Wednesday, July 24, 2019

ចំណីខួរក្បាល

ជ្រុងមួយនៃការវិនិយោគរបស់ចិននៅកម្ពុជា ហេតុអ្វីបានជាចិនដាក់លក្ខខណ្ឌឲ្យកម្ពុជាទទួលយកពលករចិនមកធ្វើការនៅកម្ពុជាភ្ជាប់ជាមួយនិងគម្រោងនានាដែលបង្កើតឡើងដោយហិរញ្ញប្បទានរបស់ចិន? ចម្លើយលើគោកមួយគឺដើម្បីចំរាញ់យកលុយដែលចិនឲ្យខ្ចីនោះទៅស្រុកចិនវិញ ។ ប៉ុន្តែ ចំណុចមួយទៀតដែលមនុស្សទូទៅមើលរំលង គឺបញ្ហាសង្គមនៅក្នុងប្រទេសចិន ។ ឆ្ងល់ទេ ថាតើហេតុអ្វីបានជាពលករចិនភាគច្រើនដែលមកធ្វើការក្នុងស្រុកខ្មែរ ជាយុវជន ។ កាលលោក ជីវ តាក្វាន់ មកទស្សកិច្ចនៅកម្ពុជានាចុងសតវត្សទី ១៣ គាត់បានសរសេរនៅក្នុងកំណត់ហេតុគាត់ថា៖ ជនជាតិចិនដែលមកដល់ស្រុកខ្មែរ ពួកគេតែងតែស្វែងរកស្ត្រីខ្មែរមកធ្វើជាភរិយា ដើម្បីទទួលបាសារប្រយោជន៍ជាច្រើន ។ "សារប្រយោជន៍" គឺជាអ្វីដែលរដ្ឋាភិបាលចិនដ៏ឆ្លាតវាងវៃសព្វថ្ងៃកំពុងស្វែងរកនិងទទួលបាននៅកម្ពុជា ។ ដើម្បីគ្រុបគ្រងកំណើនពលរដ្ឋនៅក្នុងប្រទេសចិន នៅក្នុងទសវត្សឆ្នាំ ១៩៧០ ៨០ និង ៩០ ចិនបានបង្កើតគោលនយោបាយ កូនមួយសម្រាប់គ្រួសារមួយ (One Child Policy) ។ ការដាក់កំហិតនេះបានបង្កឲ្យមានផលវិបាកមួយសម្រាប់គ្រួសារចិនផងទាំងពួងដែលត្រូវការកូនប្រុសដើម្បីស្នងវង្សត្រកូល ។ ដូច្នេះ ដើម្បីមានកូនប្រុសបន្តពូជពង្ស គ្រួសារចិនជាច្រើនបានពន្លូតកូនចោល នៅពេលពិនិត្យឃើញថាគ៌កដែលនៅក្នុងផ្ទៃមានភេទជាស្រី ។ ជាងសាមសិបឆ្នាំក្រោយមក ការជំរឿនមួយបានបង្ហាញថា ពលរដ្ឋចិនដែលមានអាយុសែសិបឆ្នាំផ្លាយចុះមក ភេទប្រុសមានចំនួនច្រើនជាងភេទស្រីប្រមាណជា ៣៥ លាននាក់ ។ បានន័យថា ពលរដ្ឋចិនប្រមាណជា ៣៥លាននាក់ មិនអាចរកភរិយានៅក្នុងស្រុកចិនបានឡើយ ។ អតុល្យភាពភេទនៃពលរដ្ឋនេះ បានជម្រុញឲ្យរដ្ឋាភិបាលចិនលុបបំបាត់គោលនយោបាយ កូនមួយសម្រាប់គ្រួសារមួយ ដោយស្ងៀមស្ងាត់ ហើយក៏ស្វែងរកដំណោះស្រាយបញ្ហាសង្គមមួយនេះដោយស្ងៀមស្ងាត់ផងដែរ ។ ដំណោះស្រាយមួយដែលរដ្ឋាភិបាលចិនធ្វើគឺលើកទឹកចិត្តនិងផ្តល់ឱកាសការងារដល់យុវកម្លោះលើសតម្រូវការទាំងនោះទៅធ្វើការនៅក្នុងប្រទេសនានាមានកម្ពុជាជាដើម ។ គេមិនដឹងថា យុវបុរសចិនដែលមកធ្វើការនៅក្នុងស្រុកខ្មែរ មានប៉ុន្មាននាក់ដែលសម្រេចចិត្តយកភរិយានៅស្រុកខ្មែរទេ ។ ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា អាចមានទិន្នន័យអំពីប្រការនេះ ។ មុននឹងបញ្ចប់ សូមគូសវាសបញ្ជាក់ដែរថា រឿងចិនមកស្វែងរកភរិយានៅស្រុកខ្មែរដើម្បីបន្តពូជពង្សវង្សមនុស្សនោះ គ្មានអ្វីគួរឲ្យចង្អៀតចង្អល់ចិត្តទេ ។ វាគ្រាន់តែជាអព្ភូតហេតុមួយនៃការគិតខុសរបស់មនុស្សតែប៉ុណ្ណោះ ៕

Monday, July 15, 2019

ចំណីខួរក្បាល

នយោបាយដោយគ្មានវិចារណញ្ញាណ (Politics without Principle) មុនពេលដែលគាត់ត្រូវបានគេធ្វើឃាត លោកមហាត្ម័ក គន្ធី បានកត់ត្រានូវអំពើគម្រក់ ឬអត់ប្រយោជន៍ចំនួន ៧ (The Seven Social Sins) ទុកជាដំបូន្មានឲ្យមនុស្សជៀសវាង ។ អំពើគម្រក់ទាំង៧នោះជាភាសាអង់គ្លេសគឺ៖ 1: Wealth without Work (ទ្រព្យដែលបានមកដោយទុច្ចរិត "ពុករលួយ") 2: Pleasure without Conscience (សប្បាយលើគំនរទុក្ខអ្នកដទៃ) 3: Knowledge without Character (បណ្ឌិតឥតខួរ) 4: Commerce without Morality (ធ្វើស្រែលើខ្នងរាស្ត្រ) 5: Science without Humanity (វិទ្យាសាស្ត្រខ្វះមនុស្សធម៌) 6: Religion without Sacrifice (សុំតែសីលមិនឲ្យទាន) 7: Politics without Principle (ធ្វើនយោបាយដោយគ្មានវិចារណញ្ញាណ) លោកមហាត្ម័ក គន្ធី ត្រូវបានក្មាន់កាំភ្លើងបាញ់សម្លាប់ដោយមិនទាន់បានបកស្រាយពិស្តារអំពីខ្លឹមសារនៃគំនិតនៅក្នុងបាបកម្មសង្គមទាំង ៧ នៅឡើយ ។ ប៉ុន្តែ បើយើងសង្កេតមើលអត្ថន័យនៅក្នុងពាក្យពេចន៍ទាំង៧នេះ វាហាក់ដូចជាមានសច្ចៈពេញលេញហើយ (Self-explained) ។ នយោបាយដោយគ្មានវិចារណញ្ញាណ គឺសំដៅលើការចូលរួមក្នុងកិច្ចការនយោបាយដោយគ្មានការបត់បែនតាមកាលៈទេសៈនិងបរិបទសង្គម ។ តាមពិត Politics without Principle គេអាចបកប្រែត្រឹមតែ នយោបាយដោយគ្មានគោលការណ៍ ។ ក៏ប៉ុន្តែ ខ្ញុំយកពាក្យ "វិចារណញ្ញាណ" មកជំនួសឲ្យពាក្យ "គោលការណ៍" ត្បិតចង់បង្ហាញថា នយោបាយដែលជាសីល្បៈ វាមានសោភណ្ឌនិងសម្រស់ខ្ពស់ហួសអំពីគោលការណ៍ ។ ការធ្វើនយោបាយឬចូលរួមក្នុងកិច្ចការនយោបាយ មិនមែនជាអំពើគម្រក់ដែលគួរឲ្យស្អប់ខ្ពើមឡើយ ។ អ្វីដែលក្លាយទៅជាភាពគម្រក់នោះ គឺការធ្លាក់ចុះលុះនៅក្នុងមោហៈនៃនយោបាយ ។ មនុស្សទូទៅគេហៅអ្នកដែលលុះនៅក្នុងមោហៈនយោបាយថា៖ អ្នកគាំទ្រផ្កាប់មុខ ឬក៏ ដាច់ណាត់និយម (Dogmatism) ។ អ្នកដែលធ្លាប់អានសំណេរ Satyagraha ឬ អំណាចសត្យ អាចមើលឃើញនូវអ្វីដែលជាហេតុផលនៃនយោបាយដោយគ្មានវិចារណញ្ញាណ ។ នៅក្នុងអំណាចសត្យ លោកមហាត្ម័ក គន្ធី បានលើកយកសេណារីយោ (Scenario) មកបកស្រាយបង្ហាញអំពីផលវិបាក (Predicament) ដែលមនុស្សអាចប្រឈមនៅក្នុងស្ថានភាពមួយ ។ សេណារីយោនោះគឺនិយាយអំពី ចោរ ។ លោកមហាត្ម័ក គន្ធី លើកឡើងថា៖ នៅពេលមានករណីចោរចូលមកលួចទ្រព្យសម្បត្តិរបស់យើង ប្រសិនបើចោរនោះជាជនជាតិជិតខាងដែលយើងស្អប់ដូចសត្រូវសួពូជ យើងអាចនឹងព្រួតគ្នាវាយចោរនោះរហូតដល់ស្លាប់ ។ ប៉ុន្តែ បើចោរដែលលួចទ្រព្យយើងជាជនរួមជាតិដែលមកពីស្រុកឆ្ងាយ យើងគ្រាន់តែវាយឲ្យទ្រមហើយប្រគល់ឲ្យប៉ូលិស ។ បើចោរនោះជាអ្នកភូមិផងរបងជាមួយ យើងមិនវាយទេ គឺគ្រាន់តែចាប់បញ្ជូនឲ្យប៉ូលីសតែប៉ុណ្ណោះ ។ បើចោរនោះជាញាតិឆ្ងាយ យើងត្រឹមតែដាក់ពាក្យស្នើឲ្យអាជ្ញាធរហាមបុគ្គលនោះមិនឲ្យចូលក្នុងបរិវេនផ្ទះយើងតទៅទៀត ។ បើចោរនោះជាបងប្អូនជីដូនមួយ ឬក្មួយបង្កើត យើងប្រហែលជាធ្វើត្រឹមតែហៅបុគ្គលនោះមកនិយាយអប់រំ ។ នៅចុងបញ្ចប់ ប្រសិនបើចោរនោះជាឪពុកម្តាយ ឬកូនបង្កើត យើងប្រាកដជាមិនឲ្យរឿងចោរកម្មនោះលេចឮចេញទៅក្រៅផ្ទះឡើយ ។ លោកមហាត្ម័ក គន្ធី បានលើកជាសំណួរថា ករណីចោរកម្មនេះជារឿងតែមួយទេ ហេតុអ្វីក៏យើងអាចមានប្រតិកម្មខុសៗគ្នា? ប្រការនេះគឺដោយសារតែ អំណាចសត្យ (Truth Force) ដែលពាក់ព័ន្ធនឹងវិចារណញ្ញាណ ។ ការធ្វើនយោបាយដែលអនុលោមតាមបែបផែនសីល្បៈ វាមិនខុសអ្វីអំពីករណីឆ្លើយតបជាមួយនឹងចោរនៅក្នុងសេណារីយោខាងលើនេះឡើយ ។ ចំណុចសំខាន់ដែលអ្នកធ្វើនយោបាយគ្រប់រូបគួរយកមកពិចារណាគឺថា តើត្រូវជ្រើសយកករណីឆ្លើយតបនឹងចោរមួយណាមកអនុវត្ត ។ បើយើងទទួលស្គាល់ថា អ្នកនយោបាយដែលចូលមកដណ្តើមអំណាច ឬតួនាទីអំពីយើង ជាបងប្អូនជនរួមជាតិរបស់យើង នោះគ្មានហេតុផលអ្វីដែលត្រូវយករឿងស្លាប់រស់ ឬគុកច្រវ៉ាក់មកដាក់នៅក្នុងសមតិកម្មឡើយ ។ សរុបសេចក្តីមក ធ្វើនយោបាយដោយគ្មានគោលការណ៍ ឬវិចារណញ្ញាណ គឺសំដៅដល់ការយកគុកច្រវ៉ាក់និងអំពើហឹង្សាមកធ្វើជាត្រីមុខនៅក្នុងដំណើរការនយោបាយ ។ វាជាអំពើគម្រក់មួយដែលលោក មហាត្ម័ក គន្ធី យល់ថាមិនគួរបណ្តោយឲ្យកើតមាននៅក្នុងសង្គម ក៏ដូចជារឿងនយោបាយ ៕

Monday, June 10, 2019

ចំណីខួរក្បាល

ជោគជ័យ ពាក្យ "ជោគជ័យ" មួយម៉ាត់នេះបានធ្វើឲ្យមនុស្សគ្រប់រូបវង្វេងអស់មួយជីវិត ។ តើយើងយកកត្តា ឬនិយាមអ្វីមកធ្វើជាមូលដ្ឋានកំណត់ភាពជោគជ័យ? ចម្លើយប្រហែលជាមានច្រើនរាប់មិនអស់ ។ ប៉ុន្តែ បើយើងសង្កេតមើលលើការចង់បានរបស់មនុស្សទូទៅ ជោគជ័យ គឺការសម្រេចបាននូវមហិច្ឆិតារបស់បុគ្គលនីមួយៗដែលសំដៅលើការទទួលបានទ្រព្យ ។ និយាយអំពីទ្រព្យ យើងគួរកត់សម្គាល់ថា វាមានពីរប្រភេទគឺ រូបិយទ្រព្យនិងអរូបិយទ្រព្យ ។ ឱទាហរណ៍នៃទ្រព្យទាំងពីរប្រភេទនេះដូចជា៖ លុយ ឡាន ផ្ទះ និង ចំណេះវិជ្ជា ។ ការស្វែងរករូបិយទ្រព្យនិងអរូបិយទ្រព្យសុទ្ធតែពាក់ព័ន្ធនឹងការតស៊ូប្រឹងប្រែងរបស់បុគ្គលមនុស្ស ។ ខ្ញុំមិនដឹងថា តើមនុស្សនានាគេយកអ្វីមកធ្វើជាកត្តាសម្រាប់ប្រកាសថាខ្លួនជោគជ័យ ឬមិនជោគជ័យនោះទេ ។ ប៉ុន្តែ បើយើងសង្កេតមើលកត្តានានាដែលមនុស្សទូទៅទទួលស្គាល់ថាជាជោគជ័យនោះ វាហាក់ដូចជាផ្អែកលើការសម្រេចបាននូវគោលដៅអ្វីមួយ ។ ឱទាហរណ៍ និស្សិតដែលទៅសិក្សាស្វែងរកអរូបិយទ្រព្យ នៅពេលដែលគេទទួលបានសញ្ញាប័ត្រកំរិតណាមួយ គេក៏គិតថាវាជាជោគជ័យ ។ ដូចគ្នាដែរ នៅពេលដែលមនុស្សពីរនាក់បាក់ចិត្តស្សឡាញ់គ្នារហូតដល់យកគ្នាជាគូស្រករ វាក៏ត្រូវបានសន្មត់ថាជាជោគជ័យ ។ សំណួរដែលជាឆ្អឹងទទឹងកនៅទីនេះគឺថា នៅពេលដែលសញ្ញាប័ត្រនិងគូស្រករ មិននាំមកនូវសុភមង្គលដល់ជីវិត តើយើងអាចចាត់ទុកវាជាជោគជ័យដែរទេ? សម្រាប់ខ្ញុំ ការសម្រេចបាននូវគោលដៅនានា ដូចជាការមាន លុយ ឡាន ផ្ទះសម្បែង និង ចំណេះវិជ្ជា វាមិនមែនជាជោគជ័យឡើយ ។ វាគ្រាន់តែជា ផល នៃ កម្ម តែប៉ុណ្ណោះ (លទ្ធផលដែលកើតមានចេញអំពីសកម្មភាព) ។ កត្តាតែមួយគត់ដែលកំណត់អំពីភាពជោគជ័យនៃមនុស្ស គឺការកកើតមានកំណើតនៅលើលោកនេះ ។ មនុស្សទាំងអស់ដែលមានជីវិតស្ថិតស្ថេរនៅលើលោកស្របតាមការតាក់តែងនៃធម្មជាតិ កើត ចាស់ ជរា ស្លាប់ វាជាជោគជ័យនៃជីវិតនីមួយៗ ។ អ្វីៗក្រៅអំពីនេះ វាគ្រាន់តែជាល្បោយនៃជិវិតតែប៉ុណ្ណោះ ៕

Wednesday, May 29, 2019

ចំណីខួរក្បាល

អភិវឌ្ឍន៍មាត់ទន្លេ ថ្មីៗនេះ ក្រុមហ៊ុនទ្រីភាពអិនជីនៀរីងគ្រុប បានដាក់សំណើរទៅកាន់ក្រសួងធនធានទឹកកម្ពុជាសុំការអនុញាតបូមខ្សាច់ដើម្បីអភិវឌ្ឍច្រាំងទន្លេមេគង្គពីចំណុចព្រុំដែនវៀតណាមទៅដល់ខេត្តក្រចេះ ។ សំណើរនោះក៏មាននិយាយអំពីប្រសាន៍សម្តេច ហ៊ុន សែន ស្តីពីគំនិត "យកទន្លេបង្កើតទន្លេ" ផងដែរ ។ ខ្ញុំមិនដឹងនិងមិនយល់ថាគេយកទន្លេបង្កើតទន្លេដូចម្តេចទេ ។ ប៉ុន្តែ ខ្ញុំដឹងថាធម្មជាតិនៃទន្លេ ជាពិសេសទន្លេដែលស្ថិតនៅទីវាលទំនាបដូចនៅក្នុងប្រទេសកម្ពុជា គឺពិបាកគ្រុបគ្រងនិងអភិវឌ្ឍឲ្យបានជាប់លាប់ណាស់ ។ ប្រទេសកម្ពុជាអាចរៀនអំពីរបៀបគ្រុបគ្រងនិងអភិវឌ្ឍតាមបណ្តោយដងទន្លេពីសហរដ្ឋអាមេរិក ត្បិតសហរដ្ឋអាមេរិកក៏មានទន្លេដ៏ធំមួយឈ្មោះ មីស៊ីសស៊ីពី (Mississippi River) ហូរកាត់ផងដែរ ។ ទន្លេមីសុីសសុីពី និង ទន្លេមេគង្គ មានប្រវែងនិងទំហំបរិមាណទឹក ប្រហាក់ប្រហែលគ្នា ។ បើនិយាយអំពីការប្រៀបធៀបជាមួយនឹងទន្លេនានានៅក្នុងពិភពលោក ទន្លេមេគង្គមានចំណាត់ថ្នាក់ទី ១២ ឯទន្លេមីសុីសសុីពីមានចំណាត់ថ្នាក់ទី ១៤ ។ ទន្លេមីសុីសសុីពី មានប្រភពចេញមកអំពីបឹងធំមួយឈ្មោះ អុីតាស្កា ហើយហូរនៅលើវាលទំនាប ។ ឯទន្លេមេគង្គមានប្រភពចេញមកពីជ្រលងភ្នំហិមពាន្តភាគខាងកើតហើយហូរធ្លាក់ចុះជាបីដំណាក់កាលគឺ តំបន់ជ្រលងភ្នំ តំបន់ខ្ពង់រាប និងតំបន់វាលទំនាបដែលស្ថិតនៅក្នុងប្រទេសខ្មែរនិងយួន ។ ភាពដូចគ្នារវាងទន្លេមីសុីសសុីពីនិងទន្លេមេគង្គគឺប្រវែងប្រមាណជា ១/៣ នៃផ្នែកខាងក្រោមជាតំបន់ដែលសំបូរទៅដោយតំណនៃលំហូរទឹកទន្លេតូចៗ ស្ទឹង និងព្រែកនានា ។ បើយើងប្រៀបធៀបស្ថានភាពនេះទៅនឹងទន្លេមេគង្គ គឺប្រៀបដូចជាតំណភ្ជាប់នៃលំហូរទន្លេតូចៗ ស្ទឹង និងព្រែក នៅផ្នែកខាងក្រោមនៃ ល្បាក់ខោន (Annamite and the Dangrek Mountain Ranges Water Sheds) ។ តំបន់ ១/៣ នៃផ្នែកខាងក្រោមនៃទន្លេទាំងពីរនេះជាតំបន់មានហានិភ័យខ្ពស់ និងងាយរងគ្រោះមហន្តរាយដោយសារទឹកជំនន់ជាទីបំផុត ។ កងវិស្វកម្មរបស់សហរដ្ឋអាមេរិក (The US Army Corps of Engineering) ដែលជាស្ថាប័នវិស្វករឈានមុខគេនៅក្នុងពិភពលោក បានចំណាយពេលរាប់សិបឆ្នាំមកហើយ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធគ្រុបគ្រងទន្លេមីសុីសសុីពីផ្នែកខាងក្រោម ។ ប៉ុន្តែ ហេដ្ឋារចនាសម្ព័ន្ធទាំងនោះតែងតែរងគ្រោះមហន្តរាយជារឿយៗរហូតមកដល់សព្វថ្ងៃនេះ ។ នេះមិនទាន់គិតអំពីជិវិតមនុស្សនិងផ្ទះសម្បែងទ្រព្យសម្បត្តិជាច្រើនទៀតដែលបាត់បង់កន្លងទៅ ។ កាលរៀនអំពីបរិស្ថាននៅក្នុងវិទ្យាល័យមួយនៅរដ្ឋមីនីសូតា ខ្ញុំធ្លាប់បានទៅធ្វើកម្មសិក្សាក្នុងដងទន្លេមីសុីសសុីពីចម្ងាយប្រមាណជា ៨០គីឡូម៉ែត្រពីប្រភពរបស់វា ។ ខ្ញុំនិងលោកគ្រូរបស់ខ្ញុំជិះនៅក្នុងកូនទូក កានូ តូចមួយ ។ គាត់បានពន្យល់ខ្ញុំជាច្រើនអំពីប្រព័ន្ធទឹកហូរនៃទន្លេមីសុីសសុីពី ។ នៅតំបន់ខាងលើនោះ ទំហំនៃមាត់ទន្លេពីត្រើយម្ខាងទៅម្ខាងទៀតមានប្រវែងប្រមាណជា ៥០ ទៅ ១០០ ម៉ែត្រតែប៉ុណ្ណោះ ។ ប្រមាណជាពីរទសវត្សក្រោយមក ខ្ញុំក៏មានឱកាសបានជិះកាណូតនៅក្នុងទន្លេមីសុីសសុីពីម្តងទៀតនៅក្បែរទីក្រុង នូអ័រលៀន (New Orleans) ដែលជាតំបន់ទន្លេនេះហូរមកភពប្រសព្វនឹងសមុទ្រ ។ ក្រៅពីចំណុចទាំងពីរនេះ ខ្ញុំក៏ធ្លាប់ធ្វើដំណើរឆ្លងកាត់ទន្លេមីសុីសសុីពីនៅតំបន់ផ្សេងទៀតដែរ ។ តាមការសង្កេតរបស់ខ្ញុំ គេកសាងទីក្រុងឬទីប្រជុំជនធំៗនៅសងខាងទន្លេមីសុីសសុីពី តែនៅក្នុងតំបន់ភាគខាងលើតែប៉ុណ្ណោះ ត្បិតនៅទីនោះទំហំ ឬបរិមាណទឹកហូរនៅតូចដែលជាលក្ខណៈមិនបង្កឲ្យមានហានិភ័យដោយសារជំនន់ទឹក ។ ទីក្រុងធំជាងគេនៅសងខាងមាត់ទន្លេមីសុីសសុីពីគឺទីក្រុងភ្លោះ សែនផលនិងមីនាអាប៉ូលីស (Twins City, St. Paul-Minneapolis) ដែលមានចម្ងាយប្រមាណជា ២ ឬ ៣រយគីឡូម៉ែត្រពីប្រភពទន្លេ ។ ក្រៅអំពីទីក្រុងភ្លោះ សែនផលនិងមីនាអាប៉ូលីស គេមិនសូវឃើញមានទីក្រុងភ្លោះសង់ទល់មុខគ្នានៅតាមមាត់ទន្លេទេ គឺគេច្រើនសង់តែនៅមាត់ទន្លេម្ខាងដោយទុកមាត់ទន្លេម្ខាងទៀតឲ្យនៅទំនេសម្រាប់ទទួលរងសម្ពាធទឹកហូរនៅពេលមានជំនន់ ។ នៅតាមដងទន្លេមីសុីសសុីពីផ្នែកខាងក្រោមចាប់ពីចំណុចជំនួបរវាងទន្លេមីហ៊្សួរីនិងមីសុីសសុីពី គឺជាចំណុចដែលរងគ្រោះមហន្តរាយដោយជំនន់ទឹកជាប្រចាំ ។ ចំណុចជំនួបនេះ បើប្រៀបធៀបទៅនឹងទន្លេមេគង្គគឺដូចគ្នានឹងចំណុចជំនួបនៃទន្លេសេសាននិងមេគង្គនៅក្នុងខេត្ត ស្ទឹងត្រែង ដែរ ។ រដ្ឋចំនួនបីគឺ រដ្ឋ មីហ៊្សួរី មីសុីសសុីពី និង ល្វីហ្សុីអាណា (Missouri, Mississippi, Louisiana) ដែលស្ថិតនៅខាងក្រោមចំណុចជំនួបនេះជាតំបន់ដែលកងវិស្វកម្មអាមេរិកកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនដើម្បីគ្រុបគ្រងទន្លេមីសុីសសុីពី ។ តំបន់នេះក៏សំបូរទៅដោយខ្មោចហេដ្ឋារចនាសម្ព័ន្ធសេសសល់ដែរ បន្ទាប់ពីត្រូវបានជំនន់ទឹកហូរបំផ្លាញចោល ។ ក្រុមហ៊ុនទ្រីភាពអុីនជីននៀរីងគ្រុប គួរទៅធ្វើកម្មសិក្សាស្វែងយល់អំពីតំបន់ទន្លេមីសុសីសសុីពីផ្នែកខាមក្រោមជាមុនសិន មុននឹងអភិវឌ្ឍឬក៏សាងសង់ហេដ្ឋារចនាសម្ព័ន្ធតាមដងទន្លេមេគង្គនៅក្នុងស្រុកខ្មែរ ។ បើតាមការយល់ដឹងជាប្រវត្តិសាស្ត្រ ទន្លេធំៗដែលហូរកាត់វាលទំនាប មិនអាចគ្រុបគ្រងបានទេ ។ ដូនតាខ្មែរដែលរស់នៅលើដីសុវណ្ណភូមិជាងពីរពាន់ឆ្នាំកន្លងមក ប្រហែលជាដឹងអំពីប្រការនេះ ។ ដូច្នេះហើយទើបបុព្វការីជនទាំងនោះ មិនសាងសង់ប្រាសាទនានានៅតាមដងទន្លេមេគង្គទេ លើកលែងតែតំបន់ខ្ពង់រាបនិងទីដែលមានភ្នំឬកម្អែភ្នំភ្លើងដុះចេញមក ៕

Friday, May 24, 2019

ចំណីខួរក្បាល

ល្បិចអ្នកនយោបាយ ហេតុអ្វីបានជាគេប្រើពាក្យ "សង្គ្រាមពាណិជ្ជកម្ម" នៅពេលដែលដៃគូជំនួញគ្រាន់តែមានទំនាស់នឹងគ្នាហើយតម្លើងពន្ធទំនិញ (Tariffs) ទៅវិញទៅមក? ប្រការនេះប្រហែលជាពាក់ព័ន្ធនឹងមនុស្សដែលត្រូវរងគ្រោះ ឬរងកម្មដោយមិនរើសមុខ ។ សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន ដែលកំពុងប្រព្រឹត្តិទៅនាពេលបច្ចុប្បន្នអាចជះឥទ្ធិពលដល់ពលរដ្ឋជាច្រើននៅជុំវិញពិភពលោក ។ អ្នកដែលរងគ្រោះធ្ងន់ជាងគេគឺអ្នក ក្រ និងអ្នកដែលប្រកបមុខរបរតូចតាច ។ តាមការព្យាករណ៍របស់ក្រុមសេដ្ឋវិទូអាមេរិកាំង ពលរដ្ឋអាមេរិកាំងគ្រប់គ្រួសារ ត្រូវចំណាយប្រាក់បន្ថែមក្នុងការទិញគ្រឿងឧបភោគបរិភោគក្នុងមួយឆ្នាំយ៉ាងហោចណាស់ក៏ ៨០០ដុល្លារដែរ ដែលជាលទ្ធផលនៃការបង្កើនតម្លៃទំនិញពាក់ព័ន្ធនឹងសង្គ្រាមពាណិជ្ជកម្មនេះ ។ ចំណែកពលរដ្ឋចិន ដែលជាភាគីម្ខាងទៀតនៅក្នុងជម្លោះនេះ គេមិនដឹងថាត្រូវចំណាយថវិកាបន្ថែមប្រចាំឆ្នាំប៉ុន្មានដែរទេ ។ តើអ្នកណាជាអ្នកទទួលផលនៅក្នុងសង្គ្រាមនេះ? អ្នកបង្កឲ្យមានសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសចិនគឺលោកប្រធានាធិបតី ដូណាល់ ត្រាំ ។ គាត់ជាមនុស្ស "ឆ្លាត" ប៉ុន្តែបើយើងមើលអំពីបុគ្គលិកលក្ខណៈរបស់គាត់ វាហាក់ដូចជាមានភាពឡប់ៗនៅក្នុងនោះផងដែរ ។ ខ្ញុំសរសេរពាក្យ "ឆ្លាត" នៅក្នុងមូសិកទន្តគឺសំដៅលើភាពឆ្លាតពីរប្រភេទ៖ ឆ្លាតត្រង់និងឆ្លាតវៀច (ឆ្លាតមានល្បិច) ។ នៅក្នុងសង្គ្រាមពាណិជ្ជកម្ម គ្មានទេការបង្ហូរឈាម គឺមានត្រឹមតែការបង្ហូរទឹកភ្នែកតែប៉ុណ្ណោះ ។ អ្នកស្លាប់ក៏ប្រហែលជាគ្មានដែរដរាបណាការតតាំងគ្នាមិនមានភាពយូរអង្វែង ។ ប៉ុន្តែ អ្វីដែលជារឿងគួរឲ្យចាប់អារម្មណ៍នោះគឺថា តើគេបង្កសង្គ្រាមនេះដើម្បីអ្វី??? បើយើងមើលត្រឹមរូបភាពខាងក្រៅ ឬរូបភាពផ្លូវការ លោកត្រាំង បង្កសង្គ្រាមពាណិជ្ជកម្មជាមួយនិងចិនគឺដើម្បីស្វែងរកតុល្យភាពពាណិជ្ជកម្មសមរម្យមួយនៅក្នុងការធ្វើជំនួញរវាងប្រទេសទាំងពីរ ត្បិតអីប្រទេសចិននាំទំនិញមកលក់នៅសហរដ្ឋអាមេរិកមានចំនួនទឹកប្រាក់ទ្វេដងនៃទំនិញអាមេរិកនាំទៅលក់នៅស្រុកចិន ។ ប្រការនេះកើតមានយូរហើយ ហើយក៏មានការជជែកគ្នាជារឿយៗដែររវាងភាគីទាំងពីរ ។ ប៉ុន្តែ រដ្ឋាភិបាលអមេរិកាំងអាណតិមុនៗ មិនឈានដល់ការធ្វើសង្គ្រាមពាណិជ្ជកម្មទេ ត្បិតមិនចង់ឲ្យពលរដ្ឋអាមេរិកាំងភាគច្រើនប្រឈមនឹងវិបត្តិថវិកា ឬជួបការលំបាកក្នុងការរស់នៅ ។ សង្គ្រាមពាណិជ្ជកម្មរបស់លោកត្រាំ គឺជាយុទ្ធសាស្ត្របាញ់ព្រួញមួយត្រូវចាបពីរ ។ ចំណុចរសើបបំផុត ឬកត្តាដែលនាំឲ្យប្រធានាធិបតីអាមេរិកាំងឈរជើងនៅក្នុងសេតវិមានមិនបានយូរគឺ ពន្ធ (Tax) ។ ប្រធានាធិបតីដែលតម្លើងពន្ធ គឺមិនសូវនៅក្នុងសេតវិមានបានយូរឡើយ ។ ប៉ុន្តែ គេត្រូវការកំណើនចំណូលពីពន្ធ ដើម្បីបំពេញបំណងនានាដែលពលរដ្ឋចង់បាន ។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហានេះ គេចាំបាច់ត្រូវតែប្រើល្បិចបំភាន់ភ្នែក ។ អ្នកដែលតាមដានគោលនយោបាយរបស់លោកត្រាំ ប្រហែលជានៅចាំថា កាលគាត់ឡើងកាន់តំណែងជាប្រធានាធិបតីភ្លាម គាត់បានចេញច្បាប់កាត់បន្ថយពន្ធបៀវត្សរ៍ និងពន្ធជំនួញ (Corporate Tax) ដើម្បីបន្ថែមចំណូលដល់ពលរដ្ឋនិងបង្កើនការងារ ។ បន្ទាប់ពីនោះ គាត់ក៏ប្រកាសសង្គ្រាមពាណិជ្ជកម្មជាមួយនិងប្រទេសចិន ដោយបង្កើនពន្ធនាំចូលទំនិញពីប្រទេសនេះ ។ សួរថា នៅពេលដែលទំនិញត្រូវបង់ពន្ធខ្ពស់ តើតម្លៃនៃទំនិញនោះត្រូវឡើងខ្ពស់ដែរទេ? វាប្រាកដជាឡើងខ្ពស់ដែរហើយ ។ ចុះនរណាដែលត្រូវរងកម្មចំណាយប្រាក់ទៅលើតម្លៃទំនិញដែលឡើងខ្ពស់នោះ? គឺពលរដ្ឋទូទៅ (Consumers) ។ អ្វីដែលជារឿងគួរឲ្យឈឺចាប់នោះគឺថា ទំនិញដែលឡើងថ្លៃហើយ វាកម្រនឹងធ្លាក់ចុះមកវិញណាស់ ។ បើធ្លាក់ចុះមកវិញ ក៏ធ្លាក់យឺតដែរ ។ អ្នកដែលប្រើម៉ូតូឡាន តែងតែជួបរឿងនេះជាមួយនឹងតម្លៃប្រេងសាំងរឿយៗ ។ សរុបសេចក្តីមក អ្វីដែលលោកត្រាំធ្វើ មិនមែនដើម្បីពលរដ្ឋអាមេរិក (America First) ទេ គឺដើម្បី ត្រាំ (Trump First) ។ គាត់ប្រើល្បិចឲ្យពីមុខ រួចលួចច្បិចយកពីក្រោយ ។ ការតម្លើងពន្ធ (Tariffs) ទៅលើទំនិញនាំចូលពីប្រទេសចិននោះ វាជាមធ្យោបាយខ្ចីដៃអ្នកដទៃឲ្យប្រព្រឹត្តិអ្វីដែលគាត់មិនចង់ឬមិនអាចធ្វើ ។ គាត់កាត់បន្ថយពន្ធពីពលរដ្ឋ រួចហើយខ្ចីដៃពាណិជ្ជករឲ្យតម្លើងពន្ធនោះវិញតាមរយៈទំនិញឡើងថ្លៃមួយផ្នែក ហើយមួយផ្នែកទៀតតាមរយៈពន្ធនាំទំនិញចូល (Tariffs) ។ ពលរដ្ឋភាគច្រើនមិនចាប់អារម្មណ៍ ឬមិនយល់ទេថា សង្គ្រាមពាណិជ្ជកម្មជាមួយនឹងចិន ជាល្បិចតម្លើងពន្ធ ។ មិនតែប៉ុណ្ណោះ ពួកគេនឹងសាទរថាជាគោលនយោបាយបម្រើជាតិ ដ៏ល្អទៀតផង ៕

