Tuesday, October 29, 2019
ចំណីខួរក្បាល
ជីវិត (Life)
តើបុគ្គលគ្រប់រូបដែលកើតមកក្នុងពិភពលោកនេះ គប្បីមានគោលដៅជាក់លាក់សម្រាប់ជីវិតដែរទេ?? នេះគឺជាសំណួរមួយដែលខ្ញុំចាប់អារម្មណ៍ ។ ក្រឡេកមើលឆាកជីវិតរបស់ខ្ញុំត្រួសៗ គោលដៅនៃជីវិតសម្រាប់ខ្ញុំ ហាក់ដូចជាគ្មានអ្វីជាក់លាក់ឡើយ ។ គឺថា ខ្ញុំបត់បែនទៅតាមព្រឹត្តិការណ៍និងកត្តាខាងក្រៅដែលជម្រុញឲ្យខ្ញុំឆ្លងកាត់និងចាប់យកនូវអ្វីដែលជាភាវប្រសើរបំផុតសម្រាប់គាំពារជីវិតខ្ញុំ ។ ឯគោលដៅជីវិតដែលខ្ញុំមាន ជួនកាលខ្ញុំបោះបង់វាចោលព្រោះតែកត្តាខាងក្រៅ ឬក៏ឱកាសថ្មីដែលសមប្រកបទៅនឹងដំណើរជីវិតរបស់ខ្ញុំនៅក្នុងកាលៈទេសៈណាមួយ ។
នៅក្នុងការស្វែងយល់អំពីអត្ថន័យ ឬក៏គោលបំណងនៃជីវិត ខ្ញុំក៏ចាប់អារម្មណ៍ជាមួយនឹងគំនិតរបស់យុវជនខ្មែរពីររូបផងដែរ ។ អ្នកទាំងពីរនោះគឺលោក សុខ ចាន់ផល និងលោក ស៊ូ ខេមរិន ។ ក្នុងចំណោមអ្នកទាំងពីរ ខ្ញុំធ្លាប់ជួបសំណេះសំណាលជាមួយនឹងលោក សុខ ចាន់ផល ម្តង ។ ឯលោកស៊ូ ខេមរិន ខ្ញុំមិនធ្លាប់ជួបទេ ។ លោក សុខ ចាន់ផល យល់ថា៖ គោលដៅចម្បងរបស់ជីវិតគឺ ស្វែងរកបញ្ញា ។ លោកជឿថា ដំណើរជីវិតរបស់មនុស្សគ្រប់រូបគឺត្រូវបានគ្រុបគ្រងរៀបចំដោយធម្មជាតិរួចហើយ ។ អ្វីដែលមនុស្សត្រូវធ្វើគឺប្រើបញ្ញាដោះស្រាយបញ្ហា ឬឧបសគ្គនានាដែលជីវិតជួបប្រទះ ។ ឯលោក ស៊ូ ខេមរិន សរសេរសន្ទនាជាមួយមិត្តភក្តិថា៖ ជីវិតឥតមានន័យអ្វីទេ ។ មនុស្សកើតមកប្រៀបបាននឹងបញ្ញើដែលគេយកមកផ្ញើក្នុងពិភពលោកនេះមួយរយៈប៉ុណ្ណោះ ។ ដូច្នេះ រស់លេងៗទៅទម្រាំដល់ថ្ងៃលាចាកលោកនេះទៅវិញ ។ "រស់លេងៗ"! គំនិតនេះហាក់ដូចជាខ្ជីខ្ជាពេកណាស់សម្រាប់យុវជនម្នាក់ដែលមានទស្សនលេចធ្លោគួរឲ្យសសើរ ។ ប៉ុន្តែ បើពិនិត្យឲ្យសុីជម្រៅបន្តិច ពាក្យនេះជាការដាស់តឿនប្រកបដោយសុភវិនិច្ឆ័យ (Common Sense) ។ ទាំងលោក សុខ ចាន់ផល ទាំងលោក ស៊ូ ខេមរិន ហាក់ដូចជា trensend (អត់ដឹងពាក្យខ្មែរប្រែថាម៉េចទេ) និងពាល់ត្រូវនូវចំណុចមួយគឺថា៖ ជីវិតមិនស្ថិតស្ថេរ (Impermanent) ។ ដូច្នេះ ការហួងហែងប្រជែងគ្នាដើម្បីបំពេញបំណងតណ្ហា (Desire) នោះ វាហាក់ដូចជាមិនល្អបរិសុទ្ធសម្រាប់ជីវិតឡើយ ។
បើនិយាយអំពីបិតានៃបញ្ហាជីវិត ប្រហែលជាគ្មាននរណាយល់ស្គាល់ពាល់ត្រូវដូចព្រះពុទ្ធឡើយ ។ ព្រះអង្គបានបន្សល់ទុកនូវដំបូន្មានមួយគឺថា៖ តម្រង់ចិត្តនិងកាយឲ្យដើរលើផ្លូវ កណ្តាល ដែលមានអដ្ឋង្គិគមគ្គ (មាគ៌ា ៨) ជាគោល ។ ប្រសិនបើមនុស្សភាគច្រើនដើរតាមគន្លងនៃផ្លូវកណ្តាលនេះ យើងនឹងអាចកាត់បន្ថយទុក្ខសោកផងទាំងពួងបានច្រើនអនេកកប្បការ ។ ក៏ប៉ុន្តែ ផ្លូវកណ្តាលនេះហាក់ដូចជាពិបាកយល់ពេកណាស់ ត្បិតមនុស្សគ្រប់រូបមិនដឹងថា ដំណើរជីវិតដែលស្ថិតនៅលើផ្លូវកណ្តាលនោះត្រូវប្រព្រឹត្តិទៅរបៀបណាឡើយ ។ បើយើងសង្កេតមើលពាក្យទូន្មាននៅក្នុងមាគ៌ាទាំង ៨ យើងឃើញថាមានពាក្យ៖ សម្មា ដែលមានន័យថា ត្រឹមត្រូវ ស្ថិតនៅក្នុងពាក្យទូន្មាននោះទាំងអស់ ។ តើយើងយកអ្វីមកកំណត់កត់សម្គាល់ថា ត្រឹមត្រូវ បើភាពត្រឹមត្រូវសម្រាប់មនុស្សម្នាក់ មិនប្រាកដថាត្រឹមត្រូវសម្រាប់អ្នកដទៃផងនោះ?? ប្តីប្រពន្ធទាស់គ្នាជារឿយៗពាក់ព័ន្ធនឹងភាពត្រឹមត្រូវនេះ ។
ត្រឡប់មកនិយាយអំពីគោលគំនិតរបស់យុវជនខ្មែរទាំងពីររូបនោះវិញ ។ អ្នកទាំងពីរហាក់ដូចជារកឃើញនូវមធ្យោបាយមួយសម្រាប់សម្រាលនិងជម្រុះទុក្ខចេញអំពីជីវិត ក៏ដូចជាផ្តល់ឲ្យជីវិតនូវការវិវត្តន៍លើយានបថដ៏ល្អត្រឹមត្រូវផងដែរ ។ លោកសុខ ចាន់ផល យល់ឃើញថា បញ្ញាជាកត្តាសម្រាប់ជួយដោះទុក្ខទាល់គ្រប់បែបយ៉ាងដែលជីវិតជួបប្រទះ ។ ឯលោក ស៊ូ ខេមរិន មើលឃើញជីវិតថាជាភាពមាយា (Illusion) ។ សម្រាប់អ្នកដែលលុះនិងការសិក្សាទស្សនវិទ្យា យើងអាចមើលឃើញថាយុវជនខ្មែរទាំងពីររូបនេះ ទាញយកគំនិតមូលដ្ឋានចេញមកអំពីទ្រឹស្តី អត្ថិភាពនិយម (Existentialism) ។ អ្វីដែលជាកត្តាគួរកត់សម្គាល់គឺថា អ្នកទាំងពីរបានយកគោលគំនិតនៅក្នុងអត្ថិភាពនិយមមកបំបែកវែកញែកឲ្យចេញជាភាវសាមញ្ញមួយងាយស្រួលក្នុងការអនុវត្តន៍ ៕
កំណត់៖ បើយុវជនទាំងពីរបានអានអត្ថបទនេះហើយឃើញមានចំណុចខុសទាស់នៅក្នុងការបកស្រាយ មេត្តាជួយកែតម្រូវផង ។ អរគុណ!
Wednesday, October 2, 2019
ចំណីខួរក្បាល
កម្លាំងសច្ចៈ (SATYAGRAHA)
(ខាងក្រោមនេះជាអត្ថបទបកប្រែចេញពីការបកស្រាយជាភាសាអង់គ្លេសអំពីគោលគំនិតនៅក្នងសំណេរ កម្លាំងសច្ចៈ Satyagraha របស់លោកមហាត្ម័ក គន្ធី ។ អត្ថបទដើមជាភាសាអង់គ្លេសស្ថិតនៅផ្នែកខាងក្រោម ។)
អ្វីទៅជាកម្លាំងសច្ចៈ?
លោកមហាត្ម័ក គន្ធី ហៅរបៀបតស៊ូអហឹង្សាថា៖ Satyagraha ។ ពាក្យនេះអាចប្រែថា៖ កម្លាំងសច្ចៈ ។ បើវែកញែកឲ្យលម្អិតបន្តិច យើងអាចនិយាយថា៖ កម្លាំងដែលកើតឡើងដោយការដើរតាមលំអានសច្ចៈ ។ សព្វថ្ងៃ ពាក្យនេះត្រូវបានប្រើសំដៅលើសកម្មភាពតស៊ូអហឹង្សា ។ ក៏ប៉ុន្តែ សម្រាប់លោក មហាត្ម័ក គន្ធី អហឹង្សាគឺជាពាក្យ ឬគំនិតទូលំទូលាយ ដោយសំដៅលើទំនាក់ទំនងរវាងមនុស្សផ្អែកលើការរាប់អាននិងមេត្តា ។ នៅក្នុងគំនិតរបស់លោក មហាត្ម័ក គន្ធី កម្លាំងសច្ចៈ គឺជាមែកធាងនៃអហឹង្សា ។ គួរកត់សម្គាល់ថា៖ កម្លាំងសច្ចៈ និង អហឹង្សា គឺជាគោលគំនិតពីរផ្សេងគ្នា ។ កម្លាំងសច្ចៈ គឺជាសកម្មភាពអហឹង្សាដ៏ពិសេសមួយ ។ សកម្មភាពជាច្រើនដែលយើងចាត់ទុកថាជាអំពើអហឹង្សា មិនមែនជាកម្លាំងសច្ចៈឡើយ ។ យើងនឹងវែកញែកប្រការនេះនៅវគ្គខាងមុខ ។
កម្លាំងសច្ចៈដែលលោកមហាត្ម័ក គន្ធី អនុវត្តមានពីរប្រភេទ ។ ទីមួយគឺ បំពានច្បាប់ដោយក្តីគោរព (Civil Disobedience) ។ នៅពេលឃើញពាក្យនេះ មនុស្សភាគច្រើនផ្តោតតែទៅលើពាក្យ បំពានច្បាប់ (Disobedience) ។ ប៉ុន្តែ សម្រាប់លោកមហាត្ម័ក គន្ធី "ក្តីគោរព (សុីវិល Civil)" គឺជាគន្លឹះនៃការបំពាននេះ ។ សុីវិល នៅទីនេះមិនមែនសំដៅលើពលរដ្ឋឬក៏រដ្ឋបាលទេ ។ វាតំណាងឲ្យភាពសុីវីល័យ និង សុជីវធម៌ ។ នៅក្នុងគោលការណ៍បំពានច្បាប់ដោយក្តីគោរព គោលដៅស្នូលនៃទង្វើនេះគឺ ជាប់គុក មិនមែនបំពានច្បាប់ទេ ។ ការបំពានច្បាប់គឺគ្រាន់តែជាមធ្យោបាយដើម្បីឲ្យអាជ្ញាធរចាប់ដាក់គុកតែប៉ុណ្ណោះ ។ យើងអាចសួរថា៖ ហេតុអ្វីក៏ធ្វើដូច្នេះ? តើយើងចង់ឲ្យអាជ្ញាធរចាប់មនុស្សដាក់គុករហូតទាល់តែហូរហៀរកកន្លែដាក់គ្មាន ដើម្បីបង្ខំពួកគេឲ្យប្តូរគោលជំហរឬ? មិនមែនទេ ។ នៅក្នុងគោលការណ៍នៃអំណាចសច្ចៈ គឺយើងចង់ផ្សព្វផ្សាយសារសំខាន់នៃទង្វើរបស់យើង ។ យើងចង់បង្ហាញឲ្យអាជ្ញាធរមើលឃើញថា យើងខ្វល់ខ្វាយនឹងរឿងអយុត្តិធម៌នេះសម្បើមណាស់ ដែលយើងសុខចិត្តលះបង់សេរីភាពមកជាប់នៅក្នុងគុកដើម្បីបញ្ជាក់អំពីទំហំនៃការខ្វល់ខ្វាយរបស់យើង ។ យើងធ្វើនេះគឺដើម្បីជួយបង្ហាញផ្លូវអាជ្ញាធរឲ្យមើលឃើញនូវសច្ចៈភាពនៃទង្វើរបស់យើង ហើយព្រមលះបង់នូវអ្វីដែលជាជំហររឹងត្អឹងរបស់ពួកគេ ។ និយាយរួម គោលការណ៍កម្លាំងសច្ចៈមិនមែនយកឈ្នះដោយប្រើពល ឬមនុស្សច្រើនលើសលុបទេ គឺយកឈ្នះដោយធ្វើឲ្យគូបដិបក្សផ្លាស់ប្តូរឥរិយាបថ ឬគោលជំហរ (Change of Heart) ។
សម្រាប់មនុស្សជាច្រើន យុទ្ធសាស្ត្រនេះហាក់ដូចជាឆោតបន្តិច (Naive) ។ តាមពិត វាជាភាពឆោតល្ងង់មែន ។ ជំនឿដែលថា បំពានច្បាប់ដោយក្តីគោរព អាចធ្វើឲ្យអាជ្ញាធរផ្លាស់ប្តូរគោលជំហរ វាគ្រាន់តែជាជំនឿតែប៉ុននោះ (Myth) ។ ប៉ុន្តែ នេះមិនមែនមានន័យថា បំពានច្បាប់ដោយក្តីគោរព មិនមានប្រសិទ្ធភាពនោះទេ ។ ធាតុពិត វាមានប្រសិទ្ធិភាព គ្រាន់តែថា ប្រសិទ្ធិភាពនោះវាពាក់ព័ន្ធនឹងសកម្មភាពប្រទាក់ក្រឡាគ្នា ។ ខាងក្រោមនេះ ជាសេណារីយ៉ូនៃសកម្មភាព បំពានច្បាប់ដោយក្តីគោរព៖
ដើមឡើយ បាតុករ បំពានច្បាប់ដោយក្តីគោរព (Break the Law Politely) ។ អាជ្ញាធរចាប់បាតុករទាំងនោះកាត់ទោសហើយដាក់គុក ។ បាតុករទទួលទោសចូលគុកដោយរីករាយ ។ សាធារណជនស្ងើចសសើរវីរភាពរបស់បាតុករនិងមានបសាទចិត្តចំពោះការតស៊ូ ។ បន្ទាប់មក សាធារណជនចាប់ផ្តើមដាក់សម្ពាធដល់អាជ្ញាធរឲ្យចចារគ្នាដើម្បីរកដំណោះស្រាយ ។ នៅពេលការតវាចេះតែកើតមានជាបន្ទាប់បន្ត សម្ពាធរបស់សាធារណជនមកលើអាជ្ញាធររីកធំឡើងៗ ។ នៅទីបំផុត អាជ្ញាធរក៏សម្រេចចិត្តដោះស្រាយបញ្ហាតាមការទាមទាររបស់សាធារណជន ។
ខាងលើនេះជាការវិវត្តនៃសកម្មភាព បំពានច្បាប់ដោយក្តីគោរព ។ គួរកត់សម្គាល់ថា មានការផ្លាស់ប្តូរឥរិយាបថ ឬគោលជំហរ (change of heart) ប៉ុន្តែមិនមែនចេញមកពីសំណាក់អាជ្ញាធរទេ គឺចេញពីសំណាក់សាធារណជន (The Public) ដែលបង្ខំឲ្យអាជ្ញាធរប្តូរគោលនយោបាយ ។ ជួនកាល ការធ្វើបាតុកម្មឬបំពានច្បាប់ដោយក្តីគោរព អាចញ៉ាំងឲ្យថ្នាក់ដឹកនាំកំពូលឬអន្តរជាតិដាក់សម្ពាធមកលើអាជ្ញាធរឲ្យផ្លាស់ប្តូរគោលនយោបាយផងដែរ ។ ថ្នាក់ដឹកនាំកំពូលទាំងនេះអាចទទួលសម្ពាធសាធារណមតិអំពីពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។ ឧទាហរណ៍ ពលរដ្ឋអង់គ្លេសដាក់សម្ពាធលើរដ្ឋាភិបាលអង់គ្លេសឲ្យដោះស្រាយគោលនយោបាយដែលលោកមហាត្ម័ក គន្ធី ទាមទារនៅក្នុងប្រទេសឥណ្ឌាដែលកាលនោះស្ថិតនៅក្រោមអាណានិគមចក្រភពអង់គ្លេស ។ ទោះជាយ៉ាងណាក៏ដោយ គោលការណ៍ចម្បងនៃការ បំពានច្បាប់ដោយក្តីគោរព គឺមានតែមួយទេ៖ ដាក់សម្ពាធលើអាជ្ញាធរតាមរយៈសាធារណជន ឬសាធារណមតិ (Indirrect Pressure) ។ ឬអាចនិយាយមួយបែបផ្សេងទៀត៖ បញ្ចុះបញ្ចូលសាធារណជនឲ្យជួយតស៊ូ ។
លោកមហាត្ម័ក គន្ធី បង្កើតលក្ខន្តិកៈមួយចំនួនសម្រាប់ការអនុវត្តន៍គោលការណ៍ កម្លាំងសច្ចៈ ។ មនុស្សជាច្រើនមិនយល់ ឬក៏មិនយល់ស្របតាមគោលការណ៍ទាំងនេះទេ ត្បិតគិតថាវាមិនសមហេតុផល ។ ប៉ុន្តែ នៅពេលដែលយើងយល់អំពីគោលគំនិតរបស់លោក គន្ធី ដែលផ្តោតយុទ្ធនាការទៅលើការផ្លាស់ប្តូរគោលនយោបាយ ឬផ្នត់គំនិតរបស់គូបដិបក្សក៏ដូចជាមហាជន នោះយើងនឹងយល់អំពីគោលគំនិតនៃលក្ខន្តិកៈទាំងនោះ ។
ទីមួយគឺ បំពានតែច្បាប់ណាដែលអយុត្តិធម៌ និងដែលមិនបម្រើផលប្រយោជន៍សាធារណៈ ។ ទីពីរគឺ មនុស្សដែលបំពានច្បាប់ទាំងនោះ គប្បីជាឥស្សរជនសំខាន់ ត្បិតជនទាំងនោះអាចបង្ហាញអំពីជម្រៅនៃការខ្វល់ខ្វាយនិងទទួលបានការគាំទ្រខ្ពស់ពីសំណាក់មហាជន ។ គ្មាននរណាខ្វល់ខ្វាយទេប្រសិនបើច្បាប់អយុត្តិធម៌ណាមួយត្រូវបានបំពានដោយចោរហារយ ។ លក្ខន្តិកៈដទៃទៀតគឺលោកមហាត្ម័ក គន្ធី ហាមមិនឲ្យប្រើភាសាអសុរស បំផ្លាញទ្រព្យសាធារណៈ ឬក៏ធ្វើកិច្ចការដោយសម្ងាត់ ។ល។ ទង្វើទាំងនេះត្រូវបានហាមឃាត់ ដោយហេតុថាវាអាចធ្វើឲ្យបាត់បង់បសាទចិត្ត និងទំនុកចិត្តពីសំណាក់មហាជន ។
កម្លាំងសច្ចៈប្រភេទទីពីរគឺ មិនសហការ (Non-co-operation) ។ មិនសហការ គឺបដិសេធមិនធ្វើតាមបញ្ញតិរបស់គូបដិបក្សដែលយើងយល់ថាអយុត្តិធម៌ ។ រូបភាពនៃទង្វើនេះមានជាអាទ៍៖ បាតុកម្ម ពហិកាទំនិញ និង មិនបង់ពន្ធដារជាដើម ។ ជាការពិតណាស់ មិនសហការ និង បំពានច្បាប់ដោយក្តីគោរព មានលំនាំស្រដៀងគ្នា ។ ករណីទីពីរនេះក៏ដូចគ្នាដែរគឺថា អ្នកតស៊ូដើម្បីយុត្តិធម៌ប្រឈមនិងការវាយដំច្រំធាក់ ការចាប់ដាក់គុក និងការរឹបអូសយកទ្រព្យជាដើម ។ ពលិកម្មទាំងអស់នេះគឺដើម្បីបង្កឲ្យមានការផ្លាស់ប្តូរឥរិយាបថនិងគោលនយោបាយ ។ គួរកត់សម្គាល់ដែរថា មិនសហការ មានឋាមពលពិសេសរបស់វា ត្បិតសកម្មភាពនេះមិនពឹងផ្អែកទៅលើការផ្លាស់ប្តូរឥរិយាបថរបស់មហាជនឬអាជ្ញាធរទាំងស្រុងទេ ។ អំណាចសំខាន់របស់យុត្តិសាស្ត្រ មិនសហការ គឺពឹងផ្អែកលើមនៈសិការរបស់អ្នកតស៊ូខ្លួនឯង ។ ឧទាហរណ៍ អំណាចរបស់ជនផ្តាច់ការគឺពឹងផ្អែកទាំងស្រុងទៅលើការខ្លបខ្លាចរបស់ពលរដ្ឋ ។ ជនផ្តាច់ការអាចគំរាមកំហែងពលរដ្ឋជាមួយនឹងការចាប់ដាក់គុក ឬក៏យកកាំភ្លើងមកភ្ជង់ឲ្យពលរដ្ឋគោរពខ្លួន ។ ប៉ុន្តែ តុល្យភាពនៃអំណាចគឹស្ថិតនៅលើការខ្លបខ្លាច មិនមែនស្ថិតនៅលើ គុក ឬកាណុងកាំភ្លើងទេ ។ តើមានអ្វីកើតឡើងនៅពេលដែលពលរដ្ឋចាប់ផ្តើមប្រកាសថា៖ "យើងមិនខ្លាចគុក យើងសុខចិត្តស្លាប់ យើងឈប់គោរពកោតខ្លាចអំណាចរបស់ជនផ្តាច់ការទៀតហើយ!" ។ នៅពេលករណីនេះកើតឡើង ជនផ្តាច់ការនឹងបាត់បង់អំណាច ។ ជនផ្តាច់ការអាចស្រែកគំរាម ឬក៏កាប់សម្លាប់ពលរដ្ឋ ។ ក៏ប៉ុន្តែ ប្រសិនបើពសរដ្ឋតស៊ូដោយប្តូរផ្តាច់ អំណាចផ្តាច់ការនឹងរលំរលាយ ។ លោកមហាត្ម័ក គន្ធី ថ្លែងថា៖ "ខ្ញុំជឿជាក់ថា រដ្ឋាភិបាលផ្តាច់ការអាចរស់រានបានតែមួយដង្ហើមចង្រឹតទេ បើគ្មានការសហការពីមហាជន ដោយស្ម័គ្រចិត្តក្តី ដោយបង្ខិតបង្ខំក្តី ។ ហើយប្រសិនបើពលរដ្ឋ បញ្ឈប់ការគាំទ្រនិងសហការព្រមៗគ្នា រដ្ឋាភិបាលផ្តាច់ការនឹងអស់លក្ខណ៍" ។
ខាងលើនេះ ជាទស្សនរបស់លោកមហាត្ម័ក គន្ធី ស្តីអំពីអំណាច ។ អំណាចបាតដៃទទេរបស់គាត់ ។ វាជារឿងមួយពិបាកនឹងជឿពេកណាស់ សម្រាប់មនុស្សមួយចំនួនដែលធ្លាប់តែឃើញអំណាចកើតចេញមកអំពីកាណុងកាំភ្លើង ។ មនុស្សប្រភេទនេះ មិនឲ្យតម្លៃការតស៊ូអហឹង្សា ឬកម្លាំងសច្ចៈទេ ។ ពួកគេចាត់ទុកទស្សនលោកមហាត្ម័ក គន្ធី ថា មិនអាចអនុវត្តកើត ឬគ្មានប្រសិទ្ធភាព ៕
What Is Satyagraha ?
Gandhi called his overall method of non-violent action Satyagraha. This translates roughly as "Truth-force." A fuller rendering, though, would be "the force that is generated through adherence to Truth."
Nowadays, it's usually called non-violence. But for Gandhi, non-violence was the word for a different, broader concept-namely, "a way of life based on love and compassion." In Gandhi's terminology, Satyagraha-Truth-force-was an outgrowth of nonviolence.
It may also help to keep in mind that the terms Satyagraha and nonviolent action, though often used one for the other, don't actually refer to the exact same thing. Satyagraha is really one special form of nonviolent action-Gandhi's own version of it. Much of what's called non-violent action wouldn't qualify as Satyagraha. But we'll come back to that later.
Gandhi practiced two types of Satyagraha in his mass campaigns. The first was civil disobedience, which entailed breaking a law and courting arrest. When we today hear this term, our minds tend to stress the "disobedience" part of it. But for Gandhi, "civil" was just as important. He used "civil" here not just in its meaning of "relating to citizenship and government" but also in its meaning of "civilized" or "polite." And that's exactly what Gandhi strove for.
We also tend to lay stress differently than Gandhi on the phases of civil disobedience. We tend to think breaking the law is the core of it. But to Gandhi, the core of it was going to prison. Breaking the law was mostly just a way to get there.
Now, why was that? Was Gandhi trying to fill the jails? Overwhelm and embarrass his captors? Make them "give in" through force of numbers?
Not at all. He just wanted to make a statement. He wanted to say, "I care so deeply about this matter that I'm willing to take on the legal penalties, to sit in this prison cell, to sacrifice my freedom, in order to show you how deeply I care. Because when you see the depth of my concern, and how 'civil' I am in going about this, you're bound to change your mind about me, to abandon your rigid, unjust position, and to let me help you see the truth of my cause."
In other words, Gandhi's method aimed to win not by overwhelming but by converting his opponent - or as the Gandhian say, by bringing about a "change of heart."
Now, to many people, that sounds pretty naive. Well, I'll let you in on a secret. It was naive. The belief that civil disobedience succeeded by converting the opponent happened to be a myth held by Gandhi himself. And it's shared by most of his admirers, who take his word for it without bothering to check it out.
As far as I can tell, no civil disobedience campaign of Gandhi's ever succeeded chiefly through a change of heart in his opponents.
But this doesn't mean civil disobedience didn't work. As a matter of fact, it did work. The only thing off-kilter was Gandhi's explanation of how and why it worked.
Let me give a general description of what seems really to have happened when Gandhi and his followers committed civil disobedience:
Gandhi and followers break a law-politely. Public leader has them arrested, tried, put in prison. Gandhi and followers cheerfully accept it all. Members of the public are impressed by the protest, public sympathy is aroused for the protesters and their cause. Members of the public put pressure on public leader to negotiate with Gandhi. As cycles of civil disobedience recur, public pressure grows stronger. Finally, public leader gives in to pressure from his constituency, negotiates with Gandhi.
That's the general outline. Notice that there is a "change of heart," but it's more in the public than in the opponent. And notice too that there's an element of coercion, though it's indirect, coming from the public, rather than directly from Gandhi's camp.
Some campaigns of Gandhi's show a variation on this model. Sometimes Gandhi's opponents had superiors who wound up pressuring them or even ordering them to negotiate with Gandhi. These superiors might have been influenced by Gandhi's campaign, or by pressure from their own public-for instance, when British citizens pressured government leaders in Britain to intervene in affairs of their colonial government in India.
But the basic principle was the same: Gandhi's most decisive influence on his opponents was more indirect than direct.
Gandhi set out a number of rules for the practice of civil disobedience. These rules often baffle his critics, and often even his admirers set them aside as nonessential. But once you understand that civil disobedience, for Gandhi, was aimed at working a change of heart-whether in the opponent or the public - then it's easy to make sense of them.
One rule was that only specific, unjust laws were to be broken. Civil disobedience didn't mean flouting all law.
In fact, Gandhi said that only people with a high regard for the law were qualified for civil disobedience. Only action by such people could convey the depth of their concern and win respect. No one thinks much of it when the law is broken by those who care nothing for it anyway.
Other rules: Gandhi ruled out direct coercion, such as trying to physically block someone. Hostile language was banned. Destroying property was forbidden. Not even secrecy was allowed.
All these were ruled out because any of them would undercut the empathy and trust Gandhi was trying to build, and would hinder that "change of heart."
The second form of mass Satyagraha was non-co-operation.
This is just what it sounds like. Non-co-operation meant refusing to co-operate with the opponent, refusing to submit to the injustice being fought. It took such forms as strikes, economic boycotts, and tax refusals.
Of course, non-co-operation and civil disobedience overlapped. Non-co-operation too was to be carried out in a "civil" manner. Here too, Gandhi's followers had to cheerfully face beating, imprisonment, confiscation of their property-and it was hoped that this willing suffering would cause a "change of heart."
But non-co-operation also had a dynamic of its own, a dynamic that didn't at all depend on converting the opponent or even molding public opinion. It was a dynamic based not on appeals but on the power of the people themselves.
Gandhi saw that the power of any tyrant depends entirely on people being willing to obey. The tyrant may get people to obey by threatening to throw them in prison, or by holding guns to their heads. But the power still resides in the obedience, not in the prison or the guns.
Now, what happens if those people begin to say, "We're not afraid of prison. We're even willing to die. But we're not willing to obey you any longer."
It's very simple. The tyrant has no power. He may rant and scream and hurt and destroy-but if the people hold to it, he's finished.
Gandhi said, "I believe that no government can exist for a single moment without the co-operation of the people, willing or forced, and if people suddenly withdraw their co-operation in every detail, the government will come to a standstill."
That was Gandhi's concept of power-the one he's accused of not having. It's a hard one to grasp, for those used to seeing power in the barrel of a gun. Their filters do not pass it. And so they call Gandhi idealistic, impractical.
