអាយុជាង៥០ហើយ ។ ក្រៅអំពីចំណាយពេលទៅជួបពេទ្យ១ឆ្នាំម្តង ខ្លួនខ្ញុំហាក់ដូចជាគ្មានអ្វីត្រូវជួសជុលទេ ។ ដើម្បីថែទាំសុខភាព គ្រូពេទ្យបានណែនាំខ្ញុំឲ្យហាត់ប្រាណជាប្រចាំនិងកុំជក់បារីនិងទទួលទានសុរា ។ ចំណុចទាំងនេះ ខ្ញុំដឹងមុនពេទ្យប្រាប់ខ្ញុំទៅទៀត ហើយក៏បានអនុវត្តិតាំងតែពីយុវវ័យមក ។ រយៈពេលជាង ៣០ឆ្នាំនេះ ខ្ញុំបានបង់ប្រាក់ទិញធានារ៉ាប់រងសុខភាពអស់ច្រើនគួរសមដែរ ។ នៅពេលយើងពិនិត្យឲ្យល្អិតបន្តិច ទិញធានារ៉ាប់រងជីវិតនិងសុខភាពគឺចំណាយលុយឥតប្រយោយជន៍ស្ទើរតែដូចគ្នា ។ នេះមិនមែនមានន័យថាយើងមិនខ្វល់អំពីសុខភាពនោះទេ ។ បើយើងមានសុខភាពមាំទាំធម្មតា យើងអាចទៅគ្លីនីកពិនិត្យសុខភាព ៥ឆ្នាំ ឬក៏១០ឆ្នាំម្តងក៏ល្មមការពារខ្លួនបានហើយ ។ អាយុ ៦០ឆ្នាំឡើងទៅ យើងអាចទៅពិនិត្យសុខភាព ១ឬ៣ឆ្នាំម្តងក៏ល្មមសមគួរដែរ ។ នៅពេលយើងមានអាយុចាប់ពី ៧៥ឆ្នាំឡើងទៅជរាពាធនិងមច្ចុរាជមកសួរសុខទុក្ខយើងរឿយៗហើយ ទោះខំរកពេទ្យហ្មមកជួយយ៉ាងណាក៏អត់ប្រយោជន៍ដែរ ។ កើត ចាស់ ជរា ស្លាប់ ព្រះពុទ្ធប្រាប់តាំងតែពីជាង ២៥០០ឆ្នាំមុនម្លេះ ។
ចំណែកធានារ៉ាប់រងរថយន្ត ការចំណាយក៏មានសណ្ឋានស្រដៀងគ្នាដែរ ។ រថយន្តប្រភេទ SUV ធម្មតាមួយគ្រឿង (Excluding Lexus, Audi, BMW, or Mercedes) គឺត្រូវចំណាយ ១០០ដុល្លារក្នុងមួយខែ ។ ដូច្នេះក្នុង១ឆ្នាំត្រូវចំណាយ ១២០០ដុល្លារ ។ ១០ឆ្នាំ ១២០០០ដុល្លារ ។ យោងបទពិសោធផ្ទាល់ខ្លួន រយៈពេលជាង៣០ឆ្នាំកន្លងមកនេះ ខ្ញុំបើកបរមិនដែលមានគ្រោះថ្នាក់អ្វីជាដុំកំភួនឡើយ ។ ជាទូទៅ អ្នកបើកបររថយន្តប្រុងប្រយ័ត្នណាស់ ។ ទោះបីអ្នកបើកបរឈ្លើយ (Aggressive drivers) ក៏ព្យាយាមការពារមិនឲ្យមានគ្រោះថ្នាក់ដែរ ។ គ្រួសារដែលមានឡានពីរឬបីគ្រឿង អាចគុណចំនួនឡាននឹងខ្ទង់ចំណាយប្រចាំឆ្នាំ ហើយគុណនឹងចំនួនឆ្នាំដែលបានប្រើ យើងអាចមើលឃើញនូវទំហំទឹកប្រាក់ដែលត្រូវបានចំណាយដោយគ្មានបានទទួលសារប្រយោជន៍មកវិញនេះ ។
សព្វថ្ងៃនេះ ប្រទេសកម្ពុជាកំពុងតែដើរឆ្ពោះទៅរកការប្រើប្រាស់សេវាធានារ៉ាប់រងជាបណ្តើៗហើយ ។ ពលរដ្ឋខ្មែរមួយចំនួនចាប់ផ្តើមប្រើប្រាស់សេវាធានារ៉ាប់រងដើម្បីការពារហានិភ័យនានាដែលអាចកើតមានជាយថាហេតុ ។ ប្រការនេះ សម្រាប់អ្នកដែលមានចំណូលប្រាក់កាក់ចាយមិនអស់ វាមិនថ្វីទេ ។ ប៉ុន្តែ សម្រាប់អ្នកដែលមិនសូវសម្បូរប្រាក់ អត្ថបទនេះអាចជាចំណុចបំភ្លឺខ្លះៗមុននឹងធ្វើការសម្រេចចិត្តថាតើគួរទិញធានារ៉ាប់រង ឬពុំគួរ ៕
Friday, November 15, 2019
ចំណីខួរក្បាល
សច្ចភាពរបស់របបផ្តាច់ការ (The Truth about Tyrannical Regime)
ខ្ញុំមានមិត្តម្នាក់ដែលជាកូនរបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ។ កាលគាត់មករៀនកម្រិតមហាបរិញ្ញា (PhD) នៅសហរដ្ឋអាមេរិក ខ្ញុំនិងគាត់រស់នៅជាមួយគ្នា ញ៉ាំបាយជាមួយគ្នា និងដាក់វេនគ្នាលាងចានឆ្នាំងជាប្រចាំ ។ ក្នុងនាមជាអ្នកសិក្សានិងជាកុមារដែលចម្រើនវ័យនៅក្នុងសម័យ ប៉ុល ពត យើងតែងតែជជែកគ្នាជារឿយៗអំពីព្រឹត្តិការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជា ជាពិសេសផ្នត់គំនិតកុម្មុយនិស្តដែលជាកត្តាបំផ្លាញប្រទេសខ្មែរ និង សង្គមខ្មែរ ឲ្យហិនហោចខ្លោចផ្សារហូតដល់សព្វថ្ងៃ ។ ខ្ញុំនិងមិត្តខ្ញុំសុទ្ធតែជាអ្នកធ្លាប់បានសិក្សាលទ្ធិកុម្មុយនិស្តសុីជម្រៅ ។ មិត្តខ្ញុំសិក្សាលទ្ធិកុម្មុនិស្តនៅក្នុងប្រទេសកុម្មុយនិស្ត ។ ឯខ្ញុំសិក្សាលទ្ធិកុម្មុយនិស្តនៅក្នុងប្រទេសលោកសេរីគឺ សហរដ្ឋអាមេរិក ។ គួរកត់សម្គាល់ថា សាលានៅសហរដ្ឋអាមេរិកដូចជាគ្មានកម្មវិធីសិក្សា (Course) អំពីលទ្ធិកុម្មុយនិស្តទេ ។ ប៉ុន្តែ នៅក្នុងកម្មវិធីសិក្សាមួយឈ្មោះ មនោគមវិទ្យានយោបាយ លោកគ្រូខ្ញុំបានយកលទ្ធិកម្មុយនិស្តមកពន្យល់យ៉ាងល្អិតល្អន់ ។
នៅក្នុងការជជែកគ្នាមួយរវាងមិត្តខ្ញុំនិងខ្ញុំ មិត្តខ្ញុំបានប្រាប់ខ្ញុំអំពីចំណុចដ៏សំខាន់មួយរបស់រដ្ឋាភិបាល ឬរបបគ្រុបគ្រងដែលបណ្តុះបណ្តាល ឬក៏លូតលាស់ចេញមកពីលទ្ធិកុម្មុយនិស្ត ។ ជាទូទៅ ជនផ្តាច់ការដែលអនុវត្តិតាមគោលការណ៍កុម្មុយនិស្ត យុទ្ធសាស្ត្រនយោបាយជាក់លាក់ដែលយើងអាចកត់សម្គាល់បានគឺ៖
១) នៅក្នុងការចរចារកដំណោះស្រាយនយោបាយណាមួយ មិនថាជាមួយគូបដិបក្សបរទេស ឬក៏ខ្មែរគ្នាឯងឡើយ គឺត្រូវដាក់លក្ខខណ្ឌឬការទាមទារឲ្យច្រើនលើសលុប ។ នៅពេលលទ្ធផលចេញជារូបរាង វានឹងបង្ហាញថា ភាគីដែលជាសាវ័កកុម្មុយនិស្តនោះ បានបរិច្ចាគឬក៏លះបង់ការទាមទាររបស់ខ្លួនអស់ច្រើនសន្ធឹកសន្ធាប់ណាស់ ។ ប៉ុន្តែធាតុពិត ពួកគេគ្មានបាត់បង់អ្វីជាដុំកំភួនឡើយ ។
២) នៅពេលប្រឈមនឹងទណ្ឌកម្មអ្វីមួយ ក្នុងវិស័យសឹកសង្គ្រាមក្តី សេដ្ឋកិច្ចក្តី ជាមួយនឹងគូបដិបក្សបរទេសក្តី ខ្មែរគ្នាឯងក្តី គឺត្រូវរក្សាជំហររឹងបុឹងដាច់ខាត រហូតដល់វិនាទីចុងក្រោយ ។ បើមើលទៅស្ថានការណ៍មិនអំណោយផល និងដើរដល់ចំណុចទាល់ច្រកហើយ ធ្វើសម្បទានឬក៏បំពេញបំណងឲ្យអ្នកទាមទារ បន្តិចម្តងៗជាជំហានៗយឺតដូចអណ្តើកវារអញ្ចឹង ។ អូសក្រឡាទៅដល់ត្រឹមណាដែលអ្នកទាមទារស្ងាត់មាត់ (Minimal satisfaction) គឺត្រូវឈប់ត្រឹមនោះ ។ បន្ទាប់មក រកមធ្យោបាយគេចពីកាតព្វកិច្ច ឬក៏ការសន្យា ។