Thursday, May 16, 2019

ចំណីខួរក្បាល

ទំនាក់ទំនងសង្ខារ(សង្សារ) មនុស្សយើងប្រាស្រ័យទាក់ទងគ្នាជាប្រចាំ ។ ញាតិមិត្តខ្លះយើងនិយាយរឿងក្នុងចិត្តប្រាប់គ្មានសល់ ។ ប៉ុន្តែ ញាតិមិត្តខ្លះទៀតយើងប្រាប់តែបន្តិចបន្តួចទេ ។ ជាទូទៅញាតិមិត្តដែលយើងស្និទ្ធជាងគេគឺអ្នកដែលទទួលបានទំនុកចិត្ត(Trust)ខ្ពស់បំផុត ។ សេចក្តីគោរពនិងគុណតម្លៃនៃបុគ្គលក៏ជាកត្តាទាញយើងឲ្យមានភាពស្និទ្ធស្នាលដែរ ។ តើយើងបង្កើតភាពស្និទ្ធស្នាលនឹងអ្នកដទៃដោយរបៀបណា? ប្រការនេះ យើងគួរអរគុណដល់អ្នកស្រាវជ្រាវពីររូបគឺលោក ចូសេហ្វ ឡាហ្វ និង ហារីងតុន អុីងហ្គាម (Joseph Luft and Harry Ingham) ។ អ្នកទាំងពីរបានរកឃើញសមតិកម្មមួយដែលគេឲ្យឈ្មោះថា៖ បង្អួចចូហារី (Johari Window) ។ សមតិកម្ម ឬ បង្អួចចូហារី ជាមធ្យោបាយមួយដែលមនុស្សអាចស្វែងរកទំនុកចិត្តនិងបង្កើតភាពស្និទ្ធស្នាលជាមួយនឹងមិត្តភក្តិក៏ដូចជាសាច់សាលោហិតដែរ ។ វាមានសារប្រយោជន៍ជាទីបំផុតសម្រាប់អ្នកស្វែងរកគូស្រករ ។ តាមពិតទៅការប្រាស្រ័យទាក់ទងគ្នា បានអនុញាតិឲ្យយើងអាចបង្កើតភាពស្និទ្ធស្នាលនឹងគ្នារួចទៅហើយ ។ ប៉ុន្តែ អ្វីដែលជាសារសំខាន់គឺភាពរឹងមាំនិងខ្លឹមសារនៃភាពស្និទ្ធស្នាលនោះ ។ កាលរៀនអំពីបង្អួចចូហារីនៅមហាវិទ្យាល័យ ខ្ញុំមិនសូវយល់ឬក៏យកចិត្តទុកដាក់នឹងស្វែងយល់អំពីវាទេ ។ អ្វីដែលជាកត្តានាំខ្ញុំឲ្យវិលទៅមើលនិងស្វែងយល់អំពីបង្អួចចូហារី គឺបន្ទាប់ពីការបរាជ័យផ្ទួនៗក្នុងការទាក់ទងស្នេហាជាមួយនឹងបដិភាគី (Opposite Sex) ។ តាមពិត បង្អួចចូហារីមិនគ្រាន់តែជួយយើងឲ្យយល់អំពីការប្រាស្រ័យទាក់ទងគ្នារវាងសង្សារតែប៉ុណ្ណោះទេ វាជាមូលដ្ឋានគ្រឹះសម្រាប់ពង្រឹងទំនាក់ទំនងគ្រួសារក៏ដូចជាសាច់សាលោហិតញាតិមិត្តផងដែរ ។ នៅក្នុងតារាងខាងក្រោមនេះ គេចែកបង្អួចចូហារីជាបួនផ្នែក ។ ខ្ញុំបានសម្រួលរូបភាពបង្អួចនេះដើម្បីឲ្យងាយយល់ ដោយគូសសញ្ញាព្រួញ និងដាក់អក្សរ A, B, C, D ជាចំណុចសម្គាល់ ។ នៅក្នុងចន្លោះនៃផ្នែកនីមួយៗ វាតំណាងឲ្យអត្ថិភាពនៃការយល់ដឹងរបស់បុគ្គល ។ នៅពេលយើងជួបភពប្រសព្វនឹងនរណាម្នាក់ យើងនឹងបង្កើតឲ្យមានទំនាក់ទំនងសង្ខារតាមរយៈការប្រាស្រ័យទាក់ទងគ្នា ។ ទំនាក់ទំនងនេះរឹងមាំឬមិនរឹងមាំគឺអាស្រ័យលើបទបង្ហាញ ។ ដើម្បីបង្កើតនិងបង្កើនទំនុកចិត្ត ដៃគូសន្ទនាចាំបាច់ត្រូវធ្វើបទបង្ហាញ ដែលភាសាអង់គ្លេសហៅថា៖ Disclosure or Self-Disclosure ។ គំនិតសាមញ្ញនៅទីនេះគឺ ខ្ញុំប្រាប់អ្នក អ្នកប្រាប់ខ្ញុំ ។ ទំនាក់ទំនងនៃបទបង្ហាញមានពីរប្រភេទគឺ៖ ប្រាប់ដោយស្ម័គ្រចិត្ត និងប្រាប់ដោយបង្ខំ (Voluntary Disclosure and Forced Disclosure) ។ ឧទាហរណ៍នៃករណីនេះគឺ នៅពេលយើងប្រាប់អំពីចំណង់ចំណូលចិត្តរបស់យើងទៅនរណាម្នាក់ ហើយគេមិនប្រាប់យើងវិញអំពីចំណង់ចំណូលចិត្តរបស់គេ ។ យើងក៏សួរអំពីចំណង់ចំណូលចិត្តរបស់គេដើម្បីឲ្យគេប្រាប់មកយើងវិញ ។ នៅតាមបណ្តោយជួរព្រួញ B => A វាជាចំណុចដែលបុគ្គល (I) ដឹងនិងស្គាល់ជាក់លាក់ ។ នៅតាមបណ្តោចជួរព្រួញ D => A វាជាចំណុចដែលបុគ្គល (you, him, her, them) ដឹងនិងស្គាល់ជាក់លាក់ ។ ចំណុច C គឺជាចំណុចដែលគ្មាននរណាដឹងឬស្គាល់ ។ នៅពេលដែល ខ្ញុំនិងអ្នកជួបស្គាល់គ្នា (I and You meet) យើង (We) បង្កើតបានចំណុចរួមមួយគឺ A តាមរយៈការប្រាប់គ្នាទៅវិញទៅមក ។ យើងប្រាប់គ្នារឹតតែច្រើន ចំណុច A រីករឹតតែធំ ។ ឯចំណុច B, C, D ក៏រួមតូចទៅៗសមមាត្រនឹងការរីករបស់​ A ។ ចំណុច A នេះតំណាងឲ្យការស្គាល់ចិត្តថ្លើមគ្នារវាង ខ្ញុំនិងអ្នក ។ តាមគោលការណ៍បង្អួចចូហារី នៅពេលយើងជួបប្រាស្រ័យទាក់ទងគ្នា យើងបង្កើតឲ្យមានទំនុកចិត្តឬមន្ទិលតាមរយៈបទបង្ហាញ៖ យើងប្រាប់គេ គេប្រាប់យើង ។ តាមរយៈការប្រាប់នេះ Self-diclosures យើងអាចស្វែងយល់អំពីបុគ្គលិកលក្ខណៈរបស់ភាគីទាំងសងខាង ។ ការយល់ដឹងអពីបុគ្គលិកលក្ខណៈរបស់បុគ្គលនេះហើយ ដែលអាចបង្ហាញប្រាប់យើងថាតើមនុស្សដែលយើងស្គាល់នេះអាចទុកចិត្តបានដល់កំរិតណា ។ នៅក្នុងគោលការណ៍សមតិកម្ម ឬ បង្អួចចូហារី យើងគួរស្វែងយល់តាមរយៈបទបង្ហាញ Self-disclosure យ៉ាងហោចណាស់ក៏ ៧៥ភាគរយដែរ មុននឹងវាយតម្លៃទំនាក់ទំនងសង្ខារថាល្អឬអាក្រក់ ។ មានន័យថា យើងត្រូវពង្រីកចំណុច A (ចំណុចស្គាល់គ្នា) ឲ្យបានធំបំផុតដើម្បីពង្រឹងទំនាក់ទំនងសង្ខារឲ្យរឹងមាំ ក៏ដូចជាវាយតម្លៃ ឬសម្រេចចិត្តផ្តាច់និស្ស័យជាមួយនឹងទំនាក់ទំនងសង្ខារនោះ ៕

Monday, May 6, 2019

ចំណីខួរក្បាល

លទ្ធិប្រជាធិបតេយ្យ កាលសម័យប្រើប៊ិកនិងក្រដាស លទ្ធិប្រជាធិបតេយ្យត្រូវបានគេសរសេរបកស្រាយសឹកចុងប៊ិករាប់ភ្លេច ។ លុះដល់សម័យកំព្យូទ័រ វាក៏ត្រូវបានគេសរសេរសឹកក្តាចុចកំព្យូទ័ររាប់មិនអស់ដែរ ។ មនុស្សខ្លះអះអាងថា លទ្ធិប្រជាធិបតេយ្យគួរអនុវត្តដូច្នេះ ។ ខ្លះថាដូច្នោះ ទៅតាមការយល់ឃើញតែរៀងខ្លួន ។ ខ្ញុំគ្មានបំណងរិះគន់នរណាទេនៅក្នុងប្រការនេះ គ្រាន់តែចង់បង្ហាញថា លទ្ធិប្រជាធិបតេយ្យ ក៏មិនខុសអ្វីអំពីព្រះពុទ្ធសាសនាដែរ ។ វាមានគោលដៅជាក់លាក់ពិតប្រាកដ ។ ប៉ុន្តែ មនុស្សដែលមិនយល់អំពីប្រជាធិបតេយ្យ ចេះតែអនុវត្តប៉ាតណាប៉ាតណីទៅ ។ នៅក្នុងព្រះពុទ្ធសាសនា គោលដៅស្នូលគឺ កាត់បន្ថយឬលុបបំបាត់សេចក្តីទុក្ខចេញអំពីជីវិត ។ ឯគោលដៅស្នូលរបស់លទ្ធិប្រជាធិបតេយ្យក៏ដូចគ្នាដែរគឺ កាត់បន្ថយនិងលុបបំបាត់ភាពអយុត្តិធម៌នៅក្នុងសង្គមមនុស្ស ។ និយាយឲ្យងាយយល់គឺបង្កើតនិងបង្កើនសុភមង្គលនៅក្នុងសង្គម ។ ប្រទេសជាច្រើននៅក្នុងពិភពលោក រាប់បញ្ចូលទាំងប្រទេសកម្ពុជាផងដែរ អនុវត្តលទ្ធិប្រជាធិបតេយ្យ ។ ប៉ុន្តែ បើយើងសង្កេតឲ្យដិតដល់ទៅ មានប្រទេសមិនច្រើនទេដែលអនុវត្តលទ្ធិប្រជាធិបតេយ្យបានសុក្រិត ឬក៏ជិតដល់កម្រិតនៃគោលការណ៍ស្នូលរបស់វា ។ តើអ្វីទៅជាគោលការណ៍ស្នូលនៃលទ្ធិប្រជាធិបតេយ្យ?? វាស្ថិតនៅក្នុងពាក្យ៖ Demos + kratio or Democracy ដែលមានន័យថា៖ អំណាចរបស់ពលរដ្ឋ ។ គោលការណ៍ស្នូលនេះត្រូវបានសម្រួលឲ្យងាយយល់ដោយអតីតប្រធានាធិបតីនៃសហរដ្ឋអាមេរិកលោក អាប្រាហាម លីងកុន នៅឆ្នាំ ១៨៦៣ ដោយថ្លែងយ៉ាងខ្លីថា៖ "រដ្ឋាភិបាលរបស់ពលរដ្ឋ ដើម្បីពលរដ្ឋ និង បង្កើតឡើងដោយពលរដ្ឋ" (Government of the people, for the people, by the people) ។ ខ្ញុំសូមបកស្រាយត្រួសៗអំពីគោលការណ៍និងស្មារតីនៃ "រដ្ឋាភិបាលរបស់ពលរដ្ឋ ដើម្បីពលរដ្ឋ និងបង្កើតឡើងដោយពលរដ្ឋ" ។ ដើម្បីឲ្យពលរដ្ឋអាចបង្កើត គ្រប់គ្រង និង បង្គាប់បញ្ជារដ្ឋាភិបាលបាន លុះត្រាតែពលរដ្ឋមានអំណាច (Power) ។ វាជារឿងមួយស្មុគស្មាញណាស់នៅពេលយើងនិយាយអំពីអំណាច ត្បិតអីរដ្ឋាភិបាលជាស្ថាប័នដែលកាន់អំណាច មិនមែនពលរដ្ឋទេ ។ ដូច្នេះ ដើម្បីរក្សាអំណាចពលរដ្ឋ គេត្រូវមានយន្តការគាំពារជាច្រើន ។ យន្តការគាំពារដ៏ធំនិងចាំបាច់ជាទីបំផុតគឺ សិទ្ធិនិងសេរីភាព ។ សិទ្ធិនិងសេរីភាពខ្លះមិនអាចប៉ះពាល់បានទេ ។ មានន័យថា វាមានតម្លៃស្មើនឹងជីវិតមនុស្ស ។ ឧទាហរណ៍ សិទ្ធិផ្សព្វផ្សាយនិងនិយាយស្តីនៅសហរដ្ឋអាមេរិកត្រូវបានការពារនិងគោរពដូចព្រះអាទិទេព ។ រដ្ឋធម្មនុញ្ញហាមមិនឲ្យសរសេរច្បាប់ប៉ះពាល់ដល់សិទ្ធិនេះឡើយ ។ នៅពេលយើងនិយាយអំពីលទ្ធិប្រជាធិបតេយ្យ គឺយើងនិយាយអំពីការបោះឆ្នោតនិងសន្លឹកឆ្នោតដែលតំណាងឲ្យអំណាចរបស់ពលរដ្ឋ ។ សហរដ្ឋអាមេរិកជាប្រទេសតែមួយគត់ដែលអនុវត្តលទ្ធិប្រជាធិបតេយ្យបានសុក្រិតជាងគេ ។ ខ្ញុំប្រើពាក្យសុក្រិតនៅទីនេះ គឺសំដៅលើការផ្តល់និងរក្សាអំណាចឲ្យពលរដ្ឋ ។ អំណាចដែលបុគ្គលពលរដ្ឋអាមេរិកាំងគ្រប់ៗរូបមាន គឺសន្លឹកឆ្នោតមួយសន្លឹក ។ យើងអាចសួរថា ពលរដ្ឋប្រទេសដទៃដែលបោះឆ្នោតជ្រើសរើសតំណាងខ្លួន ក៏មានសន្លឹកឆ្នោតមួយសន្លឹកដូចគ្នា តើមានអ្វីខុសគ្នាទៅ? ប្រការនេះគឺស្ថិតនៅត្រង់ចំណុចពិសេសមួយដែលគេហៅថា៖ អ្នកឈ្នះយកទាំងអស់ (Winner takes all) ផ្គួបជាមួយនឹងគោលការណ៍បោះឆ្នោតឯកត្តនាម ។ ការបោះឆ្នោតនៅសហរដ្ឋអាមេរិកហាក់ដូចជាមានភាពស្មុគស្មាញពិបាកយល់សម្រាប់អ្នកដែលមិនធ្លាប់រៀនអំពីប្រវត្តិសាស្ត្រអាមេរិកាំង ។ ប៉ុន្តែ បើយើងសង្កេតមើលឲ្យជិតដិតបន្តិច វាជាព្រឹត្តិការណ៍ងាយយល់ជាទីបំផុត ។ ជាបឋម គណបក្សនានានៅស្រុកអាមេរិកគ្រាន់តែជាផ្លាកយីហោតែប៉ុណ្ណោះ ។ ប្រធានបក្សប្រៀបដូចជាទីងមោងចាំស្រែ ។ គាត់គ្មានតួនាទីឬក៏ឥទ្ធិពលក្នុងការតែងតាំងបេក្ខជនឲ្យទៅឈរឈ្មោះបោះឆ្នោតទេ ។ អ្វីៗគឺអាស្រ័យលើពលរដ្ឋជាអ្នកសម្រេច ។ ដើម្បីជ្រើសរើសបេក្ខជន គណបក្សនីមួយៗត្រូវរៀបចំការប្រកួតបោះឆ្នោតក្នុងបក្ស (Intra-Party Competition) ជាមុនសិន ។ អ្នកដែលទទួលបានសន្លឹកឆ្នោតគាំទ្រច្រើនជាងគេគឺទទួលបានសិទ្ធិទៅប្រកួតជាមួយនឹងគណបក្សដទៃដោយស្វ័យប្រវត្តិ ។ គួរបញ្ជាក់ថា ការប្រកួតនេះគឺបែងចែកតាមមណ្ឌលនីមួយៗ ។ នៅក្នុងមណ្ឌលមួយអាចមានបេក្ខជន ១០ ឬ ២០នាក់ប្រកួតគ្នា ។ អ្នកឈ្នះគឺមានតែម្នាក់ទេដែលត្រូវទៅប្រកួតជាមួយនឹងបក្សដទៃ (Inter-Parties Competition) ។ សម្រាប់ការប្រកួតជ្រើសរើសប្រធានាធិបតីក៏ដូចគ្នាដែរ គ្រាន់តែមណ្ឌលប្រកួតគឺសហរដ្ឋអាមេរិកទាំងមូល ឬទូទាំងប្រទេស ។ គេអនុញាតឲ្យមានការប្រកួតក្នុងបក្សរយៈពេលមួយឆ្នាំ ដើម្បីជ្រើសរើសបេក្ខជនប្រធានាធិបតីចេញពីបក្សនីមួយៗ ។ បច្ចុប្បន្ន គណបក្សប្រជាធិបតេយ្យមានមនុស្សប្រមាណជា ២០រូបបានប្រកាសបេក្ខភាពប្រធានាធិបតីរបស់ខ្លួនរួចហើយ ។ គេនឹងចាប់ផ្តើមប្រកួតក្នុងបក្សនៅចុងឆ្នាំនេះ ដើម្បីជ្រើសរើសយកបេក្ខជនម្នាក់ទៅប្រកួតជាមួយនឹងបក្សដទៃ ។ គួរកត់សម្គាល់ថា ទាំងការប្រកួតក្នុងបក្ស និងអន្តរបក្ស គឺគេអនុវត្តតាមរូបមន្តអ្នកឈ្នះយកទាំងអស់ ។ ដូច្នេះ សន្លឹកឆ្នោតមួយសន្លឹកអាចផ្តល់ឱកាសឲ្យមនុស្សម្នាក់ធ្វើជាបេក្ខជននិងឈានទៅដល់ការកាន់កិច្ចការនៅក្នុងតួនាទីមួយ ។ ចំណុចនេះហើយដែលជាលក្ខណៈពិសេសរបស់លទ្ធិប្រជាធិបតេយ្យនៃសហរដ្ឋអាមេរិក ។ ជោគវាសនាឬជោគជ័យរបស់បេក្ខជនប្រធានាធិបតីនៃសហរដ្ឋអាមេរិកក្តី តំណាងរាស្ត្រក្តី អភិបាលរដ្ឋក្តី ក្រុមប្រឹក្សាឃុំសង្កាត់ក្តី គឺអាចអាស្រ័យលើសន្លឹកឆ្នោតតែមួយសន្លឹកគត់ ។ ថ្វីត្បិតតែការឈ្នះឆ្នោតដោយសម្លេងត្រឹមមួយសន្លឹកកម្រកើតមានក៏ដោយ ក៏កត្តានេះបានធ្វើឲ្យមានតុល្យភាពអំណាចរវាងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងអ្នកបោះឆ្នោតម្នាក់ៗ ។ តើគេបង្កើតតុល្យភាពអំណាចរវាងអ្នកកាន់អំណាច និងអ្នកផ្តល់អំណាចឲ្យគេកាន់ដោយរបៀបណា? ប្រការនេះត្រូវការការបកស្រាយវែងឆ្ងាយ ប៉ុន្តែសូមលើកយកចំណុចសំខាន់ៗមួយចំនួនមកធ្វើបទបង្ហាញ ។ ចំណុចសំខាន់ដ៏ធំបំផុតដែលក្រុមអ្នកស្ថាបនិកសហរដ្ឋអាមេរិកបានធ្វើ គឺការលះបង់អំណាច ឬយកចំណងមកចងតណ្ហាឬឥទ្ធិពលរបស់ខ្លួន ។ នៅពេលដែលសហរដ្ឋអាមេរិករើបម្រាស់រួចនិងទទួលបានឯករាជ្យពីចក្រភពអង់គ្លេស រដ្ឋដែលមានចំនួន ១៣ នាគ្រានោះបានបញ្ជូនអ្នកមុខអ្នកការដែលសុទ្ធសឹងជាអ្នកមានឥទ្ធិពល មានទ្រព្យ មានទាសកររាប់មិនអស់ ទៅប្រជុំគ្នាសរសេររដ្ឋធម្មនុញ្ញថ្មីមួយ ។ ក្នុងចំណោមអ្នកសរសេររដ្ឋធម្មនុញ្ញទាំងនោះ មាននិន្នាការពីរផុសចេញមក គឺក្រុមអ្នកចង់ឲ្យមានអំណាចរដ្ឋាភិបាលទូលំទូលាយ និងក្រុមអ្នកចង់ឲ្យពលរដ្ឋមានអំណាចទូលំទូលាយ ។ ពាក្យស្លោករបស់ក្រុមអ្នកចង់ឲ្យពលរដ្ឋមានអំណាចទូលំទូលាយគឺ៖ រដ្ឋាភិបាលដែលគ្រុបគ្រងតិច គឺជារដ្ឋាភិបាលដែលល្អបំផុត (Government that governs least is government that governs best.) ។ រដ្ឋធម្មនុញ្ញនៃសហរដ្ឋអាមេរិកគឺប្រសូត្រចេញមកអំពីការតតាំងគ្នារវាងក្រុមទាំងពីរនេះឯង ។ កាលពួកគេសរសេររដ្ឋធម្មនុញ្ញដំបូង វាមាន២៧មាត្រា ។ បន្ទាប់ពីធ្វើការសម្រិតសម្រាំងមួយរយៈ ពួកគេកាត់បន្ថយវាមកនៅត្រឹម ៧មាត្រាតែប៉ុណ្ណោះ ។ វាជារដ្ឋធម្មនុញ្ញដ៏ខ្លីជាទីបំផុត ត្បិតអីមាត្រាទី ៤ ដល់ទី៧ មានប្រវែងមិនដល់មួយទំព័រទេ ។ មាត្រាទី ១ ដល់ទី ៣ ដែលមានប្រវែងលើសពីមួយទំព័រនោះ ភាគច្រើនគឺគេសរសេរចងដៃចងជើងអ្នកកាន់អំណាចមិនឲ្យប្រព្រឹត្តិអ្វីលើសពីដែនសមត្ថកិច្ចរបស់ខ្លួនឡើយ ។ គំនិតសាមញ្ញនៅទីនេះគឺ៖ រដ្ឋធម្មនុញ្ញខ្លី ច្បាប់នឹងមានតិច ។ មានច្បាប់តិច សិទ្ធិសេរីភាពរបស់ពលរដ្ឋនឹងសល់ច្រើន ។ សល់សិទ្ធិច្រើន វិសាលភាពនៃអំណាចក៏ទូលំទូលាយដែរ ។ ក្រៅអំពីដាក់កម្រិតឲ្យរដ្ឋាភិបាលអនុវត្តច្បាប់ (Limited Government) ក៏នៅមានតួនាទីរបស់ស្ថាប័នផងដែរ ។ នៅក្នុងជួររដ្ឋបាលនៃសហរដ្ឋអាមេរិក ស្ថាប័នដើរតួសំខាន់ក្នុងការការពារកុំឲ្យជនផ្តាច់ការមានឱកាសងើបមុខរួច ។ ខ្ញុំសូមមិននិយាយអំពីតុល្យភាពនៃអំណាច (Check and Balance) រវាងនិតិបញ្ញតិ និតិប្រតិបត្តិ និង តុលាការ ទេត្បិតអីប្រការនេះត្រូវបានគេសរសេរបកស្រាយទូលំទូលាយហើយ ។ អ្វីដែលខ្ញុំចង់បកស្រាយនៅទីនេះ គឺភាពឯករាជ្យឬក្លាហាននៃស្ថាប័ននៅក្រោមសាខាមួយនៃរដ្ឋាភិបាល ។ មនុស្សជាច្រើន ជាពិសេសពលរដ្ឋខ្មែរ ដែលរស់នៅក្រោមលទ្ធិប្រជាធិបតេយ្យដូចគ្នា ប្រហែលជាឆ្ងល់ថាតើហេតុអ្វីក៏ក្រសួងយុត្តិធម៌សហរដ្ឋមេរិកហ៊ានតែងតាំងចៅក្រមពិសេសលោក រូបឺត មុល្លឺ ឲ្យទៅស៊ើបអង្កេតលោក ដូណាល់ ត្រាំ ដែលជាចៅហ្វាយនាយរបស់ពួកគេ ។ ដូចគ្នាដែរ ហេតុអ្វីក៏លោក ត្រាំ មិនបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ឈប់ការស៊ើបអង្កេតនោះ? ប្រការនេះពាក់ព័ន្ធនឹងច្បាប់រក្សានិរន្តរភាពស្ថាប័ននិងការពារបុគ្គលនៅក្នុងស្ថាប័ន ។ នៅក្នុងជួររដ្ឋាភិបាលអាមេរិក ប្រធានាធិបតីតែងតាំងរដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី និងឧបអនុរដ្ឋមន្ត្រី ។ តំណែងក្រោមឧបអនុរដ្ឋមន្ត្រីភាគច្រើនគឺជ្រើសរើសចេញពីមហាជនផ្អែកលើចំណេះជំនាញនានា ។ គេហៅបុគ្គលិកទាំងនេះថា ក្រុមការិយាធិបតេយ្យ ។ ពួកគេធ្វើការតាមតួនាទីដោយមិនភ័យអំពីការបាត់បង់តំណែងទេ ត្បិតតំណែងរបស់ពួកគេមិនមកតាមរយៈជើងខោមេឡើយ ។ ប្រធានាធិបតីអាចដកឬបញ្ឈប់តំណែងរដ្ឋមន្ត្រី ឬ អនុរដ្ឋមន្ត្រី ប៉ុន្តែមិនអាចដកតំណែងពីពួកការិយាធិបតេយ្យឡើយ ដរាបណាពួកគេមិនបានប្រព្រឹត្តិអ្វីខុសច្បាប់ ។ ជាទូទៅ រដ្ឋមន្ត្រីនិងអនុរដ្ឋមន្ត្រីតែងតែសួរយោបល់ពួកការិយាធិបតេយ្យមុននឹងធ្វើកិច្ចការអ្វីមួយ ទោះបីកិច្ចការនោះបញ្ជាចេញមកពីប្រធានាធិបតីដែលជាចៅហ្វាយនាយរបស់ពួកគេក៏ដោយ ។ ផ្អែកលើឯកសារស៊ើបអង្កេតរបស់លោក មុល្លឺ លោក ត្រាំ បានព្យាយាមបញ្ជាឲ្យបញ្ឈប់ការស៊ើបអង្កេតមកលើរូបគាត់ដែរ ប៉ុន្តែមិនត្រូវបានមន្ត្រីក្រោមឱវាទអនុវត្តិតាម ត្បិតខ្លាចមានទោសជាមួយលោក ត្រាំ ប្រសិនបើការសង្ស័យក្លាយជាការពិត ។ នេះក៏ជាប្រការមួយដែរដែលជាកត្តារក្សាអំណាចទុកឲ្យពលរដ្ឋ ។ គំនិតគោលគឺ អំណាចដែលបុគ្គលដឹកនាំរដ្ឋមិនអាចប្រើ វានឹងស្ថិតនៅជាមួយពលរដ្ឋ ។ យន្តការគាំពារអំណាចពលរដ្ឋសំខាន់មួយទៀតរបស់សហរដ្ឋអាមេរិក គឺរូបមន្តអាណតិបោះឆ្នោត ២ ៤ និង ៦ ។ អាណតិរបស់សមាជិករដ្ឋសភាឬតំណាងរាស្ត្រអាមេរិកាំងមានរយៈពេល ២ឆ្នាំ ។ ប្រធានាធិបតី ៤ឆ្នាំ ។ ព្រឹទ្ធសភា ៦ឆ្នាំ ។ រូបមន្តនេះមិនមែនធ្វើឡើងតាមនឹកឃើញនោះទេ ។ មានការជជែកវែកញែកហេតុផលយ៉ាងយូរទម្រាំប្រតិភូសរសេររដ្ឋធម្មនុញ្ញសម្រេចជ្រើសរើសយករូបមន្តនេះ ។ មូលហេតុដែលគេដាក់អាណតិតំណាងរាស្ត្រត្រឹម ២ឆ្នាំ គឺដើម្បីឲ្យពលរដ្ឋអាចសម្តែងឆន្ទៈរបស់ពួកគេបានភ្លាមៗ ដោយមិនចាំបាច់រង់ចាំដល់ចប់អាណតិប្រធានាធិបតី នៅពេលដែលពួកគេចង់តម្រង់ផ្លូវគោលនយោបាយរបស់រដ្ឋាភិបាល ។ ឧទាហរណ៍ថ្មីៗនេះ គឺនៅពេលដែលលោក ដូណាល់ ត្រាំ ឡើងធ្វើជាប្រធានាធិបតីហើយមានបំណងលុបបំបាត់គោលនយោបាយធានារ៉ាប់រងសុខភាពរបស់រដ្ឋព្រមទាំងសាងសង់របងតាមបណ្តោយព្រំដែនភាគខាងត្បូង ដែលជាកិច្ចការពលរដ្ឋភាគច្រើនមិនចង់ឲ្យគាត់អនុវត្តិ គណបក្សរបស់គាត់ដែលកាន់អំណាចទាំងនិតិប្រតិបត្តិនិងនិតិបញ្ញតិ ត្រូវបានពលរដ្ឋបោះឆ្នោតប្តូរឲ្យនៅមានឥទ្ធិពលត្រឹមតែនិតិប្រតិបត្តិតែប៉ុណ្ណោះ ។ ប្រការដែលសមាជិករដ្ឋសភានិងព្រឹទ្ធសភាមានរយៈពេលខុសគ្នាដល់ទៅបីដង គឺដើម្បីផ្តល់ឱកាសឲ្យពលរដ្ឋបញ្ចេញកំហឹងរបស់ខ្លួនតាមរយៈរដ្ឋសភា ហើយព្រឹទ្ធសភាជាអ្នករំងាប់កំហឹងនោះ ។ ស្ថាប័នមួយទៀតដែលមានបន្ទុករំងាប់កំហឹងនិងតម្រង់ផ្លូវគិតរបស់ ពលរដ្ឋនិងអ្នកនយោបាយ គឺចៅក្រមសហព័ន្ធ (Federal Court judges) ។ ចៅក្រមសហព័ន្ធសហរដ្ឋអាមេរិកភាគច្រើនត្រូវបានតែងតាំងដោយប្រធានាធិបតីនិងផ្តល់សច្ចានុម័តឲ្យដោយព្រឹទ្ធសភា ។ នៅពេលទទួលបានការទទួលស្គាល់ឲ្យចូលកាន់ការងារ ចៅក្រមទាំងនោះអាចកាន់តួនាទីអស់មួយជីវិតដោយមិនភ័យអំពីនរណាដកតំណែងអំពីគាត់ឡើយ ដរាបណាគាត់មិនបានប្រព្រឹត្តិអ្វីខុសច្បាប់ ។ សារសំខាន់ក្នុងការផ្តល់ឱកាសឲ្យសមាជិកបម្រើការងាររដ្ឋខ្លះមានអាណតិយូរអង្វែង គឺដើម្បីជៀសវាងកំហុសធ្ងន់ធ្ងរ ត្បិតអីការសម្រេចចិត្តធ្វើអ្វីមួយនៅពេលកំពុងមានកំហឹងឬចំណង់នោះ អាចខ្វះការពិចារណាឲ្យបានសព្វជ្រុងជ្រោយ ។ ពាក់ព័ន្ធនឹងប្រការនេះ មានការនិទានតៗគ្នាថា ប្រតិភូសរសេររដ្ឋធម្មនុញ្ញពីររូបបានប្រកែកគ្នាតឹងសសៃក ។ ម្នាក់សួរថា ហេតុអ្វីចាំបាច់មានរយៈពេលអាណតិខុសគ្នា ។ ប្រតិភូដែលគាំទ្រឲ្យមានអាណតិខុសគ្នាសួរបកទៅវិញថា ហេតុអ្វីក៏ឯងចាក់ទឹកត្រជាក់ចូលក្នុងចានទ្រនាប់ពែងតែរបស់ឯង? បុរសទីមួយឆ្លើយផូងមកវិញថា៖ ដើម្បីធ្វើឲ្យកំដៅទឹកតែវាធ្លាក់ចុះ (To cool it down!) ។ ប្រតិភូដែលគាំទ្រឲ្យមានអាណតិខុសគ្នាក៏ពន្យល់ថា៖ យើងបង្កើតឲ្យមានអាណតិខុសគ្នាគឺនៅក្នុងគោលបំណងដែលឯងចាក់ទឹកត្រជាក់ចូលក្នុងចានទ្រនាប់ពែងតែនោះឯង (Your point is precisely what we want!) ។ ចាប់តាំងពីសហរដ្ឋអាមិរិកអនុវត្តលទ្ធិប្រជាធិបតេយ្យជាង៣០០ឆ្នាំកន្លងទៅនេះ មិនមានការកែប្រែឬក៏ផ្លាស់ប្តូររបៀបគ្រុបគ្រងជាដុំកំភួនទេ ទាំងរដ្ឋធម្មនុញ្ញ ទាំងរចនាសម្ព័ន្ធដឹកនាំ ។ បានន័យថា វាជាគោលការណ៍អនុវត្តន៍លទ្ធិប្រជាធិបតេយ្យប្រកបដោយជោគជ័យជាទីបំផុត ។ តាមពិតទៅ សហរដ្ឋអាមេរិកមិនដើរតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យទាំងស្រុងទេ ។ គេយកគោលការណ៍នេះមកកែច្នៃឲ្យទៅជារបបមួយដែលពិភពលោកហៅថា៖ សាធារណរដ្ឋ ឬ រដ្ឋសាធារណៈ (Republic) ។ រដ្ឋសាធារណៈប្រៀបដូចជាសួនសាធារណៈដែរ ។ ពលរដ្ឋទាំងអស់ ទាំងអ្នកក្រ អ្នកមាន និងអ្នកសុំទាន មានសិទ្ធិប្រើនិងទទួលអត្ថប្រយោជន៍ដូចៗគ្នា ។ មុននឹងបញ្ចប់អត្ថបទនេះ សូមលើកយកការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមកលាតត្រដាងបន្តិច ។ ផ្អែកលើការសង្កេតរបស់ស្មេរ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាគ្មានសង្ឃឹមនឹងលូតលាស់ឡើយ ។ មូលហេតុដ៏ធំបំផុតដែលខ្មែរអនុវត្តន៍លិទ្ធិប្រជាធិបតេយ្យមិនបានជោគជ័យ គឺទំនៀមទម្លាប់ដែលដិតដាមជាប់ក្នុងខួរក្បាលពលរដ្ឋខ្មែរអស់រយៈពេលរាប់រយឆ្នាំមកហើយ ។ អត្តចរិតទ្រពងតោងក្បិន វាបានសង្កត់សង្កិនពលរដ្ឋខ្មែរឲ្យលុះនៅក្នុងការគោរពបូជាបុគ្គល ជាជាងគោលគំនិត ។ វាថែមទាំងធ្វើឲ្យពលរដ្ឋខ្មែរជាច្រើន ទាំងអ្នកចេះទាំងអ្នកល្ងង់ បាត់បង់ការគោរពនិងឲ្យតម្លៃខ្លួនឯងទៀងផង ។ នៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក (Facebook) រៀងរាល់ថ្ងៃ យើងរមែងឃើញសារថ្លាថ្លែងគោរពកោតសរសើរបុគ្គលដឹកនាំជាតិក៏ដូចជាដឹកនាំគណបក្សនិងស្ថាប័ន ថាប្រកបដោយគតិបណ្ឌិតដូច្នេះឬដូច្នោះ ។ ខ្ញុំមានសំណួរតែមួយគត់សម្រាប់អ្នកដែលចូលចិត្តលើកតម្កើងអ្នកដទៃជាជាងខ្លួនឯង៖ តើបុគ្គលទាំងនោះ គេប្រសើរជាងរូបអ្នកប៉ុណ្ណាទៅ??? លទ្ធិប្រជាធិបតេយ្យត្រូវការការទទួលស្គាល់អធិបតេយ្យភាពនិងសមត្ថភាពរបស់ខ្លួនឯង មុនទទួលស្គាល់អធិបតេយ្យភាពរបស់អ្នកដទៃ ។ ដរាបណាផ្នត់គំនិតនេះមិនត្រូវបានផ្លាស់ប្តូរ ពលរដ្ឋខ្មែរគ្មានវាសនានឹងភ្លក្សរសជាតិលទ្ធិប្រជាធិបតេយ្យពិតប្រាកដនិងយុត្តិធម៌សង្គមសមរម្យមួយឡើយ ៕

Tuesday, April 23, 2019

ចំណីខួរក្បាល

រត់តាមគេ ឬរត់ឲ្យទាន់គេ នៅឆ្នាំ ១៩៨៩ ខ្ញុំបានចុះឈ្មោះរៀនវាយអង្គុលីលេខនៅក្នុងវិទ្យាល័យមួយនៅសហរដ្ឋអាមេរិក ។ គ្រានោះ កូនសិស្សជាច្រើនរាប់បញ្ចូលទាំងរូបខ្ញុំផង មិនដែលស្គាល់ម៉ាសុីនកំព្យូទ័រទេ ។ ដើម្បីរៀនវាយអង្គុលីលេខបាន សិស្សទាំងអស់ត្រូវឆ្លងកាត់ការសិក្សាអំពីរបៀបប្រើកំព្យូទ័រសិន ។ ខ្ញុំនៅចាំថា សិស្សទាំងអស់ត្រូវបានណែនាំឲ្យបង្កើតអត្តសញ្ញាណ (ID) និងពាក្យសម្ងាត់ (Password) រៀងៗខ្លួនដើម្បីអាចរៀនវាយអង្គុលីលេខនៅលើម៉ាសុីនកំព្យូទ័រទាំងនោះ ។ ខ្ញុំរៀនវាយពាក្យនៅលើកំព្យូទ័រមិនដែលបានគ្រប់ចំនួន ឬក៏ទាន់ពេលវេលាកំណត់នោះទេ ។ ឧទាហរណ៍ គេតម្រូវឲ្យវាយយ៉ាងហោចណាស់ ៤៥ពាក្យក្នុងមួយនាទី ខ្ញុំវាយបានតែត្រឹមតែ ៣០ទៅ៣៥ពាក្យប៉ុណ្ណោះ ។ ប៉ុន្តែ អ្វីដែលខ្ញុំកត់សម្គាល់គឺ ម៉ាសុីនកំព្យូទ័រជាម៉ាសុីនដែលមានសក្តានុពលខ្ពស់បំផុតក្នុងចំណោមម៉ាសុីននានាដែលមនុស្សធ្លាប់បានបង្កើត ។ នៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ ខ្ញុំបានភពប្រសព្វនឹងកំព្យូទ័រម្តងទៀតក្នុងនាមជា បុគ្គលិកបណ្ណាល័យកំព្យូទ័រនៅក្នុងមហាវិទ្យាល័យដែលខ្ញុំកំពុងសិក្សា ។ ម្តងនេះ ខ្ញុំមានឱកាសច្រើនក្នុងការប្រើប្រាស់ម៉ាសុីនកំព្យូទ័រ ហើយក៏មានឱកាសបានរៀនផ្ញើសារអេឡិចត្រូនិក (អុីម៉ែល) មុនគេបំផុតនៅក្នុងចំណោមនិស្សិតរៀននៅមហាវិទ្យាល័យ ។ វាជាបទពិសោធដ៏អស្ចារ្យមួយនៅក្នុងជីវិតខ្ញុំ ។ ថ្វីត្បិតតែខ្ញុំមិនបានរៀនជំនាញខាងកំព្យូទ័រមែនពិត តែកំព្យូទ័រ បានក្លាយជាមិត្តជិតស្និទ្ធរបស់ខ្ញុំចាប់ពីឆ្នាំ ១៩៨៩ មក ។ រត់តាមគេ ឬរត់ឲ្យទាន់គេ គឺខ្ញុំចង់និយាយអំពីសក្តានុពលរបស់កំព្យូទ័រ ។ បច្ចុប្បន្ន ខ្ញុំឃើញនិស្សិតខ្មែរជាច្រើនហាក់ដូចជាស្រវាស្រទេញក្នុងការប្រមូលសៀវភៅយកមកទុកជាឯកសារសិក្សា ។ ខ្ញុំក៏ជាមនុស្សមួយរូបដែលចូលចិត្តរក្សាសៀវភៅដែរ ។ ប៉ុន្តែ ផ្អែកលើបទពិសោធផ្ទាល់ខ្លួន វាគឺជាកំហុសដ៏ធំមួយ ។ សៀវភៅដែលខ្ញុំរក្សាទុកមួយចំនួនមានអាយុប្រមាណជាជាង ៥០ឆ្នាំហើយ ។ ហើយវាក៏ចាប់ផ្តើមរលេះរលួយបណ្តើរៗដែរ ។ ដូច្នេះ ធនធានពលកម្មនិងប្រាក់កាក់ដែលខ្ញុំបានចំណាយទាំងអម្បាលម៉ានក៏ចាប់ផ្តើមបាត់បង់ជាមួយនឹងទំព័រសៀវភៅទាំងនោះដែរ ។ ដើម្បីជៀសវាងការខាតបង់ ទាំងពេលវេលាទាំងប្រាក់កាក់ និស្សិតសម័យនេះគួរសហការគ្នារក្សាឯកសារដែលមានទ្រង់ទ្រាយជា អេឡិចត្រូនិក ឬ ឌីជីថល ។ បើយើងសង្កេតមើលបណ្ណាល័យនៅបស្ចឹមប្រទេស គេបានចាប់ផ្តើមកាត់បន្ថយការរក្សាសៀវភៅជាទម្រង់ក្រដាសតាំងតែពីឆ្នាំ ១៩៩០ មកម្លេះ ។ អ្វីៗគឺត្រូវបានគេបំផ្លែង (Converted) ឲ្យទៅជាសៀវភៅអេឡិចត្រូនិកស្ទើរតែអស់ទៅហើយ ។ បើនិយាយអំពីការប្រើប្រាស់បណ្ណាល័យដើម្បីខ្ចីសៀវភៅយកមកអាននោះ មនុស្សភាគច្រើនមិនទៅបណ្ណាល័យទៀតទេ ត្បិតអីគេអាចខ្ចីឬជួលសៀវភៅ អេឡិចត្រូនិកយកមកអាននៅក្នុងកំព្យូទ័រ ឬក៏ថេបឡេត ដោយមិនចាំបាច់ចេញពីផ្ទះឡើយ ។ ដូច្នេះ វាគ្មានហេតុផលអ្វីដែលយើងគួរប្រមូលសៀវភៅយកមករក្សាទុកនាំឲ្យចង្អៀតផ្ទះនោះទេ ។ ការរក្សាសៀវភៅនៅក្នុងទម្រង់ អេឡិចត្រូនិក គឺត្រូវការពេលវេលាដើម្បីសរសេរចម្លងពាក្យពេចន៍ឡើងវិញនៅក្នុងកំព្យូទ័រ ។ ប្រការនេះ យើងអាចសហការគ្នាចម្លងមួយវគ្គម្នាក់ៗ រួចហើយយកវគ្គទាំងអស់មកផ្គុំគ្នាតាមលេខរៀងឲ្យក្លាយជាសៀវភៅឡើងវិញ ។ បន្ទាប់មក សន្សំវាជា ភីឌីអេហ្វ (Save in PDF, Portable Document File) ។ យើងអាចរក្សាទុកសៀវភៅ ភីឌីអេហ្វ បានរាប់សតវត្សទៅមុខដោយងាយស្រួល ។ ចំណុចមួយដែលយើងត្រូវលើកយកមកពិចារណាគឺ កម្មសិទ្ធិបញ្ញា (Copyrighted) ។ គួរកត់សម្គាល់ថា ច្បាប់កម្មសិទ្ធិបញ្ញា មានមុនការបង្កើតកម្មវិធី ភីឌីអេហ្វ ។ ដូច្នេះ អ្វីៗហាក់ដូចជាស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ។ ជាទូទៅ ការចម្លងឬរក្សាទុកឯកសារណាមួយជាទម្រង់ ភីឌីអេហ្វ សម្រាប់សិក្សាដោយមិនពាក់ព័ន្ធការស្វែងរកកម្រៃ វាហាក់ដូចជាគ្មានការហាមប្រាមទេ ។ ប្រៀបដូចជាយើងទិញសៀវភៅ ហើយឲ្យសៀវភៅនោះទៅមិត្តភក្តិខ្ចីអានដូច្នោះដែរ ។ ផ្អែកលើបទពិសោធផ្ទាល់ខ្លួន ដែលធ្លាប់ចុះបញ្ជីកម្មសិទ្ធិបញ្ញាសៀវភៅរបស់ខ្ញុំជាមួយនឹងបណ្ណាល័យជាតិសហរដ្ឋអាមេរិក (Library of Congress) គេអនុញាតិឲ្យខ្ញុំរក្សាសិទ្ធិសៀវភៅរយៈពេល ៥០ឆ្នាំ ។ ប្រសិនបើខ្ញុំស្លាប់មុខរយៈពេល៥០ឆ្នាំនោះ កម្មសិទ្ធិបញ្ញារបស់ខ្ញុំនឹងអស់សុពលភាពត្រឹមថ្ងៃដែលខ្ញុំស្លាប់ ។ ភរិយាឬកូនរបស់ខ្ញុំអាចដាក់លិខិតស្នើបន្តសុពលភាពក្នុងនាមជាអ្នកស្នងមរតក ។ ប៉ុន្តែ បើគ្មានអ្នកស្នើបន្តសុពលភាពទេ សៀវភៅនោះនឹងក្លាយជាសម្បត្តិសាធារណៈ ដែលគេអាចបកប្រែ ឬចម្លងបោះពុម្ពសាឡើងវិញដោយមិនចាំបាច់សុំសិទ្ធិពីអ្នកនិពន្ធឡើយ ។ ដូច្នេះ យើងអាចយកសៀវភៅដែលមានអាយុកាលលើសពី ៥០ឆ្នាំ ឬសៀវភៅដែលអ្នកនិពន្ធបានទទួលអនិច្ចកម្មទៅហើយ មកចម្លងបោះពុម្ពជា PDF ដើម្បីរក្សាទុកនិងចែកចាយជាសាធារណៈ ។ និយាយឲ្យខ្លី សៀវភៅ ឌីជីថល ឬ ភីឌីអេហ្វ គឺប្រៀបដូចជាចំណេះដឹកដែរ ។ របស់ទាំងពីរនេះ ងាយថែរក្សាទុកដាក់ដូចគ្នា ។ មួយស្ថិតនៅក្នុងអង្គចងចាំកំព្យូទ័រ មួយទៀតស្ថិតនៅក្នុងខួរក្បាល ។ ដើម្បីបង្កើតឬបំផ្លែងឯកសារ (Convert File into PDF) ឲ្យទៅជាសៀវភៅ ឌីជីថល ឬ អេឡិចត្រូនិក កំព្យូទ័រអេប៉ល ម៉ាក់ប៊ុក មានកម្មវិធីធ្វើដូចតទៅ៖ File => Print. On the bottom left of Print Box, Press on Downward arrow next to PDF. Select Save as PDF. The File or Book as PDF digital format is made! គួរកត់សម្គាល់ថា សៀវភៅល្បីៗជាច្រើនត្រូវបានគេចម្លងនិងបង្កើតជា ឌីជីថលប៊ុករួចហើយ ។ ដូច្នេះ ដើម្បីជៀសវាងធ្វើកិច្ចការត្រួតលើគ្នា គប្បីស្រាវជ្រាវនៅក្នុងប្រព័ន្ធ អុីនថឺណិត ពិនិត្យមើលថាតើសៀវភៅដែលយើងចង់ចម្លងធ្វើជាសៀវភៅ ឌីជីថលនោះ មានគេធ្វើរួចហើយឬនៅ ៕

