Wednesday, November 30, 2016

ចំណីខួរក្បាល

មេរោគ ថ្មីៗនេះ ខ្ញុំបានស្តាប់អ្នកឯកទេសខាងផ្សព្វផ្សាយម្នាក់បង្រៀនអ្នកវីទ្យាសាស្ត្រមួយក្រុមនៅក្នុងកិច្ច ប្រជុំមួយ ។ ចំណុចដែលខ្ញុំចាប់អារម្មណ៏ជាងគេនៅក្នុងកិច្ចប្រជុំនោះ គឺអ្នកឯកទេសខាងផ្សព្វផ្សាយ បានរិះគន់ក្រុមអ្នកវិទ្យាសាស្ត្រថា៖ មានសមត្ថភាពក្នុងការស្វែងរកមធ្យោបាយព្យាបាលជម្ងឺ ប៉ុន្តែខ្វះ សមត្ថភាពក្នុងការពន្យល់សាធារណជនឲ្យយល់អំពីជម្ងឺ ។ ខ្ញុំមិនមែនជាអ្នកវិទ្យាសាស្ត្រ ហេីយក៏មិនមែនជាអ្នកសិក្សាផ្នែកខាងព្យាបាលជម្ងឺដែរ ។ អត្ថបទនេះ គ្រាន់តែជាការផ្សព្វផ្សាយចំណេះដឹងរបស់ខ្ញុំអំពី មេរោគ តែប៉ុណ្ណោះ ដេីម្បីជាចំណីខួរក្បាល សម្រាប់អ្នកដែលមិនមានចំណេះដឹងផ្នែកពេទ្យ ។ មេរោគ ដែលភាសាអង់គ្លេសហៅថា ម៉ៃក្រូប (Microbes) មានប្រាំពួក គឺ៖ អាឃៀ បាក់តេរី វិរ៉ុស ហ្វាំងហ្គាយ និង ប្រូទីស្តា (Archaea, Bacteria, Virus, Fungi, Protista) ។ ក្នុងចំណោមមេរោគទាំងប្រាំពួកនេះ មានមេរោគពីរ (២) ពួកដែលផ្តល់ទុក្ខទោសដល់មនុស្ស សត្វ និង រុក្ខជាតិច្រើនជាងគេ ។ ពពួកទីមួយគឺ បាក់តេរី (Bacteria) ។ ពពួកទីពីរគឺ វីរ៉ុស (Virus) ។ មុននឹងខ្ញុំពិពណ៌នាលម្អិតអំពីមេរោគទាំងពីរពួកនេះ ខ្ញុំសូមធ្វើកំណត់សម្គាល់បញ្ជាក់ថា៖ បាក់តេរី មានថ្នាំព្យាបាល (សម្លាប់មេរោគ) រីឯវីរ៉ុស គ្មានថ្នាំព្យាបាលទេ ។ ជម្ងឺភាគច្រើនបំផុត នៅក្នុងពិភពលោក គឺបង្កឡើងដោយមេរោគទាំងពីរពួកនេះ ។ បាក់តេរី ជាប្រភេទសត្វដែលមានកោសិកាតែមួយ ហេីយមានចំនួនច្រើនឥតគណនា ។ វាមាន ទំហំតូចជាងសសៃសក់ ១០ ទៅ ១០០០ដង ។ វាអាចរស់បានដោយឯកឯង និងអាចមានជីវិត រាប់លានឆ្នាំ ។ បាក់តេរីអាចរស់នៅទីណាក៏បានដែរ មិនថាទីនោះក្តៅឬត្រជាក់នោះទេ ។ សូម្បីតែនៅក្នុងលំហក្រៅភពផែនដី ក៏បាក់តេរីអាចរស់បានដែរ (ផ្អែកលើការពិសោធរបស់ អ្នកអវកាស Astronaut) ។ បេីប្រៀបធៀបទម្ងន់មនុស្សទាំងអស់នៅក្នុងពិភពលោកជាមួយ នឹងទម្ងន់បាក់តេរី មនុស្សលើលោកនេះមានទម្ងន់តិចជាងបាក់តេរី ១០ដង ។ យេីងអាចចែក បាក់តេរីជាពីរប្រភេទគឺ៖ បាក់តេរីដែលផ្តល់សារប្រយោជន៏ដល់មនុស្ស សត្វ និង