ក្រឡេកមើលមកព្រឹត្តិការណ៍នយោបាយនៅកម្ពុជានាពេលបច្ចុប្បន្ន កំណត់សម្គាល់របស់មិត្តខ្ញុំកំពុងស្តែងចេញមកច្បាស់ដូចពន្លឺថ្ងៃ ។ ជំហានទីមួយរបស់គណបក្សប្រជាជនគឺដោះលែងលោក កឹម សុខា ឲ្យដើរក្រៅរបងផ្ទះបាន ប៉ុន្តែមិនឲ្យដើរចេញក្រៅរបងព្រុំដែនខ្មែរទេ ។ កឹម សុខា អាចជួបអ្នកគាំទ្រនិងសមាជីកបក្ស ប៉ុន្តែមិនអាចធ្វើនយោបាយទេ ។ បន្ទាប់ពីឈានដើរពីរជំហានអណ្តើកនេះ គេនឹងរង់ចាំប្រតិកម្មចេញអំពីសហគមអឺរ៉ុបនិងសហរដ្ឋអាមេរិក ជាពិសេសរឿងដែលពាក់ព័ន្ធនឹងពន្ធទំនិញ (EBA and GSP) ។ ករណីនេះ សហគមអឺរ៉ុបអាចពន្យាពេលសម្រេចចិត្ត ឬក៏ព្យួរការអនុគ្រោះពន្ធមួយរយៈដើម្បីទុកឱកាសឲ្យរដ្ឋាភិបាលកម្ពុជាបន្តជំហានបើកលម្ហនយោបាយទៅមុខទៀត ។ ជំហានបន្តគឺផ្តល់សិទ្ធិឲ្យ កឹម សុខាធ្វើនយោបាយ ប៉ុន្តែមិនផ្តល់សិទ្ធិឲ្យ សម រង្សីនិងបក្សពួកទេ ។ បើដើរដល់ចំណុចនេះហើយ នៅមិនទាន់ទទួលបានការយល់ព្រមពីភាគីដែលទាមទារ គេអាចនឹងបន្តផ្តល់សិទ្ធិធ្វើនយោបាយឲ្យសមាជិកបក្សសង្គ្រោះជាតិដទៃទៀត ប៉ុន្តែមិនអាចទៅដល់ចំណុចដែល កឹម សុខា និង សម រង្សី អាចរួបរួមគ្នាជាធ្លុងមួយវិញបានឡើយ ។ ការធ្វើសម្បទាននេះ នឹងបន្តអូសក្រឡាទៅមុខយឺតៗទៀតប្រសិនបើភាគីពាក់ព័ន្ធនៅមិនទាន់ឈានដល់ចំណុចដែលអាចទទួលយកបាន ។ តស់! រង់ចាំមើលទាំងអស់គ្នា ៕
Friday, November 1, 2019
ចំណីខួរក្បាល
វិញ្ញាណសិប្បនិម្មិត (AI, Artificial Intelligence)
រ៉ូបូត ឬមនុស្សយន្ត ត្រូវបានគេបង្កើតឲ្យធ្វើកិច្ចការជាច្រើនជំនួសមនុស្ស ។ បច្ចុប្បន្ន អ្នកប្រាជ្ញនិងអ្នកជំនួញក្នុងវិស័យបច្ចេកវិជ្ជានៅក្នុងប្រទេសជឿនលឿនជាច្រើនហាក់ដូចជាកំពុងប្រកួតប្រជែញគ្នាបង្កើតខួរក្បាលសិប្បនិម្មិតសម្រាប់គិតជំនួសមនុស្ស ។ វាជាកិច្ចការមួយដែលគេកំពុងធ្វើនិងលេចចេញជារូបភាពបណ្តើរៗហើយ ។ យន្តហោះដែលមនុស្សធ្វើដំណើរឆ្លងទ្វីបសព្វថ្ងៃនេះ វាហោះហើរដោយខ្លួនវាទេ ។ ឯអ្នកបើកបរ (Pilots) គ្រាន់តែអង្គុយមើលប្រក្រតីភាពដំណើរការនៃគ្រឿងចក្រនិងកាច់ចង្កូតបញ្ជានាពេលឡើងនិងចុះចតតែប៉ុណ្ណោះ ។ ចំណែករថយន្តមួយចំនួនក៏វាអាចបើកបរដោយខ្លួនវាបានដែរ បន្ទាប់ពីមនុស្សបញ្ឆេះម៉ាសុីននិងដាក់លេខបញ្ជាវា ។
អ្វីដែលខ្ញុំចង់លើកយកមកពិភាក្សានៅទីនេះ មិនមែនយានយន្តទេ គឺខួរក្បាលដែលត្រូវបានមាសុីនចូលមកដើរតួនាទីជំនួស ។ យើងមិនដឹងថាវាជារឿងល្អឬអាក្រក់សម្រាប់មនុស្សលោកទេ ក៏ប៉ុន្តែបច្ចុប្បន្ននេះ យើងកំពុងតែដើរទៅកាន់យុគមួយ ។ នៅតាមស្ថាប័នមួយចំនួនក្នុងប្រទេសជឿនលឿនដូចជាសហរដ្ឋអាមេរិក គេឈប់ប្រើក្រដាសនិងប៊ិកសម្រាប់ចុះឈ្មោះឬបំពេញបែបបទទៀតហើយ ។ ដូច្នេះ ការសរសេរអក្សរដៃក៏ប្រហែលជាត្រូវផុតរលត់នៅគ្រាដ៏ខ្លីខាងមុខនេះ ។ ឧប្បករណ៍មួយដែលគេកំពុងប្រើជំនួសក្រដាសនិងប៊ិកសព្វថ្ងៃនេះគឺ ថេបឡិត (Tablet) ដែលមានសណ្ឋានស្រដៀងគ្នានឹងទូរសព្ទដៃដែរ គ្រាន់តែធំជាងបន្តិច ។ គឺថេបឡិតនេះហើយដែលនឹងចូលមកគិតនិងដើរតួជំនួសខួរក្បាលមនុស្ស ។
នៅក្នុងដំណើរប្រកបការងារគាំពារជីវិតរបស់ខ្ញុំ ខ្ញុំតែងបានជួបនិងអង្គុយស្តាប់ការវិភាគរបស់អ្នកប្រាជ្ញផ្នែកខាងវិញ្ញាណសិប្បនិម្មិតជារឿយៗ ។ ខ្ញុំសង្កេតឃើញថា វិញ្ញាណសិប្បនិម្មិតកំពុងតែត្រូវបានអភិវឌ្ឃលឿនជាងអ្វីដែលយើងអាចគិត ។ មនុស្សទូទៅប្រហែលជាគិតមិនដល់ទេថា នៅក្នុងរយៈពេល ១៥ ឬ ៣០ ឆ្នាំទៀត ថេបឡិតនឹងចូលមកគិតនិងធ្វើកិច្ចការជំនួសមនុស្សរាប់រយជំពូក ។ ឧទាហរណ៍មួយនៃកិច្ចការនេះគឺវិស័យសិក្សា ។ ខ្ញុំសូមទាយទុក (Predict) ជាមុនថា នាគ្រាអនាគត និស្សិតដែលរៀននៅវិទ្យាល័យនិងមហាវិទ្យាល័យមិនអំពល់ទុក្ខនឹងកិច្ចការសាលាដូចនិស្សិតសម័យមុនទេ ។ បើគេត្រូវការតែងសេចក្តី ឬសរសេរសារណាអំពីមុខវិជ្ជាអ្វីមួយនៅក្នុងភាសាណាឬក៏ប្រទេសណាក៏ដោយ គេគ្រាន់តែសរសេរ ចំណងជើង ដាក់គោលគំនិតដែលគេចង់បាន (Outlines) រួចហើយបញ្ជូនទៅឲ្យកម្មវិធីសរសេរ (Software) នៅក្នុងថេបឡិត វានឹងសរសេរឲ្យដោយស្វ័យប្រវត្តិ ។ កម្មវិធីនឹងរុករកឯកសារពាក់ព័ន្ធគ្រប់ច្រកល្ហកក្នុងប្រពន្ធ័ អុីនថឺណិត បកប្រែទៅជាភាសាដែលយើងចង់បាន រួចហើយចងក្រងជាអត្ថបទដែលមានឯកសារយោងឲ្យយើងមួយកំផ្លេតែម្តង ។ ឯមុខវិជ្ជាដទៃទៀតក៏ស្រដៀងគ្នាដែរ ។ យើងគ្រាន់តែបញ្ជូននូវអ្វីដែលជាសំណួរ ឬបញ្ហា (Problems) ទៅឲ្យកម្មវិធី វានឹងស្វែងរកចម្លើយ ឬដំណោះស្រាយឲ្យយើងដោយងាយ ។ ទោះជាយ៉ាងណាក៏ដោយ តួនាទីចុងក្រោយរបស់និស្សិតគឺត្រួតពិនិត្យសំណេរ ដើម្បីលុបឬដកនូវពាក្យពេចន៍ណាដែលអាជ្ញាធរហាមឃាត់ ប្រសិនបើយើងរស់នៅក្នុងប្រទេសដែលគ្មានសិទ្ធិសេរីភាពទូលំទូលាយ ។
នៅក្នុងកំរិតសិក្សាបឋម (K-12) យើងក៏ប្រហែលជាលែងត្រូវការ ក្រដាស ប៊ិក ខ្មៅដៃ ទៀតដែរ ។ កូនសិស្សម្នាក់ៗនឹងមានថេបឡិតរៀងខ្លួន ហើយអ្វីដែលពួកគេសិក្សាប្រចាំថ្ងៃនឹងត្រូវបានសន្សំទុក (Save) ដោយបែងចែកតាមថ្ងៃ ខែ និង ឆ្នាំ ។ ទាំងគ្រូ ទាំងអាណាព្យាបាលសិស្សអាចត្រួតពិនិត្យតាមដានការអភិវឌ្ឃន៍របស់សិស្សម្នាក់ៗនៅក្នុងថេបឡិតជាប្រចាំ ។ សម្រាប់ស្រុកខ្មែរដែលជាប្រទេសក្រីក្រមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិជ្ជាខ្ពង់ខ្ពស់នៅឡើយ យើងប្រហែលជាត្រូវការពេលវេលារាប់សិបឆ្នាំទៀត ដើម្បីឈោងចាប់ប្រព័ន្ធសិក្សាប្រភេទនេះ ។ ប៉ុន្តែ សម្រាប់ប្រទេសជឿនលឿនដូចជាសហរដ្ឋអាមេរិក គេអាចនឹងរំកិលទៅកាន់ប្រព័ន្ធនោះបណ្តើរៗនៅពេលកម្មវិធីប្រើប្រាស់ (Software Development) ត្រូវបានបង្កើតរួចរាល់ ។