Saturday, April 13, 2019

ចំណីខួរក្បាល

បដិវត្តន៍អត់ពណ៌ ១៧ មេសាកម្ពុជារំដោះ សម្រែកជ័យឃោស កក្រើកមេឃា ដុំពពកខ្មៅរលាយហើយណា រស្មីភ្លឺថ្លា បដិវត្តន៍ចាំងចែង ។ នេះគឺជាវគ្គមួយនៃចម្រៀងបដិវត្តន៍ខ្មែរក្រហមដែលខ្ញុំបានឮដំបូងបំផុតកាលពី ៤៤ឆ្នាំមុន ។ វាបានដក់ជាប់នៅក្នុងការចងចាំរបស់ខ្ញុំរហូតដល់ថ្ងៃនេះ ដោយហេតុតែចម្រៀងនេះផ្សារភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍ជម្លៀសប្រជាជនចេញអំពីទីក្រុងទៅកាន់ជនបទ ។ បដិវត្តន៍និងការធ្វើទុក្ខបុកម្នេញកាប់សម្លាប់ពលរដ្ឋខ្មែរយ៉ាងព្រៃផ្សៃពីសំណាក់ពួកខ្មែរក្រហម ត្រូវបានគេសរសេរកត់ត្រាទុកជាច្រើនមកហើយ ប៉ុន្តែចំណុចសំខាន់មួយចំនួនហាក់ដូចជានៅស្រពិចស្រពិលនៅឡើយ ។ ដើម្បីរំលឹកអំពីអនុស្សាវរីយ៍ដ៏ជូចត់មួយនេះ ខ្ញុំសូមលើកយកកត្តាពាក់ព័ន្ធជាប្រវត្តិសាស្ត្រមួយចំនួនមកលាតត្រដាងនៅក្នុងអត្ថបទនេះ ។ ដើមកំណើតនៃសោកនាដកម្មខ្មែរនៅក្នុងសម័យខ្មែរក្រហម មានប្រភពចេញមកពីវីរជនវៀតណាមមួយរូបឈ្មោះ ហូ ជីមីញ ។ នៅដើមទសវត្សឆ្នាំ ១៩៣០ ហូ ជីមីញ និងឥស្សរជនចិនមួយរូបឈ្មោះ តេង ស៊ាវពីង បានជួបគ្នានាគ្រាដែលពួកគេទៅសិក្សានៅក្នុងប្រទេសបារាំង ។ នៅទីនោះ ពួកគេបានចូលជាសមាជិករបស់អង្គការ ខំមីនថឺន (Comintern OR Communist International) ។ គួរបញ្ជាក់ថា សហភាពសូវៀតដែលទើបនឹងទទួលបានជ័យជម្នះនៅក្នុងបដិវត្តន៍បង្កើតលទ្ធិកុម្មុយនីស្តប្រមាណជាជាងមួយទសវត្សកន្លងទៅ បានបង្កើតអង្គការខំមីនថឺនឡើងដើម្បីផ្សព្វផ្សាយលទ្ធិកុម្មុយនីស្តឲ្យបានទូលំទូលាយ ។ បន្ទាប់ពីទទួលការហ្វឹកហាត់វគ្គនយោបាយនិងបានចូលរួមមហាសន្និបាតនៅទីក្រុងមូស្គូរួច ហូ ជីមិញ បានធ្វើដំណើរទៅដល់ប្រទេសចិន ។ នៅទីនោះ គាត់បានទៅចូលរួមនៅក្នុងមហាសន្និបាតខំមីនថឺនមួយទៀតដែលរៀបចំឡើងនៅតំបន់កង់តុង (Guangdung) នៅក្នុងឆ្នាំ ១៩៣៩ ។ អំឡុងពេលស្នាក់នៅតំបន់កង់តុង ហូ ជីមិញ បានជួបនឹងសកម្មជនវៀតណាមមួយចំនួន ។ ពួកគេបានលបលួចនាំហូ ជីមិញ មកកាន់ទីក្រុងហាណូយហើយក៏បានបង្កើតចលនារំដោះជាតិវៀតណាមចេញពីនឹមអាណានិគមបារាំង ។ គេហៅចលនានោះថា វៀតមិញ (Viet Minh) ដែលមាន ហូ ជីមិញ ឡេ យន់ ផាំ វ៉ាន់ដុង ឡេ ដឹកថូ និង វ៉ូ ង្វៀងយ៉ាប់ ជាស្ថានិកសំខាន់ ។ ក្រោយមក ឡេ ដឹកថូ បានជួបនឹងយុវនិស្សិតវៀតណាមនៅភាគខាងត្បូងមួយរូបឈ្មោះ ផាំ ស៊ុនហួន ដែលជាអ្នកស៊ើបការណ៍ដ៏ចំណានបំផុតនៅក្នុងប្រវត្តិសាស្ត្រវៀតណាម ។ ផាំ ស៊ុនហួនត្រូវបានបញ្ជូនឲ្យទៅសិក្សានៅសហរដ្ឋអាមេរិកហើយរកឱកាសធ្វើការជាមួយភ្នាក់ងារសារពត៌មានអាមេរិកាំងដើម្បីស៊ើបយកពត៌មាននៅពេលដែលគាត់វិលត្រឡប់មកវៀតណាមវិញ ។ គាត់បានក្លាយជាបុគ្គលសំខាន់មួយរូបនៅក្នុងសង្គ្រាមរវាងវៀតណាមនិងអាមេរិក ។ នៅក្នុងអំឡុងពេលស្របាលគ្នានោះ ប្រទេសខ្មែរក៏មានការរំជើបរំជួលនយោបាយផងដែរ ។ គួរកត់សម្គាល់ថា ឆ្នាំ១៩៣៩ជាការចាប់ផ្តើមនៃសង្គ្រាមលោកលើកទី ២ ហើយប្រទេសបារាំងដែលជាអាណានិគមគ្រុបគ្រងប្រទេសយួន លាវ កម្ពុជា និងតំបន់កម្ពុជាក្រោមនោះត្រូវបានយោធាអាល្លឺម៉ង់វាយប្រហារយ៉ាងដំណំ ។ ឆ្លៀតឱកាសនោះ ខ្មែរមួយក្រុមដឹកនាំដោយលោក សឺន ង៉ុកថាញ់ ប៉ាច ឈឺន ប៊ុណ្ណចន្ទ ម៉ុល និងអាចារ្យ ហែម ជៀវ បាននាំគ្នាធ្វើបាតុកម្មទាមទារឲ្យបារាំងផ្តល់សិទ្ធិសេរីភាពឲ្យខ្មែរក្នុងការសម្រេចជោគវាសនារបស់ខ្លួន ។ បារាំងបានចាប់មេបាតុករមួយចំនួន លើកលែងតែលោក សឺន ង៉ុកថាញ់ដែលរត់គេចខ្លួនរួច យកទៅដាក់គុកនៅកោះ ត្រឡាច ។ អាចារ្យ ហែម ជៀវបានស្លាប់នៅទីនោះ ឯអ្នកដទៃទៀតត្រូវបានដោះលែងវិញបន្ទាប់ពី ជប៉ុនវាយលុកយកបានតំបន់អាសុីអគ្នេយ៍ ។ លុះជប៉ុនចាញ់សង្គ្រាមលោកលើកទី ២ បារាំងបានវិលត្រឡប់មកត្រួតត្រាតំបន់ឥណ្ឌូចិនវិញ ហើយអតីតអ្នកទោសដែលជប៉ុនបានដោះលែងពីគុកនៅកោះត្រឡាច មានលោកប៊ុណ្ណចន្ទ ម៉ុល ជាអាទ៍ បាននាំគ្នារត់គេចខ្លួនទៅកទ័ពប្រឆាំងនឹងបារាំងនៅតាមបណ្តោយជួរភ្នំដងរែក ។ ពួកគេហៅចលនានោះថា ខ្មែរឥស្សរៈ ។ នៅឯស្រុកយួនឯនោះវិញ ពួកវៀតមិញបានពង្រីកឥទ្ធិពលរបស់គេនៅអំឡុងពេលបារាំងចាញ់ដៃជប៉ុន ដោយបង្កើតឲ្យមានក្រុមវៀតមិញនៅក្នុងប្រទេសខ្មែរភាគខាងកើតនិងនៅប្រទេសឡាវ ។ នៅក្នុងប្រទេសខ្មែរ គេហៅចលនានោះថា៖ ខ្មែរវៀតមិញ ។ ឯនៅប្រទេសឡាវគេហៅថា៖ ឡាវឥស្សរា ។ ចលនាខ្មែរវៀតមិញនិងខ្មែរឥស្សរៈបានជួបពិភាក្សាគ្នាម្តងពីរដែរដើម្បីសហការគ្នាវាយប្រហារបារាំង ប៉ុន្តែមិនចុះសម្រុងនឹងគ្នាទេ ។ ដល់ចំណុចនេះ ខ្ញុំសូមបើករង្វង់ក្រចកនិយាយអំពីខ្មែរមួយក្រុមដែលទៅសិក្សានៅស្រុកបារាំង ។ ក្រោយសង្គ្រាមលោកលើកទី ២ មូលនិធិរ៉ុកហ្វែល្លឺ (Rockfeller Foundation) បានផ្តល់ថវិកាឲ្យសាកលវិទ្យាល័យប៉ារីស ដើម្បីសាងសង់អគារស្នាក់នៅនិងផ្តល់អាហារូបករណ៍ដល់និស្សិតនៅជុំវិញពិភពលោកមកសិក្សានៅស្រុកបារាំង ។ គេធ្វើរបៀបនេះក្នុងគោលបំណងឲ្យយុវជនដែលមានពូជអម្បូរខុសគ្នាមានឱកាសជួបប្រាស្រ័យទាក់ទងគ្នាដើម្បីកសាងមិត្តភាពនិងបញ្ជៀសកុំឲ្យសង្គ្រាមលោកកើតឡើងទៀត ។ គេដាក់ឈ្មោះអគារស្នាក់នៅទាំងនោះថា៖ ផ្ទះខ្មែរ ផ្ទះវៀតណាម ផ្ទះអាល់ហ្សឺរី ជាដើម ។ល។ នៅឆ្នាំ ១៩៤៩ និស្សិតខ្មែរមួយក្រុមត្រូវបានអនុញាតិឲ្យទៅសិក្សានៅស្រុកបារាំងនាគ្រានោះ ។ ក្នុងចំណោមនិស្សិតទាំងនោះមានជាអាទ៍លោក៖ សាឡុត ស (ហៅ ប៉ុល ពត) អៀង សារី ខៀវ សំផន គាត ឆុន ខៀវ បុណ្ណារី និង អៀង ធីរិទ្ធ ជាដើម ។ល។ បងប្អូនត្រកូល ជួន ដែលជាក្មួយរបស់លោក ប៊ុណ្ណចន្ទ ម៉ុល និងមនុស្សសំខាន់ៗជាច្រើនទៀតនៅក្នុងជួរខ្មែរក្រហមក៏មានមុខនៅទីនោះដែរ ។ និស្សិតខ្មែរទាំងនោះបានបង្កើតក្រុមសកម្មភាពនយោបាយមួយដែលពួកគេហៅថា៖ វង្សម៉ាក្សសុីស (Marxist Circle) ។ លោក កេង វ៉ាន់សាក់ ក៏ធ្លាប់ចូលរួមពិភាក្សាជាមួយនឹងសកម្មជននយោបាយទាំងនោះដែរ ។ គួរកត់សម្គាល់ដែរថា ឆ្នាំ១៩៤៩នេះ ក៏ជាឆ្នាំដែលបារាំងធ្វើស្ថិតិជំរឿនចំនួនពលរដ្ឋនៅកម្ពុជាក្រោមហើយសម្រេចភ្ជាប់ទឹកដីតំបន់នោះឲ្យទៅប្រទេសវៀតណាម ត្បិតជនជាតិវៀតណាមដែលរស់នៅក្នុងតំបន់នោះមានចំនួនច្រើនជាងជនជាតិខ្មែរ ។ នៅឯប្រទេសចិន ពួកកុម្មុយនីស្តក៏ទទួលបានជ័យជម្នះហើយប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលមានលោកប្រធាន ម៉ៅ សេទុង ជាអ្នកដឹកនាំ ។ កត្តាចម្បងដែលធ្វើឲ្យអាណានិគមបារាំងនៅឥណ្ឌូចិនក្រឡាប់ចាក់ គឺបរាជ័យនៅសមរភូមិ ឌៀនបៀនភូ ដែលស្ថិតនៅភាគខាងជើងនៃប្រទេសវៀតណាម ។ នៅឆ្នាំ ១៩៥៣ ហូ ជីមិញ និងយុទ្ធមិត្តរបស់គាត់អមដោយជំនួយសម្ភារៈសឹកពីសំណាក់មហាមិត្តចិន បានឡោមព័ទ្ធវាយកំទេចមូលដ្ឋានទ័ពដ៏រឹងមាំមួយរបស់បារាំងនៅតំបន់ឌៀនបៀនភូ ។ បន្ទាប់ពីបរាជ័យនៅឌៀនបៀនភូ បារាំងក៏សម្រេចចិត្តកោះប្រជុំសន្និសិទមួយនៅទីក្រុងហ្សឺណែវ ដើម្បីផ្តល់ឯករាជ្យឲ្យប្រទេស យួន ឡាវ និង ខ្មែរ ។ ក្រុមអ្នកតស៊ូប្រឆាំងនឹងបារាំងទាំងប៉ុន្មាន ដែលមានទឹកដីខ្លះស្ថិតនៅក្រោមការត្រួតត្រារបស់ខ្លួន អាចមានកៅអីអង្គុយនៅតុចចារ ។ ក្រុម ហូ ជីមិញ តំណាងឲ្យវៀតណាមនៅភាគខាងជើង ។ ឯភាគខាងត្បូងនិងតំបន់កម្ពុជាក្រោមតំណាងដោយក្រុមលោក ង៉ោ ឌិញយៀម បន្ទាប់ពីស្តេច បៅ ដាយ បានដាក់រាជ ។ ចំណែកឯប្រទេសខ្មែរ ពួកឥស្សរៈ ជាពិសេសខ្មែរវៀតមិញ បានទាមទារអង្គុយក្នុងតុចចារដែរ ប៉ុន្តែត្រូវបានរារាំងដោយគណប្រតិភូខ្មែរដឹកនាំដោយលោក សម សារី ឪពុកលោក សម រង្សី សព្វថ្ងៃនេះ ។ បន្ទាប់ពីការចចារគ្នានៅទីក្រុងហ្សឺណែវ ឧបទ្វីបឥណ្ឌូចិនត្រូវបានបែងចែកជាបួនប្រទេសគឺ៖ វៀតណាមខាងជើង វៀតណាមខាងត្បូង (ដែលមានកម្ពុជាក្រោមនៅក្នុងនោះ) ខ្មែរ និង ឡាវ ។ គួរកត់សម្គាល់ថា អំឡុងពេលដែល ហូ ជីមិញ បង្កើតចលនាវៀតមិញនោះ ពួកគេបានរៀបចំបណ្តាញទូទាំងប្រទេសវៀតណាមទាំងមូល រាប់បញ្ចូលទាំងក្រុមខ្មែរវៀតមិញនៅក្នុងស្រុកខ្មែរផងដែរ ។ ដូច្នេះ សន្និសិទហ្សឺណែវតម្រូវឲ្យសកម្មជនវៀតមិញទាំងនោះទៅរួមរស់ជាមួយនឹងម្ចាស់របស់ពួកគេនៅក្នុងប្រទេសវៀតណាមភាគខាងជើង ។ អ្វីដែលជាមេរៀនចេញអំពីសន្និសិទហ្សឺណែវនោះ គឺថាពួកកុម្មុយនីស្តមិនបានគោរពតាមគោលការណ៍កិច្ចព្រមព្រៀងទេ ។ ភ្នាក់ងារសម្ងាត់របស់ពួកគេនៅតែបន្តសកម្មភាពនៅក្នុងតំបន់ដែលស្ថិតក្រោមអធិបតេយ្យភាពប្រទេសដទៃ ដូចជានៅស្រុកខ្មែរជាដើម ។ និយាយអំពីក្រុមនិស្សិតខ្មែរម៉ាក្សសុីសនៅស្រុកបារាំងវិញម្តង ។ បន្ទាប់ពីសិក្សាអំពីការធ្វើបដិវត្តន៍និងពង្រឹងគោលជំហរបានល្អគួរសម ពួកគេបានសម្រេចនាំគ្នាវិលមកស្រុកខ្មែរដើម្បីកែប្រែសង្គមឲ្យបានល្អរុងរឿង ។ ដើមឡើយ គោលដៅរបស់ពួកគេគឺកំចាត់អាណានិគមបារាំងឲ្យវិនាសពីស្រុកខ្មែរ ។ ប៉ុន្តែ ដោយហេតុតែបារាំងបានប្រគល់ឯករាជ្យមកឲ្យខ្មែររួចហើយ ពួកគេក៏សម្រេចផ្តោតការវាយប្រហារទៅលើពួកសក្តិភូមិ នាយទុន ប្រត្តិកិរិយាវិញម្តង ។ និយាយឲ្យចំគឺផ្តួលរំលំរំលាយរាជានិយមចោល ។ អ្នកដែលត្រឡប់មកស្រុកខ្មែរមុនគេនៅដើមទសវត្សឆ្នាំ ១៩៥០ គឺ ប៉ុល ពត ។ អំឡុងពេលនោះ ប្រទេសខ្មែរទើបទទួលបានឯករាជ្យពីបារាំង ហើយស្តេច នរោត្តម សីហនុ ដែលជាប្រមុខរដ្ឋបានអំពាវនាវឲ្យក្រុមខ្មែរតស៊ូប្រឆាំងបារាំងទាំងអស់ដាក់អាវុធចុះចូលជាមួយរដ្ឋាភិបាល ។ ខ្មែរឥស្សរៈនៅភ្នំដងរែកមួយចំនួនដូចជាលោក ដាប ឈួន ប៊ុណ្ណចន្ទ ម៉ុល និង ធម្មបាល ខៀវ ជុំ បានបញ្ឈប់សកម្មភាពហើយវិលមករួមរស់ក្នុងសង្គមខ្មែរវិញ ប៉ុន្តែក្រុមខ្មែរវៀតមិញដែលបង្កើតឡើងដោយ ហូ ជីមិញ នោះ មិនបញ្ឈប់គំនិតតស៊ូរបស់ខ្លួនទេ ។ គួរកត់សម្គាល់ថា នៅពេលដែល ហូ ជីមិញ បញ្ជូន ឡេ យន់ និង ឡេ ដឹកថូ ឲ្យមករៀបចំបណ្តាញវៀតមិញនៅស្រុកខ្មែរ ពួកគេបានជ្រើសយកតំបន់ខេត្ត តាកែវ កំពត និង កំពង់ស្ពឺ ធ្វើជាចំណុចកណ្តាល (Headquarters) ហើយជ្រើសរើសមនុស្សម្នាក់ឲ្យធ្វើជាស្នងការ ។ គេមិនទាន់មានលេខាបក្សទេនៅគ្រានោះ ព្រោះក្រុមខ្មែរវៀតមិញជាបុត្រសម្ព័ន្ធរបស់ ចលនាវៀតមិញដែលមានវៀតណាមនិង ហូ ជីមិញ ជាអ្នកចាត់ចែងការងារ ។ មនុស្សទីមួយដែលកាន់កិច្ចការស្នងការនៃក្រុមខ្មែរវៀតមិញគឺ អាចារ្យ មៀន ដែលយួនអោយដូរឈ្មោះជា សឺន ង៉ុងមិញ ដើម្បីបោកប្រាស់អ្នកតស៊ូដទៃឲ្យទៅចូលរួមជាមួយត្បិតគិតថា សឺន ង៉ុងមិញ និង សឺន ង៉ុងថាញ់ ជាបងប្អូននឹងគ្នា ។ មុខងារជាស្នងការ គ្រោះថ្នាក់ខ្លាំងណាស់ ។ គុកនិងសេចក្តីស្លាប់ស្ថិតនៅក្បែរខ្លួនប្រៀបដូចជាស្រមោលអន្ទោលតាមប្រាណ ។ ដើម្បីកាត់បន្ថយហានិភ័យ ខ្មែរវៀតមិញបានបង្កើតតួនាទីមួយហៅថា នីរសារ ដែលជាអ្នកនាំសារពីស្នងការទៅកាន់សមាជិកនានា និងពីសមាជិកនានាមកឲ្យស្នងការ ។ អតីតកម្មាភិបាលខ្មែរក្រហមជាច្រើន រាប់បញ្ចូលទាំងអ្នកដែលមានវាសនាបានមកដឹកនាំប្រទេសកម្ពុជាសព្វថ្ងៃ គឺសុទ្ធតែធ្លាប់បានកាន់តួនាទីជា នីរសារ នេះ ។ ស្នងការនិងនីរសារ ជាគន្លឹះស្លាប់រស់របស់ការតស៊ូនៃពួកខ្មែរវៀតមិញ ឬខ្មែរក្រហម ហើយក៏ជាមុខសញ្ញានៃការវាយប្រហាររបស់អាជ្ញាធរដែរ ។ ដោយហេតុតែសកម្មភាពនៃក្រុមខ្មែរវៀតមិញ ជាសកម្មភាពលួចលាក់ ការស្លាប់របស់ស្នងការនិងនីរសារមួយចំនួនក៏ស្ថិតនៅក្នុងភាពអាថ៌កំបាំងដែរ ។ អាចារ្យ មៀន ត្រូវបានគេលួចសម្លាប់បន្ទាប់ពីកាន់កិច្ចការបានមួយរយៈ ។ នៅអំឡុងឆ្នាំ ១៩៥៥ លោក ទូ សាមុត ត្រូវបានតែងតាំងឲ្យធ្វើជាស្នងការ ។ ឯទីតាំងប្រតិបត្តិការណ៍ក៏ត្រូវបានរំកិលមកកាន់ទីក្រុងភ្នំពេញដែរ ។ នៅក្នុងកំឡុងពេលនេះ ប៉ុល ពត និង សុីវ ហេង ដែលត្រូវជាឪពុកមារបស់លោក នួន ជា បានមកចូលរួមជាមួយនឹង ទូ សាមុត ដើម្បីរៀបចំឲ្យមានអង្គការបក្សកុម្មុយនីស្តនៅកម្ពុជា ។ ទូ សាមុត បានក្លាយជាលេខាបក្សនាគ្រានោះ ប៉ុន្តែត្រូវបានគេលួចសម្លាប់យ៉ាងអាថ៌កំបាំងទៀត ។ បន្ទាប់ពី ទូ សាមុត ស្លាប់ សុីវ ហេង ក៏សុំចាកចេញពីចលនាតស៊ូ ។ តំណែងលេខាបក្សក៏ធ្លាក់មកដល់ ប៉ុល ពត ដែលមាន នួន ជា ជាជំនួយការជំនិត ។ នួន ជា ដែលមានភក្តីភាពជាមួយនឹង ប៉ុល ពត ជាងឪពុកមាខ្លួនបានដាក់ការសង្ស័យលើ សុីវ ហេង នៅក្នុងការស្លាប់របស់ ទូ សាមុត និងសកម្មជនដទៃ ។ កិច្ចប្រជុំសម្ងាត់មួយត្រូវបានរៀបចំឡើងនៅក្បែរចំណតរថភ្លើងភ្នំពេញ ដោយមានការជួយជ្រោមជ្រែងពីបងប្អូនត្រកូល ជួន ។ បន្ទាប់ពីកិច្ចប្រជុំនោះ គេក៏សម្រេចឲ្យ ប៉ុល ពត គេចខ្លួនទៅនៅក្នុងព្រៃ ហើយបង្កើតឲ្យមានស្នងការក្រុងភ្នំពេញ ដើម្បីគៀងគរនិស្សិតបញ្ញវ័ន្ត និងមន្ត្រីរាជការឲ្យចូលរួមនៅក្នុងចលនាតស៊ូ ។ លោក កេង វ៉ាន់សាក់ បានជូនដំណើរ ប៉ុល ពត ដោយសម្ងាត់ ។ ពួកគេជិះកាណូតឆ្លងពីខេត្តកំពង់ចាមទៅកាន់ស្រុក ក្រូចឆ្មារ ហើយដាក់ ប៉ុល ពត នៅទីនោះដើម្បីឲ្យពួកនីរសារនាំគាត់ទៅកាន់ការិយាល័យលេខ ១០០ ដែលជាមូលដ្ឋានសម្ងាត់របស់ចលនាយួនវៀតមិញស្ថិតនៅក្នុងស្រុក ស្នួល ។ បន្ទាប់មក ប៉ុល ពត បានទៅជួប ហូ ជីមិញ នៅប្រទេសវៀតណាមភាគខាងជើង ។ ចលនាយួនវៀតមិញ និងខ្មែរវៀតមិញដែលដឹកនាំដោយ ប៉ុល ពត បានសហការគ្នាតស៊ូរហូតដល់ឆ្នាំ ១៩៧៣ ទើបបែកបាក់គ្នា ។ បន្ទាប់ពី ប៉ុល ពត ភៀសខ្លួនទៅនៅក្នុងព្រៃ កិច្ចការនានានៅក្នុងក្រុងត្រូវបានចាត់ចែងដោយ ស្នងការក្រុងភ្នំពេញ ។ មនុស្សទីមួយដែលធ្វើកិច្ចការនេះគឺលោក ដាំ ផេង ។ នៅទសវត្សឆ្នាំ ១៩៦០ ដាំ ផេង ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់បានហើយធ្វើទណ្ឌកម្មយ៉ាងទម្ងន់ដើម្បីស្វែងរកបក្សពួកដទៃ ។ គាត់បានស្លាប់នៅក្នុងគុក ។ លុះ ដាំ ផេង ស្លាប់ទៅ លោក វន វ៉េត ត្រូវបានចាត់តាំងឲ្យធ្វើជាស្នងការក្រុងភ្នំពេញ បន្តទៅទៀត ។ វន វ៉េត ធ្វើជាស្នងការក្រុងភ្នំពេញរហូតដល់ក្រុមខ្មែរក្រហមវាយលុកយកទីក្រុងភ្នំពេញបាននៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ។ គាត់ជាមនុស្សមានសមត្ថភាពខ្ពស់ក្នុងការបញ្ចុះបញ្ចូលមន្ត្រីរាជការនៅសម័យនោះ ឲ្យទៅចូលរួមក្នុងចលនាតស៊ូខ្មែរក្រហម ។ លោក អុិត សារិន អធិការបឋមសិក្សានិងជាអ្នកសរសេរសៀវភៅ ស្រណោះព្រលឹងខ្មែរ ជាមន្ត្រីមួយរូបក្នុងចំណោមមន្ត្រីជាច្រើននាក់ដែលជឿលើការឃោសនារបស់ វន វ៉េត ។ នៅឆ្នាំ ១៩៧៧ វន វ៉េត ត្រូវបាន ប៉ុល ពត ចោទថាក្បត់បក្សហើយក៏ត្រូវគេចាប់យកទៅធ្វើទណ្ឌកម្មនៅក្នុងគុក ទួលស្លែង ។ គាត់ស្លាប់នៅទីនោះ ។ គួរកត់សម្គាល់ថា វន វ៉េត និង ប៉ុល ពត មានទម្រង់មុខដូចគ្នាស្ទើរតែចាប់ច្រឡំ ។ ពួកគាត់ជាមនុស្សពីររូបដែលយកជីវិតទៅប្រឈមនឹងគ្រោះថ្នាក់ដ៏ធំធេងបំផុតដើម្បីធ្វើបដិវត្តន៍លុបបំបាត់អំពើព្រៃផ្សៃនៅក្នុងសង្គមខ្មែរ ។ នៅទីបំផុត របបគ្រុបគ្រងរបស់ពួកគាត់បានក្លាយទៅជានិមិត្តរូប នៃភាពព្រៃផ្សៃសូម្បីតែយុទ្ធមិត្តដែលធ្លាប់យកជីវិតទៅប្តូរស្លាប់រស់ជាមួយគ្នាក៏មិនអត់អោនឲ្យដែរ ។ សំណួរមួយដែលខ្ញុំធ្លាប់លើកយកមកសួរមនុស្សជំនាន់លោក ប៉ុល ពត ថាតើហេតុអ្វីបានជាមនុស្សសម័យនោះជ្រើសរើសយកលទ្ធិកុម្មុយនីស្តមកធ្វើជាបង្អែកដើម្បីស្វែងរកវឌ្ឃនភាពឲ្យសង្គមខ្មែរ ។ ចម្លើយដ៏សាមញ្ញបំផុតគឺថា លទ្ធិកុម្មុយនីស្តសម័យនោះមានប្រជាប្រីយ៍និងផ្តល់ក្តីសង្ឃឹមដល់អ្នកតស៊ូដូចលទ្ធិប្រជាធិបតេយ្យនាសម័យនេះដែរ ។ ទ្រឹស្តីនិងគោលគំនិតមានភាពល្អឥតខ្ចោះក្នុងការស្វែងរកនិងបង្កើតសង្គមមួយប្រកបដោយយុត្តិធម៌ សមធម៌ និង "ធម្ម" ល្អៗដទៃទៀតដែលមនុស្សចង់បាន ។ អ្វីដែលជាកត្តាធ្វើឲ្យការប្រឹងប្រែងបរាជ័យនិងរងគ្រោះមហន្តរាយ គឺសេចក្តីលោភលន់និងភាពវង្វេងវង្វាន់ក្នុងអំណាច ។ ប៉ុល ពតក្តី អ្នកដទៃក្តី យកលទ្ធិកុម្មុយនីស្តមកធ្វើជាគោលការណ៍ក្តី លទ្ធិប្រជាធិបតេយ្យក្តី នៅពេលដែលអំណាចធ្លាក់មកដល់កណ្តាប់ដៃ គឺប្រឈមនឹងភាពឆ្កួតលេលាដូចគ្នា ។ សូម្បីតែស្មេរដែលសរសេរអត្ថបទនេះ ក៏មិនប្រាកដថាអាចគេចរួចអំពីបណ្តាសារនៃអំណាចដែរ នៅពេលដែលអំណាចធ្លាក់មកដល់ដៃខ្លួន ។ លោក ជក អ័រវ៉ែល ដែលជាស្មេរនៃរឿង កាលនោះបដិវត្តន៍មួយ (Animal Farm) បានបង្ហាញច្បាស់លាស់ណាស់អំពីសច្ចៈភាពដ៏គួរឲ្យខ្លាចនេះ ៕

Tuesday, March 26, 2019

ចំណីខួរក្បាល

ធ្លាក់ទឹកចិត្ត (Depression) ខ្ញុំធ្លាប់បានសរសេរជាញឹកញាប់អំពីជម្ងឺដែលពាក់ព័ន្ធនឹងប្រព័ន្ធសសៃប្រសាទ ឬខួរក្បាល ។ ដោយឡែកជម្ងឺ ធ្លាក់ទឹកចិត្ត (Depression) ដែលអាចរុកកួនមនុស្សគ្រប់រូបដោយមិនរើសមុខ ហាក់ដូចជាមានភាពច្របូកច្របល់នៅក្នុងការយល់ដឹងរបស់មនុស្សទូទៅ ។ តាមពិត ជម្ងឺនេះមិនពិបាកយល់ទេ ។ ជាបឋមពាក្យ Depression មិនគួរប្រែថា បាក់ទឹកចិត្តទេ ពីព្រោះបើយើងយកពាក្យ "បាក់" មកវិភាគ អ្វីដែលបាក់អាចនាំទៅដល់មរណៈ ។ ឧទាហរណ៍ មែកឈើដែលបាក់មិនអាចរស់រានមានជីវិតតទៅទៀតឡើយ ។ ឯដៃជើងមនុស្សក៏ដូចគ្នាដែរ ។ នៅពេលដែលវាបាក់ដាច់ចេញអំពីដងខ្លួន វានឹងខូចបង់ ថ្វីត្បិតតែបច្ចេកវិជ្ជាបច្ចុប្បន្នអាចយកអវៈយវដែលដាច់ចេញទៅ មកតភ្ជាប់នឹងដងខ្លួនវិញបានក៏ដោយ ក៏ប្រតិបត្តិការណ៍ (Function) នៃអវៈយវនោះមិនល្អដូចដើមដែរ ។ វាមិនខុសអំពីកែវដែលបែកនោះទេ ។ គេអាចយកជ័រកាវមកបិទផ្គុំបំណែកទាំងនោះឲ្យកើតជាកែវឡើងវិញ ប៉ុន្តែវាមិនអាចមានភាពរឹងមាំដូចមុនឡើយ ។ "ធ្លាក់" ខុសអំពី "បាក់" ត្រង់ថា នៅពេលដែលយើងលើកវាមកជួសជុលព្យាបាលជាសះស្បើយ វានឹងមានសភាពល្អដូចដើមវិញ ។ ធ្លាក់ទឹកចិត្ត (Depression) ជាចំណុចកណ្តាលនៃរោគ "ទឹកចិត្ត" ដែលមានប្រភពចេញមកពីកង្វល់ (Stress) ។ កង្វល់និងទុក្ខមានសភាពដូចគ្នា ។ វាមានពីរប្រភេទ គឺកង្វល់ដែលអ្នកដទៃដឹង និងកង្វល់ដែលអ្នកដទៃមិនដឹងមិនយល់ ។ កង្វល់ខ្លះ សូម្បីបុគ្គលខ្លួនឯងដែលកំពុងតែខ្វាយខ្វល់នោះក៏មិនដឹងឬយល់ថាខ្លួនកំពុងមានកង្វល់ដោយសារហេតុផលអ្វីផង ។ នេះគឺជាអាថ៌កំបាំងមួយនៃរោគធ្លាក់ទឹកចិត្ត ។ ដើម្បីងាយស្រួលក្នុងការស្វែងយល់ យើងអាចចែករោគសញ្ញាជំងឺ "ទឹកចិត្ត" ជាបីតំណាក់កាល៖ កង្វល់ => ធ្លាក់ទឹកចិត្ត => បាក់ទឹកចិត្ត (Stress => Depression => Breaking Point) ។ កង្វល់និងទុក្ខវាកើតមកនិងរស់នៅជាមួយនឹងរូបមនុស្សជាធម្មតា ។ យើងដោះស្រាយកង្វល់រាល់តែថ្ងៃហើយក៏មិនសូវកត់សម្គាល់អំពីកង្វល់នានាដែរ ។ យើងចាប់ផ្តើមកត់សម្គាល់កង្វល់នៅពេលដែលអំពល់ណាមួយផ្តល់ឧបស័គ្គដល់ជីវិតយើង ឬក៏នាំយើងទៅដល់ការបរាជ័យ ។ ឧទាហរណ៍ ប្រឡងធ្លាក់ ដណ្តឹងកូនគេមិនបាន ឬបែកបាក់គូសង្សារជាដើម ។ល។ នេះគឺជាការចាប់ផ្តើមនៃជំងឺ ធ្លាក់ទឹកចិត្ត ។ នៅត្រឹមចំណុចនេះ ប្រសិនបើយើងអាចរកដំណោះស្រាយឲ្យការប្រឡងធ្លាក់ ឬក៏បាត់បង់គូសង្សារប្រកបដោយជោគជ័យ ជំងឺធ្លាក់ទឹកចិត្តនឹងជាសះស្បើយហើយជីវិតយើងក៏នឹងវិលទៅរកភាពប្រក្រតីវិញដែរ ។ ប៉ុន្តែ នៅពេលដែលកត្តាដែលធ្វើឲ្យយើងធ្លាក់ទឹកចិត្តនេះ មិនត្រូវបានដោះស្រាយទេ វានឹងញាំញីចិត្តយើងរហូតដល់ដំណាក់កាលមួយដែលភាសាអង់គ្លេសហៅថា៖ Breaking Point ឬ បាក់ទឹកចិត្ត ។ ទឹកចិត្តដែលបាក់ ជាទូទៅមានញាតិមិត្តចង្រៃចំនួនពីរចូលមកស្វាគម ។ ទីមួយគឺ កម្រោលចូល (Bipolar disease) ដែលធ្វើឲ្យអ្នកជម្ងឺបាត់បង់ម្ចាស់ការលើទង្វើរបស់ខ្លួន ។ គឺកម្រោលចូលនេះហើយដែលបណ្តាលឲ្យមនុស្សបាក់ទឹកចិត្តធ្វើអត្តឃាត ។ ទីពីរគឺ ស្រឺត (Stroke) ឬដាច់សសៃឈាមដែលអាចបណ្តាលឲ្យអ្នកជំងឺពិការឬមរណាផងដែរ ។ អ្នកដើរដល់ចំណុចបាក់ទឹកចិត្តខ្លះ អាចគ្មានញាតិមិត្តចង្រៃទាំងពីមកស្វាគមចូលរួមដំណើរនៅក្នុងជីវិតទេ ក៏ប៉ុន្តែ ជីវិតហាក់ដូចជាស្ថិតនៅក្នុងភាពសោះកក្រោះ ។ ខាងក្រោមនេះជាតារាងដែលបង្ហាញអំពីដំណាក់កាលនិមួយៗនៃជំងឺ "ទឹកចិត្ត" ។ គោលបំណងនៃការសរសេរអត្ថបទនេះ គឺចង់វែកញែកឲ្យបានជាក់លាក់អំពីភាពខុសគ្នានៃការប្រើប្រាស់ពាក្យ "ធ្លាក់ទឹកចិត្ត" និង "បាក់ទឹកចិត្ត" ៕

Wednesday, March 20, 2019

ចំណីខួរក្បាល

ចម្រៀង ខ្ញុំជាមនុស្សចូលចិត្តស្តាប់ចម្រៀង ប៉ុន្តែខ្ញុំអត់ចេះច្រៀងហើយក៏អត់ចេះលេងភ្លេងប្រគុំតន្ត្រីដែរ ។ ចម្រៀងដែលខ្ញុំចូលចិត្តស្តាប់ជាងគេគឺចម្រៀងរបស់លោក សុីន សុីសាមុត និងអ្នកស្រី រស់ សេរីសុទ្ធា ព្រមទាំងសីល្បករនានានៅក្នុងជំនាន់ជាមួយគ្នានោះ ។ បន្ទាប់ពីពួកខ្មែរក្រហមបំផ្លាញជីវិតអ្នកចម្រៀងសម័យនោះស្ទើរតែអស់រលីងទៅ ខ្ញុំបានបែរមកស្តាប់ចម្រៀងដែលផលិតដោយសីល្បករសម័យថ្មីវិញ ។ ប៉ុន្តែ អ្វីដែលជាការកត់សម្គាល់របស់ខ្ញុំ គឺថា ចម្រៀងសម័យក្រោយនេះ ស្តាប់ទៅហាក់ដូចជាគ្មានទឹកដមពីរោះរណ្តំដូចចម្រៀងសម័យលោកសុីន សុីសាមុត សោះ ។ បើយើងសង្កេតមើលពាក្យពេចន៍កំណាព្យកាព្យឃ្លោងនៅក្នុងបទចម្រៀងបច្ចុប្បន្ន វាហាក់ដូចជាមិនមានភាពខុសគ្នាឆ្ងាយអំពីចម្រៀងសម័យមុនទេ ។ ហើយសម្លេងមនុស្សសម័យនេះក៏មិនអន់ជាងសម្លេងមនុស្សសម័យមុនដែរ ។ ដូច្នេះ អ្វីដែលនៅសល់គឺយុទ្ធវិធីនៃការតាក់តែងរៀបចំបទភ្លេង ។ ខ្ញុំមិនចេះលេងភ្លេងហើយក៏មិនដែលបានរៀនអំពីតន្ត្រីដែ ។ ដូច្នេះ ការស្វែងយល់របស់ខ្ញុំអំពីមូលហេតុដែលធ្វើឲ្យបទចម្រៀងគ្មានទឹកដម ឬមិនពីរោះនោះ គឺមិនខុសអំពីមនុស្សខ្វាក់យកដៃទៅស្ទាបសត្វដំរីដើម្បីស្វែងយល់អំពីរូបរាងវាឡើយ ។ ទោះជាយ៉ាងណាក៏ដោយ សង្ឃឹមថាការស្រាវជ្រាវឆៅៗមួយនេះអាចផ្តល់សមត្តិកម្មខ្លះៗដល់មនុស្សមួយចំនួនដែលចង់ស្វែងយល់ដូចខ្ញុំដែរ ។ ចម្រៀងត្រូវការបទភ្លេងដើម្បីភ្ជាប់ទំនាក់ទំនងរវាង រូបារម្មណ៍និងសោតារម្មណ៍ ឲ្យស្អិតរមួតជាមួយគ្នា ។ ការសរសេរបទភ្លេងអមជាមួយនឹងបទចម្រៀងនិមួយៗ គឺលំបាកដូចជាការសរសេរកំណាព្យដែលជាទំនុកច្រៀងនោះដែរ ។ អ្នកដែលគ្មានទេពកោសល្យ មិនអាចធ្វើកើតឡើយ ។ នៅក្នុងក្រិត្យក្រមនៃការសរសេរបទភ្លេង គេត្រូវដើរតាមគោលការណ៍មួយចំនួនដូចជា៖ ខ័ត (Cord) ភីត (Pitch) ណោត (Note) អុកតាវ (Octave) កាដង់ (Cadence) តុង (Tone or Tune) ចង្វាក់ (Rhysm) ជាដើម ។ ខ្ញុំសូមលើកយកចំណុចបីគឺ៖ ណោត អុកតាវ និង កាដង់ មកបកស្រាយនៅទីនេះដើម្បីស្វែងយល់ខ្លះៗ ថាតើហេតុអ្វីបានជាបទចម្រៀងសម័យលោក សុីន សុីសាមុត ស្តាប់ទៅពីរោះចូលចិត្តជាងចម្រៀងនៅសម័យនេះ ។ គេចែកណោតភ្លេងនិមួយៗជាបួនគឺៈ 1, 1/2, 1/3, 1/4 ។ ចំណែក អុកតាវ គឺមានទម្រង់ទ្វេគុណ (2X)។ ឧទាហរណ៍៖ 2x2=4; 4x2=8 8x2=16 etc. ។ រីឯ កាដង់ គឺជាការផ្គុំគ្នានៃណោត ដែលមានចំនួន ៨ណោត ក្នុងមួយកាដង់ ។ គេហៅឈ្មោះណោតនីមួយៗថា៖ ដូ រ៉េ មី ហ្វា សុល ឡា សុី ដូ ហើយសរសេរកាត់ជាតួអក្សរឡាតាំង៖ C D E F G A B C ។ កាដង់ ដែលមានចំនួន ៨នោះ ជាមូលដ្ឋានគ្រឹះនៃបទភ្លេងនិងទំនុកច្រៀងផងទាំងពួង ។ ចម្រៀងដែលពីរោះឬមិនពីរោះ គឺអាស្រ័យលើការគោរពតាមគោលការរបស់កាដង់នេះឯង ។ គួរកត់សម្គាល់ដែរថា គេអាចបំភ្លៃចំនួនណោតនៅក្នុងកាដង់នីមួយៗបានដែរ ។ នៅក្នុងការតាក់តែងកំណាព្យខ្មែរ យើងមានមេកាព្យបទពាក្យ ៨ ដែលសីល្បៈករខ្មែរជំនាន់លោក សុីន សុីសាមុត ចូលចិត្តយកមកតែងធ្វើជាទំនុកច្រៀងណាស់ ។ បទចម្រៀងដែលពីរោះៗបំផុត ភាគច្រើនគឺប្រើគោលការណ៍ពាក្យឬចំនួន ៨ នេះឯង ។ ការប្រើគោលការណ៍ កាដង់ នៅក្នុងបទភ្លេងតែឯកឯងមិនទាន់អាចធ្វើឲ្យចម្រៀងពីរោះស្តាប់ឡើយ ។ អ្នកច្រៀងក៏ត្រូវគោរពតាមគោលការណ៍កាដង់នេះដែរ ដោយអនុវត្តតាមសម្លេងណោត ដូ រ៉េ មី ហ្វា ។ សម្លេងនេះគឺមានលក្ខណៈ ពីទាបទៅខ្ពស់ និង ពីខ្ពស់មកទាប ។ ពីទាបទៅខ្ពស់គឺសម្លេងចាប់ផ្តើមចេញពីប្រភព តំបារពោះត្រង់ចំណុចផ្ទឹត ចុងដង្ហើម ដើមទ្រូង បំពង់ក កន្លើត ក្រអូមមាត់ ខ្ទង់ច្រមុះ និង ថ្ងាស ។ ចំណុចទាំង៨នេះគឺសុីសង្វាក់គ្នាជាមួយនឹងកាដង់ ។ ចម្រៀងដែលពីរោះគឺមានភាពសុីសង្វាក់គ្នារវាងអ្នកច្រៀងនិងអ្នកប្រគុំបទភ្លេងដែលមានកាដង់ជានិយាម ដែលភាសាអង់គ្លេសហៅថា ហាម៉ូនី (Harmony) ។ ក្រៅអំពីភាពសុីសង្វាក់គ្នានេះ ការជ្រើសរើសឧបករណ៍ភ្លេងអមជាមួយនឹងសម្លេងអ្នកច្រៀងក៏ជាកត្តាសំខាន់មួយដែរ ។ តាមការសង្កេតរបស់ខ្ញុំ សីល្បករជំនាន់លោកសុីន សុីសាមុត គាត់និយមប្រើឧបករណ៍ប្រភេទ ផ្លុំ (Wind instrument) និងខ្សែកូត ឲ្យអមបទចម្រៀងមនោសញ្ចេតនា (Sentimental songs) ។ ឧបករណ័វាយដោយចង្កឹះដូចជា ស្គរនិងរនាត (Percussion) គេច្រើនប្រើអមជាមួយនឹងបទចម្រៀងប្រភេទរាំវង់និងរ៉ុក ។ ឯឧបករណ៍ខ្សែដេញដូចជា ចាបុី ហ្គីតា គេប្រើជាមួយនឹងចម្រៀងគ្រប់ប្រភេទ ។ រូបធាតុផ្សំទាំងអស់នេះហើយដែលខ្ញុំគិតថាធ្វើឲ្យបទភ្លេងនិងចម្រៀងសម័យលោក សុីន សុីសាមុត មានភាពពីរោះរងំរន្តំជាប់ដួងចិត្ត ស្តាប់មិនចេះជិនណាយ ។ ដើម្បីជាឧទាហរណ៍ ខ្ញុំសូមជូនចម្រៀងមួយបទ ដែលខ្ញុំគិតថាតាក់តែងរៀបចំគោរពតាមគោលការណ៍កាដង់បានសុក្រិតល្អណាស់ ។ មុននឹងបញ្ចប់ ខ្ញុំសូមលើកយកប្រវត្តិនៃចម្រៀងសម័យខ្មែរមករៀបរាប់បន្តិច ។ តាំងពីបុរាណកាលមក ខ្មែរយើងមិនដែលមានចម្រៀងសម័យទេ ។ វាទើបនឹងកើតមាននៅចុងសតវត្សទី ១៩ ក្នុងរជ្ជកាលព្រះបាទ នរោត្តម ។ បន្ទាប់ពីបង្ខំឲ្យស្តេចនរោត្តមចុះហត្ថលេខាដាក់ប្រទេសកម្ពុជាក្រោមអាណានិគមបារាំងនៅឆ្នាំ ១៨៦៣ បារាំងបានរៀបចំឲ្យព្រះអង្គទៅធ្វើទស្សនកិច្ចនៅក្រុង ហុងកុង និង ប្រទេស ហ្វីលីពីន ក្នុងឆ្នាំ ១៨៧២ ។ ប្រទេសហ្វីលីពីនដែលគ្រានោះស្ថិតនៅក្រោមអាណានិគមរបស់ អេស្ប៉ាញ បានរៀបចំប្រគុំតន្ត្រីនិងតង្វាយស្រីស្អាតមួយរូបដល់ស្តេចនរោត្តម ។ ប៉ុន្តែ ដោយសារការកកស្ទះចរាចរតាមផ្លូវ ព្រះនាងនោះមិនអាចមកជួបស្តេចនរោត្តមបានឡើយ ។ បន្ទាប់ពីទ្រង់សណ្តាប់តន្ត្រីរបស់ហ្វីលីពីននោះ ស្តេចនរោត្តមទ្រង់សព្វព្រះរាជហឬទ័យណាស់ ហើយក៏សុំឲ្យប្រទេសហ្វីលីពីនបញ្ជូនតន្ត្រីករមួយក្រុមមកប្រគុំថ្វាយទ្រង់ស្តាប់នៅក្នុងព្រះរាជវាំងកម្ពុជា ។ ប្រទេសហ្វីលីពីនបានបញ្ជូនតន្ត្រីករមួយក្រុមអមដំណើរស្តេចនរោត្តមមកកម្ពុជានាគ្រានោះ ។ ដោយហេតុតែសម័យនោះមិនមានមធ្យោបាយធ្វើដំណើរចុះឡើងងាយស្រួលដូចសព្វថ្ងៃ តន្ត្រីករហ្វីលីពីនទាំងនោះក៏រស់នៅកកូនពូនចៅនៅក្នុងប្រទេសកម្ពុជារហូតមក ។ គឺក្រុមតន្ត្រីករហ្វីលីពីនមួយក្រុមនោះហើយដែលផ្តល់កំណើតឲ្យតន្ត្រីសម័យខ្មែរបច្ចុប្បន្ននេះ ។ សព្វថ្ងៃ យើងមិនដឹងថាសាច់សារលោហិតរបស់តន្ត្រីករហ្វីលីពីនទាំងនោះ នៅមានសេសសល់ដែរឬទេ ។ ចាស់ៗខ្មែរដែលមានអាយុចាប់ពី ៨៥ឆ្នាំឡើងទៅហើយធ្លាប់រស់នៅក្បែរទីក្រុងភ្នំពេញ អាចនៅចងចាំអំពីក្រុមតន្ត្រីហ្វីលីពីននោះ ។ គេហៅក្រុមភ្លេងនោះថា៖ ភ្លេងម្និល (Manila Music)។

