Friday, June 20, 2014

មួយថ្ងៃ មួយម៉ាត់

របបសន្តិសុខសង្គម៖ ពាក្យនេះទំនងជាគេបកប្រែចេញមក ពីពាក្យអង់គ្លេស (Social Security Insurance or SSI) ។ អ្វីទៅជា (SSI) ? វាគឺជាប្រាក់សន្សំដែលនិយោជក និងនិយោជិត (Employers and Employees) បង់ចូល ឬក៏តម្កល់នៅក្នុង គណនេយមួយដែលរដ្ឋបង្កើតឡើង សម្រាប់ឲ្យនិយោជិតអាស្រ័យផល នៅពេលដែលពួកគាត់ចូលនិវត្តន៍ ឬក៏មានគ្រោះថ្នាក់ខណៈកំពុង បំពេញការងារ ។ នៅក្នុងប្រទេសជឿនលឿនមួយចំនួន ដូចជា សហរដ្ឋអាមេរិក កាណាដា និង សហភាពអឺរ៉ុប ថវិកា (SSI, ដោយមានជំនួយថវិកាពីរដ្ឋខ្លះផង) ត្រូវបានគេយកមក បម្រើសេចក្តីត្រូវការរបស់ និយោជិតផង និងមនុស្សចាស់និងស្ត្រី មេម៉ាយដែលមានកូនតូចៗនៅក្នុងបន្ទុកផង ។ ថវិកាដែលគេជួយ ដល់មនុស្សចាស់និងស្ត្រីមេម៉ាយគេហៅថា សហសង្គ្រោះ (Welfare) ។ នៅស្រុកខ្មែរ រដ្ឋមិនទាន់មានកម្មវិធីជំនួយ (Welfare) សម្រាប់មនុស្សចាស់និងស្ត្រីមេម៉ាយនៅឡើយទេ ។ ដូច្នេះ (SSI) គឺមានសម្រាប់តែនិយោជិត និងអតីតនិយោជិត តែប៉ុណ្ណោះ ។ រីឯការបកប្រែពាក្យ (SSI) ថា របបសន្តិសុខសង្គម នោះ គឺមិនត្រឹមត្រូវទេ ព្រោះវាមិនមែនជារបបសម្រាប់ផ្គត់ផ្គង់សង្គម ទាំងមូលឡើយ ។ ពាក្យ (Security) នៅទីនេះគេមិនបកប្រែ ថាសន្តិសុខទេ ព្រោះន័យរបស់វាស្មើនឹង (Safety Net) ដែលយើងអាចបកប្រែថា គាំពារ ។ ដរាបណាកម្មវិធី (SSI) របស់កម្ពុជានៅមិនទាន់មានវិសាលភាពធំទូលាយនៅឡើយ យើងគួរបកប្រែពាក្យ (SSI) ថា របបគាំពារនិយោជិត ឬក៏ ថវិកាធានារ៉ាប់រងនិយោជិត វិញទើបត្រឹមត្រូវ ៕

Tuesday, June 17, 2014

មួយថ្ងៃ មួយម៉ាត់

បង្កក៖ ពាក្យនេះប្រហែលជាគេបកប្រែចេញមកពីពាក្យ អង់គ្លេស (Freeze) ។ ពាក្យ (Freeze) នេះ នៅក្នុងភាសា​អង់គ្លេស គឺគេ​ប្រើក្នុងអត្ថន័យពីរយ៉ាង ។ ទី ១ បើគេនិយាយសំដៅទៅលើវត្ថុរាវ ឬក៏ចំណីអាហារ ដូចជាទឹក ឧស្ម័ន ត្រី សាច់ បន្លែ ជាដើម ។ល។ គេអាចបកប្រែជាភាសាខ្មែរថា បង្កក (ធ្វើឲ្យកក)។ ទី ២ បើគេ និយាយសំដៅទៅលើទ្រព្យសម្បត្តិផ្សេងៗ (Asset)ដូចជា ប្រាក់ ស្រូវ អង្ករ ផ្ទះសម្បែង ជាដើម គេមិនបកប្រែថា បង្កកទេ ។ យើង គួរបកប្រែពាក្យ (Freeze) នេះថា បង្ខាំងទុក ឬ ផ្អិបទុក វិញ ទើបត្រឹមត្រូវតាមអន្ថន័យរបស់វា ព្រោះថា នៅពេលដែលគេ និយាយអំពី (Freeze Assets) គឺគេសំដៅទៅលើការបង្ខាំង ទុកទ្រព្យសម្បត្តិទាំងនោះ មិនឲ្យធ្វើចរាចរចេញទៅណាឡើយ ៕