ថ្មីៗនេះ ខ្ញុំបានទៅកត់ត្រារបាយការណ៍នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់បណ្ឌិតសភាជាតិផ្នែកវិស្វកម្មរបស់សហរដ្ឋអាមេរិក ។ នៅក្នុងកិច្ចប្រជុំនោះ វាគ្មិនមួយរូបបានធ្វើបទបង្ហាញអំពីសាលាជំនាន់ថ្មី (មិនមែនសាលាជំនាន់ថ្មីដូចក្នុងស្រុកខ្មែរទេ) ។ និស្សិតនៅក្នុងសាលាជំនាន់ថ្មីនេះ សិក្សាដោយខ្លួនឯងជាក្រុមដែលមានគ្នាពីពីរទៅបួននាក់ ។ ការសិក្សាគ្មានលំដាប់លំដោយទេ ។ ក្រុមនិស្សិតជ្រើសរើសយកបញ្ហា ឬអ្វីដែលពួកគេចង់លើកយកមកពិភាក្សាចេញអំពីសៀវភៅមេរៀន (Textbook) ។ តួនាទីរបស់គ្រូនិងគ្រូជំនួយ (Upper classmates) គឺអង្គុយនៅមួយកន្លែងរង់ចាំទាល់តែមានក្រុមណាមួយហៅទៅពិគ្រោះយោបល់ទើបចូលទៅអង្គុយពិភាក្សាជាមួយក្រុមនោះ ។ បើគ្មានទេ ក៏គ្មានអ្វីដែលត្រូវទេសនា (Lecture) ដែរ ។ សាលាជំនាន់ថ្មីនេះ គ្មានការប្រឡង (Tests, Exams) ប្រចាំខែ ឬឆ្នាំទេ ។ គេជឿថា ការប្រឡងមិនមែនជារង្វាស់សម្រាប់វាស់សមត្ថភាពសិស្សឡើយ ។ ផ្ទុយមកវិញ វាធ្វើឲ្យសិស្សធ្លាក់ទឹកចិត្តនិងបាត់បង់សក្តានុពលនៅពេលដែលលទ្ធផលនៃការប្រឡងមិនសមប្រកប ។ បន្ទាប់ពីបានស្តាប់បទបង្ហាញនេះ ខ្ញុំនឹកទៅដល់អនុស្សាវរីយ៍សិក្សាកាលពីជាង ២៥ឆ្នាំមុន ។ ចាប់ពីពេលនោះមកដល់គ្រានេះ គំនិតនិងឧប្បករណ៍ទ្រទ្រង់ជីវិតជាច្រើន បានប្រែប្រួលឬរលត់រលាយ (Obsolete) ។ នៅពេលខ្ញុំចាប់ផ្តើមធ្វើការជាអ្នកកត់ត្រារបាយការណ៍នៅឆ្នាំ ១៩៩៦ ខ្ញុំប្រើប៊ិចនិងក្រដាសដើម្បីបំពេញការងារ ។ ពីរឆ្នាំបន្ទាប់មក ខ្ញុំចាប់ផ្តើមប្រើកំព្យូទ័រជំនួសប៊ិចនិងក្រដាសរហូតដល់ពេលបច្ចុប្បន្ន ។ ប្រសិនបើខ្ញុំអាចធ្វើកិច្ចការនេះនៅក្នុងរយៈពេល ១៥ទៅ២០ឆ្នាំទៀត ខ្ញុំជឿជាក់ថា ថេបឡិត នឹងចូលខ្លួនមកវាយអង្គុលីលេខជំនួសខ្ញុំជាក់ជាមិនខាន ៕
Tuesday, October 29, 2019
ចំណីខួរក្បាល
ជីវិត (Life)
តើបុគ្គលគ្រប់រូបដែលកើតមកក្នុងពិភពលោកនេះ គប្បីមានគោលដៅជាក់លាក់សម្រាប់ជីវិតដែរទេ?? នេះគឺជាសំណួរមួយដែលខ្ញុំចាប់អារម្មណ៍ ។ ក្រឡេកមើលឆាកជីវិតរបស់ខ្ញុំត្រួសៗ គោលដៅនៃជីវិតសម្រាប់ខ្ញុំ ហាក់ដូចជាគ្មានអ្វីជាក់លាក់ឡើយ ។ គឺថា ខ្ញុំបត់បែនទៅតាមព្រឹត្តិការណ៍និងកត្តាខាងក្រៅដែលជម្រុញឲ្យខ្ញុំឆ្លងកាត់និងចាប់យកនូវអ្វីដែលជាភាវប្រសើរបំផុតសម្រាប់គាំពារជីវិតខ្ញុំ ។ ឯគោលដៅជីវិតដែលខ្ញុំមាន ជួនកាលខ្ញុំបោះបង់វាចោលព្រោះតែកត្តាខាងក្រៅ ឬក៏ឱកាសថ្មីដែលសមប្រកបទៅនឹងដំណើរជីវិតរបស់ខ្ញុំនៅក្នុងកាលៈទេសៈណាមួយ ។
នៅក្នុងការស្វែងយល់អំពីអត្ថន័យ ឬក៏គោលបំណងនៃជីវិត ខ្ញុំក៏ចាប់អារម្មណ៍ជាមួយនឹងគំនិតរបស់យុវជនខ្មែរពីររូបផងដែរ ។ អ្នកទាំងពីរនោះគឺលោក សុខ ចាន់ផល និងលោក ស៊ូ ខេមរិន ។ ក្នុងចំណោមអ្នកទាំងពីរ ខ្ញុំធ្លាប់ជួបសំណេះសំណាលជាមួយនឹងលោក សុខ ចាន់ផល ម្តង ។ ឯលោកស៊ូ ខេមរិន ខ្ញុំមិនធ្លាប់ជួបទេ ។ លោក សុខ ចាន់ផល យល់ថា៖ គោលដៅចម្បងរបស់ជីវិតគឺ ស្វែងរកបញ្ញា ។ លោកជឿថា ដំណើរជីវិតរបស់មនុស្សគ្រប់រូបគឺត្រូវបានគ្រុបគ្រងរៀបចំដោយធម្មជាតិរួចហើយ ។ អ្វីដែលមនុស្សត្រូវធ្វើគឺប្រើបញ្ញាដោះស្រាយបញ្ហា ឬឧបសគ្គនានាដែលជីវិតជួបប្រទះ ។ ឯលោក ស៊ូ ខេមរិន សរសេរសន្ទនាជាមួយមិត្តភក្តិថា៖ ជីវិតឥតមានន័យអ្វីទេ ។ មនុស្សកើតមកប្រៀបបាននឹងបញ្ញើដែលគេយកមកផ្ញើក្នុងពិភពលោកនេះមួយរយៈប៉ុណ្ណោះ ។ ដូច្នេះ រស់លេងៗទៅទម្រាំដល់ថ្ងៃលាចាកលោកនេះទៅវិញ ។ "រស់លេងៗ"! គំនិតនេះហាក់ដូចជាខ្ជីខ្ជាពេកណាស់សម្រាប់យុវជនម្នាក់ដែលមានទស្សនលេចធ្លោគួរឲ្យសសើរ ។ ប៉ុន្តែ បើពិនិត្យឲ្យសុីជម្រៅបន្តិច ពាក្យនេះជាការដាស់តឿនប្រកបដោយសុភវិនិច្ឆ័យ (Common Sense) ។ ទាំងលោក សុខ ចាន់ផល ទាំងលោក ស៊ូ ខេមរិន ហាក់ដូចជា trensend (អត់ដឹងពាក្យខ្មែរប្រែថាម៉េចទេ) និងពាល់ត្រូវនូវចំណុចមួយគឺថា៖ ជីវិតមិនស្ថិតស្ថេរ (Impermanent) ។ ដូច្នេះ ការហួងហែងប្រជែងគ្នាដើម្បីបំពេញបំណងតណ្ហា (Desire) នោះ វាហាក់ដូចជាមិនល្អបរិសុទ្ធសម្រាប់ជីវិតឡើយ ។
បើនិយាយអំពីបិតានៃបញ្ហាជីវិត ប្រហែលជាគ្មាននរណាយល់ស្គាល់ពាល់ត្រូវដូចព្រះពុទ្ធឡើយ ។ ព្រះអង្គបានបន្សល់ទុកនូវដំបូន្មានមួយគឺថា៖ តម្រង់ចិត្តនិងកាយឲ្យដើរលើផ្លូវ កណ្តាល ដែលមានអដ្ឋង្គិគមគ្គ (មាគ៌ា ៨) ជាគោល ។ ប្រសិនបើមនុស្សភាគច្រើនដើរតាមគន្លងនៃផ្លូវកណ្តាលនេះ យើងនឹងអាចកាត់បន្ថយទុក្ខសោកផងទាំងពួងបានច្រើនអនេកកប្បការ ។ ក៏ប៉ុន្តែ ផ្លូវកណ្តាលនេះហាក់ដូចជាពិបាកយល់ពេកណាស់ ត្បិតមនុស្សគ្រប់រូបមិនដឹងថា ដំណើរជីវិតដែលស្ថិតនៅលើផ្លូវកណ្តាលនោះត្រូវប្រព្រឹត្តិទៅរបៀបណាឡើយ ។ បើយើងសង្កេតមើលពាក្យទូន្មាននៅក្នុងមាគ៌ាទាំង ៨ យើងឃើញថាមានពាក្យ៖ សម្មា ដែលមានន័យថា ត្រឹមត្រូវ ស្ថិតនៅក្នុងពាក្យទូន្មាននោះទាំងអស់ ។ តើយើងយកអ្វីមកកំណត់កត់សម្គាល់ថា ត្រឹមត្រូវ បើភាពត្រឹមត្រូវសម្រាប់មនុស្សម្នាក់ មិនប្រាកដថាត្រឹមត្រូវសម្រាប់អ្នកដទៃផងនោះ?? ប្តីប្រពន្ធទាស់គ្នាជារឿយៗពាក់ព័ន្ធនឹងភាពត្រឹមត្រូវនេះ ។
ត្រឡប់មកនិយាយអំពីគោលគំនិតរបស់យុវជនខ្មែរទាំងពីររូបនោះវិញ ។ អ្នកទាំងពីរហាក់ដូចជារកឃើញនូវមធ្យោបាយមួយសម្រាប់សម្រាលនិងជម្រុះទុក្ខចេញអំពីជីវិត ក៏ដូចជាផ្តល់ឲ្យជីវិតនូវការវិវត្តន៍លើយានបថដ៏ល្អត្រឹមត្រូវផងដែរ ។ លោកសុខ ចាន់ផល យល់ឃើញថា បញ្ញាជាកត្តាសម្រាប់ជួយដោះទុក្ខទាល់គ្រប់បែបយ៉ាងដែលជីវិតជួបប្រទះ ។ ឯលោក ស៊ូ ខេមរិន មើលឃើញជីវិតថាជាភាពមាយា (Illusion) ។ សម្រាប់អ្នកដែលលុះនិងការសិក្សាទស្សនវិទ្យា យើងអាចមើលឃើញថាយុវជនខ្មែរទាំងពីររូបនេះ ទាញយកគំនិតមូលដ្ឋានចេញមកអំពីទ្រឹស្តី អត្ថិភាពនិយម (Existentialism) ។ អ្វីដែលជាកត្តាគួរកត់សម្គាល់គឺថា អ្នកទាំងពីរបានយកគោលគំនិតនៅក្នុងអត្ថិភាពនិយមមកបំបែកវែកញែកឲ្យចេញជាភាវសាមញ្ញមួយងាយស្រួលក្នុងការអនុវត្តន៍ ៕
កំណត់៖ បើយុវជនទាំងពីរបានអានអត្ថបទនេះហើយឃើញមានចំណុចខុសទាស់នៅក្នុងការបកស្រាយ មេត្តាជួយកែតម្រូវផង ។ អរគុណ!
Wednesday, October 2, 2019
ចំណីខួរក្បាល
កម្លាំងសច្ចៈ (SATYAGRAHA)
(ខាងក្រោមនេះជាអត្ថបទបកប្រែចេញពីការបកស្រាយជាភាសាអង់គ្លេសអំពីគោលគំនិតនៅក្នងសំណេរ កម្លាំងសច្ចៈ Satyagraha របស់លោកមហាត្ម័ក គន្ធី ។ អត្ថបទដើមជាភាសាអង់គ្លេសស្ថិតនៅផ្នែកខាងក្រោម ។)
អ្វីទៅជាកម្លាំងសច្ចៈ?