រុក្ខជាតិ (Friendly Bacteria) និងបាក់តេរីដែលផ្តល់ទុក្ខទោសដល់មនុស្ស សត្វ និង រុក្ខជាតិ (Hostile Bacteria) ។ យេីងអាចហៅបាក់តេរីទាំងពីរប្រភេទនេះថា៖ បាក់តេរីល្អ និង បាក់តេរីអាក្រក់ក៏បានដែរ ។ ចំណុចមួយដែលយើងគួរកត់សម្គាល់ គឺថា បាក់តេរីល្អអាច ក្លាយជាបាក់តេរីអាក្រក់ នៅពេលដែលវាឆ្លងពីប្រភពមួយ ទៅប្រភពមួយទៀត ។ ឧទាហរណ៍ បាក់តេរីល្អដែលមិនផ្តល់ទុក្ខទោសដល់សត្វ អាចធ្វើឲ្យមនុស្សឈឺបាននៅពេលដែលវា ឆ្លងពីសត្វមកមនុស្ស ។ នៅពេលដែលបាក់តេរីអាក្រក់រុកគួនខ្លួនយើង យេីងនឹងឈឺ ហេីយចាំបាច់ត្រូវតែសម្លាប់បាក់តេរីអាក្រក់នេះចោលដោយប្រើថ្នាំ អង់ទីប៊ីយូទិក ឬថ្នាំផ្សះ (Antibiotic Medicines) ។ ប៉ុន្តែ មុននឹងប្រើថ្នាំអង់ទីប៊ីយូទិកដើម្បីព្យាបាល ជម្ងឺ យេីងគប្បីពិគ្រោះយោបល់ជាមួយនិងគ្រូពេទ្យ ឬត្រួតពិនិត្យខ្លួនឯងឲ្យបានជាក់លាក់ ថាតើជម្ងឺរបស់យើងបង្កឡើងដោយបាក់តេរី ឬក៏ វីរ៉ុស ។ បេីយេីងឈឺដោយសា វីរ៉ុស នោះមិនអាចប្រើថ្នាំអង់ទីប៊ីយូទិកទេ ព្រោះវីរ៉ុសគ្មានថ្នាំសម្លាប់វាបានឡើយ ។ ជម្ងឺខ្លះអាច មាន ឬបង្កឡើងដោយបាក់តេរីផង និង វីរ៉ុសផង ដែលយើងហៅថា ឈឺច្រេីនប្រភេទ (Comorbidity) ។ ឧទាហរណ៍៖ េយីងគ្រុនផ្តាសាយផង ក្អកផង រលាកបំពង់កផង រលាក ទងសួតផង ដែលជាសញ្ញាបង្ហាញថា ជម្ងឺដែលកំពុងរុកគួនយើង បង្កឡើងដោយ វីរ៉ុសផង និងបាក់តេរីផង ។ នៅពេលមានករណីនេះកើតឡើង យេីងចាំបាច់ត្រូវប្រើថ្នាំសម្លាប់បាក់តេរីផង និងបង្ក្រាបរោគសញារបស់វីរ៉ុសផង ។ វីរ៉ុស ជាមេរោគដែលមានទំហំតូចជាងបាក់តេរីទៅទៀត ។ វាមិនអាចរស់ដោយឯកឯងបានទេ ។ វីរ៉ុសអាចរស់បានដោយផ្ញើខ្លួនវាជាមួយនឹង មនុស្ស សត្វ រុក្ខជាតិ ព្រមទាំង អ្វីៗគ្រប់បែបយ៉ាង នៅក្នុងបរិស្ថាន ។ ដោយហេតុតែវាមានទំហំតូច វីរ៉ុស ក៏អាចផ្ញើខ្លួនវាជាមួយនឹងបាក់តេរីផងដែរ ។ ដូចដែលបានពណ៌នានៅខាងដើម មិនមានថ្នាំសម្រាប់សម្លាប់ វីរ៉ុសទេ ។ នៅពេលដែលយើង ឈឺដោយសាការអុកឡុករបស់ វីរ៉ុស យេីងគប្បីរកថ្នាំបង្ក្រាបរោគសញ្ញា (Symptom Suppressant or Antiviral Medication) គួបផ្សំនឹងការសម្រាកនិងញុាំចំណីអាហារបំប៉ន