Thursday, July 13, 2017
រំលឹក
ខ្សែជីវិត
ក្រឡេកមើលទៅអតីតកាលនៃជីវិតខ្ញុំ ឧបស័គ្គមួយដែលលេចធ្លោជាងគេ គឺការរៀនសូត្រ ។ មិនមែនមកពីខ្ញុំខ្សត់ប្រាជ្ញារៀនមិនចេះនោះទេ ប៉ុន្តែ មកពីខ្ញុំកើតនៅក្នុងសម័យកាលមួយដែលរារាំងការរៀនសូត្ររបស់ខ្ញុំមិនឲ្យលូតលាស់តាមសម្មាជីវោ ។ ខ្ញុំគ្រប់អាយុចូលរៀនថ្នាក់ទីមួយនៅក្នុងឆ្នាំ ១៩៧០ ។ នៅឆ្នាំទីមួយនោះខ្ញុំអត់បានឡើងថ្នាក់ទេព្រោះអត់មានឈ្មោះនៅក្នុងបញ្ជី ។ ដូច្នេះ ខ្ញុំត្រូវរៀនសាឡើងវិញមួយឆ្នាំទៀត ។ សរុបឲ្យខ្លីទៅ ចាប់ពីឆ្នាំ ១៩៧០ ដល់ ១៩៧៥ដែលជាឆ្នាំខ្មែរក្រហមឡើងកាន់អំណាចហើយបំបាត់វិស័យអប់រំចោលនោះ ខ្ញុំរៀនបានតែ ៣ថ្នាក់កន្លះទេ ព្រោះនៅឆ្នាំមួយនោះ ខ្មែរក្រហមអុកឡុកខ្លាំងពេកមិនអាចទៅរៀនអស់ពេលជាងកន្លះឆ្នាំ ។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំនៅឆ្នាំ ១៩៧៩ ខ្ញុំមានបំណងត្រឡប់ទៅរៀនវិញ ប៉ុន្តែភូមិដែលខ្ញុំរស់នៅនោះអាចបង្កើសាលាបង្រៀនសិស្សត្រឹមថ្នាក់ទី ២ តែប៉ុណ្ណោះ ។ ដូច្នេះ ខ្ញុំត្រូវខកខានការសិក្សារហូតដល់ឆ្នាំ ១៩៨៥ ទើបមានឪកាសត្រឡប់ចូលសាលារៀនវិញ ។ វាមានរយៈពេល ១០ឆ្នាំគត់ដែលខ្ញុំបានឃ្លាតអំពីថ្នាក់រៀន ។ អាយុក៏ច្រើន ចំណេះក៏តិច ។ គ្រានោះ ខ្ញុំកំពុងរស់នៅក្នុងជំរំជនភៀសខ្លួនសាយធូ (Site 2) នៅតាមបណ្តោយព្រុំដែន ខ្មែរ ថៃ ។ ជំហានទីមួយរបស់ខ្ញុំគឺបន្ថយអាយុ ៥ឆ្នាំ ហើយទៅសុំអ្នកស្រីនាយកសាលាចូលរៀននៅថ្នាក់ទី ៦ ដោយមិនចាំបាច់ធ្វើតេស្ត ព្រោះខ្ញុំដឹងថាខ្ញុំមិនមានសមត្ថភាពធ្វើតេស្តជាប់ទេ ។ អ្នកស្រីនាយិការមិនអនុញាតឲ្យខ្ញុំចូលរៀនដោយមិនធ្វើតេស្តឡើយ ។ ចេញពីទីនោះមក ខ្ញុំក៏ទៅសុំសាលាមួយទៀតចូលរៀនថ្នាក់ទី ៤ ។ មុននឹងឲ្យខ្ញុំរៀននៅក្នុងថ្នាក់គាត់ លោកគ្រូបង្រៀនថ្នាក់ទី៤នោះ ឲ្យខ្ញុំធ្វើលំហាត់តូចមួយគឺរកផ្ទៃក្រឡា ការេ ។ ពុទ្ធោអើយខ្ញុំអត់ចេះរកផ្ទៃក្រឡាការេទេ ។ លោកគ្រូនោះក៏បញ្ជូនខ្ញុំឲ្យទៅរៀននៅថ្នាក់ទី ៣ ដែលមានសិស្សអាយុតិចជាងខ្ញុំយ៉ាងតិច ១០ឆ្នាំ ។ ពេលចេញលេង ខ្ញុំលួចគេចមកផ្ទះដោយតាំងចិត្តថាមិនត្រឡប់ទៅរៀននៅថ្នាក់ទី ៣នោះវិញទេ ។ ដេកសញ្ជឹងអស់សង្ឃឹម ពីរបីថ្ងៃ ខ្ញុំក៏សម្រេចចិត្តជាលើកចុងក្រោយទៅសុំចូលរៀនថ្នាក់ទី ៥ នៅសាលាមួយផ្សេងទៀត ។ ដោយហេតុតែសាលានោះមិនសូវមានសិស្សរៀន លោកនាយករងសម្រេចឲ្យខ្ញុំចូលរៀនដោយគ្មានធ្វើតេស្តឬក៏សួរនាំអ្វីច្រើនឡើយ ។ ថ្វីដ្បិតតែខ្ញុំរកមធ្យោបាយត្រឡប់ចូលរៀនវិញបានមែន ប៉ុន្តែឧបសគ្គរបស់ខ្ញុំមិនទាន់ចប់ទេ ។ ខ្ញុំអត់ចេះធ្វើចំណោទថ្នាក់ទី ៥ ។ សូម្បីតែលេខនព្វនក៏ខ្ញុំមិនចេះដែរ ។ គឺឡេឡឺមិនដឹងថាអ្វីជាអ្វីតែម្តង ។ បុ៉ន្តែ អ្វីដែលខ្ញុំមានគឺឆន្ទៈ ។ ខ្ញុំត្រូវតែជម្នះឧបសគ្គទាំងនេះឲ្យបាន ។ បើមិនដូច្នោះទេ ការព្យាយាមរបស់ខ្ញុំនឹងក្លាយទៅជាទង្វើអត់ប្រយោជន៍ ។ ពាក្យអង់គ្លេសមួយឃ្លាពោលថា៖ If there is a will, there is always a way ។ ខ្ញុំអង្វរមិត្តម្នាក់ដែលអង្គុយជិតខ្ញុំឲ្យគាត់មករៀនមុនពេលកន្លះម៉ោង ដើម្បីជួយពន្យល់ណែនាំខ្ញុំអំពីរបៀបរកដំណោះស្រាយចំណោទ និងធ្វើលេខនព្វន្តនានា ។ កន្លះឆ្នាំក្រោយមកខ្ញុំប្រឡងចូលរៀននៅថ្នាក់ទី ៦ (ឬមធ្យមសិក្សាទី ១) បានជោគជ័យដូចគេដូចឯងដែរ ។ ខ្ញុំរៀននៅថ្នាក់ទី ៦ផង រៀនក្រៅផ្លូវការជាមួយនឹងមិត្តភក្តិផង ។ បន្ទាប់ពីរៀននៅថ្នាក់ទី ៦ បានពេញមួយឆ្នាំ ខ្ញុំក៏ចាកចេញពីជំរំសាយធូទៅរស់នៅក្នុងជំរំមួយទៀតឈ្មោះ ខៅអុីដាង ។ នៅទីនោះ ខ្ញុំបានទៅសុំចុះឈ្មោះរៀនផ្លោះថ្នាក់ពីរកំរិតនៅអនុវិទ្យាល័យ អង្គរវត្ត ។ មុននឹងអនុញាតឲ្យខ្ញុំចូលរៀន នាយកសាលាបានឲ្យខ្ញុំទៅធ្វើតេស្តដើម្បីបញ្ជាក់សមត្ថភាព ។ មិនដឹងជាសំណាងឬព្រះលោកជួយទេ លោកគ្រូដែលយកតេស្តមកឲ្យខ្ញុំធ្វើនោះធ្លាប់ស្គាល់ខ្ញុំកាលយើងរស់នៅក្នុងជំរំសាយធូ ។ គាត់ឲ្យខ្ញុំរកដំណោះស្រាយលើសមីការ ពីរអញតិ និងលំហាត់មួយទៀតពាក់ព៍ន្ធនឹងទ្រីហ្គូណូមេទ្រី ។ ខ្ញុំអត់ចេះធ្វើលំហាត់ទាំងនោះទេ ។ ធ្លាប់តែដោះស្រាយសមីការ មួយអញត្តិ ។ ដូច្នេះ ខ្ញុំក៏ព្យាយាមរកចម្លើយលើសមីការពីរអញត្តិមុន ។ បន្ទាប់ពីឃើញខ្ញុំរកដំណោះស្រាយមិនចេញ លោកគ្រូនោះក៏យកប៊ិកមកដោះស្រាយបង្ហាញខ្ញុំ រួចហើយគាត់ឲ្យខ្ញុំចូលទៅរៀននៅថ្នាក់មធ្យមសិក្សាទី ៤គ (Form 4C) ។ ខ្ញុំរៀននៅថ្នាក់ ម.ស. ៤គ នោះបានប្រហែលជា ៧ខែដែរ ។ អំឡុងពេលនោះ ខ្ញុំនៅតែបន្តរៀនក្រៅផ្លូវការជាមួយនឹងមិត្តភក្តិ ជាពិសេសគឺរៀននៅក្នុងសាលាវត្ត ខៅអុីដាង ដែលមានគ្រូស្ម័គ្រចិត្តបង្រៀនឥតយកកម្រៃ ។ មុនថ្ងៃប្រឡងសញ្ញាប័ត្របឋមភូមិមួយអាទិត្យ ខ្ញុំត្រូវបានតម្រួតថៃដែលយាមជំរំខៅអុីដាង ចាប់ញាត់គុកជិតមួយខែរួចហើយក៏បញ្ជូនមកជំរំសាយធូវិញ ។ មូលហេតុ ខ្ញុំរស់នៅក្នុងជំរំខៅអុីដាងមិនស្របច្បាប់ ។ មកដល់សាយធូ ខ្ញុំបានទៅជួបអតីតគ្រូបង្រៀនខ្ញុំម្នាក់ឈ្មោះ ផុន ប៊ុនយ៉ាន ដើម្បីពឹងពាក់គាត់ជួយអន្តរាគមឲ្យខ្ញុំបានចូលរៀនវិញ ។ ខ្ញុំជំរាបគាត់អំពីការរៀនផ្លោះថ្នាក់របស់ខ្ញុំនៅ ខៅអុីដាង ហើយសុំគាត់ចូលរៀនត្រឹមថ្នាក់ ម.ស. ៣ ។ ចូលរៀនបានពីរបីថ្ងៃ គ្រូយ៉ានហៅខ្ញុំឲ្យទៅជួបគាត់នៅក្នុងការិយាល័យហើយប្រាប់ថា មានគេចោទប្រកាន់ថាខ្ញុំសូកថ្នាក់ដឹកនាំសាលាទើបបានចូលរៀននៅ ម.ស. ៣ នៅពេលដែលអតីតមិត្តរួមថ្នាក់ដែលរៀននៅ ម.ស. ១ ជំនាន់ខ្ញុំនោះទើបតែរៀនដល់ ម.ស. ២ ។ ដើម្បីកុំឲ្យមានរឿងវែងឆ្ងាយ ខ្ញុំសម្រេចឈប់រៀនមួយរយៈរង់ចាំដល់ឆ្នាំសិក្សាថ្មីសឹមចុះឈ្មោះចូលរៀនវិញ ។ អំឡុងពេលនោះ មិត្តម្នាក់បាននាំខ្ញុំទៅធ្វើការនៅក្នុងសាលាបច្ចេកទេសសម្រាប់ជនពិការ ។ ខ្ញុំបានធ្វើជាជំនួយការឲ្យអ្នកគ្រូជនជាតិបារាំងម្នាក់ឈ្មោះ វ៉េរ៉ូនីគ ដេក្រុប (Veronique de Crope) ។ គាត់បង្រៀនគូររូបនិងគូរទេសភាពដល់កុមារអាយុរវាង ៨ទៅ១៣ ឆ្នាំ ។ ធ្វើការជាមួយគាត់បានប្រមាណជា ១ខែ អ្នកគ្រូ វ៉េរ៉ូនីគ ក៏ត្រឡប់ទៅស្រុកបារាំងវិញ ។ គាត់ប្រគល់កូនសិស្សតូចៗទាំងនោះឲ្យខ្ញុំគ្រប់គ្រង និងឲ្យខ្ញុំប្រាប់ ប្រាដឺ គីកេ (Brother Kike) អំពីតម្រូវការនានាសម្រាប់ការបង្រៀនកូនសិស្សទាំងនោះ ។ ខ្ញុំមិនចេះគូររូបទេ ហើយក៏មិនដែលរៀនគូររូបភាពដែរ ។ ខ្ញុំខំប្រឹងអាននិងស្វែងយល់អំពីរបៀបគូររូបភាពចេញពីសៀវភៅមួយក្បាលដែលអ្នកគ្រូ វ៉េរ៉ូនីគ ប្រគល់ឲ្យខ្ញុំ ។ សៀវភៅនោះមានចំណងជើងថា៖ Perspective Drawing ។ រៀងរាល់ល្ងាច បន្ទាប់ពីកូនសិស្សត្រឡប់ទៅផ្ទះអស់ ខ្ញុំតែងតែឆ្លៀតទៅរៀនគណិតវិទ្យាដែលបង្រៀនដោយយុវជនម្នាក់ឈ្មោះ ជា ចំរើន នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រាមួយក្បែរនោះ ។ ធ្វើការនៅសាលាបច្ចេកទេសបានប្រហែលជា ៤ខែ ខ្ញុំបានទទួលដំណឹងថា រដ្ឋបាលអប់រំនៅជំរំសាយធូ នឹងរៀបចំកម្មវិធីប្រឡងឌីប្លូមសម្រាប់សិស្សដែលរៀននៅថ្នាក់ ម.ស. ៤ ។ គេអនុញាតឲ្យបុគ្គលិកស្ថាប័ននានាចូលរួមប្រឡងដែរប្រសិនបើមានអ្នកចាប់អារម្មណ៍ ។ យកតួនាទីជាបុគ្គលិកស្ថាប័ន ខ្ញុំក៏សម្រេចចិត្តចូលរួមប្រឡងនឹងគេដែរ ។ ខ្ញុំប្រឡងឌីប្លូមជាប់ទាំងត្រដាបត្រដួស ។ ក្នុងចំណោមបេក្ខជន២១នាក់ដែលចូលរួមប្រឡងនៅក្នុងបន្ទប់ជាមួយខ្ញុំនោះ មានតែ១១នាក់ប៉ុណ្ណោះដែលប្រឡងជាប់ ។ បន្ទាប់ពីប្រឡងឌីប្លូមហើយ ខ្ញុំក៏សម្រេចចិត្តត្រឡប់ចូលរៀនពេញមោ៉ងវិញ ។ ខ្ញុំជំរាបប្រាដឺ គីកេ អំពីបំណងរបស់ខ្ញុំហើយគាត់ក៏យល់ព្រមឲ្យខ្ញុំត្រឡប់ទៅរៀនវិញដែរ ។ មិនតែប៉ុណ្ណោះ គាត់ថែមទាំងអនុញាតឲ្យខ្ញុំបន្តជួយបង្រៀនកុមារគូរគំនូតទៅទៀតប្រសិនបើខ្ញុំអាចឆ្លៀតពេលបាន ។ គួរកត់សម្គាល់ដែរថា កូនសិស្សតូចៗដែលខ្ញុំបង្រៀនក្នុងនាមជាគ្រូទីងមោងនោះ អ្នកខ្លះបានទទួលអាហារូបករណ៍ទៅរៀនបន្តនៅស្រុកបារាំង ខ្លះទៀតបានក្លាយទៅជាស្ថាបនិកនៃអង្គការ ហ្វាពន្លឺសីល្បៈ ។ ប្រាដឺ គីកេ ឥឡូវនេះជា ប៊ីសុប (Bishop Kike) ប្រចាំការនៅខេត្ត បាត់ដំបង ។ ចំណែកយុវជន ជា ចំរើន បច្ចុប្បន្នបានក្លាយជា ឯ.ឧ. ជា ចំរើន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ។
ខ្ញុំរៀននៅថ្នាក់បន្ទាប់ឌីប្លូមបានជិត១ឆ្នាំដែរ មុនពេលចាកចេញមករស់នៅស្រុកអាមេរិក ។ ក្រៅអំពីមុខវិជ្ជាអស្សរសាស្ត្រខ្មែរ អង់គ្លេស ប្រវត្តិសាស្ត្រ និង អភិបាលកិច្ច មុខវិជ្ជាវីទ្យាសាស្ត្រពិតនានាខ្ញុំមិនសូវយល់ទេ ។ ដើម្បីគេចកុំឲ្យគ្រូហៅឡើងធ្វើលំហាត់ ខ្ញុំទៅអង្គុយនៅតុចុងក្រោយបំផុតជាមួយនឹងសម្លាញ់(អាប់)ម្នាក់ឈ្មោះ ហុង ស្រីសម្បត្តិ ដែលជាឪពុករបស់ក្មួយ ហុង ស្រីសន្តិភាព (ហៅពីស)អ្នកលេងហ្គីតាវ័យក្មេងដ៏ល្បីល្បាញរបស់ក្រុមតន្ត្រី បងប្អូន ។ គ្រានោះ សម្បត្តិនិងខ្ញុំហាក់ដូចជាសប្បាយនឹងជជែកគ្នាច្រើនជាងការរៀនសូត្រ ។ ផ្នែកគណិតសាស្ត្រ យើងរៀនអំពីមេទ្រីក វិចទ័រ និង ហ្វុងស្យុង (Matrix, Vector, and Function) ហើយខ្ញុំធ្លាក់ពន្ទុស្ទើរតែទាំងស្រុង ។ ដើម្បីទប់ទល់ស្ថានការណ៍កុំឲ្យការសិក្សារបស់ខ្ញុំធ្លាក់ដុនដាបខ្លាំង ខ្ញុំផ្តោតការសិក្សារបស់ខ្ញុំទៅលើមុខវិជ្ជាអក្សរសាស្ត្រ ប្រវិត្តិសាស្ត្រ និងអភិបាលកិច្ច ច្រើនជាងមុខវិជ្ជាដទៃ ។ ទោះជាយ៉ាងណាក៏ដោយ ពិន្ទុ គណិតវិទ្យា ជីវវិទ្យា និងរូបវិទ្យា គីមី របស់ខ្ញុំយ៉ាប់មែនទែន ។ ខ្ញុំគ្មានសង្ឃឹមបានឡើងថ្នាក់ទេនៅពេលដែលពិន្ទុទាំងអស់របស់ខ្ញុំត្រូវបានបូកសរុបនៅចុងឆ្នាំ ហើយក៏មានគម្រោងលាចាកសិក្ខាបទត្រឹមនោះដែរប្រសិនបើខ្ញុំប្រឡងផ្តាច់(ព្រាត់) ធ្លាក់ ។ មុនពេលប្រឡងដំណាច់ឆ្នាំប្រហែលកន្លះខែ ខ្ញុំត្រូវបានស្ថានទូតអាមេរិកនៅបាងកក អនុញាតឲ្យចាកចេញពីជំរំសាយធូដើម្បីទៅពិនិត្យសុខភាពនិងស្នាក់នៅជំរំមួយផ្សេងទៀតរយៈពេល៣ខែ ទម្រាំដល់ពេលឡើងយន្តហោះទៅកាន់ទឹកដីដែលមនុស្សក្រក្រីជាច្រើនចាត់ទុកថាជាឋានសួរលើលោកីយ៍ ។ អាមេរិកសង្គ្រោះខ្ញុំអំពីវិបត្តិសិក្សានៅជំរំជនភៀសខ្លួនក៏ពិតមែន ប៉ុន្តែអាមេរិកមិនបានសង្គ្រោះខ្ញុំអំពីការប្រឈមនឹងឧបសគ្គនានាក្នុងការសិក្សានៅសហរដ្ឋអាមេរិកឡើយ ។ ការសិក្សារបស់ខ្ញុំនៅជួបឧបសគ្គជាច្រើនទៀត ប៉ុន្តែសូមស្លេះត្រឹមនេះចុះ ព្រោះរឿងនេះវែងស្ទើរតែសរសេរចេញជាសៀវភៅមួយក្បាលបាន ។ មុននឹងបញ្ចប់ ខ្ញុំគ្រាន់តែចង់បញ្ជាក់ថា ពេលវេលា១០ឆ្នាំនៃការសិក្សាដែលខ្ញុំបាត់បង់ គឺនៅតែ១០ឆ្នាំដដែលទោះបីជាខ្ញុំរៀនផ្លោះថ្នាក់ច្រើនដងក៏ដោយ ។ និស្សិតអាមេរិកភាគច្រើនទទួលសញាប័ត្របរិញា (Bachelor's Degree) នៅអាយុ ២២ ចំណែកខ្ញុំទទួលសញាប័ត្រដូចគ្នានោះនៅអាយុ ៣៣ ៕
Thursday, June 29, 2017
Opinion
Re-Doing Affordable Care Act: A Quicksand or A Quagmire?
After suffering a defeat earlier, the Trump Administration's attempt to repeal Affordable Care Act, ACA (a.k.a. Obamacare), is now back on the legislative agenda by a victory of very few votes in the U.S. House of Representative. Given the fact that Mr. Trump has thus far been using Executive Orders as a means of doing administrative businesses, this victory is indeed no small feat. However, at this moment, this ACA's repeal or replacement legislation is still in limbo as the Senate chamber was and is unable to garner enough votes to pass it through to Mr. Trump for signing.
The purpose of this article is not to criticize Mr. Trump per se, but rather to point out that there might be a better way to skin the cat. From my short research on the Internet, added by old knowledge left over from lessons learned in university, the U.S.A. has four forms of health care insurance services for the needs of her population. The first one is private medical care insurance that anyone can buy to provide the services for his/her needs. The second is Medicare which provides medical services for retired elderly people who had pre-paid for it in the form of tax deduction from their paychecks. The third is Veteran healthcare services for those who had served in the military. The fourth is Medicaid which provides services for people who live below the poverty lines, including the elderly who are not eligible for Medicare, the disable, and single mothers with dependent children. The last three of these medical care services are government-run programs. Based on these existing programs, the only group of people who need ACA are those whose incomes are too high to qualified for Medicaid and whose employers are not obliged to provide or subsidize for their medical care insurance. Without employer's subsidy for their medical care insurance, many (if not most) of these people are left with two options in life: buying medical care insurance to maintain good health or buying foods to maintain livelihood. Needless to say, most choose the latter.
The fact that people don't buy medical care insurance is not really a problem. Problem occurs when uninsured people start using emergency care services at hospitals to fix their ailments. Because the law requires hospitals to treat people in an emergency regardless if they have medical insurance or the ability to pay the bills, the influx of medically uninsured people seeking treatments via emergency procedure put heavy burden on hospital's financial resources. So, to address the problem, many U.S. Presidents started to find a way to introduce legislation to fix the dilemma once and for all.
People may recall that the ACA took about two decades to come into existence. The sole purpose of this law is to fill the gap of health care for the U.S. population who are left without medical care coverage. Starting in the early 1990s, immediately after taking office, President Bill Clinton assigned his wife, Hillary Clinton, to campaign for a legislation to provide affordable medical care coverage for the uninsured. However, the initiative failed to gather enough supports in Congress, so it stayed dormant as a concept for 16 years until President Barack Obama took office in 2008 that he was able to revive it and made it become the law of the land. Now that it has been repealed, one could only hope that the ACA won't take another 20 years to return to existence.
Without repeating Mr. Trump's fusses, the ACA is no magic wand as far as affordable medical insurance is concerned. It has many flaws. One of the biggest flaws is having private healthcare insurance companies manage the program. The main goal of private healthcare insurance companies is to make profits, not providing affordable healthcare insurance.
One way to correct this oxymoronic flaw is to expand Medicaid program in the form of pay for services. The Federal Government could transfer the whole program to each state to run it based on what the local people needs not based on what politicians in Washington think they needs. We could call it Medicaid Plus (Part A, B, and C) and have people paid for it based on what they needs for their individual care. Those who need more pay more, and those who need less could pay less. This streamline approach could save a lot of money and headaches for many people. Some people might point out that not many doctors or private clinics accept Medicaid insurance because it takes too long to get the claims paid. This problem could be resolved easily as the states regulate the licensing of both doctors and clinics. The states could do both, expedite the payment to doctors and make issuance of license to practice medicine contingent upon acceptance of Medicaid insurance program. This approach might be simplistic; but, if the goal of the legislation is to provide affordable healthcare insurance to the uninsured, expanded Medicaid insurance program is probably the best option.