លោកមហាត្ម័ក គន្ធី ហៅរបៀបតស៊ូអហឹង្សាថា៖ Satyagraha ។ ពាក្យនេះអាចប្រែថា៖ កម្លាំងសច្ចៈ ។ បើវែកញែកឲ្យលម្អិតបន្តិច យើងអាចនិយាយថា៖ កម្លាំងដែលកើតឡើងដោយការដើរតាមលំអានសច្ចៈ ។ សព្វថ្ងៃ ពាក្យនេះត្រូវបានប្រើសំដៅលើសកម្មភាពតស៊ូអហឹង្សា ។ ក៏ប៉ុន្តែ សម្រាប់លោក មហាត្ម័ក គន្ធី អហឹង្សាគឺជាពាក្យ ឬគំនិតទូលំទូលាយ ដោយសំដៅលើទំនាក់ទំនងរវាងមនុស្សផ្អែកលើការរាប់អាននិងមេត្តា ។ នៅក្នុងគំនិតរបស់លោក មហាត្ម័ក គន្ធី កម្លាំងសច្ចៈ គឺជាមែកធាងនៃអហឹង្សា ។ គួរកត់សម្គាល់ថា៖ កម្លាំងសច្ចៈ និង អហឹង្សា គឺជាគោលគំនិតពីរផ្សេងគ្នា ។ កម្លាំងសច្ចៈ គឺជាសកម្មភាពអហឹង្សាដ៏ពិសេសមួយ ។ សកម្មភាពជាច្រើនដែលយើងចាត់ទុកថាជាអំពើអហឹង្សា មិនមែនជាកម្លាំងសច្ចៈឡើយ ។ យើងនឹងវែកញែកប្រការនេះនៅវគ្គខាងមុខ ។
កម្លាំងសច្ចៈដែលលោកមហាត្ម័ក គន្ធី អនុវត្តមានពីរប្រភេទ ។ ទីមួយគឺ បំពានច្បាប់ដោយក្តីគោរព (Civil Disobedience) ។ នៅពេលឃើញពាក្យនេះ មនុស្សភាគច្រើនផ្តោតតែទៅលើពាក្យ បំពានច្បាប់ (Disobedience) ។ ប៉ុន្តែ សម្រាប់លោកមហាត្ម័ក គន្ធី "ក្តីគោរព (សុីវិល Civil)" គឺជាគន្លឹះនៃការបំពាននេះ ។ សុីវិល នៅទីនេះមិនមែនសំដៅលើពលរដ្ឋឬក៏រដ្ឋបាលទេ ។ វាតំណាងឲ្យភាពសុីវីល័យ និង សុជីវធម៌ ។ នៅក្នុងគោលការណ៍បំពានច្បាប់ដោយក្តីគោរព គោលដៅស្នូលនៃទង្វើនេះគឺ ជាប់គុក មិនមែនបំពានច្បាប់ទេ ។ ការបំពានច្បាប់គឺគ្រាន់តែជាមធ្យោបាយដើម្បីឲ្យអាជ្ញាធរចាប់ដាក់គុកតែប៉ុណ្ណោះ ។ យើងអាចសួរថា៖ ហេតុអ្វីក៏ធ្វើដូច្នេះ? តើយើងចង់ឲ្យអាជ្ញាធរចាប់មនុស្សដាក់គុករហូតទាល់តែហូរហៀរកកន្លែដាក់គ្មាន ដើម្បីបង្ខំពួកគេឲ្យប្តូរគោលជំហរឬ? មិនមែនទេ ។ នៅក្នុងគោលការណ៍នៃអំណាចសច្ចៈ គឺយើងចង់ផ្សព្វផ្សាយសារសំខាន់នៃទង្វើរបស់យើង ។ យើងចង់បង្ហាញឲ្យអាជ្ញាធរមើលឃើញថា យើងខ្វល់ខ្វាយនឹងរឿងអយុត្តិធម៌នេះសម្បើមណាស់ ដែលយើងសុខចិត្តលះបង់សេរីភាពមកជាប់នៅក្នុងគុកដើម្បីបញ្ជាក់អំពីទំហំនៃការខ្វល់ខ្វាយរបស់យើង ។ យើងធ្វើនេះគឺដើម្បីជួយបង្ហាញផ្លូវអាជ្ញាធរឲ្យមើលឃើញនូវសច្ចៈភាពនៃទង្វើរបស់យើង ហើយព្រមលះបង់នូវអ្វីដែលជាជំហររឹងត្អឹងរបស់ពួកគេ ។ និយាយរួម គោលការណ៍កម្លាំងសច្ចៈមិនមែនយកឈ្នះដោយប្រើពល ឬមនុស្សច្រើនលើសលុបទេ គឺយកឈ្នះដោយធ្វើឲ្យគូបដិបក្សផ្លាស់ប្តូរឥរិយាបថ ឬគោលជំហរ (Change of Heart) ។
សម្រាប់មនុស្សជាច្រើន យុទ្ធសាស្ត្រនេះហាក់ដូចជាឆោតបន្តិច (Naive) ។ តាមពិត វាជាភាពឆោតល្ងង់មែន ។ ជំនឿដែលថា បំពានច្បាប់ដោយក្តីគោរព អាចធ្វើឲ្យអាជ្ញាធរផ្លាស់ប្តូរគោលជំហរ វាគ្រាន់តែជាជំនឿតែប៉ុននោះ (Myth) ។ ប៉ុន្តែ នេះមិនមែនមានន័យថា បំពានច្បាប់ដោយក្តីគោរព មិនមានប្រសិទ្ធភាពនោះទេ ។ ធាតុពិត វាមានប្រសិទ្ធិភាព គ្រាន់តែថា ប្រសិទ្ធិភាពនោះវាពាក់ព័ន្ធនឹងសកម្មភាពប្រទាក់ក្រឡាគ្នា ។ ខាងក្រោមនេះ ជាសេណារីយ៉ូនៃសកម្មភាព បំពានច្បាប់ដោយក្តីគោរព៖
ដើមឡើយ បាតុករ បំពានច្បាប់ដោយក្តីគោរព (Break the Law Politely) ។ អាជ្ញាធរចាប់បាតុករទាំងនោះកាត់ទោសហើយដាក់គុក ។ បាតុករទទួលទោសចូលគុកដោយរីករាយ ។ សាធារណជនស្ងើចសសើរវីរភាពរបស់បាតុករនិងមានបសាទចិត្តចំពោះការតស៊ូ ។ បន្ទាប់មក សាធារណជនចាប់ផ្តើមដាក់សម្ពាធដល់អាជ្ញាធរឲ្យចចារគ្នាដើម្បីរកដំណោះស្រាយ ។ នៅពេលការតវាចេះតែកើតមានជាបន្ទាប់បន្ត សម្ពាធរបស់សាធារណជនមកលើអាជ្ញាធររីកធំឡើងៗ ។ នៅទីបំផុត អាជ្ញាធរក៏សម្រេចចិត្តដោះស្រាយបញ្ហាតាមការទាមទាររបស់សាធារណជន ។
ខាងលើនេះជាការវិវត្តនៃសកម្មភាព បំពានច្បាប់ដោយក្តីគោរព ។ គួរកត់សម្គាល់ថា មានការផ្លាស់ប្តូរឥរិយាបថ ឬគោលជំហរ (change of heart) ប៉ុន្តែមិនមែនចេញមកពីសំណាក់អាជ្ញាធរទេ គឺចេញពីសំណាក់សាធារណជន (The Public) ដែលបង្ខំឲ្យអាជ្ញាធរប្តូរគោលនយោបាយ ។ ជួនកាល ការធ្វើបាតុកម្មឬបំពានច្បាប់ដោយក្តីគោរព អាចញ៉ាំងឲ្យថ្នាក់ដឹកនាំកំពូលឬអន្តរជាតិដាក់សម្ពាធមកលើអាជ្ញាធរឲ្យផ្លាស់ប្តូរគោលនយោបាយផងដែរ ។ ថ្នាក់ដឹកនាំកំពូលទាំងនេះអាចទទួលសម្ពាធសាធារណមតិអំពីពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។ ឧទាហរណ៍ ពលរដ្ឋអង់គ្លេសដាក់សម្ពាធលើរដ្ឋាភិបាលអង់គ្លេសឲ្យដោះស្រាយគោលនយោបាយដែលលោកមហាត្ម័ក គន្ធី ទាមទារនៅក្នុងប្រទេសឥណ្ឌាដែលកាលនោះស្ថិតនៅក្រោមអាណានិគមចក្រភពអង់គ្លេស ។ ទោះជាយ៉ាងណាក៏ដោយ គោលការណ៍ចម្បងនៃការ បំពានច្បាប់ដោយក្តីគោរព គឺមានតែមួយទេ៖ ដាក់សម្ពាធលើអាជ្ញាធរតាមរយៈសាធារណជន ឬសាធារណមតិ (Indirrect Pressure) ។ ឬអាចនិយាយមួយបែបផ្សេងទៀត៖ បញ្ចុះបញ្ចូលសាធារណជនឲ្យជួយតស៊ូ ។
លោកមហាត្ម័ក គន្ធី បង្កើតលក្ខន្តិកៈមួយចំនួនសម្រាប់ការអនុវត្តន៍គោលការណ៍ កម្លាំងសច្ចៈ ។ មនុស្សជាច្រើនមិនយល់ ឬក៏មិនយល់ស្របតាមគោលការណ៍ទាំងនេះទេ ត្បិតគិតថាវាមិនសមហេតុផល ។ ប៉ុន្តែ នៅពេលដែលយើងយល់អំពីគោលគំនិតរបស់លោក គន្ធី ដែលផ្តោតយុទ្ធនាការទៅលើការផ្លាស់ប្តូរគោលនយោបាយ ឬផ្នត់គំនិតរបស់គូបដិបក្សក៏ដូចជាមហាជន នោះយើងនឹងយល់អំពីគោលគំនិតនៃលក្ខន្តិកៈទាំងនោះ ។
ទីមួយគឺ បំពានតែច្បាប់ណាដែលអយុត្តិធម៌ និងដែលមិនបម្រើផលប្រយោជន៍សាធារណៈ ។ ទីពីរគឺ មនុស្សដែលបំពានច្បាប់ទាំងនោះ គប្បីជាឥស្សរជនសំខាន់ ត្បិតជនទាំងនោះអាចបង្ហាញអំពីជម្រៅនៃការខ្វល់ខ្វាយនិងទទួលបានការគាំទ្រខ្ពស់ពីសំណាក់មហាជន ។ គ្មាននរណាខ្វល់ខ្វាយទេប្រសិនបើច្បាប់អយុត្តិធម៌ណាមួយត្រូវបានបំពានដោយចោរហារយ ។ លក្ខន្តិកៈដទៃទៀតគឺលោកមហាត្ម័ក គន្ធី ហាមមិនឲ្យប្រើភាសាអសុរស បំផ្លាញទ្រព្យសាធារណៈ ឬក៏ធ្វើកិច្ចការដោយសម្ងាត់ ។ល។ ទង្វើទាំងនេះត្រូវបានហាមឃាត់ ដោយហេតុថាវាអាចធ្វើឲ្យបាត់បង់បសាទចិត្ត និងទំនុកចិត្តពីសំណាក់មហាជន ។
កម្លាំងសច្ចៈប្រភេទទីពីរគឺ មិនសហការ (Non-co-operation) ។ មិនសហការ គឺបដិសេធមិនធ្វើតាមបញ្ញតិរបស់គូបដិបក្សដែលយើងយល់ថាអយុត្តិធម៌ ។ រូបភាពនៃទង្វើនេះមានជាអាទ៍៖ បាតុកម្ម ពហិកាទំនិញ និង មិនបង់ពន្ធដារជាដើម ។ ជាការពិតណាស់ មិនសហការ និង បំពានច្បាប់ដោយក្តីគោរព មានលំនាំស្រដៀងគ្នា ។ ករណីទីពីរនេះក៏ដូចគ្នាដែរគឺថា អ្នកតស៊ូដើម្បីយុត្តិធម៌ប្រឈមនិងការវាយដំច្រំធាក់ ការចាប់ដាក់គុក និងការរឹបអូសយកទ្រព្យជាដើម ។ ពលិកម្មទាំងអស់នេះគឺដើម្បីបង្កឲ្យមានការផ្លាស់ប្តូរឥរិយាបថនិងគោលនយោបាយ ។ គួរកត់សម្គាល់ដែរថា មិនសហការ មានឋាមពលពិសេសរបស់វា ត្បិតសកម្មភាពនេះមិនពឹងផ្អែកទៅលើការផ្លាស់ប្តូរឥរិយាបថរបស់មហាជនឬអាជ្ញាធរទាំងស្រុងទេ ។ អំណាចសំខាន់របស់យុត្តិសាស្ត្រ មិនសហការ គឺពឹងផ្អែកលើមនៈសិការរបស់អ្នកតស៊ូខ្លួនឯង ។ ឧទាហរណ៍ អំណាចរបស់ជនផ្តាច់ការគឺពឹងផ្អែកទាំងស្រុងទៅលើការខ្លបខ្លាចរបស់ពលរដ្ឋ ។ ជនផ្តាច់ការអាចគំរាមកំហែងពលរដ្ឋជាមួយនឹងការចាប់ដាក់គុក ឬក៏យកកាំភ្លើងមកភ្ជង់ឲ្យពលរដ្ឋគោរពខ្លួន ។ ប៉ុន្តែ តុល្យភាពនៃអំណាចគឹស្ថិតនៅលើការខ្លបខ្លាច មិនមែនស្ថិតនៅលើ គុក ឬកាណុងកាំភ្លើងទេ ។ តើមានអ្វីកើតឡើងនៅពេលដែលពលរដ្ឋចាប់ផ្តើមប្រកាសថា៖ "យើងមិនខ្លាចគុក យើងសុខចិត្តស្លាប់ យើងឈប់គោរពកោតខ្លាចអំណាចរបស់ជនផ្តាច់ការទៀតហើយ!" ។ នៅពេលករណីនេះកើតឡើង ជនផ្តាច់ការនឹងបាត់បង់អំណាច ។ ជនផ្តាច់ការអាចស្រែកគំរាម ឬក៏កាប់សម្លាប់ពលរដ្ឋ ។ ក៏ប៉ុន្តែ ប្រសិនបើពសរដ្ឋតស៊ូដោយប្តូរផ្តាច់ អំណាចផ្តាច់ការនឹងរលំរលាយ ។ លោកមហាត្ម័ក គន្ធី ថ្លែងថា៖ "ខ្ញុំជឿជាក់ថា រដ្ឋាភិបាលផ្តាច់ការអាចរស់រានបានតែមួយដង្ហើមចង្រឹតទេ បើគ្មានការសហការពីមហាជន ដោយស្ម័គ្រចិត្តក្តី ដោយបង្ខិតបង្ខំក្តី ។ ហើយប្រសិនបើពលរដ្ឋ បញ្ឈប់ការគាំទ្រនិងសហការព្រមៗគ្នា រដ្ឋាភិបាលផ្តាច់ការនឹងអស់លក្ខណ៍" ។
ខាងលើនេះ ជាទស្សនរបស់លោកមហាត្ម័ក គន្ធី ស្តីអំពីអំណាច ។ អំណាចបាតដៃទទេរបស់គាត់ ។ វាជារឿងមួយពិបាកនឹងជឿពេកណាស់ សម្រាប់មនុស្សមួយចំនួនដែលធ្លាប់តែឃើញអំណាចកើតចេញមកអំពីកាណុងកាំភ្លើង ។ មនុស្សប្រភេទនេះ មិនឲ្យតម្លៃការតស៊ូអហឹង្សា ឬកម្លាំងសច្ចៈទេ ។ ពួកគេចាត់ទុកទស្សនលោកមហាត្ម័ក គន្ធី ថា មិនអាចអនុវត្តកើត ឬគ្មានប្រសិទ្ធភាព ៕
What Is Satyagraha ?