ដេីម្បីឲ្យសិរីរាង្គរបស់យើងមានឋាមពលកៀបសង្កត់វីរ៉ុសកុំឲ្យវាធ្វើព្យុះធ្វើភ្លៀងនៅក្នុងខ្លួនយើង បាន ។ ជម្ងឺដែលបង្កឡើងដោយវីរ៉ុស ជាជម្ងឺមានហានិភ័យខ្ពស់សម្រាប់មនុស្សលោក ។ ផលវិបាក នៃវីរ៉ុស គឺស្ថិតនៅត្រង់ថាវាជាប្រភេទមេរោគ ឆ្លាត (Resilient) ពិបាកគ្រប់គ្រង ។ មធ្យោបាយតែ មួយគត់ ដេីម្បីគ្រប់គ្រងវីរ៉ុស គឺ វ៉ាក់សាំង (Vaccines) ។ តាមរយៈការយល់ដឹងអំពី វ៉ាក់សាំងប្រឆាំង ជម្ងឺគ្រុនផ្តាសាយ (Influenza Vaccines) គេត្រូវយកអត្តសញាណហ្សេន (Genetic Codes) របស់មេរោគផ្តាសាយមកចិញ្ចឹម (Culture) រួចហើយសម្លាប់ប្រព័ន្ធរុកកួនរបស់វាចោល ។ បន្ទាប់មក គេយកមេរោគអសមត្ថភាពនោះចាក់ចូលទៅក្នុងខ្លួនមនុស្ស ដេីម្បីឲ្យវាចាំទទួលមិត្តភ័ក្តិរបស់វាដែល ចូលមកសួរសុខទុក្ខមនុស្ស ។ េធ្វីដូចនេះមនុស្សដែលបានទទួលវ៉ាក់សាំងប្រឆាំងជម្ងឺគ្រុនផ្តាសាយអាច គេចរួចអំពីជម្ងឺនេះ ដោយហេតុថា មេរោគអសមត្ថភាពនៅក្នុងខ្លួនយើងនោះ នឹងធ្វើឲ្យមេរោគដទៃ ដែលមានបំណងរុកគួនយើង អសមត្ថភាពដូចវាដែរ ។ មានមេរោគវីរ៉ុសជាច្រើនដែលយើងគួរស្គាល់ដូចជា៖ ហុីវ (HIV), គ្រុនផ្តាសាយ(បក្សី) (H1N1), អុីបូឡា (Ebola), ហ្សីកា (Zika) ជាដើម ។ល។ ជាទូទៅ មេរោគវីរ៉ុសទាំងនេះរស់នៅផ្ញើខ្លួនជាមួយ នឹងសត្វនៅក្នុងព្រៃ ។ នៅពេលសត្វព្រៃដែលមានផ្ទុកមេរោគ វីរ៉ុស ណាមួយជួបជាមួយនឹងមនុស្ស ឬក៏សត្វដែលមនុស្សចិញ្ចឹម វីរ៉ុសនោះអាចឆ្លងពីសត្វនៅក្នុងព្រៃ មកសត្វដែលមនុស្សចឹញ្ចឹម ឬក៏ខ្លួន មនុស្សផ្ទាល់ ។ បន្ទាប់ពីចូលដល់ក្នុងខ្លួនមនុស្ស វីរ៉ុស នឹងប្រែប្រួលខ្លួនវា (Transform) ឲ្យសមស្រប ទៅនឹងប្រព័ន្ធទ្រទ្រង់របស់មនុស្ស ដម្បីចម្លងខ្លួនវាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ។ ពេលខ្លះ វីរ៉ុស ឆ្លងពីសត្វនៅក្នុងព្រៃមកមនុស្សតាមរយៈសត្វដែលមនុស្សចិញ្ចឹម ។ ឧទាហរណ៍មួយនៃករណីនេះ គឺគ្រុនផ្តាសាយបក្សី ។ វីរ៉ុសគ្រុនផ្តាសាយបក្សី ភាគច្រើនរស់នៅជាមួយនឹងហ្វូងបក្សីពនេចរណ៍ (Migratory Birds) ។ ពេលដែលបក្សីពនេចរណ៍ហើរឆ្លងពីតំបន់មួយទៅតំបន់មួយ ឬពីទ្វីបមួយ ទៅទ្វីបមួយទៀត ពួកវាតែងតែចុះសំចតនៅតាមវាលស្រែចម្ការ ឬបឹងត្រពាំង