Source: Mahatma Gandhi and His Myths- By Mark Shepard
Tuesday, September 24, 2019
នយោបាយ
មួយចានទឹក មួយចានគោក (Zero-Sum Game)
បន្ទាប់ពីសមាជិកគណបក្សសង្គ្រោះជាតិដែលនិរទេសខ្លួននៅក្រៅប្រទេសប្រកាសថា៖ ពួកគេនឹងវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ ឬក៏យើងអាចនិយាយមួយបែបផ្សេងទៀតថា៖ ស្តារជីវិតនយោបាយរបស់ខ្លួនឡើងវិញនៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ពលរដ្ឋខ្មែរជាច្រើនហាក់ដូចជាមានចំណាប់អារម្មណ៍ទៅនឹងព្រឹត្តិការណ៍ដែលមិនទាន់កើតមាននេះសម្បើមណាស់ ។ សំណួរមួយដែលពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសលើកយកមកសួរគ្នាគឺថា៖ តើព្រឹត្តិការណ៍វិលវិញរបស់ថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិនៅ ថ្ងៃទី ៩វិច្ឆិកា នឹងអាចកើតឡើង ឬមិនអាច??? គ្មានអ្នកណាអាចដឹងឲ្យប្រាកដបានឡើយ ត្បិតព្រឹត្តិការណ៍នេះវាកំពុងស្ថិតនៅក្នុង អ័ព្ទនៃសង្គ្រាម ។ អ្វីដែលកំពុងស្តែងចេញមកគឺការ វាយស្មៅបង្អើលពស់ ដែលគណបក្សសង្គ្រោះជាតិកំពុងធ្វើដើម្បីស្ទាបស្ទង់ស្វែងយល់អំពីប្រតិកម្មពីសំណាក់ មិត្ត និងបច្ចាមិត្ត ។
មួយចានទឹក មួយចានគោក នៅក្នុងវិស័យនយោបាយមិនសូវកើតមានទេ ព្រោះវាបង្កឲ្យមានមហន្តរាយធំធេងណាស់ ជាពិសេសសម្រាប់បុគ្គលដែលពាក់ព័ន្ធ ។ អ្នកនយោបាយភាគច្រើនមិនលេងល្បែងនេះដល់ទីបញ្ចប់ទេដើម្បីជៀសវាងការបំផ្លាញខ្លួនឯង ។ ក៏ប៉ុន្តែ ផលវិបាកនេះមិនប្រាកដថាអាចរុញច្រានអ្នកនយោបាយឲ្យចេញផុតអំពីមោហ៍បាំងបានដែរ ។ អ្នកនយោបាយខ្លះឆ្កួតនឹងរឿងយកឈ្នះរហូតដល់វិនាសខ្លួនឯងនិងមនុស្សពាក់ព័ន្ធជាច្រើននាក់ទៀតផង ។ គួរកត់សម្គាល់ដែរថា នៅក្នុងល្បែង មួយចានទឹក មួយចានគោក គ្មានទេភាគីឈ្នះ ។ គូប្រយុទ្ធទាំងសងខាងប្រឈមនឹងការចាញ់ដូចគ្នា គ្រាន់តែថាការចាញ់នោះវានាំទុក្ខកំរិតណាដល់ប្រទេសជាតិ ។ ឯទំហំនៃការចាញ់នោះក៏គេមិនយកលុយកាក់មកធ្វើជាខ្នាតរង្វាស់ដែរ គឺវាស់ដោយតំណក់ឈាម ទឹកភ្នែក និងអាយុជីវិត ។
កាលពីដើមទសវត្សឆ្នាំ ១៩៦០ ល្បែង មួយចានទឹក មួយចានគោក នេះត្រូវបានសហរដ្ឋអាមេរិកនិងសហភាពសូវៀតដែលជាមហាអំណាចបរមាណូយកមកប្រឡែងគ្នាម្តងនៅលើកោះ គុយបា ។ គ្រានោះ ប្រទេសគុយបា ដែលជាសម្ព័ន្ធមិត្តរបស់សូវៀត បានអនុញាតិឲ្យអតីតសហភាពសូវៀតតំឡើងកាំជ្រូចបរមាណូនៅលើទឹកដីខ្លួនដើម្បីទប់ទល់ជាមួយនឹងមហិច្ឆេតារបស់អាមេរិក ។ សហរដ្ឋអាមេរិកដែលស្ថិតនៅជិតបង្កើយនឹងប្រទេសគុយបា មិនអនុញាតិឲ្យសហភាពសូវៀតយកកាំជ្រួចបរមាណូមកដាក់នៅលើកោះគុយបាជាដាច់ខាត ។ ដូច្នេះ វិបត្តិបរមាណូនៅគុយបាក៏បានកើតឡើង ដោយសារសហរដ្ឋអាមេរិកដាក់ពង្រាយនាវាចំបាំងព័ទ្ធជំវិញ (Blockade) កោះគុយបា ។ ទោះជាយ៉ាងណាក៏ដោយ សហភាពសូវៀតមិនបានបញ្ឈប់មហិច្ឆេតាដាក់កាំជ្រួចបរមាណូនៅលើកោះគុយបាឡើយ ។ នៅពេលដែលនាវាដឹកកាំជ្រួចបរមាណូរបស់សហភាពសូវៀតធ្វើដំណើរមកជិតដល់កោះគុយបា ប្រធានាធិបតីនៃសហរដ្ឋអាមេរិក លោក ចន កេណឺឌី បានវាយទូរសព្ទទៅប្រាប់លោក នីគីតា គ្រូស្សចូវ ដែលជាអគ្គលេខាបក្សកុម្មុយនីស្តសូវៀតថា៖ លោកនិងខ្ញុំកំពុងទាញកន្ទុយខ្សែម្ខាងម្នាក់ដែលមានកំនួចនៅចំកណ្តាល ។ បើយើងបន្តទាញខ្សែនេះរឹតតែខ្លាំង កំនួចនៃខ្សែនេះប្រាកដជាមិនអាចស្រាយរួចឡើយ ។ នៅទីបំផុត សហភាពសូវៀតក៏យល់ព្រមបោះបង់មហិច្ឆេតាដាក់កាំជ្រួចបរមាណូនៅលើកោះគុយបា ដោយហេតុថាសង្គ្រាមបរមាណូជាមួយនឹងសហរដ្ឋអាមេរិកមិនមានភាគីណាអាចទទួលជោគជ័យឡើយ ។
នៅដើមទសវត្សឆ្នាំ ១៩៨០ ល្បែង មួយចានទឹក មួយចានគោក នេះបានកើតឡើងម្តងទៀតនៅក្នុងប្រទេស ហ្វីលីពីន ។ គ្រានោះ លោក បេនីតូ អាគីណូ ដែលជាមេដឹកនាំគណបក្សប្រឆាំងនៅក្នុងប្រទេសហ្វីលីពីន បានធ្វើមាតុភូមិនិវត្តន៍ស្រដៀងគ្នានឹងអ្វីដែលលោក សម រង្សី និងក្រុមបក្សពួកគ្រោងធ្វើនៅថ្ងៃទី ៩ ខែវិច្ឆិកានេះដែរ ។ នៅពេលដែលលោកចូលមកដល់ប្រទេសហ្វីលីពីន លោក អាគីណូ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងព្រលានយន្តហោះ ហើយខ្មាន់កាំភ្លើងនោះក៏ត្រូវបានប៉ូលីសបាញ់សម្លាប់បន្តទៅទៀត ។ បន្ទាប់ពីព្រឹត្តិការណ៍បាញ់សម្លាប់នោះ ពលរដ្ឋហ្វីលីពីន បានងើបបះបោរប្រឆាំងនឹងរដ្ឋាភិបាលលោក ហ្វឺឌីណង់ ម៉ាកូស ហើយចោទលោកម៉ាកូសថានៅពីក្រោយឃាដកម្មនោះ ។ នៅទីបំផុត លោកម៉ាកូសក៏នាំប្រពន្ធកូនរត់ប្រាសអាយុទៅជ្រកកោននៅកោះ ហាវ៉ៃ សហរដ្ឋអាមេរិក ។
បច្ចុប្បន្ន ប្រទេសកម្ពុជាហាក់ដូចជាកំពុងប្រឈមជាមួយនឹងល្បែង មួយចានទឹក មួយចានគោក នេះដែរ ។ គេមិនដឹងថា លោក សម រង្សី និង លោក ហ៊ុន សែន ដែលជាតួអង្គពីររូបនៅក្នុងការប្រយុទ្ធនេះ នឹងដោះស្រាយបញ្ហាដោយវិធីណាទេ ។ ពួកគាត់នៅសល់ពេលជាងមួយខែទៀតសម្រាប់ស្វែងរកដំណោះស្រាយ ។ ផ្អែកលើភាពធ្ងន់ធ្ងរនៃហានិភ័យ (Severity of Risks) ល្បែងនេះប្រហែលជាមិនឈានទៅដល់ការប្រយុទ្ធគ្នាទេ ។ ខ្ញុំមិនភ្ញាក់ផ្អើលឡើយ ប្រសិនបើនៅមុនថ្ងៃទី ៩ខែវិច្ឆការចូលមកដល់ តំណាងនៃបុគ្គលទាំងពីរ ឬបុគ្គលទាំងពីររូបចួបគ្នាដោយសម្ងាត់នៅទីណាមួយ ហើយចេញមកប្រកាសថា៖ ដើម្បីសន្តិភាព ផ្សះផ្សារជាតិ និងឯកភាពជាតិ យើងនឹងមិនបណ្តោយឲ្យទំនាស់រវាងខ្មែរនិងខ្មែរ បំផ្លាញជាតិខ្មែរទេ ។ តែប៉ុននេះ ពលរដ្ឋខ្មែរគ្រប់និន្នាការនយោបាយនឹងទះដៃសាទរបំភ្លេចចោលអស់នូវទុក្ខទោសទាំងអម្បាលម៉ាន ។ របាំរាំវង់នយោបាយនឹងត្រូវសម្រាកមួយភ្លេតនៅត្រឹមនេះ រួចហើយគេក៏ឲ្យអ្នកភ្លេងប្រគុំភ្លេងដើម្បីបើកឆាករាំវង់បទថ្មីមួយទៀត ៕
Wednesday, September 18, 2019
ចំណីខួរក្បាល
ខុស និង ត្រូវ
កាលពីជាង ២០ឆ្នាំមុន ខ្ញុំនឹងម្តាយខ្ញុំធ្លាប់មានទំនាស់ទស្សនៈដ៏ស្រួចស្រាល់មួយ ។ ទំនាស់នោះគឺពាក់ព័ន្ធនឹងទង្វើដែលមិនត្រឹមត្រូវ (នៅក្នុងគំនិតខ្ញុំ) ។ ម្តាយខ្ញុំបានសុំឲ្យខ្ញុំទៅរៀបការលើក្រដាសជាមួយនឹងក្មួយស្រីខ្ញុំនៅស្រុកខ្មែរ ដើម្បីអាចធានាយកនាងមករស់នៅសហរដ្ឋអាមេរិក ។ ខ្ញុំបានបដិសេធសំណើរគាត់ម្តងហើយម្តងទៀត ។ ប៉ុន្តែម្តាយខ្ញុំនៅតែព្យាយាមអង្វរកខ្ញុំជាច្រើនលើកច្រើនសា ។ ដោយធុញនឹងការព្យាយាមរបស់ម្តាយខ្ញុំខ្លាំងពេក ខ្ញុំបានរកឱកាសនិយាយជាមួយនឹងគាត់មួយទល់នឹងមួយដោយមិនឲ្យអ្នកណាម្នាក់ដឹងឮឡើយ ។ ខ្ញុំនិយាយមួយៗប្រកបដោយទឹកមុខមាំទៅកាន់ម្តាយខ្ញុំថា៖ ពេលម៉ែឲ្យខ្ញុំទៅរៀនតាំងតែពីតូចរហូតដល់ពេលនេះ គោលបំណងដ៏ធំបំផុតរបស់ម៉ែគឺចង់ឲ្យខ្ញុំស្គាល់ ខុស និង ត្រូវ ។ ទង្វើដែលម៉ែព្យាយាមឲ្យខ្ញុំធ្វើជាទង្វើខុស ។ ម៉ែក៏ដឹងខ្ញុំក៏ដឹង ។ បើយើងទាំងពីរនាក់ដឹងថាខុសដែរ ហេតុអ្វីក៏ម៉ែនៅតែបង្ខំខ្ញុំឲ្យប្រព្រឹត្តទង្វើនេះទៀត!! ម្តាយខ្ញុំមិននិយាយស្តីអ្វីឡើយ ។ ហើយគាត់ក៏ឈប់ជម្រុញខ្ញុំឲ្យរៀបការលើក្រដាសជាមួយនឹងក្មួយស្រីខ្ញុំដែរ ។
បន្ទាប់ពីទទួលការរិះគន់របស់ខ្ញុំ ម្តាយខ្ញុំហាក់ដូចជាផ្លាស់ប្តូរឥរិយាបថនៅក្នុងទំនាក់ទំនងជាមួយនឹងខ្ញុំ ។ គាត់មិនសូវនិយាយរកខ្ញុំទេ ប៉ុន្តែហាក់ដូចជាមានភាពជឿជាក់និងមោទកភាពលើខ្ញុំច្រើនជាងមុន ។ ម្តាយខ្ញុំតែងតែយករឿងរ៉ាវនិងបញ្ហាសំខាន់ៗជាច្រើនមកពិគ្រោះយោបល់ជាមួយខ្ញុំមុននឹងសម្រេចថាតើត្រូវធ្វើដូចម្តេច ។ ខ្ញុំមិនដឹងថាតើមានកត្តាអ្វីដែលជម្រុញឲ្យម្តាយមួយរូបដែលត្រូវបានកូនរិះគន់និងបដិសេធន៍មិនព្រមដើរតាមគំនិតរបស់ខ្លួនហើយ នៅមានចិត្តចង់ពិគ្រោះយោបល់ជាមួយនឹងកូននោះទៀត ។ វាប្រហែលជាស្ថិតនៅលើជម្លោះរបស់យើងដែលពាក់ព័ន្ធនឹងពាក្យ ខុស និង ត្រូវ នេះឯង ។
ខុស និង ត្រូវ ជាពាក្យ ឬគំនិតសាមញ្ញនិងងាយយល់ជាទីបំផុត ។ ប៉ុន្តែ នៅពេលដែលយើងយកវាមកអនុវត្តនៅក្នុងជីវិតជាក់ស្តែង វាបានក្លាយទៅជាប្រធានបទមួយដែលចាក់ដោតឆ្កិះឆ្កៀលសតិសម្បជញ្ញៈរបស់មនុស្សជាច្រើនឥតឈប់ឈរ ។ នៅក្នុងសង្គមខ្មែរសព្វថ្ងៃ យើងអាចនិយាយឲ្យខ្លីថាជាសង្គមមួយដែលពុករលួយ ។ ពុករលួយនៅទីនេះគឺយើងសំដៅដល់ការបាត់បង់សុភាវធម៌ផងដែរ (Moral Corruption) ។ នៅពេលដែលយើងរស់នៅក្នុងសង្គមប្រភេទនេះ ខុសនិងត្រូវ ត្រូវបានក្លាយទៅជាទស្សនៈ រឺឡាទីហ្វ (Relative Concept) ដែលគ្មានតម្លៃនិងខ្លឹមសារជាក់លាក់ឡើយ ។ វាប្រៀបដូចជាពាក្យអងគ្លេសមួយឃ្លាដែលនិយាយថា៖ Beauty is in the eye of the beholder (ឃ្លានឆ្ងាញ់ ស្រឡាញ់ល្អ) ។
សុភាវធម៌និងសង្គមខ្មែរបច្ចុប្បន្នគឺជាប្រធានបទដ៏រសើបមួយនៅក្នុងការពិភាក្សារក ខុស និង ត្រូវ ។ វាមិនខុសអំពីរឿងខ្ញុំនិងម្តាយខ្ញុំឡើយ ។ សំណួរតែមួយគត់ដែលយើងត្រូវរកចម្លើយគឺថា៖ តើអ្នកណាជាអ្នកសម្រេចថាទង្វើណាខុស និងទង្វើណាត្រូវ ។ សម្រាប់អ្នកដែលមិនចង់ប្រឈមនឹងភាពឈឺចាប់ ចម្លើយដ៏សមរម្យមួយគឺ៖ គប្បីទុករឿងនេះឲ្យបុគ្គលម្នាក់ៗជាអ្នកសម្រេច ។ ក៏ប៉ុន្តែ បុគ្គលទាំងអស់ (រាប់បញ្ចូលទាំងរូបខ្ញុំផង) ស្ថិតនៅក្រោមឥទ្ធិពលនៃតម្រូវការផ្ទាល់ខ្លួននិងគ្រួសារខ្លួន (Self-Interests) ។ គឺតម្រូវការផ្ទាល់ខ្លួននេះហើយដែលជម្រុញឲ្យបុគ្គលប្រព្រឹត្តិទង្វើនានារាប់បញ្ចូលទាំងទង្វើដែលខ្លួនដឹងដោយឥតមន្ទិលថា ខុស ផងដែរ ។
កាលពីជិតមួយទសវត្សកន្លងទៅ ខ្ញុំបានប្រឈមជាមួយនឹងបញ្ហា ខុស និង ត្រូវ ស្រដៀងគ្នានឹងរឿងដែលធ្វើឲ្យខ្ញុំនិងម្តាយខ្ញុំមានទំនាស់ទស្សនៈនឹងគ្នាដែរ ។ ប៉ុន្តែ គ្រានេះម្តាយខ្ញុំបានលាចាកលោកទៅហើយ ។ គាត់មិនមានវត្តមានសម្រាប់ឲ្យខ្ញុំយកបញ្ហានេះទៅពិគ្រោះជាមួយនឹងគាត់ទេ ។ រីឯអ្នកដែលបង្កឲ្យមាននិងត្រូវដោះស្រាយបញ្ហាគឺខ្ញុំខ្លួនឯង ។ បញ្ហា ខុស និង ត្រូវ ដែលខ្ញុំត្រូវដោះស្រាយនាគ្រានេះគឺការរៀបអាពាហ៍ពិពាហ៍រវាងអនិកជនខ្មែរនៅបរទេសនិងនារីខ្មែរនៅកម្ពុជា ។ ក្នុងនាមជាអនិកជនខ្មែរដែលរស់នៅបរទេស អជ្ញាធរខ្មែរតម្រូវឲ្យខ្ញុំបំពេញបែបបទជាច្រើនដើម្បីទទួលបានការអនុញាតរៀបការជាមួយនឹងនារីខ្មែរ ។ គូដណ្តឹងខ្ញុំជាមនុស្សមួយរូបដែលមានបទពិសោធជាក់លាក់ជាមួយនឹងប្រព័ន្ធការិយាធិបតេយ្យនៅស្រុកខ្មែរ ។ នាងបានគូសបញ្ជាក់ប្រាប់ខ្ញុំអំពីដំណាក់កាលនានាដែលយើងត្រូវឆ្លងកាត់មុននឹងអាចរៀបអាពាហ៍ពិពាហ៍បាន ។ វាមានភាពស្មុគស្មាញនិងប្រទាក់ក្រឡាគ្នាដូចមងជំពាក់ ។ នៅចុងបញ្ចប់គូដណ្តឹងខ្ញុំប្រាប់ខ្ញុំថា ដើម្បីទទួលបានលិខិតអនុញាតចេញពីគ្រប់ក្រសួងពាក់ព័ន្ធ យើងត្រូវបង់ប្រាក់ទាំងក្នុងផ្លូវការនិងក្រៅផ្លូវការចំនួន ១២០០ដុល្លារ ។ យើងមានជម្រើសពីរ៖ ទីមួយគឺយកប្រាក់ ១២០០ដុល្លារទៅឲ្យមន្ត្រីមួយរូបនៅក្នុងក្រសួងមហាផ្ទៃឲ្យជួយសម្រួលកិច្ចការមួយចំនួនធំ ។ ទីពីរគឺយើងបង់ប្រាក់តាមក្រសួងនិមួយៗដោយខ្លួនឯង ។ ជម្រើសទីមួយគឺជាជម្រើសដ៏ល្អនិងមានប្រសិទ្ធិភាពជាងគេ ។ សម្រាប់ខ្ញុំជម្រើសមួយណាក៏មិនល្អដែរ ព្រោះការបង់ប្រាក់ក្រៅផ្លូវការ ឬប្រព្រឹត្តិអំពើពុករលួយពាក់ព័ន្ធនឹងរឿង ខុស និង ត្រូវ ដែលខ្ញុំធ្លាប់ទាស់ជាមួយនឹងម្តាយខ្ញុំកាលពីអតីតកាល ។ លទ្ធផលនៃទំនាស់នេះបានធ្វើឲ្យម្តាយខ្ញុំមានមោទនភាពលើភាពរឹងបុឹងរបស់ខ្ញុំយ៉ាងខ្លាំង ។ ប៉ុន្តែ ពេលនេះ ភាពរឹងបុឹងរបស់ខ្ញុំកំពុងប្រឈមនឹងវិបត្តិដ៏ឃោរឃៅមួយ ។ ខ្ញុំចំណាយពេលពិភាក្សាជាមួយគូដណ្តឹងខ្ញុំជាច្រើនម៉ោងដើម្បីស្វែងរកមធ្យោបាយជៀសវាងការបង់លុយក្រៅផ្លូវការ ឬប្រព្រឹត្តិអំពើពុករលួយ ។ គូដណ្តឹងខ្ញុំ ប្រាប់ខ្ញុំយ៉ាងខ្លីហើយច្បាស់លាស់ជាទីបំផុតថា រឿងបង់លុយក្រៅផ្លូវការឲ្យមន្ត្រីខ្មែរដើម្បីធ្វើឯកសារផ្សេងៗគឺជៀសមិនរួចឡើយ លើកលែងតែយើងមិនធ្វើ ។ ពេលនោះ ខ្ញុំនឹកឃើញមធ្យោបាយមួយ ដែលអាចលុបលាងទោសកំហុសសម្បជញ្ញៈខ្ញុំបានខ្លះនិងអាចជួយបំបាត់អំពើពុករលួយនៅស្រុកខ្មែរខ្លះផង ។ គំនិតខ្ញុំគឺសុខចិត្តបង់ប្រាក់ឲ្យមន្ត្រីពុករលួយ រួចហើយយកឈ្មោះមន្ត្រីនោះទៅប្តឹងនៅអង្គភាពប្រឆាំងអំពើពុករលួយ ។ គូដណ្តឹងខ្ញុំដាស់តឿនខ្ញុំថា ច្បាប់ប្រឆាំងអំពើពុករលួយរបស់ខ្មែរគឺតម្រូវឲ្យអ្នកប្រព្រឹត្តិអំពើពុករលួយ (ទាំងអ្នកសូកទាំងអ្នកទទួលសំណូក) ជាប់គុកទាំងអស់គ្នា ។ ខ្ញុំត្រូវគិតឲ្យបានល្អិតល្អន់ថា មន្ត្រីដែលប្រព្រឹត្តិអំពើពុករលួយភាគច្រើនជាសាច់ញាតិរបស់ថ្នាក់ដឹកនាំជាតិ ។ គេមានមធ្យោបាយដោះស្រាយរំដោះគ្នាគេឲ្យនៅក្រៅឃុំ ។ ចំណែកអ្នកដែលត្រូវជាប់ឃុំ គឺអ្នកសូក ។ ខ្ញុំលួចជេរច្បាប់ប្រឆាំងអំពើពុករលួយក្នុងពោះ ព្រោះធាតុពិតនៃច្បាប់នេះគឺ ការពារអំពើពុករលួយ ។
ប្រឈមមុខនឹងឧបស័គ្គដ៏គួរឲ្យស្អប់ខ្ពើមនេះ ខ្ញុំសម្រេចចិត្តធ្វើតាមការណែនាំរបស់គូដណ្តឹងខ្ញុំ ដោយមិនប្រាប់នាងអំពីផលវិបាកនៅក្នុងសតិសម្បជញ្ញៈខ្ញុំឡើយ ។ ការិយាល័យទីមួយដែលខ្ញុំឆ្លងកាត់គឺ ស្ថានទូតអាមេរិក ។ នៅទីនោះ គេតម្រូវឲ្យខ្ញុំបង់ប្រាក់ ១០០ដុល្លារសម្រាប់ការប្រថាប់ត្រាលើឯកសារ (Notarization) ។ កិច្ចការស្រដៀងគ្នានោះ នៅតាមធនាគារនានានៅសហរដ្ឋអាមេរិកគេធ្វើឲ្យយើងដោយមិនចាំបាច់បង់ប្រាក់ទេ ប្រសិនបើយើងមានលេខកុងជាមួយនឹងធនាគារ ។ បន្ទាប់មក យើងទៅជួបមន្ត្រីមួយរូបនៅក្រសួងមហាផ្ទៃ ។ ខ្ញុំអង្គុយធ្មឹងដូចរូបចម្លាក់នៅពេលដែលគូដណ្តឹងខ្ញុំហុចស្រោមសំបុត្រដែលមានប្រាក់ ១២០០ដុល្លារទៅឲ្យមន្ត្រីនោះ ។ មន្ត្រីនោះ មិនបើកស្រោមសំបុត្រមើលឬក៏រាប់លុយនៅក្នុងនោះទេ ព្រោះគាត់ដឹងថាបើលុយមិនគ្រប់ យើងក៏គ្មានវាសនានឹងទទួលបានឯកសារដែលយើងត្រូវការនោះដែរ ។ ចេញពីក្រសួងមហាផ្ទៃ យើងទៅធ្វើឯកសារនៅក្រសួងការបរទេស ។ នៅទីនោះមន្ត្រីត្រួតពិនិត្យឯកសារទារប្រាក់អំពីយើង ២០០ដុល្លារថែមទៀត ។ គូដណ្តឹងខ្ញុំបានវាយទូរសព្ទទៅមន្ត្រីដែលយកលុយអំពីយើងនៅក្រសួងមហាផ្ទៃដើម្បីឲ្យពួកគេជជែកគ្នាអំពីរឿងលុកកាក់នេះដោយផ្ទាល់ ។ ពួកគេសម្របសម្រួលគ្នាដោយគ្មានរអាក់រអួល ។ បន្ទាប់មក យើងត្រូវទៅកាន់ក្រសួងអន្តោប្រវេសន៍ដើម្បីសុំ ឬក៏ឲ្យគេពិនិត្យឯកសារមួយចំនួនទៀត ។ នៅទីនោះ យើងត្រូវឆ្លងកាត់ការត្រួតពិនិត្យបីឬបួនដំណាក់ ។ នៅតាមដំណាក់និមួយៗ យើត្រូវបង់ប្រាក់ឲ្យអ្នកត្រួតពិនិត្យ ពី ៥ ទៅ ១០ដុល្លារ ។ ក្រៅអំពីការបង់ប្រាក់នៅមន្ទីរក្រសួងថ្នាក់ជាតិនោះ ក៏នៅមានការបង់ប្រាក់ទៅឲ្យមន្ត្រីថ្នាក់មូលដ្ឋានផងដែរ ។ និយាយរួម ការបង់ប្រាក់ក្រៅផ្លូវការ ឬអំពើពុករលួយនៅស្រុកខ្មែរវាហាក់ដូចជាទំនៀមទម្លាប់មួយដែលមនុស្សស្ទើរគ្រប់រូបប្រព្រឹត្តិជាទូទៅ ។
បន្ទាប់ពីរៀបការហើយ ខ្ញុំធ្វើដំណើរទៅកាន់វត្ត ដីដុះ ហើយចូលទៅដុតធូបលុតជង្គង់សុំខមាទោសម្តាយខ្ញុំនៅមុខចេតីយ៍ផ្នូររបស់គាត់ដោយស្ងៀមស្ងាត់ ។ វាជារឿងដ៏ឈឺចាប់ជាទីបំផុតនៅពេលដែលយើងយកមោទនភាពរបស់ម៉ែឪទៅជាន់ឈ្លីទោះបីជាទង្វើនោះធ្វើឡើងដោយបង្ខំចិត្តក៏ដោយ ។ អ្វីដែលធ្វើឲ្យខ្ញុំរឹតតែឈឺចាប់ទ្វេរដង គឺប្រការដែលខ្ញុំមិនអាចស្អប់អំពើពុករលួយ ព្រោះថា បើខ្ញុំស្អប់អំពើពុករលួយ ខ្ញុំត្រូវស្អប់ប្រទេសខ្មែរ សង្គមខ្មែរ ហើយក៏ត្រូវស្អប់ខ្លួនឯងដែលមានកំណើតជាជនជាតិខ្មែរផងដែរ ៕
Friday, September 6, 2019
រកសុី
ការងាររកសុី
កើត ចាស់ ជរា ស្លាប់ ជាការវិវត្តន៍របស់ជីវិតមនុស្សនិងសត្វ ។ នៅក្នុងដំណើរជីវិតនេះ មនុស្សខ្លះត្រូវឆ្លងកាត់ការប្រកបការងារជាច្រើនជំពូកដើម្បីគាំពារជីវិតតាំងតែពីកុមារភាពរហូតដល់ថ្ងៃអវសាន្តនៃជីវិត ។ បច្ចុប្បន្ន ជីវិតខ្ញុំបានដើរមកដល់ចំណុចមួយដែលហៅថា មជ្ឈឹមវ័យ ។ សង្កេតមើលទៅអតីតកាល ខ្ញុំស្ទើរតែមិនជឿខ្លួនឯងទេថា ខ្ញុំបានប្រកបការងារជាច្រើនដើម្បីទ្រទ្រង់និងរក្សាជីវិតរបស់ខ្ញុំ ។ ខាងក្រោមនេះជាការងារដែលខ្ញុំធ្លាប់ធ្វើមានថេរវេលាយ៉ាងហោចណាស់ក៏ប្រាំខែដែរ ចាប់តាំងពីកុមារភាពមក៖
ទសវត្សឆ្នាំ ១៩៧០
ការងាទី ១ ដែលខ្ញុំធ្លាប់ធ្វើគឺយួរកំសៀវទឹកដើរស្រោចគល់កូន ម្ទេស ត្រប់ និង ប៉េងប៉ោះ ដែលម្តាយខ្ញុំដាំនៅក្នុងចម្ការ ។ ការស្រោចកូនម្ទេស ត្រប់ និងប៉េងប៉ោះនេះ គឺខ្ញុំត្រូវប្រុងប្រយ័ត្នមិនឲ្យទឹកប៉ះត្រួយវាឡើយ ។