Gandhi called his overall method of non-violent action Satyagraha. This translates roughly as "Truth-force." A fuller rendering, though, would be "the force that is generated through adherence to Truth."
Nowadays, it's usually called non-violence. But for Gandhi, non-violence was the word for a different, broader concept-namely, "a way of life based on love and compassion." In Gandhi's terminology, Satyagraha-Truth-force-was an outgrowth of nonviolence.
It may also help to keep in mind that the terms Satyagraha and nonviolent action, though often used one for the other, don't actually refer to the exact same thing. Satyagraha is really one special form of nonviolent action-Gandhi's own version of it. Much of what's called non-violent action wouldn't qualify as Satyagraha. But we'll come back to that later.
Gandhi practiced two types of Satyagraha in his mass campaigns. The first was civil disobedience, which entailed breaking a law and courting arrest. When we today hear this term, our minds tend to stress the "disobedience" part of it. But for Gandhi, "civil" was just as important. He used "civil" here not just in its meaning of "relating to citizenship and government" but also in its meaning of "civilized" or "polite." And that's exactly what Gandhi strove for.
We also tend to lay stress differently than Gandhi on the phases of civil disobedience. We tend to think breaking the law is the core of it. But to Gandhi, the core of it was going to prison. Breaking the law was mostly just a way to get there.
Now, why was that? Was Gandhi trying to fill the jails? Overwhelm and embarrass his captors? Make them "give in" through force of numbers?
Not at all. He just wanted to make a statement. He wanted to say, "I care so deeply about this matter that I'm willing to take on the legal penalties, to sit in this prison cell, to sacrifice my freedom, in order to show you how deeply I care. Because when you see the depth of my concern, and how 'civil' I am in going about this, you're bound to change your mind about me, to abandon your rigid, unjust position, and to let me help you see the truth of my cause."
In other words, Gandhi's method aimed to win not by overwhelming but by converting his opponent - or as the Gandhian say, by bringing about a "change of heart."
Now, to many people, that sounds pretty naive. Well, I'll let you in on a secret. It was naive. The belief that civil disobedience succeeded by converting the opponent happened to be a myth held by Gandhi himself. And it's shared by most of his admirers, who take his word for it without bothering to check it out.
As far as I can tell, no civil disobedience campaign of Gandhi's ever succeeded chiefly through a change of heart in his opponents.
But this doesn't mean civil disobedience didn't work. As a matter of fact, it did work. The only thing off-kilter was Gandhi's explanation of how and why it worked.
Let me give a general description of what seems really to have happened when Gandhi and his followers committed civil disobedience:
Gandhi and followers break a law-politely. Public leader has them arrested, tried, put in prison. Gandhi and followers cheerfully accept it all. Members of the public are impressed by the protest, public sympathy is aroused for the protesters and their cause. Members of the public put pressure on public leader to negotiate with Gandhi. As cycles of civil disobedience recur, public pressure grows stronger. Finally, public leader gives in to pressure from his constituency, negotiates with Gandhi.
That's the general outline. Notice that there is a "change of heart," but it's more in the public than in the opponent. And notice too that there's an element of coercion, though it's indirect, coming from the public, rather than directly from Gandhi's camp.
Some campaigns of Gandhi's show a variation on this model. Sometimes Gandhi's opponents had superiors who wound up pressuring them or even ordering them to negotiate with Gandhi. These superiors might have been influenced by Gandhi's campaign, or by pressure from their own public-for instance, when British citizens pressured government leaders in Britain to intervene in affairs of their colonial government in India.
But the basic principle was the same: Gandhi's most decisive influence on his opponents was more indirect than direct.
Gandhi set out a number of rules for the practice of civil disobedience. These rules often baffle his critics, and often even his admirers set them aside as nonessential. But once you understand that civil disobedience, for Gandhi, was aimed at working a change of heart-whether in the opponent or the public - then it's easy to make sense of them.
One rule was that only specific, unjust laws were to be broken. Civil disobedience didn't mean flouting all law.
In fact, Gandhi said that only people with a high regard for the law were qualified for civil disobedience. Only action by such people could convey the depth of their concern and win respect. No one thinks much of it when the law is broken by those who care nothing for it anyway.
Other rules: Gandhi ruled out direct coercion, such as trying to physically block someone. Hostile language was banned. Destroying property was forbidden. Not even secrecy was allowed.
All these were ruled out because any of them would undercut the empathy and trust Gandhi was trying to build, and would hinder that "change of heart."
The second form of mass Satyagraha was non-co-operation.
This is just what it sounds like. Non-co-operation meant refusing to co-operate with the opponent, refusing to submit to the injustice being fought. It took such forms as strikes, economic boycotts, and tax refusals.
Of course, non-co-operation and civil disobedience overlapped. Non-co-operation too was to be carried out in a "civil" manner. Here too, Gandhi's followers had to cheerfully face beating, imprisonment, confiscation of their property-and it was hoped that this willing suffering would cause a "change of heart."
But non-co-operation also had a dynamic of its own, a dynamic that didn't at all depend on converting the opponent or even molding public opinion. It was a dynamic based not on appeals but on the power of the people themselves.
Gandhi saw that the power of any tyrant depends entirely on people being willing to obey. The tyrant may get people to obey by threatening to throw them in prison, or by holding guns to their heads. But the power still resides in the obedience, not in the prison or the guns.
Now, what happens if those people begin to say, "We're not afraid of prison. We're even willing to die. But we're not willing to obey you any longer."
It's very simple. The tyrant has no power. He may rant and scream and hurt and destroy-but if the people hold to it, he's finished.
Gandhi said, "I believe that no government can exist for a single moment without the co-operation of the people, willing or forced, and if people suddenly withdraw their co-operation in every detail, the government will come to a standstill."
That was Gandhi's concept of power-the one he's accused of not having. It's a hard one to grasp, for those used to seeing power in the barrel of a gun. Their filters do not pass it. And so they call Gandhi idealistic, impractical.