Tuesday, March 12, 2019

ចំណីខួរក្បាល

ទំនាស់វប្បធម៌ (Culture Shock) ទំនាស់វប្បធម៌ (Culture Shock) កើតមាននៅពេលនរណាម្នាក់ចូលទៅរស់នៅ នៅក្នុងសង្គមឬសហគមមួយដែលខុសប្លែកអំពីសង្គមដែលខ្លួនធ្លាប់រស់នៅ ។ ទំនាស់នេះមានសភាពស្រាលឬធ្ងន់គឺអាស្រ័យលើភាពខុសគ្នារវាងវប្បធម៌ ។ យើងអាចចែកភាពខុសគ្នារវាងវប្បធម៌ជាពីរធំៗគឺ វប្បធម៌បុគ្គលនិយម (Individualism) និង វប្បធម៌សមោហនិយម (Collectivism) ។ បណ្តុំនៃវប្បធម៌បុគ្គលនិយមគឺស្ថិតនៅបស្ចិមប្រទេសមានជាអាទ៍ សហភាពអឺរ៉ុបនិងទ្វីបអាមេរិកខាងជើង ។ ឯវប្បធម៌សមោហនិយមភាគច្រើនមាននៅតំបន់មជ្ឈឹមបូព៌ា និងទ្វីបអាសុី ។ កាលខ្ញុំនិរទេសខ្លួនទៅរស់នៅបស្ចិមប្រទេស កត្តាដ៏ធំមួយដែលបង្កឲ្យខ្ញុំមានទំនាស់វប្បធម៌គួរឲ្យចាប់អារម្មណ៍គឺការប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់ប្រពៃណីដែលខ្ញុំគិតថាគាប់ប្រសើរ ។ នៅពេលខ្ញុំធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកនៅចុងទសវត្សឆ្នាំ ១៩៨០ ទំនាស់វប្បធម៌ដំបូងបំផុតដែលញាំញីអារម្មណ៍ខ្ញុំគឺការខ្វះភាពអោនលំទោនរបស់ក្មេងទៅកាន់មនុស្សចាស់ និងកង្វះការផ្តល់អាទិភាពឲ្យគ្នារវាងយុវជននិងយុវតី ។ កាលរស់នៅស្រុកខ្មែរ ខ្ញុំត្រូវបានបង្រៀនឲ្យចេះឱនលំទោនគោរពចាស់ទុំដោយកាយវាចាចិត្តគ្រប់កាលៈទេសៈទាំងអស់ និងត្រូវចេះឲ្យអាទិភាពដល់មនុស្សស្រីនៅទីដែលចង្អៀត ។ ប្រការនេះបានធ្វើឲ្យខ្ញុំទើសទាល់យ៉ាងខ្លាំងជាមួយនឹងបងថ្លៃខ្ញុំ ដែលជាក្មេងចម្រើនវ័យនៅសហរដ្ឋអាមេរិក ។ ខ្ញុំមើលឃើញកាយវិការនានាដែលបងថ្លៃខ្ញុំប្រព្រឹត្តិនៅចំពោះមុខម្តាយខ្ញុំ គឺហាក់ដូចជាមានភាពឈ្លើយគួរឲ្យធុញទ្រាន់ ។ ដូចគ្នាដែរ នៅពេលដែលខ្ញុំទៅរៀននៅវិទ្យាល័យ ខ្ញុំមើលឃើញកាយវិការដើរប្រជ្រៀតគ្នានៅលើជណ្តើរក្នុងអគារសិក្សារបស់សិស្សប្រុសស្រីអាមេរិកាំង ហាក់ដូចជាខ្វះសុជីវធម៌ពេកណាស់ ។ គួរបញ្ជាក់ថា កូនសិស្សនៅស្រុកអាមេរិកមិនអង្គុយនៅក្នុងបន្ទប់តែមួយរង់ចាំឲ្យគ្រូបង្រៀនមុខវិជ្ជាផ្សេងៗចូលមកបង្រៀនទេ ។ ពួកគេត្រូវចេញពីបន្ទប់មួយទៅបន្ទប់មួយទៀតដើម្បីរៀនមុខវិជ្ជាផ្សេងៗ ។ ដូច្នេះ នៅពេលកណ្តឹងរោទ៍ចុងម៉ោងម្តងៗ កូនសិស្សចេញពីថ្នាក់ដើរប្រជ្រៀតគ្នាប្រសេចប្រសាចគ្មានខ្វល់អំពីការប៉ះពាល់គ្នារវាងស្រីនិងប្រុសឡើយ ។ ខ្ញុំដែលជាយុវជនគោរពប្រពៃណីនិងសុជីវធម៌ខ្ជាប់ខ្ជួននោះ មិនហ៊ានដើរប្រជ្រៀតជាមួយនឹងសិស្សស្រីៗទេ គឺរង់ចាំទាល់តែរយាលមនុស្សបន្តិចទើបចេញដើរទៅកាន់បន្ទប់រៀនរបស់ខ្ញុំ ។ ជាលទ្ធផល ថ្នាក់មួយដែលនៅដាច់ស្រយាលឆ្ងាយបន្តិច ខ្ញុំទៅរៀនមិនដែលទាន់ពេលទេ ។ អ្នកគ្រូដែលបង្រៀននៅក្នុងថ្នាក់នោះក៏មិនដែលសួរនាំអ្វីអំពីប្រការដែលខ្ញុំមកយឺត រហូតទាល់តែដល់ថ្ងៃមួយដែលយើងពិភាក្សាអំពីវប្បធម៌ទើបខ្ញុំយកចំណុចនោះមកនិយាយ ហើយមនុស្សទាំងអស់ក៏នាំគ្នាសើចគិលឡើង ព្រោះមិននឹកស្មានថាខ្ញុំជាមនុស្សរមទម ឬល្ងង់មិនច្រឡំនឹងគេ ។ និយាយអំពីទំនាស់វប្បធម៌នៅក្នុងផ្ទះវិញម្តង ។ រឿងខ្ញុំធុញទ្រាន់នឹងអត្តចរិតរបស់បងថ្លៃខ្ញុំ បានអូសបន្លាយរហូតដល់ផ្ទះទូលាយក្លាយទៅជាផ្ទះចង្អៀត ។ ខ្ញុំបាននាំម្តាយខ្ញុំចាកចេញឲ្យឆ្ងាយពីទីដ៏ចង្អៀតចង្អល់នោះ ដោយធ្វើដំណើរឆ្លងពីរដ្ឋមួយទៅរដ្ឋមួយ ដើម្បីស្វែងរកកន្លែងដែលយើងអាចរស់ជាមួយនឹងវប្បធម៌ដ៏ល្អផូផង់នៅក្នុងចិត្តរបស់យើង ។ ទៅដល់កន្លែងថ្មី អ្វីៗក៏ហាក់ដូចជានៅតែចង្អៀតដដែល ។ ធាតុពិត គឺចិត្តខ្ញុំទេដែលចង្អៀត ។ វប្បធម៌ឬទំនៀមទម្លាប់នៃការរស់នៅក្នុងស្រុកអាមេរិក មិនចង្អៀតដូចចិត្តខ្ញុំឡើយ ។ កន្លងប្រមាណជា ១០ឆ្នាំក្រោយមក ខ្ញុំមានឱកាសទៅទស្សនកិច្ចនៅកម្ពុជា គឺវិលត្រឡប់ទៅជួបនឹងវប្បធម៌ដ៏ល្អផូផង់របស់ខ្ញុំវិញ ។ នៅក្នុងការប្រាស្រ័យទាក់ទងគ្នារវាងខ្ញុំនិងញាតិមិត្តប្អូនបង ជាពិសេសជាមួយអ្នកដែលមានអាយុច្រើនជាងខ្ញុំនាអំឡុងពេលដែលខ្ញុំនៅស្រុកខ្មែរនោះ ខ្ញុំមានអារម្មណ៍ថាមនុស្សជាច្រើនហាក់ដូចជាបញ្ចេញអកប្បកិរិយាឆ្គងៗ ។ តាមពិត ភាពឆ្គងៗនោះគឺមិនមែនអ្វីក្រៅអំពីទំនាស់វប្បធម៌ឡើយ ។ នៅក្នុងកែវភ្នែកខ្ញុំ អកប្បកិរិយារបស់ញាតិមិត្តចាស់ៗទាំងនោះគឺឆ្គងគួរឲ្យធុញទ្រាន់ ។ ប៉ុន្តែបើយើងនិយាយអំពីអកប្បកិរិយាខ្ញុំនៅក្នុងកែវភ្នែករបស់ញាតិមិត្តចាស់ៗទាំងនោះវិញ គឺមានភាពឈ្លើយគួរឲ្យស្អប់ខ្ពើមដែរ ។ នេះគឺជាសច្ចៈភាពមួយនៃទំនាស់វប្បធម៌ ។ អ្នកដែលចាកចេញពីវប្បធម៌មួយទៅរួមរស់នឹងវប្បធម៌មួយទៀត រមែងជួបប្រទះបញ្ហាអស់ទាំងនេះ ។ នៅក្នុងករណីខ្ញុំដែលវិលត្រឡប់ទៅភពប្រសព្វនឹងវប្បធម៌កំណើតរបស់ខ្លួន ហើយនៅជួបនឹងទំនាស់វប្បធម៌ទៀតនោះ ក្នុងភាសាអង់គ្លេសគេហៅថា Reverse Culture Shock ឬទំនាស់ជាមួយនឹងវប្បធម៌កំណើត ។ វប្បធម៌មានន័យថា ការដាំដុះលូតលាស់តាមសភាវធម្មជាតិ ។ ដូច្នេះ ឥទ្ធិពលនៃវប្បធម៌ដែលជ្រាបចូលទៅក្នុងអកប្បកិរិយាមនុស្ស គឺមិនខុសអំពីទឹកដែលជ្រាបចូលក្នុងដីខ្សាច់នោះឡើយ ។ មនុស្សជាទូទៅ មិនចាប់ភ្លឹកឬក៏មានអារម្មណ៍ដឹងថាអកប្បកិរិយារបស់ខ្លួនស្ថិតនៅក្រោមឥទ្ធិពលនៃវប្បធម៌ឡើយ ។ ការមិនចាប់ភ្លឹក ឬមិនមានអារម្មណ៍យល់ដឹងនេះ បានធ្វើឲ្យមានទំនាស់រាប់មិនអស់នៅក្នុងសង្គមមនុស្ស ។ ឧទាហរណ៍ដ៏សាមញ្ញមួយ គឺប្តីប្រពន្ធ ។ នៅពេលយើងរៀបការចាប់ដៃគ្នាជាគូស្រករ យើងចាប់ផ្តើមមានទំនាស់ទើសទាស់អំពីអកប្បកិរិយាគ្នាទៅវិញទៅមករាប់មិនអស់ ។ ទំនាស់នេះបើនិយាយឲ្យលម្អិតទៅគឺជាទំនាស់វប្បធម៌លំដាប់ម៉ៃក្រូ (Micro-culture) ដែលកើតចេញមកអំពីការភពប្រសព្វរវាងគ្រួសារពីរដែលមានរបៀបរបបរស់នៅខុសគ្នា ។ នៅពេលយើងពង្រីកវប្បធម៌ម៉ៃក្រូរហូតទៅដល់អន្តរវប្បធម៌ (Micro-culture to Macro-culture to Inter-culture) ភាពស្មុគស្មាញនៃទំនាស់វប្បធម៌ក៏កើនឡើងតាមនោះដែរ ។ សូមបញ្ចប់ប្រធានបទនេះត្រឹមនេះចុះ ។ ប៉ុន្តែ មុននឹងបញ្ចប់សូមអនុញាតិផ្តល់នូវកូនគំនិតមួយ ។ មធ្យោបាយដ៏ល្អបំផុតសម្រាប់ដោះស្រាយទំនាស់វប្បធម៌គឺការទទួលស្គាល់វប្បធម៌ ទោះចូលចិត្តក្តី មិនចូលចិត្តក្តី ៕

Thursday, March 7, 2019

ចំណីខួរក្បាល

ចាប់ចោរត្រូវចាប់មេវា យុទ្ធសាស្ត្រចាប់ចោរត្រូវចាប់មេវា ត្រូវបានគេប្រើរាប់ពាន់ឆ្នាំមកហើយ ទាំងលើវិស័យសឹកសង្គ្រាម នយោបាយ និងការបំបាត់ចោរខ្មួញនៅក្នុងសង្គម ។ វាមានប្រភពចេញមកអំពីយុទ្ធសាស្ត្រចំនួនសាបសិបប្រាំមួយរបស់ប្រទេសចិនសម័យបុរាណដែលគេបាននិទាននិងកត់ត្រាទុករហូតមកដល់សព្វថ្ងៃ ។ ប្រទេសជាច្រើននៅក្នុងពិភពលោក ដែលមានទំនាស់នឹងគ្នាតែងតែយកយុទ្ធសាស្ត្រខ្លះៗក្នុងចំណោមយុទ្ធសាស្ត្រទាំង ៣៦នេះ មកតតាំងដើម្បីយកប្រៀបលើគ្នាទៅវិញទៅមក ។ ដោយឡែក នៅក្នុងប្រទេសកម្ពុជា ការតតាំងគ្នារវាងគណបក្សប្រជាជននិងគណបក្សសង្គ្រោះជាតិ គឺផ្អែកស្ទើរតែទាំងស្រុងលើយុទ្ធសាស្ត្រទាំង៣៦របស់ចិននេះ ។ សព្វថ្ងៃ គណបក្សប្រជាជនកំពុងប្រើយុទ្ធសាស្ត្រ "ចាប់ចោរត្រូវចាប់មេវា" ដើម្បីស្វែងរកជោគជ័យនៅក្នុងការប្រកួត ។ យុទ្ធសាស្ត្រចាប់ចោរត្រូវចាប់មេវា គឺសំដៅលើការកំចាត់សត្រូវដោយបំផ្លាញមេដឹកនាំនិងរចនាសម្ព័ន្ធដឹកនាំ ។ អ្នកដែលធ្លាប់អានឬមើលរឿង សាមកុក របស់ចិនអាចមើលយល់ប្រការនេះច្បាស់លាស់ណាស់ ។ ប៉ុន្តែ អ្វីដែលអ្នកប្រាជ្ញចិនព្រមានពាក់ព័ន្ធនឹងយុទ្ធសាស្ត្រចាប់ចោរ គឺថា គប្បីពិនិត្យមើលឲ្យបានជាក់លាក់ថាតើកូនចោរមានទំនាក់ទំនងនឹងមេវារបៀបណា ។ បើកូនចោរនិងមេចោរមានទំនាក់ទំនងនឹងគ្នាដោយសារភក្តីភាព នោះគេមិនត្រូវប្រើយុទ្ធសាស្ត្រ "ចាប់ចោរត្រូវចាប់មេ" ឡើយ ព្រោះវាជាទង្វើឆ្ពោះទៅរកការបរាជ័យ ។ ភាពខុសគ្នារវាងគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជន មិនមានអ្វីគួរឲ្យកត់សម្គាល់ជាដុំកំភួនទេ ។ គណបក្សទាំងពីរប្រតិបត្តិការណ៍នៅក្រោមរូបភាព គ្រួសារនិយមនិងបក្សពួកនិយម ដូចគ្នា ។ កត្តាតែមួយគត់ដែលផ្តល់សារប្រយោជន៍ឲ្យគណបក្សសង្គ្រោះជាតិគឺ អយុត្តិធម៌សង្គម ។ ពួកគេយកចំណុចនេះមកផ្គុំនឹងពាក្យ "មិនយកខ្មែរណាជាសត្រូវ" ដើម្បីប្រមូលផ្តុំផ្គុំឲ្យមានទំនាក់ទំនងគាំទ្រនៅក្នុងចិត្តគំនិត "កូនចោរ" ។ ចំណងផ្លូវចិត្តនេះក៏ជារបាំងគាំពារដ៏មានប្រសិទ្ធភាពផងដែរ ក្នុងការទប់ទល់ជាមួយនឹងទង្វើ "បំបែកហើយគ្រប់គ្រង" (Divide and Conquer) របស់គណបក្សប្រជាជន ។ មកទល់នឹងថ្ងៃនេះ ការតតាំងគ្នារវាងគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនគឹស្ថិតនៅក្នុងសភាព "ទ្រឹង" (Stalemate) ។ មេចោរចាប់បានមួយរត់រួចមួយ ប៉ុន្តែកូនចោរហាក់ដូចជានៅរ៉េរ៉មិនព្រមចុះចូលនៅឡើយ ។ តើអ្វីទៅជាមូលហេតុ? មូលហេតុដែលគណបក្សប្រជាជនមិនអាចបង្ក្រាបគណបក្សសង្គ្រោះជាតិបាន មានច្រើន ប៉ុន្តែ សូមលើកយកនូវចំណុចសំខាន់ៗមួយចំនួនមករៀបរាប់នៅទីនេះ ។ ជាបឋម ទាំងលោក សម រង្សី និងលោក កឹម សុខា យល់ច្បាស់លាស់ណាស់ថា បើពួកគេបែកសាមគ្គីគ្នា គោលដៅរបស់ពួកគេនឹងបរាជ័យដោយស្វ័យប្រវត្តិ ។ មិនចាំបាច់លោក ហ៊ុន សែន មករុកគួនទេ ។ ឯសកម្មជនដែលជាប់បំរាមធ្វើនយោបាយក៏ដូចគ្នាដែរ ។ បើដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយ គឺស្មើនឹងចុះចូលជាមួយនឹងសត្រូវហើយថែមទាំងត្រូវកូនចោរឈប់រាប់រកទៀតផង ។ អ្នកនយោបាយដែលគ្មានអ្នកគាំទ្រ និងអ្នកដែលគ្មានសិទ្ធិធ្វើនយោបាយ គឺមួយតំបរនិងបួន "ឌៀតែខ្នូច" ទេ ។ ចំណុចនេះហើយដែលគេមិនសូវឃើញមានមនុស្សជាប់បម្រាមទាំងនោះ ទៅដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយ ព្រោះវាជាទង្វើអត់ប្រយោជន៍ ។ នៅមានចំណុចពាក់ព័ន្ធច្រើនទៀត ប៉ុន្តែ ខ្ជិលបរិយាយណាស់ កុំឲ្យគេថាខ្ញុំបោះ ព្រុយយ៉ុង ឲ្យភាគីណាមួយ ។ មុននឹងបញ្ចប់ សូមលើកយកផ្កាយគ្រោះមួយមកបង្ហាញគណបក្សប្រជាជននិងសម្តេច ហ៊ុន សែន ។ ផ្កាយគ្រោះនោះគឺរូបទាហានលើកកាំភ្លើងវាយកញ្ចឹកកបាតុករម្នាក់ដែលកំពុងអង្គុយលុតជង្គង់ជាប់ចំណងស្លាបសេកនៅខេត្ត ព្រះសីហនុ ។ រូបនោះជានិម្មិត្តរូបនៃអំពើសាហាវឃោឃៅមួយដែលសម្តេច ហ៊ុន សែន និងឥស្សរជនជាច្រើនទៀតនៅក្នុងជួរគណបក្សប្រជាជន ធ្លាប់បានយកជីវិតទៅប្តូរតស៊ូកំចាត់វាចោល ។ អ្នកដែលធ្លាប់រងគ្រោះនៅក្នុងជំនាន់ខ្មែរក្រហមគ្រុបគ្រងប្រទេសកម្ពុជា និងមនុស្សដែលធំដឹងក្តីនៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា សុទ្ធតែស្គាល់និងយល់អំពីអត្ថន័យនៃនិម្មិត្តរូបនេះច្បាស់លាស់ណាស់ ។ វាតំណាងឲ្យរបបគ្រុបគ្រងមួយដែលគួរឲ្យស្អប់ខ្ពើមនិងភ័យខ្លាចជាទីបំផុត ។ សុភាសិតខ្មែរមួយពោលថា៖ "សាងគុណមួយរយសំពៅ ទោសមួយចូលទៅរលាយគុណអស់" ៕