(នៅក្នុងជំនាន់ ប៉ុល ពត ១៩៧៥-៧៩ ក្នុងនាមជាពលករកុមារមួយរូប)
ការងារទី ២ របស់ខ្ញុំគឺ ឃ្វាលគោនិងក្របី ។
ការងារទី ៣ របស់ខ្ញុំគឺ ឡើងត្នោតដើម្បីគៀបផ្កាយកទឹង ។ បាទខ្ញុំចេះឡើងត្នោតនិងផលិតទឹកត្នោត ។ ហើយក៏ជាអ្នកផលិតទឹកត្នោតមួយរូបដ៏ចំណាប់ផងដែរ ត្បិតត្នោតខ្លះអ្នកដទៃមិនអាចផលិតទឹកបានច្រើនទេ តែខ្ញុំអាចផលិតបានច្រើន ។ ខ្ញុំរៀនបច្ចេកទេសផលិតទឹកត្នោតពីចាស់ៗក្នុងភូមិ ។ សូមបញ្ជាក់ថា ត្នោតខុសអំពីរុក្ខជាតិដទៃ ត្បិតអី វា(ត្នោត)ហាក់ដូចជាមានវិញាណ ។ ឧទាហរណ៍ ត្នោតអាចដឹងអំពីទម្ងន់នៃមនុស្សដែលឡើងគៀបនិងចិតផ្កាវាជាប្រចាំ ។ បើមានមនុស្សផ្សេងឡើងទៅចិតផ្កាវា ទឹកដែលវាធ្លាប់តែផលិតឲ្យកាចបំពង់គឹអាចទទួលបានត្រឹមតែកន្លះបំពង់តែប៉ុណ្ណោះ ។
ការងារទី ៤ របស់ខ្ញុំគឺជីកប្រឡាយ លើកភ្លឺស្រែ និង រែកដីសង់ទំនប់ទប់ស្ទឹងស្ទោងនៅម្តុំភូមិ កំពង់ចិន ។
ការងារទី ៥ គឺដកស្ទូងសំណាបនិងធាក់រហាត់បូមទឹកបញ្ចូលស្រែ (ផលិតស្រូវ) ។
ទសវត្សឆ្នាំ ១៩៨០
ការងារទី ៦ របស់ខ្ញុំគឺកសិករដាំបន្លែគ្រប់ប្រភេទ ។ នៅក្នុងជីវិតជាកសិករដាំបន្លែនេះ ខ្ញុំចេះភ្ជួររាស់យ៉ាងស្ទាត់ជំនាញ ហើយក៏អាចផលិតឧបករណ៍ដូចជា នង្គ័ល រនាស់ និងធ្លាប់ជាកូនជាងដំដែកផងដែរ ។ ក្រៅអំពីការងារស្រែចម្ការ ខ្ញុំក៏ចេះអារជ្រៀកឈើហ៊ុបធ្វើផ្ទះផងដែរ ។ បច្ចុប្បន្ន របរអារឈើហ៊ុបប្រភេទនោះលែងមានទៀតហើយ ។
ការងារទី ៧ របស់ខ្ញុំគឺគ្រូបង្រៀនភាសាអង់គ្លេសដល់កុមារតូចៗនៅក្នុងជំរំជនភៀសខ្លួន ។
ការងារទី ៨ របស់ខ្ញុំគឺធ្វើការនៅក្នុង អាសឹមប្លីឡាញ (Assembly Line) ។ គួរបញ្ជាក់ថា Assembly Line នៅទីនេះមិនមែនមន្ទីររដ្ឋសភាទេ ។ វាគឺជាខ្សែផលិតឧបករណ៍ឬម្ហូបអាហារនៅក្នុងរោងចក្រដែលមានមនុស្សចន្លោះពី ៥ ទៅ ១០នាក់អង្គុយឬឈរជាជួរដើម្បីច្រកឧបករណ៍ឬម្ហូបចំណីចូលក្នុងស្បោង ឬប្រអប់ ។
ទសវត្សឆ្នាំ ១៩៩០
ការងារទី ៩ គឺជាអ្នកប្រមូលនិងលាងចានឆ្នាំងនៅក្នុងមជ្ឈមណ្ឌល់គាំពារមនុស្សចាស់ជរា ។
ការងារទី ១០ គឺជាជំនួយការលេខានៅក្នុងមជ្ឈមណ្ឌលសិក្សាភាសានិងកំព្យូទ័រក្នុងមហាវិទ្យាល័យ ។
ការងារទី ១១ គឺជាអ្នកជៀនសាច់មាន់និងដំឡូងបារាំងនៅក្នុងហាងលក់ឥវ៉ាន់ចាប់ហួយតូចមួយ ។
ការងារទី ១២ គឺជាអ្នកលក់សំលៀកបំពាក់និងគ្រឿងឧបភោគបរិភោគនានានៅក្នុងផ្សារទំនើប ។
ការងារទី ១៣ គឺជាអ្នកយកពត៌មាននៅក្នុងសន្និសិទ ។ ការងារទី ១៣នេះ ខ្ញុំចាប់ផ្តើមតាំងតែពីឆ្នាំ ១៩៩៦ មកដល់បច្ចុប្បន្ន ។ ខ្ញុំមិនដឹងថា ជីវិតការងាររបស់ខ្ញុំនឹងត្រូវបញ្ចប់ត្រឹមការងារទី១៣នេះ ឬមួយក៏ត្រូវបន្តជាមួយនឹងការងារដទៃទៀតឡើយ ។ មានតែពេលវេលាតែប៉ុណ្ណោះ ដែលអាចដឹងបាន ៕
Friday, August 9, 2019
ចំណីខួរក្បាល
ប្រាថ្នាខ្ពស់ (Big Dream)
កុមារតូចៗស្ទើរតែគ្រប់រូប មិនថាជាកូនអ្នកមាន ឬអ្នកក្រ តែងតែមានសេចក្តីប្រាថ្នាចង់ធ្វើ ឬក៏ក្លាយទៅជាអ្នកប្រកបរបរអ្វីមួយនៅក្នុងជីវិតអនាគតរបស់ខ្លួន ។ ក្នុងនាមជាកុមារកាលពីអតីតកាល ខ្ញុំក៏មានសេចក្តីប្រាថ្នាមួយដែរ ។ សេចក្តីប្រាថ្នារបស់ខ្ញុំគឺចង់ក្លាយជាអ្នកបើកបរយន្តហោះ ។ កាលនោះស្ថិតនៅក្នុងទសវត្សឆ្នាំ ១៩៧០ ដែលជាវេលាស្រុកខ្មែរកំពុងស្ថិតនៅក្រោមសឹកសង្គ្រាម ។ មូលហេតុដែលខ្ញុំចង់ក្លាយជាអ្នកបើកយន្តហោះ មិនមែនដើម្បីទម្លាក់គ្រាប់បែកលើពួកបច្ចាមិត្តទេ គឺដើម្បីបានផ្សងព្រេងទៅទស្សនាទឹកដីនៅស្រុកឆ្ងាយៗ ព្រោះខ្ញុំជាក្មេងដែលចូលចិត្តស្វែងយល់ថាតើមានអ្វីប្លែកៗខ្លះដែលស្ថិតនៅឆ្ងាយអំពីភូមិរបស់ខ្ញុំ ។
ដើម្បីរៀនបើកបរយន្តហោះ គេត្រូវការចំណេះដឹងផ្នែក រូបវិទ្យា គណិតវិទ្យា ភូមិវិទ្យា និងវិទ្យាសាស្ត្រមួយចំនួនទៀតដែលពាក់ព័ន្ធនឹងលំហ ។ ហេតុតែខ្ញុំនៅក្មេង ខ្ញុំមិនដឹងអំពីលក្ខខណ្ឌអស់ទាំងនេះទេ ។ ថែមទាំងមិនដឹងថា ស្រុកខ្មែរសម័យនោះគ្មានកន្លែងសម្រាប់ហ្វឹកហាត់បើបរយន្តហោះទៀតផង ។ ដូច្នេះ ខ្ញុំក៏បន្តក្តីប្រាថ្នារបស់ខ្ញុំទាំងងងិតងងល់ ។ បន្ទាប់ពីឆ្លងកាត់កលិយុគនៅស្រុកខ្មែរចាប់ពីទសវត្សឆ្នាំ ១៩៧០ រហូតដល់ពាក់កណ្តាលទសវត្សឆ្នាំ ១៩៨០ ជាពិសេសបន្ទាប់ពីឆ្លងកាត់សម័យកាលពួកកម្មុនីស្តខ្មែរក្រហមបំផ្លាញប្រទេសកម្ពុជានៅចុងទសវត្សឆ្នាំ ១៩៧០ ខ្ញុំចាប់ផ្តើមប្រាកដក្នុងចិត្តថា ក្តីប្រាថ្នារបស់ខ្ញុំមិនអាចក្លាយជាការពិតបានឡើយ ។
នៅចុងទសវត្សឆ្នាំ ១៩៨០ ខ្ញុំមានឱកាសបានស្តារកាសិក្សារបស់ខ្ញុំឡើងវិញបន្ទាប់ពីខកខានអស់រយៈពេល ១០ឆ្នាំ ។ ខ្ញុំមានអាយុ ២១ឆ្នាំគត់ហើយកំពុងរស់នៅក្នុងជំរំជនខ្ចាត់ព្រាត់មួយ (Camp for Displaced Persons) នៅតាមបណ្តោយព្រំដែនខ្មែរ-ថៃ ។ បួនឆ្នាំក្រោយមក ខ្ញុំមានវាសនាបានទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក ។ បន្ទាប់ពីប្រឡងជាប់បានចូលរៀននៅមហាវិទ្យាល័យ ក្តីប្រាថ្នាកុមារភាពរបស់ខ្ញុំបានត្រឡប់មកលងខ្ញុំសាជាថ្មី ។ ខ្ញុំគ្មានសមត្ថភាព ឬលទ្ធភាពក្លាយជាអ្នកបើកបរយន្តហោះឡើយ ប៉ុន្តែអាជីពមួយដែលអាចឲ្យខ្ញុំដើរផ្សងព្រេងបានគឺ អ្នកកាសែត ។ ដូច្នេះ ខ្ញុំក៏សម្រេចបន្តក្តីប្រាថ្នាកុមារភាពនោះទាំងងងិតងងល់ម្តងទៀត ។ ប្រាំមួយឆ្នាំក្រោយមក ខ្ញុំរៀនយកអាជីពជាអ្នកកាសែតបានដូចបំណង ។ ប៉ុន្តែ អ្វីៗហាក់ដូចជាមិនដំណើរការទៅតាមការគ្រោងទុកឡើយ ។ នៅក្នុងដំណើរស្វែងរកការងារជាអ្នកកាសែត ខ្ញុំជួបនឹងឧបសគ្គជាច្រើន ។ ទីមួយ ស្ថាប័នពត៌មានធំៗដែលអាចផ្តល់ឱកាសឲ្យខ្ញុំដើរផ្សងព្រេងបាននៅក្នុងការបំពេញការងារ តម្រូវឲ្យខ្ញុំមានបទពិសោធការងារ ១ឆ្នាំ ឬក៏២ឆ្នាំសិន មុននឹងគេផ្តល់ឱកាសការងារឲ្យខ្ញុំ ។ ទីពីរ ឱកាសការងារខ្លះ តម្រូវឲ្យខ្ញុំវេចសម្ពាយ ស្ពាយបង្វេចទៅរស់នៅទីក្រុងផ្សេង ។ អ្នកកាសែតនិងគ្រូបង្រៀនមិនខុសគ្នាប៉ុន្មានទេ ។ ការហ្វឹកហ្វឺនមានលក្ខណៈជាអាជីពតែម្តង ។ ដូច្នេះ នៅពេលដែលស្ថាប័នពត៌មានតម្រូវឲ្យអ្នកកាសែតទើបបញ្ចប់ការសិក្សាស្វែងរកបទពិសោធការងារជាមុន មុននឹងផ្តល់ឱកាសឲ្យចូលបំពេញការងារ វាហាក់ដូចជាមិនសមហេតុផលទាល់តែសោះ (Oxymoron) ។ ខ្ញុំសម្រេចចិត្តមិនដេញតាមក្តីប្រាថ្នាកុមារភាពនោះទៀតទេ ត្បិតគិតថាសច្ចភាពនៃដំណើរជីវិតនិងក្តីប្រាថ្នាកុមារភាព មិនប្រាកដថាអាចជួបគ្នាបានឡើយ ។ ប៉ុន្តែ កម្មដែលយើងសាង ដោយផ្លូវចិត្តក្តី ដោយផ្លូវកាយក្តី វាមិនអាចបញ្ចប់ទៅដោយងាយៗឡើយ ។
ល្ងាចមួយ នៅពេលដែលខ្ញុំរៀបចំបោសសម្អាតកន្លែងធ្វើការនៅក្នុងហាងលក់សម្លៀកបំពាក់មួយ ខ្ញុំប្រទះកាសែតសហគមតូចមួយដែលបុគ្គលិកប្រៃសនីយ៍យកមកដាក់ចោលនៅក្នុងកន្លែងខ្ញុំធ្វើការរាល់ថ្ងៃ ។ កាសែតនោះគេចែកផ្សាយដោយឥតគិតថ្លៃ ។ ខ្ញុំមិនដែលអានកាសែតនោះទេ ថែមទាំងបោះវាចោលក្នុងធុងសម្រាមរាល់ថ្ងៃឡើងធុញទៅហើយ ។ ប៉ុន្តែ ល្ងាចនោះខណៈដែលខ្ញុំហៀបនឹងបោះកាសែតចូលក្នុងធុងសម្រាម ភ្នែកខ្ញុំទាក់នឹងរូបឡានស៊េរីថ្មីមួយដែលគេចុះផ្សាយ ។ ខ្ញុំមើលអត្ថបទត្រួសៗ ។ នៅចុងអត្ថបទ មានភ្ជាប់កាផ្សាយស្វែងរកបុគ្គលិកប្រភេទ ក្លាស៊ីហ្វាយ មួយដែលសរសេរថា៖ CONFERENCE REPORTER ។ លក្ខខណ្ឌការងារគឺគេតម្រូវឲ្យបេក្ខជនមានបរិញ្ញាប័តនិងចំណូលចិត្តផ្នែកនយោបាយនិងសង្គមកិច្ច ។ មិនមានតម្រូវការបទពិសោធការងារទេ ។ ខ្ញុំមិនដឹងថាការងារនោះមានសណ្ឋានដូចម្តេចទេ ប៉ុន្តែពាក្យ Reporter ឬ អ្នកយកពត៌មានបានទាក់ទាញចំណាប់អារម្មណ៍របស់ខ្ញុំ ។ ស្អែកឡើង ខ្ញុំសម្រេចផ្ញើ Resume ទៅកន្លែងដែលត្រូវការបុគ្គលិកនោះ ។ មួយអាទិត្យក្រោយមកគេក៏ហៅខ្ញុំទៅសម្ភាសការងាររួចហើយសម្រេចទទួលយកខ្ញុំឲ្យធ្វើជាបុគ្គលិកនៅថ្ងៃនោះតែម្តង ។ ពាក្យមួយម៉ាត់ដែលគេសួរខ្ញុំគឺថា តើអាចធ្វើការងារនេះកើតទេ? ខ្ញុំឆ្លើយថា អាច ទាំងមិនដឹងថាតើការងារនោះវាតម្រូវឲ្យខ្ញុំមានសមត្ថភាពត្រឹមណាផង ។
អ្នកយកពត៌មាននៅក្នុងសន្និសិទ ជាមុខងារស្ថិតនៅចន្លោះអ្នកកាសែតនិងអ្នកនយោបាយ ។ វាជាកិច្ចការស្ថិតនៅពីក្រោយឆាក ហើយមិនមានមនុស្សច្រើនទេដែលដឹងអំពីមុខងារនេះ ។ កិច្ចការនេះមានបីដំណាល់កាល គឺអ្នកកត់ត្រា អ្នកសរសេររបាយការណ៍ និងអ្នកសម្រិតសម្រាំងរបាយការណ៍ ។ វាពាក់ព័ន្ធនឹងច្បាប់តម្លាភាពរបស់សហរដ្ឋអាមេរិក ។ ក្រៅពីសហរដ្ឋអាមេរិក ប្រហែលជាគ្មានប្រទេសណាមានការងារប្រភេទនេះឡើយ ។ តួនាទីរបស់ខ្ញុំគឺជាអ្នកកត់ត្រានៅក្នុងកិច្ចប្រជុំរបស់គណកម្មាធិការវិទ្យាសាស្ត្រនិងរៀបចំគោលនយោបាយសាធារណៈ ។ កាតព្វកិច្ចការងាររបស់ខ្ញុំគឺ មួយភាគបីនៃការងារទាំងមូល ។ កម្រិតទីពីរ និងកម្រិតទីបីខ្ញុំធ្វើមិនកើតទេ ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំខិតខំធ្វើកិច្ចការរបស់ខ្ញុំដោយយកចិត្តទុកដាក់ជាទីបំផុត ។ សារភាពតាមត្រង់ទៅចុះ កន្លះឆ្នាំដំបូង ខ្ញុំមានអារម្មណ៍ហាក់ដូចជាស្វាចូលក្រុង ។ ប៉ុន្តែ ខ្ញុំវាយឬកហាក់ដូចជាខ្ញុំនឹងយល់ដឹងអំពីអ្វីដែលខ្ញុំធ្វើច្បាស់លាស់ណាស់ ។ ទំនុកចិត្តលើខ្លួនឯងនិងការខិតខំរៀនសូត្រអំពីការងារបានធ្វើឲ្យខ្ញុំក្លាយជាបុគ្គលិកមួយរូបដែលទទួលបានការទុកចិត្តខ្ពស់ ។ ជាលទ្ធផល ខ្ញុំត្រូវបានស្ថាប័នបញ្ជូនឲ្យចុះបេសកកម្មញឹកញាប់ជាងគេ ។ រយៈពេលប្រមាណជា ១០ឆ្នាំ ក្នុងនាមជាអ្នកយកពត៌មាននៅក្នុងសន្និសិទ ខ្ញុំបានចុះបេសកកម្មការងារនៅទីឆ្ងាយៗក្នុងមួយខែម្តងឬក៏ពីរដង ។ នៅក្នុងសហរដ្ឋអាមេរិក ខ្ញុំបានទៅបំពេញការងារជាង ៣០រដ្ឋ ហើយក៏មានឱកាសបានទស្សនាទីក្រុងនិងទីប្រជុំជនប្រមាណជាជាង ២០០ដែរ ។ បេសកកម្មខ្លះតម្រូវឲ្យខ្ញុំចេញទៅក្រៅប្រទេស ប៉ុន្តែមានមិនច្រើទេ ។
ក្នុងចំណោមទីក្រុងនិងទីប្រជុំជននានានៅសហរដ្ឋអាមេរិកដែលខ្ញុំធ្លាប់ទៅឃើញ មានតំបន់ឬទីប្រជុំជនចំនួន ៤ ដែលខ្ញុំចូលចិត្តជាងគេ ។ នៅតំបន់សមុទ្រនារដូវក្តៅ ទីប្រជុំជន Cape Cod, Massachussets ជាកន្លែងល្អប្រណិតមួយសម្រាប់ខ្ញុំ ។ នៅតំបន់ភ្នំនារដូវក្តៅគឺទីក្រុង Aspen, Colorado ។ ឯនៅតំបន់វាលខ្សាច់និងវាស្មៅនៅរដូវត្រជាក់ ខ្ញុំចូលចិត្តទីក្រុង Tucson, Arizona និង Santa Fe, New Mexico ។ គួរកត់សម្គាល់ថា ខ្ញុំឲ្យតម្លៃទីក្រុងនិងទីប្រជុំជនទាំងនេះគឺផ្អែកលើសោភ័ណ្ឌនៃធម្មជាតិដែលមនុស្សរក្សាទុកឬក៏ឆ្នៃប្រឌិតភ្ជាប់ភ្ជិតទៅនឹងជីវិតប្រចាំថ្ងៃ (Harmony living with nature) ។
មុននឹងបញ្ចប់អត្ថបទនេះ សូមភ្ជាប់នូវបទពិសោធមួយដែលអង្រន់ចិត្តខ្ញុំរហូតដល់ស្រក់ទឹកភ្នែក ។ ថ្ងៃមួយ ខ្ញុំឃើញលិខិតមួយនៅលើតុក្នុងការិយាល័យដែលមានត្រារបស់សេតវិមាន ។ នៅលើក្បាលលិខិតនោះគេសរសេរថា៖ Executive Office of the President ។ ខ្ញុំសួរប្រធានការិយាល័យថា៖ លិខិតនេះមានន័យថាមេច ។ គាត់ប្រាប់ខ្ញុំថា វាជាសំណើររបស់គណកម្មាធិការប្រឹក្សាវិទ្យាសាស្ត្ររបស់ប្រធានាធិបតី សុំឲ្យយើងទៅធ្វើកិច្ចការឲ្យគេ ។ ខ្ញុំភ្ញាក់ព្រើតព្រោះកន្លងមកយើងមិនដែលធ្វើកិច្ចការឲ្យគណកម្មាធិការរបស់រដ្ឋសភាឬក៏ប្រធានាធិបតីទេ ។ យើងធ្វើកិច្ចការឲ្យតែស្ថាប័នរដ្ឋមន្ត្រីនិងមន្ទីរក្រសួងនានាតែប៉ុណ្ណោះ ។ ប្រធានការិយាល័យប្រាប់ខ្ញុំថា គាត់នឹងបញ្ជូនខ្ញុំឲ្យទៅធ្វើការងារជាមួយនឹងគណកម្មាធិការរបស់ប្រធានាធិបតីនៅពេលកាលវិភាគមកដល់ ។
កន្លែងប្រជុំរបស់គណកម្មាធិការប្រឹក្សាវិទ្យាសាស្ត្ររបស់ប្រធានាធិបតីស្ថិតនៅទល់មុខអគារសេតវិមានចាស់ ក្បែរអគារស្នាក់នៅរបស់ភ្ញៀវបរទេស ។ ខ្ញុំដើរចូលទៅក្នុងបរិវេណសេតវិមានជាមួយនឹងអ្នកកាសែតមួយចំនួនដោយចោលភ្នែកមើលទៅសេតវិមានមួយភ្លែតមុននឹងឆ្លងផ្លូវទៅកាន់សាលប្រជុំ Jackson Square ដែលជាទីកន្លែងខ្ញុំត្រូវចូលទៅបំពេញការងារ ។ ពេលនោះ ទឹកភ្នែកខ្ញុំស្រាប់តែហូរធ្លាក់មកដោយមិនដឹងខ្លួន ។ ខ្ញុំមានអារម្មណ៍ស្រងេះស្រងោចនឹកទៅដល់គ្រាដែលខ្ញុំកំពុងបររទេះគោដឹកពោតឡើងមកអំពីចម្ការ ។ វាជាអារម្មណ៍មួយដែលពិបាកនិងបរិយាយ ។ អ្នកដែលធ្លាប់ឆ្លងកាត់ឆាកជីវិតកំសត់ទុគ៌តប្រហែលជាយល់អំពីអារម្មណ៍មួយនេះ ។ ក្តីប្រាថ្នាកុមារភាពរបស់ខ្ញុំ សន្មត់ថាចប់ជាស្ថាពរ ៕
Monday, August 5, 2019
ចំណីខួរក្បាល
ស្នេហា (Love)
មនុស្សជាច្រើនយល់ច្រឡំថា ស្នេហាគឺជាការលះបង់ធ្វើអ្វីៗដើម្បីមនុស្សដែលខ្លួនស្រឡាញ់ដោយសុទ្ធចិត្ត ហើយមិនរំពឹងចង់បានអ្វីដែលជាការតបស្នងឡើយ ។ ប្រៀបដូចជាម្តាយស្រឡាញ់ថែរក្សាកូនង៉ានៅក្នុងរង្វង់ដៃដូច្នោះដែរ ។ ចំណុចនេះហាក់ដូចជារាក់ពេកណាស់ ។ យើងគប្បីស្វែងយល់ឲ្យបានជ្រៅជាងនេះបន្តិច ។
ស្រឡាញ់មនុស្សម្នាក់ ក្នុងនាមជាប្តីប្រពន្ធក្តី ជាកូនក្តី ជាបងប្អូនក្តី ពាក់ព័ន្ធនឹងបញ្ចក្ខ័ន្ធ ឬខន្ធប្រាំ រួមមាន៖ រូប វេទនា សញ្ញា សង្ខារ និង វិញ្ញាណ ។ ខន្ធទាំងប្រាំនេះប្រមូលចូលគ្នាទៅបង្កើតបានជា តណ្ហា (Desire) ដែលជាឬសគល់នៃ ស្នេហា (Love) ។
ស្នេហាឬសេចក្តីស្រឡាញ់មានពីរប្រភេទ គឺស្រឡាញ់មានលក្ខខណ្ឌ និងស្រឡាញ់ឥតលក្ខខណ្ឌ (Conditional Love and Unconditional Love) ។ ខ្ញុំលើកយកប្រធានបទ "ស្រឡាញ់ឥតលក្ខខណ្ឌ" មកវែកញែកនៅទីនេះ ដើម្បីស្វែងយល់ថាតើសេចក្តីស្រឡាញ់ដែលឥតលក្ខខណ្ឌអាចមានផលវិបាកដែរទេ ។
ការលះបង់និងធ្វើអ្វីៗសព្វបែបយ៉ាងដើម្បីផ្គាប់ផ្គុនឬក៏ជួយយកអាសាមនុស្សដែលខ្លួនស្រឡាញ់ដោយមិនរំពឹងចង់បានអ្វីតបស្នង គឺជាទង្វើប្រពៃបំផុត ។ ក៏ប៉ុន្តែ ទង្វើដ៏ប្រពៃនេះ វាប្រពៃសម្រាប់តែមនុស្សដែលទទួលបាននូវក្តីស្រឡាញ់នេះតែប៉ុណ្ណោះ ។ សម្រាប់អ្នកដែលផ្តល់សេចក្តីស្រឡាញ់ឲ្យគេ វាមិនប្រាកដថាប្រពៃឡើយ ។ ឱវាទមួយនៅក្នុងព្រះពុទ្ធសានាស្តីអំពីការធ្វើបុណ្យគឺថា បុគ្គលគប្បីធ្វើបុណ្យប្រកបដោយបញ្ញា ។ សេចក្តីស្រឡាញ់និងធ្វើបុណ្យគឺមិនខុសគ្នាប៉ុន្មានទេ ។ បើយើងចេះតែអនុវត្តវាដោយគ្មានការពិចារណា វានឹងនាំទៅកាន់ក្តីវិនាស ។
ស្នេហាឬសេចក្តីស្រឡាញ់ជាសកម្មភាពបដិការ (Reciprocal Action) ។ ដើម្បីឲ្យស្នេហាមានភាពរឹងមាំ ភាគីពាក់ព័ន្ធគប្បីទទួលបានការស្រឡាញ់តបស្នងសមរម្យផងដែរ ។ ការតបស្នងនោះ មិនចាំបាច់មានភាពស្មើគ្នាទេ ។ ឧទាហរណ៍ មនុស្សពិការដែលមិនអាចកម្រើកឬនិយាយកើត កែវភ្នែកដែលសម្លឹងប្រកបដោយអំណរគុណ (Acknowledgment) ចំពោះអ្នកដែលបញ្ចុកចំណីខ្លួននោះក៏ចាត់ទុកថាជាទង្វើបដិការដែរ ។ ភាពមានទៅមានមកនេះ វាជាលក្ខខណ្ឌដ៏ចាំបាច់មួយសម្រាប់សុខភាពស្នេហា ។ បើគ្មានវាទេស្នេហាក៏មិនអាចរឹងមាំ ឬក៏មានជីវិតរស់នៅយូរអង្វែងបានដែរ ។
យើងអាចប្រៀបធៀបស្នេហាលះបង់ទៅនឹងដើមឈើមួយដើម ។ នៅពេលដែលយើងលះបង់អ្វីៗគ្រប់បែបយ៉ាងដើម្បីមនុស្សដែលយើងស្រឡាញ់ដោយមិនទទួលបាននូវអ្វីដែលជាក្តីស្រឡាញ់បដិការ វាប្រៀបដូចជាដើមឈើដែលត្រូវបានគេលះមែកចេញម្តងមួយៗអស់មួយចំហៀងដើមដូច្នោះដែរ ។ វាបាត់បង់តុល្យភាពជីវិតហើយអាចដួលរលំដោយងាយ នៅពេលមានកត្តាអ្វីមួយមកប៉ះពាល់ ។ ឧទាហរណ៍ ប្រពន្ធឬប្តីដែលលះបង់អ្វីៗសព្វបែបយ៉ាង (Concession) ដើម្បីតម្រូវចិត្តភាគីម្ខាងទៀតដោយមិនទទួលបាននូវបដិការកម្ម (សកម្មភាពឆ្លើយតបវិជ្ជមាន) រមែងស្ថិតនៅក្នុងស្ថានភាពអាប់អួរ ។ ភាពអាប់អួរនេះហើយដែលទាញសេចក្តីស្នេហាលះបង់ឲ្យធ្លាក់ចុះទៅក្នុងជ្រោះអហោសិកម្ម ។
បើយើងពិនិត្យមើលឲ្យបានសុីជម្រៅបន្តិច ស្រឡាញ់ឥតលក្ខខណ្ឌអាចចែកចេញជាពីរផ្នែកថែមទៀតគឺ ស្រឡាញ់ផ្អែកលើមនោសញ្ចេតនា និងស្រឡាញ់ផ្អែកលើឧត្តមគតិ ។ ស្រឡាញ់ផ្អែកលើឧត្តមគតិគឺជាសេចក្តីស្រឡាញ់ដែលខ្ពស់បំផុត រហូតដល់មនុស្សខ្លះហ៊ានលះបង់សេរីភាពឬអាយុជីវិតទៀតផង ។ យុត្តិធម៌គឺជាកត្តាមួយដែលអាចជម្រុញមនុស្សឲ្យលុះក្នុងក្តីស្រឡាញ់ប្រភេទនេះ ។ មនុស្សមួយចំនួនដែលយើងអាចលើកយកមកធ្វើជាឧទាហរណ៍នៃក្តីស្រឡាញ់ផ្អែកលើឧត្តមគតិមានជាអាទ៍៖ លោក មហាត្ម័ក គន្ធី (Mohandas Gandhi) លោក ម៉ាទីន លូហ្សឺឃីង (Martin Luther King, Jr.) លោក នេលសុន ម៉ែនដែលឡា (Nelson Mandela) និង លោក កែម ឡី (Kem Ley) ។ បុគ្គលខាងលើនេះជានិម្មិតរូបនៃក្តីស្រឡាញ់ផ្អែកលើឧត្តមគតិដែលមានយុត្តិធម៌ជាសង្សារ ៕