Thursday, June 5, 2014

មួយថ្ងៃ មួយម៉ាត់

ឧស្ម័នផ្ទះកញ្ចក់៖ ពាក្យនេះប្រហែលជាគេបកប្រែចេញមកពី ពាក្យអង់គ្លេស (Greenhouse Gas) ។ យើងទទួលស្គាល់ថា ការបកប្រែពាក្យវិទ្យាសាស្ត្រពីភាសាមួយទៅភាសាមួយទៀត គឺពិបាកខ្លាំងណាស់ ប៉ុន្តែ ពាក្យឧស្ម័នផ្ទះកញ្ចក់នៅក្នុងភាសាខ្មែរ វាហាក់ដូចជាពិបាកយល់ពេកណាស់សម្រាប់មនុស្សទូទៅ ។ តើអ្វីទៅជា (Greenhouse Gas) ឬឧស្ម័នផ្ទះកញ្ចក់? នៅពេល ដែលគេនិយាយអំពី (Greenhouse Gas) គឺគេសំដៅទៅលើ ស្រទាប់ឧស្ម័នម្យ៉ាងដែលគ្របដណ្តប់នៅក្នុងលម្ហជុំវិញភពផែនដី ។ ស្រទាប់ឧស្ម័ននេះ គឺប្រៀបដូចជាឆ័ត ឬក៏ភ្នាស ដែលបាំងកាំរស្មីនិង កំដៅព្រះអាទិត្យកុំឲ្យជះមកលើភពផែនដីខ្លាំងពេក ។ គួរកត់សម្គាល់ថា ស្រទាប់ឧស្ម័នឆ័ត ជារបាំងដែលទប់កាំរស្មីកំដៅព្រះអាទិត្យមកលើ ផែនដីផង និងទប់កំដៅព្រះអាទិត្យដែលចាំងផ្លាត(Reflect) ពីផែនដីទៅក្នុងលម្ហវិញផង ដើម្បីរក្សាកំដៅលើផែនដីកុំឲ្យប្រែប្រួល ខ្លាំង ។ ស្រទាប់ឧស្ម័ននេះអាចនឹងស្តើងឬក៏រលាយពីលម្ហនៅពេល ដែលមានសារធាតុ ខាបនដាយអុកសាយ (CO2) អណ្តែតនៅ ក្នុងលម្ហច្រើនពេក ។ សារធាតុ (CO2)​ មានប្រភពភាគច្រើនចេញ មកពីផ្សែងយានយន្តគ្រប់ប្រភេទ រាប់បញ្ចូលទាំងផ្សែងដែលបញ្ចេញ ដោយរោងចក្រធំៗផងដែរ ។ នៅពេល​ដែលសារធាតុ (CO2) នៅក្នុងលម្ហកើនឡើង ឧស្ម័នឆ័តនឹងចុះស្តើង ឬក៏រលាយពីលម្ហ កម្តៅនៅលើភពផែនដីនឹងកើនឡើង ដែលជាហេតុនាំឲ្យមាន មហន្តរាយធម្មជាតិ ដូចជាគ្រោះរាំងស្ងួត ព្យុះ និងជំនន់ទឹកជាដើម ។ ការរៀបរាប់ខាងលើនេះ គឺជាទំនាក់ទំនងអត្ថន័យនៃពាក្យ (Greenhouse Gas) ។ តើយើងគួរបកប្រែពាក្យនេះថាដូចម្តេច ? បើតាមនិយមន័យ ឬអត្ថន័យខាងលើ យើងគួរបកប្រែពាក្យ (Greenhouse Gas) ថា ឧស្ម័នគម្របភពផែនដី ឬ ឧស្ម័នគ្របដណ្តប់ផែនដី វិញ ៕

ចំណីខួរក្បាល

ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...