Wednesday, June 21, 2017
ចំណីខួរក្បាល
ទំពាំងស្នងឬស្សី
បន្ទាប់ពីការបោះឆ្នោតឃុំសង្កាត់នៅស្រុកខ្មែរថ្មីៗនេះ គេសង្កេតឃើញមានយុវជនមួយចំនួនត្រូវបានពលរដ្ឋបោះឆ្នោតឲ្យបម្រើការងារជា មេឃុំ ។ ក្រៅអំពីការងារជាសកម្មជនបក្សនយោបាយ យុវមេឃុំទាំងនេះប្រហែលជាមិនសូវមានបទពិសោធន៍អភិបាលកិច្ចសាធារណៈរឹងមាំទេ ។ អ្វីដែលជាបន្ទុករឹតតែធ្ងន់ថែមទៀតនោះ គឺថាយុវមេឃុំទាំងនេះក៏ដើរតួជាអ្នកត្រួសត្រាយផ្លូវ សម្រាប់យុវជនដទៃធ្វើដំណើរលើវិថីនយោបាយផងដែរ ។ ខ្ញុំមិនខ្វល់ថាយុវមេឃុំទាំងនេះ តំណាងឲ្យគណៈបក្សណានោះទេ ។ អ្វីដែលខ្ញុំខ្វល់ គឺចង់ឃើញខ្មែរគ្រប់និន្នាការនយោបាយ ជួយផ្តល់គំនិតប្រាជ្ញា និងឪវាទផ្សេងៗដើម្បីឲ្យយុវមេឃុំ ដែលផុសចេញពីឆន្ទៈរបស់ពលរដ្ឋទាំងនេះ រីកលូតលាស់ដុះដាលក្លាយជាដើមទុនធនធានមនុស្សដែលប្រកបដោយសក្តានុពល ។ ពាក្យ "ទំពាំងស្នងឬស្សី" វាមានន័យខ្លឹមសារតែនៅពេលណាដែលឬស្សីចាស់ជិតងាប់ព្រមញែកខ្លួនទុកប្រឡោះឲ្យទំពាំងផុសលាស់ខ្ពស់ដល់វេហាស៍ ។ ដរាបណាគ្មានការជួយបណ្តាលបណ្តុះ ទុកប្រឡោះ ឲ្យទំពាំងដុះដោយសេរីនិងភក្តី ពាក្យទំពាំងស្នងឬស្សី គ្មានន័យហើយក៏គ្មានតម្លៃអ្វីលើសអំពីទឹកប៊ិចដែលដិតដាមលើក្រដាសនោះឡើយ ៕
Monday, June 12, 2017
ធម្មបាលោ ខៀវ ជុំ
ធម្មធិបតេយ្យ
ធ្លាប់តែឮពាក្យ ប្រជាធិបតេយ្យ ដល់មកជួបពាក្យ ធម្មធិបតេយ្យដែលធម្មបាល ខៀវ ជុំ លើកយកមកវែកញែកក្នុងសំណេររបស់ព្រះអង្គ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង ។ ជាគោលការណ៍ដឹកនាំប្រទេស ធម្មធិបតេយ្យ មានទម្រង់ល្អប្រសើរជាងប្រជាធិបតេយ្យ នេះបើតាមការអះអាងរបស់ធម្មបាល ខៀវ ជុំ ។ ខ្ញុំយល់ស្របជាមួយនឹងគំនិតនេះ ។ តាមការយល់ឃើញរបស់ធម្មបាល ខៀវ ជុំ ធម្មធិបតេយ្យគឺជាទម្រង់រដ្ឋាភិបាលមួយដែលយក ធម្ម ឬព្រះធម៌ ធ្វើជាមូលដ្ឋានសម្រាប់បង្កើតច្បាប់គ្រប់គ្រងរដ្ឋ ។ មានន័យថា ស្ថាប័ននិតិបញតិ គប្បីស្ថិតនៅក្រោមការគ្រុបគ្រងរបស់តំណាងព្រះសង្ឃដែលជ្រើសរើសចេញពីសំណាក់លោកសង្ឃនៅក្នុងប្រទេសទាំងមូល ។ ចំណែកស្ថាប័ននិតិប្រតិបត្តិ និង តុលាការ គឺជ្រើសតាំងដោយរាស្ត្រចេញអំពីសំណាក់ពលរដ្ឋទូទៅ ។ មូលហេតុដែលដាក់ស្ថាប័ននិតិបញតិឲ្យស្ថិតនៅក្រោមការគ្រុបគ្រងរបស់ព្រះសង្ឃ ត្បិតព្រះសង្ឃជាអ្នកសិក្សាច្បាប់ធម្មជាតិ និងយល់អំពីសេចក្តីទុក្ខរបស់មនុស្សជាក់លាក់ជាងគេ ។ ជាគោលការសាកល ច្បាប់ដែលមនុស្សបង្កើតឡើងដើម្បីធ្វើជាយន្តការគ្រុបគ្រងឬដឹកនាំរដ្ឋ គឺផ្អែកលើគោលការដោះស្រាយបញ្ហានៅក្នុងសង្គម ។ បញ្ហាសង្គមគឺតែងតែនាំទុក្ខមកឲ្យមនុស្ស ដោយផ្ទាល់ផងនិងដោយប្រយោលផង ។
នៅក្នុងសង្គមខ្មែរ និងសង្គមដទៃដែលពលរដ្ឋគោរពបូជានិងយកព្រះពុទ្ធសាសនា ឬទស្សនៈព្រះពុទ្ធមកធ្វើជាគោលការណ៍សម្រាប់ដឹកនាំជីវិត ការជ្រើសយកព្រះសង្ឃឲ្យគ្រប់គ្រងស្ថាប័ននិតិបញតិ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់កសាងសង្គមមួយដែលប្រកបដោយយុត្តិធម៌ ។ តាមការយល់ឃើញរបស់ធម្មបាល ខៀវ ជុំ គុណសម្បត្តិរបស់ព្រះសង្ឃក្នុងការគ្រប់គ្រងស្ថាប័ននិតិបញតិមានដូចតទៅ៖
១) ព្រះសង្ឃមានប្រភពចេញមកពីគ្រប់មជ្ឈដ្ឋានដែលតំណាងឲ្យៈ អ្នកមាន អ្នកក្រ ចាស់ និង ក្មេង (លើកលែងតែស្ត្រី)
២) ព្រះសង្ឃរស់ដោយសារការផ្គត់ផ្គង់របស់ពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃ គ្មានទ្រព្យសម្បត្តិ ហើយក៏គ្មានកាតព្វកិច្ចស្វែងរកទ្រព្យមកចិញ្ចឹមគ្រួសារដែរ
៣) ព្រះសង្ឃមានច្បាប់វិន័យគ្រប់គ្រងតឹងរឹងពាក់ព័ន្ធនឹងសម្ភារៈនិយម និងកត្តានានាទាក់ទងនឹងកិលេស ឬតណ្ហា
៤) ព្រះសង្ឃយល់និងស្គាស់ឬសគល់នៃសេចក្តីទុក្ខច្បាស់លាស់ជាងពលរដ្ឋទូទៅ ត្បិតអីមួយផ្នែកធំនៃជីវិតព្រះសង្ឃគឺសិក្សាស្វែងយល់និងពន្យល់ពលរដ្ឋអំពីហេតុផលដែលនាំមកនូវក្តីទុក្ខដល់មនុស្សគ្រប់ៗរូប ។ ព្រះសង្ឃថែមទាំងដឹងអំពីវិធីដែលមនុស្សអាចរំដោះខ្លួនចេញអំពីសេចក្តីទុក្ខទៀតផង ។
ផ្អែកលើគុណសម្បត្តិមួយចំនួនខាងលើនេះ ទម្រង់រដ្ឋាភិបាលធម្មធិបតេយ្យ មានលក្ខណៈប្រសើរជាងទម្រង់ដទៃ គឺស្ថិតត្រង់ថានិតិបញតិដែលជាស្ថាប័នបង្កើតច្បាប់សម្រាប់គ្រុបគ្រងមនុស្សក្នុងនគរ គឺស្ថិតនៅក្នុងដៃមនុស្សមួយក្រុម ដែលគ្មានឬក៏មានទំនាស់ផលប្រយោជន៍តិចតួចបំផុត ។ ក្រៅពីគ្មានទំនាស់ផលប្រយោជន៍ដែលជាជម្ងឺរុាំរ៉ៃរាតត្បាតរដ្ឋាភិបាលមិនរើសមុខ ព្រះសង្ឃក៏ជាអ្នកសិក្សានិងយល់ដឹងអំពីច្បាប់ធម្មជាតិដែលជាច្បាប់គ្រុបគ្រងលើជីវិតមនុស្សសត្វផងទាំងពួងផងដែរ ។
កន្លងមក មិនទាន់មានប្រទេសណាមួយយកទម្រង់ ធម្មធិបតេយ្យ មកធ្វើជាយន្តការដឹកនាំរដ្ឋទេ ។ ប៉ុន្តែ ខ្ញុំយល់ថាគំនិត ធម្មធិបតេយ្យរបស់ធម្មបាល ខៀវ ជុំ នេះមានលក្ខណៈល្អគ្រប់គ្រាន់អាចយកមកពិសោធន៍សាកល្បងក្នុងការដឹកនាំរដ្ឋបាន ៕
Friday, June 9, 2017
វិចារណកថា
យុទ្ធសាស្ត្រនយោបាយ (Political Strategies)
តួលេខដែលទើបនឹងស្តែងចេញមកអំពីលទ្ធផលនៃការបោះឆ្នោតឃុំ សង្កាត់ នៅក្នុងប្រទេសកម្ពុជា បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មានសម្លេងគាំទ្រខុសគ្នាមិនដល់ ១០ភាគរយទេ ។ ដូច្នេះ ជោគជ័យនៅក្នុងការបោះឆ្នោតជ្រើសរើសរដ្ឋសភា និងរដ្ឋាភិបាលថ្មីនៅឆ្នាំ ២០១៨ ខាងមុខនេះ អាចពឹងផ្អែកទាំងស្រុងទៅលើយុទ្ធសាស្ត្រនយោបាយគន្លិះណាមួយដែលទាក់ចិត្តអ្នកបោះឆ្នោតកណ្តាលនិយម (អ្នកបោះឆ្នោតដែលគ្មាននិន្នាការ Swing Votes) ។
តាមការសង្កេត គណបក្សប្រជាជនកម្ពុជាបានប្រើយុទ្ធសាស្ត្រ បំបែកនិងគ្រប់គ្រង (Divide and Conquer) ជាច្រើនឆ្នាំមកហើយ ។ បុន្តែ យុទ្ធសាស្ត្រនេះហាក់ដូចជាលែងសូវមានប្រសិទ្ធិភាពហើយ ផ្អែកលើលទ្ធផលនៃការបោះឆ្នោតនៅអាណត្តិកន្លងទៅនេះ ។ មូលហេតុនៃការបាត់បង់ប្រសិទ្ធិភាពនេះ គឺមកអំពីគណបក្សសង្គ្រោះជាតិមានយុទ្ធសាស្ត្រនយោបាយប្រសើរជាង ។ ខ្ញុំសូមមិនបកស្រាយចំណុចនេះវែងឆ្ងាយទេ ត្បិតមានលទ្ធផលនៃការបោះឆ្នោតកន្លងទៅជាតឹកតាងស្រាប់ហើយ ។ នៅក្នុងភាសាអង់គ្លេស មានពាក្យមួយឃ្លាពោលថា៖ Winning the battle, but losing the war ដែលអាចប្រែថា៖ ឈ្នះនៅក្នុងស្ថានភាពចាញ់ ។ មានន័យថាឈ្នះដោយសារកត្តាខាងក្រៅជួយ មិនមែនឈ្នះដោយសារគូបដិបក្សខ្សោយនោះទេ ។ បើយើងពិនិត្យមើលជាក់លាក់ កត្តាខាងក្រៅដែលជួយឲ្យគណបក្យប្រជាជនឈ្នះឆ្នោត មួយចំណែកធំគឺបានមកពីការចូលរួមប្រកួតប្រជែងរបស់គណបក្សតូចៗមួយចំនួននៅក្នុងការបោះឆ្នោត ។ នៅពេលដែលគណបក្សតូចៗទាំងនេះសម្រេចចិត្តដកខ្លួនចេញពីឆាកនយោបាយ ឬក៏រួបរួមគ្នាដូចករណីគណបក្សសមរង្សីនិងសិទ្ធិមនុស្សនោះ អំណាចនិងឥទ្ធិពលរបស់គណបក្សប្រជាជន អាចនឹងរង្គោះរង្គើ ។ ជាគោលការណ៍យុទ្ធសាស្ត្រ គណបក្សប្រជាជនអាចលើកទឹកចិត្ត ឬក៏ផ្តល់ជំនួយជាសម្ភារៈនិងស្មារតីឲ្យគណបក្សតូចៗ បន្តជីវិតនយោបាយតទៅទៀត ។ ប៉ុន្តែ កុំភ្លេចថាគណបក្សសង្គ្រោះជាតិក៏អាចមានយុទ្ធសាស្ត្រស្រដៀងគ្នានេះដែរ គ្រាន់តែដើផ្លូវផ្ទុយគ្នា ។ គេអាចបញ្ចុះបញ្ចូលគណបក្សតូចៗឲ្យមកចូលរួមជីវិតនយោបាយជាមួយនឹងគេ ឬក៏លើកទឹកចិត្តឲ្យផ្អាកសកម្មភាពមួយរយៈ ។ នេះគ្រាន់តែជាជ្រុងមួយនៃយុទ្ធសាស្ត្រនយោបាយតែប៉ុណ្ណោះ ។ អ្វីដែលខ្ញុំចង់លើកយកមកនិយាយពិស្តារនៅទីនេះគឺ យុទ្ធសាស្ត្រ ៥០មុឺនដុល្លារ របស់គណបក្សសង្គ្រោះជាតិ ។ នៅក្នុងគោលនយោបាយទី ៥ របស់គណបក្សសង្គ្រោះជាតិដែលដាក់ចេញនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ ថ្មីៗនេះ គឺថា ផ្តល់ថវិកាចំនួន ៥០មុឺនដុល្លា ដែលស្មើនឹង ២០% នៃថវិកាជាតិប្រចាំឆ្នាំ ឲ្យឃុំសង្កាត់យកមកចាត់ចែងអភិវឌ្ឍន៍ទៅតាមអាទិភាពនៃតម្រូវការរបស់តំបន់និមួយៗ ។ កន្លងមក យើងឃើញមានការរិះគន់ជាច្រើនអំពីសំណាក់មន្ត្រីនិងសកម្មជនរបស់គណបក្សប្រជាជន ថាគំនិត ឬគោលការណ៍ ៥០មុឺនដុល្លារនេះ មិនអាចធ្វើបានទេដោយផ្អែកលើហេតុផលផ្សេងៗ ។ មតិមួយចំនួនអះអាងថា ថ្នាក់ដឹកនាំមូលដ្ឋានមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការចាត់ចែងអភិវឌ្ឍន៍ដោយខ្លួនឯងបានទេ ។ សំណួរមួយដែលយើងគួរសួរគឺថា តើរដ្ឋាភិបាលដែលផ្តល់ឪកាសឲ្យថ្នាក់ដឹកនាំមូដ្ឋានចាត់ចែងអភិវឌ្ឍន៍ដោយខ្លួនឯងម្តងហើយឬនៅ? បើមិនដែលទេ ហេតុអ្វីក៏ដឹងថាថ្នាក់ដឹកនាំមូលដ្ឋាន អសមត្ថភាព? ធនធានមនុស្សនៅស្រុកខ្មែរបច្ចុប្បន្ន ខុសពីធនធានមនុស្សកាលពី ២០ ឬ ៣០ឆ្នាំមុន ។ អ្នកមានសមត្ថភាពរស់នៅស្ទើរតែពេញផ្ទៃប្រទេស ។ ដូច្នេះ គ្មានហេតុផលអ្វីដែលថា ឃុំសង្កាត់ មិនទាន់មានសមត្ថភាពគ្រប់គ្រាន់នោះទេ ត្បិតអីឃុំសង្កាត់ជាទូទៅតែងតែប្រជុំស្រង់មតិពលរដ្ឋមុននឹងអភិវឌ្ឍន៍អ្វីមួយនៅក្នុងភូមិឃុំរបស់ខ្លួន ។
បើនិយាយអំពីការផ្តល់ឪកាសឲ្យថ្នាក់ដឹកនាំមូលដ្ឋានរៀបចំអភិវឌ្ឍន៍តំបន់របស់ខ្លួនដោយខ្លួនឯងនោះ ប្រទេសកម្ពុជាមានគោលការណ៍នេះជាយូរណាស់មកហើយ គ្រាន់តែមិនដាច់ចិត្តអនុវត្តន៍ ។ គេហៅគោលការណ៍នេះថា វិមជ្ឈការណ៍ និង វិសហមជ្ឈការណ៍ (Decentralization and Deconcentration) ។ គណបក្សប្រជាជនអង្គុយលើគោលការណ៍នេះជិតពីរទសវត្សរ៍មកហើយ ។ ឥឡូវនេះ គណបក្សសង្គ្រោះជាតិកំពុងរើសយកគោលការណ៍នេះទៅប្រើ សមតាមពាក្យអង់គ្លេសមួយឃ្លាដែលពោលថា៖ One man's trash is another man's treasure ។ យើងមិនអាចសន្និដ្ឋានបានទេថា វិមជ្ឈការណ៍ អាចជាប្រធានបទបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលអណត្តិក្រោយនេះ ប៉ុន្តែផ្អែកលើសកម្មភាពរបស់គណបក្សសង្គ្រោះជាតិ យុទ្ធសាស្ត្រ ៥០មុឺនដុល្លារ ឬវិមជ្ឈការណ៍ មិនអាចមើលរំលងបានទេ ។ បើតាមពត៌មានដែលចេញផ្សាយថ្មីៗនេះ គណបក្សសង្គ្រោះជាតិ គ្រោងស្នើឲ្យរដ្ឋសភាអនុមតិថវិកា៥០មុឺនដុល្លារសម្រាប់ផ្តល់ដល់ឃុំសង្កាត់ទាំងអស់ចាត់ចែងអភិវឌ្ឍន៍តំបន់របស់ខ្លួន ។ មិនដឹងថាគណបក្សប្រជាជនដែលមានសម្លេងភាគច្រើននៅក្នុងរដ្ឋសភាសម្រេចទាត់ចោលសំណើនេះឬក៏យ៉ាងណាទេ ។ បើទាត់សំណើនេះចោល គឺមិនខុសអ្វីអំពីផ្តល់ចំណុចឃោសនារកសម្លេងឆ្នោតដ៏ល្អមួយឲ្យទៅគណបក្សសង្គ្រោះជាតិនៅឆ្នាំ ២០១៨ឡើយ ។
ផ្អែកលើការរីកចម្រើនដែលយើងអាចមើលឃើញ (Observable Progress) ពលរដ្ឋខ្មែរសព្វថ្ងៃយល់អំពីអំណាចនិងឥទ្ធិពលនៃសន្លឹកឆ្នោតរបស់ខ្លួនច្រើនជាងមុន ។ ពួកគេក៏ជ្រាបផងដែរថា នៅក្នុងរបបប្រជាធិបតេយ្យ មន្ត្រីរាជការជាអ្នកបម្រើរបស់ពួកគាត់ មិនមែនអ្នកត្រួតត្រាដូចសម័យមុនៗនោះទេ ។ ដូច្នេះ បុគ្គលឬគណបក្សណាដែល បម្រើឬផ្តល់សេវាដល់ពួកគាត់បានល្អ បុគ្គលឬបក្សនោះហើយដែលគាត់ផ្តល់សន្លឹកឆ្នោតឲ្យជារង្វាន់ ។
ជាគោលការណ៍យុទ្ធសាស្ត្រ ដើម្បីទទួលបានជោគជ័យនៅក្នុងនយោបាយក្តី ក្នុងការរកសុីចិញ្ចឹមជីវិតក្តី មនុស្សភាគច្រើនតែងតែដើរតាមលំអានសុភាសិតចិនមួយដែលចែងថា៖ ស្គាល់គេ ស្គាល់ខ្លួនឯង ធ្វើសង្គ្រាមមិនចេះចាញ់ (Know yourself, know your enemies; a hundred battles, a hundred victories) ។ គេនៅទីនេះ បើនិយាយអំពីការធ្វើនយោបាយគឺមានពីរ៖
ទី ១) គូបដិបក្ស និង
ទី ២) ម្ចាស់សន្លឹកឆ្នោត ៕
Friday, June 2, 2017
ចំណីខួរក្បាល
សន្លឹកឆ្នោត
បោះឆ្នោតឃុំ សង្កាត់ បំបាត់ទុក្ខ
មើលឲ្យសព្វ កុំឈប់ ត្រឹមសម្តី
ពាក្យឃោសនា សន្យា ពិតគ្មានន័យ
ដ្បិតអ្វីៗ អាស្រ័យ លើទង្វើ ។
ពាក្យមួយឃ្លា ពោលថា សកម្មភាព
អាចជម្រាប សភាព ចិត្តអ្នកធ្វើ
ល្អអាក្រក់ កខ្វក់ ឬឡឺកឺ (ពាក្យបារាំងមានន័យថា៖ ឆ្កួតឡប់ៗ)
ជាអំពើ ទំយើ អាចមើលយល់ ។
សន្លឹកឆ្នោត យើងមួយ ជួយផ្តល់ទុន
ឲ្យមហាជន ជាតិពន្ធុ ជួបកុសល
រស់បានសុខ ផុតទុក្ខ អស់កង្វល់
អ្នកត្រូវយល់ ឆ្នោតផ្តល់ ផលដល់ជាតិ ។
បើអ្នកបោះ ឆ្នោតខុស ព្រោះតែឆោត
ចាញ់បញ្ឆោត ភភូត មនុស្សចោលម្សៀត
នោះអ្នកត្រូវ រស់នៅ ក្រោមសម្ពាធ
មេដឹកនាំ ត្រីងៀត ដែលឆ្លៀតពង ៕
កំណត់ៈ ស្លាបប៉ាកកា(ទឹកខ្មៅ) មានអំណាចនិងប្រសិទ្ធិភាពខ្លាំងជាងផ្លែដាវ ឬគ្រាប់កាំភ្លើង ។
Wednesday, May 17, 2017
ចំណីខួរក្បាល
អ្នកក្រអាមេរិក
កាលពីពេលថ្មីៗនេះ ខ្ញុំឃើញមានគេថតវីដេអូនិងពណ៌នាអំពីអ្នកស្មូមទាននិងអត់ជម្រក នៅសហរដ្ឋអាមេរិកដាក់ក្នុងហ្វេសប៊ុក ហើយរិះគន់ថា សូម្បីតែប្រទេសមហាអំណាចសេដ្ឋកិច្ចក៏មានអ្នកក្រអត់ជម្រកដើរសុំទានស្អេកស្កះដែរ ។ សារសំខាន់នៅក្នុងវីដេអូនោះ គឺការប្រៀបធៀបសហរដ្ឋអាមេរិកទៅនឹងប្រទេសកម្ពុជា ។ មានប្រតិកម្មជាច្រើនទាក់ទិននឹងវីដេអូឃ្លីបនោះ ។ ខ្ញុំសូមមិនធ្វើការប្រៀបធៀបអំពីមនុស្សក្រីក្រនៅសហរដ្ឋអាមេរិកនិងកម្ពុជាទេ គ្រាន់តែចង់លាតត្រដាងនូវពត៌មានមួយចំនួនទាក់ទិននឹងមូលហេតុដែលនាំឲ្យមានមនុស្សសុំទានអត់ផ្ទះនៅ និងរស់នៅតាមចិញ្ចើមផ្លូវនៅស្រុកអាមេរិក ។
មុននឹងខ្ញុំបរិយាយអំពីអ្នកក្រអាមេរិក ខ្ញុំសូមអនុញាតរៀបរាប់អំពីប្រព័ន្ធរដ្ឋបាលសហរដ្ឋអាមេរិកបន្តិច ។ អាមេរិកជាប្រទេសគ្រប់គ្រងរបៀបសហព័ន្ធ គឺមានរដ្ឋាភិបាលសហព័ន្ធមួយនិងរដ្ឋាភិបាស្វ័យតរបស់រដ្ឋចំនួន ៥០ ផ្សេងទៀត ។ របៀបគ្រប់គ្រងរបស់អាមេរិកគឺ វិមជ្ឈការណ៍ និង សហវិមជ្ឈការណ៍ ។ មានន័យថា រដ្ឋនិមួយៗគ្រប់គ្រងកិច្ចការរដ្ឋបាលដោយខ្លួនឯង បុ៉ន្តែកិច្ចការខ្លះតម្រូវឲ្យរដ្ឋសហការណ៍ជាមួយនឹងរដ្ឋាភិបាលសហព័ន្ធនៅក្នុងការអនុវត្តន៍ ។ ឧទាហរណ៍មួយនៃករណីនេះគឺប្រព័ន្ធអប់រំ ។ ច្បាប់រដ្ឋាភិបាលសហព័ន្ធគឺតម្រូវឲ្យកុមារទាំងអស់មានសិទ្ធិរៀនដោយឥតបង់ថ្លៃរហូតចប់ថ្នាក់ទី ១២ (បាក់ឌុប) ។ ក្នុងរយៈពេលរៀននេះ សាលាទាំងអស់ត្រូវផ្តល់អាហារូបត្ថម និងមធ្យោបាយដឹកជញ្ជូនសិស្សពីផ្ទះមកសាលា និងពីសាលាទៅផ្ទះវិញ រៀងរាល់ថ្ងៃ ។ ដោយហេតុតែ រដ្ឋនិមួយៗគ្រប់គ្រងប្រព័ន្ធអប់រំស្វ័យតពីគ្នា រដ្ឋាភិបាលសហព័ន្ធផ្តល់ថវិការឲ្យរដ្ឋទាំង៥០ចាត់ចែងកិច្ចការអប់រំដោយខ្លួនឯង ដោយស្ថិតនៅក្រោមលក្ខខណ្ឌនានា ។ ប៉ុន្តែ រដ្ឋទាំងអស់ មិនអាចគេចវេសមិនផ្តល់ការអប់រំដល់កុមាររហូតដល់ចប់ថ្នាក់ទី ១២ បានទេ ។ ការគាំពារអ្នកក្រីក្រ ឬជនអានាថាក៏មានច្បាប់ស្រដៀងគ្នានេះដែរ ។
នៅអំឡុងទសវត្សរ៍ឆ្នាំ ១៩៤០ ១៩៥០ ១៩៦០ និង ១៩៧០ សហរដ្ឋអាមេរិកបានបង្កើតច្បាប់មួយចំនួនដើម្បីគាំពារអ្នកក្រីក្រ ។ យើងអាចហៅច្បាប់ទាំងអស់នេះថា ច្បាប់សហសង្គ្រោះ ឬ Welfare Laws ។ គោលដៅចម្បងរបស់ច្បាប់ទាំងនេះគឺដើម្បីផ្តល់ជំនួយដល់ពលរដ្ឋទូទៅ ដែលធ្លាក់ខ្លួនក្រដោយសារកត្តានានាដែលមិនមែនជាកំហុសរបស់ខ្លួន (No faults of their own) ។ ឧទាហរណ៍ មហន្តរាយធម្មជាតិ ឬក៏បាត់បង់ការងារដោយសាររោងចក្រឈប់ដំណើរការជាដើម ។ ដើម្បីអនុវត្តិច្បាប់ សហសង្គ្រោះនេះ រដ្ឋាភិបាលសហព័ន្ធផ្តល់ថវិកាមួយចំនួនឲ្យរដ្ឋទាំង ៥០ រៀបចំកម្មវិធីសង្គ្រោះទៅតាមតម្រូវការនៃតំបន់និមួយៗ ។ គេហៅថវិកាទាំងនេះថា Grants ។ មានកម្មវិធីច្រើនណាស់នៅក្នុងច្បាប់សហសង្គ្រោះ ឧទាហរណ៍៖ សុខមាលភាព (Medicaid) បាត់បង់ការងារ(Unemployment) អាហារូបត្ថម (Food Stamps) ជាដើម ។ល។ កម្មវិធីខ្លះ រដ្ឋនិមួយៗចាត់ចែងធ្វើដោយខ្លួនឯង ដូចជាលំនៅដ្ឋាន សម្រាប់ជនពិការ សម្រាប់អ្នករស់នៅក្រោមបន្ទាត់ក្រីក្រ និងលំនៅសាធារណៈ (Public Shelters) សម្រាប់ជនអនាថាជាដើម ។ គេហៅកម្មវិធីទាំងអស់នេះថា សំណាញ់សុវត្ថភាព (Safety Net) ។ ក្នុងចំណោមកម្មវិធីទាំងអស់នៅក្នុងសំណាញ់សុវត្ថភាព កម្មវិធីសុខមាលភាពនិងអាហារូបត្ថម មានសារសំខាន់ជាងគេ ព្រោះវាបានជួយគាំពារនិងចម្លងពលរដ្ឋក្រីក្រអាមេរិករាប់លាននាក់ទៅកាន់ភាពរុងរឿង ។ ដូច្នេះ ខ្ញុំនឹងលើកយកកម្មវិធីពីរនេះមករៀបរាប់លម្អិតនៅទីនេះ ។
ពលរដ្ឋអាមេរិកដែលរស់នៅស្មើឬក្រោមបន្ទាត់ក្រីក្រអាចទទួលបានការគាំពារផ្នែកសុខមាលភាពនិងអាហារូបត្ថម (Medicaid and Food Stamps) ។ បច្ចុុប្បន្ន បន្ទាត់ក្រីក្រនៅសហរដ្ឋអាមេរិកគឺគេគិតជាប្រាក់ចំណូលស្មើនឹង ១០០០ដុល្លារក្នុងមួយខែ សម្រាប់មនុស្សម្នាក់ ។ ដូច្នេះ គ្រួសារមួយមានគ្នាបីនាក់ដែលមានចំណូលស្មើឬក្រោម ៣០០០ដុល្លារក្នុងមួយខែ គឺរស់នៅក្រោមបន្ទាត់ក្រីក្រ (ប្រាក់ចំណូលនេះគេគិតមុនកាត់ពន្ធ ២៥%) ។ គ្រួសារប្រភេទនេះអាចដាក់ពាក្យសុំទៅក្រសួងសង្គមកិច្ចរដ្ឋដើម្បីទទួលបានការគាំពារផ្នែកសុខមាលភាពនិងអាហារូបត្ថម ។ គួរបញ្ជាក់ដែរថា អាហារូបត្ថមគេឲ្យតែគ្រួសារណាដែលរស់នៅក្រោមបន្ទាត់ក្រីក្រឆ្ងាយបន្តិច ។ នៅរដ្ឋខ្លះដែលរកប្រាក់ចំណូលបានច្រើនពីធនធានធម្មជាតិនិងពាណិជ្ចកម្ម គេអាចតម្លើងបន្ទាត់ក្រីក្រលើសពី ១០០០ដុល្លារ ទៅតាមថវិកាប្រចាំឆ្នាំដែលគេមាន ។
សុខមាលភាព ឬ Medicaid ជាកម្មវិធីគាំពារសុខភាពដោយឥតបង់ប្រាក់ ។ ស្ត្រីមេម៉ាយដែលមានប្រាក់ចំណូលក្រោមបន្ទាត់ក្រីក្រ ហើយមានកូនអាយុក្រោម ១៩ឆ្នាំនៅក្នុងបន្ទុក និងជនពិការ (ពិការកាយនិងពិការញាណ) ទទួលបានអត្ថប្រយោជន៍នេះដោយស្វ័យប្រវត្តិ ។ មនុស្សទាំងពីរក្រុមនេះក៏ទទួលបានប្រាក់ឧប្បត្ថមប្រចាំខែ និងលំនៅដ្ឋានសម្រាប់រស់នៅផងដែរ ដោយគ្រាន់តែជួយបង់ប្រាក់ឈ្នួលបន្តិចបន្តួចប៉ុណ្ណោះ ។ ឯមនុស្សចាស់អាយុចាប់ពី ៦៥ឆ្នាំឡើងទៅក៏ទទួលបានការគាំពារសុខភាពនេះដែរ ។ សូមបញ្ជាក់ថា កម្មវិធីគាំពារមនុស្សចាស់របស់អាមេរិកមានពីរគឺ៖ សុខមាលភាព និង សោធននិវត្តន៍សុខមាលភាព (Medicaid and Medicare) ។ Medicaid គឺសម្រាប់មនុស្សចាស់ដែលមិនដែលបានធ្វើការងារ ឬធ្វើការងារបានរយៈពេលខ្លី ឯ Medicare គឺជាកម្មវិធីសម្រាប់មនុស្សចាស់ដែលចូលនិវត្តន៍បន្ទាប់ពីបានធ្វើការងារនិងបង់ប្រាក់តម្កល់ក្នុងរបបសន្តិសុខសង្គម (Social Security) ជាច្រើនឆ្នាំ ។ ក្រៅពីកម្មវិធីគាំពារអ្នកក្ររបស់រដ្ឋនេះ ក៏នៅមានកម្មវិធីជំនួយផ្សេងៗទៀតនៅតាមសហគមន៍ផងដែរ ។ គេហៅកម្មវិធីនេះថា អាហារូបត្ថមសហគមន៍ (Community Food Bank) ដែលមាននៅតាមស្រុកខ្លះៗ ។ កម្មវិធីនេះគឺសម្រាប់អ្នកក្រខ្លាំងដែលសាលាស្រុកគិតថាគួរផ្គត់ផ្គង់ចំណីអាហារបន្ថែម ។ ខ្ញុំដឹងថាមានកម្មវិធីនេះតាមរយៈមនុស្សប្រហែល១០នាក់ ដែលតែងតែមកឈរតម្រង់ជួរនៅផ្លូវកែងក្បែរផ្ទះខ្ញុំដើម្បីទទួលរបបម្ហូបអាហាររៀងរាល់ល្ងាចនៅវេលាម៉ោង ៦ ។ ខ្ញុំចង់ទៅសួរពត៌មានលម្អិតពីអ្នកទាំងនោះដែរ ប៉ុន្តែគិតថាមិនគប្បី ដ្បិតឃើញឡានដែលដឹកម្ហូបអាហារមកនោះគ្មានស្លាកសញ្ញាទេ ។ សាលាស្រុកធ្វើដូច្នោះព្រោះចង់រក្សាអត្តសញ្ញាណពលរដ្ឋក្រីក្រទាំងនោះមិនឲ្យនរណាដឹង ។ យ៉ាងណាក៏ដោយ អាហារូបត្ថមសហគមន៍នេះមានប្រកដណាស់ ត្បិតអីនៅក្នុងសមាគមកសិករសហគមន៍ ដែលមានរូបខ្ញុំជាសមាជិកម្នាក់ដែរ យើងបានរក្សាដីមួយកន្លែងដើម្បីដាំដំណាំផ្គត់ផ្គង់ដល់កម្មវិធីអាហារូបត្ថមសហគមន៍ ។ ខ្ញុំបានស្ម័គ្រចិត្តដាំសាលាដមួយកូនថ្នាលសម្រាប់កម្មវិធីនេះ ។ ចាំសាលាដធំនឹងថតដាក់ជូនមើល ។