Tuesday, March 5, 2019

ចំណីខួរក្បាល

យុទ្ធសាស្ត្រ សាបសិបប្រាំមួយ ចិនបុរាណ បកប្រែរៀបរៀងនិពន្ធដោយលោកបណ្ឌិត ហ្គាហ្វា ពាងម៉េត ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ជំពូកទី ១ៈ យុទ្ធសាស្ត្រឈ្នះ ដើម្បីយកជ័យជំនះ មេទ័ពត្រូវអនុវត្តគោលការណ៍៖ ឆ្លងកាត់សមុទ្រដោយមិនឲ្យអធិរាជដឹង បិទបាំងគោលដៅពិតរបស់អ្នក ។ ប្រើល្បិចបង្ហាញគោលដៅមិនពិតរហូតដល់ពេលគោលដៅពិតត្រូវបានសម្រេច (បញ្ឆោតឆ្វេង វាយស្តាំ) ។ ឡោមព័ទ្ធ ហ្វី ដើម្បីជួយសង្គ្រោះ ហ្សៅ នៅពេលប្រឈមនឹងបច្ចាមិត្តដែលមានកម្លាំងរឹងមាំ ចៀសវាងការវាយប្រហារចំពីមុខ ។ វាយចំណុចខ្សោយរបស់បច្ចាមិត្ត ឬវាយប្រហារអ្វីមួយដែលសំខាន់សម្រាប់ពួកគេ ។ សត្រូវមិនអាចមានកម្លាំងខ្លាំងក្លានៅក្នុងគ្រប់កិច្ចការនិងគ្រប់ទីកន្លែងទេ ។ សំណាញ់ការពាររមែងមានចន្លោះប្រហោងត្រង់ណាមួយដែលជាចំណុចខ្សោយ ។ ខ្ចីដៃសត្រូវយកមកប្រើ នៅក្នុងស្ថានភាពដែលអ្នកមិនមានកម្លាំងគ្រប់គ្រាន់ ត្រូវវាយប្រហារដោយប្រើកម្លាំងរបស់អ្នកដទៃ ។ បញ្ឆោតសម្ព័ន្ធមិត្តម្នាក់ឲ្យវាយប្រហារសត្រូវ ។ សូកប៉ាន់មន្ត្រីម្នាក់ឲ្យក្បត់ ។ ប្រើកម្លាំងសត្រូវខ្លួនឯងឲ្យធ្វើការវាយប្រហារ ។ បំផ្លាញកម្លាំងសត្រូវដោយលើកទឹកចិត្តភាគីទីបីឲ្យវាយប្រហារ ។ រង់ចាំនិងសម្រាកយកកម្លាំងខណៈដែលបច្ចាមិត្តបង្ហូរញើសរៀបចំឆាកប្រយុទ្ធ ជ្រើសរើសពេលវេលានិងទីកន្លែងសម្រាប់ប្រយុទ្ធ ។ គប្បីដឹងថា ពេលណានិងនៅទីណាដែលអ្នកត្រូវប្រយុទ្ធ ខណៈបច្ចាមិត្តរបស់អ្នកមិនដឹង ។ បញ្ឆោតបច្ចាមិត្តឲ្យចំណាយឋាមពលទៅលើកិច្ចការអ្វីមួយដែលគ្មានប្រយោជន៍ នៅពេលដែលអ្នកសន្សំតុកកម្លាំងរបស់អ្នក ។ គោលគំនិតគឺត្រៀមលក្ខណៈទ័ពរបស់អ្នកដើម្បីប្រយុទ្ធ ខណៈបច្ចាមិត្តរបស់អ្នកកំពុងសិវែងរកវិធីប្រយុទ្ធ ។ ល្បិចនេះនឹងផ្តល់ប្រៀបយ៉ាងសម្បើមដល់ទ័ពរបស់អ្នក នៅក្នុងការប្រយុទ្ធមួយនៅគ្រាខាងមុខដែលអ្នកជាអ្នករើសពេលវេលានិងទីកន្លែងប្រយុទ្ធ ។ ឆក់ប្លន់ទ្រព្យពីផ្ទះដែលកំពុងឆេះ នៅពេលដែលសត្រូវកំពុងមានជម្លោះផ្ទៃក្នុង ប្រជាជនមានជម្ងឺ ឬទុរ្ភិក្ស ហើយអស់ជំនឿលើពួកអាជ្ញាធរ អំពើពុករលួយនិងបទឧក្រិដ្ឋរីករាលដាលពេញប្រទេស នេះគឺជាពេលវេលាដែលអ្នកត្រូវវាយប្រហារ ។ ប្រមូលផ្តុំពត៌មានផ្ទៃក្នុងអំពីសត្រូវ ។ បើសត្រូវស្ថិតនៅក្នុងស្ថានភាពខ្សោយបំផុត ត្រូវវាយប្រហារឲ្យខ្លាំងហើយបំផ្លាញពួកគេឲ្យខ្ទេចតែម្តង ដើម្បីចៀសវាងបញ្ហានៅថ្ងៃអនាគត ។ បញ្ឆោតឆ្វេង វាយស្តាំ ការវាយឆ្មក់ផ្តល់សារប្រយោជន៍ច្រើន ។ សូម្បីនៅពេលវាយប្រហារទល់មុខគ្នា ការបង្កើតឲ្យមានការភ្ញាក់ផ្អើលអំពីព្រឹត្តិការណ៍វាយឆ្មក់ តែងតែមានសារប្រយោជន៍ ។ អ្នកគប្បីវាយប្រហារកន្លែងណាដែលសត្រូវមិនបានគិតដល់ ។ ត្រូវបញ្ឆោតសត្រូវឲ្យផ្តោតកម្លាំងទៅលើទីតាំងមួយ ខណៈអ្នកវាយប្រហារទីតាំងមួយទៀតដែលមិនសូវមានការការពាររឹងមាំ ។ ជំពូកទី ២ៈ យុទ្ធសាស្ត្រចាក់សត្រូវពីក្រោយខ្នង របៀបប្រហារគូបដិបក្ខមិនឲ្យដឹងខ្លួន៖ បង្កើតព្រឹត្តិការណ៍ដើម្បីបំភ្លៃស្ថានការណ៍ រកមធ្យោបាយកុហកសត្រូវ ។ ធ្វើឲ្យសត្រូវជឿថាមានអ្វីមួយកើតឡើងខណៈដែលឥតមានអ្វីសោះ ។ វិធីសាស្ត្រមួយគឺបង្កើតព្រឹត្តិការណ៍អំពីអត្ថិភាពអ្វីមួយដែលឥតមានសោះ ។ វិធីសាស្ត្រមួយទៀតគឺឃោសនាបំភ្លៃថាគ្មានអត្ថិភាពអ្វីទេ ខណៈដែលមាន ។ ផ្លូវវៀចកុំបោះបង់ ផ្លូវត្រង់កុំដើរហោង បញ្ឆោតសត្រូវដោយប្រើវិធីសាស្ត្រជាក់ស្តែងមួយដែលត្រូវការពេលវេលាយូរដើម្បីសម្រេច ខណៈប្រើយុទ្ធសាស្ត្រផ្លូវកាត់លួចឆ្មក់វាយប្រហារទៅលើពួកគេ ។ នៅពេលដែលសត្រូវផ្តោតអារម្មណ៍ទៅលើការបំភាន់មួយ ពួកគេបាត់បង់ការប្រុងប្រយ័ត្ន ។ ផ្គុំល្បិចនេះជាមួយវិធីសាស្ត្រ (បញ្ឆោតឆ្វេង វាយស្តាំ) ។ ផ្សព្វផ្សាយពត៌មានក្លែងក្លាយដើម្បីទាក់ទាញចំណាប់អារម្មណ៍សត្រូវ ។ យករូបវ័ន្តអ្វីមួយមកធ្វើជាធ្នាក់ ដើម្បីបង្កើនជំនឿទៅលើពត៌មានបំភ្លៃនោះ ។ សត្រូវនឹងចាប់អារម្មណ៍នៅពេលមើលឃើញធ្នាក់ច្បាស់និងយល់ថាជារូបភាពពិត ។ បញ្ចេញសកម្មភាពបញ្ឆោតឲ្យសត្រូវមើលឃើញថា ជាសកម្មភាពឆ្ពោះទៅកាន់គោលដៅពិតប្រាកដ ដើម្បីកុំឲ្យពួកគេសង្ស័យ ។ អង្គុយមើលភ្លើងឆេះឲ្យខ្ទេចខ្ទីសិន ពន្យាពេលចូលប្រឡូកក្នុងសមរភូមិ ។ រង់ចាំទាល់តែសត្រូវនានាប្រយុទ្ធគ្នាទន់ដៃ ។ ឆក់ឱកាសចូលវាយប្រហារសត្រូវទាំងអស់ឲ្យពេញទំហឹង ដើម្បីប្រមូលយកជោគជ័យទាំងមូល ។ ញញឹមលាក់ពិស លុនតួ លុតក្រាប លិឍពង យកចិត្តសត្រូវ ។ នៅពេលទទួលបានការទុកចិត្តពីសត្រូវហើយ ចាត់ការប្រហារពួកគេដោយស្ងៀមស្ងាត់ ។ បូជាដើមបេងដើម្បីថែរក្សានាងនួន មានកាលៈទេសៈដែលតម្រូវឲ្យអ្នកលះបង់គោលបំណងរយៈពេលខ្លី ដើម្បីសម្រេចគោលដៅរយៈពេលវែង ។ នេះគឺជាយុទ្ធសាស្ត្រមួយដែលតម្រូវឲ្យមនុស្សម្នាក់ទទួលរងទុក្ខ ដើម្បីរុញបក្ខពួកដទៃឲ្យផុតគ្រោះភ័យ ។ ឆ្លៀតឱកាសលួចយកពពែមួយ (រុញទូកបណ្តោយទឹក) នៅពេលអ្នកអនុវត្តផែនការណាមួយ ចូរប្រកាន់ឥរិយាបឋទន់ភ្លន់បត់បែនតាមកាលៈទេសៈ ដើម្បីធ្វើសកម្មភាពឆក់យកសារប្រយោជន៍ ។ ឆ្លៀតឱកាសស្វែងរកផលប្រយោជន៍ ទោះតិចក្តីច្រើនក្តី ។ ជំពូកទី ៣ៈ យុទ្ធសាស្ត្រវាយប្រហារ វាយស្មៅបង្អើលពស់ ធ្វើអ្វីមួយដែលគ្មានគោលដៅតែមានភាពអស្ចារ្យ (វាយស្មៅ) ដើម្បីបង្កឲ្យមានប្រតិកម្មអំពីបច្ចាមិត្ត (ពស់ភ័យផ្អើល) ។ ធ្វើឲ្យពួកគេបញ្ចេញផែនការឬទីតាំងរបស់ខ្លួន ឬធ្វើអ្វីមួយគ្រាន់តែបង្អើលសត្រូវក៏បានដែរ ។ បង្កើតសកម្មភាពមួយដែលមិនធម្មតា ដែលចម្លែក និងដែលមិននឹកស្មានដល់ ដើម្បីឲ្យសត្រូវមានការសង្ស័យនិងភ័យព្រួយនៅក្នុងគំនិតពួកគេ ។ ចូរប្រុងប្រយ័ត្ន "កុំធ្វើឲ្យពស់ភ្ញាក់ផ្អើលដោយការ វាយស្មៅ" ពីព្រោះ បើប្រើយុទ្ធសាស្ត្រនេះដោយធ្វេសប្រហែស អាចបញ្ចេញទីតាំងឬគោលបំណងរបស់អ្នកឲ្យបច្ចាមិត្តដឹងទៅវិញ ។ ជញ្ជត់ព្រលឹង យកស្ថាប័នមួយ បច្ចេកវិជ្ជាមួយ វិធីសាស្ត្រមួយ ឬមនោគមវិទ្យាមួយដែលត្រូវបានបោះបង់ចោលយូរហើយ មកបម្រើគោលបំណងរបស់អ្នកវិញ ។ ស្តារអ្វីមួយពីអតីតកាលដោយផ្តល់នូវគោលបំណងថ្មី ឬ ប្រស់ឲ្យរស់ឡើងវិញនូវគំនិតបុរាណ ប្រពៃណី ឬទំនៀមទម្លាប់ ហើយបកស្រាយជាថ្មីដោយផ្តល់ន័យថ្មីឲ្យសមស្របនឹងគោលបំណងរបស់អ្នក ។ បញ្ឆោតខ្លាឲ្យចេញពីរូងភ្នំ មិនត្រូវវាយប្រហារបច្ចាមិត្តនៅក្នុងបន្ទាយដែលមានបណ្តាញការពាររឹងមាំនោះទេ ។ ត្រូវល្បួងគេឲ្យចេញពីទីតាំង ។ ធ្វើដូច្នេះ គឺដើម្បីបំបែកសត្រូវចេញពីមូលដ្ឋាននៃកម្លាំងរបស់ខ្លួន ។ លែងឈ្លូសឲ្យចូលព្រៃ សត្វព្រៃដែលជាប់ក្នុងការឡោមព័ទ្ធ នឹងធ្វើការប្រយុទ្ធស្លាប់រស់ជាចុងក្រោយ ។ ដើម្បីបង្ការហេតុភេទនេះ អ្នកត្រូវធ្វើឲ្យសត្រូវជឿថា គេនៅមានឱកាសរំដោះខ្លួន ។ ឆន្ទៈសត្រូវនៅក្នុងការប្រយុទ្ធតបត នឹងត្រូវបានកាត់បន្ថយព្រោះតែគេមានបំណងរត់ចេញពីការឡោមព័ទ្ធ ។ នៅពេលសត្រូវមើលឃើញថា មិនអាចរំដោះខ្លួនបានទេ ពួកគេនឹងអស់ទឹកចិត្តតស៊ូ ហើយចុះចាញ់ដោយគ្មានការប្រយុទ្ធ ។ បោះចោលដុំឥដ្ឋដើម្បីប្តូរយកត្បូងមរកត បញ្ឆោតគូបដិបក្ខដែលកំពុងមានរបស់សំខាន់នៅក្នុងដៃ ឲ្យជឿថាខ្លួនអាចទទួលបានរបស់ដែលមានតម្លៃជាងនេះមួយទៀត ។ បំភ្លៃឲ្យគេជឿនិងមើលឃើញរបស់មានតម្លៃក្លែងក្លាយនោះ ។ ល្បួងឲ្យបច្ចាមិត្តធ្វើប្រតិកម្ម ។ ធ្វើដូច្នេះ របស់ដែលមាននៅក្នុងដៃបច្ចាមិត្ត និងរបស់ដែលមានតម្លៃក្លែងក្លាយត្រូវបានរបូតបាត់ដូចជា៖ "ទន្សាយក៏រួចត្រីរ៉ស់ក៏រួច" ។ ចាប់ចោរត្រូវចាប់មេវា បើកងទ័ពសត្រូវមានភាពរឹងមាំដោយសារទំនាក់ទំនងជាមួយមេកើយតាមរយៈប្រាក់កាក់ អបិយជំនឿ ឬការគំរាមកំហែង គប្បីផ្តោតសកម្មភាពទៅលើការកំចាត់មេដឹកនាំ ។ នៅពេលមេរលំដួល ទ័ពដែលនៅសេសសល់នឹងបែកខ្ញែក ឬក៏មកចុះចូលនឹងក្រុមយើង ។ ប៉ុន្តែ បើទ័ពសត្រូវរឹងមាំដោយសារមានទំនាក់ទំនងជាមួយមេតាមរយៈភាពស្មោះត្រង់ គប្បីប្រុងប្រយ័ត្ន ព្រោះទ័ពនេះអាចបន្តការប្រយុទ្ធប្រឆាំសងសឹកក្រោយពីមេវិនាសបាត់ទៅ ។ ជំពូកទី ៤ៈ យុទ្ធសាស្ត្របង្កភាពវឹកវរ ដុតឲ្យខ្លោច រោចឲ្យឆៅ ញុះញង់ប្រកូកប្រកាសអះអាងបង្ខូចប្រយោជន៍គូបដិបក្ខដោយប្រការផ្សេងៗ ដូចជា ឃោសនាថានឹងរឹបអូសយកទ្រព្យពីមន្ត្រីពុករលួយមកចែកឲ្យប្រជាពលរដ្ឋ ។ នេះជាវិធីសាស្ត្រប្រយោល៖ មិនវាយប្រហារសត្រូវដោយត្រង់ៗទេ តែវាយប្រហារសមត្ថភាពពួកគេនៅក្នុងការប្រកួតគ្នា ឬក៏ធ្វើសឹកសង្គ្រាម ។ កញ្ជ្រោកទឹកឲ្យត្រីពុល បង្កភាពច្របូកច្របល់ ហើយប្រើភាពច្របូកច្របល់នេះដើម្បីសម្រេចគោលដៅរបស់អ្នក ។ លាបពណ៌ស្លាបរៃ បំភ្លៃជាកំភេម លាក់បាំងលក្ខណៈពិសេសរបស់អ្នក ដើម្បីកុំឲ្យគេមើលស្គាល់ ។ ប្តូរអត្តសញ្ញាណ ឬក្លែងបន្លំខ្លួនធ្វើជាមនុស្សផ្សេង ។ វិធីសាស្ត្រនេះមានប្រយោជន៍សម្រាប់ការរត់គេចពីបច្ចមិត្ត ។ បិទទ្វារវ៉ៃឆ្កែ ដើម្បីចាប់បច្ចាមិត្ត ឬនៅក្នុងការវាយប្រហារគ្នាផ្តាច់ព្រ័ត្ត ត្រូវរៀបចំផែនការដោយប្រុងប្រយ័ត្ន ។ មិនត្រូវប្រញាប់ប្រញាលធ្វើសកម្មភាពពេកទេ ។ មុនពេល "ចូលពិឃាត" ចូរកាត់ផ្តាច់ផ្លូវរត់គេចខ្លួនរបស់សត្រូវ និងកាត់ផ្តាច់ផ្លូវដែលអាចនាំជំនួយពីខាងក្រៅទៅឲ្យពួកគេ ។ ជួញជិត ជាជាងជួញឆ្ងាយ អ្នកមានឱកាសទទួលជោគជ័យច្រើន បើអ្នកឈ្លានពានស្រុកដែលនៅក្បែរអ្នក ។ សមរភូមិដែលនៅជិតអ្នកសម្រួលឲ្យកងទ័ពអ្នកទទួលជំនួយនិងធ្វើការការពារទឹកដីដែលបានសញ្ជ័យ ។ គួរចងសម្ព័ន្ធមិត្តជាមួយប្រជាជាតិដែលនៅឆ្ងាយ ។ កុំឈ្លានពានប្រជាជាតិដែលនៅឆ្ងាយ ។ សុំផ្ទះជ្រក រួចយកតែម្តង រកមធ្យោបាយខ្ចីធនធានពីសម្ព័ន្ធមិត្ត ដើម្បីវាយប្រហារបច្ចមិត្ត ។ នៅពេលបច្ចាមិត្តត្រូវបានកម្ទេចរួចហើយ យកធនធានកម្ចីទាំងនោះមកវាយប្រហារលើសម្ព័ន្ធមិត្តវិញម្តង ។ ជំពូកទី ៥ៈ យុទ្ធសាស្ត្រសុីរូងផ្ទៃក្នុង ច្រេះសុីដែក បញ្ជូនភ្នាក់ងារសម្ងាត់ឲ្យចុះចូលជាមួយនឹងសត្រូវ ដើម្បីរកមធ្យោបាយឆារឆៅនិងរំខានការរៀបចំវិធីសាស្ត្រប្រតិបត្តិការនានា ដូចជា ផ្លាស់ប្តូរច្បាប់ទម្លាប់ ដោយបង្កើតឡើងនូវអ្វីដែលផ្ទុយអំពីរបៀបរបបដែលជាស្តង់ដាររបស់ពួកគេ ។ ធ្វើដូច្នេះ គឺដើម្បីបង្កឲ្យមានភាពរង្គោះរង្គើនៅក្នុងក្បាលម៉ាសុីនដឹកនាំ ដែលជាកត្តាធ្វើឲ្យមនុស្សធម្មតាក្លាយទៅជាកងទ័ពដ៏មានប្រសិទ្ធភាព ។ អារកមាន់បន្លាចស្វា ក្នុងការដាក់វិន័យ គ្រុបគ្រង ឬព្រមានមនុស្សដែលនៅក្រៅបរិវេណពាក់ព័ន្ធ គប្បីនិយាយវាយប្រហារបញ្ឆិតបញ្ឈៀងដាក់មនុស្សដែលមានខ្លួន ។ ធ្វើដូច្នេះ អ្នកដែលមានខ្លួនពាក់ព័ន្ធក្នុងរឿងអាស្រូវ មិនហ៊ានប្រតិកម្មតបតទេ ព្រោះខ្លាចបែកធ្លាយបទឧក្រិដ្ឋ ឬក៏បែកធ្លាយបេសកកម្មសម្ងាត់របស់ខ្លួន ។ ចេះធ្វើភ្លើ ធ្វើពុតជាមនុស្សល្ងីល្ងឺ មនុស្សស្រវឹង ឬមនុស្សឆ្កួត ដើម្បីបង្វែងដានពីចំណាប់អារម្មណ៍របស់សត្រូវ ។ ប្រលោមសត្រូវឲ្យមើលស្រាលលើសមត្ថភាពរបស់អ្នករហូតទាល់តែគេបាត់ការប្រុងប្រយ័ត្ន ។ ពេលនោះហើយដែលអ្នកត្រូវបើកការវាយប្រហារ ។ លួចដកជណ្តើរបន្ទាប់ពីគេឡើងដំបូលផ្ទះផុត (បញ្ឆោតខ្លាឲ្យធ្លាក់ជ្រោះ) បោកបញ្ឆោត ឬលួងលោមអន្ទងបច្ចាមិត្តឲ្យធ្លាក់ខ្លួនចូលទៅក្នុងកន្លែងគ្រោះថ្នាក់ ។ បន្ទាប់មក កាត់ផ្តាច់ទំនាក់ទំនងសត្រូវនិងផ្លូវទៅរកសុវត្ថិភាពរបស់ពួកគេ ។ ដើម្បីរំដោះខ្លួនចេញពីមហន្តរាយ សត្រូវត្រូវប្រយុទ្ធនឹងទ័ពរបស់អ្នកផង និងធម្មជាតិផង ។ យកផ្កាទៅចងលើដើមឈើងាប់ យកផ្កាសិប្បនិម្មិតទៅចងនៅលើដើមឈើងាប់មួយ ដើម្បីបំភាន់ថាដើមឈើនោះនៅលូតលាស់ល្អ ។ តាមរយៈការប្រើសិប្បកោសល្យនិងក្លែងបន្លំ អ្វីមួយដែលគ្មានតម្លៃក៏លេចឡើងជាមានតម្លៃ ។ អ្វីដែលមិនមានគ្រោះថ្នាក់សោះបែរជាមើលទៅហាក់ដូចជាមានគ្រោះថ្នាក់សម្បើមណាស់ ។ និងអ្វីដែលគ្មានប្រយោជន៍ បែរជាមានប្រយោជន៍ទៅវិញ ។ ផ្លាស់ប្តូរតួនាទីរវាងម្ចាស់ផ្ទះនិងភ្ញៀវ (បញ្ញើក្អែក) នៅក្នុងស្ថានភាពដែលអ្នកជាមនុស្សស្ថិតនៅក្រោមចំណុះគេ ដណ្តើមការដឹកនាំ ដោយជ្រៀតចូលឲ្យដល់ទីដៅ ។ ធ្វើពុតជាភ្ញៀវដើម្បីឲ្យគេទទួលអ្នក ។ បន្ទាប់មក អភិវឌ្ឍខ្លួនអ្នកឲ្យក្លាយទៅជាម្ចាស់ផ្ទះវិញម្តង ។ ជំពូកទី ៦ៈ យុទ្ធសាស្ត្រទាល់ច្រក ក្រឡទឹកឃ្មុំ (ល្បិចស្រីស្អាត) បញ្ជូនស្រីស្រស់ស្អាតទៅឲ្យខ្មាំង ដើម្បីបង្កភាពវឹកវរនៅក្នុងជំរំពួកគេ ។ វិធីសាស្ត្រនេះអាចធ្វើឲ្យ៖ ទីមួយ ចៅហ្វាយនាយដែលឈ្លក់នឹងសម្រស់ស្ត្រី លែងយកចិត្តទុកដាក់លើកិច្ចការងារ ហើយបណ្តោយឲ្យការប្រុងប្រយ័ត្នធ្លាក់ចុះក្នុងភាពអនាធិបតេយ្យ ។ ទីពីរ ប្រុសៗនឹងចាប់ផ្តើមមានទំនាស់នឹងគ្នា នៅពេលដែលស្ត្រីដែលគេចង់បានបែរជាទៅស្និទ្ធស្នាលនឹងប្រុសណាម្នាក់ទៀង ។ ទីបី ស្ត្រីឯទៀតនឹងមានការច្រណែន ហើយនាំគ្នាបង្កើតផែនការនិងឧបាយកលផ្សេងៗ ដែលជាហេតុនាំឲ្យស្ថានភាពនៅក្នុងជំរំវឹកវរ ។ យុទ្ធាសាស្ត្របន្ទាយគ្មានទ័ព (សំងំយកពិស) នៅពេលដែលសត្រូវមានចំនួនទ័ពច្រើនហើយស្ថានភាពបង្ហាញថាពួកគេនឹងវាយប្រហារអ្នកឆាប់ៗ មិនត្រូវបង្ហាញឲ្យគេឃើញថា អ្នកកំពុងតែត្រៀមខ្លួនប្រយុទ្ធនោះទេ ។ គប្បីរក្សាភាពស្ងប់ស្ងៀម ឬធ្វើសកម្មភាពឌឺដាក់គូបដិបក្ខ ដើម្បីឲ្យពួកគេគិតថាអ្នាកកំពុងរៀបចំការវាយឆ្មក់ដ៏ធំមួយ ។ វិធីសាស្ត្រនេះល្អប្រសើរ បើអ្នកអាចរក្សាភាពស្ងប់ស្ងៀមនិងធម្មតា ខណៈគូបដិបក្ខគិតថាអ្នកស្ថានការណ៍ភ័យព្រួយ ។ យុទ្ធសាស្ត្របន្ទាយគ្មានទ័ព គួរប្រើតែនៅក្នុងករណីគូភាគីប្រយុទ្ធមានកម្លាំងប្រហាក់ប្រហែលគ្នា ។ គប្បីប្រើយុទ្ធសាស្ត្រនេះម្តងម្កាលតែប៉ុណ្ណោះ ។ ស្វាសុីបាយរួច លាបមាត់ពពែ កាត់បន្ថយសមត្ថភាពប្រយុទ្ធរបស់បច្ចាមិត្ត ដោយលួចបង្កឲ្យមាននូវភាពរកាំរកូសនឹងគ្នារវាងមិត្តភក្តិ សម្ព័ន្ធមិត្ត ទីប្រឹក្សា គ្រួសារ នាយទាហាន ទាហាន និងប្រជាជន ។ ខណៈសត្រូវជាប់រវល់ដោះស្រាយបញ្ហាផ្ទៃក្នុង សមត្ថភាពវាយប្រហារឬការពាររបស់ពួកគេនឹងទន់ខ្សោយ ។ បង្ករបួសលើខ្លួនឯងដើម្បីបញ្ឆោតសត្រូវ ធ្វើពុតជាត្រូវរបួសមានសារប្រយោជន៍ពីរយ៉ាង៖ ទីមួយ បច្ចាមិត្តគិតថា អ្នកមិនអាចវាយប្រហារគេបានឡើយ ។ ទីពីរ អ្នកអាចបញ្ឆោតឬនិយាយបញ្ចុះបញ្ចូលបច្ចាមិត្តឲ្យជឿថា អ្នកត្រូវរបួសដោយសារជួយគារពារសមិទ្ធិផលរបស់ពួកគេ ។ យុទ្ធសាស្ត្ររត់បណ្តាក់គ្នា ក្នុងការតតាំងជាមួយសត្រូវដែលខ្លាំង គប្បីប្រើវិធីសាស្ត្ររត់បណ្តាក់គ្នាជាខ្សែសង្វាក់ ។ ត្រូវរក្សាដំណើរប្រតិបត្តិគម្រោងផ្សេងៗឲ្យទៅតាមគម្រោងផែនការធំតែមួយ ។ ក្នុងករណីដែលគម្រោងណាមួយបរាជ័យ គប្បីអនុវត្តិគម្រោងបន្ទាប់ទៀតភ្លាម ។ យុទ្ធសាស្ត្រនេះនឹងជួយឲ្យគម្រោងផែបការធំ នៅតែបន្តដំណើរការទៅមុខដោយឥតរអាក់រអួល ។ ប្រសិនបើអ្វីៗទាំងអស់ត្រូវបរាជ័យ រត់យករួចខ្លួនសិន ប្រសិនបើស្ថានភាពបង្ហាញជាក់លាក់ថា សកម្មភាពរបស់អ្នកកំពុងធ្លាក់ចូលក្នុងភាពបរាជ័យ អ្នកគប្បីដកថយហើយប្រមូលផ្តុំគ្នាជាថ្មី ។ នៅពេលដែលអ្នកប្រឈមនឹងបរាជ័យ អ្នកមានជម្រើសបីគឺ៖ ចុះចាញ់ សម្រុះសម្រួល (ចចារផ្អាកប្រយុទ្ធ) ឬ រត់គេចខ្លួន ។ ចុះចាញ់គឺជាបរាជ័យទាំងស្រុង ។ ចចារផ្អាកប្រយុទ្ធ (សម្រុះសម្រួល) គឺបរាជ័យពាក់កណ្តាល ។ ក៏ប៉ុន្តែ រត់គេចខ្លួនមិនមែនជាបរាជ័យទេ ។ ដរាបណាអ្នកនៅមិនទាន់បានចាញ់នៅឡើយ អ្នកនៅតែមានឱកាសតតាំងគ្នាទៀត ។ នេះគឺជាយុទ្ធសាស្ត្រដ៏ល្បីល្បាញបំផុតដែលមានលក្ខណៈអមតៈក្នុងទម្រង់ពាក្យស្លោកចិន ពោលគឺ៖ "នៅក្នុងចំណោមយុទ្ធសាស្ត្រទាំងសាមសិបប្រាំមួយ រត់គេចខ្លួនគឺជាជម្រើសដ៏ល្អបំផុត" ។

Saturday, February 23, 2019

ចំណីខួរក្បាល

វេជ្ជបណ្ឌិតនិងគំនិតម្តាយខ្ញុំ ការបន្តពូជឬបីបាច់ថែទាំទារក មានការផ្លាស់ប្តូរពីជំនាន់មួយទៅជំនាន់មួយ ។ ដើម្បីធានានូវសុវត្ថិភាពរបស់ទារកដែលមាតាបិតាទូទៅស្រឡាញ់ស្មើជីវិតនោះ មនុស្សនៅក្នុងសម័យទំនើបនេះ តែងតែធ្វើតាមរបបគំហើញនិងការណែនាំរបស់អ្នកស្រាវជ្រាវនិងវេជ្ជបណ្ឌិត ។ ប៉ុន្តែ នៅពេលរបបគំហើញណាមួយមិនត្រឹមត្រូវ ការអនុវត្តន៍តាមរបកគំហើញនោះនឹងក្លាយទៅជាមហន្តរាយដ៏ចុកចាប់មួយ ។ ទំនៀមទម្លាប់ដែលមនុស្សធ្វើតៗគ្នា មិនប្រាកដថាមិនល្អនោះទេ ថ្វីត្បិតតែវាមិនផ្អែកលើការស្រាវជ្រាវ ឬក៏របកគំហើញរបស់អ្នកជំនាញ ។ ឧទាហរណ៍ដ៏សាមញ្ញមួយគឺទម្លាប់របស់ម្តាយខ្ញុំ ។ កូនរបស់គាត់ទាំងអស់ដែលកើតមក គឺគាត់ដាក់ឲ្យដេកផ្ងារជានិច្ច ។ មិនតែប៉ុណ្ណោះ ម្តាយខ្ញុំថែមទាំងដាក់ទារកឲ្យដេកនៅក្រោមក្លៀករបស់គាត់ដើម្បីបំបៅដោះទៀតផង ។ គាត់ធ្វើដូច្នោះរហូតទាល់តែមានទារកមួយទៀតកើតមក ទើបរុញកូនបងឲ្យឃ្លាតបន្តិចដើម្បីដាក់ទារកប្អូនឲ្យគេងក្បែរគាត់វិញម្តង ។ ជាលទ្ធផល ទម្រង់លលាដ៍ក្បាលរបស់ពួកយើងផ្នែកខាងក្រោយមានភាពរាបស្មើដូចបន្ទះក្តារ ហើយយើងមានភាពស្និទ្ធិស្នាលជាមួយនឹងម្តាយច្រើនជាងឪពុក ។ នៅពេលខ្ញុំទៅដល់សហរដ្ឋអាមេរិកនៅទសវត្សឆ្នាំ ១៩៨០ ខ្ញុំបានឃើញបងថ្លៃខ្ញុំដាក់ទារកឲ្យដេកផ្កាប់មុខនៅក្នុងគ្រីប (គ្រែកូនក្មេង) ។ ខ្ញុំក៏សួរគាត់ថា ហេតុអ្វីបានជាដាក់កូនង៉ាឲ្យគេងដូច្នេះ ។ គាត់ប្រាប់ខ្ញុំថា ពេទ្យគេប្រាប់ឲ្យដាក់ទារកគេងដូចនេះដើម្បីឲ្យថ្ងាស់វាពយមកមុខនិងកុំឲ្យក្បាលវារាបស្មើនៅផ្នែកខាងក្រោយ ។ ខ្ញុំយកដៃមកស្ទាបក្បាលខ្ញុំផ្នែកខាងក្រោយហើយគិតថា ហេតុតែម្តាយខ្ញុំល្ងង់ទើបមិនដឹងថា ការដាក់ទារកឲ្យដេកផ្ងាធ្វើឲ្យក្បាលវារាបនៅផ្នែងខាងក្រោយ ។ មិនយូរប៉ុន្មាន មានពត៌មានផ្សាយជាញឹកញាប់អំពីទារកស្លាប់ដោយមិនដឹងមូលហេតុ ។ គេហៅការស្លាប់នោះថា Sudden Infant Death Syndrome (SIDS) ។ បន្ទាប់ពីមានការស៊ើបអង្កេតល្អិតល្អន់ គេរកឃើញថាមូលហេតុដែលនាំឲ្យទារកស្លាប់គឺដោយសាការដាក់ឲ្យវាដេកផ្កាប់មុខនាំឲ្យថប់ដង្ហើមព្រោះកវានៅទន់មិនអាចងើបកើត ។ ពេលនោះ ខ្ញុំនឹងទៅដល់ទង្វើរបស់ម្តាយខ្ញុំ ។ ក្បាលខ្ញុំដែលមានទម្រង់រាបស្មើផ្នែកខាងក្រោយរហូតដល់សព្វថ្ងៃជាសក្ខីកម្មនៃភាពឆ្លាតវាងវៃរបស់គាត់ ។ បច្ចុប្បន្ន ទារកទាំងអស់មិនត្រូវបានអនុញាតឲ្យដេកផ្កាប់មុខទេ ។ នៅមានរឿងមួយទៀតដែលខ្ញុំគិតថា អ្នកជំនាញខាងថែរក្សាទារកឆ្លាតមិនដល់ម្តាយខ្ញុំឡើយ ។ ជាគោលការណ៍អនុវត្តន៍នាពេលបច្ចុប្បន្ននៅសហរដ្ឋអាមេរិក ទារកទាំងអស់មិនត្រូវបានអនុញាតឲ្យគេងក្បែរមាតាឬបិតាទេ ។ មូលហេតុដែលគេធ្វើដូច្នេះព្រោះខ្លាចភូយដែលមាតាឬបិតាដណ្តប់នោះ វាទៅគ្របលើច្រមុះទារកនាំឲ្យថប់ដង្ហើមស្លាប់ ឬក៏មាតាបិតាផ្អៀងខ្លួនទៅសង្កត់ដៃជើងទារកនាំឲ្យមានគ្រោះថ្នាក់ ។ គេឲ្យដាក់ទារកគេងនៅក្នុងគ្រីបរបស់វា គឺកូនគ្រែដែលមានរនាំងបាំងជំវិញ ។ ក៏ប៉ុន្តែ នៅពេលទារកកើតចេញមកភ្លាម គេតម្រូវឲ្យដាក់ទារកនោះនៅលើដើមទ្រូងម្តាយសិន ដើម្បីភ្ជាប់ទំនាក់ទំនងរវាងម្តាយនិងកូន ។ គេហៅទង្វើនោះថា៖ Kangaroo Birthing ឬ ឆ្លងទន្លេរបៀបសត្វ កាំងហ្គារូ ។ ការដាក់ទារកនៅលើដើមទ្រូងមាតានោះ គឺគេដាក់តែមួយភ្លែតទេ ។ បន្ទាប់ពីនោះគឺត្រូវដាក់ទារកឲ្យគេងដាច់ដោយឡែក ។ បើយើងសង្កេតមើលអំពីសត្វ កាំងហ្ការូ វាបីបាច់ថែរក្សាកូនរបស់វានៅក្នុងថ្នក់ (Pouch) នៅក្រោមដើមទ្រូងរបស់វា រាប់ខែឯណោះ មិនមែនតែមួយភ្លេតទេ ។ ដូច្នេះ ហេតុអ្វីក៏មនុស្សមិនដាក់ទារកឲ្យគេងនៅក្បែររាប់ខែដែរទៅ? ត្រង់ចំណុចនេះ ខ្ញុំនឹកទៅដល់ទម្លាប់របស់ម្តាយខ្ញុំដែលតែងតែដាក់ទារកឲ្យគេងនៅក្រោមក្លៀករបស់គាត់រហូតទាល់តែមានទារកមួយទៀត ។ បើយើងនិយាយអំពីទំនាក់ទំនងជិតស្និទ្ធរវាងមាតាបិតានិងកូននៅសហរដ្ឋអាមេរិក ផលវិបាកដ៏ធំបំផុតគឺការមិនរស់នៅក្បែរឪពុកម្តាយ ។ យុវជនភាគច្រើនយកលេសទៅសិក្សានៅសាកលវិទ្យាល័យ ដើម្បីចាកចេញឲ្យឆ្ងាយអំពីឪពុកម្តាយ ។ ជាទូទៅ ពួកគេមិនវិលត្រឡប់មករស់នៅក្បែរឪពុកម្តាយវិញទេ ។ គឺទៅរហូតតែម្តង ។ តើវាអាចមកអំពីកង្វះភាពស្និទ្ធស្នាលនឹងគ្នានៅគ្រាដែលពួកគេជាទារកនោះដែរទេ? ការនិយាយថា សាលានៅឆ្ងាយទើបមានមុខវិជ្ជាដែលខ្លួនត្រូវរៀន ឬក៏ការងារដែលស្ថិតនៅជិតឪពុកម្តាយមិនអាចរកបាន គឺគ្រាន់តែជាលេសតែប៉ុណ្ណោះ ។ សហរដ្ឋអាមេរិកមានការអភិវឌ្ឃន៍ស្ទើរតែស្មើគ្នានៅទូទាំងប្រទេស ។ សាលារៀនគ្រប់មុខវិជ្ជានិងការងារអាជីពនៅទីណាក៏អាចរកបានដែរ ។ សូមបង្វែការពិភាក្សាមកនិយាយអំពីរឿងទារកគេងជាមួយឪពុកម្តាយបន្តទៅទៀត ។ មិនទាន់មានការស្រាវជ្រាវណាមួយដែលបញ្ជាក់ថា ទារកដែលគេងជាមួយមាតាបិតាយូរអង្វែង មានភាពស្និទ្ធស្នាលនិងរស់នៅកៀកកិតជិតមាតាបិតាច្រើនជាងទារកដែលមិនបានគេងជិតមាតាបិតានោះទេ ។ ប៉ុន្តែ សម្រាប់ខ្ញុំ ខ្ញុំយល់ថា ទារកដែលមានឱកាសគេងកៀកកិតនឹងមាតាបិតា អាចមានទំនាក់ទំនងល្អជាមួយនឹងមាតាបិតា និងបង្កឲ្យមានការងាយស្រួលក្នុងការណែនាំនៅថ្ងៃអនាគត ។ ទារកដែលទទួលបានការគេងជាប់ជិតនឹងមាតាបិតា អាចមិនងាយនឹងក្លាយជាឧទាមជន (Rebel against parents) នៅពេលដែលពួកគេមានអាយុចន្លោះពី ១៣ ទៅ ១៨ឆ្នាំឡើយ ។ ភ្ជាប់ជាមួយនឹងជំនឿនេះ ខ្ញុំបានសម្រេចធ្វើតាមទម្លាប់ម្តាយខ្ញុំជាជាងអ្វីដែលវេជ្ជបណ្ឌិតបង្គាប់បញ្ជា ពាក់ព័ន្ធនឹងការថែរក្សាទារក ។ ខ្ញុំមានកូនពីរនាក់ ។ នៅពេលពួកគេកើតមក យើងមិនដែលឲ្យពួកគេគេងដាច់ដោយឡែកទេ ។ គឺគេងនៅក្បែរឪពុកឬម្តាយជាប់ជានិច្ច ។ គម្រោងរបស់យើងគឺឲ្យកូនគេងនៅក្បែររហូតដល់ថ្ងៃដែលពួកគេចង់ចាកចេញទៅគេងនៅក្នុងបន្ទប់ដាច់ដោយឡែក ។ ការធ្វើរបៀបនេះ មានផលវិបាកខ្លះៗសម្រាប់យើងដែលជាមាតាបិតា ជាពិសេសនៅពេលដែលទារកទើបនឹងកើតមក ។ ដើម្បីកាត់បន្ថយហានិភ័យនិងការពារគ្រោះថ្នាក់ជាយថាហេតុ ខ្ញុំយកភួយមករុំដោយយកជាយម្ខាងញាត់នៅក្រោមខ្លួនរបស់ខ្ញុំរៀងរាល់ពេលដែលដាក់ទារកឲ្យគេញនៅក្បែរ ។ ខ្ញុំធ្វើដូច្នេះ ដើម្បីកុំឲ្យដៃរបស់ខ្ញុំវាសទៅត្រូវទារក ឬក៏ផ្អៀងទៅសង្កត់ទារកនៅពេលដែលខ្ញុំដេកលង់លក់ ។ បច្ចុប្បន្ន កូនរបស់ខ្ញុំមិនទាន់ចម្រើនវ័យដល់ថ្ងៃប្រកាសលទ្ធផលនៅឡើយទេ (The jury is still out) ។ ប៉ុន្តែ ផ្អែកលើការអភិវឌ្ឃន៍របស់ពួកគេ អ្វីៗហាក់ដូចជាកំពុងប្រព្រឹត្តិទៅ តាមដំណើរដែលយើងចង់បាន ៕