Source: Mahatma Gandhi and His Myths- By Mark Shepard
Tuesday, September 24, 2019
នយោបាយ
មួយចានទឹក មួយចានគោក (Zero-Sum Game)
បន្ទាប់ពីសមាជិកគណបក្សសង្គ្រោះជាតិដែលនិរទេសខ្លួននៅក្រៅប្រទេសប្រកាសថា៖ ពួកគេនឹងវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ ឬក៏យើងអាចនិយាយមួយបែបផ្សេងទៀតថា៖ ស្តារជីវិតនយោបាយរបស់ខ្លួនឡើងវិញនៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ពលរដ្ឋខ្មែរជាច្រើនហាក់ដូចជាមានចំណាប់អារម្មណ៍ទៅនឹងព្រឹត្តិការណ៍ដែលមិនទាន់កើតមាននេះសម្បើមណាស់ ។ សំណួរមួយដែលពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសលើកយកមកសួរគ្នាគឺថា៖ តើព្រឹត្តិការណ៍វិលវិញរបស់ថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិនៅ ថ្ងៃទី ៩វិច្ឆិកា នឹងអាចកើតឡើង ឬមិនអាច??? គ្មានអ្នកណាអាចដឹងឲ្យប្រាកដបានឡើយ ត្បិតព្រឹត្តិការណ៍នេះវាកំពុងស្ថិតនៅក្នុង អ័ព្ទនៃសង្គ្រាម ។ អ្វីដែលកំពុងស្តែងចេញមកគឺការ វាយស្មៅបង្អើលពស់ ដែលគណបក្សសង្គ្រោះជាតិកំពុងធ្វើដើម្បីស្ទាបស្ទង់ស្វែងយល់អំពីប្រតិកម្មពីសំណាក់ មិត្ត និងបច្ចាមិត្ត ។
មួយចានទឹក មួយចានគោក នៅក្នុងវិស័យនយោបាយមិនសូវកើតមានទេ ព្រោះវាបង្កឲ្យមានមហន្តរាយធំធេងណាស់ ជាពិសេសសម្រាប់បុគ្គលដែលពាក់ព័ន្ធ ។ អ្នកនយោបាយភាគច្រើនមិនលេងល្បែងនេះដល់ទីបញ្ចប់ទេដើម្បីជៀសវាងការបំផ្លាញខ្លួនឯង ។ ក៏ប៉ុន្តែ ផលវិបាកនេះមិនប្រាកដថាអាចរុញច្រានអ្នកនយោបាយឲ្យចេញផុតអំពីមោហ៍បាំងបានដែរ ។ អ្នកនយោបាយខ្លះឆ្កួតនឹងរឿងយកឈ្នះរហូតដល់វិនាសខ្លួនឯងនិងមនុស្សពាក់ព័ន្ធជាច្រើននាក់ទៀតផង ។ គួរកត់សម្គាល់ដែរថា នៅក្នុងល្បែង មួយចានទឹក មួយចានគោក គ្មានទេភាគីឈ្នះ ។ គូប្រយុទ្ធទាំងសងខាងប្រឈមនឹងការចាញ់ដូចគ្នា គ្រាន់តែថាការចាញ់នោះវានាំទុក្ខកំរិតណាដល់ប្រទេសជាតិ ។ ឯទំហំនៃការចាញ់នោះក៏គេមិនយកលុយកាក់មកធ្វើជាខ្នាតរង្វាស់ដែរ គឺវាស់ដោយតំណក់ឈាម ទឹកភ្នែក និងអាយុជីវិត ។
កាលពីដើមទសវត្សឆ្នាំ ១៩៦០ ល្បែង មួយចានទឹក មួយចានគោក នេះត្រូវបានសហរដ្ឋអាមេរិកនិងសហភាពសូវៀតដែលជាមហាអំណាចបរមាណូយកមកប្រឡែងគ្នាម្តងនៅលើកោះ គុយបា ។ គ្រានោះ ប្រទេសគុយបា ដែលជាសម្ព័ន្ធមិត្តរបស់សូវៀត បានអនុញាតិឲ្យអតីតសហភាពសូវៀតតំឡើងកាំជ្រូចបរមាណូនៅលើទឹកដីខ្លួនដើម្បីទប់ទល់ជាមួយនឹងមហិច្ឆេតារបស់អាមេរិក ។ សហរដ្ឋអាមេរិកដែលស្ថិតនៅជិតបង្កើយនឹងប្រទេសគុយបា មិនអនុញាតិឲ្យសហភាពសូវៀតយកកាំជ្រួចបរមាណូមកដាក់នៅលើកោះគុយបាជាដាច់ខាត ។ ដូច្នេះ វិបត្តិបរមាណូនៅគុយបាក៏បានកើតឡើង ដោយសារសហរដ្ឋអាមេរិកដាក់ពង្រាយនាវាចំបាំងព័ទ្ធជំវិញ (Blockade) កោះគុយបា ។ ទោះជាយ៉ាងណាក៏ដោយ សហភាពសូវៀតមិនបានបញ្ឈប់មហិច្ឆេតាដាក់កាំជ្រួចបរមាណូនៅលើកោះគុយបាឡើយ ។ នៅពេលដែលនាវាដឹកកាំជ្រួចបរមាណូរបស់សហភាពសូវៀតធ្វើដំណើរមកជិតដល់កោះគុយបា ប្រធានាធិបតីនៃសហរដ្ឋអាមេរិក លោក ចន កេណឺឌី បានវាយទូរសព្ទទៅប្រាប់លោក នីគីតា គ្រូស្សចូវ ដែលជាអគ្គលេខាបក្សកុម្មុយនីស្តសូវៀតថា៖ លោកនិងខ្ញុំកំពុងទាញកន្ទុយខ្សែម្ខាងម្នាក់ដែលមានកំនួចនៅចំកណ្តាល ។ បើយើងបន្តទាញខ្សែនេះរឹតតែខ្លាំង កំនួចនៃខ្សែនេះប្រាកដជាមិនអាចស្រាយរួចឡើយ ។ នៅទីបំផុត សហភាពសូវៀតក៏យល់ព្រមបោះបង់មហិច្ឆេតាដាក់កាំជ្រួចបរមាណូនៅលើកោះគុយបា ដោយហេតុថាសង្គ្រាមបរមាណូជាមួយនឹងសហរដ្ឋអាមេរិកមិនមានភាគីណាអាចទទួលជោគជ័យឡើយ ។
នៅដើមទសវត្សឆ្នាំ ១៩៨០ ល្បែង មួយចានទឹក មួយចានគោក នេះបានកើតឡើងម្តងទៀតនៅក្នុងប្រទេស ហ្វីលីពីន ។ គ្រានោះ លោក បេនីតូ អាគីណូ ដែលជាមេដឹកនាំគណបក្សប្រឆាំងនៅក្នុងប្រទេសហ្វីលីពីន បានធ្វើមាតុភូមិនិវត្តន៍ស្រដៀងគ្នានឹងអ្វីដែលលោក សម រង្សី និងក្រុមបក្សពួកគ្រោងធ្វើនៅថ្ងៃទី ៩ ខែវិច្ឆិកានេះដែរ ។ នៅពេលដែលលោកចូលមកដល់ប្រទេសហ្វីលីពីន លោក អាគីណូ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងព្រលានយន្តហោះ ហើយខ្មាន់កាំភ្លើងនោះក៏ត្រូវបានប៉ូលីសបាញ់សម្លាប់បន្តទៅទៀត ។ បន្ទាប់ពីព្រឹត្តិការណ៍បាញ់សម្លាប់នោះ ពលរដ្ឋហ្វីលីពីន បានងើបបះបោរប្រឆាំងនឹងរដ្ឋាភិបាលលោក ហ្វឺឌីណង់ ម៉ាកូស ហើយចោទលោកម៉ាកូសថានៅពីក្រោយឃាដកម្មនោះ ។ នៅទីបំផុត លោកម៉ាកូសក៏នាំប្រពន្ធកូនរត់ប្រាសអាយុទៅជ្រកកោននៅកោះ ហាវ៉ៃ សហរដ្ឋអាមេរិក ។
បច្ចុប្បន្ន ប្រទេសកម្ពុជាហាក់ដូចជាកំពុងប្រឈមជាមួយនឹងល្បែង មួយចានទឹក មួយចានគោក នេះដែរ ។ គេមិនដឹងថា លោក សម រង្សី និង លោក ហ៊ុន សែន ដែលជាតួអង្គពីររូបនៅក្នុងការប្រយុទ្ធនេះ នឹងដោះស្រាយបញ្ហាដោយវិធីណាទេ ។ ពួកគាត់នៅសល់ពេលជាងមួយខែទៀតសម្រាប់ស្វែងរកដំណោះស្រាយ ។ ផ្អែកលើភាពធ្ងន់ធ្ងរនៃហានិភ័យ (Severity of Risks) ល្បែងនេះប្រហែលជាមិនឈានទៅដល់ការប្រយុទ្ធគ្នាទេ ។ ខ្ញុំមិនភ្ញាក់ផ្អើលឡើយ ប្រសិនបើនៅមុនថ្ងៃទី ៩ខែវិច្ឆការចូលមកដល់ តំណាងនៃបុគ្គលទាំងពីរ ឬបុគ្គលទាំងពីររូបចួបគ្នាដោយសម្ងាត់នៅទីណាមួយ ហើយចេញមកប្រកាសថា៖ ដើម្បីសន្តិភាព ផ្សះផ្សារជាតិ និងឯកភាពជាតិ យើងនឹងមិនបណ្តោយឲ្យទំនាស់រវាងខ្មែរនិងខ្មែរ បំផ្លាញជាតិខ្មែរទេ ។ តែប៉ុននេះ ពលរដ្ឋខ្មែរគ្រប់និន្នាការនយោបាយនឹងទះដៃសាទរបំភ្លេចចោលអស់នូវទុក្ខទោសទាំងអម្បាលម៉ាន ។ របាំរាំវង់នយោបាយនឹងត្រូវសម្រាកមួយភ្លេតនៅត្រឹមនេះ រួចហើយគេក៏ឲ្យអ្នកភ្លេងប្រគុំភ្លេងដើម្បីបើកឆាករាំវង់បទថ្មីមួយទៀត ៕
Wednesday, September 18, 2019
ចំណីខួរក្បាល
ខុស និង ត្រូវ
កាលពីជាង ២០ឆ្នាំមុន ខ្ញុំនឹងម្តាយខ្ញុំធ្លាប់មានទំនាស់ទស្សនៈដ៏ស្រួចស្រាល់មួយ ។ ទំនាស់នោះគឺពាក់ព័ន្ធនឹងទង្វើដែលមិនត្រឹមត្រូវ (នៅក្នុងគំនិតខ្ញុំ) ។ ម្តាយខ្ញុំបានសុំឲ្យខ្ញុំទៅរៀបការលើក្រដាសជាមួយនឹងក្មួយស្រីខ្ញុំនៅស្រុកខ្មែរ ដើម្បីអាចធានាយកនាងមករស់នៅសហរដ្ឋអាមេរិក ។ ខ្ញុំបានបដិសេធសំណើរគាត់ម្តងហើយម្តងទៀត ។ ប៉ុន្តែម្តាយខ្ញុំនៅតែព្យាយាមអង្វរកខ្ញុំជាច្រើនលើកច្រើនសា ។ ដោយធុញនឹងការព្យាយាមរបស់ម្តាយខ្ញុំខ្លាំងពេក ខ្ញុំបានរកឱកាសនិយាយជាមួយនឹងគាត់មួយទល់នឹងមួយដោយមិនឲ្យអ្នកណាម្នាក់ដឹងឮឡើយ ។ ខ្ញុំនិយាយមួយៗប្រកបដោយទឹកមុខមាំទៅកាន់ម្តាយខ្ញុំថា៖ ពេលម៉ែឲ្យខ្ញុំទៅរៀនតាំងតែពីតូចរហូតដល់ពេលនេះ គោលបំណងដ៏ធំបំផុតរបស់ម៉ែគឺចង់ឲ្យខ្ញុំស្គាល់ ខុស និង ត្រូវ ។ ទង្វើដែលម៉ែព្យាយាមឲ្យខ្ញុំធ្វើជាទង្វើខុស ។ ម៉ែក៏ដឹងខ្ញុំក៏ដឹង ។ បើយើងទាំងពីរនាក់ដឹងថាខុសដែរ ហេតុអ្វីក៏ម៉ែនៅតែបង្ខំខ្ញុំឲ្យប្រព្រឹត្តទង្វើនេះទៀត!! ម្តាយខ្ញុំមិននិយាយស្តីអ្វីឡើយ ។ ហើយគាត់ក៏ឈប់ជម្រុញខ្ញុំឲ្យរៀបការលើក្រដាសជាមួយនឹងក្មួយស្រីខ្ញុំដែរ ។