Wednesday, July 24, 2019
ចំណីខួរក្បាល
ជ្រុងមួយនៃការវិនិយោគរបស់ចិននៅកម្ពុជា
ហេតុអ្វីបានជាចិនដាក់លក្ខខណ្ឌឲ្យកម្ពុជាទទួលយកពលករចិនមកធ្វើការនៅកម្ពុជាភ្ជាប់ជាមួយនិងគម្រោងនានាដែលបង្កើតឡើងដោយហិរញ្ញប្បទានរបស់ចិន? ចម្លើយលើគោកមួយគឺដើម្បីចំរាញ់យកលុយដែលចិនឲ្យខ្ចីនោះទៅស្រុកចិនវិញ ។ ប៉ុន្តែ ចំណុចមួយទៀតដែលមនុស្សទូទៅមើលរំលង គឺបញ្ហាសង្គមនៅក្នុងប្រទេសចិន ។ ឆ្ងល់ទេ ថាតើហេតុអ្វីបានជាពលករចិនភាគច្រើនដែលមកធ្វើការក្នុងស្រុកខ្មែរ ជាយុវជន ។ កាលលោក ជីវ តាក្វាន់ មកទស្សកិច្ចនៅកម្ពុជានាចុងសតវត្សទី ១៣ គាត់បានសរសេរនៅក្នុងកំណត់ហេតុគាត់ថា៖ ជនជាតិចិនដែលមកដល់ស្រុកខ្មែរ ពួកគេតែងតែស្វែងរកស្ត្រីខ្មែរមកធ្វើជាភរិយា ដើម្បីទទួលបាសារប្រយោជន៍ជាច្រើន ។
"សារប្រយោជន៍" គឺជាអ្វីដែលរដ្ឋាភិបាលចិនដ៏ឆ្លាតវាងវៃសព្វថ្ងៃកំពុងស្វែងរកនិងទទួលបាននៅកម្ពុជា ។ ដើម្បីគ្រុបគ្រងកំណើនពលរដ្ឋនៅក្នុងប្រទេសចិន នៅក្នុងទសវត្សឆ្នាំ ១៩៧០ ៨០ និង ៩០ ចិនបានបង្កើតគោលនយោបាយ កូនមួយសម្រាប់គ្រួសារមួយ (One Child Policy) ។ ការដាក់កំហិតនេះបានបង្កឲ្យមានផលវិបាកមួយសម្រាប់គ្រួសារចិនផងទាំងពួងដែលត្រូវការកូនប្រុសដើម្បីស្នងវង្សត្រកូល ។ ដូច្នេះ ដើម្បីមានកូនប្រុសបន្តពូជពង្ស គ្រួសារចិនជាច្រើនបានពន្លូតកូនចោល នៅពេលពិនិត្យឃើញថាគ៌កដែលនៅក្នុងផ្ទៃមានភេទជាស្រី ។ ជាងសាមសិបឆ្នាំក្រោយមក ការជំរឿនមួយបានបង្ហាញថា ពលរដ្ឋចិនដែលមានអាយុសែសិបឆ្នាំផ្លាយចុះមក ភេទប្រុសមានចំនួនច្រើនជាងភេទស្រីប្រមាណជា ៣៥ លាននាក់ ។ បានន័យថា ពលរដ្ឋចិនប្រមាណជា ៣៥លាននាក់ មិនអាចរកភរិយានៅក្នុងស្រុកចិនបានឡើយ ។ អតុល្យភាពភេទនៃពលរដ្ឋនេះ បានជម្រុញឲ្យរដ្ឋាភិបាលចិនលុបបំបាត់គោលនយោបាយ កូនមួយសម្រាប់គ្រួសារមួយ ដោយស្ងៀមស្ងាត់ ហើយក៏ស្វែងរកដំណោះស្រាយបញ្ហាសង្គមមួយនេះដោយស្ងៀមស្ងាត់ផងដែរ ។ ដំណោះស្រាយមួយដែលរដ្ឋាភិបាលចិនធ្វើគឺលើកទឹកចិត្តនិងផ្តល់ឱកាសការងារដល់យុវកម្លោះលើសតម្រូវការទាំងនោះទៅធ្វើការនៅក្នុងប្រទេសនានាមានកម្ពុជាជាដើម ។
គេមិនដឹងថា យុវបុរសចិនដែលមកធ្វើការនៅក្នុងស្រុកខ្មែរ មានប៉ុន្មាននាក់ដែលសម្រេចចិត្តយកភរិយានៅស្រុកខ្មែរទេ ។ ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា អាចមានទិន្នន័យអំពីប្រការនេះ ។ មុននឹងបញ្ចប់ សូមគូសវាសបញ្ជាក់ដែរថា រឿងចិនមកស្វែងរកភរិយានៅស្រុកខ្មែរដើម្បីបន្តពូជពង្សវង្សមនុស្សនោះ គ្មានអ្វីគួរឲ្យចង្អៀតចង្អល់ចិត្តទេ ។ វាគ្រាន់តែជាអព្ភូតហេតុមួយនៃការគិតខុសរបស់មនុស្សតែប៉ុណ្ណោះ ៕
Monday, July 15, 2019
ចំណីខួរក្បាល
នយោបាយដោយគ្មានវិចារណញ្ញាណ (Politics without Principle)
មុនពេលដែលគាត់ត្រូវបានគេធ្វើឃាត លោកមហាត្ម័ក គន្ធី បានកត់ត្រានូវអំពើគម្រក់ ឬអត់ប្រយោជន៍ចំនួន ៧ (The Seven Social Sins) ទុកជាដំបូន្មានឲ្យមនុស្សជៀសវាង ។ អំពើគម្រក់ទាំង៧នោះជាភាសាអង់គ្លេសគឺ៖
1: Wealth without Work (ទ្រព្យដែលបានមកដោយទុច្ចរិត "ពុករលួយ")
2: Pleasure without Conscience (សប្បាយលើគំនរទុក្ខអ្នកដទៃ)
3: Knowledge without Character (បណ្ឌិតឥតខួរ)
4: Commerce without Morality (ធ្វើស្រែលើខ្នងរាស្ត្រ)
5: Science without Humanity (វិទ្យាសាស្ត្រខ្វះមនុស្សធម៌)
6: Religion without Sacrifice (សុំតែសីលមិនឲ្យទាន)
7: Politics without Principle (ធ្វើនយោបាយដោយគ្មានវិចារណញ្ញាណ)
លោកមហាត្ម័ក គន្ធី ត្រូវបានក្មាន់កាំភ្លើងបាញ់សម្លាប់ដោយមិនទាន់បានបកស្រាយពិស្តារអំពីខ្លឹមសារនៃគំនិតនៅក្នុងបាបកម្មសង្គមទាំង ៧ នៅឡើយ ។ ប៉ុន្តែ បើយើងសង្កេតមើលអត្ថន័យនៅក្នុងពាក្យពេចន៍ទាំង៧នេះ វាហាក់ដូចជាមានសច្ចៈពេញលេញហើយ (Self-explained) ។
នយោបាយដោយគ្មានវិចារណញ្ញាណ គឺសំដៅលើការចូលរួមក្នុងកិច្ចការនយោបាយដោយគ្មានការបត់បែនតាមកាលៈទេសៈនិងបរិបទសង្គម ។ តាមពិត Politics without Principle គេអាចបកប្រែត្រឹមតែ នយោបាយដោយគ្មានគោលការណ៍ ។ ក៏ប៉ុន្តែ ខ្ញុំយកពាក្យ "វិចារណញ្ញាណ" មកជំនួសឲ្យពាក្យ "គោលការណ៍" ត្បិតចង់បង្ហាញថា នយោបាយដែលជាសីល្បៈ វាមានសោភណ្ឌនិងសម្រស់ខ្ពស់ហួសអំពីគោលការណ៍ ។
ការធ្វើនយោបាយឬចូលរួមក្នុងកិច្ចការនយោបាយ មិនមែនជាអំពើគម្រក់ដែលគួរឲ្យស្អប់ខ្ពើមឡើយ ។ អ្វីដែលក្លាយទៅជាភាពគម្រក់នោះ គឺការធ្លាក់ចុះលុះនៅក្នុងមោហៈនៃនយោបាយ ។ មនុស្សទូទៅគេហៅអ្នកដែលលុះនៅក្នុងមោហៈនយោបាយថា៖ អ្នកគាំទ្រផ្កាប់មុខ ឬក៏ ដាច់ណាត់និយម (Dogmatism) ។
អ្នកដែលធ្លាប់អានសំណេរ Satyagraha ឬ អំណាចសត្យ អាចមើលឃើញនូវអ្វីដែលជាហេតុផលនៃនយោបាយដោយគ្មានវិចារណញ្ញាណ ។ នៅក្នុងអំណាចសត្យ លោកមហាត្ម័ក គន្ធី បានលើកយកសេណារីយោ (Scenario) មកបកស្រាយបង្ហាញអំពីផលវិបាក (Predicament) ដែលមនុស្សអាចប្រឈមនៅក្នុងស្ថានភាពមួយ ។ សេណារីយោនោះគឺនិយាយអំពី ចោរ ។ លោកមហាត្ម័ក គន្ធី លើកឡើងថា៖ នៅពេលមានករណីចោរចូលមកលួចទ្រព្យសម្បត្តិរបស់យើង ប្រសិនបើចោរនោះជាជនជាតិជិតខាងដែលយើងស្អប់ដូចសត្រូវសួពូជ យើងអាចនឹងព្រួតគ្នាវាយចោរនោះរហូតដល់ស្លាប់ ។ ប៉ុន្តែ បើចោរដែលលួចទ្រព្យយើងជាជនរួមជាតិដែលមកពីស្រុកឆ្ងាយ យើងគ្រាន់តែវាយឲ្យទ្រមហើយប្រគល់ឲ្យប៉ូលិស ។ បើចោរនោះជាអ្នកភូមិផងរបងជាមួយ យើងមិនវាយទេ គឺគ្រាន់តែចាប់បញ្ជូនឲ្យប៉ូលីសតែប៉ុណ្ណោះ ។ បើចោរនោះជាញាតិឆ្ងាយ យើងត្រឹមតែដាក់ពាក្យស្នើឲ្យអាជ្ញាធរហាមបុគ្គលនោះមិនឲ្យចូលក្នុងបរិវេនផ្ទះយើងតទៅទៀត ។ បើចោរនោះជាបងប្អូនជីដូនមួយ ឬក្មួយបង្កើត យើងប្រហែលជាធ្វើត្រឹមតែហៅបុគ្គលនោះមកនិយាយអប់រំ ។ នៅចុងបញ្ចប់ ប្រសិនបើចោរនោះជាឪពុកម្តាយ ឬកូនបង្កើត យើងប្រាកដជាមិនឲ្យរឿងចោរកម្មនោះលេចឮចេញទៅក្រៅផ្ទះឡើយ ។ លោកមហាត្ម័ក គន្ធី បានលើកជាសំណួរថា ករណីចោរកម្មនេះជារឿងតែមួយទេ ហេតុអ្វីក៏យើងអាចមានប្រតិកម្មខុសៗគ្នា? ប្រការនេះគឺដោយសារតែ អំណាចសត្យ (Truth Force) ដែលពាក់ព័ន្ធនឹងវិចារណញ្ញាណ ។
ការធ្វើនយោបាយដែលអនុលោមតាមបែបផែនសីល្បៈ វាមិនខុសអ្វីអំពីករណីឆ្លើយតបជាមួយនឹងចោរនៅក្នុងសេណារីយោខាងលើនេះឡើយ ។ ចំណុចសំខាន់ដែលអ្នកធ្វើនយោបាយគ្រប់រូបគួរយកមកពិចារណាគឺថា តើត្រូវជ្រើសយកករណីឆ្លើយតបនឹងចោរមួយណាមកអនុវត្ត ។ បើយើងទទួលស្គាល់ថា អ្នកនយោបាយដែលចូលមកដណ្តើមអំណាច ឬតួនាទីអំពីយើង ជាបងប្អូនជនរួមជាតិរបស់យើង នោះគ្មានហេតុផលអ្វីដែលត្រូវយករឿងស្លាប់រស់ ឬគុកច្រវ៉ាក់មកដាក់នៅក្នុងសមតិកម្មឡើយ ។ សរុបសេចក្តីមក ធ្វើនយោបាយដោយគ្មានគោលការណ៍ ឬវិចារណញ្ញាណ គឺសំដៅដល់ការយកគុកច្រវ៉ាក់និងអំពើហឹង្សាមកធ្វើជាត្រីមុខនៅក្នុងដំណើរការនយោបាយ ។ វាជាអំពើគម្រក់មួយដែលលោក មហាត្ម័ក គន្ធី យល់ថាមិនគួរបណ្តោយឲ្យកើតមាននៅក្នុងសង្គម ក៏ដូចជារឿងនយោបាយ ៕
Monday, June 10, 2019
ចំណីខួរក្បាល
ជោគជ័យ
ពាក្យ "ជោគជ័យ" មួយម៉ាត់នេះបានធ្វើឲ្យមនុស្សគ្រប់រូបវង្វេងអស់មួយជីវិត ។ តើយើងយកកត្តា ឬនិយាមអ្វីមកធ្វើជាមូលដ្ឋានកំណត់ភាពជោគជ័យ? ចម្លើយប្រហែលជាមានច្រើនរាប់មិនអស់ ។ ប៉ុន្តែ បើយើងសង្កេតមើលលើការចង់បានរបស់មនុស្សទូទៅ ជោគជ័យ គឺការសម្រេចបាននូវមហិច្ឆិតារបស់បុគ្គលនីមួយៗដែលសំដៅលើការទទួលបានទ្រព្យ ។ និយាយអំពីទ្រព្យ យើងគួរកត់សម្គាល់ថា វាមានពីរប្រភេទគឺ រូបិយទ្រព្យនិងអរូបិយទ្រព្យ ។ ឱទាហរណ៍នៃទ្រព្យទាំងពីរប្រភេទនេះដូចជា៖ លុយ ឡាន ផ្ទះ និង ចំណេះវិជ្ជា ។
ការស្វែងរករូបិយទ្រព្យនិងអរូបិយទ្រព្យសុទ្ធតែពាក់ព័ន្ធនឹងការតស៊ូប្រឹងប្រែងរបស់បុគ្គលមនុស្ស ។ ខ្ញុំមិនដឹងថា តើមនុស្សនានាគេយកអ្វីមកធ្វើជាកត្តាសម្រាប់ប្រកាសថាខ្លួនជោគជ័យ ឬមិនជោគជ័យនោះទេ ។ ប៉ុន្តែ បើយើងសង្កេតមើលកត្តានានាដែលមនុស្សទូទៅទទួលស្គាល់ថាជាជោគជ័យនោះ វាហាក់ដូចជាផ្អែកលើការសម្រេចបាននូវគោលដៅអ្វីមួយ ។ ឱទាហរណ៍ និស្សិតដែលទៅសិក្សាស្វែងរកអរូបិយទ្រព្យ នៅពេលដែលគេទទួលបានសញ្ញាប័ត្រកំរិតណាមួយ គេក៏គិតថាវាជាជោគជ័យ ។ ដូចគ្នាដែរ នៅពេលដែលមនុស្សពីរនាក់បាក់ចិត្តស្សឡាញ់គ្នារហូតដល់យកគ្នាជាគូស្រករ វាក៏ត្រូវបានសន្មត់ថាជាជោគជ័យ ។ សំណួរដែលជាឆ្អឹងទទឹងកនៅទីនេះគឺថា នៅពេលដែលសញ្ញាប័ត្រនិងគូស្រករ មិននាំមកនូវសុភមង្គលដល់ជីវិត តើយើងអាចចាត់ទុកវាជាជោគជ័យដែរទេ?
សម្រាប់ខ្ញុំ ការសម្រេចបាននូវគោលដៅនានា ដូចជាការមាន លុយ ឡាន ផ្ទះសម្បែង និង ចំណេះវិជ្ជា វាមិនមែនជាជោគជ័យឡើយ ។ វាគ្រាន់តែជា ផល នៃ កម្ម តែប៉ុណ្ណោះ (លទ្ធផលដែលកើតមានចេញអំពីសកម្មភាព) ។ កត្តាតែមួយគត់ដែលកំណត់អំពីភាពជោគជ័យនៃមនុស្ស គឺការកកើតមានកំណើតនៅលើលោកនេះ ។ មនុស្សទាំងអស់ដែលមានជីវិតស្ថិតស្ថេរនៅលើលោកស្របតាមការតាក់តែងនៃធម្មជាតិ កើត ចាស់ ជរា ស្លាប់ វាជាជោគជ័យនៃជីវិតនីមួយៗ ។ អ្វីៗក្រៅអំពីនេះ វាគ្រាន់តែជាល្បោយនៃជិវិតតែប៉ុណ្ណោះ ៕
Wednesday, May 29, 2019
ចំណីខួរក្បាល
អភិវឌ្ឍន៍មាត់ទន្លេ
ថ្មីៗនេះ ក្រុមហ៊ុនទ្រីភាពអិនជីនៀរីងគ្រុប បានដាក់សំណើរទៅកាន់ក្រសួងធនធានទឹកកម្ពុជាសុំការអនុញាតបូមខ្សាច់ដើម្បីអភិវឌ្ឍច្រាំងទន្លេមេគង្គពីចំណុចព្រុំដែនវៀតណាមទៅដល់ខេត្តក្រចេះ ។ សំណើរនោះក៏មាននិយាយអំពីប្រសាន៍សម្តេច ហ៊ុន សែន ស្តីពីគំនិត "យកទន្លេបង្កើតទន្លេ" ផងដែរ ។ ខ្ញុំមិនដឹងនិងមិនយល់ថាគេយកទន្លេបង្កើតទន្លេដូចម្តេចទេ ។ ប៉ុន្តែ ខ្ញុំដឹងថាធម្មជាតិនៃទន្លេ ជាពិសេសទន្លេដែលស្ថិតនៅទីវាលទំនាបដូចនៅក្នុងប្រទេសកម្ពុជា គឺពិបាកគ្រុបគ្រងនិងអភិវឌ្ឍឲ្យបានជាប់លាប់ណាស់ ។
ប្រទេសកម្ពុជាអាចរៀនអំពីរបៀបគ្រុបគ្រងនិងអភិវឌ្ឍតាមបណ្តោយដងទន្លេពីសហរដ្ឋអាមេរិក ត្បិតសហរដ្ឋអាមេរិកក៏មានទន្លេដ៏ធំមួយឈ្មោះ មីស៊ីសស៊ីពី (Mississippi River) ហូរកាត់ផងដែរ ។ ទន្លេមីសុីសសុីពី និង ទន្លេមេគង្គ មានប្រវែងនិងទំហំបរិមាណទឹក ប្រហាក់ប្រហែលគ្នា ។ បើនិយាយអំពីការប្រៀបធៀបជាមួយនឹងទន្លេនានានៅក្នុងពិភពលោក ទន្លេមេគង្គមានចំណាត់ថ្នាក់ទី ១២ ឯទន្លេមីសុីសសុីពីមានចំណាត់ថ្នាក់ទី ១៤ ។ ទន្លេមីសុីសសុីពី មានប្រភពចេញមកអំពីបឹងធំមួយឈ្មោះ អុីតាស្កា ហើយហូរនៅលើវាលទំនាប ។ ឯទន្លេមេគង្គមានប្រភពចេញមកពីជ្រលងភ្នំហិមពាន្តភាគខាងកើតហើយហូរធ្លាក់ចុះជាបីដំណាក់កាលគឺ តំបន់ជ្រលងភ្នំ តំបន់ខ្ពង់រាប និងតំបន់វាលទំនាបដែលស្ថិតនៅក្នុងប្រទេសខ្មែរនិងយួន ។ ភាពដូចគ្នារវាងទន្លេមីសុីសសុីពីនិងទន្លេមេគង្គគឺប្រវែងប្រមាណជា ១/៣ នៃផ្នែកខាងក្រោមជាតំបន់ដែលសំបូរទៅដោយតំណនៃលំហូរទឹកទន្លេតូចៗ ស្ទឹង និងព្រែកនានា ។ បើយើងប្រៀបធៀបស្ថានភាពនេះទៅនឹងទន្លេមេគង្គ គឺប្រៀបដូចជាតំណភ្ជាប់នៃលំហូរទន្លេតូចៗ ស្ទឹង និងព្រែក នៅផ្នែកខាងក្រោមនៃ ល្បាក់ខោន (Annamite and the Dangrek Mountain Ranges Water Sheds) ។ តំបន់ ១/៣ នៃផ្នែកខាងក្រោមនៃទន្លេទាំងពីរនេះជាតំបន់មានហានិភ័យខ្ពស់ និងងាយរងគ្រោះមហន្តរាយដោយសារទឹកជំនន់ជាទីបំផុត ។ កងវិស្វកម្មរបស់សហរដ្ឋអាមេរិក (The US Army Corps of Engineering) ដែលជាស្ថាប័នវិស្វករឈានមុខគេនៅក្នុងពិភពលោក បានចំណាយពេលរាប់សិបឆ្នាំមកហើយ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធគ្រុបគ្រងទន្លេមីសុីសសុីពីផ្នែកខាងក្រោម ។ ប៉ុន្តែ ហេដ្ឋារចនាសម្ព័ន្ធទាំងនោះតែងតែរងគ្រោះមហន្តរាយជារឿយៗរហូតមកដល់សព្វថ្ងៃនេះ ។ នេះមិនទាន់គិតអំពីជិវិតមនុស្សនិងផ្ទះសម្បែងទ្រព្យសម្បត្តិជាច្រើនទៀតដែលបាត់បង់កន្លងទៅ ។
កាលរៀនអំពីបរិស្ថាននៅក្នុងវិទ្យាល័យមួយនៅរដ្ឋមីនីសូតា ខ្ញុំធ្លាប់បានទៅធ្វើកម្មសិក្សាក្នុងដងទន្លេមីសុីសសុីពីចម្ងាយប្រមាណជា ៨០គីឡូម៉ែត្រពីប្រភពរបស់វា ។ ខ្ញុំនិងលោកគ្រូរបស់ខ្ញុំជិះនៅក្នុងកូនទូក កានូ តូចមួយ ។ គាត់បានពន្យល់ខ្ញុំជាច្រើនអំពីប្រព័ន្ធទឹកហូរនៃទន្លេមីសុីសសុីពី ។ នៅតំបន់ខាងលើនោះ ទំហំនៃមាត់ទន្លេពីត្រើយម្ខាងទៅម្ខាងទៀតមានប្រវែងប្រមាណជា ៥០ ទៅ ១០០ ម៉ែត្រតែប៉ុណ្ណោះ ។ ប្រមាណជាពីរទសវត្សក្រោយមក ខ្ញុំក៏មានឱកាសបានជិះកាណូតនៅក្នុងទន្លេមីសុីសសុីពីម្តងទៀតនៅក្បែរទីក្រុង នូអ័រលៀន (New Orleans) ដែលជាតំបន់ទន្លេនេះហូរមកភពប្រសព្វនឹងសមុទ្រ ។ ក្រៅពីចំណុចទាំងពីរនេះ ខ្ញុំក៏ធ្លាប់ធ្វើដំណើរឆ្លងកាត់ទន្លេមីសុីសសុីពីនៅតំបន់ផ្សេងទៀតដែរ ។ តាមការសង្កេតរបស់ខ្ញុំ គេកសាងទីក្រុងឬទីប្រជុំជនធំៗនៅសងខាងទន្លេមីសុីសសុីពី តែនៅក្នុងតំបន់ភាគខាងលើតែប៉ុណ្ណោះ ត្បិតនៅទីនោះទំហំ ឬបរិមាណទឹកហូរនៅតូចដែលជាលក្ខណៈមិនបង្កឲ្យមានហានិភ័យដោយសារជំនន់ទឹក ។ ទីក្រុងធំជាងគេនៅសងខាងមាត់ទន្លេមីសុីសសុីពីគឺទីក្រុងភ្លោះ សែនផលនិងមីនាអាប៉ូលីស (Twins City, St. Paul-Minneapolis) ដែលមានចម្ងាយប្រមាណជា ២ ឬ ៣រយគីឡូម៉ែត្រពីប្រភពទន្លេ ។ ក្រៅអំពីទីក្រុងភ្លោះ សែនផលនិងមីនាអាប៉ូលីស គេមិនសូវឃើញមានទីក្រុងភ្លោះសង់ទល់មុខគ្នានៅតាមមាត់ទន្លេទេ គឺគេច្រើនសង់តែនៅមាត់ទន្លេម្ខាងដោយទុកមាត់ទន្លេម្ខាងទៀតឲ្យនៅទំនេសម្រាប់ទទួលរងសម្ពាធទឹកហូរនៅពេលមានជំនន់ ។
នៅតាមដងទន្លេមីសុីសសុីពីផ្នែកខាងក្រោមចាប់ពីចំណុចជំនួបរវាងទន្លេមីហ៊្សួរីនិងមីសុីសសុីពី គឺជាចំណុចដែលរងគ្រោះមហន្តរាយដោយជំនន់ទឹកជាប្រចាំ ។ ចំណុចជំនួបនេះ បើប្រៀបធៀបទៅនឹងទន្លេមេគង្គគឺដូចគ្នានឹងចំណុចជំនួបនៃទន្លេសេសាននិងមេគង្គនៅក្នុងខេត្ត ស្ទឹងត្រែង ដែរ ។ រដ្ឋចំនួនបីគឺ រដ្ឋ មីហ៊្សួរី មីសុីសសុីពី និង ល្វីហ្សុីអាណា (Missouri, Mississippi, Louisiana) ដែលស្ថិតនៅខាងក្រោមចំណុចជំនួបនេះជាតំបន់ដែលកងវិស្វកម្មអាមេរិកកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនដើម្បីគ្រុបគ្រងទន្លេមីសុីសសុីពី ។ តំបន់នេះក៏សំបូរទៅដោយខ្មោចហេដ្ឋារចនាសម្ព័ន្ធសេសសល់ដែរ បន្ទាប់ពីត្រូវបានជំនន់ទឹកហូរបំផ្លាញចោល ។ ក្រុមហ៊ុនទ្រីភាពអុីនជីននៀរីងគ្រុប គួរទៅធ្វើកម្មសិក្សាស្វែងយល់អំពីតំបន់ទន្លេមីសុសីសសុីពីផ្នែកខាមក្រោមជាមុនសិន មុននឹងអភិវឌ្ឍឬក៏សាងសង់ហេដ្ឋារចនាសម្ព័ន្ធតាមដងទន្លេមេគង្គនៅក្នុងស្រុកខ្មែរ ។ បើតាមការយល់ដឹងជាប្រវត្តិសាស្ត្រ ទន្លេធំៗដែលហូរកាត់វាលទំនាប មិនអាចគ្រុបគ្រងបានទេ ។ ដូនតាខ្មែរដែលរស់នៅលើដីសុវណ្ណភូមិជាងពីរពាន់ឆ្នាំកន្លងមក ប្រហែលជាដឹងអំពីប្រការនេះ ។ ដូច្នេះហើយទើបបុព្វការីជនទាំងនោះ មិនសាងសង់ប្រាសាទនានានៅតាមដងទន្លេមេគង្គទេ លើកលែងតែតំបន់ខ្ពង់រាបនិងទីដែលមានភ្នំឬកម្អែភ្នំភ្លើងដុះចេញមក ៕
Friday, May 24, 2019
ចំណីខួរក្បាល
ល្បិចអ្នកនយោបាយ
ហេតុអ្វីបានជាគេប្រើពាក្យ "សង្គ្រាមពាណិជ្ជកម្ម" នៅពេលដែលដៃគូជំនួញគ្រាន់តែមានទំនាស់នឹងគ្នាហើយតម្លើងពន្ធទំនិញ (Tariffs) ទៅវិញទៅមក? ប្រការនេះប្រហែលជាពាក់ព័ន្ធនឹងមនុស្សដែលត្រូវរងគ្រោះ ឬរងកម្មដោយមិនរើសមុខ ។ សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន ដែលកំពុងប្រព្រឹត្តិទៅនាពេលបច្ចុប្បន្នអាចជះឥទ្ធិពលដល់ពលរដ្ឋជាច្រើននៅជុំវិញពិភពលោក ។ អ្នកដែលរងគ្រោះធ្ងន់ជាងគេគឺអ្នក ក្រ និងអ្នកដែលប្រកបមុខរបរតូចតាច ។ តាមការព្យាករណ៍របស់ក្រុមសេដ្ឋវិទូអាមេរិកាំង ពលរដ្ឋអាមេរិកាំងគ្រប់គ្រួសារ ត្រូវចំណាយប្រាក់បន្ថែមក្នុងការទិញគ្រឿងឧបភោគបរិភោគក្នុងមួយឆ្នាំយ៉ាងហោចណាស់ក៏ ៨០០ដុល្លារដែរ ដែលជាលទ្ធផលនៃការបង្កើនតម្លៃទំនិញពាក់ព័ន្ធនឹងសង្គ្រាមពាណិជ្ជកម្មនេះ ។ ចំណែកពលរដ្ឋចិន ដែលជាភាគីម្ខាងទៀតនៅក្នុងជម្លោះនេះ គេមិនដឹងថាត្រូវចំណាយថវិកាបន្ថែមប្រចាំឆ្នាំប៉ុន្មានដែរទេ ។ តើអ្នកណាជាអ្នកទទួលផលនៅក្នុងសង្គ្រាមនេះ?