Tuesday, February 19, 2019

ចំណីខួរក្បាល

ធ្វើការទាល់តែងាប់ ឬធ្វើការកុំឲ្យងាប់ (Work to Death Or Work to Live) ព្រះពុទ្ធបរមគ្រូ បានបន្សល់ទុកនូវពាក្យទូន្មានប្រាំបីម៉ាត់ហៅកាត់ថា អដ្ឋង្គិគមគ្គ សម្រាប់ឲ្យមនុស្សដោះស្រាយបញ្ហានានានៅក្នុងជីវិត ។ ពាក្យទាំង៨ម៉ាត់នោះគឺ៖ ១) សម្មាទិដ្ឋិ (យល់ឃើញក្នុងផ្លូវត្រូវ) ២) សម្មាសង្កប្បៈ (ពិចារណាក្នុងផ្លូវត្រូវ) ៣) សម្មាវាចា (និយាយក្នុងផ្លូវត្រូវ) ៤) សម្មាកម្មន្តៈ (ធ្វើការក្នុងផ្លូវត្រូវ) ៥) សម្មាអាជីវៈ (រកសុីក្នុងផ្លូវត្រូវ) ៦) សម្មាវាយាមៈ (ព្យាយាមក្នុងផ្លូវត្រូវ) ៧) សម្មាសតិ (ភ្ញាក់រលឹកក្នុងផ្លូវត្រូវ) និង ៨) សម្មាសមាធិ (តម្កល់ចិត្តក្នុងផ្លូវត្រូវ) ។ ព្រះពុទ្ធទ្រង់ពន្យល់ថា អ្នកដែលចង់បានសុភមង្គល អនុវត្តឬដើរតាមមាគ៌ាទាំង៨នេះ នឹងមានសុភមង្គលហើយ ។ មនុស្សគ្រប់រូបដែលកើតមកក្នុងលោកនេះ សុទ្ធតែចង់បានសុភមង្គល ។ តើមានមនុស្សប៉ុន្មាននាក់ដើរតាមមាគ៌ាទាំង៨នេះ? គ្មាននរណាដឹងទេ ។ ប៉ុន្តែ បើយើងមើលតាមទុក្ខសោកដែលមនុស្សក្នុងលោកជួបប្រទះ យើងអាចសន្និដ្ឋានបានថា មានមនុស្សមិនច្រើនទេដែលអនុវត្តិតាមដំបូន្មានដ៏សាមញ្ញនេះ ។ ជីវិតមនុស្សកើតមកនៅក្នុងលោកនេះ អាចគង់នៅជាធរមានប្រមាណជា ៨០ឆ្នាំ ។ តើនៅអំឡុងពេល៨០ឆ្នាំនេះ យើងត្រូវធ្វើការទាល់តែងាប់ ឬក៏ធ្វើការកុំឲ្យងាប់? នេះគឺជាសំណួរមួយដែលយើងត្រូវឆ្លើយជាលក្ខណៈបុគ្គល ដោយផ្អែកលើស្ថានភាពជីវិតរៀងៗខ្លួន ។ នៅពេលយើងនិយាយអំពីជីវិត ចំណុចសំខាន់បំផុតដែលយើងត្រូវគិតគឺការរកសុី ។ នៅពេលយើនិយាយអំពីការរកសុី យើងត្រូវគិតអំពីពលកម្ម ។ ពលកម្មពាក់ព័ន្ធនឹង ពាណិជ្ជកម្ម សេដ្ឋកិច្ច និងអ្វីៗហូរហែរតាប៉ែលតតទៅទៀត ។ សូមបញ្ជាក់ថាពាក្យ "រកសុី" នៅទីនេះគឺសំដៅលើការវិនិយោគពលកម្ម ដើម្បីស្វែករកអ្វីមួយមកគាំពាររូប ។ ឧទាហរណ៍ និស្សិតដែលទៅសិក្សាក៏រាប់ថាជាការ "រកសុី" ដែរ ។ ប៉ុន្តែ ក្នុងអត្ថបទនេះ សូមផ្តោតការពិភាក្សាលើការរកសុីដើម្បីរកសម្ភារទ្រព្យនិងអំណាច (Material Wealth and Power) តែប៉ុណ្ណោះ ។ ការវិនិយោគពលកម្មដើម្បីរកបញ្ញាសូមទុកមួយអន្លើសិន ។ ពាក់ព័ន្ធនឹងសេដ្ឋកិច្ច លោក កាល ម៉ាក្ស ដែលជាទស្សវិទូរអាល្លឺម៉ង់ដ៏ឆ្នើមមួយរូបនៅសតវត្សទី១៩ បានចែកមនុស្សជាពីក្រុម ឬវណ្ណៈគឺ៖ វណ្ណៈអធន និងវណ្ណៈមូលធន ។ វណ្ណៈអធនគឺអ្នកដែលប្រកបការងារស្ថិតនៅក្រោមឥទ្ធិពលនៃធនធានរបស់អ្នកដទៃ ។ វណ្ណៈមូលធនគឺអ្នកដែលយកពលកម្មអ្នកដទៃមកធ្វើជាយានសម្រាប់ប្រមូលធន ។ លោក កាល ម៉ាក្សហៅទង្វើរបស់វណ្ណៈមូលធនថា៖ ការកេងប្រវ័ញ្ច (Exploitation) ។ គាត់បានពន្យល់យ៉ាងល្អិតល្អន់អំពីប្រការនេះនៅក្នុងសៀវភៅរបស់គាត់ឈ្មោះ Das Kapital និងនៅក្នុងទ្រឹស្តីកុម្មយនិស្តដែលគាត់បានសរសេរផ្សាយជាមួយនឹងមិត្តម្នាក់ឈ្មោះ ហ្វ្រិដឺរីក ហេហ្គេល ។ នៅក្នុងគំនិតលោក កាល ម៉ាក្ស ការកេងប្រវ័ញ្ចគឺជាអំពើអយុត្តិធម៌ដ៏ធំបំផុតនៅក្នុងសង្គមមនុស្ស ។ ចំណុចនេះ ខ្ញុំឯកភាព ។ ប៉ុន្តែ អ្វីដែលជាកត្តាធ្វើឲ្យខ្ញុំនៅមិនសុខនោះគឺថា មនុស្សជាច្រើន រាប់បញ្ចូលទាំងរូបខ្ញុំម្នាក់ដែរ មានលទ្ធភាពដកខ្លួនចេញអំពីពិភពកេងប្រវ័ញ្ច ហេតុអ្វីក៏នៅតែស្ម័គ្រចិត្តស្ថិតនៅក្នុងស្ថានភាពនេះរហូតដល់ថ្ងៃស្លាប់ ។ នៅក្នុងពិភពកេងប្រវ័ញ្ច វណ្ណៈអធននិងវណ្ណៈមូលធនមានទំនាក់ទំនងនឹងគ្នាតាមរយៈរូបមន្តច្បាប់មេដៃ (Rule of Thumb) ៣៥/៦៥ ។ មានន័យថា នៅក្នុងដំណើរស្វែងរកធនធាន (លុយ) វណ្ណៈអធនទទួលបានតែ ៣៥ភាគរយនៃតម្លៃជាទឹកប្រាក់ដែលពលកម្មខ្លួនផលិតបាន ។ ចំណែក ៦៥ភាគរយដែលនៅសល់គឺត្រូវបានហូរចូលទៅក្នុងហិបប្រាក់របស់វណ្ណៈមូលធន ។ សម្រាប់កសិករនិងពាណិជ្ជករដែលផលិតនិងទិញផលិតផលយកទៅលក់ គេត្រូវស្វែងរកកម្រៃ (Mark-up) ចំនួនប្រមាណជា៣៥ភាគរយផងដែរ ។ នេះគឺជាសច្ចៈភាពមួយនៃការ "រកសុី" និងទំនាក់ទំនងរវាងវណ្ណៈអធន និងមូលធន ។ ចំណុចសំខាន់ដែលគួរចងចាំគឺថា វណ្ណៈអធនប្រឹងឬធ្វើពលកម្មកាន់តែច្រើន កំណើនធនធានរបស់វណ្ណៈមូលធនកើនរឹតតែខ្ពស់ទ្វេដងនៃកំណើនរបស់វណ្ណៈអធន ។ ដើម្បីបង្ហាញអំពីអព្ភូតហេតុនេះ ខ្ញុំសូមលើកយកក្រុមហ៊ុន អាម៉ាហ្សូន (Amazon) និង អ៊ូប៊ឺ (Uber) មកធ្វើជាឧទាហរណ៍ ។ ក្រុមហ៊ុនទាំងពីរនេះ ប្រើរូបមន្ត ៣៥/៦៥ នៅក្នុងការរកសុី ។ សព្វថ្ងៃ ក្រុមហ៊ុនទាំងពីរមានសាខា (Franchises) ជាច្រើននៅក្នុងភិភពលោកព្រមទាំងមានពលកររាប់លាននាក់ធ្វើពលកម្មបម្រើពួកគេដោយស្ម័គ្រចិត្តទៀតផង ។ ពលកររបស់ក្រុមហ៊ុន អាម៉ាហ្សូនភាគច្រើនជាស្មេរសរសេរសៀវភៅ ។ ឯពលកររបស់ក្រុមហ៊ុនអ៊ូប៊ឺគឺអ្នកដែលមានរថយន្តបើកបរ ។ ចំណុចរួមនៃយុទ្ធសាស្ត្ររកសុីរបស់ក្រុមហ៊ុនទាំងពីរគឺ អនាមិក ឯករាជម្ចាស់ការ គ្មាននរណាត្រួត ។ ភាពអនាមិក ឯករាជម្ចាស់ការ និងគ្មាននរណាត្រួតនេះ បានទាក់ទាញមនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់ឲ្យស្ម័គ្រចិត្តធ្វើការងារដើម្បីបង្កើនធនធានដុល្លារនៅក្នុងហិបប្រាក់របស់ក្រុមហ៊ុនទាំងពីរនេះ ។ បើគិតមកដល់ពេលនេះ ក្រុមហ៊ុនទាំងពីរបានធ្វើការរកសុីមិនទាន់បានបីទសវត្សនៅឡើយទេ ។ ប៉ុន្តែ ពួកគេបានក្លាយជាក្រុមហ៊ុនដែលមានកំណើនធនធានលឿនបំផុតនៅក្នុងពិភពលោក ព្រមទាំងមានទ្រព្យសម្បត្តិច្រើនលើសលុបផងដែរ ។ ចំណែកធនធានរបស់ពលករដែលស្ម័គ្រចិត្តជួយស្វែងរកទ្រព្យឲ្យក្រុមហ៊ុនទាំងពីររៀងរាល់ថ្ងៃនោះ គ្មានអ្វីកើនគួរឲ្យកត់សម្គាល់ឡើយ ។ រឿងកេងប្រវ័ញ្ចពលកម្មអ្នកដទៃដើម្បីប្រមូលធនធានមិនខុសអ្វីអំការកេងប្រវ័ញ្ចលើសេរីភាពអ្នកដទៃដើម្បីអំណាចនោះទេ ។ នៅក្នុងរបបផ្តាច់ការ ក្រុមជនដែមានតួនាទីខ្ពស់បំផុតនៅក្នុងជួររដ្ឋាភិបាលរមែងទទួលបានភោគផលអំណាចនិងទ្រព្យស្រដៀងគ្នានឹងពួកមូលធនដែរ ។ គាបសង្កត់ត្រួតសិទ្ធិសេរីភាពបុគ្គលក្រោមឱវាទរឹតតែខ្លាំង អំណាចប្រមូលផ្តុំក៏ទទួលបានរឹតតែច្រើនដែរ ។ រូបភាពដែលគួរឲ្យសង្វេករវាងវណ្ណៈអធននិងបុគ្គលិកការិយាធិបតេយ្យរបស់ជនផ្តាច់ការ គឺថាពួកគេខំប្រឹងណាស់ដើម្បី ប្រាក់និងអំណាច ដោយមិនគិតឬក៏មិនខ្វល់ទេថា ៦៥%នៃការខំប្រឹងប្រែងនោះជាទង្វើដើម្បីផ្តល់ប្រយោជន៍ឲ្យអ្នកដទៃ ។ មុននឹងបញ្ចប់អត្ថបទនេះ ខ្ញុំសូមលើកយកច្បាប់មេដៃ (Rule of Thumb) នៃនិយមន័យវណ្ណៈមកបកស្រាយ ។ ដែលហៅថាវណ្ណៈអធនគឺអ្នកធ្វើការដែលគ្មានភាគហ៊ុននៅក្នុងក្រុមហ៊ុន (Non-Shares Holders) ។ អ្នកអាចទទួលកម្រៃរាប់មុឺនដុល្លារក្នុងមួយខែ ប៉ុន្តែបើគ្មានភាគហ៊ុនទេ អ្នកនៅតែជាវណ្ណៈអធន ។ ពួកមូលធនគឺអ្នកដែលប្រើដើមទុន ឬធន ដើម្បីរកនិងបង្កើនធន ។ នៅក្នុងប្រព័ន្ធការិយាធិបតេយ្យនៃរបបផ្តាច់ការក៏ដូចគ្នាដែរ ។ អ្នកដែលស្វែងរកអំណាចឋានៈបុណ្យសក្តិ មានស្ថានភាពដូចគ្នានឹងវណ្ណៈអធន ។ នាយករដ្ឋមន្ត្រីជាមេមូលធនអំណាច ។ រដ្ឋមន្ត្រីជាអ្នកដែលមានភាគហ៊ុននៅក្នុងអង្គភាពអំណាច ។ នាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីបង្កើនធនធានអំណាចតាមរយៈការតែងតាំងនិងដកហូតមនុស្សក្រោមអំណាចរបស់ខ្លួន ក៏ដូចជាលើកទឹកចិត្តឲ្យបុគ្គលិកធ្វើការងារដើម្បីផលប្រយោជន៍ខ្លួនផងដែរ ។ បើយើងបង្រួមអ្វីៗទាំងអស់ឲ្យចុះមកដល់កត្តាតូចបំផុត (Narrow it down) បញ្ហាពាក់ព័ន្ធទាំងអស់គឺស្ថិតនៅលើ តណ្ហា (Desire) ។ មនុស្សខ្លះធ្វើពលកម្មផ្តល់អត្ថប្រយោជន៍ ៦៥%ឲ្យទៅអ្នកដទៃ ដើម្បីគាំពាររូប ។ ខ្លះមានគ្រប់គ្រាន់ដើម្បីគាំពាររូបហើយ តែនៅចង់បានទ្រព្យទុកសម្រាប់គាំពាររូបនៅពេលជរា ។ ពេលមានទ្រព្យសល់សម្រាប់គាំពារហើយ ក៏នៅតែមិនស្ងប់ចង់បានរបស់របរសម្រាប់សំញែងអ្នកដទៃផងដែរ ។ ពេលមានរបស់សំញែងគេឯងហើយ នៅចង់ក្លាយខ្លួនជាវណ្ណៈមូលធនទៀតដើម្បីមានឱកាសកេងប្រវ័ញ្ចលើកម្លាំងពលកម្មអ្នកដទៃ ។ នៅក្នុងវិស័យរដ្ឋាភិបាលនិងការិយាធិបតេយ្យក៏ដូចគ្នាដែរ ។ ដើម្បីអំណាចបុណ្យសក្តិនិងឋានៈ មនុស្សប្រឹងប្រែងធ្វើពលិកម្មសព្វបែបយ៉ាង ។ សូម្បីតែក្បត់ឆន្ទៈរបស់ខ្លួនឯងក៏ហ៊ានធ្វើដែរ ។ ជីវិតសត្វលោក ពិតជាស្មោកគ្រោកពេកណាស់!!!

Monday, February 4, 2019

ចំណីខួរក្បាល

ពត៌មានមិនពិត Fake News ពត៌មានមិនពិត (Fake News) កើតមានជាយូរយាណាស់មកហើយ ប៉ុន្តែ ហាក់ដូចជាគ្មាននរណាចាប់អារម្មណ៍ ឬក៏ខ្វល់ខ្វាយនឹងវាទេ ។ ទើបតែពេលថ្មីៗនេះ បន្ទាប់ពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក គាត់តែងតែស្រែកថា៖ Fake News!, Fake News! (ពត៌មានមិនពិត ៗ) នៅពេលមានពត៌មានណាមួយផ្សាយប៉ះពាល់ដល់កិត្តិយស ឬអំពីរឿងអាស្រូវរបស់គាត់ ។ ប្រការនេះបានធ្វើឲ្យមេដឹកនាំប្រទេសដទៃ ជាពិសេសមេដឹកនាំផ្តាច់ការ លើកយកពត៌មានមិនពិតមកធ្វើជាប្រធានបទដើម្បីធ្វើច្បាប់រឹតបន្តឹងសិទ្ធិផ្សព្វផ្សាយនិងនិយាយស្តីរបស់ពលរដ្ឋស្លូតត្រង់ ។ បើយើងនិយាយឲ្យចំដំឲ្យត្រូវ ជនខិលខូចដែលលុះនឹងការផ្សាយពត៌មានមិនពិតគឺរដ្ឋាភិបាល ជាពិសេសរដ្ឋាភិបាលកុម្មុយនិស្តនិងរបបផ្តាច់ការ ។ រដ្ឋាភិបាលលោកសេរីក៏ផ្សព្វផ្សាយពត៌មានមិនពិតដែរ គ្រាន់តែមិនសូវច្រើន ។ គេហៅការផ្សាយពត៌មានមិនពិតនេះជាភាសាអង់គ្លេសថា៖ Propaganda ដែលខ្ញុំសូមហៅជាភាសាខ្មែរថា៖ ពត៌មានបំភ្លៃ ។ បើយើងពិនិត្យឲ្យជាក់លាក់ទៅ ពាក្យ បំភ្លៃ និង មិនពិត វាមានអត្ថន័យដូចតែគ្នាទេ ។ នៅក្នុងជួររដ្ឋាភិបាលស្ទើរតែគ្រប់ប្រទេសនៅលើពិភពលោក មានមុខតំណែងមួយដែលគេហៅថា៖ អ្នកនាំពាក្យ ។ អ្នកនាំពាក្យមានរហសនាមមួយផ្សេងទៀតដែលភាសាអង់គ្លេសហៅថា៖ Spin Doctor ។ ពាក្យនេះ យើងអាចបកប្រែជាភាសាខ្មែរថា៖ បណ្ឌិតបំភ្លៃពត៌មាន ។ តួនាទីនៃបណ្ឌិតបំភ្លៃពត៌មាន គឺបកស្រាយពាក្យពេចន៍របស់ប្រធានាធិបតី ឬនាយករដ្ឋមន្ត្រីដែលនិយាយខុស ទៅរកភាពត្រឹមត្រូវ ឬក៏រកមធ្យោបាយកាយកប់លុបវាឲ្យបាត់កុំឲ្យសល់នៅលើប្រព័ន្ធផ្សព្វផ្សាយ ។ ដើម្បីធ្វើដូច្នេះ បណ្ឌិតបំភ្លៃពត៌មានចាំបាច់ត្រូវតែនិយាយបកស្រាយផ្សព្វផ្សាយឲ្យហួសអំពីការពិត ។ ភាសាអង់គ្លេសហៅយុទ្ធសាស្ត្រនេះថា៖ Damage Control ឬយុទ្ធសាស្ត្រ ប៉ះសំពត់រហែក ។ ពត៌មានពិត ឬមិនពិត មិនមែនអាស្រ័យលើនរណាម្នាក់ឲ្យតម្លៃ ឬក៏បកស្រាយវានោះទេ ។ អ្វីៗគឺអាស្រ័យលើការវិនិច្ឆ័យរបស់ពលរដ្ឋ ឬទស្សនិកជន(Audience)ដែលទទួលបាននូវពត៌មានទាំងនោះ ។ ដើម្បីបកស្រាយអំពីប្រការនេះ សូមលើកយកប្រទេសកម្ពុជាមកធ្វើជាឧទាហរណ៍ ។ ប្រមុខនិងអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាសប្រាប់ពិភពលោកនិងពលរដ្ឋខ្មែរថា រដ្ឋាភិបាលកម្ពុជាជារដ្ឋាភិបាលដើរតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ហើយគោរពសិទ្ធិមនុស្ស ។ ពត៌មាននេះ ត្រូវបានផ្សព្វផ្សាយជាច្រើនទសវត្សមកហើយ ។ ប៉ុន្តែ នៅក្នុងកែវភ្នែកនិងជំនឿចិត្តរបស់មនុស្សដែលទទួលបានពត៌មាននេះ វាហាក់ដូចជាគ្មានធាតុពិតនៅក្នុងការអះអាងនេះឡើយ ។ តើនេះជាពត៌មានមិនពិតឬយ៉ាងណា បានជាខ្វះការទទួលស្គាល់ពីមជ្ឈដ្ឋានអ្នកស្តាប់? ព្រះពុទ្ធទ្រង់ទូន្មានថា៖ សច្ចៈ មិនអាចលាក់បាំងជិតទេ ។ ដូច្នេះ ពត៌មានមិនពិតក៏មិនអាចបាំងបិទធាតុពិតបានដែរ ។ ការស្វែងយល់អំពីពត៌មានមិនពិត មិនពិបាកទេ ។ អ្វីដែលពិបាកនោះ គឺការទទួលបានពត៌មានពិត ។ ដើម្បីទទួលបានពត៌មានពិត វាទាល់តែមានសេរីភាពក្នុងការផ្សព្វផ្សាយនិងបញ្ចេញមតិពេញលេញ ។ សង្គមណាដែលរឹតបន្តឹងសិទ្ធិផ្សព្វផ្សាយនិងនិយាយស្តី សង្គមនោះនឹងសម្បូរទៅដោយពត៌មានមិនពិត ។ ចំណុចសំខាន់ដែលត្រូវចងចាំគឺថា ប្រពភចែកចាយពត៌មានមិនពិតគឺរដ្ឋាភិបាល ជាពិសេសរដ្ឋាភិបាលផ្តាច់ការ ៕