កាលខ្ញុំមកដល់សហរដ្ឋអាមេរិកនៅចុងទសវត្សរ៍ឆ្នាំ ១៩៨០ ខ្ញុំធ្លាប់ទទួលបានរបបសុខមាលភាព Medicaid ម្តង ។ កាលនោះ មិនដឹងថាអ្វីជាអ្វីទេ បុ៉ន្តែខ្ញុំនៅចាំបានថា បុគ្គលិកសង្គមកិច្ច ឬភ្នាក់ងារជួយជនភៀសខ្លួន បាននាំខ្ញុំទៅមន្ទីរសង្គមកិច្ចដើម្បីចុះឈ្មោះនិងបំពេញបែបបទមួយចំនួន ។ បន្ទាប់មក ខ្ញុំនិងម្តាយខ្ញុំដែលជាស្ត្រីមេម៉ាយនោះ បានទទួលប្រាក់និងអាហារូបត្ថមរៀងរាល់ខែ ។ ម្តាយខ្ញុំទទួលបានវិក័យប័ណជាប្រាក់ (Check) ចំនួនជិត៤០០ដុល្លារ និងអាហារូបត្ថម (Food Stamps) សម្រាប់គ្រួសារចំនួនប្រមាណជា ៦០ដុល្លារ ក្នុងមួយខែ ។ ចំណែកខ្ញុំក៏ទទួលបានប្រាក់ឧបត្ថមចំនួន ១៨៥ដុល្លារ និងប័ណ្ណញាំុអាហារនៅសាលាអនុវិទ្យាល័យរៀងរាល់ខែផងដែរ ។ ខ្ញុំទទួលបានរបបគាំពារនេះជិតពីរឆ្នាំទម្រាំរៀនចប់ថ្នាក់ទី ១២ និងទៅបន្តការសិក្សានៅមហាវិទ្យាល័យទើបរបបគាំពារនេះត្រូវបានកាត់ផ្តាច់ ។ អំឡុងពេលសិក្សានៅសាកលវិទ្យាល័យ ខ្ញុំបានជួបនឹងកម្មវិធីសំណាញ់សុវត្ថភាពនេះម្តងដែរតាមរយៈការសិក្សាអភិបាលកិច្ចសាធារណៈ ។ ចាប់តាំងពីពេលនោះមក ខ្ញុំមិនដែលជួបសួរសុខទុក្ខកម្មវិធីសំណាញ់សុវត្ថភាពនេះទេ រហូតដល់ដើមទសវត្សរ៍ឆ្នាំ ២០១០ ទើបខ្ញុំមានវាសនាបានជួបម្តងទៀត ។ ការវិលត្រឡប់ទៅសួរសុខទុក្ខកម្មវិធីសំណាញ់សុវត្ថភាពនេះ វាជាវាសនាផង និងជាឪកាសរៀនសូត្រនិងអនុវត្តិចំណេះដឹងជាក់ស្តែងរបស់ខ្ញុំផង ។ កាលនោះ ភរិយាខ្ញុំដែលមានផ្ទៃពោះជិតគ្រប់ខែទើបនឹងធ្វើអន្តោប្រវេសន៍ចូលមករស់នៅសហរដ្ឋអាមេរិក ។ ដើម្បីរៀបចំទទួលសមាជិកថ្មីចូលមកក្នុងគ្រួសារ ខ្ញុំក៏ស្វែងយល់ពត៌មានខ្លះៗអំពីតម្លៃនៃការសម្រាលកូននៅក្នុងមន្ទីរពេទ្យ និងការចំណាយផ្សេងៗទាក់ទិននឹងការបីបាច់ថែរក្សាទារក ។ ជាមធ្យម ការចំណាយទៅលើមទ្ទីរពេទ្យសម្រាប់សេវាបង្កើតកូនគឺ ១៥០០០ដុល្លារ ។ ខ្ទង់ចំណាយនេះ ច្រើនគួរសមសម្រាប់ខ្ញុំ ។ ដោយហេតុតែភរិយាខ្ញុំគ្មានប័ណ្ណធានារ៉ាប់រងសុខភាព ហើយកម្មវីធីធានារ៉ាប់រងសុខភាពរបស់រដ្ឋក៏មិនទាន់ចូលជាធរមានដែរគ្រានោះ ខ្ញុំក៏សម្រេចចិត្តរុករកក្នុងប្រព័ន្ធ ហ្គូកហ្គល (Google) ក្រែងលោមានអង្គការណាផ្តល់ជំនួយដល់ស្ត្រីមានផ្ទៃពោះដែលគ្មានប័ណ្ណធានារ៉ាប់រងសុខភាព ។ ហ្គូកហ្គល បាននាំខ្ញុំទៅកាន់វេបសាយ សុខមាលភាព (Medicaid) ដែលមានពត៌មានលម្អិតសាមញៗងាយយល់ជាទីបំផុត ។ នៅទំព័រដើម គេដាក់តារាងប្រាក់ចំណូលប្រចាំឆ្នាំនិងចំនួនសមាជិកគ្រួសារដើម្បីផ្ទៀងផ្ទាត់ថាតើគ្រួសារប្រភេទណាអាចទទួលបានរបបគាំពារសុខមាលភាព ។ ចំណុចមួយដែលមនុស្សអាចមើលរំលង គឺទារកក្នុងផ្ទៃក៏គេរាប់ជាសមាជិកគ្រួសារម្នាក់ដែរ ។ ដោយសារតែរដ្ឋដែលខ្ញុំរស់នៅដាក់បន្ទាត់ក្រីក្រខ្ពស់ជាងបន្ទាត់ក្រីក្ររបស់រដ្ឋាភិបាលសហព័ន្ធបន្តិច គួបផ្សំនឹងចំណូលរបស់ខ្ញុំត្រូវបានកាត់បន្ថយអស់រយៈពេលមួយខែ (ចុះបេសកកម្មទៅសួរសុខទុក្ខភរិយារហូតទាល់តែមានកូន) ប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្ញុំសម្រាប់គ្រួសារទាំងមូល គឺស្ថិតនៅប្រហាក់ប្រហែលនឹងបន្ទាត់ក្រីក្រដែរ ។ ខ្ញុំមិនប្រាកដក្នុងចិត្តថាអាចដាក់ពាក្យសុំអត្ថប្រយោជន៍សុខមាលភាពបានទេ ដ្បិតអីភរិយាខ្ញុំទើបចូលមករស់នៅសហរដ្ឋអាមេរិកបានប្រមាណជាមួយខែប៉ុណ្ណោះ ។ បុ៉ន្តែ ដោយហេតុតែកិច្ចការនេះអាចធ្វើបានតាមរយៈអុិនធឺណិត ហើយគ្មានអ្វីលំបាកផង ខ្ញុំក៏សម្រេចចិត្តធ្វើសាកល្បងមើល ក្រែងមានលាភ ។ នៅចុងបញ្ចប់នៃបែបបទ ក្រសួងសង្គមកិច្ចអនុញាតឲ្យសមីខ្លួនខ្ទប់ឯកសារមិនឲ្យឆ្លងទៅក្រសួងពាក់ព័ន្ធដទៃឡើយ ដើម្បីរក្សាការសម្ងាត់និងសិទ្ធិឯកជន (Personal Privacy) ។ ដាក់ពាក្យសុំមិនទាន់បានមួយអាទិត្យផង ប្រពន្ធខ្ញុំស្រាប់តែឆ្លងទន្លេមុនពេលកំណត់ ។ ដូច្នេះ យើងទៅមន្ទីរពេទ្យដោយគ្មានឯកសារអ្វីនៅក្នុងដៃ ។ មុនចូលទៅក្នុងបន្ទប់សម្រាលកូន ខ្ញុំប្រាប់អ្នកកត់ឈ្មោះអ្នកជំងឺថា ប្រពន្ធខ្ញុំគ្មានប័ណ្ណធានារ៉ាប់រងសុខភាពទេ បុ៉ន្តែបានចុះឈ្មោះសុំរបបសុខមាលភាពអំពីរដ្ឋ ។ បន្ទាប់ពីសម្រាលកូនហើយ ភរិយាខ្ញុំនិងខ្ញុំសម្រាកនៅក្នុងមន្ទីរពេទ្យមួយយប់ ។ ព្រឹកឡើង បុគ្គលិកមន្ទីរពេទ្យយកឯកសារមួយចំនួនមកឲ្យយើងចុះហត្ថលេខាមុនចាកចេញពីមន្ទីរពេទ្យ ។ ដោយមិនឃើញមានវិក័យបត្រសម្រាប់បង់ថ្លៃសេវារបស់មន្ទីពេទ្យ ខ្ញុំក៏សួររកវិក័យបត្រនោះ ។ បុគ្គលិកពេទ្យនោះប្រាប់យើងថា មិនមានអ្វីត្រូវបង់ទេ ព្រោះរដ្ឋជាអ្នកចេញថ្លៃសេវាទាំងអស់សម្រាប់ពួកយើង ។ What a surprise! បុគ្គលិកនោះក៏បានប្រាប់យើងផងដែរអំពីអត្ថប្រយោជន៍នានាសម្រាប់អតិថិជនសុខមាលភាព ដូចជា៖ មាតានិងទារកទទួលបានការគាំពារសុខភាពរយៈពេលមួយឆ្នាំ ទោះបីជាមាតាត្រឡប់ទៅធ្វើការ ហើយមានប្រាក់ចំណូលច្រើនយ៉ាងណាក៏ដោយ ។ រដ្ឋធ្វើដូច្នេះគឺដើម្បីលើកទឹកចិត្តឲ្យមនុស្សត្រឡប់ទៅធ្វើការងារ ក៏ដូចជាជួយពង្រឹងសេដ្ឋកិច្ចគ្រួសារផងដែរ ។ អំឡុងពេលស្នាក់នៅក្នុងមន្ទីរពេទ្យ បុគ្គលិកពេទ្យដែលចុះឈ្មោះប្រពន្ធខ្ញុំនោះ បានទាក់ទងទៅក្រសួងសង្គមកិច្ចអំពីករណីរបស់ប្រពន្ធខ្ញុំ ហើយបានពត៌មានថា ប្រពន្ធខ្ញុំត្រូវបានរដ្ឋផ្តល់របបសុខមាលភាពឲ្យ ។ ពិតជាសំណាងមែន ។ ទេវតាផ្តល់បុត្រមួយហើយ រដ្ឋាភិបាលអាមេរិកផ្តល់កាដូបង់ថ្លៃមន្ទីរពេទ្យឲ្យជាងមួយមុឺនដុល្លារថែមទៀត ។
គោលដៅចម្បងរបស់កម្មវិធីសុខមាលភាព Medicaid គឺជួយត្រងនិងការពារកុំឲ្យមនុស្សធ្លាក់ចូលក្នុងភាពក្រីក្រ ។ ខ្ញុំប្រើពាក្យគាំពារទូទាំងអត្ថបទនេះដែលជាពាក្យបង្រួញអំពីពាក្យ គាំទ្រនិងការពារ (Support and Protect) ។ ពលរដ្ឋអាមេរិកទូទៅអាចប្រើកម្មវិធីនេះដើម្បីដោះស្រាយបញ្ហាជីវិត ។ ឧទាហរណ៍ ស្ត្រីដែលមានកូនតូចនៅក្នុងបន្ទុកហើយបាត់បង់ប្តី អាចដាក់ពាក្យសុំរបបសុខមាលភាពបានភ្លាមៗ ប្រសិនបើប្រាក់ចំណូលរបស់គាត់ទាប ។ វាមិនអាចផ្តល់ប្តីមកឲ្យវិញទេ ប៉ុន្តែ ជំនួួយអំពីកម្មវិធីសុខមាលភាពនេះ អាចជួយដោះស្រាយបញ្ហាជីវិតបានយ៉ាងច្រើន ។ ដូចគ្នាដែរ គ្រួសារមួយដែលមានប្រាក់ចំណូលមធ្យម (Middle Income) និងមានកូនតូចចាប់ពីបីនាក់ឡើងទៅ អាចពឹងពាក់កម្មវិធីសុខមាលភាពនេះដើម្បីដោះទុក្ខបានមួយរយៈទម្រាំកូនធំបន្តិច ។ មូលហេតុដែលត្រូវពឹងពាក់កម្មវិធីនេះ ព្រោះថានៅពេលយើងមានកូនទីបី កូនទីមួយអាចដល់អាយុចូលរៀនហើយ ហើយឪពុក ឬម្តាយចាំបាច់ត្រូវតែនៅផ្ទះដើម្បីចាំទទួលកូនដែលឡាន (School Bus) ដឹកពីសាលាមកវិញ ។ សូមបញ្ជាក់ថាច្បាប់តម្រូវឲ្យ ឪពុក ម្តាយ ឬអ្នកអាណាព្យាបាលសិស្សដែលមានអាយុក្រោម ១៣ឆ្នាំ ទៅទទួលសិស្សពីរថយន្ត ។ មិនអាចឲ្យក្មេងដើរមកផ្ទះដោយឯកឯងបានទេ ។ គ្រួសារដែលមានកូនតូចៗកំពុងរៀន ភាគច្រើនម្តាយឪពុកធ្វើការឆ្លាស់គ្នា គឺប្រពន្ធធ្វើការពេញម៉ោងពេលថ្ងៃ ហើយប្តីធ្វើការពាក់កណ្តាលម៉ោងរវាងមោ៉ង ៥ទៅ១០យប់ ។ ធ្វើដូចនេះ គឺដើម្បីមានមនុស្សម្នាក់នៅប្រចាំការមើលថែកូនផង និងចាំទទួលកូនពីរថយន្តសាលាផង ។ ដូច្នេះ គ្រួសារចំណូលមធ្យមដែលមានសមាជិក ៥នាក់ អាចរកចំណូលមិនបាន ៥០០០ដុល្លារ ក្នុងមួយខែទេ ។ ពេលនេះហើយដែលជាពេលត្រូវទៅពឹងពាក់កម្មវិធីសុខមាលភាព រយៈពេល៥ទៅ១០ឆ្នាំ ទម្រាំកូនធំអាចទៅធ្វើការងារពេញម៉ោងទាំងអស់គ្នាវិញបាន ។
ថ្វីត្បិតតែសំណាញ់សុវត្ថរបស់សហរដ្ឋអាមេរិ មានក្រឡាញឹកគួរសម សំណាញ់នេះក៏មានកន្លែងធ្លុះធ្លាយនិងរហែកខ្លះដែរ បន្ទាប់ពីត្រូវបានពលរដ្ឋប្រើប្រាស់ជិតមួយសតវត្សមកនេះ ។ កន្លែងធ្លុះធ្លាយនិងរហែកទាំងនេះហើយ ដែលអ្នកសុំទាននិងអត់ជម្រកនៅស្រុកអាមេរិក ធ្លាក់ចេញមក ។ ទោះជាយ៉ាងណាក៏ដោយ តាមស្ថានភាពជាក់ស្តែង ករណីនៃអ្នកសុំទាននិងអត់ជម្រកទាំងនោះ ភាគច្រើនមិនមែនដោយសារការមិនអើពើរជួយសង្គ្រោះអំពីរដ្ឋាភិបាលនោះទេ គឺដោយសារបុគ្គលទាំងនោះចង់បានសេរីភាពរស់នៅតាមចំណង់របស់គេ ឬមួយក៏ខ្វះការយល់ដឹងអំពីសំណាញ់សុវត្ថភាពនៅក្នុងសហគមន៍ក្នុងស្រុកអាមេរិកទាំងមូល ។ នៅក្នុងសហគមន៍ស្ទើរតែទូទាំងសហរដ្ឋអាមេរិក មានកម្មវិធី (Programs) ជាច្រើនសម្រាប់ជួយជនក្រីក្រ និងជនអនាថាគ្មានផ្ទះសម្បែង ។ អ្នកសុំទាននិងគ្មានជំរក អាចទៅទទួលទានអាហារនិងស្នាក់នៅបណ្តោះអាសន្នក្នុងជម្រកសហគមន៍ (Shelters) បាន ប្រសិនបើពួកគេគោរពប្រណិបត្តិតាមគោលការនៃជម្រកទាំងនោះ ។ ជាទូទៅ គោលការណ៍ទាំងនោះមានជាអាទ៍៖ ហាម ប្រើគ្រឿងញៀន គ្រឿងស្រវឹង ជក់បារី ឬស្តាប់ភ្លេងឡូឡារំខានដល់អ្នកដទៃជាដើម ។ ចំណុចទាំងនេះ អ្នកសុំទាននិងរស់នៅតាមចិញ្ចើមផ្លូវជាច្រើនធ្វើមិនបានទេ ។
សរុបសេចក្តីទៅ អ្នកក្រអាមេរិកភាគច្រើនគឺក្រដោយសារទី ១ៈ ខ្វះការយល់ដឹងអំពីកម្មវិធីគាំពាររបស់រដ្ឋ និងទី ២ៈ មិនចង់ឲ្យរដ្ឋជ្រៀតជ្រែកសិទ្ធិរស់នៅរបស់ខ្លួន ។ ធម្មតាទេ ជំនួយរបស់រដ្ឋតែងតែមានលក្ខខណ្ឌ ។ អ្នកដែលមិនគោរពតាមលក្ខខណ្ឌមិនអាចទទួលជំនួយបានទេ ។ ច្បាប់គ្រប់គ្រងអាហារូបត្ថមមិនអនុញាតិឲ្យអតិថិជនយកថវិកានោះទៅទិញ សុរា ឬបារីទេ ។ ដូច្នេះ ជនអនាថាដែលសេពសុរានិងជក់បារី ក៏ពិបាកនឹងចូលទៅជ្រកក្នុងជម្រកសហគមន៍ដែរ ។ កាលរៀននៅសាកលវិទ្យាល័យ ខ្ញុំនិងមិត្តរួមថ្នាក់ធ្លាប់ជជែកគ្នាបែកពពុះមាត់ជាមួយគ្រួអំពីចំណុចនេះ ព្រោះថាគ្មានច្បាប់ហាមមិនឲ្យមនុស្សសេពសុរានិងជក់បារីទេ ដរាបណាអ្នកប្រើប្រាស់គ្រឿងស្រវឹងនិងញៀនទាំងនេះ មិនបង្កហានិភ័យឬគ្រោះថ្នាក់ដល់អ្នកដទៃ ។ បញ្ហាគឺស្ថិតត្រង់ថា របបសុខមាលភាពគឺដើម្បីគាំពារថែរក្សាគុណភាពនៃជីវិត (Quality of Life) ។ ការសេពសុរានិងជក់បារីជាទង្វើបំផ្លាញគុណភាពនៃជីវិត ។ ដូច្នេះ ពលរដ្ឋមានសិទ្ធិបំផ្លាញគុណភាពនៃជីវិតរបស់ខ្លួន ប៉ុន្តែមិនអាចយកថវិការដ្ឋទៅបំផ្លាញជាមួយនោះទេ ។ នេះហើយជាចំណុចចម្រូងចម្រាស់ ដែលធ្វើឲ្យពលរដ្ឋខ្លះធ្លាក់ចេញពីសំណាញ់សុវត្ថភាព មកក្លាយជាអ្នកសុំទានរស់នៅតាមចិញ្ចើមផ្លូវនៅសហរដ្ឋអាមេរិក ៕
ថ្ងៃទី ១៥ ឧសភា ២០១៧
Tuesday, April 4, 2017
ចំណីខួរក្បាល
បុណ្យ ១០០ថ្ងៃ
ប្រធានាធិបតីថ្មីនៃសហរដ្ឋអាមេរិក ភាគច្រើន ច្រើនតែព្យាយាមសម្រេចកិច្ចការនយោបាយនានានៅក្នុងរយៈពេល ១០០ថ្ងៃដំបូងនៃការឡើងកាន់តំណែង ។ ដូច្នេះ គេរមែងសង្កេតឃើញថា គោលនយោបាយថ្មីៗជាច្រើនត្រូវបានបង្កើតឡើងនៅអំឡុងពេលនេះ ។ លោក ដូណាល់ ត្រាំ ក៏មិនខុសអំពីប្រធានាធិបតីអាមេរិកាំងដទៃទៀតដែរ គាត់ព្យាយាមសម្រេចកិច្ចការនយោបាយមួយចំនួន ដែលនៅក្នុងនោះមានគោលនយោបាយធំៗចំនួនពីរដែលគាត់ចាំបាច់ត្រូវតែធ្វើដើម្បីបំពេញកិច្ចសន្យារបស់គាត់ជាមួយនឹងម្ចាស់ឆ្នោត ក៏ដូចជាបញ្ជាក់អំពីសមត្ថភាពរបស់គាត់ក្នុងការដឹកនាំប្រទេសដែរ ។ គោលនយោបាយទាំងពីរនេះគឺ ទី ១៖ បញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ និងទី ២៖ គឺការលុបចោលឬក៏ប្តូរគោលនយោបាយធានារាប់រងសុខភាពរបស់អតីតប្រធានាធិបតី បារាក់ អូបាម៉ា ។ ប្រសិនបើលោក ត្រាំ អាចសម្រេចជោគជ័យលើគោលនយោបាយធំៗទាំងពីរនេះ សេតវិមានប្រាកដជាធ្វើបុណ្យអបអរសាទរទិវា១០០ថ្ងៃ នៃការកាន់តំណែងរបស់លោកត្រាំជាក់ជាមិនខាន ។ ប៉ុន្តែ អ្វីដែលជាការព្រួយបារម្មណ៍សម្រាប់អ្នកគាំទ្រលោកត្រាំក៏ដូចជាពលរដ្ឋទូទៅដែរនោះ គឺថា តើលោកត្រាំនឹងធ្វើបុណ្យអបអរជោគជ័យទិវា១០០ថ្ងៃ ឬក៏បុណ្យកាន់ទុក្ខមហន្តរាយតំណែងប្រធានាធិបតីរបស់លោក ។ ចំណុចសំខាន់នៅទីនេះគឺបញ្ហាប្រទេស រុ៉ស្សី ពាក់ព័ន្ធជាមួយនឹងក្រុមមន្ត្រីជំនិតរបស់លោក ត្រាំ ។
សម្រាប់អ្នកតាមដាននយោបាយពិភពលោក មិនថាជាមនុស្សសាមញ ឬក៏បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយទេ ជាទូទៅគេអាចមើលឃើញថា សហរដ្ឋអាមេរិកនិងប្រទេសរុ៉ស្សីជាសត្រូវនឹងគ្នាចាប់តាំងពីដើមសតវត្សទី ២០មក ។ ថ្វីត្បិតតែប្រទេសទាំងពីរមិនដែលពើបប្រយុទ្ធគ្នាជាលក្ខណៈសង្គ្រាមដោយសព្វាវុធក្តី ប៉ុន្តែសហរដ្ឋអាមេរិកនិងរុ៉ស្សីជាគូប្រយុទ្ធដ៏ស្រួចស្រាល់នៅក្នុងសង្គ្រាមចារកិច្ច ។ ប្រទេសរុ៉ស្សីធ្លាប់បានបាញ់ទម្លាក់យន្តហោះចារកិច្ចរបស់អាមេរិកម្តងកាលពីទសវត្សរ៍ឆ្នាំ ១៩៥០ ហើយរហូតមកដល់ពេលនេះ ប្រទេសទាំងពីរនៅតែបន្តធ្វើព្យុះធ្វើភ្លៀងចារកម្មដាក់គ្នាទៅវិញទៅមកដែរ ។ ជាក់ស្តែង នៅអំឡុងពេលយុទ្ធនាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកកន្លងទៅនេះ បុគ្គលិកការទូតនិងជនជាតិរុ៉ស្សីជាច្រើននាក់ត្រូវបានបណ្តេញចេញពីសហរដ្ឋអាមេរិក ដោយហេតុតែពួកគេពាក់ព័ន្ធជាមួយនឹងរឿងខុសច្បាប់មួយចំនួន ។ កាលនោះ បេក្ខជនប្រធានាធិបតី ដូណាល់ ត្រាំ មិនត្រឹមតែមិនថ្កោលទោសទង្វើរបស់ក្រុមជនខិលខូចរុ៉ស្សីទាំងនោះទេ គាត់ថែមទាំងនិយាយថាវាជារឿងល្អប្រសិនបើគាត់និងប្រធានាធិបតីរុ៉ស្សីអាចមានទំនាក់ទំនងល្អនឹងគ្នា ។ ថ្វីត្បិតតែការលូកដៃកកូរកកាយរបស់ភ្នាក់ងាររ៉ុស្សីក្នុងយុទ្ធនាការបោះឆ្នោតអាមេរិកអាចផ្តល់ផលចំណេញផ្នែកនយោបាយដល់លោកត្រាំក៏ពិតមែន ក៏ប៉ុន្តែ ការមិនថ្កោលទោសទង្វើល្មើសច្បាប់របស់ភ្នាក់ងារបរទេសនៅក្នុងទឹកដីអាមេរិកនេះ វាអាចផ្តល់ផលអាក្រក់ដល់លោកត្រាំច្រើនជាងល្អ ។
រឿងរុ៉ស្សីលូកដៃកកូរកកាយក្នុងកិច្ចការនយោបាយអាមេរិក កំពុងប្រែក្លាយទៅជារឿងក្តៅគគុកមួយ ។ សំណួរដែលសភានិងពលរដ្ឋអាមេរិកជាច្រើនចង់បានចម្លើយនោះ គឺថា តើមានមនុស្សប៉ុន្មាននាក់ដែលស្និទ្ធនឹងលោកត្រាំ មានទំនាក់ទំនងជាមួយនឹងបុគ្គលិកការទូតឬអ្នកមុខអ្នកការរបស់រុស្សីនៅក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត ។ មកដល់ពេលនេះ មានមនុស្សស្និទ្ធនឹងលោកត្រាំពីររូប គឺលោកអតីតទីប្រឹក្សា មៃ៉កែល ហ្វ្លីន និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចេហ្វ សេស្សិន បានសារភាពថាពួកគាត់ធ្លាប់ជួបជាមួយនឹងបុគ្គលិកស្ថានទូតរុ៉ស្សី ។ តើវាមានបញ្ហាអ្វីដែរ គ្រាន់តែជួបជាមួយនឹងបុគ្គលិកការទូតនោះ? គ្មានបញ្ហាទេ ប្រសិនបើមន្ត្រីទូតនោះជាទូត ។ ប៉ុន្តែ បើទូតនោះជាភ្នាក់ងារសម្ងាត់ស្លៀកឯកសណ្ឋានជាទូត វាគឺជាបញ្ហាធំណាស់សម្រាប់មន្ត្រីអាមេរិកាំងណាដែលធ្លាប់ជួបនឹងទូតប្រភេទនេះ ។ រឿងដែលឈឺក្បាលបំផុតនោះគឺថា ភ្នាក់ងារសម្ងាត់មិនដែលប្រាប់នរណាម្នាក់ថាគេជាភ្នាក់ងារសម្ងាត់ទេ ។ មានតែក្រុមចារកិច្ចតែប៉ុណ្ណោះ ដែលដឹងថានរណាជានរណា ។
ចាប់តាំងពីលោកត្រាំឡើងកាន់តំណែងជាប្រធានាធិបតី គាត់ហាក់ដូចជាបាននិងកំពុងបង្កើតបញ្ហាច្រើនជាងដំណោះស្រាយ ។ បញ្ហាដ៏ធំបំផុតគឺរឿងរុ៉ស្សីលូកដៃកកូរកកាយនៅអំឡុងពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ។ គ្មានអ្នកណាដឹងថាមានមនុស្សស្និទ្ធនឹងលោកត្រាំប៉ុន្មាននាក់ពាក់ព័ន្ធដោយផ្ទាល់ក្តី ដោយប្រយោលក្តីនៅក្នុងរឿងនេះទេ លើកលែងតែភ្នាក់ងារសម្ងាត់របស់អាមេរិកតែប៉ុណ្ណោះ ដែលអាចដឹង ។ កាលពីថ្ងៃទី២០ ខែមិនា កន្លងទៅនេះ ប្រធានក្រសួងសើុបអង្កេត អែហ្វប៊ីអាយ (FBI, Federal Bureau of Investigation)បានប្រាប់គណកម្មាធិការសភាសហរដ្ឋអាមេរិកថាករណីរ៉ុស្សីលូកដៃក្នុងយុទ្ធនាការបោះឆ្នោតកំពុងត្រូវបានសើុបអង្កេត ។ ដូច្នេះ សាច់រឿងសំខាន់អាចនឹងត្រូវបានលាតត្រដាងនៅពេលខាងមុខ ប្រសិនបើមានការប្រព្រឹត្តិខុសច្បាប់កើតឡើង ។
កាលពីឆ្នាំ ១៩៧៣ មានរឿងប្រហាក់ប្រហែលគ្នានេះកើតឡើងនៅក្នុងសណ្ឋាគារ វ៉ធឺហ្គេក (Watergate) ដែលនាំទៅដល់ការលាលែងពីតំណែងរបស់លោកប្រធានាធិបតី នីច សុន ។ តើអ្វីដែលកើតឡើងនៅក្នុងអាគារត្រាំ (Trump Tower) អាចនាំទៅដល់ការលាលែងពីតំណែងរបស់លោកត្រាំដែរឬទេ? ចម្លើយគឺស្ថិតនៅត្រង់ថាតើមានការប្រព្រឹត្តិល្មើសនឹងច្បាប់រដ្ឋដែរឬយ៉ាងណា ។ ប្រសិនបើមាន នោះវាជាអាសន្នធំសម្រាប់លោកត្រាំហើយ ព្រោះថាវាពាក់ព័ន្ធជាមួយនឹងប្រទេសដែលជាសត្រូវរបស់សហរដ្ឋអាមេរិក (Adversary) ។ រដ្ឋធម្មនុញ្ញនៃសហរដ្ឋអាមេរិកចែងថា៖ ពលរដ្ឋណាដែលផ្តល់ជំនួយ ឬចូលរួមជាមួយសត្រូវដើម្បីបំផ្លាញសហរដ្ឋអាមេរិក គឺជាជនក្បត់ជាតិ ។ តើការរុកគួនបំផ្លាញលិទ្ធិប្រជាធិបតេយ្យនៅក្នុងប្រព័ន្ធនយោបាយរបស់សហរដ្ឋអាមេរិក អាចចាត់ទុកថាជាការបំផ្លាញសហរដ្ឋអាមេរិកដែរឬទេ ? សំណួរនេះ មានតែស្ថាប័នសភារបស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ ដែលអាចផ្តល់ចម្លើយដ៏ត្រឹមត្រូវបាន ។
នៅក្នុងប្រព័ន្ធអភិបាលកិច្ចសហរដ្ឋអាមេរិក ការដាក់ទោសទណ្ឌឬក៏ដកតំណែងចេញពីប្រធានាធិបតី ឬមន្ត្រីធំណាម្នាក់ គឺអាចធ្វើទៅបានតាមរយៈការកាត់ទោសម៉្យាងដែលភាសាអង់គ្លេសហៅថា៖ អ៊ីមភីជមិន (Impeachment) ។ សមាជិករដ្ឋសភានិងព្រឹទ្ធសភាជាអ្នកធ្វើកិច្ចការនេះ ដោយមានប្រធានតុលាការកំពូលជាអ្នកត្រួតពិនិត្យ ។ ទោសធំៗពីរដែលអាចឈានដល់ការកាត់ទោស អ៊ីមភីចមិននោះ គឺ ក្បត់ជាតិ និង អំពើពុករលួយ ។ កាលលោក ប៊ីល ក្លីនតុន កាន់តំណែងជាប្រធានាធិបតីគាត់ត្រូវបានគេកាត់ទោស អ៊ីមភីជមិន ដោយសាររឿងមានស្រីញី ប៉ុន្តែ មិនត្រូវបានផ្តន្ទាទោសទេ ។ នេះសឲ្យឃើញថា តំណែងប្រធានាធិបតីនៃសហរដ្ឋអាមេរិក មិនមែនជាកន្លែងលេងសើចឡើយ ។ កំហុសតូចតាចក៏អាចនាំទៅរកសេចក្តីវិនាសបានដែរ ៕
Friday, March 24, 2017
ចំណីខួរក្បាល
កំហុសរបស់ ដូណាល់ ត្រាំ