អ្នកបង្កឲ្យមានសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសចិនគឺលោកប្រធានាធិបតី ដូណាល់ ត្រាំ ។ គាត់ជាមនុស្ស "ឆ្លាត" ប៉ុន្តែបើយើងមើលអំពីបុគ្គលិកលក្ខណៈរបស់គាត់ វាហាក់ដូចជាមានភាពឡប់ៗនៅក្នុងនោះផងដែរ ។ ខ្ញុំសរសេរពាក្យ "ឆ្លាត" នៅក្នុងមូសិកទន្តគឺសំដៅលើភាពឆ្លាតពីរប្រភេទ៖ ឆ្លាតត្រង់និងឆ្លាតវៀច (ឆ្លាតមានល្បិច) ។
នៅក្នុងសង្គ្រាមពាណិជ្ជកម្ម គ្មានទេការបង្ហូរឈាម គឺមានត្រឹមតែការបង្ហូរទឹកភ្នែកតែប៉ុណ្ណោះ ។ អ្នកស្លាប់ក៏ប្រហែលជាគ្មានដែរដរាបណាការតតាំងគ្នាមិនមានភាពយូរអង្វែង ។ ប៉ុន្តែ អ្វីដែលជារឿងគួរឲ្យចាប់អារម្មណ៍នោះគឺថា តើគេបង្កសង្គ្រាមនេះដើម្បីអ្វី??? បើយើងមើលត្រឹមរូបភាពខាងក្រៅ ឬរូបភាពផ្លូវការ លោកត្រាំង បង្កសង្គ្រាមពាណិជ្ជកម្មជាមួយនិងចិនគឺដើម្បីស្វែងរកតុល្យភាពពាណិជ្ជកម្មសមរម្យមួយនៅក្នុងការធ្វើជំនួញរវាងប្រទេសទាំងពីរ ត្បិតអីប្រទេសចិននាំទំនិញមកលក់នៅសហរដ្ឋអាមេរិកមានចំនួនទឹកប្រាក់ទ្វេដងនៃទំនិញអាមេរិកនាំទៅលក់នៅស្រុកចិន ។ ប្រការនេះកើតមានយូរហើយ ហើយក៏មានការជជែកគ្នាជារឿយៗដែររវាងភាគីទាំងពីរ ។ ប៉ុន្តែ រដ្ឋាភិបាលអមេរិកាំងអាណតិមុនៗ មិនឈានដល់ការធ្វើសង្គ្រាមពាណិជ្ជកម្មទេ ត្បិតមិនចង់ឲ្យពលរដ្ឋអាមេរិកាំងភាគច្រើនប្រឈមនឹងវិបត្តិថវិកា ឬជួបការលំបាកក្នុងការរស់នៅ ។
សង្គ្រាមពាណិជ្ជកម្មរបស់លោកត្រាំ គឺជាយុទ្ធសាស្ត្របាញ់ព្រួញមួយត្រូវចាបពីរ ។ ចំណុចរសើបបំផុត ឬកត្តាដែលនាំឲ្យប្រធានាធិបតីអាមេរិកាំងឈរជើងនៅក្នុងសេតវិមានមិនបានយូរគឺ ពន្ធ (Tax) ។ ប្រធានាធិបតីដែលតម្លើងពន្ធ គឺមិនសូវនៅក្នុងសេតវិមានបានយូរឡើយ ។ ប៉ុន្តែ គេត្រូវការកំណើនចំណូលពីពន្ធ ដើម្បីបំពេញបំណងនានាដែលពលរដ្ឋចង់បាន ។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហានេះ គេចាំបាច់ត្រូវតែប្រើល្បិចបំភាន់ភ្នែក ។ អ្នកដែលតាមដានគោលនយោបាយរបស់លោកត្រាំ ប្រហែលជានៅចាំថា កាលគាត់ឡើងកាន់តំណែងជាប្រធានាធិបតីភ្លាម គាត់បានចេញច្បាប់កាត់បន្ថយពន្ធបៀវត្សរ៍ និងពន្ធជំនួញ (Corporate Tax) ដើម្បីបន្ថែមចំណូលដល់ពលរដ្ឋនិងបង្កើនការងារ ។ បន្ទាប់ពីនោះ គាត់ក៏ប្រកាសសង្គ្រាមពាណិជ្ជកម្មជាមួយនិងប្រទេសចិន ដោយបង្កើនពន្ធនាំចូលទំនិញពីប្រទេសនេះ ។ សួរថា នៅពេលដែលទំនិញត្រូវបង់ពន្ធខ្ពស់ តើតម្លៃនៃទំនិញនោះត្រូវឡើងខ្ពស់ដែរទេ? វាប្រាកដជាឡើងខ្ពស់ដែរហើយ ។ ចុះនរណាដែលត្រូវរងកម្មចំណាយប្រាក់ទៅលើតម្លៃទំនិញដែលឡើងខ្ពស់នោះ? គឺពលរដ្ឋទូទៅ (Consumers) ។ អ្វីដែលជារឿងគួរឲ្យឈឺចាប់នោះគឺថា ទំនិញដែលឡើងថ្លៃហើយ វាកម្រនឹងធ្លាក់ចុះមកវិញណាស់ ។ បើធ្លាក់ចុះមកវិញ ក៏ធ្លាក់យឺតដែរ ។ អ្នកដែលប្រើម៉ូតូឡាន តែងតែជួបរឿងនេះជាមួយនឹងតម្លៃប្រេងសាំងរឿយៗ ។
សរុបសេចក្តីមក អ្វីដែលលោកត្រាំធ្វើ មិនមែនដើម្បីពលរដ្ឋអាមេរិក (America First) ទេ គឺដើម្បី ត្រាំ (Trump First) ។ គាត់ប្រើល្បិចឲ្យពីមុខ រួចលួចច្បិចយកពីក្រោយ ។ ការតម្លើងពន្ធ (Tariffs) ទៅលើទំនិញនាំចូលពីប្រទេសចិននោះ វាជាមធ្យោបាយខ្ចីដៃអ្នកដទៃឲ្យប្រព្រឹត្តិអ្វីដែលគាត់មិនចង់ឬមិនអាចធ្វើ ។ គាត់កាត់បន្ថយពន្ធពីពលរដ្ឋ រួចហើយខ្ចីដៃពាណិជ្ជករឲ្យតម្លើងពន្ធនោះវិញតាមរយៈទំនិញឡើងថ្លៃមួយផ្នែក ហើយមួយផ្នែកទៀតតាមរយៈពន្ធនាំទំនិញចូល (Tariffs) ។ ពលរដ្ឋភាគច្រើនមិនចាប់អារម្មណ៍ ឬមិនយល់ទេថា សង្គ្រាមពាណិជ្ជកម្មជាមួយនឹងចិន ជាល្បិចតម្លើងពន្ធ ។ មិនតែប៉ុណ្ណោះ ពួកគេនឹងសាទរថាជាគោលនយោបាយបម្រើជាតិ ដ៏ល្អទៀតផង ៕
Thursday, May 16, 2019
ចំណីខួរក្បាល
ទំនាក់ទំនងសង្ខារ(សង្សារ)
មនុស្សយើងប្រាស្រ័យទាក់ទងគ្នាជាប្រចាំ ។ ញាតិមិត្តខ្លះយើងនិយាយរឿងក្នុងចិត្តប្រាប់គ្មានសល់ ។ ប៉ុន្តែ ញាតិមិត្តខ្លះទៀតយើងប្រាប់តែបន្តិចបន្តួចទេ ។ ជាទូទៅញាតិមិត្តដែលយើងស្និទ្ធជាងគេគឺអ្នកដែលទទួលបានទំនុកចិត្ត(Trust)ខ្ពស់បំផុត ។ សេចក្តីគោរពនិងគុណតម្លៃនៃបុគ្គលក៏ជាកត្តាទាញយើងឲ្យមានភាពស្និទ្ធស្នាលដែរ ។ តើយើងបង្កើតភាពស្និទ្ធស្នាលនឹងអ្នកដទៃដោយរបៀបណា? ប្រការនេះ យើងគួរអរគុណដល់អ្នកស្រាវជ្រាវពីររូបគឺលោក ចូសេហ្វ ឡាហ្វ និង ហារីងតុន អុីងហ្គាម (Joseph Luft and Harry Ingham) ។ អ្នកទាំងពីរបានរកឃើញសមតិកម្មមួយដែលគេឲ្យឈ្មោះថា៖ បង្អួចចូហារី (Johari Window) ។
សមតិកម្ម ឬ បង្អួចចូហារី ជាមធ្យោបាយមួយដែលមនុស្សអាចស្វែងរកទំនុកចិត្តនិងបង្កើតភាពស្និទ្ធស្នាលជាមួយនឹងមិត្តភក្តិក៏ដូចជាសាច់សាលោហិតដែរ ។ វាមានសារប្រយោជន៍ជាទីបំផុតសម្រាប់អ្នកស្វែងរកគូស្រករ ។ តាមពិតទៅការប្រាស្រ័យទាក់ទងគ្នា បានអនុញាតិឲ្យយើងអាចបង្កើតភាពស្និទ្ធស្នាលនឹងគ្នារួចទៅហើយ ។ ប៉ុន្តែ អ្វីដែលជាសារសំខាន់គឺភាពរឹងមាំនិងខ្លឹមសារនៃភាពស្និទ្ធស្នាលនោះ ។
កាលរៀនអំពីបង្អួចចូហារីនៅមហាវិទ្យាល័យ ខ្ញុំមិនសូវយល់ឬក៏យកចិត្តទុកដាក់នឹងស្វែងយល់អំពីវាទេ ។ អ្វីដែលជាកត្តានាំខ្ញុំឲ្យវិលទៅមើលនិងស្វែងយល់អំពីបង្អួចចូហារី គឺបន្ទាប់ពីការបរាជ័យផ្ទួនៗក្នុងការទាក់ទងស្នេហាជាមួយនឹងបដិភាគី (Opposite Sex) ។ តាមពិត បង្អួចចូហារីមិនគ្រាន់តែជួយយើងឲ្យយល់អំពីការប្រាស្រ័យទាក់ទងគ្នារវាងសង្សារតែប៉ុណ្ណោះទេ វាជាមូលដ្ឋានគ្រឹះសម្រាប់ពង្រឹងទំនាក់ទំនងគ្រួសារក៏ដូចជាសាច់សាលោហិតញាតិមិត្តផងដែរ ។ នៅក្នុងតារាងខាងក្រោមនេះ គេចែកបង្អួចចូហារីជាបួនផ្នែក ។ ខ្ញុំបានសម្រួលរូបភាពបង្អួចនេះដើម្បីឲ្យងាយយល់ ដោយគូសសញ្ញាព្រួញ និងដាក់អក្សរ A, B, C, D ជាចំណុចសម្គាល់ ។ នៅក្នុងចន្លោះនៃផ្នែកនីមួយៗ វាតំណាងឲ្យអត្ថិភាពនៃការយល់ដឹងរបស់បុគ្គល ។ នៅពេលយើងជួបភពប្រសព្វនឹងនរណាម្នាក់ យើងនឹងបង្កើតឲ្យមានទំនាក់ទំនងសង្ខារតាមរយៈការប្រាស្រ័យទាក់ទងគ្នា ។ ទំនាក់ទំនងនេះរឹងមាំឬមិនរឹងមាំគឺអាស្រ័យលើបទបង្ហាញ ។ ដើម្បីបង្កើតនិងបង្កើនទំនុកចិត្ត ដៃគូសន្ទនាចាំបាច់ត្រូវធ្វើបទបង្ហាញ ដែលភាសាអង់គ្លេសហៅថា៖ Disclosure or Self-Disclosure ។ គំនិតសាមញ្ញនៅទីនេះគឺ ខ្ញុំប្រាប់អ្នក អ្នកប្រាប់ខ្ញុំ ។ ទំនាក់ទំនងនៃបទបង្ហាញមានពីរប្រភេទគឺ៖ ប្រាប់ដោយស្ម័គ្រចិត្ត និងប្រាប់ដោយបង្ខំ (Voluntary Disclosure and Forced Disclosure) ។ ឧទាហរណ៍នៃករណីនេះគឺ នៅពេលយើងប្រាប់អំពីចំណង់ចំណូលចិត្តរបស់យើងទៅនរណាម្នាក់ ហើយគេមិនប្រាប់យើងវិញអំពីចំណង់ចំណូលចិត្តរបស់គេ ។ យើងក៏សួរអំពីចំណង់ចំណូលចិត្តរបស់គេដើម្បីឲ្យគេប្រាប់មកយើងវិញ ។
នៅតាមបណ្តោយជួរព្រួញ B => A វាជាចំណុចដែលបុគ្គល (I) ដឹងនិងស្គាល់ជាក់លាក់ ។ នៅតាមបណ្តោចជួរព្រួញ D => A វាជាចំណុចដែលបុគ្គល (you, him, her, them) ដឹងនិងស្គាល់ជាក់លាក់ ។ ចំណុច C គឺជាចំណុចដែលគ្មាននរណាដឹងឬស្គាល់ ។ នៅពេលដែល ខ្ញុំនិងអ្នកជួបស្គាល់គ្នា (I and You meet) យើង (We) បង្កើតបានចំណុចរួមមួយគឺ A តាមរយៈការប្រាប់គ្នាទៅវិញទៅមក ។ យើងប្រាប់គ្នារឹតតែច្រើន ចំណុច A រីករឹតតែធំ ។ ឯចំណុច B, C, D ក៏រួមតូចទៅៗសមមាត្រនឹងការរីករបស់ A ។ ចំណុច A នេះតំណាងឲ្យការស្គាល់ចិត្តថ្លើមគ្នារវាង ខ្ញុំនិងអ្នក ។
តាមគោលការណ៍បង្អួចចូហារី នៅពេលយើងជួបប្រាស្រ័យទាក់ទងគ្នា យើងបង្កើតឲ្យមានទំនុកចិត្តឬមន្ទិលតាមរយៈបទបង្ហាញ៖ យើងប្រាប់គេ គេប្រាប់យើង ។ តាមរយៈការប្រាប់នេះ Self-diclosures យើងអាចស្វែងយល់អំពីបុគ្គលិកលក្ខណៈរបស់ភាគីទាំងសងខាង ។ ការយល់ដឹងអពីបុគ្គលិកលក្ខណៈរបស់បុគ្គលនេះហើយ ដែលអាចបង្ហាញប្រាប់យើងថាតើមនុស្សដែលយើងស្គាល់នេះអាចទុកចិត្តបានដល់កំរិតណា ។ នៅក្នុងគោលការណ៍សមតិកម្ម ឬ បង្អួចចូហារី យើងគួរស្វែងយល់តាមរយៈបទបង្ហាញ Self-disclosure យ៉ាងហោចណាស់ក៏ ៧៥ភាគរយដែរ មុននឹងវាយតម្លៃទំនាក់ទំនងសង្ខារថាល្អឬអាក្រក់ ។ មានន័យថា យើងត្រូវពង្រីកចំណុច A (ចំណុចស្គាល់គ្នា) ឲ្យបានធំបំផុតដើម្បីពង្រឹងទំនាក់ទំនងសង្ខារឲ្យរឹងមាំ ក៏ដូចជាវាយតម្លៃ ឬសម្រេចចិត្តផ្តាច់និស្ស័យជាមួយនឹងទំនាក់ទំនងសង្ខារនោះ ៕
Monday, May 6, 2019
ចំណីខួរក្បាល
លទ្ធិប្រជាធិបតេយ្យ
កាលសម័យប្រើប៊ិកនិងក្រដាស លទ្ធិប្រជាធិបតេយ្យត្រូវបានគេសរសេរបកស្រាយសឹកចុងប៊ិករាប់ភ្លេច ។ លុះដល់សម័យកំព្យូទ័រ វាក៏ត្រូវបានគេសរសេរសឹកក្តាចុចកំព្យូទ័ររាប់មិនអស់ដែរ ។ មនុស្សខ្លះអះអាងថា លទ្ធិប្រជាធិបតេយ្យគួរអនុវត្តដូច្នេះ ។ ខ្លះថាដូច្នោះ ទៅតាមការយល់ឃើញតែរៀងខ្លួន ។ ខ្ញុំគ្មានបំណងរិះគន់នរណាទេនៅក្នុងប្រការនេះ គ្រាន់តែចង់បង្ហាញថា លទ្ធិប្រជាធិបតេយ្យ ក៏មិនខុសអ្វីអំពីព្រះពុទ្ធសាសនាដែរ ។ វាមានគោលដៅជាក់លាក់ពិតប្រាកដ ។ ប៉ុន្តែ មនុស្សដែលមិនយល់អំពីប្រជាធិបតេយ្យ ចេះតែអនុវត្តប៉ាតណាប៉ាតណីទៅ ។ នៅក្នុងព្រះពុទ្ធសាសនា គោលដៅស្នូលគឺ កាត់បន្ថយឬលុបបំបាត់សេចក្តីទុក្ខចេញអំពីជីវិត ។ ឯគោលដៅស្នូលរបស់លទ្ធិប្រជាធិបតេយ្យក៏ដូចគ្នាដែរគឺ កាត់បន្ថយនិងលុបបំបាត់ភាពអយុត្តិធម៌នៅក្នុងសង្គមមនុស្ស ។ និយាយឲ្យងាយយល់គឺបង្កើតនិងបង្កើនសុភមង្គលនៅក្នុងសង្គម ។
ប្រទេសជាច្រើននៅក្នុងពិភពលោក រាប់បញ្ចូលទាំងប្រទេសកម្ពុជាផងដែរ អនុវត្តលទ្ធិប្រជាធិបតេយ្យ ។ ប៉ុន្តែ បើយើងសង្កេតឲ្យដិតដល់ទៅ មានប្រទេសមិនច្រើនទេដែលអនុវត្តលទ្ធិប្រជាធិបតេយ្យបានសុក្រិត ឬក៏ជិតដល់កម្រិតនៃគោលការណ៍ស្នូលរបស់វា ។ តើអ្វីទៅជាគោលការណ៍ស្នូលនៃលទ្ធិប្រជាធិបតេយ្យ?? វាស្ថិតនៅក្នុងពាក្យ៖ Demos + kratio or Democracy ដែលមានន័យថា៖ អំណាចរបស់ពលរដ្ឋ ។ គោលការណ៍ស្នូលនេះត្រូវបានសម្រួលឲ្យងាយយល់ដោយអតីតប្រធានាធិបតីនៃសហរដ្ឋអាមេរិកលោក អាប្រាហាម លីងកុន នៅឆ្នាំ ១៨៦៣ ដោយថ្លែងយ៉ាងខ្លីថា៖ "រដ្ឋាភិបាលរបស់ពលរដ្ឋ ដើម្បីពលរដ្ឋ និង បង្កើតឡើងដោយពលរដ្ឋ" (Government of the people, for the people, by the people) ។
ខ្ញុំសូមបកស្រាយត្រួសៗអំពីគោលការណ៍និងស្មារតីនៃ "រដ្ឋាភិបាលរបស់ពលរដ្ឋ ដើម្បីពលរដ្ឋ និងបង្កើតឡើងដោយពលរដ្ឋ" ។ ដើម្បីឲ្យពលរដ្ឋអាចបង្កើត គ្រប់គ្រង និង បង្គាប់បញ្ជារដ្ឋាភិបាលបាន លុះត្រាតែពលរដ្ឋមានអំណាច (Power) ។ វាជារឿងមួយស្មុគស្មាញណាស់នៅពេលយើងនិយាយអំពីអំណាច ត្បិតអីរដ្ឋាភិបាលជាស្ថាប័នដែលកាន់អំណាច មិនមែនពលរដ្ឋទេ ។ ដូច្នេះ ដើម្បីរក្សាអំណាចពលរដ្ឋ គេត្រូវមានយន្តការគាំពារជាច្រើន ។ យន្តការគាំពារដ៏ធំនិងចាំបាច់ជាទីបំផុតគឺ សិទ្ធិនិងសេរីភាព ។ សិទ្ធិនិងសេរីភាពខ្លះមិនអាចប៉ះពាល់បានទេ ។ មានន័យថា វាមានតម្លៃស្មើនឹងជីវិតមនុស្ស ។ ឧទាហរណ៍ សិទ្ធិផ្សព្វផ្សាយនិងនិយាយស្តីនៅសហរដ្ឋអាមេរិកត្រូវបានការពារនិងគោរពដូចព្រះអាទិទេព ។ រដ្ឋធម្មនុញ្ញហាមមិនឲ្យសរសេរច្បាប់ប៉ះពាល់ដល់សិទ្ធិនេះឡើយ ។
នៅពេលយើងនិយាយអំពីលទ្ធិប្រជាធិបតេយ្យ គឺយើងនិយាយអំពីការបោះឆ្នោតនិងសន្លឹកឆ្នោតដែលតំណាងឲ្យអំណាចរបស់ពលរដ្ឋ ។ សហរដ្ឋអាមេរិកជាប្រទេសតែមួយគត់ដែលអនុវត្តលទ្ធិប្រជាធិបតេយ្យបានសុក្រិតជាងគេ ។ ខ្ញុំប្រើពាក្យសុក្រិតនៅទីនេះ គឺសំដៅលើការផ្តល់និងរក្សាអំណាចឲ្យពលរដ្ឋ ។ អំណាចដែលបុគ្គលពលរដ្ឋអាមេរិកាំងគ្រប់ៗរូបមាន គឺសន្លឹកឆ្នោតមួយសន្លឹក ។ យើងអាចសួរថា ពលរដ្ឋប្រទេសដទៃដែលបោះឆ្នោតជ្រើសរើសតំណាងខ្លួន ក៏មានសន្លឹកឆ្នោតមួយសន្លឹកដូចគ្នា តើមានអ្វីខុសគ្នាទៅ? ប្រការនេះគឺស្ថិតនៅត្រង់ចំណុចពិសេសមួយដែលគេហៅថា៖ អ្នកឈ្នះយកទាំងអស់ (Winner takes all) ផ្គួបជាមួយនឹងគោលការណ៍បោះឆ្នោតឯកត្តនាម ។
ការបោះឆ្នោតនៅសហរដ្ឋអាមេរិកហាក់ដូចជាមានភាពស្មុគស្មាញពិបាកយល់សម្រាប់អ្នកដែលមិនធ្លាប់រៀនអំពីប្រវត្តិសាស្ត្រអាមេរិកាំង ។ ប៉ុន្តែ បើយើងសង្កេតមើលឲ្យជិតដិតបន្តិច វាជាព្រឹត្តិការណ៍ងាយយល់ជាទីបំផុត ។ ជាបឋម គណបក្សនានានៅស្រុកអាមេរិកគ្រាន់តែជាផ្លាកយីហោតែប៉ុណ្ណោះ ។ ប្រធានបក្សប្រៀបដូចជាទីងមោងចាំស្រែ ។ គាត់គ្មានតួនាទីឬក៏ឥទ្ធិពលក្នុងការតែងតាំងបេក្ខជនឲ្យទៅឈរឈ្មោះបោះឆ្នោតទេ ។ អ្វីៗគឺអាស្រ័យលើពលរដ្ឋជាអ្នកសម្រេច ។ ដើម្បីជ្រើសរើសបេក្ខជន គណបក្សនីមួយៗត្រូវរៀបចំការប្រកួតបោះឆ្នោតក្នុងបក្ស (Intra-Party Competition) ជាមុនសិន ។ អ្នកដែលទទួលបានសន្លឹកឆ្នោតគាំទ្រច្រើនជាងគេគឺទទួលបានសិទ្ធិទៅប្រកួតជាមួយនឹងគណបក្សដទៃដោយស្វ័យប្រវត្តិ ។ គួរបញ្ជាក់ថា ការប្រកួតនេះគឺបែងចែកតាមមណ្ឌលនីមួយៗ ។ នៅក្នុងមណ្ឌលមួយអាចមានបេក្ខជន ១០ ឬ ២០នាក់ប្រកួតគ្នា ។ អ្នកឈ្នះគឺមានតែម្នាក់ទេដែលត្រូវទៅប្រកួតជាមួយនឹងបក្សដទៃ (Inter-Parties Competition) ។ សម្រាប់ការប្រកួតជ្រើសរើសប្រធានាធិបតីក៏ដូចគ្នាដែរ គ្រាន់តែមណ្ឌលប្រកួតគឺសហរដ្ឋអាមេរិកទាំងមូល ឬទូទាំងប្រទេស ។ គេអនុញាតឲ្យមានការប្រកួតក្នុងបក្សរយៈពេលមួយឆ្នាំ ដើម្បីជ្រើសរើសបេក្ខជនប្រធានាធិបតីចេញពីបក្សនីមួយៗ ។ បច្ចុប្បន្ន គណបក្សប្រជាធិបតេយ្យមានមនុស្សប្រមាណជា ២០រូបបានប្រកាសបេក្ខភាពប្រធានាធិបតីរបស់ខ្លួនរួចហើយ ។ គេនឹងចាប់ផ្តើមប្រកួតក្នុងបក្សនៅចុងឆ្នាំនេះ ដើម្បីជ្រើសរើសយកបេក្ខជនម្នាក់ទៅប្រកួតជាមួយនឹងបក្សដទៃ ។ គួរកត់សម្គាល់ថា ទាំងការប្រកួតក្នុងបក្ស និងអន្តរបក្ស គឺគេអនុវត្តតាមរូបមន្តអ្នកឈ្នះយកទាំងអស់ ។ ដូច្នេះ សន្លឹកឆ្នោតមួយសន្លឹកអាចផ្តល់ឱកាសឲ្យមនុស្សម្នាក់ធ្វើជាបេក្ខជននិងឈានទៅដល់ការកាន់កិច្ចការនៅក្នុងតួនាទីមួយ ។ ចំណុចនេះហើយដែលជាលក្ខណៈពិសេសរបស់លទ្ធិប្រជាធិបតេយ្យនៃសហរដ្ឋអាមេរិក ។ ជោគវាសនាឬជោគជ័យរបស់បេក្ខជនប្រធានាធិបតីនៃសហរដ្ឋអាមេរិកក្តី តំណាងរាស្ត្រក្តី អភិបាលរដ្ឋក្តី ក្រុមប្រឹក្សាឃុំសង្កាត់ក្តី គឺអាចអាស្រ័យលើសន្លឹកឆ្នោតតែមួយសន្លឹកគត់ ។ ថ្វីត្បិតតែការឈ្នះឆ្នោតដោយសម្លេងត្រឹមមួយសន្លឹកកម្រកើតមានក៏ដោយ ក៏កត្តានេះបានធ្វើឲ្យមានតុល្យភាពអំណាចរវាងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងអ្នកបោះឆ្នោតម្នាក់ៗ ។
តើគេបង្កើតតុល្យភាពអំណាចរវាងអ្នកកាន់អំណាច និងអ្នកផ្តល់អំណាចឲ្យគេកាន់ដោយរបៀបណា? ប្រការនេះត្រូវការការបកស្រាយវែងឆ្ងាយ ប៉ុន្តែសូមលើកយកចំណុចសំខាន់ៗមួយចំនួនមកធ្វើបទបង្ហាញ ។ ចំណុចសំខាន់ដ៏ធំបំផុតដែលក្រុមអ្នកស្ថាបនិកសហរដ្ឋអាមេរិកបានធ្វើ គឺការលះបង់អំណាច ឬយកចំណងមកចងតណ្ហាឬឥទ្ធិពលរបស់ខ្លួន ។ នៅពេលដែលសហរដ្ឋអាមេរិករើបម្រាស់រួចនិងទទួលបានឯករាជ្យពីចក្រភពអង់គ្លេស រដ្ឋដែលមានចំនួន ១៣ នាគ្រានោះបានបញ្ជូនអ្នកមុខអ្នកការដែលសុទ្ធសឹងជាអ្នកមានឥទ្ធិពល មានទ្រព្យ មានទាសកររាប់មិនអស់ ទៅប្រជុំគ្នាសរសេររដ្ឋធម្មនុញ្ញថ្មីមួយ ។ ក្នុងចំណោមអ្នកសរសេររដ្ឋធម្មនុញ្ញទាំងនោះ មាននិន្នាការពីរផុសចេញមក គឺក្រុមអ្នកចង់ឲ្យមានអំណាចរដ្ឋាភិបាលទូលំទូលាយ និងក្រុមអ្នកចង់ឲ្យពលរដ្ឋមានអំណាចទូលំទូលាយ ។ ពាក្យស្លោករបស់ក្រុមអ្នកចង់ឲ្យពលរដ្ឋមានអំណាចទូលំទូលាយគឺ៖ រដ្ឋាភិបាលដែលគ្រុបគ្រងតិច គឺជារដ្ឋាភិបាលដែលល្អបំផុត (Government that governs least is government that governs best.) ។ រដ្ឋធម្មនុញ្ញនៃសហរដ្ឋអាមេរិកគឺប្រសូត្រចេញមកអំពីការតតាំងគ្នារវាងក្រុមទាំងពីរនេះឯង ។ កាលពួកគេសរសេររដ្ឋធម្មនុញ្ញដំបូង វាមាន២៧មាត្រា ។ បន្ទាប់ពីធ្វើការសម្រិតសម្រាំងមួយរយៈ ពួកគេកាត់បន្ថយវាមកនៅត្រឹម ៧មាត្រាតែប៉ុណ្ណោះ ។ វាជារដ្ឋធម្មនុញ្ញដ៏ខ្លីជាទីបំផុត ត្បិតអីមាត្រាទី ៤ ដល់ទី៧ មានប្រវែងមិនដល់មួយទំព័រទេ ។ មាត្រាទី ១ ដល់ទី ៣ ដែលមានប្រវែងលើសពីមួយទំព័រនោះ ភាគច្រើនគឺគេសរសេរចងដៃចងជើងអ្នកកាន់អំណាចមិនឲ្យប្រព្រឹត្តិអ្វីលើសពីដែនសមត្ថកិច្ចរបស់ខ្លួនឡើយ ។ គំនិតសាមញ្ញនៅទីនេះគឺ៖ រដ្ឋធម្មនុញ្ញខ្លី ច្បាប់នឹងមានតិច ។ មានច្បាប់តិច សិទ្ធិសេរីភាពរបស់ពលរដ្ឋនឹងសល់ច្រើន ។ សល់សិទ្ធិច្រើន វិសាលភាពនៃអំណាចក៏ទូលំទូលាយដែរ ។ ក្រៅអំពីដាក់កម្រិតឲ្យរដ្ឋាភិបាលអនុវត្តច្បាប់ (Limited Government) ក៏នៅមានតួនាទីរបស់ស្ថាប័នផងដែរ ។ នៅក្នុងជួររដ្ឋបាលនៃសហរដ្ឋអាមេរិក ស្ថាប័នដើរតួសំខាន់ក្នុងការការពារកុំឲ្យជនផ្តាច់ការមានឱកាសងើបមុខរួច ។ ខ្ញុំសូមមិននិយាយអំពីតុល្យភាពនៃអំណាច (Check and Balance) រវាងនិតិបញ្ញតិ និតិប្រតិបត្តិ និង តុលាការ ទេត្បិតអីប្រការនេះត្រូវបានគេសរសេរបកស្រាយទូលំទូលាយហើយ ។ អ្វីដែលខ្ញុំចង់បកស្រាយនៅទីនេះ គឺភាពឯករាជ្យឬក្លាហាននៃស្ថាប័ននៅក្រោមសាខាមួយនៃរដ្ឋាភិបាល ។ មនុស្សជាច្រើន ជាពិសេសពលរដ្ឋខ្មែរ ដែលរស់នៅក្រោមលទ្ធិប្រជាធិបតេយ្យដូចគ្នា ប្រហែលជាឆ្ងល់ថាតើហេតុអ្វីក៏ក្រសួងយុត្តិធម៌សហរដ្ឋមេរិកហ៊ានតែងតាំងចៅក្រមពិសេសលោក រូបឺត មុល្លឺ ឲ្យទៅស៊ើបអង្កេតលោក ដូណាល់ ត្រាំ ដែលជាចៅហ្វាយនាយរបស់ពួកគេ ។ ដូចគ្នាដែរ ហេតុអ្វីក៏លោក ត្រាំ មិនបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ឈប់ការស៊ើបអង្កេតនោះ? ប្រការនេះពាក់ព័ន្ធនឹងច្បាប់រក្សានិរន្តរភាពស្ថាប័ននិងការពារបុគ្គលនៅក្នុងស្ថាប័ន ។