Wednesday, January 30, 2019

ចំណីខួរក្បាល

ពុទ្ធសាសនា មហាយាន កាលរៀនប្រវត្តិសាស្ត្រនៅវិទ្យាល័យភ្នំដងរែក លោកគ្រូបានលើកយករឿងមនុស្សខ្វាក់ប្រាំមួយនាក់និងសត្វដំរីមកធ្វើជាឧទាហរណ៍បង្ហាញថា ការសិក្សាអំពីប្រវត្តិសាស្ត្រគឺមិនខុសអំពីមនុស្សខ្វាក់ទៅស្ទាបសត្វដំរីឡើយ ។ ម្នាក់ៗគិតថាសត្វដំរីមានរូបរាងដូចជាអ្វីដែលខ្លួនពាល់ត្រូវ ។ ធាតុពិតវាមិនមែនដូច្នោះឡើយ ។ នេះគឺជាសច្ចៈភាពមួយសម្រាប់អ្នកសិក្សាមុខវិជ្ជានានាពិចារណា ។ នៅទសវត្សឆ្នាំ២០០០ ខ្ញុំបានបកប្រែនិងសរសេរពង្សាវតាខ្មែរ ជាភាសាអង់គ្លេសដើម្បីប្រមូលឯកសារនានាពាក់ព័ន្ធនឹងការឡើងគ្រងរាជរបស់ស្តេចខ្មែរ មកដាក់នៅក្នុងសៀវភៅតែមួយដើម្បីងាយស្រួលដល់ការស្រាវជ្រាវ ។ នៅក្នុងសៀវភៅនោះ ខ្ញុំបានសរសេរសារណាមួយ (Essay) ពណ៌នាអំពីការវិត្តន៍នៃសង្គមខ្មែរ ។ ខ្ញុំបានយកសមតិកម្មជាច្រើនមកអះអាងនៅក្នុងសារណានោះ រួមបញ្ចូលទាំងសមតិកម្មមួយដែលអះអាងថា មូលហេតុដែលខ្មែរនៅសម័យអង្គរអាចពង្រីកទឹកដីនិងឥទ្ធិពលបានធំទូលាយ គឺដោយសារជំនួយចេញអំពីផ្នត់គំនិតនៅក្នុងទំនៀមទម្លាប់នៃសាសនាហិណ្ឌុ ។ ចំណុចនេះ ខ្ញុំខុស ទោះបីមិនខុសទាំងស្រុងក៏ដោយ ព្រោះស្តេចជ័យវរម្ម័នទី៧ ទ្រង់ដើរតាមគោលគំនិតព្រះពុទ្ធសាសនាមហាយាន ។ ដូច្នេះ ដើម្បីពិន័យខ្លួនខ្ញុំនូវកំហុសមួយនេះ ខ្ញុំគិតថាគួរស្វែងយល់ខ្លះៗអំពីពុទ្ធសាសនាមហាយាន ។ ក្នុងពុទ្ធប្រវត្តិ ព្រះពុទ្ធសាសនាមានមូលដ្ឋានចេញអំពីគម្ពីរចំនួនបីដែលពុទ្ធសាសនិកហៅថា៖ ព្រះត្រៃបិដកគឺ វិនយ សុត្តន្ត និង អភិធម្ម ។ បើប្រៀបធៀបគម្ពីរទាំងបីទៅនឹងកំរិតសិក្សា គឺប្រៀបដូចជា បឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សា ។ អភិធម្មគឺស្ថិតនៅក្នុងឧត្តមសិក្សា ។ ឯព្រះពុទ្ធសាសនាមហាយាន គឺផ្អែកលើការបដិបត្តិដោយផ្តោតលើអភិធម្មបិដកនេះឯង ។ ដើមចមដែលនាំឲ្យព្រះពុទ្ធសាសនាមានសាខាមហាយាន គឺដោយសារសាវ័ក(កូនសិស្ស)មួយចំនួនមិនដើរតាមដំបូន្មានរបស់ព្រះពុទ្ធបរមគ្រូ ។ ព្រះពុទ្ធទ្រង់ឈ្វេងយល់ថា អភិធម្មមានអាថ៌ជ្រៅណាស់មិនអាចឲ្យមនុស្សទូទៅយល់បានងាយៗទេ ។ ការស្វែងយល់អំពីទស្សនៈនៅក្នុងអភិធម្ម ត្រូវការចំណេះដឹងខ្ពស់និងពេលវេលាវែង ។ ដូច្នះ គួរផ្តោតការគិតនិងរកដំណោះស្រាយឲ្យបញ្ហា ទុក្ខ នៅក្នុងជីវិតមនុស្សវិញ ទើបប្រសើរ ។ នៅពេលសាវ័ករបស់ទ្រង់សួរអំពីមូលហេតុមិនឲ្យព្យាយាមយករបកគំហើញនៅក្នុងអភិធម្មមកពន្យល់បុថុជ្ជន ព្រះពុទ្ធទ្រង់មិនឆ្លើយទេ ដោយគ្រាន់តែលើកយករឿងមនុស្សដែលត្រូវរបួសជាមួយនឹងព្រួញពិសមកនិទានប្រាប់ទុកជាឧទាហរណ៍សម្រាប់ពិចារណា ។ លុះព្រះពុទ្ធទ្រង់ចូលបរិនិព្វាន សាវ័ករបស់ទ្រង់ខ្លះបានយកចំណុចស្មុគស្មាញជាច្រើននៅក្នុងអភិធម្មមកបកស្រាយ ដែលជាហេតុនាំឲ្យមានទំនាស់ក្នុងការយល់ឃើញអំពីគោលគំនិតនានា ។ ទំនាស់នេះនាំឲ្យកើតមានសង្គាយនា (ការផ្ទៀងផ្ទាត់) ពុទ្ធវចនៈធំៗចំនួនប្រាំលើក ។ គេមិនដឹងថាពុទ្ធសាសនាមហាយានចាប់បដិសន្ធិនៅឆ្នាំណាទេ ប៉ុន្តែក្រោយព្រះពុទ្ធទ្រង់បរិនិព្វានទៅ ព្រះពុទ្ធសាសនាចែកចេញជាបីនិកាយធំៗគឺ ហិនយា មហាយាន និង មជ្ឈឹមមគ្គ ឬ មាគ៌ាកណ្តាល (Madhyamaka) ។ និកាយមជ្ឈឹមមគ្គបានបាត់បង់រូបរាងទៅហើយ នៅសល់តែនិកាយហិនយាន ដែលយើងសព្វថ្ងៃហៅថា ថេរវាទនិងមហាយានតែប៉ុណ្ណោះ ។ បើយើងប្រៀបធៀបព្រះពុទ្ធសាសនាថេរវាទនិងមហាយាន ទៅនឹងលទ្ធិនយោបាយគឺប្រៀបដូចជាក្រុមអ្នកអភិរក្សនិយមនិងសេរីនិយម ។ ពុទ្ធសាសនិកដែលបដិបត្តិតាមលទ្ធិថេរវាទ គឺជាអ្នកដើរតាមការណែនាំរបស់ព្រះពុទ្ធដោយឥតងាករេ ។ ឯអ្នកដែលបដិបត្តិតាមលទ្ធិមហាយាន គឺជាក្រុមដែលដើរតាមការយល់ឃើញរបស់គេនៅក្នុងការសិក្សាអភិធម្ម ។ យើងអាចយកជួរភ្នំហេមពានធ្វើជាខ្សែបន្ទាត់សម្រាប់បែងចែកក្រុមអ្នកបដិបត្តិព្រះពុទ្ធសាសនា មហាយាននិងថេរវាទ ។ នៅភាគខាងជើងនិងខាងកើតជួរភ្នំហេមពានមានជាអាទ៍ ប្រទេសទីបេរ៍ ម៉ុងហ្គោលី ចិន ជប៉ុន និងកូរ៉េ គេចូលចិត្តបដិបត្តិតាមលទ្ធិមហាយាន ។ ផ្នែកខាងត្បូងនិងខាងលិចភ្នំហេមពាន រួមមានប្រទេស ស្រីលង្កា ភូមា និងតំបន់អាសុីអគ្នេយ៍គេនិយមបដិបត្តិតាមលទ្ធិថេរវាទ ។ ភាពខុសគ្នារវាងព្រះពុទ្ធសាសនាមហាយាននិងថេរវាទ គឺស្ថិតនៅលើសំណួរមួយពាក់ព័ន្ធនឹង និព្វាន ។ នៅក្នុងគំនិតរបស់ពុទ្ធបរិស័ទទូទៅ និព្វានគឺបានដល់ចំណុចសូន្យដែលរូបបុគ្កលមិនវិលមកកើតក្នុងវដ្តសង្ខារទៀតឡើយ ។ ប៉ុន្តែ អ្នកដែលបដិបត្តិតាមលទ្ធិមហាយាន គេជឿថា វិញ្ញាណដែលបែកធ្លាយរលាយជាមួយនឹងរូបនោះ មិនបាត់បង់សូន្យសុងទៅទេ ប្រៀបដូចជាភ្លើងដែលរលត់ដូច្នោះដែរ ។ វាស្ថិតនៅក្នុងទីមួយដែលពាល់មិនត្រូវ ទៅមិនដល់ យល់មិនកើត ។ គេហៅការយល់ឃើញនេះថា៖ សច្ចៈស្របគ្នា (Parallel Truth) ។ សម្រាប់អ្នកបដិបត្តិព្រះពុទ្ធសាសនាមហាយាន សច្ចៈមិនមានភាពដាច់ខាតទេ (Truth is not absolute) ។ ឧទាហរណ៍ សច្ចៈដែលចែងថា មានរូបមានទុក្ខនោះ តើមានករណី មានរូបគ្មានទុក្ខដែរឬទេ ។ ចម្លើយគឺ មាន ។ រូបដែលគ្មានទុក្ខ គឺព្រះអរហន្តនិងព្រះពោធិសត្វ ដែលសាងបារមីបុណ្យបានពេញបរិបូរមិនស្ថិតនៅក្រោមឥទ្ធិពលនៃតណ្ហា (Desire) ទៀតទេ ។ ព្រះពោធិសត្វមានបុណ្យ ឬ បុញំ ដែលខ្មែរយើងសរសេរជា បញ្ញា គ្រប់គ្រាន់អាចចម្លងជីវិតទៅកាន់និព្វានបាន ប៉ុន្តែទ្រង់មិនទៅទេ ព្រោះចង់ទុករូបកាយនៅក្នុងវដ្តសង្សារ ដើម្បីជួយត្រួសត្រាយផ្លូវឲ្យមនុស្សលោករំដោះខ្លួនចេញអំពីទុក្ខ ។ នេះគឺជាចំណុចមួយទៀតនៃលទ្ធិមហាយាន ដែលឆ្លើយនឹងសំណួរថា បើមិនចង់ទៅនិព្វាន តើព្រះអ្នកមានបុណ្យអាចត្រឡប់មកកើតជាមួយនឹងមនុស្សលោកវិញដែរឬទេ? យោងតាមពុទ្ធប្រវត្តិ អ្នកដែលចាប់ផ្តើមរុកគួនព្រះពុទ្ធឲ្យពន្យល់អំពីមធ្យោបាយ ឬក៏ផ្លូវកាត់ទៅកាន់និព្វានមុនគេគឺ សារីបុត្ត ។ គ្រានោះ ព្រះពុទ្ធទ្រង់មិនបកស្រាយប្រាប់សារីបុត្ត ថាត្រូវធ្វើដូចម្តេចទេ គ្រាន់តែយករឿងនិទានអំពីមនុស្សត្រូវរបួសដោយគ្រាប់ព្រួញពិសមកឲ្យអ្នកដែលចង់ស្វែងរកផ្លូវទៅនិព្វានឲ្យបានឆាប់រហ័ស យកទៅត្រិះរិះពិចារណា ។ បន្ទាប់ពីព្រះពុទ្ធចូលបរិនិព្វាន ការបកស្រាយគំនិតនានានៅក្នុងអភិធម្មចេះតែមានទំនាស់ជាបន្តបន្ទាប់រហូតដល់មានការធ្វើសង្គាយនាជារឿយៗ ។ លុះដល់សតវត្សទី ២ អ្នកប្រាជ្ញឥណ្ឌាម្នាក់ឈ្មោះ នាគជន (Nagajuna) បានសរសេរក្បួនច្បាប់នៅក្នុងលទ្ធិមាហាយានឡើង ។ គាត់ថែមទាំងបានសរសេរអំពីរបៀបអនុវត្តន៍នានាដែលជាការបដិបត្តិជាន់ខ្ពស់ឆ្ពោះទៅកាន់និព្វានទៀតផង ។ ប៉ុន្តែ សំណេរអំពីផ្លូវទៅកាន់និព្វាននោះ ត្រូវបានបាត់បង់យូរយាណាស់មកហើយ ។ នៅសតវត្សទី ៨ អ្នកប្រាជ្ញឥណ្ឌាមួយរូបទៀតឈ្មោះ សន្តិទេវ (Santideva) បានសរសេរបន្ថែមអំពីគោលគំនិតនៅក្នុងលទ្ធិមហាយាន ។ គឺបុគ្គលទាំងពីររូបនេះហើយដែលជាស្ថាបនិកនៃព្រះពុទ្ធសាសនាមហាយាននិកាយ ។ គួរកត់សម្គាល់ថា ព្រះពុទ្ធសាសនាមហាយាន និង ហិនយានឬថេរវាទ មានគោលដៅចម្បងតែមួយដូចគ្នាគឺ៖ កាត់បន្ថយនិងបំបាត់ទុក្ខអំពីរូបមនុស្ស ។ អ្វីដែលជាភាពខុសគ្នារវាងលទ្ធិទាំងពីរ គឺការអនុវត្តន៍និងរបៀបរបបក្នុងការស្វែងរកដំណោះស្រាយរំដោះទុក្ខ ក៏ដូចជាការបកស្រាយនូវទស្សនៈនានានៅក្នុងគម្ពីរអភិធម្ម ដែលមានចំណុចខ្លះមិនអាចយកទ្រឹស្តី កម្មផល ឬហេតុផល មកធ្វើជាទឡ្ហីករណ៍បានឡើយ ។ ភាពខុសគ្នានៃលទ្ធិទាំងពីរអាចនិយាយបានថា៖ មហាយានឲ្យអាទិភាពលើទ្រឹស្តី ឯថេរវាទឲ្យអាទិភាពលើការអនុវត្តន៍ ។ យើងអាចឲ្យសមតិកម្មសាមញ្ញមួយថា ពុទ្ធសាសនាមហាយាន យកព្រហ្មវិហារធម៌ទាំង៤គឺ មេត្តា ករុណា មុទិតា និង ឧបេក្ខា ឯពុទ្ធសាសនាថេរវាទយកចតុរារិយសច្ចៈទាំង៤គឺ ទុក្ខ សមុទយ និរោធ និង មគ្គ មកធ្វើជាមូលដ្ឋានគ្រឹះដើម្បីដោះស្រាយបញ្ហានានាពាក់ព័ន្ធនៅក្នុងសំណួរ រូបំ ទុក្ខំ អនិច្ចំ អនត្តា ។ បើយើងពិនិត្យឲ្យបានជាក់លាក់បន្តិចនោះ ព្រះពុទ្ធសាសនាទាំងមូលមានគោលដៅតែពីរទេ ។ ទីមួយគឺបង្ហាញនិងរកដំណោះស្រាយអំពីបញ្ហា ទុក្ខ ដែលជាកម្មវត្ថុជាប់ជាមួយនឹងរូបមនុស្សសត្វ ។ ទីពីរគឺការវែកញែកស្វែងរកធាតុពិតនៃរូប ឬអាត្ម័ន ។ នៅក្នុងដំណើរស្វែងរក សុខ ដែលជាឱសថព្យាបាលទុក្ខនោះ ទាំងពុទ្ធសាសនាមហាយាននិងថេរវាទ មានយុទ្ធវិធីស្រដៀងគ្នា ។ មេត្តា ករុណា មុទិតា និង ឧបេក្ខា គឺសំដៅដល់ការដឹកនាំចិត្តទៅកាន់ ទាន (បរិច្ចាគ) សីល (សីលធម៌) និង ភាវនា (សមាធិ) ។ ឯចតុរារិយសច្ចៈទាំង៤បង្ហាញអំពីទំនាក់ទំនងរវាង ទុក្ខនិងរូប ហើយផ្តល់ដំណោះស្រាយតាមរយៈការអនុវត្តន៍ដោយយកអដ្ឋង្គិមគ្គ ឬមាគ៌ាទាំង ៨ ជាមូលដ្ឋាន ។ នៅក្នុងការរកដំណោះស្រាយរឿង ទុក្ខ ពុទ្ធសាសនាមហាយាននិងថេរវាទមិនមានទំនាស់អ្វីជាដុំកំភួនទេ ។ ប៉ុន្តែ នៅក្នុងការវែកញែកអំពី រូប និងវិញ្ញាណ ឬព្រលឹង (Soul) មានការខ្វែងមតិគ្នាខ្លះៗ ។ ដូចបានលើកឡើងនៅខាងដើមអត្ថបទ ពុទ្ធសាសនាមហាយានមិនទទួលស្គាល់ថាអាតូមនៃ រូប (self) រលាយបាត់បង់ទាំងស្រុងនៅពេលដែលជីវិតរលត់នោះទេ ។ ហើយរូបទាំងអស់ក៏មិនមែនសុទ្ធតែមានទុក្ខដែរ ។ ដូច្នេះ ទ្រឹស្តី មានរូបមានទុក្ខ មិនអាចចាត់ទុកថាជា សច្ចៈដាច់ខាតឡើយ ។ បើសច្ចៈមិនមែនជាសច្ចៈដាច់ខាត វាត្រូវតែមានលំហសម្រាប់របកគំហើញផ្សេងទៀត (Spaces for new discovery) ។ និព្វានក៏ដូចគ្នាដែរ ។ អាតូមនៃរូបរបស់បុគ្គលដែលឆ្លងទៅដល់ឋាននិព្វាន គឺត្រូវស្នាក់នៅក្នុងទីមួយ ។ បុគ្គលដែលសាងបុណ្យបានដល់ចំណតនិព្វាន បើមិនប្រាថ្នានៅទីនោះ ក៏គួរតែមានទីមួយសម្រាប់ស្នាក់អាស្រ័យដែរ ។ ចំណុចនេះហើយដែលគេយកព្រះពោធិសត្វនិងព្រះអរហន្តមកធ្វើជាតំណាង ។ លោក ស សារុន វែកញែកថា និព្វានមានពីរប្រភេទគឺ៖ សឧបាទិសេសនិព្វាន ឬនិព្វានរស់ និង អនុបាទិសេសនិព្វាន ឬនិព្វានស្លាប់ ។ និព្វានរស់គឺតំណាងឲ្យព្រះពោធិសត្វនិងព្រះអរហន្តនេះឯង ។ មុននឹងបញ្ចប់អត្ថបទនេះ សូមលើកយកកត្តាខ្លះៗនៃពុទ្ធសាសនាមហាយានដែលអាចជាវិភាគទាននៃឥទ្ធិពលរបស់ព្រះបាទជ័យវរម្ម័នទី៧ មកពិភាក្សា ។ ចំណុចកណ្តាលនៃរជ្ជកាលព្រះបាទជ័យវរម្ម័នទី៧ គឺប្រាសាទបាយ័ន ។ ឯកសាររូបភាពប្រវត្តិសាស្ត្រជាច្រើនត្រូវបានចារទុកនៅលើជញ្ជាំងប្រាសាទនោះ ។ រូបភាពដែលលេចធ្លោជាងគេគឺសង្គ្រាមជាមួយនឹងប្រទេសចម្ប៉ា ។ ប៉ុន្តែ ក្រៅពីសង្គ្រាមជាមួយចាម គេមិនឃើញមានចម្លាក់និយាយអំពីសង្គ្រាមជាមួយប្រទេសឬកុលសម្ព័ន្ធដទៃឡើយ ។ យោងតាមពង្សសាវតារខ្មែរ ស្តេចខ្មែរនៅសម័យអង្គរភាគច្រើនធ្វើសង្គ្រាមដើម្បីពង្រីកឥទ្ធិពលនិងទឹកដី ។ សំណួរមួយដែលគួរលើកយកមកពិចារណាគឺថា តើស្តេចជ័យវរម្ម័នទី៧ បង្កើតអាណាចក្រខ្មែរឡើងវិញដោយរបៀបណា បន្ទាប់ពីបានបែកខ្ញែកគ្នានៅគ្រាដែលចាម្ប៍លុកលុយ? ចំណុចនេះខ្ញុំគិតថា រូបព្រហ្មមុខបួននៅលើប្រាសាទបាយ័ននិងនៅលើខ្លោងទ្វារប្រាសាទដទៃទៀត អាចជាគន្លឹះសម្រាប់រកចម្លើយ ។ ព្រហ្មមុខបួនតំណាងឲ្យព្រហ្មវិហារធម៌ទាំង៤គឺ មេត្តា ករុណា មុទិតា និង ឧបេក្ខា ។ ព្រះបាទជ័យវរម្ម័នទី៧ ប្រហែលជាមិនយកផ្លែដាវលំពែងទៅបង្ខំឲ្យកុលសម្ព័ន្ធ ឬរដ្ឋនានាដែលបានបែកខ្ញែកចេញពីនគរកម្ពុជា វិលមករួបរួមគ្នាវិញទេ ។ ព្រះអង្គយក មេត្តា ករុណា មុទិតា និងឧបេក្ខា ទៅពន្យល់និងបញ្ចុះបញ្ចូលកុលសម្ព័ន្ធនិងរដ្ឋទាំងនោះឲ្យរួបរួមគ្នាបង្កើតចក្រភពកម្ពុជាឡើងវិញ ។ មិនមានឯកសារជាក់លាក់បញ្ជាក់អំពីប្រការនេះទេ ។ ប៉ុន្តែ យើងអាចយកកត្តាមួយមកពិចារណាអំពីប្រការនេះ ។ យោងតាមការរកឃើញរបស់អ្នកស្រាវជ្រាវ ព្រះបាទជ័យវរម្ម័នទី៧ បានសង់អាស្រមជាច្រើនតាមបណ្តោយផ្លូវបុរាណមួយដែលឆ្លង់កាត់ចំកណ្តាលនៃមហានគរខ្មែរ ចាប់ពីតំបន់ប្រាសាទវត្តពោធិនៅប្រទេសឡាវសព្វថ្ងៃ ទៅដល់ស្រុកភិម៉ៃនៃប្រទេសសៀម ។ អ្នកខ្លះហៅអាស្រមទាំងនោះថា ផ្ទះភ្លើងឬផ្ទះសំណាក់ ។ ប៉ុន្តែការហៅអគារថ្មទាំងនោះថាជាផ្ទះសំណាក់ ប្រហែលជាមិនត្រឹមត្រូវតាមតួនាទីនៃអាស្រមទាំងនោះទេ ត្បិតជនជាតិខ្មែរតាំងតែពីដើមរៀងមក និយមយកឈើមកធ្វើជាអគារស្នាក់នៅ ។ បើយើងសង្កេតមើលអំពីចម្ងាយរវាងអាស្រមមួយទៅអាស្រមមួយ វាមានចម្ងាយប្រមាណជា ៣០ ទៅ ៤០ គីឡូម៉ែត្រពីគ្នា គឺរយៈពេលមួយថ្ងៃនៃការធ្វើដំណើរដោយថ្មើជើងឬជិះដំរីរបស់មនុស្សសម័យនោះ ។ តួនាទីនៃអាស្រមទាំងនោះ គឺសម្រាប់ឲ្យអ្នកដំណើរចូលទៅអង្គុយភាវនា ឬធ្វើសមាធិវិប្បសនាកម្មដ្ឋានដែលជាផ្នែកមួយដ៏សំខាន់បំផុតសម្រាប់ពុទ្ធសាសនាមហាយាន ។ ក្រៅអំពីជាទីតាំងសម្រាប់ភាវនា អគារអាស្រមទាំងនោះក៏ជាមណ្ឌលសម្រាប់ផ្សព្វផ្សាយ មេត្តា ករុណា មុទិតា និង ឧបេក្ខា ដែរ ដែលជាទស្សនទានរួមសម្រាប់ប្រមូលផ្តុំសហគមកុលសម្ព័ន្ធនានាឲ្យរួបរួមគ្នាជាអាណាចក្រដ៏ធំមួយ ។ នៅក្នុងសីលាចារឹកមួយដែលពាក់ព័ន្ធនឹងអភិបាលកិច្ចរបស់ស្តេចជ័យវរម្ម័នទី៧ មានពាក្យមួយឃ្លាដែលសរសេរថា៖ ការឈឺចាប់និងទុក្ខវេទនារបស់ប្រជានុរាស្ត្រ ជាទុក្ខវេទនារបស់ព្រះអង្គ ។ ចំណុចនេះសបញ្ជាក់ថា ព្រះបាទជ័យវរម្ម័នទី៧ មិនប្រើអាជ្ញាក្នុងការពង្រីកឥទ្ធិពលនិងទឹកដីទេ ។ ព្រះអង្គទ្រង់ប្រើបុណ្យ ឬបញ្ញាក្នុងការពង្រីកឥទ្ធិពលរបស់ខ្មែរ ៕ កំណត់ស្មេរ៖ អត្ថបទនេះ ជាពិសេសព្រះពុទ្ធសាសនាមហាយាន សរសេរផ្អែកលើការសិក្សាចេញពីភាសាអង់គ្លេសស្ទើរតែទាំងស្រុង ។ ឯកសារជាភាសាខ្មែរដែលមានបង្កប់នូវទស្សនៈខ្លះៗចេញអំពីព្រះពុទ្ធសាសនាមហាយានឃើញមាននៅក្នុងសំណេរ អរិយធម៌និងវប្បធម៌ខ្មែរ របស់លោក ស សារុន និង បុណ្យ បាប របស់ធម្មបាល ខៀវ ជុំ ។ អ្នកដែលចង់យល់បន្ថែមអំពីទស្សនៈនៅក្នុងព្រះពុទ្ធសាសនាមហាយាន សូមអានសៀវភៅ បុណ្យ បាប របស់ធម្មបាល ខៀវ ជុំ ។

Friday, January 25, 2019

ចំណីខួរក្បាល

ទៅជាមួយគេឯង ឬទៅតាមការយល់ឃើញខ្លួនឯង (Go with the Flow, Or Go with Your Guts) ឆ្លើយតបនឹងសំណួរមួយថាតើហេតុអ្វីបានជាគាត់ពូកែវាយកូនគោលម្លេះ លោក វ៉េន ហ្គ្រេតស្គី (Wayne Gretsky) កីឡាករវាយកូនគោលលើទឹកកក(Hocky)ដ៏ល្បីល្បាញនៅក្នុងពិភពលោកបាននិយាយពាក្យមួយឃ្លាយ៉ាងខ្លីថា៖ ខ្ញុំរត់រំអិលទៅកាន់ចំណុចដែលខ្ញុំគិតថាកូនគោលនឹងរមៀលទៅ មិនមែនទៅកាន់ចំណុចដែលកូលគោលកំពុងរមៀលនោះទេ (I skate to where the puck is going to be, not where it has been) ។ ពាក្យមួយឃ្លានេះត្រូវបានគេយកមកប្រើជាមូលដ្ឋានយុទ្ធសាស្ត្រសម្រាប់ស្វែងរកជោគជ័យនៅក្នុងដំណើរជីវិតស្ទើរគ្រប់វិស័យ ។ ការសន្និដ្ឋានថាតើកូនគោលនឹងខ្ទាតឬរអិលទៅកាន់ចំណុចណាប្រហែលជាមិនសូវលំបាកដូចការសន្និដ្ឋានថាតើការវិវឌ្ឍន៍នៅក្នុងវិស័យអ្វីមួយពាក់ព័ន្ធនឹងដំណើរជីវិតរបស់យើង នឹងប្រែប្រួលទៅកាន់ទិសដៅណានោះទេ ពីព្រោះកូនគោលស្ថិតនៅក្នុងតារាងដែលគេហុំព័ទ្ធជិត ឯជីវិតរបស់យើងមានកត្តាជាច្រើនដែលពាក់ព័ន្ធ ។ នៅក្នុងសង្គមខ្មែរបច្ចុប្បន្ន ខ្ញុំសង្កេតឃើញមានចរន្តជម្រុញពីរ (Trends) ដែលហាក់ដូចជាកំពុងពេញនិយមខ្លាំងណាស់ ។ ទីមួយគឺការរស់នៅជាលក្ខណៈបុគ្គល (Individual lifestyle) ។ និងទីពីរគឺការជម្រុញឲ្យកូនតូចៗចាប់ផ្តើមការសិក្សាតាំងតែពីអាយុ ៣ ឬ ៤ឆ្នាំ ។ យុវគ្រួសារនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ នៅពេលដែលពួកគេរៀបការហើយ គោលដៅទីមួយសម្រាប់បញ្ជាក់ជីវិតបុគ្គលគឺទិញផ្ទះល្វែងឬខុនដូ ឬក៏សង់កូនវីឡាមួយ ។ ដើម្បីសម្រេចបំណងនេះយុវគ្រួសារខ្លះត្រូវខ្ចីប្រាក់យ៉ាងច្រើនអំពីធនាគារ ។ បន្ទាប់មក នៅពេលពួកគេមានកូន គេនឹងបញ្ជូនកូនឲ្យទៅរៀនតាំងតែពីអាយុ ៣ ឬ៤ឆ្នាំ ។ ទាំងផ្ទះល្វែង ទាំងការបញ្ជូនកូនឲ្យទៅរៀនក្រោមអាយុ សុទ្ធតែជារឿងដែលនាំទុក្ខកង្វល់ច្រើនលើសលុបសម្រាប់ជីវិត ។ ណាមួយត្រូវខំរកប្រាក់មកបង់រំលស់ថ្លៃផ្ទះឲ្យធនាគារ ។ ណាមួយទៀតត្រូវរកប្រាក់មកបង់ថ្លៃសាលាឲ្យកូនរៀននៅថ្នាក់ក្រោមមតេយ្យ(Pre-Kindergarten) ។ តើការរត់តាមចរន្តជម្រុញទាំងពីរនេះ អាចដូចការរត់រំអិលទៅកាន់ចំណុចដែលកូនគោលកំពុងតែរមៀលនោះទេ? កាលពី ២០ ឬ ៣០ឆ្នាំមុន គ្រួសារភាគច្រើននៅសហរដ្ឋអាមេរិកសម្រេចទិញផ្ទះតម្រូវតាមទំហំគ្រួសាររបស់ខ្លួន ។ ម្ភៃឬសាមសិបឆ្នាំក្រោយមក ភាគច្រើននៃគ្រួសារទាំងនោះ ត្រូវរស់នៅជាមួយនឹងផ្ទះដែលមានបន្ទប់សល់ជាច្រើន ត្បិតកូនៗរបស់ពួកគេមិនបានរស់នៅក្នុងផ្ទះនោះទៀតទេ ។ មូលហេតុដែលផ្ទះខ្វះមនុស្សរស់នៅនោះ គឺដោយសារតែកត្តាការងារ ។ បច្ចុប្បន្ន មនុស្សរត់តាមការងារ ។ ការងារខ្លះ មានចម្ងាយរាប់រយគីឡូម៉ែត្រអំពីផ្ទះ ។ ដូច្នេះ យុវជនជាច្រើនសម្រេចជួលឬទិញផ្ទះរស់នៅក្បែរកន្លែងធ្វើការ ។ ឯផ្ទះដែលឪពុកម្តាយបានទិញនិងថែរក្សាជាច្រើនឆ្នាំមកនោះ បានត្រឹមតែជាផ្ទះដែលខ្វះមនុស្សរស់នៅ ។ មិនតែប៉ុណ្ណោះ ពួកគេត្រូវបង់ពន្ធអចលនទ្រព្យនិងសេវាផ្សេងៗរៀងរាល់ឆ្នាំទៀតផង ។ បើផ្ទះនោះស្ថិតនៅក្នុងតំបន់ដែលតម្លៃអចលនទ្រព្យមិនធ្លាក់ចុះ គេអាចលក់ទៅវិញបានចំណេញខ្លះ ។ ប៉ុន្តែ បើវាស្ថិតនៅក្នុងតំបន់ដែលគ្មានទីផ្សារ វានឹងក្លាយទៅជាការវិនិយោគខាតបង់ដ៏ធំមួយ ។ ចំណុចទីពីរដែលខ្ញុំចង់លើកយកមកពិភាក្សានៅទីនេះ គឺការបញ្ជូនកូនឲ្យទៅរៀនមុនអាយុកំណត់ ។ កាលខ្ញុំនៅពីតូច ចាស់ៗបានទាញដៃខ្ញុំដាក់ព័ទ្ធលើក្បាលដើម្បីវាស់មើលថាតើចុងម្រាមដៃខ្ញុំអាចប៉ះចុងត្រចៀកខ្ញុំហើយឬនៅ ដើម្បីកំណត់ពេលវេលាឲ្យខ្ញុំទៅរៀន ។ ជាទូទៅ ក្មេងអាចលើកដៃដាក់ព័ទ្ធលើក្បាលទៅប៉ះចុងត្រចៀកនៅចន្លោះអាយុ ៦ទៅ ៧ឆ្នាំ ។ ខ្ញុំគិតថា ជំនឿរបស់ចាស់ៗខ្មែរយើងអាចត្រឹមត្រូវ ព្រោះថាកុមារអាយុក្រោម៦ឆ្នាំ ត្រូវការរត់លេងច្រើនជាងរៀនសូត្រ ។ ផ្អែកលើបទពិសោធផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំត្រូវបានឪពុកខ្ញុំយកទៅ "ផ្ញើ" នៅសាលានៅអាយុប្រមាណជា ៥ឆ្នាំកន្លះ ។ ខ្ញុំប្រើពាក្យផ្ញើ ព្រោះថាសម័យនោះមិនមានសាលាមតេយ្យទេ ។ ខ្ញុំត្រូវបានគ្រូវាយបាតដៃរាល់ថ្ងៃ ព្រោះអត់ទាន់ចេះសរសេរ ក ខ និង ស្រៈ នៅឡើយ ។ ខ្ញុំនៅចាំបានថា នៅពេលខ្ញុំមានអាយុ ៧ឆ្នាំ ខ្ញុំចាប់ផ្តើមយល់និងមានសមត្ថភាពអាននិងសរសេរដោយគ្មានលំបាកអ្វីបន្តិចសោះឡើយ ។ វាអាចជាករណីថា កុមារខ្លះយឺតក្នុងការរៀនសូត្រ ។ ក៏ប៉ុន្តែ ខ្ញុំគិតថាកុមារដទៃក៏អភិវឌ្ឍមិនខុសអំពីរូបខ្ញុំប៉ុន្មានទេ ។ នៅសហរដ្ឋអាមេរិក មានរបកគំហើញមួយដែលអះអាងថា កូនសិស្សដែលមានពិន្ទុទាបភាគច្រើនជាកូនអ្នកក្រដែលមិនមានថវិកាបញ្ជូនកូនឲ្យទៅរៀននៅថ្នាក់មុនមតេយ្យ(Pre-K) ។ ដូច្នេះ គេក៏បង្កើតច្បាប់មួយឈ្មោះថា Head Start ដើម្បីឲ្យកូនអ្នកក្រអាចចូលរៀននៅថ្នាក់មុនមតេយ្យដោយឥតបង់ថ្លៃ ។ កត្តាមួយទៀតគឺអាហារពេលព្រឹក ។ ក្មេងដែលមិនទទួលទានអាហារពេលព្រឹកមុនទៅរៀន ច្រើនតែរៀនខ្សោយ ។ គេក៏ណែនាំឲ្យកុមារញ៉ាំអាហារពេលព្រឹកនៅផ្ទះឬនៅសាលាមុនចូលរៀន ។ របកគំហើញមួយទៀតអះអាងថា ក្មេងដែលគេញមិនឆ្អែត (គេញមិនគ្រប់ម៉ោង) ក៏រៀនខ្សោយដែរ ។ សាលាខ្លះក៏សម្រេចឲ្យក្មេងចូលរៀននៅម៉ោង ៩ នៅពេលដែលសាលាទូទៅឲ្យក្មេងចូលរៀននៅម៉ោង ៨ ។ តើយើងគួរអនុវត្តតាមរបកគំហើញទាំងនេះទេ? សម្រាប់ខ្ញុំ ខ្ញុំគិតថារបកគំហើញទាំងនេះ នៅមានចន្លោះប្រហោងច្រើនណាស់ ។ កុមារឬមនុស្សម្នាក់ៗ មិនមែនជានំឃុកឃី (Cookies) ទេ ។ ពួកគេមានសមត្ថភាពនិងការអភិវឌ្ឍន៍ខុសៗគ្នា ។ កូនខ្ញុំទៅរៀនតាំងពីអាយុពីរឆ្នាំកន្លះ មិនមែនដោយសារខ្ញុំចង់ឲ្យវាទៅរៀនឲ្យបានលឿនមុនគេឯងនោះទេ គឺដោយសារវាមានការយឺតយ៉ាវក្នុងការនិយាយស្តី ។ ដូច្នេះ ក្រសួងសង្គមកិច្ចផ្នែកគាំពារកុមារក៏បានណែនាំឲ្យបញ្ជូនវាទៅហ្វឹកហាត់និយាយ ។ ឥឡូវនេះ កូនខ្ញុំមានអាយុជិត ៦ឆ្នាំហើយ ។ វាចាប់ផ្តើមនិយាយនៅអាយុ ៣ឆ្នាំគត់ ។ មកទល់នឹងពេលនេះ កូនខ្ញុំទើបនឹងចេះនិយាយបានរយៈពេល ២ឆ្នាំ៨ខែតែប៉ុណ្ណោះ ។ ប៉ុន្តែ វាចេះនិយាយហូរដូចទឹក ។ ទាំងពាក្យពេចន៍ ទាំងការរៀបប្រយោគ គឺច្បាស់លាស់ប្រៀបដូចជាមនុស្សចាស់ ។ មិនតែប៉ុណ្ណោះ វាថែមទាំងសួរនាំខ្ញុំឲ្យពន្យល់វាអំពីអត្ថន័យនៃពាក្យនានានៅក្នុងភាសាខ្មែរនិងភាសាអង់គ្លេសឥតឈប់ឈរ ។ វាជារឿងដែលមិនគួរឲ្យជឿ ។ ប៉ុន្តែ នេះគឺជាតថភាពមួយនៃការអភិវឌ្ឍន៍របស់កុមារ ។ ថ្មីៗនេះ ខ្ញុំបាននាំកូនខ្ញុំទៅបំពេញបែបបទពិនិត្យសុខភាពដើម្បីចូលរៀននៅមតេយ្យសាលា ។ គិលានុបដ្ឋាយិការដែលសួរនាំអំពីសាវតាកូនខ្ញុំបានប្រាប់ខ្ញុំថា កូនប្រុសរបស់គាត់ក៏ចាប់ផ្តើមនិយាយនៅអាយុបីឆ្នាំដែរ ។ សព្វថ្ងៃនេះ កូនគាត់កំពុងរៀននៅសាកលវិទ្យាល័យ ហើយមានសមត្ថភាពអាចរៀនចេះនិយាយភាសាបរទេសចំនួនបួនភាសា ។ គាត់បន្ថែមថា រឿងក្មេងក្រចេះនិយាយ គ្មានអ្វីត្រូវព្រួយបារម្មណ៍នោះទេ ប្រសិនបើក្មេងនោះមិនមានរោគសញ្ញាពិការញាណដូចជា អតធីហ្សឹម (Autism or Severe ADHD) ។ នៅពេលទទួលបានពត៌មាននោះ ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង ព្រោះថាកង្វល់និងការប្រឹងប្រែងរបស់ខ្ញុំនិងភរិយា អាចជាទង្វើអត់ប្រយោជន៍ ។ មិនតែប៉ុណ្ណោះ វាអាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់ផ្លូវចិត្តរបស់កូនខ្ញុំទៀតផង ដោយហេតុតែវាត្រូវប្រឈមជាមួយនឹង កង្វល់ ការភ័យព្រួយ និងភាពតក់ស្លុតនានានៅពេលដែលយើងបញ្ជូនវាឲ្យទៅរៀនទាំងក្មេងខ្ចី ។ ខ្ញុំនៅចាំបានថា នៅពេលដែលខ្ញុំបញ្ជូនកូនឲ្យទៅរៀននៅថ្ងៃដំបូងៗ វាមានទឹកមុខស្រងូតស្រងាត់ខ្លាំងណាស់ ។ គ្មាននរណាដឹងថាវាខ្វល់ខ្វាយនិងភ័យព្រួយប៉ុនណាទេ ។ ហើយក៏គ្មាននរណាដឹងដែរថា កង្វល់និងភាពភ័យព្រួយដែលកុមារប្រឈមនៅគ្រាទៅរៀនមុនអាយុកាលនោះ អាចនឹងមានផលអវិជ្ជមានដល់សុខភាពផ្លូវចិត្តយ៉ាងណាដែរ នៅថ្ងៃអនាគត ។ នៅក្នុងភាសាអង់គ្លេសគេហៅផលអវិជ្ជមានផ្លូវចិត្តថា Post Traumatic Syndrome Disorder (PTSD) ។ វាធ្វើឲ្យមនុស្សបាត់បង់ម្ចាស់ការ បន្ទាប់ពីឆ្លងកាត់រឿងរ៉ាវរន្ធត់អ្វីមួយ ។ មុននឹងបញ្ចប់អត្ថបទនេះ សូមនិយាយអំពីរឿងស្ទាក់ចាំកូនគោលក្នុងន័យប្រៀបធៀបបន្តិចចុះ ។ ដប់ ឬ ម្ភៃឆ្នាំទៅមុខ តើការសិក្សានឹងវិវឌ្ឍទៅដូចម្តេច? និស្សិតសាកលវិទ្យាល័យប្រហែលជាឈប់ទៅអង្គុយរៀននៅក្នុងថ្នាក់ទៀតហើយ ។ គ្រូនិងសិស្សប្រើប្រព័ន្ធអុីនថឺណិត តេឡេខន់ហ្វឺរុឹន (Teleconference) នៅក្នុងការហ្វឹកហ្វឺនសិក្សា។ មួយអាទិត្យអាចទៅជួបប្រជុំគ្នាម្តងនៅក្នុងថ្នាក់រៀន ឬក្នុងហាងកាហ្វេ ។ នៅវិទ្យាល័យនិងអនុវិទ្យាល័យក៏អាចមានទម្រង់រៀនស្រដៀងគ្នានេះដែរ ។ នៅបឋមសិក្សាថ្នាក់ទី ១ និងទី២ ប្រហែលជាឈប់ប្រើដីសនិងក្តារឈ្នួនសរសេរ ផ្កាប់ លើក ដាក់ លុប ដូចសម័យមុនទៀតហើយ ។ ខ្មៅដៃ ប៊ិក និងក្រដាស ក៏ប្រហែលជាឈប់ប្រើដែរ ។ អាយផេត ឬ ថាបលេត ជាមួយនឹងប៊ិកសរសេរលើអេក្រង់ និងចូលមកជំនួសប៊ិកនិងក្រដាស ។ ពិន្ទុនិងសញ្ញាប័ត្រក៏ប្រហែលជាលែងសំខាន់ដែរ ។ អ្វីដែលសំខាន់គឺ សមត្ថភាព ។ និយាយដល់ចំណុចនេះ សូមដកស្រង់ប្រសាសន៍របស់លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំកម្ពុជាមកបញ្ចប់អត្ថបទនេះតែម្តងចុះ៖ សញ្ញាប័ត្រ វាគ្រាន់តែជាក្រដាសមួយសន្លឹកតែប៉ុណ្ណោះ ។ មានសញ្ញាប័ត្រ គ្មានសមត្ថភាព វាគ្មានន័យអ្វីទេ ៕

ចំណីខួរក្បាល

កិច្ចព្រមព្រៀង កិច្ចព្រមព្រៀង គឺជាពាក្យមួយ ដែលមានអត្ថន័យ ទូលំទូលាយ ។ ហើយវាក៏ជាពាក្យមួយ ដែលបង្កឲ្យមានគ្រោះមហន្តារាយ មកលើមនុស្សជាតិ ជាច្រើនដ...