ដែលជាហេតុ បណ្តាលឲ្យសត្វនៅក្នុងតំបន់ ឬសត្វដែលយើងចិញ្ចឹងទទួលរងផលប៉ះពាល់អំពីវីរ៉ុស គ្រុនផ្តាសាយ បក្សី ។ បន្ទាប់ពីឆ្លងចូលដល់ក្នុងខ្លួនសត្វដែលមនុស្សចិញ្ចឹម វីរ៉ុសគ្រុនផ្តាសាយបក្សី ដំបូងឡើយគឺ សម្របសម្រួលខ្លួនវាដើម្បីរស់នៅជាមួយនឹងសត្វចិញ្ចឹមនោះ រួចហើយទើបចាប់ផ្តើមរាតត្បាតដល់ សត្វចិញ្ចឹមដទៃទៀត ។ គួរកត់សម្គាល់ដែរថា វីរ៉ុសគ្រុនផ្តាសាយបក្សី ជួនកាលមិនបានធ្វើឲ្យសត្វ ចិញ្ចឹមដែលផ្ទុកវីរ៉ុសនោះ ឈឺ ឬក៏ស្លាប់ទេ ។ បុ៉ន្តែ នៅពេលដែលមនុស្សចាប់សត្វចិញ្ចឹមនោះ មក បរិភោគ ឬក៏លក់នៅលើទីផ្សារ វីរ៉ុសដែលនៅក្នុងសត្វចិញ្ចឹមនោះ អាចឆ្លងចូលមកក្នុងខ្លួនមនុស្ស តាមរយៈប្រព័ន្ធដកដង្ហើម ឬក៏ស្នាមរបួសតូចតាចនៅលើស្បែក ។ ដូចគ្នាដែរ ជួលកាលវីរ៉ុសគ្រុន ផ្តាសាយបក្សីនោះ មិនបានធ្វើឲ្យមនុស្សឈឺ ឬក៏ស្លាប់ទេ ហេីយក៏គ្មាននរណាដឹងថាមានវីរ៉ុស គ្រុនផ្តាសាយបក្សី កំពុងរាតត្បាតសត្វចិញ្ចឹមនិងមនុស្សដែរ ។ យេីងអាចដឹងបានថា មានវីរ៉ុសមក អុកឡុក នៅពេលដែលមានមនុស្ស ឬក៏សត្វដែលមនុស្សចិញ្ចឹមឈឺហើយស្លាប់តែបុ៉ណ្ណោះ ។ សូមបញ្ជាក់ថា វីរ៉ុស ក៏ដូចបាក់តេរីដែរ មានចំនួនច្រើនរាប់មិនអស់ទេ ។ វារស់នៅក្នុងខ្លួនយើង លេីខ្លួនយើង និងក្នុងបរិស្ថានជុំវិញខ្លួនយើង ។ មេរោគភាគច្រើនបំផុត មិនសាហាវព្រៃផ្សៃទេ ។ ប៉ុន្តែ អ្វីដែលយើងត្រូវដឹងគឺថា មេរោគមួយអាច សម្លាប់មនុស្ស សត្វ ឬរុក្ខជាតិ រាប់រយ រាប់ពាន់ ឬក៏រាប់លាន ដោយហេតុថាវាអាចបំបែកខ្លួនវាឲ្យ មានចំនួនរាប់លានបានយ៉ាងឆាប់រហ័ស ។ កត្តាមួយទៀតដែលត្រូវដឹង គឺថា វីរ៉ុស ដែលរុកគួនខ្លួន មនុស្ស មិនប្រាកដថាអាចធ្វើឲ្យមនុស្សរងគ្រោះដល់ស្លាប់ដោយសាវាទេ ប្រសិនបើយើងធ្វើ រោគវិនិច្ឆ័យ (Diagnosis) រកឃើញវាទាន់ពេលវេលា ហេីយប្រើថ្នាំបង្រាបរោគសញាកុំឲ្យវា ពង្រីកឥទ្ធិពលវាបាន ។ ផ្ទុយមកវិញ អ្នកដែលរងគ្រោះដោយសា បាក់តេរី មិនប្រាកដថាអាច ព្យាបាលជាទេ ថ្វីត្បិតតែមានថ្នាំសម្រាប់សម្លាប់ បាក់តេរី ព្រោះថា បាក់តេរីខ្លះ អាចផ្លាស់ប្តូរប្រព័ន្ធ ជីវិតរបស់វាដើម្បីទប់ទល់ជាមួយនឹងថ្នាំសម្រាប់កំចាត់វាបាន ។ សរុបសេចក្តីមក មនុស្សមិនអាច កំចាត់មេរោគបានទេ ហេីយមេរោគ ក៏មិនអាចកំចាត់មនុស្សបានដែរ ។ យេីងបានត្រឹមតែរុកគួនគ្នា ទៅវិញទៅមកតែប៉ុណ្ណោះ ។ ដេីម្បីសុខមាលភាពរបស់យើង មនុស្សចាំបាច់ត្រូវតែរៀន និង ស្វែងយល់អំពីបុគ្គលិកលក្ខណៈ (Behavior) របស់មេរោគ ដេីម្បីងាយស្រួលក្នុងការបង្ក្រាប ឬក៏គេចអំពីជម្ងឺនានា ។ សុភាសិតចិនមួយឃ្លាពោលថា៖ ស្គាល់គេស្គាល់ខ្លួនឯង ធេ្វីសង្គ្រាមមិនចេះចាញ់ ៕

Wednesday, November 2, 2016

រិះគន់ដើម្បីស្ថាបនា

ដេប៉ាតតឺម៉ង់ (Department) នៅពេលដែលខ្ញុំបានអាន ឬក៏ឮពាក្យ ដេប៉ាតតឺម៉ង់ ម្តងៗ ខ្ញុំមានអារម្មណ៍ហាក់ដូចជាវេទនាក្នុងចិត្តណាស់ ព្រោះវាពិបាកថា ពិបាកស្តាប់ និងពិបាកយល់ ។ ខ្ញុំជឿថានៅក្នុងភាសាខ្មែរ មានពាក្យសមរម្យសម្រាប់សម្គាល់ពាក្យ ដេប៉ាតតឺម៉ង់ Department នេះ ។ បើតាមការសង្កេតរបស់ខ្ញុំ ពាក្យដេប៉ាតតឺម៉ង់ មានប្រើច្រើនណាស់នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (Royal University of Phnom Penh, RUPP) ។ ខ្ញុំឆ្ងល់ណាស់ថា សាកលវិទ្យាល័យជាកន្លែងប្រមូលផ្តុំអ្នកប្រាជ្ញនិងអ្នកសិក្សា ហេតុអ្វីក៏គេមិនអាចរកពាក្យខ្មែរមកប្រើជំនួសពាក្យដេប៉ាតតឺម៉ង់នេះបាន ។ ពាក្យ Department នៅក្នុងភាសាអង់គ្លេស ភាគច្រើនគឺគេប្រើសម្រាប់សម្គាល់ផ្នែកមួយនៃអង្គភាព លើកលែងតែសហរដ្ឋអាមេរិកដែលប្រើពាក្យនេះសម្រាប់សម្គាល់ក្រសួងនានានៅក្នុងអភិបាលកិច្ចសាធារណៈសហព័ន្ធផងដែរ ។ ឧទាហរណ៍ៈ Department of Defense(ក្រសួងការពារជាតិ), Department of State (ក្រសួងការបរទេស) ។ នៅក្នុងសាកលវិទ្យាល័យ ជាទូទៅគេសង្កេតឃើញថា មានការបែងចែកជាសាលាផ្សេងៗ ដែលភាសាអង់គ្លេសហៅថា School or College ។ នៅស្រុកខ្មែរគេហៅសាលាទាំងនេះថា Faculte or Faculty. ឧទាហរណ៍ៈ Faculty of Law (សាលាច្បាប់) Faculty of Medicine (សាលាពេទ្យ) ។ Department គឺជាផ្នែកមួយនៃសាលាទាំងនេះ ។ ដូច្នេះ តើយើងគួរយកពាក្យអ្វីមកសម្គាល់ដើម្បីឲ្យសមរម្យស្តាប់ទៅមិនឆ្គង ។ បើយើងប្រៀបធៀបសាកលវិទ្យាល័យទៅនឹងដើមឈើ យើងសង្កេតឃើញថា សាកលវិទ្យាល័យ ជាគល់ សាលានានា ជាមែកធំៗ និង ដេប៉ាតតឺម៉ង់ ជាមែកតូចៗ ។ មែកធំនិងមែកតូចទាំងនេះ ភាសាអង់គ្លេសគេហៅថា Branches ។ ឱ ស្វាយចន្ទី នារីអូនអើយបែកមែក(សាខា) ធ្វើបុណ្យកាលណា ប្រាថ្នាសុំជួបតែនឹងពុទ្ធិ ។ ត្រឡប់មកពាក្យ ដេប៉ាតតឺម៉ង់ វិញ ។ ខាងក្រោមនេះជាឧទាហរណ៍ពីរសម្រាប់គិតលេង ។ ខ្ញុំសរសេរពាក្យខ្មែរពីលើពាក្យអង់គ្លេស ។ បើមានខុសទាស់ សូមមេត្តាជួយកែតម្រូវផង ដើម្បីចំណេះដឹងទាំងអស់គ្នា៖ ១) សាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ, សាលាសាធារណៈសុខាភិបាល, សាខា/ផ្នែក ស្រាវជ្រាវ 1) Royal University of Phnom Penh; School of Public Health; Department of Research ២) សាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ, សាលារចនា, សាខាសម្តែងល្ខោនស្រមោល (ឬល្ខោនស្បែកធំ) 2) Royal University of Phnom Penh; School of Fine Arts; Department of Puppetry Performance

Tuesday, November 1, 2016

ចំណីខួរក្បាល

បម្រើបក្ស ឬបម្រើប្រទេស ថ្មីៗនេះ ការបែកធ្លាយទិន្នន័យទំនាក់ទំនងអុីម៉ែលសម្ងាត់របស់អ្នកស្រី ហៀលឺរី គ្លីនតុន ជាមួយនឹងជំនួយការរបស់គាត់ កាលគាត់កាន់ការងារជារដ្ឋមន្ត្រីក្រសួងការបរទេស បានធ្វើឲ្យការប្រគួតប្រជែងតំណែងប្រធានាធិបតីនៅសហរដ្ឋអាមេរិក ដែលកំពុងតែមានភាពក្តៅគគុកនោះ រឹតតែក្តៅថែមទៀត ។ អ្វីដែលគួរឲ្យកត់សម្គាល់នៅក្នុងករណីនេះ គឺថា ប្រធានក្រសួងសើុបអង្កេត អេហ្វប៊ីអាយ លោក ជេម្ស ខូមី ដែលជាអ្នកសម្រេចបញ្ចេញការសើុបអង្កេតរឿងនេះឲ្យសាធារណជនបានដឹង នៅតែប៉ុន្មានថ្ងៃមុនពេលបោះឆ្នោត គឺជាមនុស្សនៅក្នុងបក្សតែមួយជាមួយអ្នកស្រី គ្លីនតុន ។ គាត់ពិតជាមនុស្សក្លាហានមែន ព្រោះថា ប្រសិនបើអ្នកស្រី គ្លីនតុន ជាប់ឆ្នោតជាប្រធានាធិបតីនោះ គាត់ប្រហែលជាមិនមានឱកាសឈរជើងនៅក្នុងក្រសួង អេហ្វប៊ីអាយ ទៀតទេ ។ ហើយគាត់ក៏ប្រហែលជាយល់អំពីផលវិបាកនេះដែរ ។ នៅពេលដែលមន្ត្រី មិនស្ថិតនៅក្រោមអំណាចបក្ស ឬក៏បុគ្គលណាមួយ គាត់ធ្វើការបម្រើតែប្រទេសគាត់ប៉ុណ្ណោះ ។ ប្រទេសដែលមានមន្ត្រីប្រភេទនេះ គឺជាប្រទេសមានសំណាង ៕

ចំណីខួរក្បាល

ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...