នៅក្នុងជួររដ្ឋាភិបាលអាមេរិក ប្រធានាធិបតីតែងតាំងរដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី និងឧបអនុរដ្ឋមន្ត្រី ។ តំណែងក្រោមឧបអនុរដ្ឋមន្ត្រីភាគច្រើនគឺជ្រើសរើសចេញពីមហាជនផ្អែកលើចំណេះជំនាញនានា ។ គេហៅបុគ្គលិកទាំងនេះថា ក្រុមការិយាធិបតេយ្យ ។ ពួកគេធ្វើការតាមតួនាទីដោយមិនភ័យអំពីការបាត់បង់តំណែងទេ ត្បិតតំណែងរបស់ពួកគេមិនមកតាមរយៈជើងខោមេឡើយ ។ ប្រធានាធិបតីអាចដកឬបញ្ឈប់តំណែងរដ្ឋមន្ត្រី ឬ អនុរដ្ឋមន្ត្រី ប៉ុន្តែមិនអាចដកតំណែងពីពួកការិយាធិបតេយ្យឡើយ ដរាបណាពួកគេមិនបានប្រព្រឹត្តិអ្វីខុសច្បាប់ ។ ជាទូទៅ រដ្ឋមន្ត្រីនិងអនុរដ្ឋមន្ត្រីតែងតែសួរយោបល់ពួកការិយាធិបតេយ្យមុននឹងធ្វើកិច្ចការអ្វីមួយ ទោះបីកិច្ចការនោះបញ្ជាចេញមកពីប្រធានាធិបតីដែលជាចៅហ្វាយនាយរបស់ពួកគេក៏ដោយ ។ ផ្អែកលើឯកសារស៊ើបអង្កេតរបស់លោក មុល្លឺ លោក ត្រាំ បានព្យាយាមបញ្ជាឲ្យបញ្ឈប់ការស៊ើបអង្កេតមកលើរូបគាត់ដែរ ប៉ុន្តែមិនត្រូវបានមន្ត្រីក្រោមឱវាទអនុវត្តិតាម ត្បិតខ្លាចមានទោសជាមួយលោក ត្រាំ ប្រសិនបើការសង្ស័យក្លាយជាការពិត ។ នេះក៏ជាប្រការមួយដែរដែលជាកត្តារក្សាអំណាចទុកឲ្យពលរដ្ឋ ។ គំនិតគោលគឺ អំណាចដែលបុគ្គលដឹកនាំរដ្ឋមិនអាចប្រើ វានឹងស្ថិតនៅជាមួយពលរដ្ឋ ។
យន្តការគាំពារអំណាចពលរដ្ឋសំខាន់មួយទៀតរបស់សហរដ្ឋអាមេរិក គឺរូបមន្តអាណតិបោះឆ្នោត ២ ៤ និង ៦ ។ អាណតិរបស់សមាជិករដ្ឋសភាឬតំណាងរាស្ត្រអាមេរិកាំងមានរយៈពេល ២ឆ្នាំ ។ ប្រធានាធិបតី ៤ឆ្នាំ ។ ព្រឹទ្ធសភា ៦ឆ្នាំ ។ រូបមន្តនេះមិនមែនធ្វើឡើងតាមនឹកឃើញនោះទេ ។ មានការជជែកវែកញែកហេតុផលយ៉ាងយូរទម្រាំប្រតិភូសរសេររដ្ឋធម្មនុញ្ញសម្រេចជ្រើសរើសយករូបមន្តនេះ ។ មូលហេតុដែលគេដាក់អាណតិតំណាងរាស្ត្រត្រឹម ២ឆ្នាំ គឺដើម្បីឲ្យពលរដ្ឋអាចសម្តែងឆន្ទៈរបស់ពួកគេបានភ្លាមៗ ដោយមិនចាំបាច់រង់ចាំដល់ចប់អាណតិប្រធានាធិបតី នៅពេលដែលពួកគេចង់តម្រង់ផ្លូវគោលនយោបាយរបស់រដ្ឋាភិបាល ។ ឧទាហរណ៍ថ្មីៗនេះ គឺនៅពេលដែលលោក ដូណាល់ ត្រាំ ឡើងធ្វើជាប្រធានាធិបតីហើយមានបំណងលុបបំបាត់គោលនយោបាយធានារ៉ាប់រងសុខភាពរបស់រដ្ឋព្រមទាំងសាងសង់របងតាមបណ្តោយព្រំដែនភាគខាងត្បូង ដែលជាកិច្ចការពលរដ្ឋភាគច្រើនមិនចង់ឲ្យគាត់អនុវត្តិ គណបក្សរបស់គាត់ដែលកាន់អំណាចទាំងនិតិប្រតិបត្តិនិងនិតិបញ្ញតិ ត្រូវបានពលរដ្ឋបោះឆ្នោតប្តូរឲ្យនៅមានឥទ្ធិពលត្រឹមតែនិតិប្រតិបត្តិតែប៉ុណ្ណោះ ។ ប្រការដែលសមាជិករដ្ឋសភានិងព្រឹទ្ធសភាមានរយៈពេលខុសគ្នាដល់ទៅបីដង គឺដើម្បីផ្តល់ឱកាសឲ្យពលរដ្ឋបញ្ចេញកំហឹងរបស់ខ្លួនតាមរយៈរដ្ឋសភា ហើយព្រឹទ្ធសភាជាអ្នករំងាប់កំហឹងនោះ ។ ស្ថាប័នមួយទៀតដែលមានបន្ទុករំងាប់កំហឹងនិងតម្រង់ផ្លូវគិតរបស់ ពលរដ្ឋនិងអ្នកនយោបាយ គឺចៅក្រមសហព័ន្ធ (Federal Court judges) ។ ចៅក្រមសហព័ន្ធសហរដ្ឋអាមេរិកភាគច្រើនត្រូវបានតែងតាំងដោយប្រធានាធិបតីនិងផ្តល់សច្ចានុម័តឲ្យដោយព្រឹទ្ធសភា ។ នៅពេលទទួលបានការទទួលស្គាល់ឲ្យចូលកាន់ការងារ ចៅក្រមទាំងនោះអាចកាន់តួនាទីអស់មួយជីវិតដោយមិនភ័យអំពីនរណាដកតំណែងអំពីគាត់ឡើយ ដរាបណាគាត់មិនបានប្រព្រឹត្តិអ្វីខុសច្បាប់ ។ សារសំខាន់ក្នុងការផ្តល់ឱកាសឲ្យសមាជិកបម្រើការងាររដ្ឋខ្លះមានអាណតិយូរអង្វែង គឺដើម្បីជៀសវាងកំហុសធ្ងន់ធ្ងរ ត្បិតអីការសម្រេចចិត្តធ្វើអ្វីមួយនៅពេលកំពុងមានកំហឹងឬចំណង់នោះ អាចខ្វះការពិចារណាឲ្យបានសព្វជ្រុងជ្រោយ ។ ពាក់ព័ន្ធនឹងប្រការនេះ មានការនិទានតៗគ្នាថា ប្រតិភូសរសេររដ្ឋធម្មនុញ្ញពីររូបបានប្រកែកគ្នាតឹងសសៃក ។ ម្នាក់សួរថា ហេតុអ្វីចាំបាច់មានរយៈពេលអាណតិខុសគ្នា ។ ប្រតិភូដែលគាំទ្រឲ្យមានអាណតិខុសគ្នាសួរបកទៅវិញថា ហេតុអ្វីក៏ឯងចាក់ទឹកត្រជាក់ចូលក្នុងចានទ្រនាប់ពែងតែរបស់ឯង? បុរសទីមួយឆ្លើយផូងមកវិញថា៖ ដើម្បីធ្វើឲ្យកំដៅទឹកតែវាធ្លាក់ចុះ (To cool it down!) ។ ប្រតិភូដែលគាំទ្រឲ្យមានអាណតិខុសគ្នាក៏ពន្យល់ថា៖ យើងបង្កើតឲ្យមានអាណតិខុសគ្នាគឺនៅក្នុងគោលបំណងដែលឯងចាក់ទឹកត្រជាក់ចូលក្នុងចានទ្រនាប់ពែងតែនោះឯង (Your point is precisely what we want!) ។
ចាប់តាំងពីសហរដ្ឋអាមិរិកអនុវត្តលទ្ធិប្រជាធិបតេយ្យជាង៣០០ឆ្នាំកន្លងទៅនេះ មិនមានការកែប្រែឬក៏ផ្លាស់ប្តូររបៀបគ្រុបគ្រងជាដុំកំភួនទេ ទាំងរដ្ឋធម្មនុញ្ញ ទាំងរចនាសម្ព័ន្ធដឹកនាំ ។ បានន័យថា វាជាគោលការណ៍អនុវត្តន៍លទ្ធិប្រជាធិបតេយ្យប្រកបដោយជោគជ័យជាទីបំផុត ។ តាមពិតទៅ សហរដ្ឋអាមេរិកមិនដើរតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យទាំងស្រុងទេ ។ គេយកគោលការណ៍នេះមកកែច្នៃឲ្យទៅជារបបមួយដែលពិភពលោកហៅថា៖ សាធារណរដ្ឋ ឬ រដ្ឋសាធារណៈ (Republic) ។ រដ្ឋសាធារណៈប្រៀបដូចជាសួនសាធារណៈដែរ ។ ពលរដ្ឋទាំងអស់ ទាំងអ្នកក្រ អ្នកមាន និងអ្នកសុំទាន មានសិទ្ធិប្រើនិងទទួលអត្ថប្រយោជន៍ដូចៗគ្នា ។
មុននឹងបញ្ចប់អត្ថបទនេះ សូមលើកយកការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមកលាតត្រដាងបន្តិច ។ ផ្អែកលើការសង្កេតរបស់ស្មេរ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាគ្មានសង្ឃឹមនឹងលូតលាស់ឡើយ ។ មូលហេតុដ៏ធំបំផុតដែលខ្មែរអនុវត្តន៍លិទ្ធិប្រជាធិបតេយ្យមិនបានជោគជ័យ គឺទំនៀមទម្លាប់ដែលដិតដាមជាប់ក្នុងខួរក្បាលពលរដ្ឋខ្មែរអស់រយៈពេលរាប់រយឆ្នាំមកហើយ ។ អត្តចរិតទ្រពងតោងក្បិន វាបានសង្កត់សង្កិនពលរដ្ឋខ្មែរឲ្យលុះនៅក្នុងការគោរពបូជាបុគ្គល ជាជាងគោលគំនិត ។ វាថែមទាំងធ្វើឲ្យពលរដ្ឋខ្មែរជាច្រើន ទាំងអ្នកចេះទាំងអ្នកល្ងង់ បាត់បង់ការគោរពនិងឲ្យតម្លៃខ្លួនឯងទៀងផង ។ នៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក (Facebook) រៀងរាល់ថ្ងៃ យើងរមែងឃើញសារថ្លាថ្លែងគោរពកោតសរសើរបុគ្គលដឹកនាំជាតិក៏ដូចជាដឹកនាំគណបក្សនិងស្ថាប័ន ថាប្រកបដោយគតិបណ្ឌិតដូច្នេះឬដូច្នោះ ។ ខ្ញុំមានសំណួរតែមួយគត់សម្រាប់អ្នកដែលចូលចិត្តលើកតម្កើងអ្នកដទៃជាជាងខ្លួនឯង៖ តើបុគ្គលទាំងនោះ គេប្រសើរជាងរូបអ្នកប៉ុណ្ណាទៅ??? លទ្ធិប្រជាធិបតេយ្យត្រូវការការទទួលស្គាល់អធិបតេយ្យភាពនិងសមត្ថភាពរបស់ខ្លួនឯង មុនទទួលស្គាល់អធិបតេយ្យភាពរបស់អ្នកដទៃ ។ ដរាបណាផ្នត់គំនិតនេះមិនត្រូវបានផ្លាស់ប្តូរ ពលរដ្ឋខ្មែរគ្មានវាសនានឹងភ្លក្សរសជាតិលទ្ធិប្រជាធិបតេយ្យពិតប្រាកដនិងយុត្តិធម៌សង្គមសមរម្យមួយឡើយ ៕
Tuesday, April 23, 2019
ចំណីខួរក្បាល
រត់តាមគេ ឬរត់ឲ្យទាន់គេ
នៅឆ្នាំ ១៩៨៩ ខ្ញុំបានចុះឈ្មោះរៀនវាយអង្គុលីលេខនៅក្នុងវិទ្យាល័យមួយនៅសហរដ្ឋអាមេរិក ។ គ្រានោះ កូនសិស្សជាច្រើនរាប់បញ្ចូលទាំងរូបខ្ញុំផង មិនដែលស្គាល់ម៉ាសុីនកំព្យូទ័រទេ ។ ដើម្បីរៀនវាយអង្គុលីលេខបាន សិស្សទាំងអស់ត្រូវឆ្លងកាត់ការសិក្សាអំពីរបៀបប្រើកំព្យូទ័រសិន ។ ខ្ញុំនៅចាំថា សិស្សទាំងអស់ត្រូវបានណែនាំឲ្យបង្កើតអត្តសញ្ញាណ (ID) និងពាក្យសម្ងាត់ (Password) រៀងៗខ្លួនដើម្បីអាចរៀនវាយអង្គុលីលេខនៅលើម៉ាសុីនកំព្យូទ័រទាំងនោះ ។ ខ្ញុំរៀនវាយពាក្យនៅលើកំព្យូទ័រមិនដែលបានគ្រប់ចំនួន ឬក៏ទាន់ពេលវេលាកំណត់នោះទេ ។ ឧទាហរណ៍ គេតម្រូវឲ្យវាយយ៉ាងហោចណាស់ ៤៥ពាក្យក្នុងមួយនាទី ខ្ញុំវាយបានតែត្រឹមតែ ៣០ទៅ៣៥ពាក្យប៉ុណ្ណោះ ។ ប៉ុន្តែ អ្វីដែលខ្ញុំកត់សម្គាល់គឺ ម៉ាសុីនកំព្យូទ័រជាម៉ាសុីនដែលមានសក្តានុពលខ្ពស់បំផុតក្នុងចំណោមម៉ាសុីននានាដែលមនុស្សធ្លាប់បានបង្កើត ។
នៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ ខ្ញុំបានភពប្រសព្វនឹងកំព្យូទ័រម្តងទៀតក្នុងនាមជា បុគ្គលិកបណ្ណាល័យកំព្យូទ័រនៅក្នុងមហាវិទ្យាល័យដែលខ្ញុំកំពុងសិក្សា ។ ម្តងនេះ ខ្ញុំមានឱកាសច្រើនក្នុងការប្រើប្រាស់ម៉ាសុីនកំព្យូទ័រ ហើយក៏មានឱកាសបានរៀនផ្ញើសារអេឡិចត្រូនិក (អុីម៉ែល) មុនគេបំផុតនៅក្នុងចំណោមនិស្សិតរៀននៅមហាវិទ្យាល័យ ។ វាជាបទពិសោធដ៏អស្ចារ្យមួយនៅក្នុងជីវិតខ្ញុំ ។ ថ្វីត្បិតតែខ្ញុំមិនបានរៀនជំនាញខាងកំព្យូទ័រមែនពិត តែកំព្យូទ័រ បានក្លាយជាមិត្តជិតស្និទ្ធរបស់ខ្ញុំចាប់ពីឆ្នាំ ១៩៨៩ មក ។
រត់តាមគេ ឬរត់ឲ្យទាន់គេ គឺខ្ញុំចង់និយាយអំពីសក្តានុពលរបស់កំព្យូទ័រ ។ បច្ចុប្បន្ន ខ្ញុំឃើញនិស្សិតខ្មែរជាច្រើនហាក់ដូចជាស្រវាស្រទេញក្នុងការប្រមូលសៀវភៅយកមកទុកជាឯកសារសិក្សា ។ ខ្ញុំក៏ជាមនុស្សមួយរូបដែលចូលចិត្តរក្សាសៀវភៅដែរ ។ ប៉ុន្តែ ផ្អែកលើបទពិសោធផ្ទាល់ខ្លួន វាគឺជាកំហុសដ៏ធំមួយ ។ សៀវភៅដែលខ្ញុំរក្សាទុកមួយចំនួនមានអាយុប្រមាណជាជាង ៥០ឆ្នាំហើយ ។ ហើយវាក៏ចាប់ផ្តើមរលេះរលួយបណ្តើរៗដែរ ។ ដូច្នេះ ធនធានពលកម្មនិងប្រាក់កាក់ដែលខ្ញុំបានចំណាយទាំងអម្បាលម៉ានក៏ចាប់ផ្តើមបាត់បង់ជាមួយនឹងទំព័រសៀវភៅទាំងនោះដែរ ។
ដើម្បីជៀសវាងការខាតបង់ ទាំងពេលវេលាទាំងប្រាក់កាក់ និស្សិតសម័យនេះគួរសហការគ្នារក្សាឯកសារដែលមានទ្រង់ទ្រាយជា អេឡិចត្រូនិក ឬ ឌីជីថល ។ បើយើងសង្កេតមើលបណ្ណាល័យនៅបស្ចឹមប្រទេស គេបានចាប់ផ្តើមកាត់បន្ថយការរក្សាសៀវភៅជាទម្រង់ក្រដាសតាំងតែពីឆ្នាំ ១៩៩០ មកម្លេះ ។ អ្វីៗគឺត្រូវបានគេបំផ្លែង (Converted) ឲ្យទៅជាសៀវភៅអេឡិចត្រូនិកស្ទើរតែអស់ទៅហើយ ។ បើនិយាយអំពីការប្រើប្រាស់បណ្ណាល័យដើម្បីខ្ចីសៀវភៅយកមកអាននោះ មនុស្សភាគច្រើនមិនទៅបណ្ណាល័យទៀតទេ ត្បិតអីគេអាចខ្ចីឬជួលសៀវភៅ អេឡិចត្រូនិកយកមកអាននៅក្នុងកំព្យូទ័រ ឬក៏ថេបឡេត ដោយមិនចាំបាច់ចេញពីផ្ទះឡើយ ។ ដូច្នេះ វាគ្មានហេតុផលអ្វីដែលយើងគួរប្រមូលសៀវភៅយកមករក្សាទុកនាំឲ្យចង្អៀតផ្ទះនោះទេ ។
ការរក្សាសៀវភៅនៅក្នុងទម្រង់ អេឡិចត្រូនិក គឺត្រូវការពេលវេលាដើម្បីសរសេរចម្លងពាក្យពេចន៍ឡើងវិញនៅក្នុងកំព្យូទ័រ ។ ប្រការនេះ យើងអាចសហការគ្នាចម្លងមួយវគ្គម្នាក់ៗ រួចហើយយកវគ្គទាំងអស់មកផ្គុំគ្នាតាមលេខរៀងឲ្យក្លាយជាសៀវភៅឡើងវិញ ។ បន្ទាប់មក សន្សំវាជា ភីឌីអេហ្វ (Save in PDF, Portable Document File) ។ យើងអាចរក្សាទុកសៀវភៅ ភីឌីអេហ្វ បានរាប់សតវត្សទៅមុខដោយងាយស្រួល ។
ចំណុចមួយដែលយើងត្រូវលើកយកមកពិចារណាគឺ កម្មសិទ្ធិបញ្ញា (Copyrighted) ។ គួរកត់សម្គាល់ថា ច្បាប់កម្មសិទ្ធិបញ្ញា មានមុនការបង្កើតកម្មវិធី ភីឌីអេហ្វ ។ ដូច្នេះ អ្វីៗហាក់ដូចជាស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ។ ជាទូទៅ ការចម្លងឬរក្សាទុកឯកសារណាមួយជាទម្រង់ ភីឌីអេហ្វ សម្រាប់សិក្សាដោយមិនពាក់ព័ន្ធការស្វែងរកកម្រៃ វាហាក់ដូចជាគ្មានការហាមប្រាមទេ ។ ប្រៀបដូចជាយើងទិញសៀវភៅ ហើយឲ្យសៀវភៅនោះទៅមិត្តភក្តិខ្ចីអានដូច្នោះដែរ ។ ផ្អែកលើបទពិសោធផ្ទាល់ខ្លួន ដែលធ្លាប់ចុះបញ្ជីកម្មសិទ្ធិបញ្ញាសៀវភៅរបស់ខ្ញុំជាមួយនឹងបណ្ណាល័យជាតិសហរដ្ឋអាមេរិក (Library of Congress) គេអនុញាតិឲ្យខ្ញុំរក្សាសិទ្ធិសៀវភៅរយៈពេល ៥០ឆ្នាំ ។ ប្រសិនបើខ្ញុំស្លាប់មុខរយៈពេល៥០ឆ្នាំនោះ កម្មសិទ្ធិបញ្ញារបស់ខ្ញុំនឹងអស់សុពលភាពត្រឹមថ្ងៃដែលខ្ញុំស្លាប់ ។ ភរិយាឬកូនរបស់ខ្ញុំអាចដាក់លិខិតស្នើបន្តសុពលភាពក្នុងនាមជាអ្នកស្នងមរតក ។ ប៉ុន្តែ បើគ្មានអ្នកស្នើបន្តសុពលភាពទេ សៀវភៅនោះនឹងក្លាយជាសម្បត្តិសាធារណៈ ដែលគេអាចបកប្រែ ឬចម្លងបោះពុម្ពសាឡើងវិញដោយមិនចាំបាច់សុំសិទ្ធិពីអ្នកនិពន្ធឡើយ ។ ដូច្នេះ យើងអាចយកសៀវភៅដែលមានអាយុកាលលើសពី ៥០ឆ្នាំ ឬសៀវភៅដែលអ្នកនិពន្ធបានទទួលអនិច្ចកម្មទៅហើយ មកចម្លងបោះពុម្ពជា PDF ដើម្បីរក្សាទុកនិងចែកចាយជាសាធារណៈ ។ និយាយឲ្យខ្លី សៀវភៅ ឌីជីថល ឬ ភីឌីអេហ្វ គឺប្រៀបដូចជាចំណេះដឹកដែរ ។ របស់ទាំងពីរនេះ ងាយថែរក្សាទុកដាក់ដូចគ្នា ។ មួយស្ថិតនៅក្នុងអង្គចងចាំកំព្យូទ័រ មួយទៀតស្ថិតនៅក្នុងខួរក្បាល ។
ដើម្បីបង្កើតឬបំផ្លែងឯកសារ (Convert File into PDF) ឲ្យទៅជាសៀវភៅ ឌីជីថល ឬ អេឡិចត្រូនិក កំព្យូទ័រអេប៉ល ម៉ាក់ប៊ុក មានកម្មវិធីធ្វើដូចតទៅ៖ File => Print. On the bottom left of Print Box, Press on Downward arrow next to PDF. Select Save as PDF. The File or Book as PDF digital format is made! គួរកត់សម្គាល់ថា សៀវភៅល្បីៗជាច្រើនត្រូវបានគេចម្លងនិងបង្កើតជា ឌីជីថលប៊ុករួចហើយ ។ ដូច្នេះ ដើម្បីជៀសវាងធ្វើកិច្ចការត្រួតលើគ្នា គប្បីស្រាវជ្រាវនៅក្នុងប្រព័ន្ធ អុីនថឺណិត ពិនិត្យមើលថាតើសៀវភៅដែលយើងចង់ចម្លងធ្វើជាសៀវភៅ ឌីជីថលនោះ មានគេធ្វើរួចហើយឬនៅ ៕
Saturday, April 13, 2019
ចំណីខួរក្បាល
បដិវត្តន៍អត់ពណ៌
១៧ មេសាកម្ពុជារំដោះ សម្រែកជ័យឃោស កក្រើកមេឃា
ដុំពពកខ្មៅរលាយហើយណា រស្មីភ្លឺថ្លា បដិវត្តន៍ចាំងចែង ។
នេះគឺជាវគ្គមួយនៃចម្រៀងបដិវត្តន៍ខ្មែរក្រហមដែលខ្ញុំបានឮដំបូងបំផុតកាលពី ៤៤ឆ្នាំមុន ។ វាបានដក់ជាប់នៅក្នុងការចងចាំរបស់ខ្ញុំរហូតដល់ថ្ងៃនេះ ដោយហេតុតែចម្រៀងនេះផ្សារភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍ជម្លៀសប្រជាជនចេញអំពីទីក្រុងទៅកាន់ជនបទ ។ បដិវត្តន៍និងការធ្វើទុក្ខបុកម្នេញកាប់សម្លាប់ពលរដ្ឋខ្មែរយ៉ាងព្រៃផ្សៃពីសំណាក់ពួកខ្មែរក្រហម ត្រូវបានគេសរសេរកត់ត្រាទុកជាច្រើនមកហើយ ប៉ុន្តែចំណុចសំខាន់មួយចំនួនហាក់ដូចជានៅស្រពិចស្រពិលនៅឡើយ ។ ដើម្បីរំលឹកអំពីអនុស្សាវរីយ៍ដ៏ជូចត់មួយនេះ ខ្ញុំសូមលើកយកកត្តាពាក់ព័ន្ធជាប្រវត្តិសាស្ត្រមួយចំនួនមកលាតត្រដាងនៅក្នុងអត្ថបទនេះ ។
ដើមកំណើតនៃសោកនាដកម្មខ្មែរនៅក្នុងសម័យខ្មែរក្រហម មានប្រភពចេញមកពីវីរជនវៀតណាមមួយរូបឈ្មោះ ហូ ជីមីញ ។ នៅដើមទសវត្សឆ្នាំ ១៩៣០ ហូ ជីមីញ និងឥស្សរជនចិនមួយរូបឈ្មោះ តេង ស៊ាវពីង បានជួបគ្នានាគ្រាដែលពួកគេទៅសិក្សានៅក្នុងប្រទេសបារាំង ។ នៅទីនោះ ពួកគេបានចូលជាសមាជិករបស់អង្គការ ខំមីនថឺន (Comintern OR Communist International) ។ គួរបញ្ជាក់ថា សហភាពសូវៀតដែលទើបនឹងទទួលបានជ័យជម្នះនៅក្នុងបដិវត្តន៍បង្កើតលទ្ធិកុម្មុយនីស្តប្រមាណជាជាងមួយទសវត្សកន្លងទៅ បានបង្កើតអង្គការខំមីនថឺនឡើងដើម្បីផ្សព្វផ្សាយលទ្ធិកុម្មុយនីស្តឲ្យបានទូលំទូលាយ ។ បន្ទាប់ពីទទួលការហ្វឹកហាត់វគ្គនយោបាយនិងបានចូលរួមមហាសន្និបាតនៅទីក្រុងមូស្គូរួច ហូ ជីមិញ បានធ្វើដំណើរទៅដល់ប្រទេសចិន ។ នៅទីនោះ គាត់បានទៅចូលរួមនៅក្នុងមហាសន្និបាតខំមីនថឺនមួយទៀតដែលរៀបចំឡើងនៅតំបន់កង់តុង (Guangdung) នៅក្នុងឆ្នាំ ១៩៣៩ ។ អំឡុងពេលស្នាក់នៅតំបន់កង់តុង ហូ ជីមិញ បានជួបនឹងសកម្មជនវៀតណាមមួយចំនួន ។ ពួកគេបានលបលួចនាំហូ ជីមិញ មកកាន់ទីក្រុងហាណូយហើយក៏បានបង្កើតចលនារំដោះជាតិវៀតណាមចេញពីនឹមអាណានិគមបារាំង ។ គេហៅចលនានោះថា វៀតមិញ (Viet Minh) ដែលមាន ហូ ជីមិញ ឡេ យន់ ផាំ វ៉ាន់ដុង ឡេ ដឹកថូ និង វ៉ូ ង្វៀងយ៉ាប់ ជាស្ថានិកសំខាន់ ។ ក្រោយមក ឡេ ដឹកថូ បានជួបនឹងយុវនិស្សិតវៀតណាមនៅភាគខាងត្បូងមួយរូបឈ្មោះ ផាំ ស៊ុនហួន ដែលជាអ្នកស៊ើបការណ៍ដ៏ចំណានបំផុតនៅក្នុងប្រវត្តិសាស្ត្រវៀតណាម ។ ផាំ ស៊ុនហួនត្រូវបានបញ្ជូនឲ្យទៅសិក្សានៅសហរដ្ឋអាមេរិកហើយរកឱកាសធ្វើការជាមួយភ្នាក់ងារសារពត៌មានអាមេរិកាំងដើម្បីស៊ើបយកពត៌មាននៅពេលដែលគាត់វិលត្រឡប់មកវៀតណាមវិញ ។ គាត់បានក្លាយជាបុគ្គលសំខាន់មួយរូបនៅក្នុងសង្គ្រាមរវាងវៀតណាមនិងអាមេរិក ។
នៅក្នុងអំឡុងពេលស្របាលគ្នានោះ ប្រទេសខ្មែរក៏មានការរំជើបរំជួលនយោបាយផងដែរ ។ គួរកត់សម្គាល់ថា ឆ្នាំ១៩៣៩ជាការចាប់ផ្តើមនៃសង្គ្រាមលោកលើកទី ២ ហើយប្រទេសបារាំងដែលជាអាណានិគមគ្រុបគ្រងប្រទេសយួន លាវ កម្ពុជា និងតំបន់កម្ពុជាក្រោមនោះត្រូវបានយោធាអាល្លឺម៉ង់វាយប្រហារយ៉ាងដំណំ ។ ឆ្លៀតឱកាសនោះ ខ្មែរមួយក្រុមដឹកនាំដោយលោក សឺន ង៉ុកថាញ់ ប៉ាច ឈឺន ប៊ុណ្ណចន្ទ ម៉ុល និងអាចារ្យ ហែម ជៀវ បាននាំគ្នាធ្វើបាតុកម្មទាមទារឲ្យបារាំងផ្តល់សិទ្ធិសេរីភាពឲ្យខ្មែរក្នុងការសម្រេចជោគវាសនារបស់ខ្លួន ។ បារាំងបានចាប់មេបាតុករមួយចំនួន លើកលែងតែលោក សឺន ង៉ុកថាញ់ដែលរត់គេចខ្លួនរួច យកទៅដាក់គុកនៅកោះ ត្រឡាច ។ អាចារ្យ ហែម ជៀវបានស្លាប់នៅទីនោះ ឯអ្នកដទៃទៀតត្រូវបានដោះលែងវិញបន្ទាប់ពី ជប៉ុនវាយលុកយកបានតំបន់អាសុីអគ្នេយ៍ ។ លុះជប៉ុនចាញ់សង្គ្រាមលោកលើកទី ២ បារាំងបានវិលត្រឡប់មកត្រួតត្រាតំបន់ឥណ្ឌូចិនវិញ ហើយអតីតអ្នកទោសដែលជប៉ុនបានដោះលែងពីគុកនៅកោះត្រឡាច មានលោកប៊ុណ្ណចន្ទ ម៉ុល ជាអាទ៍ បាននាំគ្នារត់គេចខ្លួនទៅកទ័ពប្រឆាំងនឹងបារាំងនៅតាមបណ្តោយជួរភ្នំដងរែក ។ ពួកគេហៅចលនានោះថា ខ្មែរឥស្សរៈ ។ នៅឯស្រុកយួនឯនោះវិញ ពួកវៀតមិញបានពង្រីកឥទ្ធិពលរបស់គេនៅអំឡុងពេលបារាំងចាញ់ដៃជប៉ុន ដោយបង្កើតឲ្យមានក្រុមវៀតមិញនៅក្នុងប្រទេសខ្មែរភាគខាងកើតនិងនៅប្រទេសឡាវ ។ នៅក្នុងប្រទេសខ្មែរ គេហៅចលនានោះថា៖ ខ្មែរវៀតមិញ ។ ឯនៅប្រទេសឡាវគេហៅថា៖ ឡាវឥស្សរា ។ ចលនាខ្មែរវៀតមិញនិងខ្មែរឥស្សរៈបានជួបពិភាក្សាគ្នាម្តងពីរដែរដើម្បីសហការគ្នាវាយប្រហារបារាំង ប៉ុន្តែមិនចុះសម្រុងនឹងគ្នាទេ ។ ដល់ចំណុចនេះ ខ្ញុំសូមបើករង្វង់ក្រចកនិយាយអំពីខ្មែរមួយក្រុមដែលទៅសិក្សានៅស្រុកបារាំង ។