មកដល់ពេលនេះ វាមានរយៈពេលជាងពីរខែហើយចាប់តាំងពីលោក ដូណាល់ ត្រាំ បានឡើងកាន់តំណែងជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក ។ ប៉ុន្តែ គាត់ហាក់ដូចជាមិនអាចធ្វើកិច្ចការអ្វីមួយឲ្យចេញជាដំុកំភួននៅឡើយ ។ អ្វីៗដែលគាត់ចង់និងកំពុងធ្វើហាក់ដូចជាជាប់ក្តៀនដូចអាចមន៍ក្នុងក្តិត ។ រឿងជនអន្តោប្រវេសន៍ខុសច្បាប់ ចេញប្រតិបត្តិការណ៍មិនទាន់បានប៉ុន្មានថ្ងៃផង ក៏ត្រូវផ្អាកទៅវិញដោយសារប្រតិកម្មរបស់ពលរដ្ឋ ។ ឯរឿងធ្វើច្បាប់ធានារ៉ាប់រងសុខភាពរបស់ពលរដ្ឋសារជាថ្មីនោះ ក៏ជួបបញ្ហារាប់មិនអស់ ។ លើសនេះទៅទៀត រឿងមន្ត្រីជំនិតរបស់គាត់ពាក់ព័ន្ធជាមួយនឹងការលូកដៃរបស់ភ្នាក់ងាររ៉ុស្សីនៅអំឡុងពេលយុទ្ធនាការបោះឆ្នោតនោះ ក៏កំពុងតែទាក់ទាញចំណាប់អារម្មណ៍ណាស់ដែរ ។ នៅពេលបញ្ហាស្មុគស្មាញកើនកាន់ច្រើន គាត់ស្រាប់តែគិតពីរឿងធ្វើយុទ្ធនាការស្វែងរកការគាំទ្រដើម្បីឈរឈ្មោះបោះឆ្នោតសម្រាប់អាណតិទីពីរទៅវិញ ។ ឱ! ម៉ែអាថ្លែនអើយ! ម៉ែឪអាណាឃោសនារកសម្លេងឆ្នោតបួន(៤)ឆ្នាំមុនពេលបោះឆ្នោតមកដល់នោះ ។ ទម្រាំដល់ពេលបោះឆ្នោត អ្នកបោះឆ្នោតភ្លេចសារនយោបាយគាត់អស់ទៅហើយ ។
លោកត្រាំជាអ្នកជំនួញដ៏ឈ្លាសវៃម្នាក់ ។ ប៉ុន្តែ គាត់ហាក់ដូចជាមិនសូវឆ្លាតនៅក្នុងការធ្វើជំនួញនយោបាយសោះ ។ ចំណុចខ្សោយដ៏ធំរបស់គាត់គឺសេចក្តីប្រមាទ ។ សុភាសិតចិនមួយឃ្លាពោលថា៖ ស្គាល់គេ ស្គាល់ខ្លួនឯង ធ្វើសង្គ្រាមមិនចេះចាញ់ (Know yourself, know your enemies; a hundred battles, a hundred victories) ។ ផ្អែកលើចំណុចនេះ លោកត្រាំគាត់ស្គាល់ខ្លួនឯងច្បាស់ណាស់ ប៉ុន្តែ គាត់មិនខ្វល់នឹងស្វែងយល់អំពីសត្រូវរបស់គាត់ទេ ។ សត្រូវធំបំផុតរបស់គាត់គឺប្រព័ន្ធផ្សព្វផ្សាយ ។ អ្នកណាក៏ដឹងដែរថា ប្រព័ន្ធផ្សព្វផ្សាយអាមេរិកជាប្រព័ន្ធសេរី គ្មានការគ្រប់គ្រងឬរិតត្បិត ។ អ្នកធ្វើការនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសេរីនេះ មិនខុសអ្វីពីឆ្កែប្រមាញ់នោះទេ ។ ពេលមានអ្វីមួយទាក់អារម្មណ៍សាធារណៈ ពួកគេនឹងស្វះស្វែងគាស់កកាយយកមកផ្សព្វផ្សាយមិនឈប់ឈរឡើយ ។ ដូច្នេះ នៅពេលដែលលោកត្រាំស្រែកប្រកាសពត៌មានរសើបណាមួយថាជាពត៌មានមិនពិត (Fake News) វាមិនខុសអ្វីពីបង្អៅឆ្កែឲ្យដេញខាំសត្វនោះទេ ព្រោះថាគេត្រូវបញ្ជាក់ឲ្យច្បាស់ថា ពត៌មានមិនពិតនោះ គឺមិនពិត ពិតមែន ។ ជាគោលការវិជ្ជាជីវៈ អ្នកសាពត៌មាន រមែងស្វែងរកការពិត ។ ដូច្នេះ សម្តីប្រធានាធិបតីដែលល្បីខាងរិះគន់ពត៌មានថាមិនពិតនោះ ក៏ត្រូវបានគេគាស់កកាយស្វែងរកការពិតដូចគ្នា ។ ជាក់ស្តែង នៅពេលលោក ត្រាំ ប្រកាសថា អាតីតប្រធានាធិបតី បារាក់ អូបាមា បានបញ្ជាឲ្យភ្នាក់ងារសម្ងាត់លួចស្តាប់ទូរសព្ទនៅក្នុងការិយាល័យរបស់គាត់នោះ វាត្រូវបានក្លាយទៅជាប្រធានបទដ៏ក្តៅគគុកមួយរបស់ប្រព័ន្ធផ្សព្វផ្សាយ ។ ឥឡូវនេះ ពត៌មានពិតដែលចេញពីមាត់របស់ប្រធានាធិបតី ត្រាំនោះ ត្រូវបានគេបញ្ជាក់ជាក់លាក់ហើយ៖ វាជាពត៌មានមិនពិត ពិតមែន ។ The Truth matters, Mr. President. ប្រព័ន្ធសាពត៌មានរបស់សហរដ្ឋអាមេរិកជាស្តេច មិនអាចនរណាប្រមាទបានឡើយ ។ សូម្បីប្រធានាធិបតីក៏មិនអាចដែរ ។ សង្ឃឹមថាលោកត្រាំយល់អំពីចំណុចនេះ ហើយអាចរកមធ្យោបាយប្រើប្រព័ន្ធផ្សព្វផ្សាយដើម្បីបម្រើផលប្រយោជន៍នយោបាយ ជាជាងបំផ្លាញគោលនយោបាយ ឬជីវិតនយោបាយរបស់គាត់ ៕
Thursday, February 16, 2017
ចំណីខួរក្បាល
បំណុលកខ្វក់
កាលពីទសវត្សឆ្នាំ ១៩៧០ ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់លោកប្រធានាធិបតី លន់ ណុល បានខ្ចីប្រាក់ពីសហរដ្ឋអាមេរិកចំនួន ២០០លានដុល្លារ ។ ប៉ុន្តែ រដ្ឋាភិបាលកម្ពុជាបន្តបន្ទាប់ចាប់ពីពេលនោះមកដល់ឥឡូវមិនអើពើសងបំណុលនោះទេ ដោយយកលេសថា ជាបំណុលកខ្វក់ ព្រោះសហរដ្ឋអាមេរិកនិងរដ្ឋាភិបាលលោក លន់ ណុល ពេលនោះជាសម្ព័ន្ធមិត្តនឹងគ្នា ។ ឥឡូវនេះ បំណុលនោះបានកើនឡើងដល់ ៥០០លានដុល្លារហើយ ដោយសារការប្រាក់ ។ ខ្ញុំមិនមែនជាអ្នកជំនាញខាងបំណុលពិភពលោកទេ ប៉ុន្តែខ្ញុំដឹងថានៅក្នុងកែវភ្នែកម្ចាស់បំណុល គ្មានបំណុលណាដែលកខ្វក់ទេ ។ កូនបំណុលចាំបាច់ត្រូវតែសងប្រាក់កម្ចី ទោះបីជាកូនបំណុលស្លាប់ទៅហើយក្តី ក៏អ្នកស្នងមរតកកូនបំណុលត្រូវទទួលបន្ទុកសងបន្តដែរ ។ បញ្ជាក់៖ បំណុលអត់ស្លាប់តាមកូនបំណុលទេ លើកលែងតែកូនបំណុលគ្មានអ្នកស្នងមរតក ។
សព្វថ្ងៃ ប្រព័ន្ធធនាគារផ្តល់ប្រាក់កម្ចីខ្នាតតូច ដែលគេហៅថា Micro-Finance Institute (MFI) កំពុងរីកលូតលាស់ដូចផ្សិតនៅក្នុងប្រទេសកម្ពុជា ។ ពលរដ្ឋខ្មែរដែលរស់នៅតាមទីជនបទនានាជាច្រើនប្រើសេវាប្រាក់កម្ចីខ្នាតតូចនេះ ហើយពួកគាត់សុទ្ធតែដឹងថា ដើម្បីខ្ចីប្រាក់ពីធនាគារបាន គាត់ចាំបាច់ត្រូវមានទ្រព្យសម្បត្តិធានា ដែលភាសាអង់គ្លេសហៅថា កូឡេតូរ៉ល (Collateral) ដាក់បញ្ចាំ ។ នៅក្នុងករណីកូនបំណុលមិនសងបំណុលតាមកិច្ចសន្យា មេបំណុលមានសិទ្ធិរឹបអូសយកទ្រព្យសម្បត្តិធានារបស់កូនបំណុល ។ នៅក្នុងការខ្ចីបុលរវាងប្រទេសមួយទៅប្រទេសមួយ គេក៏ធ្វើលក្ខន្តិក ឬក៏ដើរតាមច្បាប់ទម្លាប់ស្រដៀងគ្នាដែរ ។ ថ្នាក់ដឹកនាំឬប្រមុខរដ្ឋាភិបាលដែលទៅខ្ចីបុលប្រាក់ពីប្រទេសដទៃគឺត្រូវយកប្រទេសឬធនធានធម្មជាតិ ឬក៏សក្តានុពលកំណើនសេដ្ឋកិច្ចនៅថ្ងៃអនាគត ទៅដាក់ជាកូឡេតូរ៉ល ។ បន្ទាប់ពីបំណុលនោះដល់រយៈពេលត្រូវសងគេវិញ ពលរដ្ឋទាំងអស់រួមទាំងអ្នកចុះហត្ថលេខាខ្ចីប្រាក់នោះផង ត្រូវប្រមូលប្រាក់ដែលបានមកពីការបង់ពន្ធដារនិងជំនួញនានាទៅសងគេបន្តិចម្តងៗ (ទាំងការទាំងដើម) រហូតដល់ផុតជំពាក់ទើបរួចខ្លួន ។ បើមិនដូច្នោះទេ ម្ចាស់បំណុលនឹងតាមទារបំណុលនោះតកូនតចៅ ។
ការមិនអើពើសងបំណុលអាមេរិក ដោយទុកឲ្យបំណុលនេះកើនឡើងស្ទើរ៣ដងនៃប្រាក់កម្ចីនោះ គឺជាទង្វើខ្វះការទទួលខុសត្រូវ និងគ្មានមោទកភាពទាល់តែសោះ ។ ទី ១ កម្ពុជាខាតការប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ។ ទី ២ កិត្តិយសប្រទេសកម្ពុជានឹងស្ថិតនៅក្នុងភាពអវិជ្ជមានពាក់ព័ន្ធការខ្ចីបុលប្រាក់កាក់ ។ ទី ៣ វាជាគំរូអាក្រក់សម្រាប់យុវជនជំនាន់ក្រោយ ។ ឧទាហរណ៍ ១០ឬ២០ឆ្នាំទៅមុខទៀត តើរដ្ឋាភិបាលកម្ពុជាអាចបដិសេធសងបំណុលចិនដែរឬទេ ដោយយកលេសថាជាបំណុលកខ្វក់ ព្រោះរដ្ឋាភិបាលកម្ពុជាដែលបានខ្ចីប្រាក់ពីប្រទេសចិនមកនោះ ជារដ្ឋាភិបាលពុករលួយ ។
រដ្ឋភិបាលកម្ពុជាមិនគួរទុកឲ្យបំណុលអាមេរិកកើនឡើងបន្តទៅទៀតទេ ទោះបីបំណុលនោះកខ្វក់ក៏ដោយ ព្រោះថាអ្នកដែលខាតធំនោះ គឺពលរដ្ឋខ្មែរមិនមែនអាមេរិកទេ ។ មិនដឹងថា ថ្នាក់ដឹកនាំខ្មែរដែលស្រែកទទូចកោកៗអោយអាមេរិកលុបបំណុលនោះ យល់អំពីការគ្រប់គ្រងថវិការបស់សហរដ្ឋអាមេរិកដែរឬទេ ។ សហរដ្ឋអាមេរិកក៏ដូចជាប្រទេសអនុវត្តលទ្ធិប្រជាធិបតេយ្យដទៃទៀតដែរ ។ ការគ្រប់គ្រងថវិការ រួមទាំងការផ្តល់ជំនួយ ផ្តល់កម្ចី ឬលុបបំណុលដល់ប្រទេសដទៃគឺស្ថិតនៅក្នុងស្ថាប័នរដ្ឋសភា ឬព្រឹទ្ធសភា ។ ប្រធានាធិបតី ឬប្រមុខរដ្ឋអាមេរិក គ្មានសិទ្ធិចាត់ចែងកិច្ចការនេះទេ ។ ដើម្បីលុបបំណុលចេញពីប្រទេសណាមួយ ប្រមុខឬដំណាងរដ្ឋាភិបាលត្រូវដាក់សំណើរទៅព្រឹទ្ធសភាដើម្បីពិនិត្យពិចារណា ។ លក្ខខណ្ឌលុបបំណុលគឺមានតែមួយគត់៖ កូនបំណុលគ្មានលទ្ធភាពនឹងសង ឬនិយាយឲ្យងាយយល់ ប្រទេសកូនបំណុលកំពុងតែស្ថិតនៅក្នុងកល្បយុគ (Fail or Bankcrupt State) ។ សម្រាប់ប្រទេសកម្ពុជាដែលមានកំណើនសេដ្ឋកិច្ច ៧ភាគរយក្នុងមួយឆ្នាំនោះ គ្មានផ្លូវដែលព្រឹទ្ធសភាអាមេរិកពិចារណារឿងលុបបំណុលកខ្វក់នោះចោលទេ ។
ទាក់ទិននឹងបំណុលដែលសល់ពីទសវត្សរ៍ឆ្នាំ ១៩៧០នោះ រដ្ឋាភិបាលកម្ពុជាអាចដាក់សំណើរដោយផ្ទាល់ ឬតាមរយៈស្ថានទូតអាមេរិកនៅស្រុកខ្មែរទៅរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីស្វែងរកដំណោះស្រាយដោយឈរលើគោលនយោបាយឈ្នះៗបាន ។ កម្ពុជាអាចស្នើទៅសហរដ្ឋអាមេរិកដើម្បីបង្កើតមូលនិធិអប់រំមួយស្រដៀងគ្នានឹងមូលនិធិអប់រំវៀតណាម (Vietnam Education Foundation, VEF) ។ មិនដឹងថា VEF ជាកិច្ចសហប្រតិបត្តិការរវាប្រទេសវៀតណាមនិងសហរដ្ឋអាមេរិកដើម្បីកំចាត់បំណុលកខ្វក់ដែលសល់ពីអតីតប្រទេសវៀណាមខាងត្បួងឬយ៉ាងណាទេ ប៉ុន្តែ កម្ពុជាអាចយកគំរូនេះមកដោះស្រាយបញ្ហាបំណុលកខ្វក់របស់ខ្លួនបាន ។ បើតាមតួលេខចេញពី VEF និស្សិតវៀតណាមជិត ១០០០នាក់ ត្រូវបានទទួលយកមកសិក្សានៅសាកលវិទ្យាល័យនានានៅសហរដ្ឋអាមេរិក ។ អ្វីដែលកម្ពុជាអាចធ្វើគឺចរចាកិច្ចព្រមព្រៀងមួយ ដើម្បីសងបំណុលកខ្វក់នោះទៅសហរដ្ឋអាមេរិកវិញ ដោយស្នើសុំពាក់កណ្តាល ឬក៏2/3នៃទឹកប្រាក់បំណុលនោះតំកល់ទុកនៅក្នុងរតនាគារអាមេរិកសម្រាប់ផ្តល់ជាអាហារូបករណ៍ដល់និស្សិតខ្មែរមកសិក្សាថ្នាក់បរិញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យនានាក្នុងសហរដ្ឋអាមេរិក ។ ធ្វើដូច្នេះ ទាំងកម្ពុជា ទាំងសហរដ្ឋអាមេរិក នឹងទទួលបានអត្ថប្រយោជន៍ទាំងអស់គ្នា ។ ហើយបញ្ហាបំណុលកខ្វក់ក៏នឹងត្រូវបានលុបបំបាត់ចោលដែរ ។ នេះគ្រាន់តែជាគំនិតសាមញ្ញរបស់ខ្ញុំ ៕
Monday, February 6, 2017
ចំណីខួរក្បាល
វិបត្តិកូនស្រឡាញ់ម្តាយ (Oedipus Complex)
កាលសិក្សាចិត្តវិទ្យានៅសាកលវិទ្យាល័យ មានមេរៀនមួយពាក់ព័ន្ធនឹងការចម្រើនវ័យរបស់កុមារដែលខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងនៅត្រង់ចំណុចមួយដែលភាសាអង់គ្លេសហៅថា អេឌីបុឺស ខំផ្លិច (Oedipus Complex) ។ សារសំខាន់នៃចំណុចនេះគឺស្ថិតត្រង់ថា កុមារាដែលមានវ័យចន្លោះពី ៣ទៅ៦ឆ្នាំ តែងតែមានចិត្តស្រឡាញ់ស្ត្រីដែលនៅក្បែរខ្លួន ជាពិសេសគឺម្តាយរបស់វា ប្រៀបដួចជាមនុស្សប្រុសស្រឡាញ់ភរិយាដូច្នោះដែរ ។ មូលហេតុដែលខ្ញុំចាប់អារម្មណ៍នឹងចំណុចមួយនេះ ព្រោះថាកាលខ្ញុំនៅវ័យកុមារ ខ្ញុំធ្លាប់បានឆ្លងកាត់បទពិសោធនេះ ។
មុននឹងខ្ញុំរៀបរាប់ពិស្តារអំពីវិបត្តិកូនស្រឡាញ់ម្តាយ ខ្ញុំសូមបើករង្វង់ក្រចករៀបរាប់អំពីសាវតាររបស់ អេឌីបុឺស បន្តិច ។ អេឌីបុឺស គឺជាតួឯកនៅក្នុងរឿងល្ខោនសោកនាដកម្មមួយរបស់ជនជាតិក្រិចដែលមានចំណងជើងថា៖ Oedipus The King. រឿងនោះដំណាលដោយសង្ខេបដូច្នេះថា៖ មហេសីរបស់ស្តេចក្រុង សុីប្ស (Thebes) ប្រសូត្របានបុត្រាមួយអង្គ ។ ពេលនោះព្រះរាជបិតាបានហៅហោរាប្រចាំរាជវាំងឲ្យមកទស្សទាយអំពីជោគជាតារបស់បុត្រានោះ ។ ហោរាបានទូលព្រះអង្គថា៖ នៅពេលដែលរាជបុត្រាធំពេញវ័យ ទ្រង់នឹងក្លាយជាឃាតករសម្លាប់បិតាឯង និងយកមាតាខ្លួនឯងធ្វើជាព្រះជាយា ។ បន្ទាប់ពីឮហោរាទូលដូច្នោះ ស្តេចក្រុង សុីប្ស ក៏សម្រេចសម្លាប់បុត្រាចង្រៃនោះចោល ដោយប្រាប់ព្រះជាយាឲ្យយកស្នៀតសក់ចាក់សម្លាប់ ។ ដោយសារមិនដាច់ចិត្តផ្តាច់ជីវិតបុត្រដោយផ្ទាល់ដៃ ព្រះជាយាក៏បញ្ជាឲ្យភីលៀងម្នាក់ធ្វើកិច្ចការនោះ ។ ភីលៀងក៏មិនដាច់ចិត្តសម្លាប់រាជបុត្រានោះដែរ ។ គាត់បានយកកំណាត់មកចងរុំជើងរាជបុត្រានោះ រួយហើយក៏យកទៅផ្លុងចោលនៅចង្កេះភ្នំដើម្បីទុកឲ្យចចកសុីជាអាហារ ។ ហេតុតែសំណាង (ល្អឬអាក្រក់) មានគង្វាលចៀមម្នាក់បានប្រទះរាជបុត្រាទារកនោះ ហើយក៏រើសយកទារកនោះទៅថ្វាយព្រះរាជាក្រុង ខូរិន្ស (Corinth) ដែលជាក្សត្យខ្សត់បុត្រ ។ ព្រះរាជាក្រុងខូរិន្ស បានចិញ្ចឹមបីបាច់ទារកនោះដូចបុត្រាបង្កើត ហើយដាក់ព្រះនាមឲ្យថា អេឌីបុឺស ។ លុះអេឌីបុឺសធំពេញវ័យ ទ្រង់បានហៅហោរាក្នុងវាំងមកទស្សទាយអំពីជោគជាតារាសីរបស់ទ្រង់ ។ រាជគ្រូនៅក្រុង ខូរិន្ស បានទូលអំពីជោគវាសនារបស់ទ្រង់ ដូចដែលហោរានៅក្រុង សុីប្ស ទូលប្រាប់ព្រះបិតាបង្កើតរបស់ទ្រង់ដែរ ។ បន្ទាប់ពីដឹងថាខ្លួននឹងក្លាយជាឃាតករសម្លាប់បិតាឯង និងយកមាតាឯងជាព្រះជាយា អេឌីបុឺសក៏សម្រេចចិត្តនិរទេសខ្លួនចេញឲ្យឆ្ងាយពីក្រុង ខូរិន្ស ។ អេឌីបុឺសមិនដឹងថា ព្រះរាជានិងជាយាក្រុង ខូរិន្ស ជាព្រះបិតាមាតាចិញ្ចឹមរបស់ទ្រង់ទេ ។ នៅក្នុងដំណើរនិរទេសនោះ អេឌីបុឺសបានជួបនឹងអ្នកដំណើរមួយក្រុមនាផ្លូវកែងមួយ ។ ពេលនោះគាត់មានជម្លោះនឹងក្រុមអ្នកដំណើរទាំងនោះ ដោយហេតុតែពួកគេចង់ឲ្យទ្រង់ជៀសឲ្យឆ្ងាយពីផ្លូវ ។ អេឌីបុឺស គិតថាទ្រង់ជារាជបុត្ររបស់ស្តេចក្រុង ខូរិន្ស ដូច្នេះមិនគួរដាក់ខ្លួនឲ្យក្រុមអ្នកដំណើរទាំងនោះមាក់ងាយទេ ។ ទ្រង់បានប្រឈមជាមួយនឹងអ្នកដំណើរទាំងនោះរហូតដល់មានការប្រយុទ្ធគ្នា ។ អេឌីបុឺសបានសម្លាប់ពួកអ្នកដំណើរមានភ្នែកអត់ប្រស្រីទាំងនោះអស់ លើកលែកតែម្នាក់ដែលរត់គេចខ្លួនរួច ។ ទ្រង់មិនដឹងថា មនុស្សដែលទ្រង់ទើបនឹងសម្លាប់នាផ្លូវកែងនោះ ជាព្រះបិតាបង្កើតនិងអមាត្យដែលដង្ហែព្រះបិតាទ្រង់នោះទេ ។ ហេតុតែកម្មតាមផ្តន្ទា អេឌីបុឺសក៏បន្តដំណើរនិរទេសរបស់ទ្រង់រហូតទៅដល់ទីក្រុង សុីប្ស ដែលជាទឹកដីកំណើតរបស់ទ្រង់ ។ ពេលទៅដល់ទីក្រុង សុីប្ស អេឌីបុឺស បានចូលទៅដោះប្រស្នានៅក្នុងវាំងដែលគ្មាននរណាដោះរួចអស់រយៈពេលរាប់សិបឆ្នាំមកហើយ ។ ប្រស្នានោះសរសេរថា៖ តើសត្វអ្វីដែលពេលព្រឹកដើរជើងបួន ពេលថ្ងៃដើរជើងពីរ និងពេលល្ងាចដើរជើងបី ។ អេឌីបុឺសបកស្រាយថា៖ សត្វនោះគឺ មនុស្ស ។ បន្ទាប់ពីអេឌីបុឺសដោះប្រស្នាបានជោគជ័យ នាមុឺនសព្វមុខមន្ត្រីនៅក្រុងសុីប្ស ក៏សម្រេចលើកឲ្យទ្រង់ឡើងសោយរាជ ព្រមទាំងរៀបអភិសេកទ្រង់ជាមួយនឹងព្រះជាយានៃអតីតព្រះមហាក្សត្យ ។ មិនមាននរណាម្នាក់ដឹងថា អេឌីបុឺស កំពុងយកមាតាបង្កើរបស់ទ្រង់ធ្វើជាព្រះជាយាទេ លើកលែងតែអមាត្យម្នាក់ដែលរត់រួចពីការកាប់សម្លាប់របស់អេឌីបុឺសនៅផ្លូវកែងតែបុ៉ណ្ណោះ ដែលដឹងថាទ្រង់ជាអ្នកសម្លាប់អតីតព្រះមហាក្សត្យ ។ អមាត្យនោះបានគេចខ្លួនទៅរស់នៅនិងធ្វើជាអ្នកគង្វៀលចៀមឆ្ងាយអំពីរាជវាំង ។ ដំណឹងអំពីអេឌីបុឺសបានក្លាយជាព្រះមហាក្សត្យក្រុង សុីប្ស បានលេចឮដល់ក្រុងខូរិន្ស ចំពេលដែលព្រះមហាក្សត្យក្រុងខូរិន្សទទួលអនិច្ចកម្ម ។ ក្រុងខូរីន្សបានចាត់ឲ្យអ្នកនាំសារម្នាក់នាំដំណឹងមកថ្វាយអេឌីបុឺស ។ អេឌីបុឺសត្រេកអរណាស់បន្ទាប់ពីបានទទួលដំណឹងមរណភាពនោះ ព្រោះថាគាត់បានគេចរួចពីគ្រោះបាបកម្មដ៏ធំមួយហើយ ។ អេឌីបុឺសបានរួមរស់ជាមួយនឹងព្រះជាយា (ព្រះមាតា) រហូតមានបុត្រាបុត្រីបួនអង្គ ។ ប៉ុន្តែ ចាប់តាំងពីថ្ងៃភពប្រសព្វគ្នាមក ព្រះមាតារបស់អេឌីបុឺសមានអារម្មណ៍ថា មានភាពមិនប្រក្រតីនៅក្នុងជីវិត ។ ទាំងអស់គ្នាក៏សម្រេចចិត្តកោះហៅហោរាប្រចាំរាជវាំងមកទស្សទាយមើលថាតើមានអ្វីទាស់ខុស ។ ហោរាមិននិយាយអ្វីទាំងអស់ ព្រោះមើលឃើញថាអ្វីដែលគាត់បានទាយពីមុនកំពុងតែស្តែងចេញមក ។ ពេលនោះ ការសើុបអង្កេតស្វែងរកការពិតត្រូវបានធ្វើឡើង ។ មហាក្សត្រីបានកោះហៅភីលៀងមកសួរថាតើបានសម្លាប់ទារកដែលទ្រង់ឲ្យយកទៅសម្លាប់នោះដែរឬទេ ។ ភីលៀងទូលប្រាប់ទ្រង៉ពីអ្វីដែលគាត់បានធ្វើ ។ អេឌីបុឺសបានឲ្យព្រះជាយារៀបរាប់អំពីភិនភាគរបស់អតីតព្រះរាជា គឺមានភាពស្រដៀងគ្នាទៅនឹងបុរសម្នាក់ដែលទ្រង់បានសម្លាប់នៅផ្លូវកែង ។ ដើម្បីបញ្ជាក់ឲ្យរឹតតែច្បាស់ព្រះមហាក្សត្រីក៏ឲ្យគេទៅកោះហៅអមាត្យម្នាក់ដែលនៅរស់មកសួរថាតើអេឌីបុឺសជាអ្នកសម្លាប់អតីតព្រះរាជានិងអមាត្យដទៃនៅផ្លូវកែងមែនឬទេ ។ អមាត្យឆ្លើយថាមែន ។ នៅចុងបញ្ចប់ អេឌីបុឺសបានបញ្ជូនរាជទូតមួយរូបទៅក្រុង ខូរីន្ស ដើម្បីសួរព្រះមាតាថាតើទ្រង់ជាបុត្របង្កើត ឬបុត្រចិញ្ចឹម ។ រាជទូតត្រឡប់មកវិញហើយទូលថា ទ្រង់ជាបុត្រចិញ្ចឹមនិងជាទារកមានកំណាត់រុំជើងទាំងទ្វេដែលអ្នកគង្វាលចៀមម្នាក់រើសយកមកថ្វាយ ។ គ្រាន់តែដំណឹងនោះមកដល់ រាជវាំងទាំងមូលស្ថិតក្នុងភាពក្រឡាប់ចក្រ ។ ព្រះមាតារបស់អេឌីបុឺសបានរត់ចូលទៅក្នុងក្រឡាបន្ទំហើយចងកសម្លាប់ខ្លួននៅទីនោះ ។ ពេលអេឌីបុឺសចូលមកដល់ ទ្រង់បានដកស្នៀតសក់ចេញពីព្រះកេសាសពព្រះមាតាយកមកចាក់កែវភ្នែករបស់ទ្រង់ឲ្យខ្វាក់ទាំងសងខាង ។ ចប់ត្រឹមនេះនិងសូមបង្វែមកនិយាយអំពីវិបត្តិកូនស្រឡាញ់ម្តាយវិញម្តង ។
ខ្ញុំនៅចាំបានថា កាលខ្ញុំមានអាយុប្រមាណជា ៥ឬ៦ឆ្នាំ ជីដូនខ្ញុំបាននាំខ្ញុំទៅសួរសុខទុក្ខនិងស្នាក់នៅជាមួយម្តាយធំខ្ញុំម្នាក់ឈ្មោះអ៊ំសុខ នៅកោះសូទិនប្រមាណជា៦ខែ ។ អ៊ំសុខគាត់មានកូនចិញ្ចឹមស្រីក្រមុំម្នាក់អាយុប្រហែល ២៥ឆ្នាំ ។ គឺកូនចិញ្ចឹមអ៊ំសុខនោះហើយដែលខ្ញុំបាក់ចិត្តស្រឡាញ់បាត់មុខមិនបាន ។ រៀងរាល់ថ្ងៃខ្ញុំតែងតែទៅអង្គុយមើលគាត់ត្បាញក្រមារនៅក្រោមផ្ទះមិនដែលខានឡើយ ។ អ្នកណាចង់បបួលខ្ញុំទៅណាក៏ខ្ញុំមិនទៅដែរ ។ ពេលគាត់ហៅខ្ញុំឲ្យអង្គុយក្បែរគាត់នៅលើកីតម្បាញម្តងៗ ខ្ញុំអរដូចបានឡើងឋានសួគ៌អញ្ចឹង ។ នៅអំឡុងពេលដែលខ្ញុំមានអាយុ ៣ទៅ៥ឆ្នាំ ខ្ញុំប្រហែលជាស្រឡាញ់ម្តាយខ្ញុំដូចដែលអ្នកស្រាវជ្រាវរកឃើញនោះដែរ ប៉ុន្តែខ្ញុំមិនអាចដឹងបានទេ ព្រោះនៅក្មេងមិនទាន់ដឹងក្តី ។ អ្វីដែលខ្ញុំនៅចងចាំរហូតដល់សព្វថ្ងៃគឺការលួចស្រឡាញ់កូនចិញ្ចឹមរបស់អ៊ំសុខនេះឯង ។
វិបត្តិស្រឡាញ់ម្តាយឯងគឺជាបញ្ហាមួយដែលក្មេងប្រុសអាយុ ៣ទៅ៦ឆ្នាំគ្រប់ៗរូបប្រឈម ។ បញ្ហានេះតម្រូវឲ្យឪពុកម្តាយជួយសម្របសម្រួលផងដែរដើម្បីលុបបំបាត់ផលវិបាកនានានៅក្នុងជីវិតនាពេលអនាគត ។ បើតាមការសិក្សារបស់លោក សុីកមុន ហ្វ្រយ (Sigmund Freud) ដែលជាអ្នកប្រាជ្ញចិត្តវិទ្យាអាល្លឺម៉ង់ដ៏ល្បីល្បាញនោះ ក្មេងប្រុសដែលរងផលប៉ះពាល់ពីវិបត្តិស្រឡាញ់ម្តាយឯងនេះ (Failing to find resolution) អាចក្លាយជា ១) មនុស្សស្រឡាញ់មនុស្សភេទដូចគ្នា និង ២) មនុស្សញាំញីដោយភាពលេលា (Neurotic) ឬក៏ មិនពូកែក្នុងការប្រស្រ័យទាក់ទងជាមួយមនុស្សនានានៅក្នុងសង្គម (Socially Inept) នៅពេលពួកគេចម្រើនវ័យ ។ សូមបញ្ជាក់ថា ភាពលេលា ដូចគ្នានឹងពិការញាណដែរ គឺកើតមានលើមនុស្សគ្រប់ៗរូប គ្រាន់តែតិចហើយនិងច្រើនតែប៉ុណ្ណោះ ។ អ្នកដែលញាំញីខ្លាំងដោយភាពលេលា អាចក្លាយជាមនុស្សចូលចិត្តប្រព្រឹត្តិអំពើអនាចារលើកុមារ ឬក៏ប្រព្រឹត្តិអំពើណាដែលសង្គមហាមឃាត់ ។ ដើម្បីកាត់បន្ថយផលប៉ះពាល់នានាក៏ដូចជាជួយដោះស្រាយវិបត្តិស្រឡាញ់ម្តាយឯង ដល់ក្មេងប្រុសដែលកំពុងតែឆ្លងកាត់ដំណាក់កាលនេះ ឪពុកម្តាយ ជាពិសេសគឺម្តាយ គប្បីរក្សាភាពស្និទ្ធស្នាលជានិច្ច និងជៀសវាងកាយវិការណាដែលធ្វើឲ្យកូនយល់ថាម្តាយវាកំពុងតែបដិសេធសេចក្តីស្រឡាញ់របស់វា (Feeling rejected) ។ កុមារាដែលទទួលរងការបដិសេធពីម្តាយ គឺមិនខុសអ្វីពីក្មេងប្រុសកម្លោះដែលត្រូវបានស្រីដែលខ្លួនស្រឡាញ់ច្រានចោលនោះទេ ។ ឈឺចាប់ណាស់ គ្រាន់តែគ្នាមិនអាចនិយាយប្រាប់កើត ។ ចំណែកឪពុកក៏ដូច្នោះដែរ ។ ត្រូវរក្សាភាពស្និទ្ធស្នាលជានិច្ជ ទោះបីពេលខ្លះកូនប្រុសដែលស្ថិតនៅក្នុងដំណាក់កាលស្រឡាញ់ម្តាយឯងនេះ មិនចូលចិត្តនៅក្បែរឪពុកក៏ដោយ ។ នៅពេលដែលវាឆ្លងផុតដំណាក់កាលនេះ វានឹងចាប់ផ្តើមចងសម្ព័ន្ធភាពជាមួយនឹងឪពុកស្អិតរមួតបេះមិនចេញឡើយ ។ សូមបញ្ជាក់ថា កុមារីក៏ឆ្លងកាត់វិបត្តិស្រឡាញ់ឪពុកឯងដូចក្មេងប្រុសស្រឡាញ់ម្តាយឯងដែរ ។ គេហៅវិបត្តិនេះថា៖ អេឡិចត្រា ខំផ្លិច (Electra Complex) ។ អេឡិចត្រា ជាកូនស្រីរបស់ Agamemnon និង Clytamnestra ។ នាងសហការជាមួយនឹងបងប្រុសរបស់នាងសម្លាប់ម្តាយនិងឪពុកចុង ។ សុំទោស មិនអាចសរសេររឿងនេះទៀតទេ វែងណាស់ ។
