Friday, December 16, 2016

ពិការញាណ ឬ ADHD ខ្ញុំឧស្សាហ៍ឃើញឪពុកម្តាយសម័យឥឡូវត្អូញត្អែរឿងកូនតូចកូរ (សំដៅក្មេងរពិសងុិកង៉ក់ពិបាកគ្រប់គ្រងនិយាយមិនស្តាប់) ដែលចាស់ៗសម័យមុនហៅក្មេងប្រភេទនេះថា៖ រពិសដូចចាប់ក្តាមដាក់ចង្អេរ ។ ឪពុកម្តាយខ្លះបង្ខំចិត្ត គក់ (វាយប្រដៅ) នៅពេលដែលគាត់ទ្រាំនឹងការកូររបស់កូនមិនបាន ។ បើតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ ក្មេងដែលពូកែកូរភាគច្រើន ច្រើនតែមានជម្ងឺ Attention Deficit Hyperactivity Disorder (ADHD) ដែលខ្ញុំយកពាក្យខ្មែរ៖ ពិការញាណ (Learning Disability) មកប្រើដើម្បីងាយស្រួលក្នុងការអាន ។ ADHD ឬ ពិការញាណ កើតមានទៅលើក្មេងជាច្រើន ជាពិសេសនៅចន្លោះអាយុពី ១ថ្ងៃ ទៅ ៧ឆ្នាំ ។ គេមិនដឹងថា តើជម្ងឺពិការញាណបណ្តាលមកពីអ្វីទេ ។ មតិទូទៅសន្និដ្ឋានថា ៥០ភាគរយបណ្តាលមកពីហ្សេន (Gene) និង៥០ភាគរយទៀតបណ្តាលមកពីម្តាយទទួលទានចំណីអាហារដែលមានសារធាតុគីមី និងជាតិពុលច្រើន (Toxin) នៅអំឡុងពេលមានគរ៌ ។ ជាទូទៅ គ្រូពេទ្យមិនធ្វើរោគវិនិច្ឆ័យលើក្មេងអាយុក្រោម ៥ឆ្នាំ ដើម្បីស្វែងយល់ថាតើកូនក្មេងអាចពិការញាណឬអត់នោះទេ ព្រោះពិបាកវាយតម្លៃ ត្រូវការរយៈពេលសង្កេតតាមដានយូរ ហើយពាក់ព័ន្ធគ្រូពេទ្យបីជំនាញគឺ ពេទ្យផ្លូវចិត្ត(Psychiatrist) ពេទ្យចិត្តសាស្ត្រ(Psychologist) និង ពេទ្យកូនក្មេង (Pediatrist) ។ ប៉ុន្តែ យើងអាចចូលមើលនៅក្នុង វ៉េបសាយ របស់មជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជម្ងឺ (Center for Disease Control, CDC, U.S.A.) ដើម្បីស្វែងយល់ដោយខ្លួនឯងបាន ។ នៅទីនោះ គេចែកភាពពិការញាណជាបីក្រុម ព្រមទាំងមានសរសេររោគសញាលម្អិតទៀតផង ។ ក្មេងណាដែលមានរោគសញាចំនួន ៦ គឺអាចចាត់ទុកថាពិការញាណ ។ ជម្ងឺពិការញាណនេះ អាចសាបរលាបទៅវិញនៅពេលដែលក្មេងចំរើនវ័យកាន់តែធំ ។ ប៉ុន្តែ មនុស្សមួយចំនួនមិនអាចរើខ្លួនរួចពីភាពពិការញាណឡើយ ។ មានន័យថា ត្រូវរស់នៅជាមួយជម្ងឺនេះអស់មួយជីវិត ។ ដើម្បីព្យាបាលជម្ងឺពិការញាណ ឬក៏ជួយឲ្យក្មេងឆាប់រើខ្លួនរួចពីភាពពិការញាណ គេមិនត្រូវគក់ឬវាយប្រដៅវានៅពេលដែលវាកូរយើងទេ ។ ធ្វើដូច្នោះ មិនត្រឹមតែមិនអាចជួយវាឲ្យឆាប់ជាពីភាពពិការញាណទេ ថែមទាំងបំផ្លាញភាពឆ្លាតវាងវៃរបស់វាទៀតផង ។ មធ្យោបាយល្អបំផុតគឺត្រូវប្រើយុទ្ធសាស្ត្រ វិជ្ជមាននិយម (Positive Reinforcement) ។ អ្នកដែលធ្លាប់មើលកុនចិនរឿង ដាវទិព្វស៊ូឡុង យុទ្ធសាស្ត្រវិជ្ជមាននិយមគឺមិនខុសអ្វីពីក្បួន មហាបង្វិល ដែល ចាង វូជី រៀននៅក្នុងរូងក្រោមដីនោះទេ ។ និយាយឲ្យចំ យុទ្ធសាស្ត្រវិជ្ជមាននិយម គឺសំដៅលើការបង្វិលឋាមពលអវិជ្ជមានរបស់ក្មេង (Negative Energy) ឬអ្វីៗដែលយើងមិនចង់ឲ្យវាធ្វើ ឲ្យទៅជាឋាមពលវិជ្ជមាន (Positive Energy) ។ ឧទាហរណ៍ បើយើងចង់ឡើងតាមជណ្តើរយន្ត តែក្មេងចង់ឡើងតាមជណ្តើរធម្មតាយើងគប្បីធ្វើតាមវា ដោយឆ្លៀតឱកាសនាំវារាប់កាំជណ្តើរលេងជាល្បែងផងនិងរៀនផង ។ ប៉ុន្តែ ពេលខ្លះវាទាមទាលេង ឬក៏ធ្វើសកម្មភាពដែលមានហានិភ័យខ្ពស់ ដូចជាមួលចង្ក្រានហ្គាសដើម្បីមើលភ្លើងឆេះ ឬក៏ចង់លូកស្ទាបបាតឆ្នាំងអ៊ុតដែលកំពុងក្តៅជាដើម ។ នៅពេលប្រឈមនឹងករណីបែបនេះ យើងគប្បីប្រើយុទ្ធសាស្ត្របង្វែអារម្មណ៍ ដោយនាំវាលេងអ្វីមួយដែលវាចូលចិត្ត ។ បើធ្វើដូច្នោះមិនជោគជ័យ យើងគប្បីប្រើកម្លាំងបាយរារាំងដោយមិនអនុញាតិឲ្យវាប្រព្រឹត្តិអ្វីដែលវាចង់ធ្វើ គួបផ្សំជាមួយនឹងការពន្យល់ណែនាំអំពីផលវិបាកនៃទង្វើរបស់វា (និយាយម្តងហើយម្តងទៀតរហូតទាល់តែបានលទ្ធផលវិជ្ជមាន) ។ កាលខ្ញុំនៅវ័យកុមារ ខ្ញុំឧស្សារហ៍ឃើញម៉ែឪមួយចំនួន (រួមទាំងម៉ែឪខ្ញុំផង) វាយប្រដៅក្មេងនៅពេលដែលក្មេងទាំងនោះចង់ធ្វើអ្វីដែលគាត់មិនចង់ឲ្យប្រព្រឹត្តិ ។ ម៉ែឪខ្លះថែមទាំងបណ្តោយឲ្យក្មេងស្ទាបបាតឆ្នាំងអ៊ុតដែលក្តៅទៀតផង ដើម្បីឲ្យឆាប់រាងចាល ។ ធ្វើដូច្នោះ ពិតជាមិនត្រឹមត្រូវទេ ព្រោះថាធម្មជាតិនៃក្មេង ទោះបីជារលាកដៃ ៥ដងក៏នៅតែមិនរាងចាលដែរ ។ ឯការវាយប្រដៅក៏ដូច្នោះដែរ មិនមានប្រសិទ្ធភាពក្នុងការកែប្រែចរិតរបស់ក្មេងទេ ។ ខាងក្រោមនេះជារោគសញ្ញាមួយចំនួនដែលខ្ញុំបកប្រែពីភាសាអង់គ្លេសមកខ្មែរដើម្បីឲ្យអ្នកដែលមានកូនតូចយកទៅវិភាគថាតើកូនសម្លាញ់របស់ខ្លួនអាចស្ថិតនៅក្រោមឥទ្ធិពល ពិការញាណ(ADHD) ដែរឬយ៉ាងណា ។ ទន្ទឹមនឹងនេះ ខ្ញុំសុំធ្វើសំណូមពរមួយ៖ ពេលកូនកូរ កុំគក់គ្នាអី ៕ រោគសញ្ញាពិការញាណ ឬ ADHD៖ ១) និយាយច្រើន ២) ចចេស ចង់បានអីបានហ្នឹង ៣) មិនចូលចិត្តលេងចូលជាមួយក្មេងដទៃ ៤) និយាយមិនស្តាប់ ៥) មិនធ្វើតាមការណែនាំ ៦) រពិសដូចចាប់ក្តាមដាក់ចង្អេរ ៧) លោកកញ្ឆេងនៅមិនសុខ ៨) គ្រញែងខ្លួនញឹកញាប់ ៩) ចូលចិត្តប្រឡែងនឹងគ្រោះថ្នាក់ ១០) មិនចេះរៀបចំទុកដាក់របស់លេង (ពូកែពង្រាយ) ១១) មិនចូលចិត្តកិច្ចការដែលតម្រូវឲ្យគិតច្រើន ១២) ភ្លេចច្រើន ១៣) សំកុក ធ្មាំងៗ ។ល។

Tuesday, December 6, 2016

ចំណីខួរក្បាល

ប្រជាធិបតេយ្យអាមេរិក ការជ្រើសរើសលោក ដូណាល់ ត្រាំ ឲ្យធ្វើជាប្រធានាធិបតីនៃ សហរដ្ឋអាមេរិក បានធ្វើឲ្យមជ្ឈដ្ឋានជាច្រើន ទាំងក្នុង និងក្រៅប្រទេសអាមេរិកមានប្រតិកម្មផ្សេងៗពីគ្នា ។ អ្នកខ្លះរីករាយ អ្នកខ្លះក្តៅក្រហាយ ។ រឿងដែលគួរឲ្យចាប់អារម្មណ៍ ឬអស់សំណើចមួយនោះ គឺថា មានមេដឹកនាំប្រទេសរបៀបផ្តាច់ការមួយចំនួនរំពឹងថា នៅពេលដែលលោក ត្រាំ ក្លាយជាប្រធានាធិបតី ពួកគេនឹងមានទំនាក់ទំនងល្អជាមួយនឹងអាមេរិក ។ ច្រឡំធំហើយ ។ មិនត្រូវភ្លេចទេថាកាលពីជាង ២០០ឆ្នាំមុន អាមេរិកបានធ្វើបដិវត្តរំដោះខ្លួនចេញពីរបបគ្រុបគ្រងផ្តាច់ការ ហើយស្អប់បំផុតមេដឹកនាំផ្តាច់ការ ។ ដូច្នេះ ទំនាក់ទំនងល្អឬមិនល្អ គឺអាស្រ័យទាំងស្រុងលើកត្តា ថាតើមេដឹកនាំផ្តាច់ការគោរព និងផ្តល់សិទ្ធសេរីភាពឲ្យពលរដ្ឋដែលខ្លួនគ្រុបគ្រងដល់កំរិតណា ។ ចំណែកអ្នកដែលមានការព្រួយបារម្ភថា លោក ត្រាំ អាចធ្វើព្យុះធ្វើភ្លៀងនៅក្នុងរដ្ឋបាលសហរដ្ឋអាមេរិកនោះ មិនបាច់បារម្ភទេ ព្រោះស្រុកអាមេរិកគេដឹកនាំរដ្ឋាភិបាលតាមសៀវភៅ (រដ្ឋធម្មនុញ) មិនមែនតាមចិត្តចង់នោះទេ ។ អ្នកសរសេររដ្ឋធម្មនុញអាមេរិក គេបានគិតគូរសព្វជ្រុងជ្រោយនូវរាល់ផលវិបាកនានាទាក់ទិននឹងការដឹកនាំរដ្ឋ ព្រមទាំងបានរៀបចំប្រព័ន្ធអភិបាលកិច្ចប្រកបដោយតុល្យភាពទៀតផង ។ ដូច្នេះ អ្វីដែលលោក ត្រាំ និយាយ ឬក៏សន្យាថានឹងអនុវត្តនោះ វាគ្រាន់តែជាការឃោសនារកការគាំទ្រតែប៉ុណ្ណោះ ។ សម្រាប់អ្នកដែលមិនសូវយល់អំពីប្រព័ន្ធអភិបាលកិច្ចអាមេរិក ខ្ញុំសូមបកស្រាយត្រួសៗ ។ ការផ្លាស់ប្តូរទិសដៅដឹកនាំរដ្ឋដែលពាក់ព័ន្ធដល់ការតាក់តែងឬក៏កែប្រែច្បាប់ គឺត្រូវឆ្លងកាត់ការយល់ព្រមអំពីសំណាក់រដ្ឋសភា និងព្រឹទ្ធសភាផងដែរ ។ សមាជិកសភាអាមេរិកាំង ជាពិសេសតំណាងរាស្ត្រដែលត្រូវបោះឆ្នោតជ្រើសរើស២ឆ្នាំម្តង មិនមែនចេះតែបោះឆ្នោតគាំទ្រគោលនយោបាយតាមខ្សែបក្សទេ ។ គេគាំទ្រតែគោលនយោបាយណាដែលពលរដ្ឋនៅក្នុងមណ្ឌលរបស់គេគាំទ្រតែប៉ុណ្ណោះ ។ បើមិនដូច្នោះទេ ពលរដ្ឋនឹងបោះឆ្នោតទម្លាក់គាត់ចេញពីអាសន្នៈសភាហើយ ។ សម្រាប់សមាជិករដ្ឋសភានិងព្រឹទ្ធសភាអាមេរិកាំង គណបក្សគឺគ្រាន់តែជាស្លាកយីហោតែប៉ុណ្ណោះ អ្វីដែលសំខាន់នោះគឺការគាំទ្ររបស់ពលរដ្ឋនៅក្នុងមណ្ឌលរបស់ពួកគាត់ ។ បើពលរដ្ឋនៅក្នុងមណ្ឌលរបស់ពួកគាត់មិនគាំទ្រ ទោះបីលោកត្រាំចង់ធ្វើអ្វីក៏ដោយក៏សមាជិកសភាមិនគាំទ្រដែរ ព្រោះថាអាសន្នៈនិងតួនាទីរបស់សមាជិកសភាទាំងនោះ បានមកដោយការគាំទ្ររបស់ពលរដ្ឋ មិនមែនបានដោយសារការផ្តល់ឲ្យរបស់មេបក្ស ឬក៏ប្រធានាធិបតីឡើយ ។ ម៉្យាងទៀត សមាជិកសភាអាមេរិកាំង មិនស្ថិតនៅក្រោមឥទ្ធិពលរបស់ថ្នាក់ដឹកនាំបក្សទាំងស្រុងទេ ។ យើងមើលតែករណីលោក ត្រាំ ក៏អាចយល់បានខ្លះដែរ ។ ថ្នាក់ដឹកនាំគណបក្សសាធារណរដ្ឋស្ទើរតែទាំងអស់មិនគាំទ្រលោកត្រាំជាបេក្ខជនប្រធានាធិបតីទេ ប៉ុន្តែ លោកត្រាំនៅតែអាចឈរឈ្មោះនិងក្លាយជាប្រធានាធិបតីបាន ដោយហេតុតែពលរដ្ឋគាំទ្រគាត់ ។ នេះជាចំណុចពិសេសមួយរបស់របបប្រជាធិបតេយ្យអាមេរិកៈ ពលរដ្ឋជាអ្នកសម្រេចជោគវាសនាខ្លួនដោយពិតប្រាកដ ៕

ចំណីខួរក្បាល

ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...