ក្រោយសង្គ្រាមលោកលើកទី ២ មូលនិធិរ៉ុកហ្វែល្លឺ (Rockfeller Foundation) បានផ្តល់ថវិកាឲ្យសាកលវិទ្យាល័យប៉ារីស ដើម្បីសាងសង់អគារស្នាក់នៅនិងផ្តល់អាហារូបករណ៍ដល់និស្សិតនៅជុំវិញពិភពលោកមកសិក្សានៅស្រុកបារាំង ។ គេធ្វើរបៀបនេះក្នុងគោលបំណងឲ្យយុវជនដែលមានពូជអម្បូរខុសគ្នាមានឱកាសជួបប្រាស្រ័យទាក់ទងគ្នាដើម្បីកសាងមិត្តភាពនិងបញ្ជៀសកុំឲ្យសង្គ្រាមលោកកើតឡើងទៀត ។ គេដាក់ឈ្មោះអគារស្នាក់នៅទាំងនោះថា៖ ផ្ទះខ្មែរ ផ្ទះវៀតណាម ផ្ទះអាល់ហ្សឺរី ជាដើម ។ល។ នៅឆ្នាំ ១៩៤៩ និស្សិតខ្មែរមួយក្រុមត្រូវបានអនុញាតិឲ្យទៅសិក្សានៅស្រុកបារាំងនាគ្រានោះ ។ ក្នុងចំណោមនិស្សិតទាំងនោះមានជាអាទ៍លោក៖ សាឡុត ស (ហៅ ប៉ុល ពត) អៀង សារី ខៀវ សំផន គាត ឆុន ខៀវ បុណ្ណារី និង អៀង ធីរិទ្ធ ជាដើម ។ល។ បងប្អូនត្រកូល ជួន ដែលជាក្មួយរបស់លោក ប៊ុណ្ណចន្ទ ម៉ុល និងមនុស្សសំខាន់ៗជាច្រើនទៀតនៅក្នុងជួរខ្មែរក្រហមក៏មានមុខនៅទីនោះដែរ ។ និស្សិតខ្មែរទាំងនោះបានបង្កើតក្រុមសកម្មភាពនយោបាយមួយដែលពួកគេហៅថា៖ វង្សម៉ាក្សសុីស (Marxist Circle) ។ លោក កេង វ៉ាន់សាក់ ក៏ធ្លាប់ចូលរួមពិភាក្សាជាមួយនឹងសកម្មជននយោបាយទាំងនោះដែរ ។ គួរកត់សម្គាល់ដែរថា ឆ្នាំ១៩៤៩នេះ ក៏ជាឆ្នាំដែលបារាំងធ្វើស្ថិតិជំរឿនចំនួនពលរដ្ឋនៅកម្ពុជាក្រោមហើយសម្រេចភ្ជាប់ទឹកដីតំបន់នោះឲ្យទៅប្រទេសវៀតណាម ត្បិតជនជាតិវៀតណាមដែលរស់នៅក្នុងតំបន់នោះមានចំនួនច្រើនជាងជនជាតិខ្មែរ ។ នៅឯប្រទេសចិន ពួកកុម្មុយនីស្តក៏ទទួលបានជ័យជម្នះហើយប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលមានលោកប្រធាន ម៉ៅ សេទុង ជាអ្នកដឹកនាំ ។
កត្តាចម្បងដែលធ្វើឲ្យអាណានិគមបារាំងនៅឥណ្ឌូចិនក្រឡាប់ចាក់ គឺបរាជ័យនៅសមរភូមិ ឌៀនបៀនភូ ដែលស្ថិតនៅភាគខាងជើងនៃប្រទេសវៀតណាម ។ នៅឆ្នាំ ១៩៥៣ ហូ ជីមិញ និងយុទ្ធមិត្តរបស់គាត់អមដោយជំនួយសម្ភារៈសឹកពីសំណាក់មហាមិត្តចិន បានឡោមព័ទ្ធវាយកំទេចមូលដ្ឋានទ័ពដ៏រឹងមាំមួយរបស់បារាំងនៅតំបន់ឌៀនបៀនភូ ។ បន្ទាប់ពីបរាជ័យនៅឌៀនបៀនភូ បារាំងក៏សម្រេចចិត្តកោះប្រជុំសន្និសិទមួយនៅទីក្រុងហ្សឺណែវ ដើម្បីផ្តល់ឯករាជ្យឲ្យប្រទេស យួន ឡាវ និង ខ្មែរ ។ ក្រុមអ្នកតស៊ូប្រឆាំងនឹងបារាំងទាំងប៉ុន្មាន ដែលមានទឹកដីខ្លះស្ថិតនៅក្រោមការត្រួតត្រារបស់ខ្លួន អាចមានកៅអីអង្គុយនៅតុចចារ ។ ក្រុម ហូ ជីមិញ តំណាងឲ្យវៀតណាមនៅភាគខាងជើង ។ ឯភាគខាងត្បូងនិងតំបន់កម្ពុជាក្រោមតំណាងដោយក្រុមលោក ង៉ោ ឌិញយៀម បន្ទាប់ពីស្តេច បៅ ដាយ បានដាក់រាជ ។ ចំណែកឯប្រទេសខ្មែរ ពួកឥស្សរៈ ជាពិសេសខ្មែរវៀតមិញ បានទាមទារអង្គុយក្នុងតុចចារដែរ ប៉ុន្តែត្រូវបានរារាំងដោយគណប្រតិភូខ្មែរដឹកនាំដោយលោក សម សារី ឪពុកលោក សម រង្សី សព្វថ្ងៃនេះ ។ បន្ទាប់ពីការចចារគ្នានៅទីក្រុងហ្សឺណែវ ឧបទ្វីបឥណ្ឌូចិនត្រូវបានបែងចែកជាបួនប្រទេសគឺ៖ វៀតណាមខាងជើង វៀតណាមខាងត្បូង (ដែលមានកម្ពុជាក្រោមនៅក្នុងនោះ) ខ្មែរ និង ឡាវ ។ គួរកត់សម្គាល់ថា អំឡុងពេលដែល ហូ ជីមិញ បង្កើតចលនាវៀតមិញនោះ ពួកគេបានរៀបចំបណ្តាញទូទាំងប្រទេសវៀតណាមទាំងមូល រាប់បញ្ចូលទាំងក្រុមខ្មែរវៀតមិញនៅក្នុងស្រុកខ្មែរផងដែរ ។ ដូច្នេះ សន្និសិទហ្សឺណែវតម្រូវឲ្យសកម្មជនវៀតមិញទាំងនោះទៅរួមរស់ជាមួយនឹងម្ចាស់របស់ពួកគេនៅក្នុងប្រទេសវៀតណាមភាគខាងជើង ។ អ្វីដែលជាមេរៀនចេញអំពីសន្និសិទហ្សឺណែវនោះ គឺថាពួកកុម្មុយនីស្តមិនបានគោរពតាមគោលការណ៍កិច្ចព្រមព្រៀងទេ ។ ភ្នាក់ងារសម្ងាត់របស់ពួកគេនៅតែបន្តសកម្មភាពនៅក្នុងតំបន់ដែលស្ថិតក្រោមអធិបតេយ្យភាពប្រទេសដទៃ ដូចជានៅស្រុកខ្មែរជាដើម ។
និយាយអំពីក្រុមនិស្សិតខ្មែរម៉ាក្សសុីសនៅស្រុកបារាំងវិញម្តង ។ បន្ទាប់ពីសិក្សាអំពីការធ្វើបដិវត្តន៍និងពង្រឹងគោលជំហរបានល្អគួរសម ពួកគេបានសម្រេចនាំគ្នាវិលមកស្រុកខ្មែរដើម្បីកែប្រែសង្គមឲ្យបានល្អរុងរឿង ។ ដើមឡើយ គោលដៅរបស់ពួកគេគឺកំចាត់អាណានិគមបារាំងឲ្យវិនាសពីស្រុកខ្មែរ ។ ប៉ុន្តែ ដោយហេតុតែបារាំងបានប្រគល់ឯករាជ្យមកឲ្យខ្មែររួចហើយ ពួកគេក៏សម្រេចផ្តោតការវាយប្រហារទៅលើពួកសក្តិភូមិ នាយទុន ប្រត្តិកិរិយាវិញម្តង ។ និយាយឲ្យចំគឺផ្តួលរំលំរំលាយរាជានិយមចោល ។ អ្នកដែលត្រឡប់មកស្រុកខ្មែរមុនគេនៅដើមទសវត្សឆ្នាំ ១៩៥០ គឺ ប៉ុល ពត ។ អំឡុងពេលនោះ ប្រទេសខ្មែរទើបទទួលបានឯករាជ្យពីបារាំង ហើយស្តេច នរោត្តម សីហនុ ដែលជាប្រមុខរដ្ឋបានអំពាវនាវឲ្យក្រុមខ្មែរតស៊ូប្រឆាំងបារាំងទាំងអស់ដាក់អាវុធចុះចូលជាមួយរដ្ឋាភិបាល ។ ខ្មែរឥស្សរៈនៅភ្នំដងរែកមួយចំនួនដូចជាលោក ដាប ឈួន ប៊ុណ្ណចន្ទ ម៉ុល និង ធម្មបាល ខៀវ ជុំ បានបញ្ឈប់សកម្មភាពហើយវិលមករួមរស់ក្នុងសង្គមខ្មែរវិញ ប៉ុន្តែក្រុមខ្មែរវៀតមិញដែលបង្កើតឡើងដោយ ហូ ជីមិញ នោះ មិនបញ្ឈប់គំនិតតស៊ូរបស់ខ្លួនទេ ។ គួរកត់សម្គាល់ថា នៅពេលដែល ហូ ជីមិញ បញ្ជូន ឡេ យន់ និង ឡេ ដឹកថូ ឲ្យមករៀបចំបណ្តាញវៀតមិញនៅស្រុកខ្មែរ ពួកគេបានជ្រើសយកតំបន់ខេត្ត តាកែវ កំពត និង កំពង់ស្ពឺ ធ្វើជាចំណុចកណ្តាល (Headquarters) ហើយជ្រើសរើសមនុស្សម្នាក់ឲ្យធ្វើជាស្នងការ ។ គេមិនទាន់មានលេខាបក្សទេនៅគ្រានោះ ព្រោះក្រុមខ្មែរវៀតមិញជាបុត្រសម្ព័ន្ធរបស់ ចលនាវៀតមិញដែលមានវៀតណាមនិង ហូ ជីមិញ ជាអ្នកចាត់ចែងការងារ ។ មនុស្សទីមួយដែលកាន់កិច្ចការស្នងការនៃក្រុមខ្មែរវៀតមិញគឺ អាចារ្យ មៀន ដែលយួនអោយដូរឈ្មោះជា សឺន ង៉ុងមិញ ដើម្បីបោកប្រាស់អ្នកតស៊ូដទៃឲ្យទៅចូលរួមជាមួយត្បិតគិតថា សឺន ង៉ុងមិញ និង សឺន ង៉ុងថាញ់ ជាបងប្អូននឹងគ្នា ។ មុខងារជាស្នងការ គ្រោះថ្នាក់ខ្លាំងណាស់ ។ គុកនិងសេចក្តីស្លាប់ស្ថិតនៅក្បែរខ្លួនប្រៀបដូចជាស្រមោលអន្ទោលតាមប្រាណ ។ ដើម្បីកាត់បន្ថយហានិភ័យ ខ្មែរវៀតមិញបានបង្កើតតួនាទីមួយហៅថា នីរសារ ដែលជាអ្នកនាំសារពីស្នងការទៅកាន់សមាជិកនានា និងពីសមាជិកនានាមកឲ្យស្នងការ ។ អតីតកម្មាភិបាលខ្មែរក្រហមជាច្រើន រាប់បញ្ចូលទាំងអ្នកដែលមានវាសនាបានមកដឹកនាំប្រទេសកម្ពុជាសព្វថ្ងៃ គឺសុទ្ធតែធ្លាប់បានកាន់តួនាទីជា នីរសារ នេះ ។
ស្នងការនិងនីរសារ ជាគន្លឹះស្លាប់រស់របស់ការតស៊ូនៃពួកខ្មែរវៀតមិញ ឬខ្មែរក្រហម ហើយក៏ជាមុខសញ្ញានៃការវាយប្រហាររបស់អាជ្ញាធរដែរ ។ ដោយហេតុតែសកម្មភាពនៃក្រុមខ្មែរវៀតមិញ ជាសកម្មភាពលួចលាក់ ការស្លាប់របស់ស្នងការនិងនីរសារមួយចំនួនក៏ស្ថិតនៅក្នុងភាពអាថ៌កំបាំងដែរ ។ អាចារ្យ មៀន ត្រូវបានគេលួចសម្លាប់បន្ទាប់ពីកាន់កិច្ចការបានមួយរយៈ ។ នៅអំឡុងឆ្នាំ ១៩៥៥ លោក ទូ សាមុត ត្រូវបានតែងតាំងឲ្យធ្វើជាស្នងការ ។ ឯទីតាំងប្រតិបត្តិការណ៍ក៏ត្រូវបានរំកិលមកកាន់ទីក្រុងភ្នំពេញដែរ ។ នៅក្នុងកំឡុងពេលនេះ ប៉ុល ពត និង សុីវ ហេង ដែលត្រូវជាឪពុកមារបស់លោក នួន ជា បានមកចូលរួមជាមួយនឹង ទូ សាមុត ដើម្បីរៀបចំឲ្យមានអង្គការបក្សកុម្មុយនីស្តនៅកម្ពុជា ។ ទូ សាមុត បានក្លាយជាលេខាបក្សនាគ្រានោះ ប៉ុន្តែត្រូវបានគេលួចសម្លាប់យ៉ាងអាថ៌កំបាំងទៀត ។ បន្ទាប់ពី ទូ សាមុត ស្លាប់ សុីវ ហេង ក៏សុំចាកចេញពីចលនាតស៊ូ ។ តំណែងលេខាបក្សក៏ធ្លាក់មកដល់ ប៉ុល ពត ដែលមាន នួន ជា ជាជំនួយការជំនិត ។ នួន ជា ដែលមានភក្តីភាពជាមួយនឹង ប៉ុល ពត ជាងឪពុកមាខ្លួនបានដាក់ការសង្ស័យលើ សុីវ ហេង នៅក្នុងការស្លាប់របស់ ទូ សាមុត និងសកម្មជនដទៃ ។ កិច្ចប្រជុំសម្ងាត់មួយត្រូវបានរៀបចំឡើងនៅក្បែរចំណតរថភ្លើងភ្នំពេញ ដោយមានការជួយជ្រោមជ្រែងពីបងប្អូនត្រកូល ជួន ។ បន្ទាប់ពីកិច្ចប្រជុំនោះ គេក៏សម្រេចឲ្យ ប៉ុល ពត គេចខ្លួនទៅនៅក្នុងព្រៃ ហើយបង្កើតឲ្យមានស្នងការក្រុងភ្នំពេញ ដើម្បីគៀងគរនិស្សិតបញ្ញវ័ន្ត និងមន្ត្រីរាជការឲ្យចូលរួមនៅក្នុងចលនាតស៊ូ ។ លោក កេង វ៉ាន់សាក់ បានជូនដំណើរ ប៉ុល ពត ដោយសម្ងាត់ ។ ពួកគេជិះកាណូតឆ្លងពីខេត្តកំពង់ចាមទៅកាន់ស្រុក ក្រូចឆ្មារ ហើយដាក់ ប៉ុល ពត នៅទីនោះដើម្បីឲ្យពួកនីរសារនាំគាត់ទៅកាន់ការិយាល័យលេខ ១០០ ដែលជាមូលដ្ឋានសម្ងាត់របស់ចលនាយួនវៀតមិញស្ថិតនៅក្នុងស្រុក ស្នួល ។ បន្ទាប់មក ប៉ុល ពត បានទៅជួប ហូ ជីមិញ នៅប្រទេសវៀតណាមភាគខាងជើង ។ ចលនាយួនវៀតមិញ និងខ្មែរវៀតមិញដែលដឹកនាំដោយ ប៉ុល ពត បានសហការគ្នាតស៊ូរហូតដល់ឆ្នាំ ១៩៧៣ ទើបបែកបាក់គ្នា ។
បន្ទាប់ពី ប៉ុល ពត ភៀសខ្លួនទៅនៅក្នុងព្រៃ កិច្ចការនានានៅក្នុងក្រុងត្រូវបានចាត់ចែងដោយ ស្នងការក្រុងភ្នំពេញ ។ មនុស្សទីមួយដែលធ្វើកិច្ចការនេះគឺលោក ដាំ ផេង ។ នៅទសវត្សឆ្នាំ ១៩៦០ ដាំ ផេង ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់បានហើយធ្វើទណ្ឌកម្មយ៉ាងទម្ងន់ដើម្បីស្វែងរកបក្សពួកដទៃ ។ គាត់បានស្លាប់នៅក្នុងគុក ។ លុះ ដាំ ផេង ស្លាប់ទៅ លោក វន វ៉េត ត្រូវបានចាត់តាំងឲ្យធ្វើជាស្នងការក្រុងភ្នំពេញ បន្តទៅទៀត ។ វន វ៉េត ធ្វើជាស្នងការក្រុងភ្នំពេញរហូតដល់ក្រុមខ្មែរក្រហមវាយលុកយកទីក្រុងភ្នំពេញបាននៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ។ គាត់ជាមនុស្សមានសមត្ថភាពខ្ពស់ក្នុងការបញ្ចុះបញ្ចូលមន្ត្រីរាជការនៅសម័យនោះ ឲ្យទៅចូលរួមក្នុងចលនាតស៊ូខ្មែរក្រហម ។ លោក អុិត សារិន អធិការបឋមសិក្សានិងជាអ្នកសរសេរសៀវភៅ ស្រណោះព្រលឹងខ្មែរ ជាមន្ត្រីមួយរូបក្នុងចំណោមមន្ត្រីជាច្រើននាក់ដែលជឿលើការឃោសនារបស់ វន វ៉េត ។ នៅឆ្នាំ ១៩៧៧ វន វ៉េត ត្រូវបាន ប៉ុល ពត ចោទថាក្បត់បក្សហើយក៏ត្រូវគេចាប់យកទៅធ្វើទណ្ឌកម្មនៅក្នុងគុក ទួលស្លែង ។ គាត់ស្លាប់នៅទីនោះ ។ គួរកត់សម្គាល់ថា វន វ៉េត និង ប៉ុល ពត មានទម្រង់មុខដូចគ្នាស្ទើរតែចាប់ច្រឡំ ។ ពួកគាត់ជាមនុស្សពីររូបដែលយកជីវិតទៅប្រឈមនឹងគ្រោះថ្នាក់ដ៏ធំធេងបំផុតដើម្បីធ្វើបដិវត្តន៍លុបបំបាត់អំពើព្រៃផ្សៃនៅក្នុងសង្គមខ្មែរ ។ នៅទីបំផុត របបគ្រុបគ្រងរបស់ពួកគាត់បានក្លាយទៅជានិមិត្តរូប នៃភាពព្រៃផ្សៃសូម្បីតែយុទ្ធមិត្តដែលធ្លាប់យកជីវិតទៅប្តូរស្លាប់រស់ជាមួយគ្នាក៏មិនអត់អោនឲ្យដែរ ។
សំណួរមួយដែលខ្ញុំធ្លាប់លើកយកមកសួរមនុស្សជំនាន់លោក ប៉ុល ពត ថាតើហេតុអ្វីបានជាមនុស្សសម័យនោះជ្រើសរើសយកលទ្ធិកុម្មុយនីស្តមកធ្វើជាបង្អែកដើម្បីស្វែងរកវឌ្ឃនភាពឲ្យសង្គមខ្មែរ ។ ចម្លើយដ៏សាមញ្ញបំផុតគឺថា លទ្ធិកុម្មុយនីស្តសម័យនោះមានប្រជាប្រីយ៍និងផ្តល់ក្តីសង្ឃឹមដល់អ្នកតស៊ូដូចលទ្ធិប្រជាធិបតេយ្យនាសម័យនេះដែរ ។ ទ្រឹស្តីនិងគោលគំនិតមានភាពល្អឥតខ្ចោះក្នុងការស្វែងរកនិងបង្កើតសង្គមមួយប្រកបដោយយុត្តិធម៌ សមធម៌ និង "ធម្ម" ល្អៗដទៃទៀតដែលមនុស្សចង់បាន ។ អ្វីដែលជាកត្តាធ្វើឲ្យការប្រឹងប្រែងបរាជ័យនិងរងគ្រោះមហន្តរាយ គឺសេចក្តីលោភលន់និងភាពវង្វេងវង្វាន់ក្នុងអំណាច ។ ប៉ុល ពតក្តី អ្នកដទៃក្តី យកលទ្ធិកុម្មុយនីស្តមកធ្វើជាគោលការណ៍ក្តី លទ្ធិប្រជាធិបតេយ្យក្តី នៅពេលដែលអំណាចធ្លាក់មកដល់កណ្តាប់ដៃ គឺប្រឈមនឹងភាពឆ្កួតលេលាដូចគ្នា ។ សូម្បីតែស្មេរដែលសរសេរអត្ថបទនេះ ក៏មិនប្រាកដថាអាចគេចរួចអំពីបណ្តាសារនៃអំណាចដែរ នៅពេលដែលអំណាចធ្លាក់មកដល់ដៃខ្លួន ។ លោក ជក អ័រវ៉ែល ដែលជាស្មេរនៃរឿង កាលនោះបដិវត្តន៍មួយ (Animal Farm) បានបង្ហាញច្បាស់លាស់ណាស់អំពីសច្ចៈភាពដ៏គួរឲ្យខ្លាចនេះ ៕
Tuesday, March 26, 2019
ចំណីខួរក្បាល
ធ្លាក់ទឹកចិត្ត (Depression)
ខ្ញុំធ្លាប់បានសរសេរជាញឹកញាប់អំពីជម្ងឺដែលពាក់ព័ន្ធនឹងប្រព័ន្ធសសៃប្រសាទ ឬខួរក្បាល ។ ដោយឡែកជម្ងឺ ធ្លាក់ទឹកចិត្ត (Depression) ដែលអាចរុកកួនមនុស្សគ្រប់រូបដោយមិនរើសមុខ ហាក់ដូចជាមានភាពច្របូកច្របល់នៅក្នុងការយល់ដឹងរបស់មនុស្សទូទៅ ។ តាមពិត ជម្ងឺនេះមិនពិបាកយល់ទេ ។
ជាបឋមពាក្យ Depression មិនគួរប្រែថា បាក់ទឹកចិត្តទេ ពីព្រោះបើយើងយកពាក្យ "បាក់" មកវិភាគ អ្វីដែលបាក់អាចនាំទៅដល់មរណៈ ។ ឧទាហរណ៍ មែកឈើដែលបាក់មិនអាចរស់រានមានជីវិតតទៅទៀតឡើយ ។ ឯដៃជើងមនុស្សក៏ដូចគ្នាដែរ ។ នៅពេលដែលវាបាក់ដាច់ចេញអំពីដងខ្លួន វានឹងខូចបង់ ថ្វីត្បិតតែបច្ចេកវិជ្ជាបច្ចុប្បន្នអាចយកអវៈយវដែលដាច់ចេញទៅ មកតភ្ជាប់នឹងដងខ្លួនវិញបានក៏ដោយ ក៏ប្រតិបត្តិការណ៍ (Function) នៃអវៈយវនោះមិនល្អដូចដើមដែរ ។ វាមិនខុសអំពីកែវដែលបែកនោះទេ ។ គេអាចយកជ័រកាវមកបិទផ្គុំបំណែកទាំងនោះឲ្យកើតជាកែវឡើងវិញ ប៉ុន្តែវាមិនអាចមានភាពរឹងមាំដូចមុនឡើយ ។ "ធ្លាក់" ខុសអំពី "បាក់" ត្រង់ថា នៅពេលដែលយើងលើកវាមកជួសជុលព្យាបាលជាសះស្បើយ វានឹងមានសភាពល្អដូចដើមវិញ ។
ធ្លាក់ទឹកចិត្ត (Depression) ជាចំណុចកណ្តាលនៃរោគ "ទឹកចិត្ត" ដែលមានប្រភពចេញមកពីកង្វល់ (Stress) ។ កង្វល់និងទុក្ខមានសភាពដូចគ្នា ។ វាមានពីរប្រភេទ គឺកង្វល់ដែលអ្នកដទៃដឹង និងកង្វល់ដែលអ្នកដទៃមិនដឹងមិនយល់ ។ កង្វល់ខ្លះ សូម្បីបុគ្គលខ្លួនឯងដែលកំពុងតែខ្វាយខ្វល់នោះក៏មិនដឹងឬយល់ថាខ្លួនកំពុងមានកង្វល់ដោយសារហេតុផលអ្វីផង ។ នេះគឺជាអាថ៌កំបាំងមួយនៃរោគធ្លាក់ទឹកចិត្ត ។
ដើម្បីងាយស្រួលក្នុងការស្វែងយល់ យើងអាចចែករោគសញ្ញាជំងឺ "ទឹកចិត្ត" ជាបីតំណាក់កាល៖ កង្វល់ => ធ្លាក់ទឹកចិត្ត => បាក់ទឹកចិត្ត (Stress => Depression => Breaking Point) ។ កង្វល់និងទុក្ខវាកើតមកនិងរស់នៅជាមួយនឹងរូបមនុស្សជាធម្មតា ។ យើងដោះស្រាយកង្វល់រាល់តែថ្ងៃហើយក៏មិនសូវកត់សម្គាល់អំពីកង្វល់នានាដែរ ។ យើងចាប់ផ្តើមកត់សម្គាល់កង្វល់នៅពេលដែលអំពល់ណាមួយផ្តល់ឧបស័គ្គដល់ជីវិតយើង ឬក៏នាំយើងទៅដល់ការបរាជ័យ ។ ឧទាហរណ៍ ប្រឡងធ្លាក់ ដណ្តឹងកូនគេមិនបាន ឬបែកបាក់គូសង្សារជាដើម ។ល។ នេះគឺជាការចាប់ផ្តើមនៃជំងឺ ធ្លាក់ទឹកចិត្ត ។ នៅត្រឹមចំណុចនេះ ប្រសិនបើយើងអាចរកដំណោះស្រាយឲ្យការប្រឡងធ្លាក់ ឬក៏បាត់បង់គូសង្សារប្រកបដោយជោគជ័យ ជំងឺធ្លាក់ទឹកចិត្តនឹងជាសះស្បើយហើយជីវិតយើងក៏នឹងវិលទៅរកភាពប្រក្រតីវិញដែរ ។ ប៉ុន្តែ នៅពេលដែលកត្តាដែលធ្វើឲ្យយើងធ្លាក់ទឹកចិត្តនេះ មិនត្រូវបានដោះស្រាយទេ វានឹងញាំញីចិត្តយើងរហូតដល់ដំណាក់កាលមួយដែលភាសាអង់គ្លេសហៅថា៖ Breaking Point ឬ បាក់ទឹកចិត្ត ។ ទឹកចិត្តដែលបាក់ ជាទូទៅមានញាតិមិត្តចង្រៃចំនួនពីរចូលមកស្វាគម ។ ទីមួយគឺ កម្រោលចូល (Bipolar disease) ដែលធ្វើឲ្យអ្នកជម្ងឺបាត់បង់ម្ចាស់ការលើទង្វើរបស់ខ្លួន ។ គឺកម្រោលចូលនេះហើយដែលបណ្តាលឲ្យមនុស្សបាក់ទឹកចិត្តធ្វើអត្តឃាត ។ ទីពីរគឺ ស្រឺត (Stroke) ឬដាច់សសៃឈាមដែលអាចបណ្តាលឲ្យអ្នកជំងឺពិការឬមរណាផងដែរ ។ អ្នកដើរដល់ចំណុចបាក់ទឹកចិត្តខ្លះ អាចគ្មានញាតិមិត្តចង្រៃទាំងពីមកស្វាគមចូលរួមដំណើរនៅក្នុងជីវិតទេ ក៏ប៉ុន្តែ ជីវិតហាក់ដូចជាស្ថិតនៅក្នុងភាពសោះកក្រោះ ។ ខាងក្រោមនេះជាតារាងដែលបង្ហាញអំពីដំណាក់កាលនិមួយៗនៃជំងឺ "ទឹកចិត្ត" ។ គោលបំណងនៃការសរសេរអត្ថបទនេះ គឺចង់វែកញែកឲ្យបានជាក់លាក់អំពីភាពខុសគ្នានៃការប្រើប្រាស់ពាក្យ "ធ្លាក់ទឹកចិត្ត" និង "បាក់ទឹកចិត្ត" ៕
Wednesday, March 20, 2019
ចំណីខួរក្បាល
ចម្រៀង
ខ្ញុំជាមនុស្សចូលចិត្តស្តាប់ចម្រៀង ប៉ុន្តែខ្ញុំអត់ចេះច្រៀងហើយក៏អត់ចេះលេងភ្លេងប្រគុំតន្ត្រីដែរ ។ ចម្រៀងដែលខ្ញុំចូលចិត្តស្តាប់ជាងគេគឺចម្រៀងរបស់លោក សុីន សុីសាមុត និងអ្នកស្រី រស់ សេរីសុទ្ធា ព្រមទាំងសីល្បករនានានៅក្នុងជំនាន់ជាមួយគ្នានោះ ។ បន្ទាប់ពីពួកខ្មែរក្រហមបំផ្លាញជីវិតអ្នកចម្រៀងសម័យនោះស្ទើរតែអស់រលីងទៅ ខ្ញុំបានបែរមកស្តាប់ចម្រៀងដែលផលិតដោយសីល្បករសម័យថ្មីវិញ ។ ប៉ុន្តែ អ្វីដែលជាការកត់សម្គាល់របស់ខ្ញុំ គឺថា ចម្រៀងសម័យក្រោយនេះ ស្តាប់ទៅហាក់ដូចជាគ្មានទឹកដមពីរោះរណ្តំដូចចម្រៀងសម័យលោកសុីន សុីសាមុត សោះ ។ បើយើងសង្កេតមើលពាក្យពេចន៍កំណាព្យកាព្យឃ្លោងនៅក្នុងបទចម្រៀងបច្ចុប្បន្ន វាហាក់ដូចជាមិនមានភាពខុសគ្នាឆ្ងាយអំពីចម្រៀងសម័យមុនទេ ។ ហើយសម្លេងមនុស្សសម័យនេះក៏មិនអន់ជាងសម្លេងមនុស្សសម័យមុនដែរ ។ ដូច្នេះ អ្វីដែលនៅសល់គឺយុទ្ធវិធីនៃការតាក់តែងរៀបចំបទភ្លេង ។