សម្រាប់អ្នកដែលចាប់អារម្មណ៍នឹងការលូតលាស់របស់កុមារ ខាងក្រោមនេះជាតារាងអាយុកាល(សន្មត់សន្និដ្ឋាន)ដែលយើងអាចសង្កេត៖
កុមារដែលចម្រើនវ័យពីអាយុ ១ខែទៅ១២ឆ្នាំ គឺត្រូវឆ្លងកាត់៥ដំណាក់កាលដែលភាសាអង់គ្លេសហៅថា (Oral(1), Anal(2), Phallic(3), Latent(4), and Genital(5) stages) ។ ដំណាក់កាលទីមួយអាយុពី ១ខែទៅជាង១ឆ្នាំ ត្រេកត្រអាលនឹងបៀមដៃនិងយកអ្វីៗដាក់ក្នុងមាត់ ។ ដំណាក់កាលទី២ អាយុជាង១ឆ្នាំទៅ៣ឆ្នាំ ត្រេកត្រអាលនឹងភាពននលគក ។ ដំណាក់កាលទី៣អាយុពី៣ទៅ៦ឆ្នាំ ត្រេកត្រអាលនឹងស្រឡាញ់ម្តាយឯង ។ ដំណាក់កាលទី៤អាយុពី៦ទៅ៩ឆ្នាំ ត្រេកត្រអាលនឹងចំណងមិត្តភាពជាមួយឪពុក ។ ដំណាក់កាលទី៥អាយុពី៩ទៅ១២ឆ្នាំ ចេះស្រឡាញ់ស្រីៗហើយពេលហ្នឹង ៕
Tuesday, January 10, 2017
ចំណីខួរក្បាល
ទម្លាប់ឆ្លងជំនាន់
កូនប្រុសខ្ញុំមានអាយុជិតបួនឆ្នាំហើយ ។ រៀងរាល់យប់ ប្រពន្ធខ្ញុំតែងតែច្រៀងបំពេរវាឲ្យគេងមិនដែលលស់ឡើង ។ ប៉ុន្តែ យូរៗម្តងអ្នកទាំងពីរមានជម្លោះនឹងគ្នានៅពេលដែលអ្នកច្រៀងនិងអ្នកស្តាប់ទាស់គ្នារឿងជ្រើសរើសបទចម្រៀង ។ ជួនកាលទំនាស់អ្នកទាំងពីរឈានដល់ការប្រើអំពើហឹង្សាដោយកាយវាចានិងចិត្ត ដែលតម្រូវឲ្យខ្ញុំចូលទៅធ្វើអន្តរាគមន៍ដើម្បីរំងាប់កំហឹងភាគីទាំងសងខាង ។ នៅពេលមានករណីបែបនេះកើតឡើងម្តងៗ ខ្ញុំតែងតែស្តីបន្ទោសប្រពន្ធខ្ញុំថា មិនចេះអត់ធ្មត់នឹងកូនក្មេងដែលមិនទាន់ដឹងក្តី ។ ជារឿយៗ ប្រពន្ធខ្ញុំតបមកខ្ញុំវិញថា៖ កាលគាត់នៅតូច ម្តាយគាត់ក៏វាយប្រដៅគាត់ដែរនៅពេលដែលគាត់ងុិកង៉ក់់ខុសរឿង ។ ឮសម្តីនេះ ខ្ញុំចង់តែទៅប្រឈមជាមួយនឹងម្តាយក្មេកខ្ញុំទេ ព្រោះចង់ប្រាប់គាត់ថាអ្វីដែលគាត់ធ្វើមកលើប្រពន្ធខ្ញុំកាលនាងនៅក្មេងនោះ ឥឡូវនេះកំពុងតែស្តែងចេញបន្តមកទៀតហើយ ។ ហើយនៅពេលដែលកូនយើង (ចៅគាត់) មានកូន វានឹងបន្តមរតកវាយប្រដៅកូននេះតទៅទៀត ។
ទម្លាប់ឆ្លងជំនាន់ គឺសំដៅលើទង្វើ ឬផ្នត់គំនិត ដែលស្តែងចេញមក (Manifest)ពីជំនាន់មួយទៅជំនាន់មួយទៀត ។ ខ្មែរយើងហៅទម្លាប់ឆ្លងជំនាន់ថា៖ ពូជ (ដូចដែលលោកតា ក្រមង៉ុយ បានសរសេរនៅក្នុងកំណាព្យអប់រំរបស់គាត់) ។ ប៉ុន្តែ បើតាមការស្រាវជ្រាវនៅបស្ចឹមប្រទេស ទម្លាប់ឆ្លងជំនាន់មិនមែនបណ្តាលមកពីពូជទេ គឺបណ្តាលមកពីឥទ្ធិពលដែលជះពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ។ ឧទាហរណ៍ កូនដែលរស់នៅក្នុងផ្ទះជាមួយឪពុកម្តាយចូលចិត្តហូបស្រា នៅពេលកូននោះធំឡើង វានឹងហូបស្រាដូចឪពុកម្តាយវាដែរ ។ ដូចគ្នាដែរ សិស្សដែលត្រូវបានគ្រូដាក់ទណ្ឌកម្មវាយនឹងរំពាត់នៅពេលពួកគេមានកំហុសក្នុងការសិក្សា សិស្សទាំងនោះនឹងបន្តទណ្ឌកម្មវាយនឹងរំពាត់នោះតទៅទៀតនៅពេលពួកគេក្លាយជាគ្រូ ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺថា ទម្លាប់ឆ្លងជំនាន់ មិនមែនបណ្តាលមកពីពូជពង្សវង្សត្រកូលអ្វីទេ គឺវាបណ្តាលមកពីឥទ្ធិពលអំពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ។ គេអាចកាត់បន្ថយ ឬបំបាត់ទន្លាប់អាក្រក់ៗបាន (ទម្លាប់ដែលនាំទុក្ខទោសដល់មនុស្សនិងសង្គម) ដោយបង្កើតច្បាប់ ឬយុទ្ធនាការអប់រំ ដូចជាហាមមិនឲ្យជក់បារីក្នុងអាគារសាធារណៈ ឬវាយប្រដៅកូនសិស្សនឹងរំពាត់ជាដើម ។ ទម្លាប់អាក្រក់ខ្លះមិនត្រឹមតែមិនធ្វើឲ្យមានការផ្លាស់ប្តូរចេញជាលទ្ធផលវិជ្ជមាននោះទេ វាថែមទាំងធ្វើឲ្យជនរងគ្រោះមានអារម្មណ៍ឈឺចាប់យូរអង្វែងទៀតផង ។ ឧទាហរណ៍ កាលខ្ញុំរៀននៅបឋមសិក្សា លោកគ្រូម្នាក់នោះបានបញ្ជាឲ្យសិស្សគ្រប់រូបធ្វើរំពាត់ម្នាក់មួយយកមកសៀតនៅជំវិញជញ្ជាំងថ្នាក់ ។ រំពាត់ទាំងនោះគឺសម្រាប់វាយពួកយើងនៅពេលមានកំហុស ។ គាត់បានដាក់កំហិតមិនឲ្យសិស្សរបស់គាត់លេងបាញ់ឃ្លីឡើយ ។ ប៉ុន្តែ សាលាទាំងមូលមិនបានហាមសិស្សអំពីប្រការនោះឡើយ ។ ដូច្នេះ សិស្សទាំងអស់លេងបាញ់ឃ្លីតាមចិត្ត លើកលែងតែខ្ញុំនិងមិត្តរួមថ្នាក់តែប៉ុណ្ណោះ ។ ថ្ងៃមួយ ខ្ញុំភ្លេចខ្លួនទៅជួយរើសគ្រាប់ឃ្លីឲ្យសិស្សថ្នាក់ជិតខាង ក៏ស្រាប់តែមានគេទៅប្រាប់លោកគ្រូខ្ញុំថាខ្ញុំលេងបាញ់ឃ្លី ។ គាត់បានហៅខ្ញុំឲ្យទៅឈរនៅចំពោះមុខសិស្សទាំងអស់ហើយសួរសិស្សទាង់អស់គ្នាថា គួរវាយខ្ញុំប៉ុន្មានរំពាត់ ។ សិស្សខ្លះថា ២ ខ្លះថា ៣ ខ្លះថា ៥ ខ្លះថា ១០រំពាត់ ។ បន្ទាប់ពីធ្វើប្រជាមតិហើយ គាត់ក៏សម្រេចវាយខ្ញុំ ១០រំពាត់ ។ តាមពិត ប្រជាមតិនោះគាត់ធ្វើគ្រាន់តែឲ្យល្អមើលប៉ុណ្ណោះ ចរិតគាត់ដូចម្តេចនោះពួកយើងយល់ពេកណាស់ ។ ខ្ញុំឲ្យគាត់វាយបាតដៃខ្ញុំម្ខាងប្រាំរំពាត់ ។ ខ្ញុំស្រក់ទឹកភ្នែកហើយឈឺចាប់ក្នុងចិត្តណាស់ មិនមែនដោយសារការប្រព្រឹត្តិខុសនោះទេ គឺដោយសារភាពអយុត្តិធម៌ដែលលោកគ្រូនោះបំពានមកលើសិទ្ធិសេរីភាពរបស់ពួកយើងដែលមានកម្មជាប់ឈ្មោះរៀនជាមួយគាត់ ។ បើសាលាទាំងមូលហាមសិស្សមិនឲ្យលេងបាញ់កូនឃ្លី ខ្ញុំមិនទោមនស្សទេ ប៉ុន្តែសាលាមិនបានហាមផង ហេតុអ្វីក៏លោកគ្រូនោះយកពួកយើងធ្វើជាចំណាប់ខ្មាំងដើម្បីធ្វើបាបតាមតែអំពើចិត្តគាត់ទៅវិញ ។ ជាលទ្ធផល ខ្ញុំក៏សម្រេចចិត្តលេងបាញ់ឃ្លីនៅផ្ទះជាមួយនឹងក្មេងជិតខាង ទោះបីជាខ្ញុំមិនសូវមានចំណង់ចំណូលចិត្តលេងបាញ់ឃ្លីក៏ដោយ ។ មូលហេតុដែលខ្ញុំសម្រេចចិត្តធ្វើដូច្នោះ ព្រោះចង់បញ្ជាក់ប្រាប់ខ្លួនឯងថា ទង្វើអយុត្តិធម៌របស់លោកគ្រូនោះ ដាច់ខាតត្រូវតែប្រឆាំង ទោះប្រឆាំងក្នុងរូបភាពលាក់កំបាំងក៏ដោយ ។ ជាមួយនឹងការប្រឆាំងលាក់កំបាំងនោះ ខ្ញុំមានអារម្មណ៍ថា សិទ្ធិសេរីភាពរបស់ខ្ញុំមិនត្រូវបានគេជាន់ឈ្លីទេ នៅពេលដែលខ្ញុំលេងបាញ់កូនឃ្លីម្តងៗ ។ សរុបសេចក្តីទៅ ផលវិបាកនៃទម្លាប់ឆ្លងជំនាន់ គឺអាចជះឥទ្ធិពលទ្វេគ្រោះដល់អ្នកដែលរងផលប៉ះពាល់៖ ទីមួយគឺធ្វើឲ្យអ្នកជំនាន់ក្រោយបន្តទម្លាប់អាក្រក់តទៅទៀត ។ ទីពីរគឺការគំរាម ឬប្រើអំពើហឹង្សាដោយកម្រោល មិនអាចស្វែងរកលទ្ធផលវិជ្ជមានបានទេ ៕
Friday, December 16, 2016
ពិការញាណ ឬ ADHD
ខ្ញុំឧស្សាហ៍ឃើញឪពុកម្តាយសម័យឥឡូវត្អូញត្អែរឿងកូនតូចកូរ (សំដៅក្មេងរពិសងុិកង៉ក់ពិបាកគ្រប់គ្រងនិយាយមិនស្តាប់) ដែលចាស់ៗសម័យមុនហៅក្មេងប្រភេទនេះថា៖ រពិសដូចចាប់ក្តាមដាក់ចង្អេរ ។ ឪពុកម្តាយខ្លះបង្ខំចិត្ត គក់ (វាយប្រដៅ) នៅពេលដែលគាត់ទ្រាំនឹងការកូររបស់កូនមិនបាន ។
បើតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ ក្មេងដែលពូកែកូរភាគច្រើន ច្រើនតែមានជម្ងឺ Attention Deficit Hyperactivity Disorder (ADHD) ដែលខ្ញុំយកពាក្យខ្មែរ៖ ពិការញាណ (Learning Disability) មកប្រើដើម្បីងាយស្រួលក្នុងការអាន ។ ADHD ឬ ពិការញាណ កើតមានទៅលើក្មេងជាច្រើន ជាពិសេសនៅចន្លោះអាយុពី ១ថ្ងៃ ទៅ ៧ឆ្នាំ ។ គេមិនដឹងថា តើជម្ងឺពិការញាណបណ្តាលមកពីអ្វីទេ ។ មតិទូទៅសន្និដ្ឋានថា ៥០ភាគរយបណ្តាលមកពីហ្សេន (Gene) និង៥០ភាគរយទៀតបណ្តាលមកពីម្តាយទទួលទានចំណីអាហារដែលមានសារធាតុគីមី និងជាតិពុលច្រើន (Toxin) នៅអំឡុងពេលមានគរ៌ ។
ជាទូទៅ គ្រូពេទ្យមិនធ្វើរោគវិនិច្ឆ័យលើក្មេងអាយុក្រោម ៥ឆ្នាំ ដើម្បីស្វែងយល់ថាតើកូនក្មេងអាចពិការញាណឬអត់នោះទេ ព្រោះពិបាកវាយតម្លៃ ត្រូវការរយៈពេលសង្កេតតាមដានយូរ ហើយពាក់ព័ន្ធគ្រូពេទ្យបីជំនាញគឺ ពេទ្យផ្លូវចិត្ត(Psychiatrist) ពេទ្យចិត្តសាស្ត្រ(Psychologist) និង ពេទ្យកូនក្មេង (Pediatrist) ។ ប៉ុន្តែ យើងអាចចូលមើលនៅក្នុង វ៉េបសាយ របស់មជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជម្ងឺ (Center for Disease Control, CDC, U.S.A.) ដើម្បីស្វែងយល់ដោយខ្លួនឯងបាន ។ នៅទីនោះ គេចែកភាពពិការញាណជាបីក្រុម ព្រមទាំងមានសរសេររោគសញាលម្អិតទៀតផង ។ ក្មេងណាដែលមានរោគសញាចំនួន ៦ គឺអាចចាត់ទុកថាពិការញាណ ។
ជម្ងឺពិការញាណនេះ អាចសាបរលាបទៅវិញនៅពេលដែលក្មេងចំរើនវ័យកាន់តែធំ ។ ប៉ុន្តែ មនុស្សមួយចំនួនមិនអាចរើខ្លួនរួចពីភាពពិការញាណឡើយ ។ មានន័យថា ត្រូវរស់នៅជាមួយជម្ងឺនេះអស់មួយជីវិត ។
ដើម្បីព្យាបាលជម្ងឺពិការញាណ ឬក៏ជួយឲ្យក្មេងឆាប់រើខ្លួនរួចពីភាពពិការញាណ គេមិនត្រូវគក់ឬវាយប្រដៅវានៅពេលដែលវាកូរយើងទេ ។ ធ្វើដូច្នោះ មិនត្រឹមតែមិនអាចជួយវាឲ្យឆាប់ជាពីភាពពិការញាណទេ ថែមទាំងបំផ្លាញភាពឆ្លាតវាងវៃរបស់វាទៀតផង ។ មធ្យោបាយល្អបំផុតគឺត្រូវប្រើយុទ្ធសាស្ត្រ វិជ្ជមាននិយម (Positive Reinforcement) ។ អ្នកដែលធ្លាប់មើលកុនចិនរឿង ដាវទិព្វស៊ូឡុង យុទ្ធសាស្ត្រវិជ្ជមាននិយមគឺមិនខុសអ្វីពីក្បួន មហាបង្វិល ដែល ចាង វូជី រៀននៅក្នុងរូងក្រោមដីនោះទេ ។ និយាយឲ្យចំ យុទ្ធសាស្ត្រវិជ្ជមាននិយម គឺសំដៅលើការបង្វិលឋាមពលអវិជ្ជមានរបស់ក្មេង (Negative Energy) ឬអ្វីៗដែលយើងមិនចង់ឲ្យវាធ្វើ ឲ្យទៅជាឋាមពលវិជ្ជមាន (Positive Energy) ។ ឧទាហរណ៍ បើយើងចង់ឡើងតាមជណ្តើរយន្ត តែក្មេងចង់ឡើងតាមជណ្តើរធម្មតាយើងគប្បីធ្វើតាមវា ដោយឆ្លៀតឱកាសនាំវារាប់កាំជណ្តើរលេងជាល្បែងផងនិងរៀនផង ។ ប៉ុន្តែ ពេលខ្លះវាទាមទាលេង ឬក៏ធ្វើសកម្មភាពដែលមានហានិភ័យខ្ពស់ ដូចជាមួលចង្ក្រានហ្គាសដើម្បីមើលភ្លើងឆេះ ឬក៏ចង់លូកស្ទាបបាតឆ្នាំងអ៊ុតដែលកំពុងក្តៅជាដើម ។ នៅពេលប្រឈមនឹងករណីបែបនេះ យើងគប្បីប្រើយុទ្ធសាស្ត្របង្វែអារម្មណ៍ ដោយនាំវាលេងអ្វីមួយដែលវាចូលចិត្ត ។ បើធ្វើដូច្នោះមិនជោគជ័យ យើងគប្បីប្រើកម្លាំងបាយរារាំងដោយមិនអនុញាតិឲ្យវាប្រព្រឹត្តិអ្វីដែលវាចង់ធ្វើ គួបផ្សំជាមួយនឹងការពន្យល់ណែនាំអំពីផលវិបាកនៃទង្វើរបស់វា (និយាយម្តងហើយម្តងទៀតរហូតទាល់តែបានលទ្ធផលវិជ្ជមាន) ។ កាលខ្ញុំនៅវ័យកុមារ ខ្ញុំឧស្សារហ៍ឃើញម៉ែឪមួយចំនួន (រួមទាំងម៉ែឪខ្ញុំផង) វាយប្រដៅក្មេងនៅពេលដែលក្មេងទាំងនោះចង់ធ្វើអ្វីដែលគាត់មិនចង់ឲ្យប្រព្រឹត្តិ ។ ម៉ែឪខ្លះថែមទាំងបណ្តោយឲ្យក្មេងស្ទាបបាតឆ្នាំងអ៊ុតដែលក្តៅទៀតផង ដើម្បីឲ្យឆាប់រាងចាល ។ ធ្វើដូច្នោះ ពិតជាមិនត្រឹមត្រូវទេ ព្រោះថាធម្មជាតិនៃក្មេង ទោះបីជារលាកដៃ ៥ដងក៏នៅតែមិនរាងចាលដែរ ។ ឯការវាយប្រដៅក៏ដូច្នោះដែរ មិនមានប្រសិទ្ធភាពក្នុងការកែប្រែចរិតរបស់ក្មេងទេ ។ ខាងក្រោមនេះជារោគសញ្ញាមួយចំនួនដែលខ្ញុំបកប្រែពីភាសាអង់គ្លេសមកខ្មែរដើម្បីឲ្យអ្នកដែលមានកូនតូចយកទៅវិភាគថាតើកូនសម្លាញ់របស់ខ្លួនអាចស្ថិតនៅក្រោមឥទ្ធិពល ពិការញាណ(ADHD) ដែរឬយ៉ាងណា ។ ទន្ទឹមនឹងនេះ ខ្ញុំសុំធ្វើសំណូមពរមួយ៖ ពេលកូនកូរ កុំគក់គ្នាអី ៕
រោគសញ្ញាពិការញាណ ឬ ADHD៖
១) និយាយច្រើន
២) ចចេស ចង់បានអីបានហ្នឹង
៣) មិនចូលចិត្តលេងចូលជាមួយក្មេងដទៃ
៤) និយាយមិនស្តាប់
៥) មិនធ្វើតាមការណែនាំ
៦) រពិសដូចចាប់ក្តាមដាក់ចង្អេរ
៧) លោកកញ្ឆេងនៅមិនសុខ
៨) គ្រញែងខ្លួនញឹកញាប់
៩) ចូលចិត្តប្រឡែងនឹងគ្រោះថ្នាក់
១០) មិនចេះរៀបចំទុកដាក់របស់លេង (ពូកែពង្រាយ)
១១) មិនចូលចិត្តកិច្ចការដែលតម្រូវឲ្យគិតច្រើន
១២) ភ្លេចច្រើន
១៣) សំកុក ធ្មាំងៗ ។ល។
Tuesday, December 6, 2016
ចំណីខួរក្បាល
ប្រជាធិបតេយ្យអាមេរិក
ការជ្រើសរើសលោក ដូណាល់ ត្រាំ ឲ្យធ្វើជាប្រធានាធិបតីនៃ សហរដ្ឋអាមេរិក បានធ្វើឲ្យមជ្ឈដ្ឋានជាច្រើន ទាំងក្នុង និងក្រៅប្រទេសអាមេរិកមានប្រតិកម្មផ្សេងៗពីគ្នា ។ អ្នកខ្លះរីករាយ អ្នកខ្លះក្តៅក្រហាយ ។ រឿងដែលគួរឲ្យចាប់អារម្មណ៍ ឬអស់សំណើចមួយនោះ គឺថា មានមេដឹកនាំប្រទេសរបៀបផ្តាច់ការមួយចំនួនរំពឹងថា នៅពេលដែលលោក ត្រាំ ក្លាយជាប្រធានាធិបតី ពួកគេនឹងមានទំនាក់ទំនងល្អជាមួយនឹងអាមេរិក ។ ច្រឡំធំហើយ ។ មិនត្រូវភ្លេចទេថាកាលពីជាង ២០០ឆ្នាំមុន អាមេរិកបានធ្វើបដិវត្តរំដោះខ្លួនចេញពីរបបគ្រុបគ្រងផ្តាច់ការ ហើយស្អប់បំផុតមេដឹកនាំផ្តាច់ការ ។ ដូច្នេះ ទំនាក់ទំនងល្អឬមិនល្អ គឺអាស្រ័យទាំងស្រុងលើកត្តា ថាតើមេដឹកនាំផ្តាច់ការគោរព និងផ្តល់សិទ្ធសេរីភាពឲ្យពលរដ្ឋដែលខ្លួនគ្រុបគ្រងដល់កំរិតណា ។
ចំណែកអ្នកដែលមានការព្រួយបារម្ភថា លោក ត្រាំ អាចធ្វើព្យុះធ្វើភ្លៀងនៅក្នុងរដ្ឋបាលសហរដ្ឋអាមេរិកនោះ មិនបាច់បារម្ភទេ ព្រោះស្រុកអាមេរិកគេដឹកនាំរដ្ឋាភិបាលតាមសៀវភៅ (រដ្ឋធម្មនុញ) មិនមែនតាមចិត្តចង់នោះទេ ។ អ្នកសរសេររដ្ឋធម្មនុញអាមេរិក គេបានគិតគូរសព្វជ្រុងជ្រោយនូវរាល់ផលវិបាកនានាទាក់ទិននឹងការដឹកនាំរដ្ឋ ព្រមទាំងបានរៀបចំប្រព័ន្ធអភិបាលកិច្ចប្រកបដោយតុល្យភាពទៀតផង ។ ដូច្នេះ អ្វីដែលលោក ត្រាំ និយាយ ឬក៏សន្យាថានឹងអនុវត្តនោះ វាគ្រាន់តែជាការឃោសនារកការគាំទ្រតែប៉ុណ្ណោះ ។
សម្រាប់អ្នកដែលមិនសូវយល់អំពីប្រព័ន្ធអភិបាលកិច្ចអាមេរិក ខ្ញុំសូមបកស្រាយត្រួសៗ ។ ការផ្លាស់ប្តូរទិសដៅដឹកនាំរដ្ឋដែលពាក់ព័ន្ធដល់ការតាក់តែងឬក៏កែប្រែច្បាប់ គឺត្រូវឆ្លងកាត់ការយល់ព្រមអំពីសំណាក់រដ្ឋសភា និងព្រឹទ្ធសភាផងដែរ ។ សមាជិកសភាអាមេរិកាំង ជាពិសេសតំណាងរាស្ត្រដែលត្រូវបោះឆ្នោតជ្រើសរើស២ឆ្នាំម្តង មិនមែនចេះតែបោះឆ្នោតគាំទ្រគោលនយោបាយតាមខ្សែបក្សទេ ។ គេគាំទ្រតែគោលនយោបាយណាដែលពលរដ្ឋនៅក្នុងមណ្ឌលរបស់គេគាំទ្រតែប៉ុណ្ណោះ ។ បើមិនដូច្នោះទេ ពលរដ្ឋនឹងបោះឆ្នោតទម្លាក់គាត់ចេញពីអាសន្នៈសភាហើយ ។ សម្រាប់សមាជិករដ្ឋសភានិងព្រឹទ្ធសភាអាមេរិកាំង គណបក្សគឺគ្រាន់តែជាស្លាកយីហោតែប៉ុណ្ណោះ អ្វីដែលសំខាន់នោះគឺការគាំទ្ររបស់ពលរដ្ឋនៅក្នុងមណ្ឌលរបស់ពួកគាត់ ។ បើពលរដ្ឋនៅក្នុងមណ្ឌលរបស់ពួកគាត់មិនគាំទ្រ ទោះបីលោកត្រាំចង់ធ្វើអ្វីក៏ដោយក៏សមាជិកសភាមិនគាំទ្រដែរ ព្រោះថាអាសន្នៈនិងតួនាទីរបស់សមាជិកសភាទាំងនោះ បានមកដោយការគាំទ្ររបស់ពលរដ្ឋ មិនមែនបានដោយសារការផ្តល់ឲ្យរបស់មេបក្ស ឬក៏ប្រធានាធិបតីឡើយ ។ ម៉្យាងទៀត សមាជិកសភាអាមេរិកាំង មិនស្ថិតនៅក្រោមឥទ្ធិពលរបស់ថ្នាក់ដឹកនាំបក្សទាំងស្រុងទេ ។ យើងមើលតែករណីលោក ត្រាំ ក៏អាចយល់បានខ្លះដែរ ។ ថ្នាក់ដឹកនាំគណបក្សសាធារណរដ្ឋស្ទើរតែទាំងអស់មិនគាំទ្រលោកត្រាំជាបេក្ខជនប្រធានាធិបតីទេ ប៉ុន្តែ លោកត្រាំនៅតែអាចឈរឈ្មោះនិងក្លាយជាប្រធានាធិបតីបាន ដោយហេតុតែពលរដ្ឋគាំទ្រគាត់ ។ នេះជាចំណុចពិសេសមួយរបស់របបប្រជាធិបតេយ្យអាមេរិកៈ ពលរដ្ឋជាអ្នកសម្រេចជោគវាសនាខ្លួនដោយពិតប្រាកដ ៕
Wednesday, November 30, 2016
ចំណីខួរក្បាល
មេរោគ
ថ្មីៗនេះ ខ្ញុំបានស្តាប់អ្នកឯកទេសខាងផ្សព្វផ្សាយម្នាក់បង្រៀនអ្នកវីទ្យាសាស្ត្រមួយក្រុមនៅក្នុងកិច្ច
ប្រជុំមួយ ។ ចំណុចដែលខ្ញុំចាប់អារម្មណ៏ជាងគេនៅក្នុងកិច្ចប្រជុំនោះ គឺអ្នកឯកទេសខាងផ្សព្វផ្សាយ
បានរិះគន់ក្រុមអ្នកវិទ្យាសាស្ត្រថា៖ មានសមត្ថភាពក្នុងការស្វែងរកមធ្យោបាយព្យាបាលជម្ងឺ ប៉ុន្តែខ្វះ
សមត្ថភាពក្នុងការពន្យល់សាធារណជនឲ្យយល់អំពីជម្ងឺ ។
ខ្ញុំមិនមែនជាអ្នកវិទ្យាសាស្ត្រ ហេីយក៏មិនមែនជាអ្នកសិក្សាផ្នែកខាងព្យាបាលជម្ងឺដែរ ។ អត្ថបទនេះ
គ្រាន់តែជាការផ្សព្វផ្សាយចំណេះដឹងរបស់ខ្ញុំអំពី មេរោគ តែប៉ុណ្ណោះ ដេីម្បីជាចំណីខួរក្បាល
សម្រាប់អ្នកដែលមិនមានចំណេះដឹងផ្នែកពេទ្យ ។
មេរោគ ដែលភាសាអង់គ្លេសហៅថា ម៉ៃក្រូប (Microbes) មានប្រាំពួក គឺ៖ អាឃៀ បាក់តេរី
វិរ៉ុស ហ្វាំងហ្គាយ និង ប្រូទីស្តា (Archaea, Bacteria, Virus, Fungi, Protista) ។
ក្នុងចំណោមមេរោគទាំងប្រាំពួកនេះ មានមេរោគពីរ (២) ពួកដែលផ្តល់ទុក្ខទោសដល់មនុស្ស សត្វ និង
រុក្ខជាតិច្រើនជាងគេ ។ ពពួកទីមួយគឺ បាក់តេរី (Bacteria) ។ ពពួកទីពីរគឺ វីរ៉ុស (Virus) ។
មុននឹងខ្ញុំពិពណ៌នាលម្អិតអំពីមេរោគទាំងពីរពួកនេះ ខ្ញុំសូមធ្វើកំណត់សម្គាល់បញ្ជាក់ថា៖
បាក់តេរី មានថ្នាំព្យាបាល (សម្លាប់មេរោគ) រីឯវីរ៉ុស គ្មានថ្នាំព្យាបាលទេ ។ ជម្ងឺភាគច្រើនបំផុត
នៅក្នុងពិភពលោក គឺបង្កឡើងដោយមេរោគទាំងពីរពួកនេះ ។
បាក់តេរី ជាប្រភេទសត្វដែលមានកោសិកាតែមួយ ហេីយមានចំនួនច្រើនឥតគណនា ។ វាមាន
ទំហំតូចជាងសសៃសក់ ១០ ទៅ ១០០០ដង ។ វាអាចរស់បានដោយឯកឯង និងអាចមានជីវិត
រាប់លានឆ្នាំ ។ បាក់តេរីអាចរស់នៅទីណាក៏បានដែរ មិនថាទីនោះក្តៅឬត្រជាក់នោះទេ ។
សូម្បីតែនៅក្នុងលំហក្រៅភពផែនដី ក៏បាក់តេរីអាចរស់បានដែរ (ផ្អែកលើការពិសោធរបស់
អ្នកអវកាស Astronaut) ។ បេីប្រៀបធៀបទម្ងន់មនុស្សទាំងអស់នៅក្នុងពិភពលោកជាមួយ
នឹងទម្ងន់បាក់តេរី មនុស្សលើលោកនេះមានទម្ងន់តិចជាងបាក់តេរី ១០ដង ។ យេីងអាចចែក
បាក់តេរីជាពីរប្រភេទគឺ៖ បាក់តេរីដែលផ្តល់សារប្រយោជន៏ដល់មនុស្ស សត្វ និង រុក្ខជាតិ
(Friendly Bacteria) និងបាក់តេរីដែលផ្តល់ទុក្ខទោសដល់មនុស្ស សត្វ និង រុក្ខជាតិ
(Hostile Bacteria) ។ យេីងអាចហៅបាក់តេរីទាំងពីរប្រភេទនេះថា៖ បាក់តេរីល្អ និង
បាក់តេរីអាក្រក់ក៏បានដែរ ។ ចំណុចមួយដែលយើងគួរកត់សម្គាល់ គឺថា បាក់តេរីល្អអាច
ក្លាយជាបាក់តេរីអាក្រក់ នៅពេលដែលវាឆ្លងពីប្រភពមួយ ទៅប្រភពមួយទៀត ។ ឧទាហរណ៍
បាក់តេរីល្អដែលមិនផ្តល់ទុក្ខទោសដល់សត្វ អាចធ្វើឲ្យមនុស្សឈឺបាននៅពេលដែលវា
ឆ្លងពីសត្វមកមនុស្ស ។ នៅពេលដែលបាក់តេរីអាក្រក់រុកគួនខ្លួនយើង យេីងនឹងឈឺ
ហេីយចាំបាច់ត្រូវតែសម្លាប់បាក់តេរីអាក្រក់នេះចោលដោយប្រើថ្នាំ អង់ទីប៊ីយូទិក
ឬថ្នាំផ្សះ (Antibiotic Medicines) ។ ប៉ុន្តែ មុននឹងប្រើថ្នាំអង់ទីប៊ីយូទិកដើម្បីព្យាបាល
ជម្ងឺ យេីងគប្បីពិគ្រោះយោបល់ជាមួយនិងគ្រូពេទ្យ ឬត្រួតពិនិត្យខ្លួនឯងឲ្យបានជាក់លាក់
ថាតើជម្ងឺរបស់យើងបង្កឡើងដោយបាក់តេរី ឬក៏ វីរ៉ុស ។ បេីយេីងឈឺដោយសា វីរ៉ុស