បន្ទាប់ពីទទួលការរិះគន់របស់ខ្ញុំ ម្តាយខ្ញុំហាក់ដូចជាផ្លាស់ប្តូរឥរិយាបថនៅក្នុងទំនាក់ទំនងជាមួយនឹងខ្ញុំ ។ គាត់មិនសូវនិយាយរកខ្ញុំទេ ប៉ុន្តែហាក់ដូចជាមានភាពជឿជាក់និងមោទកភាពលើខ្ញុំច្រើនជាងមុន ។ ម្តាយខ្ញុំតែងតែយករឿងរ៉ាវនិងបញ្ហាសំខាន់ៗជាច្រើនមកពិគ្រោះយោបល់ជាមួយខ្ញុំមុននឹងសម្រេចថាតើត្រូវធ្វើដូចម្តេច ។ ខ្ញុំមិនដឹងថាតើមានកត្តាអ្វីដែលជម្រុញឲ្យម្តាយមួយរូបដែលត្រូវបានកូនរិះគន់និងបដិសេធន៍មិនព្រមដើរតាមគំនិតរបស់ខ្លួនហើយ នៅមានចិត្តចង់ពិគ្រោះយោបល់ជាមួយនឹងកូននោះទៀត ។ វាប្រហែលជាស្ថិតនៅលើជម្លោះរបស់យើងដែលពាក់ព័ន្ធនឹងពាក្យ ខុស និង ត្រូវ នេះឯង ។
ខុស និង ត្រូវ ជាពាក្យ ឬគំនិតសាមញ្ញនិងងាយយល់ជាទីបំផុត ។ ប៉ុន្តែ នៅពេលដែលយើងយកវាមកអនុវត្តនៅក្នុងជីវិតជាក់ស្តែង វាបានក្លាយទៅជាប្រធានបទមួយដែលចាក់ដោតឆ្កិះឆ្កៀលសតិសម្បជញ្ញៈរបស់មនុស្សជាច្រើនឥតឈប់ឈរ ។ នៅក្នុងសង្គមខ្មែរសព្វថ្ងៃ យើងអាចនិយាយឲ្យខ្លីថាជាសង្គមមួយដែលពុករលួយ ។ ពុករលួយនៅទីនេះគឺយើងសំដៅដល់ការបាត់បង់សុភាវធម៌ផងដែរ (Moral Corruption) ។ នៅពេលដែលយើងរស់នៅក្នុងសង្គមប្រភេទនេះ ខុសនិងត្រូវ ត្រូវបានក្លាយទៅជាទស្សនៈ រឺឡាទីហ្វ (Relative Concept) ដែលគ្មានតម្លៃនិងខ្លឹមសារជាក់លាក់ឡើយ ។ វាប្រៀបដូចជាពាក្យអងគ្លេសមួយឃ្លាដែលនិយាយថា៖ Beauty is in the eye of the beholder (ឃ្លានឆ្ងាញ់ ស្រឡាញ់ល្អ) ។
សុភាវធម៌និងសង្គមខ្មែរបច្ចុប្បន្នគឺជាប្រធានបទដ៏រសើបមួយនៅក្នុងការពិភាក្សារក ខុស និង ត្រូវ ។ វាមិនខុសអំពីរឿងខ្ញុំនិងម្តាយខ្ញុំឡើយ ។ សំណួរតែមួយគត់ដែលយើងត្រូវរកចម្លើយគឺថា៖ តើអ្នកណាជាអ្នកសម្រេចថាទង្វើណាខុស និងទង្វើណាត្រូវ ។ សម្រាប់អ្នកដែលមិនចង់ប្រឈមនឹងភាពឈឺចាប់ ចម្លើយដ៏សមរម្យមួយគឺ៖ គប្បីទុករឿងនេះឲ្យបុគ្គលម្នាក់ៗជាអ្នកសម្រេច ។ ក៏ប៉ុន្តែ បុគ្គលទាំងអស់ (រាប់បញ្ចូលទាំងរូបខ្ញុំផង) ស្ថិតនៅក្រោមឥទ្ធិពលនៃតម្រូវការផ្ទាល់ខ្លួននិងគ្រួសារខ្លួន (Self-Interests) ។ គឺតម្រូវការផ្ទាល់ខ្លួននេះហើយដែលជម្រុញឲ្យបុគ្គលប្រព្រឹត្តិទង្វើនានារាប់បញ្ចូលទាំងទង្វើដែលខ្លួនដឹងដោយឥតមន្ទិលថា ខុស ផងដែរ ។
កាលពីជិតមួយទសវត្សកន្លងទៅ ខ្ញុំបានប្រឈមជាមួយនឹងបញ្ហា ខុស និង ត្រូវ ស្រដៀងគ្នានឹងរឿងដែលធ្វើឲ្យខ្ញុំនិងម្តាយខ្ញុំមានទំនាស់ទស្សនៈនឹងគ្នាដែរ ។ ប៉ុន្តែ គ្រានេះម្តាយខ្ញុំបានលាចាកលោកទៅហើយ ។ គាត់មិនមានវត្តមានសម្រាប់ឲ្យខ្ញុំយកបញ្ហានេះទៅពិគ្រោះជាមួយនឹងគាត់ទេ ។ រីឯអ្នកដែលបង្កឲ្យមាននិងត្រូវដោះស្រាយបញ្ហាគឺខ្ញុំខ្លួនឯង ។ បញ្ហា ខុស និង ត្រូវ ដែលខ្ញុំត្រូវដោះស្រាយនាគ្រានេះគឺការរៀបអាពាហ៍ពិពាហ៍រវាងអនិកជនខ្មែរនៅបរទេសនិងនារីខ្មែរនៅកម្ពុជា ។ ក្នុងនាមជាអនិកជនខ្មែរដែលរស់នៅបរទេស អជ្ញាធរខ្មែរតម្រូវឲ្យខ្ញុំបំពេញបែបបទជាច្រើនដើម្បីទទួលបានការអនុញាតរៀបការជាមួយនឹងនារីខ្មែរ ។ គូដណ្តឹងខ្ញុំជាមនុស្សមួយរូបដែលមានបទពិសោធជាក់លាក់ជាមួយនឹងប្រព័ន្ធការិយាធិបតេយ្យនៅស្រុកខ្មែរ ។ នាងបានគូសបញ្ជាក់ប្រាប់ខ្ញុំអំពីដំណាក់កាលនានាដែលយើងត្រូវឆ្លងកាត់មុននឹងអាចរៀបអាពាហ៍ពិពាហ៍បាន ។ វាមានភាពស្មុគស្មាញនិងប្រទាក់ក្រឡាគ្នាដូចមងជំពាក់ ។ នៅចុងបញ្ចប់គូដណ្តឹងខ្ញុំប្រាប់ខ្ញុំថា ដើម្បីទទួលបានលិខិតអនុញាតចេញពីគ្រប់ក្រសួងពាក់ព័ន្ធ យើងត្រូវបង់ប្រាក់ទាំងក្នុងផ្លូវការនិងក្រៅផ្លូវការចំនួន ១២០០ដុល្លារ ។ យើងមានជម្រើសពីរ៖ ទីមួយគឺយកប្រាក់ ១២០០ដុល្លារទៅឲ្យមន្ត្រីមួយរូបនៅក្នុងក្រសួងមហាផ្ទៃឲ្យជួយសម្រួលកិច្ចការមួយចំនួនធំ ។ ទីពីរគឺយើងបង់ប្រាក់តាមក្រសួងនិមួយៗដោយខ្លួនឯង ។ ជម្រើសទីមួយគឺជាជម្រើសដ៏ល្អនិងមានប្រសិទ្ធិភាពជាងគេ ។ សម្រាប់ខ្ញុំជម្រើសមួយណាក៏មិនល្អដែរ ព្រោះការបង់ប្រាក់ក្រៅផ្លូវការ ឬប្រព្រឹត្តិអំពើពុករលួយពាក់ព័ន្ធនឹងរឿង ខុស និង ត្រូវ ដែលខ្ញុំធ្លាប់ទាស់ជាមួយនឹងម្តាយខ្ញុំកាលពីអតីតកាល ។ លទ្ធផលនៃទំនាស់នេះបានធ្វើឲ្យម្តាយខ្ញុំមានមោទនភាពលើភាពរឹងបុឹងរបស់ខ្ញុំយ៉ាងខ្លាំង ។ ប៉ុន្តែ ពេលនេះ ភាពរឹងបុឹងរបស់ខ្ញុំកំពុងប្រឈមនឹងវិបត្តិដ៏ឃោរឃៅមួយ ។ ខ្ញុំចំណាយពេលពិភាក្សាជាមួយគូដណ្តឹងខ្ញុំជាច្រើនម៉ោងដើម្បីស្វែងរកមធ្យោបាយជៀសវាងការបង់លុយក្រៅផ្លូវការ ឬប្រព្រឹត្តិអំពើពុករលួយ ។ គូដណ្តឹងខ្ញុំ ប្រាប់ខ្ញុំយ៉ាងខ្លីហើយច្បាស់លាស់ជាទីបំផុតថា រឿងបង់លុយក្រៅផ្លូវការឲ្យមន្ត្រីខ្មែរដើម្បីធ្វើឯកសារផ្សេងៗគឺជៀសមិនរួចឡើយ លើកលែងតែយើងមិនធ្វើ ។ ពេលនោះ ខ្ញុំនឹកឃើញមធ្យោបាយមួយ ដែលអាចលុបលាងទោសកំហុសសម្បជញ្ញៈខ្ញុំបានខ្លះនិងអាចជួយបំបាត់អំពើពុករលួយនៅស្រុកខ្មែរខ្លះផង ។ គំនិតខ្ញុំគឺសុខចិត្តបង់ប្រាក់ឲ្យមន្ត្រីពុករលួយ រួចហើយយកឈ្មោះមន្ត្រីនោះទៅប្តឹងនៅអង្គភាពប្រឆាំងអំពើពុករលួយ ។ គូដណ្តឹងខ្ញុំដាស់តឿនខ្ញុំថា ច្បាប់ប្រឆាំងអំពើពុករលួយរបស់ខ្មែរគឺតម្រូវឲ្យអ្នកប្រព្រឹត្តិអំពើពុករលួយ (ទាំងអ្នកសូកទាំងអ្នកទទួលសំណូក) ជាប់គុកទាំងអស់គ្នា ។ ខ្ញុំត្រូវគិតឲ្យបានល្អិតល្អន់ថា មន្ត្រីដែលប្រព្រឹត្តិអំពើពុករលួយភាគច្រើនជាសាច់ញាតិរបស់ថ្នាក់ដឹកនាំជាតិ ។ គេមានមធ្យោបាយដោះស្រាយរំដោះគ្នាគេឲ្យនៅក្រៅឃុំ ។ ចំណែកអ្នកដែលត្រូវជាប់ឃុំ គឺអ្នកសូក ។ ខ្ញុំលួចជេរច្បាប់ប្រឆាំងអំពើពុករលួយក្នុងពោះ ព្រោះធាតុពិតនៃច្បាប់នេះគឺ ការពារអំពើពុករលួយ ។