ខ្ញុំមិនចេះលេងភ្លេងហើយក៏មិនដែលបានរៀនអំពីតន្ត្រីដែ ។ ដូច្នេះ ការស្វែងយល់របស់ខ្ញុំអំពីមូលហេតុដែលធ្វើឲ្យបទចម្រៀងគ្មានទឹកដម ឬមិនពីរោះនោះ គឺមិនខុសអំពីមនុស្សខ្វាក់យកដៃទៅស្ទាបសត្វដំរីដើម្បីស្វែងយល់អំពីរូបរាងវាឡើយ ។ ទោះជាយ៉ាងណាក៏ដោយ សង្ឃឹមថាការស្រាវជ្រាវឆៅៗមួយនេះអាចផ្តល់សមត្តិកម្មខ្លះៗដល់មនុស្សមួយចំនួនដែលចង់ស្វែងយល់ដូចខ្ញុំដែរ ។
ចម្រៀងត្រូវការបទភ្លេងដើម្បីភ្ជាប់ទំនាក់ទំនងរវាង រូបារម្មណ៍និងសោតារម្មណ៍ ឲ្យស្អិតរមួតជាមួយគ្នា ។ ការសរសេរបទភ្លេងអមជាមួយនឹងបទចម្រៀងនិមួយៗ គឺលំបាកដូចជាការសរសេរកំណាព្យដែលជាទំនុកច្រៀងនោះដែរ ។ អ្នកដែលគ្មានទេពកោសល្យ មិនអាចធ្វើកើតឡើយ ។ នៅក្នុងក្រិត្យក្រមនៃការសរសេរបទភ្លេង គេត្រូវដើរតាមគោលការណ៍មួយចំនួនដូចជា៖ ខ័ត (Cord) ភីត (Pitch) ណោត (Note) អុកតាវ (Octave) កាដង់ (Cadence) តុង (Tone or Tune) ចង្វាក់ (Rhysm) ជាដើម ។ ខ្ញុំសូមលើកយកចំណុចបីគឺ៖ ណោត អុកតាវ និង កាដង់ មកបកស្រាយនៅទីនេះដើម្បីស្វែងយល់ខ្លះៗ ថាតើហេតុអ្វីបានជាបទចម្រៀងសម័យលោក សុីន សុីសាមុត ស្តាប់ទៅពីរោះចូលចិត្តជាងចម្រៀងនៅសម័យនេះ ។
គេចែកណោតភ្លេងនិមួយៗជាបួនគឺៈ 1, 1/2, 1/3, 1/4 ។ ចំណែក អុកតាវ គឺមានទម្រង់ទ្វេគុណ (2X)។ ឧទាហរណ៍៖ 2x2=4; 4x2=8 8x2=16 etc. ។ រីឯ កាដង់ គឺជាការផ្គុំគ្នានៃណោត ដែលមានចំនួន ៨ណោត ក្នុងមួយកាដង់ ។ គេហៅឈ្មោះណោតនីមួយៗថា៖ ដូ រ៉េ មី ហ្វា សុល ឡា សុី ដូ ហើយសរសេរកាត់ជាតួអក្សរឡាតាំង៖ C D E F G A B C ។ កាដង់ ដែលមានចំនួន ៨នោះ ជាមូលដ្ឋានគ្រឹះនៃបទភ្លេងនិងទំនុកច្រៀងផងទាំងពួង ។ ចម្រៀងដែលពីរោះឬមិនពីរោះ គឺអាស្រ័យលើការគោរពតាមគោលការរបស់កាដង់នេះឯង ។ គួរកត់សម្គាល់ដែរថា គេអាចបំភ្លៃចំនួនណោតនៅក្នុងកាដង់នីមួយៗបានដែរ ។ នៅក្នុងការតាក់តែងកំណាព្យខ្មែរ យើងមានមេកាព្យបទពាក្យ ៨ ដែលសីល្បៈករខ្មែរជំនាន់លោក សុីន សុីសាមុត ចូលចិត្តយកមកតែងធ្វើជាទំនុកច្រៀងណាស់ ។ បទចម្រៀងដែលពីរោះៗបំផុត ភាគច្រើនគឺប្រើគោលការណ៍ពាក្យឬចំនួន ៨ នេះឯង ។
ការប្រើគោលការណ៍ កាដង់ នៅក្នុងបទភ្លេងតែឯកឯងមិនទាន់អាចធ្វើឲ្យចម្រៀងពីរោះស្តាប់ឡើយ ។ អ្នកច្រៀងក៏ត្រូវគោរពតាមគោលការណ៍កាដង់នេះដែរ ដោយអនុវត្តតាមសម្លេងណោត ដូ រ៉េ មី ហ្វា ។ សម្លេងនេះគឺមានលក្ខណៈ ពីទាបទៅខ្ពស់ និង ពីខ្ពស់មកទាប ។ ពីទាបទៅខ្ពស់គឺសម្លេងចាប់ផ្តើមចេញពីប្រភព តំបារពោះត្រង់ចំណុចផ្ទឹត ចុងដង្ហើម ដើមទ្រូង បំពង់ក កន្លើត ក្រអូមមាត់ ខ្ទង់ច្រមុះ និង ថ្ងាស ។ ចំណុចទាំង៨នេះគឺសុីសង្វាក់គ្នាជាមួយនឹងកាដង់ ។ ចម្រៀងដែលពីរោះគឺមានភាពសុីសង្វាក់គ្នារវាងអ្នកច្រៀងនិងអ្នកប្រគុំបទភ្លេងដែលមានកាដង់ជានិយាម ដែលភាសាអង់គ្លេសហៅថា ហាម៉ូនី (Harmony) ។ ក្រៅអំពីភាពសុីសង្វាក់គ្នានេះ ការជ្រើសរើសឧបករណ៍ភ្លេងអមជាមួយនឹងសម្លេងអ្នកច្រៀងក៏ជាកត្តាសំខាន់មួយដែរ ។ តាមការសង្កេតរបស់ខ្ញុំ សីល្បករជំនាន់លោកសុីន សុីសាមុត គាត់និយមប្រើឧបករណ៍ប្រភេទ ផ្លុំ (Wind instrument) និងខ្សែកូត ឲ្យអមបទចម្រៀងមនោសញ្ចេតនា (Sentimental songs) ។ ឧបករណ័វាយដោយចង្កឹះដូចជា ស្គរនិងរនាត (Percussion) គេច្រើនប្រើអមជាមួយនឹងបទចម្រៀងប្រភេទរាំវង់និងរ៉ុក ។ ឯឧបករណ៍ខ្សែដេញដូចជា ចាបុី ហ្គីតា គេប្រើជាមួយនឹងចម្រៀងគ្រប់ប្រភេទ ។ រូបធាតុផ្សំទាំងអស់នេះហើយដែលខ្ញុំគិតថាធ្វើឲ្យបទភ្លេងនិងចម្រៀងសម័យលោក សុីន សុីសាមុត មានភាពពីរោះរងំរន្តំជាប់ដួងចិត្ត ស្តាប់មិនចេះជិនណាយ ។ ដើម្បីជាឧទាហរណ៍ ខ្ញុំសូមជូនចម្រៀងមួយបទ ដែលខ្ញុំគិតថាតាក់តែងរៀបចំគោរពតាមគោលការណ៍កាដង់បានសុក្រិតល្អណាស់ ។
មុននឹងបញ្ចប់ ខ្ញុំសូមលើកយកប្រវត្តិនៃចម្រៀងសម័យខ្មែរមករៀបរាប់បន្តិច ។ តាំងពីបុរាណកាលមក ខ្មែរយើងមិនដែលមានចម្រៀងសម័យទេ ។ វាទើបនឹងកើតមាននៅចុងសតវត្សទី ១៩ ក្នុងរជ្ជកាលព្រះបាទ នរោត្តម ។ បន្ទាប់ពីបង្ខំឲ្យស្តេចនរោត្តមចុះហត្ថលេខាដាក់ប្រទេសកម្ពុជាក្រោមអាណានិគមបារាំងនៅឆ្នាំ ១៨៦៣ បារាំងបានរៀបចំឲ្យព្រះអង្គទៅធ្វើទស្សនកិច្ចនៅក្រុង ហុងកុង និង ប្រទេស ហ្វីលីពីន ក្នុងឆ្នាំ ១៨៧២ ។ ប្រទេសហ្វីលីពីនដែលគ្រានោះស្ថិតនៅក្រោមអាណានិគមរបស់ អេស្ប៉ាញ បានរៀបចំប្រគុំតន្ត្រីនិងតង្វាយស្រីស្អាតមួយរូបដល់ស្តេចនរោត្តម ។ ប៉ុន្តែ ដោយសារការកកស្ទះចរាចរតាមផ្លូវ ព្រះនាងនោះមិនអាចមកជួបស្តេចនរោត្តមបានឡើយ ។ បន្ទាប់ពីទ្រង់សណ្តាប់តន្ត្រីរបស់ហ្វីលីពីននោះ ស្តេចនរោត្តមទ្រង់សព្វព្រះរាជហឬទ័យណាស់ ហើយក៏សុំឲ្យប្រទេសហ្វីលីពីនបញ្ជូនតន្ត្រីករមួយក្រុមមកប្រគុំថ្វាយទ្រង់ស្តាប់នៅក្នុងព្រះរាជវាំងកម្ពុជា ។ ប្រទេសហ្វីលីពីនបានបញ្ជូនតន្ត្រីករមួយក្រុមអមដំណើរស្តេចនរោត្តមមកកម្ពុជានាគ្រានោះ ។ ដោយហេតុតែសម័យនោះមិនមានមធ្យោបាយធ្វើដំណើរចុះឡើងងាយស្រួលដូចសព្វថ្ងៃ តន្ត្រីករហ្វីលីពីនទាំងនោះក៏រស់នៅកកូនពូនចៅនៅក្នុងប្រទេសកម្ពុជារហូតមក ។ គឺក្រុមតន្ត្រីករហ្វីលីពីនមួយក្រុមនោះហើយដែលផ្តល់កំណើតឲ្យតន្ត្រីសម័យខ្មែរបច្ចុប្បន្ននេះ ។ សព្វថ្ងៃ យើងមិនដឹងថាសាច់សារលោហិតរបស់តន្ត្រីករហ្វីលីពីនទាំងនោះ នៅមានសេសសល់ដែរឬទេ ។ ចាស់ៗខ្មែរដែលមានអាយុចាប់ពី ៨៥ឆ្នាំឡើងទៅហើយធ្លាប់រស់នៅក្បែរទីក្រុងភ្នំពេញ អាចនៅចងចាំអំពីក្រុមតន្ត្រីហ្វីលីពីននោះ ។ គេហៅក្រុមភ្លេងនោះថា៖ ភ្លេងម្និល (Manila Music)។
Tuesday, March 12, 2019
ចំណីខួរក្បាល
ទំនាស់វប្បធម៌ (Culture Shock)
ទំនាស់វប្បធម៌ (Culture Shock) កើតមាននៅពេលនរណាម្នាក់ចូលទៅរស់នៅ នៅក្នុងសង្គមឬសហគមមួយដែលខុសប្លែកអំពីសង្គមដែលខ្លួនធ្លាប់រស់នៅ ។ ទំនាស់នេះមានសភាពស្រាលឬធ្ងន់គឺអាស្រ័យលើភាពខុសគ្នារវាងវប្បធម៌ ។ យើងអាចចែកភាពខុសគ្នារវាងវប្បធម៌ជាពីរធំៗគឺ វប្បធម៌បុគ្គលនិយម (Individualism) និង វប្បធម៌សមោហនិយម (Collectivism) ។ បណ្តុំនៃវប្បធម៌បុគ្គលនិយមគឺស្ថិតនៅបស្ចិមប្រទេសមានជាអាទ៍ សហភាពអឺរ៉ុបនិងទ្វីបអាមេរិកខាងជើង ។ ឯវប្បធម៌សមោហនិយមភាគច្រើនមាននៅតំបន់មជ្ឈឹមបូព៌ា និងទ្វីបអាសុី ។
កាលខ្ញុំនិរទេសខ្លួនទៅរស់នៅបស្ចិមប្រទេស កត្តាដ៏ធំមួយដែលបង្កឲ្យខ្ញុំមានទំនាស់វប្បធម៌គួរឲ្យចាប់អារម្មណ៍គឺការប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់ប្រពៃណីដែលខ្ញុំគិតថាគាប់ប្រសើរ ។ នៅពេលខ្ញុំធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកនៅចុងទសវត្សឆ្នាំ ១៩៨០ ទំនាស់វប្បធម៌ដំបូងបំផុតដែលញាំញីអារម្មណ៍ខ្ញុំគឺការខ្វះភាពអោនលំទោនរបស់ក្មេងទៅកាន់មនុស្សចាស់ និងកង្វះការផ្តល់អាទិភាពឲ្យគ្នារវាងយុវជននិងយុវតី ។ កាលរស់នៅស្រុកខ្មែរ ខ្ញុំត្រូវបានបង្រៀនឲ្យចេះឱនលំទោនគោរពចាស់ទុំដោយកាយវាចាចិត្តគ្រប់កាលៈទេសៈទាំងអស់ និងត្រូវចេះឲ្យអាទិភាពដល់មនុស្សស្រីនៅទីដែលចង្អៀត ។ ប្រការនេះបានធ្វើឲ្យខ្ញុំទើសទាល់យ៉ាងខ្លាំងជាមួយនឹងបងថ្លៃខ្ញុំ ដែលជាក្មេងចម្រើនវ័យនៅសហរដ្ឋអាមេរិក ។ ខ្ញុំមើលឃើញកាយវិការនានាដែលបងថ្លៃខ្ញុំប្រព្រឹត្តិនៅចំពោះមុខម្តាយខ្ញុំ គឺហាក់ដូចជាមានភាពឈ្លើយគួរឲ្យធុញទ្រាន់ ។ ដូចគ្នាដែរ នៅពេលដែលខ្ញុំទៅរៀននៅវិទ្យាល័យ ខ្ញុំមើលឃើញកាយវិការដើរប្រជ្រៀតគ្នានៅលើជណ្តើរក្នុងអគារសិក្សារបស់សិស្សប្រុសស្រីអាមេរិកាំង ហាក់ដូចជាខ្វះសុជីវធម៌ពេកណាស់ ។ គួរបញ្ជាក់ថា កូនសិស្សនៅស្រុកអាមេរិកមិនអង្គុយនៅក្នុងបន្ទប់តែមួយរង់ចាំឲ្យគ្រូបង្រៀនមុខវិជ្ជាផ្សេងៗចូលមកបង្រៀនទេ ។ ពួកគេត្រូវចេញពីបន្ទប់មួយទៅបន្ទប់មួយទៀតដើម្បីរៀនមុខវិជ្ជាផ្សេងៗ ។ ដូច្នេះ នៅពេលកណ្តឹងរោទ៍ចុងម៉ោងម្តងៗ កូនសិស្សចេញពីថ្នាក់ដើរប្រជ្រៀតគ្នាប្រសេចប្រសាចគ្មានខ្វល់អំពីការប៉ះពាល់គ្នារវាងស្រីនិងប្រុសឡើយ ។ ខ្ញុំដែលជាយុវជនគោរពប្រពៃណីនិងសុជីវធម៌ខ្ជាប់ខ្ជួននោះ មិនហ៊ានដើរប្រជ្រៀតជាមួយនឹងសិស្សស្រីៗទេ គឺរង់ចាំទាល់តែរយាលមនុស្សបន្តិចទើបចេញដើរទៅកាន់បន្ទប់រៀនរបស់ខ្ញុំ ។ ជាលទ្ធផល ថ្នាក់មួយដែលនៅដាច់ស្រយាលឆ្ងាយបន្តិច ខ្ញុំទៅរៀនមិនដែលទាន់ពេលទេ ។ អ្នកគ្រូដែលបង្រៀននៅក្នុងថ្នាក់នោះក៏មិនដែលសួរនាំអ្វីអំពីប្រការដែលខ្ញុំមកយឺត រហូតទាល់តែដល់ថ្ងៃមួយដែលយើងពិភាក្សាអំពីវប្បធម៌ទើបខ្ញុំយកចំណុចនោះមកនិយាយ ហើយមនុស្សទាំងអស់ក៏នាំគ្នាសើចគិលឡើង ព្រោះមិននឹកស្មានថាខ្ញុំជាមនុស្សរមទម ឬល្ងង់មិនច្រឡំនឹងគេ ។
និយាយអំពីទំនាស់វប្បធម៌នៅក្នុងផ្ទះវិញម្តង ។ រឿងខ្ញុំធុញទ្រាន់នឹងអត្តចរិតរបស់បងថ្លៃខ្ញុំ បានអូសបន្លាយរហូតដល់ផ្ទះទូលាយក្លាយទៅជាផ្ទះចង្អៀត ។ ខ្ញុំបាននាំម្តាយខ្ញុំចាកចេញឲ្យឆ្ងាយពីទីដ៏ចង្អៀតចង្អល់នោះ ដោយធ្វើដំណើរឆ្លងពីរដ្ឋមួយទៅរដ្ឋមួយ ដើម្បីស្វែងរកកន្លែងដែលយើងអាចរស់ជាមួយនឹងវប្បធម៌ដ៏ល្អផូផង់នៅក្នុងចិត្តរបស់យើង ។ ទៅដល់កន្លែងថ្មី អ្វីៗក៏ហាក់ដូចជានៅតែចង្អៀតដដែល ។ ធាតុពិត គឺចិត្តខ្ញុំទេដែលចង្អៀត ។ វប្បធម៌ឬទំនៀមទម្លាប់នៃការរស់នៅក្នុងស្រុកអាមេរិក មិនចង្អៀតដូចចិត្តខ្ញុំឡើយ ។
កន្លងប្រមាណជា ១០ឆ្នាំក្រោយមក ខ្ញុំមានឱកាសទៅទស្សនកិច្ចនៅកម្ពុជា គឺវិលត្រឡប់ទៅជួបនឹងវប្បធម៌ដ៏ល្អផូផង់របស់ខ្ញុំវិញ ។ នៅក្នុងការប្រាស្រ័យទាក់ទងគ្នារវាងខ្ញុំនិងញាតិមិត្តប្អូនបង ជាពិសេសជាមួយអ្នកដែលមានអាយុច្រើនជាងខ្ញុំនាអំឡុងពេលដែលខ្ញុំនៅស្រុកខ្មែរនោះ ខ្ញុំមានអារម្មណ៍ថាមនុស្សជាច្រើនហាក់ដូចជាបញ្ចេញអកប្បកិរិយាឆ្គងៗ ។ តាមពិត ភាពឆ្គងៗនោះគឺមិនមែនអ្វីក្រៅអំពីទំនាស់វប្បធម៌ឡើយ ។ នៅក្នុងកែវភ្នែកខ្ញុំ អកប្បកិរិយារបស់ញាតិមិត្តចាស់ៗទាំងនោះគឺឆ្គងគួរឲ្យធុញទ្រាន់ ។ ប៉ុន្តែបើយើងនិយាយអំពីអកប្បកិរិយាខ្ញុំនៅក្នុងកែវភ្នែករបស់ញាតិមិត្តចាស់ៗទាំងនោះវិញ គឺមានភាពឈ្លើយគួរឲ្យស្អប់ខ្ពើមដែរ ។ នេះគឺជាសច្ចៈភាពមួយនៃទំនាស់វប្បធម៌ ។ អ្នកដែលចាកចេញពីវប្បធម៌មួយទៅរួមរស់នឹងវប្បធម៌មួយទៀត រមែងជួបប្រទះបញ្ហាអស់ទាំងនេះ ។ នៅក្នុងករណីខ្ញុំដែលវិលត្រឡប់ទៅភពប្រសព្វនឹងវប្បធម៌កំណើតរបស់ខ្លួន ហើយនៅជួបនឹងទំនាស់វប្បធម៌ទៀតនោះ ក្នុងភាសាអង់គ្លេសគេហៅថា Reverse Culture Shock ឬទំនាស់ជាមួយនឹងវប្បធម៌កំណើត ។
វប្បធម៌មានន័យថា ការដាំដុះលូតលាស់តាមសភាវធម្មជាតិ ។ ដូច្នេះ ឥទ្ធិពលនៃវប្បធម៌ដែលជ្រាបចូលទៅក្នុងអកប្បកិរិយាមនុស្ស គឺមិនខុសអំពីទឹកដែលជ្រាបចូលក្នុងដីខ្សាច់នោះឡើយ ។ មនុស្សជាទូទៅ មិនចាប់ភ្លឹកឬក៏មានអារម្មណ៍ដឹងថាអកប្បកិរិយារបស់ខ្លួនស្ថិតនៅក្រោមឥទ្ធិពលនៃវប្បធម៌ឡើយ ។ ការមិនចាប់ភ្លឹក ឬមិនមានអារម្មណ៍យល់ដឹងនេះ បានធ្វើឲ្យមានទំនាស់រាប់មិនអស់នៅក្នុងសង្គមមនុស្ស ។ ឧទាហរណ៍ដ៏សាមញ្ញមួយ គឺប្តីប្រពន្ធ ។ នៅពេលយើងរៀបការចាប់ដៃគ្នាជាគូស្រករ យើងចាប់ផ្តើមមានទំនាស់ទើសទាស់អំពីអកប្បកិរិយាគ្នាទៅវិញទៅមករាប់មិនអស់ ។ ទំនាស់នេះបើនិយាយឲ្យលម្អិតទៅគឺជាទំនាស់វប្បធម៌លំដាប់ម៉ៃក្រូ (Micro-culture) ដែលកើតចេញមកអំពីការភពប្រសព្វរវាងគ្រួសារពីរដែលមានរបៀបរបបរស់នៅខុសគ្នា ។ នៅពេលយើងពង្រីកវប្បធម៌ម៉ៃក្រូរហូតទៅដល់អន្តរវប្បធម៌ (Micro-culture to Macro-culture to Inter-culture) ភាពស្មុគស្មាញនៃទំនាស់វប្បធម៌ក៏កើនឡើងតាមនោះដែរ ។ សូមបញ្ចប់ប្រធានបទនេះត្រឹមនេះចុះ ។ ប៉ុន្តែ មុននឹងបញ្ចប់សូមអនុញាតិផ្តល់នូវកូនគំនិតមួយ ។ មធ្យោបាយដ៏ល្អបំផុតសម្រាប់ដោះស្រាយទំនាស់វប្បធម៌គឺការទទួលស្គាល់វប្បធម៌ ទោះចូលចិត្តក្តី មិនចូលចិត្តក្តី ៕
Thursday, March 7, 2019
ចំណីខួរក្បាល
ចាប់ចោរត្រូវចាប់មេវា
យុទ្ធសាស្ត្រចាប់ចោរត្រូវចាប់មេវា ត្រូវបានគេប្រើរាប់ពាន់ឆ្នាំមកហើយ ទាំងលើវិស័យសឹកសង្គ្រាម នយោបាយ និងការបំបាត់ចោរខ្មួញនៅក្នុងសង្គម ។ វាមានប្រភពចេញមកអំពីយុទ្ធសាស្ត្រចំនួនសាបសិបប្រាំមួយរបស់ប្រទេសចិនសម័យបុរាណដែលគេបាននិទាននិងកត់ត្រាទុករហូតមកដល់សព្វថ្ងៃ ។ ប្រទេសជាច្រើននៅក្នុងពិភពលោក ដែលមានទំនាស់នឹងគ្នាតែងតែយកយុទ្ធសាស្ត្រខ្លះៗក្នុងចំណោមយុទ្ធសាស្ត្រទាំង ៣៦នេះ មកតតាំងដើម្បីយកប្រៀបលើគ្នាទៅវិញទៅមក ។ ដោយឡែក នៅក្នុងប្រទេសកម្ពុជា ការតតាំងគ្នារវាងគណបក្សប្រជាជននិងគណបក្សសង្គ្រោះជាតិ គឺផ្អែកស្ទើរតែទាំងស្រុងលើយុទ្ធសាស្ត្រទាំង៣៦របស់ចិននេះ ។ សព្វថ្ងៃ គណបក្សប្រជាជនកំពុងប្រើយុទ្ធសាស្ត្រ "ចាប់ចោរត្រូវចាប់មេវា" ដើម្បីស្វែងរកជោគជ័យនៅក្នុងការប្រកួត ។
យុទ្ធសាស្ត្រចាប់ចោរត្រូវចាប់មេវា គឺសំដៅលើការកំចាត់សត្រូវដោយបំផ្លាញមេដឹកនាំនិងរចនាសម្ព័ន្ធដឹកនាំ ។ អ្នកដែលធ្លាប់អានឬមើលរឿង សាមកុក របស់ចិនអាចមើលយល់ប្រការនេះច្បាស់លាស់ណាស់ ។ ប៉ុន្តែ អ្វីដែលអ្នកប្រាជ្ញចិនព្រមានពាក់ព័ន្ធនឹងយុទ្ធសាស្ត្រចាប់ចោរ គឺថា គប្បីពិនិត្យមើលឲ្យបានជាក់លាក់ថាតើកូនចោរមានទំនាក់ទំនងនឹងមេវារបៀបណា ។ បើកូនចោរនិងមេចោរមានទំនាក់ទំនងនឹងគ្នាដោយសារភក្តីភាព នោះគេមិនត្រូវប្រើយុទ្ធសាស្ត្រ "ចាប់ចោរត្រូវចាប់មេ" ឡើយ ព្រោះវាជាទង្វើឆ្ពោះទៅរកការបរាជ័យ ។
ភាពខុសគ្នារវាងគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជន មិនមានអ្វីគួរឲ្យកត់សម្គាល់ជាដុំកំភួនទេ ។ គណបក្សទាំងពីរប្រតិបត្តិការណ៍នៅក្រោមរូបភាព គ្រួសារនិយមនិងបក្សពួកនិយម ដូចគ្នា ។ កត្តាតែមួយគត់ដែលផ្តល់សារប្រយោជន៍ឲ្យគណបក្សសង្គ្រោះជាតិគឺ អយុត្តិធម៌សង្គម ។ ពួកគេយកចំណុចនេះមកផ្គុំនឹងពាក្យ "មិនយកខ្មែរណាជាសត្រូវ" ដើម្បីប្រមូលផ្តុំផ្គុំឲ្យមានទំនាក់ទំនងគាំទ្រនៅក្នុងចិត្តគំនិត "កូនចោរ" ។ ចំណងផ្លូវចិត្តនេះក៏ជារបាំងគាំពារដ៏មានប្រសិទ្ធភាពផងដែរ ក្នុងការទប់ទល់ជាមួយនឹងទង្វើ "បំបែកហើយគ្រប់គ្រង" (Divide and Conquer) របស់គណបក្សប្រជាជន ។ មកទល់នឹងថ្ងៃនេះ ការតតាំងគ្នារវាងគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនគឹស្ថិតនៅក្នុងសភាព "ទ្រឹង" (Stalemate) ។ មេចោរចាប់បានមួយរត់រួចមួយ ប៉ុន្តែកូនចោរហាក់ដូចជានៅរ៉េរ៉មិនព្រមចុះចូលនៅឡើយ ។ តើអ្វីទៅជាមូលហេតុ?
មូលហេតុដែលគណបក្សប្រជាជនមិនអាចបង្ក្រាបគណបក្សសង្គ្រោះជាតិបាន មានច្រើន ប៉ុន្តែ សូមលើកយកនូវចំណុចសំខាន់ៗមួយចំនួនមករៀបរាប់នៅទីនេះ ។ ជាបឋម ទាំងលោក សម រង្សី និងលោក កឹម សុខា យល់ច្បាស់លាស់ណាស់ថា បើពួកគេបែកសាមគ្គីគ្នា គោលដៅរបស់ពួកគេនឹងបរាជ័យដោយស្វ័យប្រវត្តិ ។ មិនចាំបាច់លោក ហ៊ុន សែន មករុកគួនទេ ។ ឯសកម្មជនដែលជាប់បំរាមធ្វើនយោបាយក៏ដូចគ្នាដែរ ។ បើដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយ គឺស្មើនឹងចុះចូលជាមួយនឹងសត្រូវហើយថែមទាំងត្រូវកូនចោរឈប់រាប់រកទៀតផង ។ អ្នកនយោបាយដែលគ្មានអ្នកគាំទ្រ និងអ្នកដែលគ្មានសិទ្ធិធ្វើនយោបាយ គឺមួយតំបរនិងបួន "ឌៀតែខ្នូច" ទេ ។ ចំណុចនេះហើយដែលគេមិនសូវឃើញមានមនុស្សជាប់បម្រាមទាំងនោះ ទៅដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយ ព្រោះវាជាទង្វើអត់ប្រយោជន៍ ។ នៅមានចំណុចពាក់ព័ន្ធច្រើនទៀត ប៉ុន្តែ ខ្ជិលបរិយាយណាស់ កុំឲ្យគេថាខ្ញុំបោះ ព្រុយយ៉ុង ឲ្យភាគីណាមួយ ។
មុននឹងបញ្ចប់ សូមលើកយកផ្កាយគ្រោះមួយមកបង្ហាញគណបក្សប្រជាជននិងសម្តេច ហ៊ុន សែន ។ ផ្កាយគ្រោះនោះគឺរូបទាហានលើកកាំភ្លើងវាយកញ្ចឹកកបាតុករម្នាក់ដែលកំពុងអង្គុយលុតជង្គង់ជាប់ចំណងស្លាបសេកនៅខេត្ត ព្រះសីហនុ ។ រូបនោះជានិម្មិត្តរូបនៃអំពើសាហាវឃោឃៅមួយដែលសម្តេច ហ៊ុន សែន និងឥស្សរជនជាច្រើនទៀតនៅក្នុងជួរគណបក្សប្រជាជន ធ្លាប់បានយកជីវិតទៅប្តូរតស៊ូកំចាត់វាចោល ។ អ្នកដែលធ្លាប់រងគ្រោះនៅក្នុងជំនាន់ខ្មែរក្រហមគ្រុបគ្រងប្រទេសកម្ពុជា និងមនុស្សដែលធំដឹងក្តីនៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា សុទ្ធតែស្គាល់និងយល់អំពីអត្ថន័យនៃនិម្មិត្តរូបនេះច្បាស់លាស់ណាស់ ។ វាតំណាងឲ្យរបបគ្រុបគ្រងមួយដែលគួរឲ្យស្អប់ខ្ពើមនិងភ័យខ្លាចជាទីបំផុត ។ សុភាសិតខ្មែរមួយពោលថា៖ "សាងគុណមួយរយសំពៅ ទោសមួយចូលទៅរលាយគុណអស់" ៕
Subscribe to:
Posts (Atom)
ចំណីខួរក្បាល
កិច្ចព្រមព្រៀង កិច្ចព្រមព្រៀង គឺជាពាក្យមួយ ដែលមានអត្ថន័យ ទូលំទូលាយ ។ ហើយវាក៏ជាពាក្យមួយ ដែលបង្កឲ្យមានគ្រោះមហន្តារាយ មកលើមនុស្សជាតិ ជាច្រើនដ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង សត្វលានិងរូបចម្លាក់ បុរសម្នាក់បានផ្ទុករូបចម្លាក់ព្រះពុទ្ធបដិមាករ ដែលធ្វើអំពីឈើមួយអង្គ នៅលើខ្នងលា ដើម្បីដឹកយកទៅដាក់នៅក្នុងព្រះវិហារ ។ ...