នោះមិនអាចប្រើថ្នាំអង់ទីប៊ីយូទិកទេ ព្រោះវីរ៉ុសគ្មានថ្នាំសម្លាប់វាបានឡើយ ។ ជម្ងឺខ្លះអាច
មាន ឬបង្កឡើងដោយបាក់តេរីផង និង វីរ៉ុសផង ដែលយើងហៅថា ឈឺច្រេីនប្រភេទ
(Comorbidity) ។ ឧទាហរណ៍៖ េយីងគ្រុនផ្តាសាយផង ក្អកផង រលាកបំពង់កផង រលាក
ទងសួតផង ដែលជាសញ្ញាបង្ហាញថា ជម្ងឺដែលកំពុងរុកគួនយើង បង្កឡើងដោយ វីរ៉ុសផង
និងបាក់តេរីផង ។ នៅពេលមានករណីនេះកើតឡើង យេីងចាំបាច់ត្រូវប្រើថ្នាំសម្លាប់បាក់តេរីផង
និងបង្ក្រាបរោគសញារបស់វីរ៉ុសផង ។
វីរ៉ុស ជាមេរោគដែលមានទំហំតូចជាងបាក់តេរីទៅទៀត ។ វាមិនអាចរស់ដោយឯកឯងបានទេ ។
វីរ៉ុសអាចរស់បានដោយផ្ញើខ្លួនវាជាមួយនឹង មនុស្ស សត្វ រុក្ខជាតិ ព្រមទាំង អ្វីៗគ្រប់បែបយ៉ាង
នៅក្នុងបរិស្ថាន ។ ដោយហេតុតែវាមានទំហំតូច វីរ៉ុស ក៏អាចផ្ញើខ្លួនវាជាមួយនឹងបាក់តេរីផងដែរ ។
ដូចដែលបានពណ៌នានៅខាងដើម មិនមានថ្នាំសម្រាប់សម្លាប់ វីរ៉ុសទេ ។ នៅពេលដែលយើង
ឈឺដោយសាការអុកឡុករបស់ វីរ៉ុស យេីងគប្បីរកថ្នាំបង្ក្រាបរោគសញ្ញា (Symptom
Suppressant or Antiviral Medication) គួបផ្សំនឹងការសម្រាកនិងញុាំចំណីអាហារបំប៉ន
ដេីម្បីឲ្យសិរីរាង្គរបស់យើងមានឋាមពលកៀបសង្កត់វីរ៉ុសកុំឲ្យវាធ្វើព្យុះធ្វើភ្លៀងនៅក្នុងខ្លួនយើង
បាន ។ ជម្ងឺដែលបង្កឡើងដោយវីរ៉ុស ជាជម្ងឺមានហានិភ័យខ្ពស់សម្រាប់មនុស្សលោក ។ ផលវិបាក
នៃវីរ៉ុស គឺស្ថិតនៅត្រង់ថាវាជាប្រភេទមេរោគ ឆ្លាត (Resilient) ពិបាកគ្រប់គ្រង ។ មធ្យោបាយតែ
មួយគត់ ដេីម្បីគ្រប់គ្រងវីរ៉ុស គឺ វ៉ាក់សាំង (Vaccines) ។ តាមរយៈការយល់ដឹងអំពី វ៉ាក់សាំងប្រឆាំង
ជម្ងឺគ្រុនផ្តាសាយ (Influenza Vaccines) គេត្រូវយកអត្តសញាណហ្សេន (Genetic Codes)
របស់មេរោគផ្តាសាយមកចិញ្ចឹម (Culture) រួចហើយសម្លាប់ប្រព័ន្ធរុកកួនរបស់វាចោល ។ បន្ទាប់មក
គេយកមេរោគអសមត្ថភាពនោះចាក់ចូលទៅក្នុងខ្លួនមនុស្ស ដេីម្បីឲ្យវាចាំទទួលមិត្តភ័ក្តិរបស់វាដែល
ចូលមកសួរសុខទុក្ខមនុស្ស ។ េធ្វីដូចនេះមនុស្សដែលបានទទួលវ៉ាក់សាំងប្រឆាំងជម្ងឺគ្រុនផ្តាសាយអាច
គេចរួចអំពីជម្ងឺនេះ ដោយហេតុថា មេរោគអសមត្ថភាពនៅក្នុងខ្លួនយើងនោះ នឹងធ្វើឲ្យមេរោគដទៃ
ដែលមានបំណងរុកគួនយើង អសមត្ថភាពដូចវាដែរ ។
មានមេរោគវីរ៉ុសជាច្រើនដែលយើងគួរស្គាល់ដូចជា៖ ហុីវ (HIV), គ្រុនផ្តាសាយ(បក្សី) (H1N1),
អុីបូឡា (Ebola), ហ្សីកា (Zika) ជាដើម ។ល។ ជាទូទៅ មេរោគវីរ៉ុសទាំងនេះរស់នៅផ្ញើខ្លួនជាមួយ
នឹងសត្វនៅក្នុងព្រៃ ។ នៅពេលសត្វព្រៃដែលមានផ្ទុកមេរោគ វីរ៉ុស ណាមួយជួបជាមួយនឹងមនុស្ស
ឬក៏សត្វដែលមនុស្សចិញ្ចឹម វីរ៉ុសនោះអាចឆ្លងពីសត្វនៅក្នុងព្រៃ មកសត្វដែលមនុស្សចឹញ្ចឹម ឬក៏ខ្លួន
មនុស្សផ្ទាល់ ។ បន្ទាប់ពីចូលដល់ក្នុងខ្លួនមនុស្ស វីរ៉ុស នឹងប្រែប្រួលខ្លួនវា (Transform) ឲ្យសមស្រប
ទៅនឹងប្រព័ន្ធទ្រទ្រង់របស់មនុស្ស ដម្បីចម្លងខ្លួនវាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ។ ពេលខ្លះ វីរ៉ុស
ឆ្លងពីសត្វនៅក្នុងព្រៃមកមនុស្សតាមរយៈសត្វដែលមនុស្សចិញ្ចឹម ។ ឧទាហរណ៍មួយនៃករណីនេះ
គឺគ្រុនផ្តាសាយបក្សី ។ វីរ៉ុសគ្រុនផ្តាសាយបក្សី ភាគច្រើនរស់នៅជាមួយនឹងហ្វូងបក្សីពនេចរណ៍
(Migratory Birds) ។ ពេលដែលបក្សីពនេចរណ៍ហើរឆ្លងពីតំបន់មួយទៅតំបន់មួយ ឬពីទ្វីបមួយ
ទៅទ្វីបមួយទៀត ពួកវាតែងតែចុះសំចតនៅតាមវាលស្រែចម្ការ ឬបឹងត្រពាំង ដែលជាហេតុ
បណ្តាលឲ្យសត្វនៅក្នុងតំបន់ ឬសត្វដែលយើងចិញ្ចឹងទទួលរងផលប៉ះពាល់អំពីវីរ៉ុស គ្រុនផ្តាសាយ
បក្សី ។ បន្ទាប់ពីឆ្លងចូលដល់ក្នុងខ្លួនសត្វដែលមនុស្សចិញ្ចឹម វីរ៉ុសគ្រុនផ្តាសាយបក្សី ដំបូងឡើយគឺ
សម្របសម្រួលខ្លួនវាដើម្បីរស់នៅជាមួយនឹងសត្វចិញ្ចឹមនោះ រួចហើយទើបចាប់ផ្តើមរាតត្បាតដល់
សត្វចិញ្ចឹមដទៃទៀត ។ គួរកត់សម្គាល់ដែរថា វីរ៉ុសគ្រុនផ្តាសាយបក្សី ជួនកាលមិនបានធ្វើឲ្យសត្វ
ចិញ្ចឹមដែលផ្ទុកវីរ៉ុសនោះ ឈឺ ឬក៏ស្លាប់ទេ ។ បុ៉ន្តែ នៅពេលដែលមនុស្សចាប់សត្វចិញ្ចឹមនោះ មក
បរិភោគ ឬក៏លក់នៅលើទីផ្សារ វីរ៉ុសដែលនៅក្នុងសត្វចិញ្ចឹមនោះ អាចឆ្លងចូលមកក្នុងខ្លួនមនុស្ស
តាមរយៈប្រព័ន្ធដកដង្ហើម ឬក៏ស្នាមរបួសតូចតាចនៅលើស្បែក ។ ដូចគ្នាដែរ ជួលកាលវីរ៉ុសគ្រុន
ផ្តាសាយបក្សីនោះ មិនបានធ្វើឲ្យមនុស្សឈឺ ឬក៏ស្លាប់ទេ ហេីយក៏គ្មាននរណាដឹងថាមានវីរ៉ុស
គ្រុនផ្តាសាយបក្សី កំពុងរាតត្បាតសត្វចិញ្ចឹមនិងមនុស្សដែរ ។ យេីងអាចដឹងបានថា មានវីរ៉ុសមក
អុកឡុក នៅពេលដែលមានមនុស្ស ឬក៏សត្វដែលមនុស្សចិញ្ចឹមឈឺហើយស្លាប់តែបុ៉ណ្ណោះ ។
សូមបញ្ជាក់ថា វីរ៉ុស ក៏ដូចបាក់តេរីដែរ មានចំនួនច្រើនរាប់មិនអស់ទេ ។ វារស់នៅក្នុងខ្លួនយើង
លេីខ្លួនយើង និងក្នុងបរិស្ថានជុំវិញខ្លួនយើង ។
មេរោគភាគច្រើនបំផុត មិនសាហាវព្រៃផ្សៃទេ ។ ប៉ុន្តែ អ្វីដែលយើងត្រូវដឹងគឺថា មេរោគមួយអាច
សម្លាប់មនុស្ស សត្វ ឬរុក្ខជាតិ រាប់រយ រាប់ពាន់ ឬក៏រាប់លាន ដោយហេតុថាវាអាចបំបែកខ្លួនវាឲ្យ
មានចំនួនរាប់លានបានយ៉ាងឆាប់រហ័ស ។ កត្តាមួយទៀតដែលត្រូវដឹង គឺថា វីរ៉ុស ដែលរុកគួនខ្លួន
មនុស្ស មិនប្រាកដថាអាចធ្វើឲ្យមនុស្សរងគ្រោះដល់ស្លាប់ដោយសាវាទេ ប្រសិនបើយើងធ្វើ
រោគវិនិច្ឆ័យ (Diagnosis) រកឃើញវាទាន់ពេលវេលា ហេីយប្រើថ្នាំបង្រាបរោគសញាកុំឲ្យវា
ពង្រីកឥទ្ធិពលវាបាន ។ ផ្ទុយមកវិញ អ្នកដែលរងគ្រោះដោយសា បាក់តេរី មិនប្រាកដថាអាច
ព្យាបាលជាទេ ថ្វីត្បិតតែមានថ្នាំសម្រាប់សម្លាប់ បាក់តេរី ព្រោះថា បាក់តេរីខ្លះ អាចផ្លាស់ប្តូរប្រព័ន្ធ
ជីវិតរបស់វាដើម្បីទប់ទល់ជាមួយនឹងថ្នាំសម្រាប់កំចាត់វាបាន ។ សរុបសេចក្តីមក មនុស្សមិនអាច
កំចាត់មេរោគបានទេ ហេីយមេរោគ ក៏មិនអាចកំចាត់មនុស្សបានដែរ ។ យេីងបានត្រឹមតែរុកគួនគ្នា
ទៅវិញទៅមកតែប៉ុណ្ណោះ ។ ដេីម្បីសុខមាលភាពរបស់យើង មនុស្សចាំបាច់ត្រូវតែរៀន និង
ស្វែងយល់អំពីបុគ្គលិកលក្ខណៈ (Behavior) របស់មេរោគ ដេីម្បីងាយស្រួលក្នុងការបង្ក្រាប
ឬក៏គេចអំពីជម្ងឺនានា ។ សុភាសិតចិនមួយឃ្លាពោលថា៖ ស្គាល់គេស្គាល់ខ្លួនឯង
ធេ្វីសង្គ្រាមមិនចេះចាញ់ ៕
Wednesday, November 2, 2016
រិះគន់ដើម្បីស្ថាបនា
ដេប៉ាតតឺម៉ង់ (Department)
នៅពេលដែលខ្ញុំបានអាន ឬក៏ឮពាក្យ ដេប៉ាតតឺម៉ង់ ម្តងៗ ខ្ញុំមានអារម្មណ៍ហាក់ដូចជាវេទនាក្នុងចិត្តណាស់ ព្រោះវាពិបាកថា ពិបាកស្តាប់ និងពិបាកយល់ ។ ខ្ញុំជឿថានៅក្នុងភាសាខ្មែរ មានពាក្យសមរម្យសម្រាប់សម្គាល់ពាក្យ ដេប៉ាតតឺម៉ង់ Department នេះ ។
បើតាមការសង្កេតរបស់ខ្ញុំ ពាក្យដេប៉ាតតឺម៉ង់ មានប្រើច្រើនណាស់នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (Royal University of Phnom Penh, RUPP) ។ ខ្ញុំឆ្ងល់ណាស់ថា សាកលវិទ្យាល័យជាកន្លែងប្រមូលផ្តុំអ្នកប្រាជ្ញនិងអ្នកសិក្សា ហេតុអ្វីក៏គេមិនអាចរកពាក្យខ្មែរមកប្រើជំនួសពាក្យដេប៉ាតតឺម៉ង់នេះបាន ។
ពាក្យ Department នៅក្នុងភាសាអង់គ្លេស ភាគច្រើនគឺគេប្រើសម្រាប់សម្គាល់ផ្នែកមួយនៃអង្គភាព លើកលែងតែសហរដ្ឋអាមេរិកដែលប្រើពាក្យនេះសម្រាប់សម្គាល់ក្រសួងនានានៅក្នុងអភិបាលកិច្ចសាធារណៈសហព័ន្ធផងដែរ ។ ឧទាហរណ៍ៈ Department of Defense(ក្រសួងការពារជាតិ), Department of State (ក្រសួងការបរទេស) ។
នៅក្នុងសាកលវិទ្យាល័យ ជាទូទៅគេសង្កេតឃើញថា មានការបែងចែកជាសាលាផ្សេងៗ ដែលភាសាអង់គ្លេសហៅថា School or College ។ នៅស្រុកខ្មែរគេហៅសាលាទាំងនេះថា Faculte or Faculty. ឧទាហរណ៍ៈ Faculty of Law (សាលាច្បាប់) Faculty of Medicine (សាលាពេទ្យ) ។ Department គឺជាផ្នែកមួយនៃសាលាទាំងនេះ ។ ដូច្នេះ តើយើងគួរយកពាក្យអ្វីមកសម្គាល់ដើម្បីឲ្យសមរម្យស្តាប់ទៅមិនឆ្គង ។ បើយើងប្រៀបធៀបសាកលវិទ្យាល័យទៅនឹងដើមឈើ យើងសង្កេតឃើញថា សាកលវិទ្យាល័យ ជាគល់ សាលានានា ជាមែកធំៗ និង ដេប៉ាតតឺម៉ង់ ជាមែកតូចៗ ។ មែកធំនិងមែកតូចទាំងនេះ ភាសាអង់គ្លេសគេហៅថា Branches ។ ឱ ស្វាយចន្ទី នារីអូនអើយបែកមែក(សាខា) ធ្វើបុណ្យកាលណា ប្រាថ្នាសុំជួបតែនឹងពុទ្ធិ ។
ត្រឡប់មកពាក្យ ដេប៉ាតតឺម៉ង់ វិញ ។ ខាងក្រោមនេះជាឧទាហរណ៍ពីរសម្រាប់គិតលេង ។ ខ្ញុំសរសេរពាក្យខ្មែរពីលើពាក្យអង់គ្លេស ។ បើមានខុសទាស់ សូមមេត្តាជួយកែតម្រូវផង ដើម្បីចំណេះដឹងទាំងអស់គ្នា៖
១) សាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ, សាលាសាធារណៈសុខាភិបាល, សាខា/ផ្នែក ស្រាវជ្រាវ
1) Royal University of Phnom Penh; School of Public Health; Department of Research
២) សាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ, សាលារចនា, សាខាសម្តែងល្ខោនស្រមោល (ឬល្ខោនស្បែកធំ)
2) Royal University of Phnom Penh; School of Fine Arts; Department of Puppetry Performance
Tuesday, November 1, 2016
ចំណីខួរក្បាល
បម្រើបក្ស ឬបម្រើប្រទេស
ថ្មីៗនេះ ការបែកធ្លាយទិន្នន័យទំនាក់ទំនងអុីម៉ែលសម្ងាត់របស់អ្នកស្រី ហៀលឺរី គ្លីនតុន ជាមួយនឹងជំនួយការរបស់គាត់ កាលគាត់កាន់ការងារជារដ្ឋមន្ត្រីក្រសួងការបរទេស បានធ្វើឲ្យការប្រគួតប្រជែងតំណែងប្រធានាធិបតីនៅសហរដ្ឋអាមេរិក ដែលកំពុងតែមានភាពក្តៅគគុកនោះ រឹតតែក្តៅថែមទៀត ។ អ្វីដែលគួរឲ្យកត់សម្គាល់នៅក្នុងករណីនេះ គឺថា ប្រធានក្រសួងសើុបអង្កេត អេហ្វប៊ីអាយ លោក ជេម្ស ខូមី ដែលជាអ្នកសម្រេចបញ្ចេញការសើុបអង្កេតរឿងនេះឲ្យសាធារណជនបានដឹង នៅតែប៉ុន្មានថ្ងៃមុនពេលបោះឆ្នោត គឺជាមនុស្សនៅក្នុងបក្សតែមួយជាមួយអ្នកស្រី គ្លីនតុន ។ គាត់ពិតជាមនុស្សក្លាហានមែន ព្រោះថា ប្រសិនបើអ្នកស្រី គ្លីនតុន ជាប់ឆ្នោតជាប្រធានាធិបតីនោះ គាត់ប្រហែលជាមិនមានឱកាសឈរជើងនៅក្នុងក្រសួង អេហ្វប៊ីអាយ ទៀតទេ ។ ហើយគាត់ក៏ប្រហែលជាយល់អំពីផលវិបាកនេះដែរ ។ នៅពេលដែលមន្ត្រី មិនស្ថិតនៅក្រោមអំណាចបក្ស ឬក៏បុគ្គលណាមួយ គាត់ធ្វើការបម្រើតែប្រទេសគាត់ប៉ុណ្ណោះ ។ ប្រទេសដែលមានមន្ត្រីប្រភេទនេះ គឺជាប្រទេសមានសំណាង ៕
Thursday, October 27, 2016
ពាក្យកាត់
គ្រប់យ៉ាង
ខ្ញុំឧស្សាហ៍ឃើញយុវជនខ្មែរសម័យឥឡូវប្រើពាក្យ៖ គ្រប់យ៉ាង ញឹកញាប់ណាស់នៅក្នុងការសរសេរឬនិយាយស្តី ។ ខ្ញុំស្តាប់ទៅហាក់ដូចជាខ្វះខាតបន្តិច ព្រោះថាអ្នកសរសេរឬនិយាយ ទំនងដូចជាមិនសូវមានជំនាញក្នុងការប្រើភាសាខ្មែរ ។ តាមពិតពាក្យ គ្រប់យ៉ាង គឺចេញមកពីពាក្យ អ្វីៗគ្រប់បែបយ៉ាង ឬអ្វីៗគ្រប់យ៉ាង ដែលភាសាអង់គ្លេសសរសេរថា៖ Everything ។ នៅពេលដែលយើងកាត់ផ្នែកខ្លះនៃពាក្យចេញពីដងខ្លួនរបស់វា គឺមិនខុសអ្វីអំពីកាត់អវៈយវៈខ្លះចេញពីខ្លួនមនុស្សឡើយ ។ វានឹងធ្វើឲ្យពាក្យនោះក្លាយទៅជាពាក្យពិការ ឬពាក្យមិនពេញលក្ខណៈ ។ នេះគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំ ៕
Tuesday, October 18, 2016
ពិចារណា
ជម្លោះល្អ
កាលខ្ញុំរៀនផ្នែកប្រាស្រ័យទាក់ទងនៅសាកលវិទ្យាល័យ មានមេរៀនមួយទាក់ទិននឹងទំនាក់ទំនងប្តីប្រពន្ធ (Spousal Relationship) ។ នៅថ្ងៃទីមួយនៃការចាប់ផ្តើមមេរៀន អ្នកគ្រូសាស្ត្រាចារ្យបានពន្យល់និស្សិតក្នុងថ្នាក់ថា៖ ជម្លោះរវាងប្តីប្រពន្ធមិនមែនសុទ្ធតែអាក្រក់ទេ ។ ដូច្នេះ មិនត្រូវគេចវេសអំពីជម្លោះឡើយ នៅពេលដែលយើងមានគ្រួសារ ព្រោះជម្លោះជាច្រើនអាចជួយឲ្យយើងមើលឃើញសច្ចៈនិងកាត់បន្ថយភាពមិនច្បាស់លាស់នៅក្នុងទំនាក់ទំនងគ្រួសារ ។ គេហៅជម្លោះប្រភេទនេះថា៖ Healthy Argument (ជម្លោះល្អ ឬជម្លោះមានប្រយោជន៏) ។ នេះជាលើកទីមួយហើយ ដែលខ្ញុំបានជួបការពន្យល់ផ្ទុយអំពីទស្សនរបស់ខ្ញុំ ។ សម្រាប់ខ្ញុំ ឲ្យតែជម្លោះ មិនថាជាមួយប្តីប្រពន្ធ ឬក៏អ្នកដទៃទេ គឺសុទ្ធតែជារឿងអាក្រក់ទាំងអស់ ។ និស្សិតជាច្រើនបានឈ្លេចសួរអំពីបញ្ហានៅក្នុងគំនិតខ្ញុំនេះ ហើយអ្នកគ្រូនោះក៏បានពន្យល់រហូតផុតម៉ោងរៀន ប៉ុន្តែខ្ញុំនៅតែមិនយល់ ។ ប្រហែលជាភាសាអង់គ្លេសរបស់ខ្ញុំនៅខ្ចី ឬក៏គំនិតខ្ញុំចង្អៀតក៏មិនដឹង ។ ខ្ញុំក៏កប់ទស្សន ជម្លោះល្អ ខ្មោចយនោះទុកក្នុងចិត្តចោលទៅ ។ ជាច្រើនឆ្នាំក្រោយមក ខ្ញុំក៏មានប្រពន្ធ មានកូន ព្រមទាំងមានជម្លោះប្តីប្រពន្ធជារឿយៗ ។ All of a sudden (មិនដឹងពាក្យខ្មែរប្រែថាមេចទេ) ទស្សនជម្លោះល្អស្រាប់តែលេចធ្លោនៅចំពោះមុខខ្ញុំ ។ ខ្ញុំក៏ចាប់ផ្តើមពិនិត្យមើលខ្លឹមសារនៃជម្លោះប្តីប្រពន្ធរបស់ខ្ញុំ ។ ស្ទើរតែគ្រប់ជម្លោះរបស់យើងទាំងអស់ មិនថាជារឿងតូចតាច ឬក៏ធំដុំទេ សុទ្ធតែទាក់ទិននឹងសេចក្តីស្រឡាញ់ខ្វាយខ្វល់ដល់គ្នាទៅវិញទៅមក និងការចង់បានសុខមាលភាពសម្រាប់គ្រួសារ ដែលយើងហៅថា សុភមង្គល ។ ភាគីទាំងសងខាងសុទ្ធតែមានទស្សន និងគោលដៅក្នុងការដឹកនាំនាវាជីវិតគ្រួសារតែរៀងខ្លួន ។ ប៉ុន្តែ អ្វីដែលជារឿងគួរឲ្យចាប់អារម្មណ៏និងអស់សំណើចនោះគឺថា សុភមង្គល ជាចំណុចរួមនៃមហិច្ឆតារបស់យើងផង និងជាចំណុចកណ្តាលនៃជម្លោះរបស់យើងផង ។ សម្រាប់ប្រពន្ធខ្ញុំ សុភមង្គល គឺសំដៅលើការមានលុយកាក់ទ្រព្យសម្បត្តិនិងអ្វីៗសព្វបែបយ៉ាងដែលជីវិតត្រូវការ ។ នេះជាចំណុចចម្រូងចម្រាសមួយដែលបង្កឲ្យមានទំនាសរវាងយើងទាំពីរ ព្រោះថា ដើម្បីមានអ្វីៗសព្វបែបយ៉ាងមកបំពេញចំណង់នៅក្នុងជីវិតនោះ យើងនឹងក្លាយទៅជាទាសករនៃតណ្ហា Desire (តណ្ហានៅទីនេះគឺសំដៅលើការចង់បាន) ។ យើងដឹងហើយថា តណ្ហាគ្មានដែនកំណត់ទេ ។ វាភ្ជាប់ខ្លួនជាមួយនឹងជីវិតយើងរហូតដល់ថ្ងៃយើងស្លាប់ ។ ដូច្នេះធ្វើកញ្ជះតណ្ហាអស់មួយជីវិត ដូចជាមិនសមហេតុផលសោះសម្រាប់ខ្ញុំ ។ ខ្ញុំយល់ថា សុភមង្គល គឺជីវិតដែលមានតុល្យភាពរវាងការរកទ្រព្យសម្បត្តិនិងអ្វីៗសព្វបែបយ៉ាងមកបំពេញសេចក្តីត្រូវការរបស់តណ្ហា និងផាសុខភាពនៃជីវិត ឬនិយាយឲ្យងាយយល់ ធ្វើកញ្ជះតណ្ហាផង និងគ្រប់គ្រងតណ្ហាផង ។ តើយើងធ្វើកញ្ជះតណ្ហាផង គ្រប់គ្រងតណ្ហាផង ដូចម្តេចទៅ!!! ចំណុចនេះ សូមមើលពាក្យ អដ្ឋង្គិគមៈ ដែលជាឱវាទព្រះពុទ្ធ ។ ខ្ញុំសុំអធ្យាស្រ័យ ដោយមិនអាចវែកញែកបន្ថែមលើពាក្យ អដ្ឋង្គិគមៈ ព្រោះត្រូវការពេលវេលាវែងពេក ប៉ុន្តែគ្រាន់តែចាំថា អត្ថន័យនៃពាក្យនេះគឺសំដៅលើការដឹកនាំជីវិតលើផ្លូវកណ្តាល ដោយមិនលោភលន់ពេក និងមិនខ្ជិលខ្ជីខ្ជាពេក ។ មិត្តអ្នកអានអាចស្វែងរកការពន្យល់ពាក្យនេះពិស្តារនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ Internet បាន ។ សរុបសេចក្តីមក ទាំងខ្ញុំនិងប្រពន្ធខ្ញុំ មានគោលដៅដូចគ្នាក្នុងការស្វែងរកសុភមង្គលឲ្យជីវិត ប៉ុន្តែ ផ្លូវដែលយើងជ្រើសរើសដើម្បីធ្វើដំណើរទៅកាន់សុភមង្គលនោះគឺមានពីរ ប្រៀបដូចជា ផ្លូវទឹក និង ផ្លូវគោក ។ ហើយផ្លូវទាំងពីរនេះសុទ្ធតែមានហានិភ័យជាមួយនឹងសត្វសាហាវ (Metaphors អត្ថប្បដិរូប) ដែលជាកត្តាទុក្ខព្រួយសម្រាប់ជីវិតយើង ។ ដូច្នេះ ចំណុចដែលយើងត្រូវយកមកពិចារណានោះគឺថា តើយើងត្រូវជ្រើសរើសផ្លូវមួយណាដែលមានទុក្ខតិច និងផាសុខភាពច្រើន ។
សារសំខាន់នៃជម្លោះល្អ គឺស្ថិតនៅក្នុងលទ្ធផលដែលស្តែងចេញមក ។ ទាំងប្តី ទាំងប្រពន្ធនឹងមើលឃើញនូវអ្វីដែលអាចធ្វើបាន និងអ្វីដែលមិនអាចធ្វើបាន ហើយចំណុចណាខ្លះដែលគួរសម្របសម្រួល (Compromise) ។ បន្ទាប់ពីជម្លោះមួយឈានដល់ចំណុចសម្របសម្រួលហើយ យើងនឹងឈរលើចំណុចសម្របសម្រួលនោះ ហើយឈ្លោះគ្នាបន្តទៅទៀត ។ ដរាបណាសេចក្តីស្រឡាញ់និងភាពខ្វល់ខ្វាយអំពីសុខមាលភាពគ្រួសារនៅតែមាន ជម្លោះល្អគឺគ្មានទីបញ្ចប់ទេ ទាល់តែយើងស្លាប់ទើបចប់ ។ សម្រាប់អ្នកដែលមិនធ្លាប់រៀនទ្រឹស្តីរបស់លោក ហ្វ្រីដឺរីក ហេហ្គេល ឬហេហ្គេលាន ដាយ៉ាឡិចទិច ចំណុចនេះពិបាកយល់បន្តិច បុ៉ន្តែមិនអីទេ គ្រាន់តែចាំថាជម្លោះល្អរវាងប្តីប្រពន្ធគឺជាដំណើរប្រទាញប្រទង់មួយឆ្ពោះទៅរកសុខមាលភាព ។
តើមានជម្លោះអាក្រក់ ឬជម្លោះអត់ប្រយោជន៏ដែរឬទេ ? ចម្លើយគឺ មាន ប៉ុន្តែ ជាទូទៅប្តីប្រពន្ធមិនឈ្លោះគ្នាទេ នៅពេលដែលដឹងថាជម្លោះនោះគ្មានផលប្រយោជន៏ ។ ខ្មែរមានពាក្យមួយសម្រាប់សម្គាល់ជម្លោះគ្មានប្រយោជន៏៖ អហោសិកម្ម ។ នៅពេលដែលអហោសិកម្មមកដល់ ជម្លោះក៏អស់ ចិត្តស្មោះក៏គ្មាន ភាពសុខសាន្តរង្គោះរង្គើ អ្វីដែលត្រូវធ្វើ គឺពិចារណា ថាតើពេលណា ទើបចិត្តសម្រេច សម្រួលកាត់ផ្តាច់ ចំណងប្រាំប្រការ ឲ្យផុតកម្មពៀរ វេរាទៅហោង ៕
Friday, October 7, 2016
ពិចារណា
ទឹមគោបញ្ច្រាសរទេះ
បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបញ្ចេញទឹកប្រាក់ ២៧លានដុល្លារ សម្រាប់ឲ្យអ្នកជំនួញវិស័យស្រូវអង្ករខ្ចីប្រើប្រាស់ ដើម្បីជួយដោះស្រាយបញ្ហាស្រូវចុះថោកដល់កសិករខ្មែរ គេសង្កេតឃើញថា ប្រាក់២៧លានដុល្លារនោះ មិនទាន់មានអ្នកខ្ចីយកទៅប្រើប្រាស់ច្រើនទេ ។ តើមូលហេតុអ្វី ? ខាងក្រោមនេះគឺជាហេតុផល៖
សហគ្រាសដែលមានបំណងខ្ចីប្រាក់ពីកញ្ចប់ថវិកា ២៧លានដុល្លារនេះ គឺត្រូវគោរពតាមលក្ខខណ្ឌពីរ (២)៖
១ ទិញស្រូវពីកសិករក្នុងតម្លៃមិនក្រោមពី ៨៤០រៀល ក្នុង ១គីឡូក្រាម ខណ៖ដែលតម្លៃស្រូវក្នុងទីផ្សារបច្ចុប្បន្នគឺ ៧៣០រៀល ក្នុង១គីឡូក្រាម ។
២ ប្រាក់កម្ចីគឺត្រូវបង់ការប្រាក់ ៧ភាគរយ ក្នុង១ឆ្នាំ ។
បើយើងយកតួេលខមកគិតត្រួសៗ យើងសង្កេតឃើញថា៖ សហគ្រាស ឬឈ្មួញដែលខ្ចីលុយយកមកទិញស្រូវពីកសិករខ្មែរក្នុង ១គីឡូក្រាម ត្រូវខាត ១១០រៀល ។ ដូច្នេះ ក្នុង១តោន គាត់ត្រូវខាត ១១០០០០រៀល ស្មើនឹង ២៧ដុល្លារ ។ ឯប្រាក់កម្ចី ក្នុងទម្ងន់ស្រូវ ១តោន គាត់ត្រូវខ្ចីប្រាក់ ៨៤០០០០រៀល ស្មើនឹង ២១០ដុល្លារ ។ បើគាត់ស្តុកស្រូវនេះចំនួន ៦ខែដើម្បីឲ្យស្រូវឡើងថ្លៃទើបអាចលក់ចេញ គាត់ត្រូវបង់ការប្រាក់ប្រមាណជា ៨ដុល្លារ ក្នុង១តោន ។ សរុបទៅខ្ចីប្រាក់យកមកទិញស្រូវស្តុកទុករយ៖ពេល ៦ខែ គឺត្រូវខាត ៣៥ដុល្លារ ឬគាត់ត្រូវលក់ស្រូវឲ្យបានយ៉ាងហោចណាស់ ៣៥ដុល្លារលើសតម្លៃដែលគាត់ទិញក្នុង១តោន ទើបអាចរួចដើមវិញ ។ នេះមិនទាន់គិតនូវចំណាយផ្សេងៗទៀតដែលទាក់ទិននឹងការប្រមូលទិញស្រូវផង ។ សួរថា តើមានឈ្មួញប៉ុន្មាននាក់សុខចិត្តខ្ចីលុយមកទិញទំនិញដែលមានតម្លៃថ្លៃលើសពីទីផ្សារ យកមកស្តុកទុកដើម្បីលក់រកកម្រៃនោះ ???