ប្រឈមមុខនឹងឧបស័គ្គដ៏គួរឲ្យស្អប់ខ្ពើមនេះ ខ្ញុំសម្រេចចិត្តធ្វើតាមការណែនាំរបស់គូដណ្តឹងខ្ញុំ ដោយមិនប្រាប់នាងអំពីផលវិបាកនៅក្នុងសតិសម្បជញ្ញៈខ្ញុំឡើយ ។ ការិយាល័យទីមួយដែលខ្ញុំឆ្លងកាត់គឺ ស្ថានទូតអាមេរិក ។ នៅទីនោះ គេតម្រូវឲ្យខ្ញុំបង់ប្រាក់ ១០០ដុល្លារសម្រាប់ការប្រថាប់ត្រាលើឯកសារ (Notarization) ។ កិច្ចការស្រដៀងគ្នានោះ នៅតាមធនាគារនានានៅសហរដ្ឋអាមេរិកគេធ្វើឲ្យយើងដោយមិនចាំបាច់បង់ប្រាក់ទេ ប្រសិនបើយើងមានលេខកុងជាមួយនឹងធនាគារ ។ បន្ទាប់មក យើងទៅជួបមន្ត្រីមួយរូបនៅក្រសួងមហាផ្ទៃ ។ ខ្ញុំអង្គុយធ្មឹងដូចរូបចម្លាក់នៅពេលដែលគូដណ្តឹងខ្ញុំហុចស្រោមសំបុត្រដែលមានប្រាក់ ១២០០ដុល្លារទៅឲ្យមន្ត្រីនោះ ។ មន្ត្រីនោះ មិនបើកស្រោមសំបុត្រមើលឬក៏រាប់លុយនៅក្នុងនោះទេ ព្រោះគាត់ដឹងថាបើលុយមិនគ្រប់ យើងក៏គ្មានវាសនានឹងទទួលបានឯកសារដែលយើងត្រូវការនោះដែរ ។ ចេញពីក្រសួងមហាផ្ទៃ យើងទៅធ្វើឯកសារនៅក្រសួងការបរទេស ។ នៅទីនោះមន្ត្រីត្រួតពិនិត្យឯកសារទារប្រាក់អំពីយើង ២០០ដុល្លារថែមទៀត ។ គូដណ្តឹងខ្ញុំបានវាយទូរសព្ទទៅមន្ត្រីដែលយកលុយអំពីយើងនៅក្រសួងមហាផ្ទៃដើម្បីឲ្យពួកគេជជែកគ្នាអំពីរឿងលុកកាក់នេះដោយផ្ទាល់ ។ ពួកគេសម្របសម្រួលគ្នាដោយគ្មានរអាក់រអួល ។ បន្ទាប់មក យើងត្រូវទៅកាន់ក្រសួងអន្តោប្រវេសន៍ដើម្បីសុំ ឬក៏ឲ្យគេពិនិត្យឯកសារមួយចំនួនទៀត ។ នៅទីនោះ យើងត្រូវឆ្លងកាត់ការត្រួតពិនិត្យបីឬបួនដំណាក់ ។ នៅតាមដំណាក់និមួយៗ យើត្រូវបង់ប្រាក់ឲ្យអ្នកត្រួតពិនិត្យ ពី ៥ ទៅ ១០ដុល្លារ ។ ក្រៅអំពីការបង់ប្រាក់នៅមន្ទីរក្រសួងថ្នាក់ជាតិនោះ ក៏នៅមានការបង់ប្រាក់ទៅឲ្យមន្ត្រីថ្នាក់មូលដ្ឋានផងដែរ ។ និយាយរួម ការបង់ប្រាក់ក្រៅផ្លូវការ ឬអំពើពុករលួយនៅស្រុកខ្មែរវាហាក់ដូចជាទំនៀមទម្លាប់មួយដែលមនុស្សស្ទើរគ្រប់រូបប្រព្រឹត្តិជាទូទៅ ។
បន្ទាប់ពីរៀបការហើយ ខ្ញុំធ្វើដំណើរទៅកាន់វត្ត ដីដុះ ហើយចូលទៅដុតធូបលុតជង្គង់សុំខមាទោសម្តាយខ្ញុំនៅមុខចេតីយ៍ផ្នូររបស់គាត់ដោយស្ងៀមស្ងាត់ ។ វាជារឿងដ៏ឈឺចាប់ជាទីបំផុតនៅពេលដែលយើងយកមោទនភាពរបស់ម៉ែឪទៅជាន់ឈ្លីទោះបីជាទង្វើនោះធ្វើឡើងដោយបង្ខំចិត្តក៏ដោយ ។ អ្វីដែលធ្វើឲ្យខ្ញុំរឹតតែឈឺចាប់ទ្វេរដង គឺប្រការដែលខ្ញុំមិនអាចស្អប់អំពើពុករលួយ ព្រោះថា បើខ្ញុំស្អប់អំពើពុករលួយ ខ្ញុំត្រូវស្អប់ប្រទេសខ្មែរ សង្គមខ្មែរ ហើយក៏ត្រូវស្អប់ខ្លួនឯងដែលមានកំណើតជាជនជាតិខ្មែរផងដែរ ៕
Friday, September 6, 2019
រកសុី
ការងាររកសុី
កើត ចាស់ ជរា ស្លាប់ ជាការវិវត្តន៍របស់ជីវិតមនុស្សនិងសត្វ ។ នៅក្នុងដំណើរជីវិតនេះ មនុស្សខ្លះត្រូវឆ្លងកាត់ការប្រកបការងារជាច្រើនជំពូកដើម្បីគាំពារជីវិតតាំងតែពីកុមារភាពរហូតដល់ថ្ងៃអវសាន្តនៃជីវិត ។ បច្ចុប្បន្ន ជីវិតខ្ញុំបានដើរមកដល់ចំណុចមួយដែលហៅថា មជ្ឈឹមវ័យ ។ សង្កេតមើលទៅអតីតកាល ខ្ញុំស្ទើរតែមិនជឿខ្លួនឯងទេថា ខ្ញុំបានប្រកបការងារជាច្រើនដើម្បីទ្រទ្រង់និងរក្សាជីវិតរបស់ខ្ញុំ ។ ខាងក្រោមនេះជាការងារដែលខ្ញុំធ្លាប់ធ្វើមានថេរវេលាយ៉ាងហោចណាស់ក៏ប្រាំខែដែរ ចាប់តាំងពីកុមារភាពមក៖
ទសវត្សឆ្នាំ ១៩៧០
ការងាទី ១ ដែលខ្ញុំធ្លាប់ធ្វើគឺយួរកំសៀវទឹកដើរស្រោចគល់កូន ម្ទេស ត្រប់ និង ប៉េងប៉ោះ ដែលម្តាយខ្ញុំដាំនៅក្នុងចម្ការ ។ ការស្រោចកូនម្ទេស ត្រប់ និងប៉េងប៉ោះនេះ គឺខ្ញុំត្រូវប្រុងប្រយ័ត្នមិនឲ្យទឹកប៉ះត្រួយវាឡើយ ។
(នៅក្នុងជំនាន់ ប៉ុល ពត ១៩៧៥-៧៩ ក្នុងនាមជាពលករកុមារមួយរូប)
ការងារទី ២ របស់ខ្ញុំគឺ ឃ្វាលគោនិងក្របី ។
ការងារទី ៣ របស់ខ្ញុំគឺ ឡើងត្នោតដើម្បីគៀបផ្កាយកទឹង ។ បាទខ្ញុំចេះឡើងត្នោតនិងផលិតទឹកត្នោត ។ ហើយក៏ជាអ្នកផលិតទឹកត្នោតមួយរូបដ៏ចំណាប់ផងដែរ ត្បិតត្នោតខ្លះអ្នកដទៃមិនអាចផលិតទឹកបានច្រើនទេ តែខ្ញុំអាចផលិតបានច្រើន ។ ខ្ញុំរៀនបច្ចេកទេសផលិតទឹកត្នោតពីចាស់ៗក្នុងភូមិ ។ សូមបញ្ជាក់ថា ត្នោតខុសអំពីរុក្ខជាតិដទៃ ត្បិតអី វា(ត្នោត)ហាក់ដូចជាមានវិញាណ ។ ឧទាហរណ៍ ត្នោតអាចដឹងអំពីទម្ងន់នៃមនុស្សដែលឡើងគៀបនិងចិតផ្កាវាជាប្រចាំ ។ បើមានមនុស្សផ្សេងឡើងទៅចិតផ្កាវា ទឹកដែលវាធ្លាប់តែផលិតឲ្យកាចបំពង់គឹអាចទទួលបានត្រឹមតែកន្លះបំពង់តែប៉ុណ្ណោះ ។
ការងារទី ៤ របស់ខ្ញុំគឺជីកប្រឡាយ លើកភ្លឺស្រែ និង រែកដីសង់ទំនប់ទប់ស្ទឹងស្ទោងនៅម្តុំភូមិ កំពង់ចិន ។
ការងារទី ៥ គឺដកស្ទូងសំណាបនិងធាក់រហាត់បូមទឹកបញ្ចូលស្រែ (ផលិតស្រូវ) ។
ទសវត្សឆ្នាំ ១៩៨០
ការងារទី ៦ របស់ខ្ញុំគឺកសិករដាំបន្លែគ្រប់ប្រភេទ ។ នៅក្នុងជីវិតជាកសិករដាំបន្លែនេះ ខ្ញុំចេះភ្ជួររាស់យ៉ាងស្ទាត់ជំនាញ ហើយក៏អាចផលិតឧបករណ៍ដូចជា នង្គ័ល រនាស់ និងធ្លាប់ជាកូនជាងដំដែកផងដែរ ។ ក្រៅអំពីការងារស្រែចម្ការ ខ្ញុំក៏ចេះអារជ្រៀកឈើហ៊ុបធ្វើផ្ទះផងដែរ ។ បច្ចុប្បន្ន របរអារឈើហ៊ុបប្រភេទនោះលែងមានទៀតហើយ ។
ការងារទី ៧ របស់ខ្ញុំគឺគ្រូបង្រៀនភាសាអង់គ្លេសដល់កុមារតូចៗនៅក្នុងជំរំជនភៀសខ្លួន ។
ការងារទី ៨ របស់ខ្ញុំគឺធ្វើការនៅក្នុង អាសឹមប្លីឡាញ (Assembly Line) ។ គួរបញ្ជាក់ថា Assembly Line នៅទីនេះមិនមែនមន្ទីររដ្ឋសភាទេ ។ វាគឺជាខ្សែផលិតឧបករណ៍ឬម្ហូបអាហារនៅក្នុងរោងចក្រដែលមានមនុស្សចន្លោះពី ៥ ទៅ ១០នាក់អង្គុយឬឈរជាជួរដើម្បីច្រកឧបករណ៍ឬម្ហូបចំណីចូលក្នុងស្បោង ឬប្រអប់ ។
ទសវត្សឆ្នាំ ១៩៩០
ការងារទី ៩ គឺជាអ្នកប្រមូលនិងលាងចានឆ្នាំងនៅក្នុងមជ្ឈមណ្ឌល់គាំពារមនុស្សចាស់ជរា ។
ការងារទី ១០ គឺជាជំនួយការលេខានៅក្នុងមជ្ឈមណ្ឌលសិក្សាភាសានិងកំព្យូទ័រក្នុងមហាវិទ្យាល័យ ។
ការងារទី ១១ គឺជាអ្នកជៀនសាច់មាន់និងដំឡូងបារាំងនៅក្នុងហាងលក់ឥវ៉ាន់ចាប់ហួយតូចមួយ ។
ការងារទី ១២ គឺជាអ្នកលក់សំលៀកបំពាក់និងគ្រឿងឧបភោគបរិភោគនានានៅក្នុងផ្សារទំនើប ។
ការងារទី ១៣ គឺជាអ្នកយកពត៌មាននៅក្នុងសន្និសិទ ។ ការងារទី ១៣នេះ ខ្ញុំចាប់ផ្តើមតាំងតែពីឆ្នាំ ១៩៩៦ មកដល់បច្ចុប្បន្ន ។ ខ្ញុំមិនដឹងថា ជីវិតការងាររបស់ខ្ញុំនឹងត្រូវបញ្ចប់ត្រឹមការងារទី១៣នេះ ឬមួយក៏ត្រូវបន្តជាមួយនឹងការងារដទៃទៀតឡើយ ។ មានតែពេលវេលាតែប៉ុណ្ណោះ ដែលអាចដឹងបាន ៕
Subscribe to:
Posts (Atom)
ចំណីខួរក្បាល
កិច្ចព្រមព្រៀង កិច្ចព្រមព្រៀង គឺជាពាក្យមួយ ដែលមានអត្ថន័យ ទូលំទូលាយ ។ ហើយវាក៏ជាពាក្យមួយ ដែលបង្កឲ្យមានគ្រោះមហន្តារាយ មកលើមនុស្សជាតិ ជាច្រើនដ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង សត្វលានិងរូបចម្លាក់ បុរសម្នាក់បានផ្ទុករូបចម្លាក់ព្រះពុទ្ធបដិមាករ ដែលធ្វើអំពីឈើមួយអង្គ នៅលើខ្នងលា ដើម្បីដឹកយកទៅដាក់នៅក្នុងព្រះវិហារ ។ ...