ខ្ញុំមិនមែនជាសេដ្ឋវិទូទេ តែបើតាមដំបូន្មានរបស់ម្តាយខ្ញុំដែលជាអ្នកលក់ចាប់ហួយនៅតាមចិញ្ចើមថ្នល់នោះ គាត់បានប្រាប់ខ្ញុំថា៖ របស់អ្វីក៏ដោយ ទិញថោក លក់ថ្លៃ ទើបរកសុីរស់ ។ រដ្ឋាភិបាលកម្ពុជា គួរណាស់តែពិនិត្យឡើងវិញ អំពីគោលនយោបាយអត់ប្រយោជន៏នេះ យ៉ាងហោចណាស់ក៏សង្កេតមើលករណីជោគជ័យរបស់ប្រទេសដទៃ ។ កាលពីប៉ន្មានឆ្នាំមុន រដ្ឋាភិបាលអាមេរិកបានសង្គ្រោះក្រុមហុន General Motor (GM) ឲ្យរួចផុតពីការរលំរលាយដោយផ្តល់ថវិកាវិនិយោគផ្តាល់ជាមួយនឹងក្រុមហុននេះ រហូតទាល់តែក្រុមហុននេះចេញផុតពីហានិភ័យ ទើបរដ្ឋដកទុនភាគហុនមកវិញថែមទាំងបានចំណេញខ្លះផង ។ សព្វថ្ងៃ ប្រទេសជប៉ុនក៏បានផ្តល់ហិរញបទានដល់សហគ្រាសគេដែលមានការប្រាក់ក្រោមសូន្យ ។ គេឲ្យឈ្មោះគោលនយោបាយនេះថា៖ Abe-nomic ។ ដូចគ្នាដែរ វិបត្តិស្រូវថោកនៅកម្ពុជាអាចដោះស្រាយបានប្រសិនបើរដ្ឋាភិបាលប្រើយុទ្ធសាស្ត្រស្រដៀងគ្នានេះ ៕
Tuesday, September 13, 2016
កំណាព្យ
នឹកស្រុក នឹកស្នេហ៏
ទន្លេបិទ ចិត្តខ្ញុំនឹក រលឹកភូមិ
រការធំ បងនិងម៉ុម ទៅលេងវត្ត
រដូវភ្ជំុ លើកដៃផ្គុំ បួងសួងស្បថ
ស្នេហ៏ប្រាកដ សូមកុំព្រាត់ ឃ្លាតគ្នាឡើយ ។
ជីរោក្រោម ធ្លាប់ប្រលោម ប្រឡែងស្រី
នឹកពេកក្រៃ គ្រាដឹកដៃ ថ្លៃឆ្លងខ្ពប
ចៃដន្យអ្វី គ្រោះចង្រៃ ស្រីដើរលប
ជាន់ចំគ្រប ចំពុះទា វាមុតជើង ។
ឈឺផ្សាក្រៃ ពៅពិសី ឲ្យបងអៀវ
ជើងអូនគៀវ ចង្កេះជាប់ អោបកផង
វាយោបក់ ស្រីងិកង៉ក់ ប្រាប់ឲ្យបង
រកអ្វីចង រុំរបួស ជំនួសស្រី ។
ជីរោលើ យើងធ្លាប់ធ្វើ បុណ្យរួមគ្នា
ពុទ្ធបូជា លើកហត្ថា បួងសួងស្តី
ប្រាប់ទេព្តា ជួយរក្សា ស្នេហ៏ភក្តី
បងនិងស្រី ភ្ជាប់និស្ស័យ លុះក្ស័យជន្ម ៕
Thursday, September 8, 2016
កំណាព្យ
ស្លាប់ក្នុងយស
វិរជនដែលស្ម័គ្រស្លាប់ក្នុងយស
តែងមានឈ្មោះរស់នៅលើលោកី
រយពាន់ឆ្នាំគេចាំជាអលជ្ជី
ដូចពាលីនៅក្នុងរឿងរាមកេរ ។
ពាលីស្លាប់ដោយសាសរព្រះរាម
លើកដៃឆ្ពាមប្រល័យឥតគិតគ្នេរ
ព្រោះតែប្រយោជន៏ខ្លួនរាមរិះរេ
បំផ្លាញជីវិតគេមិនកោតក្រែង ។
មុនពេលស្លាប់លាចាកលោកនេះទៅ
ពាលីឆ្លៀតប្រដៅប្អូនខែងរែង
គឺសុគ្រីពដែលឈ្លោះនឹងបងឯង
ឲ្យខ្នះខ្នែងយកសច្ច:ជាធំ ។
ពាលីប្រាប់ប្អូនឲ្យត្រិះរិះគិត
រឿងជីវិត យុត្តិធម៍ និង សង្គម
ទង្វើល្អអាក្រក់ជាគ្រឿងផ្គុំ
អាចដឹកនាំផ្តល់សុខឬទុក្ខា ។
សារសំខាន់ដែលពាលីចង់ប្រាប់
ឲ្យប្អូនស្តាប់និងយល់ពេញឱរ៉ា
មិនត្រូវឈ្លោះគ្នាឯងឲ្យបច្ចា
ឆ្លៀតប្រហារបំផ្លាញគ្រួសារបាន ។
រឿងពាលីផ្តែផ្តាំខ្មែរឆ្លាក់ទុក
ជាទំនុករូបភាពច្រើនសណ្ឋាន
នៅលើប្រាង្គប្រាសាទពីបុរាណ
សម្រាប់ទូន្មានលុះលង់ឥឡូវ ។
បើប្រៀបធៀបការស្លាប់នៃពាលី
ជាមួយនឹងឃាតកម្ម កែម ឡី ទៅ
ឃើញថាគាត់ស្លាប់ដើម្បីត្រាយផ្លូវ
ឲ្យញាតិផៅស្វែងយល់ធម៍សច្ច: ។
សុខនិងទុក្ខជារឿងដែលប្រឈម
មនុស្សសត្វផងត្រូវហែលឆ្លងប្រត្យក្ស
អ្វីសំខាន់នោះគឺយើងម្នាក់ៗ
ត្រូវជឿជាក់លើសមត្ថភាពខ្លួន ។
ជូតទឹកភ្នែករួចហើយបន្តដើរ
ធ្វើដំណើរឲ្យផុតការរុកគួន
ប្តេជ្ញាចិត្តឲ្យខ្លាំងរឹងមាំមួន
បើយើងពួនរកសុខមិនឃើញទេ ៕
Monday, August 22, 2016
ចំណីខួរក្បាល
គុកទួលស្លែង និង តុលាការក្រុងភ្នំពេញ
កាលខ្ញុំរៀននៅមហាវិទ្យាល័យ ខ្ញុំធ្លាប់ស្រាវជ្រាវអានឯកសារជាច្រើនដែលពាក់ព័ន្ធនឹងចម្លើយអ្នកទោសនៅគុកទួលស្លែងក្នុងសម័យខ្មែរក្រហមត្រួតត្រាប្រទេសកម្ពុជា ។ នៅក្នុងឯកសារទាំងនោះ ខ្ញុំសង្កេតឃើញថា មនុស្សដែលស្គាល់អ្នកទោស ឬក៏ធ្លាប់បានប្រស្រ័យទាក់ទងជាមួយនឹងអ្នកទោស ត្រូវបានគេចាប់ជាបន្តបន្ទាប់យកមកកម្ទេចចោល (សម្លាប់) ។ គេហៅមនុស្សពាក់ព័ន្ធទាំងនោះថា៖ ខ្សែក្បត់ ។ នៅពេលដែលខ្ញុំសង្កេតមើលការអនុវត្តច្បាប់របស់មន្ត្រីតុលាការក្រុងភ្នំពេញពាក់ព័ន្ធនឹងសំណុំរឿងលោក កឹម សុខា និងកញ្ញា ខុម ចន្ទតារាទី រូបភាពប្រហាក់ប្រហែលគ្នាហាក់ដូចជាលេចធ្លោឡើង ។ មនុស្សមួយចំនួនដែលអ្នកនាង ចន្ទតារាទី ថាធ្លាប់បានប្រស្រ័យទាក់ទងជាមួយនឹងនាង ឬក៏អ្នកដែលមានសម្លេងនៅក្នុងខ្សែអាត់ ដែលជនអនាមិកលួចថតដោយបំពានរដ្ឋធម្មនុញ ត្រូវបានតុលាការក្រុងភ្នំពេញកោះហៅឲ្យចូលមកបំភ្លឺជាបន្តបន្ទាប់ ។ បន្ទាប់ពីចាប់មនុស្សមួយចំនួនដាក់គុក តុលាការក្រុងភ្នំពេញក៏បានចាត់វិធានការផងដែរ ចំពោះជនណាដែលធា្លប់ប្រស្រ័យទាក់ទងនឹងពិរុទ្ធជនទាំងនោះ ។ ទង្វើនេះ គឺមិនខុសអ្វីអំពីប្រព័ន្ធគ្រប់គ្រងគុកទួលស្លែងនៅក្នុងសម័យខ្មែរក្រហមនោះទេ ។ ទោះបីជាអ្វីដែលតុលាការក្រុងភ្នំពេញធ្វើនៅពេលនេះ គ្រាន់តែជាការចាប់មនុស្សដាក់គុកក៏ដោយ ក៏វាជាការគំរាមកំហែងដ៏ធ្ងន់ធ្ងមកលើ សិទ្ធិ និងសេរីភាព ក្នុងការប្រស្រ័យទាក់ទងគ្នារបស់ប្រជារាស្ត្រខ្មែរ ។
Friday, August 19, 2016
សីល្បនៃការរស់នៅ The Art of Living
ស្រឡាញ់ (Love)
មនុស្សនៅលើលោកនេះសុទ្ធតែស្គាល់ពាក្យ ស្រឡាញ់ ប៉ុន្តែមានមនុស្សតិចតួចណាស់ដែលយល់អំពីអត្ថន័យនៃពាក្យស្រឡាញ់នេះ ។ កាលខ្ញុំរៀននៅសាកលវិទ្យាល័យ ខ្ញុំបានចំណាយពេលពីរឆ្នាំសិក្សាអំពីទំនាក់ទំនងមនុស្សនិងដំណោះស្រាយទំនាស់ ដែលជាយុទ្ធសាស្ត្រសម្រាប់រក្សាសេចក្តីស្រឡាញ់ឲ្យមានភាពរឹងមាំ ។ ស្រឡាញ់មានពីរយ៉ាង គឺ៖ ស្រឡាញ់មានល័ក្ខខណ្ឌ និងស្រឡាញ់ឥតល័ក្ខខណ្ឌ (Conditional and Unconditional Love) ។ ថ្វីត្បិតតែវាមានប្រភពចេញមកពីដួងចិត្តដូចគ្នា សេចក្តីស្រឡាញ់ទាំងពីរប្រភេទនេះ ផ្តល់លទ្ធផលមិនដូចគ្នាទេ ។ ជាទូទៅ ស្រឡាញ់មានលក្ខខណ្ឌច្រើននាំមកនូវលទ្ធផលអវិជ្ជមាន មិនដូចស្រឡាញ់ឥតលក្ខខណ្ឌទេ ដែលតែងតែនាំមកនូវលទ្ធផលវិជ្ជមាន ។ ដើម្បីវែកញែកឲ្យបានពិស្តារបន្តិច ខ្ញុំសូមលើកយកឧទាហរណ៍ខ្លះៗដែលទាក់ទងនឹងសេចក្តីស្រឡាញ់ទាំងពីរប្រភេទមកបង្ហាញ ។ នៅពេលដែលម្តាយនិយាយទៅកាន់កូនតូចថាម៉ាក់ឈប់ស្រឡាញ់កូនហើយ ប្រសិនបើកូនមិនស្តាប់តាមការណែនាំរបស់ម៉ាក់ ។ ទោះបីជាធាតុពិតនៃពាក្យទាំងនេះ គ្រាន់តែជាការកំញើុញក៏ដោយ ក៏វាស្តែងចេញនៃការស្រឡាញ់ដែលមានល័ក្ខខណ្ឌ ។ ដូចគ្នាដែរ នៅពេលដែលប្រពន្ធខ្ញុំធុញទ្រាន់នឹងភាពខ្ជិលច្រអូស និងរឹងរូសកែមិនឡើងរបស់ខ្ញុំ គាត់ក៏និយាយថា៖ ខ្ញុំទ្រាំលែងបានហើយបើឯងមិនព្រមកែចរិតរបស់ឯង ។ នេះក៏ជាសេចក្តីស្រឡាញ់ដែលមានលក្ខខណ្ឌដែរ ។ និយាយឲ្យខ្លី សេចក្តីស្រឡាញ់ដែលមានលក្ខខណ្ឌ គឺមិនមែនជាការស្រឡាញ់ពិតប្រាកដទេ វាគ្រាន់តែជាការហួងហែងតែប៉ុណ្ណោះ ដែលភាសាអង់គ្លេសហៅថា៖ Posessive Love (ស្រឡាញ់ដូចកម្មសិទ្ធិ) ។ ខ្ញុំលើកយកឧទាហរណ៏ពីរនេះមកបង្ហាញគឺចង់ទាញចេញនូវចំណុចគន្លិះពីរដែលមនុស្សទូទៅគួរចៀសវាងនៅក្នុងការប្រស្រ័យទាក់ទងគ្នាប្រចាំថ្ងៃ មិនថានៅក្នុងគ្រួសារឬកន្លែងធ្វើការឡើយ ។ នៅក្នុងឧទាហរណ៍ទីមួយ យើងសង្កេតឃើញថាប្រយោគដែលម្តាយនិយាយទៅកាន់កូនគឺមានលក្ខណ៖ កំញើុញឬព្រមាន (Warning) ។ ចំណែកឧទាហរណ៍ទីពីរដែលប្រពន្ធនិយាយទៅកាន់ប្តី គឺមានលក្ខណ៖ គំរាម (Threat) ។ ការប្រស្រ័យទាក់ទងគ្នា ទោះបីជានៅក្នុងកាលទេសណាក៏ដោយ គេមិនត្រូវប្រើសារដែលមានលក្ខណ៖ ព្រមានឬគំរាមទេ ។ ព្រោះថាអ្នកដែលត្រូវគេព្រមានឬគំរាម នឹងរកវិធានការទប់ទល់ ដែលជាកត្តាមួយធ្វើឲ្យសម្តីរបស់យើងគ្មានបានការ ។ បើអ្នកចង់យល់អំពីចំណុចនេះកាន់តែច្បាស់ អ្នកសាកល្បងសង្កេតមើលប្រតិកម្មរបស់អ្នកនៅពេលដែលអ្នកទទួលសារដែលមានលក្ខណ៖ ព្រមានឬគំរាមពីអ្នកដទៃ លមើល តើវាមានលក្ខណ៖វិជ្ជមានឬអវិជ្ជមាន ។ សុំទោសដោយយកទ្រឹស្តីប្រស្រ័យទាក់ទងមកឡូកឡំនឹងរឿងស្រឡាញ់ ។ យ៉ាងណាមិញ សេចក្តីស្រឡាញ់មិនអាចកើតមានដោយគ្មានការប្រស្រ័យទាក់ទងឡើយ ។
ឥឡូវ យើងសូមនិយាយអំពីស្រឡាញ់ឥតល័ក្ខខណ្ឌវិញម្តង ។ តើយើងអាចស្រឡាញ់នរណាម្នាក់ដោឥតលក្ខខណ្ឌបានទេ ។ ចម្លើយគឺមិនអាចទេ ។ ប៉ុន្តែយើងអាចហ្វឹកហាត់ចិត្តយើងឲ្យអនុវត្តសេចក្តីស្រឡាញ់ឥតលក្ខខណ្ឌបានដោយប្រើយុទ្ធសាស្ត្រ វិជ្ជមាននិយម (Positivism) ។ យុទ្ធសាស្ត្រវិជ្ជមាននិយម គឺសំដៅទៅលើការប្រស្រ័យទាក់ទងនិងឲ្យតម្លៃមនុស្សផ្អែកលើចំណុចវិជ្ជមាន ។ នៅពេលដែលយើងស្រឡាញ់មនុស្សដោយផ្អែកលើចំណុចវិជ្ជមានដែលគេមាន (ទោះតិចតួចក្តី) នោះយើងគ្មានហេតុផលអ្វីនឹងភ្ជាប់លក្ខខណ្ឌជាមួយនឹងសេចក្តីស្រឡាញ់របស់យើងឡើយ ។ ហើយអ្នកដែលយើងស្រឡាញ់នោះក៏គ្មានហេតុផលអ្វីដើម្បីផ្តល់ប្រតិកម្មអវិជ្ជមានមកយើងវិញដែរ ។ ទាំងអស់គ្នានឹងមានសេចក្តីសុខ ស្ងប់ នៅក្នុងចិត្តជានិច្ច ។
Friday, July 15, 2016
វិចារណកថា
ជុំវិញឃាដកម្មលើបណ្ឌិត កែម ឡី
(កំណត់៖ អត្ថបទនេះជាការពិចារណារបស់ស្មេរដោយផ្អែកលើ ហេតុផល តក្កវិជ្ជា និងវិធីទាត់ចោលកត្តាបន្ទាប់បន្សំ Process of Elimination. ដរាបណាអាជ្ញាធរខ្មែរមិនទាន់រកឃើញភស្តុតាងជាក់លាក់ អត្ថបទនេះគ្រាន់តែជាចំណីខួរក្បាលប៉ុណ្ណេាះ។)
ផ្អែកលើពត៍មាននានាទាក់ទិននឹងការស្លាប់របស់បណ្ឌិត កែម ឡី ដែលសាធារណជនទទួលបានទាំងផ្លូវការ និងមិនផ្លូវការ យើងអាចសន្និដ្ឋានបានថា ការស្លាប់របស់គាត់គឺជាអំពើឃាតកម្មដែលត្រូវបានគេរៀបចំទុកជាមុនយ៉ាងល្អិតល្អន់ជាទីបំផុត ។ ហើយឃាដកម្មនេះ អាចជាស្នាដៃរបស់ភ្នាក់ងារសម្ងាត់ដែលជារឿងមួយលំបាកបំផុតក្នុងការសើុបអង្កេតវែកមុខក្រុមឃាដករ ។ សំណួរដែលសាធារណជនចង់ដឹងជាទីបំផុតនេាះ គឺថា តើមានមនុស្សប៉ុន្មាននាក់ដែលពាក់ព័ន្ធនៅក្នុងរឿងនេះ ព្រេាះថា បើយោងតាមចម្លើយរបស់ឃាដករដែលអាជ្ញាធរចាប់បាន និងសម្តីរបស់សាច់ញាតិគាត់ គាត់គ្រាន់តែជាមនុស្សម្នាក់ដែលគេប្រើឲ្យមកសម្លាប់ ឬក៏ចូលរួមសម្លាប់លោក កែម ឡី តែប៉ុណ្ណេាះ ។ ដូច្នេះ អាថ៍កំបាំងទាំងប៉ុន្មានគឺពឹងផ្អែកទាំងស្រុងលើសមត្ថភាពសើុបអង្កេតរបស់អាជ្ញាធរខ្មែរ ។ នៅក្នុងការសើុបអង្កេតឧក្រិដកម្ម គេមិនអាចមើលរំលងកត្តាណាមួយឡើយ ដែលភាសាអងគ្លេសនិយាយថា Leave no stone unturned មានន័យថា កកាយឲ្យសព្វទិសទី ។ ទន្ទឹមនឹងនេះដែរ គេក៏ត្រូវឲ្យអាទិភាពទៅលើកត្តាសំខាន់បំផុត (Leading factors) ដើម្បីជៀសវាងការសើុបអង្កេតខុសតម្រុយ ។ តើកត្តាសំខាន់បំផុតដែលអាចលាតត្រដាងអាថ៍កំបាំងជុំវិញឃាដកម្មលើបណ្ឌិត កែម ឡី នៅឯណា ។ ចំណុចនេះ យើងចាំបាច់ត្រូវតែលើកយក ហេតុផល តក្កវិជ្ជា និងវិធីទាត់ចោលកត្តាបន្ទាប់បន្សំ មកត្រិះរិះពិចារណាទាំអស់គ្នា ។ បើតាមការយល់ឃើញរបស់ស្មេរ ៖
១ យុទ្ធសាស្ត្រស្វាសុីបាយរួចលាបមាត់ពពែ រវាងគណបក្សប្រជាជន និងសង្គ្រេាះជាតិ ដើម្បីកំចាត់គ្នាទៅវិញទៅមក ។ កត្តានេះ មិនអាចជាកត្តាសំខាន់បំផុតទេពីព្រេាះបក្សពាក់ព័ន្ធនឹងបាត់បង់ការគាំទ្រពីពលរដ្ឋប្រសិនបើការពិតត្រូវបានលាតត្រដាង ។
២ ឧប្បមាថា លោក កែម ឡី ជាអ្នកផ្តល់ពត៍មានពិស្តារអំពីអាណាចក្រពាណិជ្ជកម្មរបស់ត្រកូល ហ៊ុន ឲ្យទៅអង្គការ គ្លូបលវិតនេស (Global Witness) ហើយត្រូវបានត្រកូល ហ៊ុន សម្រេចសម្លេះចោល ។ កត្តានេះ ក៏មិនមែនជាកត្តាសំខាន់បំផុតដែរ ព្រេាះថាបើទង្វើនេះលាក់មិនជិត ត្រកូល ហ៊ុន នឹងត្រូវរាស្ត្រខ្មែរទូទាំងនគរស្អប់ ។
បើអ្វីៗទាក់ទិននឹងអ្នកមានអំណាចនៅស្រុកខ្មែរមិនមែនជាកត្តាសំខាន់បំផុត តើកត្តាសំខាន់បំផុតនៅឯណា ។ បើតាមការយល់ឃើញរបស់ស្មេរ កត្តាសំខាន់បំផុត គឺអាចស្ថិតនៅជាមួយនឹងមហាមិត្តជិតខាងរបស់កម្ពូជាឯណេាះវិញទេ ។ ប៉ុន្តែ ដរាបណាយើងគ្មានភស្តុតាងជាក់លាក់ យើងមិនអាចចោទនរណាម្នាក់បានឡើយ ។
ប្រទេសកម្ពូជាមានមិត្តភូមិផងរបងជាមួយចំនួនបី គឺ យួន លាវ និង សៀម ។ ប្រទេសទាំងបី សុទ្ធតែមានទ្រព្យសម្បត្តិខ្មែរនៅក្នុងដៃរបស់ខ្លួន ទឹកដីនិងប្រាសាទព្រមទាំងពលរដ្ឋខ្មែរមួយចំនួនធំផង ។ ផ្អែកលើមូលដ្ឋាន រាលផលិទិក Realpolitik (នយោបាយបរទេស ធ្វើយ៉ាងណាឲ្យប្រទេសខ្លួនចំណេញនិងរុងរឿង ទេាះបីត្រូវបំផ្លាញប្រទេសដទៃដែលជាមិត្តមុឺនឆ្នាំ ក៏អត់បញ្ហា) យើងអាចយល់បានថា មិត្តភូមិផងរបងជាមួយរបស់កម្ពុជា ជាពិសេស យួននិងសៀម មិនចង់ឃើញខ្មែររីកចម្រើន ទាំងនយោបាយ សេដ្ឋកិច្ច និងសតិបញ្ញានេាះទេ ។ ព្រេាះថា បើខ្មែររីកចម្រើនខ្លាំងលើវិស័យទាំងបី ខ្មែរអាចរកមធ្យោបាយទាមទាយកបងប្អូនខ្មែរព្រមទាំងទឹកដីដែលពួកគេកំពុងរស់នៅលើសព្វថ្ងៃត្រឡប់មកវិញ ។ ដូច្នេះ សកម្មភាពអ្វីក៏ដោយ ដែលធ្វើឲ្យខ្មែរខ្សោយ សមមិត្តដែលរស់នៅក្បែរខ្មែរនឹងទទួលផល ។ នៅក្នុងចំណោមប្រទេសភូមិផងរបងជាមួយរបស់កម្ពុជា តើប្រទេសណាមួយអាចនឹងពាក់ព័ន្ធករណីឃាតកម្មលើបណ្ឌិត កែម ឡី ។ ចំណុចនេះ យើងអាចប្រើវិធីខាងលើ ហើយជ្រើសរើសយកប្រទេសមួយ ។ ដោយហេតុថា យើងមិនទាន់រកបានភស្តុតាងជាក់លាក់ យើងសូមដាក់ឈ្មេាះ "គេ" ជំនួសឲ្យឃាដករ ឬក្រុមឃាដករ ដែលនៅពីក្រោយឃាតកម្មនេះ ។
កត្តាដែលបណ្តាលឲ្យលោក កែម ឡី ស្លាប់គឺមានរាប់មិនអស់ ។ ប៉ុន្តែ កត្តាពាក់ព័ន្ធធំៗដែលយើយអាចយកមកត្រិះរិះពិចារណាគឺមានមិនច្រើនទេ ។ កត្តាទាំងនេះរួមមាន៖
១ យុទ្ធនាការ ១០០រាត្រី
២ ជនអន្តោប្រវេសន៍ខុសច្បាប់
៣ ជម្លេាះនៅសមុទ្រចិនខាងត្បូង
៤ និយាយអំពីអាណាចក្រសារជីវកម្មត្រកូល ហ៊ុន
៥ រិះគន់ភាពទន់ខ្សោយរបស់រដ្ឋាភិបាលខ្មែរក្នុងការដេាះស្រាយបញ្ហាសង្គម ។ល។
ចំណុចទាំងនេះសុទ្ធតែជាហេតុដែលអាចឲ្យ "គេ" សម្រេចចិត្តធ្វើឃាដលោក កែម ឡី ។ តើគេអាចទទួលបានផលអ្វីខ្លះបន្ទាប់ពីសម្លាប់លោក កែម ឡី ។
១ យុទ្ធសាស្ត្រ អារកមាន់បន្លាចស្វា ។ គេ ចង់ផ្ញើសារទៅមនុស្សមួយចំនួន រាប់បញ្ចូលទាំងអ្នកនៅក្នុងជួររដ្ឋាភិបាលផងថា មិនត្រូវរសាត់ឆ្ងាយពីអ្នកមានគុណពេកទេ ។ គេ មានភ្នាក់ងារសម្ងាត់ដែលអាចធ្វើព្យុះធ្វើភ្លៀងនៅក្នុងស្រុកខ្មែរបានគ្រប់ពេលវេលា ។
២ យុទ្ធសាស្ត្រ ស្វាសុីបាយរួច យកបាយទៅលាបមាត់ពពែ និងខ្ចីដៃសត្រូវសម្លាប់សត្រូវ ។ គេ ដឹងថាពលរដ្ឋខ្មែរជិតពាក់កណ្តាលនៃចំនួនសរុបមិនគាំទ្របក្សដែលកំពុងដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ននេះទេ ។ ដូច្នេះ ការស្លាប់របស់លោក កែម ឡី នឹងមានការសង្ស័យលើបក្សដឹកនាំរដ្ឋ ដែលអាចឈានដល់ការធ្វើបាតុកម្ម កុប្បកម្ម ឬក៏អំពើហឹង្សានានាទៀតផង ។ នៅពេលមានអំពើហឹង្សាកើតឡើង អ្នកដែលរងគ្រេាះឬបាត់បង់ជីវិតមុនគេគឺអ្នកក្លាហាន ស្នេហាជាតិ ស្នេហាយុត្តិធម៍ ដែលជាធនធានមនុស្សសំខាន់បំផុតសម្រាប់កសាងប្រទេសឲ្យរឹងមាំ (មនុស្សប្រភេទលោក កែម ឡី នេះឯង) ។
៣ យុទ្ធសាស្ត្រ បាញ់ព្រួញមួយត្រូវចាបពីរ ឬក៏ច្រើនលើសពីពីរ ។ គេ ដឹងច្បាស់ណាស់ថា ប្រទេសខ្មែរកំពុងតែអនុវត្តិលទ្ធិប្រជាធិបតេយ្យដែលគ្មានរចនាសម្ព័ន្ធទ្រទ្រង់រឹងមាំ ។ នៅពេលប្រជាធិបតេយ្យបរាជ័យ ស្រុកខ្មែរនឹងក្លាយទៅជាប្រទេសអាណាធិបតេយ្យ ដែលបណ្តាលឲ្យអ្នកនយោបាយនិងពលរដ្ឋប្រខាំគ្នានិងកាប់សម្លាប់គ្នាដណ្តើមអំណាចដូចឆ្កែដណ្តើមញី ។ ផ្អែកលើមេរៀនប្រវត្តិសាស្ត្រ ពេលខ្មែរកាប់សម្លាប់គ្នា អ្នកដែលទទួលផលធំគឺតែងតែជាមិត្តភូមិផងរបងជាមួយ ។
នេះគ្រាន់តែជាជ្រុងមួយនៃការពិចារណារបស់ស្មេរ ។ ទន្ទឹមនឹងនេះដែរ យើងក៏មិនត្រូវមើលរំលងទង្វើរបស់ក្រុមជនអន្ធពាលនៅក្នុងស្រុកឡើយ ។ យើងមិនត្រូវភ្លេចទេថា ខ្មែរដែលអគតិ មិនដែលរួញរាក្នុងការកាប់សម្លាប់ខ្មែរគ្នាឯងទេ ។ សម្រាប់ខ្មែរដែលមិនយល់ ឬមិនទទួលស្គាល់ចំណុចនេះ សូមមេត្តាទៅមើលឆ្អឹងលលាដ៏ក្បាលនៅជើងឯក នេាះអ្នកនឹងយល់ជាមិនខាន ។
សង្ឃឹមថាចំណីខួរក្បាលនេះអាចញុាំងឲ្យមិត្តអ្នកអានចូលរួមត្រិះរិះពិចារណាបន្ថែមដើម្បីរួមចំណែងបំពេញបំណងរបស់លោកបណ្ឌិត កែម ឡី ព្រេាះថាអ្វីដែលគាត់ចង់បាន ចង់ឃើញបំផុតនេាះ គឺការប្រើគំនិតត្រិះរិះពិចារណានេះឯង ។
Monday, June 27, 2016
ចំណីខួរក្បាល
បណ្តឹងដិតចិត្ត
ខ្ញុំធ្លាប់បានជួបពាក្យ បណ្តឹងដិតចិត្ត នេះជាញឹកញយនៅពេលអាន ឬក៏ស្តាប់អត្ថបទដែលទាក់ទិនទៅនឹងរឿងច្បាប់ ។
ប៉ុន្តែ ខ្ញុំមិនយល់អំពីអត្ថន័យ នៃពាក្យនេះទេ ។ មិនដឹងថាមានមនុស្សសាមញ្ញ (អ្នកអត់មានវិជ្ជាជីវខាងច្បាប់)
ប៉ុន្មាននាក់ ដែលល្ងង់ដូចខ្ញុំដែរ ។ ខ្ញុំធ្លាប់ឮពាក្យ ចិត្តដិត ដែលនិយាយអំពីភាពស្និតស្នាល ដូច្នេះខ្ញុំគិតថា
ដិតចិត្ត ប្រហែលជាពាក់ព័ន្ធនឹងភាពស្និតស្នាលហើយមើលទៅ ។ ប៉ុន្តែ បន្ទាប់ពីបានអានអត្ថបទមួយ
ដែលមេធាវីខ្មែរពន្យល់អំពីអត្ថន័យនៃបណ្តឹង ដិតចិត្ត ទើបខ្ញុំយល់អំពីពាក្យនេះច្បាស់លាស់បន្តិច ។ តាមពិត
ពាក្យ ដិតចិត្ត នេះគេបកប្រែពីពាក្យអង់គ្លេស៖ Conflict of Interest ដែលមានន័យថា
ទំនាស់ផលប្រយោជន៍ ។ ទំនាស់ផលប្រយោជន៍នេះ គឺគេសំដៅទៅលើចៅក្រមកាត់ក្តីដែលស្គាល់
ភាគីណាមួយនៅក្នុងរឿងក្តីក្តាំ ។ ករណីនេះ បើតាមខ្ញុំដឹង ចៅក្រមកាត់ក្តីតែងតែដកខ្លួនចេញដោយស្វ័យប្រវត្ត
ព្រេាះក្រមសីលធម៍ចៅក្រមតម្រូវអោយធ្វើដូច្នេាះ ។ មិនដឹងថាចៅក្រមខ្មែរមានក្រមសីលធម៍ដែរឬអី
ទើបបានជាទាល់តែមានបណ្តឹងដិតចិត្ត ទើបដកខ្លួនចេញពីរឿងក្តីដែលខ្លួនមានទំនាស់ផលប្រយោជន៏ ។
ឯពាក្យ បណ្តឹងដិតចិត្ត គួរយកពាក្យ បណ្តឹងទំនាស់ផលប្រយោជន៏ ឬក៏ បណ្តឹងសុំដកចៅក្រម មកប្រើវិញ
ដើម្បីងាយយល់ដល់មនុស្សសាមញ្ញ ។
ករណីមួយទៀតគឺ បទល្មើសមជ្ឈឹម ។ ពាក្យមជ្ឈឹមមានន័យថា កណ្តាល ។ ខ្ញុំមិនយល់ថាបទល្មើសកណ្តាល
មានន័យដូចម្តេចទេ ។ កាលខ្ញុំរៀនពលរដ្ឋវិជ្ជា ខ្ញុំធ្លាប់ស្តាប់គ្រូពន្យល់អំពីបទល្មើស ព្រហ្មទណ្ឌ និង
បទល្មើរដ្ឋបវេណី ។ នៅក្នុងបទល្មើសព្រហ្មទណ្ឌគឺមាន (ខ្ញុំមិនដឹងភាសាខ្មែរគេហៅដូចម្តេចទេ):
First Degree, Second Degree, manslaughter, etc. ។ ខ្ញុំសង្ស័យថា
ពាក្យបទល្មើសមជ្ឈឹមនេះ គេបកប្រែពីពាក្យ First Degree ទេដឹង ។ បើដូច្នេាះមែននេាះ
ប្រហែលជាមិនត្រឹមត្រូវទេ ព្រេាះពាក្យមជ្ឈឹមមានន័យថា កណ្តាល ឯពាក្យ First Degree
មានន័យថា ធ្ងន់ធ្ង បំផុត ។ សង្ឃឹមថា អ្នកដែលមានអាជីពខាងច្បាប់ អាចជួយបំភ្លឺខ្ញុំផង ។
Friday, June 17, 2016
ចំណីខួរក្បាល
ដូមីណូអេហ្វិច (Domino Effects)
ថ្មីៗនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បាននិយាយឌឺដងដាក់រដ្ឋាភិបាលបរទេសថា៖
បើចង់ផ្តាច់ជំនួយក៏ផ្តាច់ទៅ ព្រេាះថា អ្នកដែលស្លាប់មុនគេ គឺអ្នកធ្វើការងារអោយអង្គការក្រៅរដ្ឋា
ភិបាល ព្រេាះជំនួយទាំងនេាះ ភាគច្រើនយកមកផ្គត់ផ្គង់អង្គការក្រៅរដ្ឋាភិបាល ។ សម្តេចថ្លែងបែប
នេះ បន្ទាប់ពីសភាសហព័ន្ធអឺរ៉ុប គំរាមផ្តាច់ជំនួយដល់ប្រទេសកម្ពុជា ។ ជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំយល់ថា
ការថ្លែងបែបនេះគឺខ្ជីខ្ជាពេកហើយ ។ បើតាមខ្ញុំដឹង ជំនួយរបស់សហព័ន្ធអឺរ៉ុបមកកម្ពុជា
គឺភាគច្រើនផ្តោតលើការអភិវឌ្ឍន៍វិស័យកសិកម្ម ។ បើជំនួយនេាះត្រូវបានផ្តាច់ អ្នកដែលស្លាប់មុនគេនេាះ
គឺកសិករដែលមានចំនួនប្រមាណជា ៨៥% នៃចំនួនសរុបរបស់ពលរដ្ឋកម្ពុជា មិនមែនបុគ្គលិកអង្គការក្រៅ
រដ្ឋាភិបាលនេាះទេ ។ ឧបមាថាសហព័ន្ធអឺរ៉ុបគេដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចថែមទៀត
តើស្រុកខ្មែរនឹងទៅជាយ៉ាងណា ។ យើងដឹងហើយថា ទីផ្សារដ៏ធំបំផុតសម្រាប់ផលិតផលកសិកម្ម
និងវាយនភ័ណ្ឌកម្ពុជាគឺ សហព័ន្ធអឺរ៉ុបនិងសហរដ្ឋអាមេរិក ។ បើសហព័ន្ធអឺរ៉ុបសម្រេចដាក់ទណ្ឌកម្ម
សេដ្ឋកិច្ចប្រទេសកម្ពុជា សហរដ្ឋអាមេរិកនឹងធ្វើដូចគ្នា ។ ពេលនេាះ មហាមិត្តចិន ដែលតែងតែ
ផ្តល់ជំនួយអោយរដ្ឋាភិបាលកម្ពុជាដោយឥតលក្ខខ័ណ្ឌនេាះ ប្រាកដជាមិនសប្បាយចិត្តឡើយ
ព្រេាះផ្នែកខ្លះនៃប្រាក់ជំនួយទាំងនេាះ បានមកពីពន្ធលើប្រាក់ចំណេញរបស់ពលរដ្ឋចិនដែលមក
បេាះទុនបើករោងចក្រផលិតខោអាវនៅកម្ពុជា ។ បើអត់ទីផ្សារ តើរោងចក្រទាំងនេាះអាចដំណើរ
ការបានទេ ។ នៅទីបំផុត រោងចក្រកាត់ដេររលំ វិស័យកសិកម្មចុះខ្សោយ ។ ពេលនេាះឆ្នាំងបាយ
កម្មករកាត់ដេរនិងកសិករក៏អាចស្ងួតដែរ ។ នៅពេលដែលឆ្នាំងបាយពួកគាត់ស្ងួត ខ្ញុំជឿថាកម្មករ
កាត់ដេរនិងកសិករខ្មែរ ប្រាកដជាមិនអត់អោនអោយអ្នកដែលបំផ្លាញភាពសុខដុមរម្យនារបស់
ពួកគាត់ឡើយ ។ សន្លឹកឆ្នោតថ្លៃណាស់ ។ ជិតដល់ពេលបេាះឆ្នោតហើយ ។
កុំប្រមាទឬក៏គឃ្លើនខុសរឿង ។ បើប្រជាជនវេទនា រដ្ឋាភិបាលក៏វេទនាដែរ ។
Friday, May 13, 2016
ចំណីខួរក្បាល
ចៅក្រមនៅស្រុកខ្មែរ
អស់រយៈពេលជាច្រើនអាទិត្យហើយ ការបែកធ្លាយខ្សែអាត់សម្លេងរឿងអាស្រូវស្នេហារបស់លោក កឹម សុខា សមាជិកសភា
និងជាប្រធានស្តីទីគណបក្ខសង្គ្រេាះជាតិ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ និងតុលាការកម្ពុជាយកមកសើុបអង្កេត ។
យើងសូមមិនរៀបរាប់នូវករណីលម្អិតដែលពាក់ព័ន្ធនឹងរឿងនេះទេ គ្រាន់តែចង់លើកយកចំណុចមួយដែលទាក់ទងនឹងច្បាប់
ដែលបានចែងនៅក្នុងរដ្ឋធមនុញ្ញខ្មែរមកពិភាគ្សាតែប៉ុណ្ណោះ ។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងយ៉ាងច្បាស់ថា
"ការលបលួចថតឬអាត់សម្លេងរបស់នរណាម្នាក់ដោយគ្មានការអនុញាតពីម្ចាស់សម្លេង គឺជាបទល្មើសព្យហ្មទណ្ឌ"។
តុលាការ ព្រមទាំងអាជ្ញធរពាក់ព័ន្ធនៅកម្ពុជា មិនត្រឹមតែមិនសើុបអង្កេតស្វែងរកជនល្មើស (អ្នកលួចថតសម្លេងគេ)
មកផ្តន្ទាទោសទេ បែរជាកោះហៅជនរងគ្រោះ (អ្នកដែលត្រូវបានគេលួចថតសម្លេង) មកសើុបអង្កេតអំពីកិច្ចការឯកជន
ដែលជាលទ្ធផលនៃអំពើឧក្រិតទៅវិញ ។ ទង្វើនេះ គឺមិនខុសអ្វីអំពីសហការជាមួយឧក្រិតជន ធ្វើកិច្ចការមួយ
ដែលប្រាសចាកអំពីច្បាប់ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនោះឡើយ ។ ប្រសិនបើករណីដូចគ្នានេះកើតឡើងនៅក្នុង
ប្រទេសដែលគោរពនិតិរដ្ឋខ្ជាប់ខ្ជួន ដូចជា សហរដ្ឋអាមេរិក បារាំង ឬ កាណាដាវិញ ចៅក្រមគេមិនត្រឹមតែមិនទទួលស្គាល់
(Inadmissible) ខ្សែអាត់សម្លេងដែលបានមកដោយអំពើឧក្រិតនោះទេ គេថែមទាំងចាត់វិធានការស្វែងរក
ជនល្មើសថែមទៀត ។ គួរឱ្យសង្វេគពេកណាស់ ដែលចៅក្រមនៅស្រុកខ្មែរធ្វើការងារក្បត់នឹងវិជ្ជាជីវដូច្នេះ ព្រោះថា
ភស្តុតាងដែលបានមកដោយបំពានរដ្ឋធម្មនុញ្ញ មិនអាចយកជាការបានឡើយ ។
Friday, March 4, 2016
Food for Thought
Fire of Mystery:
Before a committee to combat illegal logging was created to curb the prevalence of forestry crime, we have never heard of logger company's wood products being destroyed by fires (wild or otherwise). However, after the committee against illegal logging began its inspection of loggers' concessions on many of the sprawling Economic Land Concessions (ELC), many logs and luxury timbers have been mysteriously burned by forest fires or human criminals. Is it a coincidence or a brazen attempt to destroy the evidences? Hope the committee against illegal logging would shed some lights on this mysterious FIRE!!!
Thursday, March 3, 2016
ចំណីខួរក្បាល
ព្រុសខុសដើមឈើ
នៅក្នុងភាសាអងគ្លេស មានពាក្យគ្រាមពាសាមួយឃ្លារពោលថា Barking up the wrong tree. ដែលយើងអាចបកប្រែដោយសាមញ្ញថា
ធ្វើកិច្ចការមិនចំគោលដៅ ។ បើយើងសង្កេតមើលមកស្រុកខ្មែរ យើងសង្កេតឃើញថា អ្នកដឹងនាំខ្មែរធ្វើកិច្ចការឃ្វាងគោលដៅរហូត ។
ឧទាហរណ៍ ដើម្បីកាត់បន្ថយអត្ត្រាមនុស្សស្លាប់ដោយសារគ្ញ្រោះថ្នាក់ចរាចរណ៍ គេមិនរឹតបន្តឹងច្បាប់ដោយផ្តោតលើការអប់រំនិងគ្រប់គ្រងផ្នែកបច្ចេទេសទេ
តែបែរជាបង្ខំអោយពលរដ្ឋអនុវត្តច្បាប់ដោយខ្វះការអប់រំទៅវិញ ។ ជាលទ្ធផល ករណីមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ហាក់ដូចជាមិនបានកាត់បន្ថយសោះឡើយ ។
ថ្មីៗនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្ត ឧត្តមានជ័យ និង ព្រះសីហនុ ដែលបណ្តាលអោយមនុស្សស្លាប់និងរងរបួស រាប់សិបនាក់ ។
ដើម្បីសុវត្ថភាពទាំងអស់គ្នា ច្បាប់ចរាចរណ៍ គួរណាស់តែផ្តោតលើការរឹតបន្តឹងសម្តភាពអ្នកបើកបរយានយន្តដឹកជញ្ជូន ទាំងមនុស្សទាំងសម្ភារ
អោយមានការហ្វឹកហ្វឺនជាក់លាក់ នឹងប្រលងយកលិខិតបើកបរទៅតាមបច្ចេកទេសនិងស្តង់ដារណាមួយដែលកំរឹតដោយក្រុមអ្នកបច្ចេកទេសរបស់ក្រសួងពាក់ព័ន្ធ ។
បន្ទាប់មក ត្រូវលុបបំបាត់អោយអស់នូវការដឹកជញ្ជូនលើសចំណុះ និងការប្រើយានយន្តខុសទិសដៅ ឬក៏ខុសអំពីអ្វីដែលជាដែនកំណត់របស់យានយន្ត ។
ឧទាហរណ៍ បើរថយន្តដែលគេផលិតសម្រាប់ដឹកមនុស្ស១០នាក់ អាជ្ញាធរមិនត្រូវអនុញាតិអោយផ្ទុកមនុស្សដល់ ២០នាក់ឡើយ ។ ដូចគ្នាដែរ
រថយន្តដែលគេផលិតសម្រាប់ដឹកអីវ៉ាន់ ១០តោន មិនអាចយកទៅកែច្នៃ ផ្ទុកអីវ៉ាន់ដល់ ២០តោនបានឡើយ ។
ដរាបណាអាជ្ញាធរខ្មែរមិនយកចិត្តទុកដាក់ជាមួយនឹងបញ្ហាដូចបានរៀបរាប់នេះ យើងគ្មានសង្ឃឹមទេថា អត្ត្រាមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅស្រុកខ្មែរ
អាចនឹងត្រូវកាត់បន្ថយឡើយ ។
Thursday, October 29, 2015
Food for Thought
Ignorant or Wrong-Headed Action
I am not a supporter of any political party in Cambodia. But I have noticed recently in a violent protest against first vice president of the Cambodian National Assembly, Mr. Kem Sokha, which resulted in two representatives being beaten savagely by protesters, that those protesters did not understand what they were doing. If we looked closely at the words the protesters displayed on their banners, they said that Mr. Kem Sokha was a "Devious" (ក្រឡិចក្រឡុច), "Poisonous" (ពិសពុល), and "Provocative" (ញុះញង់) person who is not worthy of holding National Assembly's First Vice President position. Let's look at the definition of each word. Devious: Not keeping promise or untrustworthy. Poisonous: toxic, noxious, nasty. Provocative: challenging, stimulating, offensive. By nature, all politicians are using these three (3) words described above as strategy to garner supports and votes to win political offices, regardless of who they are. Even Communist dictators are using this strategy, too, to keep the flame of class struggle alive. If Cambodia needs to get rid of every Devious, Poisonous, and Provocative politician, then the whole country would certainly be deprived of politicians. This might not be bad after all, given the fact that politician's squabbling have been the sole source of Cambodian calamity and suffering over the past half century and beyond.
Wednesday, October 21, 2015
Food for Thought
Delineate or Dissolve: The Stupidity That Lands a Senator in Jail
Border demarcation between Cambodia and Vietnam has been a contentious issue among Cambodian politicians and political activists. The rancor has recently landed a senator in jail for posting a "fake" document relating to the 1979 border treaty between Cambodia and Vietnam on Facebook. Actually, the "fake" document appears to be just for one fake word: "Dissolve" which was put in place of the word: "Delineate". After many efforts by media savvy people, it now appears that this "fake document or word" has been tracked down to the doorstep of the France-based Cambodian Border Committee, which was led by a Mr. Sean Pengse. If this is where the word "dissolve" was translated from either Khmer or French for what its original meaning or actual writing was "delineate", the people who are responsible for translating it, should seriously need to have their credibility checked. Whether it was intentional or unintentional, the word "delineate" and "dissolve" are not the same or similar in any shape or form. In all seriousness, this Cambodian Border Committee probably needs to be "dissolved" for failing to make a correct translation of the word "delineate." I am saying this "tongue in cheek", of course.
Wednesday, July 22, 2015
Food for Thought
Unbelievable!!
Recently, King Norodom Sihamoni has given a pardon to a "convicted terrorist," Soun Serey Ratha, so that he would have a right to run for political office in Cambodia. What seems bothersome to many people, including me, is that Soun Serey Ratha is a nemesis of King Sihamoni's father, Norodom Sihanouk. In many of his writings, Soun Serey Ratha has defamed, defiled, and denounced Sihanouk like a mad man. It is shocking, indeed, to see King Sihamoni give pardon to a man who seems to hate his father to the bone.
Tuesday, April 21, 2015
ចំណីខួរក្បាល
សាច់ក្រក និង ច្បាប់
នៅក្នុងភាសាអងគ្លេស មានពាក្យមួយឃ្លាពោលថា៖ (You'd better not
knowing how sausage and law are made.) ដែលមានន័យថា
វាជារឿងល្អ ប្រសិនបើអ្នកមិនដឹងថាតើគេធ្វើសាច់ក្រកនិងច្បាប់ដោយរបៀបណា ។
តាមធម្មតា គេធ្វើសាច់ក្រកដោយយកកំទេចសាច់ ឬ ប្រភេទសាច់មិនសូវល្អ
មកកិនបញ្ចូលគ្នាលាយគ្រឿងហើយញាត់ចូលក្នុងស្រោម ។ និយាយឲ្យងាយយល់
សាច់ដែលគេយកទៅធ្វើជាសាច់ក្រក ភាគច្រើជាប្រភេទសាច់ដែលយើងខ្ពើម ។
យ៉ាងណាមិញ ការបង្កើតច្បាប់ក៏ដូច្នោះដែរ ។ អ្វីដែលល្អ គឺត្រូវបានគេដកចេញ
នៅលស់តែអ្វីដែលមិនសូវល្អតែប៉ុណ្ណោះ ។ ឧទាហរណ៍ ច្បាប់បោះឆ្នោតថ្មីដែល
គណបក្ស ប្រជាជន និង សង្រ្គោះជាតិ ទើបអនុមតិថ្មីៗនេះ គឺមិនខុសអ្វីអំពីសាច់
ក្រកនោះឡើយ ។ ចំណុចដែលគួរឲ្យខ្ពើមពីរ (២) នៅក្នុងច្បាប់នេះគឺ ទី ១
ការគាបសង្កត់(បង្រួញវិសាលភាព) ទៅលើសិទ្ធិផ្សព្វផ្សាយ ឬ និយាយស្តី
របស់សង្គមស៊ីវិល និង ទីពីរ (២) ការអនុញាតឲ្យមន្រ្តីយោធានិងនគរបាល
ធ្វើយុទ្ធនាការឃោសនាគាំទ្រគណបក្សនយោបាយ (នៅក្រៅម៉ោងធ្វើការងារ) ។
ការគាបសង្កត់សិទ្ធិផ្សព្វផ្សាយនិយាយស្តីរបស់សង្គមស៊ីវិល ឬ អង្គការក្រៅរដ្ឋាភិបាល
គឺមិនខុសអ្វីអំពីការបំបិទសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរទូទៅ មិនឲ្យរិះគន់ឬទិតៀន
ថ្នាក់ដឹកនាំគណបក្សនយោបាយនោះឡើយ ។ មូលហេតុដែលយើងហ៊ាន
អះអាងដូច្នេះ ព្រោះថា បុគ្គលិកអង្គការសង្គមស៊ីវិលភាគច្រើនគឺជាពលរដ្ឋខ្មែរ ។
ដូច្នេះ ពួកគេអាចប្រកាសថា៖ ខ្លួនផ្សព្វផ្សាយឬនិយាយស្តីក្នុងនាមជាពលរដ្ឋខ្មែរ ។
នៅពេលមានករណីដូចនេះកើតឡើង ខ្សែបន្ទាត់ដែលបែងចែកសង្គមស៊ីវិលនិង
ពលរដ្ឋខ្មែរនឹងមានភាពមិនច្បាល់លាស់ ដែលជាហេតុនាំឲ្យអជ្ញាធរមានលេស
បង្រួញសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរឲ្យរួញរឹតតែតូចទៅៗ ។ នៅក្នុងភាសា
អងគ្លេសគេហៅថា រអិលចុះពីលើទួល (Slippery Slope Effect) ។
ចំណែកឯការអនុញាតឲ្យមន្ត្រីយោធានិងនគរបាលមានសិទ្ធិធ្វើយុទ្ធនាការគាំ
ទ្រគណបក្សនយោបាយ (ក្រៅម៉ោងធ្វើការងារក្តី ក្នុងម៉ោងធ្វើការងារក្តី)
គឺមិនខុសអ្វីអំពីបើកឱកាសឲ្យមានអំពើហិង្សាដោយអាវុធកើតឡើងដោយ
ងាយស្រួលនោះឡើយ ព្រោះថាអង្គភាពយោធានិងនគរបាល សុទ្ធតែមាន
អាវុធនៅក្នុងដៃ ។ នៅពេលដែលគណបក្សនយោបាយដែលពួកគេគាំទ្រ
ប្រឈមមុខដាក់គ្នាដោយប្រការណាមួយ ពួកគេក៏អាចប្រឈមមុខដាក់គ្នា
ផងដែរ ។ យើងមិនអាចសន្មត់ទេថា មន្ត្រីយោធានិងនគរបាលសុទ្ធតែគាំ
ទ្រគណបក្សដឹកនាំរដ្ឋាភិបាលដែលជាមេគ្រប់គ្រងរបស់ពួកគេ ។ ហើយ
ក៏មិនត្រូវសន្មត់ដែរថា ការបោះឆ្នោតនៅថ្ងៃអនាគត នឹងមិនមានទំនាស់
រវាងគណបក្សនយោបាយនោះឡើយ ។ យើងនៅចាំបានថា កាលពី ១៥
ឆ្នាំមុន សហរដ្ឋអារិកដែលមានបទពីសោធបោះឆ្នោតជាង២០០ឆ្នាំមកហើយ
នោះ បានជួបនូវភាពចម្រូងចម្រាសប្រកាសលទ្ធផលបោះឆ្នោតមួយរវាង
លោកអតីតអនុប្រធានាធិបតី អែល ហ្គ័រ និង លោក ហ្សច ប៊ុស ។ ការសន្មត់ថា
គណកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា អាចរៀបចំការបោះឆ្នោតនៅ
ស្រុកខ្មែរបានដោយគ្មានបញ្ហានោះ គឺគ្រាន់តែជាការស្រមើស្រមៃតែប៉ុណ្ណោះ ។
ចំណែកឯករណីអ្នកស្រី ពុង ឈីវ ហ្កេច ដែលគណបក្សឈ្នះឆ្នោតទាំងពីរ
(ប្រជាជន និង សង្គ្រោះជាតិ) បានមូលមតិគ្នាថានឹងជ្រើសរើសឲ្យធ្វើជា
សមាជិក គជប ដំណាងឲ្យអង្គការក្រៅរដ្ឋាភិបាលនោះ វាគឺជាជ្រុងមួយផ្សេង
ទៀតនៃដំណើរការផលិតសាច់ក្រកនិងច្បាប់ ។ កាលពីប៉ុន្មានឆ្នាំមុន រដ្ឋសភា
កម្ពុជាបានអនុមតិច្បាប់មួយដែលគេហៅថា ច្បាប់ ឯកពន្ធភាព (ហាមមិនឲ្យ
មានប្រពន្ធលើសពីមួយ) ។ ច្បាប់នេះ បើនិយាយឲ្យចំ គឺគេបង្កើតឡើងដើម្បី
បង្កផលវិបាកដល់ទ្រង់ រណ្ណឬទ្ធិ ដែលជាមនុស្សមានស្រីញីច្រើន ។ ប៉ុន្តែ
អ្នកដែលមានស្រីញីច្រើននោះ មិនមែនមានតែទ្រង់ រណ្ណឬិទ្ធិមួយនោះទេ ។
អ្នកដទៃទៀតក៏មានដែរ គ្រាន់តែគេចេះលាក់ការសម្ងាត់បានល្អជាងទ្រង់
រណ្ណឬទ្ធិ ។ យ៉ាងណាមិញ ច្បាប់ហាមមិនឲ្យសមាជិកគណកម្មាធិការជាតិរៀប
ចំការបោះឆ្នោតមានសញ្ជាតិពីរឬបីនោះ គឺមិនខុសអ្វីអំពីច្បាប់ឯកពន្ធភាព
នេះទេ ។ អ្នកដែលមានសញ្ជាតិលើសពីមួយ (១) ធ្វើការនៅក្នុងជួររដ្ឋាភិបាល
ខ្មែរចាប់ពីក្នុងព្រះបរមរាជវាំងរហូតទៅដល់ឃុំសង្កាត់ មានរាប់មិនអស់ ហេតុអ្វី
ក៏គេមិនអើពើផង ? វាគ្មានហេតុផលទាល់តែសោះក្នុងការដាក់កំហិតមិនឲ្យ
សមាជិកគណកម្មាធិការជាតិរៀបចំការបោះឆ្នោតមានសញ្ជាតិពីរឬបី ។
បើមិនចង់ឲ្យជនបរទេសធ្វើការនៅក្នុងស្ថាប័ននេះ គេគ្រាន់តែចែងនៅក្នុង
ច្បាប់ថា ៖ សមាជិក គជប ត្រូវមានដើមកំណើតជាខ្មែរ (កើតក្នុងស្រុកខ្មែរ
សញ្ជាតិខ្មែរ) និងធ្លាប់បានរស់នៅក្នុងស្រុកខ្មែរមានថេរវេលាយ៉ាងតិច ១៣ ឆ្នាំ
នោះគឺវាគ្រប់គ្រាន់ណាស់ទៅហើយ ។ ឯសញ្ជាតិដទៃដែលមិនមែនជាសញ្ជាតិ
កំណើតនោះ គេមិនចាត់ទុកថាជាទំនាស់នោះទេ ។ នេះគឺជាច្បាប់មួយដែល
សហរដ្ឋអារិកប្រើសម្រាប់ជ្រើសរើសប្រធានាធិបតីរបស់គេ ។ ឯសមាជិក គជប
ខ្មែរមិនមែនជាប្រមុខរដ្ឋផង ហេតុអ្វីក៏ចាំបាច់មានលក្ខខណ្ឌតឹងរឹងម្លេះ ?
ចំណុចមួយទៀតដែលតម្រូវឲ្យសមាជិក គជប ដែលមានសញ្ជាតិផ្សេងក្រៅ
ពីសញ្ជាតិខ្មែរប្រកាសលុបចោល ឬក៏ព្យួសញ្ជាតិមួយរយៈនោះ វាគឺជាយន្តការ
រារាំងមិនឲ្យខ្មែរដែលមានសញ្ជាតិពីរមានឱកាសធ្វើការងារក្នុង គជប បានឡើយ
ព្រោះថាការសុំចូលសញ្ជាតិ បារាំងក្តី អាមេរិកាំងក្តី កាណាដាក្តី សុទ្ធតែត្រូវធ្វើ
តាមនិតិវិធីដ៏លំបាកនិងត្រូវចំណាយពេលវេលាយ៉ាងយូរទៀតផង ។ គេមិនអាច
សុំលុបឬក៏ព្យួសញ្ជាតិមួយរយៈបានដោយងាយៗនោះទេ ។ ចំណុចនេះហើយ
ដែលជាកត្តាមួយធ្វើឲ្យអ្នកស្រី ពុង ឈីវ ហ្គេច ប្រកាសមិនទទួលយកតួនាទីនៅ
ក្នុង គជប ព្រោះថាសញ្ជាតិបារាំង ឬ កាណាដា ជាសំណាញ់សុវត្ថភាពតែមួយគត់
សម្រាប់ធានាសេរីភាពនិងសុខមាលភាពដល់អាយុជិវិតលោកស្រី ។ បើគេដក
សំណាញ់សុវត្ថភាពនេះចេញទៅហើយ កុំថាឡើយអ្នកស្រី ពុង ឈីវហ្គេច ដែល
មានចំណេះដឹងជ្រៅជ្រះ សូម្បីតែមនុស្សអវិជ្ជាក៏គេមិនចាក់ចោលអង្ករទៅកើប
យកអង្កាមនោះដែរ ។ ត្រង់ចំណុចនេះ ខ្ញុំសូមឆ្លើតតបទៅស្មេរមួយចំនួនដែលរិះ
គន់អ្នកស្រី ពុង ឈីវហ្គេច ថាជាមនុស្សមិនស្នេហាជាតិ ឬ ជាមនុស្សមានជម្ងឺឥត
ខ្ចោះនិយម (Perfectionism, one who would accept nothing
short of perfection.) ។ ធម្មជាតិនៃមនុស្ស គ្មាននរណាម្នាក់ស្នេហាជាតិ
ឬគិតអំពីសេចក្តីសុខសន្តិភាពរបស់អ្នកដទៃ មុនសេចក្តីសុខរបស់ខ្លួននោះទេ ។
បើអ្នកគិតថាមានមនុស្សប្រភេទនេះ អ្នកយល់ច្រឡំធំហើយ ។ មនុស្សដែលសុខ
ចិត្តបូជាអាយុជីវិតរបស់ខ្លួនដើម្បីសង្គ្រោះអ្នកដទៃនោះ គឺមានតែនៅក្នុងស្ថាន
ភាពប្រថុចញ៉ុច ឬគ្រោះថ្នាក់ ឬក៏ត្រូវបានគេបង្ខំតែប៉ុណ្ណោះ ។ ដូច្នេះ ការសម្រេច
ចិត្តមិនទទួលតំណែងក្នុង គជប របស់លោកស្រី ពុង ឈីវហ្គេច វាគ្មានអ្វីគួរឲ្យ
ភ្ញាក់ផ្អើលនោះទេ ព្រោះវាជាសិទ្ធិសេរីភាពរបស់គាត់ក្នុងការជ្រើសរើស ក៏ដូច
ជាសិទ្ធិសេរីភាពរបស់យើងម្នាក់ៗក្នុងការជ្រើសរើសអ្វីៗគ្រប់យ៉ាងដើម្បី
បំពេញតម្រូវការនៃជីវិតយើងដែរ ៕
Subscribe to:
Posts (Atom)
ចំណីខួរក្បាល
កិច្ចព្រមព្រៀង កិច្ចព្រមព្រៀង គឺជាពាក្យមួយ ដែលមានអត្ថន័យ ទូលំទូលាយ ។ ហើយវាក៏ជាពាក្យមួយ ដែលបង្កឲ្យមានគ្រោះមហន្តារាយ មកលើមនុស្សជាតិ ជាច្រើនដ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង សត្វលានិងរូបចម្លាក់ បុរសម្នាក់បានផ្ទុករូបចម្លាក់ព្រះពុទ្ធបដិមាករ ដែលធ្វើអំពីឈើមួយអង្គ នៅលើខ្នងលា ដើម្បីដឹកយកទៅដាក់នៅក្នុងព្រះវិហារ ។ ...
